Language: ខ្មែរ (Khmer)

Book: Matthew

Matthew

ជំពូក 1

1 នេះជាសៀវភៅ​រាយ​នាមអំពី​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ។ 2 លោក​អប្រាហាំ​បង្កើតលោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុបបង្កើត​លោក​យូដា និង​បង​ប្អូន​របស់​គាត់។ 3 លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេរ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម 4 លោក​អើរ៉ាម​បង្កើត​លោក​អមីណាដាប់ លោក​អមីណាដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាលម៉ូន។ 5 លោកសាលម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ ហើយលោក​អូបេដ​បង្កើត​លោក​អ៊ីសាយ។ 6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ ហើយស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​ បង្កើត​ស្ដេច​សាឡូម៉ូន។ 7 ​សាឡូម៉ូន​បង្កើត​​រេហូបោម ​រេហូបោម​បង្កើត​​អប៊ីយ៉ា ​អប៊ីយ៉ា​បង្កើត​​អេសា។ 8 ​អេសា​បង្កើត​​យ៉ូសាផាត ​យ៉ូសាផាត​បង្កើត​​យ៉ូរ៉ាម ​យ៉ូរ៉ាម​បង្កើត​​អូសៀស។ 9 អូសៀស​បង្កើត​​យ៉ូថាម ​យ៉ូថាម​បង្កើត​​អេហាស ​អេហាស​បង្កើត​​អេសេគាស។ 10 ​អេសេគាស​បង្កើត​ម៉ាណាសេ ​ម៉ាណាសេ​បង្កើត​​អាំម៉ូន ​អាំម៉ូន​បង្កើត​​យ៉ូសៀស។ 11 ​យ៉ូសៀស​បង្កើត​​យេកូនាស និង​ប្អូនប្រុសរបស់គាត់ ក្នុង​គ្រា​ដែល​គេ​និរទេស​​ ​ទៅ​​ស្រុក​បាប៊ីឡូន។ 12 ក្រោយ​ពីនិរទេស​ទៅ​​ស្រុក​បាប៊ីឡូន ​លោកយេកូនាស​បង្កើត​លោក​សាលធាល លោក​សាលធាល​បង្កើត​លោក​សូរ៉ូបាបិល។ 13 លោក​សូរ៉ូបាបិល​បង្កើត​លោក​អប៊ីយូដ លោក​អប៊ីយូដ​បង្កើត​លោក​អេលាគីម លោក​អេលាគីម​បង្កើត​លោក​អេសូរ។ 14 លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលីយូដ។ 15 លោក​អេលីយូដ​បង្កើត​លោក​អេឡាសារ លោក​អេឡាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប។ 16 លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះយេស៊ូ ដែលហៅ​ថាព្រះគ្រិស្ដ។ 17 ​ពីជំនាន់​លោក​អប្រាហាំ​មក​ដល់​ស្ដេច​ដាវីឌ មាន​ដប់បួន​តំណ ពី​ស្ដេច​ដាវីឌ​មក​ដល់​នឹង​គ្រា ដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន មាន​ដប់បួន​តំណ ហើយ​ចាប់​ពី​គ្រាដែល​គេនិរទេសទៅ​ស្រុក​បាប៊ីឡូន​មក​ទល់​ព្រះគ្រិស្ដ ក៏​មាន​ដប់បួន​តំណ​ដែរ។ 18 នេះ​ជា​ដំណើរ​រឿងស្តីអំ​ពី​កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ។ នាង​ម៉ារីជាមាតា​របស់​ព្រះអង្គ​ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេលពូកគេ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយសារ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ 19 លោក​យ៉ូសែបដែលជាស្វាមី​របស់​នាង ​ជា​មនុស្ស​សុចរិត ហើយលោក​មិន​ចង់​បំបាក់​មុខ​នាង​ជាសាធារណៈឡើយ។ ដូច្នេះ លោក​បានសម្រេច​ចិត្ត​ផ្ដាច់​ពាក្យជាមួយនាង​ដោយ​ស្ងាត់ៗ​វិញ។ 20 ពេល​ដែលគាត់​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះអម្ចាស់ លេចមក​ប្រាប់​គាត់​ក្នុង​សុបិន​​ថា៖ «​យ៉ូសែប! ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ! សូម​កុំ​ខ្លាច​នឹង​ទទួល​យកនាង​ម៉ារី​​មកធ្វើ​ជា​ភរិយា​ឡើយ ពីព្រោះបុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធទេ។ 21 នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​​ត្រូវ​ថ្វាយ​ព្រះនាម​ថា យេស៊ូ ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​ព្រះអង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។ 22 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី​ថា៖ 23 «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ ហើយនាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ ​គេ​នឹង​ថ្វាយ​ព្រះនាម​ថា «អេម៉ាញូអែល» មានន័យថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»។ 24 លុះ​លោក​យ៉ូសែប​ភ្ញាក់ពីដំណេក លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា គឺ​លោក​ទទួល​នាង​ម៉ារី​​មកធ្វើ​ជា​ភរិយា។ 25 ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ។ រួចលោកថ្វាយ​ព្រះនាម​ថា «យេស៊ូ»។


ជំពូក 2

1 បន្ទាប់ពីព្រះយេស៊ូ​ប្រសូត​នៅក្នុង​ភូមិ​បេថ្លេហិម​​ ​ស្រុក​យូដា ក្នុង​រជ្ជកាលព្រះបាទ​ហេរ៉ូដ មាន​ពួក​ហោរាចារ្យ​​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​​យេរូសាឡឹមដោយសួរ​ថា៖ 2 «តើព្រះអង្គដែលប្រសូតមកជាមហាក្សត្រ​របស់​ជន​ជាតិ​យូដាគង់​នៅ​ឯ​ណា? យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គពី​ទិស​ខាង​កើត ហើយ​យើងមក​ថ្វាយបង្គំ​ព្រះអង្គ»។ 3 កាល​ព្រះបាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ព្រះអង្គ​មានព្រះហឫទ័យរន្ធត់​​យ៉ាង​ខ្លាំង ហើយ​អ្នក​រស់នៅ​យេរូសាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះអង្គ​ដែរ។ 4 ព្រះបាទហេរ៉ូដកោះហៅ​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ហើយ​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះគ្រិស្ដ​បាន​ប្រសូត។ 5 ពួកគេ​ទូលប្រាប់ស្ដេច​ថា ព្រះគ្រិស្ដ​​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ព្រោះមាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី​ថា៖ 6 «បេថ្លេហិម​ជា​ដែន​ដី​យូដា​អើយ!​ អ្នក​មិន​មែន​តូច​ជាង​គេ​ទេ ក្នុង​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក លោក​នឹងមើល​ថែ​ជន​ជាតិ​អ៊ីស្រាអែលរបស់​យើង»។ 7 ក្រោយមក ព្រះបាទ​ហេរ៉ូដ​ហៅ​ពួក​ហោរាចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់យ៉ាងហ្មត់ចត់ពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ 8 ព្រះអង្គ​ចាត់​ពួកគេ​ទាំង​នោះ​ឲ្យ​ទៅ​​បេថ្លេហិម ដោយ​បង្គាប់​ថា៖ «​នាំ​គ្នា​ទៅ​ចុះ! ហើយ​ស៊ើបសួរ​ដំណឹង​អំពី​ព្រះបុត្រ​នោះ​អោយ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​បុត្រនោះហើយ សូម​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»។ 9 បន្ទាប់​ពីបានឮបញ្ជារបស់ស្តេចហើយ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ ហើយផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត ក៏នាំ​មុខ​គេ​ជានិច្ចរហូត​ដល់​កន្លែង​ដែល​ព្រះបុត្រ​គង់នៅ​ទើប​ឈប់។ 10 កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយហើយ គេ​សប្បាយ​ចិត្ត​យ៉ាងខ្លាំង។ 11 ពួកគេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយឃើញ​ព្រះបុត្រ​​នៅ​ជា​មួយនាង​​ម៉ារី​ ជា​មាតារបស់ព្រះអង្គ។ ពួកគេ​ក៏​នាំ​គ្នា​​ថ្វាយបង្គំ​ព្រះអង្គ រួចក៍​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួនមក គឺមាន ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីងទេស​​ថ្វាយដល់​ព្រះអង្គ។ 12 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ព្រមាន​គេ ក្នុង​សុបិន​​មិន​ឲ្យ​វិល​ទៅ​ជួប​ព្រះបាទ​ហេរ៉ូដ​វិញ​ឡើយ បន្ទាប់​មក ពួកគេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​។ 13 បន្ទាប់ពីពួក​ហោរាចារ្យ​ចាក​ចេញ​​ទៅ ទេវតា​របស់​ព្រះអម្ចាស់​លេចមក​ប្រាប់​លោក​យ៉ូសែបក្នុង​សុបិន​​ថា៖ «​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ ភៀសខ្លួន​ទៅ​​អេស៊ីប​ទៅ។ ត្រូវ​ស្នាក់​នៅ​កន្លែង​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញសឹម​មក ពីព្រោះ​ព្រះបាទ​ហេរ៉ូដ​រក​សម្លាប់​ព្រះបុត្រ»។ 14 យប់នោះលោក​យ៉ូសែប​ក្រោក​ឡើង ហើយនាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​អេស៊ីបទាំងយប់​។ 15 គាត់​​នៅ​ទី​នោះ​រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត ការនេះកើតឡើង​ស្រប​នឹង​សេចក្ដី ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​​ហៅ​បុត្រ​យើង​ចេញ​ពី​​អេស៊ីប​មក»។ 16 បន្ទាប់ពីព្រះបាទហេរ៉ូដ​យល់​ថា ​ពួក​ហោរាចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ព្រះអង្គ​ព្រះពិរោធ​យ៉ាងខ្លាំង ហើយ​ក៍ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​​ក្នុងភូមិ​បេថ្លេហិម និង​ភូមិ​ជិត​ខាង ចាប់ពីអាយុយ​ពីរ​ឆ្នាំ​ចុះក្រោម គឺ​តាម​កំណត់ថ្ងៃដែល​ទ្រង់​បាន​សួរ​បញ្ជាក់​ពួក​ហោរាចារ្យ។ 17 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ ​យេរេមា​ថា៖ 18 «មាន​ឮសំឡេង​​ពី​​រ៉ាម៉ា​មកជា​ទំនួញយំ​សោក និង​កាន់ទុក្ខ គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូននាង​ ហើយនាងមិន​ព្រម​អោយ​នរណា​សម្រាល​ទុក្ខ​នាងឡើយ ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»​។ 19 ក្រោយពីព្រះបាទហេរ៉ូដ​សោយ​ទិវង្គត​ ទេវតារបស់​ព្រះអម្ចាស់​បានលេចមក​ប្រាប់​លោក​យ៉ូសែប នៅ​អេស៊ីប​ក្នុង​សុបិន​​ថា៖ 20 «​ក្រោក​ឡើង! នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គ​ត្រឡប់​ទៅ​​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុនប៉ង​មកលើ​ព្រះកុមារបាន​ស្លាប់​បាត់​អស់​ទៅ​ហើយ»។​ 21 ​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះបុត្រ និង​មាតា​របស់​ព្រះអង្គត្រឡប់ទៅ​អ៊ីស្រាអែល​វិញ។ 22 ប៉ុន្តែ កាល​លោក​ឮ​ថា ព្រះបាទ​អើខេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ស្តេច​ហេរ៉ូដ​ជា​ព្រះបិតា លោក​ភ័យខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោកភៀសខ្លួនទៅ​កាលីឡេ ដោយព្រោះព្រះជាម្ចាស់​ប្រាប់លោកឲ្យដឹងក្នុង​សុបិន។ 23 លោក​ទៅរស់​នៅ​ ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសារ៉ែត ការនេះកើតឡើងស្របតាម​សេចក្ដី​ដែល​ពួក​ព្យាការី ​បាន​ថ្លែង​ទុក​ថា៖ គេ​នឹង​ហៅ​ព្រះអង្គ​ថា ជា​អ្នក​ភូមិ​ណាសារ៉ែត។


ជំពូក 3

1 នៅ​គ្រា​នោះ លោក​យ៉ូហានបាទីស្ដ​ប្រកាស​នៅ​វាល​រហោស្ថាន​ ​ស្រុក​យូដា​ថា៖ 2 «ចូរ​​ប្រែ​ចិត្ត​ឡើង! ដ្បិត​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ ​​ជិតមកដល់​ហើយ!»។ 3 លោកនេះហើយដែលព្យាការី​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោកថា៖ «មាន​សំឡេង​មួយ​ស្រែក​ឡើងនៅ​វាល​រហោស្ថាន​ថា៖ ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ!»​។ 4 ​លោកយ៉ូហានស្លៀកសម្លៀកបំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​​ខ្សែ​ក្រវាត់គាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំធ្វើជាអាហារ។ 5 អ្នករស់នៅ​យេរូសាឡឹម ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នាមក​រក​លោក។ 6 ពួកគេ​សារភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។ 7 ប៉ុន្តែកាល​លោក​ឃើញ​ពួក​ផារីស៊ី និង​ពួកសាឌូស៊ី​ មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​និយាយ​ទៅ​គេ​ថា៖ «ឲ្យពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ ដែល​នឹងមក​ដល់​ដូច្នេះ?។ 8 ចូរ​បង្កើតផលផ្លែ​ល្អ ដើម្បីបញ្ជាក់​ពីការដែល​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ 9 កុំគិតថា​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​អាចបង្កើតកូចចៅលោក​អប្រាហាំចេញពីថ្មទាំងនេះក៍បានដែរ។ 10 ពូថៅ​ដាក់នៅ​ជិត​គល់​ឈើស្រេច​ហើយ ដើមឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​ ហើយ​បោះ​ចោលទៅ​ក្នុង​ភ្លើង។ 11 ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជឲ្យអ្នក​រាល់​គ្នាដោយទឹក​ ដើម្បី​អ្នក​រាល់​គ្នា​​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែលោក​ដែល​មក​ក្រោយ​ខ្ញុំ ​មានអំណាចលើស​​ខ្ញុំទៅទៀត។ ខ្ញុំ​មិនសក្តិសមសូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ដោយ​ភ្លើង​វិញ។ 12 លោក​កាន់​ចង្អេរ ​សម្អាតលាន​បោក​ស្រូវ អុំ​ស្រូវ​ប្រមូលយកគ្រាប់​ដាក់​ក្នុងជង្រុក រីឯ​សំដី​ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​រហូត»។ 13 ពេលនោះ ព្រះយេស៊ូ​យាង​ពី​កាលីឡេ​ទៅទន្លេ​យ័រដាន់ដើម្បី​ឲ្យ​លោកយ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹកឲ្យ។ 14 ប៉ុន្តែ លោក​យ៉ូហានព្យាយាម​ប្រកែកថា៖ «ខ្ញុំ​ទេតើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ?»។ 15 ព្រះយេស៊ូមានព្រះបន្ទូល​ឆ្លើយតបទៅគាត់ថា៖ «ចូរធើ្វម្តងនេះសិនចុះ ដើម្បីឲ្យសម្រេច​ស្រប​តាម​គ្រប់ទាំង​សេចក្ដីសុចរិត​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​​»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។ 16 ក្រោយពេលទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​​យាង​ឡើង​ពី​ទឹកភ្លាម ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ទ្រង់​ឃើញ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ចុះ​មកដូច​សត្វ​ព្រាប និង​សណ្ឋិត​លើ​ព្រះអង្គ។ 17 មើល មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះទ័យ​នឹង​ព្រះអង្គខ្លាំង​ណាស់!»។


ជំពូក 4

1 បន្ទាប់មក ព្រះវិញ្ញាណបាន​នាំ​ព្រះយេស៊ូ​ទៅ​វាល​រហោស្ថានដើម្បីឲ្យ​មារ​សាតាំង​ល្បួង។ 2 ពេលទ្រង់​បាន​តម​អាហារ​អស់​​ពេល​សែសិបយប់ ​សែសិប​ថ្ងៃ​មក ព្រះអង្គ​ក៏ចាប់ផ្តើម​ឃ្លាន។​ 3 មេ​ល្បួង​បានចូល​មក​រក​ព្រះអង្គ ទាំងនិយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន សូមបញ្ជាឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។ 4 ប៉ុន្តែ ព្រះយេស៊ូ​ឆ្លើយ​តប​ទៅ​មេ​ល្បួង​វិញ​ថា៖ «ក្នុង​គម្ពីរបាន​ចែង​ថា​ មនុស្ស​មិន​មែន​រស់​ដោយសារ​តែនំបុ័ង​ ​ប៉ុណ្ណោះ​ទេ គឺ​​រស់ដោយសារ​គ្រប់ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះជាម្ចាស់​ដែរ»។ 5 បន្ទាប់មក មារ​បាននាំ​ព្រះអង្គ​ទៅ​​ក្រុង​ដ៏វិសុទ្ធ ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ 6 ហើយ​និយាយ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរ​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា ព្រះជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតាថែរក្សាលោក​ ចាំ​ទ្រ​លើកលោកឡើង មិន​ឲ្យជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ»។ 7 ព្រះយេស៊ូ​ឆ្លើយតបទៅ​មារវិញ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ទៀត​ថា អ្នកមិនត្រូវ​ល្បងល​ព្រះជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ​»។ 8 លើកនេះមារ​ក៏​នាំ​ព្រះអង្គ​ទៅ​​កន្លែងយ៉ាង​ខ្ពស់​មួយ ហើយ​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំងបង្ហាញឲ្យ​ឃើញ​ភាពរុងរឿង​របស់​នគរ​ទាំង​នោះ​ផង។ 9 មារ​និយាយទៅកាន់ព្រះអង្គ​ថា៖ «ខ្ញុំនឹងប្រគល់សម្បត្តិទាំងនេះឲ្យទៅលោកប្រសិន​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ!»។ 10 ក្រោយមកព្រះយេស៊ូ​និយាយ​ទៅកាន់​មារ​ថា៖ «ថយចេញពីទីនេះទៅសាតាំង​អើយ! ដ្បិត​ក្នុង​គម្ពីរ​បាន​ចែង​ថា អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក និង​បំរើ​តែ​ព្រះអង្គមួយ​ប៉ុណ្ណោះ»។ 11 ក្រោយមក មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ​រូច​មាន​ពួក​ទេវតា​នាំ​គ្នា​ចូល​មក​ និង​បម្រើព្រះអង្គ។ 12 កាល​ព្រះយេស៊ូ​ឮដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ឃុំឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលីឡេ។ 13 ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសារ៉ែត ទៅ​រស់​នៅ​ក្រុង​កាពើណិម​ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូឡូន និង​​ណែបថាលី។ 14 ការនេះកើតឡើងដើម្បីឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖​ 15 «ដែន​ដី​សាប់យូឡូន និង​​ណែបថាលី ដែល​ជា​ផ្លូវឆ្ពោះ​ទៅ​កាន់​សមុទ្រ​អើយ! ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលីឡេ​ដែល​ជាកន្លែងសាសន៍​ដទៃ​រស់​នៅ​អើយ!​ 16 ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​អស្ចារ្យ ហើយ​​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែលស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ នឹងមាន​ពន្លឺ​មួយលេច​ឡើងបំភ្លឺពួកគេ»។ 17 ចាប់តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ប្រកាស​និងនិយាយថា៖ «ចូរ​កែ​ប្រែ​ចិត្ត​ឡើង! ដ្បិត​ព្រះរាជ្យនៃ​ស្ថាន​បរមសុខមក​ជិត​បង្កើយ​ហើយ»។ 18 កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ ទ្រង់​បានឃើញ​បង​ប្អូន​ពីរ​នាក់​គឺ​ស៊ីម៉ូន ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ ដែលកំពុង​តែ​បង់​សំណាញ់ ពួកគេជា​អ្នក​នេសាទ។ 19 ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ពួកគេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំចុះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ 20 ភ្លាមនោះអ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​ចោល រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ 21 កាលព្រះយេស៊ូ​យាង​ទៅ​មុខ​បន្តិច ព្រះអង្គ​​ឃើញ​បង​ប្អូន​ពីរ​នាក់​ទៀត គឺ​យ៉ាកុប និង​​យ៉ូហានប្អូនរបស់គាត់ ពួកគេនៅក្នុងទូកជា​មួយឪពុករបស់ពួកគេគឺ​លោក​សេបេដេជា ដែលកំពុង​តែ​រៀបចំ​អួន។ ព្រះអង្គ​ក៏​​ហៅ​អ្នក​ទាំង​ពីរ។ 22 ហើយអ្នក​ទាំង​ពីរក៏​ចាក​ចោល​ទូក និង​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។ 23 ព្រះយេស៊ូ​យាងកាត់ពេញស្រុក​កាលីឡេ​ទាំង​មូល ទ្រង់​បង្រៀន​​ក្នុងគ្រប់​សាលា​ប្រជុំ​ ​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យនៃព្រះជាម្ចាស់ ហើយ​ប្រោស​ជំងឺគ្រប់យ៉ាង និងអ្នក​ជំងឺ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជនឲ្យ​បាន​ជា​សះស្បើយ។ 24 ដំណឹងនេះ​ក៏​ល្បី​ឮ​​ពាសពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយគេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​ប្រភេទដែលមានជំងឺផេ្សងគ្នាៗ អ្នក​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះអង្គ។ ព្រះអង្គ​ក៏​ប្រោសបាន​ពួកគេ​ឲ្យ​បាន​ជា​សះស្បើយទាំង​អស់។ 25 មាន​មហាជន​ជា​ច្រើននាំគ្នាដើរតាមព្រះអង្គ ចាប់ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូសាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់។


ជំពូក 5

1 ពេលព្រះយេស៊ូ​​ឃើញ​មហាជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​​គង់​នៅ​ទី​នោះ ពូកសិស្ស​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ 2 ទ្រង់​​បង្រៀន​ពូកគេ​ដោយមានព្រះបន្ទូលថា៖ 3 «មានពរហើយអ្នក​ណា​ក្រខ្សត់ខាងវិញ្ញាញ ដ្បិតអ្នកនោះនឹង​​បាន​ទទួល​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។ 4 មានពរហើយអ្នក​ណាដែល​សោកសៅ ដ្បិត​ព្រះជាម្ចាស់​នឹង​សម្រាលទុក្ខ​ពួក​គេ។ 5 មានពរហើយអ្នក​ណា​មាន​ចិត្ត​ស្លូតបូត ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក។ 6 មានពរហើយអ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យពួក​គេ​បាន​ឆ្អែត។ 7 មានពរហើយអ្នក​ណា​មាន​ចិត្ត​មេត្តាករុណា ដ្បិតគេនឹងទទួលបានក្តីមេត្តាករុណា​ត្រឡប់មកវិញ។ 8 មានពរហើយអ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​​គេ​នឹង​ឃើញ​ព្រះជាម្ចាស់។ 9 មានពរហើយអ្នក​ណា​កសាង​សន្តិភាព ដ្បិត​ពួក​គេ នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះជាម្ចាស់។ 10 មានពរហើយអ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត ដ្បិតពួក​គេ​នឹង​ទទួល​បាន​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ 11 មានពរហើយអ្នកដែលត្រូវគេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​ ព្រោះ​តែ​ខ្ញុំ។ 12 ចូរ​មានអំណរ និងចិត្ត​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ សូម្បីតែ​ពួក​ព្យាការី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​​ដែរ។ 13 អ្នក​​ជា​អំបិលនៃផែនដី ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យវា​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ ​មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ 14 អ្នក​​ជា​ពន្លឺ សម្រាប់បំភ្លឺ​ពិភពលោក។ ទោះក្រុងនៅលើភ្នំក៏មិន​អាច​លាក់​បំបាំង​បាន​ឡើយ។ 15 គ្មានអ្នកណា​អុជ​ចង្កៀងហើយ ​យក​ទៅដាក់ក្រោមល្អី​លើ​នោះ​ទេ គឺ​គេ​យក​ចង្កៀងនោះ​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះនឹង​បំភ្លឺ​មនុស្ស​នៅ​ក្នុង​ផ្ទះ។ 16 ចូរឲ្យពន្លឺ​របស់អ្នក​ បំភ្លឺ​ដល់មនុស្ស​​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ ដែល​អ្នក​ប្រព្រឹត្ត ហើយ​សរសើរតម្កើងដល់​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ។ 17 កុំគិត​ថា​ខ្ញុំ​មក​ដើម្បីលុប​បំបាត់​គម្ពីរ​វិន័យ ឬ​គម្ពីរ​ព្យាការី​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ ប៉ុន្តែខ្ញុំ​មក​ដើម្បីធ្វើ​ឲ្យ​គម្ពីរ​នោះបានសម្រេច​ពេញ​លក្ខណៈ​ទៅ​វិញទេ​។ 18 ខ្ញុំ​​ប្រាប់អ្នករាល់​គ្នាឲ្យ​បាន​ដឹង​ច្បាស់​ថា បើ​ផ្ទៃ​មេឃ និង​ផែនដី​នៅ​តែស្ថិតស្ថេរ​ជាដរាប ​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យត្រូវ​រលុបចោល​ឡើយ គឺ​រហូតដល់ការទាំងនេះបានសម្រេចសព្វគ្រប់។ 19 អ្នក​ណា​ល្មើស​បទ​បញ្ជា​តូច​បំផុតណាមួយ​ ហើយ​បង្រៀន​អ្នក​ផ្សេងទៀត​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូចបំផុត​ជាង​គេ ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​តាម​បទ​បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ទៀតឲ្យធ្វើតាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ 20 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិតរបស់​អ្នក​រាល់​គ្នា​មិន​លើស​សេចក្ដី​សុចរិត​របស់ពួក​អាចារ្យ និងពួកខាងគណៈ​ផារីស៊ី​ទេនោះ អ្នក​រាល់​គ្នាគ្មានផ្លូវ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។ 21 អ្នក​​ធ្លាប់​ឮ​សេចក្ដី​ដែល​បាននិយាយពីជំនាន់ដើមថា៖ «កុំ​សម្លាប់​មនុស្ស»​ ហើយ «អ្នក​ណា​សម្លាប់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោសវិញ»។ 22 ប៉ុន្តែ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​​បង​ប្អូនខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ។ ហើយអ្នក​ណា​ជេរ​បង​ប្អូនថាជាមនុស្សឥតប្រយោជន៍ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់កាត់​ទោស ហើយ​អ្នក​ណា​ជេរគេថាមនុស្សឆ្កួត អ្នក​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ 23 ដូច្នេះ ប្រសិនបើ​អ្នក​យក​តង្វាយ​មកថ្វាយលើអាសនា ហើយ​ស្រាប់តែនឹក​ឃើញ​ថាអ្នកមានទំនាស់ជាមួយ​បង​ប្អូន​ណាមួយ 24 អ្នកត្រូវទុក​តង្វាយ​របស់​អ្នក នៅ​លើ​អាសនាសិន ហើយ​ទៅ​ស្រុះស្រួល​នឹង​បង​ប្អូន​របស់​អ្នក​ជា​មុន​ រួច​សូម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ 25 ត្រូវស្រុះស្រូលជាមួយគួរវិវាទរបស់អ្នកសិន ពេលអ្នកធ្វើដំណើរទៅ​តុលា​ការ​ជា​មួយគ្នា ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅក្រម ហើយចៅក្រម​បញ្ជូន​អ្នក​ទៅ​នគរបាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ 26 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​​ថា បើអ្នកមិន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួនឥត​ខ្វះ​មួយ​កាក់នោះទេ អ្នក​នឹង​មិនអាច​រួច​ខ្លួនបាន​ឡើយ»។ 27 អ្នក​​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។ 28 ប៉ុន្តែ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាលជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ក្នុង​ចិត្ត​ រួច​ស្រេច​ទៅ​ហើយ។ 29 ប្រសិន​បើ​ភ្នែក​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យជំពុបដួល ចូរ​ខ្វេះ​វាចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​ភ្នែក​​​ម្ខាងនោះនឹងប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ 30 ប្រសិន​បើ​ដៃ​ស្ដាំ​អ្នក នាំ​អ្នក​ឲ្យ​ជំពុបដួល ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យឆ្ងាយ​ពី​អ្នក​ទៅ ដ្បិតបើ​បាត់​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។ 31 មានសេចក្តី​ចែង​ទុក​មក​ថា «អ្នក​ណា​លែង​ភរិយាខ្លួន ត្រូវ​ធ្វើ​លិខិត​លែងលះ​ឲ្យ​នាង»។ 32 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​អ្នកទាំងពីររស់​នៅជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) អ្នកនោះ​ធ្វើ​ឲ្យនាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​មករៀបការជាមួយ​នឹង​ស្ត្រី​ដែលប្ដី​លែងនោះ អ្នកនោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ 33 អ្នក​រាល់​គ្នា​ធ្លាប់​​ឮ​សេចក្ដី​ដែល​មាន​តែងទុកមកថា «កុំ​ក្បត់ពាក្យសម្បថ​ឡើយ​ ត្រូវ​​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់»។ 34 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំយកមេឃមក​ស្បថ​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ 35 ក៏​កុំ​យក​ផែនដីមកស្បថដែរ ព្រោះ​ផែនដី​ជា​កំណល់​កល់ព្រះបាទា​របស់​ព្រះអង្គ។ កុំ​យក​ក្រុងយេរូសាឡឹមមកស្បថ​ឡើយ ព្រោះ​យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្ដម។ 36 ក៏កុំ​ស្បថ​ដោយ​យកក្បាល​អ្នក​មកដាក់ឡើយ ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ។ 37 ប៉ុន្តែត្រូវ​និយាយ​ឲ្យប្រាកដ បើ «មែន» ត្រូវនិយាយថា «មែន» បើ «ទេ» ត្រូវនិយាយថា «ទេ»។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​ទាំង​អស់»។ 38 អ្នក​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ភ្នែកទល់និងភ្នែក ធ្មេញទល់នឹងធ្មេញ»​។ 39 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​សោះឡើយ បើ​​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ត្រូវ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ 40 បើ​មាន​គេប្តឹងចង់​យក​អាវ​ក្នុង​​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ 41 បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយគីឡូដី ចូរ​ដើរពីរគីឡួដី​ជា​មួយ​គេ​ចុះ។ 42 អ្វីដែលគេ​សុំ​ពីអ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក ​ដែលចង់​សុំ​ខ្ចី​ពី​អ្នក​ដែរឡើយ។ 43 អ្នករាល់គ្នា​​ធ្លាប់​បាន​ឮ​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ស្រឡាញ់​បង​ប្អូន​ តែត្រូវស្អប់​ខ្មាំង​សត្រូវ​របស់អ្នក​»។ 44 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​ ព្រម​ទាំង​អធិស្ថានឲ្យអ្នកដែល​បៀតបៀនដល់​អ្នក​រាល់​គ្នា​ផង។ 45 ដូច​្នោះ ​ទើបអ្នកសម​ជា​បុត្រ​របស់​ព្រះបិតា ​ដែល​គង់​នៅ​ស្ថាន​បរមសុខ ដ្បិត​ព្រះអង្គ​ឲ្យ​ព្រះអាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ឲ្យ​ទឹក​ភ្លៀងធ្លាក់មកលើ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ 46 ​ដ្បិត បើ​អ្នក​រាល់​គ្នា​ស្រឡាញ់តែ​អស់​អ្នកណា​ដែល​ស្រឡាញ់ដល់​អ្នក​ តើ​​អ្នកនឹង​ទទួល​បានរង្វាន់​អ្វី? តើ​អ្នក​ទារ​ពន្ធពួកគេមិនបានប្រព្រឹត្តដូច្នេះទេឬអី? 47 បើ​អ្នក​រាល់​គ្នា​រាប់អាន​តែ​បង​ប្អូន​ខ្លួន​ តើ​មាន​អ្វី​ល្អជាងគេ? តើ​សាសន៍​ដទៃ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរឬ?។ 48 ដូច្នេះសុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ ដូចព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ ដែលព្រះអង្គ​គ្រប់​លក្ខណ៍​​យ៉ាង​នោះ​ដែរ»។


ជំពូក 6

1 ចូរប្រុងប្រយ័ត្្នកំុធ្វើទាននៅ​មុខ​មនុស្សម្នា ដើម្បី​ឲ្យតែមនុស្សឃើញ​នោះ​ឡើយ។ ការធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​នឹងមិនបាន​រង្វាន់​ពី​ព្រះបិតា​ ​ដែល​គង់​នៅ​ស្ថាន​បរមសុខនោះទេ។ 2 ដូច្នេះពេល​ណា​អ្នក​ឲ្យ​ទាន​ដល់គេ កុំ​ស្រែក​ប្រកាសឲ្យគេដឹង ​ដូចជា​ពួក​មាន​ពុត​ដែលតែងតែ​ធ្វើ​នៅ​​សាលា​ប្រជុំ ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យមនុស្សលោកកោតសរសើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យដឹង​ប្រាកដ​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 3 ប៉ុន្តែ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន នោះកំុឲ្យ​ដៃ​ឆ្វេង​ដឹងថាដៃស្តាំធ្វើទាននោះ​ឡើយ 4 ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅទី​ស្ងាត់​កំបាំង នោះ​ព្រះបិតា​របស់​អ្នក ដែលទត​ឃើញ​ពី​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​មក​អ្នករាល់គ្នាជា​មិនខាន។ 5 ពេល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន កុំ​ធ្វើ​ដូចមនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន ក្នុង​សាលា​ប្រជុំ និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យមនុស្សឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យដឹងប្រាកដថា​ពួកអ្នក​ទាំង​នោះ​បាន ទទួល​រង្វាន់​របស់​គេ​ហើយ។ 6 ប៉ុន្តែកាល​ណា​អ្នករាល់គ្នា​អធិស្ឋាន ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះបិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះបិតា​​ដែល​ទត​ឃើញ​ពី​ទី​ស្ងាត់​កំបាំងមក ព្រះអង្គនឹង​ប្រទាន​រង្វាន់​មក​អ្នករាល់គ្នា​ជា​ពុំខាន។ 7 ពេលអ្នកអធិស្ឋាន កុំ​ពោល​ពាក្យ​ច្រំដែលៗ​ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ ព្រោះគេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះជាម្ចាស់នឹងសណ្តាប់ពាក្យអធិស្ឋានរបស់​គេ។ 8 ដូច្នេះ កុំ​ធ្វើ​ដូចពួគ​គេ​ឡើយ ដ្បិត​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ព្រះអង្គជ្រាបពី​​អ្វីៗ ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះអង្គ​ទៅ​ទៀត។ 9 ដូច្នេះ​ត្រូវ​អធិស្ថាន​បែបដូច្នេះ ឱ​ព្រះបិតា​នៃ​យើង​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរមសុខ​អើយ!​ សូមឲ្យមនុស្សលោកស្គាល់ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ 10 សូម​ឲ្យ​ព្រះរាជ្យរបស់​ព្រះអង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ បាន​សម្រេច​នៅ​លើ​ផែនដីដូច​ជានៅ​ស្ថាន​បរមសុខដែរ​។ 11 សូម​ប្រទាន​អាហារដល់យើង​ខ្ញុំ​​នៅថ្ងៃ​នេះ។ 12 សូម​អត់ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំបាន​អត់ទោស​ឲ្យគេដែរ។ 13 សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ​កំណាចវិញ។​ 14 បើ​អ្នក​​អត់ទោសឲ្យគេ ព្រះបិតា​របស់អ្នកដែល​គង់នៅ​ស្ថាន​បរមសុខ ក៏​អត់ទោស​ឲ្យ​អ្នក​​ដែរ។ 15 ប៉ុន្តែ បើ​អ្នក​មិន​អត់ទោសឲ្យគេទេនោះ ព្រះបិតា​របស់​អ្នកក៏​មិន​អត់ទោស​ឲ្យអ្នក​ដែរ»។ 16 ជាងនេះទៅទៀត ពេលណាអ្នក​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​​អ្នក​មាន​ពុត​នោះ​ឡើយ។ ពីព្រោះពួក​គេ​បង្ហាញ​ទឹក​មុខដើម្បីឲ្យ​អ្នក​ដទៃ​ឃើញ​ថា គេតម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ប្រាកដ​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ 17 ប៉ុន្តែរីឯ​អ្នក​រាល់គ្នាវិញ ពេល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ប្រេងនៅ​លើ​ក្បាល ហើយ​លុប​មុខ​ផង 18 ធ្វើដូចនេះកុំ​ឲ្យ​គេ​ឃើញ​ថា​អ្នក​តមអាហារ​ឡើយ គឺ​ឲ្យ​តែ​ព្រះបិតា​របស់​អ្នក ដែល​គង់​ក្នុង​ទី​ស្ងាត់​ឃើញ​ប៉ុណ្ណោះ ហើយព្រះបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​ នឹង​ប្រទាន​រង្វាន់​ឲ្យ​អ្នក​ជា​មិន​ខាន។ 19 កុំ​សន្សំ​ទ្រព្យ​​ទុក​សម្រាប់ខ្លួន នៅ​ផែនដី​ដែលជា​កន្លែង​​មាន​កណ្ដៀរ និង​ច្រេះ​ស៊ី និងជា​កន្លែង ​ដែល​ចោរអាច​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឡើយ។ 20 ផ្ទុយទៅវិញ ត្រូវ​ប្រមូល​ទ្រព្យ​​ទុក​នៅ​ស្ថាន​បរមសុខវិញ ជា​កន្លែង​គ្មាន​កណ្ដៀរ និង​ច្រេះ​ស៊ី ​និងជា​កន្លែង​គ្មាន​ចោរ​ចូល​មក​លួច​ប្លន់​ឡើយ 21 បើ​ទ្រព្យរបស់​អ្នក​នៅ​ទី​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​ទី​នោះ​ដែរ។ 22 ភ្នែក​ជាចង្កៀង​នៃ​រូប​កាយ ដូច្នេះបើភ្នែករបស់អ្នកនៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺល្អ​ដែរ 23 ប៉ុន្តែ​ បើ​ភ្នែករបស់​អ្នក​ងងឹត​ នោះរូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ទៅ​ហើយ តើ​សេចក្ដី​ងងឹតនោះ នឹង​ទៅ​ជា​សូន្យសុង ដល់​កំរិត​ណា​ទៅ! 24 គ្មាន​អ្នក​ណា​​អាច​បម្រើ​ម្ចាស់​ពីរ​បាន​នោះទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយមើលងាយ​ម្នាក់​ទៀត​ អ្នក​រាល់​គ្នា​ក៏​មិនអាច​បម្រើ​ព្រះជាម្ចាស់​ផង ហើយនិងបម្រើ​ទ្រព្យ​សម្បត្តិ​ផងបាន​នោះឡើយ។ 25 ដូច្នេះ​ បាន​ជា​ខ្ញុំ​​ប្រាប់​អ្នក​រាល់​គ្នាថា កុំ​​ខ្វល់​ខ្វាយ​នឹងជីវិត ថាត្រូវបរិភោគអាហារអ្វី ឬ​សម្លៀកបំពាក់​សម្រាប់​បិទបាំងរូប​កាយ​ឡើយ។ តើជីវិតមិន​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏មាន​តម្លៃ​លើស​សម្លៀកបំពាក់ដែរឬអី? 26 ចូរមើល​បក្សាបក្សី​នៅ​លើ​មេឃ។ វា​មិន​​សាប​ព្រោះ មិនច្រូត​កាត់ និង​មិនប្រមូល​ផល​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះបិតា​របស់​អ្នក​​ដែល​គង់​នៅ​ស្ថាន​បរមសុខ ទ្រង់​ចិញ្ចឹម​វា។ តើ​អ្នក​រាល់​គ្នា មិន​មាន​តម្លៃ​លើស​បក្សាបក្សី​ទាំង​នោះទេឬអី?។ 27 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះបី​ខំប្រឹង​ខ្វល់​ខ្វាយ តើអាច​​បង្កើន​អាយុ​របស់​ខ្លួន​អោយ​វែង​បាន​ដែរទេ? 28 ហេតុ​អ្វី​បាន​ជា​អ្នក​​ខ្វល់​ខ្វាយ​អំពី​សម្លៀកបំពាក់ដូច្នេះ? ចូរ​​មើលទៅ​ផ្កា​នៅ​តាម​ទីវាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​បានធ្វើ​ការ​នឿយហត់ ឬ​ត្បាញ​រវៃ​ឡើយ។ 29 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​​សាឡូម៉ូនមានគ្រប់ទាំង​សិរីរុងរឿងព្រះអង្គ ក៏​មិនល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ 30 ប្រសិន​បើ​ព្រះជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យស្មៅ​នៅ​តាម​ទីវាល​ រស់នៅថ្ងៃនេះហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹងផ្គត់ផ្គង់​ឲ្យអ្នក​រាល់​គ្នា​លើសពី​នេះ ​យ៉ាង​ណា​ទៅទៀត​?។ 31 ដូច្នេះ ចូរកុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ពាក្យថា យើង​នឹង​បាន​អ្វី​បរិភោគ និងមាន​អ្វី​ស្លៀក​ពាក់ឡើយ? 32 ដ្បិត ​មាន​តែ​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះស្វែង​រក​របស់​ទាំង​នោះ។ ចំណែកឯ​ព្រះបិតា​របស់អ្នកដែល​គង់​នៅ​ស្ថាន​បរមសុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការហើយ។ 33 ប៉ុន្តែត្រូវ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​ឲ្យអ្នក​រាល់​គ្នាថែមទៀតផង​។ 34 ចូរកុំ​ខ្វល់​ខ្វាយ​អំពី​​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! ការលំបាកនៅថ្ងៃណា គឺល្មមគ្រប់គ្រាន់នៅថ្ងៃនោះ​​ហើយ។


ជំពូក 7

1 មិនត្រូវថ្កោលទោសគេឡើយ ដើម្បី​កុំ​ឲ្យគេ​ថ្កោល​ទោស​អ្នក​រាល់​គ្នាវិញដែរ។ 2 ដ្បិត បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា​​ នោះគេក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ហើយគេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃដែរ។ 3 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេចធូលី​នៅ​ក្នុង​ភ្នែក​បង​ប្អូនរបស់អ្នក ប៉ុន្តែមិនមើល​​ធ្នឹមដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ? 4 ម្តេចក៏អ្នកនិយាយទៅកាន់បងប្អួនអ្នកថា ឲ្យខ្ញុំយកកំទេចធូលីនៅក្នុងភ្នែករបស់ឯងចេញទៅ តែក្នុងភ្នែកខ្លួនឯងនៅមាន​ធ្នឹម​ដូច្នេះ? 5 មនុស្ស​មាន​ពុត​អើយ! ត្រូវយក​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ដើម្បី​នឹង​ផ្ដិត​យក​កំទេច​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​របស់អ្នក​បាន។ 6 កុំ​យក​​របស់​ដែលវិសុទ្ធ ទៅ​ឲ្យសត្វ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​គុជរ​របស់​អ្នក​​នៅ​មុខសត្វ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​បែរ​មក​ហែក​ខាំ​អ្នក​រាល់​គ្នា​ជាដំុៗវិញ។ 7 ចូរ​សុំ នោះ​អ្នកនឹងបានទទួល ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ​ នោះ​ទ្វារនឹងបើកឲ្យអ្នក​ជា​ពុំខាន។ 8 ព្រោះអ្នក​ណា​សុំ អ្នក​នោះ​នឹង​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​នឹង​បាន​ឃើញ ហើយ​អ្នកណាគោះ ទ្វារនឹងបើកឲ្យអ្នកនោះ។ 9 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិនកូន​សុំ​នំបុ័ង​តេីអ្នកនឹង​ដុំ​ថ្មទៅ​វាឬអី?​ 10 ហើយប្រសិន​បើ​កូន​សុំ​ត្រី តេីអ្នកនឹងឲ្យពស់​អសិរពិស​ទៅវាឬអី? 11 បើអ្នក​រាល់​គ្នាដែល​ជា​មនុស្ស​អាក្រក់ ក៏ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូនដូច្នេះ ចុះ​ចំណង់​បើ​ព្រះបិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរមសុខ តើ​ព្រះអង្គ​នឹង​ឲ្យរបស់​ល្អៗ​ដល់​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះអង្គ យ៉ាង​ណា​ទៅ​ទៀត? 12 ដូច្នេះ បើ​អ្នកចង់​ឲ្យគេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា អ្នកត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ ដ្បិតនេះជាក្រឹត្យ​វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មកស្រាប់​។ 13 ចូរនាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀតចុះ ដ្បិត​ទ្វារធំទូលាយនាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ ហើយមាន​មនុស្ស​​ច្រើនណាស់​ចូល​តាម​ទ្វារ​នោះ។ 14 រីឯ​ទ្វារ​ចង្អៀត និងផ្លូវពិបាកវិញនាំ​ទៅ​រក​ជីវិត មាន​មនុស្ស​តិច​ណាស់​រក​ផ្លូវ​នោះ​ឃើញ។ 15 ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការីក្លែងក្លាយ គេ​​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​ចិត្តរបស់គេវិញសាហាវ​ដូច​ឆ្កែចចកអ៊ីចឹង។ 16 អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ តាម​ផលផ្លែដែលគេបានធ្វើ។ តើដែលមានមនុស្សណា​បេះ​ផ្លែ​ទំពាំងបាយជូរ ពីគុម្ភបន្លា ឬ​ផ្លែ​ឧទុម្ពរ ពី​ដើមដំបងយក្សឬទេ? 17 ដូច្នេះ ដើម​ឈើ​ល្អ​តែងតែ​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែងតែ​ផ្ដល់​ផ្លែ​អាក្រក់ដែរ។ 18 ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់នោះ​ទេ រីឯ​ដើម​ឈើ​អាក្រក់វិញ​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ 19 ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ នឹងត្រូវ​កាប់ចោល ហើយ​យក​ទៅ​ដុតក្នុងភ្លើង។ 20 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់​អ្នកទាំងនោះបានដោយសារ​អំពើ​ដែល​គេ​ប្រព្រឹត្តដែរ។ 21 មិនមែនអ្នកដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា «ព្រះអម្ចាស់! ព្រះអម្ចាស់!» នឹងអាចចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខបាននោះឡើយ ប៉ុន្តែមានតែអ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ប៉ុណ្ណោះទើបអាចចូលបាន។ 22 មាន​មនុស្ស​ជា​ច្រើន​នឹងពោល​មក​ខ្ញុំនៅថ្ងៃនោះ​ថា «ព្រះអម្ចាស់ ព្រះអម្ចាស់​អើយ!​ តើយើង​ខ្ញុំមិន​ធ្លាប់បាន​ថ្លែងទំនាយ​ ​ដេញ​អារក្ស​ ហើយនិង​​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើនក្នុង​នាម​ព្រះអង្គ​ដែរទេឬអី?”។ 23 នៅពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់គេ​ថា យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរ​ថយ​ចេញ​ឲ្យឆ្ងាយ​ពី​យើងទៅ «ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ!» ។ 24 ដូច្នេះអ្នក​ណា​ដែលឮ​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ​អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​​ថ្មដា។ 25 ទោះ​បីមាន​ភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់​​ប៉ះ​​ផ្ទះ​នោះ​ខ្លាំងយ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ​ ព្រោះ​វាបានចាក់​គ្រឹះ​នៅ​លើ​​ថ្មដា។ 26 អស់​អ្នកណា​ដែលឮ​ពាក្យ​ខ្ញុំ​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នកនោះប្រៀប​បាន​ទៅ​នឹង​មនុស្ស​​ល្ងង់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់។ 27 ពេល​មានភ្លៀងធ្លាក់​ចុះ​មក ហើយ​មាន​ទឹក​ជន់​ មាន​ខ្យល់​បក់​ប៉ះ​​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់ទេ។ 28 កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ពីសេចក្តីទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ មហាជនមានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។ 29 ពីព្រោះ​ព្រះអង្គ​បង្រៀនដល់ពួកគេ​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យដែលបានបង្រៀន​។


ជំពូក 8

1 កាល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​ មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ។ 2 ពេលនោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គដោយ​ទូល​ថា៖ «ព្រះអ​ម្ចាស់​អើយ! ប្រសិន​បើ​ព្រះអង្គសព្វព្រះហឬទ័យ សូម​ប្រោស​ទូលបង្គំឲ្យ​ជា​ស្អាត​ផង។ 3 ព្រះយេស៊ូ​លូក​ព្រះហស្តទៅ​ពាល់​គាត់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «យើងសព្វព្រះហឬទ័យ ចូរ​ឲ្យ​បាន​ជា​ស្អាត​​ចុះ។ ភ្លាមនោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​។ 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹងពីការនេះ​ឡើយ តែត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូចដែល​លោក​ម៉ូសេបាន​បង្គាប់ចុះ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា ​អ្នកពិតជា​បាន​ជាប្រាកដ​មែន។ 5 កាល​ ព្រះយេស៊ូ​បានយាង​ចូល​ក្រុង​កាពើណិម នោះមាន​មេទ័ព​ម្នាក់ ចូល​មក​គាល់​ព្រះអង្គទាំងទូលអង្វរ​ថា៖ 6 «ព្រះអម្ចាស់​អើយ! អ្នក​បម្រើរបស់​ទូលបង្គំ​ដេក​ស្ដូកស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​មានការឈឺ​​ចាប់​យ៉ាង​ខ្លាំង។ 7 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​បាន​ជា»។ 8 មេទ័ពនោះ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់ហើយ ទូលបង្គំ​ មិនសក្តិ​សម​ ឲ្យព្រះអង្គ​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់គ្រាន់​តែមានព្រះបន្ទូល​ប៉ុណ្ណោះ អ្នក​បម្រើរបស់​ទូលបង្គំ​នឹង​ជា​សះស្បើយ​មិន​ខាន។ 9 ទូលបង្គំ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ទូលបង្គំប្រាប់​អ្នក​បម្រើឲ្យធ្វើ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ 10 ពេល​ព្រះយេស៊ូ​​ព្រះសណ្ដាប់ឮ​ដូច្នេះ​ ទ្រង់​ស្ងើច​សរសើរ​ ហើយក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់ឲ្យ​អ្នក​រាល់​គ្នា​ដឹងប្រាកដថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ឡើយ។ 11 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន មកពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មកអង្គុយជាមួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុបក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ។ 12 ប៉ុន្តែកូនប្រុសៗរបស់​ព្រះរាជ្យនោះ នឹងត្រូវបោះចេញ​ទៅ​ក្នុង​ទីងងឹត ជា​កន្លែង​ដែល​មានការយំ​សោក ខឹង​សង្កៀត​ធ្មេញ។ 13 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មេទ័ពរ៉ូម៉ាំង​ថា៖ «អញ្ជើញ​​ទៅ​វិញ​ទៅចុះ សុំ​ឲ្យ​បាន​សម្រេច​តាមពាក្យដែលលោកជឿចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះឯង។ 14 ពេលព្រះយេស៊ូ​យាង​ទៅ​ផ្ទះ​លោក​ពេត្រុស ទ្រង់ទត​ឃើញ​ម្ដាយ​ក្មេក​របស់លោកពេត្រុស​កំពុង​គ្រុនក្តៅ​សម្រាន្ដ​នៅ​លើ​គ្រែ។ 15 ព្រះអង្គ​ពាល់​ដៃ​គាត់ ហើយគាត់​ក៏​បាត់​គ្រុន បន្ទាប់មកគាត់ក៏​ក្រោក​ឡើងហើយ​បម្រើ​ព្រះអង្គ។ 16 លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ដែលមានអារក្ស​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះអង្គ។ ទ្រង់​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយមាន​ព្រះបន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា។ 17 ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក តាម​រយៈ​ព្យាការី​អេសាយ​ថា៖ «ទ្រង់​បាន​ទទួល​យក​អស់ទាំងរោគា និង​ជំងឺ​របស់​យើងមកផ្ទុកលើព្រះអង្គ»​។ 18 កាល​ព្រះយេស៊ូ​ឃើញ​បណ្ដាជន​ចោមរោម​ព្រះអង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាងនៃសមុទ្រកាលីឡេ។ 19 បន្ទាប់មក មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ 20 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សី​នៅលើមេឃក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែរីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាប់សម្រាក​សោះ​ឡើយ»។ 21 មាន​សិស្ស​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុករបស់ខ្ញុំ​សិន»។ 22 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​​មក​តាម​ខ្ញុំចុះ ទុក​ឲ្យមនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។ 23 ពេលព្រះយេស៊ូ​យាង​ចុះ​ទូកហើយ​ ពួក​សិស្ស​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ 24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង ធ្វើឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះយេស៊ូ​វិញក៏​ផ្ទំ​លក់។ 25 ពួក​សិស្ស​ចូល​ទៅ​ជិត​ ហើយ​ដាស់​ព្រះអង្គ​៖ «សូម​ជួយ​យើងផងលោក​ម្ចាស់​អើយ យើង​ស្លាប់​ឥឡូវ​ហើយ»។ 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិតភ័យ​ដូច្នេះ មនុស្ស​មាន​ជំនឿ​តិច​អើយ?»។ បន្ទាប់មកព្រះអង្គ​ក្រោក​​ឡើង ហើយមាន​ព្រះបន្ទូល​គំរាម​ខ្យល់​ និង​សមុទ្រ ពេល​នោះសមុទ្រ​ក៏​ស្ងប់ឈឹង។ 27 ពួក​គេ​នាំ​គ្នា​ស្ងើច​សរសើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី សូម្បីតែ​ខ្យល់​ និង​សមុទ្រ ក៏ស្ដាប់​បង្គាប់​លោក​ដូច្នេះ?។ 28 កាល​ព្រះយេស៊ូ​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ាស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ជួបព្រះអង្គ ពួកគេចេញ​ពី​ទី​បញ្ចុះ​សពមក ហើយបុរស​ទាំង​ពីរ​នោះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។ 29 បុរសទាំង​ពីរនោះ​ស្រែក​ឡើង​ថា៖ «តើយើងបានធ្វើអីព្រះអង្គ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​អើយ? តើព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?។ 30 មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​ ដែលនៅ​ឆ្ងាយ​ពីទីនោះបន្តិច។ 31 ពួក​អារក្ស​អង្វរ​ព្រះយេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​ពួកយើងចេញ ​សូម​បញ្ជូន​ពួកយើង​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ 32 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អារក្ស​ថា៖ «ទៅ​ចុះ!»។ ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ហើយចូល​ទៅ​ក្នុង​ហ្វូងជ្រូកទៅ។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ​តម្រង់​ទៅ​សមុទ្រ ​ហើយ​ងាប់នៅក្នុងទឹកអស់​ទៅ។ 33 ពួកអ្នក​ថែរក្សា​ហ្វូង​ជ្រូក​រត់ទៅប្រាប់​អ្នក​រស់នៅក្នុងក្រុង ពី​រឿង​អស់​ទាំង​នេះ​ ព្រម​ទាំង​ហេតុការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ 34 អ្នក​ក្រុងទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះយេស៊ូ លុះ​ពេលគេបាន​ឃើញ​ព្រះអង្គហើយ គេ​អង្វរ​ព្រះអង្គ​ឲ្យចាក​ចេញ​ពី​ស្រុក​ភូមិ​របស់ពួក​គេទៅ។


ជំពូក 9

1 ព្រះយេស៊ូ​យាង​ចុះ​ទូក​ឆ្លង​សមុទ្រ ទៅ​ក្រុង​របស់​ព្រះអង្គ​វិញ។ 2 មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់ ដែលដេកលើកន្ទេល​មក​រក​ព្រះអង្គ។ ដោយយល់ដល់ជំនឿ​របស់​អ្នក​ទាំង​នោះ​ ព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖«កូន​អើយ! ចូរ​ត្រេកអរឡើង។ ខ្ញុំបានអត់ទោសកូនឲ្យរួចបាបហើយ»។ 3 ពេលនោះមានពួក​អាចារ្យ​ខ្លះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះកំពុង​ប្រមាថ​ព្រះជាម្ចាស់!»។ 4 ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​ពួកគេ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះនៅក្នុងចិត្តដូច្នេះ? 5 តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង «ខ្ញុំបានអត់ទោសកូនឲ្យរួចពីបាប» ឬ​ក៏ «ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ?» 6 ប៉ុន្តែ អ្នកគួរដឺងថា បុត្រ​មនុស្ស​មាន​អំណាច​អត់ទោស​អំពើបាបឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​។ ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «​ក្រោក​ឡើង! ចូរយក​គ្រែ​ស្នែង​របស់​អ្នក ហើយដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ 7 បន្ទាប់អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ហើយដើរ​ត្រឡប់​ទៅ​ផ្ទះរបស់គាត់​វិញ។ 8 កាលមហាជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ ទាំង​នាំ​គ្នា​លើក​តម្កើង​​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។ 9 កាល​ព្រះយេស៊ូ​យាង​ពី​ទី​នោះ​ទៅ ព្រះអង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ ដែលកំពុងអង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំចុះ»។ លោកម៉ាថាយក៏​ក្រោក​ឡើង ហើយដើរ​តាម​ព្រះអង្គ​ទៅ។ 10 ពេល ព្រះអង្គអង្គុយ​សោយ​ព្រះស្ងោយ​នៅក្នុង​ផ្ទះ​ នោះមាន​អ្នក​យក​ពន្ធជាច្រើន ព្រម​ទាំង​មនុស្ស​បាប​មក​អង្គុយ​រួម​តុអាហារ​ជា​មួយ​ព្រះយេស៊ូ និង​ពួក​សិស្ស​របស់ព្រះអង្គដែរ។ 11 ពេលពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នេះ គេក៏​និយាយ​ទៅ​កាន់​សិស្ស​របស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​​បរិភោគ​ជា​មួយ​អ្នក​យកពន្ធ និង​មនុស្សមាន​បាបដូច្នេះ?»។ 12 ពេលព្រះយេស៊ូ​ឮ​ដូច្នេះ ព្រះអង្គក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មានសុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការគ្រួពេទ្យ។ 13 ​អ្នក​រាល់​គ្នា​គួររិះគិត​មើលទៅ ពីសេចក្ដីទាំងនេះមានន័យយ៉ាងម៉េច​ «យើង​​ចង់​បាន​តែ​សេចក្ដី​មេត្តាករុណា​ប៉ុណ្ណោះ មិនមែនយញ្ញបូជា​ទេ»​ ព្រោះខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាបវិញ»។ 14 បន្ទាប់មក ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «ហេតុអ្វីបានជាពួកយើង និង​ពួក​ខាង​គណៈ​ផារីស៊ីតែងតែតម​អាហារ តែ​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ 15 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​វិញ​ថា៖ «តើភ្ញៀវក្នុងពិធីមង្គលការអាចកាន់​ទុក្ខ​កើត​ឬ​ទេ ពេល​ដែលកូន​កំលោះ​នៅ​ជា​មួយពួកគេដូច្នេះ? ប៉ុន្តែថ្ងៃមួយនឹងមកដល់ ពេល​គេ​ចាប់​កូនកំលោះ​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​នឹងតម​អាហារវិញ​។ 16 មិន​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​សម្លៀកបំពាក់​ចាស់​ឡើយ ព្រោះនឹង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ 17 ក៏មិន​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ ចូល​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។ ប្រសិនបើ​ធ្វើ​ដូច្នេះ​ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ ផ្ទុយទៅវិញ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា​ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។ 18 កាល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ការទាំង​នេះ​ទៅកាន់​គេ ហើយមាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គទាំង​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹងស្លាប់ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃលើ​នាង នោះនាង​នឹង​មាន​ជីវិត​រស់​វិញពុំខាន»។ 19 បន្ទាប់មកព្រះយេស៊ូ​ក្រោក​ឡើង​ ហើយ​យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស​ក៏​ទៅ​ជា​មួយព្រះអង្គ​ដែរ។ 20 មាន​ស្ត្រី​ម្នាក់ដែលមាន​ជំងឺ​ធ្លាក់​ឈាម អស់រយះពេលដប់ពីរ​ឆ្នាំ​មក​ហើយ មក​ពី​ក្រោយ​ព្រះយេស៊ូ ហើយ​ពាល់​ជាយ​ព្រះពស្ដ្រ​របស់ព្រះអង្គ 21 ដ្បិត​នាង​បានគិត​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​អាវ​លោក ខ្ញុំនឹងជាពីជំងឺ​មិន​ខាន»។ 22 ព្រះយេស៊ូ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះបន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​មានចិត្តក្លាហាន​ឡើង ជំនឿ​របស់​កូន​បាន​ប្រោសកូនឲ្យជា​ហើយ»។ ស្ត្រី​ធ្លាក់​ឈាមក៏​បាន​ជា​សះស្បើយ​នៅ​ពេល​នោះទៅ។ 23 កាល​ព្រះយេស៊ូ​យាង​ចូលក្នុង​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ខ្លុយ និង​ឃើញ​មនុស្សម្នា​ជ្រួលច្របល់។ 24 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ដ្បិតក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់ប៉ុណ្ណោះ»។ ប៉ុន្តែពួកគេសើច​ចំអក​ដាក់​ព្រះអង្គ។ 25 ពេល​ព្រះអង្គ​ដេញពួក​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ហើយចាប់​ដៃ​ក្មេង​ស្រី​នោះ បន្ទាប់មកនាង​ក៏​ក្រោក​ឡើង។ 26 ដំណឹង​នេះ​លេច​ឮ​ពាសពេញ​ក្នុងតំបន់​នោះ​ទាំង​មូល។ 27 កាល​ព្រះយេស៊ូ​​យាង​ចេញ​ពី​ទីនោះ​ទៅ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះអង្គ ពួកគេស្រែក​ថា៖ «សូម​អាណិត​មេត្តាដល់​យើង​ខ្ញុំ​ផង ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ!»។ 28 ពេល​ព្រះអង្គ​យាង​ចូលទៅក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរនោះ​ចូល​ទៅ​ជិត​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរនោះ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើការនេះ​បាន​ឬទេ?»។ ពួកគេ​ទូល​ព្រះអង្គ​វិញថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ»។ 29 បន្ទាប់មកព្រះយេស៊ូ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរនោះ ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ 30 ពេល​នោះ ភ្នែក​របស់​ពួកគេ​ក៏​បានមើលឃើញ។ ក្រោយមកព្រះយេស៊ូ​ហាមពួកគេ​យ៉ាង​តឹងតែង​ថា៖ «កុំ​ឲ្យ​នរណា​ដឹងសោះ​ឡើយ»។ 31 ប៉ុន្តែ បុរស​ទាំង​ពីរនោះ​ចេញ​ទៅ​ផ្សព្វផ្សាយ​រឿង​នោះ​ឲ្យគេ​ដឹង​ពាសពេញ​ស្រុក។ 32 លុះ​ដល់អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅហើយ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះយេស៊ូ។ 33 ពេល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះក៏​អាចនិយាយ​បាន។ មហាជន​នាំ​គ្នា​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ទាំង​និយាយ​ថា៖ «​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ពីមុនឡើយ»។ 34 ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ ​មក​ពី​អារក្ស​​ប្រគល់​អំណាច​ឲ្យគាត់ទេ»។ 35 ព្រះយេស៊ូ​យាង​ទៅ​តា​មក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បន្តបង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ និង​ប្រោស​អ្នកជំងឺ ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។ 36 កាល​ព្រះអង្គ​ទត​ឃើញ​មហាជន ទ្រង់​មាន​ព្រះហឫទ័យ​អាណិត​ពួកគេណាស់ ព្រោះ​អ្នក​ទាំង​នោះ​ល្វើយ និងធ្លាក់​ទឹក​ចិត្តពួកគេ ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែទាំ។ 37 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្សរបស់ព្រះអង្គ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ ប៉ុន្តមាន​អ្នក​ច្រូត​តិច​ពេក។ 38 ហេតុ​នេះ ចូរអធិស្ឋានទៅព្រះអម្ចាស់ដែលជាម្ចាស់ស្រែ សូមទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​ព្រះអង្គ»។


ជំពូក 10

1 ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូបរបស់ព្រះអង្គ​មក ហើយទ្រង់​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ អាចដេញវិញ្ញាណអាក្រក់ចេញ ​មាន​អំណាច​ប្រោស​ជំងឺរោគា​ និង​អ្នក​ជំងឺគ្រប់​ប្រភេទ​ឲ្យ​បាន​ជា​សះស្បើយ។ 2 ឈ្មោះសាវក​ទាំង​ដប់ពីរ​មាន​​ដូច​ត​ទៅ អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុបជាកូនរបស់លោកសេបេដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ​ 3 ភីលីព និង​បារថូឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ និង​ថាដេ 4 ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែលក្បត់​ព្រះអង្គ។ 5 ព្រះយេស៊ូ​ចាត់​បញ្ជូនសិស្សទាំង​ដប់ពីរ​រូប​​ឲ្យចេញទៅ​ទាំងមានការ​ផ្ដែផ្ដាំ​ថា៖ «កុំ​ទៅ​កន្លែងដែល​សាសន៍​ដទៃ​រស់នៅឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុងក្រុង​របស់​ជន​ជាតិ​សាម៉ារី​ដែរ 6 តែ​ត្រូវ​ទៅ​ស្វែង​រក​ចៀម​ដែល​វង្វេង​ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​នោះ​វិញ។ 7 ពេល​អ្នកធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ប្រាប់គេថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​មក​ជិត​បង្កើយ​ហើយ។ 8 ចូរ​មើលអ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ប្រោស​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត និងដេញ​អារក្ស​។ អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ 9 កុំ​យកមាស​ប្រាក់ ឬ​លុយ​កាក់​ដាក់​ក្នុង​ថង់​ឡើយ 10 កុំ​យក​កាបូបស្ពាយ កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​តាមខ្លួន ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​​ទទួល​ម្ហូប​អាហារបរិភោគ។ 11 នៅ​ក្នុង​ក្រុង​​ ឬ​ភូមិណា​មួយ​ដែលអ្្នកចូរ អ្នកត្រូវ​រក​អ្នក​ដែល​សក្តិសមហើយទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​ដែលអ្នក​ចាកចេញ​ពី​ទី​នោះ។ 12 ពេល​អ្នកចូល​ទៅ​ក្នុង​ផ្ទះ​ណា​ត្រូវ​ជម្រាបសួរ​អ្នក​ផ្ទះ​នោះ 13 ប្រសិន​បើ​អ្នក​ផ្ទះ​នោះមានការគួរ​សម នោះ​សូមឲ្យសេចក្ដី​សុខសាន្តរបស់អ្នក​កើត​មាន​ដល់​គេ ។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិនទទួលអ្នក​ទេ សូមឲ្យក្តី​សុខសាន្ត​របស់អ្នកមកវិញ​ចុះ។ 14 បើសិន​​អ្នកណាមិន​ព្រម​ទទួល​អ្នក​ ឬ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នកទេនោះ ពេលអ្នកចាកចេញ​ពី​ផ្ទះ​ ឬ​ពី​ក្រុង​នោះ ត្រូវ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​​។ 15 ខ្ញុំ​សុំ​ប្រាប់អ្នក​រាល់​គ្នា​ឲ្យ​​ដឹង​ប្រាកដថា ការ​វិនិច្ឆ័យ​ទោស​មនុស្្សក្នុង​ក្រុង​សូដុម និង​​ក្រុង​កូម៉ូរ៉ា នោះ​ទទួល​ទោស​ស្រាល​ជាង​អ្នក​នៅក្នុងក្រុង​នេះទៅទៀត។ 16 ខ្ញុំ​ដឹងថា ខ្ញុំចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​ក្នុងកណ្ដាល​ហ្វូង​ចចកអ៊ីចឹងដែរ។ ហេតុ​នេះ ត្រូវ​មានប្រាជ្ញា​ដូចជា​សត្វ​ពស់ ហើយ​មាន​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ 17 ចូរ​ប្រយ័ត្ននឹង​មនុស្ស​លោក​! ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​​ទៅ​តុលា​ការ គេ​នឹងវាយអ្នកនឹង​​រំពាត់​ខ្សែតី​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។ 18 បន្ទាប់មកគេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ឲ្យ​លោក​ទេសាភិបាល និង​ឲ្យស្ដេច​នានា​កាត់​ទោស ដោយព្រោះ​តែ​​ខ្ញុំ។ អ្នក​រាល់​គ្នាត្រូ​វធ្វើបន្ទាល់​ដល់​ពួក​គេ និងឲ្យ​សាសន៍​ដទៃបាន​ឮ​ផង។ 19 ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ ចូរ​កុំ​ព្រួយបារម្ភ​នឹងរក​ពាក្យណា ​ដែល​អ្នក​គួរ​និយាយ​​នោះ​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​ប្រទានពាក្យឲ្យអ្នកត្រូវនិយាយ នៅពេលនោះ។ 20 ដ្បិត មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​នឹងនិយាយ គឺ​ព្រះវិញ្ញាណ​នៃ​ព្រះបិតា​ដែល​នឹង​មាន​ព្រះបន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ 21 បង​ប្អូន​នឹង​ចាប់​បញ្ជូន​បងប្អូនខ្លួនឯង ទៅ​ឲ្យ​គេ​សម្លាប់​ ហើយឪពុក​នឹង​ចាប់​បញ្ជូន​កូនខ្លួនឯង​ទៅ​ឲ្យ​គេ​សម្លាប់ដែរ។ ​កូនៗ​នឹងនាំ​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយរបស់ខ្លួន ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យគេ​សម្លាប់​ទៀត​ផង។ 22 មនុស្ស​​នឹង​ស្អប់​អ្នក ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នកនោះនឹងបាន​ទទួលការសង្គ្រោះ​។ 23 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ប្រសិន​បើ​គេ​បៀតបៀន​អ្នក​​នៅ​ក្រុងនេះ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ នោះអ្នក​រាល់​គ្នានឹងមិន​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មានក្នុង​ស្រុក​អ៊ីស្រាអែលទេ​ មុនពេលបុត្រ​មនុស្សមក​ដល់។ 24 ​​សិស្សមិនដែល​ចេះ​ជាង​គ្រូ​ឡើយ ហើយ​អ្នកបម្រើក៏​ពុំ​ដែល​​ធំ​ជាង​ម្ចាស់​ដែរ។ 25 បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ និងអ្នក​បម្រើបាន​ដូច​ម្ចាស់ នោះ​វាល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ហៅ​ឈ្មោះ​ម្ចាស់​ផ្ទះនោះ​ថា បេលសេប៊ូល​ គេ​មុខ​ជា​ហៅ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀតជា​មិន​ខាន។ 26 ចូរកុំ​ខ្លាច​និងពួក​អ្នក​ទាំង​នោះ​ឡើយ ពីព្រោះគ្មានការ​លាក់​កំបាំង​ណាដែល មិន​បើក​ឲ្យ​គេ​ឃើញ ហើយក៏គ្មាន​អាថ៌កំបាំង​ណាដែល ​មិនបង្ហាញឲ្យគេដឹងដែរ។ 27 ការអ្វីដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ឮក្នុង​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើដំបូល​ផ្ទះ។ 28 កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ តែ​មិន​អាច​សម្លាប់​ព្រលឹងអ្នក​បាន​នោះ​ឲ្យសោះ គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ដែលអាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង និង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បានវិញ។ 29 តើមិនមែន​ចាប​ពីរ ​គេ​លក់​ថ្លៃ​មួយ​សេនឬអី? តែគ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី ហើយ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​មិន​ដឹងនោះឡើយ។ 30 សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ 31 ចូរ​​កុំភ័យ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត។ 32 ដូច្នេះអ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ។ 33 ប៉ុន្តែ​អ្នក​ណា​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ដែរ។ 34 កុំ​នឹក​ថា ខ្ញុំ​មក​នេះដើម្បី​នាំ​យក​សន្តិភាព​មក​ផែនដី​ឡើយ។ ខ្ញុំ​មិនបាន​​នាំ​សន្តិភាព​មក​ទេ តែ​ខ្ញុំ​នាំដាវមកវិញ​។ 35 ដ្បិតខ្ញុំ​មកដើម្បីធ្វើ​ឲ្យ​កូនប្រុស​ប្រឆាំងជាមួយ​ឪពុកខ្លួន កូន​ស្រី​ប្រឆាំងជាមួយ​ម្ដាយខ្លួន និងកូន​ប្រសា​ស្រី​ប្រឆាំងជាមួយ​ម្ដាយ​ក្មេក។ 36 សត្រូវរបស់មនុស្សគឺជាអ្នក​ដែលរស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា។ 37 អ្នក​ណា​ដែលស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សក្តិសម​​ជា​សិស្ស​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិនសក្តិ​សម​​ធ្វើ​ជា​សិស្ស​​ខ្ញុំ​ដែរ។ 38 អ្នក​ណា​មិន​លីឈើ​ឆ្កាង​របស់​ខ្លួន ដើរ​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិនសក្តិ​សម​ធ្វើ​ជា​សិស្ស​ខ្ញុំ​ឡើយ។ 39 អ្នក​ណា​ចង់​ស្វែងរក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិតវិញ រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ។ 40 អ្នក​ណា​ដែលទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​អោយ​មក​នោះ​ដែរ។ 41 អ្នក​ណា​ទទួល​ព្យាការី​ម្នាក់ព្រោះគាត់​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត​ម្នាក់ ​ព្រោះគាត់​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិតដែរ។ 42 អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់មួយកែវ ​ដល់​អ្នក​តូចតាច​ម្នាក់​ផឹក ព្រោះគាត់​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​មិនបាត់​រង្វាន់គាត់ឡើយ។


ជំពូក 11

1 ក្រោយពេលព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដែផ្ដាំ​សិស្សទាំង​ដប់ពីរ​រូបចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹងល្អ​នៅ​តាម​ក្រុងនានារបស់ពួកគេ។ 2 ពេល​លោក​យ៉ូហាន​ដែលជាប់​ក្នុង​មន្ទីរ​ឃុំឃាំង បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះគ្រិស្ដ​បាន​ធ្វើ គាត់​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ 3 ហើយទូល​សួរ​​ថា៖ «តើ​លោក​គឺជាព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​មួយ​ផ្សេង​ទៀត?» 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ប្រាប់​លោក​យ៉ូហាន នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ។ 5 ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្សក្រីក្របានឮដំណឹងល្អ។ 6 មានពរហើយអ្នក​ណា​មិន​រវាត​ចិត្ត​ដោយព្រោះនាម​ខ្ញុំ»។ 7 ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះយេស៊ូចាប់ផ្តើមមាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោស្ថាន​មើល​អ្វី មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​​ឬ? 8 តើ​អ្នក​រាល់​គ្នា​ទៅ​ក្រៅ​មើល​អ្វី? ​មើល​មនុស្ស​ស្លៀក​ពាក់​ខោអាវទន់ភ្លន់​ឬ? តាម​ពិត! អ្នក​ដែល​ស្លៀក​ពាក់​ខោអាវទន់ភ្លន់ គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯណោះ»។ 9 ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅក្រៅ​ រក​មើល​ព្យាការី​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត។ 10 ដ្បិតគឺអ្នកនោះហើយ មាន​ចែង​មក​ថា៖ «មើល! យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ គឺជាអ្នកដែលនឹង​រៀបចំ​ផ្លូវ​មុខ​ព្រះអង្គ»។ 11 ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ក្នុងចំណោម​មនុស្ស​ដែល​កើត​ចេញពីផ្ទៃម្តាយមក គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដនោះ​ឡើយ។ តែអ្នក​ណា​មានឋានៈតូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។ 12 ចាប់តាំង​ពី​ជំនាន់​លោក​យ៉ូហានបាទីស្ដ មក​ទល់​សព្វ​ថ្ងៃនេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​រង​នូវ​អំពើ​ឃោរឃៅ ហើយ​មនុស្សដែលប្រព្រឹត្តអំពើ​ឃោរឃៅនោះ ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​​យក​ព្រះរាជ្យ​នេះ​ផង។ 13 ព្យាការី​ទាំងអស់​ និង​ក្រឹត្យវិន័យ បានថ្លែងទុករហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន។ 14 ប្រសិនបើអ្នកព្រមទទួលការនេះ គឺលោក​​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។ 15 អ្នកដែលមានត្រចៀកចូរស្តាប់ ហើយ​យក​ទៅ​ពិចារណា​ទៅ!។ 16 តើ​ខ្ញុំ​អាច​ប្រៀបរធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹងអ្វី? គឺដូច​ទៅ​នឹង​កូន​ក្មេង​ដែល​កំពុងលេង​នៅ​តាមទី​ផ្សារ ដែលហៅគ្នាទៅវិញទៅមក 17 ព្រមទាំងនិយាយថា៖ «យើង​បាន​ផ្លុំ​ខ្លុយឲ្យអ្នក តែ​អ្នក​ពុំ​ព្រម​រាំ​ទេ។ យើង​បាន​កាន់ទុក្ខ តែអ្នក​ពុំ​ព្រម​យំ​ដែរ»។ 18 ដ្បិតលោក​យ៉ូហាន​​កើតមកមិនបានបរិភោគនំបុ័ង និងសុរាទេ​ តែ​គេ​ថា «​លោក​មាន​អារក្ស​ចូល»។ 19 រីឯ​បុត្រ​មនុស្ស​មក​ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា «មើល៍! អ្នក​នេះ​ល្មោភសីុ និងជាមនុស្សប្រមឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្សមាន​បាប»។ ប៉ុន្តែ ប្រាជ្ញា​ដែល​ល្អ​ត្រឹម​ត្រូវវិនិច្ឆ័យទង្វើ ដែលគេបានប្រព្រឹត្តវិញ»។ 20 បន្ទាប់មក ព្រះយេស៊ូ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​​ដល់ក្រុង​នានា​ ដែលបាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុងនោះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ។ 21 «អ្នក​ត្រូវ​វេទនា​ជា​ពុំខាន ​ក្រុង​ខូរ៉ាស៊ីន​អើយ! ។ អ្នក​ក៏​ត្រូវ​វេទនា​ដែរ ​ក្រុង​បេតសៃដា​អើយ! ។ ប្រសិន​បើ​មានការ​អស្ចារ្យនៅ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន ដូច​ដែលអ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។ 22 ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ 23 អ្នក​ក្រុង​កាពើណិម​អើយ! តើអ្នកគិតថាខ្លួនអ្នក​នឹង​បានតម្កើងឡើង​ដល់​ស្ថាន​សួគ៌ឬ? ពុំមែនដូច្នោះឡើយ! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដូចដែល​អ្នកបានឃើញ ម៉្លេះ​សម​ក្រុង​សូដុម​នឹងនៅ​ស្ថិតស្ថេរ​ មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។ 24 ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ 25 នៅ​គ្រា​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ និង​​ផែនដី ព្រោះ​​ព្រះអង្គបាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ តែ​បង្ហាញការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូចតាច​យល់វិញ។ 26 មែន​ហើយ! ព្រះបិតាអើយ ដ្បិតព្រះអង្គ​សព្វ​ព្រះហឫទ័យ​ធ្វើដូច្នេះ។ 27 អ្វីៗទាំងអស់ព្រះបិតា​របស់​ខ្ញុំ​បាន​ប្រគល់មក​ខ្ញុំហើយ គ្មាន​អ្នក​ណា​ស្គាល់ព្រះ​បុត្រា ក្រៅ​ពី​ព្រះបិតាឡើយ ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា ក្រៅ​ពី​ព្រះបុត្រាដែរ ហើយនិង​អ្នកណា​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យ សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ។ 28 អស់​អ្នក​ដែល​នឿយហត់ និង​​បន្ទុក​ធ្ងន់​អើយ ចូរមកឯខ្ញុំ! ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នាបាន​​សម្រាក។ 29 ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ ដ្បិត ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាពនោះព្រលឹងរបស់អ្នក​រាល់​គ្នា​នឹង​ជា​បាន​សម្រាកមិន​ខាន​។ 30 ព្រោះនឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុករបស់ខ្ញុំ​​​ក៏ស្រាលដែរ»​។


ជំពូក 12

1 នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​កាត់​តាមវាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ សិស្ស​របស់​ព្រះអង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ 2 ពេលពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូចនេះ គេក៏ទូល​ព្រះអង្គ​ថា៖ ​​«មើល​! ​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការនៅ​ថ្ងៃ​សប្ប័ទ ដែល​បញ្ញត្តិ​ហាម​»។ 3 ប៉ុន្តែ ព្រះយេស៊ូ​តប​​វិញ​ថា៖ «តើអ្នកមិនធ្លាប់បានអានអត្ថបទ​មួយ​ពី​ការ​ដែល​ព្រះបាទ​ដាវីឌ​ និងពួកអ្នកដែលនៅជាមួយព្រះអង្គបានប្រព្រឹត្ត​នៅ​ពេល​ឃ្លានទេឬ? ​ 4 ព្រះអង្គបាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ ហើយបរិភោគ​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់ គឺ​ផ្ទុយនឹងបញ្ញត្តិហាមឃាត់​ គឺមានតែ​ពួក​បូជាចារ្យ​ប៉ុណ្ណោះ ដែលអាច​បរិភោគ​នំបុ័ង​នេះ​បាន។ 5 តើ​អ្នក​រាល់​គ្នាមិន​ដែល​អាន​គម្ពីរ​វិន័យ​ដែលថា នៅ​ថ្ងៃ​សប្ប័ទពួក​បូជាចារ្យបំពេញ​មុខងារ​នៅ​ក្នុង​ព្រះវិហារ សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យវិន័យ​ថ្ងៃ​សប្ប័ទទាំងអស់ ឬឥត​មាន​ទោស​ឡើយ? 6 ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្នាក់ដែលប្រសើរ​ជាង​ព្រះវិហារ​ទៅ​ទៀតនោះ គឺនៅ​ទី​នេះ​ហើយ។ 7 ប្រសិន​បើ​អ្នករាល់គ្នា​យល់​ពីអត្ថន័យនេះ «ខ្ញុំ​មិន​ចង់​បាន​យញ្ញបូជា​នោះទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តាករុណា​ប៉ុណ្ណោះ” អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ដល់ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ 8 ដ្បិត​បុត្រ​មនុស្សជា​ម្ចាស់​របស់ថ្ងៃ​សប្ប័ទ»។ 9 បន្ទាប់មក ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ហើយយាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់ពួក​គេ។ 10 មើល! នៅទីនោះមាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ ពួកផារីស៊ីគេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើយើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជានៅ​ថ្ងៃ​សប្ប័ទបាន​ដែរឬ​ទេ?» គេ​សួរដូច្នេះ​ ក្នុង​​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គថាបានប្រព្រឹត្តអំពើបាប។ 11 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅដ៏ជ្រៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។ 12 ​រីឯមនុស្សវិញ គឺមានតម្លៃ​ថ្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះយើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។ 13 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរសស្វិតដៃ​នោះ​ថា៖ «ចូរ​លាត​ដៃរបស់អ្នក​មើល៍!។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។ 14 ប៉ុន្តែពួក​ខាង​គណៈ​ផារីស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នាប្រឆាំងព្រះអង្គ។ ពួកគេថែមទាំងរក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គទៀតផង។ 15 កាល​ព្រះយេស៊ូ​ជ្រាបពីការនេះហើយ ទ្រង់យាង​ចាក​ចេញ​ពី​ទី​នោះទៅ មាន​មហាជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​​ ហើយព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា 16 ព្រះអង្គហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​អំពីព្រះអង្គប្រាប់អ្នកដទៃឡើយ 17 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុកមក តាម​រយៈ​ព្យាការី​អេសាយ​ថា៖ 18 «មើល! នេះហើយយ​ជា​អ្នក​បម្រើ​ដែល​យើង​បានជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ជាអ្នកដែលធ្វើ​ឲ្យ​ចិត្ត​យើង​រីករាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើងឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹងប្រកាស​ប្រាប់​ឲ្យ​សាសន៍ដទៃដឹងពីការវិនិច្ច័យទោសរបស់ព្រះអង្គ។ 19 លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ ឬ​ក៏​​ស្រែក​ដាក់​នរណា​ឡើយ ហើយក៏គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ​តាម​ផ្លូវដែរ។ 20 លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែលទក់​ហើយ​នោះ​ឡើយ ហើយ​លោកក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ ដែល​ហៀប​នឹង​រលត់ហើយ​នោះ​ដែរ រហូត​ដល់លោក​នាំសេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យជម្នះ។ 21 ​សាសន៍​ដទៃ​នឹងមាន​សង្ឃឹមដោយសារ​លោក»​។ 22 បន្ទាប់មក មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក និងថ្លង់​ផង ដែលត្រូវបាន​អារក្ស​ចូល មក​គាល់​ព្រះអង្គ។ ព្រះអង្គ​ប្រោស​គាត់​ឲ្យ​ជា​ បុរសនោះ​ក៏អាច​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។ 23 មហាជន​ទាំងអស់ស្ញប់ស្ញែងហើយ​ពោល​ថា៖ «តើលោក​នេះ​ពិត​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​មែនឬ?» 24 ប៉ុន្តែ ពេលពួក​ខាង​គណៈ​ផារីស៊ីបានឮពីការអស្ចារ្យនោះដ៏​ពោល​ថា៖ អ្នក​នេះ​ដេញ​អារក្ស​បាន​ គឺដោយ​បេលសេប៊ូល​ ជា​ស្ដេច​អារក្ស​ទេ»។ 25 ប៉ុន្តែព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះអង្គក៏មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណាមានការ​បាក់​បែក​ទាស់ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ផ្ទះ​ណា​មានការបាក់​បែក​ទាស់ទែង​គ្នា​ឯង ​ក៏​មិន​អាច​នៅ​ស្ថិតស្ថេរ​បាន​ដែរ។ 26 ប្រសិនបើ​មារ​សាតាំង​បណ្ដេញ​មារ​សាតាំង ​វាគឺមានការ​បាក់​បែក​ទាស់ទែង​នឹង​ខ្លួន​វា។ តើធ្វើ​ម្ដេច​ឲ្យរាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរ​បាន? 27 ហើយប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​សារបេលសេប៊ូល​មែននោះ តើ​កូន​ចៅ​របស់​អ្នក​​ដេញ​អារក្ស ដោយ​អាង​លើ​នរណា​វិញ? ដោយហេតុផលនេះ គេនឹងដាក់​ទោស​អ្នក​រាល់​គ្នា​ជាពុំខាន។ 28 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ នោះបាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះអង្គ​បានមក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 29 តើមាន​នរណា​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដោយមិនចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន? 30 អ្នក​ណា​មិន​នៅខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយហើយ។ 31 ហេតុដូច្នេះហើយបាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាល់អំពើបាបនិង ​​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​ឲ្យ​បាន ប៉ុន្តែការ​ប្រមាថ​ព្រះវិញ្ញាណ​វិញ ​ព្រះអង្គ​នឹង​មិន​លើកលែង​ទោស​ឲ្យសោះឡើយ។ 32 បើ​អ្នក​ណា​និយាយ​ទាស់​នឹង​បុត្រ​មនុស្ស ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​ឲ្យគេបាន ប៉ុន្តែ​អ្នក​ដែលនិយាយ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ ព្រះអង្គ​មិន​លើកលែង​ទោស​ឲ្យទេ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្ដី ។ 33 ដាំដើមឈើ​ល្អ ផ្លែ​ក៏​ល្អដែរ តែ​បើដាំ​ដើមឈើ​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ 34 ពួកពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នាជាសុទ្ធតែមនុស្សអាក្រក់​ តើអាចឲ្យអ្នកនិយាយ​សេចក្ដី​ល្អៗបានយ៉ាង​ដូច​ម្ដេច​ទៅ? ដ្បិត​មាត់​របស់​មនុស្ស​តែង​និយាយ​នូវ​សេចក្ដី​ណា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ 35 មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ចេញពីចិត្តរបស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​ចិត្តគេមាន​សុទ្ធ​តែ​គំនិត​អាក្រក់​។ 36 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ព្រះអង្គ​នឹង​វិនិច្ឆ័យមនុស្ស​តាម​ពាក្យ​សម្តី​​ដែល​គេ​បាន​និយាយ។ 37 ដ្បិតគេនឹងរាប់អ្នកថា​សុចរិត​ដោយសារ​ពាក្យ​សម្តី​របស់អ្នក ហើយគេនឹងថ្កោលទោសអ្នករាល់គ្នា ដោយសារពាក្យសម្តីដែរ។ 38 បន្ទាប់មក ​ពួក​អាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី ឆ្លើយតបទៅព្រះយេស៊ូ និងទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើងចង់ឃើញ​ទី​សម្គាល់​អស្ចារ្យ​មួយ​ពីលោកគ្រូ»។ 39 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​មានចិត្តក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​អស្ចារ្យ។ ប៉ុន្ត ព្រះជាម្ចាស់​នឹងមិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេងទៀត ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី​យ៉ូណាស​ឡើយ។ 40 លោក​យ៉ូណាស​​នៅ​ក្នុង​ពោះ​ត្រី​ធំ​រយះពេលបី​ថ្ងៃ​បី​យប់​យ៉ាង​ណា នោះបុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​រយៈបី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ 41 អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ដ្បិតពួកគេបាន​កែ​ប្រែ​ចិត្ត​គំនិត ពេលបានឮ​សេចក្ដី​ដែលលោក​យ៉ូណាស​ប្រកាសប្រាប់​។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់ដែល​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ 42 មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង។ ព្រះនាង​បាន​យាង​មក​ពី​ទីដាច់ស្រយាលនៃផែនដី ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះបាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះបាទ​សាឡូម៉ូន​ទៅ​ទៀត។ 43 ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែងតែទៅចុះឡើង​នៅកន្លែង​ហួតហែង រកមើលកន្លែងសម្រាក តែ​វា​រក​ពុំ​ឃើញ​ទេ។ 44 បន្ទាប់មក វា​មុខ​ជា​និយាយ​ថា អញនឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក លុះ​ទៅ​ដល់ហើយ វាឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាងល្អនោះ។ 45 វា​នឹង​​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំពីរផ្សេង​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​ មក​ចូល​នៅ​ក្នុងផ្ទះ​នោះ ក្រោយមកមនុស្សនោះរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ មនុស្សនៅ​ជំនាន់​នេះ​អាក្រក់ណាស់»។ 46 ខណៈពេលព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​នៅ​ឡើយ ​មាតា និង​បង​ប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​រកនិយាយ​ជា​មួយ​ព្រះអង្គ។ 47 មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «មើល៍! ម្ដាយ​លោក និង​បង​ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ 48 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ ហើយនរណា​ជា​បង​ប្អូន​ខ្ញុំ?»។ 49 ព្រះអង្គ​លើក​ព្រះហស្ថ​​ចង្អុលទៅ​ពួក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ថា៖ «មើល! អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ 50 ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថាន​បរមសុខ អ្នក​នោះ​ហើយគឺ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។


ជំពូក 13

1 នៅ​ថ្ងៃ​នោះ ព្រះយេស៊ូ​បានចាក​ចេញ​ពី​ផ្ទះ ហើយយាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។ 2 មាន​មហាជន​ជាច្រើន​កុះករ មក​ចោមរោម​ព្រះអង្គ ដូច្នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដាជន​ឈរ​នៅ​មាត់​ច្រាំង។ 3 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើប្រស្នា​។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល! មានកសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ 4 ពេល​គាត់​ព្រោះគ្រាប់ពូជ នោះមាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វស្លាប​មក​ចឹក​ស៊ី​អស់​ទៅ។ 5 ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី ភ្លាមនោះគ្រាប់​ពូជ​ក៏​ដុះ​ឡើងលើ​ដី​មិន​ជ្រៅ។ 6 ប៉ុន្តែ លុះ​ដល់​ថ្ងៃរះ​ឡើង វាក៏ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​វាមិនមានឫស​។ 7 គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ពេលបន្លានោះ​​ដុះ​ឡើង ក៏បាំង​គ្រប់ពូជនោះ​មិន​ឲ្យ​ដុះ​បាន​ឡើយ។ 8 មានគ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ ហើយ​គ្រាប់ពូជមួយគ្រាប់ ឲ្យ​ផល​ជា​មួយ​រយ​គ្រាប់ មួយ​ជា​ហុកសិប និង​មួយ​ទៀត​ជា​សាមសិប។ 9 អ្នក​ដែល​មានត្រចៀក សូម​ស្តាប់យក​ទៅ​ពិចារណា​ចុះ»។ 10 ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​បណ្ដាជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?» 11 ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ ពីគម្រោងការដ៏លាក់កំបាំង​នៃ​ព្រះរាជ្យ​របស់​ស្ថាន​បរមសុខ ប៉ុន្តែ រីឯ​ពួកគេ​វិញ ព្រះអង្គ​ពុំបាន​ប្រទាន​ឲ្យគេ​យល់​ឡើយ។ 12 ដ្បិតអ្នក​ណា​ដែលមាន​ហើយ ​អ្នក​នោះ​នឹងបាន​បរិបូរណ៌​ថែម​ទៀត រីឯ​អ្នក​ដែល​គ្មានវិញ សូម្បីអ្វីដែលគេមាននឹងត្រូវដក​ហូត​ពីអ្នក​នោះ​ទៀត​ផង។ 13 នេះជាមូលហេតុ​ ដែល​ខ្ញុំ​និយាយ​ទៅពួក​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា ​ទោះ​បី​គេប្រឹង​មើល​ក៏មើល​ពុំ​ឃើញ ហើយទោះ​បី​គេ​ស្ដាប់​ក៏ស្តាប់​ពុំ​ឮ ហើយ​ក៏​មិន​យល់​ដែរ។ 14 ដើម្បី​ឲ្យ​បានសម្រេច​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី ​អេសាយ​ថ្លែង​ទុក​ពីគេ​ថា៖ «អ្នក​រាល់​គ្នា​ស្ដាប់​មែនតែ​មិនយល់​ទេ ហើយ​អ្នករាល់គ្នាមើលមែន តែ​មើលមិន​ឃើញ​ដែរ។ 15 ដ្បិត​ ចិត្តរបស់មនុស្សទាំងនេះ​រឹង​ណាស់ ហើយពួក​​គេ​ក៏​ពិបាកស្តាប់ដែរ គេ​ខំ​បិទ​ភ្នែក មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ​មិន​ឲ្យ​ចិត្តយល់ ដូច្នេះ គេ​នឹង​វិល​ត្រឡប់​​មក​វិញ​ម្តងទៀត ហើយ​យើងនឹង​ប្រោស​គេ​ឲ្យបាន​ជា​»។ 16 ប៉ុន្តែ ភ្នែករបស់អ្នកមានពរហើយ​ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​​ស្ដាប់​ឮ។ 17 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា មាន​ព្យាការី និង​មនុស្ស​សុចរិតជា​ច្រើន​មាន​បំណង​ចង់​ឃើញ​ការណ៍ ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ណាស់ តែគេ​មិន​បាន​ឃើញ​ទេ គេមានបំណង​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮណាស់ តែ​មិន​បាន​ឮ​ឡើយ។ 18 សុំ​ស្ដាប់​​ពីការបកស្រាយប្រស្នា​អំពី​អ្នក​ព្រោះ​គ្រាប់ពូជ។ 19 ពេលអ្នកណា​ដែល​បាន​ឮ​ព្រះបន្ទូល​អំពី​ព្រះរាជ្យ តែ​មិន​យល់នោះ ព្រោះមារ​កំណាច​មក​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះចេញ​ទៅ នេះគឺជា​គ្រាប់​ពូជ​ធ្លាក់នៅ​តាម​ផ្លូវ ។ 20 រីឯ​គ្រាប់​ពូជដែលធ្លាក់​លើ​ដី​មាន​ថ្ម គឺ​​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ 21 តែគេ​ពុំ​បានឲ្យ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ ហើយគេ​ជាប់​ចិត្ត​តែ​មួយភ្លែត​ប៉ុណ្ណោះ ដល់​ពេលមាន​ទុក្ខ​លំបាកកើតឡើង ឬ​មាន​គេ​បៀតបៀនដោយសារតែ​ព្រះបន្ទូល គេក៏​​បោះ​បង់អ្វីដែលគេ​ជឿនោះភ្លាម។ 22 ​គ្រាប់​ពូជ​ដែលធ្លាក់លើ​ដី​មាន​បន្លា គឺ​អ្នក​ដែល​​ឮ​ព្រះបន្ទូលហើយ ប៉ុន្តែមានការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ និងការបោកបញ្ជោតនៃទ្រព្យ​សម្បត្តិ គឺនាំឲ្យព្រះបន្ទូល​មិនបង្កើត​ផលក្នុងគេ​ឡើយ។ 23 រីឯ​​គ្រាប់​ពូជដែលធ្លាក់លើ​ដី​មាន​ជីជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ​យល់ គេ​​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ មួយ​ជា​ហុកសិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាមសិប។ 24 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​​ទៅ​គេទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខប្រៀបដូច​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ 25 ប៉ុន្តែ ពេល​មនុស្ស​ដេក​លក់​អស់ទៅ ហើយសត្រូវ​របស់​គាត់បាន​មក​ ថែមទាំង​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ក៏ចេញ​បាត់​ទៅ។ 26 ពេល​ស្រូវ​ដុះ​ឡើងហើយ​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើងមកជាមួយ​ដែរ។ 27 ពួក​អ្នក​បម្រើបានចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា៖ «លោក​ម្ចាស់! តើលោកមិន​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែរបស់លោកទេឬអី?​ ចុះ​ស្រងែ​នេះ​មកបានដោយរបៀបណាទៅ?» 28 ម្ចាស់​តប​វិញ​ថា៖​ «​មានមារ​សត្រូវ​មក​ព្រោះ​ស្រងែ»។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ចង់​ឲ្យ​យើង​​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬទេ?» 29 ម្ចាស់​ស្រែតបថា៖ «កុំ​អី! ពីព្រោះបើ​អ្នក​រាល់​គ្នា​ដកស្រងែ ក្រែង​លោ​ដោយ​ស្រូវ​ទៅ​ជា​មួយ​ដែរ 30 ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ លុះដល់ពេល​ចម្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​​មុនដំបូងត្រូវ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​មកដាក់ក្នុង​ជង្រុក​របស់ខ្ញុំ»។ 31 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅពួក​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​​ដូច​ជា​គ្រាប់​ពូជ​តូច​ល្អិតម្យ៉ាង ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​នៅក្នុងស្រែ​របស់​ខ្លួន។ 32 គ្រាប់​ពូជ​នោះ​គឺពិតជា​គ្រាប់​ពូជដែលតូច​ជាង​គេទាំងអស់​ ប៉ុន្តែពេល​វាដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺវា​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សាបក្សីដែលហោះនៅលើើអាកាស​ មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ 33 ព្រះយេស៊ូមាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅគេថា៖ «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូតដល់ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើងទាំងអស់»។ 34 គ្រប់សេចក្តីដែលព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​គឺជា​ពាក្យ​ប្រស្នា​ទាំង​អស់ ​ព្រះអង្គ​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នានោះ​ឡើយ។ 35 ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក​តាម​រយៈ​ពួក​ព្យាការី​មកថា៖ យើង​នឹង​និយាយ​​ជា​ពាក្យ​ប្រស្នាទៅ​គេ យើង​នឹង​និយាយ​ការ​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង»​។ 36 បន្ទាប់មក ព្រះយេស៊ូ​យាង​ចេញ​ពី​មហាជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្សរបស់ព្រះអង្គ​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គទាំង​ទូល​ថា៖ «សូម​លោកគ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យយើង​ខ្ញុំ​បាន​យល់​ផង»។ 37 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រ​មនុស្ស។ 38 ស្រែគឺ​ពិភព​លោកនេះ ហើយគ្រាប់​ពូជ​ល្អ គឺ​កូន​នៃ​ព្រះរាជ្យរបស់ព្រះអង្គ ​ស្រងែ​គឺ​កូន​ចៅ​របស់​មារ​កំណាច 39 ហើយសត្រូវ​ដែល​ព្រោះ​ស្រងែគឺ​មារ។ រដូវ​ចម្រូត គឺជា​អវសានកាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត គឺជា​ទេវតា។ 40 ដូច្នេះកាល​ស្រងែត្រូវគេ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ 41 បុត្រ​មនុស្ស​នឹង​ចាត់​បញ្ជូនទេវតា​របស់​លោក​ឲ្យ​មក ហើយទេវតា​ទាំង​នោះ​នឹង​ប្រមូល​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​​អ្នក​ដែល​​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះរាជ្យរបស់ព្រះអង្គ។ 42 ទេវតានឹងបោះ​អ្នកទាំងនោះទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ជាកន្លែងមាន​តែ​សំរែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ 43 រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​មានរស្មី​ភ្លឺឡើង​ដូច​ព្រះអាទិត្យ ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់​គេ។ អ្នក​ណា​មានត្រចៀក សូមស្តាប់ហើយ​យក​ទៅ​ពិចារណា​ចុះ! 44 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​ប្រៀប​​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុងរវាល​ស្រែ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយក៏​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ហើយក៏​ចេញ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មកទិញ​ដី​ស្រែ​នោះ។ 45 ខ្ញុំសូមប្រាប់អ្្នកម្តងទៀតថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ត្បូងគុជដ៏មានតម្លៃ។ 46 កាល​គាត់បាន​ឃើញ​ត្បូងគុជមួយដ៏មានតម្លៃហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​យក​ប្រាក់​មក​ទិញ​ត្បូងគុជ​នោះ។ 47 ខ្ញុំសូមប្រាប់អ្នកម្តងទៀតថា ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បី​ដូច​ជា​អួន​​ដែល​គេ​បោះទម្លាក់នៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ។ 48 ពេលបាន​ជាប់​​ត្រី​ពេញ​ហើយ អ្នកនេសាទ​អូស​អួន​នោះ​ឡើង​មក​លើ​ឆ្នេរ រួច​ហើយអង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ ប៉ុន្តែចំណែក​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ 49 នៅ​គ្រាអវសានកាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវតានឹងមក​ញែក​មនុស្ស​ទុច្ចរិត ចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ 50 មនុស្ស​ទុច្ចរិតនឹងត្រូវបោះទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ ជាកន្លែងដែលមាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ 51 តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ? ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យល់ហើយ!» 52 បន្ទាប់មក ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅពួក​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អាចារ្យ​ដែល​​ទទួល​ការ​បង្រៀនពី​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យចាស់​ និងទ្រព្យ​ថ្មីទាំងអស់​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។ 53 បន្ទាប់ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូលពីរឿង​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញ​ពី​ទី​នោះទៅ។ 54 បន្ទាប់មក ព្រះយេស៊ូត្រឡប់​ទៅ​ស្រុក​របស់​ព្រះអង្គ​វិញ ហើយព្រះអង្គ​បង្រៀន​អ្នក​ស្រុក​ទាំងនោះនៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ដោយធ្វើ​ឲ្យ​គេ​ងឿងឆ្ងល់​ ហើយគេបាន​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធានុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណាមក? 55 តើអ្នក​នេះ​មិនមែនជា​កូន​របស់​ជាង​ឈើទេឬ? តើ​ម្ដាយ​របស់​គាត់​ពុំមែនមានឈ្នោះថានាង​ម៉ារីទេឬ? ហើយតើយបង​ប្អូន​គាត់ពុំមែនមាន​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាសទេ​ឬ? 56 តើប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មានមិនមែន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរទេឬ? តើគាត់​ដឹង​សេចក្ដីទាំង​នេះ​ពី​ណា​មក?» 57 ពួកគេបែចិត្តចេញពីព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ជាធម្មតា ​ព្យាការីមនុស្ស​តែងតែ​មិនទទួលស្គាល់នៅក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះខ្លួន»។ 58 ទ្រង់មិនអាច​ធ្វើ​ការ​អស្ចារ្យ​នៅ​ទី​នោះ​ឡើយ ព្រោះ​គេ​មិនមាន​ជំនឿ។


ជំពូក 14

1 នៅ​គ្រា​នោះ ​ហេរ៉ូដ ជា​ស្តេច​អនុរាជ​បាន​ជ្រាប​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ។ 2 ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​អ្នកបម្រើ​ថា៖ «នេះជាលោកយ៉ូហានបាទីស្ត ដែល​បាន​រស់​ឡើង​វិញ។​ ដូច្នេះ ​គាត់​មាន​ឫទ្ធានុភាពសម្តែង​ការ​អស្ចារ្យ​នៅក្នុងគាត់»។ 3 ដ្បិត ព្រះបាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហានយកទៅ​ដាក់​ច្រវាក់ ហើយ​ឃុំឃាំងគាត់នៅក្នុងគុកហើយ ពីព្រោះដោយ​សារតែទ្រង់​ជឿ​តាម​ពាក្យ​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ។ 4 ដ្បិត​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា៖ «ខុសនឹងច្បាប់ហើយ បើព្រះករុណា​​យក​ព្រះនាង​មក​ធ្វើ​ជា​មហេសី​»។ 5 ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ទ្រង់​ខ្លាច​បណ្ដាជន ព្រោះ​ពួក​គេ​​ទុក​លោក​ជា​ព្យាការីមួយ​រូប។ 6 ប៉ុន្តែ នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ បុត្រី​របស់​ព្រះនាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ហើយធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដពេញ​ចិត្ត​​ខ្លាំងណាស់។ 7 រហូត​ធ្វើឲ្យស្តេចស្បថស្បែ​ទាំងសន្យា​ឲ្យ​នាង នូវអ្វីៗដែលនាង​ចង់​បាន។ 8 ក្រោយពីបានទទួល​ពាក្យ​បង្គាប់​របស់​មាតា​របស់ព្រះនាង នាង​ទូល​ទៅ​ស្ដេច​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​របស់លោកយ៉ូហានបាទីស្ដ ដាក់​លើ​ថាស​មកឲ្យ​ខ្ញុំ​ម្ចាស់មក»។ 9 ព្រះរាជាទ្រង់​ព្រួយ​ព្រះហឫទ័យ​យ៉ាងខ្លាំង ដោយព្រោះសំណើរនេះ ប៉ុន្តែដោយព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់ ​ជ្រុល​ហួស​ទៅ​ហើយ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាងទៅ។ 10 ទ្រង់​ចាត់​គេឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាននៅក្នុងគុក។ 11 ហើយយក​ក្បាល​មកដាក់​លើ​ថាស​រួច​ប្រគល់​ឲ្យ​នាង ហើយ​នាងក៏​យក​ទៅ​ថ្វាយ​មាតារបស់ខ្លួន។ 12 ក្រោយមកពួក​សិស្ស​របស់​លោក​យ៉ូហាន បានមក​យក​សព​លោក​ទៅ​បញ្ចុះ។ បន្ទាប់មកពួកគេ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះយេស៊ូ។ 13 ពេល​ព្រះយេស៊ូ​បាន​ជ្រាប​ដំណឹង​នេះហើយ ទ្រង់​ក៏​យាង​ចុះ​ទូក ចាក​ចេញពីទីនោះ ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​គេ។ ពេលមហាជន​បាន​ដឹងថា ព្រះអង្គចាកចេញ គេ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។ 14 លុះ​ព្រះយេស៊ូ​យាង​ឡើង​ពី​ទូកមក ព្រះអង្គ​ឃើញ​មហាជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្កក៏​មាន​ព្រះហឫទ័យ​អាណិតអាសូរ​ដល់គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជាសះស្បើយ។ 15 លុះដល់ពេលល្ងាច សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គហើយ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់ឲ្យ​បណ្ដាជន​ទាំង​នេះ​​ត្រឡប់​ទៅ​វិញចុះ ហើយរក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិនានារៀងៗខ្លួនទៅ»។ 16 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេថា៖ «មិន​បាច់ឲ្យពួក​គេ​វិលត្រឡប់​ទៅ​វិញ​ទេ ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យគេ​បរិភោគ​ទៅ»។ 17 ពួកសិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​មានតែនំបុ័ង​​ប្រាំ​ដុំ និង​ត្រីងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។ 18 ព្រះយេស៊ូមាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យខ្ញុំ»។ 19 បន្ទាប់​មក ព្រះយេស៊ូ​ប្រាប់​បណ្ដាជន​អោយ​អង្គុយ​លើ​ស្មៅ ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក ទ្រង់​ងើប​ព្រះភក្ត្រ​មើលទៅឋានសួគ៌ ទាំងសរសើរ​តម្កើង​ព្រះជាម្ចាស់​ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​បរិភោគ។ 20 អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់គ្នា ហើយ​ពួក​សិស្ស​ក៏ប្រមូល​នំបុ័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់ពីរ​ល្អី។ 21 ​អ្នក​ដែល​បាន​បរិភោគ​នំបុ័ងនោះ មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​​ទេ។ 22 រំពេច​នោះ ព្រះយេស៊ូ​បញ្ជា​ឲ្យពួក​សិស្សចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ ខណៈពេលដែល​ព្រះអង្គ​បាន​ប្រាប់​មហាជន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ​ដែរ។ 23 បន្ទាប់ពីទ្រង់​បានឲ្យ​មហាជន​ចេញ​ផុត​អស់​ហើយ ព្រះអង្គ​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេលយប់ ទ្រង់​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះអង្គ​ឯង។ 24 ពេល​នោះ ទូក​បានចេញ​ឆ្ងាយ​ពី​ច្រាំងទៅ​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​តែទៅបញ្ច្រាស​ខ្យល់។ 25 ដល់​ម៉ោងបួន​ទាបភ្លឺ ព្រះយេស៊ូ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​គេ។ 26 ពេល​ពួកសិស្សបាន​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ ពួកគេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា៖ «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ 27 ប៉ុន្តែ​រំពេច​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង នេះគឺខ្ញុំ​ទេ​តើ! កុំ​ខ្លាច​អី!» 28 លោក​ពេត្រុស​ទូល​តបថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ 29 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ហើយដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូ។ 30 ប៉ុន្តែ ពេល​ពេត្រុស​ឃើញ​ខ្យល់​បក់បោក ​លោកក៏​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ 31 ព្រះយេស៊ូ​ក៏​លូក​ព្រះហស្ថ​របស់ព្រះអង្គទាញ​លោកពេត្រុសឡើង​ភ្លាម ទាំង​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វីបានជាអ្នកមានចិត្តសង្ស័យដូច្នេះ?។ 32 បន្ទាប់​មក ព្រះយេស៊ូ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់ទៅ។ 33 សិស្សនៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះយេស៊ូ ទាំង​ពោល​ថា៖ «ព្រះអង្គពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន»។ 34 ពេលពួកគេ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ពួកគេទៅ​ស្រុក​គេនេសារ៉ែត។ 35 នៅពេលអ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម គេ​យក​ដំណឹង​ទៅ​ផ្សព្វផ្សាយ​ពាសពេញ​តំបន់ជិតនោះ​ទាំង​មូល ហើយគេ​នាំ​អ្នក​ជំងឺ​មក​រក​ព្រះអង្គ 36 ពួកគេអង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ ហើយអស់​អ្នក​ដែល​បាន​ពាល់ បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។


ជំពូក 15

1 មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួកអាចារ្យមក​ពី​ក្រុង​យេរូសាឡឹម ចូល​មក​គាល់​ព្រះយេស៊ូ​ ពួកគេ​ទូល​ថា៖ 2 «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោកមិន​គោរព​តាម​ទំនៀមទម្លាប់​របស់​ចាស់​បុរាណដូច្នេះ? ដ្បិតពួកគេ​មិនបាន​លាង​ដៃ​មុន​ ពេលគេ​បរិភោគ​អាហារ»។ 3 ព្រះអង្គ​មាន​ព្រះបន្ទូលឆ្លើយ​តប​ទៅ​គេ​វិញ​ថា៖ «ចុះហេតុ​ដូច​ម្តេចបាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះជាម្ចាស់ ដោយទៅ​កាន់​តាម​ទំនៀមទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ»? 4 ព្រោះព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ ចូរ​គោរព​មាតាបិតា​របស់​អ្នក ហើយអ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតាបិតា​របស់​ខ្លួន នឹង​ត្រូវស្លាប់ជាមិនខាន។ 5 ប៉ុន្តែ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថា៖ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ឪពុក​អ្នក​ម្ដាយ​ត្រូវ​ទទួលពីខ្ញុំនោះ ខ្ញុំ​បាន​ទុកសម្រាប់​ថ្វាយ​ព្រះជាម្ចាស់​ទេ 6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​​ទេ។ ត្រង់នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​មិនគោរព​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ បែរទៅ​ប្រព្រឹត្ត​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​វិញ។ 7 មនុស្ស​មាន​ពុត​អើយ! ពាក្យ​ដែល​ព្យាការី​អេសាយ​បានថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នាត្រូវ​ណាស់ 8 គឺថា៖ «ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ប៉ុណ្ណោះ តែ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើងណាស់។ 9 គេ​ថ្វាយបង្គំ​យើង​ដោយឥត​​ការ​អ្វី​សោះ ពីព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស​តែប៉ុណ្ណោះ»។ 10 បន្ទាប់​មក ព្រះអង្គ​​ហៅ​បណ្ដាជនឲ្យមក ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ប្រាប់​គេ​ថា៖ «ចូរ​ស្ដាប់ ហើយឲ្យយល់​ផង។ 11 គ្មានអ្វីមួយ​ដែល​ចូល​តាម​មាត់​មនុស្ស ហើយ​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្វី​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធវិញ»។ 12 បន្ទាប់មក ពួកសិស្សនាំ​គ្នា​ចូល​មក ហើយទូលព្រះអង្គ​​ថា៖ «តើ​លោកគ្រូ​ជ្រាបទេថា ពួក​ខាង​គណៈ​ផារីស៊ី​ទាស់​ចិត្តខ្លាំង​ណាស់ ពេលគេឮ​លោកគ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ 13 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «គ្រប់​រុក្ខជាតិទាំងឡាយ​​ណា ដែលព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​មិន​បាន​ដាំទេ ទ្រង់នឹង​ដកវាចោល។ 14 កុំ​ខ្វល់ពីគេឡើយ ​ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ទេ។ បើ​មនុស្ស​ខ្វាក់ដឹកដៃមនុស្សខ្វាក់ គេទាំងពីរ​មុខ​ជា​ធ្លាក់​រណ្ដៅ​​មិន​ខាន»។ 15 លោក​ពេត្រុស​ទូល​ព្រះយេស៊ូ​ថា៖ «សូម​លោកគ្រូជួយបកស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​​យល់​ផង»។ 16 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើអ្នក​រាល់​គ្នា​នៅ​តែ​គ្មានការយល់ដឺង​ដូច​គេ​ដែរ​ឬ? 17 តើអ្នក​រាល់​គ្នាមិនយល់ទេឬអី ថាអ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​កន្លែង​បន្ទោរ​បង់? 18 ប៉ុន្តែ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​កើត​ចេញ​ពី​ចិត្ត​មក។ សេចក្ដីទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ។ 19 ដ្បិត​សេចក្តីដែលចេញពីចិត្តមក គឺជាគំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម​គុណ​ថោក​ទាប ការ​លួច​ប្លន់ សាក្សីក្លែងក្លាយ និងពាក្យ​ត្មះតិះដៀល។ 20 សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យមនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនោះ។ ចំណែកឯ​ការ​បរិភោគ​ដោយ​មិន​បាន​​លាង​ដៃ​នោះ មិន​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធនោះ​ឡើយ»។ 21 បន្ទាប់​មក ព្រះយេស៊ូ​យាង​​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ 22 មើល! មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់នៅ​ស្រុក​នោះ។ នាង​ចូល​មក​គាល់​ព្រះអង្គ ហើយទូលព្រះអង្គ​ថា៖ «សូម​អាណិត​មេត្តា​ដល់នាងខ្ញុំ​ផង ឱ​ព្រះអម្ចាស់​ ជា​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ! កូន​ស្រី​របស់នាងខ្ញុំ​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។ 23 ប៉ុន្តែ ព្រះយេស៊ូ​ពុំ​បាន​ឆ្លើយ​តបទៅ​នាងសោះ​ឡើយ។ ពួក​សិស្សរបស់ព្រះអង្គ​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយអង្វរ​ទូល​ថា៖ «សូម​លោកគ្រូ​ដេញនាងចេញទៅ! ដ្បិត​នាង​ចេះ​តែ​ស្រែក​អង្វរតាម​ពី​ក្រោយ​យើងដូច្នេះ»។ 24 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ព្រះជាម្ចាស់​មិនបាន​ចាត់ឲ្យ​ខ្ញុំ​មក​រកអ្នកផ្សេង ក្រៅពី​ជន​ជាតិ​អ៊ីស្រាអែល​ដែល​វង្វេង​នោះទេ»។ 25 ប៉ុន្តែ ស្ត្រី​នោះ​បានចូល​មក​ចំពោះ​ព្រះអង្គ​ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​អើយ សូម​ជួយ​នាងខ្ញុំ​​ផង!» 26 ព្រះអង្គមាន​ព្រះបន្ទូល​តប​ថា៖ «មិន​គួរ​យកនំប័ុង​កូន​របស់ខ្លួន ​បោះ​ទៅ​ឲ្យកូន​ឆ្កែ​ស៊ី​ឡើយ»។ 27 នាង​ទូល​ព្រះអង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះអម្ចាស់អើយ! ប៉ុន្តែ កូន​ឆ្កែ​វាគ្រាន់តែស៊ី​កំទេច​អាហារ​ ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ 28 រួចព្រះយេស៊ូ​ក៏​មាន​ព្រះបន្ទូលតប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំមួន​ណាស់ សូម​ឲ្យបាន​សម្រេច​ដូចដែល​ចិត្ត​នាង​ប្រាថ្នា​ចុះ!» ពេលនោះ កូន​ស្រី​របស់​នាង​ក៏បានជាសះស្បើយ។ 29 ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ជិតឆ្នេរ​សមុទ្រ​កាលីឡេ។ បន្ទាប់​មក ទ្រង់ក៏យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​ព្រះអង្គ​គង់​ចុះនៅទីនោះ។ 30 មាន​មហាជន​ច្រើន​កុះករ​នាំ​គ្នា​ចូល​មក​រក​ព្រះអង្គ ពួកគេ​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​គ​ថ្លង់​ មនុស្ស​ពិការ​ជើង និង​អ្នក​មាន​ជំងឺ​​ផ្សេងទៀតមក​ជា​មួយដែរ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះបាទារបស់​ព្រះយេស៊ូ ហើយ​ព្រះអង្គក៏​ប្រោស​ពួគេ​ឲ្យ​បាន​ជា​គ្រប់គ្នា។ 31 មហាជន​នាំ​គ្នា​កោត​ស្ញប់ស្ញែង​ក្រៃលែង ពេលឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ ពួកគេ​លើក​តម្កើង​​ព្រះជាម្ចាស់នៃ​ជន​ជាតិ​អ៊ីស្រាអែល។ 32 ព្រះយេស៊ូ​​ហៅ​ពួក​សិស្ស​មកឯ​ទ្រង់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​អាណិត​​បណ្ដាជន​នេះ​ខ្លាំង​ណាស់ ព្រោះពួកគេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យគេ​ត្រឡប់​ទៅ​វិញ​ ទាំងអត់មានអីបរិភោគនោះ​ឡើយ ក្រែងលោក​គេ​អស់​កម្លាំង​ដួល​នៅតាម​ផ្លូវ»។ 33 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ទៅរកម្ហូប​អាហារ​ឯ​ណាមក ​ឲ្យ​បណ្ដាជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់?» 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?» ពួក​គេ​ទូល​ថា៖ «មាន​ប្រាំពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ទៀតដែរ»។ 35 បន្ទាប់មក ព្រះយេស៊ូ​ក៏​ប្រាប់​បណ្ដាជន​ឲ្យ​អង្គុយ​ផ្ទាល់​នៅលើដី។ 36 ទ្រង់​យក​នំបុ័ង​ទាំង​ប្រាំពីរ​ដុំ និង​ត្រី​មក​កាន់ ហើយបន្ទាប់ពីអរ​ព្រះគុណ​ព្រះជាម្ចាស់ហើយ ទ្រង់ក៏​កាច់​ហើយប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែកឲ្យ​បណ្ដាជន។ 37 បណ្តាលជនទាំងនោះគេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយពួកសិស្ស​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំពីរ​ល្អី។ 38 មនុស្ស​ដែល​បាន​បរិភោគនោះ​មាន​ចំនួន​បួនពាន់​នាក់ មិន​គិត​ស្រីៗ និង​ក្មេងៗ​​ទេ។ 39 បន្ទាប់​មក ព្រះយេស៊ូ​ប្រាប់​មហាជន​ឲ្យវិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួចហើយ​ទ្រង់​យាង​ចុះ​ទូក ឆ្ពោះ​ទៅ​តំបន់​ម៉ាកាដាន។


ជំពូក 16

1 ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី នាំ​គ្នា​ចូល​មក​គាល់ព្រះអង្គ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះអង្គ ដោយសុំឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់ពីលើមេឃមក។ 2 ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «នៅ​ពេល​ថ្ងៃល្ងាច«​អ្នក​រាល់​គ្នានិយាយថា «​អាកាសធាតុល្អ ព្រោះ​ផ្ទៃ​មេឃ​ពណ៌​ក្រហម​»។ 3 នៅ​ពេល​ព្រឹក​ ​អ្នក​រាល់​គ្នានិយាយថា៖ «​ថ្ងៃ​នេះនឹងមាន​ភ្លៀង​ហើយ ព្រោះផ្ទៃ​មេឃក្រហមស្រទំ»។ អ្នក​រាល់​គ្នា​យល់​ហេតុការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់នា​សម័យ​នេះ​សោះ! 4 មនុស្ស​ជំនាន់​នេះ​អាក្រក់​ ហើយ​ផិតក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែនឹងមិន​​ទី​សម្គាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សម្គាល់​របស់​លោក​យ៉ូណាស​ឡើយ។ បន្ទាប់​មក ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​គេ​ទៅ។ 5 ពេល​ពួក​សិស្សឆ្លង​ទៅដល់​ត្រើយ​ម្ខាងហើយ ​ពួកគេភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ។ 6 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នាត្រូវ​ប្រយ័ត្ន​នឹង​ដំបែររបស់​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី»។ 7 ពួក​សិស្ស​ជជែក​គ្នា​គេ​ថា៖ «មកពីយើង​មិន​បាន​យក​នំបុ័ង​មក​ជាមួយ»។ 8 ព្រះយេស៊ូ​ជ្រាបពី​គំនិត​របស់​គេ ក៏​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? 9 តើអ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់ និងមិនចាំទេ​ឬអី ​នំបុ័ង​ត្រឹមតែ​ប្រាំដុំអាចចម្អែត​​មនុស្ស​ប្រាំពាន់​នាក់ ហើយអ្នករាល់គ្នា​ប្រមូលនៅសល់​បាន​ប៉ុន្មាន​ល្អី? 10 ឬ​​នំបុ័ង​ប្រាំពីរ​ដុំ ចម្អែត​មនុស្ស​បួនពាន់​នាក់ ហើយអ្នក​រាល់​គ្នា​ប្រមូលនៅសល់​បាន​ប៉ុន្មាន​ល្អី? 11 ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នានៅតែ​មិន​យល់ថា ខ្ញុំ​មិនបាននិយាយទៅអ្នករាល់គ្នាអំពី​នំបុ័ង​ទេនោះទេ? គឺ​ចង់ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹងដំបែរ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ឯណោះទេ។ 12 ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ ដែល​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។ 13 កាល​ព្រះយេស៊ូ​យាង​មក​ដល់ជិត​ស្រុក​សេសារាភីលីព ព្រះអង្គមាន​ព្រះបន្ទូល​សួរ​ពួក​សិស្សរបស់ព្រះអង្គ​ថា៖ «តើមនុស្ស​​ថា​បុត្រ​មនុស្ស​ជា​នរណា?» 14 ពួកគេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហានបាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី​អេលីយ៉ា ហើយអ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ 15 ព្រះអង្គ​និយាយទៅគេ​ថា៖ «ប៉ុន្តែ ចុះ​អ្នក​រាល់​គ្នា​វិញ តើ​​ថាខ្ញុំ​ជា​នរណា​ដែរ?» 16 លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ»។ 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «មានពរ ហើយ ស៊ីម៉ូនកូន​លោក​យ៉ូណាស​អើយ! មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ ប៉ុន្តែ​ព្រះបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរមសុខ​ បានសម្តែង​ឲ្យ​អ្នក​ដឹង។ 18 ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុមជំនុំ​របស់​ខ្ញុំ ទ្វារមច្ចុរាជ​ពុំ​មាន​អំណាច​លើ​ក្រុមជំនុំ​នេះ​បាន​ឡើយ។ 19 ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី​ ព្រះជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរមសុខដែរ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយនៅ​លើ​ផែនដីនេះ ព្រះជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរមសុខ​ដែរ»។ 20 បន្ទាប់​មក ព្រះយេស៊ូ​ហាម​ពួក​សិស្ស ​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះគ្រិស្ដឡើយ។ 21 តាំង​ពី​ពេល​នោះ​មក ព្រះយេស៊ូ​​ចាប់​ផ្ដើម​ប្រាប់ឲ្យ​ពួក​សិស្សរបស់ព្រះអង្គ​ដឹង​ថា ព្រះអង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូសាឡឹម។ ពួក​ព្រឹទ្ធាចារ្យ ពួក​នាយក​បូជាចារ្យនឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះអង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះអង្គ​ទៀត​ផង ​តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ 22 បន្ទាប់មកលោក​ពេត្រុស ​នាំ​ព្រះអង្គទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះអម្ចាស់​អើយ! សូមកុំ​ឲ្យហេតុ​ការណ៍​នេះ កើត​មាន​ដល់​ព្រះអង្គ​ឡើយ»។ 23 ព្រះយេស៊ូ ​បែរ​មក​មាន​ព្រះបន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «នែ៎ មារ​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ ព្រោះគំនិត​របស់អ្នក​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធសាធ»។ 24 បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់ព្រះអង្គថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ អ្នកនោះត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ 25 បើ​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិតព្រោះ​តែ​ខ្ញុំ ​អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ 26 តើនឹង​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិតវិញនោះ​? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? 27 ​ដ្បិតបុត្រ​មនុស្សយាងមក ​ប្រកប​ដោយ​សិរីរុងរឿង​ព្រះបិតា​របស់​ព្រះអង្គ ​ហើយមកជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គដែរ។ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 28 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា អ្នក​ខ្លះ​ដែលឈរ​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ រហូតទាល់តែ​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះរាជ្យ»។


ជំពូក 17

1 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូ​នាំ​ពេត្រុស យ៉ាកុប និង​​យ៉ូហាន​ជា​ប្អូនទៅជាមួយ ហើយទ្រង់នាំគេឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។ 2 ព្រះអង្គ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​​នៅ​មុខ​ពួកសិស្ស គឺ​ព្រះភក្ត្រ​របស់​ព្រះអង្គ​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺព្រះអាទិត្យ ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ 3 ​លោក​ម៉ូសេ និង​ព្យាការីអេលីយ៉ា​បានលេចមកសន្ទនា​ជា​មួយ​ព្រះអង្គ។ 4 ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! ជាការ​ប្រសើរ​ណាស់ដែលយើង​ខ្ញុំ​បាន​នៅ​ទី​នេះ។ បើ​សិនព្រះអង្គ​សព្វ​ព្រះហឫទ័យ ទូលបង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះអង្គ មួយ​សម្រាប់លោក​​ម៉ូសេ និង​មួយ​ទៀត​សម្រាប់លោក​អេលីយ៉ា។ 5 កាល​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ព្រះហឫទ័យ​នឹង​ព្រះអង្គ​ណាស់ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ!» 6 ពេលដែលពួក​សិស្ស​ឮ​ដូច្នោះ ពួកគេ​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ខ្លាំងណាស់។ 7 បន្ទាប់មកព្រះយេស៊ូ​យាង​មក ហើយដាក់​ព្រះហស្ដ​លើ​គេ ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!» 8 កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ 9 ពេល​ទ្រង់យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយពូក​សិស្សវិញ ព្រះយេស៊ូ​ហាមប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឡើយ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស មាន​ជីវិត​រស់​ឡើង​វិញ»។ 10 ពួក​សិស្សរបស់ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​តែងតែ​និយាយ​ថា ព្យាការី​អេលីយ៉ា​ត្រូវ​អញ្ជើញ​មក​មុនដូច្នោះ?» 11 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោកអេលីយ៉ា​អញ្ជើញ​មក​មែន ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ 12 ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ​លោកអេលីយ៉ា​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ស្គាល់​លោក​ទេ។ មិន​តែ​ប៉ុណ្ណោះ​ គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ត​របស់​គេ​ទៀត។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។ 13 ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​មកកាន់ពូកគេអំពី​លោក​យ៉ូហានបាទីស្ដ។ 14 កាល​ទ្រង់ និងពូក​សិស្ស មក​ដល់​កន្លែង​ដែល​បណ្ដាជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ គាត់​លុត​ជង្គង់​ចុះ ទូល​ថា៖ 15 «លោក​ម្ចាស់​អើយ! សូម​​អាណិត​មេត្តា​ដល់កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង គ្នាមានជំងឺ​ឆ្កួត​ជ្រូក បណ្ដាលឲ្យ​​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ ពេលខ្លះ​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។ 16 ខ្ញុំ​ប្របាទ​បាន​នាំ​កូនប្រុសខ្ញុំ​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​កូនប្រុសខ្ញុំឲ្យ​ជា​បាន​ទេ»។ 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «នែ៎​ ពួក​មនុស្សដែល​មិន​ព្រម​ជឿ​ ហើយមានចិត្តវៀចវេរអើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? តើត្រូវឲ្យខ្ញុំទ្រាំងនឹងអ្នករាល់គ្នាដល់កាលណា? ​ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 18 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​អារក្ស រួចអារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។ 19 បន្ទាប់មក ពួក​សិស្សនាំគ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ដាច់​ឡែក​ពី​គេ ​ហើយទូល​សួរថា៖ «ហេតុ​អ្វី​បាន​ជាពួក​យើង​​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?» 20 ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​​ដ៏​ល្អិត អ្នក​រាល់​គ្នា​អាចបញ្ជា​ទៅ​ភ្នំ​នោះ​ថា៖ «ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!«ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​ជាមិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ 21 គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន និង​តម​អាហារ។ 22 កាល​ពួក​គេនៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកសិស្សរបស់ព្រះអង្គ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ 23 ហើយគេ​នឹង​សម្លាប់​ព្រះអង្គ តែនៅ​ថ្ងៃ​ទី​បី​ព្រះអង្គនឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស​ព្រួយ​ចិត្ត​ជា​ខ្លាំង។ 24 ពេល​ព្រះអង្គ និងពូកសិស្សយាង​មក​ដល់​ក្រុង​កាពើណិម មានបុរសម្នាក់ជាអ្នក​យក​ពន្ធ​សម្រាប់​ព្រះវិហារ​ នាំ​គ្នា​ចូល​មក​រក​លោក​ពេត្រុស​ហើយ​សួរ​ថា៖ «តើលោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សំរាប់​ព្រះវិហារ​ឬ​ទេ?» 25 លោក​តប​វិញ​ថា៖ «បាទ! លោក​បង!» កាល​​ពេត្រុស​ទៅ​ដល់​ផ្ទះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​មុន​ថា៖ «​ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​យកពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?» 26 ពេលលោកពេត្រុស​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ 27 ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ហូតពន្ធទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យអ្នក​ចុះ‍‍‍‍»។


ជំពូក 18

1 ពេល​នោះ ពួកសិស្សបាន​នាំ​គ្នា​ចូល​មក​គាល់​ព្រះយេស៊ូ​ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ?» 2 ព្រះយេស៊ូ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សិស្ស 3 ហើយ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិត ឲ្យ​​ដូចជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ​បាន​ឡើយ។ 4 ដូច្នេះបើអ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​គឺមាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ 5 អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​​ទទួល​ខ្ញុំ​ដែរ។ 6 ប៉ុន្តែអ្នក​ណា​ធ្វើឲ្យ​អ្នក​តូចតាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នកនោះគួរតែយក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​កខ្លួនឯង ហើយ​ទម្លាក់ខ្លួន​ទៅ​ក្នុង​បាត​សមុទ្រឲ្យ​លង់​ទឹកស្លាប់ទៅនោះប្រសើរ​ជាង​! 7 មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើននាំឲ្យ​គេ​ភ្លាត់ដូល។ ការ​ផ្សេងៗ ដែល​នាំ​ឲ្យគេ​​ភ្លាត់ដូល​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុតឡើយ ប៉ុន្តែត្រូវ​វេទនា​ហើយអ្នក​ណាដែល​ភ្លាត់ដូល​នោះ​! 8 ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួលនោះ ចូរ​កាត់​វា​បោះ​ចោល ឲ្យឆ្ងាយពីអ្នក​ទៅ បើ​អ្នក​​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាងតែរូច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច។ 9 ប្រសិន​បើ​ភ្នែក​របស់​អ្នក នាំ​អ្នក​ឲ្យ​ភ្លាត់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពីអ្នកទៅ បើ​អ្នក​​មាន​តែ​ភ្នែក​ម្ខាងតែរួច​ជីវិត នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។ 10 កុំ​មើលងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​នេះ​ឡើយ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ទេវតារបស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរមសុខ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះបិតា ដែល​គង់​នៅ​ស្ថាន​បរមសុខ​គ្រប់​ពេល​វេលា​ផង 11 ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់។ 12 តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណាដែរ? ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់ តើគាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀម ដែល​វង្វេងបាត់​នោះ​ទេឬអី? 13 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញហើយ គាត់​មុខ​តែ​ត្រេកអរ​សប្បាយ​ គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។ 14 ដូច្នោះ រីឯ​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ​​ ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ វិនាស​បាត់​បង់​ឡើយ។ 15 ប្រសិន​បើ​មាន​បង​ប្អូន​ណា​​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់នឹងអ្នក ចូរ​ទៅ​ជួប​អ្នក​នោះ ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ 16 តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​នោះទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បីបញ្ជាក់​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ 17 ហើយប្រសិន​បើ​គាត់ នៅតែ​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ក្រុមជំនុំឲ្យដឹង ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ​ចុះ។ 18 ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែនដី​នេះ ​នឹងត្រូវ​ចង​នៅ​ស្ថាន​បរមសុខដែរ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែនដី ​ក៏​នឹងត្រូវ​ស្រាយ​​នៅ​ស្ថាន​បរមសុខ​ដែរ។ 19 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តងទៀតថា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​នឹង​ប្រទាន​ឲ្យជា​មិន​ខាន 20 ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួបជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះខ្ញុំ​ក៏​ស្ថិត​នៅ​កណ្តាលចំណោម​គេ​ដែរ»។ 21 បន្ទាប់មក លោក​ពេត្រុស​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​អត់ទោសឲ្យបងប្អូន ដែល​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូលបង្គំ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំពីរ​ដង​ឬ?»។ 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​មិនត្រូវ​អត់ទោស​ឲ្យ​គេ​ត្រឹម​តែ​ប្រាំពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់ទោស​ឲ្យ​គេ​ចិតសិប​ដង​ប្រាំពីរ​ដង​។ 23 ហេតុ​នេះ ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខប្រៀប​បានទៅ​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។ 24 ពេលដែល​ព្រះរាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​មួយមឺុនណែន​មក។ 25 ប៉ុន្តែដោយ​អ្នក​នោះ​គ្មាន​ប្រាក់បង់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ 26 អ្នក​បម្រើនោះ​ក៏លុត​ជង្គង់​ក្រាប​ទៀប​ព្រះបាទា​ស្ដេច ទាំងទូលអង្វរ​ថា៖ «សូម​ទ្រង់​មេត្តា​អត់​ឱន ​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន»។ 27 ព្រះរាជា​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​អ្នក​បម្រើនោះ​ពន់​ពេក​ណាស់ ព្រះអង្គ​ក៏​ឲ្យគាត់​ទៅ​វិញ ទាំង​លុប​បំណុលទាំងអស់​ចោល​ថែម​ទៀត​ផង។ 28 ប៉ុន្តែពេល​អ្នក​បម្រើនោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​អ្នកបម្រើ​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយរយ​ដួង គាត់​ចាប់​អ្នក​នោះ​ដាក់ច្របាច់​ក​ទាំង​ពោល​ថា៖ «សង​ប្រាក់​អញ​ទាំង​អស់​មក!»។ 29 ប៉ុន្តែអ្នកបម្រើ​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា សុំ​អត់​ឱន​ឲ្យខ្ញុំផង​ ខ្ញុំនឹង​វិញ​គ្រប់​ចំនួន។ 30 ប៉ុន្តែ អ្នក​បម្រើរូប​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​ គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់នោះ​យក​ទៅ​ឃុំឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ 31 ពេលអ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ 32 ស្ដេច​ក៏​ហៅ​អ្នក​បម្រើនោះ​មក​សួរ​ថា៖ «​អ្នក​បម្រើ​អាក្រក់អើយ! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ហើយ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ 33 ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តាដល់អ្នកបម្រើ​របស់​ឯង ​ដូចជាយើង​បាន​អាណិត​មេត្តា​ដល់ឯងដែរ?»។ 34 ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃលែង ហើយក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណកម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។ 35 ព្រះបិតា​របស់​ខ្ញុំដែល​គង់​នៅ​ស្ថាន​បរមសុខ ក៏​នឹង​ធ្វើ​ទារុណកម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ចំពោះ​អ្នក​ណាដែល​មិន​ព្រម​លើកលែង​ទោស​ឲ្យ​បង​ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ។


ជំពូក 19

1 ក្រោយព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គក៏​យាងចាក​ចេញ​ពី​ស្រុក​កាលីឡេ ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។ 2 មហាជនយ៉ាង​ច្រើន​កុះករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ហើយព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យបាន​ជា​នៅ​ទី​នោះដែរ។ 3 ​ពួក​ខាង​គណៈ​ផារីស៊ីបានចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វីមួយ​បាន​ឬ​ទេ?»។ 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «តើអ្នក​រាល់​គ្នាមិនដែល​ធ្លាប់​អាន​គម្ពីរ​ទេឬអី កាល​ដើម​ដំបូង​ព្រះជាម្ចាស់ បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ត្រី? 5 ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរនឹង​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។ 6 គេ​មិន​មែន​​មនុស្ស​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ អ្វីដែលព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​​ឡើយ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គេឡើយ។ 7 ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះតើ​ហេតុ​ដូច​ម្ដេច​បាន​ជា​​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ភរិយា ហើយឲ្យនាងចាកចេញទៅ?» 8 ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ​«ម៉ូសេ​អនុញ្ញាត​ឲ្យអ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូសពេក​ តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។ 9 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ)​ ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ 10 ពួកសិស្ស​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។ 11 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «មិនមែនមនុស្ស​គ្រប់​រូប​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ ប៉ុន្តែ​មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះទេ ទើប​អាច​យល់​បាន។ 12 គឺមានអ្នក​ខ្លះ​មិន​អាច​រៀបការ​បាន​តាំង​ពី​កំណើត​មក​ ហើយអ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ អ្នក​ណា​ដែលអាចទទួលយកការបង្រៀននេះបាន ចូរ​យក​​ទៅ​រិះគិត​​ចុះ»។ 13 មាន​​ក្មេង​តូចៗមកឯព្រះអង្គ ដើម្បី​ទ្រង់ដាក់​ព្រះហស្ត​លើ​ និង​អធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្ស ​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ 14 តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​ឲ្យក្មេង​តូចៗទាំងនេះ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកគេ​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ គឺ​អាចចូលទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ​បាន»។ 15 ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។ 16 មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះយេស៊ូ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះទៅ ដើម្បី​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច?» 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែលជាការល្អ​ដូច្នេះ? មាន​តែ​ព្រះជាម្ចាស់​មួយ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស បើ​អ្នក​ចង់​មានជីវិតអស់កល្ប ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទៅ»។ 18 បុរសនោះក៏ទូល​សួរ​ព្រះអង្គ​ថា៖ «តើបទ​បញ្ជាមួយណា? ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ កុំ​​ធ្វើជាសាក្សីក្លែងក្លាយ 19 ចូរ​គោរព​មាតាបិតា​ ហើយត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ 20 បុរសវ័យក្មេង​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​មានអ្វី​ទៀតដែលខ្ញុំត្រូវធ្វើ?។ 21 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះនោះ ចូរ​ទៅលក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មានដែលមាន ហើយ​ចែក​ឲ្យអ្នក​ក្រីក្រ​ទៅ នោះទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​​មក​តាម​ខ្ញុំចុះ»។ 22 កាល​បុរស​វ័យក្មេងនោះ​ឮព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ 23 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្សថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដថា ពួកអ្នក​មានពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខណាស់។ 24 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាម្តង​ទៀត​ថា ដែលឲ្យសត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល គឺងាយ​ជាង​ឲ្យអ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ទៀត»។ 25 កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះទៅ?» 26 ព្រះយេស៊ូ​ទត​មើលទៅពួក​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​បាន​ទេ តែង​ព្រះជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​បាន​ទាំង​អស់»។ 27 បន្ទាប់មក ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ តើ​យើង​ខ្ញុំ​នឹង​ទទួលបានអ្វីទៅ?» 28 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា នៅ​ក្នុង​ជីវិត​ថ្មីនេះ ពេល​បុត្រ​មនុស្ស​គង់​លើ​បល្ល័ង្កប្រកប​ដោយ​សិរីរុងរឿង ​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នោះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ ដែលនឹងវិនិច្ឆ័យ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​​ផងដែរ។ 29 អ្នក​ណា​លះបង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ដោយព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ​ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច។ 30 មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅខាង​ក្រោយវិញ រីឯ​អ្នក​ដែល​នៅ​​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​​មុខ​វិញ។


ជំពូក 20

1 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ប្រៀប​បាន​ទៅនិង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ទៅរក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​ខ្លួន។ 2 ក្រោយគាត់​ព្រម​ព្រៀង​ជា​មួយ​និង​កម្មករ​​ថា នឹង​ឲ្យប្រាក់​មួយ​ដួង​ក្នុង​មួយ​ថ្ងៃហើយ ​​ក៏ចាត់ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការរបស់គាត់ទៅ។ 3 ប្រមាណ​ជា​ម៉ោង​ប្រាំបួន​ព្រឹក គាត់​ចេញ​ទៅ​ម្តងទៀតហើយក៏ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ​។ 4 គាត់​ក៏​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ឯចម្ការខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវដល់អ្នក អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការរបស់គាត់។ 5 ម្ចាស់​ចំការ​ក៏ចេញ​ទៅ​សារ​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។ 6 ប្រហែលជា​ម៉ោង​ប្រាំ​ល្ងាច​គាត់​ក៏ចេញ​ទៅ​សា​ជា​ថ្មីម្តងទៀត ហើយឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ គាត់​ក៏សួរ​ពួកគេ​ថា ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ 7 ពួក​គេ​ឆ្លើយ​ថា មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នោះទេ! គាត់​ក៏​ពោល​ទៅ​ពួកអ្នក​ទាំង​នោះ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ។ 8 លុះ​ដល់​ពេលល្ងាច ម្ចាស់​ចម្ការបានប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យពួក​គេទៅ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់។ 9 ពេលពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួងៗ។ 10 ហើយពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ ​ក៏​មក​ដល់​ដែរពួក​គេ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាងអ្នកផ្សេង ប៉ុន្តែ ពួកគេ​ទទួល​ម្នាក់​ត្រឹមតែមួយ​ដួង​ដូចៗ​គ្នា។ 11 ពេលគេ​ទទួល​យក​ប្រាក់ឈ្នួល ហើយពួកគេ​រក៏អ៊ូរទាំ​ដាក់​ម្ចាស់​ចំការ​ 12 ដោយនិយាយថា ពួកអ្នកដែលមកក្រោយនេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ តែលោក​បែរ​ជា​បើក​ប្រាក់​ឲ្យគេ​ស្មើ​នឹង​យើង​ខ្ញុំ ​ដែល​ធ្វើ​ការ​ហាល​ថ្ងៃហាល​ក្ដៅ​។ 13 ប៉ុន្តែ ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា៖ «សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ តើអ្នកមិន​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំក្នុង​តម្លៃមួយ​ដួង​ក្នុង​មួយ​ថ្ងៃ មែន​ទេ?» 14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។ 15 តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្លួន ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬអី? ឬក៏​អ្នកមានចិត្ត​ច្រណែន ព្រោះ​តែខ្ញុំ​មាន​ចិត្ត​សប្បុរស? 16 ហេតុ​នេះ អ្នក​ដែល​នៅ​​ក្រោយ​នឹង​ត្រឡប់​ទៅ​ជា​​មុន រីឯ​អ្នក​ដែល​មុន​នោះ នឹង​ត្រឡប់​ទៅ​ខាង​​ក្រោយ​វិញ។ 17 កាល​ព្រះយេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ទ្រង់ក៏នាំ​សិស្សទាំង​ដប់ពីរ​រូប ​ចេញ​ដាច់​ឡែក​ពី​គេ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេនៅ​តាម​ផ្លូវថា៖ 18 «មើល! យើងកំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡឹម ហើយបុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យ។ ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។ 19 ហើយគេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោកថែម​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មកលោក​នឹង​រស់​ឡើង​វិញ»។ 20 ពេល​នោះ ភរិយា​របស់លោក​​សេបេដេ​ បាន​នាំ​កូន​ទាំង​ពីរ​ចូល​មករកព្រះយេស៊ូ គាត់​ក្រាប​ទៀប​ព្រះបាទារបស់​ព្រះអង្គចង់​ទូល​សុំ​អ្វី​មួយ។ 21 ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ «តើអ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អមនិង​ព្រះអង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ និង​ម្នាក់ទៀត​នៅ​ខាង​ឆ្វេងដៃរបស់ព្រះអង្គផង ​នៅពេល​ព្រះអង្គ​គ្រង​រាជ្យ» ។ 22 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួនកំពុង​សុំ​អ្វីនោះ​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​ ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?» ​យ៉ាកុប និង​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ 23 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន តែការ​អង្គុយ​នៅ​ខាង​ស្ដាំ ឬនៅ​ខាង​ឆ្វេងដៃរបស់​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​អោយ​បានឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះបិតា​របស់​ខ្ញុំ បាន​សំរេច​អោយតែ​ប៉ុណ្ណោះ»។ 24 កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេក៏​ខឹង​និង​បង​ប្អូន​ទាំង​ពីរ​នាក់​នេះខ្លាំង​ណាស់។ 25 ប៉ុន្តែ ព្រះយេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយថា ពួក​អ្នក​គ្រប់គ្រង​សាសន៍ដ៏ទៃតែងតែ​ជិះជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។ 26 ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។ 27 ហើយបើ​មាន​អ្នក​ណា​​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​សិន។ 28 ដូចគ្នាដែលបុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​មនុស្ស​បម្រើលោក​នោះទេ ប៉ុន្តែ​លោក​មក​បម្រើ​គ្រប់គ្នា​វិញ ហើយព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ 29 ពេល​ព្រះយេស៊ូ​ និងពួកសិស្សយាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ 30 មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក្រោយអ្នក​ទាំង​ពីរ​ឮ​ថា ព្រះយេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ 31 បណ្ដាជន​ស្តីបន្ទោសដល់អ្នក​ទាំង​ពីរ​ឲ្យនៅ​ស្ងៀម ប៉ុន្តែគេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះអម្ចាស់ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តាដល់​យើង​ខ្ញុំ​ផង»។ 32 បន្ទាប់មកព្រះយេស៊ូ​ក៏​ឈប់ហើយនៅស្ងៀម ដោយ​ហៅ​ពួកគេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីសម្រាប់អ្នក?» 33 គេ​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ 34 ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ដល់អ្នក​ទាំង​ពីរ​នោះយ៉ាងពន់​ពេក​ ព្រះអង្គ​ក៏​ពាល់​ភ្នែក​គេភ្លាមនោះពួកគេ​ក៏មើល​ឃើញ ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។


ជំពូក 21

1 កាលព្រះយេស៊ូ​ និងពួក​សិស្សរបស់ព្រះអង្គយាង​មកជិត​ដល់​ក្រុង​យេរូសាឡឹម​ ហើយកាល​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ​ 2 ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ហើយដឹក​មករក​ខ្ញុំ។ 3 ប្រសិន​បើ​មាន​នរណា​សួរអ្នក ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​ត្រូវ​ការ​វា ហើយ​គេ​ដឹក​វាមក​វិញ​ភ្លាម​ជា​មិន​ខាន»។ 4 ការណ៍​នេះ​កើត​ឡើង ឲ្យស្រប​នឹង​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ថា៖ 5 ចូរ​ប្រាប់កូនស្រី​ក្រុង​ស៊ីយ៉ូន​ថា៖ «មើល​ហ្ន៎ ព្រះមហាក្សត្រ​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្លូត​បូត ទ្រង់​សុភាព គង់​លើ​ខ្នង​លា ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ​»។ 6 បន្ទាប់មកសិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះយេស៊ូុ។ 7 គេដឹក​មេ​លា និង​កូន​វា​មក​ ហើយគេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះយេស៊ូ​ឡើង​គង់​លើ​ខ្នង​វានោះ។ 8 មាន​បណ្ដាជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ ទៀត​កាច់​មែកឈើ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។ 9 បន្ទាប់មក មហាជន​ដែល​ដើរ​ហែហម​ព្រះយេស៊ូ ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ! សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់! ហូសាណាថ្វាយព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត»។ 10 កាល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​ហើយ ​នៅ​ក្នុង​ទីក្រុង​ទាំង​មូល នាំ​គ្នា​ជ្រួលច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?» 11 មហាជន​ឆ្លើយ​ថា៖ «លោក​ជា​យេស៊ូ ដែលជា​ព្យាការី មក​ពី​ភូមិ​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ»។ 12 បន្ទាប់​មក ព្រះយេស៊ូ​យាងចូលក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ ហើយទ្រង់​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅអី​របស់​អ្នក​លក់​ព្រាប។ 13 ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ក្នុង​គម្ពីរ​បាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ»។ 14 បន្ទាប់មកមាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ ហើយព្រះអង្គ​ក៏​ប្រោសពួក​គេ​ឲ្យបាន​ជា។ 15 ប៉ុន្តែ កាល​ពួក​នាយក​បូជាចារ្យ និងពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះវិហារ​ថា៖ «ហូសាណាថ្វាយព្រះរាជវង្ស​ព្រះបាទ​ដាវីឌ! ពួកគេ​បានខឹងយ៉ាងខ្លាំង» 16 ពួកគេ​ទូល​ព្រះអង្គ​ថា៖ «តើ​លោក​ឮ​មនុស្សទាំងនោះ​ស្រែក​ថា​ដូច​ម្ដេច​ទេ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! តើអ្នកមិនដែលដឹងទេថា គឺព្រះអង្គ​នឹង​ធ្វើ​ឲ្យពាក្យ​សរសើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ?» 17 បន្ទាប់មកព្រះយេស៊ូយាងចេញពីគេ ហើយទ្រង់​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយក៏​ស្នាក់​នៅ​ទី​នោះ។ 18 ព្រលឹម​ឡើង ទ្រង់យាង​ត្រឡប់​ទៅ​ទីក្រុង​វិញ ពេល​នោះ ព្រះអង្គ​ឃ្លាន។ 19 ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ទ្រង់​យាង​ចូល​ទៅ​ជិត ហើយមិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ឯងនឹងមិនដែល​បង្កើត​ផ្លែ​ទៀត​ឡើយ»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិតជា​មួយ​រំពេច។ 20 ពេលពួក​សិស្សឃើញ​ដូច្នោះ គេ​ងឿងឆ្ងល់​ជា​ខ្លាំង​ពួកគេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?» 21 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ប្រាកដ​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដោយឥត​សង្ស័យ​នោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​អ្នក​រាល់​គ្នាអាច​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា៖ ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ! នោះ​នឹង​សំរេច​ដូច្នោះ​ជា​មិន​ខាន។ 22 អ្វី​ក៏​ដោយ​អោយ​តែ​អ្នក​រាល់​គ្នា​អធិស្ឋានសុំ​ដោយ​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​បានជាមិនខាន»។ 23 ពេលព្រះយេស៊ូ​យាង​ចូល​ក្នុង​ព្រះវិហារ ហើយ​នៅ​ពេល​ព្រះអង្គ​កំពុង​តែ​បង្រៀន​ ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​នាំ​គ្នា​ចូល​មក​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះឲ្យ​លោក?» 24 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​មួយ​ដល់​អ្នកដែល បើ​អស់​លោក​ប្រាប់​ខ្ញុំបាន នោះខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​នូវ អំណាចអ្វីដែលខ្ញុំ​ធ្វើ​ការ​ទាំង​នេះបាន។ 25 អំពីពិធី​ជ្រមុជ​ទឹករបស់លោក​យ៉ូហាន តើ​កើតឡើងពីណាមក? មកពីស្ថានសួគ៌ ឬពី​មនុស្ស? ពួកគេ​ពិគ្រោះ​គ្នា​ពីការនេះ៖ «បើ​យើងនិយាយ​ថា មកពីស្ថានសួគ៌ ​គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន»។ 26 ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា មកពីមនុស្ស​នោះ​យើង​ខ្លាច​ប្រជាជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការីមួយរូបដែរ»។ 27 ដូច្នេះ ពួកគេ​ឆ្លើយទៅ​ព្រះយេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ»។ ព្រះអង្គក៏​មាន​ព្រះបន្ទូល​គេទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី​ដែរ។ 28 តើអ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ? ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា៖ «កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចំការ​ទំពាំងបាយជូរ​​ទៅ»។ 29 កូន​តប​មក​វិញ​ថា៖ «ខ្ញុំ​មិន​ចង់​ទៅ​ទេ! ប៉ុន្តែ ក្រោយ​មក កូន​នោះ​ក៏ដូរ​គំនិត ហើយ​ក៏​ទៅ​ចំការវិញ។ 30 បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ តែកូន​ពៅឆ្លើយ​ថា៖ «បាទ! កូន​នឹងទៅ»។ តែ​កូនពៅអត់​ទៅ​ទេ។ 31 តើក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់នេះ មួយ​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក? ពួកគេ​ទូល​ព្រះអង្គ​ថា៖ «កូន​ច្បង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មុន​អ្នក​រាល់​គ្នា។ 32 ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យដើរ​តាម​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ តែពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុការណ៍​ទាំង​នោះ​ក្តី ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ។ 33 សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀត គឺមាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំងបាយជូរ រួច​ធ្វើ​របង​ព័ទ្ធ​ជុំវិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផងហើយគាត់ក៏​ប្រវាស់​ឲ្យទៅ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ទៅ​ស្រុកផ្សេងបាត់ទៅ។ 34 លុះ​ដល់ពេល​រដូវ​ទំពាំងបាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការទាំង​នោះ ដើម្បី​ទទួល​យក​ផល​របស់​គាត់។ 35 ប៉ុន្តែ ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។ 36 ម្ចាស់​ចំការ​ក៏​ចាត់​អ្នក​បម្រើផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មកម្តងទៀត ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។ 37 ក្រោយមក ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា៖ «គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​គាត់ជា​មិន​ខាន»។ 38 ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុសរបស់​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា៖ «អ្នក​នេះ​ជា​អ្នក​ទទួល​កេរមត៌ក​ពី​ម្ចាស់​ចម្ការ​បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើងជា​មិន​ខាន។ 39 គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​គាត់ចោល​ទៅ។ 40 លុះដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ? 41 ពួកគេ​ទូល​ព្រះអង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួចហើយ​ប្រវាស់​ចម្ការឲ្យ​អ្នក​ផ្សេង​ទៀត ដែល​ជាអ្នកនឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូនដល់​គាត់ នៅ​រដូវ​ទំពាំងបាយជូរ​ទុំ»។ 42 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅពួក​គេ​ថា៖ «តើអ្នកធ្លាប់បានអាន​គម្ពីរទេ​ថា ថ្ម​ដែល​ពួក​ជាង​សង់​​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។​ ព្រះអម្ចាស់​បាន​សម្រេច​ការទាំង​នេះឲ្យយើង​​ឃើញ ហើយឲ្យយើង​ស្ងើច​សរសើរ​ផង»? 43 ដូចនេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នឹង​ដក​ព្រះរាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ហើយប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​របស់​ព្រះរាជ្យ។ 44 អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេចខ្ទាំ​មិន​ខាន ប៉ុន្តែ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​​ជា​ប្រាកដ​ដែរ។ 45 ពេលពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ីបានឮពីប្រស្នានេះ​ក៏​ដឹង​ថា ព្រះអង្គ​មាន​ព្រះបន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។ 46 ពួកគេ​នាំ​គ្នា​រក​មធ្យោបាយ​ចាប់​ព្រះអង្គ ប៉ុន្តែគេ​ខ្លាច​មហាជន ពីព្រោះ​មហាជន​ចាត់​ទុក​ព្រះយេស៊ូ​ជា​ព្យាការី​មួយ​រូប។


ជំពូក 22

1 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ 2 «ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ ​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ​ដែល​រៀប​ចំវិវាហមង្គល​ការ​សម្រាប់ព្រះរាជ​បុត្រ។ 3 ព្រះអង្គបាន​ចាត់​រាជ​បម្រើឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ ប៉ុន្តែ​គ្មាន​នរណា​មក​សោះ។ 4 ព្រះអង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ ឲ្យ​ទៅ​ជម្រាប​ភ្ញៀវម្តងទៀត​ថា៖ «សូម​អញ្ជើញ​មក​ពិសា​ការ។ មើល! យើង​បាន​រៀបចំ​ភោជនាហារ​សម្រាប់ជប់លៀង។ ខ្ញុំ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ»។ 5 ប៉ុន្តែ ភ្ញៀវ​មិន​រវីរវល់​អើពើ​ឡើយ ហើយដើរចេញ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ។ 6 អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើរបស់ស្តេច​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។ 7 ព្រះរាជា​ទ្រង់​ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​ស្រុក​ភូមិ​របស់​គេ​ផង។ 8 បន្ទាប់​មក ទ្រង់​មាន​រាជឱង្ការ​ទៅ​ពួក​រាជ​បំរើ​ថា៖ «​ពិធី​មង្គលការត្រូវបាន​រៀបចំរួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។ 9 ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់លៀង»។ 10 ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្សម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំងមនុស្ស​អាក្រក់​ហើយនិងមនុស្ស​​ល្អផង។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។ 11 ប៉ុន្តែ ពេលព្រះរាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ 12 ស្តេចក៏​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា៖ «សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​សម្រាប់មង្គលការ​ដូច្នេះ?» ប៉ុន្តែបុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ 13 បន្ទាប់មកព្រះរាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​ទៅ​ចោល​នៅ​ទីងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ»។ 14 មានមនុស្សជាច្រើនដែលព្រះត្រាស់ហៅ តែ​ព្រះអង្គ​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ។ 15 បន្ទាប់មកពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោបាយ​ចាប់​កំហុស​ព្រះយេស៊ូ 16 ក្រោយមកគេ​ក៏​ចាត់​សិស្ស​របស់ពួក​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ​ទៅ​ទូល​ព្រះអង្គថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា សេចក្តីពិតហើយពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ គឺ​លោក​គ្រូ​ពុំ​យោគយល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។ 17 ហេតុ​នេះ សូម​លោក​គ្រូ​ប្រាប់​យើង​ខ្ញុំ​មើល៍ថា បើតាម​ក្រឹត្យវិន័យ​ តើយើង​ត្រូវ​បង់​ពន្ធ​ ថ្វាយ​សេសារ​ឬ​ទេ?» 18 ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ មនុស្ស​មាន​ពុត​អើយ? 19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។ 20 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?» 21 គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ ព្រះយេស៊ូក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​​សេសារ ចូរ​ថ្វាយ​ទៅ​សេសារ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។ 22 ពួក​គេ​ងឿងឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះអង្គ ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ។ 23 នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូស៊ី​ដែល​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ ចូលមកគាល់ព្រះអង្គ។ ពួកគេ​ទូល​សួរ​ព្រះអង្គថា៖ 24 «លោក​គ្រូ! លោក​ម៉ូសេមាន​ប្រសាសន៍​ថា បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ នោះ​ប្អូន​ប្រុស​របស់​បុរស​នោះ​ត្រូវរៀបការ​នឹង​បង់​ថ្លៃ ដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។ 25 ឧបមា​ថា មាន​បង​ប្អូន​ប្រុស​ប្រាំពីរ​នាក់ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ 26 បន្ទាប់មកប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ 27 ហើយនៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 28 ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ? 29 ប៉ុន្តែព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ព្រោះ​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​។ 30 ដ្បិត ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតានៅ​ស្ថាន​បរមសុខ។ 31 ​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើអ្នកមិនដែលអានដែលថាអ្វីដែលព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ 32 «យើង​ជា​ព្រះ​របស់អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប? ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​បស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះអង្គ​របស់​មនុស្ស​ដែល​មាន​ជីវិត» 33 កាល​មហាជន​បាន​ឮ​សេចក្ដី ដែល​ព្រះអង្គ​បង្រៀន ពួកគេ​ងឿងឆ្ងល់​ជា​ខ្លាំង។ 34 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​ប្រជុំ​គ្នា ព្រោះ​ពួកគេ​ឮ​ថា ព្រះយេស៊ូ​បាន​ធ្វើ​ឲ្យ​ពួកខាង​គណៈ​សាឌូស៊ីទ័ល​ប្រាជ្ញ។ 35 ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យ ទូល​សួរ​ព្រះអង្គក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ 36 «លោក​គ្រូ! ក្នុង​ក្រឹត្យវិន័យ តើ​មាន​បទ​បញ្ជា​ណា​សំខាន់​ជាង​គេ?»។ 37 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នកឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា»។ 38 នេះហើយ​ជា​បទ​បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ 39 រីឯ​បទ​បញ្ជា​ទី​ពីរ​គឺដូ​ច្នេះ ​ គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯងដែរ។ 40 បទ​បញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី​ទាំង​អស់»។ 41 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​នៅ​តែជុំ​គ្នា ព្រះយេស៊ូ​ក៏​សួរទៅពួកគេ។ 42 ដោយព្រះបន្ទូលថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​អ្នក​ណាដែរ?» ពួកគេ​ឆ្លើយ​ថា៖ «ព្រះអង្គ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ»។ 43 ព្រះយេស៊ូមាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះបាទ​ដាវីឌ ដែល​មាន​ព្រះវិញ្ញាណ​បំភ្លឺ​ហៅ​ព្រះគ្រិស្ដ​ថា ព្រះអម្ចាស់ ទៅ​វិញ​ដូច្នេះ គឺ​ព្រះអង្គ​មាន​រាជឱង្ការ​ថា 44 ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​? 45 បើ​ព្រះបាទ​ដាវីឌ​ហៅ​ព្រះគ្រិស្ដ​ថា ជាព្រះអម្ចាស់ ដូច្នេះ តើ​ឲ្យព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​?» 46 គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​​ព្រះអង្គ​ទៀត​ឡើយ។


ជំពូក 23

1 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល ទៅ​កាន់​មហាជន និង​ពួក​សិស្សរបស់ព្រះអង្គ​។ ព្រះអង្គមានព្រះបន្ទូលថា៖ 2 ពួក​អាចារ្យ និង​ពួក​ផារីស៊ី មាន​ភារកិច្ច​បង្រៀន​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ។ 3 អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិបត្តិ​តាម​ទៅ ​តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ពីព្រោះគេ​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ឡើយ។ 4 ពិតមែន អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹងរ៉ឹង យក​មក​ផ្ទុក​លើ​ស្មារបស់មនុស្ស ប៉ុន្តែគេ​មិន​ជួយ​សម្រាលបន្ទុក​នោះ​ទេ សូម្បី​តែ​បន្តិចបន្តួច​ក៏​មិន​ជួយ​ផង។ 5 ពួកគេ​ធ្វើ​កិច្ចការទាំងនេះ គឺដើម្បី​ឲ្យ​មនុស្សម្នា​កោត​សរសើរ គឺ​គេ​ធ្វើ​ក្លាក់​ កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល​ នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។ 6 ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិយស​ក្នុង​ពិធី​ជប់លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ។ 7 ហើយពួក​នេះ​ជាពិសេសចូល​ចិត្ត​ឲ្យគេ​អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា «លោកគ្រូ»។ 8 ប៉ុន្តែរីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា «លោកគ្រូ» សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មានលោកគ្រូតែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។ 9 កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា «ព្រះបិតា» ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន ព្រះបិតា តែ​មួយ​គត់ប៉ុណ្ណោះ គឺទ្រង់​គង់​នៅ​ស្ថាន​បរមសុខ។ 10 កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​ គ្រួ​ឡើយ ដ្បិត​មាន​តែ​ព្រះគ្រិស្ដ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ជាគ្រូ​របស់​អ្នក​រាល់​គ្នា។ 11 ប៉ុន្តែបើអ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នាវិញ។ 12 អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ។ 13 ប៉ុន្តែ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ​ដ្បិតអ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យគេ​ចូល​ទៀត​ផង។ 14 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់ជា​មិន​ខាន។ 15 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះបញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា ។ លុះពួក​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួជាតិ​ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។ 16 ឱពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន អ្នក​រាល់​គ្នា​និយាយ​ថា បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារមក​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ប៉ុន្តែ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះវិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។ 17 មនុស្សកង្វាក់​​លេលាអើយ! មាស និង​ព្រះវិហារ​ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? 18 ហើយអ្នក​ណា​ស្បថ​ដោយ​យក​អាសនា​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ ប៉ុន្តែបើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនា​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន។ 19 ឱមនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនា និង​អាសនាដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង? 20 ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនាជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនា និងមាន​ទាំង​អ្វីៗ​នៅ​លើ​អាសនាជា​សាក្សី​។ 21 អ្នក​ណា​ស្បថ​ដោយ​យក​ព្រះវិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះវិហារ និងមាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះវិហារ​ជា​សាក្សី​ដែរ។ 22 ហើយអ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរមសុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ មាន​ទាំង​ព្រះជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។ 23 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ពីព្រោះ​អ្នក​រាល់​គ្នា​យក​ជីរអង្កាម ជីរនាងវង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះជាម្ចាស់ ប៉ុន្តែអ្នក​រាល់​គ្នា​លះបង់​ក្រឹត្យវិន័យ​សំខាន់ៗ​ចោល គឺមាន​សេចក្ដី​សុចរិត មេត្តាករុណា​ធម៌ និង​ជំនឿ​ស្មោះ​ត្រង់​ជា​ដើម។ ប៉ុន្តែវិន័យ​ទាំង​ប៉ុន្មាន​​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិបត្តិ​តាម​ដោយ​ឥត​លះបង់​ចោល​ណាមួយឡើយ។ 24 អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​អូដ្ដវិញ។ 25 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេងប្រវ័ញ្ច និង​ការ​លោភលន់។ 26 ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាតផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​ដែរ។ 27 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែលលាបពណ៍​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរពេញ​ទៅ​ដោយ​ឆ្អឹង​សាកសព និង​អ្វីដែលមិនស្អាត់។ 28 ដូចគ្នានោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫកពារ​ខាង​ក្រៅ​ឲ្យ​មនុស្សម្នា​ឃើញ​ថា ជា​អ្នកសុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។ 29 ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុបតែង​ផ្នូរ​របស់​មនុស្ស​សុចរិត 30 ដោយ​ខ្លួនពោល​ថា៖ «ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរសរបស់យើង នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ»។ 31 ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង​ថា​ជា​ពូជពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។ 32 អ្នករាល់គ្នានៅតែ​បន្ត​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​! 33 ឱ​ពូជ​ពស់​វែក​អើយ! តើធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បានទៅ? 34 ហេតុ​នេះហើយ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​អាចារ្យឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និងវាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ដេញ​ពួកគេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។ 35 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​កូនរបស់​លោក​បារ៉ាគា​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទីសក្ការៈ និង​អាសនា។ 36 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។ 37 ​​យេរូសាឡឹម ​យេរូសាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែល​ខ្ញុំ​​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ 38 ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​អោយ​នៅ​ស្ងាត់​ជ្រងំ។ 39 ដ្បិតខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់»។


ជំពូក 24

1 ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះវិហារ ថ្វាយ​ព្រះអង្គ​ទត។ 2 ប៉ុន្តែទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិនឃើញ​អ្វីៗនៅទី​នេះទេឬ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លែងមាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ វានឹង​ត្រូវ​រលំ​បាក់​បែក​អស់»​។ 3 កាលទ្រង់​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សំគាល់​អ្វី​ឲ្យ​យើង​ខ្ញុំ​ដឹង​ថាដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?» 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំឲ្យ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ។ 5 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ដោយ​ពោល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ ហើយគេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 6 អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​។ កុំ​ជ្រួលច្របល់​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។ 7 ប្រជាជាតិ​មួយ​នឹងតតាំងទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត​។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែនដី។ 8 ប៉ុន្តែ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូនប៉ុណ្ណោះ។ 9 គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ 10 ​មាន​មនុស្ស​ជា​ច្រើននឹង​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា និង​ស្អប់​គ្នា​ផង។ 11 នឹងមានព្យាការី​ក្លែងក្លាយ​ជា​ច្រើន​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យវង្វេង។ 12 ដោយអំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​ការស្រឡាញ់​របស់​មនុស្ស​ជាច្រើន ត្រូវ​ធ្លាក់​ចុះ​អន់ថយ។ 13 ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ 14 គេ​នឹង​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​នេះ ពាសពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខីភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព​លោក។ 15 កាលណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​ តាំង​នៅ​ក្នុង​ទីសក្ការៈ ដូច​ព្យាការី​ដានីយ៉ែល​បាន​ថ្លែង​ទុក» (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ) 16 ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ 17 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ 18 ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ 19 ប៉ុន្តែគ្រា​នោះ ស្ត្រីដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនាជា​ពុំខាន។ 20 ចូរ​ទូលអង្វរ​ព្រះជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ 21 ដ្បិត​នៅគ្រា​នោះ ជា​គ្រាដែល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។ 22 ប្រសិន​បើ​ព្រះជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណាមួយ​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែដោយ​យោគយល់​ដល់​ពួក​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ​ចំនួន​ថ្ងៃនឹង​កាត់បន្ថយ​។ 23 ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «មើល៍! ព្រះគ្រិស្ដ​គង់​នៅ​ទី​នេះ» «ឬ​នៅ​ទី​នោះ» កុំ​ជឿ​គេ​ឡើយ។ 24 ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះគ្រិស្ដ ព្រម​ទាំងជា​ព្យាការី នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើទៅ​បាន។ 25 ខ្ញុំបាន​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។ 26 បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «មើល៍! ព្រះអង្គ​នៅ​វាល​រហោស្ថាន​ឯណោះ» កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា៖ «ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯណេះ» ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ។ 27 ដ្បិត​បុត្រ​មនុស្ស​នឹង​យាង​មក ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ដ៏ភ្លឺ ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ 28 សាកសព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ​។ 29 ប៉ុន្តែលុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ កន្លង​ផុត​ទៅ​ភ្លាម​នោះ ព្រះអាទិត្យ​នឹង​បាត់​រស្មី ព្រះច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ រីឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយអំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។ 30 បន្ទាប់ ទី​សម្គាល់​របស់​បុត្រ​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក ហើយកុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ។ គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ​ ប្រកប​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​ដ៏​អស្ចារ្យ។ 31 លោក​ក៏​ចាត់​ពួក​ទេវតារបស់​លោក ជាមួយ​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង ​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ 32 ចូរ​អ្នក​រាល់​គ្នា​យក​​ដើម​ឧទុម្ពរ​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ 33 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​កើត​ឡើង​ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ 34 ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ នៅមាន​ជីវិត​នៅ​ឡើយ ហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ។ 35 ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។ 36 ប៉ុន្តែរីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា​នៅ​ស្ថាន​បរមសុខ ឬ​ព្រះបុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះបិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ 37 នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ។ 38 ដ្បិតនៅ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្សម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ 39 ហើយគេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ ដូចគ្នានេះដែរនៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ 40 បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចំការ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ 41 បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​នឹង​យក​ម្នាក់​ទៅ​ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ 42 ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ព្រោះអ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះអម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ 43 ប៉ុន្តែអ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំខាន មិន​បណ្ដោយ​ឲ្យចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។ 44 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត។ 45 បើ​អ្នក​បម្រើណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បំរើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​ដែលកំណត់​ជាពុំខាន? 46 អ្នកបំរើនោះពិតជាមានពរហើយ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើកំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ។ 47 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា ម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ 48 ប៉ុន្តែ បើ​អ្នក​បម្រើ​​អាក្រក់​គិត​ក្នុងចិត្តថា៖ «ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់» 49 ហើយគាត់​វាយ​អ្នក​បម្រើ​ឯ​ទៀតៗ​ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹកផងនោះ 50 ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើនោះ​មិន​នឹកគិត ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹងនោះ 51 លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ដោយឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុតត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។


ជំពូក 25

1 ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ហើយចេញ​ទៅ​ទទួល​ស្វាមី។ 2 ពួក​នាង​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ហើយប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។ 3 ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។ 4 រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ ទាំងមាន​ប្រេង​បង្ការ​ផង។ 5 ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោកងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។ 6 ប៉ុន្តែលុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ​មាន​គេ​ស្រែក​ឡើង​ថា៖ «មើល៍! ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!»។ 7 ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​ ហើយរៀបចំ​អុជ​ចង្កៀង។ 8 ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ។ 9 ប៉ុន្តែស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា៖ «ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាងក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង និងសម្រាប់ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ»។ 10 នៅ​ពេល​ដែល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ 11 ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់​ស្រែក​ហៅ​ថា៖ «លោក​ម្ចាស់! លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង»។ 12 ស្វាមី​ឆ្លើយ​ទៅ​វិញ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យនាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!»។ 13 ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ​ថ្ងៃណា​ ឬពេល​ណា​ដែលបុត្រមនុស្សមកនោះឡើយ។ 14 ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។ 15 គឺ​ឲ្យប្រាំ​ណែន​ទៅ​អ្នក​ទី​មួយ ​ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី តាម​សមត្ថភាព​រៀងៗ​ខ្លួន រួច​គាត់​ចេញ​ដំណើរ​ទៅ។ 16 អ្នក​បម្រើដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។ 17 ​ដូច្នោះ​ដែរ អ្នក​ទី​ពីរដែលទទូលបាន​ប្រាក់​ពីរ​ណែន​នោះ​ក៍យកទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។ 18 រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន បាន​ចេញ​ទៅ ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។ 19 លុះ​ពេលយូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។ 20 អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ​មក​ជូន​ម្ចាស់​ដោយ​ពោល​ថា៖ «លោក​ម្ចាស់អើយ! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត»។ 21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា៖ «ល្អ​ហើយ! អ្នក​បម្រើដ៏​ល្អ និងមាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ»។ 22 អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ​ចូល​មក​ដែរ ហើយ​ជំរាប​ថា៖ «លោក​ម្ចាស់អើយ! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត»។ 23 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា៖ «ល្អ​ហើយ! អ្នក​បម្រើដ៏ល្អ និង​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យមើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ»។ 24 បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាបថា៖ «លោក​ម្ចាស់អើយ! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងតែង​ណាស់ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ 25 ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ»។ 26 ប៉ុន្តែម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថា៖ «នែ៎ អ្នក​បម្រើ​អាក្រក់ និង ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ 27 អ្នកគួរ​តែ​យក​ប្រាក់​របស់ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ទាំង​ដើមទាំង​ការ។ 28 ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ 29 ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរហៀរ​ថែម​ទៀត រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ទៀតផង។ 30 ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​អ្នកបម្រើនេះ​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ»។ 31 ពេល​បុត្រ​មនុស្ស​យាង​មក ​ប្រកប​ដោយ​សិរីរុងរឿង ជា​មួយ​ពួក​ទេវតា លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។ 32 ពេល​នោះមនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក ទ្រង់​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ 33 គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ 34 បន្ទាប់មក ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ថា៖ «អស់​អ្នក​ដែល​ព្រះបិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​​មក​ទទួល​ព្រះរាជ្យ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក។ 35 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​ដល់យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹកដល់​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល យើង​ឲ្យ​ស្នាក់​នៅ 36 កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀកបំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​យកចិត្តទុកដាក់ដល់​យើង កាល​យើង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរសុខទុក្ឌ​យើង​ដែរ»។ 37 ក្រោយមកពួក​អ្នក​សុចរិត​ទូល​ព្រះអង្គ​វិញ​ថា៖ «​ព្រះអម្ចាស់អើយ! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះអង្គ​សោយកាលណា? ឬ​ឃើញ​ព្រះអង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះអង្គ​សោយ​ពី​អង្កាល់ណាដែរ? 38 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​នៅកាលណាដែរ? ឬ​ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ហើយ​យក​សម្លៀកបំពាក់​មក​ថ្វាយ​ព្រះអង្គ​ពី​អង្កាល់? 39 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះអង្គ​ពី​អង្កាល់ណាដែរ?»។ 40 ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។ 41 បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ដៃព្រះអង្គថា៖ «ពួក​ត្រូវ​បណ្ដាសា​អើយ! ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សំរាប់​ផ្ដន្ទាទោស​មារសាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ! 42 ព្រោះពេល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ 43 កាល​យើង​ជា​ជន​បរទេស​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀកបំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀកបំពាក់​មកឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​មើលយើង​ទាល់​តែ​សោះ»។ 44 បន្ទាប់​មកពួក​នោះ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «​ព្រះអម្ចាស់អើយ! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះអង្គ​ឃ្លាន ឃើញ​ព្រះអង្គ​ស្រេក ឃើញ​ព្រះអង្គ​ជា​ជន​បរទេស ឃើញ​ព្រះអង្គ​គ្មាន​សម្លៀកបំពាក់ ឃើញ​ព្រះអង្គ​ប្រឈួន ឬ​ជាប់​ឃុំឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះអង្គ​សោះ​ពី​អង្កាល់ណា?»។ 45 ព្រះអង្គនឹង​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ។ 46 អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់កល្ប​ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច»។


ជំពូក 26

1 កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះរួច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់ព្រះអង្គថា៖ 2 «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀតដល់​បុណ្យ​ចម្លងហើយ បុត្រ​មនុស្សនឹងត្រូវគេបញ្ជូន​ទៅ​ឆ្កាង»។ 3 ក្រោយមក ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន ជួបជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ ឈ្មោះ​កៃផាស 4 គេបាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កលល្បិច​ចាប់​ព្រះយេស៊ូ​យក​ទៅ​ធ្វើ​គុត។ 5 ដ្បិតគេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។ 6 កាលព្រះយេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ 7 ពេល​ព្រះយេស៊ូ​កំពុង​សោយ​ព្រះស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវមានប្រេងក្រអូបដ៏​​មាន​តម្លៃ​ថ្លៃ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះសិរសា​ព្រះអង្គ។ 8 ប៉ុន្តែពេលពួក​សិស្ស​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះខ្ជាយ​អ៊ីចឹង! 9 បើ​យកនាង​ប្រេង​ក្រអូប​នេ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើនណាស់ សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ»​។ 10 ប៉ុន្តែព្រះយេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជាអ្នករាល់គ្នា​រក​រឿង​នាង​ដូច្នេះ? ព្រោះនាង​បាន​ធ្វើ​ការដ៏​ល្អ​ចំពោះ​ខ្ញុំ។ 11 អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយអ្នក​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​នោះទេ។ 12 ដ្បិតកាលនាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​របស់ខ្ញុំ​។ 13 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ប្រាកដ​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល ពេល​ណា​គេ​ប្រកាស​ដំណឹងល្អ គេ​នឹងនិយាយ​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំលឹក​អំពី​នាង»។ 14 ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់ពីរ​ឈ្មោះ យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជាចារ្យ 15 ហើយជម្រាបថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វីដល់​ខ្ញុំ»? ពួក​នាយក​បូជាចារ្យ​ក៏​រាប់​ប្រាក់​ឲ្យគាត់​សាមសិប​ស្លឹង​។ 16 ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។ 17 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ពួកសិស្ស​នាំ​គ្នា​មក​គាល់​ព្រះយេស៊ូ​ទូល​ថា៖ «តើ​ព្រះគ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់លៀង ជូន​ក្នុង​ឱកាស​បុណ្យ​ចម្លង​នៅ​កន្លែង​ណា?» 18 ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​​ក្នុងទីក្រុង ប្រាប់​បុរស​ម្នាក់ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្សរបស់​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក»។ 19 ពួកសិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។ 20 លុះ​ដល់​ល្ងាចចូលមកដល់ ព្រះអង្គ​បរិភោគរួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់ពីរ​រូប 21 នៅ​ពេលពួកគេកំពុង​បរិភោគ ទ្រង់មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹងក្បត់​ខ្ញុំ»។ 22 ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃលែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ទូលបង្គំ​ឬព្រះអង្គ?» 23 ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​ក្បត់​ខ្ញុំ​។ 24 បុត្រ​មនុស្ស​ត្រូវ​ទៅ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​ក្បត់បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង! 25 យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «តើ​ខ្ញុំ​ឬ លោកគ្រូ? ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​នឹងត្រូវ​ហើយ»។ 26 នៅ​ពេលពួកគេ​កំពុង​បរិភោគ ព្រះយេស៊ូ​យក​នំបុ័ង​មក​កាន់ ហើយអធិស្ឋានទៅព្រះជាម្ចាស់ រួចក៏​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សូមពិសា​ចុះ»។ 27 ព្រះអង្គ​យក​ពែង​មក​កាន់ ហើយអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះបន្ទូល​ថា៖ «សុំ​​ពិសា​ទាំង​អស់​គ្នា​ចុះ 28 ដ្បិតនេះ​ជា​លោហិត​របស់​ខ្ញុំ ជាលោហិត​នៃ​សម្ពន្ធមេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើកលែង​ទោសដល់​មនុស្ស​ទាំង​អស់​ឲ្យរួច​ពី​បាប។ 29 ប៉ុន្តែខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំងបាយជូរនេះ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំងបាយជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះបិតា​របស់ខ្ញុំ»។ 30 ក្រោយ​ពី​ពួកគេបាន​ច្រៀងបទ​ទំនុកតម្កើង​រួច​ហើយ ព្រះយេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ជា​មួយ​ពួក​សិស្ស។ 31 ព្រះយេស៊ូ​ក៏មាន​ព្រះបន្ទូលទៅពួកសិស្ស​ថា៖ យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះបង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «យើង​នឹង​វាយ​សម្លាប់​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ។ 32 ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។ 33 ប៉ុន្តែ ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះបង់​ចោល​ព្រះអង្គ​​ក៏​ដោយ ​ទូលបង្គំនឹង​មិន​​បោះបង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត»។ 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង​»។ 35 ​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធថា មិន​ស្គាល់​ព្រះអង្គ​ឡើយ»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ ដូច​​ពេត្រុស​ដែរ។ 36 ក្រោយមក ព្រះយេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្សដល់​កន្លែង​មួយ ឈ្មោះ​កេតសេម៉ានី ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ ពួកអ្នកទាំងអ្ស់គ្នា​អង្គុយ​នៅ​ទី​នេះ​សិនចុះ ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ត្រង់​កន្លែង​នោះ។ 37 ព្រះអង្គ​នាំ​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ ពេល​នោះព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះហឫទ័យ ហើយ​​អន្ទះសា​ពន់ប្រមាណ 38 ក្រោយមកទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។ 39 ព្រះអង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ព្រះភក្ត្រ​ដល់​ដី​ហើយអធិស្ថាន​ថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នេះរំលង​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។ 40 ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​​ពេត្រុស​ថា៖ «តើអ្នក​រាល់​គ្នា​មិន​ស៊ូ​ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬអី? 41 ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​បាន​មែន តែ​សាច់ឈាមរបស់គេ​នៅ​ទន់​ខ្សោយ»។ 42 ព្រះអង្គ​យាង​ចេញ​ទៅអធិស្ថាន​លើក​ទី​ពីរ​ ទ្រង់មានព្រះបន្ទួលថា៖ «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ»។ 43 ព្រះអង្គវិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ 44 ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន​ជា​លើក​ទី​បី ហើយ​ទូលអង្វរ​ដោយ​ពាក្យ​ដដែល។ 45 បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «តើអ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយនាំគ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ដ្បិត​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ ​របស់​មនុស្ស​បាបជិតមកដល់​ហើយ។ 46 ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ មើល៍ ​អ្នក​ដែល​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។ 47 កាលព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរបាន​មក​ដល់ ដោយនាំ​បណ្ដាជន​ជា​ច្រើន​ដែលពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​បាន​ចាត់​អ្នក​ទាំង​នោះ ឲ្យ​មក ទាំងកាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ។ 48 ម្នាក់​ដែលក្បត់​ព្រះយេស៊ូ បានប្រាប់​សញ្ញា​មួយ​ថា៖ «បើខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ»។ 49 ភ្លាមនោះ​យូដាស​មក​ដល់​ គាត់​ដើរ​តម្រង់​មក​រក​ព្រះយេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​លោកគ្រូ! រួច​ក៏ថើប​ព្រះអង្គ។ 50 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ! ធ្វើអ្វីដែលអ្នកចង់​ធ្វើ​ទៅ​ចុះ»។ ពេល​នោះ បណ្ដាជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។ 51 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះយេស៊ូ បាន​ហូត​ដាវចេញមក​កាប់​អ្នក​បម្រើរបស់​លោក​មហា​បូជាចារ្យ ដាច់​ស្លឹក​ត្រចៀក។ 52 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​។ 53 តើអ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរករ​ព្រះបិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់ពីរ​កងពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬអី? 54 បើ​ធ្វើ​ដូច្នោះ តើធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នេះទៅ»? 55 ពេល​នោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ថា៖ «អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ ដូចជាមកចាប់ចោរអញ្ចឹង? ខ្ញុំ​​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ 56 ប៉ុន្តែហេតុការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យបាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី»។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​រត់ចោល​ព្រះអង្គ​អស់​ទៅ។ 57 ពួកអ្នកដែលចាប់​ព្រះយេស៊ូ​ នាំគ្នា​បណ្ដើរ​ព្រះអង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាសជា​មហា​បូជាចារ្យ។ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ ជួបជុំ​គ្នា​នៅ​ទី​នោះ។ 58 ប៉ុន្តែ​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជាចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះវិហារ រងចង់មើល​ហេតុការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។ 59 ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះយេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ 60 ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែងក្លាយ​ក៏​ដោយ ក៏​គេ​រក​មិនឃើញកំហុសព្រះអង្គដែរ។ តែមាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក 61 ពោល​ថា៖ «អ្នក​នេះ​បាន​អះអាង​ថា ខ្ញុំ​អាច​រុះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ»។ 62 លោក​មហា​បូជាចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ តើអ្នកឆ្លើយយ៉ាងម៉េចចំពោះ​អ្នក​ចោទ​ប្រកាន់​អ្នក​ទាំង​នេះ? 63 ប៉ុន្តែព្រះយេស៊ូ​នៅ​ស្ងៀម លោក​មហា​បូជាចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ ចូរបញ្ជាអ្នក​នាមព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ តើ​អ្នក​ពិត​ជា​ព្រះគ្រិស្ដ ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ? 64 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​និយាយអ៊ីចឹង ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព ហើយ​នឹង​យាង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។ 65 ពេល​នោះ លោក​មហា​បូជាចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​! តើយើង​នៅរក​សាក្សីទៀត​ធ្វើអី? មើល៍ អស់​លោក​បានឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​អំបាញ់​មិញ​ស្រាប់។ 66 តើ​អស់​លោក​គិត​យ៉ាង​ណាដែរ?» ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!» 67 ក្រោយមកគេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ ហើយគេ​វាយ​តប់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះអង្គ 68 ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះគ្រិស្ដ​អើយ អ្នក​ណា​វាយ​ព្រះអង្គ?» 69 ពេល​នោះ ​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា ហើយមាន​ស្ត្រី​បម្រើ​របស់​មហា​បូជាចារ្យ​ម្នាក់​ចូល​មក​ជិត​គាត់ និយាយថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»។ 70 ប៉ុន្តែ គាត់​ប្រកែក​ថានៅមុខពួកគេថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ 71 ពេល​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​និយាយ​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​ដែរ»។ 72 លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី​ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» 73 បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្តី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលីឡេ​មែន»។ 74 ​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «គាត់ចាប់ផ្តើមស្បថថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ» ភ្លាម​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង 75 ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​មិន​ស្គាល់​ខ្ញុំបី​ដង»។ បន្ទាប់មក​​ ​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោចផ្សា។


ជំពូក 27

1 លុះពេលព្រឹក​បានមកដល់ ពួក​នាយក​បូជាចារ្យ និង​ព្រឹទ្ធា​ចារ្យរបស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេចចិត្ត​ធ្វើ​គុត​ព្រះយេស៊ូ។ 2 ពួកគេ​​ចង​ព្រះអង្គ ហើយបញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសាភិបាល។ 3 កាល​យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះយេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោកស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាមសិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​វិញ 4 ហើយ​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បានក្បត់មនុស្ស​ឥត​ទោស​ទៅឲ្យ​គេ​បង្ហូរ​ឈាម»។ ប៉ុន្តែពួក​គេ​ឆ្លើយ​ថា៖«តើរឿង​នេះ​មាន​ទាក់ទង​អ្វី​នឹង​យើង​ទៅ? ជា​រឿង​របស់​អ្នក​ទេ​តើ»។ 5 បន្តាប់មកយូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះវិហារហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួនទៅ។ 6 ពួក​នាយក​បូជាចារ្យបាន​រើស​ប្រាក់​នោះ ហើយ​ពោល​ថា៖ «គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​វាជា​ប្រាក់​បង់​ថ្លៃ​ឈាម»​។ 7 ពួកគេបាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការរបស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។ 8 ព្រោះហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​បង្ហូរឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃនេះ។ 9 ហេតុការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី​យេរេមាមក​ថា៖ «គេ​បាន​យក​ប្រាក់​សាមសិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ 10 ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចំការ​របស់​ជាង​ស្មូន ដូច​ព្រះអម្ចាស់​បង្គាប់​មក​ខ្ញុំ​»។ 11 ឥឡួវនេះព្រះយេស៊ូ ឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា​ភិបាល​ ​លោក​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេចរបស់​យូដា​មែន​ឬ?» ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ត្រូវដូចលោក​​មាន​ប្រសាសន៍​ហើយ»។ 12 ប៉ុន្តែពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ តែ​ព្រះអង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ 13 បន្ទាប់មកលោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើអ្នក​មិន​ឮការ​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ»? 14 ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់ណា​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា​ភិបាល​ងឿងឆ្ងល់​ជា​ខ្លាំង។ 15 ពេលនោះជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ទេសា​ភិបាល​តែងតែ​ដោះលែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដាជន។ 16 នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​​បារ៉ាបាស។ 17 កាល​បណ្ដាជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា? ដោះ​លែង​​បារ៉ាបាស ឬ​យេស៊ូ​ហៅ​ព្រះគ្រិស្ដ?» 18 លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះយេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។ 19 នៅ​ពេល​ដែល​លោក​ពីឡាត អង្គុយ​នៅ​លើ​វេទិកា​កាត់​ក្ដី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាបថា៖ «កុំ​ឡូកឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ ដ្បិតតែ​រឿង​បុរស​នេះ ខ្ញុំ​យល់សប្ដិ​អាក្រក់​ណាស់»។ 20 ពេលនោះពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធា​ចារ្យ​នាំ​គ្នា​ញុះញង់​បណ្ដាជន ឲ្យសុំ​ដោះ​លែង​បារ៉ាបាស និង​សុំឲ្យ​ប្រហារ​ជីវិត​ព្រះយេស៊ូ។ 21 លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?» ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។ 22 លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះគ្រិស្ដ​នេះ?» ពួកគេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ!» 23 បន្ទាប់មកលោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​គាត់ទៅ​ឆ្កាង​ទៅ»។ 24 ដោយ​លោក​ពីឡាត​ឃើញ​ថា មិនអាចធ្វើអ្វីលើសពីនេះទៀត ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលាចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដាជន ហើយ​ពោល​ថា៖ «ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ»។ 25 ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ នឹងទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ»។ 26 បន្ទាប់មក លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស រីឯ​ព្រះយេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យគេ​ឆ្កាង។ 27 បន្ទាប់​មក ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅទីធ្លាបន្ទាយ ហើយប្រមូលទាហានមកចោមរោមព្រះអង្គ។ 28 ពួកគេដោះព្រះពស្រ្តរបស់ព្រះអង្គចេញ ហើយពាក់អាវធំពណ៌ក្រហមទុំឲ្យព្រះអង្គវិញ 29 ពួកគេធ្វើមកុដពីបន្លាមកពាក់លើព្រះសិរសាព្រះអង្គ ហើយយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្តាំព្រះអង្គ ហើយពួកគេលុតជង្គុងចុះ ទាំងពោលពាក្យចំអកព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដាអើយ!» 30 ពួកបានគេស្តោះទឹកមាត់ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ 31 ក្រោយ​ពី​បាន​ប្រមាថ​មើលងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​ព្រះអង្គនាំ​យក​ទៅ​ឆ្កាង។ 32 ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។ 33 លុះ​ពួកគេមក​ដល់​កន្លែង​មួយ​ឈ្មោះ គាល់កូថា ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល»។ 34 គេ​យក​ស្រា​ទំពាំងបាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ឲ្យ​ព្រះអង្គ​សោយ ប៉ុន្តែព្រះយេស៊ូ​ក្រេប​បន្តិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។ 35 ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា 36 រួចហើយពួកគេ​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។ 37 គេ​បាន​សរសេរ​ប្រកាសដាក់ខាងលើព្រះសិរសារបស់ព្រះអង្គ អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា៖ «អ្នក​នេះគឺយេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា»។ 38 ពួកគេ​បាន​ឆ្កាង​ចោរ​​ពីរ​នាក់​ជា​មួយ​និងព្រះយេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។ 39 មនុស្សម្នា​ដែលដើរ​កាត់​តាម​នោះ នាំគ្នាប្រមាថ​មើលងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ 40 ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះវិហារ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​មើល! បើ​អ្នក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មកមើល៍!» 41 ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​និយាយ​ថា៖ 42 «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ។ គាត់​ជា​ស្ដេច​អ៊ីស្រាអែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឲ្យយើង​ជឿ​ផង។ 43 គាត់​បាន​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ ទុក​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ បើ​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​គាត់​មែន។ ដ្បិត​គាត់​ពោល​ថា៖ «ខ្ញុំ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ 44 សូម្បី​តែ​ចោរ​​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ​ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។ 45 ផែនដី​ទាំង​មូល​ងងឹត​សូន្យចាប់​ពី​ម៉ោងប្រាំមួយ រហូត​ដល់​ម៉ោង​ប្រាំបួន។ 46 ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះយេស៊ូ​ស្រែក​​ខ្លាំងៗ​ថា៖ «អេលី» អេលី​ឡាម៉ាសាបាច់ថានី? ដែល​មាន​ន័យ​ថា «ឱ​ព្រះជាម្ចាស់ ជាព្រះនៃ​ទូលបង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?» 47 ពេលអ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ ក៏​និយាយ​ថា៖ «គាត់​កំពុងហៅ​លោក​អេលីយ៉ា»។ 48 ភ្លាម​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារ៉ាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហើយហុច​ថ្វាយ​ព្រះអង្គ​សោយ។ 49 អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?» 50 បន្ទាប់មកព្រះយេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ 51 ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះវិហារ ក៏​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា។ 52 ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាកសព​ប្រជាជន​ដ៏វិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ។ 53 ពួកគេក៏​ចេញ​ពី​ផ្នូរ ក្រោយ​ពេល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ គេបាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។ 54 កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះយេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុការណ៍​ដែលបាន​កើត​ឡើង​ដូច្នេះ គេ​មានការភ័យជា​ខ្លាំង ហើយ​ពោល​ថា៖ លោក​នេះ ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន! 55 មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បំរើ​ព្រះយេស៊ូ តាំង​ពី​ស្រុក​កាលីឡេ​មក។ 56 ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​។ 57 លុះ​ដល់​ល្ងាចចូលមកដល់ មានអ្នកមាន​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អើរីម៉ាថេ មក​ដល់ គាត់​ក៏​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ។ 58 គាត់​បាន​​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ ក្រោយមកលោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះសព​មក​គាត់។ 59 លោក​យ៉ូសែប​យក​ព្រះសព​មក​រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី 60 រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក​ចេញ​ទៅ។ 61 នាង​ម៉ារី​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។ 62 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក ពួក​នាយក​បូជាចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត 63 គេជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា បី​ថ្ងៃ​ក្រោយ​ពីបានខ្ញុំ​ស្លាប់ នោះខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។ 64 ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ 65 លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។ 66 ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យនៅ​យាម​ផង។


ជំពូក 28

1 ក្រោយ​ថ្ងៃ​សប្ប័ទ គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នាង​ម៉ារី​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។ 2 ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតារបស់​ព្រះអម្ចាស់ ចុះ​ពី​ស្ថាន​បរមសុខ​មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។ 3 ទេវតា​នោះ​មាន​ទ្រង់ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ ហើយ​មាន​សម្លៀកបំពាក់​ស​ដូច​សំឡី។ 4 ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។ 5 ទេវតា​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗ មក​រក​ព្រះយេស៊ូ ​ដែល​គេ​បាន​ឆ្កាង។ 6 ព្រះអង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះអង្គ​រស់​ឡើង​វិញហើយ ដូច​ទ្រង់​មាន​ព្រះបន្ទូល​រួច​មក​ហើយ។ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះអង្គ​ឯណេះ​សិន។ 7 ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ជា​ប្រញាប់ ថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​ព្រះអង្គ​យាង ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះអង្គ»។ 8 ស្ត្រី​ទាំង​នោះ​ប្រញាប់ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យផង​ទាំង​អរផង ហើយរត់យកដំណឹង​នេះ​រត់​ទៅ​ជម្រាបប្រាប់​ពួក​សិស្ស។ 9 ពេល​នោះ ព្រះយេស៊ូ​យាង​មក​ជួប​ពួក​នាង ដោយ​មាន​ព្រះបន្ទូល​ថា៖ «ជម្រាបសួរ​នាង!» នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះបាទា ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។ 10 បន្ទាប់មកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំឲ្យ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។ 11 កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​ក៏នាំ​គ្នា​ចូល​ទៅ​ទីក្រុង ជម្រាប​ពួក​នាយក​បូជាចារ្យ អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។ 12 ពេលនោះពួក​នាយក​បូជាចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នា ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន 13 ទាំង​ប្រាប់​ថាត្រូវ​និយាយ​ថាពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់»។ 14 ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសាភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស។ 15 ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់ រឿង​នេះ​ក៏​លេច​ឮ​សុសសាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។ 16 សិស្សទាំង​ដប់​មួយ​រូប នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។ 17 កាល​គេ​បាន​ឃើញ​ព្រះអង្គ គេ​ក្រាប​ថ្វាយបង្គំ ប៉ុន្តែមាន​អ្នក​ខ្លះ​នៅមានការ​សង្ស័យនៅឡើយ។ 18 ព្រះយេស៊ូ​យាង​ចូល​មក​ជិតពួក​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «គ្រប់ទាំងអំណាច ទាំង​នៅ​ស្ថាន​បរមសុខ ទាំង​នៅ​លើ​ផែនដីបានប្រគល់មកខ្ញុំហើយ។ 19 ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹកឲ្យគេ ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 20 ចូរ​បង្រៀន​គេ​ឲ្យ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


Book: Mark

Mark

ជំពូក 1

1 នេះជាដំណើរចាប់ផ្តើមអំពីដំណឹងល្អរបស់ព្រះយេស៊ូគ្រិស្ត ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ 2 ដូចបានកត់ត្រានៅក្នុងកណ្ឌគម្ពីរអេសាយដែលជាព្យាការីថា៖ «មើល៍ យើងបានចាត់អ្នកនាំសារមកចំពោះមុខអ្នករាល់គ្នា គឺជាម្នាក់ដែលនឹងរៀបចំផ្លូវសម្រាប់អ្នក។ 3 មានសំឡេង​របស់បុរស​ម្នាក់​ស្រែក​នៅ​ទី​រហោ‌ស្ថានថា៖ «ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះ‌អម្ចាស់ និង​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គចុះ»។ 4 លោក​យ៉ូហាន​បានមកដើម្បីធ្វើការជ្រមុជទឹក នៅ​ទីរហោ‌ស្ថាន ហើយ​បង្រៀនអំពី​ពិធី​ជ្រមុជ​ទឹក និងអំពីការប្រែចិត្ត ដើម្បីទទួលការលើកលែងទោស​ឲ្យ​រួច​ពី​បាប។ 5 អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ ពួកគេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យពួក​គេ​ក្នុង​ទន្លេ​យ័រដាន់។ 6 លោក​យ៉ូហាន​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​ហូបកណ្ដូប និង​ទឹក​ឃ្មុំ។ 7 គាត់បានប្រកាសថា៖ «ម្នាក់ដែលនឹងមកតាមក្រោយខ្ញុំ​ គឺជាអ្នកដែលមានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមសូម្បីឱនចុះ ដើម្បីស្រាយខ្សែស្បែកជើងថ្វាយព្រះអង្គផង។ 8 ខ្ញុំបានជ្រមុជអ្នករាល់គ្នាដោយទឹក តែព្រះជាម្ចាស់នឹងជ្រមុជអ្នកទាំងអស់គ្នា ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធវិញ»។ 9 ការនេះបានកើតឡើង ក្នុងពេលដែលព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកពី​លោក​យ៉ូហានក្នុង​ទន្លេ​យ័រដាន់។ 10 នៅពេល​ព្រះអង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ព្រះអង្គ​ទត​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប។ 11 មាន​សម្លេងចេញ​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើងពេញ​ចិត្ត ​និង​ព្រះអង្គ​ណាស់»។ 12 ក្រោយមក ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូ​ទៅ​ទីរហោ‌ស្ថាន។ 13 ព្រះអង្គ​គង់​នៅ​ទី​រហោ‌ស្ថាន​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ ដើម្បីឲ្យ​​សាតាំងបាន​ល្បួង។ ព្រះអង្គ​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​ក៏មាន​ពួក​ទេវតាបានបម្រើ​ព្រះអង្គ​ដែរ។ 14 ក្រោយពេល លោកយ៉ូហានត្រូវបានចាប់ខ្លួន ព្រះយេស៊ូបានយាងចូលទៅស្រុកកាលីឡេប្រកាសពីដំណឹងល្អរបស់ព្រះជាម្ចាស់ 15 ដោយមានបន្ទូលថា៖ «វេលាកំណត់បានមកដល់ហើយ ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏នៅជិតបង្កើយដែរ។ ចូរប្រែចិត្ត ហើយជឿនៅលើដំណឹងល្អចុះ»។ 16 នៅពេលព្រះយេស៊ូកំពុងយាងតាមសមុទ្រកាលីឡេ នោះព្រះអង្គបានទតឃើញលោកស៊ីម៉ូន និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់ដែលកំពុង​តែ​បង់​សំណាញ់ទៅក្នុងសមុទ្រ ដ្បិត ពួកគេជា​អ្នក​នេសាទ​ត្រី។ 17 ព្រះយេស៊ូបានមានបន្តូលទៅកាន់ពួកគេថា៖ «ចូរមក ហើយដើរតាមខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកជាអ្នកនេសាទមនុស្សវិញ»។ 18 ហើយរំពេចនោះ ពួកគេក៏លះចោលសំណាញ់ ហើយដើរតាមព្រះយេស៊ូទៅ។ 19 គ្រាដែលព្រះយេស៊ូបានយាងឆ្ងាយពីទីនោះបន្តិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និង​លោក​យ៉ូហានដែលត្រូវជា​ប្អូនរបស់គាត់ ពួកគេនៅក្នុងទូកកំពុង​តែ​ជួសជុល​អួន​ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេ‌ដេ។ 20 ព្រះអង្គបានត្រាស់ហៅពួកគេ ពេលនោះពួកគេក៏លាចេញ ពី​ឪពុក ​លោក​សេបេ‌ដេ ​ឲ្យ​នៅ​ក្នុង​ទូក​ជា​មួយ​ពួក​កូន​ឈ្នួល។ 21 បន្ទាប់មក នៅ​​ថ្ងៃ​សប្ប័ទ ពួកគេបាន​ចូល​ក្រុង​កាពើ‌ណិម ហើយព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន។ 22 ពួកគេមានការងឿង‌ឆ្ងល់​នឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិត ព្រះអង្គ​​បង្រៀនពេញដោយ​អំណាច និងមិនដូចជាការបង្រៀនរបស់​ពួក​អាចារ្យទេ។ 23 នៅពេលនោះ មានបុរសម្នាក់ដែលនៅក្នុងសាលាប្រជុំរបស់ពួកគេ មានវិញ្ញាណ​អាក្រក់​នៅស្រែក​ឡើង​ខ្លាំង 24 ដោយនិយាយថា៖ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? តើព្រះអង្គ​មក​បំផ្លាញ​យើងមែនទេ? ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ។ ព្រះអង្គ​ជា​ព្រះ​ដ៏បរិសុទ្ធដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ 25 ព្រះយេស៊ូបានបង្គាប់ទៅវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «ស្ងៀម ហើយចេញ​ពី​អ្នក​នេះ​ភ្លាម» 26 វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ចុះ ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។ 27 មនុស្សគ្រប់គ្នាមានការអស្ចារ្យ ដូច្នេះពួកគេបានសួរគ្នាទៅវិញទៅមកថា៖ «តើការនេះគឺជាអ្វី? ជាការបង្រៀនថ្មី ជាមួយនឹងសិទ្ធិអំណាច? លោកបានបញ្ជាវិញ្ញាណអាក្រក់ ហើយវាស្តាប់បង្គាប់លោកទៀត 28 ដំណឹងអំពីព្រះយេស៊ូបានឮទៅដល់គ្រប់ទីកន្លែង ឮរហូតដល់តំបន់សំខាន់ៗរបស់ស្រុកកាលីឡេទៀតផង។ 29 ក្រោយចេញពីសាលាប្រជុំមក ពួកគេមកឯផ្ទះរបស់លោក​ស៊ីម៉ូន និងលោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហានក៏​ទៅ​ជា​មួយ​ដែរ។ 30 ខណៈនោះម្តាយក្មេករបស់លោកសីុម៉ូនបានដេកឈឺជាមួយអាការក្តៅខ្លួន ហើយពួកសិស្សបានមកប្រាប់ព្រះយេស៊ូអំពីជំងឺរបស់គាត់។ 31 ព្រះអង្គបាន​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​គាត់បានចាប់ផ្តើមបម្រើ​ពួកគេ។ 32 នៅល្ងាចនោះ បន្ទាប់ពីថ្ងៃ​លិច ពួកគេ​បាននាំ​អ្នក​ជំងឺ និង​អ្នកដែលអារក្ស​ចូល​ទាំង​អស់មក​រក​ព្រះ‌យេស៊ូ។ 33 អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​។ 34 ព្រះអង្គបាន​ប្រោស​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា​ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ស្គាល់​ព្រះអង្គ។ 35 ព្រះ‌យេស៊ូ​តើន​ឡើង នៅពេលព្រឹកព្រលឹម កាល​ដែលងងឹត​នៅ​ឡើយ ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ដោយឡែក ហើយ​អធិស្ឋាន​នៅ​ទី​នោះ។ 36 លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។ 37 ក្រោយពេលដែលពួកគេរកព្រះអង្គឃើញហើយ គេ​ទូល​ថា៖ «គ្រប់គ្នាបាន​ស្វែង​រក​លោក​គ្រូ»។ 38 ព្រះ‌យេស៊ូបាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ផ្សេង​ទៀតដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អនៅ​ទី​នោះ​ដែរ ដ្បិត ​ខ្ញុំ​បាន​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។ 39 ព្រះអង្គបាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អនៅ​តាម​សាលា​ប្រជុំទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​​ផង។ 40 មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះអង្គ គាត់​លុត​ជង្គង់ចុះ ហើយទូលទៅព្រះអង្គ​ថា៖ «​បើ​លោក​មិន​យល់​ទាស់ទេ​ សូម​ប្រោស​ខ្ញុំ​​ឲ្យ​ជា​ស្អាត​​ផង»។ 41 ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដល់គាត់ ព្រះអង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​​ចុះ»។ 42 ខណៈនោះ ជំងឺឃ្លង់​ក៏បាន​ជា​ ហើយគាត់បានស្អាត​ឡើងវិញ​ភ្លាម។ 43 ព្រះ‌យេស៊ូបានដាស់តឿនដល់​គាត់​ហើយចាត់ឲ្យ​ចេញ​ទៅ​។ ព្រះអង្គមាន​ព្រះ‌បន្ទូល​ថា៖ 44 «ចូរកុំ​និយាយ​ពីការ​នេះ​ប្រាប់​ឲ្យ​នរណា​ផ្សេង​ឡើយ តែចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ រួច​ថ្វាយ​តង្វាយ ដូច​ដែលលោក​ម៉ូសេបាន​បង្គាប់​ទុក ដើម្បី​ជា​ទីបន្ទាល់បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​​មែន»។ 45 ប៉ុន្តែ បុរស​នោះបាន​ចេញ​ទៅ ហើយ​ចាប់់ផ្តើមប្រាប់​រឿង​នេះដល់គ្រប់គ្នា​នៅ​គ្រប់​កន្លែង​ឲ្យ​បាន​ដឹង ការនេះធ្វើឲ្យព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុងណាមួយដូច​ពី​មុន​ទៀត​ឡើយ។ ដូច្នេះ ​ព្រះអង្គ​គង់​នៅ​កន្លែង​ស្ងាត់ដោយឡែក ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​រក​ព្រះអង្គ។


ជំពូក 2

1 បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ក្រុង​កាពើ‌ណិម​វិញ ហើយ​អ្នក​ស្រុក​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ក្នុង​ផ្ទះ។ 2 ដូច្នេះ មានមនុស្សជាច្រើនបានមកជួបជុំគ្នា ហើយនៅទីនោះគ្មានកន្លែងទំនេរ សូម្បីតែនៅមាត់ទ្វារផ្ទះ ហើយព្រះយេស៊ូក៏ថ្លែងព្រះបន្ទូលទៅកាន់ពួកគេ។ 3 មាន​បុរសខ្លះ​ បានចូលមករកព្រះអង្គ ​គឺជាអ្នកនាំមនុស្ស​ខ្វិន​ដៃ ខ្វិន​ជើង​ម្នាក់ មានបុរសបួនអ្នកបានសែងគាត់មករកព្រះអង្គ។ 4 នៅពេលពួកគេមិនអាចចូលទៅជិតព្រះអង្គ ដោយសារមនុស្សច្រើនពេក ដូច្នេះ គេ​ក៏​ចោះ​ដំបូល​ផ្ទះ​ចំ​ពី​លើ​កន្លែង​ដែល​ព្រះយេស៊ូគង់នៅ ហើយពួកគេបាន​សម្រូត​មនុស្ស​ខ្វិន​នៅ​លើ​គ្រែ​ស្នែង ចុះ​តាម​ប្រឡោះ​នោះមក។ 5 ការឃើញពី​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះយេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «កូន​អើយ អំពើបាបរបស់អ្នកបានអត់ទោស​ហើយ»។ 6 ពួក​អាចារ្យ​ខ្លះ​ដែល​អង្គុយ​នៅ​ទី​នោះ បានរិះគិត​ក្នុង​ចិត្ត​ថា៖ 7 «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​​ និយាយ​ពាក្យ​បែប​នេះ? អ្នកនេះកំពុងតែប្រមាថ​ព្រះ‌ជាម្ចាស់ហើយ ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ តើ​នរណា​អាច​អត់‌ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប​បាន?»។ 8 ក្នុងខណៈនោះ ព្រះយេស៊ូជ្រាបនៅក្នុងវិញ្ញាណ អំពីអ្វីដែលពួកអាចារ្យកំពុងគិតក្នុងចំណោមពួកគេ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នកកំពុងគិតបែបនេះនៅក្នុងចិត្ត? 9 បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ» ឬ​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ» តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង»?។ 10 ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​លើ​ផែនដី​នេះ ឲ្យរួច​ពី​បាប​បាន» ព្រះអង្គ​មានបន្ទូលទៅកាន់អ្នក​ខ្វិនថា៖ 11 «ចូរ​ក្រោក​ឡើង យក​គ្រែ​​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ»។ 12 មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ ​និងស្នែង​របស់​ខ្លួន ហើយដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ដូច្នេះ​ ពួកគេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​បានលើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​និយាយ​ថា៖ «យើង​មិន​ដែល​ឃើញ​ការ‌អស្ចារ្យ​ណា​មួយ​ដូច​ពេល​នេះ​ឡើយ»។ 13 ព្រះយេស៊ូបានយាងទៅតាម​ឆ្នេរ​សមុទ្រម្តងទៀត ហើយហ្វូងមនុស្សទាំងនោះ ក៏មករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ 14 កាល​ព្រះអង្គ​យាង​កាត់​តាម​នោះ ព្រះអង្គ​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា​៖ «សូមមក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ហើយដើរ​តាម​ព្រះអង្គ​។ 15 ព្រះ‌យេស៊ូ​សោយ​អាហារ ​នៅក្នុង​ផ្ទះ​លោក​លេវី ហើយមាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះអង្គ និង​ពួក​សិស្ស ដោយមានមនុស្ស​ច្រើន​នាក់​ណាស់ បាន​មក​តាម​ព្រះអង្គ។ 16 ពេលពួក​អាចារ្យ​ ដែលជាគណៈ​ផារី‌ស៊ី ឃើញ​ព្រះ‌យេស៊ូ​សោយអាហារ ​ជា​មួយ​មនុស្សមានបាប ហើយនិងអ្នកទារពន្ធ​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាបដូច្នេះ?»។ 17 កាលព្រះយេស៊ូបានឮពីការនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអ្នកឈឺប៉ុណ្ណោះដែលត្រូវការគ្រូពេទ្យ។ ខ្ញុំមិនបានមករកមនុស្សសុចរិតទេ ប៉ុន្តែមករកមនុស្សដែលមានបាបវិញ»។ 18 ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ីនាំ​គ្នា​តម​អាហារ។ មានអ្នកខ្លះមក​ទូលសួរ​ព្រះ‌យេស៊ូថា៖​ «តើហេតុអ្វីបានជា សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី តម​អាហារ ប៉ុន្តែ សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ 19 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កម្លោះនៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​ឡើយ។ 20 ប៉ុន្តែវ ថ្ងៃនោះនឹងមកដល់ នៅពេលដែលកូនកម្លោះត្រូវចាកចេញពីពួកគេ អ៊ីចឹងនៅក្នុងថ្ងៃទាំងនោះពួកសិស្សរបស់ខ្ញុំ នឹងតមអាហារដែរ។ 21 មិន​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។ 22 គ្មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ ស្រា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​នោះ​ធ្លាយ បណ្ដាល​ឲ្យ​ខូច​ទាំង​ស្រា ទាំង​ថង់​ស្បែក​ជា​មិន​ខាន។ ផ្ទុយទៅវិញ ត្រូវ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី»។ 23 នៅ​ថ្ងៃមួយ​​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ ពួកសិស្ស​របស់​ព្រះអង្គ​ចាប់ផ្តើមនាំ​គ្នា​ដើរ​បណ្ដើរ បូត​កួរ​ស្រូវ​បណ្ដើរ។ 24 ពួក​​គណៈ​ផារី‌ស៊ី ​ទូល​ព្រះ‌យេស៊ូ​ថា៖ «មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ក្នុងថ្ងៃ​សប្ប័ទ​ដូច្នេះ?»។ 25 ព្រះអង្គបានឆ្លើយតបទៅគេវិញថា៖ «តើអ្នកមិនដែលអាន​អំពីអ្វីដែលព្រះ‌បាទ​ដាវីឌបាន​ប្រព្រឹត្ត នៅ​ពេល​ដែលទ្រង់ និងទាហានរបស់ព្រះអង្គមាន​ត្រូវ​ការ​ និងឃ្លានអាហារ​ 26 ព្រះ‌បាទ​ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ដែលលោក​អបៀ‌ថើរ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ ហើយយក​នំប៉័ង​ដែល​បាន​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​ មក​បរិភោគ ការធ្វើបែបនេះគឺខុសនឹងច្បាប់ សម្រាប់អ្នកដែលបរិភោគ លើកលែងតែបូជាចារ្យតែប៉ុណ្ណោះ លោកក៏ឲ្យនំប័ុងទៅពួកទាហានហូបដែរ តើមិនខុសទេឬ?»។ 27 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទសម្រាប់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស សម្រាប់​ថ្ងៃ​សប្ប័ទ​ឡើយ។ 28 ហេតុ​នេះ​ហើយ​​បុត្រ​មនុស្សជាព្រះអម្ចាស់ ហើយក៏ជាម្ចាស់​លើ​ថ្ងៃ​សប្ប័ទដែរ»។


ជំពូក 3

1 ព្រះយេស៊ូបានយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅក្នុងទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង។ 2 មានអ្នកខ្លះខំសម្លឹងមើលព្រះអង្គយ៉ាងយកចិត្តទុកដាក់ ថាតើព្រះយេស៊ូប្រោសគាត់ឲ្យជានៅក្នុងថ្ងៃសប័្បទឬយ៉ាងណា បើដូច្នោះមែន ពួកគេនឹងចោទប្រកាន់ព្រះអង្គ។ 3 ព្រះយេស៊ូមានបន្ទូលទៅនឹងបុរសដែលមានស្វិដៃម្ខាងនោះថា៖ «ចូលក្រោកឈរឡើង ហើយឈរនៅទីនេះនៅក្នុងចំណោមមនុស្សគ្រប់គ្នាចុះ»។ 4 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅមនុស្សទាំងនោះថា៖ «តើមានច្បាប់ក្នុងការធ្វើការល្អ ឬក៏ជាការអាក្រក់នៅថ្ងៃសាប្ប័ទ? ត្រូវជួយសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែអ្នកទាំងនោះបានស្ងៀម។ 5 ព្រះ‌យេស៊ូ​បានទតជុំវិញមើលទៅពួកគេ ទាំងមាន​ព្រះ‌ហឫទ័យពិរោធ ហើយ​ព្រះអង្គព្រួយព្រះហឫទ័យដោយសារពួក​គេ​មាន​ចិត្ត​រឹង‌រូស ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​ម្ខាងនោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​។ 6 ពួក​ខាង​គណៈ​ផារី‌ស៊ី​ចេញ​ពី​សាលា​ប្រជុំ ហើយ​ទៅ​ពិគ្រោះ​ជា​មួយ​បក្ស​ពួក​ស្ដេច​ហេរ៉ូដ​ភ្លាម ដើម្បី​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ 7 ក្រោយមក ព្រះយេស៊ូជាមួយសិស្សរបស់ព្រអង្គ ចេញទៅឯសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនដើរតាមព្រះអង្ គអ្នកទាំងនោះមកពីស្រុកកាលីឡេ និងពីស្រុកយូដា 8 ហើយពីក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម ហើយពួកអ្នកជិត​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូនផងដែរ។ នៅពេលពួកគេបានឮអំពីអ្វីបានធ្វើ ដូច្នេះហើយ មានបណ្តាជនជាច្រើនមករកព្រះអង្គ។ 9 ព្រះអង្គបានប្រាប់ដល់ពួកសិស្សរបស់ព្រះអង្គរៀបចំទូកតូចមួយឲ្យហើយសម្រាប់ព្រះអង្គ ពីព្រោះបណ្តាជនច្រើនពេក ក្រែងពួកគេ​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះអង្គ។ 10 ដ្បិត ព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ដូច្នេះហើយ ​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ។ 11 ហើយនៅពេលវិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ ពួកវា​ក៏ដួលចុះនៅចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ 12 ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​ហាមពួក​​វាយ៉ាងម៉ឺងម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។ 13 ព្រះយេស៊ូបាន​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ ហើយ​ពួកគេ​ក៏​បានចូល​មក​រក​ព្រះអង្គ។ 14 ព្រះអង្គ​ជ្រើសរើសដប់ពីរ (ជាអ្នកដែលព្រះអង្គហៅថា​សាវ័ក)​ ដើម្បីឲ្យពួក​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ 15 ទាំង​ឲ្យ​ពួកគេ​មាន​អំណាច​ដេញ​អារក្ស​​ផងដែរ។ 16 បន្ទាប់ពីនោះ ព្រះអង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​នាក់នោះ គឺ​លោកស៊ីម៉ូន​ដែល​ព្រះអង្គ​ដាក់​ឈ្មោះ​ថា៖ «ពេត្រុស» 17 លោកយ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​លោកយ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា «បោន‌អ៊ើកេ» ប្រែ​ថា «អ្នក​ដែល​មាន​កូននៃ​ផ្គរ‌លាន់» 18 ហើយលោកអនទ្រេ លោកភីលីព លោកបារថូ‌ឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ លោកថាដេ លោកស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម 19 និង​លោកយូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ 20 កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជនបានមកជួប‌ជុំ​គ្នា​​ម្តងទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ និង​ពួក​សិស្សមិនអាច​ហូប​នំប័ុងបាន។ 21 ពេលគ្រួសាររបស់​ព្រះអង្គ​បានឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់ព្រះអង្គយក​ទៅ​វិញ ព្រោះ​ពួកគេ​ថា៖ «ព្រះអង្គ​វង្វេង​ស្មារតី​ហើយ»។ 22 ពួក​អាចារ្យដែល​បាន​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន ទើបគាត់​អាច​ដេញ​អារក្សបាន​»។ 23 ព្រះយេស៊ូបានហៅពួកគេមកឯព្រះអង្គ ហើយប្រាប់ពួកគេជាការបៀបធៀបថា «តើសាតាំងដេញសាតាំងបានដូចម្តេច? 24 ប្រសិន​បើ​ នៅ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​បានឡើយ។ 25 ប្រើសិនបើ នៅក្នុងផ្ទះមានការទាស់ទែងគ្នានោះ ផ្ទះនោះនឹងមិនអាចស្ថិតស្ថេរបានឡើយ។ 26 ប្រសិន​បើ ​សាតាំងវា​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​​ឡើយ គឺ​វា​មុខ​ជា​ដល់ពេលបញ្ចាប់មិនខាន។ 27 គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​របស់បាន។ 28 ខ្ញុំប្រាប់អ្នកជាប្រាកដថា បាបរបស់កូនមនុស្សទាំងអស់នឹងត្រូវអត់ទោសឲ្យ ព្រមទាំង​​ពាក្យ​ប្រមាថ​ដែលពួកគេនិយាយផង 29 ប៉ុន្តែ អ្នកណាដែលប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធនឹងមិនអាចលើកលែងទោសឲ្យឡើយ ដ្បិតជាកំហុសនៃបាបដ៏នូវ​អស់‌កល្ប​ជានិច្ច»។ 30 ព្រះយេស៊ូមានបន្ទូលបែបនេះ ដោយព្រោះពួកអាចារ្យបាននិយាយថា៖ «នៅក្នុងព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន»។ 31 បន្ទាប់មក មាតា និងប្អូនៗប្រុសរបស់ព្រះអង្គ បានមកហើយឈរនៅខាងក្រៅផ្ទះ។ ហើយ​បានចាត់​គេ​ឲ្យ​ចូល​មក​ហៅ​ព្រះអង្គ។ 32 បណ្តាជនដែលអង្គុយជុំវិញព្រះអង្គ ពួកគេទូលព្រះអង្គថា៖ «មាតាហើយ និងប្អូនៗប្រុសរបស់ព្រះអង្គមករកព្រះអង្គ ពួកគេនៅខាងក្រៅផ្ទះឯណោះ»។ 33 ព្រះអង្គបានឆ្លើយទៅពួកគេថា៖ «តើនរណាទៅជាបងប្អូនរបស់ខ្ញុំពិត?» 34 ព្រះអង្គទតមើលអស់អ្នកដែលអង្គុយនៅជុំវិញហើយមានបន្ទូលថា៖ «ឃើញទេ អ្នកទាំងអស់គ្នាហើយ គឺជាមាតា និងប្អូនៗប្រុសរបស់ខ្ញុំ! 35 ដ្បិត អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងមាតារបស់ខ្ញុំ»។


ជំពូក 4

1 ម្តងទៀត ព្រះយេស៊ូចាប់ផ្តើមបង្រៀននៅក្បែរសមុទ្រ ហើយបណ្តាជនយ៉ាងច្រើនកុះករនៅជុំវិញព្រះអង្គ។ ព្រះអង្គឈានទៅក្នុងទូកដែលនៅលើទឹកសមុទ្រ ហើយព្រះអង្គក៏គង់ចុះនៅលើទូកនោះ។​ បណ្តាជនទាំងអស់ក៏ឈរនៅលើឆ្នេរសមុទ្រ។ 2 ព្រះយេស៊ូបានបង្រៀនដល់ពួកគេដោយពាក្យប្រៀបធៀបជាច្រើន នៅក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គ នេះគឺជាអ្វីដែលព្រះបានមានបន្ទូលដល់ពួកគេ។ 3 «ចូរស្តាប់ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់។ 4 នៅពេលគាត់បានព្រោះគ្រាប់ពូជនោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបមកចឹកសីុអស់ទៅ។ 5 ហើយមានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើថ្ម ជាកន្លែងដែលមិនសូវមានដី។ គ្រាប់ពូជទាំងនោះក៏ដុះឡើងភ្លាម​ ដោយព្រោះតែគ្រាប់ពូជទាំងនោះមិនដីច្រើនទេ។ 6 ប៉ុន្តែ នៅពេលពន្លឺថ្ងៃរៈឡើង គ្រាប់ពូជនោះក៏ក្រៀមស្វិតអស់ ដោយព្រោះវាគ្មានឫសជ្រៅនៅក្នុងដី។ 7 និងគ្រាប់ពូជខ្លះទៀតធ្លាក់នៅក្នុងបន្លា។ ពេលបន្លាដុះឡើងខ្ទប់គ្រាប់ពូជទាំងនោះ ដែលធ្វើឲ្យគ្រាប់ពូជនោះមិនអាចបង្កើតផលបានឡើយ។ 8 មានគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅក្នុងដីល្អ ហើយវាក៏បង្កើតផលផ្លែដែលធំឡើង និងរីកចម្រើន គ្រាប់ពូជខ្លះបង្កើតបានពីមួយទៅជាសាមសិប ខ្លះទៀតពីមួយទៅជាហុកសិប ហើយនិងខ្លះទៀតពីមួយទៅជាមួយរយ»។ 9 បន្ទាប់មក ព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលមានត្រចៀកស្តាប់​ ចូលស្តាប់ចុះ!» 10 នៅពេលព្រះយេស៊ូនៅតែម្នាក់ឯង ពួកអ្នកដែលជិតដិតជាមួយព្រះអង្គ ហើយនិងពួកសាវកបានទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបទាំងនោះ។ 11 ព្រះអង្គបានមានបន្ទូលទៅពួកគេថា៖ «ព្រះអង្គប្រទាំងដល់អ្នករាល់គ្នាដឹងពីសេចក្តីលាក់កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ។ ប៉ុន្តែសម្រាប់អស់អ្នកដែលនៅខាងក្រៅវិញ ព្រះអង្គនឹងមានបន្ទូលជាពាក្យបៀបធៀបវិញ 12 ទោះបីពួកគេមើល ពិតណាស់គឺមើល ប៉ុន្តែមើលមិនអាចឃើញទេ ហើយនៅពេលពួកគេស្តាប់ ពិតណាត់ពួកគេស្តាប់ ប៉ុន្តែពួកគេស្តាប់មិនអាចយល់ទេ ប៉ុន្តែ ប្រិសិនបើ ពួកគេប្រែចិត្តវិញ ព្រះជាម្ចាស់នឹងអត់ទោសឲ្យពួកគេ»។ 13 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «តើអ្នក​រាល់​គ្នា​មិន​យល់​ពាក្យប្រៀបធៀបនេះ​មែនទេ? បើដូច្នោះមែន ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពីពាក្យប្រៀបធៀបឯ​ទៀតៗ​បាន? 14 កសិករដែល​ព្រោះ​គ្រាប់ពូជរបស់គាត់គឺជាអ្នកដែលព្រោះ​ព្រះ‌បន្ទូលដែរ។ 15 មនុស្សខ្លះបៀបដូចជាផ្លូវ ដែលមានព្រះបន្ទូលបានព្រោះ​ធ្លាក់ទៅលើ​ផ្លូវ ប៉ុន្តែ នៅពេលគាត់​បាន​ឮ​ព្រះ‌បន្ទូល​ហើយ សាតាំងក៏​មក​ហើយឆក់​យក​ព្រះ‌បន្ទូលដែល​បាន​ព្រោះ​លើពួកគេ​ទៅបាត់ភ្លាម។ 16 មនុស្ស​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ថ្ម​ក៏​ដូច្នោះ​ដែរ កាល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ភ្លាម​ដោយ​អំណរ។ 17 ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូលឲ្យ​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ទេ គឺ​គេ​ជាប់​នឹងគេតែ​មួយ‌ភ្លែតប៉ុណ្ណោះ។ នៅពេលមាន​ទុក្ខ​វេទនា ឬ​ការបៀត‌បៀន​មកដល់ ដោយព្រោះ​តែ​ព្រះ‌បន្ទូល ពួកគេ​រវាតចិត្តភ្លាម។ 18 មនុស្ស​ផ្សេងទៀត បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា។ គេ​បាន​ឮ​ព្រះ‌បន្ទូល​ដែរ 19 ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​លោកីយ៍ ចិត្ត​មិនស្មោះត្រង់ហើយ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នាលើអ្វី​ផ្សេងរឹបរួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន។ 20 រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែលមាន​ជី‌ជាតិ​ល្អ កាល​បាន​ឮព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក និង​​បង្កើតផលផ្លែ​ ​មួយជា​សាម‌សិប មួយ​​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយជា​មួយ‌រយ»។ 21 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកយកចង្កៀងនៅក្នុងផ្ទះហើយដាក់នៅក្រោមធុងមែនទេ? ឬយកទៅដាក់នៅក្រោមគ្រែមែនទេ? ប៉ុន្តែ អ្នកនឹងយកវាទៅក្នុងផ្ទះហើយដាក់វានៅលើជើងចង្កៀងវិញ។ 22 ដិ្បត គ្មានអ្វីបិតបាំង ដែលមិនអាចបើកឲ្យដឹងបាននោះទេ ហើយក៏គ្មានអ្វីជាការសម្ងាត់ដែលមិនអាចបើកចំហបាននោះដែរ។ 23 ប្រសិនបើ អ្នកណាមានត្រចៀកស្តាប់ សូមឲ្យអ្នកនោះស្តាប់ចុះ!»។ 24 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បានឮ​នេះ​ឲ្យ​មែន​ទែន ព្រះ‌អង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ព្រះអង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នាផង 25 ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ដែរ»។ 26 ហើយព្រះអង្គក៏បានមានបន្ទូលទៀតថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ គឺដូចបុរសម្នាក់ដែលព្រោះគ្រាប់ពូជទៅលើដី។ 27 ហើយអ្នកនោះដេកនៅពេលយប់​ និងក្រោកនៅពេលថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ក៏មិនង​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ដែរ។ 28 ដ្បិត ​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក​ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​ផ្លែ។ 29 លុះ​ផ្លែនោះ​ទុំ ភ្លាមៗគេក៏​យក​កណ្ដៀវ​មក​ច្រូត ដ្បិត ​ដល់​រដូវ​ចម្រូត​ហើយ»។ 30 ព្រះអង្គមានបន្ទូលម្តងទៀតថា៖ «តើយើងអាចប្រៀបធៀបព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វី ឬ តើយើងប្រៀបធៀបទៅនឹងអ្វី ដើម្បីអាចពន្យល់ពីការនេះ? 31 ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។ 32 តែពេល​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មកពីអាកាស ​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។ 33 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូលបៀបធៀប​ទាំង​នេះទៅកាន់ពួកគេ ជាច្រើនគឺងាយឲ្យពួកគេ​យល់​បាន។ 34 ហើយព្រះអង្គ​តែងតែ​មាន​ព្រះ‌បន្ទូលជាពាក្យប្រៀបធៀបទៅកាន់បណ្តាជន ប៉ុន្តែ ពេល​នៅព្រះអង្គនៅដោយ​ឡែក​ពី​បណ្ដា‌ជន ព្រះអង្គ​ពន្យល់​ការទាំង​អស់នោះ​​ដល់ពួក​សិស្សរបស់ព្រះអង្គផ្ទាល់។ 35 នៅថ្ងៃនោះ ពេលរសៀលចូលមកដល់ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាងទៀត»។ 36 ដូច្នេះ ពួក​សិស្សបាន​ចេញ​ពី​បណ្ដា‌ជន ហើយទៅជាមួយ​ព្រះ‌យេស៊ូ​ ព្រះអង្គបានគង់​នៅ​ក្នុងទូក​នោះជាមួយនឹងពួកគេ។ក៏មាន​ទូក​ផ្សេងទៀតទៅ​ជា​មួយព្រះអង្គ​ដែរ។ 37 ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក ដូច្នេះហើយ បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរពេញ។ 38 ប៉ុន្តែ​ ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​បានដាស់​ព្រះអង្គ​ ហើយទូលទៅព្រះអង្គថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ លោក​មិន​បារម្ភទេ​ឬ?»។ 39 ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​បង្គាប់ទៅខ្យល់​ព្យុះ និងមានបន្ទូលទៅកាន់សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!» ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។ 40 បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យខ្លាចដូច្នេះ​? អ្នក​រាល់​គ្នាគ្មានជំនឿ​ទេ​ឬ?»។ 41 ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​គាត់ដូច្នេះ?»។


ជំពូក 5

1 ពួកគេបានឆ្លងទៅត្រើយម្ខាងនៃសមុទ្រ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​។ 2 នៅពេលព្រះយេស៊ូកំពុងឈានជើងចេញពីទូក រំពេចនោះស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអាក្រ់ ដែលចេញពីផ្នូរបានមករកព្រះអង្គ។ 3 បុរសម្នាក់បានរស់ក្នុងផ្នូរខ្មោច គ្មានអ្នកណាអាចចាប់ចងគាត់បានឡើយ ទោះដាក់ច្រវាក់ក៏មិនជាប់ដែរ។ 4 ពួកគេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។ 5 គាត់នៅតាមភ្នំ និងផ្នូរខ្មោច ជារៀងរាល់យប់ និងថៃ្ង ហើយគាត់ចេះតែស្រែក ព្រមទាំងយកថ្មមកអារដៃរបស់ខ្លួនឯង។ 6 នៅពេលដែលគាត់ឃើញព្រះយេស៊ូពីចម្ងាយ ក៏រត់រកព្រះអង្គ ហើយក្រាបចុះនៅចំពោះព្រះអង្គ។ 7 គាត់បានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដ៏ខ្ពង់‌ខ្ពស់​បំផុតអើយ តើឲ្យទូលបង្គំធ្វើអ្វីជាមួយព្រះអង្គ? ទូលបង្គំ​សុំ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើទារុណកម្ម​ទូលបង្គំ​អី»។ 8 នោះ ព្រះអង្គក៏បានមានបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចេញពីបុរសនេះភ្លាម!»។ 9 ព្រះអង្គបានសួរវាថា «តើឯងឈ្មោះអី?» វាក៏ទូលឆ្លើយជាមួយព្រះអង្គថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​យើង​មាន​គ្នា​ច្រើន»។ 10 វា​បានទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះឡើយ។ 11 គ្រានោះ មាន​ជ្រូក​មួយ​ហ្វូង​ធំដែល​កំពុង​រក​ស៊ី​នៅ​តាម​ជម្រាល​ភ្នំ។ 12 ហើយពួកវាបានអង្វរព្រះអង្គថា៖ «សូមបញ្ជូនពួកយើងទៅក្នុងហ្វូងជ្រូកទាំងនោះទៅ សូមឲ្យពួកយើងចូលទៅក្នុងហ្វូងជ្រូកទៅ»។ 13 ព្រះ‌អង្គ​ក៏អនុញ្ញាត ពេលនោះពួកវិញ្ញាណអាក្រក់ក៏ចេញ ហើយចូលទៅក្នុងហ្វូងជ្រូកនោះ ពួកវាក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ ហើយជ្រូកទាំងអស់នោះប្រហែលពីរពាន់ក្បាល បានលង់ទឹកអស់ទៅ។ 14 ក្រោយមក ពួក​អ្នក​ចិញ្ចឹម​ជ្រូក ក៏​យក​រឿង​នេះ​រត់​ទៅរក​​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ ហើយរាយការណ៍ពីអ្វីដែលបានកើតឡើង មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ ដូច្នេះហើយ អ្នកទាំងនោះក៏នាំគ្នាទៅមើលអំពីអ្វីដែលបានកើតឡើង។ 15 បន្ទាប់មក ពួកគេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយនៅទីនោះ ទាំងមាន​សម្លៀក‌បំពាក់ ហើយ​មានស្មារតីល្អ នោះពួក​គេ​មានការភ័យខ្លាចជាខ្លាំង។ 16 អស់​អ្នក​ដែល​បាន​ឃើញ​អ្វីដែលបានកើតឡើងជាមួយបុរសដែលមានអារក្សចូល បានប្រាប់​គេ​អំពី​ហេតុ‌ការណ៍នោះយ៉ាងក្បោះក្បាយ ហើយពួកគេក៏បានប្រាប់ពួកគេពីហ្វូងជ្រូកដែរ។ 17 ក្រោយមកពួកគេក៏ចាប់ផ្តើមសុំឲ្យព្រះអង្គចាកចេញពីស្រុករបស់ពួកគេ។ 18 ពេលដែលព្រះយេស៊ូកំពុងចុះទូក បុរសដែលអារក្សចូលនោះក៏សុំរួមដំណើរជាមួយព្រះអង្គដែរ។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យគាត់ទៅទេ 19 តែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះ និងគ្រួសាររបស់អ្នក ហើយប្រាប់ពួកគេអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងពីសេចក្តីមេត្តាដែលព្រះអង្គផ្តល់ដល់អ្នកចុះ»។ 20 ហើយបុរសនោះក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសពីការអស្ចារ្យដែលព្រះយេស៊ូបានធ្វើសម្រាប់ខ្លួន នៅក្នុងស្រុកដេកា‌ប៉ូល ហើយពួកគេគ្រប់គ្នាមានការកោត​ស្ញប់‌ស្ញែងជាខ្លាំង។ 21 លើកនេះ នៅពេលព្រះយេស៊ូឆ្លងតាមទូកទៅត្រើយម្ខាងវិញ មានបណ្តាលជនជាច្រើនកុះករបានជួបជុំគ្នានៅជុំវិញព្រះអង្គ ដូចពេលដែលព្រះអង្គនៅសមុទ្រកាលីឡេដែរ។ 22 បន្ទាប់មកមានអ្នកដឹកនាំម្នាក់នៃសាលាប្រជុំ លោកមានឈ្មោះថា យ៉ៃរូសបានឃើញព្រះអង្គ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះអង្គ។ 23 គាត់បានទូលសូមម្តងហើយម្តងទៀត ដោយនិយាយថា៖ «កូនស្រីតូចរបស់ទូលបង្គំជិតស្លាប់ហើយ។ ទូលបង្គំសូមអង្វរព្រះអង្គ សូមយាងទៅដាក់ព្រះហស្តលើនាង ដើម្បីឲ្យនាងមានជីវិត ហើយបានជាសះស្បើយផងដែរ»។ 24 ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់ ក៏មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះអង្គ​ទៅដែរ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះអង្គ។ 25 ខណៈនោះ មានម្នាក់ដែលធ្លាក់ឈាមអស់ដប់ពីរឆ្នាំ។ 26 នាងបានរស់នៅក្នុងការឈឺចាប់ និងចំណាយអស់ទ្រព្យសម្បតិ្តដែលនាងទៅលើគ្រូពេទ្យជាច្រើន ប៉ុន្តែ ជំងឺនោះមិនបានប្រសើរឡើងឡើយ តែកាន់តែធ្ងន់ជាងមុនទៀត។ 27 ពេលនាង​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ហើយពាល់​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ពី​ខាង​ក្រោយ។ 28 ដោយនាងបាននិយាយថា៖ «បើ​ខ្ញុំ​គ្រាន់បាន​ពាល់​អាវ​របស់​លោក ខ្ញុំ​នឹងបានជា»។ 29 ក្រោយពេលនាងបានពាល់ព្រះអង្គ ឈាមក៏ឈប់ធ្លាក់ភ្លាម រំពេចនោះនាងដឹងមានអារម្មណ៍ថា រូបកាយរបស់នាងបានជាសះស្បើយរោគនោះ។ 30 ភ្លាមៗនោះ ព្រះយេស៊ូជ្រាបថា មាន​ឫទ្ធា‌នុភាពហូរ​ចេញ​ពី​ព្រះអង្គ។ ព្រះយេស៊ូ បែររកមើលជុំវិញក្នុងបណ្តាជនទាំងនោះដោយបន្ទូលថា៖ «តើអ្នកណាបានពាល់អាវរបស់ខ្ញុំ?» 31 ពួកសិស្សបានទូលតបទៅព្រះអង្គថា៖ «លោកគ្រូមានមនុស្សច្រើនណាស់ប្រជ្រៀតគ្នានៅជុំវិញលោកគ្រូ តែលោកគ្រូសួរថា៖ «តើនរណាពាល់ខ្ញុំ?» 32 ប៉ុន្តែ ព្រះយេស៊ូនៅតែទតមើលជុំវិញនោះថាតើនរណាបានពាល់ព្រះអង្គ។ 33 ស្រ្តីនោះ ដឹងពីអ្វីដែលបានកើតឡើងក្នុងនាង ហើយនាងក៏ភ័យរន្ធត់។ ស្រ្តីនោះក៏ចេញមកហើយក្រាបនៅចំពោះព្រះយេស៊ូ ដោយនិយាយប្រាប់ព្រះអង្គពីសេចក្តីពិត។ 34 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានឲ្យបានបានជាហើយ។ ចូរទៅដោយសុខសាន្ត ហើយបានជាពីជំងឺនេះចុះ»។ 35 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រីរបស់​លោក​ស្លាប់​ហើយ។ ហេតុ​អីក៏​នៅ​រំខាន​លោក​គ្រូ​ទៀត?»។ 36 ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី! គ្រាន់​តែ​ជឿចុះ​​បាន​ហើយ!»។ 37 ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ដែលជា​ប្អូន​របស់លោក​យ៉ាកុប​។ 38 កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូសដែលជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។ 39 ក្រោយពេល ព្រះយេស៊ូចូលដល់ក្នុងផ្ទះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាកើតទុក្ខ ហើយទ្រហោយំដូច្នេះ? នាងមិនស្លាប់ទេ គ្រាន់តែដេកលក់ប៉ុណ្ណោះ»។ 40 ពួកគេបានសើចចំអកដាក់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូបានដេញពួកនោះទៅខាងក្រៅ ហើយយកឪពុកម្តាយ និងសិស្សនៅជាមួយព្រះអង្គ ទ្រង់បានយាងទៅកន្លែងដែលក្មេងស្រីនោះដេក។ 41 ព្រះអង្គបាន​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​មាន​ព្រះ‌បន្ទូលទៅនាង​ថា៖ «តាលី‌ថា‌គូមី!» ដែលអាចបកប្រែ​ថា «នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង»។ 42 រំពេចនោះ ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​ (ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ)។ ខណៈនោះ ធ្វើឲ្យពួកគេ​ងឿង‌ឆ្ងល់​ដ៏លើសលុប ទៅនឹងការអស្ចារ្យនោះ 43 ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ពួក​គេមិន​ត្រូវ​ប្រាប់​​រឿង​នេះ​ដល់នរណាឡើយ។ បន្ទាប់​មក ព្រះអង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។


ជំពូក 6

1 ព្រះយេស៊ូបានយាងចេញពីទីនោះត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គវិញ ហើយពួកសាវក​ក៏បានទៅតាមព្រះអង្គដែរ។​ 2 នៅថ្ងៃសប្ប័ទមកដល់ ព្រះអង្គបានបង្រៀន​ បណ្ដាជននៅក្នុងសាលាប្រជុំ។ មានមនុស្សជាច្រើនបានស្តាប់ព្រះអង្គបង្រៀន ហើយពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំង។ ពួកគេបាននិយាយថា៖ «តើគាត់បានសេចក្ដីបង្រៀនទាំងនេះមកពីណា?» «តើប្រាជ្ញាអ្វីដែលបានប្រទានឲ្យគាត់?» «តើគាត់អាចធ្វើការអស្ចារ្យទាំងអស់នេះបានដោយរបៀបណា?»​ 3 «តើគាត់មិនមែនជាកូនជាងឈើ ដែលត្រូវជាកូនប្រុសរបស់នាងម៉ារី ហើយត្រូវជាបងប្រុសរបស់លោកយ៉ាកុប លោកយ៉ូសែប លោកយូដាស​ និងលោកសុីម៉ូនទេឬអី?» «​តើបងប្អូនស្រីរបស់គាត់មិនបានរស់នៅក្នុងភូមិជាមួយយើងទេឬអី?» ពួកគេបានរវាតចិត្តដោយសារព្រះយេស៊ូ។ 4 បន្ទាប់មក ព្រះយេស៊ូបានមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ព្យាការីត្រូវបានគេគោរពនៅគ្រប់កន្លែង លើកលែងតែនៅក្នុងស្រុកកំណើត នៅក្នុងចំណោមសាច់ញាតិបងប្អូន និងនៅក្នុងផ្ទះរបស់គាត់តែប៉ុណ្ណោះ» 5 ព្រះអង្គមិនអាចធ្វើកិច្ចការអស្ចារ្យអ្វីបានទេ ទ្រង់គ្រាន់តែអាចដាក់ដៃលើអ្នកឈឺមួយចំនួន ហើយប្រោសគេឲ្យបានជាប៉ុណ្ណើ។ 6 ព្រះអង្គពិតជាមានការងឿងឆ្ងល់ចំពោះការមិនជឿរបស់ពួកគេ។ ហើយទ្រង់ក៏បានយាងចេញទៅបង្រៀននៅទៅជុំវិញ តាមភូមិនានា។ 7 ហើយទ្រង់បានហៅពួកសិស្សទាំងដប់ពីរមក ហើយឱ្យពួកគេចេញទៅពីរៗនាក់ ព្រមទាំងប្រទានអំណាចដល់ពួកគេឲ្យឈ្នះលើវិញ្ញាណអាក្រក់នានា​ 8 ហើយព្រះអង្គបានបង្គាប់ដល់ពួកគេ មិនឲ្យយកអ្វីទាំងអស់ទៅជាមួយ​សម្រាប់កាធ្វើដំណើររបស់ពួកគេឡើយ លើកលែងតែដំបង មិនត្រូវយកនំបុ័ង ថង់យាម និងមិនត្រូវយកលុយកាក់ មាសប្រាក់ជាប់នឹងខ្លួនឡើយ។ 9 ប៉ុន្តែ ត្រូវពាក់ស្បែកជើង និងមិនឲ្យពាក់អាវពីរបន្លាស់ឡើយ។ 10 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា​៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅទីនោះរហូតដល់អ្នកចេញពីទីនោះ។ 11 ប្រសិនបើ នៅទីក្រុងណាមិនទទួល ឬក៏មិនស្ដាប់អ្នក ចូរចេញពីទីនោះ ហើយរលាស់ធូរលីដីចេញពីជើងរបស់អ្នកឲ្យអស់ដើម្បីជាបន្ទាល់ទាស់នឹងពួកគេវិញ»។ 12 ពួកសិស្សបានចេញទៅ ហើយប្រកាសឲ្យមនុស្ស​ងាកបែរចេញពីបាបរបស់ពួកគេ។ 13 ពួកគេដេញវិញ្ញាណអាក្រក់ជាច្រើន ព្រមទាំងចាក់ប្រេងលាបលើអ្នកជំងឺជាច្រើន ហើយប្រោសពួកគេឲ្យបានជាសះស្បើយ។ 14 ព្រះបាទហេរ៉ូដបានឮពីកិច្ចការទាំងអស់នេះ ព្រោះព្រះនាមរបស់ព្រះយេស៊ូល្បីល្បាញ។ អ្នកខ្លះបាននិយាយថា៖ «លោកយូ៉ហានបាទីស្តបានរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការអស្ចារ្យបានយ៉ាងនេះ» 15 ហើយមានអ្នកខ្លះនិយាយថា៖ «លោកគឺជាព្យាការីអេលីយ៉ា»​ នៅមានអ្នកខ្លះនិយាយថា៖​ «លោកដូចជាព្យាការីកាលពីជំនាន់ដើម» 16 ប៉ុន្តែ នៅពេលស្ដេចហេរ៉ូដបានឮពីរឿងនេះ ទ្រង់មានបន្ទូលថា៖ «លោកនេះគឺជាយ៉ូហានដែលយើងបានបញ្ជាឲ្យគេកាត់ក្បាល ពេលនេះគាត់បានរស់ឡើងវិញ»។ 17 ស្ដេចហេរ៉ូដបានបញ្ចូនគេឲ្យចាប់លោកយ៉ូហានហើយឃុំឃាំងគាត់នៅក្នុងពន្ធធនាគារ ដោយសាតែទ្រង់ជឿតាមព្រះនាងហេរ៉ូឌាស (ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព) ដោយសាតែទ្រង់បានរៀបអភិសេកជាមួយនាង។ 18 លោកយ៉ូហានទូលទៅស្ដេចហេរ៉ូដថា៖ «ទ្រង់គ្មានសិទ្ធិក្នុងការយកមហេសីរបស់អនុជទ្រង់ធ្វើជាមហេសីឡើយ» 19 ប៉ុន្តែ ព្រះនាងហេរ៉ូដាសបានខឹងនឹងលោក ហើយចង់សម្លាប់លោក ប៉ុន្តែ ព្រះនាងសម្លាប់មិនកើត។ 20 ព្រះបាទហេរ៉ូដកោតខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថាលោកជាមនុស្សសុចរិត និងបរិសុទ្ធ ហើយទ្រង់ចង់ការពារលោក។ ស្ដេចសព្វព្រះហឫទ័យនឹងពាក្យលោកយូហានជាខ្លាំងតែទ្រង់ក៏ពិបាកព្រះហឫទ័យជាខ្លាំងដែរ។ 21 នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ស្តេចហេរ៉ូដបានមកដល់ ទ្រង់ក៏បានរៀបចំពីធីជប់លៀងអាហារពេលល្ងាចជាមួយពួកមន្រ្តី ពួកមេទ័ព​ និងពួកអ្នកដឹកនាំនៅក្នុងស្រុកកាលីឡេ។ 22 បុត្រីរបស់ព្រះនាងហេរ៉ូដាសបានចេញមករាំ នៅមុខស្ដេច​ និងភ្ញៀវរបស់គាត់ ស្ដេច ព្រមទាំងភ្ញៀវទាំងអស់ពេញចិត្តជាខ្លាំង។ ស្ដេចបានមានបន្ទូលទៅនាងថា៖ «ចូរសុំនូវអ្វីដែលនាងចង់បានចុះ យើងនឹងឲ្យទៅនាង»។ 23 ស្ដេចបានស្បថនឹងនាងថា៖ «អ្វីក្តីដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាមួយនគរពាក់កណ្តាលក៏ដោយ»។ 24 នាងបានចេញទៅក្រៅហើយសួរមាតានាងថា៖ «តើគួរឲ្យខ្ញុំម្ចាស់ទូលសុំអ្វីពីព្រះអង្គ?» មាតារបស់នាងបង្គាប់ថា៖ «ចូរសុំក្បាលរបស់យ៉ូហានបាទីស្តមក» ។ 25 នាងក៏បានប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ស្ដេចវិញ ហើយនាងក៏បានទូលទៅស្ដេចថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហានបាទីស្តដាក់នៅលើថាសឥឡូវនេះ។ 26 ស្ដេចពិតជាព្រួយព្រះទ័យជាខ្លាំង តែព្រះអង្គមិនអាចបដិសេដនូវសំណើររបស់នាងបានឡើយ ព្រោះព្រះអង្គបានស្បថនៅចំពោះមុខភ្ញៀវទាំងអស់ដែលបានចូលរួមរួចហើយ។ 27 រួចស្ដេចក៏បានបញ្ចូនទាហាន ហើយបញ្ជាឲ្យគេនាំយកក្បាលរបស់លោកយ៉ូហានមក។ ទាហានបានចេញទៅ ហើយកាត់ក្បាលរបស់លោកយ៉ូហាននៅក្នុងពន្ធធនាគា។ 28 ទាហានបាននាំយកក្បាលរបស់លោកយ៉ូហានដោយដាក់នៅលើថាស ហើយឲ្យនាង ហើយនាងក៏យកទៅថ្វាយមាតារបស់នាង។ 29 កាលពួកសិស្សរបស់លោកយ៉ូហានបានឮរឿងនេះ ពួកគេបាននាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។ 30 ពួកសាវកបានមក ហើយប្រាប់ព្រះយេស៊ូអំពីកិច្ចការទាំងអស់ដែលគេបានធ្វើ និងបានបង្រៀន។ 31 បន្ទាប់មកព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ចូរនាំគ្នារកកន្លែងស្ងាត់សម្រាកសិនចុុះ»។ មានមនុស្សបានធ្វើដំណើរចេញចូលច្រើនពេក ធ្វើឲ្យព្រះយេស៊ូ និងពួកសាវ័កពុំអាចរកពេល សូម្បីតែហូបបាយក៏មិនបានផង។ 32 ព្រះយេស៊ូ និងពួកសាវ័កបានយាងចុះទូកទៅរកកន្លែងស្ងាត់ដាច់ដោយឡែកពីបណ្ដាជន ដើម្បីសម្រាក។ 33 ប៉ុន្តែ បណ្តាជនបានឃើញពួកគេ ហើយមានមនុស្សជាច្រើនបានចំណាំពួកសិស្ស ពួកគេបានរត់ទៅទីនោះទាំងអស់គ្នា ចេញពីទីក្រុងទៅដល់មុនពួកសិស្សផង។ 34 ពេលដែលព្រះយេស៊ូ និងពួកសិស្សបានចុះទូក ទ្រង់បានឃើញបណ្ដាជនជាច្រើន ហើយទ្រង់មានសេចក្ដីអាណិតអាសូរពន់ពេកព្រោះពួកគេប្រៀបបាននឹងចៀមដែលគ្មានអ្នកគង្វាល។ ដូចនេះព្រះអង្គក៏បង្រៀនពួកគេពីរឿងជាច្រើន។ 35 នៅពេលនោះថ្ងៃកាន់តែជ្រេណាស់ទៅហើយ ពួកសាវកបាននាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ទីកន្លែងនេះស្ងាត់ ហើយថ្ងៃកាន់តែជ្រេណាស់ទៅហើយ» 36 ព្រះយេស៊ូមានបន្ទូលទៅកាន់គេថា៖ «សូមឲ្យពួកគេត្រឡប់ទៅវិញ ហើយរកទិញអាហារនៅតាមភូមិជិតៗនេះសម្រាប់ពួកគេរៀងៗខ្លួន»។ 37 ប៉ុន្តែ ព្រះយេស៊ូបានឆ្លើយ ហើយមានព្រះបន្ទូលកាន់ទៅគេវិញថា៖ «ចូរ អ្នករាល់គ្នាកឲ្យអាហារពួកគេហូបផង»។ ពួកគេបានទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួងទៅទិញនំប័ុង ហើយឲ្យពួកគេហូបមែនទេ?»។​​ 38 ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖​ «ទៅមើល មើល៍! តើអ្នករាល់គ្នាមាននំប័ុងប៉ុន្មានដុំ?»។ កាលបានដឹងហើយពួកគេទូលទៅព្រះអង្គវិញថា៖ «យើងមាននំប័ុងប្រាំដុំ និងត្រីពីកន្ទុយ»។ 39 ព្រះយេស៊ូបានបង្គាប់ឲ្យមនុស្សទាំងអស់អង្គុយចុះជាក្រុមនៅលើស្មៅ។ 40 ពួកគេបានអង្គុយចុះជាក្រុម ក្រុមខ្លះមានមួយរយនាក់ ក្រុមខ្លះមានហាសិបនាក់។ 41 ព្រះយេស៊ូបានយកនំប័ុងប្រាំដុំ និងត្រីពីរកន្ទុយមក ហើយព្រះអង្គងើបព្រះភ័ក្ត្រឡើង សសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប័ុងប្រទានឲ្យដល់ពួកសិស្សចែកបណ្ដាជនហូប។ ព្រះអង្គក៏បានប្រទានត្រីពីរកន្ទុយដល់ពួកគេដែរ។ 42 ពួកគេគ្រប់គ្នាហូបរហូតដល់ពួកគេបានឆ្អែត។ 43 ពួកសិស្សបានប្រមូលនំប័ុង និងត្រីដែលនៅសល់ដាក់បានពេញដប់ពីរល្អី។ 44 មានមនុស្សប្រុសចំនួនប្រាំពាន់នាក់ដែលបានហូបនំប័ុងនេះ។ 45 នៅរំពេចនោះព្រះយេស៊ូបានបង្គាប់ឲ្យពួកសិស្សចុះទូកឆ្លងទៅត្រើយម្ខាង ដើម្បីឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ខណៈនោះព្រះអង្គបានប្រាប់ឲ្យបណ្ដាជនត្រឡប់ទៅវិញ។ 46 កាលបណ្ដាជនបានចេញទៅអស់ហើយ ព្រះយេស៊ូបានយាងទៅលើភ្នំ ដើម្បីអធិស្ឋាន។ 47 លុះពេលយប់មកដល់ទូកបានទៅដល់កណ្ដាលសមុទ្រ ​រីឯព្រះយេស៊ូគង់នៅលើគោកតែមួយព្រះអង្គឯង។ 48 ព្រះអង្គទតឃើញពួកគេប្រឹងអ៊ុំទូកយ៉ាងលំបាក ព្រោះពួកគេអ៊ុំបញ្ច្រាសខ្យល់។ នៅពេលជិតភ្លឺព្រះអង្គបានយាងនៅលើទឹកឆ្ពោះទៅកាន់ពួកគេ ហើយព្រះអង្គធ្វើដូចជាទៅហួសពួកគេ។ 49 ប៉ុន្តែ កាលពួកសិស្សបានឃើញព្រះអង្គយាងនៅលើទឹកដូច្នេះ ពួកគេស្មានថាជាខ្មោចលង ហើយនាំគ្នាស្រែកជាខ្លាំង។ 50 ដ្បតិ ពួកគេបានឃើញព្រះអង្គហើយពួកគេមានការភ័យរន្ធត់ជាខ្លាំង។ ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖​ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!» 51 បន្ទាប់មកព្រះយេស៊ូយាងទៅលើទូកជាមួយពួកគេ ហើយខ្យល់ក៏បានស្ងប់។ 52 ពួកគេពិតជាឆ្ងល់ជាខ្លាំងពន់ពេកណាស់។ ដ្បិត ពួកគេមិនទាន់បានយល់អំពីរឿងនំប័ុងថាមានន័យយ៉ាងដូចម្តេចទេ មកពីពួកគេមានចិត្តរឹងរូស។ 53 កាលព្រះយេស៊ូ និងពួកសិស្សបានឆ្លងទៅដល់ទឹកដីនៃស្រុកគេនេសារ៉ែតហើយ ក៏ចតទូក។ 54 ពេលពួកគេចេញពីទូក​​មក មនុស្សម្នាបានស្គាល់ព្រះយេស៊ូភ្លាម 55 ហើយពួកគេបានរត់ទៅគ្រប់ច្រកល្ហកនៅក្នុងតំបន់ ហើយបានសែងអ្នកឈឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។ 56 គ្រប់ទីកន្លែងដែលព្រះយេស៊ូយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬក៏នៅតាមទីជនបទក្តី ពួកគេបាននាំអ្នកជំងឺមកតាមផ្សារ។ ពួកគេទទូចអង្វរសុំគ្រាន់តែអនុញ្ញាតឲ្យពួកគេបានប៉ះជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ហើយនៅពេលដែលពួកគេបានពាល់ព្រះអង្គ សុទ្ធតែបានជាសះស្បើយគ្រប់គ្នា។


ជំពូក 7

1 ពួកខាងគណៈផារីស៊ី និងពួកអាចារ្យដែលបានមកពីក្រុងយេរូសាឡឹម នាំគ្នាទៅជួបព្រះយេស៊ូ។ 2 ពួកគេបានឃើញពួកសិស្សរបស់ព្រះអង្គមួយចំនួនហូបអាហារដោយដៃមិនស្អាតដែលមិនបានលាងជាមុនឡើយ។ 3 ដ្បិត ពួកផារីស៊ី និងសាសន៍យូដាមិនហូបឡើយ ទាល់តែបានសម្អាតដៃជាមុនសិន ដោយសារពួកគេកាន់តាមទំនៀមទម្លាប់ពីចាស់បុរាណ។ 4 នៅពេលដែលពួកផារីស៊ីត្រឡប់មកពីផ្សារវិញ ពួកគេមិនហូបទេ ទាល់តែពួកគេបានងូតទឹកជាមុនសិន ពួកគេកាន់ខ្ជាប់នូវទំនៀមទម្លាប់ផ្សេងៗដូចជា ពិធីលាងពែង លាងឆ្នាំង លាងថូ និងតុជាដើម ជាអ្វីៗដែលត្រូវប្រើសម្រាប់ហូបអាហារ។ 5 ពួកផារីស៊ី និងពួកអាចារ្យបានទូលសួរព្រះយេស៊ូថា៖ «តើហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ ដោយនាំគ្នាហូបអាហាររបស់ពួកគេដោយដៃមិនស្អាតយ៉ាងដូច្នេះ?»។ 6 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលតបទៅពួកគេវិញថា៖​ «ព្យាការីអេសាយបានថ្លែងទុកថា៖ «អ្នករាល់គ្នាជាមនុស្សមានពុត»​។ 7 លោកបានថ្លែងថា៖ «ប្រជាជននេះគោរពយើងតែបបូរមាត់ប៉ុណ្ណោះ តែចិត្តគំនិតគេនៅឆ្ងាយពីយើងណាស់»។ 8 ដ្បិត អ្នករាល់គ្នាបានលះចោលបញ្ញតិ្តរបស់ព្រះជាម្ចាស់ ទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ។ 9 ព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាបោះបង់បទបញ្ញតិ្តរបស់ព្រះជាម្ចាស់ចោល ហើយបែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ! 10 ដ្បិត លោកម៉ូសេបានផ្តាំថា៖ «ចូរគោរពប្រតិបត្តិឪពុកម្តាយខ្លួន ហើយបើអស់អ្នកណាដែលនិយាយពាក្យអាក្រក់់ពីឪពុកម្តាយខ្លួន អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន»។ 11 ប៉ុន្តែ អ្នករាល់គ្នានិយាយថា៖ «បើអ្នករាល់គ្នានិយាយទៅកាន់ឪពុកម្តាយខ្លួននូវអ្វីៗដែលខ្ញុំអាចជួយឪពុកម្តាយបាន គឺពាក្យ គ័របាន់» «ដែលមានន័យថា ជាតង្វាយថ្វាយទៅព្រះជាម្ចាស់។ 12 នោះអ្នករាល់គ្នាមិនឲ្យគាត់ជួយឪពុកម្តាយ ក្នុងការធ្វើអ្វីទៀតសោះ។ 13 ហើយអ្នករាល់គ្នាក៏លើកព្រះបន្ទូលព្រះជាម្ចាស់ចោល ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយអ្នករាល់គ្នាក៏ធ្វើកិច្ចការផ្សេងៗទៀតដូចការនេះដែរ»។ 14 រួចព្រះអង្គបានហៅបណ្ដាជនដោយមានបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាសូមស្តាប់ខ្ញុំ ហើយឲ្យយល់ចុះ!។ 15 គ្មានអ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សអាចធ្វើឲ្យស្មោកគ្រោកទេ តែអ្វីដែលចេញមកពីខ្លួនមនុស្សទេតើដែលធ្វើឲ្យស្មោកគ្រោកវិញ»។ 16 បើអ្នកណាមានត្រចៀកស្តាប់ ចូរឲ្យស្តាប់ចុះ។ 17 កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ហើយចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គនាំគ្នាទូលសួរព្រះអង្គពីពាក្យប្រៀបធៀបនោះ។ 18 ព្រះយេស៊ូមានបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនទាន់យល់ទេឬអី? តើអ្នករាល់គ្នាមិនបានឃើញទេថា របស់អ្វីពីខាងក្រៅ ដែលចូលទៅក្នុងខ្លួនមនុស្សមិនបានធ្វើឲ្យស្មោកគ្រោកទេ 19 ដ្បិត អ្វីៗទាំងនោះមិនចូលដល់ក្នុងចិត្តទេ គឺវាចូលទៅក្នុងពោះហើយចេញមកវិញធ្លាក់ចូលទៅក្នុងបង្គន់»។ ព្រះយេស៊ូមានបន្ទូលបញ្ជាក់ប្រាប់គេថា គ្រប់ទាំងអាហារទាំងអស់សុទ្ធតែជារបស់ស្អាត។ 20 ព្រះអង្គបានមានបន្ទូលថា៖​ «គឺជាអ្វីដែលចេញពីខ្លួនមនុស្សទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ។ 21 ដ្បិត អ្វីដែលនៅខាងក្នុងមនុស្សគឺចេញពីចិត្តគេ គឺមានគំនិតស្នោកគ្រោក ដែលនាំឲ្យប្រព្រឹត្តិអំពើអាក្រក់ផ្សេងៗដូចជា អាសអាភាស លួចប្លន់ កាប់សម្លាប់គ្នា 22 អំពើកំផិតសហាយស្មន់ លោភលន់ចង់បានទ្រព្យអ្នកដទៃ កាចឃោឃៅ បោកបញ្ឆោតគេ កាមតុណ្ហា ច្រណែន មួលបង្កាច់ អំនួត និងសេចក្តីចម្កួត។ 23 សេចក្តីអាក្រក់ទាំងនេះហើយចេញពីខាងក្នុង ដែលធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»។ 24 ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះឆ្ពោះទៅក្រុងទីរ៉ុស និងក្រុងស៊ីដូន។ រួចព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ដោយទ្រង់មិនចង់ឲ្យនណារម្នាក់ដឹងថាទ្រង់គង់នៅទីនោះឡើយ តែមិនអាចលាក់ជិតបានឡើយ។ 25 ភ្លាមនោះ មានស្រី្តម្នាក់ដែលមានកូនស្រីត្រូវវិញ្ញាណអារក្សចូលបានឮគេនិយាយពីព្រះអង្គ ស្រ្តីនោះក៏មករកព្រះអង្គហើយលុតជង្គង់ក្រាមនៅទៀបព្រះបាទព្រះអង្គ។ 26 ស្រ្តីនោះជាសាសន៍ក្រិក កូនកាត់ស៊ីរ៉ុសភេនីស។ ស្រ្តីនោះទទូចអង្វរព្រះអង្គសុំឲ្យដេញវិញ្ញាណអាក្រក់នោះចេញពីកូនស្រីនាង។ 27 ព្រះអង្គមានបន្ទូលតបទៅនាងថា៖ «ចូរទុកឲ្យកូនៗហូបអាហារឆ្អែតជាមុនសិន ដ្បិត មិនគួរយកនំប៉័ងរបស់កូនទៅឲ្យឆ្កែស៊ីទេ»។ 28 ប៉ុន្តែនាងទូលព្រះអង្គថា៖ «មែនហើយព្រះអម្ចាស់ ប៉ុន្តែ ឆ្កែដែលនៅក្រោមតុនោះវាស៊ីតែកម្ទេចដែលជ្រុះពីកូនក្មេងប៉ុណ្ណោះ»។ 29 នោះព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយនាងបាននិយាយដូច្នោះហើយ ចូរនាងទៅវិញចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។ 30 ពេលនាងត្រឡប់ទៅផ្ទះវិញក៏បានដឹងថាកូននាងកំពុងតែដេកសម្រាកនៅលើគ្រែ ហើយអារក្សនោះក៏បានចេញពីកូនមែន។ 31 បន្ទាប់មក ព្រះអង្គក៏យាងចេញពីក្រុងទីរ៉ុសកាត់តាមក្រុងស៊ីដូន និងស្រុកដេកាប៉ូល ឆ្ពោះទៅកាន់សមុទ្រកាលីឡេ។ 32 មានគេនាំមនុស្សថ្លង់ម្នាក់ ដែលពិបាកនិយាយមកឯព្រះអង្គ ហើយអង្វរឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ 33 ព្រះអង្គក៏នាំគាត់ចេញពីបណ្តាជនទៅដោយឡែកពីពួកគេ ហើយព្រះអង្គក៏យកព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចបន្ទាប់ពីស្តោះទឹកព្រះឱស្ឋ ព្រះអង្គក៏ពាល់អណ្តាតគាត់។ 34 ព្រះអង្គបានងើបទតទៅលើមេឃ ហើយមានបន្ទូលថា៖ «អិបផាថា» ដែលមានន័យថា «ចូរបើកឡើង»! 35 ភ្លាមនោះត្រចៀកគាត់ក៏បានបើក អណ្តាតក៏គ្រលាស់បាន​ ហើយគាត់ក៏ចាប់ផ្តើមនិយាយយ៉ាងច្បាស់។ 36 ព្រះយេស៊ូមានព្រះបន្ទូលហាមពួកគេមិនឲ្យប្រាប់រឿងរ៉ាវដែលពួកគេបានដឹងដល់អ្នកណាម្នាក់ឡើយ ប៉ុន្តែ ពួកគេនៅតែប្រាប់រឿងរ៉ាវទាំងនោះដល់បណ្ដាជនដទៃ។ 37 ពួកគេងឿងឆ្ងល់យ៉ាងខ្លាំងហើយ និយាយថា៖ «លោកធ្វើគ្រប់កិច្ចការបានយ៉ាងល្អ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើបានស្ដាប់ឮ ហើយមនុស្សគក៏និយាយបាន»។


ជំពូក 8

1 នៅថ្ងៃនោះ បណ្ដាជនបានមកជុំគ្នាយ៉ាងច្រើនកុះករជាថ្មីម្ដងទៀត ហើយពួកគេមិនមានអ្វីហូបឡើយ។ ព្រះយេស៊ូបានហៅពួកសិស្ស ហើយមានបន្ទូលទៅគេថា៖ 2 «ខ្ញុំមានចិត្តអាណិតអាសូរចំពោះបណ្ដាជនទាំងនេះណាស់ ពួកគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃហើយ ហើយពេលនេះពួកគេគ្មានអ្វីសម្រាប់ហូបសោះ។ 3 បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញទាំងអត់អាហារដូច្នេះ ពួកគេប្រាកដជាហេវហត់តាមផ្លូវហើយ ដ្បិត មានមនុស្សខ្លះមកពីឆ្ងាយ» 4 ពួកសិស្សព្រះអង្គក៏ទូលទៅព្រះអង្គថា៖ «តើឲ្យយើងខ្ញុំទៅរកអាហារដើម្បីមកចម្អែតបណ្ដាជននៅក្នុងទីរហោស្ថានយ៉ាងនេះដូចម្តេចទៅ»? 5 ព្រះអង្គក៏តបទៅគេវិញថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកគេទូលថា៖ «មានប្រាំពីរដុំ»។ 6 ព្រះអង្គក៏បង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី។ ព្រះអង្គយកនំប៉័ងទាំងប្រាំពីរនោះមកអរព្រះគុណហើយ កាច់ឲ្យពួកសិស្ស ហើយឲ្យចែកដល់បណ្តាជន។ 7 ពួកគេក៏មានត្រីតូចៗខ្លះដែរ ហើយកាលព្រះអង្គបានអរព្រះគុណហើយ ទ្រង់ក៏បង្គាប់ឲ្យលើកទៅឲ្យគេទៀត។ 8 ពួកគេហូបឆ្អែតគ្រប់គ្នា រួ​ចគេប្រមូលបាននំប៉័ង និងត្រីដែលនៅសល់បានប្រាំពីរកន្រ្តក់។ 9 នៅគ្រានោះបណ្ដាជនទាំងអស់ប្រមាណជាបួនពាន់នាក់។ រួចព្រះអង្គបានឲ្យពួកគេត្រឡប់ទៅវិញ។ 10 រំពេចនោះស្រាប់តែព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅស្រុក ដាល់ម៉ានូថាទៅ។ 11 នោះពួកផារីស៊ីចេញមក ជជែកវែកញែកដើម្បីល្បងលព្រះអង្គ ដោយសុំឲ្យព្រះអង្គសម្តែងទីសម្គាល់ដ៏អសា្ចរ្យពីស្ថានសួគ៌ឲ្យគេបានឃើញផង។ 12 ព្រះយេស៊ូដកដង្ហើមក្នុងវិញ្ញាណរបស់ព្រះអង្គ ទាំងមានបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះចង់ឃើញតែទីសម្គាល់ដូច្នេះ? ប្រាកដណាស់ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថានឹងគ្មានទីសម្គាល់ណាបានប្រទានមកមនុស្សជំនាន់នេះឡើយ»។ 13 រួចព្រះអង្គក៏យាងចេញពីពួកគេ ហើយចុះទូកឆ្លងទៅឯត្រើយម្ខាងទៀតវិញ។ 14 ឯពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ។ ពួកគេមាននំប៉័ងតែមួយដុំប៉ុណ្ណោះនៅលើទូក។ 15 ព្រះយេស៊ូមានបន្ទូលរំលឹកដាស់តឿនពួកគេថា៖ «ចូរប្រុងប្រយ័ត្នមើល ហើយក៏ប្រយ័ត្ននឹងមេដំបែររបស់ពួកផារីស៊ី និងស្តេចហេរ៉ូដឲ្យមែនទែន»។ 16 ពួកសិស្សនាំគ្នារិះគិតពិចារណាថា៖ «នេះមកពីយើងគ្មាននំប៉័ងទេដឹង»។ 17 ព្រះយេស៊ូជ្រាបពីការនេះ នោះទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នានៅរិះគិតពីការដែលគ្មាននំប៉័ង? តើអ្នករាល់គ្នាមិនទាន់គិតឃើញ? មិនទាន់យល់ទេឬអី? តើអ្នកមានចិត្តរឹងចចេសឬ? 18 អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញឬ? អ្នករាល់គ្នាក៏មានត្រចៀកតែស្តាប់មិនឮឬ? អ្នកមិនចាំទេឬអី? 19 ពីកាលខ្ញុំបានកាច់នំប៉័ងប្រាំដុំ ចែកឲ្យមនុស្សប្រាំពាន់នាក់ ហើយពីរបៀបដែលអ្នករាល់គ្នាបានប្រមូលចំណិតដែលសល់បានប៉ុន្មានកន្ត្រក»? ពួកគេឆ្លើយថា៖​ «បានដប់ពីរ»។ 20 ហើយកាលដែលខ្ញុំបានកាច់នំប៉័ង៧ដុំ ឲ្យទៅមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលទុកបានប៉ុន្មាន? ពួកគេឆ្លើយ៖ «បានប្រាំពីរ» 21 ព្រះអង្គទូលសួរថា៖ «តើអ្នកនៅមិនយល់ទៀតមែនទេ»? 22 ព្រះយេស៊ូ និងពួកសិស្សក៏បានធ្វើដំណើរដល់ភូមិបេតសៃដា។ ពេលនោះមានគេនាំអ្នកពិកាភ្នែកមកឯងព្រះអង្គហើយសុំឲ្យព្រះអង្គពាល់គាត់។ 23 ព្រះយេស៊ូបានដឹកដៃអ្នកពិកាភ្នែកនោះចេញទៅក្រៅភូមិ។ រួចព្រះអង្គបានស្តោះព្រះឱស្ឋលើភ្នែកគាត់ ហើយដាក់ព្រះហស្តលើគាត់ ដោយសួរថា៖ «តើលោកបានឃើញអ្វីខ្លះ»? 24 គាត់ក៏បើកភ្នែកឡើងហើយនិយាយថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើអ៊ីចឹង»។ 25 រួចព្រះអង្គក៏ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ហើយពេលនោះបុរសនោះក៏បានបើកភ្នែកមើល ហើយស្រាប់តែ បានភ្លឺឡើង ហើយមើលឃើញអ្វីៗច្បាស់ទាំងអស់។ 26 ព្រះយេស៊ូបានឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយផ្តាំថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ 27 ព្រះយេស៊ូ​ និងពួកសិស្សបានចេញពីទីនោះ ឆ្ពោះទៅភូមិទាំងប៉ុន្មាននៃក្រុងសេសារា-ភីលីព។​ នៅតាមផ្លូវព្រះអង្គក៏មានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សគ្រប់គ្នាគេនាំគ្នាថាខ្ញុំជានណា»? 28 ពួកគេក៏បានតូលទៅព្រះអង្គថា៖ «ព្រះអង្គជាលោកយ៉ូហានបាទីស្ត ខ្លះថា ជាព្យាការី អេលីយ៉ា ហើយខ្លះទៀតថា ព្រះអង្គជាព្យាការីមួយរូបដែរ»។ 29 ព្រះអង្គក៏សួរពួកគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើគិតថាខ្ញុំជានណា»? នោះពេត្រុសក៏ឆ្លើយថា៖ «ព្រះអង្គជាព្រះគ្រិស្ដ» 30 ព្រះយេស៊ូក៏ហាមពួកគេមិនឲ្យប្រាប់ការនេះទៅនណាម្នាក់ឡើយ។ 31 រួ​ចព្រះអង្គក៏ចាប់ផ្តើមបង្រៀនពួកគេពីកូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយ ត្រូវពួកចាស់ទុំ នាយកបូជាចារ្យ និងពួកអាចារ្យបដិសេធ ហើយព្រះអង្គត្រូវគេធ្វើគុតទៀត តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គក៏បានមានបន្ទូលបញ្ជាក់ពីការនេះយ៉ាងច្បាស់។ 32 នោះលោកពេត្រុសក៏នាំព្រះអង្គទៅក្រៅបន្តិច ហើយជំទាស់នឹងព្រះអង្គ។ 33 ប៉ុន្តែព្រះយេស៊ូក៏បែរមកទតពួកសិស្សរបស់ព្រះអង្គផ្សេងទៀត ហើយព្រះអង្គក៏បន្ទោសលោកពេត្រុសថា៖ «សាតាំងអើយ! ថយទៅក្រោយអញទៅ ដ្បិត គំនិតឯងមិនមែនជាគំនិតដែលមកពីព្រះជាម្ចាស់ទេ តែជាគំនិតរបស់មនុស្សលោកវិញ»។ 34 រួចព្រះអង្គក៏ត្រាស់ហៅមនុស្សម្នា និងពួកសិស្សមកប្រជុំគ្នា ហើយមានបន្ទូលថា៖ «ប្រសិនបើ អ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះកាត់ចិត្តខ្លួនចោល ហើយលីឈើឆ្កាងមកតាមខ្ញុំចុះ»។ 35 ដ្បិត អ្នកណាដែលចង់បានជីវិត នោះនឹងបាត់ជីវិតទៅ ហើយបើអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អនោះនឹងបានសង្គ្រោះវិញ។ 36 ដ្បិត បើអ្នកណាបានលោកីយ៍ទាំងមូល តែបាត់ជីវិតទៅ នោះមានប្រយោជន៍អ្វីដល់អ្នកនោះ? 37 តើឲ្យមនុស្សនឹងយកអ្វីទៅដូរ ដើម្បីឲ្យបានជីវិត? 38 អស់អ្នកណាដែលមានភាពអាម៉ាស់ដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ និងមនុស្សបាបនេះ នោះកាលដែលបុត្រមនុស្សយាងមកនឹងមានសេចក្តីខ្មាសនឹងអ្នកនោះដូចគ្នាដែរ ដែលព្រះអង្គនឹងយាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា​ និងពួកទេវតាវិសុទ្ធផង»។


ជំពូក 9

1 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាដកថា នឹងមានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានឹងមិនដែរស្គាល់សេចក្តីស្លាប់ឡើយ គេនឹងឃើញព្រះរាជ្យនៃព្រះជាម្ចាស់យាងចុះមកជាមួយនឹងអំណាចព្រះចេស្តា»។ 2 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះយេស៊ូបានយកលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានទៅលើភ្នំជាមួយព្រះអង្គ ដាច់ដោយឡែកតែពួកគេ។ ក្រោយមកព្រះអង្គក៏មានរូបរាងប្លែកនៅពីមុខពួកគេ។ 3 សម្លៀកបំពាក់របស់ព្រះអង្គប្រែជាសភ្លឺចាំងយ៉ាងអស្ចារ្យ គ្មាន​មនុស្សណា​នៅ​ផែន​ដី​នេះ ​អាច​នឹងធ្វើ​ឲ្យ​សដូចជាសម្លៀកបំពាក់នោះឡើយ។​ 4 ក្រោយមក ​លោក​អេលី​យ៉ា​ និង​លោក​ម៉ូសេ​បាន​លេច​មកនៅចំពោះពួកគេ ហើយអ្នកទាំងពីរបានជជែកជាមួយព្រះយេស៊ូ។ 5 លោកពេត្រុស បានឆ្លើយដោយនិយាយទៅកាន់ព្រះយេស៊ូថា៖ «លោកគ្រូ គឺជាការល្អដែលយើងនៅទីនេះ ដូច្នេះ សូមឲ្យយើងសង់ផ្ទះបី មួយសម្រាប់លោកគ្រូ និងមួយសម្រាប់លោកម៉ូសេ ហើយ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។ 6 (ដ្បិត គាត់មិនដឹងជាត្រូវនិយាយអ្វីទេ ដោយព្រោះពួកគេកំពុងភ័យ)។ 7 ​មាន​ពពក​មួយលេច​មក​គ្រប​បាំង​ពួក​គាត់ទាំងបី។​ ក្រោយមកមាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ «នេះ​គឺជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ សូមស្ដាប់​តាម​ព្រះអង្គ​ចុះ»​។ 8 រំពេចនោះ ពេលដែលពួកគេមើលជុំវិញ គឺមិនឃើញមានអ្នកណានៅទីនោះទៀតហើយ ប៉ុន្តែគឺឃើញតែព្រះយេស៊ូមួយព្រះអង្គគត់។ 9 គ្រាដែលពួកគេចុះពីលើភ្នំមកវិញ ព្រះជាម្ចាស់បានបង្គាប់ហាមមិនឲ្យប្រាប់ការអ្វីដែលពួកគេបានឃើញដល់អ្នកណាឲ្យសោះ ដរាបដល់កូនមនុស្សបានរស់ឡើងវិញពីសេចក្តីស្លាប់សិន។ 10 ដូច្នេះ ហើយពួកគេក៏បានរក្សារឿងនោះ នៅក្នុងពួកគេ ប៉ុន្តែ ពួកគេបានជជែកគ្នានៅក្នុងចំណោមពួកគេអំពី «រស់់ចេញពីសេចក្តីស្លាប់ឡើងវិញ» មានន័យយ៉ាងម៉េច។ 11 ពួកគេទូលសួរព្រះអង្គថា៖ «ហេតុអ្វីពួកអាចារ្យនិយាយថាលោកអេលីយ៉ាត្រូវមកជាមុន»? 12 ព្រះអង្គតបទៅពួកគេថា៖ «លោកអេលីយ៉ាបានមកមុនមែន គឺដើម្បីស្តារអ្វីទាំងគ្រប់យ៉ាងឡើងវិញ។ ហេតុអ្វី​ បានជាមាន​សេចក្ដី​ចែង​ទុក​មកថា កូន​មនុស្ស​​ ត្រូវ​តែ​រង​ទុក្ខ​លំបាក​ជា​ច្រើនដង​ និង​ត្រូវ​គេ​ប្រព្រឹត្តឹដូចអ្នកគ្មានតម្លៃ? 13 ប៉ុន្ដែ ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​​ ហើយពួកគេ​បាន​ប្រព្រឹត្ដ​ចំពោះ​គាត់​តាម​តែ​ចិត្ដគេចង់​ ដូច​ដែល​មាន​ចែង​ទុក​អំពី​គាត់​»។ 14 ពេលពួកគេ​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ ហើយពួក​អាចារ្យ​នៅ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​តែប្រកែកគ្នា។ 15 ពេលពួកបណ្តាជនឃើញព្រះយេស៊ូភ្លាមក៏​អស្ចារ្យ​ ហើយពួកគេនាំគ្នា​រត់​ទៅស្វាគមន៍ព្រះអង្គ​។ 16 ព្រះអង្គក៏សួរទៅពួកសិស្សថា៖ «តើអ្នកទាំងគ្នាកំពុងប្រកែកជាមួយពួកគេអំពីរឿងអ្វី»? 17 មានម្នាក់ដែលនៅក្នុងបណ្តាជន បានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបាននាំយកកូនប្រុសមករកលោក។ គឺគាត់មានវិញ្ញាណនៅក្នុងខ្លួនដែលមិនអាចធ្វើឲ្យគាត់អាចនិយាយបាន។ 18 ​នៅ​ពេល​​វា​ចូល​កូន​ខ្ញុំ​ម្ដងៗ​ ហើយវា​ផ្ដួល​កូនខ្ញុំឲ្យដួល​ចុះ​ ធ្វើ​ឲ្យ​បែក​ពពុះ​មាត់​ សង្កៀត​ធ្មេញ​ ហើយនិង​រឹង​ខ្លួន​។​ ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​លោក​បណ្ដេញ​វា​ចេញពីកូនរបស់ខ្ញុំដែរ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បានទេ​»។ 19 ព្រះជាម្ចាស់​មាន​បន្ទូល​តប​ទៅពួក​គេ​ថា៖​ «​តំណ​មនុស្ស​ដែលគ្មាន​ជំនឿ​អើយ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត?​ តើ​ឲ្យ​ខ្ញុំអត់ទ្រាំ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណាទៀត?​ ចូរ​នាំ​ក្មេង​នោះ​មក​កាន់​ខ្ញុំចុះ»។​ 20 ពួកគេក៏នាំយកក្មេងនោះទៅរកព្រះអង្គ។ ពេលវិញ្ញាណនោះឃើញព្រះយេស៊ូ វាក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផងដែរ។ 21 ព្រះយេស៊ូបានសួរទៅកាន់ឪពុករបស់កូនថា៖ «តើការនេះបានកើតឡើងក្មេងនេះយូរប៉ុណ្ណាហើយ?» ឪពុកបានឆ្លើយថា៖ «តាំងតែពីតូចមក» 22 វាជារឿយៗធ្វើឲ្យកូនខ្ញុំដួលទៅលើភ្លើងឬទៅក្នុងទឹក ដើម្បីនឹងសម្លាប់កូនរបស់ខ្ញុំ។ ប្រសិនបើ លោកគ្រូអាចធ្វើអ្វីម៉្យាង សូមមេត្តាអាណិតយើង និងជួយពួកយើងផង»។ 23 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ លោកអាចជួយបានឬ? អ្វីៗទាំងអស់នឹងកើតឡើងសម្រាប់អ្នកណាដែលជឿ»។ 24 ភ្លាមនោះឪពុករបស់កូននោះក៏ស្រែកឡើងដោយនិយាយថា៖ «ខ្ញុំជឿហើយ សូមជួយការមិនមានជឿរបស់ខ្ញុំផង»! 25 ពេលព្រះយេស៊ូបានឃើញបណ្តាលជនកំពុងរត់ទៅរកពួកគេ នោះព្រះអង្គក៏ដេញវិញ្ញាណអាក្រក់ ដោយបន្ទូលថា៖ «វិញ្ញាណ​គថ្​លង់​ យើង​បង្គាប់​ឯង​ ចូរចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»។ 26 វា​បាន​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួចហើយ​ក៏​ចេញ​ទៅ។​ ​ក្មេងប្រុស​នោះ​មើលទៅដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​ ​មនុស្ស​ជា​ច្រើនបាន​និយាយ​ថា​៖ «គាត់​ស្លាប់​ហើយ»។ 27 ប៉ុន្តែ ព្រះយេស៊ូបានលើកគាត់ឡើងដោយព្រះហស្ត ហើយក្មេងប្រុសក៏ឈរឡើង។ 28 ពេលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្សបានសួរព្រះអង្គស្ងាត់ៗថា៖ «ហេតុអ្វីបានជាយើងមិនដេញវាចេញបាន»? 29 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «វិញ្ញាណប្រភេទនេះមិនអាចដេញបានទេ លើកលែងតែតាមរយៈពាក្យអធិស្ឋាន»។ 30 ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ ឆ្លង​កាត់​ស្រុក​កាលីឡេ។ ព្រះអង្គមិនចង់ឲ្យអ្នកណាដឹង ថាពួកគេនៅទីណានោះទេ 31 ដោយសារព្រះអង្គកំពុងតែបង្រៀនពួកសិស្ស​របស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូន​មនុស្ស​នឹងត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក។​ កាល​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញម្តងទៀត»។ 32 ប៉ុន្តែ ពួកគេមិនយល់ពីអ្វីដែលព្រះអង្គមានបន្ទូលឡើយ ហើយពួកគេក៏មិនហ៊ានសួរព្រះអង្គដែរ។ 33 ពួកគេ​ក៏​មក​ដល់​ក្រុង​កាពើណិម​។ បន្ទាប់ពីព្រះអង្គយាងចូលក្នុងផ្ទះ ព្រះអង្គសួរទៅពួកគេថា៖ «តើពួកអ្នកបានជជែកគ្នាពីអ្វីនៅតាមផ្លូវ»? 34 ប៉ុន្តែ ពួកគេនៅស្ងៀម។ ដ្បិត ពួកគេបានប្រកែកគ្នានៅតាមផ្លូវ ក្នុងចំណោមពួកគេ អំពីអ្នកណានឹងក្លាយជាធំជាងគេ។ 35 ព្រះអង្គ​ក៏​គង់ចុះ ព្រះជាម្ចាស់ក៏​ហៅ​ពួកសិស្សទាំង​ដប់​ពីរ​មក​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះនឹងទៅក្រោយគេបង្អស់ និងជាអ្នកបម្រើដល់មនុស្សគ្រប់គ្នាដែរ»​។ 36 ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​មក​ដាក់​នៅ​កណ្ដាល​ពួកគេ។ ព្រះជាម្ចាស់បានលើកក្មេងឡើង ដោយបន្ទូលថា 37 «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​ម្នាក់​​នេះ គឺ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​បានទទួល​ខ្ញុំ​ ហើយ​បើមានអ្នក​ណា​ទទួល​ខ្ញុំ​ នោះ​មិន​មែន​ទទួលតែ​ខ្ញុំ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​ 38 លោកយ៉ូហានបានទូលព្រះអង្គថា៖ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​បណ្ដេញ​អារក្ស​ក្នុង​នាម​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់ដែរ​ តែគាត់​មិន​​តាម​យើងសោះ»។ 39 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមកុំហាមគាត់អី ដ្បិត គ្មានអ្នកណាដែលនឹងធ្វើការដ៏អស្ចារ្យ នៅក្នុងឈ្មោះខ្ញុំ ហើយបន្ទាប់មក និយាយអាក្រក់ពីខ្ញុំនោះទេ។ 40 អស់អ្នកណាដែលមិនប្រឆាំងនឹងយើងគឺនៅជាមួយពួកយើងហើយ។ 41 អ្នកណាដែលឲ្យទឹកអ្នករាល់គ្នាផឹក ទឹកមួយកែវដោយសារតែអ្នកជាកម្មសិទ្ធិរបស់ព្រះគ្រិស្ត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នោះនឹងមិនបាត់រង្វន់របស់គាត់ឡើយ។ 42 ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែលជឿ​ក្នុងខ្ញុំ​ ទាំង​ឲ្យ​ជំពប់​ដួល​ វាគួរឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​កិន​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រនោះ​ប្រសើរ​ជាង​។ ប្រសិនបើ ដៃរបស់អ្នកបានធ្វើឲ្យជំពប់ សូមកាត់វាចោលចុះ។ 43 ប្រសើរជាងឲ្យ​អ្នក​នោះចូល​ទៅ​ក្នុង​ជីវិត​ ដោយ​ពិការ​តែបើមាន​ដៃ​ទាំង​ពីរ​ បែបជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដែល​មាន​ភ្លើង​មិន​ចេះ​រលត់។​ 44 ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។ 45 ប្រសិនបើ ជើងរបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមកាត់វាចេញទៅ។ គួរ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ ហើយ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។ 46 ​ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។ 47 ប្រសិនបើភ្នែករបស់អ្នកធ្វើឲ្យអ្នកជំពប់ សូមខ្វេះវាចោលចុះ។ គួរ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែក​តែ​ម្ខាង​ ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ​ ហើយ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​។ 48 គឺជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់។ 49 ដ្បិត ​មនុស្ស​គ្រប់ៗ​គ្នា ​នឹង​មាន​ជាតិ​ប្រៃ​ដោយ‌សារ​ភ្លើង។ 50 អំបិលជារបស់ល្អ ប៉ុន្ដែ ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃឡើង​វិញ​បាន? សូមឲ្យមានជាតិប្រៃនៅក្នុងចំណោមអ្នករាល់គ្នា ហើយរស់នៅជាមួយគ្នាដោយសុខសាន្តចុះ។


ជំពូក 10

1 ព្រះយេស៊ូបានចាកចេញពីទីនោះ ហើយក៏យាងទៅដល់ស្រុកយូដា ហើយនិងទៅតាមតំបន់ទន្លេយ័រដាន់ ពួកបណ្តាលជនក៏មករកព្រះអង្គម្តងទៀត។ ព្រះអង្គក៏បង្រៀនពួកគេថែមទៀត ដូចដែលព្រះអង្គធ្លាប់ធ្វើកន្លងមក។ 2 ពួក​ផារីស៊ី​បានមកដល់ព្រះអង្គដើម្បីល្បងហើយទូលសួរថា៖ «តើប្តីលែងប្រពន្ធរបស់គាត់ត្រូវច្បាប់ទេ?» 3 ព្រះអង្គក៏ឆ្លើយថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ?» 4 ពួកគេបាននិយាយថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួចហើយ​លែង​ប្រពន្ធបាន»។ 5 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្តអ្នករាល់គ្នារឹងបានជាគាត់សរសេរច្បាប់បែបនេះឲ្យអ្នករាល់គ្នា»។ 6 ប៉ុន្តែ «ព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុសជាស្រី តាំងពីដើមកំណើតនៃពិភពលោកមេ្ល៉ះ»។ 7 «ហេតុនេះហើយបានជាមនុស្សប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន 8 ហើយអ្នកទាំងពីរត្រឡប់ទៅជាសាច់តែមួយ។ ដូច្នេះ ពួកគេលែងពីរនាក់ទៀតហើយ គឺសាច់តែមួយវិញ។ 9 ដូច្នេះ​ កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»។ 10 ពេលពួកគេមកដល់ក្នុងផ្ទះ ពួកសិស្សសួរព្រះអង្គម្តងទៀតអំពីការនេះ។ 11 ព្រះអង្គមានបន្ទូលតបថា៖ «អ្នក​ណា​លែង​ប្រពន្ធ​ខ្លួន​ រួច​រៀបការ​ជាមយយ​ស្ដ្រី​ម្នាក់​ទៀត​ នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ​ហើយ។ 12 ប្រសិនបើប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​ 13 ក្រោយមក មាន​គេនាំ​ក្មេងៗ​មក​រកព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកគេ​ ប៉ុន្តែ ​ពួក​សិស្ស​បាន​ស្ដី​បន្ទោសដល់​ពួកគេ​។ 14 ប៉ុន្តែ ពេលព្រះយេស៊ូទតឃើញ ព្រះអង្គមិនគាប់ព្រះហឫទ័យនឹងពួកគេមានបន្ទូលទៅពួកគេថា៖ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​រក​ខ្ញុំ​ចុះ​ ដ្បិត ព្រះរាជ្យនៃព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​ដែរ។ 15 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យនៃព្រះជាម្ចាស់ដូចជាក្មេងៗតូចនេះទេ នឹងប្រាកដជាមិនអាចចូលក្នុងព្រះរាជ្យនៃព្រះជាម្ចាស់បានទេ»។ 16 ក្រោយមក ព្រះអង្គ​បាន​លើកពួក​ក្មេងៗមកក្នុងព្រះហស្តព្រះអង្គ​ ហើយ​ឲ្យ​ពរ​​ដល់ពួកគេ នៅពេលដែលព្រះអង្គដាក់ព្រះហស្តលើពួកគេ។​ 17 ពេលព្រះអង្គកំពុងបន្តដំណើរតាមផ្លូវ មានបុរសបានរត់មករកព្រះអង្គហើយលុតជង្គង់នៅចំពោះព្រះជាម្ចាស់ ហើយទូលថា៖ «លោកគ្រូដ៏ល្អអើយ តើធ្វើដូចម្តេច ដើម្បីឲ្យបានទទួលបានជីវិតអស់កល្បជានិច្ច»? 18 ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកហៅខ្ញុំគ្រូល្អដូច្នេះ? គ្មាននរណាល្អទេ លើកលែងតែព្រះមួយព្រះជាម្ចាស់តែមួយអង្គគត់។ 19 អ្នកបានស្គាល់ពីបញ្ញត្តិហើយ៖ មិនត្រូវសម្លាប់ឲ្យសោះ មិនត្រូវផិតក្បត់ឲ្យសោះ មិនត្រូវលួច មិនត្រូវធ្វើសាក្សីក្លែងក្លាយ មិនត្រូវកេងបន្លំ ហើយត្រូវ​គោរព​ឪពុក​ម្ដាយ​របស់​អ្នកឡើយ»។ 20 បុរសនោះឆ្លើយថា៖ «លោកគ្រូ ខ្ញុំបានស្តាប់បង្គាប់តាមបញ្ញត្តិ តាំងតែពីក្មេងមកមេ៉្លះ»។ 21 ព្រះយេស៊ូបានមើលទៅគាត់ដោយសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ការមួយទៀតដែលអ្នកមិនទាន់ធ្វើ។ អ្នកត្រូវលក់របស់ទ្រព្យសម្បត្តិទាំងអស់ហើយចែកដល់អ្នកក្រចុះ នោះអ្នកនឹងទទួលសម្បត្តិនៃស្ថានសួគ៌វិញ។ រួចហើយដើតាមខ្ញុំចុះ»។ 22 ប៉ុន្តែ ដោយព្រោះប្រយោគនេះ ធ្វើឲ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង​ ហើយចេញទៅទាំងសោកសៅ ដោយព្រោះគាត់មានសម្បតិ្តច្រើនពេក។ 23 ព្រះយេស៊ូទតមើលជុំវិញហើយមានបន្ទូលទៅកាន់ពួកសិស្សថា៖ «អ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកណាស់»! 24 ពួកសិស្សបានងឿងឆ្ងល់ជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «កូនអើយ តើអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ពិបាកយ៉ាងណាទៅ! 25 គឺសត្វ​អូដ្ឋ​ដែលចូល​តាម​ប្រហោង​ម្ជុល​ ងាយជាងដែល​អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់ទៅ​ទៀត»​។ 26 ពួកសិស្សកាន់តែងឿងឆ្ងល់ខ្លាំងឡើង ហើយក៏ជជែកគ្នាទៅវិញទៅមកថា៖ «តើអ្នកណាទៅដែលអាចបានសង្គ្រោះទៅ»? 27 ព្រះយេស៊ូទតទៅពួកគេហើយបន្ទូលថា៖ «មនុស្សមិនអាចធ្វើបានទេ ប៉ុន្តែព្រះជាម្ចាស់អាចធ្វើបាន។ ដ្បិត ព្រះជាម្ចាស់អាចធ្វើគ្រប់ការទាំងអស់បាន»។ 28 លោកពេត្រុសក៏ចាប់ផ្តើមទូលទៅព្រះអង្គថា៖ «មើល៍! ពួកយើងបានលះចោលគ្រប់យ៉ាងហើយមកតាមលោកគ្រូ»។ 29 ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានមានអ្នកណាចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬឪពុកម្តាយ ឬដីស្រែចម្ការ ដោយព្រោះខ្ញុំ និងដើម្បីដំណឹងល្អ 30 អ្នកនោះនឹងបានទទួលមួយជាមួយរយដងវិញគឺផ្ទះសម្បែង ហើយបងប្អូនប្រុសស្រី ហើយនិងឪពុកម្តាយ និងដីស្រែចម្ការនៅក្នុងលោកនេះ ជាមួយនឹងការបៀតបៀនដែលនឹងកើតឡើងក្នុងពិភពលោកខាងមុខ ហើយនិងជីវិតអស់កល្បជានិច្ច។ 31 ប៉ុន្តែ នឹងមានអ្នកខ្លះដែលមកមុន នឹងទៅជាក្រោយ ហើយអ្នកដែលក្រោយនឹងទៅជាមុន​វិញ»។ 32 ពួកគេកំពុងធ្វើដំណើនៅតាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូបានយាងទៅមុនពួកគេ។ ពួកសិស្សមានការអស្ចារ្យ ហើយនិងអ្នកដែលមកតាមក្រោយក៏មានការភ័យខ្លាច។ ក្រោយមក ព្រះយេស៊ូបាននាំពួកសិស្សទៅដោយឡែក ហើយក៏ចាប់ផ្តើមមានបន្ទូលប្រាប់អំពីអ្វីដែលនឹងត្រូវកើតឡើងមកលើព្រះអង្គនៅពេលឆាប់ៗនេះ។ 33 «មើល៍! ពួកយើងកំពុងធ្វើដំណើរទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅដល់ក្រុមនាយកបូជាចារ្យ និងពួកអាចារ្យ។ ​ពួកគេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក​ រួច​ប្រគល់​លោក​ឲ្យ​ទៅ​សាសន៍​ដទៃ។ 34 ​ពួកគេ​នឹង​ចំអក​ឲ្យ​លោក​ ស្ដោះ​ទឹក​មាត់​ដាក់​លោក​ វាយ​នឹង​ខ្សែ​តី​ រួច​សម្លាប់​លោក។​ ប៉ុន្ដែ ​បី​ថ្ងៃ​ក្រោយមក​ លោក​នឹង​រស់​ឡើង​វិញ»។​ 35 លោកយ៉ាកុប និងលោកយ៉ូហានជា​កូន​លោក​សេបេដេ​បានចូលទៅជិតព្រះអង្គហើយទូលព្រះអង្គថា៖ «លោកគ្រូ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង»​។ 36 ព្រះអង្គមានបន្ទូលតបទៅពួកគេថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នក? 37 ពួកគេបានទូលឆ្លើយថា៖ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោកគ្រូ​ផង»​។ 38 ប៉ុន្តែ ព្រះយេស៊ូបានតបទៅពួកគេថា៖ «អ្នកមិនដឹងពីអ្វីដែលពួកអ្នកកំពុងសុំនោះទេ។ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ»? 39 ពួកគេបានទូលទៅព្រះអង្គថា៖ «ពួកយើងអាចធ្វើបាន»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេ​ម្តងទៀតថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​បានទទួលដែរ។ 40 ប៉ុន្តែ សម្រាប់អ្នកដែលត្រូវអង្គុយនៅខាងស្តាំ ឬនៅខាងឆ្វេងព្រះហសត្តរបស់ព្រះអង្គនោះមិនមែនខ្ញុំទេជាអ្នកសម្រេចនោះទេ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​តែប៉ុណ្ណោះ»​។ 41 ពេលពួកសិស្សដប់អ្នកទៀតបានឮពីការនេះ គេចាប់ផ្តើមខឹងយ៉ាងខ្លាំងជាមួយនឹងលោកយ៉ាកុប ហើយនិងលោកយ៉ូហាន។ 42 ព្រះយេស៊ូបានហៅពួកគេមករកព្រះអង្គហើយមានបន្ទូលថា៖ «អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​ពួកគេ​ ហើយ​ពួក​អ្នក​ដែលមានតួនាទីធំ​របស់​គេ ​ក៏​ប្រើ​សិទ្ធិ​អំណាចគ្រប់​គ្រង​លើ​ពួកគេ​ផងដែរ​។ 43 ប៉ុន្តែ ការនេះមិនគួរមាននៅក្នុងអ្នករាល់គ្នានោះទេ។ អ្នក​ណា​ដែល​ចង់​ធ្វើ​ជាអ្នកធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់គ្នា​វិញ​ 44 ហើយ​អ្នក​ណា​ប្រាថ្នាចង់​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​​ គឺ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើដល់​មនុស្ស​គ្រប់​គ្នាវិញ។ 45 ដ្បិត កូនមនុស្សមិនបានមកដើម្បីឲ្យគេបម្រើនោះទេ ប៉ុន្តែ ដើម្បីបម្រើវិញ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង»។ 46 ពួកគេបានមកដល់ក្រុងយេរីខូរ។ គឺនៅពេលព្រះអង្គ និងពួកសិស្សព្រមទាំងបណ្តាជនជាច្រើន បានចាកចេញពីក្រុងយេរីខូរ ហើយ​មាន​អ្នក​សុំ​ទាន​ម្នាក់​ ពិការ​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​កំពុង​តែ​អង្គុយ​តាមដង​ផ្លូវ។ 47 ពេលគាត់បានឮថាព្រះយេស៊ូនៅស្រុកណាសារ៉ែត គាត់ក៏ចាប់ផ្តើមស្រែកឡើងដោយនិយាយថា៖ «ព្រះយេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ខ្ញុំ​ផង»​! 48 មានមនុស្សជាច្រើនបានស្តីបន្ទោសដល់គាត់ ដោយប្រាប់ឲ្យគាត់នៅស្ងៀម។ ប៉ុន្តែ គាត់នៅតែស្រែកខ្លាំងឡើងថា៖ «​ពូជ​ពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ខ្ញុំ​ផង»! 49 ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក!»។ ពួកគេ​ក៏បាន​ហៅ​បុរស​ពិការភ្នែកនោះ​មក ដោយនិយាយ​​ថា៖ «ចូរក្លាហាន! ហើយងើបឡើង! លោកគ្រូហៅអ្នកហើយ»។ 50 គាត់​ក៏​បោះ​អាវរបស់​គាត់​ចោល​ រួចលោត​ឡើង​ ហើយ​ក៏ចូល​មក​រក​ព្រះយេស៊ូ។​ 51 ព្រះយេស៊ូ​បាន​តប​ទៅ​គាត់ដោយមានបន្ទូល​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​ដល់អ្នក?»​ បុរស​ពិការភ្នែក​នោះបាន​ទូលថា៖​ «រ៉ាប៊ី ខ្ញុំចង់មើលឃើញ»។ 52 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «ទៅចុះ! ជំនឿបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ រំពេចនោះ គាត់ក៏បានមើលឃើញ ហើយគាត់ក៏រួមដំណើរជាមួយព្រះអង្គទៅ។


ជំពូក 11

1 ព្រះយេស៊ូ និងពួកសិស្សមកដល់ទីក្រុងយេរូសាឡិម មកជិតភូមិបេតផាសេ និងភូមិបេតថានីដែលនៅជិតភ្នំអូលីវ ហើយព្រះយេស៊ូបានបញ្ជូនសិស្សពីរនាក់របស់ទព្រះអង្គឲ្យទៅមុន 2 ដោយមានព្រះបន្ទូលទៅពួកគេថា៖ «ទៅភូមិនៅខាងមុខពួកយើង នៅពេលដែលអ្នកទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយ ដែលមិនធ្លាប់មានអ្នកណាជិះនៅឡើយទេ។​ ចូរស្រាយចំណង ហើយដឹកមកកាន់ខ្ញុំចុះ។ 3 ប្រសិនបើ មាននរណាសួរអ្នកថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?» អ្នកត្រូវឆ្លើយប្រាប់គេថា៖ «ព្រះជាម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងឲ្យគេដឹកវាមកវិញ​​»។ 4 ពួកគេបានចេញទៅ ហើយឃើញកូនលាមួយដែលចងទុកនៅឯវាលក្បែរផ្លូវ រួចពួកគេក៏ស្រាយវា។ 5 អ្នកខ្លះដែលនៅទីនោះបាននិយាយទៅកាន់ពួកគេថា «តើអ្នកកំពុងធ្វើអ្វីហ្នឹង ម្ដេចក៏អ្នកស្រាយកូនលាអ៊ីចឹង?» 6 ពួកគេបាននិយាយទៅកាន់អ្នកនោះតាមពាក្យដែលព្រះយេស៊ូបានបង្គាប់ដល់គេ ហើយពួកគេក៏ឲ្យពួកគាត់ដឹកលានោះចេញទៅ។ 7 សិស្សទាំងពីរបានដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយដោះអាវរបស់ខ្លួនក្រាលនៅលើខ្នងកូនលា ដើម្បីឲ្យព្រះយេស៊ូបាន ឡើងគង់លើកូនលានោះ។ 8 មានមនុស្សម្នាជាច្រើនបានយកអាវរបស់ខ្លួនក្រាលតាមដងផ្លូវ ហើយខ្លះទៀតយកមែកឈើដែលកាប់មកពីចំការមកក្រាលនៅលើផ្លូវផងដែរ។ 9 អស់អ្នកដែលដើរនៅពីមុខព្រះអង្គ ហើយនិងអ្នកដើរពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់ 10 សូមប្រទានពរដល់រាជ្យរបស់ព្រះបាទដាវីឌដែលកំពុងមកដល់ជាបិតារបស់យើង ហូសាណា ព្រះដ៏ខ្ពស់បំផុត»។ 11 បន្ទាប់មក ព្រះយេស៊ូយាងទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលទៅក្នុងព្រះវិហារ ហើយបានទតមើលសព្វគ្រប់ អស់ហើយ។ ពេលនោះល្ងាចណាស់ហើយព្រះអង្គក៏យាងទៅភូមិបេតថានីជាមួយនឹងសិស្សទាំងដប់ពីរនាក់វិញ។ 12 ថ្ងៃបន្ទាប់ ព្រះអង្គ និងពួកសិស្សបានត្រឡប់មកពីភូមិបេតថានីវិញ ពេលនោះព្រះអង្គក៏ឃ្លាន។ 13 ព្រះអង្គ ទតឃើញដើមឧទុម្ពរមួយដើមដែលមានស្លឹកពីចម្ងាយ ព្រះអង្គយាងទៅទតមើល ព្រះអង្គទតឃើញមានតែស្លឹកតែប៉ុណ្ណោះគ្មានផ្លែឡើយ ដ្បិត ពុំទាន់ដល់រដូវដើមឧទុម្ពរមានផ្លែនៅឡើយទេ។ 14 ព្រះអង្គក៏មានបន្ទូលទៅកាន់ ដើមឧទុម្ពរនោះថា៖ «គ្មាននរណាហូបផ្លែរបស់ឯងទៀតឡើយ»។ ពួកសិស្សរបស់ព្រះអង្គក៏បានឮព្រះបន្ទូលរបស់ព្រះអង្គដែរ។ 15 ព្រះយេស៊ូ និងពួកសិស្សបានមកដល់ក្រុងយេរូសាឡិម ព្រះអង្គក៏បានយាងចូលទៅក្នុងព្រះវិហារហើយព្រះអង្គបានដេញពួកអ្នកលក់ដូរ និងអ្នកទិញឲ្យចេញពីព្រះវិហារ។ ព្រះអង្គផ្តួលតុពួកអ្នកប្តូរប្រាក់ និងផ្តួលកៅអីរបស់អ្នកលក់ព្រាប។ 16 ព្រះអង្គមិនអនុញ្ញាតឲ្យនរណាលីសែងអីវ៉ាន់កាត់មុខព្រះវិហារឡើយ។ 17 ព្រះអង្គមានព្រះបន្ទូល និងប្រៀនប្រដៅពួកគេថា៖ «តើនៅក្នុងព្រះគម្ពីរមិនបានចែងថា៖ «ដំណាក់របស់យើងត្រូវធ្វើជាដំណាក់សម្រាប់ឲ្យសាសន៍ទាំងឡាយអធិស្ឋានទេឬអី?» ប៉ុន្តែ អ្នករាល់គ្នាបែរជាយកមកធ្វើជាសំបុកចោរទៅវិញ»។ 18 កាលនាយកបូជាចារ្យ និងពួកអាចារ្យបានឮរឿងទាំងនេះ ហើយ ពួកគេរកវិធីដើម្បីធ្វើគុតព្រះអង្គ។ ប៉ុន្តែ ពួកគេភ័យខ្លាចព្រះអង្គ ព្រោះតែបណ្តាជនទាំងអស់មានសេចក្តីអស្ចារ្យនឹងសេចក្តីបង្រៀនរបស់ព្រះអង្គណាស់។ 19 នៅពេលល្ងាចបានមកដល់ ព្រះយេស៊ូ និងពួកសិស្សក៏ចាកចេញពីទីក្រុង។ 20 នៅពេលព្រឹក ពួកគេធ្វើដំណើរតាមផ្លូវនោះ ពួកគេបានឃើញដើមឧទុម្ពរក្រៀមស្វិតតាំងពីចុងរហូតដល់ឬស។ 21 លោកពេត្រុសនឹកចាំព្រះបន្ទូលរបស់ព្រះយេស៊ូ ហើយក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមមើលដើមឧទុម្ពរដែល លោកគ្រូបានដាក់បណ្តាសានោះ វាក្រៀមស្វិតហើយ»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ 23 ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា បើអ្នកណានិយាយទៅកាន់ភ្នំនេះថា៖ «ចូរចេញទៅ ហើយទម្លាក់ខ្លួនរបស់អ្នកចូលក្នុងសមុទ្រទៅ» ហើយបើអ្នកនោះជឿនៅក្នុងចិត្តដោយឥតសង្ស័យថាព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ 24 ដោយហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន និងទូលសុំដោយចិត្តជឿ ថាអ្នកនឹងបានទទួល នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ 25 នៅពេលដែលអ្នកឈរអធិស្ឋាន ហើយបើមានទម្នាស់ជាមួយនឹងនរណាម្នាក់ នោះចូរអត់ទោសឲ្យគេទៅ ក៏ដូចជាព្រះបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខបានអត់ទោសនូវអំពើររំលងរបស់អ្នករាល់គ្នាដែរ»។ 26 «ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។ 27 ពួកគេបានចូលទៅទីក្រុងយេរូសាឡឹមម្តងទៀត។ កាលព្រះយេស៊ូកំពុងយាងចូលក្នុងព្រះវិហារ នាយកបូជាចារ្យ ពួកអាចារ្យ និងពួកចាស់ទុំបាននាំគ្នាមកជួបព្រះអង្គ។ 28 ពួកគេបានទូលទៅកាន់ព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងលើអំណាចអ្វី ហើយនរណាផ្ដល់អំណាចឲ្យលោកធ្វើការទាំងនេះ?» 29 ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសួរសំនួរដល់អ្នករាល់គ្នា ចូរប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អ្នករាល់គ្នាវិញថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វី។ 30 សូមឆ្លើយប្រាប់ខ្ញុំមក តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជ តើមកពីស្ថានបរមសុខ ឬមកពីមនុស្ស»? 31 ពួកគេក៏បានពិភាក្សា និងប្រកែកគ្នា ហើយនិយាយថា៖ «ប្រសិនបើ ពួកយើងនិយាយថា៖ «មកពីស្ថានបរមសុខ» នោះគាត់នឹងនិយាយថា៖ ​«ហេតុអ្វីបានជាអ្នករាល់គ្នាមិនព្រមជឿគាត់»? 32 ប៉ុន្តែ ប្រសិនបើ យើងនិយាយថា៖ «មនុស្សចាត់លោកឲ្យមក...» ។ ពួកគេភ័យខ្លាចមនុស្ស ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុក លោកយ៉ូហានជាព្យាការីពិតប្រាកដមែន។ 33 ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ នោះព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេវិញថា៖ «រីឯខ្ញុំវិញ ក៏មិនប្រាប់អ្នករាល់គ្នាដែរថា ខ្ញុំធ្វើការទាំងអស់នេះដោយអាងលើអំណាចអ្វីនោះ»។


ជំពូក 12

1 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេជាពាក្យប្រៀបធៀបថា​៖​​​ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ និងធ្វើរបងព័ទ្ធជុំវិញចម្ការនោះ ហើយជីករណ្តៅមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ។ គាត់បានសង់ខ្ទមមួយ ហើយក៏ប្រវាស់ឲ្យពួកកសិករមើលថែទាំ។ រួចគាត់ចាក់ចេញពីទីនោះទៅ។ 2 លុះដល់ទំពាំងបាយជូរទុំ គាត់បានចាត់អ្នកបម្រើម្នាក់ឲ្យទៅប្រមូលផលដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ 3 ប៉ុន្តែពួកគេបានចាប់អ្នកបម្រើនោះ វាយដំហើយបណ្តេញគាត់ឲ្យត្រឡប់ទៅវិញដោយដៃទទេ។ 4 ម្ចាស់ចម្ការបានចាត់អ្នកបម្រើម្នាក់ទៀតឲ្យទៅម្តងទៀត នោះពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេស្តីទៀតផង។ 5 ម្ចាស់ចម្ការបានចាត់អ្នកបម្រើផ្សេងទៀតឲ្យទៅ នោះអ្នកថែចម្ការបានសម្លាប់អ្នកបម្រើម្នាក់នោះ។ ពួកអ្នកបម្រើផ្សេងៗទៀតក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ហើយខ្លះទៀតត្រូវគេសម្លាប់។ 6 ម្ចាស់ចម្ការមានកូនប្រុសតែម្នាក់ដែលគាត់ស្រឡាញ់ខ្លាំងបំផុត គាត់បានចាត់កូនប្រុសរបស់គាត់ឲ្យទៅក្រោយគេបង្អស់ ដោយគាត់គិតថា៖​ «ពួកអ្នកថែចម្ការទាំងនោះ និងគោរពកោតខ្លាចកូនប្រុសរបស់ខ្ញុំមិនខាន» 7 ប៉ុន្តែ ពួកអ្នកថែចម្ការទាំងនោះពិភាក្សាគ្នាថា៖ «បើយើងសម្លាប់កូនប្រុសម្ចាស់ចម្ការចោល នោះមរតកទាំងនេះនឹងក្លាយជារបស់ពួកយើងជាក់ជាមិនខាន»។ 8 ពួកគេបានចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ 9 តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្តេចចំពោះពួកអ្នកថែចម្ការទាំងនោះ? គាត់នឹងទៅហើយសម្លាប់ពួកអ្នកថែចម្ការនោះចោល រួចប្រគល់ចម្ការទំពាំងបាយជូរឲ្យទៅអ្នកផ្សេងទៀតវិញ។ 10 តើអ្នករាល់គ្នាធ្លាប់បានអានអត្ថបទក្នុងព្រះគម្ពីរទេឬអី? «ថ្មដែលពួកអ្នកសាងសង់ផ្ទះបោះបង់ចោល បានធ្វើឲ្យក្លាយជាគ្រឹះយ៉ាងរឹងមាំ។ 11 ព្រះជាម្ចាស់បានធ្វើការអស្ចារ្យនេះ នៅចំពោះភ្នែករបស់យើង»។ 12 ពួកមេដឹកនាំសាសន៍យូដារកវិធីចាប់ព្រះយេស៊ូ ប៉ុន្តែ ពួកគេខ្លាច បណ្តាជនព្រោះពួកគេបានដឹងថា ព្រះបន្ទូលរបស់ព្រះអង្គជាពាក្យប្រៀបធៀបទាស់នឹងពួកគេ។ ដូច្នេះហើយ ពួកគេក៏ចេញពីព្រះយេស៊ូទៅ។ 13 គេចាត់ពួកខាងផារីសុី និងពួកខាងស្តេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូដើម្បីលបចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ 14 គេនាំគ្នាមកទូលសួរព្រះអង្គថា៖ «លោកគ្រូ បង្រៀនសុទ្ធតែសេចក្តីពិតពីព្រះជាម្ចាស់ ហើយយើងដឹងថាលោកគ្រូ ពុំយោគយល់គំនិត ហើយក៏ពុំរើសមុខនរណាឡើយ។ តើវាជាការអាក្រក់ឬទេ ក្នុងការបង់ពន្ធថ្វាយដល់ព្រះចៅអធិរាជរ៉ូម? តើយើងគួរតែថ្វាយ ឬមិនថ្វាយ?» 15 ព្រះយេស៊ូជ្រាប ពីអំពីពុតត្បុតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ល្បងលខ្ញុំដូច្នេះ? សុំយកកាក់មួយមកឲ្យខ្្ញុំមើលមើល៍»។ 16 គេក៏យកកាក់មួយមកថ្វាយព្រះយេស៊ូ។ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើកាក់នេះមានរូបដូចនរណា ឈ្មោះនរណា?» ពួកគេទូលឆ្លើយថា៖ «ឈ្មោះរបស់ស្តេចសេសារ» 17 ព្រះយេស៊ូក៏មានបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចសេសារ ចូរថ្វាយទៅកាន់សេសារចុះ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយដល់ព្រះជាម្ចាស់វិញដែរ»។ ពួកគេមានការភ្ញាក់ផ្អើលនឹងព្រះយេស៊ូ។ 18 មានពួកសាឌូសុី ចូលមកគាល់ព្រះអង្គ ពួគគេមិនជឿថាមានការរស់ឡើងវិញនោះទេ។ ពួកគេទូលសួរទៅព្រះយេស៊ូថា៖ 19 «លោកគ្រូ លោកម៉ូសេបានសរសេរចែងទុកថា៖ «បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ នោះត្រូវឲ្យប្អូនប្រុសបុរសនោះ យកប្រពន្ធបងប្រុសទៅ ដើម្បីបន្តពូជឲ្យបងប្រុសរបស់ខ្លួន»។ 20 មានបងប្អូនប្រុសប្រាំពីរនាក់ បងគេបង្អស់បានការប្រពន្ធ ហើយក៏ស្លាប់ទៅតែគ្មានកូនសោះ។ 21 ប្អូនបន្ទាប់ក៏យកនាងហើយស្លាប់ទៅ ដោយគ្មានកូនសោះ ហើយប្អូនទីបីក៏ដូចគ្នាដែរ។ 22 បងប្អូនប្រុសទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ 23 នៅពេលពួកគេរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា? បើបងប្អូនប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ»។ 24 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នេះជាការយល់ខុសហើយ ពីព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ហើយមិនស្គាល់អំណាចរបស់ព្រះ? 25 នៅពេលដែលមនុស្សរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទៀតឡើយ ប៉ុន្តែ ពួកគេនឹងដូចជាទេវតានៅឯសា្ថនបរមសុខ។ 26 ទាក់ទងនឹងរឿងមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនធ្លាប់បានអានទាក់ទងនឹងគុម្ពបន្លានៅក្នុងគម្ពីលោកម៉ូសេឬទេ? ពីរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់លោក ហើយបន្ទូលថា៖ «យើងជាព្រះរបស់លោកអ័ប្រាហាំ ជាព្រះរបស់លោកអុីសាក នឹងជាព្រះរបស់លោកយ៉ាកុប?» 27 ព្រះអង្គមិនមែនព្រះនៃសេចក្តីស្លាប់ទេ ប៉ុន្តែ ជាព្រះរបស់មនុស្សរស់ឡើងវិញ អ្នករាល់គ្នាយល់ខុសហើយ»។ 28 មានអាចារ្យម្នាក់ចូលមកជិត គាត់ក៏ឮពួកគេជជែកគ្នា ហើយឃើញព្រះយេស៊ូបានឆ្លើយទៅពួកគេយ៉ាងត្រឹមត្រូវ។ គាត់ទូលសួរព្រះអង្គថា៖ «តើក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ»? 29 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ក្រឹត្យវិន័យដែលសំខាន់ជាងគេគឺ «ឱអុីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់មានតែមួយ ហើយជាព្រះរបស់យើងគ្រប់គ្នា។ 30 ត្រូវស្រឡាញ់ព្រះអម្ចាស់នៃអ្នករាល់គ្នា ឲ្យអស់អំពីចិត្ត អស់ពីព្រលឹង ហើយឲ្យអស់ពីគំនិត និងឲ្យអស់អំពីកម្លាំងអ្នករាល់គ្នា»។ 31 រីឯក្រឹត្យវិន័យទីពីរគឺ «អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចជាខ្លួនឯង»។ ដ្បិត គ្មានក្រឹត្យវិន័យណាល្អជាងក្រឹត្យវិន័យទាំងនេះទេ»។ 32 រីឯអាចារ្យតបវិញថា៖ «ពិតហើយ លោកគ្រូ! លោកគ្រូមានប្រសាសន៍ត្រូវណាស់ ព្រះអង្គគឺជាព្រះតែមួយគត់ គ្មានព្រះឯណាក្រៅពីព្រះអង្គឡើយ។ 33 ត្រូវស្រឡាញ់ព្រះអង្គ ឲ្យអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង ឲ្យអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង នោះគឺវិសេសជាងតង្វាយដុត និងជាយញ្ញបូជាទៅទៀត»។ 34 នៅពេលព្រះយេស៊ូឃើញថាគាត់ឆ្លើយប្រកបដោយការយល់ដឹងដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកមិននៅឆ្ងាយពីនគរព្រះនោះទេ»។ បន្ទាប់មក គ្មាននរណាម្នាក់ហ៊ានទូលសួរព្រះយេស៊ូទៀតឡើយ។ 35 នៅពេលដែលព្រះយេស៊ូកំពុងតែបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថាព្រះយេស៊ូគ្រិស្តគឺជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ? 36 ព្រះបាទដាវីឌផ្ទាល់មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអម្ចាស់យើងខ្ញុំថា ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងធ្វើឲ្យខ្មាំងសត្រូវរបស់ព្រះអង្គនៅក្រោមកំណល់ព្រះបាទរបស់ព្រះអង្គ»។ 37 ព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្តថាជា «ព្រះអម្ចាស់» តើឲ្យព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះអង្គបានដូចម្តេចកើត?» ពួកបណ្តាជនទាំងអស់ ស្តាប់ព្រះអង្គដោយអំណរ។ 38 នៅក្នុងការបង្រៀន ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្នជាមួយពួកអាចារ្យដែលដើរចុះឡើងដែលពាក់អាវវែងហើយគេចូលចិត្តការជម្រាបសួរដែលពួកគេបានទទួលនៅតាមផ្សារ។ 39 គេចូលចិត្តអង្គុយនៅកៅអីពួកមេដឹកនាំនៅក្នុងសាលប្រជុំ និងកន្លែងមេដឹកនាំនៅក្នុងពិធីបុណ្យ។ 40 គេលេបត្របាក់ផ្ទះស្ត្រីមេម៉ាយ ហើយគេធ្វើជាអ្នកអធិស្ឋានយូរដើម្បីឲ្យពួកបណ្តាជនឃើញ។ ពួកគេទាំងនោះនឹងទទួលការកាត់ទោសយ៉ាងធ្ងន់ជាងគេ»។ 41 ព្រះយេស៊ូគង់ទល់មុខហិបតង្វាយនៅក្នុងព្រះវិហារ ហើយព្រះអង្គទតមើលបណ្តាជនថ្វាយតង្វាយទៅក្នុងហិប។ មានអ្នកមានជាច្រើនដាក់ប្រាក់យ៉ាងច្រើន។ 42 ពេលនោះមានស្រ្តីមេម៉ាយក្រម្នាក់ បានមកហើយថ្វាយតង្វាយតែពីស្លឹង ដែលមានតម្លៃតែកន្លះសេន។ 43 ព្រះអង្គក៏ហៅពួកសិស្សមកហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយតង្វាយច្រើនជាងគេទាំងអស់ទៅក្នុងហិបតង្វាយ។ 44 ដ្បិត ពួកគេទាំងអស់គ្នាបានថ្វាយតង្វាយពីប្រាក់សំណល់របស់ពួកគេទេ។ រីឯស្រ្តីមេម៉ាយនេះវិញ បានថ្វាយតង្វាយពីភាពក្រីក្ររបស់នាង ហើយបានថ្វាយប្រាក់ទាំងអស់ដែលទុកសម្រាប់ចិញ្ចឹមជីវិតរបស់នាង»។


ជំពូក 13

1 នៅពេលដែលព្រះយេស៊ូយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលសួរព្រះអង្គថា៖ «លោកគ្រូ សូមមើលថ្ម និងអគារល្អៗអសា្ចរ្យណាស់» 2 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអគារធំៗទាំងនេះឬទេ? គ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ នឹងត្រូវបាក់ធ្លាក់ចុះមក»។ 3 នៅពេលដែលព្រះអង្គគង់នៅលើភ្នំដើមអូលេវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេទូលសួរព្រះអង្គដោយសម្ងាត់ថា៖ 4 «សូមលោកគ្រូប្រាប់ពួកយើងឲ្យដឹងផង តើហេតុការទាំងនេះ និងកើតឡើងពេលណា? តើនឹងមានអ្វីជាសញ្ញានៅពេលព្រឹត្តការណ៍ទាំងនេះកើតឡើង»? 5 ព្រះយេស៊ូចាប់ផ្តើមមានព្រះបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្នកុំឲ្យនរណាម្នាក់នាំអ្នកឲ្យដើរផ្លូវខុសឡើយ។ 6 មានមនុស្សជាច្រើននឹងប្រើឈ្មោះខ្ញុំដោយពោលថា៖ «ខ្ញុំគឺជាព្រះគ្រិស្ត» ហើយពួកគេនឹងនាំមនុស្សជាច្រើនឲ្យដើរផ្លូវខុស។ 7 ពេលណាអ្នកឮពីសង្រ្គាម និងពាក្យចចាមអារាមនៃសង្រ្គាម ចូរកុំព្រួយបារម្ភអ្វីឡើយ ការទាំងនេះនឹងត្រូវកើតឡើង ប៉ុន្តែថ្ងៃចុងបញ្ចប់មិនទាន់មកដល់នៅឡើយទេ។ 8 នឹងមានជាតិសាសន៍មួយក្រោកឡើងទាស់នឹងជាតិសាសន៍មួយ ហើយមាននគរមួយទាស់នឹងនគរមួយទៀត។ នឹងមានរញ្ជួយដីនឹងគ្រោះទុរភិក្សកើតមានឡើងជាច្រើនកន្លែង។ ការទាំងនេះប្រៀបដូចជាការចាប់ផ្តើមនៃការឈឺចាប់ពេលសម្រាលកូន។ 9 ចូរឲ្យអ្នករាល់គ្នាប្រយ័ត្នខ្លួន។ ពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាហើយគេនឹងវាយដំអ្នកនៅក្នុងសាលាប្រជុំ។ អ្នកនឹងឈរចំពោះមុខទាំងទេសាភិបាល និងស្តេចដោយព្រោះធ្វើទីបន្ទាល់ពីនាមខ្ញុំ។ 10 ប៉ុន្តែ ដំណឹងល្អត្រូវតែប្រកាសដល់គ្រប់ជាតិសាសន៍ជាមុនសិន។ 11 នៅពេលពួកគេចាប់អ្នករាល់គ្នាបញ្ជូនទៅ ចូរកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភអំពីអ្វីដែលអ្នកគួរនិយាយឡើយ។ អ្វីដែលអ្នកគួរនិយាយនៅពេលនោះនឹងប្រទានឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ គឺមិនមែនអ្នករាល់គ្នាជាអ្នកនិយាយនោះទេ។ 12 បងប្រុសនឹងចាប់បញ្ជូនប្អូនទៅឲ្យគេសម្លាប់ ហើយឪពុកបញ្ជូនកូនទៅឲ្យគេសម្លាប់។ កូនៗនឹងក្រោកឡើងទាស់ប្រឆាំងនឹងឪពុកម្តាយហើយទាំងបញ្ជូនឲ្យគេសម្លាប់ទៀតផង។ 13 មនុស្សនឹងស្អប់អ្នករាល់គ្នាដោយសារឈ្មោះរបស់ខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ថ្ងៃបញ្ចប់ អ្នកនោះនឹងទទួលបានការសង្គ្រោះ។ 14 ពេលណាអ្នករាល់គ្នាឃើញ មនុស្សចង្រៃគួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានបានយល់ចុះ) 15 សូមឲ្យអស់អ្នកដែលរស់នៅក្នុងស្រុកយូដារត់គេចទៅនៅតាមភ្នំ សូមកុំឲ្យអ្នកដែលនៅលើដំបូលផ្ទះកុំចុះមកចូលផ្ទះ ឬយករបស់នៅក្នុងផ្ទះឡើយ 16 ហើយកុំឲ្យអ្នកដែលនៅចម្ការត្រឡប់មកយកអាវធំរបស់ខ្លួននៅផ្ទះវិញដែរ។ 17 សេចក្ដីវេទនានឹងមានដល់ស្រ្ដីណាមានកូន និងស្រ្តីណាដែលបំបៅកូននៅថ្ងៃនោះ! 18 ចូរអធិស្ន សូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅក្នុងរដូវរងារឡើយ។ 19 ដ្បិត ពេលនោះជាពេលដែល​ មានទុក្ខវេទនាយ៉ាងខ្លាំង ដែលមិនធ្លាប់មានសោះតាំងពីព្រះបានបង្កើតពិភពលោកមករហូតដល់ឥឡូវនេះ ហើយវានឹងមិនកើតឡើងម្តងទៀតឡើយ។ 20 លុះត្រាតែព្រះជាម្ចាស់កាត់បន្ថយថ្ងៃខ្លះ ពុំដូច្នេោះទេនោះគ្មានសាច់ឈាមណាបានសង្គ្រោះឡើយ។ ប៉ុន្តែ ព្រះអម្ចាស់បានកាត់បន្ថយថ្ងៃខ្លះ ដោយយល់ដល់មនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ 21 ប្រសិនបើ មាននរណាម្នាក់និយាយទៅកាន់អ្នកថា៖ «មើល៍! ព្រះគ្រិស្តនៅទីនេះ» ឬ «មើល៍! ព្រះគ្រិស្តនៅទីនោះ!» ចូរអ្នករាល់គ្នាកុំជឿឡើយ។ 22 ដ្បិត ព្រះគ្រិស្តក្លែងក្លាយ និងព្យាការីក្លែងក្លាយជាច្រើននឹងបង្ហាញខ្លួនពីទីសម្គាល់ និងការអស្ចារ្យជាច្រើន ដើម្បីបោកបញ្ឆោតមនុស្សរួមទាំងអ្នកដែលព្រះជាម្ចាស់បានជ្រើសរើសផង។ 23 ចូរប្រយ័ត្ន! ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នាមុនពេលនឹងកើតឡើងហើយ។ 24 ប៉ុន្តែ បន្ទាប់ពីទុក្ខវេទនានៅថ្ងៃនោះហើយ ព្រះអាទិត្យនឹងប្រែក្លាយ ជាងងឹត ព្រះច័ន្ទនឹងមិនបញ្ចេញពន្លឺទៀតឡើយ 25 ផ្កាយទាំងឡាយនឹងធ្លាក់ចុះមកពីលើមេឃ ហើយអំណាចនានាដែលមកពីស្ថានសួគ៌នឹងកក្រើករញ្ជួយឡើង។ 26 ពេលនោះ ពួកគេនឹងឃើញកូនមនុស្សយាងមកក្នុងពពកជាមួយនឹងអំណាចដ៏ខ្លាំងអស្ចារ្យដែលប្រកបដោយសិរីរុងរឿង។ 27 ពេលនោះលោកនឹងចាត់ពួកទេវតារបស់លោក ហើយនឹងប្រមូលពួកអ្នកដែលព្រះបានជ្រើសរើសពីទិសទាំងបួន ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ 28 ចូរអ្នករាល់គ្នារៀនពីមេរៀនដើមឧទុម្ពរ។ ពេលណា មែករបស់វាត្រឡប់ជាមានស្លឹកលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្តៅជិតមកដល់ហើយ។ 29 ដូច្នោះហើយ នៅពេលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះអ្នករាល់គ្នានឹងដឹងថាកូនមនុស្សជិតមកដល់ហើយ ក៏នៅជិតដល់មាត់ទ្វារផង។ 30 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនអាចឆ្លងផុតឡើយរហូតទាល់តែការទាំងនេះកើតឡើង។ 31 ផ្ទៃមេឃ និងផែនដីកន្លងផុតទៅ ប៉ុន្តែពាក្យរបស់ខ្ញុំនឹងមិនកន្លងផុតទៅណាឡើយ។ 32 ប៉ុន្តែ ទាក់ទងនឹងថ្ងៃណា ឬពេលណា គ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស មិនជ្រាបផង ប៉ុន្តែ ព្រះបិតាជ្រាបពីការទាំងអស់នេះ។ 33 ចូរប្រយ័ត្ន! ហើយចាំយាមចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាពេលវេលាណានឹងមកដល់ឡើយ។ 34 គឺដូចជាបុរសម្នាក់ដែលធ្វើដំណើរចាកឆ្ងាយពីផ្ទះរបស់គាត់ ហើយចាត់ឲ្យអ្នកបម្រើមើលការខុសត្រូវនៅក្នុងផ្ទះរបស់គាត់ ម្នាក់ៗមានការងារដែលគាត់ឲ្យធ្វើរៀងៗខ្លួន ហើយគាត់បញ្ជាឲ្យអ្នកចាំយាមជួយដាល់តឿនផង។ 35 ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបចុះ ពីព្រោះអ្នករាល់គ្នាមិនដឹងថាចៅហ្វាយនឹងមកផ្ទះវិញពេលណានោះទេ គឺអាចមកនៅពេលយប់ ពាក់កណ្តាលអា្រធាត ពេលមាន់រងាវ​ ឬនៅពេលព្រឹកព្រលឹមនោះទេ។ 36 ប្រសិនបើ ចៅហ្វាយមក នោះកុំឲ្យគាត់ឃើញថាអ្នកកំពុងដេកឡើយ។ 37 ពាក្យដែលខ្ញុំប្រាប់ទៅអ្នករាល់គ្នា ខ្ញុំក៏ប្រាប់អ្នកផ្សេងទៀតដែរ គឺចូរចាំយាមចុះ»!។


ជំពូក 14

1 នៅពីរថ្ងៃ មុនពិធីបុណ្យរំលងមកដល់ និងបុណ្យនំប័ុងឥតមេ។ នាយកបូជាចារ្យ និងពួកអាចារ្យបាននាំគ្នាគិតដោយសម្ងាត់ដើម្បីចាប់ព្រះយេស៊ូ និងសម្លាប់ព្រះអង្គ។ 2 ដ្បិត ពួកគេបាននិយាយថា៖ «កុំធ្វើការនេះក្នុងកំឡុងពេលបុណ្យឡើយ វានឹងកើតចលាចល នឹងមានការបះបោរកើតឡើងក្នុងចំណោមប្រជាជន»។ 3 គ្រាដែលព្រះយេស៊ូនៅ​ភូមិបេតថា‌នី ក្នុងផ្ទះរបស់លោកស៊ីម៉ូនជាអ្នកមានជំងឺឃ្លង់ ព្រះយេស៊ូកំពុងសម្រាកនៅតុអាហារ មានស្រ្តីម្នាក់បានចូលមករកព្រះអង្គ ដោយកាន់ដបថ្មមួយដាក់ប្រេងទេព្វិរូសុទ្ធ ដែលមានតម្លៃបំផុត។ នាងបានបំបែកដបថ្ម ហើយចាក់ប្រេងនោះ​លើព្រះ‌សិរសា​របស់​ព្រះ‌អង្គ។ 4 ប៉ុន្តែ មានអ្នកខ្លះបានខឹង ពួកគេបានជំនុំគ្នាហើយនិយាយថា៖ «ហេតុអ្វីបានជានាងខ្ជះខ្ជាយបែបនេះ? 5 ប្រេងក្រអូបនេះបើលក់វិញគឺបានជាងបីរយដូង ហើយអានចែកឲ្យអ្នកក្របាន»។ ក្រោយមកពួកគេក៏ស្តីបន្ទោសដល់នាង។ 6 ប៉ុន្តែ ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យនាងនៅតែម្នាក់ឯងចុះ។ ហេតុអ្វីបានជាអ្នកចេះតែរំខាននាង? គឺនាងបានធ្វើការយ៉ាងល្អសម្រាប់ខ្ញុំ។ 7 អ្នកក្រនឹងនៅជាមួយអ្នករាល់គ្នាជានិច្ច ហើយនៅអ្នករាល់គ្នាមានបំណងចង់ធ្វើការល្អដល់ពួកគេពេលណាក៏បាន ប៉ុន្តែខ្ញុំវិញ អ្នករាល់គ្នាមិនបាននៅជាមួយខ្ញុំរហូតទេ។ 8 នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន នាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំ សម្រាប់បញ្ចុុះក្នុងផ្នូរ។ 9 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលណាដែលដំណឹងល្អបានប្រកាសនៅក្នុងពិភពលោកទាំងមូល អ្វីដែលស្រ្តីម្នាក់នេះបានធ្វើ នឹងមានគេនិយាយកិច្ចការដែលនាងបានធ្វើទុកជារំលឹកដល់នាង»។ 10 ក្រោយមក យូដាស‌អ៊ីស្កា‌រីយ៉ុត ជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរ ចេញទៅជួបនាយកបូជាចារ្យ គាត់អាចនឹងប្រគល់ព្រះយេស៊ូឲ្យទៅពួកគេ។ 11 ពេលនាយកបូជាចារ្យបានឮការនោះ ពួកគេសប្បាយរីករាយ និងសន្យាថានឹងផ្តល់ប្រាក់ដល់គាត់។ គាត់ក៏ចាប់ផ្តើមរកឱកាសដើម្បីបញ្ជូនព្រះយេស៊ូទៅពួកគេ។ 12 នៅថ្ងៃទីមួយនៃបុណ្យនំប័ុងឥតមេ នៅពេលពួកគេយកចៀមមកថ្វាយយញ្ញបូជា ក្នុងបុណ្យរំលង ពួកសិស្សបាននិយាយទៅព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យពួកយើងរៀបចំពិធីនេះនៅទីណា ដ្បិតលោកនឹងបរិភោគអាហារបុណ្យចម្លងនោះ។ 13 ព្រះយេស៊ូបញ្ជូនសិស្សពីរនាក់ដោយបន្ទូលថា៖ «ចូលទៅឯទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។​ តាមគាត់ទៅ។ 14 ពេលគាត់ចូលដល់ក្នុងផ្ទះ អ្នកត្រូវតាមចូលទៅក្នុងផ្ទះដែរ ហើយនិយាយទៅម្ចាស់ដូចនេះ លោកគ្រូនិយាយថា៖ «តើបន្ទប់ទទួលភ្ញៀវជាកន្លែងដែលខ្ញុំជាមួយពួកសិស្សនឹងបរិភោគអាហារបុណ្យចម្លងនៅកន្លែងណា»? 15 ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែលរៀបចំហើយជាស្រេច។ ចូលរៀបចំសម្រាប់ពួកយើងនៅទីនោះចុះ»។ 16 ពួកសិស្សក៏ចេញទៅក្នុងទីក្រុង។ ពួកគេក៏បានជួបគ្រប់យ៉ាងតាមដែលព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេ ហើយពួកសិស្សក៏បានរៀបចំពិធីបរិភោគអាហារបុណ្យរំលងនៅទីនោះ។ 17 នៅវេលាល្ងាច ព្រះយេស៊ូបានយាងមកជាមួយសិស្សទាំងដប់ពីរ។ 18 ខណះពួកគេកំពុងតែសម្រាក និងបរិភោគ នៅឯតុអាហារ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ការពិតដែលខ្ញុំចង់ប្រាប់ដល់អ្នករាល់គ្នា និងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងបរិភោគជាមួយខ្ញុំនឹងក្បត់ខ្ញុំ។ 19 ពួកបង្ហាញពីភាពស្តោកស្តាយ ហើយគ្រប់គ្នាទូលទៅព្រះអង្គថា៖ «អ្នកដែលធ្វើការបែបនេះគឺមិនមែនជារូបខ្ញុំទេ»? 20 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺនៅក្នុងចំណោមសិស្សទាំងដប់ពីរ ដែលជាម្នាក់កំពុងជ្រលក់នំប័ុងក្នុងចានជាមួយនឹងខ្ញុំ។ 21 ដ្បិត កូនមនុស្សនឹងត្រូវចាកចេញទៅ ស្របតាមបទគម្ពីរដែលបានចែងអំពីរូបលោក។ ប៉ុន្តែ វេនាដល់អ្នកនោះ ដែលជាអ្នកនាំកូនមនុស្សយកទៅលក់! ប្រសិនបើ អ្នកមិនបានកើតមកនោះ ប្រសើរជាង»។ 22 នៅពេលពួកគេកំពុងហូបអាហារ ព្រះយេស៊ូបានយកនំប័ុង​ ហើយប្រទានពរ និងកាច់នំប័ុង។ ព្រះអង្គឲ្យទៅព្ួកគេដោយមានបន្ទូលថា៖ «សូមទទួល នេះគឺជារូបកាយខ្ញុំ។ 23 ព្រះយេស៊ូយកពែងមួយមក ហើយអរព្រះគុណ ហើយហុចឲ្យទៅសិស្ស ហើយពួកគេក៏ផឹកពីពែងនោះ។ 24 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះគឺជាឈាមនៃសម្ពន្ធមេត្រីរបស់ខ្ញុំ គឺជាឈាមដែលនឹងហូរចុះសម្រាប់មនុស្សជាច្រើន។ 25 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលនៃទំពាំងបាយជូរម្តងម្តងទៀតឡើយ ដរាបដល់មួយដែលខ្ញុំនឹងផឹកជាថ្មី ម្តងទៀតគឺនៅក្នុងនគរព្រះ។ 26 ពេលពួកគេបានច្រៀងទំនុកតម្កើងព្រះរួចហើយ ព្រះអង្គ និងពួកសិស្សក៏ចេញទៅភ្នំអូលីវ។ 27 ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អ្នករាល់គ្នានឹងចាក់ចេញពីខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងវាយអ្នកគង្វាលហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ»។ 28 ប៉ុន្តែ ក្រោយមកខ្ញុំនឹងរស់ឡើងវិញ ហើយខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ 29 លោកពេត្រុសបានឆ្លើយទៅព្រះអង្គថា៖ «ទោះបីគ្រប់គ្នារត់ចោលព្រះអង្គ តែទូលបង្គំនឹងមិនបោះបង់ចោលព្រះអង្គឡើយ»។ 30 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «យប់នេះ មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង»។ 31 ប៉ុន្តែលោកពេត្រុសបានទូលឆ្លើយថា៖ «ខ្ញុំនឹងមិនបដិសេធព្រះអង្គឡើយ បើទោះខ្ញុំត្រូវស្លាប់ក៏ដោយ»។ សិស្សដទៃក៏បានសន្យាដូចៗគ្នាផងដែរ។ 32 ព្រះអង្គ ​និងពួកសិស្សបាន​ទៅ​ដល់​កន្លែង​មួយ ឈ្មោះថា​កេតសេ‌ម៉ានី ហើយព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «អង្គុយនៅទីនេះ ពេលខ្ញុំអធិស្ឋាន»។ 33 ព្រះអង្គយកលោកពេត្រុស លោកយ៉ាកុប និងលោកយូ៉ហានទៅជាមួយព្រះអង្គ​ហើយចាប់​ផ្ដើម​ព្រួយចិត្ត ព្រម​ទាំង​កង្វល់ជាខ្លាំង។ 34 ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ទាំង​បី​ថា៖ «ព្រលឹងខ្ញុំសោកសង្រេង​ស្ទើរ​តែ​ស្លាប់ហើយ។ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​ ដោយចាំយាម»។ 35 ព្រះយេស៊ូយាងទៅឆ្ងាយបន្តិច ក្រាប​ចុះ​ដល់​ដី ហើយព្រះអង្គអធិស្ឋាន ប្រសិនបើ អាចទៅរួចសូមឲ្យពេលដ៏លំបាកនេះនឹងឆ្លងផុតពីព្រះអង្គ។ 36 ព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ គ្រប់​កិច្ចការ​ទាំង​អស់​ អាចកើតឡើងបានតាមរយៈព្រះជាម្ចាស់។ សូមដកចេញពែងនេះពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ តែសូមឲ្យតាមព្រះទ័យព្រះជាម្ចាស់វិញ»។ 37 ព្រះយេស៊ូត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេក នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុស ស៊ីម៉ូនថា៖​«ម្ដេច​បានជា​អ្នក​ដេក​លក់​ដូច្នេះ?» តើអ្នកមិនអាចចាំយាមតែមួយម៉ោងទេឬ? 38 សូមអធិស្ឋានចាំយាមនោះអ្នកនឹងមិនធ្លាក់ក្នុងក្តីល្បួងឡើយ។ ខាងឯវិញ្ញាណមានការប្រុង​ប្រៀបជាស្រេចមែន​ ប៉ុន្តែខាងឯសាច់ឈាមគឺខ្សោយវិញ។ 39 ព្រះយេស៊ូបានយាងទៅអធិស្ឋានម្តងទៀត ដោយប្រើពាក្យទូលអង្វរដដែល។ 40 ព្រះអង្គបានត្រឡប់មកវិញម្តងទៀត ហើយឃើញពួកសិស្សកំពុងដេក ដ្បិត ភ្នែករបស់ពួកគេងងុយពេកហើយក៏មិនដឹងថាមានអ្វីនឹងនិយាយទៅកាន់ព្រះអង្គ។ 41 ព្រះយេស៊ូយាងមកវិញជាលើកទីបីហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែដេក និងសម្រាកដល់កាលណាទៀត? បានហើយ ពេលកំណត់បានមកដល់ហើយ។ មើល៍! កូនមនុស្សត្រូវបានគេក្បត់ និងបញ្ជូនទៅឲ្យដៃរបស់មនុស្សមានបាប។ 42 ក្រោកឡើង តោះយើងទៅ ឃើញទេ ម្នាក់ដែលក្បត់ខ្ញុំនោះជិតមកដល់ហើយ»។ 43 ពេលព្រះយេស៊ូកំពុងតែមានបន្ទូល លោកយូដាស ជាម្នាក់នៃពួកសិស្សទាំងដប់ពីរ ​មាន​បណ្ដា‌ជន​មួយ​ក្រុម​កាន់​ដាវ កាន់​ដំបង ហើយពួកអ្នកទាំងនោះ គឺបានបញ្ជូនមកពីនាយកបូជាចារ្យ ពួកអាចារ្យ ហើយនិងពួកចាស់ទុំ។ 44 ពេលនោះ អ្នកក្បត់បានធ្វើជាសញ្ញាប្រាប់ថា៖ «អ្នកដែលខ្ញុំថើប គឺម្នាក់នឹងហើយ ចាប់គាត់ហើយនាំគាត់ចេញទៅ និងយាមឲ្យបានតឹងតែង។ 45 ពេលលោកយូដាសបានមកដល់ ភ្លាមគាត់បានទៅរកព្រះយេស៊ូហើយនិយាយថា៖ «លោកគ្រូ» ហើយលោកយូដាសថើបព្រះអង្គ។ 46 ក្រោយមកពួកគេក៏លូកដៃមកចាប់ព្រះអង្គ។ 47 ប៉ុន្តែ មាន​ម្នាក់​ដែល​នៅ​ទី​នោះ​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ម្ខាង។ 48 ព្រះយេស៊ូមានបន្ទូលទៅពួកទាំងនោះថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំ ដូចជាអ្នកតាមចាប់ចោរ មានទាំងដាវ និងដំបងនៅនឹងដៃដូច្នេះ? 49 ពេលដែលខ្ញុំនៅជាមួយអ្នករាល់ថ្ងៃហើយខ្ញុំបានបង្រៀននៅព្រះវិហារនោះ ហេតុអ្វីអ្នករាល់គ្នាមិនចាប់ខ្ញុំ។ ប៉ុន្តែ ការនេះគឺកើតឡើង ដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែង»។ 50 សិស្ស និងអ្នកឯទៀតបានបោះបង់ព្រះអង្គរត់ទៅកន្លែងផ្សេងៗពីគ្នា។ 51 មាន​កំលោះ​ម្នាក់​ដែល​ ស្លៀក​សំពត់​មួយ​ផ្ទាំង​រំបិទ‌បាំង​កាយ​ បានដើរតាមព្រះយេស៊ូ។ ក្នុងពេលដែលពួកអ្នកទាំងនោះចាប់ព្រះអង្គ 52 អ្នកកំលោះនេះបានរត់ចោល​សំពត់​រត់​ទៅ​ទាំងខ្លួន​ទទេ។ 53 ពួកគេបាននាំព្រះយេស៊ូទៅជួបមហា​បូជា‌ចារ្យ។ គឺមានការប្រជុំគ្នាជាមួយព្រះអង្គ ដូចជា នាយកបូជាចារ្យ ពួកចាស់ទុំ ពួកអាចារ្យ។ 54 គ្រានោះ លោកពេត្រុសទៅតាមព្រះអង្គពីចម្ងាយ គឺឆ្ងាយរហូតដល់ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ។ លោកពេត្រុសបានអង្គុយជាមួយអ្នកយាមដែលកំពុងតែអាំងភ្លើង។ 55 ពេលនោះ នាយក​បូជា‌ចារ្យ និងក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ ប៉ុន្តែ ពួកគេ​រក​មិន​ឃើញទេ។ 56 មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះអង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​មានការព្រមព្រៀងគ្នាទេ។ 57 អ្នកខ្លះបានឈរឡើងហើយធ្វើទីបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ ដោយនិយាយថា៖ 58 «យើងបានឮអ្នកនេះនិយាយថា នឹងបំផ្លាញព្រះវិហារដែលបានសង់ដោយដៃ ហើយនិងសង់ឡើងវិញក្នុងពេលតែបីថ្ងៃ គឺមិនមែនដោយដៃមនុស្សនោះទេ។ 59 ទោះយ៉ាងណាក៏ដោយទីបន្ទាល់ទាំងនោះនៅតែមិនស្របគ្នាដែរ។ 60 មហាបូជាចារ្យក៏ឈរឡើងក្នុងចំណោមពួកគេ ហើយទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានឯងមិនព្រមឆ្លើយ? តើសក្ខីភាពរបស់អ្នកទាំងនោះបានទាស់ជាមួយឯង? 61 ប៉ុន្តែ ព្រះយេស៊ូនៅតែស្ងាត់ស្ងៀម ហើយមិនឆ្លើយអ្វីឡើយ។ មហាបូជាចារ្យជាន់ខ្ពស់សួរសំនួរព្រះអង្គថា៖ «តើឯងគឺជាព្រះគ្រិស្ត ហើយជាព្រះបុត្រនៃព្រះដ៏មានពរមែនទេ?» 62 ព្រះយេស៊ូបានឆ្លើយថា៖ «គឺខ្ញុំនេះហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សនឹងអង្គុយខាងស្តាំដៃពេញដោយ​ឫទ្ធា‌នុភាព ​និង​យាង​មក​ជា​មួយ​ពពក​នៅ​លើ​មេឃ»។ 63 មហាបូជាចារ្យបានហែកអាវរបស់លោកហើយមានប្រាសាន៍ថា៖ «តើពួកយើងនៅត្រូវការសាក្សីណាទៀត? 64 អ្នករាល់គ្នាបានឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ។ តើអស់លោកគិតយ៉ាងណាដែរ»? ពួកគេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូទេ។ 65 អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ ពួកគេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ វាយ​តប់​ព្រះអង្គ ហើយ​សួរព្រះអង្គ​ថា៖ «ទាយ​មើល៍»! ពួកទាហានចាប់​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀងព្រះអង្គ។ 66 ពេល​លោក​ពេត្រុស​នៅ​ខាងក្រោមនៃទីធ្លា មានស្រ្តីម្នាក់ដែលជាអ្នកបម្រើរបស់មហាបូជាចារ្យបានមករកលោក។ 67 គឺនាងបានឃើញពេត្រុសកំពុងតែឈរអាំងភ្លើង ហើយនាងក៏សម្លឹងមើលលោកយ៉ាងជិតបំផុត។ រួចនាងក៏និយាយថា៖ «អ្នក​ឯង​ក៏​ជា​អ្នកនៅជាមួយ​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ»។ 68 ប៉ុន្តែ ពេត្រុសបានបដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនដែលស្គាល់ហើយក៏មិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនេះទេ»។ ក្រោមមកពេត្រុសក៏ចេញពីទីធ្លានោះទៅ។ 69 ប៉ុន្តែ មានស្ត្រី​បម្រើ​ម្នាក់ដែលនៅទីនោះ ហើយក៏ឃើញលោក ចាប់ផ្តើមនិយាយប្រាប់អ្នកដែលកំពុងឈរនៅទីនោះម្តងទៀតថា៖ «បុរសនេះគឺជាម្នាក់នៃពួកគេ»! 70 ប៉ុន្តែ លោកពេត្រុសបានដិសេធម្តងទៀត។ បន្តាប់ពីនោះបន្តិច ពួកអ្នកដែកឈរនៅទីនោះបាននិយាយទៅលោកពេត្រុសថា៖ «ប្រាកដណាស់អ្នកគឺជាម្នាក់នៃពួកគេ ដ្បិត អ្នកក៏ជាអ្នកស្រុកកាលីឡេដែរ»។ 71 ប៉ុន្តែ ពេត្រុសចាប់ផ្តើមដាក់បណ្តាសាខ្លួនលោកឲ្យចេញពីការចោត ដោយស្បថថា៖ «ខ្ញុំមិនដែលស្គាល់បុរស ដែល អស់លោកកំពុងនិយាយទេ»។ 72 រំពេចនោះមាន់ក៏ចាប់ផ្តើមរងាវជាលើកទីពីរ។ ក្រោយមក លោកពេត្រុសនឹកចាំពីពាក្យដែលព្រះយេស៊ូបានមានបន្ទូលមកកាន់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង» ហើយលោកក៏ក្រាប់ចុះហើយយំសោកស្តាយជាខ្លាំង។


ជំពូក 15

1 ព្រឹកព្រលឹមស្រាង នាយកបូជាចារ្យប្រជុំគ្នាជាមួយ ពួកចាស់ទុំ ហើយនិងពួកអាចារ្យ និងពួកប្រឹក្សាជាន់ខ្ពស់របស់យូដា ទាំងមូល។ ក្រោយមក ពួកគេក៏ចងព្រះយេស៊ូ ហើយនាំព្រះអង្គ។ បន្ទាប់មកពួកគេក៏ប្រគល់ព្រះអង្គឲ្យទៅលោក​ពីឡាត។ 2 លោកពីឡាតទូលសួរទៅកាន់ព្រះយេស៊ូ៖ «តើអ្នក​ជា​ស្ដេច​យូដា​មែនទេ?» ព្រះអង្គឆ្លើយទៅលោកវិញថា៖ «លោកនិយាយត្រូវហើយ»។ 3 ពួកបូជាចារ្យបាន​យក​រឿង​ជា​ច្រើន​មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។ 4 លោកពីឡាតទូលសួរព្រះអង្គម្តងទៀតថា៖ «ហេតុអ្វីបានជាអ្នកមិនឆ្លើយយ៉ាងដូច្នេះ? ឃើញទេទាំងនេះសុទ្ធតែជាពាក្យចោទដែលនាំយកមកដើម្បីទាស់នឹងអ្នក!» 5 ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅលោកពីឡាតទៀតឡើយ ដូច្នេះ ធ្វើឲ្យលោកមានការងឿងឆ្ងល់។ 6 ក្នុងពេលនោះគឺជាពេលនៃបុណ្យរំលង លោកពីឡាតតែងតែដោះលែងអ្នកទោសឲ្យទៅពួកគេ គឺជាម្នាក់ដែលពួកគេបានធ្វើការស្នើសុំ។ 7 មានម្នាក់ដែលជាអ្នកទោសបះបោរដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលាចល បុរសនេះមានឈ្មោះថា បារ៉ា‌បាស។ 8 បណ្តាជន ក៏នាំគ្នាទៅជួបលោកពីឡាតហើយចាប់ផ្តើមសុំឲ្យលោកធ្វើការដោះលែងសម្រាប់ពួកគេ ដូចអ្វីដែលលោកធ្លាប់បានធ្វើពីមុន។ 9 លោកពីឡាតឆ្លើយទៅពួកគេហើយនិយាយថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចនៃយូដាមែនទេ?» 10 ដ្បិត មក​ពី​លោក​ដឹងថានាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ 11 ហើយនាយកបូជាចារ្យ បានជំរុញឲ្យពួកបណ្តាជនស្រែកឡើងឲ្យដោះលែងបារ៉ាបាសជំនួសព្រះអង្គវិញ។ 12 លោកពីឡាតបានឆ្លើយទៅពួកគេដោយនិយាយថា៖ «បើដូច្នេះ តើឲ្យខ្ញុំត្រូវធ្វើយ៉ាងម៉េចជាមួយស្តេចរបស់សាសន៍យូដានេះ»? 13 ពួកគេក៏ស្រែកឡើងម្តងទៀតថា៖ «ឆ្កាងគាត់ទៅ!» 14 លោកពីឡាតនិយាយទៅពួកគេថា៖ «តើគាត់បានធ្វើអ្វីខុស»? ប៉ុន្តែ ពួកគេកាន់តែស្រែកឡើងខ្លាំង ហើយខ្លាំងទៀត «ឆ្កាងគាត់ទៅ» 15 ដោយលោកពីឡាតចង់ឲ្យពួកបណ្តាជនពេញចិត្ត ដូច្នេះ លោកក៏បានលែងបារ៉ាបាសឲ្យទៅពួកគេ។ បន្ទាប់​ពី​បញ្ជា​ឲ្យ​គេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឲ្យ​គេ​ឆ្កាង។ 16 ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ (ដែលជាទីបញ្ជាការរដ្ឋាភិបាល) ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។ 17 គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះយេស៊ូ រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះអង្គ។ 18 ពួកគេផ្តើម​សំពះ​ព្រះអង្គ ទាំង​និយាយ​ថា៖ «សូមថ្វាយបង្គំ ​​ស្ដេចនៃសាសន៍​យូដា!»។ 19 ពួកគេ​យក​ដើមត្រែង​វាយ​ព្រះ‌សិរសា​ព្រះអង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ។ ហើយពួកគេបាន​លុត​ជង្គង់​ ធ្វើដូចជាថ្វាយ‌បង្គំ​ព្រះអង្គ​ថែម​ទៀត​ផង។ 20 ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួចហើយ​ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​ពាក់​ថ្វាយ​ព្រះអង្គ​វិញ រួចនាំ​​យក​ទៅ​ឆ្កាង។ 21 ពួកគេបានបង្ខំដល់អ្នកដំណើរម្នាក់ ដែលទើបតែមកពីចម្ការ ដើម្បីឲ្យឮឈឺឆ្កាងថ្វាយព្រះយេស៊ូ បុរសនោះមានឈ្មោះថា ស៊ីម៉ូន អ្នកស្រុកគីរេ ជា​ឪពុក​របស់​អលេ‌ក្សាន‌ត្រុស និង​រូភូស។ 22 ពួកទាហានបាននាំព្រះយេស៊ូទៅដល់កន្លែងមួយហៅថា គាល់‌កូថា (ដែលប្រែថា «ភ្នំ​លលាដ៍​ក្បាល»)។ 23 គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយជ័រល្វីងទេស មកថ្វាយព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូមិនផឹកឡើយ។ 24 ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បីឲ្យដឹងថាអ្នកណាចាប់បានអ្វី។ 25 នៅម៉ោងប្រាំបួនព្រឹកដែលគេបានឆ្កាងព្រះអង្គ។ 26 នៅលើបានសរសេរកាត់ទោសព្រះអង្គ «ស្ដេចសាសន៍​យូដា»។ 27 ក្នុងពេលនោះគឺគេបានឆ្កាងចោរពីរផងដែរ ម្នាក់នៅខាងស្តាំរបស់ព្រះអង្គហើយម្នាក់ទៀតនៅខាងឆ្វេង។ 28 អ្វីដែល​កើត​ឡើងនេះ គឺស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «ព្រះអង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់»។ 29 អ្នកដំណើរដែលឆ្លងកាត់ទីនោះ បានប្រមាថព្រះអង្គ ក្រវីក្បាលរបស់គេហើយនិយាយថា «អ័ហា! អ្នកដែលចង់រុះព្រះវិហារចោល ហើយសងឡើងវិញក្នុងពេលពីរថ្ងៃអើយ 30 ចូរសង្គ្រោះខ្លួនឯងទៅ ហើយចុះពីលើឈើឆ្កាងមក!» 31 ក្នុងរបៀបនោះឯង មហាបូជាចារ្យក៏បានប្រមាថព្រះអង្គ នៅក្នុងចំណោមពួកគេដែរ រួមជាមួយពួកអាចារ្យដោយនិយាយថា៖ «អ្នកនេះធ្លាប់សង្គ្រោះអ្នកដទៃ ប៉ុន្តែ ពេលនេះមិនអាចជួយខ្លួនឯងបាន។ 32 សូមឲ្យព្រះគ្រិស្ត ជាស្តេចនៃអ៊ីស្រាអែល ចុះពីឈើឆ្កាងនោះមក ដូច្នេះយើងនឹងបានឃើញ ហើយនិងបានជឿផង» ហើយអ្នកដែលគេបានឆ្កាងជាមួយព្រះអង្គក៏បានប្រមាថព្រះយេស៊ូដែរ។ 33 នៅពេលថ្ងៃត្រង់ ភាពងងឹតបានគ្រប់បាំងនៅលើផែនដីទាំងមូលរហូតដល់ម៉ោងបី។ 34 នៅរសៀលម៉ោងបីព្រះយេស៊ូបានស្រែកឡើង ជាមួយសម្លេងដ៏ខ្លាំង «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី»? ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ»? 35 អ្នកដែលកំពុងតែឈរក្បែនោះ ក៏បានឮព្រះបន្ទូលរបស់ព្រះអង្គ ហើយនិយាយថា៖ «មើល៍! គាត់កំពុងតែហៅលោកអេលីយ៉ា»។ 36 មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។ ទាំង​និយាយថា៖ «សូមមើល ប្រសិនបើលោកអេលីយ៉ាមកយកអ្នកនេះចុះពីឈើឆ្កាង»។ 37 ក្រោយមក​ព្រះ‌យេស៊ូ​បានបន្លឺ​សម្លេងយ៉ាង​ខ្លាំង រួចព្រះអង្គក៏សុគត។ 38 វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ ​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ 39 ពេល នាយ​ទាហាន​រ៉ូម​ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ បានឃើញព្រះអង្គសុគតបែបយ៉ាងដូច្នេះ ហើយនិយាយថា៖ «ជាការពិតណាស់​ លោកពិតជាព្រះរាជបុត្រនៃព្រះមែន»។ 40 ក៏មានស្រី្តម្នាក់ដែលឃើញពីចម្ងាយ។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​​​ (ជាម្ដាយ​របស់​យ៉ាកុប ​ក្មេងជាង និង​យ៉ូសេ) ហើយ​សាឡូ‌មេ​ផង។ 41 ពេលព្រះយេស៊ូនៅស្រុកកាលីឡេ ពួកស្រ្តីទាំងនោះបានតាម និងបម្រើព្រះអង្គផង។ មាន​ស្ត្រី​ផ្សេងទៀត​ជា​ច្រើន​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះអង្គ​ដែរ។ 42 នៅពេលល្ងាចបានមកដល់ ដោយព្រោះវាគឺជាថ្ងៃនៃការរៀបចំ ហើយក៏ជាមួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទដែរ 43 លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​មក​ដល់ទីនោះ។ លោក​ជា​អ្នកដែល​មាន​ការគោរពច្រើន ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គឺជាអ្នកដែលរង់ចាំព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ 44 លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​បានសុគត លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឲ្យ​ដឹង​ថា បើសិនព្រះ‌យេស៊ូ​សុគត។ 45 ពេលលោកពីឡាតបានដឹងពីពួកទាហាប្រាប់ថា ព្រះយេស៊ូបានសុគតហើយ លោកក៏ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។ 46 លោក​យ៉ូសែប​ទិញ​ក្រណាត់​សំពត់​ទេស​ឯក។ លោកបានយកព្រះអង្គចុះពីលើឈើឆ្កាងមក ហើយ​រុំ​នឹង​ក្រណាត់ រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។ 47 នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា និង​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ។


ជំពូក 16

1 ពេលថ្ងៃ​សប្ប័ទ​កន្លងផុតទៅ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី​ជា​ម្ដាយ​ លោកយ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​សព​ព្រះ‌យេស៊ូ។ 2 ពេលថ្ងៃបានរះ នៅពេលព្រលឹម ក្នុងថ្ងៃទីមួយនៃអាទិត្យនោះ ពួកនាងក៏បានទៅឯផ្នូរ។ 3 ពួកស្រ្តីបាននិយាយគ្នាទៅវិញទៅមកថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?» 4 ពេលពួកនាងងើយមើលទៅ ក៏ឃើញថ្មត្រូវបានរមៀលចេញពីផ្លូវ ហើយថ្មនោះគឺវាធំណាស់។ 5 ពួកនាងបានចូលទៅក្នុងផ្នូរហើយឃើញ កម្លោះម្នាក់​សម្លៀក‌បំពាក់​ពណ៌​ស អង្គុយនៅខាងស្តាំ ហើយពួក​នាង​ភ័យ​ស្រឡាំង‌កាំង។ 6 អ្នកកម្លោះនិយាយទៅពួកគេថា៖ «សូមកុំខ្លាចអី។ អ្នករាល់គ្នាមករកព្រះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ដែលត្រូវបានឆ្កាង។ ព្រះអង្គបានរស់ឡើងវិញហើយ! ព្រះអង្គមិននៅទីនេះទេ។ សូមមើលនេះជាកន្លែងដែលគេដាក់ព្រះសព របស់ព្រះអង្គ។ 7 ប៉ុន្តែសូមទៅ ប្រាប់ដល់ពួកសិស្ស ហើយនិងពេត្រុសថា ព្រះអង្គបានទៅស្រុកកាលីឡេមុនហើយ។ នៅទីនោះអ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចដែលព្រះអង្គបានប្រាប់អ្នករួចហើយ»។ 8 ពួកស្រ្តីក៏នាំគ្នារត់ចេញពីផ្នួរ ទៅ​ទាំង​ញ័រ​រន្ធត់ និងមានភាពងឿងឆ្ងល់។​ ពួកគាត់មិនបាននិយាយប្រាប់អ្នកណាឡើយ ដោយព្រោះពួកគេភ័យខ្លាំង។ 9 ព្រឹកព្រលឹមនៅថ្ងៃទីមួយនៃអាទិត្រនោះ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើយវិញ ព្រះយេស៊ូបានបង្ហាញខ្លួនមុនគេឲ្យនាងម៉ារីជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។ 10 នាងបានចេញហើយប្រាប់អ្នកទាំងនោះដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលពួកគេកំពុងតែកាន់ទុក្ខហើយយំសោកផង។ 11 ពួកគេបានឮថាព្រះអង្គមានព្រះជន្មរស់ ហើយនាងបានឃើញព្រះអង្គផ្ទាល់ផងដែរ ប៉ុន្តែពួកគេមិនបានជឿឡើយ។ 12 បន្ទាប់ពីការនោះ ព្រះយេស៊ូបង្ហាញឲ្យពួកគេពីរនាក់បានឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលពួកអ្នកទាំងពីរនោះធ្វើដំណើរទៅតាមស្រុកស្រែ។ 13 ពួកនាក់ទាំងពីរបានទៅប្រាប់ពួកសិស្សឯទៀត ប៉ុន្តែពួកសិស្សនៅមិនជឿពួកគេទេ។ 14 ក្រោយមកព្រះយេស៊ូបានបង្ហាញឲ្យពួកទាំងដប់មួយឃើញ នៅពេលពួកសិស្សកំពុងហូបនៅតុអាហារ ហើយព្រះអង្គ​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ត​រឹង‌រូស ដែលមិន​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ 15 ព្រះអង្គមានបន្ទូលទៅគេថា៖ «សូមចេញទៅក្នុងពិភពលោកទាំងមូល​ ហើយប្រកាសដំណឹងល្អ ដល់មនុស្សទាំងអស់ចុះ។ 16 អស់អ្នកដែលជឿហើយធ្វើពិធីជ្រមុចទឹកនឹងបានសង្គ្រោះ ហើយអ្នកណាមិនជឿវិញនឹងត្រូវជាប់ទោស។ 17 ទីសម្គាល់ទាំងនេះនឹងទៅតាមអស់អ្នកដែលជឿ ដោយឈ្មោះខ្ញុំពួកគេនឹងដេញអារក្ស។ ពួកគេនឹងនិយាយនៅក្នុងភាសាថ្មីដែរ។ 18 ពួកគេនឹងចាប់កាន់ពស់ជាមួយដៃរបស់គេដែរ និងបើគេផឹកអ្វីពុលក៏មិនធ្វើឲ្យពួកគេឈឺដែរ។ ពួកគេនឹងដាក់ដៃលើអ្នកឈឺនោះនឹងបានទទួលបានជាសះស្បើយ។ 19 បន្ទាប់ពីព្រះអម្ចាស់មានបន្ទូលទៅគេរួចហើយ ព្រះអង្គក៏បានលើកឡើងទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះជាម្ចាស់។ 20 ពួកសិស្សបានក៏ចេញទៅប្រកាសគ្រប់ទីកន្លែង ព្រះ‌អម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ហើយបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលបានទៅជាមួយគេផងដែរ។


Book: Luke

Luke

ជំពូក 1

1 មានមនុស្សជាច្រើនខិតខំរៀបរាប់ហេតុការណ៍តាមលំដាប់លំដោយ ដែលបានសម្រេចក្នុងចំណោមយើងរាល់គ្នា 2 ដូចដែលពួកគេបានប្រគល់មកយើង​ និងបានឃើញផ្ទាល់នឹងភ្នែកតំាងពីដំបូងមក និងទទួលមុខងារជាអ្នកបម្រើព្រះបន្ទូល។ 3 ចំពោះខ្ញុំ​ពិនិត្យឃើញថាអ្វីៗល្អប្រសើរណាស់ ដោយដឹងថាត្រឹមត្រូវតាំងពីដើមរៀងមក ខ្ញុំបានកត់ត្រា​ទុក តាម​លំដាប់លំដោយ ផ្ញើ​មក​ជូនឯកឧត្តមថេវភីល។ 4 ​ដូច្នេះ បងប្អូននឹងស្គាល់សេចក្តីពិត ដែលខ្ញុំបានបង្រៀនដល់បងប្អូនរាល់គ្នា។ 5 នៅក្នុងរាជ្យព្រះបាទហេរ៉ូដជាស្តេចគ្រងរាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជាចារ្យ​មួយ​រូប ឈ្មោះ​លោកសាការី មកពី​ក្រុម​បូជាចារ្យ​អប៊ីយ៉ា។ ភរិយា​លោកឈ្មោះ​នាងអេលីសាបិតកើត​ក្នុង​ត្រកូលលោកអើរ៉ុន។ 6 អ្នក​ទាំង​ពីរ​ជា​មនុស្ស​សុចរិតចំពោះ​ព្រះជាម្ចាស់ ហើយគោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​ព្រះអម្ចាស់។ 7 ប៉ុន្តែ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ 8 ឥឡូវនេះ លោកសាការីកំពុងតែស្ថិតនៅក្នុងវត្តមានព្រះជាម្ចាស់ ដើម្បីបំពេញមុខងារជាបូជាចារ្យតាមវេនរបស់គាត់។ 9 យោងតាមទំនៀមទម្លាប់ គេជ្រើសរើសបូជាចារ្យដោយការចាប់ឆ្នោត ឲ្យដុតគ្រឿងក្រអូបក្នុងព្រះវិហារព្រះអម្ចាស់។ 10 មានមនុស្សច្រើនកុះករកំពុងតែអធិស្ឋាននៅខាងក្រៅព្រះវិហារ ពេលគាត់កំពុងតែដុតគ្រឿងក្រអូប។ 11 ឥឡូវនេះ ទេវតារបស់ព្រះអម្ចាស់ក៏បានលេចមក និងឈរនៅខាងស្តាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប។​ 12 ពេលលោកសាការីឃើញទេវតា គាត់រន្ធត់ ហើយភ័យខ្លាចជាខ្លាំង។ 13 ប៉ុន្តែ ទេវតាមានប្រសាសន៍ទៅលោកថា៖ «កុំខ្លាចអី! លោកសាការីអើយ! ដ្បិតព្រះជាម្ចាស់ស្តាប់ឮពាក្យអធិស្ឋានរ​បស់លោកហើយ។ នាងអេលីសាបិតភរិយារបស់គាត់ នឹងបង្កើតបានកូនប្រុសមួយ។ លោកត្រូវតែដាក់ឈ្មោះកូននោះថា​​​ យ៉ូហាន។ 14 លោកនឹងមានអំណរសប្បាយ ហើយមនុស្សជាច្រើននឹងអបអរកំណើតរបស់កូននោះ។ 15 ដ្បិត កូននោះនឹងមានឋានៈប្រសើរ​ឧត្ដម នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ កូននោះមិនដែល​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ ហើយកូន​នោះ​នឹង​បាន​ពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មកមេ៉្លះ។ 16 មានប្រជាជនអ៊ីស្រាអែលជាច្រើននឹងបែរត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញ។​ 17 កូននោះនឹងមកមុនព្រះអម្ចាស់ បានពេញដោយព្រះវិញ្ញាណ និងប្ញទ្ធានុភាពរបស់លោកអេលីយ៉ា។ កូននោះនឹងបង្វែរចិត្តឪពុកមក រកកូន ដូច្នេះ ពួកមិនស្តាប់បង្គាប់នឹងដើរតាមប្រាជ្ញារបស់មនុស្សសុចរិត គឺរៀបចំចិត្តប្រជារាស្រ្តមួយថ្វាយព្រះអម្ចាស់។ 18 លោកសាការីសួរទេវតាថា៖ «តើខ្ញុំដឹងការនេះបានយ៉ាងដូចម្តេច? ដ្បិត ខ្ញុំចាស់ណាស់ទៅហើយ ហើយភរិយាខ្ញុំក៏ចាស់ណាស់ដែរ»។ 19 ទេវតាឆ្លើយតបថា៖ «ខ្ញុំជាទេវតាកាព្រីយ៉ែល ដែលឈរនៅចំពោះវត្តមានព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបញ្ជូនខ្ញុំឲ្យនាំដំណឹងល្អនេះប្រាប់លោក។ 20 មើល៍! លោកនឹងក្លាយជាមនុស្សគ និយាយពុំកើត រហូតទាល់តែពេលកំណត់មកដល់។ ព្រោះតែលោកពុំជឿតាមពាក្យខ្ញុំ នោះលោកនឹងនិយាយកើតវិញ រហូតទាល់ពេលកំណត់បានសម្រេចមកដល់។ 21 ឥឡូវនេះ មនុស្សម្នាកំពុងតែរង់ចាំមើលលោកសាការី។ ពួកគេភ្ញាក់ផ្តើល ព្រោះគាត់បានចំណាយពេលយ៉ាងយូរនៅក្នុងព្រះវិហារ ដោយពុំដឹងមានរឿងអ្វីកើតឡើង។ 22 តែពេលគាត់ចេញមកវិញ គាត់ពុំអាចនិយាយដាក់គេកើត។ ពួកគេយល់ថា គាត់បានទទួលនិមិត្តមកពីព្រះជាម្ចាស់ ពេលគាត់នៅក្នុងព្រះវិហារ។ គាត់ព្យាយាមធ្វើសញ្ញាប្រាប់ពួកគេ ទាំងនិយាយមិនកើតដដែល។ 23 ក្រោយពេលបំពេញមុខងារដុតគ្រឿងក្រអូបរួច គាត់ក៏ត្រឡប់ទៅផ្ទះវិញ។ 24 ក្រោយមកទៀត នាងអេលីសាបិតជាភរិយាលោកមានផ្ទៃពោះប្រាំខែហើយ នាងនៅតែលាក់ខ្លួនដដែល។ នាងនិយាយថា៖ 25 «នេះជាកិច្ចការដែលព្រះអម្ចាស់បានធ្វើចំពោះនាងខ្ញុំ ពេលព្រះអង្គសម្លឹងមើលនាងខ្ញុំទាំងគាប់ព្រះហប្ញទ័យ ហើយបានដកសេចក្តីអាម៉ាស់ចេញពីនាងខ្ញុំ នៅចំពោះមនុស្សម្នាទាំងឡាយ»។ 26 ក្នុងពេលប្រាំមួយខែ ព្រះជាម្ចាស់បានចាត់បញ្ជូនទេវតាកាព្រីយ៉ែល ទៅភូមិមួយឈ្មោះណាសារ៉ែតក្នុងស្រុកកាលីឡេ 27 ដើម្បីទៅជួបស្រ្តីក្រមុំព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួួយកំលោះយ៉ូសែប។ លោកជាញាតិវង្សនឹងព្រះបាទដាវីឌ ហើយស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ 28 ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ ហើយ​ពោល​ថា៖ «ជម្រាបសួរ!​ ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ 29 តែនាង​រន្ធត់​យ៉ាង​ខ្លាំងដោយសារពាក្យនេះ ហើយនាងឆ្ងល់ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? 30 ទេវតាក៏ពោលទៅនាងថា៖​ «កុំខ្លាចអី! ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងណាស់។ 31 មើល! នាងនឹងមានគ៌ក ហើយសម្រាលបានបុត្រាមួយ។ នាងត្រូវដាក់ឈ្មោះបុត្រនោះថា «យេស៊ូ»។ 32 បុត្រានោះនឹងមានឋានៈប្រសើរឧត្តម ហើយត្រូវថ្វាយព្រះនាមថា ព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។ ព្រះជាម្ចាស់នឹងប្រទានបល្ល័ង្កនៃព្រះបាទដាវីឌជាអយ្យកោរបស់ព្រះអង្គដល់ព្រះអង្គ។​ 33 ព្រះអង្គនឹងគ្រងរាជ្យដំណាក់របស់លោកយ៉ាកុបជាដរាបតទៅ ហើយរាជ្យរបស់ព្រះអង្គនឹងស្ថិតស្ថេរអស់កល្បជានិច្ច។ 34 នាងម៉ារីសួរទៅទេវតាថា៖ «ធ្វើដូចម្តេចឲ្យការនេះសម្រេចបាន ដ្បិត នាងខ្ញុំពុំបានរួមរស់ជាមួយបុរសណាផង?» 35 ទេវតាក៏ឆ្លើយតបមកនាងថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត នឹងមកគ្របបាំងលើនាង។ ដូច្នេះ ព្រះបុត្រាដ៏វិសុទ្ធនឹងត្រូវប្រសូតមក ហើយថ្វាយព្រះនាមថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់។​ 36 មើល នាងអេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះ នៅក្នុងវ័យចាស់ផងដែរ។ នាងមានផ្ទៃពោះប្រាំមួួយខែហើយ ដ្បិតពីមុននាងត្រូវគេហៅថាជាស្រ្តីអារ។ 37 ដ្បិត គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ 38 នាងម៉ារីនិយាយថា៖ «មើល! នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សុំឲ្យការនេះ​បានសម្រេចដូចជាពាក្យទេវតាបានប្រាប់ចុះ»។ បន្ទាប់មកទេវតាក៏ចាកចេញពីនាងទៅ។ 39 នាងម៉ារីក៏ប្រញាប់ក្រោកឡើង រួចធ្វើដំណើរទៅភូមិមួយនៅតំបន់ភ្នំ ក្នុងស្រុកយូដា។ 40 នាងក៏ចូលទៅក្នុងផ្ទះរបស់លោកសាការី និងជម្រាបសួរនាងអេលីសាបិត។ 41 ឥឡូវនេះ ពេលនាងអេលីសាបិតបានឮនាងម៉ារីជម្រាបសួរដូច្នេះ ទារកនៅក្នុងផ្ទៃក៏រើបម្រាស់ឡើង នាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ 42 នាងបន្លឺសំឡេងឡើងខ្លាំងៗថា៖ «នាងជាស្រ្តីមានពរក្នុងចំណោមស្រ្តីទាំងឡាយ ហើយកូនកើតចេញពីផ្ទៃនាងក៏មានពរដែរ។​ 43 ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះរូបខ្ញុំ​ ដែលមាតារបស់ព្រះអម្ចាស់មកលេងនាងខ្ញុំដូច្នេះ? 44 ពេលឮពាក្យជម្រាបសួរភ្លាម កូននៅក្នុងផ្ទៃខ្ញុំក៏បំរះដោយអំណរសប្បាយ។ 45 នាងជាស្ត្រីមានពរ ព្រោះ​នាង​បាន​ជឿ​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​មានបន្ទូលមក​នាង ពិតជាបានសម្រេចមិនខាន»។​ 46 នាងម៉ារីឆ្លើយតបវិញថា៖ «ព្រលឹងខ្ញុំសរសើរតម្កើងព្រះអម្ចាស់ 47 ហើយវិញ្ញាណខ្ញុំអរសប្បាយដែលព្រះជាម្ចាស់បានសង្គ្រោះខ្ញុំ។ 48 ព្រះអង្គ​ទត​មើល​​អ្នក​បម្រើ​ដ៏​ទន់ទាប​របស់​ព្រះអង្គ។ ចាប់ពីពេលនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅខ្ញុំថាជាអ្នកមានពរ​មែន។ 49 ដ្បិត ព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាពធ្វើការអស្ចារ្យ​ចំពោះ​រូប​ខ្ញុំ ព្រះអង្គមានព្រះនាម​ដ៏​វិសុទ្ធ​។ 50 ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាពីជំនាន់មួយទៅជំនាន់មួយ ឮចំពោះអស់អ្នកកោតខ្លាចព្រះអង្គ។ 51 ព្រះអង្គបានសម្តែងប្ញទ្ធានុភាពនៅនឹងព្រះហស្ត ដោយកំចាត់អស់ពួកអ្នកដែលអួតពីគំនិតខ្លួនឯង។ 52 ព្រះអង្គទម្លាក់អ្នកមានអំណាចចេញពីតំណែង និងលើកតម្កើងមនុស្សទន់ទាបឡើង។ 53 ព្រះអង្គប្រទានអាហារឆ្ងាញ់ដល់មនុស្សស្រេកឃ្លាន និងបណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដៃទទេរ។​ 54 ព្រះអង្គបានជួយអ៊ីស្រាអែលដែលជាអ្នកបម្រើព្រះអង្គ ដើម្បីសម្តែងព្រះហប្ញទ័យមេត្តាករុណា 55 (ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់បុព្វបុរស) ចំពោះលោកអប្រាហាំ និងកូនចៅរបស់លោកជារៀងរហូត»។ 56 នាងម៉ារីស្នាក់នៅជាមួយនាងអេលីសាបិតប្រហែល៣ខែ ទើបត្រឡប់ទៅផ្ទះនាងវិញ។ 57 ឥឡូវនេះ ដល់ពេលនាងអេលីសាបិតត្រូវសម្រាលកូន ហើយនាងកើតបានកូនប្រុសមួយ។ 58 អ្នកជិតខាង និងសាច់ញ្ញាតិនាងបានឮថា ព្រះអម្ចាស់សម្តែងព្រះហប្ញទ័យមេត្តាករុណា ដ៏លើសលប់ចំពោះរូបនាង ហើយពួកគេអបអរសាទរនាង។ 59 ប្រាំបីថ្ងៃក្រោយមក ដល់ពេលត្រូវធ្វើពិធីកាត់ស្បែកឲ្យទារក។ ពួកគេចង់ដាក់ឈ្មោះកូននោះថា​ «សាការី» ដូចជាឪពុកគេដែរ។ 60 ប៉ុន្តែ នាងជាម្តាយប្រាប់ថា៖ «ទេ!​ ត្រូវដាក់ឈ្មោះកូននេះថា យ៉ូហាន វិញ»។ 61 ពួកគេនិយាយទៅកាន់នាងថា៖ «នៅក្នុងចំណោមសាច់ញាតិនាង គ្មាននរណាមានឈ្មោះនេះទេ»។ 62 ពួកគេធ្វើសញ្ញាប្រាប់លោកសាការីជាឪពុក ដើម្បីឲ្យដឹងថា ត្រូវដាក់ឈ្មោះអ្វីពិតប្រាកដ។ 63 លោកសុំយកក្តារមួយមកសរសេរថា៖ «ត្រូវដាក់ឈ្មោះកូននេះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់ទាំងអស់គ្នា។ 64 ភ្លាមនោះមាត់របស់លោកក៏ចាប់បើក ហើយអណ្តាតលោកក៏គ្រលាស់បានវិញ។ លោកសាការីនិយាយបានដូចដើម រួចសរសើរតម្កើងព្រះជាម្ចាស់។ 65 អស់អ្នកដែលបានរស់នៅជុំវិញទីនោះ មានការកោតខ្លាចក្រៃលែង។ ហេតុការណ៍ទាំងអស់នេះល្បីសុសសាយ 66 ពេញតំបន់ភ្នំក្នុងស្រុកយូដាទំាងមូល។ អស់អ្នកដែលបានឮហេតុការណ៍នេះ ក៏ចងចាំទុកក្នុងចិត្ត ទាំងនិយាយថា៖ «តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដោយព្រោះព្រះហស្តរបស់​ព្រះអម្ចាស់​តាម​ជួយ​ថែរក្សា​កូន​នេះជានិច្ចដូច្នេះ។ 67 លោកសាការីជាឪពុកបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ​ ហើយថ្លែងទំនាយថា៖ 68 «សរសើរតម្កើងព្រះអម្ចាស់របស់អ៊ីស្រាអែល ព្រោះព្រះអង្គបានយាងមកជួយសង្គ្រោះ និងសម្រេចការប្រោសលោះដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ 69 ព្រះអង្គបានលើកស្នែងនៃការសង្រ្គោះមួយក្នុងដំណាក់នៃអ្នកបម្រើរបស់ព្រះអង្គគឺព្រះបាទដាវីឌ 70 ដូចជាព្រះជាម្ចាស់មាន​ព្រះបន្ទូល​​តាម​រយៈពួកព្យាការីដ៏វិសុទ្ធ​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម។ 71 ​ព្រះអង្គ​សង្គ្រោះ​យើង​ឲ្យរួច​ពី​កណ្ដាប់​ដៃ​​ខ្មាំង​សត្រូវ និងរួចពីកណ្តាប់ដៃអស់​អ្នក​ដែល​ស្អប់​យើង។ 72 ព្រះអង្គសម្តែង​ព្រះហឫទ័យមេត្តាករុណា​ដល់​បុព្វបុរស​យើង ហើយ​នឹកចាំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ 73 និងពាក្យសម្បថរបស់លោកអប្រាហាំ​ជា​បុព្វបុរស​យើង​។ 74 ព្រះអង្គស្បថដើម្បីរំព្ញកយើងថា ព្រះអង្គបាន​រំដោះ​យើងឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ ដូច្នេះយើងបម្រើ​ព្រះអង្គដោយ​ឥត​ភ័យ​ខ្លាច 75 ដ្បិតយើងរស់នៅក្នុងវិសុទ្ធភាព និងសុចរិតភាព នៅចំពោះព្រះអង្គ​រហូត​អស់​មួយ​ជីវិតយើង។ 76 ចំណែក​ឯបងប្អូនជាកូន​វិញ ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនបំពេញមុខងារ​ជា​ព្យាការី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត បងប្អូននឹងដើរមុខ​ព្រះអម្ចាស់​ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ​​ 77 ហើយប្រទានការយល់ដឹងអំពីការសង្រ្គោះទៅដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដោយ​លើកលែង​ទោស​​ឲ្យគេ​រួច​ពី​បាប។ 78 ការនេះកើតឡើងបាន ដោយសារព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា​លើសលប់ ហើយកាលណា​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកខ្ពស់យ៉ាងណា ព្រះអង្គមុខជាយាងមកជួួយសង្រ្គោះយើងពុំខាន 79 ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទីងងឹត និងក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។​ ព្រះអង្គធ្វើដូច្នេះដើម្បីតម្រង់ផ្លូវយើងឲ្យបានសុខសាន្ត»។ 80 ឥឡូវកុមារ​យ៉ូហានធំពេញវ័យឡើង ទាំង​ខាង​រូប​កាយ និង​វិញ្ញាណ ហើយគាត់​រស់​នៅ​តែ​ក្នុង​ទី​រហោស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ឃើញជាសាធារណៈ។


ជំពូក 2

1 នៅ​គ្រា​នោះ ព្រះចៅ​អធិរាជ​រ៉ូម ព្រះនាម​អូគូស្ដ មាន​ព្រះរាជ​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជាជន​រស់នៅក្នុង​ចក្រភព​រ៉ូម៉ាំង​ទាំង​មូល​។ 2 ការ​ជំរឿន​ប្រជាជន​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង​អំឡុង​ពេល​​លោក​គីរេនាស ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​ស៊ីរី។ 3 ដូច្នេះ អ្នក​ស្រុក​ទាំង​អស់​ក៏ចេញ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជីជំរឿន។ 4 លោកយ៉ូសែបក៏ចេញពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដែលជាក្រុងកំណើតរបស់ព្រះបាទដាវីឌផងដែរ ព្រោះលោកជាញ្ញាតិវង្សរបស់ព្រះបាទដាវីឌ។ 5 លោកបានធ្វើដំណើរទៅទីនោះជាមួយនាងម៉ារី ដែលជាគូដណ្តឹងកំពុងតែមានផ្ទៃពោះ។ 6 ខណៈពេលពួកគេកំពុងតែនៅទីនោះនៅឡើយ ដល់ពេលនាងត្រូវគ្រប់ខែសម្រាលបុត្រ។ 7 នាងសម្រាលបានបុត្រាមួយ ដែលជាបុត្រច្បង រួចនាងបានរុំបុត្រនោះនឹងក្រណាត់ ហើយផ្តេកក្នុងស្នូកសត្វ ព្រោះគ្មានបន្ទប់ទំនេរនៅសល់សម្រាប់ពួកគេឡើយ។ 8 នៅតំបន់នោះ ​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ នាពេលយប់។ 9 ពេលនោះស្រាប់តែមានទេវតា​របស់​ព្រះអម្ចាស់​ លេចមកក្បែរ​ពួក​គេ ហើយសិរីរុងរឿង​របស់​ព្រះអម្ចាស់​​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅ​ជុំវិញ​គេ ធ្វើឲ្យពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 10 រួចមកទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រោះខ្ញុំ​នាំ​ដំណឹងល្អ​មួយ ​មក​ប្រាប់​អ្នក​រាល់​គ្នា ហើយដំណឹង​នេះ​នាំ​ប្រជារាស្ត្រ​ទាំង​មូល មាន​អំណរ​​លើសលប់។ 11 យប់​នេះ ព្រះសង្គ្រោះបានប្រសូត​នៅភូមិកំណើតរបស់ព្រះបាទដាវីឌ! គឺ​ព្រះគ្រិស្ដ​ជាព្រះ​អម្ចាស់។ 12 នេះ​ជា​សញ្ញា​សម្គាល់មួយប្រាប់អ្នករាល់គ្នាឲ្យដឹង គឺ​អ្នក​រាល់​គ្នានឹង​ឃើញ​ទារក​មួយរុំ​ដោយ​សំពត់ រួចផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។​ 13 ភ្លាម​នោះ ស្រាប់តែមាន​ទេវតា​ច្រើន​កុះករ ជាពលទេវតាចុះ​ពី​ស្ថាន​បរមសុខមកច្រៀង​សរសើរ​ព្រះជាម្ចាស់​ថា៖ 14 «សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូមឲ្យ​សេចក្ដី​សុខសាន្តរបស់ព្រះអង្គ ស្ថិតនៅក្នុងចំណោមមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ នៅ​លើ​ផែនដីនេះ»។ 15 ក្រោយពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរមសុខ​វិញអស់​ទៅ ពួកគង្វាលហ្វូងសត្វនិយាយគ្នាទៅវិញទៅមកថា៖ «តោះ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ទៅមើលហេតុការណ៍​នេះ តើកើតមានដូច​ព្រះអម្ចាស់បានសម្តែងប្រាប់យើងឬអត់»។ 16 ពួក​គេ​​ធ្វើ​ដំណើរ​ទៅយ៉ាងប្រញាប់ ស្រាប់តែឃើញ​នាង​ម៉ារី និង​លោក​យ៉ូសែប ព្រម​ទាំង​ព្រះឱរស​ផ្ទំក្នុង​ស្នូក​សត្វមែន។ 17 ក្រោយពេល​ពួក​គង្វាល​ឃើញ​ព្រះឱរសរួច​ហើយ ពួកគេជឿនូវ​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់ពួកគេ ​អំពី​ព្រះឱរស​នេះកាលនៅទីវាល។ 18 អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយរៀបរាប់ មានការងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ 19 ប៉ុន្តែ​ នាង​ម៉ារី​វិញ នាង​នឹកគិតអំពីហេតុការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្តនាង។ 20 ពួកគង្វាលក៏ត្រឡប់ទៅវិញ លើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលពួកគេបានឮ និងឃើញ ស្របតាមសេចក្តីដែលពួកទេវតាបានប្រាប់ពួកគេមែន។ 21 ក្រោយថ្ងៃទីប្រាំ​បី​ ដល់​ពេល​កំណត់ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក​ថ្វាយ​ព្រះឱរស គេ​ថ្វាយ​ព្រះនាម​ថា «យេស៊ូ» ជា​ព្រះនាម​ដែល​ទេវតា​បាន​ប្រាប់​នាង​ម៉ារី មុន​ពេលនាង​មាន​ផ្ទៃ​ពោះ។ 22 លុះ​ដល់​ពេល​កំណត់​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារី​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ ឲ្យ​បាន​វិសុទ្ធតាមក្រឹត្យ​វិន័យរបស់​លោក​ម៉ូសេរួចហើយ អ្នក​ទាំង​ពីរ​ក៏​នាំ​ព្រះឱរស​ទៅក្រុងយេរូសាឡិម ដើម្បី​ថ្វាយ​ព្រះអម្ចាស់។ 23 ដ្បិត​​ ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​គ្រប់រូប ត្រូវ​ទុក​ជា​ចំណែក​ថ្វាយ​ព្រះអម្ចាស់»។ 24 ដូច្នេះ អ្នក​ទាំង​ពីរ​ថ្វាយ​យញ្ញបូជា ស្រប​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ គឺតម្រូវឲ្យ​ថ្វាយ «លលក​មួយ​គូ ឬ​ព្រាប​ជំទើពីរ»​។ 25 មើល! មានបុរសម្នាក់នៅ​ក្រុង​យេរូសាឡិម ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត ហើយគាត់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ លោករង់ចាំព្រះអង្គ​យាង​មក​សម្រាលទុក្ខប្រជារាស្រ្ត​អ៊ីស្រាអែល ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​សណ្ឋិត​លើ​គាត់។ 26 ព្រះវិញ្ញាណដ៏វិសុទ្ធបើកសម្តែងប្រាប់គាត់ថា គាត់នឹងមិនទាន់​ស្លាប់ទេ ដរាបណាមិនទាន់បាន​ឃើញ​ព្រះគ្រិស្ដយាងមក។ 27 ព្រះវិញ្ញាណ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ព្រះវិហារ។ ពេលនោះ​មាតាបិតា​នាំ​ព្រះឱរស​យេស៊ូ​មក​ថ្វាយ​ព្រះជាម្ចាស់ ស្របតាម​ក្រឹត្យវិន័យមានចែងទុកស្រាប់។ 28 លោក​ស៊ីម្មាន​ក៏​យក​ព្រះឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះជាម្ចាស់ ដោយទូល​ថា៖ 29 «ឥឡូវ​នេះ សូមឲ្យអ្នកបម្រើ​ព្រះអង្គលា​ចាក​លោក​នេះ​ទៅដោយ​សុខសាន្ត ស្របតាមព្រះបន្ទូល​សន្យា​របស់ព្រះអង្គ។ 30 ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​ការ​សង្គ្រោះរបស់ព្រះអង្គ 31 ដែលបាន​​ប្រទាន​មកឲ្យប្រជាជាតិ​ទាំង​អស់ហើយ។ 32 ​គឺជាពន្លឺ​នៃការបើកសម្តែងចំពោះសាសន៍ដទៃ និងសិរីរុងរឿងចំពោះ​សាសន៍អ៊ីស្រាអែលជា​ប្រជារាស្ត្រ​ព្រះអង្គ»។ 33 មាតាបិតា​របស់​ព្រះយេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី ​ដែល​លោក​ស៊ីម្មាន​មានប្រសាសន៍អំពី​ព្រះឱរស​។ 34 លោក​ស៊ីម្មាន​ឲ្យពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីជាមាតា​ថា៖ «មើល ព្រះជាម្ចាស់បានតែងតាំងព្រះ​បុត្រា​នេះ ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ច្រើន​នាក់​ដួលចុះ និង​ងើប​ឡើង​វិញ ដ្បិតគេប្រឆាំងនឹងទីសម្គាល់​មួយនេះ 35 គឺថា​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ត​របស់​នាង ដូច្នេះ បុត្រានេះនឹងបើកសម្តែងគំនិតលាក់កំបាំងនៅក្នុងដួងចិត្តរបស់មនុស្សជាច្រើន»។ 36 មាន​ព្យាការិនី​ម្នាក់​ឈ្មោះអាណក៏នៅទីនោះដែរ។ នាងជា​កូន​របស់​លោក​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ។ គាត់មានវ័យចំណាស់ទៅហើយ។ គាត់រួមរស់ជាមួួយប្តីបាន​ប្រាំពីរ​ឆ្នាំ 37 ហើយគាត់ជាស្រ្តីម៉េម៉ាយអាយុ​ប៉ែតសិប​បួន​ឆ្នាំហើយ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ព្រះវិហារ​ទេ គឺនៅ​គោរព​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​អធិស្ឋាន​ផងដែរ។ 38 នៅពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់ រួច​តំណាល​អំពី​ព្រះឱរស​នោះ ប្រាប់​គ្រប់គ្នាដែល​ទន្ទឹង​រង់ចាំ​ព្រះជាម្ចាស់ ​យាង​មកប្រោស​លោះ​ក្រុង​យេរូសាឡិម។ 39 កាលពួកគេបាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ក្រឹត្យវិន័យរបស់​ព្រះអម្ចាស់​សព្វ​គ្រប់រួច​ហើយ ពួកគេក៏នាំគ្នាវិល​ត្រឡប់​ភូមិណាសារ៉ែត ​ក្នុង​ស្រុក​កាលីឡេ​វិញ។ 40 ព្រះកុមារ​​ចម្រើនវ័យជា​លំដាប់ មានទាំង​កម្លាំង​មាំមួន និង​ពោរពេញ​ទៅ​ដោយ​ព្រះប្រាជ្ញា​ញាណ។ ព្រះគុណព្រះជាម្ចាស់ស្ថិតនៅលើ​ព្រះកុមារ​នេះ។ 41 មាតាបិតារបស់ព្រះយេស៊ូចូលរួមបុណ្យ​រំលងរៀងរាល់ឆ្នាំ នៅ​ក្រុង​យេរូសាឡិម។ 42 កាល​ព្រះយេស៊ូ​ចម្រើនវ័យ​ដប់ពីរ​ព្រះវស្សា ពួកគេ​នាំ​ព្រះអង្គ​ឡើង​ទៅ​ចូល​រួម​​ពិធី​បុណ្យតាម​ទំនៀមទម្លាប់។ 43 ក្រោយពេលពួកគេស្នាក់នៅ និងចូលរួម​ពិធី​បុណ្យ​ច្រើនថ្ងៃមក ពួកគេ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែព្រះកុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ តែ​មាតាបិតា​ពុំ​បាន​ដឹង​ទេ។ 44 ពួកគាត់ស្មានថា ព្រះកុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជាមួយដែរ ដូច្នេះពួកគេ​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ។ បន្ទាប់មក ពួកគាត់​នាំ​គ្នា​ដើរ​រក​ព្រះកុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់។ 45 ពេលរក​ពុំ​ឃើញ​ព្រះកុមារ ពួកគាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​រក​ព្រះអង្គ​នៅ​ទី​នោះ។ 46 បី​ថ្ងៃ​ក្រោយ​មក ពួកគេ​ឃើញ​ព្រះយេស៊ូ​ក្នុង​ព្រះវិហារ កំពុងតែ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ កំពុង​តែ​ស្ដាប់​​ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ 47 អស់​អ្នក​ដែល​ស្ដាប់​ព្រះកុមារងឿង​ឆ្ងល់​ពី​​ព្រះប្រាជ្ញា​ញាណ និងចម្លើយឆ្លើយឆ្លងរបស់ព្រះកុមារ។ 48 កាល​ពួកគេបាន​ឃើញ​ព្រះកុមារ​ហើយ គាត់​នឹកឆ្ងល់​ជា​ខ្លាំង។ មាតា​សួរ​ព្រះកុមារថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ចូរស្តា​ប់ ឪពុក​ខំ​ដើរ​រក​កូនដោយអន្ទះសារ»។ 49 ព្រះកុមារ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​ដូច្នេះ? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះបិតា​របស់​កូន​ទេ​ឬ?»។ 50 ប៉ុន្តែ លោកទាំងពីរ​ពុំយល់ថា ​ព្រះកុមារ​កំពុងមានបន្ទូលអំពីអ្វីឡើយ។ 51 ក្រោយពេល ព្រះកុមារ​យេស៊ូ​យាង​ត្រឡប់​ទៅ​ភូមិ​ណាសារ៉ែត​ជា​មួយមាតាបិតា​វិញ ព្រះកុមារធ្វើ​តាម​ឱវាទ​របស់លោក​ទាំង​ពីរ​។ មាតា​របស់​ព្រះអង្គ​ចង​ចាំ​ហេតុការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ត។ 52 កាលព្រះយេស៊ូ​មាន​វ័យ​ចម្រើន​ឡើង ព្រះអង្គ​មាន​ប្រាជ្ញា​កាន់​តែ​វាងវៃ ហើយជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ព្រមទាំង​ជា​ទី​គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។


ជំពូក 3

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រាជ្យ​ព្រះចៅ​អធិរាជ​រ៉ូម ព្រះនាម​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសាភិបាល​នៅ​ស្រុក​យូដា ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​កាលីឡេ ព្រះបាទ​ភីលីព​អនុជ​របស់​ព្រះបាទ​ហេរ៉ូដ​ ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​តំបន់​អ៊ីទូរេ និង​តំបន់​ត្រាខូនីត ព្រះបាទ​លីសានាស​ជា​ស្ដេច​អនុរាជ​គ្រប់គ្រង​ស្រុក​អាប៊ីឡែន 2 លោក​អាណ និង​លោក​កៃផាស​ធ្វើ​ជា​មហា​បូជាចារ្យ។ ព្រះជាម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូហាន ជា​កូន​របស់​លោក​សាការី នៅ​ក្នុង​ទីរហោស្ថាន។ 3 លោកបាន​ធ្វើ​ដំណើរទៅ​គ្រប់​ទី​កន្លែង ក្នុង​តំបន់​ទន្លេ​យ័រដាន់ ហើយ​ប្រកាស​ពីពិធី​ជ្រមុជ​ទឹក សម្តែងពីការប្រែចិត្ត និងទទួលការលើកលែង​ទោសឲ្យ​រួច​ពី​បាប។ 4 ដ្បិតនៅក្នុង​កណ្ឌគម្ពីរ​ព្យាការី​អេសាយមានចែងទុកមក​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើងនៅ​ទី​រហោស្ថាន​ថា ចូរ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គចុះ។ 5 ត្រូវ​បំពេញ​ជ្រលង​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ទាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិបរដុបឲ្យ​រាប​ស្មើផង​ដែរ 6 នោះ​មនុស្សលោក​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះរបស់​ព្រះជាម្ចាស់»។ 7 ដូច្នេះ លោក​យ៉ូហាន​មានប្រសាសន៍ទៅកាន់​មហាជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ថា៖ «ពូជ​ពស់​វែក​អើយ! តើ​នរណា​ព្រមាន​អ្នក​រាល់​គ្នា ឲ្យ​រត់​គេច​ពី​ព្រះពិរោធ​របស់​ព្រះជាម្ចាស់​ ដែល​ជិត​មក​ដល់​ដូច្នេះ?។ 8 ដូច្នេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្តរបស់អ្នក​រាល់​គ្នា​ចុះ ហើយកុំ​អាង​​ថាខ្លួន មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​ក៏​អាច​ធ្វើ​​ឲ្យថ្ម​ទាំង​នេះ ក្លាយជាកូនចៅលោកអប្រាហាំ​បាន​ដែរ។ 9 ពូថៅ​ត្រៀមនៅក្បែរ​គល់​ឈើ​ជា​ស្រេច​ហើយ។ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​ចោល រួចបោះចូល​ក្នុង​ភ្លើង»។ 10 រួចមក មហាជន​សួរ​លោក​យ៉ូហាន​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 11 លោក​​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ប្រសិនបើអ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​មួយឲ្យ​អ្នក​ដែល​គ្មាន ហើយ​បើអ្នក​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នកដែល​គ្មាន​ផង»។ 12 មាន​អ្នក​ទារ​ពន្ធ​ខ្លះ​ក៏បានមក​ទទួល​ពិធី​ជ្រមុជ​ទឹកដែរ ហើយ​ពួកគេសួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ 13 លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កំណត់ ដែល​មាន​ចែង​ទុក​ក្នុងច្បាប់នោះ​ឡើយ»។ 14 មាន​ទាហានខ្លះក៏​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ? តើយើងត្រូវ​ធ្វើ​អ្វី​ខ្លះដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​យក​ប្រាក់​ពី​អ្នក​ណា​ដោយសង្កត់សង្កិតឲ្យ​សោះ​ កុំចោទប្រកាន់អ្នកណាដោយបំពាន។ ត្រូវចេះ​ស្កប់​ចិត្ត​​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា»។ 15 ឥឡូវនេះ ប្រជាជន​នៅ​តែ​រង់ចាំដោយអន្ទះសារ ដោយរំពឹងថា​ព្រះគ្រិស្តនឹងយាងមក ហើយគ្រប់គ្នាងឿងឆ្ងល់ក្នុងចិត្តទាក់ទងនឹងលោកយ៉ូហាន ថាតើលោកជាព្រះគ្រិស្តដែលត្រូវយាងមកឬយ៉ាងណា។ 16 លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ចំពោះខ្ញុំ​ ខ្ញុំធ្វើ​ពិធី​ជ្រមុជនេះឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ លោកជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យអ្នក​រាល់​គ្នា ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 17 លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ យក​គ្រាប់​ល្អ​ប្រមូល​ដាក់ក្នុង​ជង្រុក។ លោកនឹងដុតអង្កាមក្នុង​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ 18 ដោយមានពាក្យដាស់តឿនផងដែរ​ នោះលោក​យ៉ូហាន​ប្រកាស​ដំណឹងល្អប្រាប់​ប្រជាជន។ 19 លោកយ៉ូហានបានស្តីបន្ទោសព្រះបាទ​ហេរ៉ូដ​ ជា​ស្ដេច​អនុរាជយកនាង​ព្រះនាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ​ព្រះអង្គ​ មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់ និងមាន​អំពើ​អាក្រក់​ជា​ច្រើន​ ដែលព្រះបាទហេរ៉ូដបានប្រព្រឹត្ត។ 20 ហើយព្រះអង្គ​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។ 21 ឥឡូវនេះ ពេល​ប្រជាជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះយេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ 22 ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ រួចមាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់»​។ 23 ពេល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ព័ន្ធកិច្ច ព្រះអង្គ​មាន​ព្រះជន្មាយុ​ប្រមាណ​សាមសិប​ព្រះវស្សា។ ​គេសន្មត់ថា ព្រះអង្គ​ជា​កូន​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​កូន​លោក​ហេលី 24 លោក​ហេលី​ជា​កូន​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី លោក​លេវី​ជា​កូនលោក​ម៉ិលគី លោក​ម៉ិលគី​ជាកូន​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប។ 25 លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាតាធាស លោក​ម៉ាតាធាស​ជា​កូនលោក​ហាម៉ូស លោក​ហាម៉ូស​ជា​កូន​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​កូន​លោក​អែសលី លោក​អែសលី​ជា​កូន​លោក​ណាកាយ 26 លោក​ណាកាយ​ជា​កូន​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាល លោក​ម៉ាតាធាល​ជា​កូន​លោក​សេម៉ី លោក​សេម៉ី​ជា​កូន​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​កូន​លោក​យូដា។ 27 លោក​យូដា​ជា​កូនលោក​យ៉ូអាណាន់ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល លោក​សូរ៉ូបាបិល​ជា​កូន​លោក​សាលធាល លោក​សាលធាល​ជា​កូន​លោក​នេរី 28 លោក​នេរី​ជា​កូន​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី លោក​អ័តឌី​ជា​កូន​លោក​កូសាម លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើរ 29 លោក​អ៊ើរ​ជា​កូន​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​កូន​លោក​អេលាស៊ើរ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​កូន​លោក​ម៉ាត់ថាត់ លោក​ម៉ាត់ ថាត់​ជា​កូន​លោក​លេវី។ 30 លោក​លេវី​ជាកូន​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា លោក​យូដា​ជា​កូន​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​កូនលោក​អេលាគីម 31 លោក​អេលាគីម​ជា​កូនលោក​មេលាស លោក​មេលាស​ជា​កូន​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតាថា លោក​ម៉ាតាថា​ជា​កូន​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ 32 ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​កូន​លោក​អូបេដ លោក​អូបេដ​ជា​កូន​លោក​បូអូស លោក​បូអូស​ជា​កូន​លោក​សាលម៉ូន លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន។ 33 លោក​ណាសូន​ជាកូន​លោក​អមីណាដាប់ លោក​អមីណាដាប់​ជា​កូន​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​កូន​លោក​អ័រនី លោក​អ័រនី​ជា​កូន​លោក​អែសរ៉ូម លោក​អែសរ៉ូម​ជា​កូន​លោក​ពេរេស លោក​ពេរេស​ជា​កូន​លោក​យូដា 34 លោក​យូដា​ជា​កូន​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​កូន​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ 35 លោក​ណាឃរ​ជា​កូនលោក​សេរូក លោក​សេរូក​ជា​កូន​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​កូន​លោក​ផាលេក លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា។ 36 លោក​សេឡា​ជា​កូន​លោក​កៃណាន លោក​កៃណាន​ជាកូន​លោក​អើប៉ាកសាដ លោក​អើប៉ាកសាដ​ជាកូន​លោក​សិម លោក​សិម​ជាកូន​លោក​ណូអេ លោក​ណូអេ​ជា​កូន​លោក​ឡាម៉េក 37 លោក​ឡាម៉េក​ជា​កូន​លោក​មធូសាឡា លោក​មធូសាឡា​ជា​កូន​លោក​ហេណុក លោក​ហេណុក​ជា​កូន​លោក​យ៉ារ៉េឌ លោក​យ៉ារ៉េឌ​ជា​កូនលោក​ម៉ាលេលាល លោក​ម៉ាលេលាល​ជាកូន​លោក​កៃណាន 38 លោក​កៃណាន​ជាកូន​លោក​អេណុស លោក​អេណុស​ជា​កូន​លោក​សេថ លោក​សេថ​ជា​កូន​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះជាម្ចាស់។


ជំពូក 4

1 បន្ទាប់ពីព្រះយេស៊ូ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ព្រះអង្គ​យាង​ត្រឡប់​ពី​ទន្លេ​យ័រដាន់​មក​វិញ ហើយ​ព្រះវិញ្ញាណ​នាំ​ព្រះអង្គ​ទៅ​ទី​រហោស្ថាន 2 ជាកន្លែងដែលព្រះអង្គ​ត្រូវ​សាតាំង​ល្បួង​អស់​រយៈ​ពេល​សែសិប​ថ្ងៃ។ ព្រះអង្គពុំបានសោយអ្វីសោះឡើយ​អំឡុង​ពេល​នោះ រួចផុតពេលនោះមក ទើប​ព្រះអង្គ​ឃ្លាន។ 3 សាតាំងទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរបញ្ជាទៅដុំថ្មនេះឲ្យក្លាយ​ជា​នំបុ័ង​ទៅ»។ 4 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «​គម្ពីរ​មាន​ចែង​ថា មនុស្ស​ពុំមែន​រស់​ដោយសារ​តែ​អាហារ​ទេ»។ 5 រួចសាតាំង​នាំ​ព្រះយេស៊ូ​ទៅ​កន្លែង​មួយ​ខ្ពស់មួយ ហើយ​​បង្ហាញនគរ​ទាំងអស់​នៅ​លើ​ផែនដីឲ្យ​ព្រះអង្គ​ឃើញ មួយ​រយៈ​ពេល​ខ្លី។ 6 ​សាតាំង​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច និងសម្បត្តិ​របស់​នគរ​ទាំងអស់ឲ្យលោក ដ្បិតខ្ញុំបានទទួល​សម្បត្តិ​ទាំងនេះ ហើយខ្ញុំ​អាច​ប្រគល់ឲ្យ​អ្នក​ណា​ក៏​បាន ​ស្រេច​តែ​​ខ្ញុំ។ 7 ដូច្នេះ ​បើ​លោក​ក្រាប​ថ្វាយបង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹងក្លាយជា​របស់​លោកភ្លាម»។ 8 ប៉ុន្តែព្រះយេស៊ូ​មានព្រះបន្ទូល​តប​ទៅ​វិញ​ថា៖ «​មានសេចក្តី​ចែងទុក​ថា អ្នក​ត្រូវ​តែ​ថ្វាយបង្គំ​ព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក ហើយនិង​គោរពបម្រើព្រះអង្គ​តែមួយ​ប៉ុណ្ណោះ»។ 9 បន្ទាប់​មក មារសាតាំងក៏​នាំ​ព្រះយេស៊ូ​ទៅ​ក្រុង​យេរូសាឡិម រួច​ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះវិហារ ហើយ​ទូល​ថា៖ «​បើ​លោក​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​។ 10 ​ដ្បិត​មានសេចក្តី​ចែងទុកមក​ថា «ព្រះអង្គ​នឹង​បញ្ជា​ទេវតាឲ្យ​ការពារ​លោក 11 ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិនធ្វើឲ្យ​ជើង​លោក​ប៉ះ​​ថ្ម​ឡើយ»។ 12 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​សាតាំង​វិញ​ថា៖ «មានសេចក្តី​ចែងទុកមក​ថា កុំ​ល្បងល​ព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក​ឡើយ»។ 13 ក្រោយពេល​មារ​ល្បួង​ព្រះយេស៊ូ​រួចហើយ វា​ក៏​ថយ​ចេញ​ពី​ព្រះអង្គ​ទៅ ចាំពេលកំណត់មកដល់។ 14 ក្រោយពេលព្រះយេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ពេញ​ដោយ​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ ចំណែកដំណឹងពីព្រះអង្គ​ល្បីល្បាញពេញ​តំបន់។ 15 បន្ទាប់មក ព្រះអង្គ​ចាប់ផ្តើមបង្រៀនក្នុង​សាលា​ប្រជុំ ហើយគេ​សរសើរ​តម្កើង​ព្រះអង្គ​គ្រប់ៗ​គ្នា។ 16 ព្រះអង្គយាង​ទៅ​ភូមិ​ណាសារ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​ធំដឹងក្តី ហើយតាមទម្លាប់ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំនៅថ្ងៃសប្ប័ទ រួចព្រះអង្គ​ក្រោក​ឈរ​ឡើង និង​អាន​គម្ពីរឮខ្លាំងៗ។ 17 គេ​បាន​យក​គម្ពីរ​របស់​ព្យាការី​អេសាយ​មក​ថ្វាយ​ព្រះអង្គ។ ព្រះអង្គ​បើក​គម្ពីរ​ត្រង់​អត្ថបទ​មួយ ដែល​មាន​ចែង​ថា 18 «ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឲ្យប្រកាស​ដំណឹងល្អ ​ប្រាប់​ជន​ក្រីក្រ។​ ព្រះអង្គ​ចាត់​ខ្ញុំឲ្យទៅប្រកាសពីសេរីភាពប្រាប់ជន​ជាប់​ជា​ឈ្លើយ​ និង​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ និង​រំដោះអស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន 19 ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះអម្ចាស់សម្តែង​ព្រះហឫទ័យ​មេត្តាករុណា»។ 20 រួចព្រះអង្គ​បិទ​គម្ពីរ និងប្រគល់​ទៅ​អ្នក​ថែរក្សាវិញ ហើយព្រះអង្គក៏​គង់​ចុះ​។ មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះអង្គ។ 21 ព្រះអង្គមាន ​ព្រះបន្ទូលទៅពួកគេ​ថា៖ «ថ្ងៃនេះ អត្ថបទគម្ពីរនេះបានសម្រេច​ជា​រូប​រាង​ ដូចអ្នករាល់គ្នាបានស្តាប់»។ 22 គ្រប់គ្នាស្ងើច​សរសើរ​ព្រះអង្គ ហើយគ្រប់គ្នា​នឹក​ឆ្ងល់​អំពី​ព្រះបន្ទូលប្រកប​ដោយ​ព្រះហឫទ័យ​ប្រណីសន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គមក ហើយពួកគេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​លោកយ៉ូសែប​ទេ​ឬ?»។ 23 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ប្រាកដណាស់អ្នករាល់គ្នានឹងយក​សុភាសិត​មកប្រាប់ខ្ញុំថា គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួនឲ្យ​ជា​សិន​ទៅ។ អ្វីៗដែលអ្នករាល់គ្នាបានឮ​នៅ​ក្រុង​កាពើណិម ចូរប្រព្រឹត្តដូចគ្នានៅ​ស្រុក​កំណើត​របស់​អ្នកផងចុះ»។ 24 ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នាឲ្យដឹង​ច្បាស់​ថា ពុំមានព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​ខ្លួន​ឡើយ។ 25 ខ្ញុំ​សុំ​បញ្ជាក់​ថា មានស្រ្តីមេម៉ាយជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល នៅ​ជំនាន់​លោក​អេលីយ៉ា​ មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយខែ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ 26 ក៏​ប៉ុន្តែ ព្រះជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា ឲ្យ​ទៅ​ជួយ​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ ប៉ុន្តែចាត់ឲ្យទៅជួយ​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិបតា ក្នុង​ក្រុង​ស៊ីដូន​តែប៉ុណ្ណោះ។ 27 មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ជំនាន់​ព្យាការី​អេលីសេ ក្នុង​ស្រុក​អ៊ីស្រាអែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ 28 ​មនុស្សទាំងអស់នៅសាលាប្រជុំខឹងព្រះយេស៊ូ ពេលបាន​ឮ​ព្រះបន្ទូល​ទាំង​នេះ។ 29 គេ​ក្រោក​ឡើង​ចាប់​ទាញ​ព្រះយេស៊ូ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះចេញ​ពី​ភូមិ​ដែល​សង់​លើ​កំពូល​ភ្នំ ពួកគេបម្រុង​នឹង​ច្រាន​ព្រះអង្គ​ទម្លាក់​ទៅ​ក្រោម។ 30 ប៉ុន្តែ ព្រះអង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​ពួកគេ រួចយាងទៅកន្លែងមួយផ្សេងទៀត។ 31 បន្ទាប់មកព្រះអង្គ​យាង​ទៅ​ក្រុង​កាពើណិម ក្នុង​ស្រុក​កាលីឡេ រួចព្រះអង្គចាប់ផ្តើម​បង្រៀន​បណ្ដាជន​​នៅ​ថ្ងៃ​សប្ប័ទ។​ 32 ពួកគេ​គ្រប់​គ្នា​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​របៀបព្រះអង្គបង្រៀនពួកគេ ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដ៏មាន​អំណាច។ 33 នៅ​ក្នុង​សាលា​ប្រជុំមាន​បុរស​ម្នាក់ ដែល​វិញ្ញាណ​​អារក្ស​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖ 34 «តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង ព្រះយេស៊ូពីស្រុកណាសារ៉ែតអើយ? តើព្រះអង្គ​ចង់មក​បំផ្លាញ​យើង? ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ គឺព្រះ​ដ៏វិសុទ្ធ ​ដែល​មក​ពីព្រះជាម្ចាស់!»។ 35 ព្រះយេស៊ូ​គំរាម​វិញ្ញាណ​អារក្សថា៖ «នៅឲ្យស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ ពេលអារក្ស​​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដាជន​រួច​ហើយ វាក៏ចេញចេញពីបុរសនោះទៅ គ្មានធ្វើអ្វីឲ្យ​គាត់​ឈឺ​ចាប់​​ឡើយ។ 36 មនុស្សទាំងអស់នៅទីនោះ​ភ័យ​ស្រឡាំងកាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួកគេនិយាយ​ថា៖ «ចុះ​ពាក្យ​សម្តី​លោក​នេះ​ខ្លាំង​ពូកែ​ម៉េ្លះ? ​លោក​មាន​អំណាច និង​ឫទ្ធានុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​ឲ្យវា​ចេញ ហើយ​វា​ក៏ធ្វើ​តាម»។ 37 ដូច្នេះ បន្ទាប់​មកដំណឹងអំពីព្រះយេស៊ូចាប់ផ្តើមល្បីពាសចេញស្រុកជុំវិញនោះ។ 38 ព្រះយេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ស្រាប់តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​បាន​ជា។ 39 ព្រះយេស៊ូ​ឲ្យ​ទៅ​លើ​អ្នក​ជំងឺ ព្រះអង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង​ចាប់ផ្តើមបម្រើភ្ញៀវ។ 40 នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុកនាំបង​ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះយេស៊ូ។ ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេឲ្យបានជា។ 41 មាន​អារក្សជាច្រើនចេញពីមនុស្ស​ទាំងនោះ​ស្រែក​ថា៖ «ព្រះអង្គ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់!» ព្រះយេស៊ូ​គំរាម​អារក្ស​ទាំង​នោះ មិនឲ្យ​និយាយ​ជា​ដាច់​ខាតថា ពួកគេបានស្គាល់ព្រះអង្គថា ជា​ព្រះគ្រិស្ដ។ 42 ពេល​ព្រលឹម​ឡើង ព្រះអង្គយាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដាជន​នាំ​គ្នា​ដើរ​រក​ព្រះអង្គ នៅកន្លែងទ្រង់គង់នៅ។ ពួកគេ​ឃាត់​ព្រះអង្គឲ្យ​នៅ​ជា​មួយ មិន​ចង់​ចេញ​ចោល​គេ​ឡើយ។ 43 ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ​ទៅ​ក្រុង​ឯ​ទៀត ព្រោះហេតុនេះបានជាព្រះអង្គ​បាន​ចាត់​ខ្ញុំមក​បំពេញ​ការ​នេះ​ឯង»។ 44 បន្ទាប់​មក ព្រះយេស៊ូបន្ត​ប្រកាស​ដំណឹងល្អ តាម​សាលា​ប្រជុំនានា ក្នុង​ស្រុក​កាលីឡេ។


ជំពូក 5

1 ឥឡូវនេះ មានរឿងមួយកើតឡើង​ ពេលបណ្តាជនប្រជ្រៀតគ្នាជុំវិញព្រះយេស៊ូ​ ដើម្បីស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ​នៅ​មាត់​បឹង​គេនេសារ៉ែត។ 2 ព្រះអង្គ​ទត​ឃើញ​ទូក​ពីរ​ចង​នៅ​មាត់​ច្រាំង។ ចំណែក​អ្នក​នេសាទ​ចេញទៅលាង​អួនរបស់​គេ។ 3 ព្រះយេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន ហើយ​ព្រះអង្គ​សុំ​ឲ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច។ រួចព្រះអង្គ​គង់​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះមក។ 4 ពេល​ព្រះអង្គ​បង្រៀន​គេ​ចប់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅជាងនេះ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ 5 លោក​ស៊ីម៉ូន​តប​ទៅ​ព្រះយេស៊ូ​វិញ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​ទេ ប៉ុន្តែបើ​លោក​គ្រូ​មានប្រាប់ ខ្ញុំ​នឹង​ទម្លាក់​អួនចុះ​តាម​ពាក្យ​លោក​គ្រូ»។ 6 ពេលទម្លាក់​អួនរួចហើយ មានជាប់​ត្រី​​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ 7 គេ​បក់​ដៃ​ហៅ​មិត្តភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។ ពួក​គេមក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ 8 ប៉ុន្តែពេល​លោក​ស៊ីម៉ូន-ពេត្រុស​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​យាង​ចេញឆ្ងាយ​ពី​ទូលបង្គំ​ទៅ ព្រោះ​ទូលបង្គំ​ជា​មនុស្ស​មានបាប»។ 9 ដ្បិតលោក​ស៊ីម៉ូន និងអ្នកនៅជាមួយគាត់​ភ័យ​ស្ញប់ស្ញែង​ជា​ខ្លាំង ​ពេល​បាន​ឃើញ​ត្រី​ច្រើនដូច្នេះ។ 10 នៅទីនោះក៏មាន​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​កូន​លោក​សេបេដេ ដែលជាអ្នក​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូនដែរ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «កុំ​ខ្លាច​អី! ព្រោះចាប់ពីពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ 11 ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ ពួកគេ​បោះ​បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះយេស៊ូ​ទៅ។ 12 ក្រោយមកទៀត ព្រះយេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់។ ពេល​ឃើញ​ព្រះយេស៊ូគាត់​ក្រាប​ថ្វាយបង្គំ អោន​មុខ​ដល់​ដី និងទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់អើយ! ​បើ​ព្រះអង្គ​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។ 13 រួចព្រះយេស៊ូ​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់ ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ សូមឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ​ គាត់បានជាស្អាតបរិសុទ្ធពីជំងឺឃ្លង់ភ្លាម។ 14 ព្រះយេស៊ូ​ហាម​គាត់ពុំឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែប្រាប់គាត់​ថា៖ «ត្រឡប់ទៅវិញចុះ រួច​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជាចារ្យ និង​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ជាបន្ទាប់ប្រាប់ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ 15 ប៉ុន្តែរឿងរ៉ាវនេះល្បី​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយមហាជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះអង្គបង្រៀន ព្រមទាំងទទួលការ​ប្រោស​ឲ្យជា​ពី​ជំងឺ​ផ្សេងៗ​ផង។ 16 តែព្រះយេស៊ូ​វិញតែង​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន។ 17 មានថ្ងៃ​មួយនោះ ព្រះយេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដាជន ស្រាប់តែមាន​ពួក​ខាង​គណៈ​ផារីស៊ី និង​អ្នក​ប្រាជ្ញ​ខាង​វិន័យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ ដែលអ្នក​ទាំង​នោះ​​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលីឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូសាឡិម។ ​ឫទ្ធានុភាព​របស់​ព្រះអម្ចាស់គង់នៅជាមួយទ្រង់ និង​ប្រោស​អ្នក​ជំងឺឲ្យ​បាន​ជា។ 18 ពេលនេះ ស្រាប់​តែ​មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​ រកវិធីនាំគាត់ចូលទៅក្នុងផ្ទះ ដាក់នៅមុខ​ព្រះយេស៊ូ។ 19 ដោយ​គេរកផ្លូវចូលទៅពុំបាន ព្រោះមាន​មនុស្ស​ច្រើន​ពេក ដូច្នេះ គេ​ក៏​សែង​អ្នក​ជំងឺ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ បក​ក្បឿង សំរូត​គាត់​ចុះ​មក​កណ្ដាល​ចំណោម​មនុស្ស នៅ​ចំ​ពី​មុខ​ព្រះយេស៊ូ។ 20 ដោយបានឃើញជំនឿពួកគេដូច្នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ»។ 21 ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី​រិះគិតក្នុងចិត្ត និងនិយាយថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​​ប្រមាថព្រះជាម្ចាស់​ដូច្នេះ? តើ​អ្នក​ណា​អាច​អត់ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។ 22 ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់​ពី​គំនិត​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិតក្នុងចិត្ត​ដូច្នេះ? 23 តើឃ្លាមួយណាងាយស្រួលជាង «ខ្ញុំ​អត់ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ» ឬ «ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ?» 24 នោះអ្នករាល់គ្នាដឹងថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់ទោសបាបមនុស្សលោក ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​វិញ​ទៅ»។ 25 ភ្លាម​នោះ បុរសនោះក្រោក​ឡើង​នៅ​មុខ​មនុស្ស​ទាំង​អស់ រួច​យក​គ្រែ​ស្នែង​ដែល​គេ​សែង​ខ្លួន​មក។ រួចគាត់ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ផង។ 26 អស់​អ្នក​ដែល​នៅ​ទី​នោះកោតស្ញប់ស្ញែងគ្រប់ៗ​គ្នា ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​គ្នា​ថា៖ «យើង​បាន​ឃើញ​ហេតុការណ៍​ចំឡែក​អស្ចារ្យ​មែននៅថ្ងៃនេះ»។ 27 បន្ទាប់​មកហេតុការណ៍នេះកើតឡើង ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ ហើយ​ទត​ឃើញ​អ្នក​ទារ​ពន្ធ​ម្នាក់ ឈ្មោះ​លេវី អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ 28 ដូច្នេះ លោក​លេវី​ក្រោក​ឡើង ដើរតាមព្រះយេស៊ូ ដោយបោះបង់ចោលកិច្ចការ​ទាំង​អស់​។ 29 រួចលោក​លេវី​បាន​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ នៅផ្ទះលោក​ថ្វាយ​ព្រះអង្គ។ មាន​អ្នក​ទារ​ពន្ធ និង​​មនុស្សជាច្រើន​ទៀតក៏​ចូល​រួម​ពិធីជប់លៀងនោះដែរ។ 30 ប៉ុន្តែ ពួក​ខាង​គណៈផារីស៊ី និង​ពួក​អាចារ្យ​ត្អូញត្អែដាក់​ក្រុម​សិស្សរបស់​ព្រះអង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ?»។ 31 ព្រះយេស៊ូ​តប​ទៅ​គេ​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ត្រូវការគ្រូពេទ្យ។ 32 ខ្ញុំ​ពុំមែន​មក​រក​មនុស្ស​សុចរិត​ទេ ឲ្យប្រែចិត្តទេ ផ្ទុយទៅវិញខ្ញុំ​មក​រក​មនុស្ស​បាប ដើម្បីឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិតវិញ»។ 33 ពួក​គេ​ទូល​សួរ​ព្រះអង្គថា៖ «ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ពួក​សិស្ស​ខាង​គណៈផារីស៊ី តែងតែ​តម​អាហារ និងអធិស្ឋានជាប្រចាំ។ ប៉ុន្តែសិស្សរបស់លោក​នាំ​គ្នា​បរិភោគ​ជាធម្មតា»។ 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «តើ​ភ្ញៀវចូលរួមពិធីមង្គលការ​អាច​តម​អាហារ​កើតទេ បើកូនកម្លោះ​នៅ​ជា​មួយកូនក្រមុំដូច្នេះ?។ 35 ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ​ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារវិញ»។ 36 រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​​ប្រស្នា​ថា៖ «ពុំ​ដែល​មាន​នរណា​ហែក​សម្លៀកបំពាក់​ថ្មី យក​ទៅ​ប៉ះ​សម្លៀកបំពាក់​ចាស់​នោះទេ បើធ្វើ​ដូច្នេះ នោះសម្លៀកបំពាក់​ថ្មី​នឹង​ត្រូវ​រហែក ហើយ​​ក្រណាត់​ថ្មីពុំសមនឹងក្រណាត់ចាស់ឡើយ។ 37 ពុំ​ដែល​មាន​នរណា​ដាក់ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ស្រា​ថ្មី​នឹង​ធ្វើ​ឲ្យថង់​ស្បែក​ចាស់​នោះ ត្រូវ​ធ្លុះហើយ​បណ្ដាលឲ្យស្រា​ហូរ​ចេញ ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ជាពុំ​ខាន 38 ប៉ុន្តែ ត្រូវ​ដាក់​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មីវិញ។ 39 គ្មាននរណាដែលផឹកស្រាចាស់ហើយ ទៅផឹកស្រាវិញនោះទេ ដ្បិតអ្នកនោះនឹងនិយាយថា «ស្រា​ចាស់​ឆ្ងាញ់​ជាង​ស្រា​ថ្មី»។


ជំពូក 6

1 នៅ​ថ្ងៃ​សប្ប័ទ ព្រះយេស៊ូ​យាង​កាត់​វាល​ស្រែ ហើយសិស្ស​ព្រះអង្គ​នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​ដើម្បីបរិភោគ។ 2 ប៉ុន្តែមាន​ពួក​ខាង​គណៈផារីស៊ី​ខ្លះ​និយាយ​​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅថ្ងៃសប្ប័ទ ដែល​បញ្ញត្តិ​ហាម​ដូច្នេះ?»។ 3 ព្រះយេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «តើអ្នករាល់គ្នាបានអានអត្ថបទ​គម្ពីរ​មួយ ស្ដី​អំពី​​ព្រះបាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​ នៅ​ពេល​ឃ្លានដែរឬទេ? 4 ព្រះបាទដាវីឌបាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់ និងយក​នំបុ័ងខ្លះ​ដែល​គេ​តាំង​ថ្វាយ​ព្រះជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យមាន​តែ​ពួក​បូជាចារ្យប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​​បាន។ 5 បន្ទាប់មកព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ទៀត​ថា៖ «បុត្រ​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។ 6 នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត ព្រះយេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​ព្រះអង្គ​បង្រៀន​គេនៅទីនោះ។ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។ 7 ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ីឃ្លាំ​មើល​ព្រះយេស៊ូយ៉ាងដិតដល់ ក្រែង​លោ​ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ដើម្បីចង់​រក​លេស​ចោទ​ប្រកាន់​ព្រះអង្គ។ 8 ព្រះយេស៊ូ​ឈ្វេង​យល់​គំនិត​ពួក​គេ និង​មាន​ព្រះបន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​ពួកគេទៅ»។ ដូច្នេះ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។ 9 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា តើនៅ​ថ្ងៃ​សប្ប័ទ មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​​អំពើ​អាក្រក់? តើ​​សង្គ្រោះ​ជីវិត​មនុស្ស ឬ​បំផ្លាញមនុស្សឲ្យ​វិនាស​អន្តរាយ?»។ 10 រួចព្រះអង្គ​បែរ​ព្រះភក្ត្រ​ទត​មើល​មនុស្ស​ទាំង​អស់​នៅ​ជុំវិញ និង​មាន​ព្រះបន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។ 11 ប៉ុន្តែ ពួក​គេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា ថាតើត្រូវធ្វើអ្វី​តបស្នងចំពោះ​​ព្រះយេស៊ូវិញ។ 12 នៅ​គ្រា​នោះ ព្រះយេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​អធិស្ឋាន។ ព្រះអង្គ​អធិស្ឋាន​ទៅព្រះជាម្ចាស់ពេញ​មួយ​យប់។ 13 លុះ​ព្រលឹម​ឡើង ព្រះអង្គ​ត្រាស់​ហៅ​សិស្ស​មក ព្រះអង្គ​ជ្រើស​យក​ដប់ពីរ​រូបក្នុងចំណោមពួកគេ ហើយ​ហៅពួកគេ​ជា​សិស្សរបស់​ព្រះអង្គ។ 14 សិស្សរបស់ព្រះយេស៊ូ​មានលោក​ស៊ីម៉ូន ​(ដែល​ព្រះអង្គ​ប្រទាន​ឈ្មោះ​ថា ពេត្រុស) និង​លោកអនទ្រេ​ជា​ប្អូន​របស់​គាត់ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបាថូឡូមេ 15 លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ លោកស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម 16 លោកយូដាស​ជា​កូន​លោក​យ៉ាកុប និងលោក​យូដាស​អ៊ីស្ការីយ៉ុត​ដែល​នឹង​ក្បត់​ព្រះអង្គ។ 17 បន្ទាប់មក ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​ពួកគេ គង់នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ មានពួក​សិស្ស និងប្រជាជនជាច្រើនពី​ស្រុក​យូដា និងពី​ក្រុង​យេរូសាឡិម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ។​ 18 ពួកគេ​នាំ​គ្នា​មក​ស្ដាប់​ព្រះអង្គ និង​ទទួលការ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។ 19 គ្រប់​គ្នា​ចូល​មក​ពាល់​ព្រះអង្គ ព្រោះ​មាន​ឫទ្ធានុភាព​ចេញ​ពី​ព្រះអង្គ​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។ 20 រួចព្រះអង្គ​ទត​មើល​ពួកសិស្ស​ព្រះអង្គ ហើយ​មាន​ព្រះបន្ទូល​ថា៖ «មានពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ជា​ជនក្រីក្រអើយ ដ្បិតអ្នករាល់គ្នា​នឹងបាន​ទទួល​ព្រះរាជ្យរបស់​ព្រះជាម្ចាស់។ 21 មានពរហើយ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មានពរហើយ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។ 22 មានពរហើយ នៅពេលដែលគេស្អប់អ្នករាល់គ្នា នៅពេលដែលគេលែងរាប់រកអ្នករាល់គ្នា និងនៅពេលដែលគេ​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​បុត្រ​មនុស្ស។ 23 ​ចូរ​មាន​អំណរ​សប្បាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​ស្ថាន​បរមសុខ ដ្បិតបុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្តដូច្នេះ​ចំពោះ​ពួក​ព្យាការី​​ដែរ។ 24 ប៉ុន្តែ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ អ្នក​នឹង​ត្រូវ​វេទនាហើយ ដ្បិត​អ្នក​រាល់​គ្នា​បានទទួល​ការ​កម្សាន្តចិត្តហើយ។ 25 អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេលនេះ​អើយ អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាននៅពេលក្រោយ។ អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​សើចសប្បាយ​អើយ អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នានឹងត្រូវ​កាន់​ទុក្ខ ហើយ​យំ​សោក​ពេលក្រោយ។ 26 អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់កោត​សរសើរ​អើយ អ្នក​ត្រូវ​វេទនា​ហើយ ដ្បិត​បុព្វបុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ​ដូច្នោះ​ដែរ!»។ 27 «ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ប្រព្រឹត្ត​អំពើ​ល្អដាក់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា 28 ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ដាក់បណ្តាសា​អ្នក​រាល់​គ្នា និងអធិស្ឋានជូនពរ ​ដល់​អស់​អ្នក​ដែលបៀត​បៀន​អ្នក​រាល់​គ្នាផង។ 29 ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​។ 30 បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ 31 បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា អ្នករាល់គ្នាត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ 32 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មានគុណ​ប្រយោជន៍​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ 33 ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ល្អ ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​ប្រយោជន៍​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ 34 បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចីអ្វីមួយ ដោយ​សង្ឃឹម​ថា​គេ​សំណង​វិញ តើ​នឹង​មាន​គុណ​ប្រយោជន៍​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ 35 ប៉ុន្តែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេផងដែរ។ ចូរឲ្យគេ​ខ្ចី ដោយ​មិន​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ នោះអ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ ហើយអ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​កូន​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះអង្គ​ផ្ទាល់ក៏​មាន​ព្រះហឫទ័យ​សប្បុរស ​ចំពោះ​ជន​អកតញ្ញូ និង​មនុស្សអាក្រក់ដែរ។ 36 ចូរ​មាន​ចិត្តមេត្តា​ករុណា ដូច​ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ក៏​មាន​ព្រះហឫទ័យ​មេត្តាករុណាដែរ»។ 37 «កុំ​កាត់ទោស​អ្នក​ដទៃ​ឡើយ នោះ​ព្រះជាម្ចាស់​ក៏​មិនកាត់ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ថ្កោលទោស​អ្នក​ដទៃ​ឡើយ នោះ​ព្រះជាម្ចាស់​ក៏​មិន​ថ្កោលទោស​អ្នក​រាល់​គ្នា​ដែរ។ ចូរលើកលែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អ្នក​រាល់​គ្នាដែរ។ 38 ចូរ​ចែកអំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ គេ​នឹង​វាល់​ឲ្យ​អ្នកដោយសប្បុរស ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ ហូរធ្លាក់មកលើភ្លៅអ្នកថែមទៀត។ ដ្បិតព្រះជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃដែរ»។​ 39 រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «តើមនុស្ស​ខ្វាក់​​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ទេ? បើ​ធ្វើ​ដូច្នោះមែន ពួកគេមុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់ជា​មិន​ខាន មែនទេ? 40 ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ ពេលសិស្សការបណ្តុះបណ្តាលចំណេះ​សព្វ​គ្រប់ អ្នកនោះអាច​ស្មើ​នឹង​គ្រូ​បាន។ 41 ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួនអ្នកផ្ទាល់ដូច្នេះ?។ 42 តើអ្នក​និយាយ​ទៅ​បង​ប្អូន​ថា៖ «បងប្អូនអើយ! ទុកឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក» តែអ្នកផ្ទាល់មើលពុំឃើញធ្នឹមនៅុក្នុងភ្នែកខ្លួនដូច្នេះ? មនុស្ស​មាន​ពុត​អើយ! មុនដំបូង ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន នោះ​អ្នកនឹង​មើល​ឃើញ​ច្បាស់សិន សឹមទៅ​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន។ 43 ដ្បិតគ្មានដើម​ឈើ​ល្អណា ចេញផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ចេញផ្លែ​ល្អ​ដែរ 44 ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយសារ​ផ្លែ​វា។ ដ្បិតពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា​ឡើយ។ 45 មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ចេញពី​ចិត្ត​​ល្អរបស់គេ ចំណែកឯ​មនុស្ស​អាក្រក់ វិញ គេតែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ចេញ​ចិត្ត​​អាក្រក់របស់គេ ដ្បិតមនុស្សស្រដីចេញមក ពីអ្វីដែល​មាន​ពេញពោរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។ 46 «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះអម្ចាស់! ព្រះអម្ចាស់! តែ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។ 47 គ្រប់គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​សុំ​​ប្រាប់​​អ្នក​រាល់​គ្នា​ឲ្យដឹង​ថា គេ​ប្រៀប​បាន​​នឹង​មនុស្ស​ប្រភេទ​ណា 48 អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ ដែល​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្មយ៉ាងធំ។ ពេលមាន​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះផ្ទះ​យ៉ាង​ណា​ក៏​ដោយ ក៏​​​​ផ្ទះ​នោះមិន​រង្គើរឡើយ ព្រោះ​គាត់​បាន​សង់ផ្ទះ​យ៉ាង​មាំ។ 49 ប៉ុន្តែ​ អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំហើយ តែ​មិន​ប្រព្រឹត្ត​តាម គាត់ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះដោយ​គ្មាន​ចាក់​គ្រឹះ។ ពេល​ទឹក​ហូរ​ប៉ះចំ​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ខូច​ខាត​ទាំងស្រុង»។


ជំពូក 7

1 ក្រោយពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​ប្រជាជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើណិម។ 2 ឥឡូវនេះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម​ម្នាក់ ឈឺធ្ងន់ហៀបនឹងស្លាប់។ 3 ពេល​នាយ​ទាហាន​នោះ​ឮ​គេនិយាយអំពី​ព្រះយេស៊ូ គាត់​ក៏​ចាត់បញ្ជូន​ចាស់​ទុំ​ជន​ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះអង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។ 4 ពេលចាស់​ទុំ​ទៅ​គាល់​ព្រះយេស៊ូ ពួកគេ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោសប្រណី​ដល់​គាត់ 5 ព្រោះ​គាត់​ស្រឡាញ់​ប្រទេសជាតិយើង ហើយគាត់បាន​សង់​សាលា​ប្រជុំឲ្យ​យើងទៀត​ផង»។ 6 ដូច្នេះ ព្រះយេស៊ូ​ក៏យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ នាយ​ទាហាន​ចាត់​មិត្តភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំមិន​សម​នឹង​ទទួល​លោកនៅ​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។ 7 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់ ប៉ុន្តែសូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំនឹងបាន​ជា​សះស្បើយ​ពុំ​ខាន។ 8 ដ្បិតខ្ញុំ​ប្របាទក៏​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេដែរ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់ «​ឲ្យ​ទៅ!» គេ​មុខជា​ទៅ ហើយ​បញ្ជា​ម្នាក់​ទៀត «ឲ្យមក!» គេ​នឹង​មក ហើយ​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ ​«ឲ្យធ្វើអ្វី​មួយ!» គេ​នឹង​ធ្វើ​តាម!»។ 9 ពេល​ព្រះយេស៊ូ​​ព្រះសណ្ដាប់​ពាក្យ​ទាំង​នេះរួច​ហើយ ព្រះអង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់ នោះព្រះអង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះអង្គ​ ទាំងមាន​ព្រះបន្ទូល​ថា៖ «ខ្ញុំប្រាប់អ្នករាល់ថា ទោះបីនៅស្រុកអ៊ីស្រាអែល ខ្ញុំ​ពុំ​ដែល​ឃើញ​នរណាម្នាក់​មាន​ជំនឿ​បែប​នេះ​ឡើយ»។ 10 ពេលមិត្តភក្ដិ​ដែល​នាយ​ទាហាន​ចាត់​នោះ​វិល​ត្រឡប់​ទៅ​វិញ ក៏ស្រាប់តែឃើញ​អ្នក​បម្រើ​បាន​ជា​សះស្បើយទៅហើយ។ 11 ភ្លាមនោះ ព្រះយេស៊ូ​ក៏យាង​​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន ហើយសិស្ស​ព្រះអង្គ និង​បណ្ដាជន​ជា​ច្រើន ក៏​​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ 12 ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មើល៍! មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ សពនោះជា​កូន​ប្រុស​តែ​មួយគត់​របស់​ស្ត្រី (មេម៉ាយ​ម្នាក់) ពេលនោះមានអ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ដែរ។ 13 កាល​ព្រះអម្ចាស់បាន​ឃើញ​ស្ត្រី​​នោះហើយ ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​នាង​ពន់ពេក រួចព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «​កុំ​យំ​អី!»។ 14 ព្រះអង្គ​យាង​ចូល​ទៅ​ជិត ទ្រង់​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង!»។ 15 រួចបុគ្គល​ដែល​ស្លាប់ ក៏​ក្រោក​អង្គុយ ចាប់​ផ្ដើម​និយាយ​ស្ដីឡើងវិញ ហើយព្រះយេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។ 16 គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ​ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរឧត្តម​នៅ​ក្នុង​ចំណោម​យើង​» ហើយ «ព្រះជាម្ចាស់​ទតមើលប្រជារាស្ត្រ​របស់​ព្រះអង្គ»។ 17 ដំណឹងដែលគេនិយាយ​អំពី​ព្រះយេស៊ូ បាន​ល្បី​ពាសពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។ 18 សិស្ស​របស់​លោក​យ៉ូហាន បាន​ជម្រាបប្រាប់​លោក​នូវ​ហេតុការណ៍​ទាំង​អស់​នេះ។ បន្ទាប់មក លោក​យ៉ូហាន​ក៏​ហៅ​សិស្ស​ពីរ​នាក់​មក 19 រួច​ចាត់​អ្នកទាំងពីរឲ្យ​ទៅ​ទូល​សួរ​ព្រះ​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​ផ្សេង​ទៀត?» 20 ពេលចូលទៅជិតព្រះយេស៊ូ អ្នក​ទាំង​ពីរ​​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «លោក​យ៉ូហានបាទីស្ដ​ចាត់​​យើង​ខ្ញុំ​ឲ្យមក​សួរ​លោក​ថា តើ​លោក​ជា​ព្រះគ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​គួរឲ្យ​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​ម្នាក់​​ទៀត?»។ 21 នៅ​គ្រា​នោះ ​ព្រះយេស៊ូ​បាន​ប្រោស​អ្នក​ជំងឺឲ្យបានជា ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួនឲ្យបានសេរីភាព និងមនុស្សខ្វាក់​ឲ្យ​បាន​មើល​ឃើញ​ដែរ។ 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាបប្រាប់​លោក​យ៉ូហាន​នូវ​ហេតុការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮចុះ គឺថា​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​ជន​ក្រីក្របានឮដំណឹងល្អ។ 23 អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មានពរ​ហើយ»។ 24 ក្រោយពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មហាជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅទី​រហោស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ? 25 តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? ទៅមើល​បុរសម្នាក់​ស្លៀក​ពាក់​ស្អាតបាត​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់ស្អាតបាត ហើយ​មាន​ជីវភាព​ខ្ពង់ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯណោះ។ 26 បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី​ម្នាក់​មែនទេ?។ ពិតមែនហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត។ 27 ដ្បិត​ មាន​សេចក្តីចែងទុក​អំពី​លោក​យ៉ូហានថា៖ «យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះអង្គ ដើម្បី​រៀបចំ​ផ្លូវថ្វាយ​ព្រះអង្គ»។ 28 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ក្នុងចំណោម​មនុស្ស​ដែល​កើត​មកពីស្រ្តី​ក្នុង​លោក​នេះ​ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ អ្នក​នោះ​ប្រសើរ​ជាង​លោក​យ៉ូហាន​ទៅ​ទៀត»។ 29 (ពេលប្រជាជន​ទាំងឡាយ រួមទាំង​អ្នក​ទារ​ពន្ធ បានប្រកាសថា ព្រះជាម្ចាស់មាន​សុចរិត​មែន ដ្បិតពួកគេបានទទួលពិធីជ្រមុជទឹក​ពី​លោកយ៉ូហាន។ 30 ប៉ុន្តែ​ពួក​ខាង​គណៈផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យសាសនាយូដា មិន​ទទួល​ស្គាល់​គោលបំណងព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេឡើយ ព្រោះពួកគេ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហានឡើយ)។ 31 តើ​ខ្ញុំ​ប្រដូច​មនុស្ស​ជំនាន់​នេះ ទៅ​នឹង​មនុស្ស​ប្រភេទ​ណា? តើពួក​គេ​ដូចជា​នរណា? 32 ពួកគេប្រៀប​ដូច​ជា​កូន​ក្មេង​​លេង​នៅតាមទី​ផ្សារ ដែលអង្គុយ និង​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​មិន​ព្រម​រាំ យើង​បាន​ស្មូត្រ​បទ​ទំនួញ តែ​ពួក​ឯង​ពុំ​ព្រម​យំ​សោះ»។ 33 ដ្បិតលោក​យ៉ូហានបាទីស្ដ​​តម​អាហារ និង​តម​ស្រា តែ​អ្នក​រាល់​គ្នា​ថា៖ «លោក​មាន​អារក្ស​ចូល»។ 34 ចំណែក​បុត្រ​មនុស្សបរិភោគ​អាហារ និង​ពិសា​ស្រា តែ​អ្នក​រាល់​គ្នា​ថា «មើល៍! ​អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេពគប់​ជា​មួយ​ពួក​ទារ​ពន្ធ និង​មនុស្ស​បាប! 35 ប៉ុន្តែ អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ទទួល​ស្គាល់​ថា ព្រះប្រាជ្ញា​ញាណ​របស់​ព្រះជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន»។ 36 ឥឡូវនេះ មាន​បុរស​ម្នាក់​ពីខាង​គណៈផារីស៊ី បាន​យាង​ព្រះយេស៊ូ​ទៅ​សោយ​ព្រះស្ងោយនៅផ្ទះគាត់។ ក្រោយពេលព្រះអង្គ​​យាង​ទៅ​ផ្ទះ​បុរសម្នាក់ពីខាងគណៈផារីស៊ី​នោះ ព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គាត់។ 37 មើល៍! នៅ​ក្រុង​នោះមាន​ស្ត្រី​ម្នាក់ជាមនុស្សមានបាប។ ពេល​ឮ​ថា​ព្រះយេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈផារីស៊ី នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។ 38 កាលនាង​នៅ​ពី​ក្រោយ​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះបាទា​ព្រះយេស៊ូ ហើយ​យក​សក់​មក​ជូតព្រះបាទា បន្ទាប់មកនាង​ថើប ទាំងយក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។ 39 ពេលខាងគណៈផារីស៊ី​ដែលអញ្ជើញព្រះយេស៊ូ បានឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី​មែន ​លោកច្បាស់ជា​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំខាន គឺ​នាង​ជា​មនុស្ស​បាប»។ 40 ព្រះយេស៊ូ​ឆ្លើយ​តប​​ទៅ​បុរស​ខាង​គណៈផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ!»។ 41 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ម្ចាស់បំណុលម្នាក់មានកូនបំណុលពីរនាក់។ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហាសិប។ 42 ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សងទេ ដូច្នេះ ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល។ ដូច្នេះ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។ 43 លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​វិនិច្ឆ័យបាន​ត្រឹម​ត្រូវ​មែន»។ 44 ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ។ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក។ តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯនាងវិញ នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។ 45 លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។ 46 លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ តែ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។ 47 ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យលោក​ដឹង​ថា នាង​ដឹងថាខ្លួនជាមនុស្សបាបច្រើនក្រៃ នាងក៏ទទួលការអត់ទោសបាបច្រើនដែរ នោះនាងសម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ។ ប៉ុន្តែអ្នកដែលដឹងថាខ្លួនបានទទួលការអត់ទោសតិច ក៏សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។ 48 រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់ទោស​ឲ្យ​នាង​បាន​រួច​ពី​បាប​ហើយ»។ 49 អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​ជានរណាបាន​ជា​ហ៊ាន​អត់ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។ 50 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខសាន្ត​ចុះ»។


ជំពូក 8

1 បន្ទាប់​មក​ទៀត ព្រះយេស៊ូ​យាង​ទៅ​តាម​ក្រុង​ និងតាម​ភូមិ​នានា ដើម្បីបង្រៀនព្រះបន្ទូល និង​ប្រកាស​ដំណឹងល្អស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ សាវកទាំង​ដប់ពីរ​រូបក៏​ទៅ​ជា​មួយ​ព្រះអង្គ 2 ព្រមទាំងមាន​ស្ត្រីៗ​ខ្លះ​ទៀត ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ដែល​ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង 3 នាង​យ៉ូអាន់ ភរិយា​របស់​លោកឃូសាជាមហាតលិក​របស់​ព្រះបាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធនធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះយេស៊ូ និង​សិស្ស​ពួក​ព្រះអង្គ។ 4 ខណពេល​បណ្ដាជន​ច្រើន​កុះករកំពុងតែជួបជុំគ្នា និងមានមនុស្ស​ចេញ​ពី​ទីក្រុង​មួយទៅទីក្រុងមួួយជួបព្រះអង្គ នោះព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖ 5 «មានកសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ កាល​គាត់កំពុងតែ​ព្រោះ នោះមាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ 6 ​​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម ពេល​ពន្លកវា​ដុះ​ឡើង វាក៏​ក្រៀម​ស្វិត ទៅ​វិញ ព្រោះ​គ្មាន​ទឹក។ 7 ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ហើយបន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ និង​រួប​រឹត​គ្រាប់​ពូជ​នោះ។ 8 ប៉ុន្តែគ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ផ្តល់ផល​មួយ​ជា​មួយ​រយ»។ បន្ទាប់ពីព្រះយេស៊ូ​មានព្រះបន្ទូលរួចហើយ ព្រះអង្គក៏បន្លឺថា៖ «អស់​អ្នក​ដែលឮ សូមស្តាប់ពិចារណា​ចុះ»។ 9 ពួកសិស្សសួរ​ព្រះយេស៊ូថា តើប្រស្នានេះមានន័យដូចម្តេច។ 10 ព្រះអង្គ​តបទៅពួកគេថា៖ «គម្រោងការ​ដ៏​លាក់​កំបាំង​នៃ​ព្រះរាជ្យរបស់​ព្រះអង្គ បានប្រទានឲ្យអ្នករាល់គ្នាហើយ តែចំពោះមនុស្សអ្នក​ដទៃ ខ្ញុំនិយាយជាប្រសា្នវិញ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ»។ 11 ​ប្រស្នា​នេះ​មាន​ន័យ​ថា គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 12 គ្រាប់ពូជខ្លះធ្លាក់លើ​ផ្លូវ គឺអស់អ្នកណាដែល​បាន​ស្ដាប់​ព្រះបន្ទូល តែ​សាតាំង​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និងទទួលការសង្រ្គោះ។ 13 ពូជខ្លះដែលធ្លាក់​លើ​​ដី​មាន​ថ្ម ហើយពេល​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ តែព្រះបន្ទូល​ពុំបានចាក់​ឫស​ឡើយ គេ​ជំនឿតែមួួយរយខ្លី ហើយពេលមានការល្បងមកដល់ គេក៏បោះចង់ជំនឿចោល។ 14 គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះបន្ទូល ​តែប្រព្រឹត្តតាមចិត្តខ្លួន និង​រួប​រឹតដោយការខ្វល់ខ្វាយ និងលោភលន់ទ្រព្យសម្បត្តិ ព្រមទាំងចិត្តស្រើបស្រាល ធ្វើឲ្យជីវិតគេគ្មាន​ផល​ផ្លែចាស់ទុំឡើយ។ 15 តែ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជីជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល​ស្មោះ​អស់​ពី​ចិត្ត ហើយចងចាំទុកក្នុងចិត្ត និង​បង្កើត​ផល​ផ្លែ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ។ 16 ឥឡូវនេះ គ្មាននរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ទេ។ ផ្ទុយទៅវិញ គេ​​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដូច្នេះ វានឹងបំភ្លឺគ្រប់គ្នាដែលចូលមកក្នុងផ្ផ្ទះ។ 17 គ្មាន​ការ​លាក់​កំបាំង ដែលគេមិន​ដឹងឡើយ ហើយ​គ្រប់​អាថ៌កំបាំង ក៏​នឹងបើកបង្ហាញឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។ 18 ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យមែនទែន ដ្បិតអ្នក​ណា​ដែលមាន​ហើយ ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យមាន​ថែម​ទៀត ​តែ​អ្នក​ណា​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​គិត​ថា​មាន​នោះ​ផង»។ 19 បន្ទាប់មកមាតា និង​បង​ប្អូន​របស់​ព្រះយេស៊ូ​មក​រក​ព្រះអង្គ ប៉ុន្តពួកគេពុំអាច​ចូល​ទៅ​ជិត​ព្រះអង្គ​បាន​ឡើយ ព្រោះមហាជនច្រើន​ពេកនៅទីនោះ។ 20 ​គេ​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បង​ប្អូន​លោកឈរ​នៅ​ខាង​ក្រៅ ពួកគេចង់​ជួប​លោក»។ 21 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូលតប​ទៅ​គេ​ថា៖ «ម្តាយ និងបងប្អូនខ្ញុំគឺអស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម»។ 22 ថ្ងៃ​មួយ ព្រះយេស៊ូ​យាង​ជិះ​ទូក​ជា​មួយពួក​សិស្ស រួចព្រះអង្គ​មាន​ព្រះបន្ទូលទៅពួកគេ​ថា៖ «យើង​នាំ​គ្នា​ឆ្លង​បឹងទៅ​ត្រើយ​ម្ខាងទៀត»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ។ 23 ប៉ុន្តែ ពេល​ឆ្លង​ទៅ​នោះ ព្រះយេស៊ូ​ផ្ទំ​លក់។ ពេលនោះ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំងមក​លើ​បឹង ធ្វើឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​គ្រោះថ្នាក់។ 24 ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះយេស៊ូ និង​ដាស់​ព្រះអង្គ​ដោយទូលថា៖ «លោកគ្រូ! លោកគ្រូ! យើង​ជិតស្លាប់​​ហើយ!»។ ព្រះយេស៊ូ​តើន​ឡើង និង​គំរាម​ខ្យល់​ព្យុះ និង​ទឹករលកធំៗ ស្រាប់តែ​រលក​ក៏​ស្ងប់ទៅវិញ។ 25 រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ហើយពួក​សិស្ស​ភ័យខ្លាច។ ពេលពួកគេភ័យខ្លាច នោះពួកគេក៏​ស្ងើច​សរសើរ​ផងដែរ រួចគេសួរគ្នាទៅវិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជានរណា បានហ៊ានបញ្ជា​ទៅ​ខ្យល់ និង​ទឹកភ្លាម ស្រាប់តែខ្យល់ និង​ទឹក ​ស្ដាប់​​បង្គាប់​លោក​ដូច្នេះ?»។ 26 ពួកគេបាន​មក​ដល់​តំបន់​គេរ៉ាស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលីឡេ។ 27 កាល​ព្រះអង្គ​យាង​ឡើង​គោក ព្រះអង្គបានជួបបុរសម្នាក់មកពីទីក្រុង ដែលគាត់​មាន​អារក្ស​ចូល។ គាត់មិនស្លៀកពាក់អ្វី និងមិនព្រមទាំងមិន​រស់​នៅ​ក្នុង​ផ្ទះយូរមកហើយ តែគាត់រស់នៅ​តាមផ្នូរខ្មោច។ 28 ពេល​គាត់​ឃើញ​ព្រះយេស៊ូ គាត់ស្រែកយ៉ាងខ្លាំង និង​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ ហើយ​ទូលព្រះអង្គដោយសំឡេងខ្លាំងៗថា៖ «ឱ​ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​ព្រះអង្គកុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។ 29 ដ្បិតព្រះយេស៊ូបាន​បញ្ជា​ទៅវិញ្ញាណអាក្រក់ ឲ្យវាចេញ​ពី​បុរស​នោះទៅ។ វា​ចូលទៅបុរសនោះច្រើនដង ហើយគេបាន​យក​ច្រវាក់មកចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​រហោស្ថាន។ 30 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?» រួច​វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កងទ័ព» ដ្បិតមាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។ 31 អារក្ស​ទាំង​នោះ​នៅតែទទូច​អង្វរ​ព្រះយេស៊ូ សូម​ព្រះអង្គកុំបញ្ជូន​ពួក​វា​ទៅ​ស្ថាននរកឡើយ។ 32 ឥឡូនេះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះអង្គ សូម​អនុញ្ញាត​ឲ្យវា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះយេស៊ូ​ក៏​អនុញ្ញាត។ 33 ដូច្នេះ អារក្ស​ក៏ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក រួចហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំតម្រង់​ទៅ​បឹង និងលង់​ទឹក​ងាប់​អស់​ទៅ។ 34 ពេល​អ្នក​ថែរក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ ពួកគេក៏​រត់​យក​ទៅ​ប្រាប់ហេតុការណ៍ដល់​អ្នកក្រុង និងជនបទ។ 35 ដូច្នេះ មនុស្សម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុការណ៍​នោះ រួចពួកគេ​ចូល​មក​រក​ព្រះយេស៊ូ​ ស្រាប់តែឃើញ​បុរសម្នាក់​ដែល​អារក្ស​ចេញនោះ អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអង្គ។ គាត់​ស្លៀក​ពាក់បានត្រឹមត្រូវ និង​ដឹង​ស្មារតីឡើងវិញ រួចគេ​ក៏​ស្ញែង​ខ្លាច​ព្រះអង្គគ្រប់ៗគ្នា។ 36 បន្ទាប់មក អស់​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍នេះ ​រៀប​រាប់​អំពី​របៀប​ដែល​ព្រះយេស៊ូ​ប្រោស​បុរស​អារក្ស​ចូល ឲ្យបានជាឡើងវិញ។ 37 ប្រជាជននៅតំបន់​គេរ៉ាស៊ីន​ទាំងមូល សុំអង្វរឲ្យ​ព្រះយេស៊ូ​ចាក​ចេញ​ពី​ភូមិ​ស្រុករបស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​។ ដូច្នេះព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។ 38 បុរស​ដែល​អារក្ស​ចូល​នោះ បាន​សុំអង្វរទៅជា​មួយ​ព្រះអង្គ​ដែរ ប៉ុន្តែ ព្រះយេស៊ូ​មិន​យល់​ព្រម ដោយមានព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ 39 «ចូរ​​ត្រឡប់​ទៅ​ផ្ទះ​អ្នកវិញ​ចុះ ហើយ​រៀប​រាប់​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​ធ្វើចំពោះរូប​អ្នក»។ បុរស​​នោះ​ចេញ​ទៅផ្ទះវិញ ដោយប្រកាស​ប្រាប់​​អ្នក​ក្រុងទាំងអស់ ​អំពី​កិច្ចការដែល​ព្រះយេស៊ូ​បាន​ធ្វើចំពោះរូបគាត់។ 40 ពេល​ព្រះយេស៊ូ​យាង​ត្រឡប់​មក​វិញ បណ្ដាជន​នាំ​គ្នាមក​ទទួល​ព្រះអង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះអង្គគ្រប់ៗគ្នា។ 41 មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរូសជាអ្នកមេដឹកនាំម្នាក់​លើ​សាលា​ប្រជុំ ក៏​ចូល​មក​ជិត​ព្រះយេស៊ូ​ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ ហើយសុំអង្វព្រះអង្គឲ្យ​យាង​ទៅ​ផ្ទះ​គាត់ 42 ព្រោះកូនស្រីតែមួយគាត់អាយុ​ប្រហែល​ដប់ពីរ​ឆ្នាំ កំពុង​ឈឺជិត​ស្លាប់។ កាល​ព្រះយេស៊ូ​យាង​ទៅតាម​ផ្លូវ ស្រាប់តែ​មាន​មហាជន​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ។ 43 នៅទី​នោះ មាន​ស្ត្រី​ម្នាក់មានជំងឺ​ធ្លាក់​ឈាម​ដប់ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ដែលមានទាំងអស់ នៅតែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​ព្យាបាលនាងបានជាសះស្បើយ។ 44 នាង​ចូលមក​ពី​ក្រោយ​ព្រះយេស៊ូ រួច​ពាល់​ជាយ​ព្រះពស្ដ្រ​ព្រះអង្គ ភ្លាមនោះស្រាប់​តែ​ឈាម​ឈប់​ធ្លាក់។ 45 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «តើនរណា​ពាល់​ខ្ញុំអំបាញ់ម៉ិញនេះ?»។ គេ​ប្រកែក​គ្រប់​គ្នាថាមិនបានពាល់ទេ រួចលោក​ពេត្រុស​ទូល​ថា៖ «លោកគ្រូអើយ​ មានបណ្ដាជន​​ប្រជ្រៀត​គ្នា​​ជុំវិញលោកគ្រូ ហើយប្រាកដជាមាន​គេ​ប៉ះ​លោកគ្រូមិនខាន»។ 46 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូលតប​ថា៖ «ពិជាមាន​ម្នាក់​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធានុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។ 47 ពេលស្ត្រី​នោះដឹងនាងមិនអាចលាក់បាំងបានទៀត នាង​ញ័រ​រន្ធត់ រួចក្រាបព្រះបាទាព្រះអង្គ។ នាងប្រកាស​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល អំពីមូល​ហេតុ​ដែល​នាំ​ឲ្យ​នាង​ពាល់​ព្រះអង្គ ហើយ​នាងក៏​បាន​ជា​ពី​ជំងឺ​មួយរំពេច។ 48 រួចមក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅឲ្យបាន​សុខសាន្ត​ចុះ»។ 49 ខណៈពេល​ព្រះយេស៊ូ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ ស្រាប់តែមាន​បុរស​ម្នាក់​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើមស្លាប់​ទៅ​ហើយ។ សូម​កុំ​រំខាន​លោក​គ្រូ​ធ្វើ​អ្វី​ទៀត»។ 50 ប៉ុន្តែ ពេលព្រះយេស៊ូ​ឮ​ពាក្យ​បុរស​នោះ ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី! លោកគ្រាន់តែ​ជឿទៅ នោះកូន​លោក​នឹង​បាន​ជាវិញពុំខាន»។ 51 ពេលព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ​ហើយ ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើកលែង​តែ​លោក​ពេត្រុស លោក​យ៉ូហាន និងលោក​យ៉ាកុប ព្រមទាំង​ឪពុកម្ដាយ​ក្មេង​ស្រី​នោះតែ​ប៉ុណ្ណោះ។ 52 ឥឡូវនេះ គ្រប់គ្នានៅទីនោះកំពុងតែយំ​សោក​អាណិត​ក្មេង​នោះ​គ្រប់ៗ​គ្នា តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​យំ​អី! នាង​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ!»។ 53 ប៉ុន្តែអ្នកនៅទីនោះសើចចំអក​ដាក់​ព្រះអង្គ ដោយគេគ្រប់គ្នាដឹង​ស្លាប់​ពិត​មែន។ 54 ព្រះយេស៊ូ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «កូនស្រី​អើយ! ក្រោក​ឡើង!»។ 55 ព្រលឹង​នាង​ក៏​ត្រឡប់​មក​វិញ រំពេចនោះហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះអង្គបង្គាប់ពួក​គេឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​នាង​បរិភោគ។ 56 ឪពុកម្ដាយ​របស់​នាង​ងឿងឆ្ងល់​ក្រៃលែង តែ​ព្រះយេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​អំពើហេតុការណ៍នេះឡើយ។


ជំពូក 9

1 ព្រះយេស៊ូ​​ហៅ​សិស្ស​ទាំង​ដប់ពីរ​រូប​មកជុំគ្នា ហើយ​ព្រះអង្គប្រទាន​ឫទ្ធានុភាព​ និង​អំណាច​លើ​អារក្ស​ទាំង​អស់ និង​ប្រោស​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា។ 2 ព្រះអង្គ​ចាត់​ពួកគេ​​ចេញ​ទៅ​ប្រកាសអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និងប្រោសអ្នក​ជំងឺ​ឲ្យបាន​ជា​។ 3 ព្រះអង្គមានព្រះបន្ទូល​ទៅ​គេ​ថា៖ «ពេល​ធ្វើដំណើរ​ទៅ អ្នករាល់គ្នាមិនត្រូវយកអ្វីទៅជាមួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​ប្រាក់​ក្ដី ចំណី​អាហារក្តី ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។ 4 មិនថាអ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណាទេ ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ 5 នៅភូមិ​ណា​ដែលគេ​មិន​​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ដោយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​បន្ទាល់ប្រឆាំងនឹង​គេ​»។ 6 បន្ទាប់មកពួក​សិស្សនាំ​គ្នា​ចេញ​ទៅ និងធ្វើ​ដំណើរ​កាត់ភូមិជាច្រើន ទាំង​ប្រកាស​ដំណឹងល្អ និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ដែលពួកគេទៅឲ្យ​បាន​ជា​ផងដែរ។ 7 ឥឡូវនេះ ព្រះបាទ​ហេរ៉ូដ ជា​ស្ដេច​អនុរាជ​ជ្រាប​ហេតុការណ៍​ទាំង​នោះ​ ហើយ ទ្រង់​មិន​ដឹង​ត្រូវធ្វើយ៉ាងណាទេ ព្រោះ​មាន​អ្នក​ខ្លះ​និយាយ​ថា លោក​យ៉ូហានបាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ។ 8 អ្នក​ខ្លះ​ទៀត​និយាយ​ថា ព្យាការីអេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ហើយ ចំណែកឯអ្នក​ខ្លះ​ទៀត​និយាយ​ថា មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ។ 9 ​ព្រះបាទ​ហេរ៉ូដ​មាន​រាជឱង្ការ​ថា៖ «យើង​ឲ្យគេ​កាត់​កយ៉ូហានហើយ ប៉ុន្តែបុរស​ដែល​យើងបានឮគេ​និយាយ​ ​ជា​នរណាទៅវិញ?»។ ហើយព្រះបាទ​ហេរ៉ូដ​មាន​បំណង​ចង់ជួប​បុរសម្នាក់នោះ។ 10 ពេលពួកសាវក​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ពួកគេរៀប​រាប់​ទូល​ព្រះយេស៊ូ នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេចេញពី​មហាជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។ 11 តែ​ពេលមហាជន​ដឹង​រឿងនេះ គេក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះអង្គ​ទទួល​ពួក​គេ ហើយ​មាន​ព្រះបន្ទូល​ស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ឲ្យគេ​ស្ដាប់ ហើយព្រះអង្គក៏បាន​ប្រោស​អ្នក​ជំងឺឲ្យ​បាន​ជា​ផង។ 12 ​ជិតដល់ថ្ងៃ​លិចហើយ សិស្ស​ទាំង​ដប់ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​បណ្ដាជន​ឲ្យ​ចេញទៅភូមិ និងជនបទនៅជិតៗនោះ ដើម្បី​រក​ម្ហូប​អាហារ និង​កន្លែង​ស្នាក់​នៅ ព្រោះ​ទី​នេះជាតំបន់ដាច់ស្រយាលណាស់»។ 13 ប៉ុន្តែព្រះអង្គ​តបទៅគេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារឲ្យ​គេ​បរិភោគ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រីពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់សម្រាប់​ប្រជាជន​ទាំង​នេះ»។ 14 (នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់)។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់សិស្ស​ថា៖ «ចូរ​​ប្រាប់ពួក​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុមមានគ្នា​ហាសិប​នាក់»។ 15 ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។ 16 ព្រះយេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ​ងើប​ព្រះភក្ត្រ​ឡើង​លើ​សសើររតម្កើងព្រះជាម្ចាស់ ហើយ​កាច់​ឲ្យ​សិស្ស ដើម្បី​​ឲ្យគេចែកដល់​បណ្ដាជន​បរិភោគ។ 17 ពួកគេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយគេ​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ដប់ពីរ​ល្អី។ 18 មានពេល​មួយ ខណៈពេល​ព្រះយេស៊ូកំពុងតែ​​អធិស្ឋានដាច់​ឡែក​ពី​បណ្ដាជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​​សួរពួក​គេ​ថា៖ «តើ​មហាជន​ទាំងឡាយ​គិតថាខ្ញុំ​ជា​នរណា?»។ 19 ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហានបាទីស្ដ ប៉ុន្តែអ្នក​ខ្លះ​ទៀតថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ ​ដែល​រស់​ឡើង​វិញ»។ 20 រួចព្រះអង្គសួរគេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថាខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះគ្រិស្ដ ដែលព្រះជាម្ចាស់​ចាត់បញ្ជូន​មក»។ 21 ព្រះយេស៊ូ​ក៏​ហាមពួកគេ មិន​ឲ្យ​និយាយរឿងនេះ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។ 22 ព្រះអង្គ​មាន​ព្រះបន្ទូល​​ថា៖ «បុត្រ​មនុស្សត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយពួក​ព្រឹទ្ធាចារ្យ ពួក​នាយក​បូជាចារ្យ ពួក​អាចារ្យបដិសេធមិនព្រមទទួលស្គាល់លោក និង​សម្លាប់​លោក​ថែមទៀតផង ហើយបី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ 23 បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នកនោះត្រូវ​លះបង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ហើយ​មក​តាម​ខ្ញុំ​ចុះ» 24 ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​មកវិញពុំខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួលជីវិត​វិញ។ 25 បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត ឬបញ្ឆោតខ្លួនតើមាន​ប្រយោជន៍​អ្វី? 26 អ្នកណាក៏ដោយ ដែល​អៀនខ្មាសមិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ និង​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​ពេលបុត្រ​មនុស្ស​យាង​មក ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ និង​សិរីរុងរឿង​របស់​ព្រះបិតា ព្រមទាំងរបស់​ទេវតា​ដ៏វិសុទ្ធ នោះព្រះអង្គក៏​នឹង​​អៀនខ្មាស មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ 27 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកថា មានមនុស្ស​ខ្លះ​ដែលកំពុងតែឈរនៅទីនេះ ​នឹង​មិន​ស្លាប់​ទេមុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់»។ 28 ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូលពាក្យ​ទាំងនេះរួចមក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។ 29 កាល​កំពុងតែ​អធិស្ឋាននោះ ស្រាប់​តែ​ព្រះភក្ត្រ​របស់​ព្រះអង្គផ្លាស់​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះពស្ដ្រ​របស់​ព្រះអង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះត្រចង់មួយរំពេច។ 30 មើល មាន​បុរស​ពីរ​នាក់កំពុងតែសន្ទនាជាមួយព្រះយេស៊ូ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា 31 ដែលលោក​ទាំង​ពីរ​លេចមក​ប្រកប​ដោយ​សិរីរុងរឿង។​ លោកទាំងពីរ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែលព្រះអង្គត្រូវបញ្ចប់សព្វគ្រប់នៅ​ក្រុង​យេរូសាឡិម។ 32 ពេលនេះ លោក​ពេត្រុស និង​មិត្តភក្ដិ​របស់​លោក​សម្រាន្ដ​លង់លក់ ប៉ុន្តែពេលភ្ញាក់​ឡើង ពួកគេ​ឃើញ​សិរីរុងរឿង​របស់​ព្រះយេស៊ូ និង​ឃើញ​លោក​ទាំង​ពីរកំពុង​ឈរ​ជា​មួយ​ព្រះអង្គដែរ។ 33 កាល​លោកទាំងពីរកំពុង​តែ​ចាក​ចេញ​ពី​ព្រះយេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោកគ្រូ! ជាការប្រពៃណាស់យើងនៅទីនេះ។ ចូរយើង​​សង់​ដំណាក់បី គឺ​មួយ​សម្រាប់លោកគ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ (លោក​ពេត្រុស​ពុំបានដឹងថា ​ខ្លួនកំពុងតែ​និយាយ​អ្វី​ឡើយ)។ 34 កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើឲ្យពួក​សិស្ស​ភ័យ​ខ្លាច​ ពេល​ពពក​មក​គ្រប​បាំង។ 35 មាន​ព្រះសូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «​នេះ​ជា​បុត្របស់យើង ជាបុត្រដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»។ 36 ក្រោយពេលឮ​ព្រះសូរសៀង​នេះ​រួចហើយ គេ​ឃើញ​តែ​ព្រះយេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ពួកសិស្សនៅស្ងៀម និងប្រាប់គ្រប់គ្នា​កុំឲ្យនិយាយអំពី​ហេតុការណ៍​ ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។ 37 នៅ​ថ្ងៃ​បន្ទាប់ ពេលព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ មាន​បណ្ដាជន​យ៉ាង​ច្រើន​មកជួប​ព្រះអង្គ។ 38 មើល មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដាជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​លោកគ្រូមេត្តាមកមើល​កូន​ប្រុស​ខ្ញុំ​​ផង ព្រោះ​ខ្ញុំ​​មាន​កូន​តែ​មួយ​នេះ​គត់។ 39 ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ ​វា​ស្រែក​រើបំរះ ប្រកាច់ប្រកិន និងបែក​ពពុះ​មាត់ថែមទៀត។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​កូន​ខ្ញុំ​​ឲ្យនៅ​គ្រាំគ្រា។ 40 ខ្ញុំបាន​អង្វរ​សិស្ស​របស់​លោកឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញដែរ ប៉ុន្តែពួកគេ​មិន​អាច​ដេញ​វា​​បាន»។ 41 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ពួក​មនុស្សមិន​ព្រម​ជឿ​ និងជំនាន់មនុស្សអាក្រក់អើយ! តើ​​ខ្ញុំត្រូវ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​ប្រុសរបស់​អ្នក​មកទីនេះ»។ 42 ខណៈពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​ព្រះយេស៊ូ ​អារក្ស​ផ្ដួលកូននោះ និងធ្វើឲ្យវា​ប្រកាច់ប្រកិន​យ៉ាង​ខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​គំរាម​ទៅ​វិញ្ញាណ​អាក្រក់ និងប្រោសកុមារនោះ រួចព្រះអង្គ​ប្រោស​ក្មេង​នោះ​​​ជា ហើយក៏​ប្រគល់​ទៅ​​ឪពុករបស់ក្មេងនោះ​​វិញ។ 43 បន្ទាប់មក មនុស្ស​គ្រប់​គ្នា​ស្ងើចសរសើរ​អំពីភាពអស្ចារ្យរបស់​ព្រះជាម្ចាស់។ ខណៈ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់ស្ញែង នឹង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ 44 «ចូរអ្នករាល់គ្នា​​ចងចាំ​ពាក្យ​ទាំង​នេះទុក​ក្នុង​ចិត្ត គឺ​ថាបុត្រ​មនុស្សនឹង​ត្រូវ​គេ​បញ្ជូន ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។ 45 ប៉ុន្តែពួក​សិស្ស​មិន​យល់​ព្រះបន្ទូល​នេះ​ទេ។ ​ព្រះជាម្ចាស់​ពុំទាន់បង្ហាញ​អត្ថន័យឲ្យ​គេ​យល់នៅឡើយ ដូច្នេះ ពួក​គេខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពីអត្ថន័យឡើយ។ 46 បន្ទាប់មកក៏មានការ​ជជែក​គ្នាក្នុង​ចំណោម​ពួក​គេ ថាតើនរណា​ធំ​ជាង​គេ។ 47 ព្រះយេស៊ូ​ឈ្វេង​យល់​ចិត្តគំនិតពួកគេ រួចក៏​យក​ក្មេង​ម្នាក់​ឲ្យមក​ឈរ​ក្បែរ​ព្រះអង្គ 48 រួច​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ក៏ដោយដែលទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ក៏ដោយដែលទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​នោះ​ដែរ។ ដ្បិត​អ្នក​ណា​មាន​ឋានៈតូច​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំងអស់គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។ 49 លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖ «លោកគ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​លោកគ្រូដែរ ហើយយើង​ខ្ញុំ​ក៏បាន​ឃាត់​គាត់ ពីព្រោះ​គាត់​មិន​មក​តាម​លោកគ្រូ​ដូច​យើង​ខ្ញុំឡើយ»។ 50 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី! ព្រោះ​អ្នក​ណាក៏ដោយ​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។ 51 ពេលជិត​ដល់​ថ្ងៃ​កំណត់ ​ដែល​ព្រះយេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​​យាង​ទៅ​ក្រុង​យេរូសាឡិម។ 52 ព្រះអង្គ​បាន​ចាត់​បញ្ជូនមនុស្ស​ខ្លះឲ្យ​​ទៅ​មុន ហើយពួកគេចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។ 53 ប៉ុន្តែ អ្នកភូមិនោះមិនបាន​ទទួល​ព្រះអង្គស្នាក់នៅ​ឡើយ ព្រោះ​ព្រះអង្គ​ត្រូវយាង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ 54 ពេល​សិស្ស​ពីរ​នាក់របស់ព្រះអង្គ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏ទៅ​ទូលប្រាប់​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យឲ្យ​យើង​ខ្ញុំ​ហៅ​​ភ្លើងពីស្ថានសួគ៌មកបញ្ឆេះ​កំទេច​អ្នក​ទាំង​នេះ​ឬ?» 55 ប៉ុន្តែព្រះអង្គបែរ​ និង​ស្ដី​បន្ទោសពួក​គេ 56 រួចព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​។ 57 កាល​ព្រះយេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ​ទីកន្លែង​ណា​ក៏​ដោយដែលលោកទៅ»។ 58 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សាបក្សីលើមេឃ​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស​គ្មានកន្លែង​កើយក្បាលទេ»។ 59 រួចព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់អើយ! ដំបូង សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ 60 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ចេញទៅ​ប្រកាស​ដំណឹងស្តីអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់វិញ ប្រសើរជាង»។ 61 រួចមាន​ម្នាក់​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ ដំបូងសូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​​លា​ក្រុម​គ្រួសារ​សិន»។ 62 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​វិញ​ថា៖ «អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​មិនសក្តិសមនឹង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​ឡើយ»។


ជំពូក 10

1 ក្រោយ​មកទៀត ព្រះអម្ចាស់បាន​ជ្រើសរើស​សិស្ស​ចិតសិប​ររូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់ឲ្យចេញ​​ទៅ​តាម​ក្រុង​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។ 2 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់ចម្រូតឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោកថែមទៀត។ 3 ចូរ​នាំ​គ្នា​ទៅ​ចុះ។ មើល ខ្ញុំ​ចាត់បញ្ជូន​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម​នៅកណ្ដាល​ហ្វូង​ចចក។ 4 កុំ​យក​ថង់​ប្រាក់ កាបូបស្ពាយ ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាបសួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។ 5 ផ្ទះណាក៏ដោយដែលអ្នក​រាល់​គ្នា​ចូល​ទៅ​ មុន​ដំបូង​ត្រូវ​ពោល​ថា៖ «សូម​ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សុខសាន្ត ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ»។ 6 បើ​មាន​មនុស្ស​ណា​ចូល​ចិត្ត​សេចក្ដី​សុខសាន្តនៅក្នុងផ្ទះនោះ គេ​នឹង​បាន​សុខសាន្ត ដូច​ពាក្យ​អ្នក​រាល់​គ្នា​បានប្រាប់ តែបើ​គ្មាន​ទេ សេចក្ដី​សុខសាន្ត​នោះនឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញជាមិនខាន។ 7 ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ​បរិភោគ​ម្ហូប​អាហារ និងពិសាទឹក​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ ដ្បិតអ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវរើកន្លែងស្នាក់​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត ឆាប់ពេកឡើយ។ 8 មិនថាអ្នកចូលទៅក្រុងណាទេ ហើយបើ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូននោះ​ចុះ 9 ហើយត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថា៖ «ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ»។ 10 ពេលណាអ្នកចូល​ទៅ​ក្រុងណា​មួយ ហើយបើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​តាមផ្លូវ និងប្រកាសថា៖ 11 «សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យអ្នក​រាល់​គ្នា​វិញ​ដែរ! ប៉ុន្តែ តោងដឹងថា ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ជិតមកដល់​ហើយ»។ 12 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះទៅទៀត។ 13 វេទនាហើយ អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ក្រុង​បេតសៃដា​អើយ! ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ នោះសម​អ្នក​ក្រុង​ទាំងនោះ​បាន​ប្រែ​ចិត្ត​គំនិតទៅហើយ គឺពួកគេ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​​ជា​មិន​ខាន។ 14 ប៉ុន្តែ នៅថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូននឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ 15 អ្នក​ក្រុង​កាពើណិម​អើយ! តើអ្នកគិតថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌ឬ? ទេ! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ 16 អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា អ្នកនោះក៏​​ស្ដាប់​ខ្ញុំ​ដែរ ហើយអ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា អ្នកនោះក៏​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ អ្នកនោះក៏​​មិន​ទទួល​ព្រះអង្គ ដែល​ចាត់​ខ្ញុំ​​មក​ដែរ»។ 17 ពួក​សិស្សទាំង​ចិតសិប​ពីរ​រូប​ត្រឡប់​មក​វិញដោយអំណររ ហើយ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ​ សូម្បី​តែ​អារក្ស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ ដោយសារព្រះនាមព្រះអង្គ»។ 18 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​​សាតាំង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។ 19 មើល! ខ្ញុំ​ប្រទានឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យាដំរី ព្រម​ទាំង​បង្ក្រាប​ឫទ្ធិអំណាច​គ្រប់​យ៉ាង​របស់​សត្រូវ​ផងដែរ ហើយគ្មាន​អ្វីមួួយ​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ។ 20 បើដូច្នេះ កុំអាល​ត្រេក​អរ​ពេល​ឃើញ​វិញ្ញាណ​អាក្រក់​ចុះ​ចូល​អ្នក​រាល់​គ្នា តែត្រូវ​ត្រេក​អរដោយ​ព្រោះអ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរមសុខ​វិញ»។ 21 ជាមួយគ្នានោះដែរ ព្រះយេស៊ូមាន​ព្រះហឫទ័យ​រីករាយ​ជាខ្លាំង ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះបិតា ជាព្រះអម្ចាស់នៃស្ថានបរមសុខ និងផែនដី ព្រោះ​ព្រះអង្គលាក់អាថ៌កំបាំងទាំងនេះពីអ្នកប្រាជ្ញា និងអ្នកចេះដឹង តែបើកសម្តែងឲ្យ​មនុស្ស​តូចតាច​យល់។ មែន​ហើយ! ព្រះបិតា​សព្វ​ព្រះហឫទ័យ​យ៉ាងណា ព្រះអង្គនឹងសម្រេចយ៉ាងនោះ។ 22 ព្រះបិតា​​បាន​ផ្ទុកផ្តាក់ការ​ទាំង​អស់​នេះមកឲ្យ​ខ្ញុំ ហើយគ្មាន​នរណា​ស្គាល់​ព្រះបុត្រា​ក្រៅ​ពី​ព្រះបិតាឡើយ ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះបិតា​ក្រៅ​ពី​ព្រះបុត្រាដែរ ហើយនិង​អស់អ្នក​ដែល​ព្រះបុត្រា​សព្វ​ព្រះហឫទ័យបើកសម្តែងឲ្យ​ស្គាល់​នោះ​ដែរ»។ 23 បន្ទាប់​មក ព្រះយេស៊ូ​បែរ​ទៅ​រក​សិស្ស ហើយ​មាន​ព្រះបន្ទូល​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បានយល់ដឹងពី ​ហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះ។ 24 ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា ​ព្យាការី និង​ស្ដេច​ជា​ច្រើន ប្រាថ្នាចង់ឃើញ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ និងប្រាថ្នាចង់ឮ​សេចក្ដី​ដែលអ្នករាល់គ្នាបាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។ 25 មើល មាន​បណ្ឌិត​ខាង​ក្រឹត្យវិន័យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះយេស៊ូ ក្នុង​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​​ទទួល​ជីវិត​អស់កល្ប​ជានិច្ចទុកជាមត៌ក?» 26 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «តើ​ក្នុង​ក្រឹត្យវិន័យ​មាន​ចែង​អ្វី​ខ្លះ? តើ​លោក​យល់​យ៉ាង​ណាពេលអាន?» 27 គាត់​ទូល​ឆ្លើយ​ទៅ​ព្រះយេស៊ូ​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​អស់​ពី​ចិត្ត​ អស់​ពី​ព្រលឹង អស់​ពី​កម្លាំង និង​អស់​ពីគំនិត ហើយ​ត្រូវ​ស្រឡាញ់​អ្នកជិតខាងដូចខ្លួន​ឯង​ដែរ»។ 28 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់។ សុំ​ធ្វើ​ដូច្នេះចុះ នោះ​លោក​នឹង​មាន​ជីវិត​ជា​មិន​ខាន»។ 29 ប៉ុន្តែ អាចារ្យ​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ត្រឹម​ត្រូវ គាត់​ក៏​សួរ​ព្រះយេស៊ូ​ទៀត​ថា៖ «តើ​នរណា​ជា​អ្នកជិតខាង​របស់​ខ្ញុំ?»។ 30 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ត្រូវពួក​ចោរ​ប្លន់​ យកទ្រព្យសម្បត្តិ និងវាយដំ​គាត់ឲ្យរបួស ទុក​គាត់ចោល​នៅ​ស្ដូកស្ដឹង​ស្ទើរស្លាប់។ 31 ចៃដន្យ មាន​បូជាចារ្យ​មួយ​រូប​ធ្វើដំណើរ​ចុះ​តាម​ផ្លូវ​នោះ ពេលគាត់​ឃើញ​បុរស​នោះ គាត់ក៏​ដើរ​វាង​ហួស​ទៅ។ 32 ដូចគ្នានេះដែរ មាន​​លេវីម្នាក់ ដើរ​មក​ដល់​កន្លែង​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅដែរ។ 33 ប៉ុន្តែ ​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​កន្លែងនោះដែរ។ កាលគាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ត​អាណិត​​ពន់​ពេក។ 34 គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា​ចាក់​ពី​លើ​មុខ​របួស ព្រមទាំងរុំ​របួសឲ្យគាត់។ ​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​នោះ។ 35 ស្អែក​ឡើង​គាត់​យក​ប្រាក់​ពីរកាក់ឲ្យម្ចាស់​ផ្ទះ​សំណាក់​ ហើយ​ផ្ដាំ​ថា «សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូនប្រាក់អ្នក​បង្គ្រប់»។ 36 ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​គិតថា នរណាជា​អ្នកជិតខាង​នឹង​បុរសដែលត្រូវ​ចោរ​ប្លន់​នោះ?» 37 អាចារ្យ​ឆ្លើយ​ថា៖ «គឺ​ម្នាក់ដែល​មាន​ចិត្ត​មេត្តាករុណា​ចំពោះ​គាត់»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សូមអញ្ជើញ​ទៅ និង​ប្រព្រឹត្ត​​ដូច​អ្នក​នោះ​ចុះ!»។ 38 កាល​ព្រះយេស៊ូ​និង​ពួក​សិស្សកំពុងតែធ្វើដំណើរ ព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ ហើយមាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា នាង​ទទួល​ព្រះអង្គឲ្យស្នាក់នៅ​ក្នុង​ផ្ទះ​នាង។ 39 នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ព្រះបាទា​ព្រះអម្ចាស់ និងស្ដាប់​ព្រះបន្ទូល​​ព្រះអង្គ។ 40 ប៉ុន្តែនាង​ម៉ាថា​វិញរវល់​រៀបចំម្ហូបអាហារបម្រើព្រះអង្គ។ នាង​ចូល​មក​ទូល​ព្រះយេស៊ូថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ ដែលប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់? សូម​ព្រះអង្គប្រាប់​នាងឲ្យ​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ 41 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាងខ្វល់ខ្វាយច្រើនណាស់ 42 ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំបាច់។ នាងម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ ដែលមិន​ត្រូវ​យក​ចេញ​ពី​នាងបានឡើយ»។


ជំពូក 11

1 មាន​​ថ្ងៃមួយ ព្រះយេស៊ូ​កំពុងតែអធិស្ឋាននៅ​កន្លែង​មួយ រួច​ហើយមាន​សិស្ស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក ឲ្យចេះអធិស្ឋានដែរ»។ 2 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេលណា​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា «ឱ​ព្រះបិតា​អើយ សូម​ឲ្យ​ព្រះនាមព្រះអង្គបានវិសុទ្ធ។ សូម​ឲ្យព្រះរាជ្យព្រះអង្គ​បាន​មក​ដល់។ 3 សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​រៀង​រាល់​ថ្ងៃ។ 4 សូម​អត់ទោសបាប​យើង​ខ្ញុំ​ ដូចយើង​ខ្ញុំ​បានអត់ទោសឲ្យ​អស់​ណា ​ដែលបាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំដែរ។កុំនាំយើងខ្ញុំធ្លាក់ក្នុងការ​ល្បួង​ឡើយ»។ 5 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួកគេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​មិត្ត​សម្លាញ់ម្នាក់មក​រកអ្វី​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា៖ «សម្លាញ់​អើយ! សូមឲ្យ​គ្នា​ខ្ចី​នំបុ័ង​បី​ដុំ​សិន​មក 6 ដោយដឹង​មិត្តភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ»។ 7 អ្នក​នៅ​ក្នុង​ផ្ទះម្នាក់​ប្រហែលឆ្លើយ​មក​វិញ​ថា៖ «កុំ​រំខាន​គ្នា​ធ្វើ​អ្វី!។ គ្នា​បិទ​ទ្វារ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំបុ័ង​ឲ្យ​សម្លាញ់​ឯង​បាន​ទេ»។ 8 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះបីជាម្ចាស់​ផ្ទះ​មិន​ក្រោក​ទៅ​យក​នំបុ័ង ដោយសារជាសម្លាញ់​ក៏ដោយ តែដោយសារខ្មាសនឹងការទទូចអង្វរឥតខ្មាស នោះគាត់​ប្រាកដជាក្រោកទៅយកនំប៉័ងតាមតែអ្នកចង់បាន ។ 9 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សុំ! នោះ​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក! គង់នឹង​ឃើញ ចូរ​គោះ​ទ្វារ! នោះ​ព្រះអង្គ​នឹង​បើក​ឲ្យមិនខាន។ 10 ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែង​ទទួល អ្នក​ណា​ស្វែង​រក នោះ​តែងតែ​ឃើញ ហើយ​អ្នកណាដែលគោះ នោះនឹងបើកឲ្យអ្នក​ដែល​គោះ។ 11 ​អ្នក​រាល់​គ្នាជាឪពុកបែបណា បើ​កូន​សុំ​ត្រី តើ​ឪពុកនឹងយក​ពស់​ពិសឲ្យវា​ឬ? 12 បើ​កូន​សុំ​ពង​មាន់ តើ​ឪពុកនឹងយក​ខ្យាដំរី​ឲ្យ​វា​ដែរឬ? 13 ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​យករបស់​ល្អៗឲ្យ​កូនដែរ ចុះ​ចំណង់​បើ​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរមសុខវិញ តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​អស់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត?» 14 ព្រះយេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្សគ​ម្នាក់។ លុះពេលអារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បានវិញ ហើយ​មហាជន​ក៏​ស្ងើច​សរសើរ​គ្រប់គ្នា។ 15 ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ដោយប្រើអំណាច​បេលសេប៊ូល​ជា​ស្ដេច​អារក្ស​»។ 16 មាន​អ្នក​ខ្លះ​ទៀត​ល្បងល និងស្វែងរកទី​សម្គាល់ពីស្ថានបរសុខមកបញ្ជាក់។ 17 ព្រះយេស៊ូ​ឈ្វេង​យល់​​គំនិត​របស់​គេ​ រួចព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នគរ​ណាដែលបែកបាក់គ្នាឯង នគរនោះមុខជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ណាដែលបែកបាក់គ្នាឯង ក៏មុខជា​រលំសង្កត់គ្នា​​មិន​ខាន។ 18 ប្រសិន​បើ​ សាតាំង​​ទាស់ទែងបែកបាក់​គ្នា​ឯង តើ​រាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរម្តេច​បាន? ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេប៊ូល។ 19 ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្សដោយ​អំណាច​បេលសេប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្សដោយ​អំណាច​នរណា​គេទៅវិញ?។ ហេតុនេះហើយបានជាកូន​ចៅ​របស់​អ្នក​រាល់​គ្នា ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាវិញម្តង។ 20 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្សដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់មែន នោះបានសេចក្តីថាព្រះរាជ្យ​របស់​ព្រះជាម្ចាស់នឹង​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ 21 ពេលណាមាន​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ ប្រដាប់ដោយអាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន នោះទ្រព្យសម្បត្តិ​របស់​គេ​នឹង​នៅស្ថិតស្ថេរគង់វង្ស 22 ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង គេនឹងមក​ដក​ហូត​គ្រឿង​អាវុធ និង​រឹប​អូស​ទ្រព្យសម្បត្តិ​ពី​អ្នក​នោះ។ 23 អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ខ្ញុំ​ទេ អ្នក​នោះ​កំពុងតែកំចាត់កំចាយខ្ញុំហើយ។ 24 ពេលណាវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វានឹងស្វែង​រកទីវាល​ហួតហែង ដើម្បីសម្រាក។ ​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា៖ «អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ​ដែល​អញ​ទើប​នឹង​ចេញ​មក»។ 25 លុះពេលត្រឡប់មកដល់ហើយ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​រៀបចំមានរបៀបរៀបរយ។ 26 នោះវា​នឹង​ទៅ​បបួល​វិញ្ញាណអាក្រក់​ប្រាំពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា ឲ្យមក​ចូល​អ្នក​នោះ។ ចំណែកឯស្ថានភាពចុងក្រោយរបស់អ្នកនោះ រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។ 27 កាល​ព្រះយេស៊ូ​​មាន​ព្រះបន្ទូលការនេះរួចហើយ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​​បណ្ដាជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​ពរ​មែន»។ 28 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​អនុវត្ត​តាម អ្នកនោះហើយ​មានពរជាង»។ 29 កាលមហាជន​ប្រជុំ​គ្នា​កាន់តែច្រើន ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់។ គេ​ស្វែងរកទីសម្គាល់​អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់ណា​ផ្សេងទៀត ក្រៅ​ពី​ទីសម្គាល់​របស់​ព្យាការីយ៉ូណាស​ឡើយ។ 30 ដ្បិតលោក​យ៉ូណាស​ក្លាយ​ជា​ទី​សម្គាល់ ឲ្យ​អ្នក​ក្រុង​នីនីវេ​ឃើញ​យ៉ាង​ណា​ នោះបុត្រ​មនុស្ស​ក៏​នឹង​ធ្វើ​ជា​ទី​សម្គាល់ ឲ្យមនុស្ស​ជំនាន់​នេះ​ឃើញ​យ៉ាង​នោះ​ដែរ។ 31 មហាក្សត្រីយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង កាលណាព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្ស​ជំនាន់​នេះ និងថ្កោលទោសពួកគេ​ផង ព្រោះ​ព្រះនាង​បាន​យាង​មក​ពី​ចុងបំផុតនៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញាញាណ​របស់​ស្ដេច​សាឡូម៉ូន និងរកមើលក្រែងលោមាននរណា​ប្រសើរ​លើស​ស្ដេច​សាឡូម៉ូន​​ទៀត។ 32 អ្នក​ក្រុង​នីនីវេ​នឹង​ក្រោកឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រម​ទាំង​ថ្កោលទោស​គេ​ផង ព្រោះ​អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត កាលបានឮសេចក្តីប្រកាសរបស់​លោក​យ៉ូណាស​​ និងរកមើលក្រែងលោកមាននរណា​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៀត។ 33 គ្មាន​នរណា​អុជ​ចង្កៀង យក​ទៅ​លាក់​ទុក ឬ​យក​ធុង​គ្រប​ពី​លើ​នោះឡើយ ផ្ទុយទៅវិញ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដូច្នេះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះនឹងបានភ្លឺ។ 34 ភ្នែក​ជា​ចង្កៀង​របស់​រូប​កាយ។ ពេលណា​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ។ ប៉ុន្តែ ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ក៏​ងងឹត​ដែរ។ 35 ហេតុ​នេះ​ ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក ទៅជាងងឹត​ឡើយ។ 36 ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ គ្មានផ្នែកណាមួយងងឹត​នោះទេ រូប​កាយ​ទាំងមូលរបស់​អ្នក​ប្រៀបបីដូចជា​ចង្កៀង​ភ្លឺចិញ្ចែងចិញ្ចាចលើ​អ្នក​ដែរ»។ 37 ក្រោយពេល​ព្រះយេស៊ូ​​មាន​ព្រះបន្ទូលរួចហើយ មាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ី ​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះស្ងោយ​នៅ​ផ្ទះ​គាត់ ដូច្នេះព្រះយេស៊ូ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។ 38 អ្នក​ខាង​គណៈផារីស៊ី​ភ្ញាក់ផ្អើល ព្រោះ​ឃើញ​ព្រះយេស៊ូ​មិន​លាង​ព្រះហស្ដ​មុន​ពេល​សោយអាហារ។ 39 ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវនេះ ពួក​ផារីស៊ី​អើយ ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចានតែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុងអ្នករាល់គ្នាវិញ ​ពោរពេញ​ទៅ​ដោយ​ចិត្ត​លោភលន់ និង​គំនិត​អាក្រក់។ 40 មនុស្ស​ឆោត​ល្ងង់​អើយ តើព្រះជាម្ចាស់​សម្អាត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​សម្អាត​ខាង​ក្នុង​ដែរ​ទេ​ឬ? 41 ចូរចែកទានដល់ជនក្រីក្រនូវអ្វីដែលមានខាងក្នុង នោះ​គ្រប់​ទាំង​អស់នឹង​បាន​ស្អាត​បរិសុទ្ធសម្រាប់អ្នករាល់គ្នា​។ 42 អ្នកត្រូវវេទនាហើយ ពួក​ផារីស៊ី​អើយ! ពីព្រោះ​អ្នក​រាល់​គ្នាថ្វាយមួយភាគដប់ពី​ជីរអង្កាម ជីរលីងល័ខ និង​បន្លែ​គ្រប់​មុខ ប៉ុន្តែ អ្នក​រាល់​គ្នា​ព្រងើយកន្តើយមិន​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​ស្រឡាញ់​ព្រះជាម្ចាស់ឡើយ។ នេះហើយជាការចាំបាច់ ដែលអ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្តដោយសុចរិត និងស្រឡាញ់ព្រះជាម្ចាស់ ដោយមិនបំភ្លេចចោលការឯទៀតឡើយ។ 43 អ្នកត្រូវវេទនាហើយ ពួក​ផារី​ស៊ី​អើយ ព្រោះ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​អង្គុយកៅអីខាងមុខ​ក្នុង​សាលា​ប្រជុំ ហើយឲ្យគេ​គោរព​រាប់អាននៅ​តាម​ផ្សារ។ 44 អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បីដូច​ផ្នូរ​ខ្មោច ដែលមនុស្ស​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។ 45 មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ដូច្នេះធ្វើឲ្យ​យើង​ខ្ញុំអាម៉ាស់»។ 46 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នកត្រូវវេទនាហើយ ពួក​បណ្ឌិត​ខាង​វិន័យ​អើយ​ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹងរ៉ឹងដាក់​លើ​មនុស្ស ប៉ុន្តែអ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បីតែប៉ុនម្រាមដៃក៏គ្មានផង។ 47 អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! ព្រោះ​អ្នក​រាល់​គ្នា​សង់​ផ្នូរ​ឲ្យ​ព្យាការី ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ 48 ដូច្នេះ អ្នក​រាល់​គ្នាជាសាក្សី ហើយអ្នក​រាល់​គ្នា​សម​គំនិតជាមួយ​កិច្ចការរបស់បុព្វបុរស ដ្បិតពួកគេបានសម្លាប់ពួកព្យាការី ហើយអ្នក​រាល់​គ្នា​បាន​សង់​ផ្នូរឲ្យ។ 49 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះប្រាជ្ញាញាណ​របស់ព្រះជាម្ចាស់បន្លឺឡើងថា៖ «យើង​នឹង​ចាត់​ព្យាការី និងពួកសាវ័ក គេនឹងបៀតបៀន និងសម្លាប់ពួកគេខ្លះ»។ 50 បន្ទាប់មក មនុស្ស​ជំនាន់​នេះ​នឹងទទួលខុសត្រូវ ចំពោះការខ្ចាយឈាមរបស់​បុព្វបុរស​ ​តាំង​ពី​កំណើត​ពិភព​លោក​មកម៉្លេះ 51 គឺ​ចាប់​តាំង​ពីការខ្ចាយឈាមរបស់​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទីសក្ការៈ។ ពិតណាស់ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ។ 52 អ្នករាល់គ្នាត្រូវវេទនាហើយ ពួក​បណ្ឌិត​ខាង​វិន័យ​អើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​សោទ្វារ ដែលនាំ​ស្គាល់​ព្រះជាម្ចាស់ ហើយអ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។ 53 ក្រោយពេល ​ព្រះយេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ ហើយ​ដេញ​ដោល​សួរ​ព្រះអង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន 54 រកល្បិច​កល​ចាប់​កំហុស​ព្រះអង្គ។


ជំពូក 12

1 ខណៈពេល​នោះ មាន​មហាជន​រាប់​ម៉ឺន​នាក់​ជួបជុំ​គ្នា​ ស្ទើរ​តែ​ដើរ​ជាន់​គ្នាទៅហើយ។ មុន​ដំបូង ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈផារីស៊ី ជាមនុស្សមាន​ពុតត្បុត។ 2 ប៉ុន្តែ គ្មានការ​លាក់​កំបាំងណាមួយ មិនត្រូវគេ​លាត​ត្រដាងឃើញនោះឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​ណា មិន​ត្រូវ​បើក​​គេ​ដឹង​ដែរ។ 3 ដូច្នេះ​ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទីងងឹត នឹងត្រូវគេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។ 4 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ដែលជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំអាច​ធ្វើ​អ្វី​ដល់​អ្នករាល់គ្នា​នោះ​ឡើយ។ 5 ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នករាល់គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​ព្រះជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​អំណាច​ផ្ដាច់​ជីវិត ហើយក៏អំណាចបោះ​ទៅ​ក្នុង​ភ្លើង​នរក​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ​​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាចព្រះអង្គ។ 6 តើគេលក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេនមែនទេ? ទោះជាយ៉ាងណា ក៏​ព្រះជាម្ចាស់​ឥត​ភ្លេច​ចាប​ណា​មួយនៅចំពោះព្រះភក្រ្ត​ព្រះអង្គ។ 7 សូម្បី​តែសរសៃ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ កុំ​ខ្លាច​អ្វី​ឡើយ។ ​អ្នក​រាល់​គ្នា​មាន​តម្លៃជាងចាប​ទៅ​ទៀត។ 8 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នកណាដែលទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក នោះបុត្រ​មនុស្សនឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។ 9 ប៉ុន្តែ ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក នោះ​បុត្រ​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ។ 10 អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស នោះព្រះជាម្ចាស់​នឹង​លើកលែង​ទោស​ឲ្យ ប៉ុន្តែ អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធវិញ នោះព្រះអង្គ​មិន​លើកលែង​ទោស​ឲ្យ​ឡើយ។ 11 ពេលណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ក្នុង​សាលា​ប្រជុំ ​នៅ​មុខ​ចៅក្រម និង​អាជ្ញាធរ មិន​ត្រូវ​ព្រួយបារម្ភពីរបៀបនិយាយ ដើម្បី​ឆ្លើយ​ការពារ​ខ្លួន ឬ​ត្រូវ​និយាយអ្វី​នោះ​ឡើយ។ 12 ដ្បិត​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់​គ្នានៅពេលនោះ ត្រូវនិយាយអ្វីហើយ»។ 13 មានបុរសម្នាក់ពីក្នុង​ចំណោម​បណ្ដាជន​ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ! សូម​​ប្រាប់​បង​ខ្ញុំ​ឲ្យចែក​កេរមត៌ក​មក​ចែក​ខ្ញុំ​ផង»។ 14 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​បុរស​នោះ​ថា៖ «អ្នកអើយ តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅក្រម ឬអាជ្ញាកណ្តាល​​បែងចែក​ទ្រព្យសម្បត្តិ​​អ្នក​រាល់​គ្នាដូច្នេះ?»។ 15 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​បណ្ដាជន​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​លោភលន់​ចង់​បាន​ទ្រព្យសម្បត្តិ​គេឲ្យ​សោះ ព្រោះជីវិតមនុស្សមិនអាស្រ័យលើសម្បត្តិ​បរិបូណ៌តែមួយមុខនោះ​ឡើយ»។ 16 រួចព្រះយេស៊ូមាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​ថា៖ «មានដីធ្លីរបស់សេដ្ឋីម្នាក់​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌ 17 គាត់​រិះគិត​ក្នុង​ចិត្ត​ថា «តើខ្ញុំនឹងធ្វើយ៉ាងម៉េច ព្រោះខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ដូច្នេះ?» 18 គាត់​គិត​ទៀត​ថា «ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺថាខ្ញុំ​រុះ​ជង្រុក​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុកធំៗ​ជាងមុន ហើយ​ខ្ញុំ​ប្រមូល​ស្រូវ និង​ភោគ​ផល​ទាំង​អស់​ដាក់​ក្នុង​ជង្រុក​ថ្មី​វិញ។ 19 រួចខ្ញុំ​នឹង​និយាយ​ប្រាប់ខ្លួនថា៖ «ឱព្រលឹង​ខ្ញុំ​អើយ អ្នកមានទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ ​ទុក​ចិញ្ចឹម​ជីវិតរាប់សិបឆ្នាំទៅមុខទៀត។ ខ្ញុំ​ត្រូវ​សម្រាក គិត​តែបរិភោគ និង​ស៊ី​ផឹក​សប្បាយ​បានហើយ»។ 20 ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់គាត់ថា៖ «មនុស្ស​​ល្ងីល្ងើ​អើយ យប់​នេះ​យើង​នឹង​ដក​ជីវិត​អ្នក តើទ្រព្យសម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុកនោះ បានទៅជារបស់នរណា​វិញ?» 21 នេះជារបៀបមនុស្សម្នាក់​ប្រមូល​ទ្រព្យសម្បត្តិ​ទុកទុកសម្រាប់តែ​ខ្លួន​ឯង ហើយ​គ្មាន​សម្បត្តិ​សួគ៌​នៅ​ក្នុង​ខ្លួន»។ 22 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកសិស្សថា៖ «ហេតុ​នេះ​ ​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យខ្វល់​ខ្វាយ​ពីជីវិតនេះ ថាតើត្រូវបរិភោគអ្វី ឬរូបកាយតុបតែងអ្វី ឬ​ស្លៀកពាក់អ្វីឡើយ 23 ដ្បិត ​ជីវិត​មាន​តម្លៃ​​ជាងម្ហូប​អាហារ ហើយ​រូប​កាយក៏​មាន​តម្លៃ​ជាង​សម្លៀកបំពាក់​ដែរ។ 24 ចូរ​មើលសត្វ​ក្អែក ​វា​មិន​ចេះ​សាប​ព្រោះ មិន​ចេះច្រូត​កាត់។ ពួកវាគ្មាន​ឃ្លាំង​ឬជង្រុក​ទេ ប៉ុន្តែ ព្រះជាម្ចាស់​ចិញ្ចឹម​វា។ តែយើងមាន​តម្លៃ​លើស​ជាងបក្សាបក្សីទៅទៀត! 25 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើអាចបង្កើនអាយុ​របស់​ខ្លួនឲ្យបានវែង ដោយការខ្វល់ខ្វាយដែរទេ? 26 ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាចសម្រេចការតូចតាចបានផង ចុះ​ហេតុ​អ្វី​បាន​ជា​ខ្វល់​ខ្វាយ​រឿង​ផ្សេង​ទៀត? 27 ចូរពិចារណា​មើល ផ្កា​ដុះ​វាដុះឡើងយ៉ាងម៉េច។ វាមិនចេះធ្វើការនឿយហត់​ ឬ​ត្បាញ​រវៃ​ឡើយ។ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន​ប្រកប​ដោយ​សិរីរុងរឿង​បំផុត ក៏ព្រះអង្គគ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ 28 ប្រសិន​បើ​ព្រះជាម្ចាស់​ធ្វើឲ្យផ្ការីកតាមទីវាល​ថ្ងៃ​នេះ ហើយ​ថ្ងៃស្អែក​ត្រូវ​គេ​ដុត​ចោល​ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើសជាងអំបាលម៉ានទៅទៀត ឱមនុស្ស​មាន​ជំនឿ​តិច​អើយ! 29 ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែពីរឿង​បរិភោគ និងផឹកស៊ី​នោះ​ឡើយ ហើយមិនត្រូវអន្ទះសារឡើយ 30 ដ្បិត​ជាតិ​សាសន៍​ទាំងនៅលើផែនដី កំពុងតែស្វែងរក​របស់​ទាំង​នេះ ហើយព្រះបិតា​របស់​អ្នក​រាល់​គ្នា ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ 31 ប៉ុន្តែ ចូរ​​ស្វែង​រក​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​វិញ នោះទើបគ្រប់របស់នឹងបានប្រទានមកអ្នករាល់គ្នា​ថែម​ទៀត​ផង»។ 32 «កុំ​ខ្លាច​អី! ហ្វូងចៀម​តូច​អើយ ព្រោះ ព្រះបិតា​របស់​អ្នក​រាល់​គ្នា សព្វ​ព្រះហឫទ័យ​ប្រទាន​ព្រះរាជ្យ​មកឲ្យអ្នក​រាល់​គ្នា​ហើយ។ 33 ចូរ​លក់​ទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា ដើម្បីយកទៅចែក​ទាន​ដល់​ជន​ក្រីក្រ​។ ចូរ​ប្រមូលយក​ទ្រព្យ​ដែល​មិន​ចេះ​ពុករលួយ ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន​បរមសុខ ដែលមិនចេះរលួយ គ្មានចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ 34 ដ្បិតទ្រព្យសម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។ 35 ចូរស្លៀកពាក់ឲ្យបានជាប់ដោយដាក់ខ្សែក្រវាត់ និងដុត​ចង្កៀង​របស់​អ្នក​រាល់​គ្នា​ឲ្យនៅឆេះជាប់ជានិច្ច 36 ចូរ​ប្រព្រឹត្ត​​ដូច​ពួក​អ្នក​បម្រើ ទន្ទឹងរង់ចាំមើលផ្លូវម្ចាស់វិល​ត្រឡប់​មក​ពី​ជប់លៀងមង្គលការវីញ ដូច្នេះពេលលោកត្រឡប់មកវិញគោះទ្វារ នោះអ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ 37 អ្នកបម្រើទាំងនោះមានពរហើយ ដោយទន្ទឹងរង់ចាំមើលផ្លូវម្ចាស់​ត្រឡប់​មក​ដល់វិញ។ ខ្ញុំ​សុំ​ប្រាប់ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា លោកនឹងស្លៀកពាក់អាវវែង ដោយពាក់ខ្សែក្រវាត់ ហើយលោក​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​លោក​​បម្រើគេ​វិញ។ 38 ប្រសិនបើ​ លោក​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​មេឃជិត​ភ្លឺ ហើយមើល​ឃើញ​ថា អ្នកបម្រើ​​នៅ​រង់ចាំ​ដូច្នេះ នោះអ្នកបម្រើទាំងនោះមានពរហើយ។ 39 អ្នករាល់គ្នានឹងដឹងជាងនេះទៅទៀត បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ពេល​ណា នោះគាត់​នឹង​មិន​បណ្ដោយ​ឲ្យចោរ​ចូល​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។ 40 ដូច្នេះ ​អ្នក​រាល់​គ្នាត្រូវត្រៀម​ខ្លួន​ជានិច្ច ព្រោះអ្នករាល់គ្នាមិនដឹងម៉ោងណា​បុត្រ​មនុស្ស​មកវិញទេ»។ 41 លោក​ពេត្រុស​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «បពិត្រ​ព្រះអម្ចាស់! តើ​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់តែយើង​ខ្ញុំ ឬ​មួយ​មនុស្ស​គ្រប់គ្នា?»។ 42 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «តើនរណាជាអ្នកបម្រើដែលស្មោះត្រង់ និងមានប្រាជ្ញាវាងវៃ ដែលម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យគាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុងបែង​ចែក​ម្ហូប​អាហារតាម​ពេល​កំណត់? 43 មានពរហើយអ្នកបម្រើណា ដែលពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើនោះកំពុងតែធ្វើការងាររបស់ខ្លួន។ 44 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខប្រគល់ភារកិច្ចឲ្យ​គាត់​មើលការ​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​លោក។ 45 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើនោះគិត​ក្នុង​ចិត្ត​ថា៖​ «ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់» ហើយគាត់ចាប់ផ្តើមវាយអ្នកបម្រើទាំងប្រុសស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹងជោគជាំ 46 នោះពេល​ម្ចាស់​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ដែលអ្នកបម្រើមិនបានរង់ចាំ ហើយមិនដឹងជាត្រឡប់មកវិញពេលណា នោះម្ចាស់នឹងកាត់អ្នកបម្រើជាកង់ៗ យកទៅដាក់នៅកន្លែងពួកអ្នកមិនស្មោះត្រង់។ 47 អ្នក​បម្រើនោះស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួនជាមុន ហើយ​មិន​ធ្វើ​តាម​ចិត្ត​ម្ចាស់ខ្លួន អ្នក​បម្រើ​នោះ​នឹង​ត្រូវច្រើន​រំពាត់។ 48 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​សមនឹង​ទទួល​ទោស អ្នក​បម្រើនោះ​នឹង​ត្រូវ​រំពាត់​តិចវិញ។ ប៉ុន្តែ អស់អ្នកណាបានទទួលច្រើន គេទាម​ទារច្រើន​ពី​អ្នក​នោះ​វិញ​ដែរ ហើយបើនរណាម្នាក់ទទួលការផ្ទុកផ្ដាក់​កិច្ចការ​ច្រើន គេ​នឹងទាម​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត។ 49 «ខ្ញុំ​មកដើម្បីនាំ​ភ្លើង​មក​ផែនដី ហើយ​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​នឹងបានស្ងប់​ចិត្ត​ហើយ​។ 50 ខ្ញុំមានពិធីជ្រមុជ ដែលខ្ញុំត្រូវ​ទទួល​។ ខ្ញុំ​តឹង​​ចិត្ត​ណាស់ រហូតពិធីនោះបានសម្រច! 51 តើអ្នករាល់គ្នាគិតថា ខ្ញុំ​​នាំសេចក្តីសុខសាន្ត​មកផែនដី​នេះមែនទេ? ទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំ​នាំ​ការ​បាក់​បែក​ទៅវិញទេ។ 52 ចាប់​ពី​ពេល​នេះ​ត​ទៅ ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ គឺ​បី​នាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹង​បី​នាក់។ 53 ឪពុក​ទាស់នឹងកូន​ប្រុស កូន​ប្រុស​ទាស់នឹង​ឪពុក ម្ដាយ​ទាស់នឹង​កូន​ស្រី កូន​ស្រី​ទាស់នឹង​ម្ដាយ ម្ដាយក្មេក​ទាស់នឹងកូន​ប្រសា​ស្រី ហើយកូន​ប្រសា​ស្រីទាស់នឹង​ម្ដាយក្មេក»។ 54 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​មហាជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា មេឃជិត​ភ្លៀង​ហើយ ហើយមេញ​ក៏​ភ្លៀង​មែន។ 55 ពេលណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខជា​ក្ដៅមក​ហើយ ហើយ​ក៏​ក្ដៅ​មែន។ 56 មនុស្ស​មាន​ពុត​អើយ អ្នក​រាល់​គ្នា​ដឹងពីរបៀបកាត់ស្រាយអ្វីៗនៅលើ​ផែនដីនេះ និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជាមិនចេះកាត់ស្រាយ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?» 57 «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​កាត់ទោសអំពើសុចរិត​ដោយ​ខ្លួន​ឯង? 58 ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូវិវាទ នៅ​តាម​ផ្លូវ​អ្នក​ត្រូវ​ខំសម្រុះសម្រួលគ្នា ដូច្នេះគេ​មិនបញ្ជូន​អ្នក​ទៅ​ដល់​ចៅក្រម ចៅក្រមមិន​បញ្ជូន​អ្នក​ទៅ​មន្ត្រី ហើយ​មន្រ្តីមិនយក​អ្នក​ទៅ​ដាក់​គុកទេ។ 59 ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​រួច​ខ្លួន​ទេ ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន សូម្បីតែ​ខ្វះ​មួយ​សេន​ក៏មិនបានផង»។


ជំពូក 13

1 ពេល​នោះ មាន​អ្នក​ខ្លះ​​ទូល​ព្រះយេស៊ូ អំពី​អ្នក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញបូជា។ 2 ព្រះយេស៊ូ​មាន​ព្រះបន្ទូលឆ្លើយតប​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​គិតថា​ អ្នក​ស្រុក​កាលីឡេ​ទាំង​នោះ​មាន​បាប ជាង​អ្នក​ស្រុក​កាលីឡេ​ឯ​ទៀតៗ​ ព្រោះពួកគេបានតាម​របៀប​នេះ? 3 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេ មិនមែនទេ តែបើ​អ្នក​រាល់​គ្នា​មិន​​ប្រែ​ចិត្ត​​ទេ នោះអ្នក​ទាំងអស់គ្នា​នឹង​ត្រូវ​វិនាស​ដូច​គេ​មិន​ខាន។ 4 ឬ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​គិត​ថា អ្នក​ទាំង​នោះ​មានមានបាប​ជាង ​អ្នក​ក្រុង​យេរូសាឡិម​ឯទៀតៗ​ឬ? 5 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេ មិន​មែន​ទេ។ តែបើ​អ្នក​រាល់​គ្នា​មិន​​ប្រែ​ចិត្ត​ទេ នោះអ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ដូចគេដែរ»។ 6 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «បុរសម្នាក់មានដើម​ឧទុម្ពរ​មួយ​ដើម​ដុះ​ក្នុង​ចម្ការគាត់ ហើយម្ចាស់​ចម្ការដើរមករក​បេះ​ផ្លែ តែ​រកពុំឃើញមាន​ផ្លែ​សោះ។ 7 ម្ចាស់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ «មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​ពុំ​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ។ ហេតុអ្វីបានជាទុក​នាំ​តែ​ខាត​ដី​ទេ?»។​ 8 អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ «សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិនចុះ ចាំ​ខ្ញុំ​ជីកកំពែងជុំវិញគល់វា និង​ដាក់​ជី។ 9 បើ​ឆ្នាំ​ក្រោយ​នឹង​មាន​ផ្លែ តែបើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ មិនទាន់ហួសពេលទេ!»។ 10 កំឡុងពេល​ថ្ងៃ​សប្ប័ទ ព្រះយេស៊ូ​កំពុង​តែ​បង្រៀនគេ​ក្នុង​សាលា​ប្រជុំ។ 11 មើល មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យនាងចុះខ្សោយ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ ហើយខ្នងរបស់នាង​កោង ពុំអាច​ងើប​ត្រង់​បានឡើយ។ 12 ពេល​ព្រះយេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះអង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះបន្ទូល​ថា៖ «នាង​អើយ! នាង​មានសេរីភាពហើយ»។ 13 ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​នាង ភ្លាមនោះ នាង​ក៏​ឈរ​ត្រង់​វិញ ហើយ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​។ 14 ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ព្រោះព្រះយេស៊ូ​ប្រោស​អ្នក​ជំងឺ​​នៅ​ថ្ងៃ​សប្ប័ទ។ ដូច្នេះ អ្នកទទួលខុសត្រូវនោះ​ក៏​និយាយ​ទៅ​កាន់​បណ្ដាជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ប្រាំ​មួយ​ថ្ងៃ។ ចូរ​អ្នក​រាល់​គ្នារកពេល​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ តែកុំមក​ថ្ងៃ​សប្ប័ទ​ឡើយ»។ 15 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់គាត់​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា ចេញ​ពី​ក្រោលនិងដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។ 16 ដូច្នេះ ស្រ្តីនេះជាពូជពង្ស​របស់​លោក​អប្រាហាំ ដែលសាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ 17 កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​ការណ៍ទាំងនេះរួចហើយ ពួកអ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំងអស់ត្រូវអាម៉ាស ប៉ុន្តែ​ បណ្ដាជន​ទាំងអស់​វិញកំពុងតែមានអំណរ​ការ​អស្ចារ្យប្រកបដោយសិរីរុងរឿង ដែល​ព្រះអង្គ​បាន​ធ្វើ។ 18 រួចមកព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើ​ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​អាចប្រៀបប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។ 19 ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​​ល្អិតម៉្យាង ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​របស់​ខ្លួន ហើយគ្រាប់​នោះ​ក៏​ដុះធំឡើង​ទៅ​ជា​ដើម​ឈើ​មួយ ហើយមាន​បក្សាបក្សី​មក​ធ្វើ​សំបុក​តាម​មែក​របស់​វា»។ 20 ព្រះយេស៊ូ​មាន​ព្រះបន្ទូលម្តង​ទៀត​ថា៖ «តើ​ខ្ញុំ​អាចប្រៀបប្រដូច​ព្រះរាជ្យ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី?។ 21 ព្រះរាជ្យ​ព្រះជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​បី​តៅ​ រហូតទាល់តែម្សៅ​នោះ​ដោរ​ឡើង»។ 22 នៅតាមផ្លូវឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ ព្រះយេស៊ូយាងកាត់តាម​ក្រុង និងតាម​ភូមិ​នានា ព្រម​ទាំងបង្រៀន​អ្នក​ស្រុកនោះ​ផងដែរ។ 23 មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! មានមនុស្សតិចតួចនៅឡើយ ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​»។ ព្រះអង្គមាន​ព្រះបន្ទូល​តប​ថា៖ 24 «ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ចង់​ចូល​ដែរ ក៏​ប៉ុន្តែ គេ​មិន​អាច​ចូល​បាន​ឡើយ។ 25 កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ នោះរួចអ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា «ឱ​ព្រះអម្ចាស់​អើយ! សូម​បើក​ទ្វារ​ឲ្យយើង​ខ្ញុំបានចូលផង»។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា៖ «យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ»។ 26 អ្នកនោះមុខជានិយាយថា៖ «យើង​ខ្ញុំ​ធ្លាប់​បរិភោគ​នៅចំពោះមុខព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់បង្រៀននៅតាមផ្លូវដែរ»។ 27 ប៉ុន្តែលោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា៖ «យើងមិនដឹងថា អ្នករាល់មកពីណាទេ។ ចូរថយចេញពីមុខយើងទៅ ពួកមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ!» 28 នឹងមានពេលអ្នក​រាល់​គ្នា​ត្រូវ​យំ​សោក និង​ខឹង​សង្កៀត​ធ្មេញ កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការីទាំងឡាយ ស្ថិតនៅ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់ ប៉ុន្តែ គេបោះអ្នក​រាល់​គ្នាទៅ​ខាង​ក្រៅវិញ ។ 29 មាន​មនុស្ស​មក​ពី​ទិស​ខាងកើត ខាងលិច ខាងជើង និងខាងត្បូង អង្គុយរួមតុ​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់។ 30 ចូរដឹងថា អ្នកណាដែលមិនសូវសំខាន់​នឹង​ត្រឡប់​ទៅ​ជានៅ​ខាង​មុខគេ ហើយ​អ្នកដែលសំខាន់ជាងគេនឹង​ត្រឡប់​ទៅ​នៅ​ក្រោយគេ​វិញ»។ 31 បន្តិចក្រោយមក មាន​ពួក​ខាង​គណៈផារីស៊ី​ខ្លះ​មក​ទូល​ព្រះអង្គថា៖ «សូម​លោក​ចាកចេញពីទីនេះទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក!»។ 32 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់ស្តេចកំហូចនោះវិញថា៖ «មើល៍! យើង​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដល់ថ្ងៃខាន​ស្អែក ខ្ញុំ​នឹង​សម្រេចគោលដៅខ្ញុំ។ 33 ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ យើងត្រូវបន្តដំណើរទៅមុខថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត ដ្បិត​ មិន​គួរ​សម្លាប់​ព្យាការី​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​ឡើយ។ 34 អ្នក​ក្រុង​យេរូសាឡិម អ្នក​ក្រុង​យេរូសាឡិម​អើយ អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​បញ្ជូនឲ្យ​មក​រក​អ្នក​រាល់​គ្នា។ យើងចង់ប្រមូលផ្តុំអ្នករាល់គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ 35 មើល៍! ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវគេ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា៖ «មាន​ពរហើយ អ្នកណាដែលមកក្នុង​នាម​ព្រះអម្ចាស់!»


ជំពូក 14

1 នៅ​ថ្ងៃ​សប្ប័ទមួយ ព្រះអង្គយាង​ទៅ​ផ្ទះ​របស់​អ្នក​ដឹក​នាំ​ខាង​គណៈផារីស៊ី​ម្នាក់ ដើម្បីសោយព្រះស្ងោយ ហើយអ្នកនៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គយ៉ាងដិតដល់។ 2 មើល នៅមុខព្រះអង្គ មាន​បុរស​ម្នាក់​កើត​ទាច។ 3 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈផារីស៊ីថា៖ «តើ​ការ​មើល​អ្នក​ជំងឺ​ឲ្យបាន​ជានៅ​ថ្ងៃ​សប្ប័ទត្រូវតាមក្រឹត្យវិន័យ​ឬ​ទេ?» 4 ប៉ុន្តែ ពួកគេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។ ដូច្នេះ ព្រះយេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ប្រាប់​គាត់ឲ្យ​ត្រឡប់​ទៅ​វិញ។ 5 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​​មាន​កូនប្រុសម្នាក់ ឬ​គោ​ធ្លាក់​អណ្ដូងនៅ​ថ្ងៃ​សប្ប័ទ​ តើអ្នកនឹង​ស្រង់​គេ​ឡើងភ្លាមទេ? 6 ពួកគេ​មិន​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​ចំពោះសំណួរខាងលើ។ 7 ពេលព្រះយេស៊ូ​សង្កេត​ឃើញ​ភ្ញៀវ ដែលគេអញ្ជើញមកជ្រើសរើសកៅអី​កិត្តិយស​ នោះព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖ 8 «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់លៀងក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយនៅកន្លែង​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​កិត្តិយសម្នាក់ទៀតមាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ 9 ប្រសិន​បើ​ ម្ចាស់​កម្មវិធី​អញ្ជើញ​អ្នកទាំងពីរមកដល់ គាត់​មុខ​ជា​និយាយថា «ចូរទុកកន្លែងកិត្តិយស​នេះ ជូនអ្នក​ផ្សេង» ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ 10 ផ្ទុយទៅវិញ ពេលមាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិនចុះ លុះ​ដល់​ម្ចាស់​កម្មវិធីមកដល់ នោះគាត់និយាយមក​កាន់​អ្នក​ថា៖ «សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅកន្លែងនេះ»។ ពេល​នោះអ្នក​នឹង​មាន​កិត្តិយស​ នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ​ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ 11 ដ្បិត អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ ចំណែកឯ​អ្នក​ដែល​បន្ទាប​ខ្លួនវិញ គេនឹង​​លើក​តម្កើងអ្នកនោះ​វិញ»។ 12 ព្រះយេស៊ូ​ក៏មាន​ព្រះបន្ទូល​ទៅ​កាន់​អ្នក​ដែល​បាន​យាង​ព្រះអង្គថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មកចូលរួមពិធី​ជប់លៀង កុំ​អញ្ជើញ​មិត្តសំឡាញ់ បង​ប្អូន សាច់ញាតិ ឬអ្នក​ជិត​ខាងដែល​មាន​សម្បត្តិ ​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នកវិញជាការតបស្នង រួចគេនឹងតបស្នងអ្នកវិញ។ 13 ប៉ុន្តែ ពេល​ណា​អ្នករៀបចំ​ពិធី​ជប់លៀង ​ត្រូវ​ហៅមនុស្ស​ក្រីក្រ មនុស្ស​ពិការ មនុស្សខ្វិន និងមនុស្ស​ខ្វាក់ 14 នោះអ្នក​នឹង​មានពរមិន​ខាន ព្រោះ​អ្នក​ទាំង​នោះ​ពុំ​មានលទ្ធភាពតប​ស្នង​អ្នក​វិញបាន​ឡើយ។ ដ្បិតព្រះជាម្ចាស់​វិញ​ទេ ដែលនឹង​តប​ស្នង​ជូន​អ្នក នៅ​ថ្ងៃដែលមនុស្ស​សុចរិត​រស់​ឡើង​វិញ»។ 15 ក្រោយពេលបុរសម្នាក់​ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ បាន​ឮ​ព្រះបន្ទូល​ទាំង​នេះ​ហើយ គាត់ទូល​ព្រះអង្គ​ថា៖ «មានពរហើយ អ្នក​ណាដែល​បាន​ចូល​រួម​ពិធី​ជប់លៀង​ក្នុង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់!»។ 16 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើននាក់មកចូលរួម។ 17 ពេលអាហាររៀបចំរួចរាល់តាមម៉ោងកំណត់លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា៖ «សូមអញ្ជើញមក! ព្រោះម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ»។ 18 ភ្ញៀវ​ទាំង​នោះ​នាំគ្នាដោះសា​បន្ត​បន្ទាប់​គ្នា។ ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា៖ «ខ្ញុំ​ទើប​តែបានទិញ​ដី​ចម្ការ​មួយ​កន្លែង ហើយខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ឥឡូវ​នេះ។ សូម​មេត្តា​អភ័យទោសឲ្យ​ខ្ញុំ​ផង»។ 19 ម្នាក់ទៀតក៏​និយាយ​ថា៖ «ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​យកវាទៅទឹម​សាក​ល្បង។ សូមលោក​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង»។ 20 បន្ទាប់មកម្នាក់​ទៀត​ពោល​ថា៖ «ខ្ញុំ​ទើប​នឹង​រៀបការ​ប្រពន្ធ ដូច្នេះខ្ញុំ​ពុំ​អាច​ទៅចោលនាងបានទេ។ 21 អ្នកបម្រើចូលមកជម្រាបប្រាប់ចៅហ្វាយនូវរឿងរ៉ាវទាំងអស់នេះ។ ម្ចាស់​ផ្ទះ​ក៏​ខឹង ហើយប្រាប់ទៅបម្រើ​ថា៖ «ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​តាមផ្លូវ និងតាម​ទី​ផ្សារក្នុងទីក្រុង ដើម្បីនាំមនុស្ស​ក្រីក្រ មនុស្ស​ពិការ មនុស្សខ្វិន និងមនុស្ស​ខ្វាក់»។ 22 អ្នក​បម្រើនិយាយថា៖ «លោកម្ចាស់! អ្វីដែលលោកម្ចាស់បានបង្គាប់ដល់ខ្ញុំ ខ្ញុំធ្វើបានសម្រេចរួចហើយ ហើយនៅមានកន្លែង​អង្គុយ​នៅសល់​ទៀត»។ 23 ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​​ថា៖ «ចូរ​ទៅ​តាម​ផ្លូវជាតិ ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្សចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។ 24 ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ ពុំបាន​បរិភោគ​អាហារឡើយ»។ 25 ឥឡូវនេះ មាន​មហាជន​ជា​ច្រើនកុះករបាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះអង្គ។ ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ 26 «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុកម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ 27 អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។ 28 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិតគូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា? 29 បើមិនដូច្នេះទេ កាលណា​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្សម្នា​ឃើញ មុខ​ជា​សើច​ចំអក​អោយ​មិន​ខាន 30 ដោយពោល​ថា៖ «មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ»។ 31 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ រៀបនឹង​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត តើព្រះអង្គ​មិនគង់​គិតគូរ​ជា​មុន​សិន​ថា បើ​ទ្រង់​មាន​ទ័ព​មួយ​ម៉ឺន​នាក់ ​អាច​តទល់​នឹង​បច្ចាមិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា? 32 បើ​ឃើញ​ថា​មិន​អាច​តទល់​បាន​ទេ នោះ​ទ្រង់​នឹង​គណៈប្រតិភូ​ទៅ​សុំ​ចរចា​រក​សន្តិភាព ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ 33 ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះបង់​អ្វីៗ​ទាំង​អស់ ​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។ 34 «អំបិល​ជា​របស់មានប្រយោជន៍មួយ ប៉ុន្តែ បើ​អំបិលបាត់​ជាតិ​ប្រៃ​ហើយ តើ​ត្រូវធ្វើ​ម្ដេច​ឲ្យ​វា​មានជាតិប្រៃឡើងវិញ? 35 វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី​ក៏​មិន​កើត​ដែរ។ មាន​តែយកវាទៅចាក់ចោល​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​ស្តាប់ដោយពិចារណាចុះ»។


ជំពូក 15

1 ឥឡូវនេះ មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់ ចូល​មក​ជិត​ព្រះយេស៊ូ ដើម្បីស្ដាប់​ព្រះបន្ទូល​ព្រះអង្គ។ 2 ទាំងពួក​ខាង​គណៈផារីស៊ី និង​ពួក​អាចារ្យរអ៊ូរទាំដាក់គ្នា​ថា៖ «អ្នក​នេះ​រាក់ទាក់​​មនុស្ស​មានបាប ថែមទាំង​ទាំង​បរិភោគ​ជា​មួយ​គេ​ទៀត»។ 3 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ​ទៅពួកគេថា៖ 4 «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើមានម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល ហើយបាត់​ចៀម​មួយ តើគាត់មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញទេឬអី? 5 បន្ទាប់ពី​រក​ឃើញ​ហើយ ​គាត់​​លើក​ចៀម​ដាក់​លើស្មា និងត្រេកអរសប្បាយ។ 6 ពេលគាត់ត្រឡប់​មក​ផ្ទះ​វិញ គាត់ក៏ហៅ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​មកប្រាប់​ថា៖ «សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត ខ្ញុំបានរកឃើញ​ចៀម​​ដែល​បាត់​នោះហើយ»។ 7 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះជាម្ចាស់​នៅ​ស្ថាន​បរមសុខនឹងអរ​សប្បាយ សូម្បីតែមានមនុស្សបាបម្នាក់​ប្រែ​ចិត្ត ខ្លាំង​ជាង​ព្រះអង្គ​អរសប្បាយ​នឹង​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត។ 8 ឬមានស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង ប្រសិនបើ​ បាត់តែ​មួយ​ដួង តើគាត់​នឹង​អុជ​ចង្កៀង ​បោស​ផ្ទះ និងស្វែង​រក​ប្រាក់​នោះគ្រប់ទីកន្លែងដោយយកចិត្តទុកដាក់ ​ទាល់​តែ​បាន​ឃើញ​វិញ។ 9 ពេលរក​ឃើញ​ហើយ គាត់ក៏ហៅ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​មកប្រាប់​ថា៖ «សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង! ដ្បិត ខ្ញុំបានរកឃើញ​ប្រាក់ដួងដែលបាត់នោះហើយ»។ 10 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតារបស់​ព្រះជាម្ចាស់​នឹងអរ​សប្បាយ​ជាខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​ប្រែ​ចិត្ត»។ 11 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ​នាក់ 12 ហើយកូន​ពៅ​និយាយ​ទៅកាន់​ឪពុក​ថា៖ «លោក​ឪពុក! សូម​ចែកចំណែក​កេរមរតកឲ្យ​កូន​មក»។ ដូច្នេះ ឪពុក​ក៏​ចែក​មរតក​ឲ្យកូន។ 13 ប៉ុន្មានថ្ងៃក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យសម្បត្តិដែលខ្លួនមានទាំងអស់ រួច​ក៏ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ ហើយកូន​ពៅ​បាន​ចាយ​បង្ហិន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​អស់​ទៅ។ 14 ពេល​កូនពៅចាយ​វាយ​ទ្រព្យសម្បត្តិ​អស់​ហើយ ស្រាប់តែមាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំងពាសពេញ​ស្រុកនោះ ហើយកូន​ពៅ​នោះ​ចាប់​ផ្ដើម​ខ្វះ​ខាត។ 15 គាត់​ក៏​ទៅ​ស៊ី​ឈ្នួលឲ្យ​អ្នក​ស្រុក​ម្នាក់ ដែលគេ​ប្រើ​គាត់​ឲ្យមើល​ថែជ្រូក​តាម​វាលស្រែចម្ការ​។ 16 គាត់​ចង់បរិភោគបាយជ្រូកនោះណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យគាត់​បរិភោគ​ឡើយ។ 17 តែពេលកូន​ពៅ​ភ្ញាក់​ខ្លួន ហើយ​គិតក្នុងចិត្ត​ថា៖ «អ្នក​បម្រើរបស់​ឪពុក​អញ​ទាំងអស់សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគគ្រប់គ្រាន់ ចំណែកអញនៅទីនេះវិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់ទៅហើយ! 18 អញ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ឪពុក​អញ​វិញ និងប្រាប់​គាត់​ថា៖ «លោក​ឪពុក! កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះជាម្ចាស់ ហើយខុស​នឹង​លោក​ឪពុក​ផងដែរ។ 19 លោកឪពុកមិនគួរហៅ​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ សូមលោកឪពុករាប់ខ្ញុំជា​អ្នកបម្រើបានហើយ»។ 20 ដូច្នេះ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ ខណៈពេល​ឪពុក​ឃើញ​កូនប្រុស​ពី​ចម្ងាយ គាត់​មាន​ចិត្ត​ក្តួលអាណិត រួច​ក៏​រត់​ទៅ​ទទួល​កូន ហើយ​ឱប​ថើប​ទៀត​ផង។ 21 កូន​ពៅ​និយាយទៅកាន់​ឪពុក​ថា៖ «លោក​ឪពុក! កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​​ព្រះជាម្ចាស់ ហើយខុស​នឹង​លោក​ឪពុក​ដែរ។ លោកឪពុកមិនគួរហៅ​ខ្ញុំ​នេះ​ជា​កូន​ទៀត​ទេ»។ 22 ឪពុក​ប្រាប់​ពួក​អ្នក​បម្រើថា៖ «ចូរ​ប្រញាប់​យក​សម្លៀកបំពាក់​ល្អៗ​បំផុត និង​ពាក់ឲ្យកូន​ខ្ញុំ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ពាក់​ឲ្យ​ផង។ 23 បន្ទាប់មក​យក​កូន​គោ​​បំប៉ន​ទុក មក​កាប់​ជប់លៀង។ ចូរយើងជប់លៀងឲ្យសប្បាយ! 24 ដ្បិត ​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវនេះ​រស់​ឡើង​វិញ។ កូនបាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ រក​ឃើញ​វិញ​ហើយ»។ គេ​នាំ​គ្នា​ជប់លៀង​យ៉ាង​សប្បាយ។ 25 ចំណែកកូន​ច្បងវិញ​នៅ​​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ គាត់ឮ​ស្នូរ​តន្ត្រី និង​របាំ។ 26 គាត់ក៏​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថាតើ មាន​រឿង​អ្វី​កើត​ឡើង។ 27 អ្នក​បម្រើឆ្លើយ​ប្រាប់គាត់ថា៖ «ប្អូន​លោក​ត្រឡប់​មក​វិញ ហើយឪពុក​របស់​លោក​ឲ្យគេ​កាប់​កូន​គោ​បំប៉ន ព្រោះ​ប្អូន​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព»។ 28 កូន​ច្បង​ខឹង​ណាស់ និង​មិន​ចូល​ផ្ទះ​ទេ ដូច្នេះ ឪពុកក៏​ចេញ​មក​អង្វរ​កូនឲ្យចូលផ្ទះ។ 29 ប៉ុន្តែ កូន​ច្បង​ឆ្លើយតប​ទៅ​ឪពុកវិញ​ថា «មើល៍! ខ្ញុំបានបម្រើលោកដូចជាទាសករ​ច្រើន​ឆ្នាំ​មកនេះ ហើយខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ​បញ្ជា​របស់​លោក​ត្រង់​ណាមួយឡើយ តែ​លោកវិញ​មិន​ដែល​ឲ្យ​កូន​ពពែមួយមកកូន ដើម្បី​កាប់​ជប់លៀង​ជា​មួយ​មិត្តភក្ដិ​ទាល់​តែ​សោះ 30 ចំណែកកូនលោក​ត្រឡប់​មក​វិញ​ វាបានបំផ្លាញ​ទ្រព្យសម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី លោកនៅតែ​កាប់​កូន​គោ​បំប៉ន​ជប់លៀងទទួលវាទៀត»។ 31 ឪពុក​និយាយ​ទៅ​កូន​ថា៖ «កូន​អើយ! ឯង​នៅ​ជា​មួយ​ឪពុក​​រហូត ហើយអ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក ក៏​ជា​របស់​កូន​ដែរ។ 32 គួរតែយើងសប្បាយរីករាយវិញ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​នោះ ឥឡូវ​នេះ វារស់​ឡើង​វិញ​ហើយ។ ពីមុនវា​បាន​វង្វេង​បាត់ តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ»។


ជំពូក 16

1 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកសិស្ស​ថា៖ «មាន​សេដ្ឋី​មួយ​រូប បាន​ប្រគល់​មុខងារ​ឲ្យអ្នក​បម្រើម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​របស់​លោក ហើយមាន​គេ​រាយការណ៍ប្រាប់​លោក​ថា អ្នក​មើលការខុសត្រូវនោះ​បាន​ចាយ​វាយ​ទ្រព្យសម្បត្តិរបស់លោកខ្ជះខ្ជាយ។ 2 ដូច្នេះ សេដ្ឋី​ក៏​ហៅ​អ្នក​មើល​ការខុស​ត្រូវ​មក​ប្រាប់​ថា៖ «តើអ្វីដែលខ្ញុំបានឮពីអ្នកពិតមែនទេ? ចូរយកបញ្ជីការទទួលខុសត្រូវរបស់អ្នកចេញមកដ្បិតខ្ញុំលែងឲ្យអ្នកមើលការខុសត្រូវលើសម្បត្តិ​ខ្ញុំ​​ទៅ​ទៀតហើយ»។ 3 អ្នក​មើលការខុសត្រូវនោះគិត​ក្នុង​ចិត្ត​ថា៖ «តើ​អញ​គិត​ទៅ​ធ្វើ​ការ​អ្វី​វិញ បើចៅហ្វាយ​ដកការទទួលខុសត្រូវចេញពីអញ? អញ​គ្មាន​កម្លាំង​នឹង​កាប់​គាស់​ដី​ទេ ហើយអញខ្មាសមិនហ៊ានដើរសុំ​ទាន​គេ។ 4 ខ្ញុំនឹក​ឃើញ​ គួរ​ធ្វើ​អ្វីហើយ ដូច្នេះនៅពេល​អញ​ឈប់​កាន់​​ការងារ តែឲ្យអ្នក​ស្រុកនៅតែ​ទទួល​អញឲ្យ​ស្នាក់​នៅ​ផ្ទះ​គេ ដដែល»។ 5 រួចអ្នកមើលការខុសត្រូវ​ក៏​ហៅ​កូន​បំណុល​របស់​ចៅហ្វាយ​ឲ្យ​ចូល​មក​ម្នាក់​ម្ដងៗ គាត់​សួរ​អ្នក​ទី​មួយ​ថា៖ «តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?» 6 កូន​បំណុល​នោះ​ឆ្លើយ​ថា៖ «ប្រេងអូលីវ​មួយ​រយធុង»។ គាត់​ប្រាប់អ្នកនោះ​ថា៖ «យក​បញ្ជី​របស់​អ្នក​ទៅ ចូរអង្គុយ​ចុះរួចសរសេរ​ឲ្យលឿនដាក់ថា ជំពាក់​ហាសិប​ធុង»។ 7 បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា៖ «តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?» កូន​បំណុល​នោះ​ឆ្លើយ​ថា៖ «ស្រូវ​មួយ​រយ​ថាំង»។ គាត់ប្រាប់ថា៖ «យក​បញ្ជី​របស់​អ្នក​ហើយ​សរសេរ​ដាក់​ថា ជំពាក់​ប៉ែតសិប​ថាំងវិញ»។ 8 ម្ចាស់​ក៏​សរសើរ​អ្នកមើលការខុសត្រូវទុច្ចរិតនេះណាស់ ព្រោះគាត់​ប៉ិនប្រសប់​បោក​បញ្ឆោត។ ដ្បិត មនុស្ស​ក្នុង​លោក​នេះ​តែងតែ​ប៉ិនប្រសប់​បោកបញ្ឆោតគ្នាឯង ជាងមនុស្សក្នុងពន្លឺ​​ទៅ​ទៀត។ 9 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរបង្កើតមិត្តភក្តិ ដោយចេះប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ដូច្នេះ ពេល​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្តភក្ដិ​ទាំង​នោះនឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​ដ៏អស់កល្បជានិច្ចវិញ។ 10 អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដែរ ហើយអ្នកទុច្ចរិតក្នុង​កិច្ចការ​​តូច អ្នក​នោះ​ក៏​ទុច្ចរិតក្នុង​កិច្ចការ​ធំដែរ។ 11 ប្រសិន​បើ​ អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើប្រាស់​ទ្រព្យសម្បត្តិទុច្ចរិតនេះ តើអ្នកណា​អាច​ប្រគល់​ទ្រព្យសម្បត្តិ​​ពិត​ប្រាកដ​ មក​អ្នក​រាល់​គ្នា​បាន​ដែរ? 12 ប្រសិន​បើ​ អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុងការប្រើប្រាសទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផង តើអ្នកណានឹងប្រគល់ទ្រព្យសម្បត្តិ​មកឲ្យអ្នក​រាល់គ្នាមើលការខុសត្រូវ? 13 គ្មាន​អ្នកបម្រើណាអាចបម្រើចៅហ្វាយពីរបានទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់មួយ​ហើយស្រឡាញ់​មួយ ឬស្មោះ​ត្រង់​មួយ និងមើលងាយ​មួយជា​ពុំខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​បម្រើ​ព្រះជាម្ចាស់​ផង និងបម្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។ 14 ពេលណា​ពួក​ខាង​គណៈផារីស៊ីដែលជាអ្នកស្រឡាញ់ប្រាក់ បានឮ​ដូច្នោះ ពួកគេ​ក៏​ចំអកឲ្យ​ព្រះអង្គ។ 15 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នាសម្តែងថាខ្លួន​សុចរិតនៅចំពោះមុខមនុស្ស ប៉ុន្តែព្រះជាម្ចាស់​ឈ្វេង​យល់ជម្រៅ​ចិត្ត​អ្នក​រាល់​គ្នាវិញ។ អ្វីៗ​ដែល​មនុស្សលើកតម្កើង តែជាការគួរឲ្យ​ស្អប់​ខ្ពើមនៅចំពោះភក្រ្តព្រះជាម្ចាស់។ 16 គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការីនៅតែសុពលភាព រហូត​ដល់​លោក​យ៉ូហានបាទីស្ដ​មក​ដល់។ ចាប់តាំង​ពី​ពេល​នោះ​មក​មនុស្សបាន​ឮ​ដំណឹងល្អ ស្តីអំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយគ្រប់​គ្នា​ខំ​ប្រឹង​តាម។ 17 ប៉ុន្តែ ផ្ទៃ​មេឃ​ផែនដី​នឹង​រលាយ​សូន្យ​ទៅ តែ​ក្រឹត្យវិន័យ​មិន​រលាយ​ឡើយ សូម្បី​តែ​តួ​អក្សរ​មួយ​ដ៏​តូច ក៏​មិន​រលាយ​បាត់​ផង។ 18 បុរសណាដែល​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ចំណែកឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។ 19 «មាន​បុរស​ម្នាក់​​មានទ្រព្យសម្បត្តិស្តុកស្តម្ភ គាត់ប្រើ​សម្លៀកបំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​ទេសឯក ហើយគាត់​រស់​នៅយ៉ាង​សប្បាយ ជាមួយនឹងទ្រព្យសម្បត្តិមហាសាល។ 20 នៅទីនោះក៏មានអ្នកសុំទានម្នាក់ឈ្មោះ​ឡាសារ ហើយគាត់​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ ខ្លួនគាត់​កើត​ដំបៅ​ពេញ​ 21 គាត់រង់ចាំបរិភោគ​កំទេច​ម្ហូប​អាហារជ្រុះ​ពី​តុ​អ្នក​មាន។ សូម្បីតែសត្វឆ្កែក៏មក​លិទ្ធ​ដំបៅ​គាត់​ទៀត​ផង។ 22 ក្រោយមក អ្នកសុំទានបាន​ស្លាប់​ទៅ ហើយពួក​ទេវតាក៏នាំយកគាត់​ទៅ​ដាក់​ក្បែរ​លោក​អប្រាហាំ។​ បុរសអ្នក​មាន​ក៏​ស្លាប់​ទៅដែរ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ 23 នៅ​ស្ថាន​មនុស្ស​ស្លាប់ គាត់ទទួលទារុណកម្ម​យ៉ាង​ខ្លាំង គាត់​ងើប​មុខ​លើ​មើលឃើញ​លោក​អប្រាហាំ​ពី​ចម្ងាយ ហើយ​ឡាសារក៏​នៅ​ក្បែរ​លោក​​ដែរ។ 24 ដូច្នេះ គាត់​ស្រែកប្រាប់លោក​អប្រាហាំ​ថា៖ «លោក​ឪពុកអប្រាហាំ​អើយ! សូម​​មេត្តា​ខ្ញុំ​ផង ហើយសូម​លោក​ប្រាប់​ឡាសារ​ឲ្យយកក​ម្រាម​ដៃ​ជ្រលក់​ទឹក និងបន្តក់ផ្សើម​អណ្ដាត​ខ្ញុំ​បន្តិច ព្រោះ​ខ្ញុំនៅ​ក្នុង​ភ្លើង​នេះក្តៅណាស់។ 25 លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា៖ «កូន​អើយ! ចូរ​នឹក​កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូនរស់នៅយ៉ាងសប្បាយ ហើយឡាសារវិញស្គាល់តែទុក្ខវេទនា។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​សាន្តហើយ តែ​កូន​វិញកូន​ត្រូវ​ឈឺ​ចុក​ចាប់។ 26 ក្រៅពីនេះ មាន​លំហ​មួយ​យ៉ាង​ធំ​ខណ្ឌ​យើង​ពី​គ្នា ដូច្នេះ ទោះ​បី​អ្នក​ណា​ចង់​ឆ្លង​ពី​ស្ថាន​នេះ​ទៅ​រក​អ្នក​រាល់​គ្នា ក៏​ឆ្លង​មិន​បាន​ឡើយ ទោះ​បី​មាន​អ្នក​ណា​ចង់​ឆ្លង​ពី​នោះមករ​រក​យើង ក៏​ឆ្លង​មិន​បាន​ដែរ»។ 27 អ្នក​មាន​នោះ​អង្វរ​ថា៖ «លោក​ឪពុកអប្រាហាំ​អើយ សូម​លោក​មេត្តា​ចាត់​ឡាសារឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង 28 ខ្ញុំ​មាន​បង​ប្អូនប្រុស​ប្រាំ​នាក់ ដើម្បីឲ្យ​ឡាសារ​ទៅ​ប្រាប់​គេឲ្យ​ដឹង​ខ្លួន ខ្លាចក្រែងលោកពួកគេ​ត្រូវមក​កន្លែង​រង​ទុក្ខ​ទារុណកម្ម​នេះ»។ 29 ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​ថា៖ «បង​ប្អូន​របស់​កូនមាន​លោក​ម៉ូសេ និង​​ពួក​ព្យាការី​ហើយ ចូរស្តាប់តាមពួកគេទៅ។ 30 អ្នក​មាន​តប​ទៅ​លោក​អប្រាហាំ​ថា៖ «ទេ! លោក​ឪពុកអប្រាហាំ តែបើ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ ទើប​គេ​​ប្រែ​ចិត្ត។ 31 ប៉ុន្តែ លោក​អប្រាហាំ​ឆ្លើយ​តប​វិញ​ថា៖ «ប្រសិន​បើ ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​​ព្យាការី​ទេ ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ»។


ជំពូក 17

1 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ប្រាកដណាស់មាន​មូល​ហេតុ​ជា​ច្រើនជាក់លាក់ ដែល​បណ្តាលឲ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប ប៉ុន្តែ វេទនាហើយ អស់អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប! 2 ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក រួចទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរជាងទុកឲ្យ​នាំ​មនុស្ស​តូចតាច​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប។ 3 ចូរ​ប្រយ័ត្ន​ខ្លួន ប្រសិន​បើ​ បង​ប្អូន​ណា​ប្រព្រឹត្តអំពើបាប ចូរ​ស្ដី​ប្រដៅ​គាត់​ផង តែ​បើ​គាត់​​ប្រែ​ចិត្តរួចហើយ ចូរ​អត់ទោស​ឲ្យ​គាត់​ទៅ។ 4 ប្រសិន​បើ​ គាត់​ប្រព្រឹត្តអំពើបាបចំពោះ​អ្នក ប្រាំពីរ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គាត់​ត្រឡប់​មក​រក​អ្នក​ទាំង​ប្រាំពីរ​ដង ដោយ​ពោល​ថា៖ «ខ្ញុំប្រែចិត្តហើយ» អ្នកត្រូវអត់ទោសឲ្យ​គាត់​ទៅ!»។ 5 ពួក​សាវកទូល​ព្រះអម្ចាស់​ថា៖ «សូម​ព្រះអង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ 6 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ប្រសិន​បើ ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា៖ «ចូរ​រំលើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ» វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន។ 7 ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មាន​អ្នកបម្រើ​ទៅ​ភ្ជួរ​ស្រែ ឬ​ឃ្វាល​ហ្វូង​សត្វ ពេលពួកគេ​វិល​ត្រឡប់​មក​ពី​វាលស្រែ​វិញ ​និយាយ​ថា៖ «មកនេះប្រញាប់ រួចអង្គុយ​ពិសា​បាយ? 8 ផ្ទុយ​ទៅ​វិញ តើម្ចាស់មិន​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា៖ «ចូរ​រៀបចំ​បាយ​ទឹក​ឲ្យ​ខ្ញុំ រួចក្រវ៉ាត់ចង្កេះ​មក​បម្រើខ្ញុំ​ពេល​ខ្ញុំ​កំពុងបរិភោគ រហូតដល់ខ្ញុំបរិភោគហើយ។ រួចចាំទៅ​បរិភោគតាម​ក្រោយ»។ 9 ម្ចាស់​មិន​បាន​អរគុណ​អ្នក​បម្រើទេ ព្រោះអ្នកបម្រើធ្វើ​តាម​បង្គាប់​ខ្លួន មែនទេ? 10 ចុះអ្នករាល់គ្នាវិញគិតដូច្នោះដែរ ពេលណា​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​បទបញ្ជា​របស់​ព្រះជាម្ចាស់​សព្វ​គ្រប់​ហើយ គួរ​ពោល​ថា៖ «យើង​ខ្ញុំជាអ្នកបម្រើមិនស័ក្តិសម។ យើង​ខ្ញុំ​គ្រាន់តែបាន​បំពេញ​កិច្ចការ​ដែល​យើង​ខ្ញុំ​ត្រូវ​ធ្វើបុណ្ណោះ»។ 11 កាល​ព្រះយេស៊ូ​កំពុង​យាង​ទៅ​ក្រុង​យេរូសាឡិម ព្រះអង្គ​យាង​កាត់​តាមព្រំដែន​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ។ 12 កាលព្រះអង្គ​យាង​ចូល​ក្នុង​ភូមិ​មួយ ព្រះអង្គបានជួប​មនុស្ស​ឃ្លង់​ដប់​នាក់។ ពួក​ឈរ​ឆ្ងាយពីព្រះអង្គ 13 រួចស្រែក​ឡើង​ថា៖ «ព្រះយេស៊ូ សូមលោកគ្រូ​មេត្តា​អាណិតយើង​ខ្ញុំ​ផង»។ 14 ព្រះយេស៊ូ​ទត​មើលពួក​គេ ព្រះអង្គមាន​ព្រះបន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួនឲ្យ​ពួក​បូជាចារ្យបាន​ឃើញ​ចុះ»។ ពេល​ពួកគេនាំគ្នា​ចេញ​ទៅ ពួកគេ​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ទាំង​អស់​គ្នា។ 15 ពេលម្នាក់ក្នុងចំណោមពួកគេ​ឃើញថា​ខ្លួន​បាន​ជា​សះស្បើយ​ដូច្នេះ គាត់ក៏ត្រឡប់ក្រោយដោយបន្លឺសំឡេង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ 16 គាត់​ក្រាប​ទៀប​ព្រះបាទា​ព្រះយេស៊ូ ឱន​ក្បាល​ដល់​ដី ទាំងអរ​ព្រះគុណ​ព្រះអង្គផង។ អ្នកនោះជា​អ្នក​ស្រុក​សាម៉ារី។ 17 បន្ទាប់មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «តើ​អ្នកទាំង​ដប់​នាក់​មិន​បាន​ជា​ស្អាត​បរិសុទ្ធ​គ្រប់គ្នាទេឬ? ​ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅឯ​ណា? 18 គ្មាននរណាម្នាក់មកលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ក្រៅពី​ជន​បរទេស​ម្នាក់នេះទេឬ?» 19 ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​គាត់​ទៀត​ថា៖ «ចូរ​ក្រោក​ឡើង! ​អញ្ជើញ​ទៅ​ចុះ!។ ជំនឿ​របស់​អ្នក​បាន​ប្រោសអ្នកឲ្យជាហើយ»។ 20 ពេលពួក​ខាង​គណៈផារីស៊ីទូល​សួរ​ព្រះយេស៊ូ​ថាតើ ព្រះជាម្ចាស់​នឹង​យាង​មក​គ្រង​រាជ្យ​នៅ​ពេល​ណានោះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​ថា៖ «ព្រះរាជ្យ​ព្រះជាម្ចាស់​មិន​មែន​មក ដោយមនុស្សមើល​ឃើញ​នឹង​ភ្នែកទេ។ 21 ក៏ពុំដែលមកដោយមានគេនិយាយថា៖ «មើល ព្រះរាជ្យ​ព្រះជាម្ចាស់​នៅ​ទី​នេះ!» ឬ «​ព្រះរាជ្យ​ព្រះជាម្ចាស់​នៅ​ទី​នោះ!» ដ្បិត មើល៍! ព្រះរាជ្យ​ព្រះជាម្ចាស់​ស្ថិតនៅក្នុងអ្នករាល់គ្នា»។ 22 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់ពួកសិស្ស​ថា៖ «ថ្ងៃ​នោះនឹងមកដល់ ពេលណាអ្នក​រាល់​គ្នា​ចង់​ឃើញ​បុត្រ​មនុស្ស​យាង​មក ប៉ុន្តែ អ្នករាល់គ្នា​ពុំ​បានឃើញ​ឡើយ។ 23 បន្ទាប់មក ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា៖ «មើល៍! ព្រះអង្គ​នៅ​ទី​នេះ! ឬ​នៅ​ទី​នោះ! ប៉ុន្តែ កុំចេញទៅ ឬ​រត់​ទៅតាមគេឲ្យ​សោះ 24 ដ្បិត​ ផ្លេក​បន្ទោរ​ភ្លឺឆ្វាចឆ្កងកាត់ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាងយ៉ាងណា​ ថ្ងៃនោះបុត្រ​មនុស្ស​នឹង​យាង​មក។ 25 ប៉ុន្តែ មុនដំបូងបុត្រ​មនុស្ស​ត្រូវ​តែ​រង​ទុក្ខ​វេទនា​ជាច្រើន និងត្រូវមនុស្សជំនាន់​នេះ​បដិសេធផងដែរ។ 26 នៅជំនាន់លោកណូអេយ៉ាងណា ​នោះក៏កើតមាននៅគ្រាបុត្រ​មនុស្សយាងមកយ៉ាងនោះដែរ។ 27 ​មនុស្សម្នានាំគ្នា​គិត​តែរឿង​ស៊ី​ផឹក និងរៀបការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​ពួក​អស់​។ 28 ដូចគ្នាទៅនឹង​ជំនាន់​លោក​ឡុតដែរ ពេលមនុស្សម្នាគិតតែរឿង​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះប៉ុណ្ណោះ។ 29 ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ រួច​បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា។ 30 ដូចគ្នានេះដែរ នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្សយាងមកនឹងត្រូវបើកសម្តែងឲ្យដឹង។ 31 នៅ​ថ្ងៃ​នោះ កុំឲ្យអ្នក​នៅ​លើ​ដំបូល​ផ្ទះ ចុះមកយករបស់របរចេញពីផ្ទះ ហើយកុំឲ្យអ្នកវាលស្រែចម្ការ ​វិល​ត្រឡប់​ទៅផ្ទះ​វិញឡើយ។ 32 ចូរ​នឹក​ចាំ​អំពី​រឿង​រ៉ាវរបស់ភរិយា​លោក​ឡុត។ 33 អ្នក​ណា​ខំ​រក្សា​ជីវិត​របស់​ខ្លួន​ នឹង​បាត់​បង់​ជីវិតទៅ ប៉ុន្តែ​អ្នក​ដែល​បាត់​បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។ 34 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ​បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា។ ព្រះជាម្ចាស់នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀតឲ្យ​នៅ។ 35 មានស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យនៅ។ 36 ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀតឲ្យ​នៅ។ 37 ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់ តើ​ហេតុការណ៍​ទាំង​នេះនឹង​កើតឡើងនៅទីណា?»។ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «មានសាកសព​នៅ​ទី​ណា ក៏មានត្មាត​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។


ជំពូក 18

1 បន្ទាប់​មក ព្រះអង្គមាន​ព្រះបន្ទូល​ជា​ប្រស្នា ដើម្បីពន្យល់​សិស្សឲ្យខ្ជាប់ខ្ជួនក្នុងការ​អធិស្ឋាន មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ 2 ដោយមានព្រះបន្ទូលថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅក្រម​ម្នាក់ ដែលមិន​ចេះគោរពកោត​ខ្លាច​ព្រះជាម្ចាស់ និងមិន​កោត​ក្រែងមនុស្សណាម្នាក់​ឡើយ។ 3 ពេលនោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ នាងតែង​មក​អង្វរ​ចៅក្រម​ថា៖ «សូម​លោកជួយ​រក​យុត្តិធម៌ឲ្យ​នាង​ខ្ញុំ​ផង»។ 4 អស់ពេលជាយូរមកហើយ ចៅក្រម​នោះមិន​ព្រមជួយនាងទាល់តែសោះ ប៉ុន្តែក្រោយមកលោកនឹក​ក្នុង​ចិត្ត​ថា៖ «ទោះ​បី​អញ​មិនគោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ឬមិន​កោត​ក្រែង​នរណា​ម្នាក់ក្តី 5 ក៏​អញ​ត្រូវ​តែជួយ​កាត់​ក្តីឲ្យ​ស្ត្រី​មេម៉ាយម្នាក់​នេះ​ដែរ ព្រោះនាងចេះ​តែ​មករំខានអញ​គ្រប់​ពេល​វេលា ដូច្នេះ នាងមុខ​ជា​លែងមក​រំខាន​អញ​ទៀតហើយ»។ 6 បន្ទាប់មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​​ថា៖ «ចូរ​ស្តាប់​ពាក្យ​របស់​ចៅក្រមអយុត្តិធម៌នេះ​ចុះ។ 7 ចុះបើ​ព្រះជាម្ចាស់​វិញ តើព្រះអង្គ​រឹត​តែ​រក​យុត្តិធម៌ឲ្យ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ស្រែកអង្វរ​ព្រះអង្គទាំង​យប់ទាំង​ថ្ងៃយ៉ាងណាទៅទៀត? តើព្រះអង្គ​នឹងបង្អែរបង្អង់ពេលឬ? 8 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​នឹង​រក​យុត្តិធម៌​យ៉ាងលឿន។ ទោះបីជាពេល​បុត្រ​មនុស្ស​មក​ដល់ តើ​លោកពិតជា​ឃើញ​មនុស្សនៅលើផែនដី​មាន​ជំនឿ​​ឬ?» 9 ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​នេះ ទៅ​កាន់​អ្នក​ខ្លះ​ដែល​នឹកគិត​ថា​ខ្លួន​ជា​មនុស្ស​សុចរិត តែ​បែរ​ជា​មើលងាយ​អ្នក​ដទៃទៅវិញ 10 «មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះវិហារ គឺម្នាក់​ខាង​គណៈផារីស៊ី និងម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ។ 11 បុរស​ខាង​គណៈផារីស៊ី​ឈរ​អធិស្ឋាន​ក្នុង​ចិត្ត​ថា៖ «បពិត្រ​ព្រះជាម្ចាស់! ទូលបង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​ទូលបង្គំ​មិន​ដូច​ជន​ឯ​ទៀតទេ ពួកគេជាចោរ ជា​មនុស្ស​ទុច្ចរិត ជា​មនុស្ស​​ផិត​ក្បត់ ឬ​ដូច​អ្នក​ទារ​ពន្ធ​នេះជាដើម។ 12 ទូលបង្គំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ។ ទូលបង្គំ​ថ្វាយ​មួយ​ភាគ​ដប់​ពីរបស់ទូលបង្គំរកបាន»។ 13 ចំណែកឯ ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ទៅលើផង ប៉ុន្តែគាត់​គក់​ទ្រូង​ទូល​ព្រះអង្គថា៖ «ឱ​ព្រះជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ជា​មនុស្ស​បាប​ផង»។ 14 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរសនេះត្រឡប់ទៅផ្ទះវិញ ដោយដឹងថា ព្រះជាម្ចាស់​ប្រោសគាត់ឲ្យបាន​សុចរិត ព្រោះអ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន ​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ 15 មាន​មនុស្សម្នា​បី​ទារក​មក​ ដើម្បីឲ្យព្រះអង្គដាក់​ព្រះហស្ដ​លើ​ ប៉ុន្តែពេលពួកសិស្សឃើញដូច្នោះ គេ​ក៏​ស្ដី​បន្ទោសអ្នកទាំងនោះ។ 16 ប៉ុន្តែ ព្រះយេស៊ូ​ហៅអ្នកទាំងនោះឲ្យយក​ទារកមក​ជិត​ព្រះអង្គ ដោយ​មាន​ព្រះបន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​អី ដ្បិតនៅក្នុង​ព្រះរាជ្យរបស់​ព្រះជាម្ចាស់ក៏មានសុទ្ធតែពួកគេដែរ។ 17 ខ្ញុំ​សុំ​ប្រាប់​​អ្នក​រាល់​គ្នាឲ្យ​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះរាជ្យ​ព្រះជាម្ចាស់​ដូច​ក្មេង​តូច​មួយនេះ​ទេ អ្នក​នោះ​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់មិនបានឡើយ»។ 18 មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ព្រះអង្គថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ចទុកជាមត៌ក?» 19 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ហៅ​ខ្ញុំ​ថាសប្បុរស​ដូច្នេះ? លើកលែងតែព្រះជាម្ចាស់​មួយ​អង្គប៉ុណ្តោះ? 20 លោក​ស្គាល់​បទ​បញ្ជា​ស្រាប់​ហើយ​ថា កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យសម្បត្តិ​គេ កុំ​ធ្វើសាក្សីក្លែងក្លាយ ចូរ​គោរព​មាតាបិតា»។ 21 នាម៉ឺន​នោះ​ទូល​ព្រះយេស៊ូ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ​តាំង​តែ​ពី​ក្មេង​មកម្ល៉េះ»។ 22 ពេលព្រះយេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូលតប​ថា៖ «នៅខ្វះកិច្ចការ​មួយ​ទៀត​ ដែល​លោកពុំ​ទាន់​ធ្វើ គឺ​ត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមាន ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ នោះអ្នកនឹងបាន​សម្បត្តិ​សួគ៌ រួច​សឹម​លោកអញ្ជើញ​មក​តាម​ខ្ញុំ»។ 23 ប៉ុន្តែ ពេល​នាម៉ឺន​នោះ​ឮ​ដូច្នេះ គាត់​ព្រួយ​ចិត្តជា​ខ្លាំង ដ្បិត​គាត់​ជា​អ្នក​មានទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។ 24 ពេល​ព្រះយេស៊ូ​ឃើញ​គាត់​ព្រួយ​ចិត្ដដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​ពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យព្រះជាម្ចាស់​ណាស់! 25 សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុលងាយ​ជាង​ អ្នក​មាន​ចូល​ក្នុង​ព្រះរាជ្យ​របស់ព្រះជាម្ចាស់​ទៅ​ទៀត»។ 26 អស់​អ្នក​ដែល​បានឮ​ព្រះបន្ទូល​​ព្រះអង្គ គេពោល​ឡើង​ថា៖ «តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» 27 រួចព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត ព្រះជាម្ចាស់​ធ្វើ​កើត​ទាំង​អស់»។ 28 លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​បាន​លះបង់​ចោលទ្រព្យសម្បត្តិ​ទាំង​អស់ ហើយ​ដើរ​តាម​ព្រះអង្គ»។ 29 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​​អ្នក​រាល់​គ្នា​ឲ្យដឹង​ច្បាស់​ថា គ្មានអ្នក​ណា​លះបង់​ផ្ទះ​សម្បែង ប្រពន្ធ កូន ឪពុកម្ដាយ និង​បង​ប្អូន ដោយ​យល់​ដល់​ព្រះរាជ្យ​ព្រះជាម្ចាស់ឡើយ 30 អ្នក​នោះ​នឹង​ទទួល​បាន​យ៉ាង​ច្រើន​លើសលប់ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ផង»។ 31 បន្ទាប់ពីព្រះយេស៊ូ​ជួបជុំសាវក​ទាំង​ដប់ពីរ​រូបរួចហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «មើល! យើងនឹង​ឡើង​ទៅ​ក្រុង​យេរូសាឡិម អ្វីៗ​ទាំង​អស់​ដែល​ព្យាការីបាន​ចែង​ទុកអំពី​បុត្រ​មនុស្ស ​នឹង​បានសម្រេច​នៅ​ទី​នោះ។ 32 ដ្បិត លោកនឹង​ត្រូវគេបញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​​សាសន៍​ដទៃ ហើយពួក​គេនឹង​ចំអក​​លោក មើលងាយលោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ 33 ក្រោយពេលវាយលោកនឹង​រំពាត់ រួចគេក៏​ប្រហារ​ជីវិត​លោក ហើយបី​ថ្ងៃ​ក្រោយ​មក​លោក​នឹង​រស់​ឡើង​វិញ»។ 34 ពួក​សិស្ស​ពុំ​បាន​យល់​អំពីព្រះបន្ទូល​នោះ​ទេ ព្រោះព្រះអង្គលាក់កំបាំងអត្ថន័យទាំងនេះ ហើយពួកគេពុំបានយល់នូវអ្វី ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះឡើយ។ 35 ពេល​ព្រះយេស៊ូ​យាង​​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ 36 ពេល​គាត់​ឮ​ស្នូរ​បណ្ដាជន​ដើរ​កាត់តាម​ទីនោះ គាត់​ក៏សួរ​គេ​ថា​មាន​រឿង​អ្វីកើតឡើង។ 37 គេ​ប្រាប់​គាត់​ថា ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​យាង​កាត់​តាម​ផ្លូវ​នេះ។ 38 ដូច្នេះ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ! សូមលោក​អាណិត​មេត្តា​ទូលបង្គំ​ផង»។ 39 ពួក​អ្នក​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យនៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ សូមលោក​អាណិត​មេត្តា​ទូលបង្គំ​ផង»។ 40 ព្រះយេស៊ូ​ក៏​ឈប់នៅស្ងៀម ហើយ​បញ្ជា​គេ​ឲ្យបុរសនោះ​មក​ជិត​ព្រះអង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​ជិតមក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គាត់​ថា៖ 41 «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីចំពោះអ្នក?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ​ទូលបង្គំចង់មើលឃើញវិញ»។ 42 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ។ ជំនឿរបស់អ្នកបានប្រោសអ្នកឲ្យជាហើយ»។ 43 រំពេច​នោះ​គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះយេស៊ូ​ ទាំង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ពេលឃើញ​ហេតុការណ៍​ទាំងនេះ ប្រជាជន​ទាំងអស់គ្នាសរសើរ​តម្កើង​ព្រះជាម្ចាស់​។


ជំពូក 19

1 ព្រះយេស៊ូ​យាងចូល​ក្រុង​យេរីខូ ហើយ​កំពុងយាង​កាត់​ទីក្រុង។ 2 មើល មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ។ គាត់ជា​មេ​លើ​អ្នក​ទារ​ពន្ធ ហើយគាត់​ក៏មាន​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើនដែរ។ 3 គាត់​ព្យាយាមចង់​ឃើញ​ព្រះយេស៊ូ​មាន​ភិនភាគ​យ៉ាង​ណា ប៉ុន្តែ គាត់ពុំឃើញទេ ព្រោះគាត់​មាន​មាឌ​តូច។ 4 ដូច្នេះ គាត់​រត់​ទៅ​ខាង​មុខឯង រួចឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះអង្គ ព្រោះព្រះ​យេស៊ូ​ត្រូវ​យាង​កាត់​តាមផ្លូវ​នោះ។ 5 ពេល​ព្រះយេស៊ូ​យាង​មក​ដល់កន្លែងនោះ ព្រះអង្គ​ងើប​ព្រះភក្ត្រ​ឡើង ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូមចុះមកជាប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នកហើយ»។ 6 ដូច្នេះ លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះយេស៊ូ​ដោយ​អំណរ។ 7 ពេលគ្រប់គ្នាបានឃើញ​ដូច្នេះ ពួកគេ​រអ៊ូរទាំ​ថា៖ «លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប»។ 8 លោក​សាខេ​ក្រោក​ឈរ​ឡើង ហើយទូល​ព្រះអម្ចាស់​ថា៖ «មើល៍! បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យសម្បត្តិ​របស់​ទូលបង្គំ ​ពាក់​កណ្ដាល​ដល់​ជន​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កំរិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។ 9 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​បុរស​នេះ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ​ដែរ។ 10 ដ្បិតបុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​​បាត់​បង់»។ 11 កាលពួកគេបានឮដូច្នេះហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ប្រស្នា​មួយទៀតប្រាប់ពួកគេ ព្រោះព្រះអង្គយាងជិតដល់ក្រុងយេរូសាឡឹមហើយ ហើយ​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះរាជ្យ​ព្រះជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​។ 12 ហេតុដូចនេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «មាន​អភិជនម្នាក់ត្រូវចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជាភិសេក ហើយកាល​ណា​ទទួល​រាជាភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ 13 លោកក៏ហៅអ្នកបម្រើដប់នាក់មក និងប្រគល់ប្រាក់ដប់ណែនឲ្យពួកគេ រួច​ផ្ដាំ​ថា៖ «ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់ពេល​ខ្ញុំ​ត្រឡប់​មក​វិញ»។ 14 ប៉ុន្តែ ប្រជាជនស្រុកនោះស្អប់លោក និងចាត់​អ្នក​តំណាង​ឲ្យទៅ​តាម​ក្រោយ ដោយជម្រាបថា៖ «យើង​ខ្ញុំ​មិន​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើងជា​ដាច់​ខាត»។ 15 ពេលលោកត្រឡប់មកវិញ ក្រោយទទួលរាជ្យរួចហើយ លោកបានបង្គាប់ឲ្យហៅអ្នកអ្នកបម្រើ​ទាំង​ដប់​នាក់ ដែល​លោកបាន​ប្រគល់​ប្រាក់​ណែន​នោះ​ មក​សួរចង់ដឹងថា ពួកគេបាន​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ 16 អ្នក​បម្រើទី​មួយ​ចូល​មក​គាល់​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់អើយ! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក ទូលបង្គំ​ចំណេញ​បាន​ដប់​ណែន»។ 17 ព្រះរាជា​មាន​រាជឱង្ការ​ទៅ​អ្នក​នោះ​ថា៖ «ល្អ​ណាស់ អ្នក​បម្រើដ៏ល្អអើយ!។ ដ្បិត​ អ្នក​​ស្មោះ​ត្រង់​នឹង​កិច្ចការ​ដ៏​តូច​នេះយើង​ប្រគល់ឲ្យអ្នកគ្រប់គ្រងក្រុង​ដប់»។ 18 អ្នក​បម្រើទី​ពីរ​ចូល​មក​ទូល​ថា៖ «ព្រះអម្ចាស់អើយ! ប្រាក់​ដែល​ព្រះអង្គប្រទាន​មក​នោះ ទូលបង្គំចំណេញ​បាន​ប្រាំ​ណែន»។ 19 ព្រះរាជា​មាន​រាជឱង្ការ​ទៅ​គាត់​ថា៖ «យើង​តែងតាំង​អ្នក​ឲ្យគ្រប់គ្រង​លើ​ក្រុង​ប្រាំ»។ 20 អ្នក​បម្រើម្នាក់​ទៀត​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់! នេះ​ប្រាក់​របស់​ព្រះអង្គ ទូលបង្គំ​បានរំក្រណាត់ទុក 21 ដ្បិត ទូលបង្គំ​​ខ្លាច​ព្រះអង្គ ព្រោះព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គ​តែង​ប្រមូល​យក​អ្វីៗ​ ដែល​ពុំមែនជារបស់ព្រះអង្គ និង​ច្រូតកាត់ពីស្រែ ដែលព្រះអង្គមិនបានសាបព្រោះ»។ 22 ព្រះរាជា​មាន​រាជឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នកបម្រើអាក្រក់អើយ យើង​នឹង​កាត់​ទោស​អ្នក ឲ្យស្រប​តាម​ពាក្យ​សម្តីរបស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិតប្រៀង ​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​កាត់ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ។ 23 ហេតុ​អ្វី​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដូច្នេះពេលយើងយើង​ត្រឡប់​មក​វិញ យើងបានទាំងដើម និងបានទាំងការ?» 24 ព្រះរាជា​បញ្ជា​ទៅ​អ្នកឈរនៅក្បែរនោះថា៖​ «ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ»។ 25 អ្នក​ទាំង​នោះ​ទូល​ព្រះរាជា​ថា៖ «បពិត្រ​ព្រះអម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែនរួចទៅ​ហើយ»។ 26 «យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួលបាន​ថែម​ទៀត ចំណែកឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មានផង។ 27 ម្យ៉ាងវិញ​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់ឃើញ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​ ចូរ​នាំ​គេ​មក ហើយ​សម្លាប់គេ​ចោល​នៅ​មុខ​យើង​ទៅ»។ 28 ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​យាង​នាំ​មុខ​បណ្ដាជន ឡើង​ទៅ​ក្រុង​យេរូសាឡិម។ 29 លុះ​ព្រះអង្គ​យាង​ជិត​ដល់​ភូមិ​បេតផាសេ និង​ភូមិ​បេតថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន 30 ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ។ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ ដែលពុំ​ទាន់​មាន​នរណា​ធ្លាប់ជិះសោះ។ ចូរ​ស្រាយ​វា​ដឹក​មកឲ្យយើង។ 31 ប្រសិន​បើ​មាន​គេ​សួរអ្នក​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?» ចូរ​ឆ្លើយប្រាប់ទៅ​គេ​ថា៖ «ព្រះអម្ចាស់​ត្រូវ​ការ​វា»។ 32 សិស្ស​ទាំង​ពីរ​ដែលព្រះអង្គបានចាត់បញ្ជូនទៅនោះ ក៏បាន​ឃើញកូនលា​ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូលប្រាប់​មែន។ 33 ពេល​ពួកគេ​កំពុង​ស្រាយ​កូន​លា​ម្ចាស់វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?» 34 ពួកសិស្ស​ឆ្លើយ​ថា៖ «ព្រះអម្ចាស់​ត្រូវ​ការ​វា»។ 35 បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះយេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា​ថ្វាយ​ព្រះយេស៊ូ​គង់លើ។ 36 កាល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្សម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ 37 កាល​ព្រះយេស៊ូ​យាងដល់​ភ្នំ​ដើម​អូលីវ មាន​សិស្ស​ច្រើន​កុះករ​អរ​សប្បាយ ហើយនាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ 38 ដោយពោលថា៖ «មានពរហើយព្រះមហាក្សត្រណា ដែលយាងមកក្នុងព្រះនាម​ព្រះអម្ចាស់! សូមលើកតម្កើងសេចក្តីសុខសាន្តមក​ពី​ស្ថាន​បរមសុខដ៏​ខ្ពង់ខ្ពស់​បំផុត!»​។ 39 មាន​អ្នក​ខាង​គណៈផារីស៊ី​ខ្លះ នៅ​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះយេស៊ូ​ថា៖ «លោក​គ្រូ​ សូម​ហាមឃាត់​សិស្ស​របស់លោក»។ 40 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​»។ 41 កាល​ព្រះយេស៊ូ​យាងមកដល់​ក្រុងមួួយ ស្រាប់តែព្រះអង្គ​ទត​ឃើញ​ទីក្រុង ហើយ​អង្គព្រះកន្សែង 42 មានព្រះបន្ទូលថា៖ «ប្រសិនបើ មានតែអ្នក​យល់​ហេតុការណ៍​នៅសម័យនេះ ដែល​នាំអ្នកឲ្យបាន​សុខសាន្ត​! តែឥឡូវ អត្ថន័យនេះនៅ​លាក់​កំបាំង​ពីភ្នែកគេនៅឡើយ។ 43 ដ្បិត ថ្ងៃនោះនឹងមកដល់ ពេលណាខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ពព័ទ្ធ​ជុំវិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស។ 44 គេ​នឹង​កម្ទេច​អ្នក​ចោលដល់ដី ហើយកូនរបស់អ្នកនឹងនៅជាមួយអ្នក។ គេ​មិន​ទុក​ឲ្យ​ដុំ​ថ្មនៅ​ត្រួត​ពី​លើ​គ្នាឡើយ ព្រោះ​អ្នក​ពុំ​បានចំណាំ ពេលណាព្រះជាម្ចាស់​​យាង​មក​សង្គ្រោះ​អ្នក​»។ 45 ព្រះយេស៊ូ​យាង​ចូល​ព្រះវិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ 46 ដោយ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «​មានសេចក្តី​ចែងទុកមក​ថា ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់អធិស្ឋាន តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។ 47 ដូច្នេះ ព្រះយេស៊ូ​បាន​បង្រៀន​គេនៅ​ក្នុង​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជាចារ្យ ពួក​អាចារ្យ និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោបាយ​ធ្វើ​គុត​ព្រះអង្គ 48 ប៉ុន្តែ គេ​ពុំ​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ព្រោះ​ប្រជាជន​ទាំង​មូល​កំពុងស្ដាប់​ព្រះបន្ទូល​ព្រះអង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។


ជំពូក 20

1 ថ្ងៃ​មួយ ពេលព្រះយេស៊ូ​កំពុង​តែ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះវិហារ និងផ្សព្វផ្សាយ​ដំណឹងល្អផងនោះ មាន​ក្រុម​នាយក​បូជាចារ្យ និង​ពួក​អាចារ្យនាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធាចារ្យ 2 ពួកគេទូល​សួរ​ព្រះអង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យយើង​ដឹង​ផង តើលោក​ធ្វើ​ការ​ទាំង​នេះដោយ​អាង​លើ​អំណាច​អ្វី? ឬ តើ​នរណា​ប្រគល់​អំណាចនេះឲ្យ​លោក?»។ 3 ព្រះអង្គ​មាន​ព្រះបន្ទូល​តបទៅពួកគេ​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ។ សូម​ប្រាប់​ខ្ញុំ​មើល៍ 4 អំពីពិធីជ្រមុជទឹករបស់លោកយ៉ូហាន។ តើមកពីព្រះជាម្ចាស់ ឬ​មនុស្ស?» 5 គេ​ពិគ្រោះ​គ្នា​រកមូលហេតុ ដោយឆ្លើយតបថា៖ «បើ​យើង​ឆ្លើយ​ថា មកពីព្រះជាម្ចាស់ នោះគាត់មុខជាសួរថា៖ «ហេតុអ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?» 6 បើ​យើង​ឆ្លើយ​ថា៖ «មកពីមនុស្ស នោះប្រជាជន​ទាំង​មូល​មុខជាគប់​សម្លាប់​យើងនឹងដុំថ្មមិនខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី​មែន»។ 7 ដូច្នេះ គេ​ឆ្លើយ​តបទៅព្រះអង្គថា ពួកយើង​មិន​ដឹង​ទេ មិនដឹងមកពីណាទេ។ 8 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចំណែកឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។ 9 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ប្រជាជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំងបាយជូរ​មួយ​ចម្ការ រួចលោកបាន​ប្រវាស់វាទៅ​​អ្នកថែចម្ការ​មើល​ថែ​ទាំ ហើយលោក​ដំណើរ​ទៅស្រុកមួយទៀតអស់រយៈ​ពេល​យ៉ាង​យូរ។ 10 លុះ​ដល់ពេលកំណត់ គាត់​ចាត់​អ្នក​បម្រើម្នាក់ ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួលយក​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​អ្នកថែចម្ការ​បាន​វាយដំ​អ្នក​បម្រើនោះ ហើយ​បណ្ដេញ​គាត់​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ 11 ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នកបម្រើ​ម្នាក់​ទៀត​ឲ្យ​មក ហើយពួកគេ​បាន​វាយដំ​អ្នក​នេះ​ដែរ ហើយ​​បណ្ដេញគាត់ឲ្យទៅវិញ ដោយ​ទៅ​វិញ​ដៃ​ទទេ។ 12 គាត់​ក៏​ចាត់​អ្នក​បម្រើម្នាក់​ទៀត​ឲ្យមក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយដំ​អ្នកបម្រើនេះ ឲ្យ​របួស ហើយ​បោះ​ចេញក្រៅ។ 13 ដូច្នេះ ម្ចាស់​ចម្ការ​គិត​ថា៖ «តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង។ ប្រហែលជាគេ​មុខ​ជា​គោរព​កោត​ខ្លាច​កូនខ្ញុំ។ 14 ប៉ុន្តែ ពេល​អ្្នកថែចម្ការឃើញគាត់ដូច្នេះ ពួកគេ​ពិគ្រោះ​យោបល់គ្នា​ថា៖ «អ្នក​នេះ​ជា​អ្នក​ទទួល​កេរមរតក។ តោះយើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ 15 ពួកគេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេចចំពោះពួកគេ? 16 ម្ចាស់ចម្ការ​មុខ​ជា​មក​សម្លាប់​អ្នក​ថែរក្សា​ចម្ការ​ទាំង​នេះ​មិន​ខាន រួច​លោកនឹងប្រគល់​ចម្ការ​ទំពាំងបាយជូរ​ទៅឲ្យ​អ្នក​ផ្សេង​ប្រវាស»។ កាល​បាន​ឮដូច្នេះ ​គេ​ពោល​ថា៖ «កុំ​ឲ្យមានរឿងនេះ​កើតឡើងឲ្យសោះ!»។ 17 ប៉ុន្តែ ព្រះយេស៊ូ​ទត​សម្លឹង​ទៅ​គេ ហើយ​មាន​ព្រះបន្ទូល​ថា៖ «តើអ្វីមានចែងទុកក្នុង​គម្ពីរថា៖ «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោលបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​» មាន​ន័យ​ដូច​ម្ដេច?។ 18 គ្រប់គ្នាដែល​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ជាបំណែកតូចៗ។ តែបើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះឲ្យ​ស្លាប់មិនខាន»។ 19 ដូច្នេះ ពួក​អាចារ្យ និង​ពួក​នាយក​បូជាចារ្យរក​មធ្យោបាយ​ចាប់​ព្រះយេស៊ូ នៅពេលនោះ ដ្បិត​គេ​យល់​ថា​ព្រះអង្គ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នានេះ ​សំដៅ​ទៅ​លើ​ពួក​គេ ប៉ុន្តែ ពួក​គេ​ខ្លាច​ប្រជាជន។ 20 ពួក​គេ​​ឃ្លាំ​មើល​ព្រះយេស៊ូយ៉ាងដិតដល់ ហើយ​ចាត់​មនុស្សទៅតាម​ដាន​ព្រះអង្គ គឺអ្នកទាំង​នោះ​ធ្វើខ្លួន​ជា​មនុស្សសុចរិត ស្វែងរកកំហុស​ព្រះយេស៊ូ ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល ដើម្បី​ចាប់​បញ្ជូន​ព្រះអង្គ​ទៅ​អាជ្ញាធរ និង​ទៅ​ក្នុង​អំណាច​របស់​លោក​ទេសាភិបាល។ 21 គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ទាំង​ប៉ុន្មាន​ដែល​លោក​គ្រូ​មាន​ប្រសាសន៍ និង​បង្រៀនយើងខ្ញុំសុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ ប៉ុន្តែ ព្រះអង្គបង្រៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តីពិតតាមរបៀបរបស់ព្រះជាម្ចាស់ 22 តើ​ច្បាប់អនុញ្ញាតឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម​ឬ​ទេ?»។ 23 ប៉ុន្តែ ព្រះយេស៊ូ​ឈ្វេង​យល់ភាព​ពុត​ត្បុត​របស់​ពួក​គេ ទើបមានព្រះបន្ទូល​ថា៖ 24 «ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។ 25 ព្រះអង្គ​ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​វិញ​ដែរ»។ 26 ពួកគេ​ពុំ​អាច​ចាប់​កំហុស​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល នៅ​មុខ​ប្រជាជន​បាន​ឡើយ តែ ព្រះបន្ទូល​ឆ្លើយ​តបរបស់​ព្រះអង្គ​ឲ្យគេ​នៅ​ស្ងៀមគ្រប់ៗគ្នា។ 27 ពេលមាន​​ខាង​គណៈសាឌូស៊ី​ខ្លះ ចូល​មក​គាល់​ព្រះអង្គ ពួក​សាឌូស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ ទូល​សួរ​ព្រះអង្គ​ថា៖ 28 «លោក​គ្រូ! លោក​ម៉ូសេ​បាន​ចែង​ច្បាប់​ទុក​​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​បុរសនោះស្លាប់ចោលប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។ 29 ឧបមា​ថា មាន​បង​ប្អូន​ប្រុសៗ​ប្រាំពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀបការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ 30 ហើយប្អូន​ទីពីរក៏ដូច្នោះដែរ។ 31 អ្នកទីបីរក៏យកនាងធ្វើជាប្រពន្ធដែរ និងរហូតដល់អ្នកទីប្រាំពីរ ក៏គ្មានកូនដែរ។ 32 នៅ​ទី​បំផុត​ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។ 33 លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ទៅ​ជា​ប្រពន្ធ​នរណា ដ្បិត​បង​ប្អូន​ទាំង​ប្រាំពីរ​នាក់ សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ 35 ប៉ុន្តែ អស់​អ្នក​ដែល​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ប្រោសឲ្យគេ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ​គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។ 36 អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា និង​ជា​បុត្រ​របស់​ព្រះជាម្ចាស់ ដែលមាន​ជីវិត​រស់​ឡើង​វិញ។ 37 ប៉ុន្តែ មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ សូម្បីតែលោកម៉ូសេក៏បានបង្ហាញប្រាប់យើង នៅគុម្ពបន្លា ជាកន្លែងដែលព្រះអម្ចាស់ហៅ​ថា ព្រះរបស់លោក​អប្រាហាំ ​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។ 38 ឥឡូវនេះ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់វិញ ព្រោះមនុស្ស​ទាំង​អស់​សុទ្ធ​តែរស់នៅថ្វាយព្រះជាម្ចាស់»។ 39 ពួក​អាចារ្យ​ខ្លះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់»។ 40 ដ្បិត ពួកគេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះអង្គ​ទៀត​ឡើយ។ 41 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្សម្នា​ថា ព្រះគ្រិស្ដ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច្នេះ? 42 ដ្បិត ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​​ក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើងថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះអម្ចាស់ របស់​ខ្ញុំ​ថា៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង 43 រហូតដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​ព្រះអង្គ»។ 44 ដូច្នេះ ព្រះបាទដាវីឌហើយ​ហៅ​ព្រះគ្រិស្ដ​ថា៖ «ព្រះអម្ចាស់» ដូច្នេះ តើ​ព្រះគ្រិស្ដ​ត្រូវ​ជា​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។ 45 ពេលឮប្រជាជនទាំងមូលនិយាយគ្នា ព្រះអង្គមាន​ព្រះបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ 46 «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យមែនទែន ដែល​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូលចិត្តឲ្យគេ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់លៀង។ 47 អ្នក​ទាំង​នោះ តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​អ្នកអធិស្ឋានបានយូរ។ ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត»។


ជំពូក 21

1 ព្រះយេស៊ូ​ទត​ឃើញ​ពួក​អ្នក​មាន ​យក​ប្រាក់​មក​ដាក់​ក្នុង​ហិបថ្វាយ​ព្រះជាម្ចាស់។ 2 ព្រះអង្គ​ទត​ឃើញ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់ ​យក​ប្រាក់​ពីរ​សេនមក​ដាក់​ក្នុង​ហិប​នោះ​ដែរ។ 3 ដូច្នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់។ 4 ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សល់ហូរហៀររបស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ ចំណែកឯ​ស្ត្រី​មេម៉ាយ​នេះ​វិញ នាង​ដាក់ប្រាក់ពីភាពក្រីក្ររបស់នាង គឺដាក់ប្រាក់ទាំង​អស់ដែលខ្លួនមានសម្រាប់ចិញ្ចឹម​ជីវិត ថ្វាយដល់ព្រះជាម្ចាស់»។ 5 អ្នក​ខ្លះ​កំពុង​និយាយ​សរសើរព្រះវិហារ ដែល​គេតុបឡើង​ដោយ​ថ្មល្អ​ប្រណីត និង​តង្វាយផ្សេងៗ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ 6 «នៅ​ពេល​វេលាមកដល់ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹងត្រូវបំផ្លាញចោលអស់ គឺនឹង​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ 7 ដូច្នេះ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «លោកគ្រូ​អើយ តើហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វីថាព្រឹត្តិការណ៍​ទាំង​នោះកើតមានឡើង?»។ 8 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​ចេញមកយក​ឈ្មោះ​ខ្ញុំ​​ប្រើ ដោយ​ពោល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ត» ឬ​ថា «ពេល​កំណត់ជិត​មក​ដល់​ហើយ»។ កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យសោះ។ 9 ពេល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះបោរ កុំ​តក់ស្លុត​ឡើយ ដ្បិត​ហេតុការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសានកាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។ 10 បន្ទាប់មក ព្រះអង្គ​មាន​ព្រះបន្ទូល​​ទៀត​ថា៖ «ប្រជាជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជាជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។ 11 នឹង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាតត្បាត។ អព្ភូតហេតុ​ទាំងនេះនឹងបណ្ដាល​ឲ្យអ្នកភ័យ​តក់ស្លុត ហើយនិង​មានទីសម្គាល់ធំមហិមាមកពីលើ​មេឃ​ផង។ 12 ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ រួចយក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង ដោយនាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។ 13 ប៉ុន្តែ ការ​នេះបែរជាផ្លល់​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើទីបន្ទាល់ទៅវិញ។ 14 ដូច្នេះ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា មិនត្រូវរៀបចំការពារខ្លួន មុនពេលកំណត់មកដល់នោះឡើយ 15 ដ្បិត ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យអ្នកមានថ្វី​មាត់ និង​ប្រាជ្ញា ដែលធ្វើឲ្យ​ពួក​ប្រឆាំង ពុំអាច​​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។ 16 ប៉ុន្តែ ទោះបីជា​ឪពុកម្ដាយ បង​ប្អូន​ញាតិសន្ដាន និង​មិត្តភក្ដិ​របស់​អ្នក​រាល់​គ្នា ព្រមទាំងមនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ត្រូវគេ​យកសម្លាប់​ផង​ដែរ។ 17 ​អ្នក​រាល់​គ្នានឹងត្រូវគេស្អប់ព្រោះ​តែ​នាម​ខ្ញុំ។ 18 ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។ 19 កាលណាអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ នោះអ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត។ 20 «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កងទ័ព​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។ 21 ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ចំណែកឯ​អស់​អ្នក​នៅ​កណ្តាលក្រុង ត្រូវ​រត់​ចេញ​អោយ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ជនបទ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។ 22 ដ្បិត នៅគ្រា​នេះ ព្រះជាម្ចាស់វិនិច្ឆ័យទោស​ប្រជារាស្ត្រ​ព្រះអង្គ ដើម្បីឲ្យសម្រេចតាមសេចក្តីដែលមានចែង​ទុក​ក្នុង​គម្ពីរ។ 23 វេទនាហើយ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ! ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះជាម្ចាស់​នឹង​សម្តែងព្រះពិរោធចំពោះ​ប្រជារាស្ត្រ​នេះ។ 24 គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ហើយក្រុងយេរូសាឡិមត្រូវសាសន៍ដទៃជាន់ឈ្លី រហូត​ដល់​ពេលកំណត់»។ 25 គ្រា​នោះ នឹង​មាន​ទីសម្គាល់​នៅ​ក្នុង​ព្រះអាទិត្យ ​ក្នុង​ព្រះច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាននៅលើមេឃ។ ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​តឹង​ទ្រូង និងព្រួយ​បារម្ភ ព្រោះ​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក។ 26 មនុស្សម្នា​ភ័យ​ស្លុត​បាត់​ស្មារតី ដោយគិត​អំពី​ហេតុការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែនដី។ ដ្បិត ​អំណាចនានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។ 27 ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្សយាង​មក​ក្នុង​ពពក ពេញ​ដោយ​ឫទ្ធានុភាព និង​សិរីរុងរឿង​អស្ចារ្យ។ 28 ប៉ុន្តែ កាល​ណា​ព្រឹត្តិការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។ 29 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ និង​ដើម​ឈើ​ទាំង​អស់​ចុះ។ 30 ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ ជិត​មក​ដល់​ហើយ។ 31 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង នោះអ្នកត្រូវ​ដឹង​ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​មក​ជិតមកដល់ហើយ។ 32 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ​មនុស្ស​ជំនាន់​នេះនឹងមិនកន្លែងផុតទៅឡើយ ដរាបណាហេតុការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ជាមុនសិន។ 33 ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ឡើយ។ 34 «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នាត្រូវ​វក់វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់​ខ្វាយ​អំពី​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​ពេលកំណត់នឹងត្រូវបិទដូចអន្ទាក់។ 35 ដ្បិត​ថ្ងៃ​នោះ​មក​ដល់ដែល​នឹងគ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​ទាំង​មូល។ 36 ចូរ​ប្រុង​ស្មារតី និង​ទូលអង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ​ព្រមទាំងឲ្យអ្នករាល់គ្នាអាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។ 37 ពេល​ថ្ងៃ ​ព្រះយេស៊ូ​តែង​ប្រៀនគេ​នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​ពេល​យប់ ព្រះអង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។ 38 ប្រជាជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​នៅ​ក្នុង​ព្រះវិហារ។


ជំពូក 22

1 ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​រំលងនោះ កាន់​តែខិត​ជិត​ដល់​ហើយ។ 2 ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យពិភាក្សាគ្នារក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ ដ្បិត​ ពួកគេ​ខ្លាច​ប្រជាជន។ 3 បន្ទាប់មក សាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត ដែល​ជា​សិស្ស​ម្នាក់ក្នុង​ក្រុម​សិស្សទាំង​ដប់ពីរ​រូប។ 4 យូដាស​បាន​ទៅ​ពិភាក្សា​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ អំពី​ឧបាយកលក្បត់ដើម្បីចាប់ព្រះយេស៊ូបញ្ជូន​ទៅ​ពួក​គេ។ 5 ពួកលោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀងនឹងប្រគល់​ប្រាក់ឲ្យ​គាត់។ 6 យូដាសក៏​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​​ចាប់​ព្រះយេស៊ូ ពេលនៅឆ្ងាយពី​បណ្ដាជន។ 7 ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ ដែលជា​ថ្ងៃ​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញបូជា សម្រាប់បុណ្យ​រំលងក៏មកដល់។ 8 ព្រះយេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់លៀង​ក្នុង​ពេល​បុណ្យ​រំលង ដើម្បីឲ្យយើងបរិភោគជុំគ្នា»។ 9 អ្នក​ទាំង​ពីរ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោកគ្រូ​ចង់​ឲ្យយើង​ខ្ញុំ​រៀបចំ​ជប់លៀងនៅ​កន្លែង​ណា?»។ 10 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ចូរស្តាប់! ពេលណាអ្នក​ចូល​ទៅ​ដល់​ក្នុង​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​រហូត​ដល់​ផ្ទះ​ រួចចូលទៅមួយគាត់ទៅ។ 11 បន្ទាប់មក ចូរពោលទៅកាន់​ម្ចាស់​ផ្ទះ​ថា៖ «លោក​គ្រូ​ចាត់​យើង​ឲ្យមក​សួរ​អ្នក​ថា៖ «តើបន្ទប់​​ជប់លៀង​​ពេល​បុណ្យ​រំលងជាមួយសិស្សនៅ​ឯ​ណា?» 12 ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ នៅ​ជាន់​ខាង​លើ​ដែលបាន​រៀបចំរួច​ជា​ស្រេច។ ចូរ​រៀបចំ​ម្ហូប​អាហារ​បុណ្យ​រំលងនៅ​ក្នុង​បន្ទប់​នោះ​ចុះ»។ 13 ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​បាន​ឃើញអ្វីៗ ដូច​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ប្រាប់​មែន។ បន្ទាប់មក គេ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំលង។ 14 លុះ​ដល់​ពេល​កំណត់​ហើយ ព្រះអង្គក៏​គង់រួម​តុ​ជា​មួយ​ក្រុម​សាវក។ 15 ព្រះអង្គ​មាន​ព្រះបន្ទូលទៅពួកសិស្ស​ថា៖ «ខ្ញុំមានបំណងប្រាថ្នាចង់ទទួលទាន​អាហារ​ក្នុង​ឱកាស​បុណ្យ​រំលងនេះ ជា​មួយ​អ្នក​រាល់​គ្នា មុនពេលខ្ញុំរងទុក្ខវេទនា។ 16 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​រំលងនេះ​ទៀត​ទេ លុះ​ត្រា​តែ​ពិធី​បុណ្យ​នេះ​បានសម្រេច​សព្វ​គ្រប់ នៅ​ក្នុង​ព្រះរាជ្យព្រះជាម្ចាស់»។ 17 បន្ទាប់មកព្រះយេស៊ូយក​ពែង​មួយ​មក​កាន់ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​​មាន​ព្រះបន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។ 18 ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹងមិន​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះរាជ្យព្រះជាម្ចាស់បាន​មក​ដល់»។ 19 បន្ទាប់​មក ព្រះអង្គ​យក​នំបុ័ង​មក​កាន់ ទាំងអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​ព្រះអង្គ​កាច់​ប្រទាន​ឲ្យគេ​ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជាសម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំចុះ»។ 20 លុះ​ទទួលទាន​រួច​ហើយ ព្រះអង្គ​​យក​ពែង​មក​កាន់តាមបែបដដែល ទាំង​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធមេត្រីថ្មី​ ចង​ឡើងដោយសារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។ 21 ប៉ុន្តែ ចូរស្តាប់ខ្ញុំ។ អ្នក​ដែល​នឹង​ក្បត់​ខ្ញុំក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។ 22 ដ្បិត បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះជាម្ចាស់​បាន​កំណត់​ទុក​មក។ ប៉ុន្តែ ត្រូវវេទនាហើយអ្នក​ដែល​ក្បត់​បុត្រ​មនុស្ស!»។ 23 ពួក​សិស្សសួរ​គ្នា​ទៅ​វិញ​ទៅ​មកក្នុង​ចំណោម​ពួក​គេ ចង់ដឹងថាតើនរណានឹង​ប្រព្រឹត្ត​ដូច្នេះ។ 24 បន្ទាប់មក ក៏មានការ​ជជែក​ទាស់ទែង​គ្នា​ក្នុង​ចំណោម​ពួក​សិស្ស ថាតើនរណា​មាន​ឋានៈ​ធំ​ជាង​គេ។ 25 ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​សាសន៍ដទៃទាំងឡាយ​តែងតែ​ត្រួតត្រា​លើ​ប្រជារាស្ត្រ គឺ​ជាអ្នក​កាន់​អំណាច​លើពួកគេ ហើយត្រូវប្រព្រឹត្តអំពើល្អលើប្រជារាស្រ្តរបស់ខ្លួន។ 26 អ្នករាល់គ្នាមិនត្រូវធ្វើដូច្នេះទេ។ ផ្ទុយទៅវិញ អ្នក​ដែល​ធំ​ជាង​គេក្នុងចំណោមអ្នករាល់គ្នា គឺត្រូវ​ធ្វើជាអ្នកតូចជាង​គេ ហើយ​ត្រូវឲ្យអ្នកដែលធំជាងគេ បម្រើ​គេ​វិញ។ 27 តើអ្នកណាធំជាងគេ អ្នក​អង្គុយ​នៅ​តុ ឬ​អ្នក​បម្រើតុ? តើមិនមែនជាអ្នកដែលអង្គុយ​នៅតុទេឬអី? ចំណែកឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើអ្នករាល់គ្នា។ 28 ប៉ុន្តែ អ្នករាល់គ្នា​ស៊ូ​ទ្រាំបន្ត​នៅ​ជា​មួយ​ខ្ញុំជានិច្ច​ គ្រប់​ពេល​ខ្ញុំ​ជួប​ការល្បួង។ 29 ​ខ្ញុំ​ប្រគល់​ព្រះរាជ្យមួយឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះបិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ 30 ហើយនៅក្នុង​ព្រះរាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នាអាច​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​កុលសម្ពន្ធ​ទាំង​ដប់ពីររបស់អ៊ីស្រាអែល។ 31 ស៊ីម៉ូន! ស៊ីម៉ូន​អើយ! ចូរប្រយ័ត្ន​សាតាំង​ទាមទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។ 32 ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ ក្រោយ​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បងប្អូនអ្នកឲ្យ​មាន​ជំនឿ​មាំមួន​ផង»។ 33 លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំឃាំង ឬ​ត្រូវ​ស្លាប់​ទៅ​ជា​មួយ​ព្រះអង្គក៏ដោយ»។ 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំទេ»។ 35 បន្ទាប់​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ពួកសិស្ស​ថា៖ «អ្នករាល់គ្នាមានចាំទេ កាល​​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ កាបូប ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។ 36 បន្ទាប់មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​កាបូប ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ ហើយ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។ 37 ដ្បិត ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វីដែល​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ នោះត្រូវតែបានសម្រេចជាក់ជាមិនខាន «​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ»។ ដ្បិត ហេតុការណ៍​ដែលបានទាយទុក ត្រូវតែបានសម្រេចមិនខាន»។ 38 រួចមក ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! មើល៍! យើង​មាន​ដាវ​ពីរ»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។ 39 ក្រោយពិធីជប់លៀងចប់សព្វគ្រប់ ព្រះយេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ដូចតាមទម្លាប់ព្រះអង្គត្រូវឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ ហើយពួកសិស្សក៏​នាំ​គ្នា​តាម​ព្រះអង្គ​ទៅ​ដែរ។ 40 កាល​យាង​ទៅ​ដល់​ហើយ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន ដើម្បីកុំ​ឲ្យអ្នករាល់គ្នា​ចាញ់​ការ​ល្បួង​ឡើយ»។ 41 ព្រះអង្គក៏​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ រួចព្រះអង្គ​លុត​ជង្គង់​ចុះ​ ទូលអង្វរ​ថា៖ 42 «ឱ​ព្រះបិតា​អើយ! ប្រសិន​បើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះចេញ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺសម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ»។ 43 បន្ទាប់មក មាន​ទេវតាមួយ​រូប​ចុះ​ពី​ស្ថាន​បរមសុខ​ឲ្យព្រះអង្គឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះអង្គ។ 44 ព្រះយេស៊ូ​ព្រួយ​ចិត្តអន្ទះអន្ទែង ធ្វើឲ្យព្រះអង្គ​ទូលអង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ រហូតទាល់តែតំណក់​ញើស​របស់​ព្រះអង្គ ក្លាយជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។ 45 កាល​ព្រះអង្គ​ទូលអង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង​ត្រឡប់​ទៅ​រក​ពួក​សិស្សវិញហើយព្រះអង្គឃើញ​ពួកគេ​កំពុង​ដេក​លក់ ព្រោះ​ព្រួយ​ចិត្តពេក 46 រួចព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន ដើម្បីកុំ​ឲ្យ​ចាញ់​ការ​ល្បួង»។ 47 ខណៈពេល​ព្រះអង្គ​កំពុង​តែ​មាន​ព្រះបន្ទូល​នៅ​ឡើយ មើល ​បណ្ដាជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្សមួយ​រូបក្នុង​ក្រុមសិស្ស​ទាំង​ដប់ពីរ។ គាត់​ចូល​មក​ជិត​ព្រះយេស៊ូ ហើយ​ថើប​ព្រះអង្គ 48 ប៉ុន្តែ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នកក្បត់​បុត្រ​មនុស្សដោយការថើបឬ​អី?» 49 ពេលពួក​អ្នក​នៅ​ជុំវិញ​ព្រះយេស៊ូ បានឃើញ​ហេតុការណ៍​ ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់! តើ​​យើង​ខ្ញុំ​គួរហូត​ដាវ​កាប់​គេ​ឬ?»។ 50 បន្ទាប់មក សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើរបស់​លោក​មហា​បូជាចារ្យ មួយផ្លែ​ដាវ​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ 51 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះអង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​គាត់ក៏​បាន​ជា​ដូច​ដើម​វិញ។ 52 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​ពួក​នាយក​បូជាចារ្យ មេ​ក្រុម​រក្សា​ព្រះវិហារ និង​ពួក​ព្រឹទ្ធាចារ្យ​ដែល​មក​ចាប់​ព្រះអង្គ​នោះ​ថា៖ «តើអ្នករាល់គ្នាមកចាប់ខ្ញុំដោយដាវ និងដំបងដូចជាចាប់ចោរ​ឬ? 53 ពេលខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជា​មួយអស់លោក​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ ពេលនេះជាពេល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។ 54 ពួក​គេ​ចាប់​ព្រះយេស៊ូ រួចបណ្ដើរ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជាចារ្យ។ ប៉ុន្តែ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ។ 55 ក្រោយពេល គេ​​ដុត​ភ្លើង​នៅ​កណ្ដាល​ទីលាន ហើយ​អង្គុយ​ជុំវិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។ 56 ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង នាងក៏សម្លឹង​មើល​គាត់​ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ក៏នៅជាមួយព្រះយេស៊ូដែរ»។ 57 បុន្តែ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ 58 មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ក៏សិស្សគាត់ម្នាក់ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «អ្នកអើយ! មិន​មែន​ខ្ញុំ​ទេ»។ 59 ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មានបុរស​ម្នាក់​ទៀត​ទទូចសួរគាត់ថា៖ «អ្នក​នេះ​ពិត​ជានៅជាមួយ​យេស៊ូ​មែន ដ្បិត​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដូច​គ្នា»។ 60 ប៉ុន្តែ លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។​ ភ្លាមនោះ ខណៈពេលលោកពេត្រុសកំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ 61 ព្រះអម្ចាស់​បែរ​ព្រះភក្ត្រ​ទត​មក​លោក​ពេត្រុស ស្រាប់តែលោក​ពេត្រុស​​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំទេ»។ 62 លោក​ពេត្រុសក៏​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​ក្តុកក្តួលជាខ្លាំង។ 63 ពួក​អ្នក​យាម​ព្រះយេស៊ូ​ចំអក​ និង​វាយ​តប់​ព្រះអង្គផងដែរ។ 64 គេ​យក​ក្រណាត់​គ្រប​ព្រះភក្ត្រ​ព្រះអង្គ​ហើយ​សួរ​ថា៖ «លោកព្យាការី ទាយ​មើល៍ តើអ្នក​ណា​វាយ​ឯង?»។ 65 រួច​គេនិយាយប្រឆាំង និង​ជេរ​ប្រមាថ​ព្រះអង្គ​ទៀតផង។ 66 កាលនៅពេលថ្ងៃនៅឡើយ ពួក​ព្រឹទ្ធាចារ្យរបស់​ប្រជាជន ​ពួក​នាយក​បូជាចារ្យ និង​ពួក​អាចារ្យជួបជុំ​គ្នា។ ពួកលោក​នាំ​ព្រះយេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ 67 រួច​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះគ្រិស្ដ* ​ឬ?» ប៉ុន្តែ ព្រះអង្គមាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក​ ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំដែរ 68 ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ 69 ប៉ុន្តែ ចាប់តាំងពេលនេះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយ នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព​»។ 70 បន្ទាប់មក គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះមែន អ្នក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ 71 គេ​ក៏​និយាយ​ឡើង​ថា៖ «ហេតុអ្វីបានជាយើងចាំបាច់រក​សាក្សី​? ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​មាត់តែម្តង»។


ជំពូក 23

1 ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះយេស៊ូ​ទៅ​លោក​ពីឡាត។ 2 ពួកគេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​រកឃើញ​ថា អ្នក​នេះ​កំពុង​តែ​បំភាន់​ប្រជារាស្ត្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះអាង​ខ្លួន​ថា ជា​ព្រះគ្រិស្ដ គឺ​ជា​ស្ដេច»។ 3 លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។ 4 លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជាចារ្យ និង​បណ្ដាជន​ថា៖ «ខ្ញុំពុំរកឃើញ​​អ្នក​នេះ​មាន​ទោស​អ្វី​សោះឡើយ»។ 5 ប៉ុន្តែ ពួកគេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​ធ្វើឲ្យ​ប្រជាជនបះបោរ ដោយ​បង្រៀន​គេពាសពេញស្រុកយូដាទាំងមូល ​ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។ 6 ដូច្នេះ លោក​ពីឡាត​ឮ​ហើយ​ក៏​សួរ​ថាតើ អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ»។ 7 កាល​លោក​ពីឡាត​ដឹង​ថា ព្រះយេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះបាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ព្រះបាទ​ហេរ៉ូដ ដែល​គង់​នៅ​ក្រុង​យេរូសាឡិម​ពេល​នោះ​ដែរ។ 8 ពេល​ព្រះបាទ​ហេរ៉ូដ​បានឃើញព្រះយេស៊ូ ទ្រង់សប្បាយ​ព្រះហឫទ័យ​ក្រៃលែងព្រោះ​ចង់​ជួប​ព្រះយេស៊ូតាំង​ពី​យូរយារ​មក​ហើយ។ ទ្រង់តែង​ឮ​គេ​និយាយ​អំពី​ព្រះអង្គ​ហើយ​សង្ឃឹម​ថានឹង​បាន​ឃើញ​ព្រះយេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ណាមួយ។ 9 ព្រះបាទហេរ៉ូដ​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះយេស៊ូ​ពុំ​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។ 10 ពួក​មហា​បូជាចារ្យ និង​ពួក​អាចារ្យ​ក៏​នៅ​ទី​នោះ​ដែរ ក្រោកឈរឡើង​ចោទ​ប្រកាន់​ព្រះយេស៊ូ​យ៉ាង​ខ្លាំង​បំផុត។ 11 ព្រះបាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះយេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​ព្រះអង្គ​ផងដែរ។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះអង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។ 12 ដ្បិត ព្រះបាទហេរ៉ូដ និងលោកពីឡាតក្លាយជាមិត្តសម្លាញ់នឹងគ្នា នៅថ្ងៃនោះប៉ុណ្ណោះ (កាល​ពី​មុន​ព្រះបាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា)។ 13 លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជាចារ្យ ពួក​មន្ត្រី និង​បណ្តាជន​មក​ជួបជុំ​គ្នា 14 រួចលោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា គាត់នាំប្រជារាស្រ្តឲ្យបះបោរ ហើយ​ មើល៍! ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក ​តែរក​មិន​ឃើញថា​មាន​ទោស​អ្វី ដូច​អស់​លោក​ចោទ​ប្រកាន់គាត់​សោះ។ 15 សូម្បី​តែ​ព្រះបាទ​ហេរ៉ូដ​ក៏​មិន​ឃើញថា​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជូន​គាត់​មកឲ្យយើង​វិញ ហើយ មើល! បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី សមនឹងទោស​ប្រហារ​ជីវិត​ឡើយ។ 16 បើដូច្នេះ ខ្ញុំ​គ្រាន់​តែ​ឲ្យគេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យទៅ​វិញ»។ 17 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង លោក​ពីឡាតមានសិទ្ធិលើក​លែង​អ្នក​ទោស​ម្នាក់។ 18 ប៉ុន្តែ ពួកគេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ តែលែង​បារ៉ាបាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។ 19 ឈ្មោះ​បារ៉ាបាស​នេះ​ជាប់​ឃុំឃាំង ព្រោះ​គាត់​បាន​បង្ក​ចចលាចលនៅក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។ 20 លើកនេះ លោក​ពីឡាតមានបញ្ជាក់ពួកគេម្តងទៀត ព្រោះលោកមានបំណង​ចង់​ដោះ​លែង​ព្រះយេស៊ូ។ 21 ប៉ុន្តែ ពួកគេ​ស្រែក​ឡើង​ថា៖ «ឆ្កាងគាត់​ទៅ! ឆ្កាងគាត់​ទៅ!»។ 22 លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ ជា​លើក​ទី​បី​ថា៖ «ហេតុអី? តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វីខ្លះ? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី សមនឹង​ប្រហារ​ជីវិត​ឡើយ។ ដូច្នេះ ខ្ញុំ​គ្រាន់​តែឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញចុះ»។ 23 ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាមទារឲ្យ​ឆ្កាង​ព្រះយេស៊ូ។ សម្រែក​របស់​គេ​មាន​ប្រៀប​ជាងលោកពីឡាត។ 24 ដូច្នេះ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាមទារ​របស់​ពួក​គេ 25 លោក​ក៏ដោះ​លែង​បារ៉ាបាស ជា​អ្នក​ជាប់​ឃុំឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្សផង។ ចំពោះ​ព្រះយេស៊ូ​វិញ លោក​ប្រគល់​ឲ្យគេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។ 26 នៅ​ពេល​បណ្ដើរ​ព្រះយេស៊ូ​ទៅ គេ​ចាប់បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែលទើប​ត្រឡប់​មក​ពី​ចម្ការវិញ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ​ដើរ​តាម​ក្រោយ​ព្រះយេស៊ូ។ 27 បណ្តាជនច្រើន​កុះករ​ដើរ​តាម​ព្រះអង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះអង្គ ក៏ដើរតាមក្រោយព្រះអង្គដែរ។ 28 ព្រះយេស៊ូ​ក៏ងាក​មក​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «កូនស្រី​ក្រុង​យេរូសាឡិម​អើយ កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ប៉ុន្តែ ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញទៅ។ 29 ដ្បិត​ នឹងមានថ្ងៃមកដល់ ដែល​គេ​ពោល​ថា៖ «មានពរហើយ ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន»។ 30 បន្ទាប់មក គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា៖ «ភ្នំអើយ ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក ហើយចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង»។ 31 ដ្បិត បើ​គេ​ធ្វើ​ដូច្នេះចំពោះ​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​ដល់កម្រិត​ណា​ទៅ?»។ 32 គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះយេស៊ូ​ដែរ។ 33 លុះពេលពួកគេមក​ដល់​កន្លែងឈ្មោះ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​ឆ្កាង​ព្រះយេស៊ូ​ និង​អ្នក​ទោស​​ពីរ​នាក់ទៀតនៅទី​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាងឆ្វេង។ 34 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ឱ​ព្រះបិតា​អើយ! សូម​ព្រះអង្គ​អត់ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត ​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ បន្ទាប់មក គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។ 35 ប្រជាជន​នាំ​គ្នា​ឈរ​មើល ខណៈពេលពួកមន្រ្តី​និយាយ​ចំអក​មើលងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នកដទៃ។ ចូរសង្រ្គោះខ្លួនឯងទៅ បើ​គាត់​ពិតជា​ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ»។ 36 ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះអង្គ​ដែរ ពួកគេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះអង្គ​សោយ 37 ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ»។ 38 នៅ​ពី​លើ​ព្រះអង្គ​មាន​សរសេរ​អក្សរ​ថា «​នេះ​ជា​ស្ដេចសាសន៍​យូដា»។ 39 អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះយេស៊ូ​ថា៖ «តើ​អ្នក​មិនមែនជា​ព្រះគ្រិស្ដ​ទេឬ? ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង»។ 40 ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឲ្យ​អ្នក​នោះ​ថា៖ «តើឯង​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ 41 យើងត្រូវគេកាត់​ទោស ព្រោះមុខយើងសមនឹងទទួល​ទោស​តាម​អំពើ ​ដែល​យើង​បាន​ប្រព្រឹត្ត។ ចំណែកឯ​លោក​វិញ លោក​មិន​បានប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​សោះ»។ 42 បន្ទាប់​មក គាត់​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះយេស៊ូ​អើយ! ចូរនឹកចាំពីទូលបង្គំផងពេល​ព្រះអង្គ​យាង​មក​គ្រង​រាជ្យ»។ 43 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ​អ្នក​បាន​ទៅ​នៅ​ស្ថាន​បរមសុខជា​មួយ​ខ្ញុំហើយ»។ 44 ពេល​នោះ ប្រហែល​ជា​ម៉ោងប្រាំមួយ មេឃ​ងងឹត​ផែនដីទាំងមូលសូន្យសុង​រហូត​ដល់​ម៉ោង​ប្រាំបួន 45 ព្រោះព្រះអាទិត្យ​បាត់​រស្មី។ បន្ទាប់មក វាំងនន​នៅ​ក្នុង​ព្រះវិហារក៏​រហែក​ជា​ពីរចំ​ពាក់​កណ្ដាល។ 46 ព្រះយេស៊ូ​បន្លឺ​ព្រះសូរសៀង​ខ្លាំងៗ​ថា៖ «ព្រះបិតាអើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូលបង្គំ ទៅ​ក្នុង​ព្រះហស្ដ​ព្រះអង្គ​វិញ​»។ ក្រោយពេលព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។ 47 ពេលនាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុការណ៍​ទាំងនេះ ក៏​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ 48 កាល​បណ្ដាជន​ទាំង​ឡាយដែលបានមក ​ឃើញ​ហេតុការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញទាំង​គក់​ទ្រូង។ 49 ប៉ុន្តែ អ្នក​ដែលស្គាល់ព្រះយេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះអង្គតាំង​ពី​ស្រុក​កាលីឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុការណ៍​ទាំង​អស់​ពី​ចម្ងាយ។ 50 មើល មាន​​បុរសរូប​ឈ្មោះ​យ៉ូសែប ជាសមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយរូប។ លោក​ជា​មនុស្ស​ល្អ​សុចរិត។ 51 លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សាជាន់ខ្ពស់ និងអំពើ​ដែល​គេ​ប្រព្រឹត្ត​នោះឡើយ។ លោក​មកពី​ក្រុង​អើរីម៉ាថេ ដែលជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា ហើយលោកទន្ទឹង​រង់ចាំ​ព្រះរាជ្យរបស់​ព្រះជាម្ចាស់។ 52 បុរសនេះបាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះសព​ព្រះយេស៊ូ។ 53 លោក​យក​ព្រះសព​ព្រះយេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ ដោយពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។ 54 នៅថ្ងៃ​នោះ ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ហើយ​ថ្ងៃ​សប្ប័ទក៏ខិត​ជិត​មក​ដល់ដែរ។ 55 ពួក​ស្ត្រី​ដែល​មក​តាម​ព្រះអង្គ​តាំង​ពី​ស្រុក​កាលីឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ ហើយនាង​បាន​ឃើញ​ផ្នូរ ព្រមទាំងឃើញ​របៀប​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ​ផងដែរ។ 56 ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀបចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ បន្ទាប់មក នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​បទ​បញ្ជាដែលមាន​ចែង​ទុក។


ជំពូក 24

1 នៅ​​ព្រលឹម​ស្រាងៗនៃថ្ងៃទីមួយ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។ 2 ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរបាត់ទៅហើយ។ 3 នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរនោះ តែ​ពុំ​ឃើញ​ព្រះសព​របស់​ព្រះអម្ចាស់​យេស៊ូ​ទេ។ 4 ខណៈពេលស្ត្រី​ទាំង​នោះ​មានការស្រឡាំងកាំង ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែងចិញ្ចាច​ ​ឈរ​នៅជិត​ពួកនាង។ 5 នាង​ភ័យ​ខ្លាច​ជា​ខ្លាំង​ហើយ​ឱន​មុខ​ចុះមើលដី បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​ទៅកាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ? 6 ព្រះអង្គ​មិន​គង់​នៅ​ទី​នេះ​ទេ! ចូរ​នឹក​ចាំ​អំពី​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលីឡេ​នៅឡើយ 7 ថា៖ «បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះអង្គ ហើយនៅថ្ងៃទីបី​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។ 8 ពួក​នាង​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ 9 ហើយនាំ​គ្នា​ចេញពី​ពី​ផ្នូរ​វិញ ទាំងរៀប​រាប់​ហេតុការណ៍​ទាំងនេះ ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។ 10 ឥឡូវនេះ ​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប ព្រមទាំងស្ត្រី​ឯ​ទៀតៗ ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុការណ៍​ទាំងនេះប្រាប់​ក្រុម​សាវ័ក​ដែរ។ 11 ប៉ុន្តែ ពួកសាវកហាក់បីដូចជាពុំជឿពាក្យសម្តីនាង​ទេ ព្រោះ​គេគិតពួកនាងនិយាយ​រឿង​ផ្ដេសផ្ដាស។ 12 ប៉ុន្តែ លោក​ពេត្រុស​ក៏ស្ទុះ​រត់​ទៅ​ផ្នូរ រួច​ឱន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះសព​ប៉ុណ្ណោះ។​ លោកពេត្រុស​វិល​ត្រឡប់​មក​ផ្ទះ​វិញ ​ទាំង​ងឿងឆ្ងល់អំពី​ហេតុការណ៍​ដែល​កើត​មាន​ឡើង។ 13 មើល មាន​សិស្ស​ពីរ​នាក់កំពុងតែ​ធ្វើ​ដំណើរ ទៅ​ភូមិមួយឈ្មោះ​អេម៉ោស ដែលមានចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ 14 ពួកគេពិភាក្សា​គ្នា​អំពី​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ 15 ខណៈពេល​គេ​កំពុង​តែ​ពិភាក្សា​ និងសួរគ្នាទៅវិញទៅមក ស្រាប់តែព្រះយេស៊ូ​យាង​មក​ជិត​គេ ព្រមទាំង​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅដែរ។ 16 ប៉ុន្តែ ព្រះជាម្ចាស់បំបាំងភ្នែកគេមិនឲ្យ​ចំណាំព្រះអង្គ​បាន​ឡើយ។ 17 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​គេ​ថា៖ «តើអ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ​អំពី​រឿង​អ្វី​ដែរ?»។ គេ​ក៏​ឈប់​នៅស្ងៀម បង្ហាញ​ទឹក​មុខក្រៀមក្រំ។ 18 សិស្សម្នាក់​ឈ្មោះ​ក្លេវប៉ាសឆ្លើយតបទៅ​ព្រះអង្គ​ថា៖ «តើលោកជាមនុស្សម្នាក់គត់នៅក្រុង​យេរូសាឡិម ដែលមិនបានដឹងអំពី​ហេតុការណ៍​ កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះទេឬអី?»។ 19 ព្រះអង្គ​សួរ​គេ​ថា៖ «តើ​មានរឿង​អ្វីកើតឡើង?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿងព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត ដែលជា​ព្យាការីដ៏​មាន​ឫទ្ធានុភាព​ក្នុង​គ្រប់​កិច្ចការ​ និងគ្រប់​ពាក្យ​សម្តីដែលលោក​បាន​ថ្លែង នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងមុខប្រជាជនទាំងអស់ 20 និងអំពីហេតុការណ៍ ដែលពួក​នាយក​បូជាចារ្យ និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ឲ្យទទួលការ​កាត់​ទោស​ប្រហារ​ជីវិត ព្រមទាំង​ឆ្កាង​លោក​ផង។ 21 ប៉ុន្តែ យើង​បាន​សង្ឃឹម​ថា លោក​​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រាអែលឲ្យមានសេរីភាព។ ពិតមែនហើយ ​ហេតុការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​មកហើយ។ 22 មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យយើង​ឆ្ងល់​ជា​ខ្លាំង គឺពួក​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម។​ 23 ពេលពួក​គេរកមិន​ឃើញ​សពលោក គេក៏​ត្រឡប់​មក​វិញ​រៀប​រាប់ប្រាប់យើងថា ពួកគេបាន​ឃើញ​ទេវតា​ប្រាប់​ថា លោក​មាន​ជីវិត​រស់។ 24 មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន។ ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។ 25 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឱមនុស្សល្ងីល្ងើ​អើយ អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន ​ដែល​ពួក​ព្យាការី​បាន​ថ្លែង​ប្រាប់សោះ!។ 26 តើមិនចាំចាប់ឲ្យព្រះគ្រិស្ត​ត្រូវ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​​ទទួល​សិរីរុងរឿង​របស់​ព្រះអង្គទេឬ?»។ 27 ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់ ព្រះយេស៊ូ​បក​ស្រាយ​សេចក្ដី​ ដែល​មាន​ចែង​ទុកអំពី​ព្រះអង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល។ 28 ពេល​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះយេស៊ូ​ធ្វើជាទុច ដូចជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។ 29 ប៉ុន្តែ គេ​ឃាត់​ព្រះអង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត ​ថ្ងៃ​កាន់​តែ​ទាប​ជិត​យប់​ហើយ»។ ដូច្នេះ ព្រះយេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ 30 ពេលព្រះអង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ ទាំងអរ​ព្រះគុណ​ព្រះជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។ 31 រំពេចនោះ ស្រាប់តែភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះអង្គ​ស្គាល់ ប៉ុន្តែព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ។ 32 គេ​និយាយ​គ្នា​ថា៖ «តើយើងមិនមានចិត្តរំភើបទេឬ កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើងនៅតាមផ្លូវ​​ និង​បក​ស្រាយ​គម្ពីរឲ្យយើង​ស្ដាប់?។ 33 គេ​ក៏​ក្រោក​ឡើងភ្លាម វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​។ ពួកគេឃើញ​សិស្សទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា ​ជា​មួយ​ពួក​អ្នកដទៃទៀត 34 ដោយប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះជន្ម​រស់​ឡើង​វិញពិត​ប្រាកដ​មែន ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួនឲ្យ​ស៊ីម៉ូន​ឃើញផងដែរ»។ 35 សិស្ស​ទាំង​ពីរ​នាក់​ក៏រៀប​រាប់រឿងរ៉ាវ ដែល​កើត​មានឡើង​នៅ​តាម​ផ្លូវ និងរបៀបពួកគេ​ស្គាល់​ព្រះយេស៊ូ ពេល​ព្រះអង្គ​កាច់​នំបុ័ងប្រទានឲ្យ។ 36 កាលគេរៀបរាប់ហេតុការណ៍ទាំងនេះ ព្រះយេស៊ូ​យាង​មក​គង់​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ព្រះបន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត»។ 37 គេ​តក់ស្លុត និងភ័យខ្លាចជា​ខ្លាំង ព្រោះ​ស្មាន​ថាឃើញ​ខ្មោច​លង។ 38 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នាពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាអ្នក​រាល់​គ្នា​នៅ​សង្ស័យទៀត? 39 ចូរ​មើល​ដៃ​មើលជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន។ ចូរ​ស្ទាបខ្ញុំ​មើល៍។ ដ្បិត ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ 40 កាលព្រះអង្គ​មាន​ព្រះបន្ទូល​ដូចនេះ ព្រះអង្គក៏​បង្ហាញ​ព្រះហស្ដ និង​ព្រះបាទា​ឲ្យ​គេ​ឃើញ។ 41 ពួកសិស្ស​នៅតែពុំ​ទាន់​ជឿ​នៅ​ឡើយ​ ព្រោះ​គេ​អរ​ផង ​ងឿងឆ្ងល់​ផង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «​តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ 42 គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ថ្វាយ​ព្រះអង្គ 43 ហើយព្រះអង្គ​ទទួល​យកទៅសោយ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ 44 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ ​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ ​គម្ពីរ​ព្យាការី និង​គម្ពីរ​ទំនុកតម្កើង​ត្រូវ​តែ​បានសម្រេច»។ 45 ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ ឲ្យ​យល់​អត្ថន័យ​គម្ពីរទាំងឡាយ។ 46 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ដូច្នេះ សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ គឺថា​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ 47 អ្នក​រាល់​គ្នា​ត្រូវ​ប្រកាសពីការប្រែចិត្ត និងការអត់ទោសបាបនៅក្នុង​ព្រះនាម​ព្រះអង្គ ទៅ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ ចាប់​ផ្តើមចេញ​ពី​ក្រុង​យេរូសាឡិម​​ទៅ។ 48 អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ។ 49 មើល ខ្ញុំ​នឹង​ចាត់​ព្រះមួយអង្គ តាម​ព្រះបិតាបានសន្យាទុកស្រាប់។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវស្ថិត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នេះ​ រហូត​ទាល់តែព្រះជាម្ចាស់​ប្រទាន​ឲ្យអ្នក​រាល់​គ្នា​មាន​ឫទ្ធានុភាពមកស្ថានដ៏ខ្ពង់ខ្ពស់»។ 50 បន្ទាប់​មក ព្រះយេស៊ូ​នាំ​ពួក​សិស្ស​ចេញ​ពី​ទីក្រុង​ទៅ​ជិតដល់ភូមិ​បេថានី។ ព្រះអង្គ​លើក​ព្រះហស្ដ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។ 51 ខណៈពេល​ព្រះអង្គ​កំពុង​តែ​ប្រទាន​ពរ ព្រះជាម្ចាស់​លើក​​ព្រះយេស៊ូ​ចេញ​ពី​គេ ឡើង​ទៅ​ស្ថាន​បរមសុខ។ 52 ដូច្នេះ ពួកគេ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ប្រកប​ដោយ​អំណរ​ពេញពោរ។ 53 ពួកគេ​បន្តស្ថិតនៅ​ក្នុង​ព្រះវិហារ ហើយ​នាំ​គ្នាថ្វាយព្រះពរព្រះជាម្ចាស់។


Book: John

John

ជំពូក 1

1 កាលដើមដំបូងឡើយមានព្រះបន្ទូល ហើយព្រះបន្ទូលនៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់។ 2 ព្រះអង្គនេះហើយនៅជាមួយព្រះជាម្ចាស់តាំងពីដំបូង។ 3 អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយគ្មានអ្វីដែលបានកើតមកដោយព្រះអង្គមិនបានបង្កើតឡើយ។ 4 នៅក្នុងព្រះអង្គមានជីវិត ហើយជីវិតនោះគឺជាពន្លឺនៃមនុស្សលោកគ្រប់គ្នា។ 5 ពន្លឺបំភ្លឺនៅក្នុងទីងងឹត ហើយទីងងឹតមិនអាចយកឈ្នះពន្លឺបានទេ។ 6 មានបុរសម្នាក់ដែលព្រះជាម្ចាស់បានចាត់មក គាត់ឈ្មោះថាលោកយ៉ូហាន។​ 7 គាត់បានមកក្នុងនាមជាសាក្សី ដើម្បីធ្វើបន្ទាល់អំពីពន្លឺ ដើម្បីឲ្យមនុស្សគ្រប់គ្នាបានជឿតាមរយៈគាត់។ 8 លោកយ៉ូហានមិនមែនជាពន្លឺទេ ប៉ុន្តែ គាត់បានមក ដើម្បីធ្វើបន្ទាល់អំពីពន្លឺវិញ។ 9 ព្រះអង្គជាពន្លឺដ៏ពិត ដែលបានយាងមកលើផែនដី ដើម្បីផ្តល់ពន្លឺដល់មនុស្សគ្រប់គ្នា។ 10 ព្រះអង្គបានយាងមកនៅលោកីយ៍នេះ ហើយលោកីយ៍ត្រូវបានបង្កើតឡើងដោយសារព្រះអង្គ ហើយលោកីយ៍មិនស្គាល់ព្រះអង្គទេ។ 11 ព្រះអង្គបានយាងមកលោកីយ៍នេះ ប៉ុន្តែ លោកីយ៍នេះ មិនទទួលព្រះអង្គទេ។ 12 ប៉ុន្តែ មានមនុស្សជាច្រើនបានទទួលព្រះអង្គ គឺជាអ្នកដែលជឿលើព្រះនាមព្រះអង្គ ទ្រង់បានប្រទានសិទ្ធិឲ្យត្រឡប់ទៅជាបុត្ររបស់ព្រះជាម្ចាស់។ 13 ទាំងនេះ មិនមែនកើតឡើងពីឈាម ឬពីបំណងខាងសាច់ឈាម ឬពីបំណងរបស់មនុស្សទេ ប៉ុន្តែ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ។ 14 ព្រះបន្ទូលបានត្រឡប់ទៅជាសាច់ឈាម ហើយរស់នៅក្នុងចំណោមយើង។ យើងបានឃើញសិរីល្អរបស់ព្រះអង្គ ជាសិរីល្អរបស់ព្រះតែមួយអង្គគត់ដែលមកពីព្រះបិតា ពេញដោយព្រះគុណ និងសេចក្តីពិត។ 15 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ហើយបានស្រែកឡើង ហើយនិយាយថា៖ «នេះគឺជាព្រះអង្គដែលខ្ញុំបានប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ព្រះអង្គធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។ 16 ដ្បិត ចេញពីភាពបរិបូរណ៌របស់ព្រះអង្គ យើងបានទទួលគ្រប់ទាំងព្រះគុណថែមហើយថែមទៀត។ 17 ដ្បិត ក្រឹត្យវិន័យដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ តែព្រះគុណ និងសេចក្តីពិតបានមកតាមរយៈព្រះយេស៊ូគ្រិស្ត។ 18 គ្មាននរណាបានឃើញព្រះជាម្ចាស់នៅពេលណាមួយឡើយ។ មានតែព្រះអង្គជាព្រះជាម្ចាស់តែមួយប៉ុណ្ណោះដែលនៅជិតព្រះវរបិតា គឺព្រះអង្គ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​ 19 នេះគឺជាទីបន្ទាល់របស់លោកយ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីទៅឯព្រះអង្គពីក្រុងយេរ៉ូសាឡិម ដើម្បីទូលសួរគាត់ថា៖ «តើគាត់ជានរណា?» 20 គាត់ថ្លែងយ៉ាងងាយ និងមិនបានបដិសេធទេ ប៉ុន្តែ ឆ្លើយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្តទេ»។ 21 ដូច្នេះ គេបានសួរគាត់ទៀតថា «អ៊ីចឹង តើអ្នកជានរណា?» តើអ្នកជាលោកអេលីយ៉ា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ»។ ពួកគេសួរថា៖ «តើអ្នកជាព្យាការី?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ 22 បន្ទាប់មក ពួកគេបានសួរគាត់ទៀតថា៖ «តើអ្នកជានរណា អ៊ីចឹង ដើម្បីឲ្យយើងអាចឆ្លើយទៅអស់អ្នកដែលចាត់យើងឲ្យមក? តើអ្នកនិយាយពីខ្លួនអ្នកយ៉ាងដូចម្តេច»? 23 គាត់ឆ្លើយថា៖ «ខ្ញុំជាសម្លេងមួយ ដែលស្រែកនៅក្នុងទីរហោស្ថានថា៖ «ចូររៀបចំផ្លូវត្រង់ថ្វាយព្រះអម្ចាស់ ដូចព្យាការីអេលីយាបានថ្លែង»។ 24 មានអ្នកខ្លះត្រូវបានពួកគណៈផារីស៊ីចាត់មក 25 ពួកគេសួរគាត់ ហើយនិយាយទៅកាន់គាត់ថា៖ «ម្តេចក៏អ្នកធ្វើពិធីជ្រមុជអ៊ីចឹង ប្រសិនបើ អ្នកមិនមែនជាព្រះគ្រិស្ត ឬលោកអេលីយា ឬជាព្យាការី?» 26 លោកយ៉ូហានបានឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំជ្រមុជជាមួយនឹងទឹក។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នាដែលឈរនេះ នឹងមានម្នាក់ដែលអ្នកមិនស្គាល់់។ 27 លោកជាម្នាក់ដែលនឹងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមសូម្បីតែស្រាយខ្សែស្បែកជើងព្រះអង្គផង»។ 28 ការទាំងនេះបានកើតឡើងនៅក្នុង​ភូមិ​បេតថា‌នី នៅផ្នែកម្ខាងទៀតនៃទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជ។ 29 នៅថ្ងៃបន្ទាប់ លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមករកគាត់ ហើយគាត់មានប្រសាសន៍ថា «មើល! លោកជាកូនចៀមនៃព្រះដែលដកយកបាបរបស់មនុស្សលោក។ 30 លោកជាម្នាក់ដែលខ្ញុំបាននិយាយ «គឺជាម្នាក់ដែលមកក្រោយខ្ញុំ ធំជាងខ្ញុំ ដ្បិតព្រះអង្គគង់នៅមុនខ្ញុំ»។ 31 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែគឺដូច្នេះហើយដែលព្រះអង្គបានបង្ហាញដល់អ៊ីស្រាអែលថាខ្ញុំបានមកធ្វើពិធីជ្រមុជដោយទឹកប៉ុណ្ណោះ»។ 32 លោកយ៉ូហានបានធ្វើបន្ទាល់ហើយមានប្រសាសន៍ថា​៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុុះពីស្ថានសួគ៌មក ដូចជាសត្វព្រាប ហើយសត្វព្រាបនោះបានសណ្ឋិតលើព្រះអង្គ។ 33 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះអង្គគឺជាព្រះដែលបានចាត់ខ្ញុំមកជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកកាន់ខ្ញុំថា៖ «នៅពេលអ្នកឃើញព្រះវិញ្ញាណសណ្ឋិតលើនរណា ហើយស្ថិតនៅជាមួយអ្នកនោះ អ្នកនោះហើយជាអ្នកដែលធ្វើពិធីជ្រមុជនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ 34 ខ្ញុំបានឃើញទាំងពីរ ហើយបានធ្វើបន្ទាល់ថា នេះគឺជាបុត្រារបស់ព្រះជាម្ចាស់»។ 35 នៅថ្ងៃបន្ទាប់ ជាថ្មីម្តងទៀត ក្នុងការដែលលោកយ៉ូហានឈរជាមួយសិស្សពីរនាក់របស់គាត់ 36 ពួកគេបានឃើញព្រះយេស៊ូយាងមកជិត ហើយលោកយ៉ូហានមានប្រសាសន៍ថា៖ «មើល! កូនចៀមនៃព្រះ»។ 37 សិស្សពីរនាក់របស់គាត់បានឮគាត់ដូច្នេះ ពួកគេក៏ដើរតាមព្រះយេស៊ូទៅ។ 38 បន្ទាប់មកបានបែរមក ហើយឃើញពួកគេដើរតាមព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «តើអ្នកចង់បានអ្វី?» ពួកគេឆ្លើយថា៖ «រ៉ាប៊ី (ដែលប្រែមានន័យថា លោកគ្រូ) តើលោកគ្រូស្នាក់នៅឯណា?» 39 ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «សូមមកតាមខ្ញុំ នោះអ្នកនឹងឃើញ»។ ដូច្នេះ ពួកគេក៏ទៅ ហើយឃើញកន្លែងដែលព្រះអង្គស្នាក់នៅ ពួកគេបាននៅជាមួយព្រះអង្គនៅថ្ងៃនោះ ដ្បិតនៅពេលនោះប្រហែលជាម៉ោងដប់។ 40 សិស្សម្នាក់ក្នុងចំណោមសិស្សទាំងពីរបានឮលោកយ៉ូហាននិយាយ ហើយបន្ទាប់មកបានដើរតាមព្រះយេស៊ូ គាត់ឈ្មោះ​អនទ្រេ ជាបងប្រុសរបស់លោក​ស៊ីម៉ូន​ពេត្រុស។ 41 គាត់ជាមនុស្សដំបូងដែលរកបងប្រុសគាត់ផ្ទាល់គឺលោកស៊ីម៉ូន ហើយនិយាយទៅគាត់ថា «យើងបានរកព្រះមេស្ស៊ីឃើញហើយ» (ដែលប្រែថាៈ ព្រះគ្រិស្ត)។ 42 អនទ្រេបាននាំគាត់ទៅជួបព្រះយេស៊ូ ហើយព្រះយេស៊ូបានសម្លឹងមកឯគាត់ ហើយមានបន្ទូលថា «អ្នកជាស៊ីម៉ូនកូនរបស់លោកយ៉ូហាន គេនឹងហៅអ្នកថា៖ កៃផាស់» ​(ដែលប្រែថាពេត្រុស)។ 43 នៅថ្ងៃបន្ទាប់ នៅពេលព្រះយេស៊ូចង់ចាកចេញ ដើម្បីទៅឯកាលី‌ឡេវិញ ព្រះអង្គបានជួបលោកភីលីព ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ 44 លោកភីលីពមកពីបេត‌សៃ‌ដា​ ជាក្រុងរបស់លោកអនទ្រេ និងលោកពេត្រុស។ 45 លោកភីលីពបានជួបលោក​ណា‌ថា‌ណែល ហើយនិយាយទៅគាត់ថា៖ «ព្រះដែលលោកម៉ូសេសរសេរនៅក្នុងគម្ពីរក្រឹត្យវិន័យ និងពួកព្យាការីបានសរសេរ យើងបានជួបព្រះអង្គហើយ គឺព្រះយេស៊ូជាកូនរបស់លោកយ៉ូសែបមកពីស្រុកណាសារ៉ែត»។ 46 លោកណាថាណែលមានប្រសាសន៍ទៅកាន់គាត់ថា៖ «តើមានការល្អណាចេញពីណាសារ៉ែត?» លោកភីលីពឆ្លើយថា៖ «សូមមកតាមខ្ញុំនោះអ្នកនឹងឃើញ»។ 47 ព្រះយេស៊ូបានឃើញលោកណាថាណែលដើរចូលមករកព្រះអង្គ ហើយព្រះអង្គមានបន្ទូលពីគាត់ថា៖ «មើល ឱជនជាតិអ៊ីស្រាអែលដ៏ពិតអើយ អ្នកគ្មានសេចក្តីកុហកក្នុងខ្លួនឡើយ»។ 48 លោកណាថាណែលមានប្រសាសន៍ទៅព្រះអង្គវិញថា៖ «តើលោកអាចស្គាល់ខ្ញុំបានយ៉ាងដូចម្តេច?» ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នក នៅពេលដែលអ្នកនៅក្រោមដើម​ឧទុម្ពររួចហើយ។ 49 លោកណាថាណែលឆ្លើយថា៖ «រ៉ាប៊ី ព្រះអង្គគឺជាព្រះបុត្រានៃព្រះជាម្ចាស់ ព្រះអង្គគឺជាព្រះមហាក្សត្ររបស់អ៊ីស្រាអែល»។ 50 ព្រះយេស៊ូឆ្លើយទៅគាត់វិញថា៖ «ដោយសារខ្ញុំបាននិយាយទៅកាន់អ្នកថា៖ «ខ្ញុំបានឃើញអ្នកនៅខាងក្រោមដើម​ឧទុម្ពរ ទើបអ្នកជឿខ្ញុំមែនទេ? អ្នកនឹងឃើញការដ៏អស្ចារ្យជាងនេះ»។ 51 បន្ទាប់មក ព្រះអង្គមានបន្ទូលថា ប្រាកដណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងឃើញស្ថានសួគ៌បើកចំហ ហើយឃើញពួកទេវតារបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។


ជំពូក 2

1 បីថ្ងៃក្រោយមក មានពិធីមង្គលការមួយនៅភូមិកាណាក្នុងស្រុកកាលីឡេ ហើយមាតារបស់ព្រះយេស៊ូក៏នៅទីនោះដែរ។ 2 ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងមង្គលការនោះដែរ។ 3 នៅពេលអស់ស្រា មាតារបស់ព្រះយេស៊ូទូលទៅកាន់ព្រះអង្គថា៖ «ពួកគេអស់ស្រាហើយ»។ 4 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «អ្នកម្តាយអើយ ហេតុអ្វីបានជាអ្នកម្តាយមកឯខ្ញុំ? មិនទាន់ដល់ពេលខ្ញុំនៅឡើយទេ»។ 5 មាតារបស់ព្រះអង្គនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «អ្វីដែលព្រះអង្គមានបន្ទូលទៅអ្នក ចូរធ្វើវាចុះ!»។ 6 ឥឡូវនេះ មានពាងទឹកថ្មប្រាំមួយដែលប្រើសម្រាប់ពិធីជម្រះកាយរបស់សាសន៍យូដា ពាងនីមួយៗអាចផ្ទុកបានពីរទៅបីអម្រែក។ 7 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរចាក់ទឹកបំពេញពាងទឹកទាំងអស់នេះទៅ»។ ដូច្នេះ ពួកគេក៏ចាក់ទឹកពេញមាត់ពាង។ 8 បន្ទាប់មក ទ្រង់ប្រាប់ទៅពួកអ្នកបម្រើ «ឥឡូវ ចូរយកខ្លះចេញមក ហើយយកវាទៅឲ្យមេការ»។ ពួកគេក៏ធ្វើតាម។ 9 មេការបានភ្លក់ទឹកដែលបានត្រឡប់ទៅជាស្រានោះ ប៉ុន្តែ គាត់មិនបានដឹងថាស្រានោះបានមកពីណាទេ (ប៉ុន្តែ អ្នកបម្រើដែលដងទឹកនោះទើបដឹង)។ បន្ទាប់មក គាត់បានហៅកូនកម្លោះឲ្យមក 10 ហើយនិយាយទៅគាត់ថា «មនុស្សគ្រប់រូបគេដាក់ស្រាល្អមុន ហើយបន្ទាប់ពីស្រវឹងហើយ ទើបគេដាក់ស្រាមិនសូវល្អវិញ។ ប៉ុន្តែ អ្នកវិញ អ្នកបានទុកស្រាល្អរហូតមកដល់ពេលនេះ»។ 11 នេះគឺជាការអស្ចារ្យទីមួយដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាស្រុកកាលីឡេ ហើយព្រះអង្គបានបង្ហាញសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គបានជឿលើព្រះអង្គ។ 12 បន្ទាប់ពីនេះ ព្រះយេស៊ូ មាតា និងបងប្អូនរបស់ព្រះអង្គ ព្រមទាំងពួកសិស្សរបស់ព្រះអង្គបានធ្វើដំណើរចុះទៅភូមិកាពើណឹម ហើយពួកគេក៏ស្នាក់នៅទីនោះពីរបី​ថ្ងៃ។ 13 ឥឡូវ ពិធីបុណ្យចម្លងរបស់សាសន៍យូដាក៏ជិតមកដល់ ហើយព្រះយេស៊ូបានយាងឡើងទៅក្រុងយេរ៉ូសាឡិម។ 14 ព្រះអង្គបានជួបជាមួយនឹងពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកប្តូរប្រាក់អង្គុយនៅទីនោះ។ 15 ដូច្នេះ ព្រះអង្គក៏ធ្វើខ្សែតី ហើយបានបណ្តេញពួកគេទាំងអស់ចេញពីព្រះវិហារ រួមទាំងចៀម និងគោផងដែរ។ ព្រះអង្គបានធ្វើឲ្យលុយកាក់របស់ពួកអ្នកប្តូរប្រាក់ខ្ចាត់ខ្ចាយ ហើយបានក្រឡាប់តុរបស់ពួកគេចោល។ 16 ចំពោះអ្នកលក់ព្រាបវិញ ព្រះអង្គមានបន្ទូលថា៖ «ចូរយករបស់ទាំងអស់នេះចេញពីទីនេះ។ ឈប់ធ្វើឲ្យដំណាក់របស់ព្រះបិតាយើងក្លាយជាកន្លែងលក់ដូរទៀត។ 17 ពួកសិស្សរបស់ព្រះអង្គបានចាំសេចក្តីដែលបានចែងថា៖ «ដោយសារតែខ្ញុំស្រឡាញ់ដំណាក់របស់ព្រះអង្គ ធ្វើឲ្យគេសម្លាប់ខ្ញុំ»។ 18 ពេលនោះ ពួកអាជ្ញាធររបស់យូដាបានឆ្លើយតបវិញ ហើយសួរទៅកាន់ព្រះអង្គថា៖ «តើអ្នកមានទីសម្គាល់អ្វីបង្ហាញយើង នៅពេលដែលអ្នកកំពុងធ្វើការទាំងនេះ?»​ 19 ព្រះយេស៊ូបានឆ្លើយថា៖ «ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ហើយសង់វាឡើងវិញក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ»។ 20 បន្ទាប់មក ពួកអាជ្ញាធររបស់យូដានិយាយថា៖ «ព្រះវិហារនេះ ត្រូវបានសង់ឡើងអស់រយៈពេលសែសិបប្រាំមួយឆ្នាំ ហើយអ្នកនឹងសង់ឡើងវិញ ក្នុងរយៈពេលតែបីថ្ងៃ?» 21 ប៉ុន្តែ ព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គ។ 22 ថាបន្ទាប់ពីព្រះអង្គសុគត ព្រះអង្គរស់ឡើងវិញ ពួកសិស្សរបស់ព្រះអង្គចងចាំថាព្រះអង្គមានបន្ទូលពីការនេះ ហើយពួកគេជឿលើបទគម្ពីរ ហើយនឹងសេចក្តីដែលព្រះយេស៊ូបានថ្លែង។ 23 ឥឡូវនេះ នៅពេលព្រះអង្គចូលរួមពិធីបុណ្យរំលងនៅក្នុងក្រុងយេរ៉ូសាឡិម មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ នៅពេលដែលពួកគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ 24 ប៉ុន្តែ ព្រះយេស៊ូមិនបានទុកចិត្តលើពួកគេឡើយ ដោយសារព្រះអង្គស្គាល់ពួកគេទាំងអស់គ្នា។ 25 ព្រោះព្រះអង្គមិនត្រូវការនរណាឲ្យធ្វើបន្ទាល់ពីព្រះអង្គនៅចំពោះមនុស្សឡើយ ដ្បិតព្រះអង្គជ្រាបពីគំនិតពួកគេ។


ជំពូក 3

1 ឥឡូវនេះ មានគណៈផារីស៊ីម្នាក់ មានឈ្មោះថាលោក​នីកូ‌ដេម ជាអ្នកដឹកនាំរបស់យូដា។ 2 បុរសនេះបានមករកព្រះយេស៊ូនៅពេលយប់ ហើយទូលទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី យើងដឹងថា លោកគឺជាគ្រូដែលបានមកពីព្រះជាម្ចាស់ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដែលលោកបានធ្វើទាំងនេះទេ លើកលែងតែព្រះជាម្ចាស់គង់នៅជាមួយគាត់»។ 3 ព្រះយេស៊ូបានឆ្លើយទៅគាត់វិញថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើនរណាម្នាក់មិនបានកើតជាថ្មី គាត់មិនអាចឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ»។ 4 លោកនីកូដេមទូលទៅកាន់ព្រះអង្គថា៖ «តើមនុស្សអាចកើតម្តងទៀតបានដែរ បើគាត់ចាស់ហើយ? គាត់មិនអាចចូលទៅក្នុងផ្ទៃម្តាយរបស់គាត់ជាលើកទីពីរ ហើយកើតជាថ្មីបានទេ តើអាចទេ?» 5 ព្រះយេស៊ូឆ្លើយថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា ប្រសិនបើ អ្នកនោះមិនកើតចេញពីទឹក និងពីព្រះវិញ្ញាណទេ គាត់មិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បានទេ។ 6 អ្វីដែលកើតចេញពីរូបកាយគឺជារូបកាយ ហើយអ្វីដែលកើតចេញពីព្រះវិញ្ញាណគឺព្រះវិញ្ញាណ។ 7 សូមកុំឆ្ងល់អ្វីដែលខ្ញុំនិយាយទៅកាន់អ្នកឡើយ «អ្នកត្រូវតែកើតជាថ្មី»។ 8 ខ្យល់បក់ពីណាតាមតែវាចង់ អ្នកឮសម្លេងរបស់វា ប៉ុន្តែ អ្នកមិនដឹងថាវាមកពីណា ឬទៅណាទេ។ ដូចគ្នាជាមួយអ្នកដែលបានកើតពីព្រះវិញ្ញាណដែរ»។ 9 លោកនីកូដេមឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «តើការនេះអាចកើតឡើងបានយ៉ាងដូចម្តេច?» 10 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកគឺជាគ្រូរបស់អ៊ីស្រាអែល ហើយអ្នកនៅតែមិនយល់ពីការទាំងនេះទៀត? 11 ពិតណាស់ ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា យើងនិយាយអ្វីដែលយើងដឹង ហើយយើងធ្វើបន្ទាល់ពីអ្វីដែលយើងបានឃើញ។ តែអ្នកមិនទទួលទីបន្ទាល់របស់យើង។ 12 បើខ្ញុំគ្រាន់តែប្រាប់អ្នកពីកិច្ចការរបស់លោកីយ៍ ហើយអ្នកមិនជឿផង តើអ្នកនឹងជឿពីអ្វីដែលខ្ញុំប្រាប់អ្នកពីស្ថានសួគ៌ដូចម្តេចនឹងកើត? 13 គ្មាននរណាម្នាក់បានឡើងទៅស្ថានសួគ៌ លើកលែងតែម្នាក់ដែលចុះពីស្ថានសួគ៌មក គឺបុត្រមនុស្ស។ 14 ដូចជាលោកម៉ូសេបានលើកសត្វពស់នៅទីរហោស្ថានយ៉ាងណា កូនមនុស្សនឹងត្រូវលើកឡើងយ៉ាងនោះដែរ 15 ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះអង្គ នឹងមានជីវិតអស់កល្បជានិច្ច។ 16 ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់​ ដូច្នេះហើយបានជាព្រះអង្គប្រទានព្រះបុត្រារបស់ព្រះអង្គតែមួយ ដើម្បីអស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនស្លាប់ឡើយ តែនឹងមានជីវិតអស់កល្បជានិច្ចវិញ។ 17 ដ្បិតព្រះជាម្ចាស់មិនបានចាត់ព្រះបុត្រាមកក្នុងលោកីយ៍ដើម្បីបំផ្លាញមនុស្សលោកទេ ប៉ុន្តែដើម្បីនឹងសង្គ្រោះមនុស្សលោកតាមរយៈព្រះអង្គវិញ។ 18 អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវមានទោសឡើយ ប៉ុន្តែអស់អ្នកណាដែលមិនជឿវិញ ពួកគេមានទោសរួចស្រេចទៅហើយ ពួកគេមិនបានជឿលើព្រះនាមរបស់ព្រះ ហើយជាបុត្រារបស់ព្រះជាម្ចាស់តែមួយអង្គគត់។ 19 នេះគឺជាេហតុផលក្នុងការវិនិច្ឆ័យ ពន្លឺបានមកនៅក្នុងលោកីយ៍ហើយ ហើយមនុស្សស្រឡាញ់សេចក្តីងងឹតជាជាងពន្លឺ ព្រោះការប្រព្រឹត្តរបស់ពួកគេអាក្រក់។ 20 ព្រោះមនុស្សគ្រប់រូបដែលប្រព្រឹត្តការអាក្រក់ស្អប់ពន្លឺ ហើយមិនអាចចូលមកក្នុងពន្លឺទេ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ពួកគេនោះត្រូវបានបើកចំហឡើយ។ 21 ប៉ុន្តែ អស់អ្នកដែលប្រព្រឹត្តសេចក្តីពិត នឹងចូលមកឯពន្លឺ ដើម្បីឲ្យគេបានឃើញច្បាស់ថា ការប្រព្រឹត្តរបស់គាត់បានធ្វើនៅក្នុងព្រះជាម្ចាស់។ 22 បន្ទាប់ពីនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានចេញទៅឯទឹកដីស្រុកយូដា។ ព្រះអង្គចំណាយពេលមួយរយៈនៅទីនោះជាមួយពួកគេ ហើយក៏ធ្វើពិធីជ្រមុជដែរ។ 23 ហើយលោកយ៉ូហានក៏ធ្វើពិធីជ្រមុជនៅអេណូន នៅជិតភូមិ​សាលីម​ដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សបានមករកគាត់ ហើយទទួលពិធីជ្រមុជជាមួយនឹងគាត់ 24 នៅពេលនោះ លោកយ៉ូហានមិនទាន់ត្រូវបានចាប់ដាក់គុកនៅឡើយទេ។ 25 បន្ទាប់មកមានការប្រកែកគ្នាកើតឡើងរវាងពួកសិស្សរបស់លោកយ៉ូហាន និងសាសន៍យូដាម្នាក់ទាក់ទងរឿងពិធីលាងជម្រះ។ 26 ពួកគេបានទៅជួបលោកយ៉ូហាន ហើយនិយាយទៅកាន់គាត់ថា៖ «រ៉ាបី មានម្នាក់នៅក្នុងចំណោមលោកគ្រូនៅឯទន្លេយ័រដាន់ម្ខាងទៀត ជាអ្នកដែលលោកបានធ្វើបន្ទាល់ មើល គាត់កំពុងធ្វើពិធីជ្រមុជដល់មនុស្សគ្រប់គ្នាដែលមកឯគាត់។ 27 លោកយ៉ូហានឆ្លើយថា៖ «លោក​យ៉ូហាន​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​ព្រះជាម្ចាស់​មិន​ប្រទាន​អោយ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។ 28 អ្នកខ្លួនឯងក៏អាចធ្វើបន្ទាល់បានដែរ ពីអ្វីដែលខ្ញុំនិយាយថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត ប៉ុន្តែផ្ទុយទៅវិញខ្ញុំគ្រាន់តែត្រូវបានចាត់មកមុនព្រះអង្គប៉ុណ្ណោះ»។ 29 កូនក្រមុំជាកម្មសិទ្ធិរបស់កូនកម្លោះ។ ឥឡូវនេះ មិត្តសម្លាញ់របស់កូនកម្លោះ ដែលឈរ ហើយឮគាត់ មានអំណរជាខ្លាំងដោយសារសម្លេងរបស់កូនកម្លោះ។ ខ្ញុំពោរពេញដោយអំណរ។ 30 សូមឲ្យព្រះអង្គបានចម្រើនឡើង តែសូមឲ្យទូលបង្គំបានថយចុះវិញ។ 31 ព្រះអង្គដែលយាងពីស្ថានលើមានអំណាចលើទាំងអស់។ អ្នកណាដែលមកពីផែនដីគឺមកពីផែនដី ហើយនិយាយតែពីរឿងលោកីយ៍។ អ្នកដែលមកពីស្ថានសួគ៌មានអំណាចលើទាំងអស់។ 32 ព្រះអង្គបានធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញនិងឮ ប៉ុន្តែ គ្មាននរណាទទួលទីបន្ទាល់របស់ព្រះអង្គសោះ។ 33 អស់អ្នកណាដែលបានទទួលទីបន្ទាល់របស់ព្រះអង្គបានបញ្ជាក់ថាព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន។ 34 ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់មកឲ្យថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គជាបរិបូរណ៌។ 35 ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ 36 អ្នកណាដែលជឿលើព្រះបុត្រានឹងមានជីវិតអស់កល្បជានិច្ច ប៉ុន្តែអ្នកណាដែលមិនស្តាប់បង្គាប់ដល់ព្រះបុត្រាវិញ នឹងមិនឃើញជីវិតឡើយ ប៉ុន្តែសេចក្តីក្រោធរបស់ព្រះនឹងស្ថិតនៅលើអ្នកនោះវិញ»។


ជំពូក 4

1 នៅពេលព្រះយេស៊ូជ្រាបថា​ ពួកផារីស៊ីបានឮថា ព្រះអង្គបានបង្កើតសិស្ស និងធ្វើពិធីជ្រមុជច្រើនជាងលោកយ៉ូហានទៅទៀត 2 (សូម្បីតែព្រះអង្គផ្ទាល់មិនបានធ្វើពិធីជ្រមុជ ផ្ទុយទៅវិញពួកសិស្សរបស់ព្រះអង្គជាអ្នកធ្វើពិធីជ្រមុជ)។ 3 ព្រះអង្គបានចាកចេញពីស្រុកយូដា ហើយត្រឡប់ទៅកាលីឡេវិញ។ 4 គ្មានការចាំបាច់អ្វីដែលសម្រាប់ព្រះអង្គក្នុងការឆ្លងកាត់ស្រុកសាម៉ារីទេ។ 5 ប៉ុន្តែ ព្រះអង្គបែរជាចូលទៅក្នុងក្រុងរបស់សាម៉ារី ដែលហៅថា ភូមិ​ស៊ូខារ នៅជិតដីមួយកន្លែងរបស់លោកយ៉ាកុបបានឲ្យទៅលោកយ៉ូសែបជាកូនរបស់គាត់។ 6 អណ្តូងរបស់លោកយ៉ាកុបនៅទីនោះ។ ព្រះយេស៊ូអស់កម្លាំងពីការធ្វើដំណើររបស់ព្រះអង្គ ហើយទ្រង់ក៏គង់នៅជិតអណ្តូងនោះ។ នៅពេលនោះម៉ោងប្រហែលជាប្រាំមួយ។ 7 ស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក ហើយព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «ឲ្យខ្ញុំសូមទឹកផឹកបន្តិចផង»។ 8 រីឯពួកសិស្សរបស់ព្រះអង្គបានចូលទៅទីក្រុង ដើម្បីទិញអាហារ។ 9 បន្ទាប់មក ស្រី្តសាសន៍សាម៉ារីបានទូលទៅកាន់ព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្តេចក៏លោកមកសុំទឹកពីខ្ញុំដែលជាសាសន៍សាម៉ារីដូច្នេះ?» ដ្បិតសាសន៍យូដាមិនទាក់ទងជាមួយសាសន៍សាម៉ារីទេ។ 10 ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅកាន់នាងថា៖ «ប្រសិនបើ នាងបានស្គាល់អំណោយទានរបស់ព្រះ ហើយស្គាល់ខ្ញុំជានរណាដែលនិយាយទៅកាន់នាងថា៖ “ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច”នោះ​នាង​មុខ​ជា​សុំ​ទឹក​ពី​លោក​វិញ​ពុំខាន ហើយ​លោក​នឹង​អោយ​ទឹក​ដល់​នាង គឺ​ជា​ទឹក​ដែល​ផ្ដល់​ជីវិត»​។ ។ 11 ស្ត្រីនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ លោកមិនមានធុងផង ហើយអណ្តូងក៏ជ្រៅទៀត។ តើលោកបានទឹករស់មកណា? 12 លោកមិនធំជាងលោកយ៉ាកុប ជាឪពុករបស់យើង ដែលបានផ្តល់អណ្តូង និងទឹកពីអណ្តូងនេះ ឲ្យយើងនឹងកូនចៅ ព្រមទាំងហ្វូងសត្វរបស់គាត់ផឹកទេ។ 13 ព្រះយេស៊ូមានបន្ទូលទៅកាន់នាងថា៖ «មនុស្សគ្រប់គ្នាដែលផឹកពីទឹកនេះនឹងស្រេកម្ដងទៀត 14 ប៉ុន្តែអស់អ្នកណាដែលផឹកទឹកដែលខ្ញុំនឹងផ្តល់ដល់អ្នកនោះនឹងមិនស្រេកទៀតទេ។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំឲ្យនោះនឹងផ្តល់ឲ្យអ្នកនោះក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ផុសឡើង ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច»។ 15 ស្រី្តនោះបានទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ សូមឲ្យទឹកនេះខ្ញុំផង ដើម្បីឲ្យខ្ញុំលែងស្រេកទៀត ហើយខ្ញុំមិនបាច់មកដងទឹកនៅទីនេះទេ»។ 16 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ចូរទៅ ហៅស្វាមីរបស់នាង ហើយត្រឡប់មកទីនេះវិញ»។ 17 ស្រ្តីនោះឆ្លើយ ហើយទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំគ្មានប្តីទេ»។ ព្រះយេស៊ូឆ្លើយថា៖ «នាងនិយាយថា៖ «ខ្ញុំគ្មានប្តីត្រូវហើយ»។ 18 ដ្បិត នាងមានប្តីចំនួនប្រាំហើយ ហើយម្នាក់ដែលនៅជាមួយនាងសព្វថ្ងៃ ក៏មិនមែនជាប្តីរបស់នាងដែរ។ អ្វីដែលនាងនិយាយគឺជាការពិត»។ 19 ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំឃើញថា លោកគឺជាព្យាការី។ 20 ឪពុករបស់យើងថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែ តើលោកមានប្រសាសន៍ថា ក្រុងយេរ៉ូសាឡិមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ»។ 21 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ស្រ្តីអើយ! ចូរជឿដល់ខ្ញុំចុះ ពេលនោះនឹងមកដល់នៅពេលអ្នកថ្វាយបង្គំព្រះបិតានៅលើភ្នំនេះ ឬនៅក្រុងយេរ៉ូសាឡិម។ 22 អ្នកថ្វាយបង្គំអ្វីដែលអ្នកមិនដឹង។ យើងថ្វាយបង្គំអ្វីដែលយើងដឹង ដើម្បីសេចក្តីសង្គ្រោះចេញពីសាសន៍យូដាមក។ 23 ប៉ុន្តែ ពេលវេលានឹងមកដល់ ឥឡូវនេះដល់ពេលហើយ នៅពេលអ្នកថ្វាយបង្គំពិត នឹងថ្វាយបង្គំព្រះបិតាដោយវិញ្ញាណ និងសេចក្តីពិត ដ្បិត ព្រះបិតាស្វែងរកមនុស្សបែបនេះ ដើម្បីធ្វើជាអ្នកថ្វាយបង្គំព្រះអង្គ។ 24 ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។ 25 ស្រ្តីនោះទូលទៅកាន់ព្រះអង្គថា៖ «ខ្ញុំដឹងថាព្រះមេស្ស៊ីនឹងយាងមក (ជាព្រះដែលហៅថា ព្រះគ្រិស្ត)។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងពន្យល់គ្រប់យ៉ាងដល់យើង»។ 26 ព្រះយេស៊ូឆ្លើយទៅនាងថា «ខ្ញុំគឺជាព្រះអង្គហើយ ជាព្រះដែលអ្នកកំពុងមានបន្ទូលទៅកាន់នាង»។ 27 នៅពេលនោះពួកសិស្សរបស់ព្រះអង្គក៏ត្រឡប់មកវិញ។ ពួកគេងឿងឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយស្រ្តីនោះ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយថា៖ «តើព្រះអង្គចង់បានអ្វី?» ឬ «ហេតុអ្វីបានជាព្រះអង្គមានបន្ទូលជាមួយនាង?» 28 ដូច្នេះ ស្រ្តីបានទុកក្អមទឹករបស់នាងចោល ត្រឡប់ទៅក្រុងវិញ ហើយនិយាយប្រាប់មនុស្ស 29 «មក ខ្ញុំឃើញបុរសម្នាក់ដែលបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង។ តើនេះមិនមែនជាព្រះគ្រិស្ត ទេឬអី? 30 ពួកគេបានចេញពីក្រុងទៅរកព្រះអង្គវិញ។ 31 នៅពេលជាមួយគ្នានោះ ពួកសិស្សបានអង្វរព្រះអង្គ ដោយនិយាយថា៖ «រ៉ាប៊ី សូមអញ្ជើញបរិភោគ!»។ 32 ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំមានអាហារបរិភោគដែលអ្នកមិនស្គាល់ទេ»។ 33 ដូច្នេះហើយ បានជាពួកសិស្សនិយាយទៅគ្នាទៅវិញទៅមកថា៖ «គ្មាននរណាយកអាហារឲ្យព្រះអង្គសោយទេ មែនទេ?» 34 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «អាហាររបស់ខ្ញុំគឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គបានសម្រេច។ 35 កុំនិយាយថា៖ «នៅសល់ពេលបួនខែទៀត ទើបរដូវចម្រូតមកដល់?» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា សូមងើយឡើងមើលទៅវាល ដ្បិត ស្រូវទុំរួចរាល់ដើម្បីច្រូតហើយ! 36 អស់អ្នកណាដែលច្រូតនឹងទទួលឈ្នួល ហើយប្រមូលផលនៃជីវិតអស់កល្បជានិច្ច ដូច្នេះហើយ អស់អ្នកណាដែលព្រោះ ហើយអស់អ្នកដែលច្រូតអាចមានអំណរជាមួយគ្នា។ 37 ស្រប​តាម​ពាក្យ​ចាស់​លោក​ថាៈ“ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។ 38 ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយហត់​របស់​អ្នក​ទាំង​នោះ»។ 39 មានសាសន៍សាម៉ារីជាច្រើននៅក្នុងក្រុងនោះបានជឿលើព្រះអង្គ ដោយសារការប្រាប់របស់ស្រី្តដែលបានធ្វើបន្ទាល់ថា៖ «ព្រះអង្គបានប្រាប់អ្វីៗដែលខ្ញុំបានធ្វើគ្រប់យ៉ាង»។ 40 ដូច្នេះ នៅពេលសាសន៍សាម៉ារីមករកព្រះអង្គ ពួកគេសូមឲ្យព្រះអង្គគង់នៅជាមួយពួកគេ ហើយព្រះអង្គក៏គង់នៅទីនោះពីរថ្ងៃ។ 41 មានមនុស្សជាច្រើនថែមទៀតបានជឿដោយព្រោះព្រះបន្ទូលរបស់ព្រះអង្គ។ 42 ពួកគេនិយាយទៅកាន់ស្រី្តនោះថា៖ «យើងមិនបានជឿដោយសារអ្វីដែលនាងបាននិយាយទៀតទេ ដ្បិត យើងខ្លួនឯងផ្ទាល់បានឮពីព្រះអង្គ ហើយយើងបានដឹងថា ព្រះអង្គគឺជាព្រះសង្គ្រោះពិភពលោកពិតប្រាកដមែន»។ 43 បន្ទាប់ពីថ្ងៃនោះពីរថ្ងៃមក ព្រះអង្គបានចេញពីទីនោះទៅកាលីឡេវិញ។ 44 ដ្បិត ព្រះយេស៊ូផ្ទាល់បានមានបន្ទូលថា គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ។ 45 នៅពេលព្រះអង្គយាងទៅស្រុកកាលីឡេ អ្នកស្រុកកាលីឡេមិនស្វាគមន៍ព្រះអង្គទេ។ ពួកគេបានឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើនៅក្នុងក្រុងយេរ៉ូសាឡិមនៅថ្ងៃបុណ្យ ព្រោះពួកគេបានទៅចូលរួមបុណ្យនោះដែរ។ 46 ឥឡូវនេះ ព្រះអង្គបានយាងទៅកាណាក្នុងស្រុកកាលីឡេម្តងទៀត ជាកន្លែងដែលព្រះបានធ្វើទឹកឲ្យក្លាយជាស្រា។ នៅទីនោះមានមន្ត្រីម្នាក់ ដែលកូនរបស់គាត់ឈឺនៅកាពើណឹម។ 47 នៅពេលគាត់បានឮថាព្រះយេស៊ូមកពីស្រុកយូដាទៅកាលីឡេ គាត់បានទៅរកព្រះយេស៊ូ ហើយអង្វរព្រះអង្គឲ្យចុះទៅកាពើណិម ហើយប្រោសកូនប្រុសគាត់ដែលជិតស្លាប់ហើយឲ្យជា។ 48 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ នោះអ្នកមិនជឿទេ»។ 49 មន្ត្រីនោះមានប្រសាសន៍ទៅកាន់ព្រះអង្គថា៖ «លោកម្ចាស់អើយ សូមចុះទៅ មុនពេលកូនប្រុសខ្ញុំស្លាប់»។ 50 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ទៅចុះ! កូនលោកនៅរស់ទេ»។ បុរសនោះជឿលើព្រះបន្ទូលដែលព្រះអង្គមានបន្ទូលទៅគាត់ ហើយគាត់ក៏ចេញទៅ។ 51 ក្នុងការដែលគាត់កំពុងចុះទៅ អ្នកបម្រើរបស់គាត់បានមកជួបគាត់ និយាយថា កូនរបស់គាត់នៅរស់ទេ។ 52 ដូច្នេះ គាត់ក៏សួរទៅពួកគេ ពីពេលវេលា ថាកូនគាត់ជាពេលណា។ ពួកគេប្រាប់គាត់ថា៖ «កាលពីម្សិលមិញម៉ោងប្រាំពីរ ជំងឺគ្រុនបានចេញពីគាត់»។ 53 នោះឪពុកបានដឹងថា គឺជាពេលដែលព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «កូនរបស់លោកនៅរស់ទេ»។ ដូច្នេះ គាត់ខ្លួនឯង និងគ្រួសាររបស់គាត់ទាំងមូលបានជឿលើព្រះអង្គ។ 54 នេះគឺជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គចេញពីស្រុកយូដាទៅកាលីឡេ។


ជំពូក 5

1 បន្ទាប់ពីការនេះ មានបុណ្យរបស់សាសន៍យូដាមួយ ហើយព្រះយេស៊ូបានយាងឡើងទៅក្រុងយេរ៉ូសាឡិម។ 2 ព្រះអង្គយាងចូលក្រុងយេរ៉ូសាឡិមតាមទ្វារចៀម មានស្រះមួយ ដែលភាសាហេព្រើរហៅថា ស្រះ​បេថែស‌ដា នៅជិតស្រះនោះមានថែវប្រាំ។ 3 មានមនុស្សជាច្រើនដែលឈឺនៅទីនោះ មានអ្នកខ្វាក់ ខ្វិន ឬស្វិតដៃជើងដេកនៅទីនោះ។ 4 ទេវតារបស់ព្រះអម្ចាស់បានចុះមក ហើយកូរទឹកនោះយូរៗម្តង អ្នកណាដែលចុះទៅក្នុងទឹកដែលកូរនោះមុនគេនឹងបានជាពីជំងឺរោគាដែលធ្វើឲ្យពួកគេឈឺចាប់។ 5 មានបុរសម្នាក់នៅទីនោះ មានជំងឺអស់រយៈពេលសាមសិបប្រាំបីឆ្នាំហើយ។ 6 នៅពេលព្រះយេស៊ូឃើញគាត់ដេកនៅទីនោះ ហើយបន្ទាប់ពីព្រះអង្គជ្រាប់ថា គាត់នៅទីនោះជាយូរមកហើយ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាទេ?» 7 អ្នកឈឺនោះបានទូលឆ្លើយថា៖ «លោកម្ចាស់អើយ! ខ្ញុំគ្មាននរណាលើកខ្ញុំចូលទៅក្នុងស្រះទឹក នៅពេលទឹកកម្រើកឡើងទេ។ នៅពេលខ្ញុំមក អ្នកផ្សេងបានចុះទៅមុនខ្ញុំរួចបាត់ទៅហើយ»។ 8 ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ក្រោកឡើង ចូរយកគ្រែអ្នកឡើង ហើយដើរទៅ!»។ 9 បុរសនោះបានជាមួយរំពេច ហើយគាត់បានយកគ្រែរបស់គាត់ឡើង ហើយដើរចេញទៅ។ ថ្ងៃនោះជាថ្ងៃ​សប្ប័ទ។ 10 ដូច្នេះ ពួកយូដាបានសួរគាត់ថា តើអ្នកណាធ្វើឲ្យអ្នកជា «ថ្ងៃនេះជាថ្ងៃសប្ប័ទ មិនអនុញ្ញាតឲ្យអ្នកលឺគ្រែរបស់អ្នកឡើយ»។ 11 គាត់ឆ្លើយថា៖ «អ្នកដែលធ្វើឲ្យខ្ញុំបានជា គាត់ប្រាប់ខ្ញុំថា «ចូរយកកម្រាលរបស់អ្នកឡើង ហើយដើរទៅ»។ 12 ពួកគេសួរគាត់ថា៖ «តើបុរសដែលនិយាយមកកាន់អ្នកថា «ចូរយកវាឡើង ​ហើយដើរនោះ ជានរណា?» 13 ប៉ុន្តែ គ្មាននរណាដឹងថាម្នាក់ដែលធ្វើឲ្យគាត់ជានោះជានរណាទេ ដោយសារព្រះយេស៊ូបានចេញពីទីនោះដោយអាថ៌កំបាំង ដ្បិតមានមនុស្សច្រើនកោះករនៅទីនោះ។ 14 បន្ទាប់ពីនោះមក ព្រះយេស៊ូបានជួបគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលទៅកាន់គាត់ថា៖ «មើល អ្នកបានជាហើយ! កុំធ្វើបាបទៀតឡើយ ដើម្បីកុំឲ្យមានអ្វីអាក្រក់ជាងនេះកើតឡើងចំពោះអ្នកទៀត»។ 15 បុរសនោះបានចេញទៅ ហើយប្រាប់ទៅពួកយូដាថា គឺព្រះយេស៊ូដែលបានធ្វើឲ្យគាត់បានជា។ 16 ដោយសារការទាំងនេះ ពួកយូដាបានបៀតបៀនដល់ព្រះយេស៊ូ ដោយព្រោះព្រះអង្គធ្វើការទាំងនេះនៅថ្ងៃសប្ប័ទ។ 17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះបិតារបស់ខ្ញុំធ្វើការសូម្បីតែពេលនេះ ហើយខ្ញុំក៏ធ្វើការដែរ»។ 18 ដោយសារការនេះ បានធ្វើឲ្យពួកយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំង ព្រោះព្រះអង្គមិនគ្រាន់តែប្រព្រឹត្តខុសថ្ងៃសប្ប័ទប៉ុណ្ណោះទេ ប៉ុន្តែ ព្រះអង្គបានហៅព្រះជាម្ចាស់ថា ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ ព្រះអង្គលើកអង្គទ្រង់ស្មើព្រះជាម្ចាស់។ 19 ព្រះយេស៊ូមានបន្ទូលពួកគេថា៖ «ពិតណាស់​ខ្ញុំប្រាប់អ្នកជាប្រាកដថា ព្រះបុត្រាមិនអាចធ្វើអ្វីដោយខ្លួនបានទេ លើកលែងតែអ្វីដែលព្រះអង្គបានឃើញព្រះបិតាធ្វើ ព្រោះអ្វីក្តីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើការទាំងនោះដូចព្រះអង្គដែរ។ 20 ដ្បិតព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយព្រះអង្គបង្ហាញអ្វីៗទាំងអស់ដែលព្រះអង្គផ្ទាល់បានធ្វើដល់ព្រះបុត្រា ហើយព្រះអង្គនឹងបង្ហាញដល់ព្រះបុត្រានូវការដ៏ធំជាងការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាមានការងឿងឆ្ងល់។ 21 ដ្បិតព្រះបិតាដែលប្រោសមនុស្សស្លាប់ ហើយប្រទានជីវិតដល់ពួកគេយ៉ាងណា ព្រះបុត្រានឹងប្រទានជីវិតដល់អស់អ្នកណាដែលព្រះអង្គគាប់ព្រះហឫទ័យយ៉ាងនោះដែរ។ 22 ដ្បិតព្រះបិតាមិនបានជំនុំជម្រះនរណាទេ ប៉ុន្តែព្រះអង្គប្រទានគ្រប់ទាំងការជំនុំជម្រះទាំងអស់ដល់ព្រះបុត្រា។ 23 ដើម្បីឲ្យមនុស្សគ្រប់គ្នាបានគោរពដល់ព្រះបុត្រាដូចដែលពួកគេបានគោរពដល់ព្រះបិតាដែរ។ អ្នកណាដែលមិនគោរពព្រះបុត្រា ក៏មិនគោរពដល់ព្រះបិតាដែលចាត់ព្រះអង្គឲ្យមកដែរ។ 24 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកណាដែលឮពាក្យខ្ញុំ ហើយជឿលើព្រះអង្គដែលចាត់ខ្ញុំឲ្យមកនឹងមានជីវិតអស់កល្បជានិច្ច ហើយនិងមិនជាប់មានទោសឡើយ ប៉ុន្តែឆ្លងផុតពីស្លាប់មកកាន់ជីវិតវិញ។ 25 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា ពេលវេលានឹងមកដល់ ហើយឥឡូវនេះ ដល់ពេលហើយ នៅពេលដែលមនុស្សសា្លប់នឹងឮសម្លេងបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងបានរស់។ 26 ដ្បិតព្រះបិតាមានព្រះជន្មនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ប្រទានដល់ព្រះបុត្រាយ៉ាងនោះដែរ ដើម្បីឲ្យព្រះអង្គមានព្រះជន្មនៅក្នុងអង្គទ្រង់ដែរ។ 27 ហើយព្រះបិតាបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាក្នុងការវិនិច្ឆ័យដែរ ព្រោះព្រះអង្គគឺជាបុត្រមនុស្ស។ 28 កុំឲ្យងឿងឆ្ងល់ពីការនេះឡើយ ព្រោះនឹងមានពេលមកដល់ដែលមនុស្សគ្រប់រូបដែលនៅក្នុងផ្នូរនឹងឮព្រះសូរសៀងរបស់ព្រះអង្គ ហើយពួកគេ 29 នឹងចេញមក អ្នកណាដែលធ្វើល្អនឹងរស់ឡើងដើម្បីទទួលជីវិត ហើយអស់អ្នកដែលបានធ្វើការអាក្រក់នឹងរស់ឡើងដើម្បីទទួលការជំនុំជម្រះ។ 30 ខ្ញុំមិនបានអាចធ្វើអ្វីដោយខ្លួនខ្ញុំទេ។ ខ្ញុំឮ ខ្ញុំជំនុំជម្រះ ហើយសេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺសុចរិត ព្រោះខ្ញុំមិនបានធ្វើតាមបំណងចិត្តរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែតាមបំណងព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំមកវិញ។ 31 ប្រសិនបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ ទីបន្ទាល់របស់ខ្ញុំអាចមិនពិត។ 32 មានអ្នកផ្សេងទៀតបានធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថាការធ្វើទីបន្ទោល់អំពីខ្ញុំជាសេចក្តីពិត។ 33 អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅរកលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់ពីសេចក្តីពិត។ 34 ប៉ុន្តែទីបន្ទាល់ដែលខ្ញុំបានទទួលមិនមែនមកពីមនុស្សទេ។ ខ្ញុំនិយាយការទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។ 35 លោកយ៉ូហានជាចង្កៀងដែលកំពុងឆេះ ហើយជះពន្លឺ ហើយគាត់នឹងរីករាយជាមួយពន្លឺរបស់គាត់តែមួយរយៈប៉ុណ្ណោះ។ 36 ប៉ុន្តែទីបន្ទាល់ដែលខ្ញុំមានធំជាងលោកយ៉ូហានមាន ព្រោះកិច្ចការដែលព្រះបិតាបានប្រទានឲ្យខ្ញុំបំពេញ ហើយកិច្ចការសំខាន់ដែលខ្ញុំត្រូវធ្វើ គឺធ្វើបន្ទាល់ពីខ្ញុំដែលព្រះបិតាបានចាត់ខ្ញុំឲ្យមក។ 37 ព្រះបិតាបានចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ។ អ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀង ឬឃើញព្រះកាយរបស់ព្រះអង្គដែរ។ 38 អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាមិនជឿលើព្រះដែលព្រះអង្គចាត់ឲ្យមកទេ។ 39 អ្នករាល់គ្នាស្វែងរកបទគម្ពីរដោយសារអ្នករាល់គ្នាគិតថា នៅក្នុងបទគម្ពីរនោះមានជីវិតអស់កល្បជានិច្ច្ ហើយបទគម្ពីរដដែលនេះហើយធ្វើបន្ទាល់អំពីខ្ញុំ 40 ហើយអ្នករាល់គ្នាមិនចង់ចូលមករកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានជីវិតសោះ។ 41 កុំទទួលការសរសើរពីមនុស្សឡើយ 42 ប៉ុន្តែ ខ្ញុំដឹងថា អ្នករាល់គ្នាមិនបានស្រឡាញ់ព្រះជាម្ចាស់នៅក្នុងខ្លួនរបស់អ្នករាល់គ្នាឡើយ។ 43 ខ្ញុំបានមកក្នុងព្រះនាមរបស់ព្រះបិតានៃខ្ញុំ ហើយអ្នករាល់គ្នាមិនទទួលខ្ញុំ។ ប្រសិនបើ អ្នកផ្សេងទៀតមកក្នុងនាមរបស់គេផ្ទាល់ អ្នកអាចនឹងទទួលអ្នកនោះ។ 44 តើអ្នកអាចជឿដូចម្តេចកើត អ្នកគឺជាមនុស្សដែលទទួលការសរសើរពីគ្នាទៅវិញទៅមក ប៉ុន្តែអ្នករាល់គ្នាមិនបានស្វែងរកការសរសើរដែលចេញពីព្រះជាម្ចាស់តែមួយផង? 45 កុំគិតថា ខ្ញុំខ្លួនឯងនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ។ ម្នាក់ដែលចោទប្រកាន់អ្នករាល់គ្នាគឺលោកម៉ូសេ គឺជាអ្នកដែលអ្នកបានដាក់សេចក្តីសង្ឃឹមរបស់អ្នកលើ។ 46 ប្រសិនបើ អ្នករាល់អ្នកជឿលោកម៉ូសេ អ្នករាល់គ្នាជឿដល់ខ្ញុំដែរ ព្រោះគាត់សរសរពីខ្ញុំ។ 47 ប្រសិនបើ អ្នកមិនជឿលើការសរសេររបស់គាត់ទេ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាអាចជឿលើពាក្យរបស់ខ្ញុំបាន?»


ជំពូក 6

1 បន្ទាប់ពីការនេះ ព្រះយេស៊ូបានយាងចេញទៅម្ខាងទៀតនៃសមុទ្រកាលីឡេ គេក៏​ឈ្មោះ​មួយទៀតថា​សមុទ្រ​ទីបេ‌រាស។ 2 មានបណ្តាជនយ៉ាងច្រើនកោះករដើរតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើជាមួយពួកអ្នកដែលឈឺ។ 3 ព្រះយេស៊ូបានយាងឡើងភ្នំ ហើយគង់នៅជាមួយពួកសិស្សនៅទីនោះ។ 4 (ពិធីបុណ្យចម្លង ពិធីបុណ្យរបស់សាសន៍យូដាជិតមកដល់ហើយ)។ 5 នៅពេលព្រះយេស៊ូងើបព្រះនេត្រឡើង ព្រះអង្គទតឃើញបណ្តាជនយ៉ាងច្រើនចូលមករកព្រះអង្គ ទ្រង់មានបន្ទូលទៅលោកភីលីពថា៖ «តើយើងនឹងត្រូវទៅទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងអស់នេះបរិភោគ?» 6 (ព្រះយេស៊ូមានបន្ទូលបែបនេះ ដើម្បីល្បងលលោកភីលីពទេ ដ្បិតព្រះអង្គផ្ទាល់ ទ្រង់ជ្រាបថាអ្វីដែលព្រះអង្គត្រូវធ្វើហើយ)។ 7 លោកភីលីពទូលព្រះអង្គថា៖ «ទោះបីជាយកលុយ​កាក់​ពីរ​រយ​ឌេណារី​ទៅទិញនំប៉័ងក៏មិនគ្រប់ដែរ សូម្បីតែចែកម្នាក់បន្តិចក្តី»។ 8 សិស្សម្នាក់ទៀតឈ្មោះ អនទ្រេ ត្រូវជាបងប្រុសរបស់លោកស៊ីម៉ូនពេត្រុស ទូលទៅព្រះយេស៊ូថា៖ 9 «មានក្មេងប្រុសម្នាក់ មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យគ្រប់បាន បើមនុស្សមានគ្នាច្រើនយ៉ាងនេះ?»។ 10 ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យមនុស្សអង្គុយចុះ»។ (នៅទីនោះមានស្មៅច្រើន)។ ដូច្នេះ បណ្តាជនក៏អង្គុយនៅទីនោះ មានគ្នាប្រហែលជាប្រាំពាន់អ្នក។ 11 ដូច្នេះ ព្រះយេស៊ូបានយកនំប៉័ង បន្ទាប់ពីព្រះអង្គបានអរព្រះគុណរួចហើយ ព្រះអង្គបានប្រទាននំប៉័ងទាំងនោះទៅដល់អស់អ្នកដែលបានអង្គុយ។ ចំណែកត្រីវិញ ព្រះអង្គបានធ្វើដូចគ្នាដែរ 12 ចែកដល់ពួកគេតាមអ្វីដែលពួកគេត្រូវការ។ នៅពេលបណ្តាជនបានឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់មកវិញ កុំឲ្យបាត់មួយដុំណាឡើយ»។ 13 ដូច្នេះ ពួកគេបានប្រមូលនំប៉័ងទាំងនោះមកវិញ ហើយបានដប់ពីរកន្រ្តកពេញពីមនុស្សជាច្រើនដែលបានបរិភោគ ជាដុំនំប៉័ងដែលបាក់បែក ដែលកើតចេញពីនំប៉័ងប្រាំដុំនោះ។ 14 បន្ទាប់ពីមនុស្សបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេនិយាយថា៖ «នេះគឺជាព្យាការីដ៏ពិតដែលបានមកនៅក្នុងលោកីយ៍នេះ»។ 15 នៅពេលព្រះយេស៊ូជ្រាបថា ពួកគេនាំគ្នា ហើយចង់បង្ខំព្រះអង្គឲ្យធ្វើជាស្តេច ព្រះអង្គក៏ចាកចេញពីពួកគេឡើងទៅលើភ្នំម្តងទៀត។ 16 នៅពេលល្ងាចមកដល់ ពួកសិស្សរបស់ព្រះអង្គបានចុះទៅឯសមុទ្រ។ 17 ពួកគេឡើងជិះទូក ហើយឆ្លងទៅសមុទ្រទៅកាពើណឹម។ នៅពេលនេះងងឹតហើយ ព្រះយេស៊ូមិនទាន់បានយាងទៅរកពួកគេនៅឡើយទេ។ 18 មានខ្យល់បក់បោកយ៉ាងខ្លាំង ហើយទឹកសមុទ្រក៏កម្រើកឡើងដែរ។ 19 នៅពេលដែលពួកគេចែវទូកបានចម្ងាយប្រហែលជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ពួកគេបានឃើញព្រះយេស៊ូកំពុងយាងនៅលើទឹកសមុទ្រ ហើយចូលមកជិតទូក ពួកគេមានការភ័យខ្លាច។ 20 ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំទេ កុំខ្លាចអី»។ 21 បន្ទាប់មក ពួកគេចង់ទទួលព្រះអង្គមកក្នុងទូកដែរ ស្រាប់តែទូករបស់ពួកគេទៅដល់ច្រាំងជាកន្លែងដែលពួកគេចង់ទៅល្មម។ 22 នៅថ្ងៃបន្ទាប់ បណ្តាជនដែលឈរនៅត្រើយម្ខាងនៃសមុទ្របានឃើញថា គ្មានទូកណាទៀតឡើយ លើកលែងតែមួយ ហើយពេលនោះព្រះយេស៊ូមិនបានចូលទៅក្នុងទូកជាមួយពួកសិស្សរបស់ព្រះអង្គទេ ពួកសិស្សចេញទៅតែពួកគេទេ។ 23 ក៏មានទូកមកពីក្រុង​ទីបេរាស​ចូលទៅជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ងបន្ទាប់ពីព្រះអង្គអរព្រះគុណ។ 24 នៅពេលបណ្តាជនរកឃើញថា ព្រះយេស៊ូមិនបាននៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ ពួកគេនាំគ្នាឡើងទូកទៅរកព្រះយេស៊ូនៅកាពើណឹមខ្លួនគេ។ 25 បន្ទាប់ពីពួកគេបានរកព្រះអង្គឃើញនៅត្រើយម្ខាងនៃសមុទ្រហើយ ពួកគេនិយាយថាព្រះអង្គថា៖ «រ៉ាបី ព្រះអង្គមកទីនេះពេលណា?» 26 ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេ ដោយបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាស្វែងរកខ្ញុំ មិនមែនដោយចង់ឃើញទីសម្គាល់ទេ ប៉ុន្តែដោយសារអ្នកចង់បរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ។ 27 កុំធ្វើការដើម្បីឲ្យបានតែអាហារដែលពុករលួយ ប៉ុន្តែចូរធ្វើការដើម្បីឲ្យបានអាហារដែលស្ថិតស្ថេរ ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ដែលបុត្រមនុស្សនឹងផ្តល់ឲ្យ ដើម្បីព្រះជាម្ចាស់ជាព្រះវរបិតាបានបោះត្រារបស់ព្រះអង្គនៅលើគាត់។ 28 ពួកគេទូលតបទៅកាន់ព្រះអង្គវិញថា៖ «តើយើងត្រូវធ្វើអ្វី ដើម្បីឲ្យយើងអាចធ្វើការរបស់ព្រះជាម្ចាស់បាន?» 29 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់៖ គឺថាអ្នករាល់គ្នាត្រូវជឿលើព្រះដែលព្រះអង្គបានចាត់មក»។ 30 ដូច្នេះ ពួកគេក៏ទូលទៅកាន់ព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វី ដើម្បីឲ្យយើងអាចឃើញ ហើយជឿលើលោកបាន? 31 បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅឯទីរហោស្ថាន ដូចមានសេចក្តីចែងមកថា៖ «ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌មកដល់ពួកគេបរិភោគ»។ 32 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេទេ ដែលផ្តល់នំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នា ប៉ុន្តែ ព្រះបិតាខ្ញុំទៅវិញទេ ដែលបានប្រទាននំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌ដល់អ្នករាល់គ្នា។ 33 ដ្បិត នំប៉័ងរបស់ព្រះជាម្ចាស់ដែលបានធ្លាក់ចុះពីស្ថានសួគ៌មកនោះ នឹងផ្តល់ជីវិតដល់លោកីយ៍»។ 34 ដូច្នេះ ពួកគេបានសួរព្រះអង្គថា «លោកម្ចាស់អើយ សូមឲ្យនំប៉័ងនេះដល់យើងរហូតមក»។ 35 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំនឹងមិនដែលស្រេកទៀតដែរ។ 36 ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាបានឃើញខ្ញុំ ហើយអ្នករាល់គ្នាមិនបានជឿដល់ខ្ញុំទេ។ 37 អស់អ្នកណាដែលព្រះបិតាប្រទានដល់ខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកណាដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលគេឡើយ។ 38 ដ្បិតខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែនដើម្បីធ្វើតាមចិត្តរបស់ខ្ញុំទេ ប៉ុន្តែធ្វើតាមព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមកវិញ។ 39 នេះគឺជាព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមក ដើម្បីកុំឲ្យខ្ញុំបាត់បង់នរណាម្នាក់ដែលព្រះអង្គបានប្រទានដល់ខ្ញុំឡើយ ប៉ុន្តែនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ 40 ដ្បិតនេះគឺជាព្រះហឫទ័យរបស់ព្រះបិតា ដែលថាមនុស្សគ្រប់គ្នាដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គនឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យគាត់រស់ឡើងវិញនៅថ្ងៃចុងក្រោយ។ 41 ពួកយូដាបានរអ៊ូរទាំអំពីព្រះអង្គ ដោយសារទ្រង់មានបន្ទូលថា៖ «ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌មក»។ 42 ពួកគេនិយាយថា៖ «តើយេស៊ូនេះ មិនមែនជាកូនរបស់លោកយ៉ូសែប យើងបានស្គាល់ឪពុកនិងម្តាយរបស់គាត់ទេឬអី? តើគាត់អាចនិយាយថា៖ «ខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌ដូចម្តេចនឹងកើត?» 43 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «ឈប់រអ៊ូរទាំនៅក្នុងចំណោមអ្នករាល់គ្នាទៀតទៅ។ 44 គ្មាននរណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាដែលបានចាត់ខ្ញុំមកឲ្យចូលទៅជិតគាត់ ហើយខ្ញុំនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ 45 ដូចមានសេចក្តីចែងទុកក្នុងពួកព្យាការីថា៖ «ព្រះជាម្ចាស់នឹងបង្រៀនមនុស្សគ្រប់គ្នាដោយផ្ទាល់»។ មនុស្សគ្រប់គ្នាដែលបានឮ ហើយរៀនពីព្រះវរបិតានឹងមកឯខ្ញុំ។ 46 គ្មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែព្រះអង្គដែលមកពីព្រះជាម្ចាស់ ទ្រង់បានឃើញព្រះបិតា។ 47 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលជឿនឹងមានជីវិតអស់កល្ប។ 48 ខ្ញុំជានំប៉័ងជីវិត។ 49 បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណានៅក្នុងទីរហោស្ថាន ហើយពួកគេបានស្លាប់។ 50 នេះគឺជានំប៉័ងដែលមកពីស្ថានសួគ៌ ដើម្បីឲ្យអស់អ្នកដែលបានបរិភោគនំប៉័ងនេះ នឹងមិនស្លាប់ទេ។ 51 ខ្ញុំជានំប៉័ងដ៏រស់ដែលមកពីស្ថានសួគ៌។ ប្រសិនបើ អ្នកណាម្នាក់បរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់នៅជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យគឺជារូបកាយរបស់ខ្ញុំ សម្រាប់ជីវិតរបស់មនុស្សលោក។ 52 ពួកយូដាបានខឹងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមឆ្លើយតប ដោយនិយាយថា៖ «តើបុរសនេះអាចឲ្យសាច់របស់ខ្ញុំមកយើងបរិភោគយ៉ាងដូចម្តេចកើត?» 53 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លុះត្រាតែអ្នកបរិភោគសាច់របស់កូនមនុស្ស ហើយផឹកឈាមរបស់គាត់ដែរ អ្នករាល់គ្នានឹងមិនអាចមានជីវិតនៅក្នុងអ្នករាល់គ្នាឡើយ។ 54 អស់អ្នកណាដែលបរិភោគសាច់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ នឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ 55 ដ្បិតសាច់របស់ខ្ញុំគឺជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំគឺជាភេសជ្ជៈដ៏ពិត។ 56 អស់អ្នកណាដែលបរិភោគសាច់របស់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំនឹងនៅជាប់ជាមួយខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ។ 57 ព្រះបិតាដែលចាត់ខ្ញុំមកមានព្រះជន្មរស់ ខ្ញុំក៏រស់ដោយសារព្រះបិតាដូចគ្នាដែរ ដូច្នេះអស់អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងបានរស់ដោយសារខ្ញុំដែរ។ 58 នេះគឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក មិនដូចជានំប៉័ងដែលបុព្វបុរសរបស់អ្នករាល់គ្នាដែលបរិភោគហើយស្លាប់នោះទេ។ អ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់នៅអស់កល្បជានិច្ច»។ 59 ប៉ុន្តែព្រះយេស៊ូមានបន្ទូលការទាំងនេះនៅក្នុងសាលាប្រជុំ អំឡុងពេលដែលព្រះអង្គបង្រៀននៅក្នុងកាពើណឹម។ 60 បន្ទាប់មក ពួកសិស្សរបស់ព្រះអង្គជាច្រើនដែលបានឮព្រះអង្គមានបន្ទូលដូច្នេះ «នេះគឺជាសេចក្តីបង្រៀនដ៏ពិបាកមួយ តើអ្នកណាអាចទទួលយកបាន?» 61 ដោយសារព្រះយេស៊ូជ្រាបនៅក្នុងអង្គទ្រង់ផ្ទាល់ថាពួកសិស្សទាំងនេះរអ៊ូរទាំពីការនេះ ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើការនេះធ្វើឲ្យអ្នករាល់គ្នារវាតចិត្តមែនទេ? 62 ចុះទំរាំបើអ្នកឃើញបុត្រមនុស្សឡើងទៅកន្លែងដែលព្រះអង្គគង់នៅពីមុន? 63 គឺជាព្រះវិញ្ញាណដែលប្រទានជីវិត ហើយសាច់ឈាមគ្មានប្រយោជន៍អ្វីទាំងអស់។ ពាក្យដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាគឺជាវិញ្ញាណ ហើយពាក្យនោះគឺជាជីវិត។ 64 ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមានអ្នកខ្លះមិនបានជឿទេ»។ ដ្បិតព្រះយេស៊ូជ្រាបតាំងពីដំបូងថា តើនរណាដែលអាចនឹងមិនជឿ ហើយអ្នកណាអាចនឹងក្បត់់ព្រះអង្គ។ 65 ព្រះអង្គមានបន្ទូលថា៖ «ដោយសារការនេះហើយបានជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា គ្មាននរណាម្នាក់មកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាចាត់អ្នកនោះឲ្យមក»។ 66 ដោយសារហេតុនេះ ពួកសិស្សរបស់ព្រះអង្គជាច្រើនបានចាកចេញពីព្រះអង្គ ហើយលែងដើរតាមព្រះអង្គទៀត។ 67 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសិស្សទាំងដប់ពីរនាក់ថា៖ «អ្នករាល់គ្នាមិនចង់ចេញពីខ្ញុំដូចគេដែលទេឬ?»​ 68 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើយើងគួរទៅតាមនរណា? ព្រះអង្គគឺជាព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច 69 ហើយយើងបានជឿ ហើយស្គាល់ថា ព្រះអង្គគឺជាព្រះដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 70 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «តើមិនមែនខ្ញុំទេឬដែលជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់នេះ ហើយនឹងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាគឺជាមារ?» 71 ព្រះអង្គមានបន្ទូលពីលោកយូដាសកូនរបស់លោកស៊ីម៉ូន អ៊ីស្ការីយ៉ុត​ ដ្បិត គាត់ហើយគឺជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរដែលក្បត់ព្រះយេស៊ូ។


ជំពូក 7

1 បន្ទាប់ពីការទាំងនេះហើយ ព្រះយេស៊ូបានធ្វើដំណើរទៅកាលីឡេ ព្រោះព្រះអង្គមិនចង់ចូលទៅក្នុងស្រុកយូដា ដោយសារពួកយូដាកំពុងស្វែងរកធ្វើឃាតព្រះអង្គ។ 2 ឥឡូវនេះ ពិធីបុណ្យជម្រកបានជិតមកដល់ហើយ។ 3 ដូច្នេះ ប្អូនប្រុសៗរបស់ព្រះអង្គនិយាយទៅកាន់ព្រះអង្គថា៖ «ចូរចេញពីទីនេះ ហើយទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញពីកិច្ចការដែលបងឯងធ្វើ។ 4 គ្មាននរណាអាចធ្វើអ្វីអាថ៌កំបាំងបានទេ ប្រសិនបើ គេចង់បើកឲ្យអ្នកដទៃដឹងជាសាធារណៈនោះ។ ប្រសិនបើ បងឯងធ្វើការទាំងនេះ ចូរបងខ្លួនឯងបង្ហាញឲ្យមនុស្សលោកបានឃើញទៅ»។ 5 ដ្បិត សូម្បីតែប្អូនៗប្រុសរបស់ព្រះអង្គមិនបានជឿលើព្រះអង្គទេ។ 6 ដូច្នេះហើយ បានជាព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «មិនទាន់ដល់ពេលបងនៅឡើយទេ ប៉ុន្តែ ពេលវេលាប្អូនៗវិញរួចរាល់ជានិច្ច។ 7 មនុស្សលោកមិនស្អប់ប្អូនៗទេ ប៉ុន្តែ មនុស្សលោកស្អប់បងដោយសារ បងធ្វើបន្ទាល់ពីមនុស្សលោកថា កិច្ចការរបស់មនុស្សលោកអាក្រក់។ 8 អ្នករាល់គ្នាចូលទៅចូលរួមបុណ្យទៅ បងមិនទៅបុណ្យនេះទេ ព្រោះពេលវេលារបស់បងមិនទាន់បានសម្រេចនៅឡើយទេ»។ 9 បន្ទាប់ពីព្រះអង្គមានបន្ទូលទៅកាន់ពួកគេពីការទាំងនេះហើយ ព្រះអង្គស្នាក់នៅក្នុងកាលីឡេដែរ។ 10 ប៉ុន្តែ នៅពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យហើយ ព្រះអង្គក៏ឡើងទៅដែរ ប៉ុន្តែព្រះអង្គទៅដោយសម្ងាត់វិញ មិនទៅដោយបើកចំហទេ។ 11 ពួកយូដាស្វែងរកព្រះអង្គនៅថ្ងៃបុណ្យនោះ ហើយនិយាយថា៖ «តើលោកនោះនៅឯណា?»។ 12 មានការពិភាក្សាជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គជាមនុស្សល្អ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «អត់ទេ ព្រះអង្គនាំហ្វូងមនុស្សឲ្យវង្វេង»។ 13 យ៉ាងណាក្តី គ្មាននរណាហ៊ាននិយាយពីព្រះអង្គនៅក្នុងទីសាធារណៈឡើយ ព្រោះខ្លាចពួកយូដា។ 14 ពេលពិធីបុណ្យចប់បានពាក់កណ្តាលហើយ ព្រះយេស៊ូបានឡើងទៅហើយចូលទៅក្នុងព្រះវិហារ រួចក៏បង្រៀន។ 15 បន្ទាប់មក ពួកយូដាមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយនិយាយថា «លោកនេះ មិនដែលបានរៀនផង ម្តេចក៏គាត់ដឹងច្រើនម្ល៉េះ?»។ 16 ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «សេចក្តីបង្រៀនរបស់ខ្ញុំមិនមែនមកពីខ្ញុំទេ ប៉ុន្តែ មកពីព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ 17 ប្រសិនបើនរណាម្នាក់ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្តីបង្រៀននេះ ថាតើមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយចេញពីខ្លួនឯង។ 18 អ្នកណាដែលនិយាយពីខ្លួនឯង អ្នកនោះស្វែងរកសិរីល្អសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្នកណាដែលស្វែងរកសិរីល្អរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះជាមនុស្សពិតត្រង់ ហើយគ្មានសេចក្តីទុច្ចរិតនៅក្នុងគាត់ឡើយ។ 19 តើមិនមែនជាលោកម៉ូសេទេឬអីដែលឲ្យក្រឹត្យវិន័យដល់អ្នករាល់គ្នា? ប៉ុន្ត គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាធ្វើតាមទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាស្វែងរកសម្លាប់ខ្ញុំ? 20 ហ្វូងមនុស្សឆ្លើយថា៖ «ឯងមានវិញ្ញាណអាក្រក់។ តើអ្នកណាស្វែងរកសម្លាប់ឯង? 21 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ដោយសារការនោះទៅវិញ។ 22 លោកម៉ូសេបានឲ្យអ្នករាល់គ្នាកាត់ស្បែក (មិនមែនមកពីលោកម៉ូសេទេ ប៉ុន្តែមកពីដូនតារបស់អ្នករាល់គ្នាទេតើ) ហើយនៅថ្ងៃសប្ប័ទអ្នករាល់គ្នាក៏កាត់ស្បែកមនុស្សដែរ។ 23 ប្រសិនបើបុរសម្នាក់ទទួលការកាត់ស្បែកនៅថ្ងៃសប្ប័ទ ដូច្នេះគាត់បានធ្វើខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំធ្វើឲ្យបុរសម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ? 24 កុំវិនិច្ឆ័យតាមលក្ខណៈខាងក្រៅ ប៉ុន្តែចូរវិនិច្ឆ័យដោយសុចរិតវិញ»។ 25 មានអ្នកខ្លះនៅក្នុងចំណោមពួកគេមកពីក្រុងយេរ៉ូសាឡិមនិយាយថា៖ «តើលោកម្នាក់នេះមែនទេ ដែលគេស្វែងរកចង់សម្លាប់នោះ? 26 មើល គាត់និយាយនៅទីសាធារណៈ ហើយពួកគេមិនបាននិយាយអ្វីទៅកាន់គាត់ឡើយ។ វាមិនអាចទៅជាបែបនឹងបានទេ អ្នកគ្រប់គ្រងប្រាកដជាដឹងថា លោកនេះគឺជាព្រះគ្រិស្តហើយ តើអាចទេ? 27 ប៉ុន្តែ យើងដឹងថាលោកនេះមកពីណា។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គមកពីណាទេ»។ 28 ពេលនោះ ព្រះយេស៊ូស្រែកបង្រៀននៅក្នុងព្រះវិហារខ្លាំងៗ ដោយមានបន្ទូលថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណា។ ខ្ញុំមិនបានមកដោយខ្លួនឯងទេ ប៉ុន្តែ ព្រះអង្គទេដែលចាត់ខ្ញុំឲ្យមកពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ 29 ខ្ញុំស្គាល់ព្រះអង្គ ដោយសារខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គចាត់ខ្ញុំមក»។ 30 ពួកគេព្យាយាមចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មាននរណាអាចចាប់ព្រះអង្គបានទេ ដោយសារពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយទេ។ 31 ប៉ុន្តែ មានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយនិយាយថា៖ «នៅពេលព្រះគ្រិស្តយាងមក ព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងបុរសម្នាក់នេះបានធ្វើ? 32 ពួកផារីស៊ីបានឮហ្វូងមនុស្សនិយាយខ្សិបខ្សួរគ្នាការទាំងនេះអំពីព្រះយេស៊ូ ហើយនាយកបូជាចារ្យ និងពួកផារីស៊ីបានចាត់មន្រ្តីទៅចាប់ព្រះអង្គ។ 33 បន្ទាប់មកព្រះយេស៊ូមានបន្ទូលថា​៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ។ 34 អ្នករាល់គ្នានឹងស្វែងរកខ្ញុំ តែអ្នករាល់គ្នារកខ្ញុំមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបានទេ»។ 35 ដូច្នេះ ពួកយូដាបាននិយាយក្នុងចំណោមពួកគេថា៖ «តើបុរសម្នាក់នេះនឹងទៅណា ដែលយើងមិនអាចទៅរកគាត់ឃើញ? តើគាត់នឹងខ្ចាត់ខ្ចាយនៅក្នុងចំណោមពួកក្រិក ហើយបង្រៀនដល់ពួកក្រិកដែរ? 36 តើពាក្យដែលគាត់និយាយថា៖ «អ្នកនឹងស្វែងរកខ្ញុំ តែរកកន្លែងដែលខ្ញុំទៅ មិនឃើញ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានទេ»។ 37 ឥឡូវនេះ ដល់ថ្ងៃចុងក្រោយ នៃពិធីបុណ្យដ៏ធំហើយ ព្រះយេស៊ូបានឈរឡើង ហើយស្រែកឮៗ ថា៖ «ប្រសិនបើ អ្នកណាម្នាក់ស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ។ 38 អ្នកណាដែលជឿលើខ្ញុំ ដូចដែលបទគម្ពីរបានចែងថា ទន្លេទឹករស់នឹងហូរចេញពីពោះរបស់គាត់មក»។ 39 ប៉ុន្តែព្រះអង្គមានបន្ទូលការនេះអំពីព្រះវិញ្ញាណទេ ដែលអស់អ្នកណាដែលបានជឿលើព្រះអង្គហើយ នឹងបានទទួលព្រះវិញ្ញាណដែលមិនទាន់បានប្រទានមកនៅឡើយទេ ដោយសារព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងនៅឡើយ។ 40 មានខ្លះនៅក្នុងចំណោមហ្វូងមនុស្ស នៅពេលពួកគេឮពាក្យទាំងនេះ ពួកគេនិយាយថា៖ «លោកនេះគឺជាព្យាការីពិតប្រាកដមែន»។ 41 ហើយអ្នកខ្លះទៀតនិយាយថា៖ «អ្នកនេះគឺជាព្រះគ្រិស្ត»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «តើព្រះគ្រិស្តមកពីកាលីឡេ? 42 តើបទគម្ពីរមិនបានចែងថា៖ «ព្រះគ្រិស្តនឹងមកពីបេថ្លេហិម តាមពូជពង្សរបស់ព្រះបាទដាវីឌ ជាភូមិដែលព្រះបាទដាវីឌបានកើតមកទេឬអី?»។ 43 ដូច្នេះក៏កើតមានការបែកបាក់នៅក្នុងចំណោមហ្វូងមនុស្សដោយសារព្រះអង្គ។ 44 អ្នកខ្លះនៅក្នុងចំណោមពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាអាចចាប់ព្រះអង្គបានទេ។ 45 បន្ទាប់មកពួកមន្ត្រីបានត្រឡប់ទៅឯនាយកបូជាចារ្យ និងពួកផារីស៊ីវិញ ជាអ្នកដែលនិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីបានជាមិនចាប់គាត់មក?» 46 ពួកមន្ត្រីឆ្លើយថា៖ «គ្មាននរណាអាចនិយាយដូចគាត់ទេ»។ 47 ដូច្នេះ ពួកផារីស៊ីឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាក៏ត្រូវបានគេបោកប្រាសដែរមែនទេ? 48 តើមានមេដឹកនាំឬពួកផារីស៊ីណាបានជឿដល់គាត់ទេ? 49 ប៉ុន្តែហ្វូងមនុស្សដែលមិនស្គាល់ក្រឹត្យវិន័យនេះ ពួកគេត្រូវបណ្តាសារហើយ។ 50 លោកនីកូដេម (ម្នាក់ក្នុងចំណោមពួកផារីស៊ី ដែលបានមករកព្រះអង្គកាលពីមុន) មានប្រសាសន៍ទៅពួកគេថា៖ 51 «តើក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិនិច្ឆ័យមនុស្សមុនពេលអ្នកបានឮលោក និងបានដឹងនូវអ្វីដែលលោកបានធ្វើឬ? 52 ពួកគេឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើអ្នកក៏មកពីកាលីឡេដែរមែនទេ? ចូរស្វែងរកហើយមើល គ្មានព្យាការីណាមកពីកាលីឡេទេ»។ 53 បន្ទាប់មក មនុស្សគ្រប់គ្នាបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។


ជំពូក 8

1 ព្រះយេស៊ូបានយាងឡើងទៅឯភ្នំអូលីវ។ 2 លុះដល់ពេលព្រឹកព្រលឹម ព្រះអង្គបានយាងមកព្រះវិហារម្តងទៀត ហើយមនុស្សទាំងអស់បានមក ព្រះអង្គក៏គង់ចុះ ហើយបានបង្រៀនដល់ពួកគេ។ 3 ពួកស្គាល់ច្បាស់ខាងវិន័យ និងពួកផារីស៊ីបាននាំស្រ្តីដែលគេចាប់បានម្នាក់ដោយសារការព្រឹត្តអំពើកំផិតសាហាស្មន់។​ ពួកគេបានដាក់នាងចំកណ្តាល។ 4 បន្ទាប់មក ពួកគេបាននិយាយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ស្រ្ដីម្នាក់នេះ គេចាប់បានក្នុងពេលដែលប្រព្រឹត្តអំពើកំផិតសាហាយស្មន់។ 5 ឥឡូវនេះ នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្គាប់ឲ្យយើងចោលមនុស្សបែបនេះនឹងដុំថ្ម តើលោកគ្រូ យល់យ៉ាងណាដែរ?» 6 ពួកគេនិយាយយ៉ាងដូច្នេះ ដើម្បីចាប់ព្រះអង្គ ធ្វើដូច្នេះ ដើម្បីឲ្យពួកគេមានអ្វីមួយដើម្បីចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូបានឱនចុះ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គ។ 7 នៅពេលពួកគេបន្តសួរសំណួរព្រះអង្គជាច្រើន ព្រះអង្គក៏ក្រោកឈរឡើង​ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «បើមាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាដែលគ្មានបាប ចូរឲ្យអ្នកនោះចោលនាងនឹងដុំថ្មមុនគេទៅ!»។ 8 រួចព្រះអង្គក៏អង្គុយចុះវិញ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គម្តងទៀត។ 9 នៅពេលពួកគេឮដូច្នេោះ ពួកគេបានចេញពីទីនោះម្នាក់ម្ដងៗ ចាប់ផ្តើមពីមនុស្សចាស់ជាងគេបំផុត។ ទីបំផុត នៅសល់តែព្រះអង្គ នៅជាមួយនាងដែលគេយកមកដាក់នៅចំកណ្តាលនោះ។ 10 ព្រះយេស៊ូបានក្រោកឈរឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ តើអ្នកចោទប្រកាន់នាងទៅណាអស់ហើយ? តើមាននរណាម្នាក់ដាក់ទោសនាងទេ? 11 នាងទូលតបថា៖ «អត់មានទេ ព្រះអម្ចាស់»។ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ។ ទៅចុះ ហើយកុំធ្វើបាបទៀត»។ 12 ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតដោយមានបន្ទូលថា៖ «ខ្ញុំជាពន្លឺនៃលោកីយ៍ អ្នកណាដែលដើរតាមខ្ញុំនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ ប៉ុន្តែ នឹងមានពន្លឺនៃជីវិតវិញ។ 13 ពួកផារីស៊ីនិយាយទៅកាន់ព្រះអង្គថា៖ «អ្នកធ្វើបន្ទាល់ពីខ្លួនឯង ទីបន្ទាល់របស់អ្នកមិនពិតទេ»។ 14 ព្រះយេស៊ូមានបន្ទូលឆ្លើយ ហើយមានបន្ទូលថា៖ «ទោះបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំក្តី ទីបន្ទាល់របស់ខ្ញុំជាសេចក្តីពិត។ ខ្ញុំដឹងថាខ្ញុំមកពីណា ហើយខ្ញុំកំពុងទៅណា ប៉ុន្តែ អ្នករាល់គ្នាមិនដឹងថា ខ្ញុំមកពីណា ឬខ្ញុំកំពុងទៅណាទេ។ 15 អ្នករាល់គ្នាវិនិច្ឆ័យខ្ញុំតាមរបៀបសាច់ឈាម តែខ្ញុំមិនវិនិច្ឆ័យនរណាម្នាក់ឡើយ។ 16 ប៉ុន្តែ ប្រសិនបើ ខ្ញុំវិនិច្ឆ័យវិញ សេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺជាសេចក្តីពិត ព្រោះខ្ញុំមិនមែនមានតែម្នាក់ឯង ប៉ុន្តែ ខ្ញុំនៅជាមួយព្រះបិតាដែលចាត់ខ្ញុំឲ្យមក។ 17 ពិតណាស់ នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា បានចែងថា ទីបន្ទាល់ដែលមានគ្នាពីរនាក់ឡើងទៅជាសេចក្តីពិត។ 18 ខ្ញុំគឺជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់ពីខ្ញុំដែរ»។ 19 ពួកគេទូលទៅកាន់ព្រះអង្គថា៖ «ព្រះបិតារបស់លោកនៅឯណា?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតាដែរ ប្រសិនបើ អ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ»។ 20 ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះ ក្នុងការដែលព្រះអង្គបង្រៀននៅជិតឃ្លាំងក្នុងព្រះវិហារ ហើយគ្មាននរណាអាចចាប់ព្រះអង្គបានទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់ទេ។ 21 ដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំនឹងទៅឆ្ងាយ អ្នកនឹងស្វែងរកខ្ញុំ ហើយនឹងស្លាប់នៅក្នុងបាបរបស់អ្នករាល់គ្នា។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។ 22 ពួកយូដានិយាយថា៖ «គាត់នឹងសម្លាប់ខ្លួនឯងមែនទេ? ហេតុដូច្នេះ បានជាគាត់និយាយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបាន?»។ 23 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នានៅខាងក្រោម ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់លោកីយ៍​នេះ ខ្ញុំវិញមិនមែនរបស់លោកីយ៍នេះទេ។ 24 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។ 25 ដូច្នេះហើយ បានជាពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកជានរណា?» ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេថា៖ «អ្វីដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាតាំងពីដំបូង។ 26 ខ្ញុំមានការជាច្រើនត្រូវនិយាយ ហើយវិនិច្ឆ័យអ្នករាល់គ្នា។ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកជាសេចក្តីពិត ហើយការអ្វីដែលខ្ញុំបានឮពីព្រះអង្គ ការទាំងនេះហើយ ខ្ញុំនិយាយទៅកាន់លោកីយ៍»។ 27 ពួកគេមិនយល់ថាព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេអំពីព្រះបិតាទេ។ 28 ព្រះយេស៊ូមានបន្ទូលថា៖ «នៅពេលដែលអ្នករាល់គ្នាលើកតម្កើងបុត្រមនុស្សឡើង នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំគឺជាព្រះ ហើយដឹងថា ខ្ញុំធ្វើអ្វីៗមិនមែនចេញពីខ្លួនខ្ញុំទេ។ បើព្រះបិតាបង្រៀនអ្វីដល់ខ្ញុំ ខ្ញុំនិយាយការទាំងនោះ។ 29 ព្រះអង្គដែលចាត់ខ្ញុំមក ព្រះអង្គគង់នៅជាមួយខ្ញុំ ហើយព្រះអង្គមិនទុកខ្ញុំចោលឲ្យនៅម្នាក់ឯងឡើយ ព្រោះខ្ញុំតែងតែធ្វើអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះអង្គជានិច្ច»។ 30 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ មនុស្សជាច្រើនបានជឿលើព្រះអង្គ។ 31 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកយូដាដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងពាក្យខ្ញុំ ដូច្នេះ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។ 32 ហើយអ្នកនឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ 33 ពួកគេឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងគឺជាពូជពង្សរបស់លោកអប្រាហាំ ហើយយើងមិនដែលធ្លាប់ធ្វើជាទាសកររបស់នរណាម្នាក់ទេ តើអ្នកអាចនិយាយថា អ្នកនឹងរំដោះយើងឲ្យមានសេរីភាពដូចម្តេចនឹងកើត?» 34 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សគ្រប់គ្នាដែលធ្វើបាប គឺជាទាសកររបស់បាប។ 35 ទាសករមិននៅជាប់ក្នុងផ្ទះរហូតទេ ប៉ុន្តែ កូនទេដែលនៅជាប់ជារៀងរហូត។ 36 ដូច្នេះហើយ ប្រសិនបើ កូននោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នកនឹងមានសេរីភាពជាប្រាកដ។ 37 ខ្ញុំនឹងថា អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ អ្នករាល់គ្នាស្វែងរកចង់សម្លាប់ខ្ញុំ ដោយសារពាក្យរបស់ខ្ញុំមិននៅក្នុងអ្នករាល់គ្នាទេ។ 38 ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃើញព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើអ្វីតាមដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នាដែរ»។ 39 ពួកគេឆ្លើយ និងទូលទៅកាន់ព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នករាល់គ្នាជាកូនរ​បស់លោកអប្រាហាំមែន អ្នកនឹងធ្វើការរបស់លោកអប្រាហាំដែរ។ 40 ផ្ទុយទៅវិញ អ្នកបែរជាស្វែងរកចង់សម្លាប់ខ្ញុំវិញ គឺជាម្នាក់ដែលនិយាយប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់មក។ លោកអប្រាហាំមិនបានធ្វើការនេះទេ។ 41 អ្នករាល់គ្នាមិនបានធ្វើការរបស់ឪពុកអ្នករាល់គ្នាឡើយ»។ ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «យើងមិនបានកើតពីអំពើបាបអសីលធម៌ខាងផ្លូវភេទឡើយ យើងមានឪពុកតែមួយគឺ ព្រះជាម្ចាស់»។ 42 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ ព្រះជាម្ចាស់ជាព្រះបិតារបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិត ខ្ញុំបានមកពីព្រះជាម្ចាស់ ហើយខ្ញុំនៅទីនេះហើយ ព្រោះខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះអង្គទេ ដែលចាត់ខ្ញុំឲ្យមក។ 43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យខ្ញុំ? នោះគឺដោយសារអ្នករាល់គ្នាមិនអាចឮពាក្យរបស់ខ្ញុំ។ 44 អ្នករាល់គ្នាកើតចេញពីឪពុករបស់អ្នករាល់គ្នា គឺជាមារ ហើយអ្នករាល់គ្នាធ្វើដែលអ្នករាល់គ្នាចង់ធ្វើគឺធ្វើតាមបំណងចិត្តឪពុករបស់អ្នករាល់គ្នា។ ឪពុករបស់អ្នករាល់គ្នាគឺជាឃាតករតាំងពីដំបូង ហើយមិនបានឈរនៅក្នុងសេចក្តីពិតទេ ដោយសារគ្មានសេចក្តីពិតនៅក្នុងគាត់ទេ។ នៅពេលដែលគាត់និយាយកុហក គាត់និយាយចេញពីនិស្ស័យរបស់គាត់ផ្ទាល់ ព្រោះគាត់គឺជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ 45 ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿដល់ខ្ញុំ។​ 46 តើអ្នកណាក្នុងចំណោមអ្នករាល់គ្នា អាចបង្ហាញដល់ខ្ញុំបានទេ ពីបាបរបស់ខ្ញុំ? ប្រសិនបើ ខ្ញុំនិយាយសេចក្តីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? 47 អ្នកដែលកើតមកពីព្រះជាម្ចាស់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសារអ្នករាល់គ្នាមិនកើតមកពីព្រះជាម្ចាស់។ 48 ពួកយូដាឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើយើងពិតជាបាននិយាយថា អ្នកគឺជាសាសន៍សាម៉ារី ហើយមានវិញ្ញាណអាក្រក់មែន?» 49 ព្រះយេស៊ូឆ្លើយថា៖ «ខ្ញុំគ្មានវិញ្ញាណអាក្រក់ទេ ប៉ុន្តែ ខ្ញុំគោរពព្រះបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនបានគោរពដល់ខ្ញុំទេ។ 50 ខ្ញុំមិនបានស្វែករកសិរីល្អរបស់ខ្ញុំទេ មានព្រះមួយអង្គដែលស្វែងរក ហើយវិនិច្ឆ័យ។ 51 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនឃើញសេចក្តីស្លាប់ឡើយ»។ 52 ពួកយូដាទូលទៅកាន់ព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានវិញ្ញាណអាក្រក់មែន។ លោកអប្រាហាំ និងពួកព្យាការីបានស្លាប់ហើយ ប៉ុន្តែ អ្នកនិយាយថា៖ «ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្គាល់សេចក្តីស្លាប់ឡើយ។ 53 អ្នកមិនធំជាងលោកអប្រាហាំជាឪពុករបស់យើយដែលបានស្លាប់ទៅទេ តើមែនទេ? ពួកព្យាការីក៏បានស្លាប់ដែរ។ តើអ្នកតាំងខ្លួនអ្នកជានរណា? 54 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ប្រសិនបើ ខ្ញុំតម្កើងខ្លួនឯង សិរីល្អរបស់ខ្ញុំនោះគ្មានន័យអ្វីទេ ព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ តែចំពោះព្រះអង្គដែលអ្នករាល់គ្នានិយាយថា៖ «ទ្រង់គឺជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។ 55 អ្នករាល់គ្នាមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើ ខ្ញុំអាចនិយាយថា៖ «ខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំក៏ដូចជាអ្នករាល់គ្នាដែរ ជាមនុស្សកុហក»។ ប៉ុន្តែ ខ្ញុំបានស្គាល់ព្រះអង្គ ហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ 56 លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នា មានអំណរនឹងក្នុងការឃើញថ្ងៃរបស់ខ្ញុំ គាត់បានឃើញ ហើយគាត់ក៏មានអំណរដែរ»។ 57 ពួកយូដាបានទូលទៅកាន់ព្រះអង្គថា៖ «អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកបានឃើញអប្រាហាំដូចម្តេចកើត?» 58 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនលោកអប្រាហាំ ខ្ញុំជាព្រះរួចទៅហើយ»។ 59 ពួកគេបានរើសដុំថ្ម ចោលទៅកាន់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូបានលាក់ខ្លួនព្រះអង្គ ហើយចេញពីព្រះវិហារបាត់ទៅ។


ជំពូក 9

1 ក្នុងកាលដែលព្រះយេស៊ូយាងកាត់ផ្លូវ ព្រះអង្គទតឃើញបុរសពិការភ្នែកម្នាក់តាំងពីកំណើត។ 2 ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គថា៖ «រ៉ាប៊ី តើនរណាបានធ្វើបាប បុរសនេះ ឬឪពុកម្តាយរបស់គាត់ បានជាធ្វើឲ្យគាត់ពិការភ្នែកតាំងពីកំណើតយ៉ាងនេះ?»។ 3 ព្រះយេស៊ូឆ្លើយថា៖ «មិនមែនបុរសនេះ ឬឪពុកម្តាយរបស់គាត់ធ្វើបាបទេ ប៉ុន្តែ គាត់ពិការភ្នែកដូច្នេះ ដើម្បីឲ្យព្រះបង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។ 4 យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកទាន់នៅពេលថ្ងៃនៅឡើយ។ ពេលយប់ជិតមកដល់ហើយ នៅពេលដែលគ្មាននរណាម្នាក់មិនអាចធ្វើការបាន។ 5 ក្នុងពេលដែលខ្ញុំនៅក្នុងពិភពលោកនេះនៅឡើយ ខ្ញុំគឺជាពន្លឺនៃលោកីយ៍»។ 6 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ ព្រះអង្គបានស្តោះទឹកមាត់ទៅដី យកទឹកមាត់ធ្វើជាភក់ ហើយលាបភក់នោះនៅលើភ្នែករបស់គាត់។ 7 ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងនៅក្នុងស្រះទឹកស៊ីឡោម (ដែលប្រែថា ចាត់ឲ្យទៅ)»។ បុរសនោះក៏ចេញទៅ បានលាង ហើយបានត្រឡប់មកវិញទាំងមើលឃើញ។ 8 បន្ទាប់មក អ្នកជិតខាងរបស់បុរសនោះ និងអស់អ្នកដែលធ្លាប់បានឃើញគាត់ ដែលធ្លាប់ជាអ្នកសុំទានពីមុន បាននិយាយថា៖ «តើបុរសនេះ មិនមែនជាម្នាក់ដែលធ្លាប់អង្គុយ ហើយសុំទានទេឬអី?» 9 អ្នកខ្លះនិយាយថា៖ «គឺគាត់និងហើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មិនមែនទេ ប៉ុន្តែ គាត់គ្រាន់តែដូចអ្នកនោះប៉ុណ្ណោះ»។ ប៉ុន្តែ បុរសនោះនិយាយថា៖ «គឺខ្ញុំនិងហើយ»។ 10 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើភ្នែករបស់អ្នកអាចមើលឃើញយ៉ាងដូចម្តេច?» 11 គាត់បានឆ្លើយថា៖ «បុរសម្នាក់ដែលគេហៅថា យេស៊ូបានយកភក់ ហើយបានយកវាមកដាក់លាបនៅលើភ្នែករបស់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រះទឹកស៊ីឡោម ហើយលាងទៅ»។ ដូច្នេះ ខ្ញុំក៏ទៅ ហើយបានលាងទឹក ភ្នែករបស់ខ្ញុំក៏ភ្លឺឡើង»។ 12 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់នៅឯណា?» គាត់បានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។ 13 ពួកគេបាននាំបុរសម្នាក់ដែលខ្វាក់ពីមុននោះទៅជួបពួកផារីស៊ី។ 14 នៅថ្ងៃដែលព្រះយេស៊ូបានយកភក់ ហើយធ្វើឲ្យភ្នែកអ្នកពិការនោះភ្លឺគឺជាថ្ងៃសប្ប័ទ។ 15 ហើយពួកផារីស៊ីបានសួរគាត់ម្តងទៀត ពីការដែលភ្នែករបស់គាត់ភ្លឺឡើងនោះ។ គាត់និយាយទៅកាន់ពួកគេថា «គាត់យកភក់មកដាក់លើភ្នែករបស់ខ្ញុំ ហើយខ្ញុំក៏ទៅលាង នៅពេលឥឡូវនេះ ខ្ញុំអាចមើលឃើញ»។ 16 ពួកផារីស៊ីខ្លះបាននិយាយថា៖ «បុរសនេះមិនមែនមកពីព្រះជាម្ចាស់ទេ ព្រោះគាត់មិនបានគោរពតាមថ្ងៃសប្ប័ទ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «បើបុរសនេះជាមនុស្សមានបាបមែន តើគាត់អាចធ្វើទីសម្គាល់ផ្សេងៗដូចម្តេចកើត?» ដូច្នេះ ក៏មានជម្លោះកើតឡើងនៅក្នុងចំណោមពួកគេ។ 17 ដូច្នេះ ពួកគេបានសួរទៅបុរសពិការភ្នែកម្តងទៀតថា៖ «តើអ្នកគិតថាអ្នកនោះជានរណា នៅពេលដែលអ្នកនោះបានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺ?»។ បុរសពិការភ្នែកនោះនិយាយថា៖ «គាត់ជាព្យាការី»។ 18 ហើយពួកគេយូដានៅតែមិនជឿគាត់ថា គាត់ពិការ ហើយអាចមើលឃើញឡើង ទាល់តែគេហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនេះមក។ 19 ពួកគេបានសួរទៅឪពុកម្តាយថា៖ «តើនេះគឺជាកូនរបស់ពួកអ្នក ដែលអ្នកនិយាយថាជាអ្នកពិការភ្នែកតាំងពីកំណើតមែនទេ? តើឥឡូវនេះ គាត់បានមើលឃើញវិញយ៉ាងដូចម្តេច?» 20 ដូច្នេះ ឪពុកម្តាយរបស់គាត់បានឆ្លើយទៅពួកគេវិញថា៖ «យើងដឹងថា នេះគឺជាកូនរបស់យើងខ្ញុំ ហើយថាគាត់បានពិការតាំងពីកំណើតមកមែន។ 21 ពីការដែលគាត់មើលឃើញឥឡូវនេះ យើងខ្ញុំមិនដឹងទេ ហើយអ្នកណាបានធ្វើឲ្យភ្នែករបស់គាត់បានភ្លឺ ក៏យើងមិនដឹងដែរ។ សូមសួរគាត់ទៅ គឺគាត់ពេញវ័យហើយ។ គាត់អាចឆ្លើយបាន»។ 22 ឪពុកម្តាយរបស់គាត់បាននិយាយការទាំងនេះ ដោយសារពួកគាត់ភ័យខ្លាចនឹងសាសន៍យូដា។ ដ្បិតសាសន៍យូដាបានព្រមព្រៀងគ្នារួចស្រេចហើយថា ប្រសិនបើនរណាប្រកាសពីព្រះអង្គថាជាព្រះគ្រិស្ត ពួកគេនឹងត្រូវបណ្តេញចេញពីសាលាប្រជុំ។ 23 ដោយហេតុនេះហើយ ឪពុកម្តាយរបស់គាត់បាននិយាយថា៖ «គាត់ពេញវ័យហើយ សួរគាត់ទៅ»។ 24 ដូច្នេះ ពួកគេបានហៅបុរសដែលពិការភ្នែកនោះមកជាលើកទីពីរ ហើយនិយាយទៅគាត់ថា៖ «ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ យើងដឹងថា បុរសម្នាក់នេះជាមនុស្សមានបាប»។ 25 បន្ទាប់មក បុរសនោះបានឆ្លើយថា៖ «ខ្ញុំអត់ដឹងទេ ថាគាត់ជាមនុស្សមានបាបមែនឬយ៉ាងណា។ ប៉ុន្តែ ការមួយដែលខ្ញុំដឹងគឺ ពីមុនខ្ញុំពិការ ហើយឥឡូវខ្ញុំមើលឃើញហើយ»។ 26 ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់បានធ្វើអ្វីដល់អ្នក? តើគាត់បានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺយ៉ាងដូចម្តេច?» 27 គាត់ឆ្លើយថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ តែអស់លោកមិនព្រមស្តាប់ ហេតុអ្វីបានជាអស់លោកចង់ឮវាម្តងទៀត? 28 ក្រែងអស់លោកមិនចង់ធ្វើជាសិស្សរបស់គាត់ តើមែនទេ? ពួកគេក៏ប្រមាថគាត់ ហើយនិយាយទៅគាត់ថា៖ «តើអ្នកជាសិស្សរបស់គាត់មែនទេ ប៉ុន្តែ យើងជាសិស្សរបស់លោកម៉ូសេ។ 29 យើងដឹងថាព្រះជាម្ចាស់បានមានបន្ទូលជាមួយនឹងលោកម៉ូសេ ប៉ុន្តែ យើងមិនដឹងថា លោកម្នាក់នេះមកពីណាទេ»។ 30 បុរសនោះបានឆ្លើយ ហើយនិយាយទៅកាន់ពួកគេថា៖ «គួរឲ្យអស្ចារ្យណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណាទេ ប៉ុន្តែគាត់បានធ្វើឲ្យភ្នែករបស់ខ្ញុំភ្លឺ។ 31 យើងដឹងថាព្រះជាម្ចាស់មិនស្តាប់មនុស្សមានបាប ប៉ុន្តែ ប្រសិនបើ នរណាម្នាក់កោតខ្លាច ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងស្តាប់គាត់។ 32 តាំងពីលោកីយ៍បានកើតមក មិនដែលបានឮនរណាម្នាក់ធ្វើឲ្យភ្នែករបស់បុរសដែលពិការតាំងពីកំណើតភ្លឺឡើងវិញទេ។ 33 ប្រសិនបើ បុរសនេះមិនបានមកពីព្រះជាម្ចាស់ លោកនឹងមិនអាចធ្វើអ្វីបានទាំងអស់។ 34 ពួកគេឆ្លើយហើយនិយាយទៅកាន់គាត់ថា៖ «អ្នកកើតមកនៅក្នុងអំពើបាបពិតប្រាកដមែន ហើយអ្នកមកបង្រៀនយើងមែនទេ?» បន្ទាប់មក ពួកគេបានបណ្ដេញគាត់ចេញទៅក្រៅ។ 35 ព្រះយេស៊ូបានឮថា ពួកគេបានបណ្តេញគាត់ចេញក្រៅពីសាលាប្រជុំ។ ព្រះអង្គបានទៅជួបគាត់ ហើយមានបន្ទូលថា៖ «តើអ្នកជឿលើបុត្ររបស់មនុស្សទេ?» 36 គាត់ឆ្លើយ ហើយនិយាយថា៖ «លោកម្ចាស់អើយ​ តើព្រះអង្គជានរណា? ដើម្បីឲ្យខ្ញុំបានជឿដល់ព្រះអង្គផង»។ 37 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញព្រះអង្គហើយ ហើយព្រះអង្គគឺជាព្រះដែលកំពុងតែមានបន្ទូលមកកាន់អ្នកហើយ»។ 38 បុរសនោះនិយាយថា៖ «ព្រះអម្ចាស់អើយ ខ្ញុំជឿព្រះអង្គហើយ» ហើយគាត់ក៏ថ្វាយបង្គំព្រះអង្គ។ 39 ព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិត ខ្ញុំបានមកលោកីយ៍នេះ ដើម្បីជំនុំជម្រះ ដូច្នេះ អ្នកណាដែលមិនបានឃើញ ឲ្យបានឃើញ ហើយអ្នកដែលបានឃើញត្រឡប់ទៅជាមើលមិនឃើញវិញ»។ 40 មានពួកផារីស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮការទាំងនេះ ហើយពួកគេបានសួរព្រះអង្គថា៖ «តើយើងក៏មើលមិនឃើញដែរមែនទេ?» 41 ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នកមើលមិនឃើញមែន នោះអ្នកអាចគ្មានបាប ប៉ុន្តែ ឥឡូវនេះ អ្នកនិយាយថា៖ «យើងមើលឃើញ» ដូច្នេះ អ្នកនៅតែមានបាបដដែលទេ។


ជំពូក 10

1 «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមិនចូលទៅតាមទ្វារទៅក្នុងក្រោលចៀម ប៉ុន្តែ បែរជាចូលតាមផ្លូវផ្សេង អ្នកនោះគឺជាចោរលួច ឬជាចោរប្លន់។ 2 អស់អ្នកណាដែលចូលតាមទ្វារគឺជាអ្នកគង្វាលរបស់ចៀម។ 3 អ្នកឆ្មាំទ្វារនឹងបើកទ្វារឲ្យគាត់។ ចៀមឮសម្លេងរបស់គាត់ ហើយគាត់ហៅឈ្មោះចៀមរបស់គាត់តាមឈ្មោះ ហើយនាំពួកវាចេញទៅ។ 4 នៅពេលគាត់បាននាំចៀមរបស់គាត់ទាំងអស់ចេញក្រៅហើយ គាត់ក៏នាំមុខពួកវា ហើយចៀមដើរនឹងតាមគាត់ ព្រោះពួកវាស្គាល់សម្លេងរបស់គាត់។ 5 ពួកវាមិនដើរតាមមនុស្សចំឡែកទេ ប៉ុន្តែពួកវានឹងគេចពីគេវិញ ដ្បិតពួកវាមិនស្គាល់សម្លេងរបស់មនុស្សចំឡែកនោះទេ»។ 6 ព្រះយេស៊ូមានបន្ទូលជាប្រស្នានេះទៅកាន់ពួកគេ ប៉ុន្តែពួកគេមិនយល់ការទាំងនេះដែលព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេនោះទេ។ 7 បន្ទាប់មក ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំគឺជាទ្វារនៃចៀម។ 8 អស់អ្្នកដែលមកមុនខ្ញុំគឺជាចោរលួច និងចោរប្លន់ ប៉ុន្តែចៀមមិនស្តាប់តាមពួកគេទេ។ 9 ខ្ញុំជាទ្វារ។ ប្រសិនបើ នរណាចូលតាមខ្ញុំ អ្នកណានោះនឹងបានសង្គ្រោះ អ្នកនោះនឹងចូល ហើយចេញ ហើយនិងស្វែងរកវាលស្មៅ។ 10 ចោរមិនមកទេ ប្រសិនបើ វាមិនលួច សម្លាប់ និងបំផ្លាញនោះ។ ខ្ញុំមក ដើម្បីឲ្យមនុស្សមានជីវិត និងមានជីវិតដែលពេញបរិបូរណ៌ផង។ 11 ខ្ញុំជាអ្នកគង្វាលល្អ។ អ្នកគង្វាលល្អគឺលះបង់ជីវិតដើម្បីចៀម។ 12 អ្នកបម្រើដែលត្រូវបានជួលដោយប្រាក់មិនមែនជាអ្នកគង្វាលទេ ហើយក៏មិនមែនជាម្ចាស់ចៀមដែរ។ ពេលអ្នកនោះឃើញ ឆ្កែចចកមក គេនឹងបោះបង់ចៀមចោល ហើយរត់គេចបាត់ ដូច្នេះ​ ឆ្កែចចកក៏ចាប់យកពួកវា ហើយធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ។ 13 គាត់រត់បាត់ ដោយសារគាត់ជាអ្នកបម្រើដែលជួល ហើយមិនបាននៅការពារចៀមនោះទេ។ 14 ខ្ញុំជាអ្នកគង្វាលល្អ ហើយខ្ញុំស្គាល់ចៀមខ្ញុំ ហើយចៀមខ្ញុំក៏ស្គាល់ខ្ញុំដែរ។ 15 ព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតា ហើយខ្ញុំលះបង់ជីវិតខ្ញុំដើម្បីចៀម។ 16 ខ្ញុំមានចៀមផ្សេងទៀត ដែលមិននៅក្នុងក្រោលចៀម។ ខ្ញុំត្រូវតែនាំពួកវាផងដែរ ហើយពួកវានឹងឮសម្លេងខ្ញុំ ដូច្នេះ នឹងមានហ្វូងសត្វតែមួយ និងហ្វូងចៀមតែមួយ។ 17 ហេតុដូច្នេះហើយ បានជាព្រះបិតាស្រឡាញ់ខ្ញុំៈ «ខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានវាត្រឡប់មកវិញម្តងទៀត។ 18 គ្មាននរណាអាចយកវាពីខ្ញុំបានទេ ប៉ុន្តែ ខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនឯង។ ខ្ញុំមានសិទ្ធិអំណាចក្នុងការលះបង់ជីវិត ហើយខ្ញុំក៏មានសិទ្ធិអំណាចក្នុងការយកវាមកវិញម្តងទៀតដែរ។ ខ្ញុំបានទទួលសេចក្តីបង្គាប់នេះ ពីព្រះបិតាខ្ញុំមក»។ 19 ការបាក់បែកបានកើតឡើងម្តងទៀតនៅក្នុងចំណោមពួកសាសន៍យូដាដោយសារពាក្យទាំងនេះ។ 20 ពួកគេជាច្រើននិយាយថា៖ «គាត់មានអារក្ស ហើយឆ្កួតទៀត។ ហេតុអ្វីបានជាអ្នករាល់គ្នាស្តាប់វា?»។ 21 ហើយអ្នកខ្លះទៀតនិយាយថា៖ «សម្ដីទាំងនេះ មិនមែនដោយសារអារក្សចូលមនុស្សទេ។ តើអារក្សអាចធ្វើឲ្យភ្នែកពិការភ្លឺដែរទេ?» 22 បន្ទាប់មក ជាពេលវេលាសម្រាប់ធ្វើពិធីបុណ្យឆ្លងព្រះវិហារនៅក្នុងយេរ៉ូសាឡិម។ 23 វាជារដូវរងា ហើយព្រះយេស៊ូបានយាងឡើងចូលទៅក្នុងព្រះវិហារនៅត្រង់សាលាដំណាក់សាឡូម៉ូន។ 24 នោះពួកសាសន៍យូដាបានមកជុំវិញព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកឲ្យយើងមានការសង្ស័យដល់កាលណាទៀត? ប្រសិនបើ លោកជាព្រះគ្រិស្តមែន ចូលប្រាប់យើងជាសាធារណៈមក»។ 25 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ។ កិច្ចការទាំងនះគឺខ្ញុំធ្វើ នៅក្នុងនាមព្រះបិតាខ្ញុំ បានធ្វើបន្ទាល់ពីខ្ញុំហើយ។ 26 ប៉ុន្តែ អ្នករាល់គ្នានៅតែមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមខ្ញុំ។ 27 ចៀមខ្ញុំស្តាប់សម្លេងខ្ញុំ ហើយខ្ញុំស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំ។ 28 ខ្ញុំនឹងផ្តល់ឲ្យពួកវាមានជីវិតអស់កល្បជានិច្ច ពួកវានឹងមិនស្លាប់ឡើយ ហើយគ្មាននរណាឆក់យកពួកវាចេញពីដៃខ្ញុំបានដែរ។ 29 ព្រះបិតាខ្ញុំ ជាអ្នកប្រទានពួកវាមកខ្ញុំ ព្រះអង្គធំជាងអ្នកផ្សេងទាំងអស់ ហើយគ្មាននរណាអាចឆក់យកពួកវាចេញពីព្រះហស្តរបស់ព្រះបិតាបានឡើយ។ 30 ខ្ញុំ និងព្រះបិតាគឺតែមួយ។ 31 ក្រោយមក ពួកយូដាបានយកដុំថ្ម ចោលព្រះអង្គម្តងទៀត។ 32 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ខ្ញុំបានបង្ហាញការល្អជាច្រើនពីព្រះបិតាដល់អ្នករាល់គ្នា។ ដោយសារការទាំងនោះ អ្នករាល់គ្នាចោលខ្ញុំនឹងដុំថ្មមែនទេ?» 33 ពួកយូដាឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងមិនបានចោលឯងនឹងដុំថ្មដោយសារការល្អណាមួយឡើយ ប៉ុន្តែឯងបានប្រមាថ​ ដោយព្រោះឯងជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។ 34 ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «តើមិនបានសរសេរនៅក្នុងក្រឹត្យវិន័យទេថា «ខ្ញុំនិយាយថា៖ «អ្នករាល់គ្នាគឺជាព្រះ?» 35 បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះបន្ទូល​ថា​ជា “ព្រះ”ដូច្នេះ 36 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា ខ្ញុំ​ប្រមាថ​ព្រះអង្គ​ទៅ​វិញ? ព្រះបិតា​បាន​ប្រោស​ខ្ញុំ​អោយ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​អោយ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។ 37 ប្រសិនបើ ខ្ញុំមិនបានធ្វើការរបស់ព្រះបិតារបស់ខ្ញុំទេ សូមកុំជឿខ្ញុំ។ 38 ប៉ុន្តែ ប្រសិនបើ ខ្ញុំធ្វើការរបស់ព្រះអង្គ ប៉ុន្តែ អ្នករាល់គ្នាមិនជឿដល់ខ្ញុំទេ មិនជឿលើកិច្ចការ ដែលអ្នករាល់គ្នាក៏ដឹង ហើយយល់ថាព្រះបិតានៅក្នុងខ្ញុំ ហើយដឹងថា ខ្ញុំនៅក្នុងព្រះបិតានោះ»។ 39 ពួកគេបានព្យាយាមចាប់ព្រះអង្គម្តងទៀត ប៉ុន្តែ ព្រះអង្គបានចេញទៅក្រៅពីការចាប់របស់ពួកគេ។ 40 ព្រះអង្គបានចេញទៅម្តងទៀតឆ្ងាយពីទន្លេយ័រដាន់ ដើម្បីទៅកន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជលើកដំបូង ហើយព្រះអង្គស្នាក់នៅទីនោះ។ 41 មានមនុស្សជាច្រើនបានទៅរកព្រះអង្គ ហើយពួកគេនិយាយថា៖ «ពិតប្រាកដណាស់ លោកយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីទេ ប៉ុន្តែ អ្វីគ្រប់យ៉ាងដែលលោកយ៉ូហានបាននិយាយអំពីបុរសម្នាក់នេះគឺជាសេចក្តីពិត»។ 42 មនុស្សជាច្រើនបានជឿព្រះអង្គនៅទីនោះ។


ជំពូក 11

1 មានបុរសម្នាក់ឈ្មោះឡាសាមានជំងឺ។ គាត់នៅភូមិបេតថានី នៅក្នុងភូមិដែលនាងម៉ារី និងបងស្រីរបស់នាងម៉ាថា។ 2 នាងម៉ារីគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលាបលើព្រះអម្ចាស់ ហើយយកសក់របស់នាងជូតជើងរបស់ព្រះអង្គ រីឯ ឡាសាដែលឈឺនោះជាប្អូនរបស់នាង។ 3 នោះបងស្រីទាំងពីរបានចាត់គេឲ្យទៅឯព្រះយេស៊ូ និយាយថា៖ «ព្រះអម្ចាស់អើយ មើល អ្នកដែលព្រះស្រឡាញ់ឈឺហើយ»។ 4 នៅពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនស្លាប់ទេ ប៉ុន្តែផ្ទុយទៅវិញ ជំងឺនេះដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់វិញ ដើម្បីឲ្យបុត្រារបស់ព្រះបានទទួលសិរីល្អដោយសារវាដែរ»។ 5 ព្រះយេស៊ូស្រឡាញ់នាងម៉ាថា និងប្អូនស្រីរបស់នាង ព្រមទាំងឡាសាផង។ 6 ដូច្នេះ នៅពេលព្រះអង្គឮថា ឡាសាឈឺ ព្រះយេស៊ូស្នាក់នៅកន្លែងដែលព្រះអង្គនៅនោះពីរយប់ថែមទៀត។ 7 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «តោះ យើងទៅស្រុកយូដាម្តងទៀត»។ 8 ពួកសិស្សនិយាយទៅកាន់ព្រះអង្គថា៖ «រ៉ាប៊ី ពួកយូដាកំពុងតែចង់ចោលព្រះអង្គនឹងដុំថ្ម តើព្រះអង្គនៅតែចង់ត្រឡប់ទៅវិញម្តងទៀត?» 9 ព្រះយេស៊ូឆ្លើយថា៖ «តើមួយថ្ងៃមិនមានដប់ពីរម៉ោងទេឬអី? ប្រសិនបើ អ្នកណាម្នាក់ដើរនៅពេលថ្ងៃ គាត់នឹងមិនជំពប់ទេ ព្រោះគាត់មើលឃើញ ដោយសារពន្លឺរបស់លោកីយ៍នេះ។ 10 ប៉ុន្តែ ប្រសិនបើ គាត់ដើរពេលយប់វិញ គាត់នឹងជំពប់មិនខាន ព្រោះពន្លឺមិននៅក្នុងគាត់ទេ»។ 11 ព្រះអង្គមានបន្ទូលពីការទាំងនេះ ហើយបន្ទាប់ពីមានបន្ទូលពីការទាំងនេះហើយ ទ្រង់មានបន្ទូលទៅពួកគេថា៖ «មិត្តសម្លាញ់របស់យើងឡាសាបានដេកលក់ហើយ ប៉ុន្តែ ខ្ញុំនឹងទៅ ដើម្បីខ្ញុំដាស់គាត់ឲ្យក្រោកពីគេវិញ»។ 12 ដូច្នេះហើយ បានជាពួកសិស្សទូលទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ គាត់ដេកលក់មែន គាត់នឹងភ្ញាក់ឡើងវិញ»។ 13 ព្រះយេស៊ូមានបន្ទូលពីការស្លាប់របស់គាត់ ប៉ុន្តែ ពួកគេគិតថា ព្រះអង្គកំពុងមានបន្ទូលពីការដេកសម្រាក។ 14 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេយ៉ាងច្បាស់ថា៖ «ឡាសាស្លាប់ហើយ»។ 15 ដោយព្រោះអ្នករាល់គ្នា ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំមិននៅទីនោះដើម្បីឲ្យអ្នករាល់គ្នាអាចជឿ។ តោះ ចូរយើងទៅជួបគាត់»។ 16 លោកថូម៉ាស ដែលហៅថា ​ឌីឌីម និយាយទៅពួកសិស្សទាំងអស់ថា៖ «តោះ យើងទៅ ដើម្បីឲ្យយើងអាចស្លាប់ជាមួយព្រះយេស៊ូ»។ 17 នៅពេលព្រះយេស៊ូយាងមកដល់ ព្រះអង្គបានឃើញថា ឡាសាត្រូវបានដាក់ទៅក្នុងផ្នូរបួនថ្ងៃរួចស្រេចទៅហើយ។ 18 ភូមិបេថានីនៅជិតយេរ៉ូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ។ 19 ពួកយូដាជាច្រើនបានចូលទៅឯនាងម៉ាថា និងម៉ារី ដើម្បីកម្សាន្តចិត្តពួកនាងពីប្អូនរបស់របស់ពួកគេ។ 20 បន្ទាប់មក នាងម៉ាថា នៅពេលដែលនាងបានឮថាព្រះយេស៊ូយាងមក នាងបានទៅជួបព្រះអង្គ ប៉ុន្តែនាងម៉ារីកំពុងអង្គុយនៅក្នុងផ្ទះ។ 21 បន្ទាប់មក នាងម៉ាថាបាននិយាយទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនស្លាប់ទេ។ 22 ខ្ញុំម្ចាស់ដឹងថា អ្វីក្តីដែលព្រះអង្គទូលសូមដល់ព្រះជាម្ចាស់ ទ្រង់នឹងប្រទានដល់ព្រះអង្គមិនខាន»។ 23 ព្រះយេស៊ូឆ្លើយទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញម្តងទៀត»។ 24 នាងម៉ាថាឆ្លើយទៅកាន់ព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា ព្រះអង្គនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។ 25 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អស់អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ក៏ដោយ នឹងរស់ឡើងវិញជាមិនខាន។ 26 ហើយអស់អ្នកដែលរស់នៅនៅឡើយ ដែលជឿដល់ខ្ញុំ នឹងមិនស្លាប់ឡើយ។ តើអ្នករាល់គ្នាជឿការនេះទេ?»។ 27 នាងនិយាយទៅកាន់ព្រះអង្គថា៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿថា ព្រះអង្គគឺជាព្រះគ្រិស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ ដែលបានយាងមកនៅលើផែនដីនេះ»។ 28 នៅពេលដែលនាងនិយាយការនេះរួចហើយ នាងបានចេញទៅហៅនាងម៉ារីជាប្អូនស្រីរបស់នាងដោយសម្ងាត់។ នាងនិយាយថា៖ «លោកគ្រូមកដល់ហើយ ហើយសួររកអូនឯង»។ 29 នៅពេលនាងឮដូច្នេះ នាងបានក្រោកឡើងយ៉ាងលឿន ហើយទៅរកព្រះអង្គ។ 30 ព្រះយេស៊ូមិនទាន់បានចូលទៅក្នុងភូមិនៅឡើយទេ ប៉ុន្តែ ព្រះអង្គនៅកន្លែងដែលនាងម៉ាថាបានជួបព្រះអង្គ។ 31 ដូច្នេះ នៅពេលពួកយូដា ដែលនៅក្នុងផ្ទះជាមួយនាង និងអ្នកដែលមកកម្សាន្តចិត្តនាង ឃើញនាងម៉ារីក្រោកឡើងយ៉ាងលឿន ហើយចេញក្រៅយ៉ាងដូច្នេះ ពួកគេក៏ដើរតាមនាង គិតថានាងទៅឯផ្នូរ ដើម្បីយំនៅទីនោះ។ 32 នៅពេលនាងម៉ារីមកដល់កន្លែងដែលព្រះយេស៊ូគង់នៅ ហើយបានឃើញព្រះអង្គ។ នាងបានលុតជង្គង់ចុះនៅជិតព្រះបាទាព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖​ «ព្រះអម្ចាស់អើយ ប្រសិនបើ ព្រះអង្គនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំម្ចាស់​ មិនស្លាប់ទេ»។ 33 នៅពេលព្រះយេស៊ូឃើញនាងយំ ហើយពួកយូដាដែលមកជាមួយនាងកំពុងយំផងដែរ ព្រះអង្គមានព្រះទ័យក្តុកក្តួលជាខ្លាំងនៅខាងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយអន្ទះសារជាខ្លាំង។ 34 ទ្រង់មានបន្ទូលថា៖ «តើអ្នកបានគាត់នៅឯណា?» ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងមក ព្រះអង្គនឹងឃើញ»។ 35 ព្រះយេស៊ូទ្រង់ព្រះកន្សែង។ 36 បន្ទាប់មក ពួកយូដានិយាយថា៖ «មើល ព្រះអង្គស្រឡាញ់ឡាសាប៉ុណ្ណា!» 37 ប៉ុន្តែ មានអ្នកខ្លះនៅក្នុងចំណោមពួកគេនិយាយថា៖ «តើបុរសម្នាក់នេះ ដែលអាចធ្វើឲ្យមនុស្សខ្វាក់ភ្លឺបាន តើគាត់អាចធ្វើឲ្យបុរសនេះមិនស្លាប់បានទេ?» 38 បន្ទាប់មក ព្រះយេស៊ូមានព្រះទ័យក្តុកក្តួលម្តងទៀតនៅក្នុងព្រះអង្គ ទ្រង់បានយាងទៅឯផ្នូរ។ នៅឯផ្នូរ មានថ្មបិទជិត។ 39 ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មនេះចេញ!»។ នាងម៉ាថា បងស្រីរបស់ឡាសាទូលទៅកាន់ព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ មកដល់ពេលនេះរូបកាយរលួយហើយដ្បិតគាត់បានស្លាប់បួនថ្ងៃហើយ»។ 40 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបាននិយាយទេឬអីថា ប្រសិនបើអ្នកជឿ អ្នកនឹងបានឃើញសិរីល្អរបស់ព្រះជាម្ចាស់?»។ 41 ដូច្នេះ ពួកគេបានយកថ្មចេញ។ ព្រះយេស៊ូបានសម្លឹងមើល ហើយ មានបន្ទូលថា៖ «ព្រះបិតាអើយ ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំ។ 42 ទូលបង្គំដឹងថា ព្រះអង្គស្តាប់ទូលបង្គំជានិច្ច ប៉ុន្តែ ដោយព្រោះហ្វូងមនុស្សដែលកំពុងឈរនៅជុំវិញទូលបង្គំ បានជឿថាព្រះអង្គបានចាត់ទូលបង្គំឲ្យមក»។ 43 បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គក៏ស្រែកសម្លេងយ៉ាងខ្លាំងថា៖ «ឡាសា ចេញមក!» 44 បុគ្គលដែលស្លាប់នោះបានចេញមក ជើង និងដៃរបស់គាត់ត្រូវបានចងដោយក្រណាត់ ហើយមុខរបស់គាត់ក៏ត្រូវបានចងដោយក្រណាត់ដែរ។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ចេញទៅ»។ 45 បន្ទាប់មក មានពួកយូដាជាច្រើនដែលមកជាមួយនាងម៉ារី បានឃើញអ្វីដែលព្រះយេស៊ូបានធ្វើ ហើយបានជឿលើព្រះអង្គ។ 46 ប៉ុន្តែ មានអ្នកខ្លះក្នុងចំណោមពួកគេបានចេញទៅឯពួកផារីស៊ី ហើយប្រាប់ពួកគេពីអ្វីដែលព្រះយេស៊ូបានធ្វើ។ 47 នាយកបូជាចារ្យ និងពួកផារីស៊ីបានជួបជុំគ្នា ប្រឹក្សាជាមួយគ្នា ហើយនិយាយថា «តើយើងត្រូវធ្វើអ្វី?»។ បុរសម្នាក់នេះ បានធ្វើទីសម្គាល់ជាច្រើន។ 48 ប្រសិនបើ យើងទុកគាត់ឲ្យធ្វើដូច្នេះ មនុស្សគ្រប់គ្នាមុខជាជឿលើគាត់មិនខាន។ ពួករ៉ូមនឹងមក ហើយនឹងគ្រប់គ្រងលើយើង និងប្រទេសយើងផង»។ 49 ប៉ុន្តែ មានបុរសម្នាក់នៅក្នុងចំណោមពួកគេឈ្មោះ កៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ មានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាគ្មានដឹងអ្វីទាំងអស់។ 50 អ្នករាល់គ្នាមិនគិតទេថា ប្រសិនបើ មនុស្សម្នាក់ស្លាប់ ជំនួសប្រជាជន ប្រសើរជាងមនុស្សមួយប្រទេសត្រូវវិនាស»។ 51 គាត់មានប្រសាសន៍ការនេះ មិនមែនដោយខ្លួនគាត់ទេ។ ផ្ទុយទៅវិញ ក្នុងនាមជាមហាបូជាចារ្យនៅក្នុងឆ្នាំនោះ គាត់បានថ្លែងទំនាយថា ព្រះយេស៊ូត្រូវសុគតដើម្បីប្រទេសជាតិ។ 52 ហើយមិនគ្រាន់តែសម្រាប់ប្រទេសជាតិប៉ុណ្ណឹងទេ ប៉ុន្តែ ដើម្បីឲ្យបុត្រធីតារបស់ព្រះជាម្ចាស់ដែលបានខ្ចាត់ខ្ចាយអាចប្រមូលមូលរួមតែមួយវិញ។ 53 ដូច្នេះ ចាត់តាំងពីថ្ងៃនោះមក ពួកគេបានរៀបគម្រោងពីរបៀបនៃការសម្លាប់ព្រះយេស៊ូ។ 54 ព្រះយេស៊ូលែងយាងនៅក្នុងចំណោមពួកគេជាសាធារណៈទៀតហើយ ប៉ុន្តែ ព្រះអង្គបានចេញពីទីនោះទៅតំបន់ដែលនៅជិតនឹងទីរហោស្ថានគឺនៅក្នុងក្រុងមួយដែលហៅថា ​អេប្រាអ៊ីម។ ព្រះអង្គគង់នៅទីនោះជាមួយពួកសិស្ស។ 55 ហើយពិធីបុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ ហើយមានមនុស្សជាច្រើនមកពីប្រទេសផ្សេងបានឡើងទៅក្រុងយេរ៉ូសាឡិម មុនថ្ងៃបុណ្យចម្លង ដើម្បីធ្វើឲ្យពួកគេវិសុទ្ធ។ 56 ពួកគេស្វែងរកព្រះយេស៊ូ ហើយបាននិយាយទៅកាន់គ្នាទៅវិញទៅមក នៅពេលដែលពួកគេនៅក្នុងព្រះវិហារថា៖ «តើអ្នកគិតយ៉ាងដូចម្តេច? ថាតើគាត់នឹងមិនមកចូលរួមពិធីបុណ្យទេឬអី?»។ 57 នាយកបូជាចារ្យ និងពួកផារីស៊ីបានដាក់សេចក្តីបង្គាប់ថា ប្រសិនបើអ្នកណាម្នាក់ដឹងថាព្រះយេស៊ូនៅទីណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេបានចាប់ព្រះអង្គ។


ជំពូក 12

1 ប្រាំមួយថ្ងៃមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានយាងចូលភូមិបេថានី ជាកន្លែងដែល ព្រះយេស៊ូបានប្រោសឡាសា ពីស្លាប់ឡើងវិញ។ 2 ដូច្នេះ ពួកគេបានចម្អិនអាហារល្ងាចសម្រាប់ព្រះអង្គនៅទីនោះ ហើយនាងម៉ាថាជាអ្នកធ្វើម្អូប ប៉ុន្តែ ឡាសាគឺជាម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ។ 3 បន្ទាប់មក នាងម៉ារីបានយកទឹកអប់ដែលធ្វើឡើងចេញពីទេព្វិរូបរិសុទ្ធដ៏មានតម្លៃបំផុត ចាក់លាបព្រះបាទារបស់ព្រះយេស៊ូជាមួយទឹកអប់នោះ ហើយបានជូតជើងព្រះអង្គជាមួយនឹងសក់របស់នាង។ នៅក្នុងផ្ទះពេញដោយក្លិនក្រអូបរបស់ទឹកអប់នោះ។ 4 លោកយូដាស‌អ៊ីស្កា‌រីយ៉ុត ជាសិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គ ជាម្នាក់ដែលក្បត់ព្រះអង្គ បាននិយាយថា៖ 5 «ម្តេចមិនយកទឹកអប់ទៅលក់​បីរយ​ឌេណារី​ រួចចែកដល់អ្នកក្រទៅ?»។ 6 គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកទុកដាក់ជាមួយអ្នកក្រទេ ប៉ុន្តែ ដោយសារគាត់ជាចោរ គាត់ជាអ្នកកាន់ថងលុយ ហើយគាត់បានលួចពីអ្វីដែលដាក់ទៅក្នុងថង់នោះ។ 7 ព្រះយេស៊ូមានបន្ទូលថា៖​ «ឲ្យនាងបន្តធ្វើអ្វីដែលនាងមានសម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំចុះ។ អ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច។ 8 ប៉ុន្តែ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ 9 មានសាសន៍ជាច្រើនបានដឹងថា ព្រះយេស៊ូនៅទីនោះ ហើយពួកគេក៏មករក មិនគ្រាន់តែមករកព្រះយេស៊ូទេ ប៉ុន្តែ ពួកគេក៏ចង់ឃើញឡាសា ដែលព្រះយេស៊ូបានប្រោសគាត់ពីសេចក្តីស្លាប់ឡើងវិញដែរ។ 10 នាយកបូជាចារ្យបានរួមគំនិតគ្នាធ្វើដូច្នោះ ដើម្បីចង់សម្លាប់ឡាសាដែរ។ 11 ដោយសារតែគាត់ សាសន៍យូដាជាច្រើនចេញពីពួកគេ ហើយបានជឿលើព្រះយេស៊ូ។ 12 នៅថ្ងៃបន្ទាប់មានហ្វូងមនុស្សយ៉ាងច្រើនកោះករទៅចូលរួមបុណ្យ។ នៅពេលពួកគេឮថាព្រះយេស៊ូមកក្រុងយេរ៉ូសាឡិមដែរ 13 ពួកគេបានយកស្លឹកត្នោត ហើយចេញទៅជួបព្រះអង្គ ហើយស្រែកឡើងថា «ហូសាណា! មានពរហើយ អ្នកដែលមកក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃអ៊ីស្រាអែល»។ 14 ព្រះយេស៊ូបានជួបជាមួយនឹងសត្វលាស្ទាវមួយ ហើយក៏គង់នៅលើវា ដូចមានសេចក្តីចែងទុកមកថា៖ 15 «កុំខ្លាចអី កូនស្រីស៊ីយ៉ូនអើយ ព្រះមហាក្សត្ររបស់អ្នកមកហើយ ព្រះអង្គគង់នៅលើខ្នងលា។ 16 ដំបូង ពួកសិស្សរបស់ព្រះអង្គមិនយល់ពីការទាំងនេះទេ ប៉ុន្តែ នៅពេលព្រះយេស៊ូបានទទួលសិរីល្អ ពួកគេបាននឹកចាំ ការទាំងនេះដែលបានចែងអំពីព្រះអង្គ ហើយពួកគេបានធ្វើការទាំងនេះចំពោះព្រះអង្គ។ 17 បណ្តាជនបានធ្វើបន្ទាល់ថា ពួកគេបាននៅជាមួយព្រះអង្គ នៅពេលទ្រង់ហៅឡាសាចេញពីផ្នូរ ហើយប្រោសគាត់ឲ្យរស់ពីស្លាប់មកវិញ។ 18 ដោយសារហេតុផលនេះហើយ បានជាបណ្តាជនចេញទៅជួបព្រះអង្គ ព្រោះពួកគេបានឮថាព្រះអង្គបានធ្វើទីសម្គាល់នេះ។ 19 ដូច្នេះ ពួកផារីស៊ីបាននិយាយនៅក្នុងចំណោមពួកគេថា៖ «អ្នករាល់គ្នាមិនអាចធ្វើអ្វីបានទាល់តែសោះ មើល! មនុស្សបានទៅតាមអ្នកនោះអស់ហើយ»។ 20 សាសន៍ក្រិកមួយចំនួននៅក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំនៅថ្ងៃបុណ្យនោះ។ 21 ពួកគេបានទៅជួបលោកភីលីព ជាអ្នកដែលមកពី​ភូមិ​បេត‌សៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ បានសួរគាត់ ហើយនិយាយថា៖ «លោក ពួកយើងចង់ជួបព្រះយេស៊ូ»។ 22 លោកភីលីពបានទៅជួប ហើយប្រាប់លោក​អនទ្រេ ហើយលោក​អនទ្រេ និងលោកភីលីពបានទៅជួប ហើយពួកគេបានប្រាប់ព្រះយេស៊ូ។ 23 ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ ដែលកូនមនុស្សនឹងទទួលសិរីល្អ។ 24 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវមិនកប់ទៅក្នុងដី ហើយស្លាប់ទេ វានៅតែជាគ្រាប់ស្រូវដដែល ប៉ុន្តែ ប្រសិនបើវាស្លាប់ វានឹងបង្កើតផលជាច្រើន។ 25 អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន នឹងបាត់ជីវិតនោះ ប៉ុន្តែ អ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងលោកីយ៍នេះ នឹងរក្សាវាដើម្បីជីវិតអស់កល្បជានិច្ច។ 26 ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំ ឲ្យគេបម្រើខ្ញុំចុះ ហើយបើខ្ញុំនៅទីណា អ្នកបម្រើខ្ញុំនឹងនៅទីនោះដែរ។ ប្រសិនបើ អ្នកណាម្នាក់បម្រើខ្ញុំព្រះបិតាខ្ញុំនឹងផ្តល់កិត្តិយសដល់អ្នកនោះ។ 27 ឥឡូវនេះ ព្រលឹងខ្ញុំខ្វល់ខ្វាយ ហើយខ្ញុំនឹងនិយាយយ៉ាងដូចម្តេច? ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំនៅក្នុងវេលានេះ ប៉ុន្តែ ហេតុផលដែលទូលបង្គំមក គឺដើម្បីវេលានេះឯង។ 28 ឱព្រះបិតាអើយ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ»។ បន្ទាប់មក មានសម្លេងពីស្ថានសួគ៌មក ហើយមានបន្ទូលថា៖ «យើងបានទទួលសិរីរុងរឿង ហើយនឹងទទួលសិរីរុងរឿងម្តងទៀត»។ 29 នោះ បណ្តាជនដែលឈរនៅជិត បានឮ ហើយនិយាយថា «មានសម្លេងផ្គរលាន់»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «ទេវតាបាននិយាយជាមួយគាត់»។ 30 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលថា៖ «សម្លេងដែលឮនេះមិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែ សម្រាប់អ្នករាល់គ្នាវិញ។ 31 សេចក្តីជំនុំជម្រះរបស់លោកីយ៍នេះមកដល់ហើយនៅពេលនេះ ហើយដល់ពេលដែលពួកគ្រប់គ្រងលោកីយ៍នេះ ត្រូវបោះទៅក្រៅហើយ។ 32 នៅពេលដែលខ្ញុំត្រូវបានលើកឡើងពីលោកីយ៍ ខ្ញុំនឹងនាំអ្នករាល់គ្នាមកជិតខ្លួនខ្ញុំផ្ទាល់។ 33 ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីបែបបទនៃសេចក្តីស្លាប់ ដែលព្រះអង្គត្រូវសុគត។ 34 បណ្តាជនបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រិស្តនឹងគង់នៅអស់កល្បជានិច្ច។ តើយើងអាចនិយាយយ៉ាងដូចម្តេច «បុត្រមនុស្សត្រូវតម្កើងឡើង? តើអ្នកណាជាបុត្ររបស់មនុស្ស?» 35 បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនឹងនៅជាមួយអ្នករាល់គ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចូរដើរក្នុងការដែលអ្នករាល់គ្នានៅក្នុងពន្លឺនៅឡើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យសេចក្តីងងឹតយកឈ្នះអ្នករាល់គ្នាឡើយ។ អស់អ្នកណាដែលដើរក្នុងសេចក្តីងងឹត មិនដឹងថាពួកគេកំពុងទៅណាទេ។ 36 ក្នុងការដែលអ្នករាល់គ្នាមានពន្លឺ ចូរជឿលើពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាបានក្លាយជាកូននៃពន្លឺ»។ ព្រះយេស៊ូមានបន្ទូលការទាំងនេះរួចហើយ ព្រះអង្គក៏ចាកចេញទៅ ហើយលាក់ខ្លួនពីពួកគេ។ 37 ទោះបីជាព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើននៅចំពោះពួកគេ ប៉ុន្តែ ពួកគេនៅតែមិនជឿលើព្រះអង្គទៀត 38 ដូច្នេះ ដើម្បីឲ្យពាក្យរបស់ព្យាការីអេសាយបានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាជឿលើការរាយការណ៍របស់យើង ហើយព្រះអម្ចាស់ចង់ឲ្យអ្នកណាឃើញព្រះហស្តរបស់ព្រះអង្គ?» 39 ដ្បិត ហេតុផលដែលពួកគេមិនអាចជឿ ព្រោះលោកអេសាយក៏បានមានប្រសាសន៍ដូច្នេះដែរថា 40 «ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយព្រះអង្គក៏ធ្វើឲ្យចិត្តរបស់ពួកគេរឹងរូសដែរ បើមិនដូច្នោះទេ ពួកគេអាចមើលឃើញដោយភ្នែករបស់ពួកគេ ហើយយល់នៅក្នុងចិត្តរបស់ពួកគេរឹង ហើយអាចប្រែចិត្ត ហើយយើងអាចប្រោសពួកគេឲ្យជា»។ 41 លោកអេសាយមានប្រសាសន៍ការទាំងនេះ ដោយសារគាត់ឃើញសីរីរុងរឿងរបស់ព្រះយេស៊ូ ហើយក៏មានប្រសាសន៍ពីព្រះអង្គ។ 42 ប៉ុន្តែ សូម្បីតែ អ្នកដឹកនាំជាច្រើនបានជឿលើព្រះយេស៊ូ ប៉ុន្តែដោយសារពួកផារីស៊ី ពួកគេមិនទទួលស្គាល់វាទេ ដើម្បីកុំឲ្យពួកគេត្រូវបណ្តេញចេញពីសាលាប្រជុំ។ 43 ពួកគេស្រឡាញ់ការសរសើរដែលមកពីមនុស្សច្រើនជាការសរសើរដែលមកពីព្រះជាម្ចាស់។ 44 ព្រះយេស៊ូបានបន្លឺសម្លេង ហើយមានបន្ទូលថា៖ «អ្នកណាដែលជឿដល់ខ្ញុំ មិនគ្រាន់តែជឿលើខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ អ្នកនោះបានជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ 45 ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះដែលចាត់ខ្ញុំឲ្យមកដែរ។ 46 ខ្ញុំបានមកធ្វើជាពន្លឺនៃលោកីយ៍ ដូច្នេះ អស់អ្នកណាដែលជឿលើខ្ញុំ មិនស្ថិតនៅក្នុងសេចក្តីងងឹតឡើយ។ 47 ប្រសិនបើ អ្នកណាម្នាក់ឮពាក្យខ្ញុំ ប៉ុន្តែ មិនប្រព្រឹត្តតាមពាក្យនោះទេ ខ្ញុំមិនជំនុំជម្រះគាត់ទេ ដ្បិត ខ្ញុំមិនបានមកដើម្បីជំនុំជម្រះលោកីយ៍ ប៉ុន្តែ ដើម្បីសង្គ្រោះលោកីយ៍វិញ។ 48 អ្នកណាដែលបដិសេធខ្ញុំ ហើយអ្នកណាដែលមិនទទួលពាក្យរបស់ខ្ញុំ មានម្នាក់នឹងជំនុំជម្រះអ្នកនោះ។ ពាក្យដែលខ្ញុំបាននិយាយនឹងជំនុំជម្រះអ្នកនោះនៅថ្ងៃចុងក្រោយ។ 49 ដ្បិត ខ្ញុំមិនបាននិយាយដើម្បីខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះបិតាដែលចាត់ខ្ញុំឲ្យមក ជាអ្នកប្រទានសេចក្តីបង្គាប់ដល់ខ្ញុំ ពីអ្វីដែលខ្ញុំត្រូវនិយាយ និងពីអ្វីដែលត្រូវប្រាប់។ 50 ខ្ញុំដឹងថា សេចក្តីបង្គាប់របស់ព្រះអង្គគឺជាជីវិតអស់កល្បជានិច្ច នោះជាអ្វីដែលខ្ញុំនិយាយ ដូចដែលព្រះបិតាបានមានបន្ទូលមកកាន់ខ្ញុំ ដូច្នេះ ខ្ញុំក៏ប្រាប់»។


ជំពូក 13

1 ឥឡូវនេះ ជាថ្ងៃមុនពេលពិធីបុណ្យរំលង។ ព្រះយេស៊ូជ្រាបថា ពេលកំណត់របស់ព្រះអង្គបានមកដល់ហើយ ក្នុងការចាកចេញពីលោកីយ៍ ហើយត្រឡប់ទៅព្រះបិតាវិញ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងលោកីយ៍ណាស់ ហើយទ្រង់ស្រឡាញ់ពួកគេរហូតដល់ទីបំផុត។ 2 ឥឡូវនេះ មារបានដាក់វានៅក្នុងចិត្តរបស់លោកយូដាស‌អ៊ីស្កា‌រីយ៉ុតជា​កូន​លោក​ស៊ីម៉ូនរួចហើយ ដើម្បីក្បត់ព្រះយេស៊ូ។ 3 ព្រះអង្គជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់ក្នុងព្រះហស្តរបស់ព្រះអង្គ ហើយជ្រាបថា ព្រះអង្គបានយាងមកពីព្រះជាម្ចាស់ ហើយព្រះអង្គនឹងត្រឡប់ទៅឯព្រះជាម្ចាស់វិញ។ 4 ព្រះអង្គបានក្រោកឡើងពីអាហារល្ងាច ហើយបានយកសម្លៀកបំពាក់ខាងក្រៅរបស់ព្រះអង្គ។ បន្ទាប់មកព្រះអង្គបានយកកន្សែង ហើយយកវាមកក្រវាត់ខ្លួនរបស់ព្រះអង្គ។ 5 បន្ទាប់មក ព្រះអង្គបានចាក់ទឹកចូលទៅក្នុងផើងមួយ ហើយបានចាប់ផ្តើមលាងជើងពួកសិស្ស ហើយយកកន្សែងដែលចងនៅនឹងខ្លួនរបស់ព្រះអង្គមកជូត។ 6 ព្រះអង្គបានមកឯលោកស៊ីម៉ូនពេត្រុស ហើយលោកពេត្រុសបានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គនឹងលាងជើងទូលបង្គំឬអី?» 7 ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «អ្វីដែលខ្ញុំកំពុងធ្វើ អ្នកមិនយល់ទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងយល់ការនេះនៅពេលក្រោយ»។ 8 លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងទូលបង្គំទេ»។ ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំមិនលាងជើងអ្នក អ្នកគ្មានចំណែកអ្វីជាមួយខ្ញុំទេ»។ 9 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំគ្រាន់តែលាងជើងទូលបង្គំឡើយ ប៉ុន្តែ សូមលាងដៃ និងក្បាលរបស់ទូលបង្គំផង»។ 10 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយមិនចាំបាច់ទេ លាងតែជើងរបស់អ្នកនោះទៅបានហើយ អ្នកនោះបានស្អាតទាំងស្រុងហើយ។ អ្នកស្អាតហើយ ប៉ុន្តែ អ្នកផ្សេងទេដែលមិនស្អាត»។ 11 (ដើម្បីព្រះយេស៊ូជ្រាបថា អ្នកណានឹងក្បត់ព្រះអង្គ ហេតុដូច្នេះ ហើយបានជាព្រះអង្គមានបន្ទូលថា៖ «អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ»)។ 12 នៅពេលព្រះយេស៊ូបានលាងជើងពួកគេដូច្នេះ ហើយបានយកសម្លៀកបំពាក់របស់ព្រះអង្គមកពាក់ ហើយគង់នៅតុអាហារវិញ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នកដឹងអ្វីដែលខ្ញុំកំពុងធ្វើជាមួយអ្នករាល់គ្នាទេ? 13 អ្នករាល់ហៅខ្ញុំថា៖ «លោកគ្រូ» ឬ «ព្រះអម្ចាស់» អ្នករាល់គ្នានិយាយនោះត្រូវហើយ ខ្ញុំអ៊ីចឹងមែន។ 14 ប្រសិនបើខ្ញុំ ជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងអ្នករាល់គ្នា អ្នកក៏ត្រូវលាងជើងដល់គ្នាទៅវិញទៅមកដែរ។ 15 ដ្បិត ខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នាហើយ អ្នករាល់គ្នាត្រូវធ្វើដូច្នេះ​បានធ្វើដល់អ្នករាល់គ្នាដែរ។ 16 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកបម្រើមិនធំជាម្ចាស់របស់ខ្លួនឡើយ ឬអ្នកនាំសារក៏មិនធំជាងអ្នកដែលចាត់គាត់ឲ្យមកនោះទេ។ 17 ប្រសិនបើ អ្នករាល់គ្នាស្គាល់ការទាំងនេះ អ្នកនឹងមានពរ ប្រសិនបើ អ្នករាល់គ្នាធ្វើការទាំងនោះ។ 18 ខ្ញុំមិននិយាយពីអ្នករាល់គ្នាទេ ខ្ញុំដឹងអស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ការនេះអាចកើតឡើងដូច្នេះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «អ្នកដែលបរិភោគនំប៉័ងខ្ញុំ បានលើកកែងជើងរបស់គាត់ទាស់នឹងខ្ញុំ»។ 19 ខ្ញុំប្រាប់អ្នករាល់គ្នានៅពេលនេះ មុនពេលវាកើតឡើង ដើម្បីនៅពេលវាកើតឡើង អ្នកអាចជឿថា ខ្ញុំជាព្រះ។ 20 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ ទទួលខ្ញុំដែរ ហើយអស់អ្នកណាដែលទទួលខ្ញុំ ទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។ 21 នៅពេលព្រះយេស៊ូមានបន្ទូលការនេះរួចហើយ ព្រះអង្គមានការខ្វល់ខ្វាយក្នុងវិញ្ញាណ។ ព្រះអង្គបានធ្វើបន្ទាល់ ហើយមានបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានម្នាក់ក្នុងចំណោមអ្នករាល់គ្នាក្បត់ខ្ញុំ»។ 22 ពួកសិស្សមើលគ្នាទៅវិញទៅមក ងឿងឆ្ងល់ថាព្រះអង្គកំពុងមានបន្ទូលពីអ្នកណា។ 23 សិស្សម្នាក់នៃពួកសិស្សរបស់ព្រះអង្គ ជាអ្នកដែលព្រះអង្គស្រឡាញ់ កំពុងតែអង្គុយតុនៅជិតព្រះយេស៊ូ។ 24 លោកស៊ីម៉ូនពេត្រុស បានធ្វើសញ្ញាទៅសិស្សនោះ ហើយនិយាយថា៖ «សួរព្រះអង្គមើល ព្រះអង្គកំពុងនិយាយអំពីអ្នកណា?»។ 25 ដូច្នេះ គាត់បានផ្អែកទៅជិតព្រះយេស៊ូហើយនិយាយទៅកាន់ព្រះអង្គថា «ព្រះអង្គម្ចាស់អើយ តើអ្នកនោះជាអ្នកណា?» 26 បន្ទាប់មក ព្រះយេស៊ូឆ្លើយថា៖ «គឺជាម្នាក់ដែលខ្ញុំនឹងជ្រលក់នំប៉័ងមួយដុំ ហើយឲ្យទៅអ្នកនោះ»។ ដូច្នេះ នៅពេលព្រះអង្គបានជ្រលក់នំប៉័ងរួចហើយ ព្រះអង្គបានប្រទានទៅលោកយូដាស‌ជា​កូន​របស់​លោក​ស៊ីម៉ូនអ៊ីស្កា‌រីយ៉ុត។ 27 បន្ទាប់ពីបានទទួលនំប៉័ងហើយ សាតាំងបានចូលទៅក្នុងគាត់ ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «តើអ្នកកំពុងធ្វើអ្វី ចូរធ្វើវាឲ្យលឿនទៅ»។ 28 អស់អ្នកដែលអង្គុយនៅតុ គ្មាននរណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលការនេះទៅគាត់។ 29 អ្នកខ្លះគិតថា ដោយសារលោកយូដាសជាអ្នកកាន់ថង់ប្រាក់ ព្រះយេស៊ូមានបន្ទូលទៅគាត់ «ឲ្យទិញអ្វីដែលយើងត្រូវការ សម្រាប់ពិធីបុណ្យ»។ ឬ អាចឲ្យគាត់ឲ្យអ្វីមួយដល់អ្នកក្រ។ 30 បន្ទាប់ពីលោកយូដាសបានទទួលនំប៉័ងហើយ គាត់ក៏ចេញទៅភ្លាម។ ពេលនោះយប់ហើយ។ 31 នៅពេលលោកយូដាសចេញផុតទៅ ព្រះយេស៊ូមានបន្ទូលថា៖ «ឥឡូវនេះ បុត្ររបស់មនុស្សត្រូវទទួលសិរីរុងរឿង ហើយព្រះជាម្ចាស់បានទទួលសិរីរុងរឿងបានតាមរយៈព្រះអង្គដែរ។ 32 ព្រះជាម្ចាស់នឹងតម្កើងព្រះអង្គនៅក្នុងអង្គទ្រង់ផ្ទាល់ ហើយទ្រង់នឹងតម្កើងព្រះអង្គភ្លាម។ 33 កូនតូចអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈខ្លីទៀតតែប៉ុណ្ណោះ។ អ្នករាល់គ្នានឹងស្វែងរកខ្ញុំ ដូចដែលខ្ញុំបាននិយាយទៅពួកយូដាដែរថា៖ «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទៅបានទេ»។ ពេលនេះ ខ្ញុំក៏និយាយទៅកាន់អ្នករាល់គ្នាដែរ។ 34 ខ្ញុំឲ្យដល់អ្នករាល់គ្នានូវក្រឹត្យវិន័យមួយថ្មី គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ ដូច្នេះ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ 35 មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារការនេះ គឺដោយសារអ្នករាល់គ្នាស្រឡាញ់អ្នកទៅវិញទៅមក»។ 36 លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំបានទេនៅពេលនេះ ប៉ុន្តែ អ្នកនឹងទៅតាមខ្ញុំនៅពេលក្រោយ»។ 37 លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គនៅពេលនេះ? ទូលបង្គំនឹងលះបង់ជីវិតរបស់ទូលបង្គំដើម្បីព្រះអង្គ»។ 38 ព្រះយេស៊ូឆ្លើយថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំ? ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់នឹងមិនរងាវទេ ប្រសិនបើអ្នកមិនបដិសេធខ្ញុំបីដង»។


ជំពូក 14

1 កុំឲ្យរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ។ អ្នកជឿដល់ព្រះជាម្ចាស់ហើយ ក៏ជឿដល់ខ្ញុំដែរ។ 2 នៅក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានបន្ទប់ជាច្រើន។ ប្រសិនបើមិនដូច្នោះទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។ 3 ប្រសិនបើខ្ញុំទៅ ហើយរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងត្រឡប់មកវិញម្តងទៀត ហើយយកអ្នករាល់គ្នាទៅឯខ្ញុំ ដូច្នេះ អ្នករាល់គ្នានឹងបាននៅកន្លែងដែលខ្ញុំនៅដែរ។ 4 អ្នករាល់គ្នាបានស្គាល់ផ្លូវដែលខ្ញុំកំពុងទៅ។ 5 លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងមិនដឹងថាព្រះអង្គទៅណាផង ធ្វើដូចម្តេចឲ្យយើងស្គាល់ផ្លូវបានទៅ?» 6 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត គ្មាននរណាអាចទៅឯព្រះបិតាបានទេ លើកលែងតែចូលតាមរយៈខ្ញុំ។ 7 ប្រសិនបើ អ្នករាល់គ្នាបានស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាស្គាល់ព្រះអង្គ ហើយក៏បានឃើញព្រះអង្គដែរ»។ 8 លោកភីលីពទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ»។ 9 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំបាននៅជាមួយអ្នកអស់រយៈពេលយ៉ាងយូរ ហើយអ្នកនៅតែមិនស្គាល់ខ្ញុំទៀត ភីលីព? អស់អ្នកណាដែលឃើញខ្ញុំ ឃើញព្រះបិតាដែរ។ តើអ្នកអាចនិយាយថា៖ «សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូចម្តេចកើត? 10 តើអ្នករាល់គ្នាមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬអី? ពាក្យដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ខ្ញុំមិនបាននិយាយចេញដោយសិទ្ធិអំណាចខ្លួនរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែ ព្រះបិតារស់នៅក្នុងខ្ញុំកំពុងធ្វើការងាររបស់ព្រះអង្គ។ 11 ចូរជឿដល់ខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ឬជឿដោយសារកិច្ចការទាំងនោះចុះ។ 12 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើការដូចដែលខ្ញុំធ្វើដែរ ហើយអ្នកនោះនឹងធ្វើការលើសជាងការទាំងនេះផង ដ្បិត ខ្ញុំបានទៅឯព្រះបិតាខ្ញុំវិញហើយ។ 13 អ្វីក្តីដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ ខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះបិតាបានទទួលសិរីរុងរឿងនៅក្នុងព្រះបុត្រា។ 14 ប្រសិនបើ អ្នករាល់គ្នាសុំអ្វីៗដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងធ្វើវា។ 15 ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ នឹងប្រព្រឹត្តតាមបញ្ញាតិរបស់ខ្ញុំ 16 ហើយខ្ញុំនឹងអធិស្ឋានទៅព្រះបិតា ហើយព្រះអង្គនឹងប្រទានអ្នកកម្សាន្តចិត្តដល់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបានគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូតតទៅ 17 ជាព្រះវិញ្ញាណនៃសេចក្តីពិត។ លោកីយ៍មិនអាចទទួលព្រះអង្គបានទេ ដោយសារលោកីយ៍មិនឃើញព្រះអង្គ ឬស្គាល់ព្រះអង្គ។ ប៉ុន្តែ អ្នករាល់គ្នាវិញ ស្គាល់ព្រះអង្គ ដើម្បីព្រះអង្គមានព្រះជន្មរស់នៅជាមួយអ្នករាល់គ្នា ហើយគង់នៅជាមួយអ្នករាល់គ្នា។ 18 ខ្ញុំនឹងមិនបោះបង់អ្នករាល់គ្នាចោលឡើយ ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ។ 19 នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកីយ៍នឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាឃើញខ្ញុំ។ ព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏រស់ដែរ។ 20 នៅថ្ងៃនោះ អ្នកនឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតា ហើយថាអ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ 21 អស់អ្នកណាដែលមានក្រឹត្យវិន័យរបស់ខ្ញុំ ហើយប្រព្រឹត្តតាម គឺជាអ្នកដែលស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះបិតារបស់ខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំនឹងបង្ហាញខ្លួនខ្ញុំដល់អ្នកនោះ»។ 22 លោកយូដា (មិន​មែន​អ៊ីស្កា‌រីយ៉ុត​) បានទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបង្ហាញអង្គទ្រង់ដល់យើង ហើយមិនបង្ហាញដល់លោកីយ៍?» 23 ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ហើយយើងនឹងតាំងទីលំនៅរបស់យើងជាមួយអ្នកនោះ។ 24 អ្នកណាដែលមិនស្រឡាញ់ខ្ញុំ មិនប្រព្រឹត្តតាមពាក្យរបស់ខ្ញុំទេ។ ពាក្យដែលអ្នករាល់គ្នាបានឮមិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែ មកពីព្រះបិតាដែលចាត់ខ្ញុំឲ្យមក។ 25 ខ្ញុំបាននិយាយការទាំងនេះដល់អ្នករាល់គ្នា ក្នុងពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ 26 ប៉ុន្តែ អ្នកកម្សាន្តចិត្ត គឺព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដែលព្រះបិតាបានចាត់មកដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាគ្រប់យ៉ាង ហើយព្រះអង្គនឹងរំលឹកអ្នករាល់គ្នាពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។ 27 ខ្ញុំទុកសេចក្តីសុខសាន្តដល់អ្នករាល់គ្នា ខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។ សេចក្តីសុខសាន្តដែលខ្ញុំឲ្យ មិនដូចជាសេចក្តីសុខសាន្តដែលលោកីយ៍ឲ្យទេ។ កុំឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ ហើយក៏កុំឲ្យភ័យខ្លាចដែរ។ 28 អ្នករាល់គ្នាបានឮអ្វីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាថា៖ «ខ្ញុំនឹងចេញទៅឆ្ងាយ ហើយខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ។ ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកនឹងមានអំណរ ព្រោះខ្ញុំកំពុងតែទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។ 29 ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ វានឹងកើតឡើងយ៉ាងដូច្នេោះ ដើម្បីនៅពេលវាកើតឡើង អ្នករាល់គ្នានឹងជឿ។ 30 ខ្ញុំនឹងឈប់និយាយច្រើនជាមួយនឹងអ្នករាល់គ្នាទៀតហើយ ដ្បិតមេគ្រប់គ្រងលោកីយ៍នេះមកដល់ហើយ។ វាគ្មានអំណាចអ្វីមកលើខ្ញុំទេ 31 ប៉ុន្តែ ដើម្បីលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំធ្វើអ្វីៗតាមសេចក្តីបង្គាប់របស់ព្រះបិតាខ្ញុំ តែប៉ុណ្ណោះ។ ចូរយើងក្រោកឡើង ហើយចេញពីទីនេះទៅ»។


ជំពូក 15

1 ខ្ញុំជាដើមទំពាំងបាយជូរពិត ហើយព្រះបិតាខ្ញុំជាអ្នកដាំ។ 2 ព្រះអង្គកាត់មែកទាំងឡាយណាដែលមិនបង្កើតផលនៅក្នុងខ្ញុំចោល ហើយព្រះអង្គកាត់លោះមែកទាំងឡាយណាដែលបង្កើតផល ដើម្បីឲ្យមែកនោះបានបង្កើតផលកាន់តែច្រើនឡើងថែមទៀត។ 3 អ្នករាល់គ្នាបានស្អាតហើយ ដោយសារព្រះបន្ទូលដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។ 4 ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នករាល់គ្នា។ ដូចជាមែកមួយ មិនអាចបង្កើតផលដោយខ្លួនវាបានទេ លុះត្រាតែវានៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏ដូចគ្នាដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ។ 5 ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាដែលនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិត បើគ្មានខ្ញុំទេ អ្នកមិនអាចធ្វើអ្វីបានទាំងអស់។ 6 ប្រសិនបើ​ អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះនឹងត្រូវបោះចោលទៅក្រៅ ដូចជាមែក ហើយវានឹងស្ងួត ហើយពួកគេនឹងប្រមូលមែកទាំងនោះ ហើយបោះមែកទាំងនោះចោលទៅក្នុងភ្លើង មែកទាំងនោះនឹងត្រូវឆេះអស់។ 7 ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយប្រសិនបើ ពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា ចូរសុំអ្វីៗតាមតែអ្នកប្រាថ្នាចុះ វានឹងបានសម្រេចដល់អ្នករាល់គ្នា។ 8 ព្រះបិតាខ្ញុំបានទទួលសិរីល្អ ដោយសារអ្នករាល់គ្នាបង្កើតផលជាច្រើន ហើយបញ្ជាក់ថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។ 9 ព្រះបិតាស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ។ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ។ 10 ប្រសិនបើ អ្នករាល់គ្នា ប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ខ្ញុំ អ្នករាល់គ្នានឹងនៅជាប់នឹងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចខ្ញុំ បានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះបិតាខ្ញុំដែរ ហើយខ្ញុំបាននៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ 11 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាមួយអ្នករាល់គ្នា​ និងដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញលក្ខណៈ។ 12 នេះគឺជាក្រឹត្យវិន័យរបស់ខ្ញុំ គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ។ 13 គ្មាននរណាមានក្តីស្រឡាញ់ធំជាងនេះទេ​ដោយព្រះអង្គហ៊ានលះបង់ជីវិតដើម្បីមិត្តសម្លាញ់។ 14 អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើ អ្នករាល់គ្នាធ្វើការដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា។ 15 ខ្ញុំលែងហៅអ្នករាល់គ្នាថាជាអ្នកបម្រើទៀតហើយ ដ្បិតអ្នកបម្រើមិនដឹងថាម្ចាស់របស់គាត់កំពុងធ្វើអ្វីនោះទេ។ ខ្ញុំបានហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ដើម្បីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានឮពីព្រះបិតាខ្ញុំ ហើយខ្ញុំបានប្រាប់ដល់អ្នករាល់គ្នារួចហើយ។ 16 អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ ប៉ុន្តែ ខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ហើយបានរើសតាំងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចេញទៅហើយបង្កើតផល ហើយផលរបស់អ្នករាល់គ្នាបាននៅជាប់ផង។ ដូច្នេះហើយ អ្វីដែលអ្នករាល់គ្នាទូលសុំពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានមកអ្នករាល់គ្នា។ 17 ខ្ញុំបង្គាប់ការទាំងនេះមកអ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ 18 ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា ចូរដឹងថា ពួកគេស្អប់ខ្ញុំមុនពេលពួកគេស្អប់អ្នករាល់ទៅទៀត។ 19 ប្រសិនបើ អ្នករាល់គ្នាមកពីលោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាជារបស់លោកីយ៍។ ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ ហើយដោយសារខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកីយ៍ ដូច្នេះហើយ បានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ 20 ចាំសម្ដីដែលខ្ញុំបាននិយាយជាមួយអ្នករាល់គ្នាទេ ថា៖ «អ្នកបម្រើមិនធំជាងចៅហ្វាយរបស់គាត់ទេ»។ ប្រសិនបើ ពួកគេបៀតបៀនខ្ញុំ ពួកគេក៏បៀតបៀនដល់អ្នករាល់គ្នាដែរ។ ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមពាក្យខ្ញុំ ពួកគេនឹងប្រព្រឹត្តពាក្យរបស់អ្នករាល់គ្នាដែរ។ 21 ពួកគេនឹងធ្វើការទាំងអស់នេះដល់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ព្រោះពួកគេមិនស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។ 22 ប្រសិនបើ ខ្ញុំមិនបានមក ហើយប្រាប់ដល់ពួកគេទេ នោះពួកគេអាចនឹងគ្មានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេលែងមានការដោះសារពីបាបរបស់ពួកគេហើយ។ 23 អ្នកណាដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតាខ្ញុំដែរ។ 24 ប្រសិនបើ ខ្ញុំមិនបានធ្វើការ ដែលគ្មាននរណានៅក្នុងចំណោមពួកគេអាចធ្វើការនោះបាន ពួកគេអាចនឹងមិនមានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេបានឃើញ ហើយស្អប់ទាំងខ្ញុំ និងព្រះបិតាខ្ញុំ។ 25 ប៉ុន្តែ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមពាក្យដែលចែងនៅក្នុងក្រឹត្យវិន័យរបស់ពួកគេថា៖ «ពួកគេស្អប់ខ្ញុំ ឥតហេតុផលឡើយ»។ 26 នៅពេលដែលចាត់អ្នកកម្សាន្តចិត្តមកឯអ្នករាល់គ្នាពីព្រះបិតាខ្ញុំមក ព្រះអង្គជា ព្រះវិញ្ញាណនៃសេចក្តីពិត ដែលយាងពីព្រះបិតាខ្ញុំមក ព្រះអង្គនឹងធ្វើបន្ទាល់ពីខ្ញុំ។ 27 អ្នករាល់គ្នាដ៏កំពុងធ្វើបន្ទាល់ពីខ្ញុំដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូង។


ជំពូក 16

1 ខ្ញុំបានប្រាប់សេចក្តីទាំងនេះដល់អ្នករាល់គ្នា ដេើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ត។ 2 ពួកគេនឹងបណ្តេញអ្នករាល់គ្នាពីសាលាប្រជុំ។ ប៉ុន្តែ នៅពេលកំណត់មកដល់ នៅពេលមនុស្សគ្រប់គ្នាដែលរកសម្លាប់អ្នករាល់គ្នា​ ពួកគេនឹងគិតថា ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះជាម្ចាស់។ 3 ពួកគេធ្វើការទាំងនេះ ដោយសារពួកគេមិនបានស្គាល់ព្រះបិតាខ្ញុំ ឬស្គាល់ខ្ញុំទេ។ 4 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីនៅពេលកំណត់មកដល់ អ្នកនឹងចាំថា ខ្ញុំនិយាយពួកគេប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់ការនេះដល់អ្នករាល់គ្នាតាំងពីដំបូងមកទេ ដោយសារខ្ញុំនៅជាមួយអ្នករាល់គ្នា។ 5 ប៉ុន្តែ ឥឡូវនេះ ខ្ញុំត្រឡប់ទៅព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ ប៉ុន្តែ គ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា៖ «តើព្រះអង្គកំពុងទៅណា?» 6 ប៉ុន្តែ ដោយសារខ្ញុំបាននិយាយការនេះដល់អ្នករាល់គ្នា ធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាពេញដោយសេចក្តីព្រួយ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើខ្ញុំទៅ វាប្រសើរដល់អ្នករាល់គ្នា។ 7 ដ្បិត ប្រសិនបើ ខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនមកទេ ប៉ុន្តែ ប្រសិនបើ ខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមកសម្រាប់អ្នករាល់គ្នា។ 8 នៅពេលព្រះដ៏កម្សាន្តចិត្តយាងមក ព្រះអង្គបង្ហាញដល់លោកីយ៍កំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្តីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ។ 9 ទាក់ទងនឹងបាប ដោយសារពួកគេមិនជឿលើខ្ញុំ 10 ទាក់ទងនឹងសេចក្តីសុចរិត ដោយសារខ្ញុំត្រឡប់ទៅព្រះបិតាវិញ 11 ហើយទាក់ទងនឹងការជំនុំជម្រះ ដោយសារអ្នកគ្រប់គ្រងរបស់លោកីយ៍នេះនឹងត្រូវជំនុំជម្រះ។ 12 ខ្ញុំមានការជាច្រើនប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាមិនយល់ពីវាទេ។ 13 ប៉ុន្តែ​ នៅពេលព្រះវិញ្ញាណនៃសេចក្តីពិតយាងមក ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងសេចក្តីពិតគ្រប់យ៉ាង ដ្បិតព្រះអង្គមិនបានមានបន្ទូលពីអង្គទ្រង់ផ្ទាល់ទេ។ ប៉ុន្តែ ព្រះអង្គនឹងមានបន្ទូលពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងប្រាប់អ្នករាល់គ្នាពីអ្វីៗដែលនឹងមកដល់។ 14 ព្រះអង្គនឹងថ្វាយសិរីល្អដល់ខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ ហើយព្រះអង្គនឹងប្រាប់ពីការនោះដល់អ្នករាល់គ្នា។ 15 អ្វីៗទាំងអស់ដែលព្រះបិតាមាន​ជារបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ និងព្រះអង្គនឹងប្រាប់ដល់អ្នករាល់គ្នា។ 16 ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត។ 17 បន្ទាប់មក មានពួកសិស្សរបស់ព្រះអង្គខ្លះនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «តើមានន័យយ៉ាងដូចម្តេច ដែលព្រះអង្គមានបន្ទូលមកហើយថា៖ «ក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយនៅក្នុងរយៈពេលដ៏ខ្លះខាងមុន អ្នករាល់គ្នានឹងបានឃើញខ្ញុំម្តងទៀត?» ហើយ «ដោយសារខ្ញុំទៅឯព្រះបិតាខ្ញុំវិញ?» 18 ដូច្នេះហើយ បានជាពួកគេនិយាយថា៖ «តើអ្វីទៅដែលព្រះអង្គមានបន្ទូលថា៖ «ក្នុងរយៈពេលដ៏ខ្លី?» យើងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្វីទេ»។ 19 ព្រះយេស៊ូឃើញថា ពួកគេចង់សួរព្រះអង្គ ហើយព្រះអង្គក៏មានបន្ទូលទៅកាន់ពួកគេថា៖ «តើនេះគឺជាអ្វីដែលអ្នករាល់កំពុងតែសួរនៅក្នុងចំណោមអ្នករាល់គ្នា តើអ្វីដែលខ្ញុំនិយាយនោះ មានន័យយ៉ាងដូចម្តេចថា៖ «ក្នុងរយៈពេលដ៏ខ្លី ហើយអ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ហើយក្នុងរយៈពេលដ៏ខ្លី អ្នករាល់គ្នាបានឃើញខ្ញុំម្តងទៀត? 20 ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្តែ លោកីយ៍នឹងសប្បាយរីករាយ។ អ្នករាល់គ្នានឹងមានទុក្ខព្រួយយ៉ាងខ្លាំង ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ទៅជាអំណរវិញ។ 21 នៅពេលស្រី្តបង្កើតកូន នាងមានទុក្ខព្រួយជាខ្លាំង ព្រោះពេលកំណត់របស់នាងមកដល់ហើយ ប៉ុន្តែ នៅពេលនាងបង្កើតកូនរួចហើយ នាងលែងនឹកចាំពីការឈឺចាប់របស់នាងទៀតហើយ ព្រោះតែអំណររដែលនមនុស្សម្នាក់បានកើតមកក្នុងលោកីយ៍នេះ។ 22 ដូច្នេះ នៅពេលនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងជួបអ្នកសារជាថ្មីម្តងទៀត ហើយដួងចិត្តរបស់អ្នកនឹងមានអំណរ ហើយគ្មានអ្នកណាអាចយកអំណររបស់អ្នកចេញពីអ្នករាល់គ្នាឡើយ។ 23 នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំទៀតទេ។ ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នករាល់គ្នាសុំអ្វីពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានវាមកអ្នករាល់គ្នា។ 24 រហូតមកទល់ពេលនេះ អ្នករាល់គ្នាមិនបានសុំអ្វីដោយនូវឈ្មោះខ្ញុំទេ។ ចូរសុំ ហើយអ្នករាល់គ្នានឹងទទួល ដូច្នេះ អំណររបស់អ្នកនឹងបានគ្រប់លក្ខណៈ។ 25 ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ក្នុងពាក្យនៃការប្រៀបធៀប ប៉ុន្តែ នៅពេលកំណត់មកដល់ ខ្ញុំនឹងលែងនិយាយជាពាក្យនៃការប្រៀបធៀបទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ ខ្ញុំប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អ៊ំពីព្រះបិតា។ 26 នៅថ្ងៃនោះ ខ្ញុំនឹងសុំដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងមិននិយាយទៅកាន់អ្នកថា ខ្ញុំនឹងអធិស្ឋានដល់ព្រះបិតាសម្រាប់អ្នករាល់គ្នាសិនទេ 27 ដ្បិត ព្រះបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ដោយសារ អ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយដោយសារអ្នករាល់គ្នាបានជឿថា ខ្ញុំបានមកពីព្រះបិតា។ 28 ខ្ញុំបានមកពីព្រះបិតា ហើយខ្ញុំបានមកក្នុងលោកីយ៍នេះ។ ខ្ញុំកំពុងតែចាកចេញពីលោកីយ៍នេះ ហើយខ្ញុំនឹងទៅឯព្រះបិតាវិញ។ 29 ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល ឥឡូវនេះ ព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ ហើយព្រះអង្គមិនបានប្រើពាក្យនៃការប្រៀបធៀបទេ។ 30 ឥឡូវនេះ យើងដឹងហើយថា ព្រះអង្គជ្រាបទាំងអស់ ហើយព្រះអង្គមិនត្រូវការឲ្យនរណាសួរព្រះអង្គឡើយ។ ដោយហេតុនេះ យើងខ្ញុំជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។ 31 ព្រះយេស៊ូវឆ្លើយទៅកាន់ពួកគេថា៖ «តើអ្នករាល់គ្នាជឿហើយមែនទេ?» 32 មើល៍ ពេលកំណត់បានមកដល់ហើយ ពិតណាស់​ បានមកដល់ពិតប្រាកដមែន នៅពេលដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ មនុស្សគ្រប់គ្នានឹងទៅផ្ទះរបស់គេរៀងៗខ្លួន ហើយអ្នករាល់គ្នាក៏នឹងបោះបង់ខ្ញុំចោលដែរ។ ប៉ុន្តែ ខ្ញុំមិននៅម្នាក់ឯងទេ ព្រោះព្រះបិតានៅជាមួយខ្ញុំ។ 33 ខ្ញុំនិយាយការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសន្តិភាពនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍អ្នកមានទុក្ខលំបាកជាច្រើន ប៉ុន្តែ ចូលមានសេចក្តីក្លាហាន ខ្ញុំបានឈ្នះលោកីយ៍ហើយ»។


ជំពូក 17

1 បន្ទាប់ពីព្រះេយស៊ូមានបន្ទូលពីសេចក្តីទាំងនោះរួចហើយ ព្រះអង្គបានទតព្រះនេត្រឡើងទៅលើ ឯស្ថានសួគ៌ ហើយមានបន្ទូលថា៖ «ព្រះបិតាអើយ ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងព្រះអង្គវិញ 2 ដូចដែលព្រះអង្គបានប្រទានសិទ្ធិអំណាចដល់ព្រះបុត្រាលើមនុស្សលោកទាំងអស់ ដើម្បីឲ្យទ្រង់បានប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សគ្រប់គ្នាដែលព្រះអង្គបានប្រទានដល់ព្រះបុត្រាដែរ។ 3 នេះជាជីវិតអស់កល្បជានិច្ច៖ គឺថាពួកគេស្គាល់ព្រះអង្គ ជាព្រះពិតតែមួយគត់ និងជឿព្រះដែលចាត់ព្រះអង្គឲ្យមក គឺព្រះយេស៊ូគ្រិស្ត។ 4 ទូលបង្គំថ្វាយសិរីល្អដល់ព្រះអង្គនៅលើផែនដីនេះ។ ទូលបង្គំបានបញ្ចប់ការងារដែលព្រះអង្គបានប្រទានឲ្យទូលបង្គំធ្វើហើយ។ 5 ឥឡូវនេះ បិតាអើយ សូមលើកតម្កើងទូលបង្គំឡើងជាមួយនឹងសិរីល្អដែលទូលបង្គំមាន នៅចំពោះមុខលោកីយ៍ដែលទ្រង់បានបង្កើត។ 6 ទូលបង្គំបានបង្ហាញព្រះនាមព្រះអង្គ ដល់អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅក្នុងលោកីយ៍នេះ។ ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានទូលបង្គំឲ្យទៅពួកគេ ហើយពួកគេបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ 7 ឥឡូវនេះ ពួកគេដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ គឺមកពីព្រះអង្គ 8 ដ្បិត ទូលបង្គំបានឲ្យដល់ពួកគេគ្រប់គ្នានូវព្រះបន្ទូលដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ពួកគេបានទទួលព្រះបន្ទូល ហើយបានស្គាល់យ៉ាងប្រាកដថា ទូលបង្គំមកពីព្រះអង្គ ហើយពួកគេបានជឿថា ព្រះអង្គជាអ្នកចាត់ទូលបង្គំឲ្យមក។ 9 ទូលបង្គំអធិស្ឋានឲ្យពួកគេ។ ទូលបង្គំមិនអធិស្ឋានឲ្យលោកីយ៍ទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលព្រះអង្គប្រទានដល់ទូលបង្គំ ដ្បិត ពួកគេជាកម្មសិទ្ធិរបស់ព្រះអង្គ។ 10 អ្វីៗគ្រប់យ៉ាងដែលជារបស់ទូលបង្គំ ជារបស់ព្រះអង្គ ហើយអ្វីៗគ្រប់យ៉ាងដែលជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ហើយទូលបង្គំបានទទួលសិរីល្អនៅក្នុងពួកគេ។ 11 ទូលបង្គំលែងនៅក្នុងលោកីយ៍ទៀតហើយ ប៉ុន្តែ អ្នកទាំងអស់នេះ នៅក្នុងលោកីយ៍ ហើយទូលបង្គំនឹងត្រឡប់ទៅឯព្រះអង្គវិញ។ ឱបិតាដ៏វិសុទ្ធអើយ សូមការពារពួកគេនៅក្នុងព្រះនាមព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចយើងបានរួមគ្នាតែមួយដែរ។ 12 អំឡុងពេល ដែលទូលបង្គំនៅជាមួយពួកគេ ទូលបង្គំបានការពារពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំការពារពួកគេ ហើយមិនឲ្យនរណាម្នាក់ត្រូវវិនាសឡើយ​ លើកលែងតែកូននៃសេចក្តីវិនាសតែប៉ុណ្ណោះ ដើម្បីឲ្យបទគម្ពីរបានសម្រេច។ 13 ឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ ប៉ុន្តែ ទូលបង្គំប្រាប់ការទាំងអស់នេះនៅក្នុងលោកីយ៍ ដើម្បីឲ្យអំណររបស់ទូលបង្គំបានបំពេញនៅក្នុងពួកគេ។ 14 ទូលបង្គំបានប្រគល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកីយ៍បានស្អប់ពួកគេ ដោយសារពួកគេមិនមែនចេញពីលោកីយ៍មក ដូចជាទូលបង្គំដែរ មិនបានចេញពីលោកីយ៍មកទេ។ 15 ទូលបង្គំមិនបានសុំឲ្យព្រះអង្គដកពួកគេចេញពីលោកីយ៍ទេ ប៉ុន្តែ សុំឲ្យព្រះអង្គការពារពួកគេពីការអាក្រក់គ្រប់យ៉ាង។ 16 ពួកគេមិនមែនមកពីលោកីយ៍នេះទេ ដូចជាទូលបង្គំដែរ មិនមែនមកពីលោកីយ៍នេះទេ។ 17 សូមញែកពួកគេ ដោយសារសេចក្តីពិត។ ព្រះបន្ទូលរបស់ព្រះអង្គគឺជាសេចក្តីពិត។ 18 ដូចដែលព្រះអង្គបានចាត់ទូលបង្គំមកក្នុងលោកីយ៍នេះ ដើម្បីទូលបង្គំបានចាត់ពួកគេឲ្យទៅក្នុងលោកីយ៍វិញដែរ។ 19 ដ្បិត ទូលបង្គំបានញែកខ្លួនឯង ដោយសារពួកគេ ដើម្បីឲ្យពួកគេអាចត្រូវបានញែកនៅក្នុងសេចក្តីពិតដែរ។ 20 ទូលបង្គំមិនគ្រាន់តែអធិស្ឋានសម្រាប់ពួកគេទេ ប៉ុន្តែ អធិស្ឋានដល់អស់អ្នកដែលនឹងជឿដល់ទូលបង្គំតាមរយៈពាក្យរបស់ពួកគេដែរ 21 ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចជាព្រះអង្គ ព្រះបិតា នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ។ ទូលបង្គំអធិស្ឋានថា សូមឲ្យពួកគេបាននៅក្នុងយើង ដើម្បីឲ្យលោកីយ៍ជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។ 22 សិរីល្អដែលព្រះអង្គប្រទានដល់ទូលបង្គំ នោះទូលបង្គំបានឲ្យដល់ពួកគេហើយ ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូច យើងដែរ។ 23 ទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេអាចនាំភាពរួបរួមទាំងស្រុង ដើម្បីឲ្យលោកីយ៍ដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ហើយព្រះអង្គបានស្រឡាញ់ពួកគេ ដូចព្រះអង្គបានស្រឡាញ់ទូលបង្គំដែរ។ 24 ឱព្រះបិតាអើយ ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅកន្លែងដែលទូលបង្គំនៅដែរ ហើយនឹងឃើញសិរីល្អរបស់ទូលបង្គំ គឺជាសិរីល្អរបស់ព្រះអង្គដែលបានប្រទានដល់ទូលបង្គំ ព្រោះព្រះអង្គស្រឡាញ់ទូលបង្គំ មុនលោកីយ៍បានបង្កើតមកម្ល៉េះ។ 25 ឱព្រះបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ព្រះអង្គទេ ប៉ុន្តែ ទូលបង្គំស្គាល់ព្រះអង្គ ហើយពួកគេបានដឹងថាព្រះអង្គចាត់ទូលបង្គំឲ្យមក។ 26 ទូលបង្គំបានធ្វើឲ្យគេស្គាល់ព្រះនាមព្រះអង្គ ហើយទូលបង្គំនឹងធ្វើឲ្យគេស្គាល់ ដើម្បីឲ្យសេចក្តីស្រឡាញ់ដែលព្រះអង្គបានស្រឡាញ់ទូលបង្គំនឹងនៅក្នុងពួកគេ ហើយទូលបង្គំនឹងនៅក្នុងពួកគេដែរ។


ជំពូក 18

1 បន្ទាប់ពីព្រះយេស៊ូមានបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបានចេញទៅជ្រលងកេ្រដូនម្ខាងទៀតជាមួយពួកសិស្ស ព្រះអង្គបានចូលទៅក្នុងសួនមួយនៅទីនោះជាមួយពួកសិស្ស។ 2 លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ដឹងពីកន្លែងនោះដែរ ដ្បិត ព្រះយេស៊ូបានយាងទៅទីនោះជាញឹកញាប់ជាមួយពួកសិស្ស។ 3 បន្ទាប់មក លោកយូដាស បាននាំទាហានមួយក្រុម ហើយនិងពួកអាជ្ញាធរពីនាយកបូជាចារ្យ និងពួកផារីស៊ី ទៅទីនោះជាមួយនឹងគោម ចន្លុះ ហើយនិងអាវុធផង។ 4 បន្ទាប់មក ព្រះយេស៊ូបានជ្រាបក្នុងគ្រប់ការទាំងអស់ថាអ្វីនឹងកើតឡើងចំពោះព្រះអង្គ ទ្រង់បានយាងទៅជួបពួកគេ ហើយមានបន្ទូលសួរថា៖ «តើអ្នករាល់គ្នាកំពុងស្វែងរកនរណា?» 5 ពួកគេទូលទៅព្រះអង្គវិញថា៖ «រកយេស៊ូ អ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ»។ លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ឈរនៅជាមួយទាហានដែរ។ 6 នៅពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ» ដូច្នេះ ពួកគេក៏ផ្ងាក្រោយ ហើយដួលទៅនឹងដី។ 7 បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នាស្វែងរកនរណា?» ពួកគេទូលឆ្លើយម្តងទៀតថា៖ «យេស៊ូ អ្នកស្រុកណាសារ៉ែត»។ 8 ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា៖ «គឺខ្ញុំហ្នឹងហើយ។ ប្រសិនបើ អ្នករាល់គ្នាស្វែងរកខ្ញុំ ដូច្នេះ សូមឲ្យអ្នកទាំងអស់នេះចេញទៅ»។ 9 ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលព្រះអង្គបានប្រទានមកទូលបង្គំ គ្មានអ្នកណាបាត់បង់ឡើយ»។ 10 បន្ទាប់មក លោកស៊ីម៉ូនពេត្រុស ជាអ្នកដែលមានដាវ បានដក ហើយកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ហើយបានកាត់ត្រចៀកខាងស្តាំរបស់គាត់។ អ្នកបម្រើនោះឈ្មោះម៉ាល‌កុស។ 11 ព្រះយេស៊ូទៅលោកពេត្រុសថា៖ «ដាក់ដាវទៅក្នុងស្រោមរបស់វាវិញទៅ។ តើខ្ញុំមិនផឹកពែងដែលព្រះបិតាបានប្រទានដល់ខ្ញុំទេឬអី?» 12 ដូច្នេះ​ ក្រុមទាហាន និងមេបញ្ជាការ ព្រមទាំងអាជ្ញាធររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។ 13 ពួកគេបាននាំព្រះអង្គទៅជួបលោក​អេណា ដ្បិតគាត់គឺជាឪពុកក្មេករបស់លោកកៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។ 14 លោកកៃផាសជាម្នាក់ដែលបានផ្តល់យោបល់ទៅសាសន៍យូដាដែលគឺជាល្អ ប្រសិនបើ ម្នាក់នះស្លាប់ជំនួសមនុស្ស។ 15 លោកស៊ីម៉ូនពេត្រុសបានដើរតាមព្រះយេស៊ូ ជាមួយនឹងពួកសិស្សផ្សេងទៀតដែរ។ មានសិស្សម្នាក់នោះបានស្គាល់មហាបូជាចារ្យ ហើយគាត់បានចូលទៅឯព្រះយេស៊ូនៅទៅទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ប៉ុន្តែ លោកពេត្រុសឈរនៅខាងក្រៅទ្វារ។ 16 ដូច្នេះ សិស្សម្នាក់ទៀត ដែលស្គាល់មហាបូជាចារ្យ បានចូលទៅ ហើយនិយាយជាមួយស្រី្តអ្នកយាមទ្វារ ហើយគាត់បាននាំលោកពេត្រុសចូលក្នុង។ 17 បន្ទាប់មក ស្រី្តបម្រើ ដែលជាអ្នកយាមទ្វារ និយាយទៅកាន់លោកពេត្រុសថា៖ «តើអ្នកក៏ជាសិស្សម្នាក់របស់បុរសនោះមែនទេ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ 18 ពួកអ្នកបម្រើ និងពួកអាជ្ញាធរកំពុងឈរនៅទីនោះ ពួកគេបង្កាត់ភ្លើងអាំង ដ្បិតពេលនោះរងារណាស់ ពួកគេបានអាំងកម្តៅរូបកាយរបស់ពួកគេ។ លោកពេត្រុសក៏នៅជាមួយពួកគេ អាំងភ្លើង និងកម្តៅខ្លួនពួកគេនៅទីនោះដែរ។ 19 បន្ទាប់មក មហាបូជាចារ្យបានសួរព្រះយេស៊ូអំពីសេចក្តីបង្រៀនរបស់ពួកសិស្ស និងសេចក្តីបង្រៀនរបស់ព្រះអង្គ។ 20 ​ព្រះយេស៊ូបានមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំបានប្រាប់ជាសាធារណៈដល់លោកីយ៍ហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារ ជាកន្លែងដែលសាសន៍យូដាមកប្រជុំគ្នា។ ខ្ញុំមិនបាននិយាយអ្វីអាថ៌កំបាំងឡើយ។ 21 ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំពីអ្វីដែលខ្ញុំបានបង្រៀន។ មើល អ្នកទាំងអស់នេះដឹងអ្វីដែលខ្ញុំបាននិយាយ»។ 22 នៅពេលព្រះយេស៊ូមានបន្ទូលការនេះហើយ អាជ្ញាធរម្នាក់ដែលឈរនៅទីនោះបានវាយព្រះយេស៊ូ ហើយនិយាយថា៖ «ឯងឆ្លើយបែបនេះ ទៅកាន់មហាបូជាចារ្យមែនទេ?» 23 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅអ្នកនោះថា៖ «ប្រសិនបើ ខ្ញុំនិយាយខុសមែន ចូរគិតពីកំហុសខ្ញុំចុះ ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវ ហេតុអ្វីបានជាលោកវាយខ្ញុំ?» 24 បន្ទាប់មកលោកអេណាបានចាត់ព្រះអង្គឲ្យទៅឯកៃផាសជាមហាបូជាចារ្យទាំងជាប់ចំណង។ 25 លោកស៊ីម៉ូនពេត្រុសកំពុងតែឈរ ហើយកំពុងអាំងភ្លើង។ នោះ បណ្តាជនបានមកហើយនិយាយទៅគាត់ថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់ក្នុងចំណោមពួកសិស្សរបស់អ្នកនោះទេឬអី?» គាត់បដិសេធ ហើយនិយាយថា៖ «ខ្ញុំមិនមែនទេ»។ 26 អ្នកបម្រើម្នាក់របស់មហាបូជាចារ្យ ជាញាតិរបស់បុរសម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀក និយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះនៅក្នុងសួនទេឬអី?» 27 បន្ទាប់មក លោកពេត្រុសបដិសេធម្តងទៀត ហើយរំពេចនោះមាន់ក៏រងាវ។ 28 បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូពីលោកកៃផាសទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល។ ពេលនោះគឺជាពេលព្រឹកព្រលឹម ហើយពួកគេមិនបានចូលទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល ព្រោះបើធ្វើដូច្នោះ ពួកគេនឹងរាប់ជាមិនស្អាត ព្រោះពួកគេបរិភោគក្នុងពិធីបុណ្យរំលង។ 29 ដូច្នេះ លោកពីឡាតបានចេញមកជួបពួកគេ ហើយមានប្រសាសន៍ថា៖ «តើអ្នកចោទប្រកាន់បុរសនេះរឿងអ្វី?» 30 ពួកគេឆ្លើយ ដោយនិយាយទៅកាន់គាត់ថា៖ «ប្រសិនបើ បុរសនេះ មិនបានធ្វើការអាក្រក់ទេ យើងនឹងមិននាំគាត់មកប្រគល់ឲ្យលោកទេ»។ 31 ដូច្នេះ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «ចូរយកគាត់ទៅខ្លួនឯងទៅ ហើយកាត់ក្តីគាត់ស្របទៅតាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ»។ ពួកយូដានិយាយទៅកាន់គាត់ថា៖ «វាមិនត្រឹមត្រូវតាមច្បាប់សម្រាប់យើងទេ ក្នុងការសម្លាប់អ្នកណាម្នាក់នោះ»។ 32 ពួកគេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងបានសម្រេច តាមសេចក្តីដែលព្រះអង្គបានមានបន្ទូលពីការដែលព្រះអង្គត្រូវសុគតយ៉ាងណា។ 33 បន្ទាប់មកលោកពីឡាតបានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលម្តងទៀត ហើយបានហៅព្រះយេស៊ូ ព្រមទាំងនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកគឺជាមហាក្សត្ររបស់សាសន៍យូដាមែនទេ?» 34 ព្រះយេស៊ូឆ្លើយថា៖ «តើលោកនិយាយខ្លួនឯង ឬ អ្នកផ្សេងប្រាប់លោកពីខ្ញុំ?» 35 លោកពីឡាតឆ្លើយថា៖ «ខ្ញុំមិនមែនជាសាសន៍យូដាទេ​ តើមែនទេ? សាសន៍របស់អ្នកផ្ទាល់ ហើយនាយកបូជាចារ្យបានប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?» 36 ព្រះយេស៊ូឆ្លើយថា៖ «ព្រះរាជ្យរបស់ខ្ញុំមិនមែនមកពីលោកីយ៍នេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំមកពីលោកីយ៍នេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធមិនខាន ដើម្បីកុំឲ្យខ្ញុំត្រូវចាប់ប្រគល់ទៅឲ្យសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែនមកពីនេះទេ»។ 37 បន្ទាប់ លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «អ៊ីចឹង តើលោកជាមហាក្សត្រមែនទេ?» ព្រះយេស៊ូបានឆ្លើយថា៖ «លោកនិយាយថា ខ្ញុំជាមហាក្សត្រ។ ដ្បិត ខ្ញុំកើតមកក្នុងគោលបំណងនេះឯង ហើយគោលបំណងដែលខ្ញុំបានមកក្នុងលោកីយ៍នេះ ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ចំពោះសេចក្តីពិតនេះ។ មនុស្សគ្រប់រូបដែលជាកម្មសិទ្ធិសេចក្តីពិតនឹងស្តាប់សម្លេងរបស់ខ្ញុំ។ 38 លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «តើសេចក្តីពិតជាអ្វី?» នៅពេលដែលគាត់បាននិយាយដូច្នេះរួចហើយ គាត់បានចេញទៅជួបពួកយូដាខាងក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំរកកំហុសមិនឃើញនៅក្នុងបុរសនេះទេ។ 39 ប៉ុន្តែ អ្នករាល់គ្នាមានទម្លាប់ ខ្ញុំនឹងដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នានៅថ្ងៃបុណ្យរំលងនេះ។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់សាសន៍យូដាដល់អ្នករាល់គ្នាឬយ៉ាងណា?» 40 នោះ ពួកគេបានស្រែកឡើង ហើយនិយាយថា៖ «មិនមែនបុរសនេះទេ ប៉ុន្តែសូមដោះលែង​បារ៉ា‌បាស​វិញ»។ លោកបារ៉ាបាសជាចោរប្លន់។


ជំពូក 19

1 បន្ទាប់មក លោកពីឡាតបានយកព្រះយេស៊ូហើយវាយព្រះអង្គនឹងខ្សែតី។ 2 ទាហានបានពាក់មកុដបន្លា។ ​ពួកគេពាក់វានៅលើព្រះសិរសារបស់ព្រះយេស៊ូ ហើយពាក់អាវពណ៌ស្វាយឲ្យព្រះអង្គ។ 3 ពួកគេបានមករកព្រះអង្គ ហើយនិយាយថា៖ «សូមថ្វាយបង្គំ មហាក្សត្ររបស់យូដា!»។ 4 បន្ទាប់មក លោកពីឡាតបានចេញទៅក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «មើល ខ្ញុំបាននាំគាត់មកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។ 5 ដូច្នេះ ព្រះយេស៊ូបានចេញមក ពាក់មកុដបន្លា និងអាវផាយពណ៌ស្វាយ។ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «មើល នេះណែ បុរសនេះហើយ!» 6 នៅពេលនាយកបូជាចារ្យ និងពួកអាជ្ញាធរបានឃើញព្រះយេស៊ូ ពួកគេស្រែកឡើង ហើយនិយាយថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «យកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិត ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។ 7 ពួកយូដាឆ្លើយទៅគាត់ថា៖ «យើងមានច្បាប់មួយ ហើយស្របតាមច្បាប់ដែលវាត្រូវស្លាប់ ដោយសារវាបានប្រកាសថា ជាបុត្រារបស់ព្រះជាម្ចាស់»។ 8 នៅពេលលោកពីឡាតបានឮប្រយោគនេះ គាត់រឹតតែខ្លាចខ្លាំងឡើងថែមទៀត 9 ហើយគាត់បានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលវិញ ហើយមានប្រសាសន៍ទៅព្រះយេស៊ូថា៖ «តើលោកមកពីណា?» ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅគាត់ទេ។ 10 បន្ទាប់មក លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «លោកមិននិយាយអ្វីជាមួយខ្ញុំទេឬអី? តើលោកដឹងទេថា​ ខ្ញុំមានអំណាចនឹងដោះលែងលោក ហើយមានអំណាចនឹងឆ្កាងលោក?» 11 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «លោកគ្មានអំណាចអ្វីលើខ្ញុំទេ លើកលែងតែអំណាចដែលបានប្រទានដល់លោកពីស្ថានសួគ៌។ ដូច្នេះហើយ អ្នកដែលប្រគល់ខ្ញុំមកឲ្យលោកជាមនុស្សមានបាបយ៉ាងធំ»។ 12 ពេលព្រះអង្គមានបន្ទូលឆ្លើយដូច្នេះ លោកពីឡាតចង់ដោះលែងព្រះអង្គ ប៉ុន្តែ ពួកយូដាស្រែកឡើង ហើយនិយាយថា៖ «ប្រសិនបើ លោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តសម្លាញ់របស់ស្តេចសេសាឡើយ»។ 13 អស់អ្នកណាដែលតាំងខ្លួនឯងជាស្តេច និយាយទាស់នឹងស្តេចសេសាហើយ»។ នៅពេលលោកពីឡាតឮពាក្យទាំងនេះ គាត់បាននាំព្រះយេស៊ូចេញក្រៅ ហើយអង្គុយចុះនៅលើកៅអីជំនុំជម្រះ ដែលហៅថា៖ «ទៅលានក្រាលថ្ម» ប៉ុន្តែ នៅក្នុងភាសាហេព្រើរហៅថា៖ «កាបាថា»។ 14 ពេលនេះ គឺជាពេលនៃការរៀបចំសម្រាប់ថ្ងៃបុណ្យរំលង ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ពួកយូដាថា៖​ «មើល៍ នេះគឺជា​ស្តេចរបស់អ្នករាល់គ្នា»។ 15 ពួកគេស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាមែនទេ?» នាយកបូជាចារ្យបានឆ្លើយថា៖ «យើងគ្មានស្តេចទេ មានតែស្តេចសេសាតែមួយគត់»។ 16 នោះ លោកពីឡាតបានប្រគល់ព្រះយេស៊ូទៅឲ្យពួកគេ ដើម្បីឆ្កាង។ 17 បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូ ហើយព្រះអង្គបានចេញទៅក្រៅ ព្រះអង្គបានលីឈើឆ្កាងដោយព្រះអង្គផ្ទាល់ ទៅកន្លែងដែលហៅថា៖ «តំបន់លលាក្បាល»​ ដែល​នៅក្នុងភាសា​ហេព្រើរ​ហៅ​ថា៖​ «គាល់​កូថា»។ 18 ពួកគេឆ្កាងព្រះយេស៊ូនៅទីនោះ ជាមួយបុរសពីរនាក់ទៀត ម្នាក់ម្ខាង ហើយព្រះយេស៊ូនៅចំកណ្តាល។ 19 លោកពីឡាតក៏សរសេរសញ្ញា ហើយដាក់នៅលើឈើឆ្កាង។ សញ្ញានោះសរសេរថា៖ «ព្រះយេស៊ូ អ្នកស្រុកណាសារ៉ែត ស្តេចរបស់សាសន៍យូដា»។ 20 សាសន៍យូដាជាច្រើនបានអានសញ្ញានេះ ដោយសារកន្លែងដែលព្រះយេស៊ូត្រូវឆ្កាងនោះ នៅជិតទីក្រុង។ សញ្ញានោះសរសេរជាភាសាហេព្រើរ ឡាទីន និងក្រិក។ 21 នោះ នាយកបូជាចារ្យរបស់សាសន៍យូដាមានប្រសាសន៍ទៅកាន់លោកពីឡាតថា៖ «សូមកុំសរសេរថា «ស្តេចរបស់សាសន៍យូដាអី» ផ្ទុយទៅវិញ ចូរសរសេរដូច្នេះវិញថា៖ «អ្នកនេះនិយាយថា៖ «ខ្ញុំគឺជាស្តេចរបស់សាសន៍យូដា»។ 22 លោកពីឡាតឆ្លើយថា៖ «ខ្ញុំសរសេរយ៉ាងម៉េច សរសេរអ៊ីចឹងហើយ!»។ 23 នៅពេលពួកទាហានឆ្កាងព្រះយេស៊ូ ពួូកគេបានយកសម្លៀកបំពាក់របស់ព្រះយេស៊ូ បែងចែកជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកសម្រាប់ពួកគេ រួមទាំងអាវផងដែរ។ ហើយអាវនោះ គ្មានថ្នេរ ជាក្រណាត់មួយដុំ តាំងពីលើដល់ក្រោម។ 24 បន្ទាប់មក ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «សូមយើងកុំហែកវាអី ប៉ុន្តែ ចូរយើងចាប់ឆ្នោតវិញ ដើម្បីសម្រេចថា តើអាវនេះនឹងបានទៅលើនរណា!»។ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេបានបែងចែកសម្លៀកបំពាក់ទូលបង្គំនៅក្នុងចំណោមពួកគេ ហើយចាប់ឆ្នោត ដើម្បីយកសម្លៀកបំពាក់របស់ទូលបង្គំ»។ នេះគឺជាអ្វីដែលពួកទាហានបានធ្វើ។ 25 ព្រះមាតារបស់ព្រះយេស៊ូ ប្អូនស្រីមាតារបស់ព្រះអង្គ នាងម៉ារីភរិយារបស់លោក​​ក្លូប៉ាស​ និង​ម៉ារីជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅជិតឈើឆ្កាងរបស់ព្រះយេស៊ូ។​ 26 នៅពេលព្រះយេស៊ូទតឃើញមាតារបស់ព្រះអង្គ ហើយសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅជិតនោះ ព្រះអង្គមានបន្ទូលទៅមាតារបស់ព្រះអង្គថា៖ «អ្នកម្តាយអើយ! មើល៍ នោះជាកូនរបស់អ្នកម្តាយហើយ» 27 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សថា៖​ ​«មើល៍! នេះជាអ្នកម្តាយរបស់អ្នកហើយ» ចាត់ពីម៉ោងនោះមក សិស្សរបស់ព្រះអង្គបានយកនាងទៅនៅផ្ទះរបស់គាត់ផ្ទាល់។ 28 បន្ទាប់ពីនេះ ទើបបានដឹងថាអ្វីៗបានសម្រេចហើយ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំស្រេកទឹក»។ 29 មានក្រឡមួយពេញដោយទឹកខ្មេះបានដាក់នៅទីនោះ ដូច្នេះ ពួកគេបានយក​សារាយ​ស្ងួត​រុំ​នឹង​មែក​ហ៊ីសុប​ជ្រលក់​ទឹកខ្មេះ​ជោក​ រួច​ហុច​ដល់​ព្រះឱស្ឋ​របស់​ព្រះអង្គ។ 30 នៅពេលយេស៊ូផឹកទឹកខ្មេះនោះហើយ ព្រះអង្គមានបន្ទូលថា៖ «សម្រេចហើយ»។ ​ 31 បន្ទាប់មក សាសន៍យូដា ដោយព្រោះថ្ងៃនោះគឺជាថ្ងៃនៃការរៀបចំ ដូច្នេះ ពួកគេបានទុកឲ្យព្រះកាយរបស់ព្រះយេស៊ូនៅលើឈើឆ្កាងនៅក្នុងថ្ងៃសប្ប័ទទេ (ដ្បិតថ្ងៃសប្ប័ទគឺជាថ្ងៃបុណ្យធំ) ពួកគេបានសូមលោកពីឡាត ដើម្បីបំបាក់ជើងរបស់ពួកគេ ហើយយកសាកសពរបស់ពួកគេចុះមក។ 32 បន្ទាប់មក ពួកទាហានបានមកដល់ ហើយបំបាក់ជើងរបស់បុរសទីមួយ និងបំពាក់ជើងបុរសទីពីរ ដែលបានឆ្កាងជាមួយព្រះយេស៊ូ។ 33 នៅពេលពួកគេមកដល់ព្រះយេស៊ូ ពួកគេឃើញថា ព្រះអង្គសុគតរួចស្រេចបាត់ទៅហើយ ដូច្នេះ ពួកគេមិនបានបំបាក់ជើងរបស់ព្រះអង្គទេ។ 34 ប៉ុន្តែ មានទាហានម្នាក់បានចាក់ចំហៀងខ្លួនរបស់ព្រះអង្គជាមួយនឹងលំពែង ហើយរំពេចនោះឈាម និងទឹកបានហូរចេញមក។ 35 ម្នាក់ដែលបានឃើញការនេះ បានធ្វើបន្ទាល់ ហើយទីបន្ទាល់របស់គាត់គឺជាការពិត។ គាត់ដឹងថា អ្វីដែលគាត់និយាយគឺជាការពិត ដើម្បីឲ្យអ្នករាល់គ្នាអាចជឿដែរ។ 36 ដ្បិត ការទាំងអស់នេះ បានកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបានបាក់ឡើយ»។ 37 ក៏មានបទគម្ពីរផ្សេងទៀតបានចែងថា៖ «ពួកគេសម្លឹងមើលព្រះអង្គដែលត្រូវគេចាក់ទម្លុះ»។ 38 បន្ទាប់ពីការទាំងនេះហើយ លោកយ៉ូសែប អ្នកស្រុក​​អើរី‌ម៉ាថេ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូដែរ (ដោយសារខ្លាចពួកយូដា គាត់មិនបង្ហាញថាជាសិស្សរបស់ព្រះអង្គទេ) បានសូមលោកពីឡាត ដើម្បីគាត់អាចនឹងយកព្រះសពរបស់ព្រះយេស៊ូបានឬអត់។ 39 លោកពីឡាតបានផ្តល់ការអនុញ្ញាតឲ្យគាត់។ ដូច្នេះ លោកយ៉ូសែបបានមក ហើយយកព្រះសពរបស់ព្រះអង្គទៅ។ លោកនីកូដេមក៏បានមកដែរ គាត់គឺជាម្នាក់ដែលបានមករកព្រះយេស៊ូនៅពេលយប់មុនគេ។ គាត់បាន​យក​ជ័រ‌ល្វីង‌ទេសលាយ​ជាមួយ​គ្រឿង​ក្រអូប ប្រហែលជាហាសិបគីឡូក្រាម។ 40 ដូច្នេះ ពួកគេបានយកព្រះកាយរបស់ព្រះយេស៊ូ ហើយបានរុំព្រះកាយនោះនឹងក្រណាត់សរមួយដុំ ដូចទម្លាប់របស់សាសន៍យូដា ដើម្បីបញ្ចុះសព។ 41 នៅកន្លែងដែលគេឆ្កាងព្រះអង្គនោះ មានសួនមួយ ហើយនៅក្នុងសួននោះមានផ្នូរថ្មីមួយដែលគ្មាននរណាយកសពមកដាក់នៅឡើយទេ។ 42 ដោយសារថ្ងៃនោះជាថ្ងៃរៀបចំរបស់សាសន៍យូដា ហើយដោយសារផ្នូរនោះនៅជិតផង ពួកគេបានបញ្ចុះព្រះយេស៊ូនៅទីនោះទៅ។


ជំពូក 20

1 នៅព្រឹកព្រលឹមនៅថ្ងៃទីមួយនៃសប្តាហ៍ កាលនៅងងឹតនៅឡើយ នាងម៉ារី អ្នកស្រុកម៉ាដាឡា បានមកឯផ្នូរ ហើយឃើញថ្មដែលបិទផ្នូរចំហរពីផ្នូរ។ 2 ដូច្នេះ នាងក៏រត់ ហើយទៅរកលោកស៊ីម៉ូនពេត្រុស ហើយទៅរកសិស្សម្នាក់ទៀតដែលស្រឡាញ់ព្រះអង្គ ហើយនាងនិយាយទៅកាន់ពួកគេថា៖ «ពួកគេយកព្រះអម្ចាស់ពីផ្នូរទៅបាត់ហើយ យើងមិនដឹងថាពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។ 3 នោះ លោកពេត្រុស និងសិស្សម្នាក់ទៀតបានចេញទៅ ហើយពួកគេបានទៅដល់ផ្នូរ។ 4 ពួកគេទាំងពីរបានរត់ជាមួយគ្នា ហើយសិស្សម្នាក់ទៀតរត់លឿនជាងទៅមុខលោកពេត្រុស ហើយបាននៅដល់ផ្នូរមុន។ 5 បន្ទាប់មក ឱនមើល គាត់បានឃើញក្រណាត់សរនៅទីនោះ ប៉ុន្តែ គាត់មិនបានចូលទៅខាងក្នុងទេ។ 6 បន្ទាប់មកលោកស៊ីម៉ូនពេត្រុសក៏មកដល់ ហើយបានចូលទៅក្នុងផ្នូរ។ គាត់ក៏បានឃើញក្រណាត់សរនៅទីនោះដែរ។ និងជាក្រណាត់ដែលនៅលើព្រះសិរសារបស់ព្រះអង្គ។ 7 ក្រណាត់នោះបាននៅជាមួយនឹងក្រណាត់សម្លៀកបំពាក់ ប៉ុន្តែ រមូរនៅកន្លែងមួយដោយឡែក។ 8 បន្ទាប់មក សិស្សម្នាក់ទៀត ម្នាក់ដែលមកដល់ផ្នូរមុនគេ ក៏ចូលទៅក្នុងដែរ ហើយគាត់បានឃើញ ហើយក៏ជឿ។ 9 ដ្បិត រហូតមកដល់ពេលនេះ ពួកគេនៅតែមិនដឹងបទគ​ម្ពីរដែលថា ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ។ 10 ដូច្នេះ ពួកសិស្សក៏ត្រឡប់ទៅផ្ទះវិញ។ 11 ប៉ុន្តែ នាងម៉ារីដែលកំពុងឈរយំនៅខាងក្រៅផ្នូរ។ ក្នុងកាលដែលនាងកំពុងនៅយំនៅឡើយ នាងបានឈ្ងោកមើលទៅក្នុងផ្នូរ។ 12 នាងបានឃើញទេវតាពីរនាក់ក្នុងសម្លៀកបំពាក់សអង្គុយនៅទីនោះ ម្នាក់អង្គុយនៅខាងក្បាល ម្នាក់ទៀតអង្គុយនៅខាងចុងជើង​ នៅកន្លែងដែលគេបានដាក់ព្រះយេស៊ូ។ 13 ពួកគេបាននិយាយទៅនាងថា៖ ​«នាងអើយ ហេតុអ្វីបានជានាងយំ?» នាងឆ្លើយទៅពួកគេថា៖ «ដោយសារគេយកព្រះជាម្ចាស់របស់ខ្ញុំម្ចាស់ទៅបាត់ហើយ ហើយខ្ញុំមិនដឹងថា ពួកគេយកព្រះអង្គទៅដាក់នៅទីណាទេ»។ 14 នៅពេលនាងឃើញការនេះ នាងបានបែរក្រោយ ហើយឃើញព្រះយេស៊ូកំពុងឈរនៅទីនោះ ប៉ុន្តែ នាងមិនស្គាល់ថា ជាព្រះយេស៊ូទេ។ 15 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ ហេតុអ្វីបានជានាងយំដូច្នេះ? តើនាងកំពុងស្វែងរកនរណា?» នាងស្មានថា ព្រះអង្គជាអ្នកថែសួន ដូច្នេះ នាងបានទូលឆ្លើយទៅព្រះអង្គថា៖ «លោកអើយ ប្រសិនបើ លោកបានយកព្រះអង្គទៅ សូមប្រាប់ខ្ញុំផងថា លោកទុកព្រះអង្គនៅទីណា ខ្ញុំនឹងទៅយកព្រះអង្គ»។ 16 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ម៉ារីអើយ»។ នាងបានបែរមករក ហើយឆ្លើយទៅព្រះអង្គវិញជាភាសាហេព្រើរថា៖ «រ៉ាប៊ូនី» ប្រែ​ថា (លោកគ្រូ)។ 17 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំប៉ះខ្ញុំអី ដើម្បីខ្ញុំមិនទាន់ឡើងទៅព្រះបិតាខ្ញុំនៅឡើយទេ ប៉ុន្តែ ខ្ញុំនឹងទៅបងប្អូនខ្ញុំ ហើយនិយាយទៅកាន់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ និងជាបិតារបស់អ្នក ហើយព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់អ្នកដែរ»។ 18 នាងម៉ារីអ្នកស្រុកម៉ាដាឡាបានមក ហើយប្រាប់ដល់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ហើយប្រាប់ថា ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះមកនាង។ 19 នៅពេលល្ងាច ថ្ងៃនោះ គឺជាថ្ងៃទីមួយនៃសប្ដាហ៍ ទ្វារផ្ទះដែលពួកសិស្សនៅបានបិទ ព្រោះខ្លាចពួកយូដា ព្រះយេស៊ូបានយាងចូល ហើយឈរនៅក្នុងចំកណ្តាលពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។ 20 បន្ទាប់ពីព្រះអង្គមានបន្ទូលរួចហើយ ព្រះអង្គបានបង្ហាញព្រះហស្តរបស់ព្រះអង្គដល់ពួកគេ និងចំហៀងខ្លួនរបស់ព្រះអង្គដែរ។ ពួកសិស្សមានអំណរ នៅពេលពួកគេបានឃើញព្រះអម្ចាស់។ 21 បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត។ ព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់ឲ្យចេញទៅយ៉ាងនោះដែរ»។ 22 នៅពេលព្រះយេស៊ូមានបន្ទូលរួចហើយ ព្រះអង្គបានផ្លុំខ្យល់ដង្ហើមលើពួកគេ ហើយមានបន្ទូលទៅពួកគេថា៖ «ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។​ 23 ប្រសិនបើ អ្នករាល់គ្នាអត់ទោសឲ្យអ្នកណា ពួកគេនឹងបានទទួលការអត់ទោស តែប្រសិនបើ អ្នករាល់គ្នាមិនអត់ទោសទេ ពួកគេក៏មិនអាចទទួលការអត់ទោសដែរ»។ 24 លោកថូម៉ាស ជាម្នាក់នៃសិស្សទាំងដប់ពីរ ហៅថា ឌីឌីមមិនបាននៅជាមួយពួកគេ នៅពេលព្រះយេស៊ូយាងមក។ 25 ក្រោយមក មានសិស្សម្នាក់ទៀតទូលទៅកាន់ព្រះអង្គថា៖ «យើងបានឃើញព្រះអម្ចាស់»។ គាត់និយាយទៅកាន់ពួកគេថា៖ «ប្រសិនបើ ខ្ញុំមិនឃើញព្រះហស្តដែលដំដោយដែកគោល ហើយដាក់ម្រាមដៃទៅប៉ះចំហៀងខ្លួនរបស់ព្រះអង្គនោះទេ ខ្ញុំនឹងមិនជឿទេ»។ 26 ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅខាងក្នុងផ្ទះម្ដងទៀត ហើយលោកថូមាសបាននៅជាមួយពួកគេដែរ។ ព្រះយេស៊ូបានយាងមក ក្នុងពេលដែលទ្វារបានបិទនៅឡើយ ហើយគង់នៅក្នុងកណ្តាលចំណោមពួកគេ ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។ 27 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅលោកថូម៉ាសថា៖ «ចូរយកម្រាមដៃរបស់អ្នកមកដាក់នៅត្រង់នេះ ហើយមើលដៃខ្ញុំចុះ។ ចូរហុចដៃរបស់អ្នកមកត្រង់នេះ ហើយដាក់វាចូរមកក្នុងចំហៀងខ្លួនរបស់ខ្ញុំចុះ។ ចូរជឿ កុំធ្វើជាអ្នកមិនជឿឡើយ»។ 28 លោកថូម៉ាសបានឆ្លើយ ហើយទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់របស់ខ្ញុំ ព្រះជាម្ចាស់របស់ខ្ញុំ»។ 29 ព្រះយេស៊ូមានបន្ទូលទៅកាន់គាត់ថា៖ «អ្នកជឿ ដោយសារអ្នកបានឃើញខ្ញុំ។ មានពរហើយ អស់អ្នកណាដែលជឿ ដោយមើលមិនឃើញ»។ 30 ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើន នៅក្នុងចំណោមពួកសិស្ស ទីសម្គាល់ជាច្រើនទៀតដែលបានសរសេរនៅក្នុងសៀវភៅនេះ 31 ប៉ុន្តែ ទីសម្គាល់ដែលបានកត់ត្រាទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូគឺជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាបានជឿ ហើយដើម្បីឲ្យអ្នកមានជីវិតនៅក្នុងព្រះនាមព្រះអង្គ។


ជំពូក 21

1 បន្ទាប់ពីការទាំងនេះមក ព្រះយេស៊ូបានបង្ហាញអង្គទ្រង់ម្តងទៀតដល់ពួកសិស្សនៅសមុទ្រ​ទីបេ‌រាស ។ នេះគឺជារបៀបដែលព្រះអង្គបង្ហាញអង្គទ្រង់ៈ 2 លោកស៊ីម៉ូនពេត្រុសបាននៅជាមួយនឹងលោកថូម៉ាស ដែលហៅថា ឌីឌីម លោកណាថានណែលជាអ្នកភូមិកាណា ស្រុកកាលីឡេ ត្រូវជាកូនប្រុសរបស់លោកបេសេដេ និងសិស្សរបស់ព្រះយេស៊ូពីរនាក់ទៀត។ 3 លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់ពួកគេថា៖ «ខ្ញុំទៅរកត្រីហើយ»។ ពួកគេនិយាយទៅកាន់គាត់ថា៖ «យើងក៏ទៅរកត្រីជាមួយអ្នកដែរ»។ ពួកគេក៏ចេញទៅ ហើយឡើងទៅលើទូក ប៉ុន្តែ ពួកគេរកត្រីពេញមួយយប់មិនបានត្រីសោះ។ 4 នៅពេលព្រឹកព្រលឹម ព្រះយេស៊ូបានគង់នៅមាត់សមុទ្រ ប៉ុន្តែ ពួកសិស្សមិនបានដឹងថា ជាព្រះយេស៊ូទេ។ 5 ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកកម្លោះអើយ តើមានអ្វីបរិភោគទេ?» ពួកគេបានទូលឆ្លើយទៅកាន់ព្រះអង្គថា៖ «អត់មានទេ»។ 6 ទ្រង់មានបន្ទូលទៅពួកគេថា៖ «ចូរទំលាក់អួននៅខាងស្តាំទូកវិញ ហើយនឹងរកត្រីបាន»។ ដូច្នេះ ពួកគេក៏ទំលាក់អួនរបស់ពួកគេ ហើយមិនអាចទាញអួនមកវិញបានទេ ដោយសារតែជាប់ត្រីច្រើនពេក។ 7 បន្ទាប់មក សិស្សដែលព្រះអង្គស្រឡាញ់បាននិយាយទៅកាន់លោកពេត្រុសថា៖ «គាត់ជាព្រះអម្ចាស់»។ ពេលលោកស៊ីម៉ូនពេត្រុសឮថា​ ជាព្រះអម្ចាស់ដូច្នោះ គាត់បានដោះអាវខាងក្រៅរបស់គាត់ចេញ (គាត់មិនបានស្លៀកពាក់ទេ) ហើយក៏លោតចូលទៅក្នុងសមុទ្រ។ 8 មានពួកសិស្សផ្សេងទៀតបានមកឯទូក (ដ្បិត ពួកគេនៅមិនឆ្ងាយពីច្រាំងប៉ុន្មានទេ ប្រហែលជាពីររយម៉ែត្រប៉ុណ្ណោះ ហើយពួកគេបានទាញអួនដែលមានសុទ្ធតែត្រី។ 9 នៅពេលពួកគេមកដល់ច្រាំងហើយ ពួកគេបានឃើញរងើកភ្លើង មានត្រីអាំងនៅពីលើ ជាមួយនឹងនំប៉័ងផង។ 10 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីដែលអ្នករាល់គ្នាចាប់បានខ្លះមក!»។ 11 លោកស៊ីម៉ូនពេត្រុសក្រោកឡើង ហើយទៅទាញអួនមកលើដីដែលមានត្រីជាច្រើន ១៥៣។ មានត្រីជាច្រើន ប៉ុន្តែ អួនមិនបានរហែកទេ។ 12 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «មក បរិភោគអាហារពេលព្រឹក»។ គ្មាននរណាម្នាក់ហ៊ានសួរព្រះអង្គថា៖ «តើលោកជានរណា?»។ ពួកគេដឹងថា ព្រះអង្គជាព្រះអម្ចាស់។ 13 ព្រះយេស៊ូមកដល់ ហើយកាច់នំប៉័ង ហើយប្រទានទៅពួកគេ ព្រមទាំងត្រីផង។ 14 នេះគឺជាលើកទីបីហើយ ដែលព្រះយេស៊ូបានបង្ហាញអង្គទ្រង់ដល់ពួកសិស្ស បន្ទាប់ពីទ្រង់រស់ពីស្លាប់ឡើងវិញ។ 15 បន្ទាប់ពីពួកគេបានបរិភោគអាហារពេលព្រឹករួចហើយ ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងរបស់ទាំងនេះឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ 16 ព្រះយេស៊ូមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសទូលឆ្លើយទៅព្រះអង្គថា៖ «ក្រាបទូល ព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមើលថែចៀមខ្ញុំ»។ 17 ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» លោកពេត្រុសព្រួយចិត្ត ដោយសារព្រះយេស៊ូបានសួរគាត់ជាលើកទីបីថា៖ «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់ ព្រះអង្គជ្រាបគ្រប់យ៉ាង ព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីចៀមខ្ញុំផង»។ 18 ពិតណាស់ ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនអ្នក ហើយដើរតាមតែចិត្តអ្នកចង់ ប៉ុន្តែ នៅពេលអ្នកចាស់ អ្នកនឹងបោះដៃរបស់អ្នក ហើយអ្នកម្នាក់ផ្សេងទៀតនឹងស្លៀកពាក់ឲ្យអ្នក ហើយនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។ 19 ព្រះយេស៊ូមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីការដែលលោកពេត្រុសត្រូវស្លាប់ជាយ៉ាងណា ក្នុងការថ្វាយសិរីល្អដល់ព្រះ។ បន្ទាប់មក ព្រះអង្គមានបន្ទូលការនេះរួចហើយ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដើរតាមខ្ញុំ!»។ 20 លោកពេត្រុសមើលជុំវិញ ហើយឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមពួកគេ ម្នាក់ដែលគាត់ផ្តេកខ្លួននៅលើព្រះយេស៊ូនៅអាហារពេលល្ងាច និងជាអ្នកដែលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើនរណានឹងក្បត់ព្រះអង្គ?» 21 ពេត្រុសឃើញគាត់ ហើយបន្ទាប់មកទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ តើបុរសនេះនឹងធ្វើអ្វី?» 22 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ ខ្ញុំចង់ឲ្យគាត់នៅ រហូតទាល់តែខ្ញុំមកវិញ គ្មានអ្វីទាក់ទងជាមួយអ្នកទេ? ចូរតាមខ្ញុំមក!»។ 23 ប្រយោគនេះ បានរីកសាយភាយនៅក្នុងចំណោមបងប្អូន ថាសិស្សម្នាក់នោះនឹងមិនស្លាប់ទេ។ លើសពីនេះទៀត ព្រះយេស៊ូមិនបានមានបន្ទូលទៅលោកពេត្រុសថា សិស្សផ្សេងៗទៀត មិនស្លាប់ទេ ប៉ុន្តែ «ប្រសិនបើ ព្រះអង្គចង់ឲ្យគាត់នៅ រហូតទាល់តែព្រះអង្គយាងមក គ្មានអ្វីទាក់ទងជាមួយគាត់ទេ»។ 24 ពួកសិស្សរបស់ព្រះអង្គបានធ្វើបន្ទាល់សេចក្តីទាំងនេះឯង ហើយបានកត់ត្រាសេចក្តីទាំងនេះ ហើយយើងដឹងថា ទីបន្ទាល់របស់ពួកគេគឺជាសេចក្តីពិត។ 25 មានការជាច្រើនទៀតផងដែរ ដែលព្រះយេស៊ូបានធ្វើ។ ប្រសិនបើ កត់ត្រាសេចក្តីទាំងអស់ តាមដែលបានឃើញនោះ សូម្បីតែលោកីយ៍ទាំងមូលក៏មានអាចទុកសៀវភៅនោះបានផង។


Book: Acts

Acts

ជំពូក 1

1 សូម​ជម្រាប​មក​លោក​ថេវភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​ដែលខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ចការទាំងប៉ុន្មាន ​​ដែល​ព្រះយេស៊ូ​បាន​ធ្វើ ហើយ​​បាន​បង្រៀនកន្លងមក 2 រហូត​ដល់​ថ្ងៃ​​​ដែលព្រះអង្គឡើង​ទៅ​ស្ថាន​បរមសុខ ​បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដែផ្ដាំដល់​ក្រុម​សាវ័ក​ ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​តាម​រយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 3 ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះយេស៊ូ​បាន​បង្ហាញ​ព្រះអង្គតាម​របៀប​ផ្សេងៗ​ឲ្យ​សាវ័ក​ទាំង​នោះ​ឃើញ​ថា ព្រះអង្គ​មាន​ព្រះជន្ម​រស់​ពិត​មែន។ ព្រះអង្គ​ឲ្យ​គេ​ឃើញ​អស់​រយៈ​ពេល​សែសិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ផង។ 4 ព្រះអង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូសាឡឹម​ឡើយ គឺពួកគេ​ត្រូវ​រង់ចាំតាម​​ព្រះបន្ទូល​សន្យា​របស់​ព្រះបិតា ហើយព្រះអង្គក៏មានបន្ទូលថា៖ ​«អ្នក​រាល់​គ្នាបានឮពីខ្ញុំ​ហើយ 5 ថាលោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជឲ្យពួកគេ​​ក្នុង​ទឹក ប៉ុន្តែនៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ»។ 6 ពួកគេ​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «​ព្រះអម្ចាស់ តើ​ព្រះអង្គ​នឹង​ស្តារ​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ 7 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ត្រង់​ឯ​ពេល​វេលា ​ដែល​ព្រះបិតា​បាន​កំណត់​ទុកដោយ​អំណាច​ព្រះអង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ 8 ប៉ុន្តែអ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព​មួយ គឺ​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំនៅ​ក្នុង​ក្រុង​យេរូសាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។ 9 ពេលព្រះអម្ចាស់ព្រះយេស៊ូ​មាន​ព្រះបន្ទូល​​រួច​ហើយ ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ ក្នុងពេលពួកសាវ័ក​កំពុង​តែសម្លឹង​មើល​ព្រះអង្គ។ 10 កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​ស្ថានបរមសុខ ពេល​ដែលព្រះអង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​​ពាក់​ស​ចូល​មក​ជិត​គេ 11 ពោល​ថា៖ «អ្នក​ស្រុក​កាលីឡេ​អើយ! ហេតុ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​ស្ថានបរមសុខដូច្នេះ? ព្រះយេស៊ូ​នោះហើយដែលព្រះជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរមសុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញតាម​របៀប ​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​យាង​ឡើង​ទៅ​ស្ថាន​បរមសុខដូច្នេះ​ដែរ»។ 12 បន្ទាប់មកពួក​សាវ័ក​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូសាឡឹម​វិញ ជាដំណើរថ្ងៃសប្ប័ទ។ 13 លុះ​បាន​មក​ដល់​ផ្ទះ ពួកគេ​ឡើង​ទៅ​បន្ទប់​ខាង​លើជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ ក្នុងចំណោមពួកគេ មាន​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ 14 ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​អធិស្ឋាន ក្នុងនោះក៏​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះយេស៊ូ និង​មាន​បង​ប្អូន​របស់​ព្រះអង្គ​ផង​ដែរ។ 15 លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ​នៅ​កណ្ដាលចំណោម​​បង​ប្អូន​ប្រមាណ​មួយ​រយ​ម្ភៃ​នាក់​​ហើយ​និយាយ​ថា៖ 16 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលអត្ថបទ​គម្ពីរនឹងពេញលេញ ដូចព្រះវិញ្ញាណ​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះបាទ​ដាវីឌអំពី​យូដាសជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ។ 17 យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខងារ​រួម​ជា​មួយ​យើង​ដែរ។ 18 (ឥឡូវបុរសម្នាក់នេះបានទិញដីចំការមួយកន្លែងដោយប្រើ​ប្រាក់​ដែលគាត់បានមកពី​អំពើ​ទុច្ចរិតរបស់គាត់​ ក្រោយមក គាត់​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ 19 អ្នក​ក្រុង​យេរូសាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ដូច្នេះ​បាន​ជា​គេ​ហៅ​ចម្ការ​នោះតាម​ភាសា​របស់​គេ​ថា “អាកិលដាម៉ា”​មាន​ន័យ​ថា «ចម្ការរ​ឈាម»)។ 20 ក្នុង​គម្ពីរ​ទំនុកតម្កើង​មាន​ចែង​ទុក​អំពី​ហេតុការណ៍​នេះ​ថា៖ «ចូរ​ឲ្យចម្ការ​របស់​អ្នក​នោះក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ។ និង​«ត្រូវ​ឲ្យម្នាក់​ទៀត​ទទួលយក​តំណែង​របស់​គាត់»។ 21 ហេតុ​នេះ ជាការសំខាន់ណាស់ ព្រះអង្គនោះហើយដែលបានគង់នៅជាមួួយយើងគ្រប់ពេល គឺជាព្រះអម្ចាស់យេស៊ូដែលបានយាងមក និងយាងឡើងទៅក្នុងចំណោមពួកយើង 22 ចាប់តាំងពីលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះអង្គ រហូត​ដល់​ពេល​ព្រះជាម្ចាស់​លើក​យក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ នេះជា​បន្ទាល់​អំពីការ​រស់​ឡើង​វិញរបស់ព្រះអង្គ»។ 23 គេ​បាន​នាំ​សិស្សពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសាបាស​ យូស្ទូស​ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់ធាស។ 24 ពួកគេក៏​នាំ​គ្នា​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង​ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជ្រើស​រើស​អ្នក​ណា 25 ឲ្យ​បំពេញ​មុខងារ​ជា​សាវ័ក​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ 26 សិស្ស​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោក​ម៉ាត់ធាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​សាវក​ដប់​មួយ​រូប​ទៀត។


ជំពូក 2

1 នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិបបានមកដល់ ពួក​សិស្ស​ទាំង​អស់បានជួបជុំគ្នានៅ​កន្លែង​តែ​មួយ។ 2 រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃដូចជាខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ហើយវាក៏ចូលមក​ពេញ​ក្នុង​ផ្ទះទាំងអស់ជាកន្លែង​ដែល​គេកំពុងអង្គុយ។ 3 មាន​អណ្ដាត​ភ្លើង​បែកជាចំណែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​លើ​ពួក​គេ​ម្នាក់ៗ។ 4 អ្នក​ទាំងអស់​នោះ​ក៏បានពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នាតាម​ព្រះវិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។ 5 នៅសម័យកាល​នោះ មាន​ជន​ជាតិ​យូដា គឺជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់មក​ពី​ប្រជាជាតិនានាក្នុង​ពិភព​លោក​ទាំង​មូលចូលមកស្នាក់​នៅ​ក្រុង​យេរូសាឡឹម​។ 6 ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​នោះ មហាជន​នាំ​គ្នា​មក​មើល ហើយ​ភាន់ភាំង ពីព្រោះ​ពួកគេបាន​ឮ​ពួក​សិស្ស​និយាយ​ភាសាផ្សេងៗពីគ្នា។ 7 បណ្តាជនស្ងប់ស្ងែងនិង​ស្ងើច​សរសើរជាខ្លាំង​ទាំង​ពោល​ថា៖ «អ្នក​ទាំងនេះសុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ? 8 ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? 9 គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ាដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី 10 ស្រុក​ព្រីគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរេន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម 11 ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ 12 បណ្តាជនស្ងប់ស្ងែងនិង មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុការណ៍​នេះ មាន​ន័យ​ដូច​ម្ដេច?»។ 13 ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ»។ 14 លោក​ពេត្រុស​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​សាវក​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដាជន​ថា៖ «បង​ប្អូន​យូដា និង​បង​ប្អូន​ទាំង​អស់​ដែល​ស្នាក់​នៅ​ក្រុង​យេរូសាឡឹម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ 15 អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង​ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​បី​ប៉ុណ្ណោះ។ 16 ហេតុការណ៍​នេះ​ជាទំនាយ ដែល​ព្យាការីយ៉ូអែល​បាន​ថ្លែង​ទុក​មក​ថា៖ 17 «ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ព្រះអង្គ​នឹង​យក​វិញ្ញាណ​ព្រះអង្គមក​ចាក់​បង្ហូរលើ​មនុស្ស​លោក​។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ព្រះបន្ទូលពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នានឹង​យល់​សុបិន​និមិត្ត។ 18 ក្នុងថ្ងៃនោះ ព្រះអង្គនឹងផ្តល់ព្រះ​វិញ្ញាណ​ ​បង្ហូរ​លើ​អ្នក​បម្រើទាំង​ប្រុស​ទាំង​ស្រីរបស់​ព្រះអង្គ ហើយពួក​គេ​នឹង​ថ្លែង​ព្រះបន្ទូល។ 19 ព្រះអង្គ​នឹង​សម្តែងឫទ្ធិបាដិហារិយ៍​នៅ​លើ​មេឃ និង​ទីសម្គាល់ផ្សេងៗ​នៅ​លើ​ផែនដី​ គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។ 20 ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះចន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាមនៅ​មុន​ថ្ងៃដ៏អស្ចារ្យ និង​រុងរឿង​ឧត្ដុង្គឧត្ដមពេលព្រះអង្គយាងមក 21 ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ»។ 22 បង​ប្អូន​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូដល់អ្នក ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន​ដូច​បង​ប្អូន​បានដឹង​ហើយ។ 23 បង​ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​លោក ដូច​ព្រះជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ជ្រាប​ជា​មុនថា ព្រះអង្គត្រូវសុគតដោយការជាប់ឆ្កាង។ 24 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​លោកឲ្យរស់​ឡើង​វិញ និង​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។ 25 ព្រះបាទ​ដាវីឌ ​មាន​រាជឱង្ការ​អំពី ​លោក​យេស៊ូ​នេះ​ថា៖ ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំមិន​ឲ្យទូលបង្គំ​ត្រូវ​ញាប់ញ័រ​ឡើយ។ 26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីករាយទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំក៏​នឹង​សម្រាកដោយ​សេចក្ដី​សង្ឃឹម​ដែរ។ 27 ដ្បិត ​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យសព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញ​អោយ​ទូលបង្គំ​ស្គាល់​ផ្លូវនៃជីវិត។ 28 ព្រះអង្គ​នឹង​ប្រទានឲ្យ​ទូលបង្គំមាន​សុភមង្គល​ដ៏​ពេញលេញដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ»​។ 29 «បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូនឲ្យ​បាន​ច្បាស់​អំពី​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះសព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ 30 ដោយ​ព្រះបាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប​ទ្រង់​ជ្រាប​ថា ព្រះជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ជា​មួយ​ព្រះអង្គ​ថា នឹង​ប្រទាន​ឲ្យ​ព្រះរាជវង្ស​របស់​ទ្រង់​មួយ​អង្គ ឡើង​ស្នង​រាជ្យ។ 31 ព្រះបាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដ​ គឺ​ទ្រង់​មាន​រាជឱង្ការ​ថា ព្រះជាម្ចាស់​ពុំ​ទុក​ព្រះគ្រិស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យសព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ 32 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះ​យេស៊ូ​​ឲ្យ​រស់​ឡើង​វិញ ដោយយើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ 33 ព្រះជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើងគង់នៅខាងស្តាំព្រះវរបិតា ហើយបានទទួលព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះបិតាតាម​ព្រះបន្ទូល​សន្យា ​ហើយព្រះអង្គ​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​និង​ឮ​ស្រាប់។ 34 ព្រះបាទ​ដាវីឌ​ មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរមសុខទេ តែ​ព្រះអង្គ​មាន​រាជឱង្ការ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង។ 35 ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ»។ 36 ហេតុ​នេះ សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង​ប្អូន​បាន​ឆ្កាង ព្រះជាម្ចាស់​បាន​តែងតាំង​លោក​ឡើង​ជា​ព្រះអម្ចាស់ និង​ជា​ព្រះគ្រិស្ដហើយ»។ 37 នៅពេល​បណ្ដាជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវក​ឯ​ទៀតៗ​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ 38 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដទៅ ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​បង​ប្អូន​អោយ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ 39 ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ 40 លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់​តឿន​ពួក​គេ ដោយ​ពាក្យពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង​ប្អូន​ទទួល​ការ​សង្គ្រោះឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។ 41 បន្ទាប់មកពួកគេបាន​ទទួល​ពាក្យ​របស់​លោក និងទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ចូល​មក​រួម​ជាមួយពួកសាវក។ 42 សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវក និងប្រកបគ្នា​ជា​បង​ប្អូនដោយធ្វើ​ពិធី​កាច់​នំបុ័ង និង​អធិស្ឋាន។ 43 មនុស្សម្នា​កោត​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវក​បាន​សម្តែងឫទ្ធិបាដិហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ 44 អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មានមក​ដាក់​រួម​គ្នា​ទាំង​អស់។ 45 គេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន​យក​ប្រាក់​មក​ចែក​គ្នាតាមសេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ 46 ជា​រៀង​រាល់​ថ្ងៃ គេបន្ត​រួម​ចិត្ត​គំនិត​គ្នា​ធ្វើនៅព្រះវិហារនិងធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ 47 ពួកគេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​ប្រជាជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះអម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។


ជំពូក 3

1 ឥឡូវលោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះវិហារជា​មួយ​គ្នានៅម៉ោងប្រាំបួន។ 2 អ្នក​ពិការ​ជើង​ ពី​កំណើត​ម្នាក់ត្រូវបានគេសេងមក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះ «ទ្វារ​លំអ» រៀងរាល់ថ្ងៃដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ។ 3 ពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះវិហារ គាត់​ក៏​សុំ​ទានពីលោកទាំងពីរ។ 4 លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​និយាយ​ថា៖ «សូម​មើល​មក​យើង!»។ 5 គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​ថានឹង​ទទួល​របស់អ្វីមួយពីពួកលោក។ 6 ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក។ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នក​ភូមិ​ណាសារ៉ែត សូមអ្នកក្រោក​ដើរ​ចុះ»។ 7 លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យក្រោក​ឈរ​ឡើង។ រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹងរឹងមាំ 8 គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះវិហារ​ជា​មួយ​សាវក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។ 9 ប្រជាជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះជាម្ចាស់ 10 គេ​បានដឹង​ថា​អ្នក​នោះ​ហើយ​ដែល​តែងតែ ​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ទទួលការអស្ចារ្យ និងស្ងើចសរសើរអំពី​ហេតុការណ៍​ដែល​កើត​មាន​ដល់​គាត់។ 11 នៅពេលបុរស​នោះដើរតាម​លោក​ពេត្រុស និង​លោក​យ៉ូហាន​ ប្រជាជន​ទាំងអស់បានរត់មកជុំគ្នានៅថែវ​សាឡូម៉ូនដោយស្ញប់ស្ញែងជាខ្លាំង​។ 12 កាលលោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «បង​ប្អូន​អ៊ីស្រាអែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ស្ញប់ស្ញែង​អំពី​ហេតុការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើងមិនដាក់ភ្នែក​ដូច្នេះ? តើ​បង​ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យដើរ​រួច មក​ពី​ឫទ្ធានុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់មែនទេ? 13 ព្រះជាម្ចាស់របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរីរុងរឿង​មកលើ​ព្រះយេស៊ូ ជា​អ្នក​បម្រើ​ព្រះជាម្ចាស់។ ព្រះយេស៊ូត្រូវបានគេបញ្ជូន​ទៅ​ឲ្យ​គេ​កាត់​ទោស និងត្រូវបានគេបដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គនៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ពីឡាតចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។ 14 បណ្តាជនបាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏វិសុទ្ធ ជាព្រះ​ដ៏​សុចរិត ហើយ​បានទាមទារ​សុំ​អគេ​ដោះ​លែង​ឃាតក​រជំនួសព្រះអង្គទៅ​វិញ។ 15 បង​ប្អូន​បានធ្វើ​គុត​ម្ចាស់ប្រភព​នៃ​ជីវិត ដែលព្រះជាម្ចាស់បាន​ប្រោស​ឲ្យ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយយើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ។​ 16 ឥឡូវនេះ​ដោយសារជំនឿលើ​ព្រះនាម​ព្រះយេស៊ូ បុរស​ដែល​បង​ប្អូន​ឃើញនិង​ស្គាល់​នេះ​មាន​កម្លាំង​ឡើង​វិញ។ ដោយលោកបានជឿនោះហើយបានជាព្រះយេស៊ូគ្រិស្តផ្តល់មកលោកនូវសុខភាពពេញលេញដូចដែលបងប្អូនបានឃើញស្រាប់។ 17 បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង​ប្អូន​បាន​ប្រព្រឹត្ត​ដូច្នោះ ទាំង​មិន​ដឹង​ខ្លួន។ 18 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យហេតុការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថាព្រះគ្រិស្ដ​របស់​ព្រះអង្គ​នឹងត្រូវ​តែ​រង​ទុក្ខ​លំបាក ហើយព្រះអង្គឥឡូវនេះបានបំពេញកិច្ចការនោះមែន។ 19 ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះជាម្ចាស់​ដើម្បី​ឲ្យព្រះអង្គ​លុប​អំពើបាប​របស់​បង​ប្អូន។ ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​បានទទួលព្រះវត្តមានរបស់ព្រះអង្គ 20 ព្រម​ទាំង​ប្រទាន​ព្រះគ្រិស្ដយេស៊ូ​មក​បង​ប្អូន ដូច​ព្រះអង្គបាន​គ្រោង​ទុក​ជា​មុន។ 21 ឥឡូវ​នេះ ព្រះយេស៊ូគ្រិស្ដ​គង់​នៅ​ឯ​ស្ថាន​បរមសុខ រហូត​ដល់​ព្រះជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ព្រះអង្គមាន​ព្រះបន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ នៅ​ជំនាន់​ដើម​ស្រាប់។ 22 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​គឺជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។ 23 រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជារាស្ត្រ។ 24 ពិតមែន ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះបន្ទូលចាប់​តាំង​ពី​លោក​សាំយូអែល​​មកសុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​សម័យកាលនេះ។ 25 បង​ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង​ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធមេត្រីដែល​ព្រះជាម្ចាស់​បាន​ធ្វើជា​មួយ​បុព្វបុរសដែរ ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា៖ «ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជពង្ស​របស់​អ្នក។ 26 ព្រះជាម្ចាស់​បាន​ឲ្យអ្នកបម្រើ​របស់​ព្រះអង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយ​ណែនាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។


ជំពូក 4

1 នៅពេលលោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ ស្រាប់​តែ​ពួក​បូជាចារ្យ មេ​កង​រក្សា​ព្រះវិហារ និង​ពួក​ខាង​គណៈសាឌូស៊ី​មក​ដល់។ 2 ពួក​គេ​ទាស់​ចិត្ត​ដោយព្រោះ​លោកពេត្រុស និងលោកយ៉ូហានកំពុងបង្រៀន​ប្រជាជន ហើយ​ប្រកាស​អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូ​។ 3 ពួក​គេបានចាប់​សាវក​ទាំង​ពីរ​យក​ទៅ​ឃុំទុក​រហូត​ដល់​ព្រឹកស្អែក​ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។ 4 ប៉ុន្តែ បណ្តាជនភាគច្រើនដែល​បាន​ឮ​ព្រះបន្ទូលបាន​ជឿ ហើយ​ចំនួនអ្នកជឿមានប្រមាណ​ប្រាំ​ពាន់​នាក់។ 5 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធាចារ្យ និង​ពួក​អាចារ្យបានជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម។ 6 មានលោក​មហាបូជាចារ្យអាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សានត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជាចារ្យ​ទាំង​អស់។ 7 លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យគេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សម្អាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?» 8 ពេល​នោះ លោក​ពេត្រុស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ព្រឹទ្ធាចារ្យ។ 9 ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ពី​អំពើ​ល្អ​ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​បាន​ជាតាម​របៀប​ណា​? 10 សូម​អស់​លោក និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខភាព​ល្អ​នេះ បាន​ជាដោយសារ​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នក​ភូមិ​ណាសារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ 11 ព្រះយេស៊ូ គឺជាថ្ម​ដែល​លោក​ទាំង​អស់​គ្នា ​ជា​ជាង​សំណង់បាន​បោះ​ចោល ប៉ុន្តែព្រះអង្គបាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​។ 12 ក្រៅ​ពី​ព្រះយេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​បាន​ឡើយ»។ 13 កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ឃើញទឹកចិត្តក្លាហានរបស់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ដូច្នេះ គេ​ងឿងឆ្ងល់​ណាស់ថា លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រជ្រៅជ្រះទេ ​គ្រាន់តែដឹងថាលោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះយេស៊ូ។ 14 ពួក​គេក៏​រក​ពាក្យ​ឆ្លើយ​តប​វិញ​ពុំ​បាន​សោះ ដោយព្រោះបុរស​ដែល​បាន​ជា​ ក៏កំពុង​ឈរ​នៅ​ទីនោះដែរ។ 15 ពួក​គេ​ក៏​បញ្ជា​ឲ្យលោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ 16 ហើយ​ពិគ្រោះ​គ្នា​ថា៖ «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។ 17 ដូច្នេះ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរខ្ចាយ​ដល់​ប្រជាជនបន្ថែមទៀត យើងត្រូវ​ហាមប្រាម និង​គំរាម​អ្នកទាំងពីរនេះ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​នាមនោះ​ត​ទៅ​ទៀត​ឡើយ»។ 18 ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវក​ទាំង​ពីរ​មក ហើយ​ហាមប្រាម​មិន​ឲ្យនិយាយ និង​បង្រៀន​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀតជា​ដាច់​ខាត។ 19 លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ? 20 យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ ​បាន​ឮ​នោះ​ពុំ​កើត​ទេ»។ 21 បន្ទាប់ពី​គំរាម​សា​ជា​ថ្មី​ទៀត ពួកគេក៏​ដោះ​លែងលោកពេត្រុស និងលោកយ៉ូហាន​។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ដ្បិត​ប្រជាជន​គ្រប់ៗ​គ្នាលើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ចំពោះ​ហេតុការណ៍​ដែល​កើត​មាន​នោះ​។ 22 រីឯ​បុរស​ដែល​បាន​ជា​ដោយ​ការ​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។ 23 ក្រោយ ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាននាំ​គ្នា​ទៅ​ជួប​ពួក​បង​ប្អូន ហើយរៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហាបូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​បាន​និយាយទៅពួកគេ។ 24 កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ 25 ព្រះអង្គ​មាន​ព្រះបន្ទូលតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះបាទ​ដាវីឌ ជា​បុព្វបុរសយើង​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំងឡាយនាំ​គ្នា​បង្កើត​កោលាហលដូច្នេះ? ហេតុ​អ្វី​បាន​ជា​ប្រជារាស្ត្រ​នានាមាន​គំនិត​ឥត​ខ្លឹមសារ​ដូច្នេះ? 26 ព្រះអង្គមានព្រះបន្ទូលថា៖ «ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួតដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះគ្រិស្ដរបស់​ព្រះអង្គ»។ 27 ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត រួមមាន​សាសន៍​ដទៃ​ទៀត និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​សម​គំនិត​ផង បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះយេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ។ 28 គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុនដោយព្រះហស្ថទ្រង់ និង​ដោយ​ព្រះតម្រិះ​របស់​ព្រះអង្គ។ 29 ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​អោយ​ពួក​អ្នក​បម្រើព្រះអង្គ​ ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​ផង​ 30 សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា និងប្រទានទី​សម្គាល់ និង​ការអស្ចារ្យតាមរយៈព្រះនាម​ព្រះយេស៊ូជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ»។ 31 កាល​ពួក​គេ​ទូលអង្វរ​ព្រះជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួបជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយ​ចិត្តក្លាហាន។ 32 អ្នក​ជឿ​ទាំង​អំបាលម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ 33 ក្រុម​សាវកបាន​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះអម្ចាស់យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយព្រះជាម្ចាស់​ទ្រង់​សម្តែងព្រះហឫទ័យ​ប្រណីសន្ដោស​ដ៏​លើសលប់ដល់​ពួក​គេ​ទាំង​អស់​គ្នា។ 34 ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ ព្រោះអស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ 35 យក​ប្រាក់ មក​ជូន​ក្រុម​សាវក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែកតាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។ 36 មាន​បុរស​ម្នាក់ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណាបាស (ដែលមានន័យថា ជាអ្នក​លើក​ទឹក​ចិត្ត​គេ) 37 ហើយគាត់​បាន​លក់​ចម្ការ​មួយរបស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​សាវក​ដែរ។


ជំពូក 5

1 ឥឡូវនេះមាន​បុរស​ម្នាក់​ឈ្មោះ អាណាណាស និងភរិយា​លោកឈ្មោះ​សាភីរ៉ាបាន​លក់​ដី​របស់​គាត់មួយចំណែក 2 ហើយ​សម​គំនិត​ជា​មួយ​ភរិយាទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​សាវក។ 3 ប៉ុន្តែលោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណាណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារសាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ? 4 កាល​ដើម​ឡើយ ដី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក លុះ​អ្នក​បានលក់ហើយ ប្រាក់​ដែល​បាន​មក​នោះ​អ្នក​អាច​ប្រើប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង? អ្នក​បាន​កុហក​ព្រះជាម្ចាស់ ​មិន​មែន​កុហក​មនុស្ស​ទេ»។ 5 កាល​អាណាណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។ 6 ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណាណាស ហើយ​សែង​យក​ទៅ​កប់។ 7 ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណាណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុការណ៍​ដែល​កើត​មាន​នោះ​ឡើយ។ 8 លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។ 9 បន្ទាប់មក លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រួម​គំនិត​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ? មើល៍! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាងមក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ 10 រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ទៅហើយ គេក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះនៅ​ក្បែរ​សព​ប្ដី​របស់​នាង។ 11 ក្រុមជំនុំ​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។ 12 សាវក​បាន​នាំ​គ្នា​បានធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ជា​ច្រើននៅ​ក្នុង​ចំណោម​ប្រជាជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។ 13 ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​ក្រុមសាវក​ឡើយ ទោះយ៉ាងណា​ប្រជាជន​កោត​សរសើរ​ពួកគេ​គ្រប់ៗ​គ្នា។ 14 មានបណ្ដាជន​ទាំង​ប្រុស​ទាំង​ស្រីកាន់តែច្រើនឡើងបាន​ជឿ​លើ​ព្រះអម្ចាស់។ 15 មនុស្សម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់ ​គ្រាន់​តែ​ឲ្យស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​។ 16 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានានៅ​ជិត​ក្រុង​យេរូសាឡឹមទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។ 17 ប៉ុន្តែ មានលោក​មហាបូជាចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈសាឌូស៊ីមាន​ចិត្ត​ច្រណែនជា​ខ្លាំង។ 18 គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវកយក​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​សាធារណៈ។ 19 លុះ​ដល់​យប់ មាន​ទេវតារបស់​ព្រះអម្ចាស់មក​បើក​ទ្វារ​ពន្ធនាគារ​ឲ្យ​ក្រុម​សាវក​ចេញទាំង​ពោល​ថា៖ 20 «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះវិហារ ហើយ​ប្រកាស​ព្រះបន្ទូល​ទាំងឡាយណា ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជាជន​ស្ដាប់​ចុះ»។ 21 កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះវិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជាជន។ ប៉ុន្តែលោក​មហា​បូជាចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោកបានកោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ និង​ក្រុមចាស់ទុំ​នៃ​ប្រជាជន​អ៊ីស្រាអែល​មក​ជួបជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវក​ពី​ពន្ធនាគារ​មក។ 22 ប៉ុន្តែ ពេល​ទៅ​ដល់​ទី​ឃុំឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវកនោះ​ទេ គេ​នាំ​គ្នា​វិល​មក​វិញជម្រាប​ថា៖ 23 «យើង​ខ្ញុំ​ឃើញ​ទី​ឃុំឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។ 24 កាល​មេ​កង​រក្សា​ព្រះវិហារ និង​ពួក​នាយក​បូជាចារ្យ​ឮ​ដូច្នោះ ពួកគេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវក និង​អំពី​ហេតុការណ៍​ដែលនឹង​កើត​ឡើង​នោះ​ឡើយ។ 25 ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជាជន ក្នុង​ព្រះវិហារ​ឯណោះ»។ 26 មេ​កង​រក្សា​ព្រះវិហារ ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជាជន​យក​ដុំ​ថ្ម​គប់។ 27 លុះ​នាំ​ក្រុម​សាវក​មក​ដល់​ហើយ ពួកគេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហាបូជាចារ្យ​សួរ​ក្រុម​សាវក​ថា៖ 28 «យើង​បាន​ហាមប្រាម​អ្នក​រាល់​គ្នាជាដាច់ខាត ថា​មិន​ឲ្យ​បង្រៀន​ប្រជាជន​ក្នុង​នាម​នេះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាសពេញ​ក្រុង​យេរូសាឡឹម​ទាំង​មូល​ទៅ​វិញ ហើយចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះមក​លើ​យើង​ថែម​ទៀត​ផង»។ 29 ប៉ុន្តែលោក​ពេត្រុស និង​សាវក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ 30 ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​យើង​​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ 31 ព្រះជាម្ចាស់​បាន​លើក​តម្កើងលោក​យេស៊ូ​ឡើងទៅគង់នៅខាងស្តាំព្រះបិតា ហើយ​តែងតាំង​លោក​ជា​ព្រះរាជបុត្រា និង​ជា​ព្រះសង្គ្រោះមួយអង្គ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះជាម្ចាស់​លើកលែង​ទោស​ឲ្យពួកគេ​រួច​ពី​បាប។ 32 យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំង​នេះ ហើយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ព្រះជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះអង្គ ​ក៏ធ្វើ​ជា​សាក្សីបាន​ដែរ»។ 33 កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ ពួកគេ​ក្រេវក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវក​។ 34 ប៉ុន្តែមាន​បុរស​ម្នាក់​ខាង​គណៈផារីស៊ីឈ្មោះ​កាម៉ាលាលជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នាក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយសុំ​ឲ្យ​គេ​នាំ​ក្រុម​សាវក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់។ 35 បន្ទាប់មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ 36 ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ក៏​ត្រូវ​បែកខ្ញែក​គ្នា​អស់​គ្មាន​សល់។ 37 បន្ទាប់​ពីបុរសម្នាក់នោះ នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជាជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ បាន​លើក​ខ្លួន​ឡើងបញ្ចុះបញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែកខ្ញែក​គ្នា​អស់​ទៅ។ 38 ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវីរវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោងការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប​សូន្យ​មិន​ខាន 39 ផ្ទុយ​ទៅ​វិញ បើ​កិច្ចការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះជាម្ចាស់​ទៅ​វិញ»។ ពួកគេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ាលាល​ទាំង​អស់​គ្នា។ 40 បន្ទាប់មក គេ​ក៏​ហៅ​ក្រុម​សាវក​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ទាំង​ហាមប្រាម​មិន​ឲ្យប្រកាស​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។ 41 ក្រុម​សាវក​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ទាំង​អរ​សប្បាយ ដ្បិត​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស ​រង​ទុក្ខ​ទោសព្រោះ​តែ​ព្រះនាម​ព្រះយេស៊ូ។ 42 ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជាជន និង​ផ្សព្វផ្សាយ​ដំណឹងល្អអំពី​ព្រះយេស៊ូគ្រិស្ដនៅ​ក្នុង​ព្រះវិហារ និង​នៅ​តាម​ផ្ទះឥត​ឈប់​ឈរ​ឡើយ។


ជំពូក 6

1 រហូតមកដល់ពេលនោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​បានមើលរំលង​ស្ត្រី​មេម៉ាយ​។ 2 សាវក​ទាំង​ដប់ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យយើង​ខ្ញុំបោះបង់ចោល​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​បម្រើនៅតុអាហារ​ឡើយ។ 3 ហេតុ​នេះ បង​ប្អូន​អើយ សូម​​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន ​ដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​ឲ្យ​បំពេញ​មុខងារ​នេះ។ 4 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើព័ន្ធកិច្ចនៃ​ព្រះបន្ទូលប៉ុណ្ណោះ»។ 5 ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ ដូច្នេះគេ​ក៏​ជ្រើស​យក​លោក​ស្ទេផានដែល​ពោរពេញ​ដោយ​ជំនឿ និង​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាសជា​អ្នក​ស្រុក​អន់ទីយ៉ូកដែល​ចូល​សាសនា​យូដា។ 6 ពួកអ្នកជឿ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវក ក្រុម​សាវក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ​ពី​លើ​អ្នក​ទាំង​នោះ។ 7 ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡឹម​បាន​កើន​ឡើង​យ៉ាងច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជាចារ្យ​ដ៏​ច្រើន​លើសលប់ សុខ​ចិត្តប្រតិបត្តិ​តាម​ជំនឿ​ដែរ។ 8 ​ឥឡូវលោក​ស្ទេផាន​បាន​ពោរពេញ​ដោយ​ព្រះគុណ និង​ឫទ្ធានុភាពហើយសម្តែង​ឫទ្ធិបាដិហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន។ 9 តែមាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែកតវ៉ា​ជា​មួយ​លោក​ស្ទេផាន។ 10 ប៉ុន្តែ ពួកគេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះវិញ្ញាណ។ 11 ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះជាម្ចាស់»។ 12 ពួកគេ​បាន​ធ្វើឲ្យមានការបះបោរក្នុង​ប្រជាជន និងពួក​ព្រឹទ្ធាចារ្យ ហើយ​ពួក​អាចារ្យ រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ 13 ពួកគេ​នាំ​សាក្សី​ក្លែងក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះវិហារ ប្រឆាំង​នឹង​ក្រឹត្យវិន័យឥត​ឈប់​ឈរ។ 14 ដ្បិតយើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត នោះ​នឹង​រុះ​ព្រះវិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។ 15 អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់​ទ្រាយ​ដូច​មុខ​របស់​ទេវតា។


ជំពូក 7

1 លោក​មហាបូជាចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?» 2 លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង​ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាលព្រះជាម្ចាស់​ប្រកប​ដោយ​សិរីរុងរឿង បាន​បង្ហាញ​​លោក​អប្រាហាំ​ជា​បុព្វបុរសរបស់​យើង ពេលលោករស់​នៅ​ឯ​ស្រុក​មេសូប៉ូតាមា គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ខារ៉ាន 3 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក និង​ញាតិសន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»​។ 4 បន្ទាប់មក លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណភាព​ផុត​ទៅ ព្រះជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។ 5 ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យលោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះអង្គ​មិន​ប្រទាន​ឲ្យដែរ។ ប៉ុន្តែ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យពូជពង្ស​របស់​លោក​ដល់​ជំនាន់​ក្រោយៗ​ផង ទោះបីពេល​នោះ លោក​អប្រាហាំ​ពុំទាន់មាន​កូននៅឡើយក្តី។ 6 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​ថា ពូជពង្ស​របស់​លោក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេសមួយរយៈ ហើយអ្នក​ស្រុក​នោះ​នឹង​យក​ពូជពង្ស​របស់​លោក ​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេអស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។ 7 ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖ «ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ណា ដែល​យក​ពូជពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយបង្គំ​យើង​នៅទី​កន្លែង​នេះ»។ 8 បន្ទាប់​មក ព្រះជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធមេត្រីឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ​ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យលោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស​ទាំង​ដប់ពីរ​រូប​។ 9 ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែនឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យគេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ព្រះជាម្ចាស់​គង់​ជា​មួយនិង​លោក 10 ហើយ​រំដោះ​លោកឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះអង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាងវៃ និង​គាប់​ព្រះហឫទ័យ​ព្រះចៅ​ផារ៉ោនជា​ស្ដេចនៃ​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែងតាំង​លោក ឲ្យ​គ្រប់គ្រងលើ​ស្រុក​អេស៊ីប និង​ត្រួតត្រា​ព្រះរាជ​វាំង​ទាំង​មូល​ផង។ 11 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ 12 ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើងឲ្យទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ 13 នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យបង​ប្អូន​របស់​លោក ឲ្យ​បានស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។ 14 បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុបជា​ឪពុក និង​ញាតិសន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិតសិប​ប្រាំ​នាក់​នោះ​មកស្រុកអេស៊ីប។ 15 លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណភាព​នៅទីនោះ ព្រមទាំងពួក​បុព្វបុរស​យើងក៏​ទទួល​មរណភាព​នៅ​ស្រុក​នោះ​ដែរ។ 16 គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែមក្នុង​ផ្នូរ ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រនៅ​ភូមិ​ស៊ីគែម​នោះ។ 17 លុះ​ជិត​ដល់​ពេល​ព្រះជាម្ចាស់ត្រូវ​បំពេញ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ នោះជន​ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។ 18 រហូតដល់មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប ប៉ុន្តែស្តេចនោះ​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។ 19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់បោកបញ្ឆោតបុព្វបុរស​យើង គឺ​​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់ថ្នាក់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​យកទៅ​​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។ 20 នៅជំនាន់ លោកម៉ូសេចាប់កំណើត ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាតជា​ទី​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ឪពុកម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។ 21 កាល​គេ​យកលោកទៅ​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែរក្សា ធ្វើ​ជា​កូន។ 22 លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំតាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​ របស់​ជន​ជាតិ​អេស៊ីប លោក​មាន​សំនួនវោហារ​ពូកែ ហើយ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ 23 ប៉ុន្តែពេល​លោក​អាយុ​ប្រហែលសែសិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន​ជាតិ​អ៊ីស្រាអែលជា​បង​ប្អូន​រួម​ជាតិ​របស់​លោក។ 24 លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ​ទៅ។ 25 លោកបានគិត​ថា បង​ប្អូន​រួម​ជាតិ​របស់​លោក​នឹង​យល់​ថា ព្រះជាម្ចាស់​នឹង​ប្រើលោកមកសង្គ្រោះពួកគេ ប៉ុន្តែពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះសម្រួល​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?» 27 ប៉ុន្តែម្នាក់​ដែល​ធ្វើ​បាប​បង​ប្អូនខ្លួន បាន​ច្រាន​លោក​ម៉ូសេ​ចេញ​ទាំង​ពោល​ថា៖ «នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​ពី​លើ​យើង? 28 តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិលមិញ​នោះ​ដែរ​ឬ?»​។ 29 លោក​ម៉ូសេក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន ក្រោយពេលបានឮដូច្នេះ ហើយនៅ​ស្រុក​នោះលោក​បាន​កូន​ប្រុស​ពីរ​នាក់។ 30 សែសិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតាមួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ នៅ​វាល​រហោស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​ក្នុងគុម្ពោត​មួយ។ 31 ពេលលោកបានឃើញអណ្តាតភ្លើងនោះ លោក​ងឿងឆ្ងល់ចំពោះ​ហេតុ​ដ៏​អស្ចារ្យ​​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិតវាដើម្បី​ពិនិត្យ​មើល លោក​ក៏បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មានព្រះបន្ទូលថា៖ 32 «យើង​ជា​ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ 33 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏វិសុទ្ធ។ 34 យើង​បាន​ឃើញ​ប្រជារាស្ត្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែកសោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ»។ 35 ជន​ជាតិ​អ៊ីស្រាអែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា៖ «នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​លើ​យើង?»។ ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ។ ព្រះជាម្ចាស់បានបញ្ជូនលោកដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ​ក្នុង​គុម្ពោត។ 36 លោក​ម៉ូសេ​នេះ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពីអេស៊ីប បន្ទាប់ពីបានធ្វើការអស្ចារ្យ​ និង​ទី​សម្គាល់​ដ៏​អស្ចារ្យក្នុង​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ​ផង។ 37 លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ព្រះជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា»។ 38 ​លោក​ម៉ូសេ​នេះ​ហើយ ដែលបាន​ជួបជាមួយទេវតា​ក្នុង​វាល​រហោស្ថាន ​បាន​ថ្លែង​ព្រះបន្ទូល​មក​លោកនៅ​លើ​ភ្នំ​ស៊ីណៃដែរ។ លោកម៉ូសេនេះហើយដែលបាននៅជាមួយបុព្វបុរសយើង ហើយ​លោក​បាន​ទទួល​ព្រះបន្ទូល​ដែល​ផ្ដល់​ជីវិតយក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ 39 លោកនេះហើយជាបុព្វបុរស​របស់​យើង ដែលបណ្តាជនបដិសេធ​មិន​ព្រម​ធ្វើតាម ហើយគេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ 40 ពេលនោះ ពួកគេបាននិយាយ​ទៅ​កាន់​លោក​អើរ៉ុន​ថា៖ «សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ»។ 41 ដូច្នេះ ពេលនោះពួកគេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញបូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីករាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នាដៃ​របស់​ខ្លួន។ 42 ប៉ុន្តែព្រះជាម្ចាស់​ឈប់​រវីរវល់​នឹងពួក​គេ ព្រះអង្គបណ្ដោយ​ឲ្យគេ​គោរព​ថ្វាយបង្គំ​ផ្កាយ​ទាំងឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា៖ «ប្រជារាស្ត្រ​អ៊ីស្រាអែល​អើយ! ក្នុង​អំឡុង​ពេល​សែសិប​ឆ្នាំ​នៅ​វាល​រហោស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញបូជា​អ្វី​មក​ឲ្យយើង​ឬ​ទេ? 43 អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេមផាន់របស់​អ្នក​រាល់​គ្នា និងរូប​សំណាក់​អស់​ទាំង​នោះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ដើម្បី​យក​មក​ថ្វាយបង្គំ ហើយយើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ីឡូន​ទៅ​ទៀត»។ 44 នៅ​វាល​រហោស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះពន្លារបស់​ព្រះជាម្ចាស់​ សង់​ឡើងស្រប​តាម​ព្រះបន្ទូល ​ដែល​ព្រះជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺលោកត្រូវយក​តាម​គំរូ​ដែល​លោក​បាន​ឃើញ។ 45 បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះពន្លា ដាក់​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី ​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស្វេ គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះពន្លា​នេះ​នៅ​គង់វង្ស​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ។ 46 ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ព្រះបាទ​ដាវីឌ ព្រះបាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះអង្គ រក​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះ​ជាម្ចាស់របស់​លោក​យ៉ាកុប។ 47 ប៉ុន្តែ ​ព្រះបាទ​សាឡូម៉ូន​ឯណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះដំណាក់​នោះ។ 48 ទោះយ៉ាងណាក្តី ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់ ​ដែល​សង់​ឡើងដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី​បាន​ថ្លែង​ទុក​មក​ស្រាប់​ថា៖ 49 «ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណាឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា? 50 តើមិនមែន​យើង​ទេឬ​ដែល​បាន​បង្កើតអ្វីៗ​ទាំង​នោះ​មក?» 51 អស់​លោកមាន​ចិត្ត​រឹងរូស​អើយ! អស់​លោក​មាន​ចិត្ត មាន​ត្រចៀក​ដូច​សាសន៍​ដទៃ​ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ។ 52 គ្មាន​ព្យាការី​ណា​ម្នាក់ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់ ​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះជាម្ចាស់​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។ 53 អស់​លោក​បាន​ទទួល​ក្រឹត្យវិន័យតាម​រយៈ​ទេវតា​ តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ»។ 54 កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវក្រោធ​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ 55 រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​មេឃឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ឃើញ​ព្រះយេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះអង្គ។ 56 លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់»។ 57 ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។ 58 គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ​អ្នក​ដែល​បានឃើញក៏​យក​សម្លៀកបំពាក់​របស់​ខ្លួនដាក់នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ 59 នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូលអង្វរ​ថា៖ «ព្រះអម្ចាស់យេស៊ូ​អើយ​សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង»។ 60 បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​អី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ​។


ជំពូក 8

1 លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ ក្រោយពីថ្ងៃនោះមក ចាប់ផ្តើមមានការបៀតបៀនជាខ្លាំង មកលើក្រុមជំនុំនៅក្រុង​យេរូសាឡឹម ហើយពួកអ្នក​ជឿ​ទាំង​ប៉ុន្មានបាន​បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី លើកលែង​តែ​ក្រុម​សាវក​។ 2 អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ចំពោះលោក។ 3 រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុមជំនុំ លោកបានចូលពី​​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំឃាំង។ 4 ប៉ុន្តែ ពួក​សិស្សដែល​បែកខ្ញែក​គ្នា​នោះ ពួកគេធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទាំងប្រកាសពី​ព្រះបន្ទូលផងដែរ។ 5 លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅឯ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះគ្រិស្ដ។ 6 នៅពេលបណ្តាជនជាច្រើនបានឮ និងឃើញពីទីសម្គាល់ដែលលោកភីលីពបានធ្វើ ពួក​គេនាំគ្នាមកស្តាប់លោកដែល​មាន​ប្រសាសន៍។ 7 ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើនទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ 8 ប្រជាជន​នៅ​ក្រុង​នោះមាន​អំណរ​សប្បាយ​ដ៏​លើសលប់។ 9 មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូនរស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្តអាគម ធ្វើ​ឲ្យ​ប្រជាជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​មនុស្សសំខាន់​មួយ​រូប។ 10 ប្រជាជនសាសន៍សាម៉ារីទាំងអស់ ទាំងអ្នកតូចអ្នកធំ​ស្តាប់​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់​ ដែល​ជា​ឫទ្ធានុភាព​ដ៏​ឧត្ដុង្គឧត្ដម»។ 11 ប្រជាជន​បានស្តាប់​គាត់​ ព្រោះ​គាត់​បាន​សម្តែងមន្តអាគម​ឲ្យគេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ 12 ប៉ុន្តែ ពេលពួក​គេបាន​ជឿ​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​អំពី​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ដែល​លោក​ភីលីព​បានប្រកាស​ប្រាប់ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹកទាំង​ប្រុសទាំង​ស្រី។ 13 សូម្បីតែលោក​ស៊ីម៉ូន​​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ហើយ​គាត់​នៅ​ជាមួយ​នឹង​លោក​ភីលីព​ជានិច្ច។ ពេល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​បានស្ងើច​សរសើរ​យ៉ាង​ខ្លាំង។ 14 ក្រុម​សាវកនៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ លោកក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យទៅ​ជួប​អ្នក​ទាំង​នោះ។ 15 ពេលទៅ​ដល់​ស្រុក​សាម៉ារី សាវក​ទាំង​ពីរ​បានអធិស្ឋានឲ្យ​ពួក​គេ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ 16 ដ្បិត​ព្រះវិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​ពួកគេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ប៉ុណ្ណោះ។ 17 បន្ទាប់មក លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃលើ​គេ ហើយពួក​គេ​ក៏​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 18 ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​អ្នក​ជឿដោយ​សាវក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវក​ទាំង​ពីរ 19 ហើយ​ពោល​ថា៖ «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។ 20 តែលោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ ព្រោះអ្នក​នឹក​ស្មាន​ថាអាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​បាន! 21 អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះជាម្ចាស់។ 22 ដូច្នេះ សូមអ្នក​លះបង់​ចិត្ត​គំនិត​អាក្រក់នេះ​ចោល​ទៅ ហើយ​ទូលសូម​ព្រះអម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើកលែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ 23 ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មានចិត្តពិសពល់​ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ 24 លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូលអង្វរ​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​បានមាន​ប្រសាសន៍​នោះ​ឡើយ»។ 25 ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួច​ហើយ សាវក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ ទាំង​ប្រកាសដំណឹងល្អ​ក្នុង​ភូមិ​ជា​ច្រើននៅ​ស្រុក​សាម៉ារី​។ 26 ទេវតារបស់​ព្រះអម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង គឺតាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូសាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ 27 លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។ នៅ​តាម​ផ្លូវ មាន​ជន​ជាតិ​អេត្យូពី​មួយ​រូបជា​មនុស្ស​កម្រៀវ លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហាក្សត្រិយានី​កានដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះរាជទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម 28 ហើយលោក​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​ ដោយ​ជិះ​រទេះ​សេះទាំង​អាន​គម្ពីរ​ព្យាការី​អេសាយ។ 29 ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។ 30 ដូច្នេះលោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។ 31 លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែនាំ​សោះ​នោះ?»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។ 32 រីឯ​អត្ថបទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​ គឺថាលោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀមដែល​គេ​នាំ​ទៅ​សម្លាប់ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់នៅ​មុខ​អ្នក​កាត់​រោម។ 33 លោក​ត្រូវ​គេ​បន្ទាប​បន្ថោកហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជពង្ស របស់​លោក​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែនដី​នេះ​បាត់​ទៅ​ហើយ»។ 34 មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ 35 លោក​ភីលីព​ក៏​ជំរាប​ជូន​ដំណឹងល្អ​អំពី​ព្រះយេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថបទ​គម្ពីរ​នោះ​ទៅ។ 36 លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក»។ 37 លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ 38 លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។ 39 កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។ 40 រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ ហើយលោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វផ្សាយ​ដំណឹងល្អរហូត​ទៅ​ដល់​ក្រុង​សេសារា។


ជំពូក 9

1 ​ប៉ុន្តែ លោក​សូល​គិត​តែ​ពី​គំរាមកំហែង និង​សម្លាប់​សិស្សរបស់​ព្រះអម្ចាស់​ជានិច្ច ហើយគាត់​ទៅ​ជួប​លោក​មហា​បូជាចារ្យ 2 រួចសុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូសាឡឹម។ 3 ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​គាត់ 4 រូចគាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?»។ 5 លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន​។ 6 ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ»។ 7 រីឯ​អស់​អ្នក​ដែល​បានធ្វើ​ដំណើរ​ជា​មួយ​លោក​សូល ​នាំ​គ្នាឈរ​ស្ងៀមរក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។ 8 លោក​សូល​ក្រោក​ឡើង ហើយនៅពេលគាត់បើកភ្នែក ស្រាប់តែ​គាត់​មើល​អ្វី​មិន​ឃើញ​សោះ។ គេ​ដឹក​ដៃ​គាត់នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។ 9 ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​បានពិសា​បាយ​ពិសា​ទឹកដែរ។ 10 នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណាណាស។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ក្នុងនិមិត្តមួយថា៖ «អាណាណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!»។ 11 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ «ផ្លូវ​ត្រង់» សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស​នៅ​ក្នុង​ផ្ទះ​យូដាស នៅទីនោះគាត់​កំពុង​តែ​អធិស្ឋាន។ 12 សូលបាននិមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃលើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ 13 តែលោក​អាណាណាស​ទូល​ព្រះអង្គវិញ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម​ជាខ្លាំង។ 14 ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជាចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះនាម​ព្រះអង្គ»។ 15 ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជាជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែលឲ្យស្គាល់​ឈ្មោះ​ខ្ញុំ។ 16 ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។ 17 ដូច្នេះ លោក​អាណាណាស​ក៏​ចេញ​ទៅ ​ហើយបានចូលទៅក្នុងផ្ទះនោះ។ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះអម្ចាស់យេស៊ូ​ដែល​បង​បាន​ឃើញនៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​អោយ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​អោយ​បង​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ»។ 18 រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រីជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង ហើយបានទទួល​ពិធី​ជ្រមុជ​ទឹក។ 19 បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។ លោកបានស្នាក់នៅជាមួយពួកសិស្សនៅក្រុងដាម៉ាសអស់ពេលបួនដប់ថ្ងៃ។ 20 លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​នានា​ភ្លាម​ថា ព្រះយេស៊ូ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់។ 21 អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ នឹកស្ងើច គេ​ពោល​ថា៖ «លោក​នេះ​ហើយមែនទេ​ដែល​បាន​ធ្វើ​ទុក្ខ​បៀតបៀន ​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូនៅ​ក្រុង​យេរូសាឡឹម? គាត់​មក​ទី​នេះរក​ចាប់​ចង​គេ​នាំ​ទៅ​ជូន នាយក​បូជាចារ្យ​ទេ​តើ»។ 22 រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែកញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​ដោយអះអាងច្បាស់ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។ 23 ប៉ុន្មានថ្ងៃក្រោយមក ជន​ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល 24 តែ​លោក​បាន​ជ្រាប​គម្រោងការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃដើម្បី​សម្លាប់​លោក។ 25 ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូតលោក​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។ 26 កាល​លោក​សូល​មក​ដល់​ក្រុង​យេរូសាឡឹម លោក​ចង់​​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​នោះ​ឡើយ។ 27 តែលោក​បារណាបាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវកទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះយេស៊ូនៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ 28 ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ជួបក្រុមសាវក នៅពេលពួកគេចុះឡើង​ក្រុង​យេរូសាឡឹម​។ លោកបានមានប្រសាសន៍​ដោយ​ចិត្ត​អង់អាច​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថែម​ទៀត​ផង 29 ហើយលោក​បាន​ជជែក​វែកញែក​ជា​មួយ​សាសន៍​យូដាដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុនប៉ង​សម្លាប់​លោក​ទៅ​វិញ។ 30 កាល​ពួក​បង​ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មកបញ្ជូនលោក​ទៅ​ក្រុង​តើសុស។ 31 ក្រុមជំនុំក្នុង​ស្រុក​យូដា ស្រុក​កាលីឡេ និង​ស្រុក​សាម៉ារីបាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​។ ក្រុមជំនុំ​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ ហើយពួក​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។ 32 កាលលោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដ៏វិសុទ្ធ​នៅ​ក្រុង​លីដា។ 33 នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ 34 លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះយេស៊ូគ្រិស្ដ​ប្រោស​អ្នក​ឲ្យបាន​ជា​ហើយ។ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!» ហើយលោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។ 35 អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ពួកគេក៏​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់។ 36 នៅ​ក្រុង​យ៉ុបប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តេប៊ីថា ភាសា​ក្រិក​ថា «ឌ័រកាស» នាង​ជា​សិស្សដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។ 37 នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។ 38 ដោយសារក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ ​ដូច្នេះពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។ 39 លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោកទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង និងអាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។ 40 លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​បន្ទប់ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ីថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។ 41 លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ​ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។ 42 អ្នក​ក្រុង​យ៉ុបប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះអម្ចាស់។ 43 លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុបប៉េជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ឈ្មោះ​ស៊ីម៉ូនជា​អ្នក​សម្លាប់​ស្បែក​។


ជំពូក 10

1 នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​វរសេនា​តូច​រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរសេនា​តូច​អ៊ីតាលី»។ 2 គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិប័តន៍ និង​កោត​ខ្លាច​ព្រះជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​អោយ​ប្រជាជន ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។ 3 ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​ប្រាំបួន ​គាត់​បាន​និមិត្ត​ឃើញ​ទេវតា​មួយ​រូប​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់។ ទេវតា​នោះ​ពោលមកកាន់គាត់​ថា៖ «លោក​កូនេលាស​អើយ!»។ 4 លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ ហើយព្រះអង្គ​ក៏មិនភ្លេចអំពី​ទាន​ដែលលោកបានធ្វើចំពោះជនក្រីក្រ ជាតង្វាយនៅចំពោះព្រះវត្តមានព្រះជាម្ចាស់។ 5 សូមលោក​ចាត់​គេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។ 6 គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។ 7 កាល​ទេវតាដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេលាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយឲ្យ​ចូល​មក។ 8 លោក​បាន​រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់ពួកគេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ។ 9 នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុបប៉េ។ ប្រមាណ​ជាម៉ោងប្រាំមួយ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ​។ 10 ពេល​នោះ លោក​ឃ្លានចង់រកអ្វីមក​ពិសា ប៉ុន្តែ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោកបានទទួលនូវនិមិត្តមួយ 11 ហើយលោក​បាន​លង់​ស្មារតីនិមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាងចុះមក​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។ 12 នៅ​លើ​កម្រាលនោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សាបក្សី។ 13 បន្ទាប់មក មាន​ព្រះ​សូរសៀង​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរក្រោយឡើង រួច​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ 14 ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធឡើយ»។ 15 ប៉ុន្តែ​ព្រះសូរសៀង​នោះ​ជា​លើក​ទី​ពីរមកកាន់លោក​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជាវិន័យ​ហាម​ឃាត់​នោះ​ឡើយ»។ 16 ហេតុការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។ 17 ខណៈពេលដែលលោក​ពេត្រុស​កំពុងភាន់ភាំងអំពី​អត្ថន័យនៃនិមិត្ត ដែលលោកបានឃើញនោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ 18 ព្ួកគេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ 19 ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​និមិត្ត​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក 20 ចូរ​ចុះ​ទៅ​ក្រោម​ រួចចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ 21 លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ 22 ពួកគេ​ឆ្លើយ​ថា៖ «លោក​កូនេលាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជាតិ​យូដាសរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យអញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ 23 លោក​ពេត្រុស​ក៏អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េជូន​ដំណើរ​​ផងដែរ។ 24 នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ពួកគេបាន​ទៅ​ដល់​ក្រុង​សេសារា។ លោក​កូនេលាស​កំពុងរង់ចាំពួកគេ ហើយពេលនោះគាត់ក៏​បាន​អញ្ជើញ​ញាតិសន្ដាន និង​មិត្ត​ជិតដិត​មក​ផ្ទះ​របស់​គាត់ផងដែរ។ 25 ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ 26 ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ 27 ខណៈពេលលោក​សន្ទនា​ជា​មួយ​លោក​កូនេលាស​បណ្ដើរ ​ដើរចូលទៅក្នុងបណ្តើរ ​លោកបាន​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា 28 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ វិន័យ​របស់​សាសនា​យូដា ហាម​មិន​ឲ្យសាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ 29 ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។ 30 លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាល​បួន​ថ្ងៃ​មុន ក្នុងពេលដដែលនេះ ​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​ប្រាំបួន មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ត្រចះត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ 31 ហើយ​ពោល​ថា៖ «លោក​កូនេលាស​អើយ ព្រះជាម្ចាស់​ស្តាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោកក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ 32 ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូនហៅ​ពេត្រុសនៅ​ក្រុង​យ៉ុបប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ 33 ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រង់ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។ 34 ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់​រាប់​រក​មនុស្ស​ទូទៅ​ឥត​រើស​មុខ​ឡើយ។ 35 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។ 36 អ្នកដឹងហើយថា ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែលនៅពេលព្រះអង្គបានប្រកាស​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្តតាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ​លើ​មនុស្ស​ទាំង​អស់ដល់ពួកគេ។ 37 បង​ប្អូន​ជ្រាប​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ ក្រោយពេល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក 38 ដែលព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ឫទ្ធានុភាពដោយបានអភិសេក​ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះយេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។ 39 យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ ដែល​ព្រះអង្គ​បាន​ធ្វើនៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ​ដោយ​ព្យួរ​នៅ​លើ​ឈើ។ 40 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ខ្លួន 41 ដល់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន ឲ្យ​ធ្វើ​ជា​បន្ទាល់ប៉ុណ្ណោះ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់ ​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ 42 ព្រះយេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់ ​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​វិនិច្ឆ័យ​ទោសទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ 43 ព្យាការីទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើកលែង​ទោស​ឲ្យរួច​ពី​បាបដោយសារ​ព្រះនាម​ព្រះអង្គ»។ 44 ពេលលោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍នៅឡើយ​ ស្រាប់​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​លោក។ 45 ពួក​អ្នកដែលស្ថិតក្នុងក្រុមអ្នកជឿ ដែលបានកាត់ស្បែក​ក៏​មក​ជា​មួយ​លោក​ពេត្រុសដែរ ពួកគេស្ងើចសរសើរ ព្រោះជាម្ចាស់​បាន​ចាក់​បង្ហូរអំណោយទានរបស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ឲ្យមកសាសន៍​ដទៃ​ផងដែរ។ 46 ដ្បិត​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ ព្រម​ទាំង​លើក​តម្កើង​ព្រះជាម្ចាស់​ផង។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ 47 «គ្មាន​នរណា​អាច​ឃាត់​យើង មិន​ឲ្យ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ»។ 48 បន្ទាប់មក លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្តិច​ទៀត។


ជំពូក 11

1 ក្រុម​សាវក និង​បង​ប្អូន​នៅ​ស្រុក​យូដាឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ 2 កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូសាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​នាំ​គ្នា​រិះ​គន់​លោក​ថា៖ 3 «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃ ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។ 4 ប៉ុន្តែ លោក​ពេត្រុស​ក៏​បានពន្យល់ក្បោះក្បាយ​ប្រាប់គេថា៖ 5 «កាល​ខ្ញុំ​កំពុងតែ​អធិស្ឋាននៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏លង់​ស្មារតីនិមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។ 6 ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ។ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សាបក្សី។ 7 បន្ទាប់មក ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថា៖ «ពេត្រុស​អើយ! ចូរ​ក្រោកឡើង ហើយសម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ 8 ខ្ញុំ​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធនោះឡើយ។ 9 ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​​ប្រោស​ឲ្យបាន​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថាជា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ»។ 10 ហេតុការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ 11 ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារា​ឲ្យ​មក​រក​ខ្ញុំ បាន​ឈរនៅមុខ​ផ្ទះ​ ដែល​យើង​ស្នាក់​នៅ។ 12 ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​ប្រាប់​ខ្ញុំ​ឲ្យចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់បានរួមដំណើរជាមួយខ្ញុំ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេលាស។ 13 លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះលោក ទាំង​ពោល​ថា៖ «សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស។ 14 គាត់​នឹង​ប្រកាស​ព្រះបន្ទូល​ ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល»។ 15 នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះអង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើងកាល​ពី​ដើម​ដំបូង​នោះ​ដែរ។ 16 ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ»។ 17 ​បើ​ព្រះជាម្ចាស់​ប្រទាន​ព្រះអំណោយ​ទាន​ដល់​គេ ដូច​ព្រះអង្គ​ប្រទាន​មក​យើងដែល​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះជាម្ចាស់​បាន?» 18 កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ»។ 19 ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀតបៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះបាន​ប្រកាស​ព្រះបន្ទូល​ដល់​សាសន៍​យូដា​តែប៉ុណ្ណោះ។ 20 ​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ក៏បានប្រកាសដំណឹងល្អ​អំពីព្រះអម្ចាស់យេស៊ូ ដល់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិកផងដែរ។ 21 ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើសលប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​។ 22 ក្រុមជំនុំ​នៅ​ក្រុង​យេរូសាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណាបាសឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក។ 23 ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់បាន​ទូន្មាន​ពួកគេគ្រប់គ្នានៅតែ​ឲ្យនៅតែ​ប្ដេជ្ញា​ចិត្តជាមួយព្រះអម្ចាស់​ជានិច្ច។ 24 លោក​បារណាបាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរសពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ជំនឿ ហើយបណ្ដាជន​ជា​ច្រើន​បាន​ទទួលជឿព្រះជាម្ចាស់។ 25 បន្ទាប់​មក​ទៀត លោក​បារណាបាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូលនៅ​ក្រុង​តើសុស។ 26 កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់ទីយ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុមជំនុំអស់​រយៈ​ពេល​មួយ​ឆ្នាំ​ ​ហើយ​បង្រៀន​បណ្ដាជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់ទីយ៉ូក​នោះ​ហើយ ដែលគេហៅពួកសាវក «គ្រិស្ដបរិស័ទ» ដំបូងគេបង្អស់​។ 27 នៅ​គ្រា​នោះ មាន​ពួក​ព្យាការីធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡឹម មក​ដល់​ក្រុង​អន់ទីយ៉ូក។ 28 ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​ព្រះវិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្តិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល។ ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជកាល​ព្រះចៅ​អធិរាជ​ក្លូឌាស​។ 29 ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយតាម​សមត្ថភាព​រៀងៗ​ខ្លួន ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។ 30 ពួកគេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យតាម​លោក​បារណាបាស និង​លោក​សូល​។


ជំពូក 12

1 ឥឡូវនេះដល់ពេលដែលព្រះបាទ​ហេរ៉ូដបានលូកព្រះហស្ថ លើ​​សមាជិក​ខ្លះ​នៃ​ក្រុមជំនុំ ធ្វើដូច្នេះដើម្បីធ្វើបាបពួកគេ។ 2 ស្តេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហានដោយដាវ។ 3 ដោយ​យល់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ។ 4 បន្ទាប់ពី​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំឃាំង​​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុមនៅ​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់ រូចព្រះបាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជាជនក្រោយ​បុណ្យ​ចម្លង។ 5 ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង តែក្រុមជំនុំ​បាន​នាំ​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​ឥត​ស្រាកស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។ 6 នៅ​យប់​មុន​ពេល​ដែល​ព្រះបាទ​ហេរ៉ូដយក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធនាគារ​ដែរ។ 7 ពេល​នោះ ទេវតា​របស់​ព្រះអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស ​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» ហើយច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។ 8 ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ស្លៀកសម្លៀកបំពាក់ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។ 9 លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំឃាំងដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ។ លោក​ស្មាន​ថាលោកកំពុង​យល់សប្ដិ​។ 10 ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក ​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើកដោយខ្លួនវា​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ចេញក្រៅទ្វារក្រុង ហើយបានដើរទៅ​តាម​ដង​ផ្លូវ​មួយ រូចស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។ 11 លោក​ពេត្រុស​បាន​ដឹង​ខ្លួនក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជាជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។ 12 ពេលលោកបានដឹងដូច្នោះ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហានហៅ​ម៉ាកុស ជា​កន្លែង​មាន​បង​ប្អូន​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។ 13 នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ។ 14 នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង​ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។ 15 គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។ ពួកគេនិយាយថា៖ «អ្នកនោះជាទេវតារបស់លោកពេត្រុសទេដឹង»។ 16 លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ក៏ស្ញើចជា​ខ្លាំង។ 17 លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាបលោក​យ៉ាកុប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ 18 លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។ 19 ព្រះបាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យគេ​កាត់​ទោស​ពួក​អ្នក​យាម រួច​​​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដាទៅគង់​ប្រថាប់​នៅ​ក្រុង​សេសារា។ 20 ព្រះបាទ​ហេរ៉ូដ​ក្រោតនឹង​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​នាំគ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះបញ្ចូល​លោក​បា្លសតុសជា​មហាតលិក​ឲ្យ​ជួយពួកគេ។ រួចគេ​ទូល​សូម​សន្តិភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះបាទ​ហេរ៉ូដ។ 21 លុះ​ដល់​ថ្ងៃ​កំណត់ ព្រះបាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​ព្រះរាជឱង្ការទៅពួកគេ។ 22 ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។ 23 រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ទ្រង់​ពុំ​បាន​ថ្វាយ​សិរីរុងរឿង​ទៅ​ព្រះជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។ 24 មនុស្សម្នា​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ចំនួន​អ្នក​ជឿ​បាន​កើន​ឡើង​ជា​លំដាប់​។ 25 រីឯ​លោក​បារណាបាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​បេសកកម្មរបស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុសទៅ​ជា​មួយ​ផង។


ជំពូក 13

1 ក្នុង​ក្រុមជំនុំ​នៅ​ក្រុង​អន់ទីយ៉ូក មាន​ព្យាការី និង​គ្រូ​អាចារ្យខ្លះ។ រួម​មាន​លោក​បារណាបាស លោក​ស៊ីម្មាន​ហៅ​នីគើរ លោក​លូគាស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះបាទ​ហេរ៉ូដ​ជា​ស្ដេច​អនុរាជ កាល​នៅ​ពី​ក្មេង និង​លោក​សូល។ 2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយបង្គំ​ព្រះអម្ចាស់ និង​តម​អាហារ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ញែក​បារណាបាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​ឲ្យមក​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យគេ​ធ្វើ»។ 3 ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន​រួច​ហើយ គេ​បាន​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​​លោកក៏​ចេញ​ទៅ។ 4 លោក​បារណាបាស និង​លោក​សូលបានធ្វើតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោកក៏បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។ 5 ពេល​ទៅ​ដល់​ក្រុង​សាឡាមីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​ព្រះជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំរបស់​ជន​ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហានហៅម៉ាកុសបាន​​ជួយ​ផង។ 6 បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​តាមកោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្តអាគមជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារយេស៊ូ​ជា​ព្យាការី​ក្លែងក្លាយ 7 គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណាបាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 8 ប៉ុន្តែ អេលីម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្តអាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោបាយ​ពង្វាង​លោក​ប្រតិភូឲ្យ​ងាក​ចេញ​ពី​ជំនឿ។ 9 រីឯលោក​សូល ដែល​ហៅ​ថា​ប៉ូល​​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលីម៉ាស 10 ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរពេញ​ទៅ​ដោយ​ពុតត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង។ តើ​អ្នក​នៅ​តែ​ពង្វាង​គេ​អោយ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអម្ចាស់​ដល់​ណា​ទៀត? 11 ឥឡូវ​នេះ ព្រះបារមី​របស់​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់ក៏ដូចជាមានបាំង ហើយ​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​វិលវល់ រក​គេ​ជួយ​ដឹក​ដៃ។ 12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿដោយស្ញប់ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះអម្ចាស់​ជាខ្លាំង។ 13 ឥឡូវនេះលោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក​បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា។ រីឯលោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡឹម​វិញ។ 14 លោក​ប៉ូល និង​មិត្តភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។ 15 បន្ទាប់​ពី​បាន​អាន​គម្ពីរ​វិន័យនិង​គម្ពីរ​ព្យាការីរួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​មក​ចុះ»។ 16 លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល និង​បង​ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ សូម​ជ្រាប! 17 ព្រះជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជារាស្ត្រ​នេះ​បានកើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប លោកបានលើកដៃជាសញ្ញា។ បន្ទាប់​មក ព្រះអង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។ 18 ព្រះអង្គ​បាន​ផ្គត់ផ្គង់​​គេ​អស់​រយៈ​ពេល​ប្រមាណ​សែសិប​ឆ្នាំនៅ​វាល​រហោស្ថាន។ 19 ក្រោយ​ពី​ព្រះអង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះអង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ធ្វើ​ជា​កម្មសិទ្ធិ។ 20 ហេតុការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហាសិប​ឆ្នាំមុន។ ក្រោយ​មក ព្រះអង្គ​ប្រទាន​ឲ្យមាន​អ្នក​គ្រប់គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូអែល។ 21 បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះបាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុលសម្ព័ន្ធបេនយ៉ាមីនឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ 22 ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះបាទ​សូល ព្រះជាម្ចាស់​ប្រទាន​អោយ​ព្រះបាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះបាទ​ដាវីឌ​នេះ​ថា៖ «យើង​រក​បាន​មនុស្ស​ម្នាក់ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង»។ 23 ចាប់តាំងពី​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះជាម្ចាស់​ប្រទានឲ្យព្រះយេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះសង្គ្រោះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ 24 ហេតុការណ៍នេះបានចាប់ផ្តើមមុនពេលព្រះយេស៊ូកើតមក នៅពេលលោក​យ៉ូហាន​បាន​ប្រកាស​ឲ្យជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត រូចទទួល​ពិធី​ជ្រមុជ​ទឹក។ 25 ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោកចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង​ប្អូន​ទន្ទឹង​រង់ចាំ​នោះ​ទេ។ ប៉ុន្តែសូមស្តាប់់ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ ទោះបើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈដ៏ខ្ពង់ខ្ពស់​របស់​លោក​ផង»។ 26 បង​ប្អូន​ជា​ពូជពង្ស​លោក​អប្រាហាំ និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ! នេះហើយជា​ព្រះបន្ទូលស្តី​អំពី​ការ​សង្គ្រោះ ដែលបានផ្ញើមក​ឲ្យ​យើង​ទាំង​អស់​គ្នា​ 27 ដ្បិត​អ្នក​ក្រុង​យេរូសាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេពុំ​បាន​ដឹង​ថា​ព្រះយេស៊ូ​ជា​នរណា​ឡើយ ហើយគេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការីថ្លែង​ទុក​មកដែល​គេ​អាននៅ​រៀង​រាល់​ថ្ងៃ​សប្ប័ទ។ 28 ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ 29 កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ 30 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ 31 ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួនឲ្យគេឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលីឡេ ទៅ​ក្រុង​យេរូសាឡឹមបានឃើញ ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គនៅ​ចំពោះ​មុខ​ប្រជាជន​។ 32 ដូច្នេះយើង​ខ្ញុំប្រាប់បងប្អូនអំពីដំណឹងល្អ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង។ 33 ព្រះអង្គ​បាន​បំពេញសព្វគ្រប់សម្រាប់​យើង ដែល​ជា​ពូជពង្ស​របស់​បុព្វបុរសយើង ដោយ​ព្រះអង្គ​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង​ទី​ពីរ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង ហើយថ្ងៃនេះយើងជាព្រះបិតារបស់ឯង​។ 34 ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញពិត ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងឲ្យឯងបានវិសុទ្ធ និងទទួលព្រះពរគ្រប់យ៉ាងដូចដែលយើងបានសន្យាជាមួយដាវីឌ»។ 35 ហេតុ​នេះ​ហើយ​ព្រះជាម្ចាស់មានព្រះបន្ទូល ​ចែង​ទុក​ក្នុង​អត្ថបទ​គម្ពីរ​មួយ​ទៀត​ថា៖ «ព្រះអង្គ​មិន​បណ្ដោយ​ឲ្យសព​អ្នកបម្រើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​រលួយ​ឡើយ។ 36 ព្រះបាទ​ដាវីឌ​បាន​បម្រើព្រះជាម្ចាស់តាម​គម្រោងព្រះអង្គ​នៅ​ជំនាន់​នោះ រួច​ក៏សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះបាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះអយ្យកោ ហើយ​សព​របស់​ទ្រង់​ក៏​បាន​រលួយ​អស់​ដែរ។ 37 ចំណែកឯ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យមាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះអង្គ​ពុំ​បាន​រលួយ​ទេ។ 38 ដូច្នេះ បង​ប្អូន​អើយ! សូម​បង​ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះជាម្ចាស់​លើកលែង​ទោស​ឲ្យ​បង​ប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះយេស៊ូ។ 39 បង​ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មានដោយ ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​បាន​ឡើយ។ បងប្អូនបានសុចរិតតាមរយៈព្រះយេស៊ូប៉ុណ្ណោះ។ 40 ហេតុ​នេះ ​សូម​បង​ប្អូន​ប្រយ័ត្នក្រែងអ្វី ​ដែល​ព្យាការីថ្លែង​ទុក​មកមិនបានកើតមានដល់អ្នក។ 41 «មើល៍ មនុស្ស​ដែល​ចេះ​តែ​មើលងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយអ្នកនឹង​ងឿងឆ្ងល់ ហើយត្រូវ​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់របស់​អ្នក​រាល់​គ្នាជា​កិច្ចការ​ ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នាក៏​ដោយ»។ 42 ពេល​លោក​ប៉ូល និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យមាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ ម្តងទៀតនៅ​ថ្ងៃ​សប្ប័ទ​ខាង​មុខ។ 43 លុះ​អង្គ​ប្រជុំ​​ចប់​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណាបាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំលឹក​គេឲ្យនៅ​ខ្ជាប់ខ្ជួន​នឹង​ព្រះគុណ​របស់​ព្រះជាម្ចាស់​ជានិច្ច។ 44 នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជាជន​នៅ​ក្រុង​នោះ​បាន​មក​ជួបជុំស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។ 45 ពេល​ជន​ជាតិ​យូដា​ឃើញ​មហាជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។ 46 ​លោក​ប៉ូល និង​លោក​បារណាបាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់អាច​ថា៖ «សំខាន់ណាស់ដែលយើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូនជាមុនសិន។ ប៉ុន្តែដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះបន្ទូល​នេះ ហើយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ 47 ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ «យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺបំភ្លឺ​ជាតិ​សាសន៍​នានា និងឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ស្រុក​ដាច់ស្រយាល​នៃ​ផែនដី»។ 48 កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីករាយ ហើយ​នាំ​គ្នា​សរសើរតម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ អស់​អ្នក​ដែល​ព្រះជាម្ចាស់​តម្រូវឲ្យ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ 49 ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮ​សុសសាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។ 50 ប៉ុន្តែ សាសន៍​យូដា​បាន​ញុះញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់ខ្ពស់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ញុះញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​។ 51 លោក​ប៉ូល និង​លោក​បារណាបាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម។ 52 ឯ​ពួក​សិស្សនៅ​អន់ទីយ៉ូក​វិញ គេ​បាន​ពោរពេញ​ដោយ​អំណរ និង​ពេញដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។


ជំពូក 14

1 នៅ​ក្រុង​អ៊ីកូនាម លោក​ប៉ូល និង​លោក​បារណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់​នាំ​គ្នា​ជឿ។ 2 ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុុះញង់​សាសន៍​ដទៃ និង​ធ្វើឲ្យគេមានចិត្តទាស់នឹង​ពួក​បង​ប្អូន​។ 3 លោក​ប៉ូល និង​លោក​បារណាបាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូនាម​ជា​យូរ​ថ្ងៃពោរពេញដោយឬទ្ធានុភាពមកពីព្រះជាម្ចាស់ ខណៈពេល​ព្រះអង្គបាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ។ ​ព្រះអង្គបានឲ្យលោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។ 4 មនុស្សជាច្រើន​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវក។ 5 នៅពេលសាសន៍​ដទៃ និង​សាសន៍​យូដាបាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ 6 លោក​ប៉ូល និង​លោក​បារណាបាស​ដឹងមុនពីសភាពការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ 7 ហើយប្រកាស​ដំណឹងល្អនៅ​ទី​នោះ។ 8 នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក ហើយគាត់​មិន​អាច​ដើរ​បាន​ឡើយ។ 9 គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា។​ 10 លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ ដោយអាចលោតបាន និងដើរបានផង។ 11 ពេល​មហាជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅនា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ 12 គេ​ហៅ​លោក​បារណាបាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ 13 បូជាចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នោក្រៅ​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុបតែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជាយញ្ញ​រួម​ជា​មួយ​មហាជន។ 14 កាល​សាវកបារណាបាស និង​ប៉ូលបាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀកបំពាក់​ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជាជន ទាំង​ស្រែកយំ​ 15 ហើយពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ។ យើង​ខ្ញុំ​នាំ​ដំណឹងល្អ​មក​ជម្រាបជូន​បង​ប្អូន ដើម្បី​បង​ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយបង្គំ​រូប​សំណាក់​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ​ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ 16 នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានាដើរ​តាម​មាគ៌ារបស់គេ​រៀងៗ​ខ្លួន។ 17 ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​នៅ​តែបង្ហាញទីសម្គាល់ ដោយព្រះអង្គបានផ្តល់ក្តីសប្បុរសមកយើង ហើយទ្រង់បាន​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ 18 ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហាជន​មិន​ឲ្យធ្វើ​បូជាយញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។ 19 ប៉ុន្តែ មាន​ជន​ជាតិ​យូដា​មក​ពី​ក្រុង​អន់ទីយ៉ូក និង​ក្រុង​អ៊ីកូនាម បាន​ទាក់ទាញ​ចិត្ត​មហាជន​ឲ្យ​ចូល​ទៅ​ខាង​គេ។ ពួកគេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ 20 ប៉ុន្តែ ក្រុម​សិស្ស​នាំ​គ្នា​មកឈរ​ជុំវិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស។ 21 លោក​ប៉ូល និង​លោក​បារណាបាស​បាន​ផ្សព្វផ្សាយ​ដំណឹងល្អនៅ​ក្រុង​ឌើបេ ហើយ​ណែនាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ក្លាយជា​សិស្ស។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អន់ទីយ៉ូក​វិញ។ 22 លោក​ដាស់​តឿន​ពួក​សិស្ស​ឲ្យតាំង​ចិត្ត​មាំមួន និង​លើក​ទឹក​ចិត្ត​គេឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យបាន​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់»។ 23 លោក​បាន​តែងតាំង​ពួក​ព្រឹទ្ធាចារ្យ​នៅ​តាម​ក្រុមជំនុំ​នីមួយៗ ហើយបាន​អធិស្ឋាន និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្សទុក​នៅ​នឹង​ព្រះអម្ចាស់​ដែល​គេ​បាន​ជឿ។ 24 បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ីឌាមក​ដល់​ស្រុក​ប៉ាមភីលា។ 25 លោក​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតាលា។ 26 នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅវិល​ត្រឡប់​មក​ក្រុង​អន់ទីយ៉ូក​វិញ គឺ​នៅ​ក្រុង​អន់ទីយ៉ូក​នេះ​ហើយ ដែល​ក្រុមជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។ 27 កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុមជំនុំ​ឲ្យ​មក​ជួបជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ ដែល​ព្រះអង្គ​បើក​ផ្លូវ​ឲ្យសាសន៍​ដទៃបាន​ជឿ។ 28 លោក​ទាំង​ពីរ​ក៏ស្នាក់​នៅ​ទី​នោះជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​។


ជំពូក 15

1 មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដានាំ​គ្នា​ប្រៀនប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែកតាម​ទំនៀមទម្លាប់​របស់​លោក​ម៉ូសេ​ទេ នោះបង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។ 2 ដោយហេតុនេះ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់ និង​ជជែក​វែកញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល លោក​បារណាបាស និងបងប្អូនខ្លះទៀត​ឲ្យទៅ​ក្រុង​យេរូសាឡឹម ដើម្បី​​ទៅជម្រាបពួកសាវក និង​ក្រុម​ព្រឹទ្ធាចារ្យអំពី​រឿង​នេះ។ 3 ដូច្នេះ ក្រុមជំនុំ​បានបញ្ចូន​លោកទាំងពីរធ្វើដំណើរ​​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​ប្រកាសប្រាប់ពួកបងប្អូនថា​ សាសន៍​ដទៃ​បាន​បែរ​ចិត្ត​ មក​រក​ព្រះជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​ មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ 4 កាល​មក​ដល់​ក្រុង​យេរូសាឡឹម​ហើយ ក្រុមជំនុំ ក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក ហើយពួក​លោក​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។ 5 ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ខាង​គណៈផារីស៊ី ​ដែល​ជឿ​ព្រះអម្ចាស់ក្រោក​ឈរ​ឡើង​ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យសាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យរបស់​លោក​ម៉ូសេ​ដែរ។ 6 ដូច្នេះក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យក៏​ប្រជុំ​គ្នាដើម្បី​ពិចារណា​សំណុំ​រឿង​នេះ។ 7 បន្ទាប់ពីមានការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង ​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ! បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹងល្អដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​។ 8 ព្រះជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​​មនុស្ស ព្រះអង្គជាបន្ទាល់សម្រាប់ពួកគេ ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​គេ ដូច​ព្រះអង្គ​បាន​ប្រទាន​មក​យើង​ដែរ។ 9 ព្រះអង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះអង្គបានសម្អាត​ចិត្ត​គេឲ្យ​បាន​បរិសុទ្ធដោយ​ជំនឿ។ 10 ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ល្បងលនឹងព្រះជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់មិន​អាច​ទ្រាំទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​នឹមមក​ដាក់​លើ​ពួក​សិស្ស​? 11 ផ្ទុយទៅវិញ ​យើង​ជឿ​ថា ​ទាំង​សាសន៍​យើងទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ»។ 12 ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណាបាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ដែល​ព្រះជាម្ចាស់​បាន​សម្តែងនៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។ 13 លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ «បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ។ 14 លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះជាម្ចាស់​បានជួយសាសន៍ដទៃដោយសារព្រះគុណ ដើម្បីញែកពួកគេពីចំណោមមនុស្ស ឲ្យក្លាយ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។ 15 រីឯ​ព្រះបន្ទូល​ដែល​ពួក​ព្យាការីបាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖ 16 «បន្ទាប់ពីជាតិសាសន៍នានាបានឮដំណឹងល្អហើយ យើង​នឹង​វិល​ត្រឡប់មក​វិញ យើង​នឹង​សង់​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេចខ្ទី​ឡើង​វិញ 17 ពេល​នោះ មនុស្សម្នា​ដែល​នៅ​សល់នឹង​ស្វែង​រក​ព្រះអម្ចាស់ រូមទាំង​ជាតិ​សាសន៍​នានា​ផង។ 18 នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដែលបានសម្តែងឲ្យ​មនុស្ស​លោក​ស្គាល់តាំង​ពី​ដើមមក។ 19 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះជាម្ចាស់​វិញ​នោះ​ឡើយ។ 20 ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក់ កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នាដោយ​ឥតបាន​រៀបការ​ កុំឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម។ 21 ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យរបស់​លោក​ម៉ូសេដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទនៅ​ក្នុង​សាលា​ប្រជុំ»។ 22 ពេល​នោះ ក្រុម​សាវក ក្រុម​ព្រឹទ្ធាចារ្យ និង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើសយកយូដាស ហៅបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងក្រុមជំនុំ ហើយចាត់​ឲ្យ​ទៅ​ក្រុង​អន់ទីយ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស។ 23 ក្រុមជំនុំ​បាន​សរសេរសំបុត្រ​មួយ ​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖​ «យើង​ខ្ញុំជា​សាវក ជា​ព្រឹទ្ធាចារ្យ និង​ជា​បង​ប្អូន សូម​ជម្រាប​សួរ​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា!។ 24 យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​អ្នក​ខ្លះ​បានចេញពីយើង ដោយមិនបានប្រាប់យើងឲ្យដឹង និងបានរំខានដល់ការបង្រៀន ពួកគេបានធ្វើឲ្យអ្នកព្រួយចិត្ត។ 25 យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ដោយចាត់​ឲ្យមក​ជួប​បង​ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណាបាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង 26 ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន បម្រើ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។ 27 ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង​ប្អូន​ដោយផ្ទាល់។ 28 ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ​ណា​ផ្សេង​ទៀត​ ដែល​មិន​ចាំបាច់មក​បង្ខំ​បង​ប្អូន​ឲ្យប្រតិបត្តិ​តាមក្រៅពីនេះឡើយ យើង​គ្រាន់​តែ​សុំ​ឲ្យ​បង​ប្អូន​ចៀស​វាង ​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ 29 គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។ 30 ពួក​អ្នក​តំណាង​ក៏​លា​គេចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។ 31 នៅពេលគេ​បាន​អាន​សំបុត្ររួចហើយ ពួកគេមាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នាចំពោះការ​លើក​ទឹក​ចិត្ត​នេះ។ 32 លោក​យូដាស និង​លោក​ស៊ីឡាស និង​ព្យាការីមាន​ប្រសាសន៍​ជា​ច្រើន បានលើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។ 33 បន្តិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ត​ឲ្យលោក​ទាំង​ពីរ ​វិល​ត្រឡប់​ទៅ​ឯ​ក្រុមជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខសាន្ត។ 34 ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។ 35 រីឯ​លោក​ប៉ូល និង​លោក​បារណាបាស រូមទាំងបងប្អូនឯទៀត ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់ទីយ៉ូក ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ដំណឹងល្អ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ 36 ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណាបាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់»។ 37 លោក​បារណាបាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ 38 ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក កាល​ពី​នៅ​ក្រុង​ប៉ាមភីលា គឺ​គាត់​មិន​បានបន្ត​ដំណើរជាមួយពួកលោកឡើយ។ 39 បន្ទាប់មកលោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណាបាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។ 40 រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអម្ចាស់។ 41 លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុមជំនុំ​នានា​ផង។


ជំពូក 16

1 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្សមួយ​ឈ្មោះ​ធីម៉ូថេនៅទីនោះ គាត់ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 2 គាត់​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​ចំណោម​បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង​ប្អូន​នៅ​ក្រុង​អ៊ីកូនាម។ 3 លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយលោក ដូច្នេះលោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ ព្រោះ​យោគយល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 4 ពេលពួកលោកធ្វើដំណើរតាម​ក្រុង​នានា លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យដឹងអំពី​ការណែនាំ​របស់​ក្រុម​សាវក និង​ក្រុម​ព្រឹទ្ធាចារ្យដែលបានសរសេរនៅ​ក្រុង​យេរូសាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។ 5 ដូច្នេះហើយបានជាក្រុមជំនុំ​នានាក៏​មាន​ជំនឿ​កាន់​តែ​មាំមួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។ 6 ព្រះវិញ្ញាណ​ដ៏វិសុទ្ធបាន​ប្រាម​លោកប៉ូល និងគ្នារបស់លោក មិន​ឲ្យ​ទៅ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។ 7 ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា ពួកគេ​មាន​បំណង​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ 8 ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា ទៅ​ដល់​ក្រុង​ត្រូអាស។ 9 នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់ឈរនៅទីនោះហៅលោក ហើយពោល​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេដូន​ជួយ​យើង​ខ្ញុំ​ផង!»។ 10 ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​​ក៏​រូតរះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ស្រុក​នោះ។ 11 នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូត្រាស​។ ស្អែក​ឡើង​យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល។ 12 បន្ទាប់មក យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីពជា​ក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន ហើយ​ជា​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង​ រូចយើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។ 13 នៅ​ថ្ងៃ​សប្ប័ទ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ យើងគិតថាកន្លែងនោះ យើងអាចអធិស្ឋាននៅទីនោះបាន។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី ​ដែល​មក​ជួបជុំ​គ្នា​នៅ​ទី​នោះ។ 14 មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេរ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ 15 បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ​ជា​មួយ​ក្រុម​គ្រួសារនៅផ្ទះ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។ 16 មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន មាន​ស្រី​បម្រើម្នាក់​មក​ជួប​យើង។ នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កំរៃ​យ៉ាង​ច្រើន ពីការទាយ។ 17 នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​តាមយើង ​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើរបស់​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត។ លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ 18 នាងតែងតែ​ធ្វើ​ដូច្នេះជាយូរថ្ងៃហើយ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំងនឹងនាង ក៏​ងាក​ទៅ​ក្រោយបញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។ 19 កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កំរៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅក្រម​នៅ​ទីសាធារណៈ។ 20 ចៅក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញាធរ ពោល​ថា៖ «ជន​ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យមាន​ចលាចល ​នៅ​ក្នុង​ក្រុង​យើង។ 21 គេ​នាំ​ទំនៀមទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ដែលមិនស្របច្បាប់សម្រាប់ជន​ជាតិ​រ៉ូម៉ាំង ក្នុងការ​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។ 22 បណ្ដាជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញាធរ​បាន​បញ្ជា​ឲ្យគេ​ដោះ​សម្លៀកបំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជាឲ្យ​វាយ​នឹង​រំពាត់។ 23 ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់រួច​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំឃាំង ទាំង​បញ្ជា​ឲ្យ​យាមកាម​យ៉ាងម៉ឺងម៉ាត់ផង។ 24 បន្ទាប់ពីឆ្មាំ​គុកបានឮបញ្ជានេះ គេ​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង។ 25 ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាសនាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះជាម្ចាស់ រូចអ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរដែរ។ 26 រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​នៅទី​ឃុំឃាំង រំពេចនោះ ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ 27 ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង ហើយបានឃើញទ្វារ​គុក​របើក​ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ 28 ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួនឯង​អី ព្រោះយើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ 29 ឆ្មាំ​គុក​សុំ​ឲ្យគេ​យក​ភ្លើង​មក រួច​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយគាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាសទាំង​ញាប់ញ័រ 30 គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ 31 លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះអម្ចាស់យេស៊ូ​ទៅ នោះ​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ 32 លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​គាត់ រួមជាមួយ​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ 33 ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ 34 គាត់​បាន​នាំ​លោកប៉ូល និងលោកស៊ីឡាស​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន រួចគាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​យ៉ាងខ្លាំង ដោយ​បាន​ជឿ​លើ​ព្រះជាម្ចាស់។ 35 លុះ​ភ្លឺ​ឡើង ពួក​អាជ្ញាធរ​បាន​ចាត់​តម្រួតឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។ 36 ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញាធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះសូម​លោក​ចេញ​ទៅ​ឲ្យបាន​សុខសាន្ត​ចុះ»។ 37 ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន​ជាតិ​រ៉ូម៉ាំង​ គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត។ តើពួកគេចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗឬ? ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង​ទើប​បាន»។ 38 ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញាធរ។ កាល​ដឹង​ថា លោក​ប៉ូល និងលោកស៊ីឡាស​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញាធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 39 ពួកអាជ្ញាធរ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យលោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។ 40 លោក​ប៉ូល និងលោកស៊ីឡាស​ចេញ​ពី​ទី​ឃុំឃាំងចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា។ នៅពេលប៉ូល និងស៊ីឡាសបាន​ជួប​ពួក​បង​ប្អូន ពួកលោកក៏​លើក​ទឹក​ចិត្ត​គេ​ រួច​លោកទាំងពីរនាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។


ជំពូក 17

1 លោក​ប៉ូល និង​លោក​ស៊ីឡាសធ្វើ​ដំណើរ​កាត់​ក្រុង​អាំភីប៉ូលី និង​ក្រុង​អប៉ុឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សាឡូនិក ដែលជាក្រុងមួយមាន​សាលា​ប្រជុំរបស់​សាសន៍​យូដា។ 2 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែកញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទក្នុង​អំឡុង​បី​សប្ដាហ៍។ 3 លោកបានបើកអត្ថបទគម្ពីរ ហើយ​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ជាការសំខាន់ណាស់ដែលព្រះគ្រិស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះយេស៊ូនេះហើយ ដែល​ខ្ញុំ​បាន​ជម្រាបប្រាប់​បង​ប្អូនថាជាព្រះគ្រិស្ត​»។ 4 ជន​ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួបរួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស មាន​ទាំងជន​ជាតិ​ក្រិក ​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ជាច្រើនអ្នក និង​មាន​ស្ត្រីៗ​ជា​ច្រើនក្នង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួបរួម​ដែរ។ 5 រីឯ​ជន​ជាតិ​យូដាដែលមិនទាន់ជឿ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវមក​បំបះបំបោរ​ប្រជាជន ឲ្យកើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជាជន​កាត់​ទោស។ 6 តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង​ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ការ​ជ្រួលច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។ 7 យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់ ហើយអ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះរាជក្រឹត្យ​របស់​ព្រះចៅ​អធិរាជសេសារ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។ 8 ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។ 9 គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។ 10 នៅយប់នោះ ពួក​បង​ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាសឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរាភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំរបស់​សាសន៍​យូដា។ 11 សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក ដ្បិត​គេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ 12 ក្នុង​ចំណោម​ពួក​គេ​មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។ 13 ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សាឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះបំបោរ​មហាជនឲ្យ​ជ្រួលច្របល់​ឡើង។ 14 ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។ 15 ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល បាន​មក​ជា​មួយ​លោក​រហូត​ដល់​ក្រុង​អាថែន។ នៅពេលពួកគេ​ត្រឡប់​ទៅ​វិញ គេ​នាំ​ពាក្យ​ផ្ដែផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាបប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។ 16 ពេល​លោក​ប៉ូល​រង់ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង ​ដោយ​ឃើញ​មាន​រូប​សំណាក់​ពាសពេញ​ក្នុង​ក្រុង​នេះ។ 17 ដូច្នេះលោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទីសាធារណៈ​ក្នុង​ក្រុងនោះ។ 18 មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្ដូអ៊ីក​ ក៏​បាន​ជួប​លោកដែរ​។​ អ្នកខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោកប្រាជ្ញ​នេះ​ចង់​និយាយអំ​ពី​រឿង​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «គាត់មើលទៅដូចជាអ្នកដែលប្រកាសប្រាប់មនុស្សពីព្រះចម្លែក»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូលប្រកាសអំពី​ព្រះយេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ​។ 19 គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​​យើងឲ្យ​ដឹង អំពី​លទ្ធិ​ថ្មី​ដែល​លោក​បង្រៀន​នោះ​បាន​ទេ? 20 ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចំឡែកៗ ដូច្នេះយើងពិតជាចង់ដឹងអត្ថន័យណាស់។ 21 អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​។ 22 ដូច្នេះលោក​ប៉ូល​ក្រោក​ឈរនៅ​កណ្ដាល​អង្គ​ប្រជុំ​នៅ​ទួល​អើរីយ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេតឃើញអ្នកថា អស់លោកជាអ្នកកាន់សាសនាខ្ជាប់ខ្ជួនណាស់។ 23 ពេល​ខ្ញុំ​ដើរ​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយដ្ឋាន​ទាំង​ប៉ុន្មាន ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ​ដែល​មាន​ចារឹក​អក្សរ​ថា៖ «សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់»។ ខ្ញុំចង់ប្រកាសប្រាប់ថា អស់លោកថ្វាយបង្គំព្រះដែលអស់លោកពុំស្គាល់។ 24 ព្រះជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថាន​បរមសុខ និង​​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះវិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ។ 25 ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែរក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​សារពើដល់​មនុស្ស។ 26 ព្រះអង្គ​ប្រទាន​ឲ្យប្រជាជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាសពេញ​លើ​ផែនដី​ទាំង​មូល ទាំង​កំណត់​រដូវ​កាល និង​កំណត់​ព្រំដែន​ឲ្យ​មនុស្ស​រស់​នៅ 27 ហេតុដូច្នេះបានជាគេគួរស្វែងរកព្រះជាម្ចាស់ ប្រហែល​ជា​គេ​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ 28 ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្សក្នុងព្រះអង្គ ដូចអ្នក​កវី​ម្នាក់របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ 29 ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក់ ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនាតាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ 30 ដូច្នេះ ព្រះជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្សលោក ដែលប្រព្រឹត្តអំពើមិនគប្បីនោះឡើយ តែ​ឥឡូវ​នេះ ព្រះអង្គ​បង្គាប់ឲ្យ​មនុស្ស​ទាំង​អស់​រស់​នៅ​គ្រប់​ទី​កន្លែង បានកែ​ប្រែ​ចិត្ត​។ 31 ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត ដោយសារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង។ ព្រះអង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យរស់​ឡើង​វិញទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។ 32 កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​អោយលោកប៉ូល អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ 33 បន្ទាប់មក លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ 34 ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក​ហើយ​ជឿ រូមទាំងលោក​ឌេវនីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរីយ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ារីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។


ជំពូក 18

1 ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ហើយធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។ 2 នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស និងនាង​ព្រីស៊ីល​ជា​ភរិយា អ្នកទាំងពីរទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ព្រះចៅ​អធិរាជ​ក្លូឌាស បាន​ចេញ​បញ្ជា​អោយ​ជន​ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​បានទៅជួប​អ្នក​ទាំង​ពីរ 3 ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សសម្រាប់​បោះ​ជំរំ។ 4 ដូច្នេះ រៀង​រាល់​ថ្ងៃ​សប្ប័ទ លោកប៉ូល​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ។ លោក​ណែនាំទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។ 5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះបន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។ 6 ពេលសាសន៍​យូដា​បាន​ប្រឆាំង និងជេរ​ប្រមាថ​លោក លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោកទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ។ ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ 7 ដូច្នេះ លោក​ក៏​ចាក​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូសជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ។​ 8 លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក​ផងដែរ។ 9 យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី! ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ។ 10 ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជារាស្ត្រ​របស់​យើង»។ 11 លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។ 12 នៅ​គ្រា​ដែល​លោក​កាលីយ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី 13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះបញ្ចូល​មនុស្សម្នា​ឲ្យគោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ 14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលីយ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ 15 តែបើ​ជា​រឿង​ជជែក​វែកញែក​ស្ដី​អំពី​ពាក្យពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ។ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ 16 លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។ 17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលីយ៉ូ​មិន​អើពើ​ទេ។ 18 បន្ទាប់ពីលោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង​ប្អូន រូចចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់មុនពេលលោកចាកចេញ នៅ​កំពង់ផែ​កេងគ្រា។ 19 លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាបលា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ 20 ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោកប៉ូល​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈទៀត តែ​លោកមិនព្រមទេ។ 21 លោក​ជម្រាបលា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ ​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​។ 22 កាលធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុមជំនុំយេរូសាឡឹម ហើយលោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ 23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់ទីយ៉ូកយូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរបន្តទៀត ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ហើយបានលើកទឹកចិត្តពួកសិស្សនៅទីនោះផង។ 24 ឥឡូវមាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូឡូស មានកំណើតជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេសូ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិតល្អន់។ 25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់។ គាត់​ប្រកាស​ព្រះបន្ទូល ហើយ​ប៉ិនប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​ អំពី​ព្រះយេស៊ូ​ដោយ​ចិត្ត​ឧស្សាហ៍​មោះមុត ​ប៉ុន្តែគាត់​​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹករបស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ 26 គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំដោយ​ចិត្ត​អង់អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះជាម្ចាស់​ថែម​ទៀត។ 27 ដោយ​លោក​អប៉ូឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​អោយ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជំរាប​ពួក​សិស្សនៅ​ស្រុក​នោះអោយ​ទទួល​ស្វាគមន៍គាត់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 28 ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែកញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ​មែន។


ជំពូក 19

1 ពេល​ដែល​លោក​អប៉ូឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ហើយធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ លោក​បាន​ជួប​សិស្សខ្លះ 2 ហើយ​សួរ​ថា៖ «កាល​បង​ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង​ប្អូន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា មាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ផង»។ 3 លោកប៉ូល​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ 4 លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​លើ​ព្រះអង្គ​ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះយេស៊ូ​នេះ​ហើយ»។ 5 ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។ 6 លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចំឡែក​អស្ចារ្យ និង​ថ្លែង​ព្រះបន្ទូល​ផង។ 7 អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់ពីរ​នាក់។ 8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាចអស់ពេល​បី​ខែ ទាំងសន្ទនា​ជា​មួយ​ពួក​គេ​ និង​ខិតខំ​ណែនាំ​ពួក​គេ​ឲ្យ​ជឿលើ​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ 9 ប៉ុន្តែ ដោយ​សាសន៍យូដា​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​។ ដូច្នេះលោក​ប៉ូលក៏​ចាក​ចេញ​ពី​ពួក​គេ រូចនាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ាណុស។ 10 លោក​បាន​បង្រៀន​គេ​អស់​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។ 11 ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើនតាម​រយៈ​លោក​ប៉ូល 12 ហើយសូម្បី​តែគេ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូលមក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។ 13 មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ ពួកគេចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្សដោយ​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះនាម​ព្រះយេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ»។ 14 កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ាដែល​ជា​នាយក​បូជាចារ្យ​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ 15 វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះយេស៊ូ ហើយ​ក៏ស្គាល់លោក​ប៉ូល​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ​ជា​នរណា?»។ 16 អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។ 17 មនុស្សម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​ខ្លាច​គ្រប់ៗ​គ្នា ដូច្នេះគេ​នាំគ្នាលើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។ 18 មាន​អ្នក​ជឿ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​មក​ទទួល​សារភាព​ជា​សាធារណៈនូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​។ 19 ​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាបធ្មប់ ក៏​បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិតគូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង។ 20 ដូច្នេះ​ព្រះបន្ទូល​រីក​ចំរើន និង​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើងៗ។ 21 ក្រោយ​លោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកហើយ ព្រះវិញ្ញាណ​ណែនាំ​លោក​ប៉ូល​ឲ្យសំរេច​ចិត្ត​ទៅ​ក្រុង​យេរូសាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ​ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។ 22 លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ាស្ទុសឲ្យទៅ​ស្រុក​ម៉ាសេដូន​មុន។ ប៉ុន្តែលោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។ 23 នៅ​គ្រា​នោះ មាន​កើត​ការ​បះបោរ​មួយ​យ៉ាង​ខ្លាំង​ព្រោះ​តែ​មាគ៌ា​របស់​ព្រះអម្ចាស់។ 24 មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះនាង​ឌីអានពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កំរៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ 25 គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​ជំនួញដូច​គ្នា​មក រួច​ពោល​ថា៖ «បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រកកំរៃបានច្រើនក៏​ដោយសារ​តែ​មុខ​ជំនួញនេះ។ 26 បង​ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះបញ្ចូល​នាំ​មហាជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង។ លោក​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ 27 វាមិនត្រឹមតែជាគ្រោះថ្នាក់នោះទេ តែវានឹងធ្វើឲ្យមុខជំនួញរបស់យើងគ្មានគេត្រូវការ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះវិហារ​នៃ​ព្រះនាង​ឌីអាន គ្មានតម្លៃទៀតទេ។ ​បន្ទាប់មក កិត្តិនាម​របស់​ព្រះនាងដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយបង្គំ មុខ​ជាអន់ថយទៀត»។ 28 កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ 29 ទីក្រុងទាំងមូល​កើត​វឹកវរ​ ហើយគេនាំគ្នាស្រូតដើរ​តម្រង់​ទៅ​លាន​មហោស្រព។​ ពួកគេ​អូស​ទាញអ្នកមកជាមួួយលោកប៉ូល គឺ​លោក​កៃយុស និង​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូនឲ្យទៅជាមួយដែរ។ 30 លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជាជន ប៉ុន្តែពួក​សិស្ស​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​។ 31 សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្តភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោស្រព​ដែរ។ 32 អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូកច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ដឹង​ថា ​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ 33 ពេល​នោះ ជន​ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដាជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេក្សានត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយនៅ​មុខ​ប្រជាជន។ 34 ប៉ុន្តែកាល​ប្រជាជន​ឃើញ​ថា គាត់​ជា​ជន​ជាតិ​យូដា គេ​ក៏​ស្រែក​ឡើងដោយសម្លេងតែមួយ​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។ 35 នៅ​ពេលលោក​លេខាធិការ​ក្រុង​បាន​ឃាត់​បណ្ដាជន ​ឲ្យ​នៅ​ស្ងៀម​ដោយ​ពោល​ថា៖ «បង​ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេសូជា​ក្រុង​របស់​ព្រះនាង​ឌីអាន​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក់ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​មក​នោះ? 36 ត្រង់​នេះ​គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង​ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។ 37 បង​ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មកទីនេះ ដែលពួកគេ​មិន​បាន​ប្លន់​ព្រះវិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះនាង​របស់​យើង​ទេ។ 38 ប្រសិន​បើ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ។ 39 ប្រសិន​បើ​បង​ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។ 40 បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះបោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ។ គ្មានមូលហេតុណាសម្រាប់ការប្រជុំនេះទេ ហើយយើងក៏មិនអាចពន្យល់បាន»។ 41 គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យបញ្ចប់។


ជំពូក 20

1 បន្ទាប់ពីចលាចលនោះបានបញ្ចប់ លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួច​ជំរាប​លាពួក​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ 2 លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក។​ 3 លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប​ឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេចចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេដូន។ 4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ាត្រុស កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរា លោក​អើរីស្ដាក និង​លោក​សេគុនដុស ជា​អ្នក​ស្រុក​ថេស្សាឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃីកុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។ 5 បង​ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន​ហើយ​រង់ចាំ​យើង​នៅ​ក្រុង​ត្រូអាស។ 6 ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅតាម​សំពៅ ហើយប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ជួបជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ 7 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ​យើង​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ។ ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ 8 ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។ 9 ពេល​លោក​ប៉ូល កំពុង​តែ​មាន​ប្រសាសន៍ យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់លក់ ក៏​ដាច់ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​មកក្រោម។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់បាន​​ទៅ​ហើយ។ 10 លោក​ប៉ូល​ក៏ចុះ​ទៅ​ខាងក្រោម ឱន​ពី​លើ​អ៊ើទីកុស ត្រកង​គាត់​លើក​ឡើង​ទាំង​ពោល​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ 11 ពេលលោក​ឡើង​ទៅ​ខាងលើ​វិញ ​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ 12 ពួកគេ​បាន​នាំយក​យុវជន​ដែល​នៅរស់មាន​ជីវិត​នោះ​ត្រឡប់ទៅ​វិញ ហើយ​ពួក​គេ​ធូរបាន​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។ 13 រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន​ធ្វើ​ដំណើរ​ដល់​ក្រុង​អាសុស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ 14 កាល​លោក​បាន​មក​ជួបជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូឡែន។ 15 យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី​យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ 16 លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូសាឡឹម ដើម្បីឲ្យទាន់​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ 17 លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធាចារ្យ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូ​។ 18 លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ស្រាប់​ហើយតាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ីអំពីពេលវេលាដែលខ្ញុំមានជាមួយអ្នក។ 19 ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់ ដោយ​ចិត្ត​សុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាកដោយសារជន​ជាតិ​យូដាបាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​ធ្វើ​បាប​ខ្ញុំ។ 20 ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារប្រយោជន៍​ដល់​បង​ប្អូន ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ​ឡើយ 21 ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា​ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ផង។ 22 ឥឡូវ​នេះ ព្រះវិញ្ញាណ​បាន​ទាក់ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​ហេតុការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ 23 គឺ​ខ្ញុំ​គ្រាន់​តែ​ដឹង តាម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ 24 ប៉ុន្តែខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យតែ​ខ្ញុំ​បាន​បង្ហើយ​មុខងារ និងសម្រេច​កិច្ចការ​ដែល​ព្រះអម្ចាស់យេស៊ូ​បាន​ប្រទាន​ឲ្យខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខីភាព អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 25 ឥឡូវ​នេះ​ ខ្ញុំ​ដឹង​ថាខ្ញុំស្ថិតនៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា ​ទាំង​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ប៉ុន្តែ បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ 26 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខីភាព​ឲ្យ​បង​ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ។ 27 ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូនអំពីគម្រោងការ​ទាំង​មូល​ របស់​ព្រះជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់លៀម​ត្រង់​ណា​សោះ។ 28 ដូច្នេះ សូម​បង​ប្អូន​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​ឲ្យ​បង​ប្អូន ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ 29 ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា​ប្រណី​ឡើយ 30 ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោតដើម្បី​ទាក់ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ 31 ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់​តឿន​បង​ប្អូន​គ្រប់ៗ​រូប ​ទាំង​ទឹក​ភ្នែក​ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។ 32 ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង​ប្អូន​នឹង​ព្រះជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ។ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​កសាង​បង​ប្អូន​ឡើង​ជា​ក្រុមជំនុំ ព្រម​ទាំង​ឲ្យបង​ប្អូន​ទទួល​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ។ 33 ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀកបំពាក់​អ្វី​ពី​នរណា​ឡើយ។ 34 បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ 35 ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​អោយ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់យេស៊ូ​ថា៖ «បើ​ឲ្យ នោះ​នឹង​បាន​ពរ​ច្រើន​ជាង​ទទួល»។ 36 បន្ទាប់ពី លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ 37 ពួក​ព្រឹទ្ធាចារ្យ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង។ 38 ជា​ពិសេស ពួកគេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា ពួកគេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក ពួកគេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។


ជំពូក 21

1 ក្រោយ​ពី​បាន​លា​ពួក​គេហើយ យើង​បានចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​ទីក្រុងកោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។ 2 នៅពេលយើងឃើញមាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​បន្តដំណើរទៀត។ 3 ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី និង​បាន​ចូល​ចត​កំពង់ផែ​ក្រុង​ទីរ៉ុសដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។ 4 យើង​បាន​ជួប​ពួក​សិស្សនៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេអស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ដោយ​ព្រះវិញ្ញាណ​សម្តែងឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។ 5 លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយបង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេជូន​ដំណើរ​យើងរហូត​ដល់​​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។ 6 បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ។​ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។ 7 ពេលយើង​បាន​ចាកចេញពី​ក្រុង​ទីរ៉ុស​មក យើងក៏មកដល់​ក្រុង​ផ្ទោឡេម៉ៃស៍។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។ 8 នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹងល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំពីរ​រូប​ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។ 9 លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 10 យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ រួចពេល​នោះមាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកាប៊ូសបានធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។ 11 គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ថា នៅ​ក្រុង​យេរូសាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។ 12 កាល​បាន​ឮ​ពាក្យ​នេះហើយ ទាំង​យើង ទាំង​បង​ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡឹម​ឡើយ។ 13 ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូសាឡឹម ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ​ទៀត​ផង»។ 14 ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យបាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ចុះ»។ 15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូសាឡឹម។ 16 ពួក​សិស្ស​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង។ ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក។ 17 ពេល​ទៅ​ដល់​ក្រុង​យេរូសាឡឹម ពួក​បង​ប្អូន​បាន​ទទួល​យើងដោយរីករាយ។ 18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បានធ្វើដំណើរជា​មួយ​យើង​ទៅ​ផ្ទះ​លោក​យ៉ាកុប ​ហើយពួក​ព្រឹទ្ធាចារ្យ​ទាំង​អស់ក៏​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ 19 លោក​បាន​ជម្រាប​សួរ​ពួក​បង​ប្អូន​​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិតល្អន់​អំពី​កិច្ចការ ​ដែល​ព្រះអម្ចាស់​បាន​ធ្វើក្នុង​ចំណោម​សាសន៍​ដទៃតាម​រយៈ​ព័ន្ធកិច្ច​របស់​លោក។ 20 ពេល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ! បង​ឃើញ​ទេ មាន​ជន​ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ។ ​បង​ប្អូន​ទាំង​នោះរក្សា​ក្រឹត្យវិន័យ​ខ្លាំង​ណាស់។ 21 ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់ ​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេទេ គឺ​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀមទម្លាប់​ចាស់ឡើយ។ 22 តើយើង​ត្រូវ​ធ្វើ​ដូច​ម្ដេចវិញ? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។ 23 សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់។ 24 សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​វិសុទ្ធ​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យគេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្សម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ ​បង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ដែរ។ 25 រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក់ កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀបការ​»។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយឲ្យ​បានវិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។ 27 លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះវិហារ ក៏​បះបោរ​បណ្ដាជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។ 28 ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន​ជាតិ​អ៊ីស្រាអែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀនប្រដៅ​មនុស្សម្នា ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អ៊ីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ គឺ​បង្អាប់បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ​នេះ»។ 29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូរ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​ដែរ។ 30 ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជាជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិសទី ហើយពួកគេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះវិហារ រួច​បិទ​ទ្វារ​ភ្លាម។ 31 នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូសាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម។ 32 ភ្លាមនោះ គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដាជន​។ កាល​ប្រជាជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។ 33 បន្ទាប់មក មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា ហើយបាន​ធ្វើ​អ្វីខ្លះ។ 34 ក្នុង​ចំណោម​បណ្ដាជន​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺងកង​ពេក លោក​មេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ 35 ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដាជន​ចង់វាយលោក។ 36 បណ្តាជនមក​តាម​ទាំង​កម្រោល និង​ស្រែក​ថា៖ «សម្លាប់​គាត់ចោល​ទៅ!»។ 37 នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្តិច​បាន​ឬ​ទេ?»។ មេ​បញ្ជា​ការ​ពោល​មក​លោក​ថា៖ «តើអ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរមែនទេ? 38 ដូច្នេះ អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ ដែល​បាននាំការ​បះបោរ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់ ចូល​ព្រៃ​នោះ​ទេ​ឬ?»។ 39 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បីល្បាញ​ក្នុង​ស្រុក​គីលីគា​! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ 40 លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាតឲ្យ រូចលោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន។ នៅពេលនោះបណ្តាជនក៏ស្ងប់ស្ងាត់ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖


ជំពូក 22

1 «បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះសា​របស់​ខ្ញុំ​សិន!»។ 2 កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖ 3 «ខ្ញុំ​ជា​ជន​ជាតិ​យូដាម្នាក់កើត​នៅ​ក្រុង​តើសុសក្នុង​ស្រុក​គីលីគា ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូសាឡឹម​នេះ​តាំង​ពី​កុមារ ខ្ញុំ​បាន​ទទួល​ការ​អប់រំតាម​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​លោក​កាម៉ាលាល។ ខ្ញុំ​បាន​ខ្នះខ្នែង​បម្រើ​ព្រះជាម្ចាស់ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។ 4 ខ្ញុំ​ធ្លាប់​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំឃាំង​ទៀត​ផង 5 ដូច​មាន​​មហា​បូជាចារ្យ និង​ក្រុម​ព្រឹទ្ធាចារ្យជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត ខ្ញុំ​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡឹម។ 6 ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​ខ្ញុំ។ 7 ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ «សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?»។ 8 ខ្ញុំ​បាន​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា៖ «ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសារ៉ែត ដែល​អ្នក​កំពុង​តែ​បៀតបៀន»។ 9 រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។ 10 ខ្ញុំ​ក៏​សួរ​ថា៖ «ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បង្គាប់​អោយ​អ្នក​ធ្វើ»។ 11 ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង​រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។ 12 នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណាណាស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ ហើយ​ជន​ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។ 13 គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា៖ «បង​សូល​អើយ! សូម​ឲ្យបង​មើល​ឃើញ​វិញ​ចុះ!»។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។ 14 គាត់​មាន​ប្រសាសន៍​ថា «ព្រះ​នៃ​បុព្វបុរស​របស់​យើង បាន​ជ្រើស​រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​ឲ្យ​បង​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអង្គ​ផ្ទាល់​តែ​ម្ដង។ 15 ​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គនៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុការណ៍​ដែល​បង​បាន​ឃើញ និងសេចក្ដី​ដែល​បង​បាន​ឮ។ 16 ឥឡូវនេះ តើ​បង​នៅ​បង្អែបង្អង់​ដល់​កាល​ណា​ទៀត? សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយហៅរក​ព្រះនាម​ព្រះអង្គ​ទៅ ដើម្បី​ព្រះអង្គ​លាង​បាប​ឲ្យ»។ 17 ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូសាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះវិហារ ខ្ញុំ​លង់​ស្មារតីឃើញ​និមិត្តមួយ។ 18 ខ្ញុំឃើញព្រះអង្គម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ភ្លាម​ទៅ ដ្បិត​ អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ»។ 19 ខ្ញុំ​ទូល​ថា៖ «បពិត្រ​ព្រះអម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំនានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះអង្គ​យក​ទៅ​ឃុំឃាំង និង​វាយដំ​ទៀត​ផង។ 20 នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន ​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀកបំពាក់​របស់​ពួក​អ្នក ​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ»។ 21 ពេល​នោះ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទៅ​ចុះ ដ្បិត​ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។ 22 បណ្ដាជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យនៅ​រស់​ឡើយ!»។ 23 នៅពេលគេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផងនោះ 24 លោក​មេ​បញ្ជា​ការ​បង្គាប់​ឲ្យគេ​នាំ​លោក​ប៉ូល​ ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យគេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដាជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។ 25 នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។ 26 នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាបលោក​មេ​បញ្ជា​ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន​ជាតិ​រ៉ូមទេ​តើ»។ 27 លោក​មេ​បញ្ជា​ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូមមែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន»។ 28 លោក​មេ​បញ្ជា​ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យបាន​សញ្ជាតិ​រ៉ូម»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម តាំង​ពី​កំណើត​មក​ម៉្លេះ»។ 29 ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ​បញ្ជា​ការ​ក៏​ភិតភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។ 30 នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួបជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។


ជំពូក 23

1 លោក​ប៉ូល សម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​អើយ ខ្ញុំបានរស់នៅនៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់រហូត​មក​ទល់​ថ្ងៃ​នេះ មនសិកា​ត្រឹម​ត្រូវ​ទាំង​អស់»។ 2 លោក​មហា​បូជាចារ្យអណាណាសបង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។ 3 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជាចារ្យ​ថា៖ «ព្រះជាម្ចាស់​នឹង​វាយកំពែង​ទ្រុឌទ្រោម​លាប​ពណ៌​ស​​ជា​មិន​ខាន។ តើលោក​អង្គុយ​កាត់​ក្ដី​ខ្ញុំ​តាម​ក្រឹត្យវិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យគេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យវិន័យ​ទៅ​វិញមែនទេ?»។ 4 ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជាចារ្យ​របស់​ព្រះជាម្ចាស់​ផង​ឬ?»។ 5 លោក​ប៉ូល​តប​វិញ​ថា៖ «បង​ប្អូន​អើយ​ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហា​បូជាចារ្យ​ទេ។ ដ្បិត ​មាន​សេចក្តីចែង​ទុក​មកថា៖ «អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជាជាតិ​របស់​អ្នក​ឡើយ»។ 6 លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈសាឌូស៊ី និង​មួយ​ផ្នែក​ទៀត​ខាង​គណៈផារីស៊ី លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈផារីស៊ី ហើយ​​ខ្ញុំ​ក៏​ជាកូនរបស់​អ្នក​ខាង​គណៈផារីស៊ី​ដែរ ដោយព្រោះ​ខ្ញុំសង្ឃឹមចង់បាន​ការរស់ឡើងវិញពីសេចក្តីស្លាប់ ដែលខ្ញុំកំពុងទទួលបានវិនិច្ឆ័យទោសនេះ»។ 7 លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈផារីស៊ី និង​ពួក​ខាង​គណៈសាឌូស៊ី ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បែកខ្ញែក​អង្គ​ប្រជុំ។ 8 ពួក​ខាង​គណៈសាឌូស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា​មាន​ទេវតា ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈផារីស៊ី​វិញ​គេ​ជឿ​ថា​មាន​ទាំង​អស់។ 9 ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡូឡា ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតាណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ ​មើល​ទៅ?»។ 10 ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ​បញ្ជា​ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែកហួរ​សម្លាប់​លោក។ 11 នៅ​យប់​បន្ទាប់ ព្រះអម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះបន្ទូល​ថា៖ «កុំខ្លាចអ្វីឡើយ! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំនៅ​ក្រុង​យេរូសាឡឹម​នេះ​ដែរ»។ 12 នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា ហើយ​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ 13 អស់​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែសិប​នាក់។ 14 គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យ​ជំរាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថស្បែ​ថា ​នឹង​មិន​ប៉ះពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​។ 15 ដូច្នេះ ឥឡូវនេះសូម​ចុះ​សម្រុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ ហើយ​សុំ​ឲ្យលោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក ​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។ 16 ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កលល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។ 17 លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ​ទៅ ដ្បិត ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។ 18 ដូច្នេះ នាយ​ទាហាន​ក៏នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ​បញ្ជា​ការ រួចជម្រាបថា៖ «អ្នក​ទោស​ឈ្មោះ ប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាបប្រាប់លោក»។ 19 លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។ 20 យុវជន​នោះ​ជម្រាប​ថា៖ «ជន​ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោកឲ្យបញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ 21 សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែសិប​នាក់​ ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។ 22 លោក​មេ​បញ្ជា​ការ​បាន​ប្រាប់​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែផ្ដាំ​មិនឲ្យ​និយាយ​ប្រាប់​នរណា​ថា ​ខ្លួន​បាន​ជម្រាបគាត់​អំពី​រឿង​នេះ​ឡើយ។ 23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោកពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិតសិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា។ អ្នកនឹងចេញដំណើរ នៅ​វេលា​ម៉ោង​បីយប់»។ 24 សុំ​រៀបចំ​សេះជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសាភិបាល​ភេលិចដោយ​សុខសាន្ត»។ 25 លោក​មេ​បញ្ជា​ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖ 26 «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯកឧត្ដម​ភេលិច ជា​ទេសាភិបាល សូម​ទាន​ជ្រាប។ 27 ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន​ជាតិ​រ៉ូម ​ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរាគមន៍​រំដោះ​គាត់​មក។ 28 ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ដូច្នេះខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់របស់​ពួក​គេ។ 29 ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំឃាំង​ឡើយ។ 30 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន​ជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​សម្លាប់​គាត់ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯកឧត្ដម​តែ​ម្ដង»។ 31 ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់តាម​បញ្ជា​ដែល​គេ​បាន​ទទួល។ 32 នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។ 33 លុះ​ទៅ​ដល់​ក្រុង​សេសារា ពួក​ពល​សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសាភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។ 34 ពេលលោក​ទេសាភិបាល​អាន​សំបុត្រ​រួច​ហើយ គាត់ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​គីលីគា 35 ​ហើយលោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ ក្នុង​វិមាន​របស់​ព្រះបាទ​ហេរ៉ូដ។


ជំពូក 24

1 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជាចារ្យ​អាណាណាស និង​ពួក​ព្រឹទ្ធាចារ្យ​មួយ​ចំនួនបាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុសមក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសាភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។ 2 គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូលុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯកឧត្ដម​ភេលិច​សូម​ទាន​ជ្រាប ​ដោយសារ​តែ​ឯកឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯកឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់គ្រង​ដ៏​ប៉ិនប្រសប់​របស់​ឯកឧត្ដម 3 ដូច្នេះ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដមភេលិច ដែល​បាន​ប្រទាន​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។ 4 ដូច្នេះ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯកឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯកឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្តិច​ប៉ុណ្ណោះ។ 5 យើង​ខ្ញុំ​យល់​ឃើញ​ថា​ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​​ចលាចល​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ទាំង​មូល។ គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសារ៉ែត​។ 6 គាត់​ថែម​ទាំង​បាន​បន្តុះបង្អាប់​ព្រះវិហារទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​ក្រឹត្យវិន័យ​របស់​យើង​ខ្ញុំ។ 7 ប៉ុន្តែ លោក​មេ​បញ្ជា​ការ​លូស៊ា​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរាគមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ ​មក​ជួប​ឯកឧត្ដម​។ 8 សូម​ឯកឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯកឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។ 9 ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថា ពិត​ជា​ត្រឹម​ត្រូវ​មែន។ 10 ពេល​នោះ លោក​ទេសាភិបាល​បាន​ធ្វើ​សញ្ញា​ប្រាប់​លោក​ប៉ូលឲ្យ​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ឯកឧត្ដម​ជា​អ្នក​គ្រប់គ្រង​លើ​ប្រជាជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការពារ​ខ្លួន ទាំង​ទុក​ចិត្ត។ 11 ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹមកាល​ដប់ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯកឧត្ដម​ស៊ើបសួរ​មើល​ចុះ។ 12 ទោះ​បី​នៅ​ក្នុង​ព្រះវិហារ​ក្ដី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្ដី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែកញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​​ចលាចល​ក្នុង​ចំណោម​បណ្ដាជន​ឡើយ។ 13 អស់​លោក​ទាំង​នេះ​គ្មាន​ភស្ដុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯកឧត្ដម​ទាល់​តែ​សោះ។ 14 ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯកឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិប័តន៍​ព្រះ​នៃ​បុព្វបុរស ខ្ញុំ​បាទ​ដើរតាម​មាគ៌ា​មួយ ​ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន ​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការី។ 15 ​ខ្ញុំ​បាទ​សង្ឃឹម​ទុកចិត្តព្រះជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ​ថា ព្រះអង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ 16 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធគ្រប់​ចំពូក​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ 17 ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះជាម្ចាស់​ផង។ 18 នៅ​ពេល​ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​ដែរ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដាជន ឬ​កើត​វឹកវរ​អ្វី​ឡើយ។ 19 ពួកអ្នកទាំងនោះគួរតែនៅចំពោះលោកឥឡូវនេះ ហើយ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទមែន។ 20 ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះ បាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ 21 លើកលែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា៖ «បង​ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។ 22 បន្ទាប់មក លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់ ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ​បញ្ជា​ការ​លូស៊ា​មក​ដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់លោក»។ 23 លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល​មាន​សេរីភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិតដិត​នឹង​លោក​ប៉ូល​ ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។ 24 ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់ក្សត្រីយ៍​ទ្រូស៊ីល​ជា​ជន​ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ។ 25 ប៉ុន្តែ កាល​លោក​ប៉ូល​វែកញែក​អំពី​សេចក្ដី​សុចរិត អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ភិតភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ។ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។ 26 ក្នុងពេលដដែលនោះ លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយលោក​ជា​រឿយៗ។ 27 ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យនៅ​ជាប់​ឃុំឃាំង​ដដែល។


ជំពូក 25

1 បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារាឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។ 2 ​នាយក​បូជាចារ្យ និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។ ពួក​គេ​បាន​ទទូច 3 និង​សុំ​ឲ្យ​លោក​ភេស្ទុស ​មេត្តា​អនុគ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡឹម ព្រោះ​ពួក​គេ​បាន​ឃុបឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ចាំ​សម្លាប់​លោក​តាម​ផ្លូវ។ 4 ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំឃាំង​នៅ​ក្រុង​សេសារា​ឯណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញក្នុង​ពេល​បន្តិច​ទៀត​ដែរ។ 5 លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថាបុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។ 6 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេបួន​ដប់​ថ្ងៃ​ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។ 7 ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡឹមបាន​នាំ​គ្នា​ចោមរោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​​ទេ។ 8 លោក​ប៉ូល​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះវិហារ ឬ​ក៏​ខុស​នឹង​ព្រះចៅ​អធិរាជ​ឡើយ»។ 9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អ្នក ​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។ 10 លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះចៅ​អធិរាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯកឧត្ដម​ត្រូវ​កាត់​ក្ដី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯកឧត្ដម​ជ្រាប​ច្បាស់​ហើយ។ 11 ប្រសិន​បើ ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញរា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យគេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិរាជ​វិញ»។ 12 បន្ទាប់ពីលោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា លោកមាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ!»។ 13 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេនីស យាង​មក​ដល់​ក្រុង​សេសារាដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។ 14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់នៅ​ក្នុង​ទី​ឃុំឃាំង។ 15 កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូសាឡឹម ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យនៃ​សាសន៍​យូដា​ បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។ 16 ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូមមិនមានទំនៀមទម្លាប់បបញ្ជូន​នរណា​ម្នាក់ ​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ជួប​ជា​មួយ​អ្នក​ដើម​ចោទ និងមិនមានឱកាស​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។ 17 ដូច្នេះ លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​មិនរង់ចាំអ្វីទេ ហើយបាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក។ 18 ពួក​ដើម​ចោទ​ក៏ឈរ​នៅ​ទី​កាត់​ក្ដី​ដែរ រួចចោទគាត់ តែ​ទូលបង្គំ​គិតថាគេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយឡើយ។​ 19 ពួកគេមាន​តែ​ជជែក​វែកញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូដែល​បាន​ស្លាប់ ដោយលោក​ប៉ូលអះអាង​ថាលោកយេស៊ូរស់ឡើងវិញហើយ។ 20 ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែកញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថាតើ គាត់ចង់​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ។ 21 តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះចៅអធិរាជ ដើម្បី​សុំ​ឲ្យព្រះអង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ»។ 22 ព្រះបាទ​អគ្រីប៉ា មាន​រាជឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។ 23 លុះ​ស្អែក​ឡើង ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់ក្សត្រីយ៍​បេរេនីស បាន​យាង​ចូល​ក្នុង​សាលសវនាការ​យ៉ាង​អធិកអធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះហែហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។ 24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះរាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះរាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូសាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។ 25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះអង្គ។ 26 តែខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅអធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ ​បាន​ជា​ខ្ញុំ​ឲ្យគេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ចៅអគ្រីប៉ាផ្ទាល់ ហេតុនេះខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយការណ៍​បាន។ 27 គ្មានមូលហេតុណាដែលខ្ញុំត្រូវបញ្ជូន ហើយមិនបានបញ្ជាក់អំពីពាក្យចោទទៅជាមួួយផងនោះដែរ»។


ជំពូក 26

1 ព្រះចៅ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន»។ បន្ទាប់មក លោក​ប៉ូល​លើក​ដៃ​ឡើងមាន​ប្រសាសន៍​ថា៖ 2 «បពិត្រ​ព្រះរាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ​អាច​ឆ្លើយ​ការពារ​ខ្លួននៅ​ចំពោះ​ព្រះភក្ត្រ​ព្រះករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ 3 ដ្បិត ​ព្រះករុណា​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀមទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែកញែក។ ហេតុ​នេះ សូម​ព្រះអង្គ​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ ដោយ​អនុគ្រោះ​ផង។ 4 ជន​ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ។ 5 ពួកគេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូសាឡឹម​របៀប​ណា​ដែរ។ គេ​បាន​ស្គាល់​ទូលបង្គំតាំង​ពី​យូរ​មក​ហើយ ពី​ដើមទូលបង្គំ​ជា​អ្នក​ខាង​គណៈផារីស៊ី ដែល​ជា​គណៈ​តឹងរ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង។ 6 ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង។ 7 កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង ​នាំ​គ្នា​គោរព​បម្រើ​ព្រះជាម្ចាស់ទាំង​យប់ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះបន្ទូល​សន្យា​នេះនឹង​បាន​សម្រេច។ បពិត្រ​ព្រះរាជា ជន​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។ 8 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យជឿ​ដូច្នេះ? 9 ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម​ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់។ 10 ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអម្ចាស់​ជា​ច្រើន​នាក់ ​យក​ទៅ​ឃុំឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។ 11 ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំនានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យគេ​លះបង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀតបៀន​គេ​ក្នុង​ក្រុង​នានានៅ​បរទេស​ផង។ 12 ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ។ 13 បពិត្រ​ព្រះរាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ​ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។ 14 ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា៖ «សូល!​ សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​​មិន​កើត​ទេ»។ 15 ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​វិញ​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន។ 16 ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យបម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុការណ៍​ ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។ 17 ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រាអែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យទៅ​រក​សាសន៍​ទាំង​នោះ 18 ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​សាតាំង បែរ​មក​រក​ព្រះជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មរតក​រួម​ជា​មួយ​អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ប្រោស​ឲ្យបាន​វិសុទ្ធដោយ​មាន​ជំនឿ​លើ​ខ្ញុំ»។ 19 បពិត្រ​ព្រះរាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។ 20 ទូលបង្គំ​បាន​ប្រាប់​ប្រជាជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម ​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។ 21 ​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះវិហារ ព្រម​ទាំង​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។ 22 ប៉ុន្តែ ដោយ​ព្រះជាម្ចាស់​ជួយ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គនៅ​ចំពោះ​មុខ​អ្នក​តូច និង​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី និង​លោក​ម៉ូសេបាន​ថ្លែង​ទុក​អំពី​ហេតុការណ៍​ ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ 23 ពោល​គឺ​ព្រះគ្រិស្ដបាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ទ្រង់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​យូដា និង​សាសន៍​ដទៃ»។ 24 កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ! អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ»។ 25 លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯកឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។ 26 ព្រះរាជា​ក៏​ជ្រាប​អំពី​ហេតុការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះរាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​ឡើយ។ 27 បពិត្រ​ព្រះរាជា តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ជឿ​មែន»។ 28 ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ដបរិស័ទ​ហើយ!»។ 29 លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៀត​ក្ដី ទូលបង្គំ​អង្វរ​ព្រះជាម្ចាស់ សូម​ទ្រង់​ប្រោសប្រណី មិន​ត្រឹម​តែ​ដល់​ព្រះរាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យព្រះរាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើកលែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ»។ 30 បន្ទាប់មកព្រះរាជា លោក​ទេសាភិបាល ព្រម​ទាំង​ម្ចាស់ក្សត្រីយ៍​បេរេនីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង 31 ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។ 32 ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិរាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។


ជំពូក 27

1 នៅ​ពេលនោះ ​គេសម្រេចថាយើងគួរ​ចុះ​សំពៅ​ចេញ​ដំណើរ​ទៅ​ស្រុក​អ៊ីតាលី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូលាស ក្នុង​កងទ័ព​របស់​ព្រះមហាក្សត្រាធិរាជ។ 2 យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រាមីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​រស់​នៅ​ក្រុង​ថេស្សាឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។ 3 នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន ហើយលោក​យូលាស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ ​គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្តភក្ដិ ដើម្បី​ឲ្យ​គេ​មើលថែលោក។ 4 បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ 5 បន្ទាប់មកយើង​បាន​ឆ្លង​សមុទ្រ​ជិត​ស្រុក​គីលីគា និង​ស្រុក​ប៉ាមភីលា ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ 6 នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អលេក្សានទ្រា ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតាលី។ គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។ 7 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូសដោយលំបាក​បំផុត ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាលម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។ 8 យើង​បន្ត​ដំណើរ​យ៉ាង​លំបាកតាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ «កំពង់​ស្អាត» ដែល​នៅ​ជិត​ក្រុង​ឡាសេ។ 9 យើង​បាន​ប្រើពេលជា​ច្រើន​ថ្ងៃ ហើយ​ឥឡូវជាដំណើរមួយដែលពេេញដោយគ្រោះថ្នាក់ ដ្បិត​​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារក៏ហួសហើយដែរ។ ដូច្នេះ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ 10 «ខ្ញុំ​យល់​ថា​បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ 11 ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូលបានប្រាប់។ 12 ដោយ​សារកំពង់ផែ​នោះ​ ពុំមែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យនៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន ​បាន​សម្រេច​ចិត្ត​​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​ អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ 13 ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សម្រាប់គម្រោងការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ 14 ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំងឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ាគ្លីដូន»​ បក់​បោកនៅកោះនោះ 15 នាំទាំង​សំពៅ​ទៅ​តាម​ខ្យល់ព្យុះ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យសំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​សំពៅឲ្យ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ 16 ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង​ទាំង​ពិបាក។ 17 បន្ទាប់​មក យើង​យក​ខ្សែពួរសម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន ​មក​ចង​ព័ទ្ធ​ជុំវិញ​សំពៅ ការពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរទីស​ រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ 18 នៅ​ថ្ងៃ​បន្ទាប់ ​ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ 19 នៅ​ថ្ងៃ​ទី​បី ​ពួក​អ្នក​សំពៅក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ 20 នៅពេលមិនអាចមើលឃើញព្រះអាទិត្យ ឬ​ផ្កាយ​ ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ 21 ពេលពួកគេ​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ លោក​ប៉ូល​ក៏​ក្រោក​ឈរនៅ​កណ្ដាល​ចំណោមអស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង​ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង​ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ឡើយ។ 22 ប៉ុន្តែ ខ្ញុំសូមលើកទឹកចិត្តបងប្អូន សូមមានចិត្តក្លាហានឡើងព្រោះ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ ​ដែល​ត្រូវ​អន្តរាយ។ 23 ដ្បិត​យប់មិញ ​មាន​ទេវតា​របស់​ព្រះជាម្ចាស់ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើបាន​មក​ជិត​ខ្ញុំ 24 ប្រាប់​ថា៖ «ប៉ូល​អើយ​កុំ​ខ្លាច​អី! ដ្បិត​ អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះចៅ​អធិរាជ ហើយ​ដោយ​ព្រះជាម្ចាស់​ប្រោសប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ»។ 25 ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ថា នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះបន្ទូល​មែន។ 26 សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿងនៅ​កោះ​ណា​មួយជាក់ជា​ពុំ​ខាន»។ 27 សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ 28 គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជម្រៅ​សាមសិប​ប្រាំពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅម្ភៃ​ប្រាំ​បី​ម៉ែត្រ។ 29 ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយអធិស្ឋាន​ទន្ទឹង​រង់ចាំ​ភ្លឺឆាប់។ 30 ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា ​គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ 31 លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។ 32 ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ 33 លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង​ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់បួន​ថ្ងៃ​មក​ហើយ បង​ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ 34 ដូច្នេះ សូម​បង​ប្អូន​អញ្ជើញ​ពិសា​ទៅដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង​ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង​ប្អូ ក៏​មិន​បាត់​ផង»។ 35 លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ​ព្រះជាម្ចាស់​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ 36 ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ 37 នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិតសិប​ប្រាំ​មួយ​នាក់។ 38 កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រដើម្បី​ឲ្យ​ស្រាល​សំពៅ។ 39 លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ ​គេ​ឃើញ​តែ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ រូចគេ​បាន​សម្រេចចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​ អាច​ចូល​ទៅ​បាន។ 40 ដូច្នេះគេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើងឲ្យត្រូវខ្យល់​សំពៅ​ចូល​ទៅ​រក​ច្រាំង។ 41 ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរបណ្ដាល​ឲ្យសំពៅ​កឿង​នៅ​ទី​នោះ។ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញបាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។ 42 ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ 43 ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យអស់​អ្នក​ដែល​ចេះ​ហែល​ទឹក ​លោត​ទៅ​ក្នុង​ទឹកហែល​ទៅ​រក​គោក​មុន។ 44 រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក​ដោយ​សុខសាន្ត​គ្រប់ៗ​គ្នា។


ជំពូក 28

1 កាល ពួកយើង​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។ 2 អ្នក​កោះ​នោះ​បាន​ទទួល​យើង​ដោយ​ចិត្ត​សប្បុរសរក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ដោយអញ្ជើញ​យើង​ទាំង​អស់​គ្នា ​មក​ជុំវិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ​ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។ 3 លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កំដៅ​ភ្លើង ហើយ​ខាំ​ដៃ​លោក​ជាប់។ 4 កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ខាំ​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះអង្គ​យុត្តិធម៌​មិន​ទុកឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។ 5 លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។ 6 អ្នក​កោះ​នោះ​រង់ចាំ​មើល​លោក​ប៉ូល ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ ពួកគេ​ក៏​ផ្តូរគំនិត ហើយ​បែរ​ជា​ពោល​ថា លោក​ប៉ូល​ជា​ព្រះជាម្ចាស់​វិញ។ 7 នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេកន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ យ៉ាង​រាក់ទាក់​ចំនួន​បី​ថ្ងៃ។ 8 ឪពុក​របស់​លោក​ពូព្លាស​ សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង និងរាកមួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ​ពី​លើ និង​ប្រោស​គាត់​ឲ្យបាន​ជា។ 9 អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ 10 ពួក​គេ​បាន​សម្តែងការ​គោរព​គ្រប់​យ៉ាងចំពោះ​យើង។ នៅ​ពេល​យើងរៀបចំ​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។ 11 បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេក្សានទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ 12 លុះ​មក​ដល់​ក្រុង​ស៊ីរ៉ាគូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ 13 បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទីយ៉ូលី។ 14 នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង​ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើងក៏បន្តដំណើរទៅ​កាន់​ក្រុង​រ៉ូម។ 15 ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ដោយចិត្ត​ក្លាហាន​។ 16 លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញាធរ​អនុញ្ញាត​ឲ្យលោក​ប៉ូល​ស្នាក់នៅ​ផ្ទះ​មួយតាម​បំណង​ចិត្ត​របស់លោក តែពួក​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក​។ 17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការក្នុង​ចំណោម​ជន​ជាតិ​យូដា​ ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួបជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជាជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំឃាំង​នៅ​ក្រុង​យេរូសាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម។ 18 កាល​ពួក​រ៉ូម​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ 19 ប៉ុន្តែ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះចៅ​អធិរាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជាជាតិ​របស់​ខ្ញុំ​ទេ។ 20 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង​ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណងព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រាអែល​»។ 21 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដាស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​រាយការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ 22 យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។ 23 ពួកគេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀតនៅថ្ងៃមួយ ហើយមាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែកញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះរាជ្យរបស់​ព្រះជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក ​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការីមក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះយេស៊ូ។ 24 មាន​ពួក​គេ​មួយ​ផ្នែក ​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ 25 ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន។ 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទៅ​រក​ប្រជារាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ដែរ។ 27 ដ្បិត​ចិត្ត​របស់​ប្រជារាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នាខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក។ ពួកគេមើលឃើញនឹងភ្នែក ហើយឮនឹងត្រចៀក តែមិន​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យបាន​ជា»​។ 28 ហេតុ​នេះ សូម​បង​ប្អូន​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបន្ទូល​និយាយពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ ​ឲ្យសាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ 29 កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង។ 30 លោក​ប៉ូលបាន​ស្នាក់​នៅ​ផ្ទះ​ ដែល​លោក​បាន​ជួល​នោះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ 31 លោក​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះយេស៊ូគ្រិស្ដ​ដោយ​ចិត្ត​អង់អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។


Book: Romans

Romans

ជំពូក 1

1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត បានហៅឲ្យធ្វើជាសាវ័ក ហើយបានញែកខ្ញុំដោយឡែកសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់។ 2 នេះគឺជាដំណឹងល្អ ដែលព្រះបានសន្យាតាមរយៈព្យាការីរបស់ព្រះអង្គនៅក្នុងបទគម្ពីរដ៏វិសុទ្ធ។ 3 អំពីព្រះបុត្រារបស់ព្រះអង្គ ដែលបានប្រសូតពីពូជពង្សរបស់ព្រះបាទដាវីឌ។ 4 ដោយសារការរស់ពីសុគតឡើងវិញ ព្រះអង្គបានប្រកាសថា ជាព្រះបុត្រានៃព្រះ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ថាព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ 5 ដោយសារព្រះអង្គ យើងបានទទួលព្រះគុណ និងភាពជាសិស្សសម្រាប់អ្នកដែលស្តាប់បង្គាប់ដោយជំនឿនៅក្នុងចំណោមប្រជាជាតិ ដោយសារព្រះនាមព្រះអង្គ។ 6 នៅក្នុងចំណោមប្រជាជាតិទាំងនោះ បងប្អូនក៏បានត្រាស់ហៅដើម្បីឲ្យបានធ្វើជាកម្មសិទ្ធិរបស់ព្រះយេស៊ូគ្រិស្ត។ 7 ខ្ញុំផ្ញើសំបុត្រនេះទៅកាន់បងប្អូនទាំងអស់ដែលនៅក្នុងក្រុងរ៉ូម ដែលជាទីស្រឡាញ់របស់ព្រះជាម្ចាស់ ជាអ្នកដែលព្រះជាម្ចាស់បានហៅឲ្យបានត្រឡប់ជាប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គ។ សូមព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះជាម្ចាស់ជាព្រះបិតា និងពីព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ស្ថិតនៅជាប់ជាមួយអ្នករាល់គ្នា។ 8 ជាដំបូង ខ្ញុំអរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្តសម្រាប់អ្នកទាំងអស់គ្នា ដោយសារជំនឿរបស់អ្នករាល់គ្នាបានប្រកាសពេញពិភពលោកទាំងមូល។ 9 ដោយសារព្រះអង្គជាទីបន្ទាល់របស់ខ្ញុំ ដែលខ្ញុំបម្រើខាងវិញ្ញាណ នៅក្នុងដំណឹងល្អនៃបុត្រារបស់ព្រះអង្គ ដែលខ្ញុំបានដំណាលប្រាប់អ្នករាល់គ្នាជាបន្តបន្ទាប់។ 10 ខ្ញុំតែងតែទូលសូមដល់ព្រះអង្គជានិច្ចនៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ តាមវិធីណាក៏ដោយ យ៉ាងហោចណាស់ គឺខ្ញុំចង់ទៅជួបអ្នករាល់គ្នា​ ប្រសិនបើ ព្រះសព្វព្រះហឫទ័យ។ 11 ខ្ញុំចង់ជួបអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្តល់អំណោយទានខាងវិញ្ញាណខ្លះចម្រើនកម្លាំងដល់អ្នករាល់គ្នា។ 12 ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានទទួលការលើកទឹកចិត្តនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈជំនឿរវាងគ្នានឹងគ្នា ជំនឿរបស់អ្នករាល់គ្នា និងខ្ញុំដែរ។ 13 ឥឡូវនេះ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាដឹង ថា ខ្ញុំតែងតែមានបំណងចិត្តចង់មករកអ្នករាល់គ្នា (ប៉ុន្តែ មានអ្វីមួយរារាំងខ្ញុំរហូតមកដល់ពេលនេះ) ដើម្បីកុំឲ្យខ្ញុំអាចប្រមូលផលនៅក្នុងចំណោមអ្នករាល់គ្នាបាន ដូចដែលខ្ញុំធ្លាប់ធ្វើនៅក្នុងចំណោមសាសន៍ដទៃ។ 14 ខ្ញុំជាប់ជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់។ 15 ដូច្នេះ សម្រាប់ខ្ញុំ គឺខ្ញុំត្រៀមរួចរាល់នឹងប្រកាសដំណឹងល្អដល់អ្នករាល់គ្នាទាំងអ្នកនៅក្រុងរ៉ូមដែរ។ 16 ដ្បិតខ្ញុំមិនខ្មាសដោយព្រោះដំណឹងល្អឡើយ ព្រោះដំណឹងល្អគឺជាព្រះចេស្តានៃព្រះជាម្ចាស់​ ដើម្បីសង្គ្រោះមនុស្សគ្រប់គ្នាដែលជឿ ដំបូងសាសន៍យូដា ហើយនិងសាសន៍ក្រិក។ 17 នៅក្នុងដំណឹងល្អនោះ គឺសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បានបើកសម្តែងពីជំនឿទៅកាន់ជឿ ដូចជាសេចក្តីដែលបានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់នៅដោយជំនឿ»។ 18 ពីព្រោះព្រះពិរោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌ទាស់នឹងមនុស្សដែលមិនគោរពប្រត្តិបត្តិដល់ព្រះអង្គ និងមនុស្សទុច្ចរិត ដោយសារអំពើអាក្រក់ ហើយបានលាក់សេចក្តីពិត។ 19 នេះគឺដោយសារព្រះជាម្ចាស់បានបើកសម្តែងឲ្យពួកគេបានដឹង។ 20 គុណសម្បត្តិរបស់ព្រះអង្គដែលយើងមើលមិនឃើញ ដូចជាអំណាច និងសណ្ឋានជាព្រះរបស់ព្រះអង្គដែលបានឃើញតាំងពីដំបូងមក គឺតាំងពីកំណើតលោកីយ៍ និងនៅក្នុងអ្វីៗទាំងអស់ដែលបានបង្កើតមកម្ល៉េះ។ ដូច្នេះពួកគេមិនអាចដោះសារបានទេ។ 21 សូម្បីតែពួកគេបានស្គាល់ព្រះជាម្ចាស់ហើយក្តី ប៉ុន្តែ ពួកគេមិនបានថ្វាយសិរីល្អដល់ព្រះអង្គឲ្យដូចជាព្រះទេ ឬពួកគេមិនបានអរព្រះគុណដល់ព្រះអង្គទេ។ ផ្ទុយទៅវិញ ពួកគេបានត្រឡប់ទៅជាល្ងង់ខ្លៅនៅក្នុងគំនិតរបស់ពួកគេ និងមនសិការនៅក្នុងចិត្តរបស់ពួកគេបានងងឹតទៅ។​ 22 ពួកគេគិតថាពួកគេជាមនុស្សឆ្លាត ប៉ុន្តែ ពួកគេគឺជាមនុស្សល្ងង់វិញ។ 23 ពួកគេបានប្តូរសិរីល្អនៃព្រះដែលមិនចេះពុករលួយ​ទៅដូចជារូបចម្លាក់មនុស្ស បក្សាបក្សី សត្វជើងបួន និងសត្វលូនវាដែលពុករលួយទៅវិញ។ 24 ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានប្រគល់ពួកគេទៅក្នុងចិត្តស្រើបស្រាលដែលស្រែកឃ្លានភាពមិនស្អាត ហើយរូបកាយរបស់ពួកគេត្រូវបានទទួលការមើលងាយនៅក្នុងចំណោមពួកគេទៅវិញ។ 25 ពួកគេ​បាន​ដូរ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ យក​សេចក្ដី​ភូតភរ​ ហើយ​បាន​ថ្វាយបង្គំ​ និង​បម្រើ​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ជា​ជាង​ព្រះ​ដែល​បាន​បង្កើត​ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់​កល្ប​ជានិច្ច​ អាម៉ែន។​ 26 ដោយហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រគល់ពួកគេឲ្យទៅតាមតុណ្ហាថោកទាប ពួកគេបានប្តូរទំនាក់ទំនងបែបធម្មជាតិ ទៅរបៀបដែលខុសពីធម្មជាតិវិញគឺស្រីស្រឡាញ់ស្រី។ 27 ដូចគ្នាដែរ បុរសក៏បោះបង់ចោលទំនាក់ទំនងបែបធម្មជាតិចោលដែរ លែងស្រឡាញ់ស្រី បែរជាមានការស្រើបស្រាលជាមួយប្រុសគ្នាឯងទៅវិញ។ ពួកគេបានប្រព្រឹត្តបែបនេះ ដោយគ្មានអាម៉ាស់ ហើយពួកគេនឹងបានទទួលការដាក់ទោសសមនឹងអំពើដែលពួកគេបានប្រព្រឹត្តដែរ។ 28 ដោយសារតែពួកគេមិនបានបង្ហាញថាមានព្រះជាម្ចាស់ នៅក្នុងការយល់ដឹងរបស់ពួកគេ ពួកគេបានបណ្តោយខ្លួនទៅតាមគំនិតអាក្រក់របស់ពួកគេ ព្រោះពួកគេធ្វើអ្វីដែលមិនត្រឹមត្រូវ។​ 29 ពួកគេបានពោពេញទៅដោយអំពើទុច្ចរិត អំពើអាក្រក់ និងការលោភលន់ និងព្យាបាទគ្រប់យ៉ាង។ ពួូកគេពេញដោយការច្រណែន សម្លាប់ ឈ្លោះប្រកែក និងបោកប្រាស ហើយមានដួងចិត្តក្នុងការធ្វើការអាក្រក់។ 30 ពួកគេនិយាយដើមគ្នា និយាយមួលបង្គាច់គ្នា ហើយជាអ្នកស្អប់ព្រះជាម្ចាស់ថែមទៀតផង។ ពួកគេប្រើអំពើហិង្សា មានភាពក្រអឺតក្រទម និងពេញដោយអំនួត។ ពួកគេបង្កើតឲ្យមានការអាក្រក់ផ្សេងៗ ហើយពួកគេមិនស្តាប់បង្គាប់ឪពុកម្តាយ។ 31 ពួកគេគ្មានការយល់ដឹង ពួកគេជាមនុស្សដែលមិនអាចទុកចិត្តបាន គ្មានសេចក្តីស្រឡាញ់ដូចមនុស្សធម្មតា ហើយគ្មានមេត្តាថែមទៀតផង។ 32 ពួកគេ​ដឹង​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​សម​នឹង​ស្លាប់​ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ពេញចិត្ដ​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ទៀត​ផង។​


ជំពូក 2

1 ដូច្នេះហើយ អ្នកមិនអាចដោះសារបានទេ អ្នកគឺជាអ្នកដែលនឹងត្រូវជំនុំជម្រះ ចំពោះអ្វីដែលអ្នកបានថ្កោលទោសអ្នកដទៃ អ្នកបានថ្កោលទោសខ្លួនឯងដែរ។ ពីព្រោះអ្នកបានចោទប្រកាន់គេ តែអ្នកបានធ្វើការនោះដូចគេដែរ។ 2 ប៉ុន្តែ យើងដឹងថា សេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ស្របតាមសេចក្តីពិត ហើយវានឹងធ្លាក់ទៅលើអ្នកដែលប្រព្រឹត្ដបែបនេះដែរ។ 3 ប៉ុន្តែ ចូរពិចារណាការនេះ អ្នកគឺជាអ្នកដែលជំនុំជម្រះអស់អ្នកដែលប្រពឹ្រត្តការណាមួយ ហើយអ្នកក៏ធ្វើដូចគេដែរ។ តើអ្នកអាចគេចពីការជំនុំជម្រះរបស់ព្រះជាម្ចាស់បានទេ? 4 ឬ តើអ្នកគិតថា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កាលពន្យារការដាក់ទោសរបស់ព្រះអង្គ ហើយនិងការអត់ធ្មត់របស់ព្រះជាម្ចាស់តិចពេក? តើអ្នកមិនដឹងទេថា សេចក្តីសប្បុរសរបស់ព្រះអង្គគឺដើម្បីឲ្យអ្នកឲ្យប្រែចិត្ត? 5 ប៉ុន្តែ ដោយសារតែចិត្តរឹងរូសរបស់អ្នក និងចិត្តដែលមិនព្រមប្រែចិត្តរបស់អ្នក ដែលអ្នកបានរក្សាទុកនៅក្នុងអ្នក សម្រាប់ថ្ងៃនៃព្រះពិរោធហើយ នោះគឺជាថ្ងៃនៃការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់បានបង្ហាញ។ 6 ព្រះអង្គនឹងតបស្នងដល់មនុស្សគ្រប់គ្នាតាមរង្វាល់នៃការប្រព្រឹត្តរបស់ពួកគេ។ 7 ចំពោះអស់អ្នកដែលបន្តក្នុងការប្រព្រឹត្តអំពើល្អ គេនឹងបានទទួលការសរសើរ កិត្តិយស និងសេចក្តីមិនពុករលួយ ទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ច។ 8 ប៉ុន្តែ អស់អ្នកណាដែលអាត្មានិយម អ្នកដែលមិនស្តាប់បង្គាប់តាមសេចក្តីពិត ប៉ុន្តែ បែរជាស្តាប់តាមសេចក្តីទុច្ចរិតវិញ សេចក្ដីក្រោធ និង ព្រះពិរោធដ៏ខ្លាំងនឹងមកដល់។ 9 ព្រះជាម្ចាស់នឹងនាំទុក្ខលំបាក​ និងក្តីវេទនាយ៉ាងខ្លាំង មកលើមនុស្សគ្រប់រូប ដែលប្រព្រឹត្តអំពើអាក្រក់ ព្រះអង្គនឹងដាក់ទោសសាសន៍យូដាដំបូង បន្ទាប់មកសាសន៍ក្រិកផងដែរ។ 10 ប៉ុន្តែ ពាក្យសរសើរ កិត្តិយស និងសេចក្តីសុខសាន្តនឹងមកដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អ ទៅកាន់សាសន៍យូដាដំបូង ហើយបន្ទាប់មកសាសន៍ក្រិកផងដែរ។ 11 ព្រោះគ្មានការរើសអើងជាមួយព្រះជាម្ចាស់ឡើយ។ 12 អស់អ្នកណាដែលបានធ្វើបាបក្រៅពីក្រឹត្យវិន័យ នឹងត្រូវទោសក្រៅក្រឹត្យវិន័យ ហើយអស់អ្នកណាដែលធ្វើបាបក្នុងក្រឹត្យវិន័យ នឹងត្រូវទោសនៅក្នុងក្រឹត្យវិន័យដែរ។ 13 ដ្បិត មិនមែនអ្នកដែលឮក្រឹត្យវិន័យទបានសុចរិតនៅចំពោះព្រះជាម្ចាស់ទេ ប៉ុន្តែ អ្នកដែលធ្វើតាមក្រឹត្យវិន័យទេតើ ដែលនឹងបានសុចរិតនោះ។ 14 ព្រោះនៅពេលសាសន៍ដទៃ ពួកគេគ្មានក្រឹត្យវិន័យទេ ពួកគេធ្វើតាមក្រឹត្យវិន័យ តាមច្បាប់ធម្មជាតិ ពួកគេមានក្រឹត្យវិន័យនៅនឹងខ្លួនឯងស្រាប់ហើយ ទោះបីជាពួកគេគ្មានក្រឹត្យវិន័យក៏ដោយ។ 15 ដោយសារការនេះហើយ បានជាតម្រូវឲ្យពួកគេធ្វើដូច្នេះ ព្រោះក្រឹត្យវិន័យបានសរសេរទុកនៅក្នុងចិត្តរបស់ពួកគេរួចហើយ។ មនសិការបស់ពួកគេក៏ធ្វើបន្ទាល់ដល់ពួកគេដែរ ហើយគំនិតរបស់គេក៏ចោទប្រកាន់ ឬការពារពួកគេដោយខ្លួនឯង 16 ហើយចំពោះព្រះជាម្ចាស់ផងដែរ។ ការនោះនឹងកើតឡើងនៅថ្ងៃមួយ នៅពេលព្រះជាម្ចាស់នឹងជំនុំជម្រះការសម្ងាត់របស់មនុស្ស អាស្រ័យទៅលើដំណឹងល្អ តាមរយៈព្រះយេស៊ូគ្រិស្ត។ 17 ប៉ុន្តែ ប្រសិនបើ អ្នកហៅខ្លួនឯងថា យូដា ហើយទុកចិត្តលើក្រឹត្យវិន័យ និងអួតនៅក្នុងព្រះជាម្ចាស់ 18 ហើយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងស្គាល់អ្វីដែលល្អឥតខ្ចោះ ដោយសារអ្នកបានទទួលសេចក្តីបង្រៀនពីក្រឹត្យវិន័យ 19 ហើយប្រសិនបើ អ្នកជឿជាក់ថាអ្នកខ្លួនឯងជាអ្នកនាំមនុស្សខ្វាក់ ហើយជាពន្លឺដល់អស់អ្នកដែលនៅក្នុងទីងងឹតនោះ 20 ជាអ្នកកែតម្រូវមនុស្សល្ងង់ ឬជាគ្រូដល់កូនតូចៗ ហើយថាអ្នកនៅក្នុងក្រឹត្យវិន័យ បង្កើតឲ្យមានចំណេះដឹង និងសេចក្តីពិត បើអ៊ីចឹងមែន តើការអាក្រក់អាចកើតមកលើជីវិតរស់នៅរបស់អ្នកយ៉ាងដូចម្តេចកើត? 21 អ្នកគឺជាអ្នកដែលបង្រៀនអ្នកដទៃ តើអ្នកមិនបង្រៀនខ្លួនឯងទេឬអី? អ្នកគឺជាអ្នកបង្រៀនឲ្យទាស់នឹងការលួច តើអ្នកលួចទេ? 22 អ្នកគឺជាអ្នកដែលនិយាយថា កុំប្រព្រឹត្តអំពើផិតក្បត់ឲ្យសោះ តើអ្នកប្រព្រឹត្តអំពើផិតក្បត់ទេ? អ្នកគឺជាដែលស្អប់រូបព្រះ តើអ្នកបានលួចពីព្រះវិហារដែរឬទេ? 23 អ្នកគឺជាអ្នកដែលមានអំនួតនៅក្នុងក្រឹត្យវិន័យ តើអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការដែលអ្នកធ្វើខុសនឹងក្រឹត្យវិន័យឬអី? 24 ដ្បិត ដូចសេចក្តីដែលបានចែងទុកមកថា៖ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវគេមើលងាយនៅក្នុងចំណោមសាសន៍ដទៃ ដោយសារអ្នករាល់គ្នា»។ 25 ការកាត់ស្បែកពិតជាមានប្រយោជន៍ដល់អ្នករាល់គ្នា ប្រសិនបើ អ្នកស្តាប់បង្គាប់តាមក្រឹត្យវិន័យ ប៉ុន្តែ ប្រសិនបើ អ្នកបានធ្វើខុសនឹងក្រឹត្យវិន័យ នោះការកាត់ស្បែករបស់អ្នកនឺងត្រឡប់ទៅជាមិនកាត់ស្បែកវិញ។ 26 ប្រសិនបើ មនុស្សមិនកាត់ស្បែកធ្វើតាមការទាមទាររបស់ក្រឹត្យវិន័យ តើមិនគួរឲ្យពិចារណាថាគាត់ជាមនុស្សដែលមិនកាត់ស្បែកទៅជាអ្នកកាត់ស្បែកវិញទេឬអី? 27 ហើយតើអ្នកដែលមិនបានកាត់ស្បែកតាំងពីកំណើត គេថ្កោលទោសអ្នក ដោយសារអ្នកមិនធ្វើតាមក្រឹត្យវិន័យទេឬអី? នេះគឺដោយសារ អ្នកមានក្រឹត្យវិន័យដែលសរសេរ និងមានទាំងការកាត់ស្បែក ប៉ុន្តែ អ្នកនៅតែធ្វើខុសនឹងក្រឹត្យវិន័យ។ 28 គាត់មិនមែនជាសាសន៍យូដា ដែលគ្រាន់តែសំបកក្រៅ ឬកាត់ស្បែកគ្រាន់តែកាត់ស្បែកខាងសាច់ឈាមតែប៉ុណ្ណោះទេ 29 ប៉ុន្តែ គាត់គឺជាសាសន៍យូដាទាំងខាងក្នុង និងកាត់ស្បែកដែលចេញពីក្នុងចិត្ត និងខាងវិញ្ញាណ មិនមែនដោយតួអក្សរឡើយ។ មនុស្សបែបនេះទើបសមនឹងសរសើរ មិនមែនមកពីមនុស្សទេ តែមកពីព្រះជាម្ចាស់វិញ។


ជំពូក 3

1 បើដូច្នេះ តើសាសន៍យូដាមានអត្ថប្រយោជន៍អ្វីខ្លះ? ហើយការកាត់ស្បែកមានអត្ថប្រយោជន៍អ្វីខ្លះដែរ? 2 ពួកគេអស្ចារ្យនៅក្នុងគ្រប់ទាំងផ្លូវ។ សាសន៍យូដាជាអ្នកដែលបានប្រទានការបើកសម្តែងមុនគេបង្អស់។ 3 ចុះបើ សាសន៍យូដាខ្លះដែលគ្មានជំនឿយ៉ាងម៉េចដែរ? តើការមិនជឿរបស់ពួកគេធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះលែងមានសុពលភាពឬអី? 4 ប្រហែលជាមិនអាចទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នៅក្នុងសេចក្តីពិតជានិច្ច ទោះបីជាមនុស្សគ្រប់រូបជាមនុស្សកុហកក៏ដោយ។ ដូចជាមានសេចក្តីចែងទុកមកថា៖ «គេនឹងបានឃើញថាព្រះអង្គសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយព្រះអង្គនឹងឈ្នះនៅពេលព្រះអង្គចូលទៅក្នុងការកាត់ក្តី។ 5 ប៉ុន្តែ ប្រសិនបើសេចក្តីទុច្ចរិតរបស់យើងបង្ហាញសេចក្តីសុចរិតរបស់ព្រះ តើយើងអាចនិយាយបានយ៉ាងដូចម្តេច? តើយើងអាចនិយាយថា ព្រះជាម្ចាស់ទុច្ចរិត ក្នុងការនាំយកព្រះពិរោធមកលើយើង? (ខ្ញុំកំពុងប្រើសេចក្តីសំអាងរបស់មនុស្ស)។ 6 ប្រហែលជាមិនអាចកើតឡើងបានទេ បើអ៊ីចឹងមែន តើព្រះជាម្ចាស់ជំនុំជម្រះលោកីយ៍យ៉ាងម៉េចនឹងកើត? 7 ប៉ុន្តែ ប្រសិនបើ សេចក្តីពិតរបស់ព្រះជាម្ចាស់តាមរយៈការកុហករបស់ខ្ញុំផ្តល់ការសរសើរដល់ព្រះអង្គជាបរិបូរណ៌នោះ ហេតុអ្វីបានជាខ្ញុំត្រូវទទួលរងការកាត់ក្តី ថាជាមនុស្សមានបាប? 8 ហើយ​ហេតុអ្វី​យើង​មិន​និយាយ​ថា​ ចូរ​យើង​ធ្វើ​ការ​អាក្រក់​ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក?​ ដូចជា​មនុស្ស​មួយ​ចំនួន​បាន​និយាយ​បង្ខូច​យើង​ថា​យើង​និយាយ​ដូច្នេះ។​ អ្នក​ទាំង​នោះ​ដែល​និយាយ​ដូច្នេះ​សម​តែ​ទទួល​ការ​ជំនុំជម្រះ។ 9 បើដូច្នេះ តើយើងកំពុងតែដោះសារខ្លួនយើងឬអី? អត់ទេ។ គឺសម្រាប់ទាំងសាសន៍យូដា និងសាសន៍ក្រិក និងពួកគេគ្រប់គ្នា ស្ថិតនៅក្រោមអំពើបាប។ 10 ដូចដែលមានសេចក្តីចែងទុកមកថា៖ «គ្មាននរណាម្នាក់សុចរិតឡើយ សូម្បីតែម្នាក់»។ 11 គ្មាននរណាម្នាក់យល់បានទេ ក៏គ្មាននរណាម្នាក់ដែលស្វែងរកព្រះជាម្ចាស់ដែរ។ 12 ពួកគេគ្រប់គ្នាបានបែរចេញពីព្រះ។ ពួកគេបានត្រឡប់ទៅជាឥតបានការ។ គ្មាននរណាម្នាក់ធ្វើល្អឡើយ គ្មានសូម្បីតែម្នាក់។ 13 បំពង់ករបស់ពួកគេបើកចេញពីផ្នូរ។ អណ្តាតរបស់ពួកគេបោកបញ្ឆោត។ ពិសរបស់សត្វពោះស្ថិតនៅក្រោមបបូរមាត់របស់ពួកគេ។ 14 មាត់របស់ពួកគេពេញទៅដោយបណ្តាសារ និងភាពជូរល្វីង។ 15 ជើងរបស់ពួកគេរហ័សនឹងបង្ហូរឈាម។ 16 ការបំផ្លាញ និងការឈឺចាប់ស្ថិតនៅលើផ្លូវរបស់ពួកគេ។ 17 មនុស្សទាំងនេះ មិនបានស្គាល់ផ្លូវនៃសេចក្តីសុខសាន្តឡើយ។ 18 គ្មានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងក្រសែភ្នែករបស់ពួកគេឡើយ។ 19 ឥឡូវនេះ យើងដឹងហើយថា អ្វីដែលក្រឹត្យវិន័យបានចែង គឺនិយាយទៅកាន់មនុស្សដែលនៅក្រោមក្រឹត្យវិន័យ។ ការនេះគឺដើម្បីឲ្យគ្រប់មាត់ទាំងអស់បានបិត ហើយពិភពលោកទាំងមូលទទួលខុសត្រូវនៅចំពោះព្រះជាម្ចាស់។ 20 ការនេះ មិនមែនដោយសារសាច់ឈាមនឹងធ្វើឲ្យយើងបានសុចរិតទេ គឺដោយធ្វើតាមក្រឹត្យវិន័យនៅក្នុងក្រសែភ្នែករបស់ពួកគេ។ តាមរយៈក្រឹត្យវិន័យ ធ្វើឲ្យមនុស្សស្គាល់អំពើបាប។ 21 ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​។ 22 គឺថា សេចក្តីសុចរិតរបស់ព្រះជាម្ចាស់ គឺតាមរយៈជំនឿនៅលើព្រះយេស៊ូគ្រិស្ត សម្រាប់អស់អ្នកដែលជឿព្រោះគ្មានភាពខុសគ្នាទេ។ 23 ព្រោះមនុស្សគ្រប់គ្នាមានបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះជាម្ចាស់ 24 ហើយពួកគេបានសុចរិតដោយឥតបង់ថ្លៃ ដោយសារព្រះគុណរបស់ព្រះអង្គ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះយេស៊ូគ្រិស្ត។ 25 ព្រោះ ព្រះជាម្ចាស់បានប្រទានព្រះគ្រិស្តយេស៊ូ ធ្វើជាតង្វាយលោះបាប តាមរយៈជំនឿនៅលើព្រះលោហិតរបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះគ្រិស្ត ដើម្បីបង្ហាញពីសេចក្តីយុត្តិធម៌របស់ព្រះអង្គ ដោយសារតែព្រះអង្គបានបំភ្លេចចោលបាបកាលពីកន្លងទៅ 26 នៅក្នុងសេចក្តីអត់ធ្មត់របស់ព្រះអង្គ។ ការទាំងអស់នេះ កើតឡើង ដើម្បីបង្ហាញពីសេចក្តីសុចរិតរបស់ព្រះអង្គ នៅក្នុងពេលបច្ចុប្បន្នយើងនេះ។ ការនេះ ដើម្បីឲ្យព្រះអង្គអាចបង្ហាញថា ព្រះអង្គផ្ទាល់សច្ចៈ ហើយដើម្បីបង្ហាញថា ព្រះអង្គប្រទានសេចក្តីសុចរិតដល់នរណាម្នាក់ ដោយសារជំនឿនៅក្នុងព្រះយេស៊ូ។ 27 តើយើងបានអ្វីមកអួត? គ្មានទាល់តែសោះ។ អួតអំពីអ្វី? ពីការប្រព្រឹត្ត? អត់ទេ ប៉ុន្តែ អួតពីជំនឿវិញ។ 28 ដូច្នេះ យើងសរុបសេចក្តីយ៉ាងដូច្នេះថា មនុស្សបានសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ 29 អ៊ីចឹង តើព្រះជាម្ចាស់ គឺជាព្រះរបស់សាសន៍យូដាតែមួយនោះទេ? ប្រសិនបើ ព្រះអង្គមិនមែនជាព្រះរបស់សាសន៍តែមួយទេ អ៊ីចឹង តើព្រះអង្គជាព្រះជាម្ចាស់របស់សាសន៍ដទៃដែរ? មែន ព្រះអង្គគឺជាព្រះរបស់សាសន៍ដទៃដែរ។ 30 បើដូច្នេះមែន ព្រះអង្គគឺជាព្រះតែមួយ ព្រះអង្គនឹងធ្វើឲ្យអ្នកកាត់ស្បែកបានសុចរិតដោយសារជំនឿ និងអ្នកដែលមិនកាត់ស្បែកបានសុចរិតដោយសារជំនឿដែរ។ 31 តើយើងចាត់ទុកក្រឹត្យវិន័យជាមោឃៈដោយសារជំនឿ? មិនមែនទេ ផ្ទុយទៅវិញ យើងត្រូវកាន់តាមក្រឹត្យវិន័យដែរ។


ជំពូក 4

1 ដូច្នេះ តើយើងនឹងនិយាយថា លោកអប្រាហាំជាបុព្វបុរសរបស់យើង ក្នុងសាច់ឈាមមែនទេ? 2 ព្រោះប្រសិនបើ លោកអប្រាហាំបានសុចរិតដោយសារការប្រព្រឹត្តមែន គាត់នឹងមានហេតុក្នុងការអួត ប៉ុន្តែ មិនមែននៅចំពោះព្រះជាម្ចាស់ទេ។ 3 តើបទគម្ពីរបានចែងយ៉ាងដូចម្តេច? «លោកអប្រាហាំបានជឿដល់ព្រះជាម្ចាស់ ហើយបានរាប់គាត់ថាជាសុចរិត»។ 4 ឥឡូវនេះ សម្រាប់អ្នកដែលធ្វើការ តើគាត់នឹងបានទទួលអ្វីដែលគាត់បានធ្វើ គឺមិនមែនជាអំណោយទេ ប៉ុន្តែ ជាតម្លៃឈ្នួលវិញ។ 5 ប៉ុន្តែ សម្រាប់អ្នកដែលមិនបានធ្វើការវិញ ផ្ទុយទៅវិញគាត់ជឿនៅលើព្រះជាម្ចាស់ដែលធ្វើឲ្យមនុស្សអាក្រក់បានសុចរិត ដោយសារជំនឿរបស់គាត់បានរាប់ថាជាសុចរិត។ 6 ព្រះបាទដាវីឌបានប្រកាសពីព្រះពរចំពោះបុរសម្នាក់ដែលព្រះជាម្ចាស់បានរាប់ថាជាសុចរិតមិនមែនដោយការប្រព្រឹត្តឡើយទេ។ 7 ព្រះជាម្ចាស់មានបន្ទូលថា៖ «មានពរហើយអស់អ្នកដែលបាបរបស់ខ្លួនបានអត់ទោស និងបាបរបស់ខ្លួនបានគ្របបាំង។ 8 មានពរហើយអ្នកដែលព្រះអម្ចាស់មិនបានរាប់បាបរបស់ពួកគេ។ 9 ដូច្នេះ ព្រះពរនេះបានប្រកាសតែអស់អ្នកដែលកាត់ស្បែក ឬ ក៏ប្រកាសដល់អស់អ្នកដែលមិនកាត់ស្បែកដែរ? ព្រោះយើងនិយាយថា៖ «លោកអប្រាហាំបានរាប់ជាសុចរិតដោយសារជំនឿ»។ 10 ដូច្នេះ តើរាប់យ៉ាងដូចម្តេច? គឺនៅពេលលោកអប្រាហាំស្ថិតនៅក្នុងការកាត់ស្បែក ឬមិនកាត់ស្បែក? វាមិនមែនមកពីការកាត់ស្បែកទេ ប៉ុន្តែ នៅពេលក្នុងការមិនកាត់ស្បែកវិញ។ 11 លោកអប្រាហាំបានទទួលទីសម្គាល់នៃការកាត់ស្បែក។ នេះគឺជាត្រានៃសេចក្តីសុចរិតរបស់ជំនឿដេលគាត់បានទទួល​នៅពេលគាត់ស្ថិតនៅក្នុងការមិនកាត់ស្បែកនៅឡើយ។ លទ្ធផលនៃសញ្ញានេះគឺថាគាត់បានក្លាយជាឪពុកនៃអស់អ្នកដែលជឿទាំងអស់ ទោះបីជាពួកគេមិនបានកាត់ស្បែកក្តី។ នេះមានន័យថា សេចក្តីសុចរិតបានរាប់ជាមួយពួកគេដែរ។ 12 នេះក៏មានន័យផងដែរ ថាលោកអប្រាហាំបានក្លាយជាឪពុកនៃអស់អ្នកដែលបានកាត់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែ លោកក៏ជាឪពុកសម្រាប់អស់អ្នកដែលដើរតាមជំហ៊ាននៃជំនឿរបស់ឪពុកយើងគឺលោកអប្រាហាំ មុនពេលគាត់បានកាត់ស្បែកទៅទៀត។ 13 ព្រោះសេចក្តីសន្យាចំពោះលោកអប្រាហាំ និងចំពោះពូជពង្សរបស់គាត់ដែលគាត់នឹងទទួលលោកីយ៍ជាមរតក មិនមែនបានមកដោយសារក្រឹត្យវិន័យទេ ប៉ុន្តែ តាមរយៈសេចក្តីសុចរិតនៃជំនឿវិញ។ 14 ប្រសិនបើ អស់អ្នកដែលរស់នៅដោយក្រឹត្យវិន័យ បានទទួលមរតក ដូច្នេះ ជំនឿក្លាយជារបស់ឥតប្រយោជន៍ ហើយសេចក្តីសន្យាក៏គ្មានតម្លៃដែរ។ 15 ព្រោះក្រឹត្យវិន័យនាំឲ្យមានសេចក្តីក្រោធ ប៉ុន្តែ ប្រសិនបើគ្មានក្រឹត្យវិន័យ ក៏គ្មានការរំលងដែរ។ 16 ដោយហេតុនេះ ដោយសារជំនឿ ដើម្បីឲ្យសេចក្តីសន្យាបានស្ថិតនៅលើព្រះគុណ ហើយអាចរាប់រងចំពោះពូជពង្សរបស់លោកអប្រាហាំទាំងអស់ មិនគ្រាន់តែចំពោះអស់អ្នកដែលនៅក្រោមក្រឹត្យវិន័យប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់អស់អ្នកដែលមានចំណែកនៅក្នុងជំនឿរបស់លោកអប្រាហាំដែរ។ គាត់ជាឪពុករបស់យើងគ្រប់គ្នា 17 ដូចមានសេចក្តីចែងទុកមកថា៖ «ខ្ញុំបានធ្វើឲ្យអ្នកបានត្រឡប់ទៅជាឪពុកលើប្រជាជាតិជាច្រើន»។ លោកអប្រាហាំស្ថិតនៅក្នុងព្រះវត្តមាននៃព្រះអង្គ ជាអ្នកដែលព្រះបានទុកចិត្ត គឺព្រះអង្គហើយ ដែលប្រទានជីវិតដល់អ្នកស្លាប់ ហើយបានហៅអ្វីៗដែលគ្មានមកកាន់អ្វីដែលមានវិញ។ 18 ក្រៅពីការកាត់ស្បែកក្នុងរូបភាពខាងក្រៅ លោកអប្រាហាំបានទុកចិត្តដល់ព្រះជាម្ចាស់ទាំងស្រុងសម្រាប់ពេលអនាគត។ ដូច្នេះហើយ គាត់បានត្រឡប់ទៅជាឪពុកនៃប្រជាជាតិជាច្រើន ស្របទៅតាមអ្វីដែលបានចែងថា៖ «អ្នកនឹងមានពូជពង្សជាច្រើន»។ 19 គាត់មិនបានខ្សោយនៅក្នុងជំនឿរបស់គាត់ទេ។ លោកអប្រាហាំយល់ថា រូបកាយរបស់គាត់ផ្ទាល់មិនអាចមានកូនបានទេ (ដោយសារគាត់មានអាយុមួយរយឆ្នាំទៅហើយ)។ គាត់ក៏ទទួលស្គាល់ផងដែរថា ផ្ទៃរបស់នាងសារ៉ាក៏មិនអាចមានកូនបានដែរ។ 20 ប៉ុន្តែ ដោយសារសេចក្តីសន្យារបស់ព្រះជាម្ចាស់ លោកអប្រាហាំគ្មានការសង្ស័យនៅក្នុងជំនឿរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់ត្រូវបានចម្រើនកម្លាំងដោយជំនឿ ហើយបានសរសើរតម្កើងដល់ព្រះជាម្ចាស់។ 21 គាត់ពិតជាជឿជាក់ទាំងស្រុងថា អ្វីដែលព្រះជាម្ចាស់បានសន្យាហើយ ព្រះអង្គក៏អាចធ្វើវាឲ្យបានសម្រេចដែរ។ 22 ដោយសារហេតុនេះ ហើយបានជាគាត់ត្រូវបានរាប់ជាសុចរិត។ 23 ឥឡូវនេះ សេចក្តីដែលបានសរសេរមកនោះ មិនត្រឹមតែជាប្រយោជន៍របស់គាត់ទេ 24 ប៉ុន្តែ វាត្រូវបានរាប់ជាសុចរិតចំពោះអស់អ្នកដែលជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើងពីសេចក្តីស្លាប់។ 25 ព្រះអង្គនេះហើយគឺជាអ្នកដែលត្រូវបានគេបញ្ជូនទៅសម្លាប់ដោយសារអំពើរំលងរបស់យើង ហើយបានប្រោសព្រះអង្គឲ្យរស់ឡើងវិញ គឺឲ្យយើងបានសុចរិត។


ជំពូក 5

1 ដូច្នេះ យើងបានសុចរិតដោយសារជំនឿ យើងមានសន្តិភាពជាមួយព្រះជាម្ចាស់ តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើង។ 2 ដោយសារព្រះអង្គ យើងក៏មានផ្លូវចូលទៅកាន់ព្រះគុណដោយជំនឿ ដែលយើងឈរ។ យើងមានអំណរនៅក្នុងទំនុកចិត្តលើព្រះជាម្ចាស់ដែលប្រទានឲ្យយើងសម្រាប់ពេលអនាគត យើងមានទំនុកចិត្តថា យើងនឹងមានចំណែកនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់។ 3 មិនគ្រាន់តែប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏មានអំណរនៅក្នុងទុក្ខលំបាករបស់យើងផងដែរ។ 4 យើងដឹងថា ទុក្ខលំបាកនាំឲ្យយើងអត់ធន់។ ហើយការអត់ធន់ធ្វើឲ្យយើងគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ ហើយការគាប់ព្រះឫទ័យដល់ព្រះអង្គ នាំឲ្យយើងមានទំនុកចិត្តនាពេលអនាគត។ 5 ទំនុកចិត្តនេះ មិនធ្វើឲ្យយើងខកចិត្តឡើយ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានចាក់បំពេញនៅក្នុងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានប្រទានមកយើង។ 6 កាលដែលយើងនៅខ្សោយនៅឡើយ នៅពេលកំណត់ ព្រះគ្រិស្តបានសុគតសម្រាប់មនុស្សទុច្ចរិត។ 7 កម្រមានអ្នកព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់។ ហើយក៏ប្រហែលជាមានអ្នកដែលហ៊ានស្លាប់សម្រាប់មនុស្សល្អដែរ។ 8 ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គផ្ទាល់ចំពោះយើង ព្រោះនៅពេលដែលយើងស្ថិតនៅក្នុងភាពជាមនុស្សមានបាបនៅឡើយ ព្រះគ្រិស្តបានសុគតសម្រាប់យើងរួចហើយ។ 9 លើសពីនេះ យើងបានសុចរិតដោយសារព្រះលោហិតរបស់ព្រះអង្គ យើងនឹងបានសង្គ្រោះឲ្យរួចផុតពីសេចក្តីក្រោធ នៃព្រះជាម្ចាស់ដោយសារព្រះលោហិតនេះ។ 10 ប្រសិនបើ យើងសិ្ថតនៅក្នុងភាពជាសត្រូវ ហើយយើងបានផ្សះផ្សាជាមួយព្រះជាម្ចាស់តាមរយៈការសុគតរបស់ព្រះបុត្រាព្រះអង្គ បន្ទាប់ពីយើងបានផ្សះផ្សាជាមួយព្រះអង្គហើយ លើសពីនេះ យើងនឹងបានសង្គ្រោះដោយសារព្រះជន្មរបស់ព្រះអង្គផងដែរ។ 11 មិនគ្រាន់តែប៉ុណ្ណោះ យើងក៏មានអំណរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ដោយសារព្រះអង្គ នៅពេលនេះ យើងបានទទួលការផ្សះផ្សារឡើងវិញ។ 12 ដូច្នេះ តាមរយៈមនុស្សបាបម្នាក់បានចូលមកក្នុងលោកីយ៍នេះ ដូចគ្នានេះដែរ សេចក្តីស្លាប់បានចូលមកក្នុងលោកីយ៍ដោយសារបាបនោះដែរ។ ហើយសេចក្តីស្លាប់បានរីកសាយទៅដល់មនុស្សគ្រប់រូប ព្រោះមនុស្សទាំងអស់បានធ្វើបាប។ 13 រហូតដល់មានក្រឹត្យវិន័យ បាបបានចូលមកក្នុងលោកីយ៍ហើយ ប៉ុន្តែ បាបមិនត្រូវបានស្គាល់នៅឡើយទេ ដោយសារមិនទាន់មានក្រឹត្យវិន័យនៅឡើយ។ 14 យ៉ាងណាក៏ដោយ សេចក្តីស្លាប់បានគ្រប់គ្រងលើលោកអដាំរហូតដល់លោកម៉ូសេ ថែមទាំងគ្រប់គ្រងលើអស់អ្នកដែលមិនបានធ្វើបាបនៃការមិនស្តាប់បង្គាប់ដូចជាលោកអដាំដែរ ក៏មានម្នាក់ដែលមានលក្ខណៈដូចជាគាត់ដែរ នឹងមក។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី អំណោយទានមិនដូចជាការរំលងទេ។ 15 ដូច្នេះ ប្រសិនបើការរំលងរបស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ តើព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទាន ដោយសារព្រះជាម្ចាស់នៃមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ត នឹងមានលើសជាយ៉ាងណាទៅទៀត។ 16 អំណោយទាននេះ មិនដូចជាលទ្ធផលនៃម្នាក់ដែលបានធ្វើបាបទេ។ ផ្ទុយទៅវិញ ការជំនុំជម្រះនៃការកាត់ទោសបានមក ដោយសារការរំលងនៃមនុស្សម្នាក់។ ក៏ប៉ុន្តែ អំណោយទានបានធ្វើឲ្យមានសេចក្តីសុចរិត មកដល់បន្ទាប់ពីមានការរំលងជាច្រើន។ 17 ដូច្នេះ ដោយសារការរំលងរបស់មនុស្សម្នាក់ សេចក្តីស្លាប់បានគ្រប់គ្រងតាមរយៈម្នាក់នោះ តើព្រះគុណដ៏បរិបូរណ៌ និងអំណោយទាននៃសេចក្តីសុចរិតនឹងគ្រង់គ្រងលើម្នាក់ដែលមានព្រះនាមថា យេស៊ូគ្រិស្តទេឬអី? 18 ដូច្នេះ ដោយសារម្នាក់បានប្រព្រឹត្តរំលង មនុស្សគ្រប់រូបត្រូវទទួលការជំនុំជម្រះ ដូចគ្នាដែរ ដោយសារមនុស្សម្នាក់ដែលប្រព្រឹត្តអំពើសុចរិត នឹងធ្វើឲ្យមនុស្សគ្រប់គ្នាមានសេចក្តីសុចរិតនៅក្នុងជីវិតយ៉ាងនោះដែរ។ 19 ដូច្នេះ ដោយសារមនុស្សម្នាក់ដែលមិនស្តាប់បង្គាប់ ធ្វើឲ្យមនុស្សជាច្រើនត្រូវមានបាបយ៉ាងណា ដូចគ្នាដែរ តាមរយៈការស្តាប់បង្គាប់របស់មនុស្សម្នាក់ នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិតយ៉ាងនោះដែរ។ 20 ប៉ុន្តែ ក្រឹត្យវិន័យបានមក ដើម្បីឲ្យអំពើរំលងកាន់តែច្រើនឡើង។ ប៉ុន្តែ ទីណាមានបាបច្រើន នៅទីនោះក៏មានព្រះគុណច្រើនដែរ។ 21 ការនេះបានកើតឡើង ដូចដែលបាបបានគ្រប់គ្រងធ្វើឲ្យមនុស្សស្លាប់ ដូច្នេះ ព្រះគុណគ្រប់គ្រងក៏ធ្វើឲ្យបានសុចរិត សម្រាប់ជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។


ជំពូក 6

1 ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើគួរឲ្យយើងបន្តនៅក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើង? 2 មិនអាចធ្វើដូច្នេះបានទេ។​ យើងដែលបានស្លាប់ខាងឯបាបហើយ តើយើងអាចរស់នៅក្នុងបាបដូចម្តេចទៀតបាន? 3 តើអ្នកមិនដឹងទេឬអីថា មានមនុស្សជាច្រើនបានជ្រមុជនៅក្នុងព្រះគ្រិស្តយេស៊ូ គឺបានជ្រមុជទៅក្នុងសេចក្តីស្លាប់របស់ព្រះអង្គ? 4 យើងត្រូវបានកប់ ដូច្នេះ តាមរយៈព្រះអង្គ យើងបានជ្រមុជទៅក្នុងសេចក្តីស្លាប់ជាមួយព្រះអង្គ។ ការនេះ បានកើតឡើង ដើម្បីឲ្យបានដូចជាព្រះគ្រិស្តបានរស់ឡើងវិញពីស្លាប់តែម្តង ដោយសារសិរីល្អព្រះបិតា ដូច្នេះ យើងត្រូវតែដើរនៅក្នុងជីវិតថ្មីនេះ។ 5 ប្រសិនបើ យើងបានរួមតែមួយជាមួយព្រះអង្គនៅក្នុងសេចក្តីស្លាប់ យើងក៏នឹងរួមជាមួយការរស់ឡើងវិញរបស់ព្រះអង្គដែរ។ 6 យើងដឹងការនេះ ថាមនុស្សចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបអាចបំផ្លាញ។ ការនេះបានកើតឡើង ដើម្បីយើងលែងស្ថិតនៅក្នុងភាពជាទាសកររបស់បាបទៀត។​ 7 អស់អ្នកដែលបានស្លាប់ហើយគឺប្រកាសពីសេចក្តីសុចរិត លែងពាក់ព័ន្ធជាមួយបាបទៀតហើយ។ 8 ប៉ុន្តែ ប្រសិនបើ យើងបានស្លាប់ជាមួយព្រះគ្រិស្តហើយ យើងជឿថា យើងនឹងរស់នៅជាមួយព្រះអង្គ។ 9 យើងដឹងថា ព្រះគ្រិស្តបានរស់ពីសុគតឡើងវិញតែម្តង ហើយទ្រង់ក៏លែងស្លាប់ទៀតហើយ។ សេចក្តីស្លាប់លែងគ្រប់គ្រងលើព្រះអង្គទៀតហើយ។ 10 ទាក់ទងទៅនឹងការសុគតគឺព្រះអង្គសុគតចំពោះបាប ទ្រង់បានសុគតតែម្តងសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ ជីវិតដែលព្រះអង្គរស់នៅ ទ្រង់រស់នៅសម្រាប់ព្រះជាម្ចាស់។ 11 ដូចគ្នាដែរ អ្នកត្រូវតែគិតថាខ្លួនអ្នកក៏ត្រូវតែស្លាប់ចំពោះបាបដែរ ប៉ុន្តែ រស់នៅគឺរស់នៅថ្វាយព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូ។ 12 ដូច្នេះហើយ មិនត្រូវអនុញ្ញាតបាបគ្រប់គ្រងនៅក្នុងរូបកាយដែលពុករលួយ ដើម្បីឲ្យអ្នកអាចនឹងធ្វើតាមតណ្ហារបស់រូបកាយនោះ។ 13 កុំប្រគល់ចំណែកណាមួយនៅក្នុងរូបកាយរបស់អ្នកទៅកាន់បាប ដើម្បីធ្វើជាឧបករណ៍សម្រាប់សេចក្តីទុច្ចរិតឡើយ។ ប៉ុន្តែ ចូរថ្វាយខ្លួនរបស់អ្នកទៅកាន់ព្រះជាម្ចាស់ ពីមុនយើងស្លាប់ តែឥឡូវយើងរស់។ ហើយថ្វាយផ្នែកនៃរូបកាយរបស់អ្នកទៅព្រះជាម្ចាស់ ជាឧបរណ៍សម្រាប់ប្រើក្នុងសេចក្តីសុចរិតវិញ។ 14 កុំអនុញ្ញាតឲ្យបាបបានគ្រប់គ្រងលើអ្នកឡើយ។ ព្រោះអ្នកមិនស្ថិតនៅក្រោមក្រឹត្យវិន័យឡើយ ប៉ុន្តែ នៅក្នុងព្រះគុណវិញ។ 15 បើដូច្នេះ តើយើងគួរធ្វើបាប ដោយព្រោះយើងមិនស្ថិតនៅក្រោមក្រឹត្យវិន័យមែន ហើយនៅក្រោមព្រះគុណមែនទេ? មិនអាចធ្វើដូច្នោះទេ។ 16 តើអ្នកមិនដឹងទេឬអីថា អ្នកដែលអ្នកថ្វាយខ្លួនរបស់អ្នកដូចជាអ្នកបម្រើគឺជាម្នាក់ដែលត្រូវស្តាប់បង្គាប់ តើអ្នកត្រូវស្តាប់នរណា? ការនេះគឺជាសេចក្តីពិត មិនថាអ្នកជាអ្នកបម្រើនៃអំពើបាបដែលនាំអ្នកទៅក្នុងសេចក្តីស្លាប់ ឬជាអ្នកបម្រើដែលស្តាប់បង្គាប់ ដែលនាំទៅរកសេចក្តីសុចរិត។ 17 ប៉ុន្តែ សូមអរគុណដល់ព្រះជាម្ចាស់! ព្រោះអ្នកធ្លាប់ជាអ្នកបម្រើរបស់បាប ប៉ុន្តែ អ្នកបានស្តាប់បង្គាប់ពីចិត្តតាមគំរូនៃសេចក្តីបង្រៀនដែលបានប្រគល់ដល់អ្នក។ 18 អ្នកបានមានសេរីភាពពីបាបហើយ ហើយអ្នកបានធ្វើឲ្យក្លាយជាអ្នកបម្រើនៃសេចក្តីសុចរិតវិញ។ 19 ខ្ញុំនិយាយដូចជាមនុស្សទូទៅ ដោយសារសេចក្តីកម្សោយនៃសាច់ឈាមរបស់អ្នក។ ដោយព្រោះអ្នកបានថ្វាយខ្លួនរបស់អ្នកឲ្យធ្វើជាទាសករចំពោះសេចក្តីដែលមិនស្អាត ហើយចំពោះការអាក្រក់ ដូច្នេះនេះដែរ នៅពេលនេះ ចូរថ្វាយខ្លួនរបស់អ្នកដូចជាទាសករនៃសេចក្តីសុចរិតវិញ ដើម្បីឲ្យបានសុចរិត។ 20 ព្រោះ នៅពេលអ្នកធ្លាប់ជាទាសករនៃបាប អ្នកមានសេរីភាពពីសេចក្តីសុចរិត។ 21 នៅពេលនោះ តើផលផ្លែអ្វីដែលយើងមានពីការអ្វីដែលអ្នកមានសព្វថ្ងៃនេះគឺភាពអាម៉ាស់? ដ្បិត លទ្ធផលនៃការទាំងអស់នោះគឺជាសេចក្តីស្លាប់។ 22 ប៉ុន្តែ នៅពេលនេះ អ្នកត្រូវបានដោះឲ្យមានសេរីភាពពីបាប ហើយគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់វិញ អ្នកបានទទួលផលរបស់អ្នកសម្រាប់សេចក្តីសុចរិតផងដែរ។ ជាលទ្ធផលគឺបានជីវិតអស់កល្បជានិច្ច។ 23 ព្រោះឈ្នួលនៃបាបគឺជាសេចក្តីស្លាប់ ប៉ុន្តែ អំណោយទាននៃព្រះជាម្ចាស់វិញគឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង។


ជំពូក 7

1 បងប្អូនអើយ តើអ្នកមិនដឹងទេឬអីថា (ខ្ញុំកំពុងនិយាយជាមួយអ្នកដែលស្គាល់ក្រឹត្យវិន័យ) ក្រឹត្យវិន័យគ្រប់គ្រងលើមនុស្សរហូតអស់មួយជីវិតរបស់ពួកគេ? 2 ស្រី្តដែលបានរៀបការគឺជាប់ចំណងដោយសារច្បាប់ ជាមួយនឹងស្វាមីរបស់នាងក្នុងការដែលគាត់នៅរស់ ប៉ុន្តែ ប្រសិនបើ ស្វាមីរបស់នាងស្លាប់ នាងនឹងរួចពីចំណងនៃច្បាប់របស់អាពាហ៍ពិពាហ៍នោះហើយ។ 3 ដូច្នេះ នៅក្នុងពេលដែលស្វាមីរបស់នាងនៅរស់នៅឡើយ ប្រសិនបើ នាងរួមរស់ជាមួយបុរសផ្សេង គេនឹងហៅនាងថា ស្រីផិតប្ដី។ ប៉ុន្តែ ប្រសិនបើ ស្វាមីរបស់នាងស្លាប់វិញ នាងមានសេរីភាពពីច្បាប់ហើយ ដូច្នេះ នាងមិនមែនជាស្រីផិតប្តីទេ ប្រសិនបើនាងរួមរស់នៅជាមួយបុរសផ្សេងទៀត។ 4 ដូច្នេះ បងប្អូនរបស់ខ្ញុំអើយ អ្នកក៏បានធ្វើឲ្យស្លាប់នៅក្នុងក្រឹត្យវិន័យដែរ តាមរយៈព្រះកាយរបស់ព្រះគ្រិស្ត។ ការនេះ កើតឡើងដូច្នេះ ដើម្បីឲ្យអ្នកអាចចូលរួមជាមួយគ្នា គឺចូលរួមជាមួយព្រះអង្គ ដែលបានរស់ពីសុគតឡើងវិញ ដើម្បីឲ្យយើងអាចបង្កើតផលផ្លែថ្វាយព្រះជាម្ចាស់។ 5 ព្រោះ នៅពេលយើងនៅក្នុងសាច់ឈាម មានដួងចិត្តពេញដោយអំពើបាប ក្រឹត្យវិន័យជាអ្នកជំរុញ ធ្វើការនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតផលជាសេចក្តីស្លាប់។ 6 ប៉ុន្តែ ឥឡូវនេះ យើងមានសេរីភាពពីក្រឹត្យវិន័យហើយ។ យើងបានស្លាប់ចំពោះក្រឹត្យវិន័យដែលបានចងយើងរួចហើយ។ នេះគឺជាអ្វីដែលយើងអាចបម្រើនៅក្នុងរូបភាពថ្មីខាងវិញ្ញាណ ហើយមិនស្ថិតនៅក្នុងភាពចាស់នៃតួអក្សរពីមុនទៀតទេ។ 7 តើយើងនឹងនិយាយយ៉ាងដូចម្តេចអ៊ីចឹង? តើក្រឹត្យវិន័យជាអំពើបាបមែនទេ? គឺមិនមែនទេ។ ប៉ុន្តែ យើងអាចនឹងមិនស្គាល់បាបទេ ប្រសិនបើអត់មានក្រឹត្យវិន័យ។ យើងមិនអាចស្គាល់ថាការលោភលន់ជាអំពើបាបទេ លុះត្រាតែក្រឹត្យវិន័យនិយាយចែងថា៖ «មិនត្រូវលោភលន់ឡើយ»។ 8 ប៉ុន្តែ បាបមានឱកាសតាមរយៈមនសិកា ហើយបាននាំឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្ញុំ។ ព្រោះបើគ្មានក្រឹត្យវិន័យទេ អំពើបាបគឺជាសេចក្តីស្លាប់។ 9 នៅពេលមួយខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែ នៅពេលបញ្ញត្តិបានមកដល់ បាបបានរស់ឡើងវិញ ហើយខ្ញុំក៏ស្លាប់។ 10 បញ្ញត្តិដែលគួរតែនាំឲ្យមានជីវិត បែរជានាំឲ្យស្លាប់សម្រាប់ខ្ញុំទៅវិញ។ 11 នៅពេលបាបមានឱកាសតាមរយៈបញ្ញត្តិ​ ហើយបានបោកបញ្ឆោតខ្ញុំ។ តាមរយៈបញ្ញត្តិនោះបានសម្លាប់ខ្ញុំ។ 12 ដូច្នេះ ក្រឹត្យវិន័យបរិសុទ្ធ ហើយបញ្ញត្តិក៏បរិសុទ្ធ សុចរិត និងល្អដែរ។ 13 តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​អោយ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ​ដែល​នាំ​អោយ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​អោយ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​អោយ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។ 14 ព្រោះយើងដឹងថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ ប៉ុន្តែ ខ្ញុំកើតចេញពីសាច់ឈាម។ ខ្ញុំត្រូវបានលក់នៅក្រោមទាសករនៃអំពើបាប។ 15 ដ្បិត អ្វីដែលខ្ញុំធ្វើ ខ្ញុំពិតជាមិនយល់ទេ។ ព្រោះអ្វីដែលខ្ញុំចង់ធ្វើ ខ្ញុំបែរជាមិនធ្វើ ហើយអ្វីដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើវាវិញ។ 16 ប៉ុន្តែ ប្រសិនបើ ខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ គឺខ្ញុំយល់ព្រមជាមួយក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យល្អ។ 17 ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត 18 ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។ 19 ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ 20 ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា​មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។ 21 ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោលការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ 22 ក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំមានអំណរនៅក្នុងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់។ 23 ប៉ុន្តែ ខ្ញុំឃើញមានគោលការណ៍ផ្សេងនៅក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ។ វាបានតយុទ្ធទាស់ទទឹងជាមួយអ្វីដែលជាគោលការណ៍ថ្មីនៅក្នុងគំនិតរបស់ខ្ញុំ។ វាបានធ្វើឲ្យខ្ញុំជាប់ចំណងដែលជាគោលការណ៍នៃអំពើបាប ដែលស្ថិតក្នុងផ្នែកនៃរូបកាយរបស់ខ្ញុំ។ 24 ខ្ញុំជាមនុស្សវេទនាហើយ! តើអ្នកណារំដោះខ្ញុំចេញពីរូបកាយដែលស្លាប់នេះបាន? 25 ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង! ដូច្នេះ ខ្ញុំខ្លួនឯងបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់នៅក្នុងគំនិតរបស់ខ្ញុំហើយសាច់ឈាមរបស់ខ្ញុំវិញបែរជាបម្រើគោលការណ៍បាបវិញ។


ជំពូក 8

1 ដូច្នេះ គ្មានការកាត់ទោសដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្តយេស៊ូទេ។ 2 ព្រោះគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្តយេស៊ូបានធ្វើឲ្យខ្ញុំមានសេរីភាពពីគោលការណ៍នៃអំពើបាប ​និងសេចក្តីស្លាប់។ 3 ដ្បិត អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើបាន គឺដោយសារភាពខ្សោយនៃសាច់ឈាម ប៉ុន្តែព្រះជាម្ចាស់អាចធ្វើបាន។ ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម ឲ្យធ្វើជាយញ្ញបូជាលោះបាប ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាបនៅក្នុងសាច់ឈាមនេះឯង។ 4 ព្រះអង្គធ្វើការនេះ ដើម្បីឲ្យតម្រូវតាមក្រឹត្យវិន័យ អាចបានសម្រេចនៅក្នុងយើង យើងគឺជាអ្នកដែលដើរមិនមែនដោយសាច់ឈាមទេ ប៉ុន្តែដោយវិញ្ញាណវិញ។ 5 អស់អ្នកដែលរស់នៅក្នុងសាច់ឈាម នឹងយកចិត្តទុកដាក់ជាមួយអ្វីៗដែលជាសាច់ឈាម ប៉ុន្តែ អ្នកណាដែលរស់នៅខាងវិញ្ញាណវិញ នឹងយកចិត្តទុកដាក់អ្វីៗខាងវិញ្ញាណវិញដែរ។ 6 ដ្បិតគំនិតខាងសាច់ឈាមគឺជាសេចក្តីស្លាប់ ប៉ុន្តែ គំនិតខាងវិញ្ញាណគឺជាជីវិត និងសេចក្តីសុខសាន្ត។ 7 ការគិតខាងសាច់ឈាមគឺទាស់ចំពោះព្រះជាម្ចាស់ ព្រោះសាច់ឈាមមិនបានចុះចូលចំពោះច្បាប់របស់ព្រះ ឬមិនអាចធ្វើតាមច្បាប់របស់ព្រះជាម្ចាស់ដែរ។ 8 អស់អ្នកដែលនៅក្នុងសាច់ឈាម មិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ 9 ទោះជាយ៉ាងណា អ្នកមិនបានស្ថិតនៅក្នុងសាច់ឈាមទេ ប៉ុន្តែនៅខាងវិញ្ញាណវិញ ប្រសិនបើអ្នកនៅខាងវិញ្ញាណមែន នោះព្រះវិញ្ញាណនៃព្រះជាម្ចាស់នឹងរស់នៅក្នុងអ្នក។ ប៉ុន្តែបើអ្នកណាម្នាក់គ្មានវិញ្ញាណរបស់ព្រះគ្រិស្តទេ អ្នកនោះមិនមែនជាកម្មសិទ្ធិរបស់ព្រះអង្គឡើយ។ 10 ប្រសិនបើព្រះគ្រិស្តនៅក្នុងអ្នក រូបកាយត្រូវស្លាប់ខាងឯអំពើបាប ប៉ុន្តែវិញ្ញាណនឹងរស់នៅខាងឯសេចក្តីសុចរិតវិញ។ 11 ប្រសិនបើព្រះវិញ្ញាណរបស់ព្រះដែលបានប្រោសព្រះយេស៊ូពីស្លាប់មកវិញ ហើយរស់នៅក្នុងអ្នក ព្រះអង្គដែលប្រោសព្រះគ្រិស្តពីសេចក្តីស្លាប់នឹងប្រទានជីវិតដល់រូបកាយពុករលួយរបស់អ្នកតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលរស់នៅក្នុងអ្នក។ 12 ដូច្នេះ បងប្អូនអើយ យើងគឺជាកូនបំណុល ប៉ុន្តែ មិនមែនកូនបំណុលខាងសាច់ឈា គឺរស់នៅតាមសាច់ឈាមឡើយ។ 13 ព្រោះប្រសិនបើអ្នករស់តាមសាច់ឈាម អ្នកនឹងស្លាប់ ប៉ុន្តែប្រសិនបើអ្នករស់នៅខាងវិញ្ញាណវិញ អ្នកនឹងស្លាប់ខាងឯការប្រព្រឹត្តខាងរូបកាយ ហើយអ្នកនឹងបានរស់វិញ។ 14 ដ្បិតអស់អ្នកណាដែលដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ អ្នកនោះគឺជាកូនរបស់ព្រះជាម្ចាស់។ 15 ព្រោះអ្នកមិនបានទទួលវិញ្ញាណនៃចំណងដែលធ្វើឲ្យភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ អ្នកបានទទួលវិញ្ញាណនៃកូនចិញ្ចឹម ដូច្នេះ ហើយអាចស្រែកថា «អ័ប្បា បិតា!»។ 16 ព្រះវិញ្ញាណរបស់ព្រះអង្គផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងថា យើងគឺជាកូនរបស់ព្រះជាម្ចាស់។ 17 ប្រសិនបើ យើងជាកូនរបស់ព្រះជាម្ចាស់មែន ដូច្នេះ យើងក៏នឹងទទួលមរតក របស់ព្រះអង្គដែរ។ ហើយយើងនឹងរួមទទួលមរតកជាមួយព្រះគ្រិស្ត ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីឲ្យយើងអាចទទួលសិរីល្អជាមួយព្រះអង្គ។ 18 ដ្បិតខ្ញុំគិតថា ការឈឺចាប់នៅក្នុងពេលបច្ចុប្បន្ននេះ មិនស័ក្តិសមនឹងប្រៀបធៀបជាមួយនឹងសិរីល្អដេលនឹងបង្ហាញមកយើងឡើយ។ 19 ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃបុត្រ​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសារ​។ 20 ព្រោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ បាន​ប្រគល់ទៅ​ក្នុង​ភាព​ឥត​ប្រយោជន៍​ តែ​មិន​មែន​ដោយ​ស្ម័គ្រចិត្ដ​ទេ​ គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ​ ដោយ​សង្ឃឹម​ថា​​។ 21 អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿងជាបុត្រ​ព្រះជាម្ចាស់​។ 22 យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។ 23 មិនត្រឹមតែប៉ុណ្ណោះទេ​ សូម្បីតែយើងខ្លួនឯងដែលជាផលដំបូងរបស់ព្រះវិញ្ញាណ សូម្បីតែយើងខ្លួនឯងថ្ងូរនៅក្នុងខ្លួនយើង រងចាំការទទួលយកភាពជាកូនគឺជាការប្រោសលោះរូបកាយរបស់យើង។ 24 ដោយទុកចិត្ត យើងបានសង្គ្រោះ។ ប៉ុន្តែ អ្វីដែលយើងទុកចិត្តមិនទាន់ឃើញនៅឡើយ សម្រាប់អស់អ្នកដែលមានទំនុកចិត្តចំពោះអ្វីដែលខ្លួនបានឃើញហើយ តើមានប្រយោជន៍អ្វី? 25 ប៉ុន្តែ ប្រសិនបើយើង មានទំនុកចិត្តអំពីអ្វីដែលយើងមិនទាន់ឃើញនៅឡើយ ដូច្នេះ យើងរង់ចាំដោយភាពអត់ធ្មត់ជាមួយវា។ 26 ដូចគ្នានេះដែរ ព្រះវិញ្ញាណក៏ជួយយើងនៅក្នុងភាពកម្សោយរបស់យើងដែរ។ ព្រោះយើងមិនដឹងថា យើងត្រូវអធិស្ឋានដោយរបៀបណាទេ ប៉ុន្តែ ព្រះវិញ្ញាណដែលនៅក្នុងយើង បានអធិស្ឋានទូលអង្វរសម្រាប់យើង ជាមួយនឹងការថ្ងូរដែលមិនអាចរៀបរាប់បាន។ 27 ព្រះអង្គជាព្រះជាម្ចាស់ដែលស្គាល់ចិត្ត និងស្គាល់គំនិតរបស់ព្រះវិញ្ញាណ ព្រោះ ព្រះអង្គទូលអង្វរក្នុងនាមអ្នកជឿស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 28 យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​។ 29 ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន។ 30 អស់អ្នកដែលបានតម្រូវទុកជាមុន អ្នកទាំងនេះ ត្រូវបានព្រះអង្គត្រាស់ហៅផងដែរ។ អស់អ្នកដែលព្រះអង្គបានហៅ អ្នកទាំងនោះនឹងបានសុចរិត។ អស់អ្នកដែលព្រះអង្គបានធ្វើឲ្យសុចរិត អ្នកទាំងនោះនឹងបានទទួលសិរីល្អផងដែរ។ 31 ដូច្នេះ តើយើងគួរនិយាយអំពីរឿងនេះយ៉ាងដូចម្តេច? ប្រសិនបើ ព្រះជាម្ចាស់នៅខាងយើងហើយ តើអ្នកណាប្រឆាំងនឹងយើងបាន? 32 ព្រះអង្គមិនបានសំច័យព្រះបុត្រារបស់ព្រះអង្គផ្ទាល់ ទ្រង់បានចាត់ព្រះអង្គមកសម្រាប់យើងទាំងអស់គ្នាទៅហើយ ដូច្នេះ ព្រះអង្គនឹងប្រទានអ្វីៗទាំងអស់ដល់យើងបានរួមជាមួយព្រះអង្គដែរ។ 33 តើអ្នកណាអាចប្រឆាំងទាស់ជាមួយនឹងអ្នកដែលព្រះជាម្ចាស់បានរើសតាំងបាន? ព្រះអង្គគឺជាព្រះជាម្ចាស់នៃយុតិ្តធម៌។ 34 តើអ្នកណានឹងត្រូវកាត់ទោស? ព្រះគ្រិស្តគឺជាព្រះដែលបានសុគតសម្រាប់យើង លើសពីនោះ ទ្រង់ក៏បានរស់ឡើងវិញ។ ព្រះកំពុងសោយរាជ្យជាមួយព្រះជាម្ចាស់នៅទីកិត្តិយស ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលទូលអង្វរសម្រាប់យើងដែរ។ 35 តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​ 36 ដូចជាសេចក្ដីដែលបានចែងទុកមកថា៖ «ដោយសារតែព្រះអង្គ យើងត្រូវបានគេចង់ស្លាប់ពីព្រឹកដល់ល្ងាច។ គេបានរាប់យើងថាជាចៀមដែលត្រូវគេសម្លាប់»។ 37 ក្នុងគ្រប់ការទាំងអស់នេះ យើងវិសេសជាងមនុស្សមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលស្រឡាញ់យើង។ 38 ព្រោះយើងមានការជឿជាក់ហើយថា ទោះបើ ស្លាប់ ឬ ឬរស់ ទេវតា ឬការគ្រប់គ្រង ឬអ្វីៗនៅក្នុងពេលបច្ចុប្បន្ននេះ ឬ អ្វីៗដែលត្រូវមក ឬអំណាច 39 ឬកំពស់ ឬក៏ជម្រៅ ឬក៏អ្វីៗដែលបានបង្កើតផ្សេងទៀត មិនអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានទេ ដែលនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង។


ជំពូក 9

1 ខ្ញុំប្រាប់ពីសេចក្តីពិតនៅក្នុងព្រះគ្រិស្ត។ ខ្ញុំមិនកុហកទេ ហើយមនសិការ​របស់ខ្ញុំធ្វើបន្ទាល់ជាមួយនឹងខ្ញុំ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ 2 សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំដែរ។ 3 ព្រោះខ្ញុំចង់ឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយត្រូវបានញែកចេញពីព្រះគ្រិស្តដោយព្រោះបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលជាសាសន៍របស់ខ្ញុំ ខាងឯសាច់ឈាម។ 4 ​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​។ 5 ដោយសារដូនតារបស់គេ ព្រះយេស៊ូបានប្រសូតជាសាច់ឈាម ព្រះអង្គគឺជាព្រះជាម្ចាស់លើទាំងអស់។ សូមឲ្យព្រះអង្គបានសរសើរជារៀងរហូត។ អាមែន។ 6 ប៉ុន្តែ នោះមិនមែនមានន័យថាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានបរាជ័យនោះឡើយ។ ព្រោះមិនមែនមនុស្សគ្រប់គ្នានៅក្នុងអ៊ីស្រាអែល ដែលពិតជាកម្មសិទ្ធិរបស់អ៊ីស្រាអែលនោះទេ។ 7 មិនប្រាកថា ពូជពង្សរបស់លោកអប្រាហាំទាំងអស់ ពិតជាកូនចៅគាត់នោះទេ។ ប៉ុន្តែ «តាមរយៈលោកអ៊ីសាកវិញទេតើ ជាពូជពង្សដែលព្រះជាម្ចាស់បានហៅ»។ 8 កូនចៅខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្តែ មានតែកូនចៅនៃសេចក្តីសន្យាទេ ដែលបានរាប់ថាជាមួយពូជពង្សដែលព្រះជាម្ចាស់បានរើស។ 9 ព្រោះនេះគឺជាព្រះបន្ទូលសន្យា៖ «នៅពេលនេះ ឆ្នាំ​ក្រោយ យើង​នឹង​​មកវិញ នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ 10 មិនគ្រាន់តែប៉ុណ្ណេះ នាងរេបេកាមានផ្ទៃពោះជាមួយបុរសម្នាក់ គឺលោកអ៊ីសាកជាឪពុករបស់យើង 11 ព្រោះកូនដែលមិនទាន់បានកើត ក៏មិនអាចធ្វើល្អ ឬអាក្រក់ដែរ ដូច្នេះគោលបំណងរបស់ព្រះជាម្ចាស់ដែលជ្រើសរើសនៅតែបាននៅជាប់ មិនមែនដោយសារការប្រព្រឹត្តឡើយ ប៉ុន្តែ ដោយសារព្រះអង្គដែលបានត្រាស់ហៅវិញ។ 12 ព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន»។ 13 ដូចមានសេចក្តីដែលបានចែងទុកមកថា៖ «យើងស្រឡាញ់យ៉ាកុប ប៉ុន្តែយើងស្អប់អេសាវវិញ»។ 14 ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើមនុស្សទុច្ចរិតអាចនៅជាមួយព្រះជាម្ចាស់បាន? ទេ អត់ទេ។ 15 ព្រោះ ទ្រង់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់មេត្តាដល់អ្នកដែលដែលយើងនឹងផ្តល់មេត្តា ហើយយើងនឹងផ្តល់អាណិតអាសូរដល់អ្នកណាដែលយើងអាណិតអាសូរ»។ 16 ដូច្នេះ មិនមែនដោយសារគាត់ខំប្រឹងប្រែង ឬមិនដោយសារគាត់ខំរត់ទេ ប៉ុន្តែ ដោយសារព្រះជាម្ចាស់ ដែលផ្តល់មេត្តាវិញ។ 17 ដ្បិត បទគម្ពីរបានថ្លែងទៅកាន់ស្តេចផារោនថា៖ «ហេតុផលដែលយើងបានតាំងអ្នកឡើង គឺដើម្បីយើងអាចបង្ហាញអំណាចរបស់យើងនៅក្នុងអ្នក និងដើម្បីឲ្យមនុស្សបានឃើញពីព្រះនាមដ៏មានឬទ្ធិរបស់យើងបានប្រកាសពេញផែនដី»។ 18 ដូច្នេះ ព្រះជាម្ចាស់ផ្តល់មេត្តាដល់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយអ្នកដែលព្រះអង្គគាប់ព្រះហឫទ័យធ្វើឲ្យមានចិត្តរឹងរូស ក៏ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។ 19 ដូច្នេះ អ្នកនឹងនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាព្រះអង្គនៅតែស្វែងរកកំហុសរបស់អ្នកដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គទៀត? 20 មិនមែនទេ ឱមនុស្សអើយ តើអ្នកជានរណា ដែលហ៊ានតវ៉ាទាស់ជាមួយព្រះជាម្ចាស់ដូច្នេះ? តើដីឥដ្ឋនឹងនិយាយទៅកាន់ អ្នកដែលសូនខ្លួនថា៖ «ហេតុអ្វីបានជាអ្នកសូនខ្ញុំមានរាងបែបនេះ?» 21 គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។ 22 ចុះបើព្រះជាម្ចាស់ គាប់ព្រះហឫទ័យនឹងសម្តែងព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យគេស្គាល់ពីឬទ្ធានុភាពរបស់ព្រះអង្គ ទ្រង់បានស៊ូទ្រាំអត់ធ្មត់យ៉ាងខ្លាំងជាមួយនឹងរបស់ដែលនឹងត្រូវរងព្រះពិរោធ និងបានរៀបចំសម្រាប់ការបំផ្លាញឬទេ? 23 ចុះបើ ព្រះអង្គធ្វើការនេះ ដើម្បីឲ្យគេបានស្គាល់ពីសិរីល្អដ៏លើសលប់របស់ព្រះចំពោះរបស់ដែលព្រះអង្គផ្តល់ក្តីមេត្តា ដែលព្រះអង្គបានរៀបចំរួចមកហើយសម្រាប់សិរីល្អរបស់ព្រះអង្គមែនទេ? 24 ចុះបើ ព្រះអង្គធ្វើការនេះ សម្រាប់យើងទាំងអស់គ្នា ដែលព្រះបានហៅផងដែរ មិនគ្រាន់តែបានហៅតែក្នុងចំណោមពួកយូដាប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងចំណោមសាសន៍ដទៃដែរនោះ? 25 ដូចដែលទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហូសេថា៖ «យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្រ្តរបស់យើង ថាជាប្រជារាស្រ្តរបស់យើង យើងនឹងហៅអ្នកដែលមិនគួរឲ្យស្រឡាញ់ថា គួរឲ្យស្រឡាញ់។ 26 វានឹងកើតឡើងដូច្នេះ ដូចដែលព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ ​«អ្នកមិនមែនជារាស្រ្តរបស់យើងទេ ពួកគេនឹងត្រូវបានហៅថា បុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ 27 លោកអេសាយបានស្រែកឡើងទាក់ទងនឹងអ៊ីស្រាអែលថា៖ «ទោះបើចំនួនកូនចៅអ៊ីស្រាអែលមានគ្នាដូចជាខ្សាច់សមុទ្រក្តី មានតែអ្នកដែលនៅសល់តែប៉ុណ្ណោះ នឹងបានសង្រ្គោះ។ 28 ព្រោះព្រះអម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ជាឆាប់។ 29 ដូច្នេះ លោកអេសាយបានមានប្រសាសន៍រួចមកហើយថា៖ «ប្រសិនបើ ព្រះអម្ចាស់នៃពួកពលបរិវារមិនរក្សាកូនចៅរបស់យើងទេ នោះយើងនឹងបានដូចជាក្រុងសូដុម ឬយើងនឹងបានដូចជាក្រុងកូម៉ូរ៉ាហើយ។ 30 ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? សាសន៍ដទៃ ដែលមិនស្វែងរកសេចក្តីសុចរិត បែរជាបានសុចរិត ហើយបានសុចរិតដោយសារជំនឿ។ 31 ប៉ុន្តែ អ៊ីស្រាអែល ដែលខំធ្វើតាមក្រឹត្យវិន័យនៃសេចក្តីសុចរិត ប៉ុន្តែ ពួកគេមិនអាចធ្វើបានទេ។ 32 ហេតុអ្វីបានជាមិនបាន? ព្រោះពួកគេមិនបានខំស្វែងសេចក្តីសុចរិតដោយសារជំនឿឡើយ ប៉ុន្តែ តាមរយៈការប្រព្រឹត្តវិញ។ ពួកគេជំពប់ដួលនឹងថ្មនៃការជំពប់ 33 ដូចដែលមានសេចក្តីចែងទុកមកថា៖ «មើល យើងកំពុងតែចាក់គ្រឹះនៅលើស៊ីយ៉ូននូវថ្មនៃការជំពប់ ហើយថ្មនៃការរវាតចិត្ត។ អស់អ្នកណាដែលជឿនៅថ្មនោះ នឹងមិនត្រូវអាម៉ាស់ឡើយ។


ជំពូក 10

1 បងប្អូនអើយ ដួងចិត្តខ្ញុំ ហើយសេចក្តីអធិស្ឋានរបស់ខ្ញុំចំពោះព្រះជាម្ចាស់គឺសម្រាប់ពួកគេ និងសម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេដែរ។ 2 ដ្បិត ខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានដួងចិត្តឆេះឆួលចំពោះព្រះជាម្ចាស់ ប៉ុន្តែ មិនធ្វើឲ្យមានប្រាជ្ញាទេ។ 3 ព្រោះពួកគេមិនដឹងពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេស្វែងរកសេចក្តី សុចរិតដោយពឹងលើកម្លាំងខ្លួនឯង។ ពួកគេមិនព្រមគោរពតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។ 4 ដ្បិតព្រះគ្រិស្តបានធ្វើឲ្យក្រឹត្យវិន័យសម្រេចសម្រាប់ពួកអ្នកសុចរិត ហើយពួកអ្នកដែលជឿ។ 5 ព្រោះលោកម៉ូសេបានសរសេរអំពីសេចក្តីសុចរិតបានមកដោយសារក្រឹត្យវិន័យ៖ «អ្នកណាដែលធ្វើតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យ នឹងរស់នៅតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យនោះ»។ 6 ប៉ុន្តែ សេចក្តីសុចរិតដែលបានមកដោយសារជំនឿិវិញគឺបែបនេះ «កុំនិយាយនៅក្នុងចិត្តរបស់អ្នកថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌? (ហើយនាំព្រះគ្រិស្តចុះពីស្ថានសួគ៌មក) 7 ហើយកុំនិយាយថា តើអ្នកណានឹងចុះទៅក្នុងស្ថាននរក?» (ហើយនាំព្រះគ្រិស្តឡើងពីសេចក្តីស្លាប់មកវិញ)។ 8 ប៉ុន្តែ តើបទគម្ពីរបានចែងយ៉ាងដូចម្តេច? «ព្រះបន្ទូលនៅជិតអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក»។ នោះគឺជាព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស។ 9 ដ្បិត ប្រសិនបើ មាត់របស់អ្នកទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តរបស់អ្នកថា ព្រះជាម្ចាស់បានប្រោសព្រះអង្គពីសេចក្តីស្លាប់ អ្នកនឹងបានសង្គ្រោះ។ 10 ព្រោះបើចិត្តរបស់មនុស្សជឿ គេនឹងបានសុចរិត ហើយដោយមាត់ គាត់ទទួលស្គាល់ នោះគាត់នឹងបានសង្គ្រោះ។​ 11 ព្រោះ បទគម្ពីរបានចែងថា៖ «អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់ឡើយ។ 12 ព្រោះគ្មានភាពខុសគ្នារវាងសាសន៍ក្រិក និងសាសន៍យូដាឡើយ។ ព្រោះព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់លើទាំងអស់ ហើយព្រះអង្គមានព្រះហឫទ័យទូលាយដល់មនុស្សទាំងអស់ ដែលអំពាវនាវរកព្រះអង្គ។ 13 ព្រោះអស់អ្នកណាដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់នឹងបានសង្គ្រោះ។ 14 ដូច្នេះ តើពួកគេអាចអំពាវនាវរកព្រះអង្គ ដែលពួកគេមិនជឿបានយ៉ាងដូចម្តេច? តើពួកគេអាចជឿ ដោយគ្មានអ្នកប្រកាសបានយ៉ាងដូចម្តេច? 15 ដូច្នេះ តើពួកគេអាចប្រកាស បានយ៉ាងដូចម្តេច ទាល់តែមានអ្នកដែលចាត់ពួកគេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «មើលល្អណាស់ហ្ន៍ ជើងរបស់អ្នកដែលប្រកាសពីដំណឹងល្អពីដំណើរដែលធ្វើឲ្យចិត្តរីករាយ!»។ 16 ប៉ុន្តែ មិនមែនពួកគេទាំងអស់គ្នាស្តាប់ដំណឹងល្អនោះទេ។ ព្រោះលោកអេសាយមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ តើអ្នកណានឹងជឿសាររបស់យើង?» 17 ដូច្នេះ ជំនឿកើតឡើងដោយសារឮ ហើយការឮដោយសារព្រះបន្ទូលរបស់ព្រះគ្រិស្ត។ 18 ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ «តើពួកគេមិនបានឮមែនទេ? មិនមែនទេ ពួកគេភាគច្រើនបានឮ។ «សម្លេងរបស់ពួកគេបានចេញទៅពេញទូទាំងពិភពលោក ហើយពាក្យរបស់ពួកគេក៏ទៅដល់ចុងបំផុតនៃផែនដីដែរ»។ 19 លើសពីនេះទៅទៀត ខ្ញុំសួរថា៖ «តើជនជាតិអ៊ីស្រាលមិនដឹងមែនទេ?» លោកម៉ូសេបាននិយាយមុនគេថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកច្រណែនជាមួយប្រជាជាតិនានា។ ព្រោះប្រជាជាតិដែលមិនយល់ ខ្ញុំនឹងធ្វើឲ្យកំហឹងរបស់អ្នកឆាបឆេះឡើង»។ 20 ហើយលោកអេសាយមានសេចក្តីក្លាហាន នៅពេលគាត់និយាយថា៖ «អ្នកដែលមិនស្វែងរកខ្ញុំ គេបែររកខ្ញុំឃើញ។ ខ្ញុំបានលេចមកឲ្យអ្នកដែលមិនអំពាវនាវរកខ្ញុំ។ 21 ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​វិញ លោក​បាន​ថ្លែង​ថាៈ «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រកប្រជារាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ហើយ​ចេះ​តែ​ប្រកែក​ជំទាស់»។


ជំពូក 11

1 ដូច្នេះ តើព្រះជាម្ចាស់បដិសេធប្រជារាស្រ្តរបស់ព្រះអង្គមែនទេ? មិនមែនទេ។ ព្រោះខ្ញុំក៏ជាជនជាតិអ៊ីស្រាអែលដែរ ហើយក៏ជាពូជពង្សរបស់លោកអប្រាហាំដែរ ចេញពីអំបូរបេនយ៉ាមីន។ 2 ព្រះជាម្ចាស់មិនបានបដិសេធប្រជារាស្រ្តរបស់ព្រះអង្គទេ ព្រោះព្រះអង្គបានជ្រាបជាមុនហើយ។ តើអ្នកមិនដឹងទេឬអីថាបទគម្ពីរចែងពីលោកអេលីយ៉ា ហើយគាត់បានទូលអង្វរព្រះជាម្ចាស់ ឲ្យទាស់នឹងអ៊ីស្រាអែលយ៉ាងដូចម្តេច? 3 «ព្រះអម្ចាស់អើយ ពួកគេបានសម្លាប់ព្យាការីរបស់ព្រះអង្គ ពួកគេបានបំផ្លាញកន្លែងថ្វាយយញ្ញបូជារបស់ព្រះអង្គ។ មានតែទូលបង្គំតែម្នាក់គត់ដែលនៅសល់ ហើយពួកគេក៏កំពុងតែតាមសម្លាប់ដែរ»។ 4 ប៉ុន្តែ តើព្រះជាម្ចាស់បានឆ្លើយទៅគាត់ ហើយមានបន្ទូលទៅគាត់វិញយ៉ាងដូចម្តេច? «ខ្ញុំបានរៀបចំសម្រាប់ខ្លួនខ្ញុំនូវមនុស្សប្រាំពីរពាន់ទៀត គឺជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល»។ 5 ទោះបីជាដូច្នោះក្តី នៅក្នុងពេលបច្ចុប្បន្ននេះ ក៏មានអ្នកនៅសេសសល់ ដោយព្រោះតែជម្រើសនៃព្រះគុណ។ 6 ប៉ុន្តែ ប្រសិនបើ ព្រះអង្គជ្រើសរើសដោយសារព្រះគុណមែន គឺមានន័យថាមិនមែនដោយសារការប្រព្រឹត្តទៀតទេ។ 7 បើមិនដូច្នោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។ ដូច្នេះ តើយើងនិយាយយ៉ាងដូចម្តេច? អ្វីៗដែលជនជាតិអ៊ីស្រាអែលស្វែងរក គេមិនបានទទួលទេ ប៉ុន្តែ អ្នកដែលព្រះអង្គជ្រើសរើស ទើបបានទទួលវិញ ហើយពួកអ្នកផ្សេងទៀតនៅតែមានចិត្តរឹងរុសដដែល។ 8 ដូចដែលមានសេចក្តីចែងទុកមកថា៖ «ព្រះជាម្ចាស់ប្រទានឲ្យពួកគេមានវិញ្ញាណនៃស្ពឹក ហើយក៏ធ្វើភ្នែករបស់គេមើលលែងឃើញ ព្រមទាំងត្រចៀករបស់គេក៏ស្តាប់លែងឮដែរ រហូតមកដល់សព្វថ្ងៃនេះ»។ 9 សេ្តចដាវីឌមានបន្ទូលថា៖ «សូមឲ្យតុបានក្លាយជាអួន និងអន្ទាក់ដែលធ្វើឲ្យជំពប់ដួល និង​នាំឲ្យគេមានទោស។ 10 សូមឲ្យភ្នែករបស់ពួកគេបានងងឹត ដើម្បីកុំឲ្យពួកគេអាចមើលឃើញទៀត ហើយចងពួកគេឲ្យជាប់ជារៀងរហូតតទៅ»។ 11 ដូច្នេះ ខ្ញុំសូមសួរថា «តើពួកគេជំពប់ដួលរហូតមែនទេ? ទេ មិនរហូតទេ។ ផ្ទុយទៅវិញ ដោយសារកំហុសរបស់ពួកគេ សេចក្តីសង្គ្រោះបានមកដល់សាសន៍ដទៃ ដើម្បីធ្វើឲ្យពួកគេមានសេចក្តីច្រណែន។ 12 ឥឡូវនេះ ប្រសិនបើកំហុសរបស់ពួកគេនាំឲ្យពិភពលោកបានទទួលព្រះពរ ហើយដោយសារការវង្វេងរបស់ពួកគេបានធ្វើឲ្យសាសន៍ដទៃទទួលព្រះពរដែរនោះ ដូច្នេះ តើពួកគេនឹងទទួលព្រះពរយ៉ាងច្រើនលើសលប់ប៉ុណ្ណា? 13 ប៉ុន្តែ នៅពេលនេះ ខ្ញុំកំពុងតែនិយាយមកកាន់អ្នកដែលជាសាសន៍ដទៃ ហើយដរាបណាខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ ខ្ញុំមានមោទនភាពនៅក្នុងព័ន្ធកិច្ចរបស់ខ្ញុំ។ 14 ប្រហែលជាខ្ញុំអាចនឹងធ្វើឲ្យអស់អ្នកដែលបងប្អូនខាងសាច់ឈាមរបស់ខ្ញុំច្រណែន។ ប្រហែលជាយើងអាចជួយសង្គ្រោះពួកគេបានខ្លះ។ 15 ប្រសិនបើ ការបដិសេធរបស់ពួកគេ ធ្វើឲ្យមានការផ្សះផ្សានៃពិភពលោក តើពួកគេនឹងបានទទួលយ៉ាងណា? គឺបានទទួលជីវិតពីសេចក្តីស្លាប់។ 16 ប្រសិនបើ ផលដំបូងត្រូវបានរក្សាទុក ដូច្នេះ ម្សៅរបស់នំប័ុងក៏ត្រូវបានរក្សាទុកដែរ ប្រសិនបើ ឫសត្រូវបានរក្សាទុក ដូច្នេះ មែកក៏ត្រូវបានរក្សាទុកដែរ។ 17 ប៉ុន្តែ ប្រសិនបើ មែកខ្លះត្រូវបានកាត់ចេញ ហើយអ្នកគឺជាមែកដើមអូលីវព្រៃ ហើយបានផ្សាំក្នុងចំណោមដើមអូលីវផ្សេងទៀត 18 ហើយប្រសិនបើ អ្នកមានចំណែកជាមួយពួកគេនៅក្នុងឫសនៃដើមអូលីវដែរ ដូច្នេះ កុំអួតពីមែកឡើយ។ ប៉ុន្តែ ប្រសិនបើ អ្នកអួត មិនមែនអ្នកទេដែលចិញ្ចឹមឫស ប៉ុន្តែ ឫសទេ តើដែលចិញ្ចឹមអ្នក។ 19 ដូច្នេះ តើអ្នកនឹងនិយាយថា «មែកត្រូវបានកាត់ចោល ដើម្បីឲ្យខ្ញុំបានផ្សាំវិញ?» 20 ពិតមែនហើយ។ ដោយសារពួកគេគ្មានជំនឿ ពួកគេបានកាត់ចេញមែន ប៉ុន្តែ អ្នកអាចឈរមាំបានដោយសារជំនឿរបស់អ្នក។ កុំមានមោទនភាពលើខ្លួនឯងខ្ពស់ពេក ផ្ទុយទៅវិញ ចូរកោតខ្លាចវិញ។ 21 ពីព្រោះ បើព្រះជាម្ចាស់មិនសំច័យមែកពីធម្មជាតិផង ដូច្នេះ ព្រះអង្គក៏មិនសំច័យអ្នកដែរ។ 22 ដូច្នេះ ចូលមើល! ពីអំពើសប្បុរស និងភាពប្រិតប្រៀនរបស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត ភាពប្រិតប្រៀបដែលមានចំពោះសាសន៍យូដាដែលដួលចុះ។ ប៉ុន្តែ មួយវិញទៀត សេចក្តីសប្បុរសព្រះជាម្ចាស់បានធ្លាក់មកលើអ្នក ប្រសិនបើអ្នក បន្តនៅក្នុងសេចក្តីសប្បុរសព្រះអង្គ។​ បើមិនដូច្នោះទេ អ្នកនឹងត្រូចកាត់ចោលដែរ។ 23 ចំពោះពួកគេវិញ ប្រសិនបើ ពួកគេបោះបង់ចោលភាពមិនជឿរបស់ពួកគេចេញ ពួកគេនឹងបានផ្សាំឡើងវិញ។ ព្រោះព្រះជាម្ចាស់អាចផ្សាំពួកគេម្តងទៀត។​ 24 ព្រោះ ប្រសិនបើ អ្នកត្រូវបានកាត់ចេញពីដើមអូលីព្រៃអាចផ្សាំបានប៉ុណ្ណឹងទៅហើយ ចុះទំរាំបើ សាសន៍យូដា ពួកគេជាមែកពីធម្មជាតិ តើពួកគេមិនងាយក្នុងការផ្សាំនឹងដើមអូលីវរបស់ពួកគេផ្ទាល់ទេឬអី? 25 បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នក មិនដឹងអំពីអាថ៌កំបាំង ដើម្បីកុំឲ្យអ្នកឆ្លាតនៅក្នុងការគិតរបស់ខ្លួនឡើយ។ អាថ៌កំបាំងនេះគឺនៅក្នុងផ្នែកនៃការមានចិត្តរឹងរូសដែលកើតឡើងនៅក្នុងអ៊ីស្រាអែល រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន។ 26 ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចមានសេចក្តីចែងទុកមកថា «ព្រះនៃការប្រោសលោះចេញពីក្រុងស៊ីយ៉ូនមក។ ព្រះអង្គនឹងលុបបំបាត់អំពើទុច្ចរិតរបស់លោកយ៉ាកុប 27 ហើយនេះគឺជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ នៅពេលដែលយើងនឹងដកយកអំពើបាបរបស់ពួកគេចេញ»។ 28 មួយវិញទៀត ទាក់ទងនឹងដំណឹងល្អ ពួកគេជាសត្រូវ​ជំនួសអ្នករាល់គ្នា។ ហើយម្យ៉ាងវិញទៀត ស្រប់ទៅតាមការជ្រើសរើសរបស់ព្រះអង្គ ពួកគេបានទទួលសេចក្តីស្រឡាញ់ដោយសារដូនតារបស់ពួកគេ។ 29 ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះមិនផ្លាស់ប្រែឡើយ។ 30 ពីមុនអ្នកក៏ធ្លាប់មិនស្តាប់បង្គាប់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ឥឡូវនេះ អ្នកបានទទួលព្រះគុណ ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ 31 ដូចគ្នានេះដែរ ឥឡូវនេះសាសន៍យូដាទាំងនេះក៏ធ្លាប់មិនស្តាប់បង្គាប់ព្រះដែរ។ ជាលទ្ធផល ដោយសារព្រះគុណបានបង្ហាញដល់អ្នក ពួកគេក៏អាចទទួលបានព្រះគុណដូចគ្នាដែរ។ 32 ដ្បិត ព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទៅក្នុងការមិនស្តាប់បង្គាប់ ដើម្បីព្រះអង្គអាចបង្ហាញព្រះគុណដល់ម​នុស្សទាំងអស់ដែរ។ 33 ទាំងប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជាម្ចាស់ជ្រៅ​ហើយធំទូលាយណាស់! គ្មាននរណាអាចដឹងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយស្វែងរកផ្លូវរបស់ព្រះជាម្ចាស់យ៉ាងណាឡើយ! 34 «តើអ្នកណាអាចស្គាល់ព្រះតម្រិះរបស់ព្រះអម្ចាស់បាន ឬតើអ្នកណាអាចធ្វើជាអ្នកប្រឹក្សាយោបល់់របស់ព្រះអង្គបាន? 35 តើអ្នកណាថ្វាយអ្វីទៅព្រះជាម្ចាស់មុនគេ ដែលព្រះជាម្ចាស់អាចសងគាត់វិញ? 36 ព្រោះអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គវិញ។ សូមថ្វាយសិរីល្អដល់ព្រះជារៀងរហូតតទៅ។ អាមែន។


ជំពូក 12

1 ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ដោយសារព្រះគុណនៃព្រះ ចូរថ្វាយរូបកាយរបស់អ្នកជាយញ្ញបូជារស់ បរិសុទ្ធ ហើយអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់។ នេះគឺជាការបម្រើព្រះដ៏ត្រឹមត្រូវ។ កុំត្រាប់តាមលោកីយ៍ឡើយ ប៉ុន្តែ ចូរផ្លាស់ប្រែ ដោយកែប្រែគំនិតរបស់អ្នកជាថ្មី។ 2 ចូរធ្វើបែបនេះ ដើម្បីឲ្យដឹងថា អ្វីជាការល្អ អ្វីដែលអាចទទួលយកបាន និងគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់។ 3 ដ្បិត ខ្ញុំនិយាយដូច្នេះ ដោយសារព្រះគុណ ដែលបានប្រទានមកខ្ញុំសូមនិយាយទៅកាន់មនុស្សគ្រប់គ្នា ដែលនៅក្នុងចំណោមអ្នករាល់គ្នា សូមកុំគិតពីខ្លួនឯងខ្ពស់ហួសពីការដែលគួរគិតឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវគិតដែលប្រកបដោយប្រាជ្ញាវិញ ដូច ជាព្រះបានប្រទានដល់មនុស្សម្នាក់ៗតាមជំនឿរបស់ពួកគេ។ 4 ព្រោះនៅក្នុងរូបកាយមួយមានអវៈយវៈជាច្រើន ប៉ុន្តែ មិនមែនគ្រប់ទាំងអវៈយវៈនោះមានមុខងារតែមួយនោះទេ។ 5 ដូចគ្នា នៅក្នុងព្រះកាយរបស់ព្រះគ្រិស្តក៏មានអវយវៈជាច្រើនដែរ ហើយអវយវៈនីមួយៗមានមុខងាររៀងៗខ្លួន។ 6 យើងមានអំណោយទានផ្សេងៗ​ តាមព្រះគុណដែលបានប្រទានមកយើង។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទានជាព្យាការី ចូរឲ្យធ្វើការតាមកម្រិតនៃជំនឿរបស់គាត់។ 7 ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការបម្រើ ចូរឲ្យគាត់បម្រើចុះ។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទានបង្រៀន ចូរឲ្យគាត់បង្រៀនចុះ។ 8 ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការថ្វាយ ចូរឲ្យគាត់ថ្វាយដោយសទ្ធាចុះ។ ប្រសិនបើ អ្នកណាមានអំណោយទាននៃការដឹកនាំ ចូរឲ្យគាត់ធ្វើឲ្យយកចិត្តទុកដាក់។ ប្រសិនបើ អ្នកណាម្នាក់មានអំណោយទាននៃការបង្ហាញមេត្តា ចូរឲ្យគាត់ធ្វើដោយចិត្តរីករាយចុះ។ 9 ចូរស្រឡាញ់ដោយឥតពុតមាយាឡើយ។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ហើយកាន់ខ្ជាប់អ្វីដែលល្អវិញ។ 10 ទាក់ទងនឹងការស្រឡាញ់បងប្អូន ចូរស្រឡាញ់គ្នាទៅវិញទៅមក។ ទាក់ទងនឹងការគោរព ចូរគោរពគ្នាទៅវិញទៅមកដែរ។ 11 ទាក់ទងនឹងសេចក្តីឧស្សាហ៍ ចូរកុំខ្ជិលច្រអូសឡើយ។ ទាក់ទងខាងវិញ្ញាណ ចូរស្រេកឃ្លាន។ ទាក់ទងនឹងព្រះអម្ចាស់ ចូរបម្រើព្រះអង្គ។ 12 ចូរមានអំណរ នៅក្នុងទំនុកចិត្តដែលអ្នកមានអំពីអនាគត។ ចូរអត់ធ្មត់នៅក្នុងទុក្ខលំបាករបស់អ្នក។ ចូរបន្តក្នុងការអធិស្ឋាន។ 13 ចូរចែករំលែកដល់បងប្អូនរួមជំនឿដែលខ្វះខាត។ ចូរស្វែងរកវិធីក្នុងការបង្ហាញភាពចៅរ៉ៅរាក់ទាក់។ 14 ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនដល់អ្នក ចូរឲ្យពរ កុំដាក់បណ្តាសាឡើយ។ 15 ចូរមានអំណរជាមួយអស់អ្នកដែលមានអំណរ ចូរយំជាមួយអស់អ្នកដែលយំ ចូរមានគំនិតតែមួយចំពោះគ្នាទៅវិញទៅមក។ 16 កុំគិតក្នុងបែបមានអំនួតឡើយ ប៉ុន្តែ ចូរទទួលមនុស្សដែលទន់ទាប។ សូមកុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។ 17 កុំធ្វើអាក្រក់ ស្នងនឹងការអាក្រក់ឡើយ។ ចូរធ្វើល្អនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។ 18 ប្រសិនបើអាច វាអាស្រ័យលើអ្នកទេ ចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់។ 19 បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនអ្នកឡើយ ប៉ុន្តែ ចូរថ្វាយទៅព្រះជាម្ចាស់ ឲ្យព្រះអង្គបញ្ចេញសេចក្តីក្រោធវិញ។ ព្រោះមានសេចក្តីចែងទុកមកថា «ការសងសឹកស្រេចនៅលើយើង យើងនឹងសងសឹក» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 20 «ប៉ុន្តែ ប្រសិនបើ សត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគផង។ ប្រសិនបើ​ គាត់ស្រេក ចូរឲ្យទឹកទៅគាត់ផឹក។ ប្រសិនបើ អ្នកធ្វើដូច្នេះ ប្រៀបបីដូចជាអ្នកយកធ្យូងភ្លើងយ៉ាងច្រើនទៅដុតនៅលើក្បាលគាត់ដូច្នោះដែរ។ 21 កុំយកឈ្នះដោយធ្វើការអាក្រក់ឡើយ ប៉ុន្តែ ចូរយកឈ្នះការអាក្រក់ដោយការល្អវិញ។


ជំពូក 13

1 ចូរឲ្យគ្រប់ទាំងព្រលឹងបានស្តាប់បង្គាប់ដល់អ្នកដែលមានសិទ្ធិអំណាចជាងខ្លួន ព្រោះគ្មានសិទ្ធិអំណាចណាបានមក ក្រៅពីព្រះជាម្ចាស់ឡើយ។ សិទ្ធិអំណាចដែលមានគឺព្រះជាម្ចាស់ចាត់តាំងឲ្យមាន។ 2 ដូច្នេះហើយ អស់អ្នកណាដែលតទល់នឹងសិទ្ធិអំណាច អ្នកនោះប្រឆាំងជាមួយនឹងបទបញ្ជារបស់ព្រះជាម្ចាស់ហើយ។ ហើយអស់អ្នកដែលប្រឆាំងនឹងបទបញ្ជារបស់ព្រះជាម្ចាស់ អ្នកនោះនឹងទទួលការកាត់ទោសលើខ្លួនឯងហើយ។ 3 ដ្បិត អ្នកគ្រប់គ្រងគ្មានអ្វីធ្វើឲ្យអ្នកដែលប្រព្រឹត្តល្អភ័យខ្លាចនោះឡើយ ប៉ុន្តែមានតែមនុស្សដែលប្រព្រឹត្តអាក្រក់ទេតើដែលភ័យខ្លាចពួកអាជ្ញាធរនោះ។ តើអ្នកចង់ក្លាយជាម្នាក់ដែលមិនខ្លាចពួកគេមែនទេ? ចូរធ្វើអ្វីដែលល្អទៅ! នោះពួកគេនឹងទទួលស្គាល់អ្នក។ 4 ព្រោះពួកគេក៏ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ធ្វើការដើម្បីឲ្យអ្នកបានល្អដែរ។ ប៉ុន្តែ ប្រសិនបើ អ្នកធ្វើអ្វីដែលអាក្រក់ ចូរភ័យខ្លាច ព្រោះអ្នកគ្រប់គ្រងកាន់ដាវមិនមែនកាន់ដោយឥតហេតុផលឡើយ។ ព្រោះពួកគេគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាអ្នកបញ្ចេញកំហឹងសងសឹកដល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់។ 5 ដូច្នេះ អ្នកត្រូវតែស្តាប់បង្គាប់ មិនមែនដោយសារតែកំហឹងប៉ុណ្ណឹងទេ ប៉ុន្តែ ដោយសារមនសិកាផងដែរ។ 6 ដោយហេតុនេះហើយ បានជាអ្នកត្រូវបង់ពន្ធដែរ។ ព្រោះពួកអាជ្ញាធរជាអ្នកបម្រើព្រះជាម្ចាស់ ដែលកំពុងទទួលខុសត្រូវលើការទាំងនេះ។ 7 ត្រូវបង់ដល់អស់អ្នកដែលអ្នកជំពាក់ពួកគេ ចូរបង់ពន្ធទៅអ្នកដែលយកពន្ធ ត្រូវបង់ថ្លៃចំពោះអ្នកដែលត្រូវបង់ថ្លៃ ខ្លាចអ្នកណាដែលគួរខ្លាច គោរពអ្នកណាដែលគួរគោរព។ 8 សូមកុំជំពាក់អ្វីអ្នកណាឡើយ ផ្ទុយទៅវិញត្រូវអោយស្រឡាញ់ដល់គ្នាទៅវិញទៅមក។ ព្រោះអស់អ្នកណាដែលស្រឡាញ់អ្នកជិតខាងរបស់ខ្លួនបានធ្វើតាមក្រឹត្យវិន័យរបស់ព្រះហើយ។ 9 បទបញ្ជារបស់ព្រះអង្គគឺ «កុំប្រព្រឹត្តអំពើផិតក្បត់ឡើយ កុំសម្លាប់ កុំលួច កុំលោភលន់»។ ហើយបទបញ្ជាផ្សេងៗទៀតក៏បង្គាប់ផងដែរ ហើយបានសរុបនៅក្នុងប្រយោគនេះ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ 10 សេចក្តីស្រឡាញ់មិនធ្វើទុក្ខដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់គឺជាការធ្វើឲ្យក្រឹត្យវិន័យបានសម្រេច។ 11 ដោយហេតុនេះហើយ អ្នកដឹងពេលវេលាហើយ ថានេះគឺជាពេលសម្រាប់អ្នកក្នុងការភ្ញាក់ពីគេងហើយ។ ដ្បិត ឥឡូវនេះ សេចក្តីសង្គ្រោះនៅជិតជាងនៅពេលយើងបានជឿតាំងពីមុន។ 12 ពេលយប់បានចប់ហើយ ហើយថ្ងៃក៏បានចូលមកជិតដែរ។ ដូច្នេះ ចូរយើងបោះបង់កិច្ចការខាងសេចក្តីងងឹតចោល ហើយពាក់គ្រឿង​សស្ត្រា‌វុធនៃពន្លឺវិញ។ 13 ចូរយើងដើេរឲ្យបានត្រឹមត្រូវ ដូចនៅក្នុងពេលថ្ងៃដែរ មិនប្រមឹក ឬស៊ីផឹកឡូឡាឡើយ ហើយក៏មិនត្រូវដើរក្នុងផ្លូវប្រាស ចាកសីលធម៌ខាងផ្លូវភេទ ឬល្មោភកាម និងឈ្លោះប្រកែក ឬច្រណែនឡើយ។ 14 ប៉ុន្តែ ប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយកុំបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។


ជំពូក 14

1 ចូរទទួលអស់អ្នកដែលខ្សោយខាងជំនឿ ដោយគ្មានការជំនុំជម្រះអំពីគំនិតរបស់ពួកគេឡើយ។ 2 ម្នាក់មានជំនឿថា អាចបរិភោគអ្វីក៏បាន ហើយម្នាក់ទៀតដែលខ្សោយថាបរិភោគតែបន្លែទេ។ 3 នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​។ 4 តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​ 5 ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​។ 6 អ្នកណាដែលប្រតិបត្តិតាមថ្ងៃណា ចូរប្រតិបត្តិថ្ងៃនោះសម្រាប់ព្រះអម្ចាស់ចុះ ហើយអ្នកណាបរិភោគ ចូរបរិភោគសម្រាប់ព្រះជាម្ចាស់ចុះ ព្រោះអ្នកនោះបានអរគុណដល់ព្រះជាម្ចាស់ហើយ។ ហើយអស់អ្នកណាដែលមិនបរិភោគ ចូរចៀសវាងពីការបរិភោគនោះ សម្រាប់ព្រះជាម្ចាស់ ព្រោះអ្នកនោះក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ផងដែរ។ 7 ដ្បិត យើងម្នាក់ៗមិនបានរស់នៅសម្រាប់ខ្លួនឯងទេ ហើយក៏គ្មាននរណាស្លាប់សម្រាប់ខ្លួនឯងដែរ។ 8 ដ្បិត បើយើងរស់នៅ ​យើងរស់នៅសម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះជាម្ចាស់ដែរ។ ដូច្នេះ មិនថាយើងរស់ ឬក៏ស្លាប់ទេ យើងជាកម្មសិទិ្ធរបស់ព្រះអម្ចាស់។ 9 ដ្បិត ដោយព្រោះការនេះ ព្រះគ្រិស្តបានសុគត ហើយរស់ឡើងវិញ ដើម្បីឲ្យព្រះអង្គអាចធ្វើជាព្រះអម្ចាស់សម្រាប់អ្នកដែលស្លាប់ និងសម្រាប់អស់អ្នកដែលរស់ផង។ 10 ប៉ុន្តែ សម្រាប់អ្នកវិញ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នកយ៉ាងដូច្នេះ? ហើយហេតុអ្វីបានជាអ្នកបដិសេធបងប្អូនរបស់អ្នកយ៉ាងដូចម្តេច? 11 ដ្បិតយើងទាំងអស់គ្នានឹងឈរនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ដូចមានសេចក្តីចែងទុកមកថា «ក្នុងការដែលយើងរស់» ព្រះជាម្ចាស់មានបន្ទូល «គ្រប់ជង្គង់នឹងលុតចុះចំពោះយើង ហើយគ្រប់ទាំងអណ្តាតនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់»។ 12 ដូច្នេះ យើងម្នាក់ៗនឹងទទួលខុសត្រូវនៅចំពោះកិច្ចការខ្លួនឯងនៅចំពោះព្រះជាម្ចាស់។ 13 ដូច្នេះហើយ សូមយើងកុំថ្កោលទោសដល់គ្នាទៅវិញទៅមកឡើយ ផ្ទុយទៅវិញ ចូរធ្វើដូច្នេះវិញ សូមកុំធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល ឬធ្វើជាអន្ទាក់ដល់បងប្អូនរបស់ខ្លួនឡើយ។ 14 ខ្ញុំដឹង ហើយខ្ញុំមានការជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមិនស្អាតដោយឯកឯងទេ។ មិនស្អាតគឺដោយសារមនុស្សគិតថាការនោះមិនស្អាតទេ ហើយសម្រាប់គាត់គឺមិនស្អាត។ 15 ប្រសិនបើ អ្នកធ្វើឲ្យបងប្អូនរបស់អ្នកឈឺចាប់ដោយសារតែអាហារ អ្នកលែងដើរនៅក្នុងសេចក្តីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញបងប្អូនរបស់អ្នកដោយសារតែអាហាររបស់អ្នកឡើយ ព្រោះព្រះគ្រិស្តបានសុគតសម្រាប់អ្នកនោះហើយ។ 16 ដូច្នេះ សូមកុំអនុញ្ញាតឲ្យអ្វីដែលអ្នកគិតថាល្អ ហើយបែរជាគេនិយាយអាក្រក់វិញឡើយ។ 17 ដ្បិត នរគរបស់ព្រះជាម្ចាស់មិនមែនជារឿងអាហារ និងផឹកឡើយ ប៉ុន្តែ គឺជារឿងសេចក្តីសុចរិត សេចក្តីសុខសាន្ត និងសេចក្តីអំណរនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ 18 ដ្បិត អស់អ្នកណាដែលបម្រើព្រះគ្រិស្តបែបនេះ គឺអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់ ហើយមនុស្សក៏ទទួលស្គាល់ដែរ។ 19 ដូច្នេះ ចូរយើងដេញតាមអ្វីៗដែលមេត្រីភាព និងអ្វីៗដែលកសាងគ្នាទៅវិញទៅមក។ 20 សូមកុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយព្រោះអាហារឡើយ។ អាហារស្អាតទាំងអស់ ប៉ុន្តែ មិនស្អាតនៅពេលដែលមនុស្សដែលបរិភោគ ហើយធ្វើឲ្យបងប្អូនរវាតចិត្តវិញ។ 21 គឺជាការល្អ ប្រសិនបើមិនបរិភោគសាច់ ឬ ផឹកស្រា ឬបរិភោគអ្វីផ្សេងទៀត ដោយហេតុចង់ធ្វើឲ្យបងប្អូនរវាតចិត្តឡើយ។ 22 ជំនឿដែលអ្នកមាន ចូររក្សាវារវាងខ្លួនអ្នក និងព្រះជាម្ចាស់។ មានពរហើយអស់អ្នកណាដែលមិនថ្កោលទោសខ្លួនឯងដោយសារអ្វីដែលខ្លួនឯងគិតថាល្អឡើយ។ 23 អស់អ្នកណាដែលសង្ស័យនឹងត្រូវទោស ប្រសិនបើ វាមិនកើតចេញពីជំនឿ។ ហើយអ្វីក្តីដែលមិនមែនកើតចេញពីជំនឿគឺជាអំពើបាបទាំងអស់។


ជំពូក 15

1 ឥឡូវនេះ យើងមានកម្លាំងគួរតែទ្រាំទ្រសេចក្តីកម្សោយរបស់អ្នកខ្សោយ ហើយមិនគួរធ្វើតាមតែចិត្តរបស់ខ្លួនឯងឡើយ។ 2 ចូរឲ្យយើងម្នាក់ៗផ្គាប់ចិត្តអ្នកជិតខាង ព្រោះការនោះគឺជាការល្អ ដើម្បីឲ្យយើងអាចស្អាងពួកគេឡើង។ 3 ដ្បិត សូម្បីតែព្រះគ្រិស្ត មិនបានធ្វើតាមព្រះទ័យរបស់ព្រះអង្គដែរ។​ ផ្ទុយទៅវិញ ព្រះអង្គបានធ្វើដូចជាសេចក្តីដែលបានចែងទុកមកថា «ពាក្យប្រមាថរបស់អស់អ្នកដែលប្រមាថព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។ 4 ដ្បិត អ្វីក្តីដែលបានចែងពីមុន គឺបានចែងឡើង ដើម្បីណែនាំយើង តាមរយៈភាពអត់ធ្មត់ និងតាមរយៈការលើកទឹកចិត្តរបស់បទគម្ពីរ ធ្វើឲ្យយើងមានទំនុកចិត្ត។ 5 ឥឡូវនេះ សូមព្រះនៃេសចក្តីអត់ធ្មត់ និងការលើកទឹកចិត្តប្រទានដល់អ្នក ឲ្យមានចិត្តគំនិតតែមួយជាមួយគ្នាទៅវិញទៅមក ស្របតាមព្រះគ្រិស្តយេស៊ូ។ 6 សូមឲ្យព្រះអង្គធ្វើការនេះ ដើម្បីការមានចិត្តគំនិតតែមួយ អ្នកអាចសរសើរចេញពីសម្លេងតែមួយដល់ព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ 7 ដូច្នេះហើយ ចូរទទួលគ្នាទៅវិញទៅមក ដូចព្រះគ្រិស្តបានទទួលអ្នកដែរ ដើម្បីសរសើរតម្កើងដល់ព្រះជាម្ចាស់។ 8 ខ្ញុំសូមជម្រាប់ថា ព្រះគ្រិស្តបានត្រឡប់ទៅជាអ្នកបម្រើនៃពួកអ្នកកាត់ស្បែកជាតំណាងឲ្យសេចក្តីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់ពីសេចក្តីសន្យាដែលបានប្រទានដល់ដូនតារបស់ពួកគេ 9 ហើយដើម្បីឲ្យសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះសម្រាប់សេចក្តីមេតា្តរបស់ព្រះអង្គ។ ដូចមានសេចក្តីចែងទុកមកថា «ដូច្នេះ ទូលបង្គំនឹងថ្វាយការសរសើរដល់ព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរដល់ព្រះនាមរបស់ព្រះអង្គ»។ 10 ហើយក៏មានសេចក្តីចែងទុកទៀតថា «ឱសាសន៍ដទៃអើយ ចូរមានអំណរជាមួយនឹងរាស្រ្តរបស់ព្រះអង្គចុះ!»។ 11 ហើយចែងទៀតថា «ចូរសរសើរដល់ព្រះអម្ចាស់ ឱសាសន៍ដទៃអើយ ចូរឲ្យមនុស្សគ្រប់គ្នាសរសើរព្រះអង្គ!»។ 12 លោកអេសាយមានប្រសាសន៍ម្ដងទៀតថា «នឹងមានឫសរបស់លោក​អ៊ីសាយ​ ហើយនឹងមានម្នាក់ងើបឡើងដើម្បីគ្រប់គ្រងលើសាសន៍ដទៃ។ សាសន៍ដទៃនឹងមានទំនុកចិត្តលើព្រះអង្គ»។ 13 ឥឡូវនេះ សូមឲ្យព្រះជាម្ចាស់នៃទំនុកចិត្ត បំពេញអ្នកជាមួយនឹងអំណរ និងសេចក្តីសុខសាន្តសម្រាប់ការជឿ ដើម្បីឲ្យអ្នកអាចមានទំនុកចិត្តជាបរិបូរណ៌ ដោយអំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ 14 បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ក៏មានទំនុកចិត្តលើបងប្អូនដែរ។ ខ្ញុំបានជឿជាក់លើបងប្អូន ថាបងប្អូនបានពេញដោយសេចក្តីល្អ បានពេញដោយចំណេះដឹងគ្រប់យ៉ាង។ ខ្ញុំជឿជាក់ថា អ្នកក៏អាចដាស់តឿនដល់អ្នកទៅវិញទៅមកផងដែរ។ 15 ប៉ុន្តែ ខ្ញុំសរសេរមកកាន់បងប្អូនដោយសេចក្តីក្លាហានអំពីការមួយចំនួន ដើម្បីរំលឹកបងប្អូនម្តងទៀត ដោយសារតែអំណោយទានដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ។ 16 អំណោយនោះគឺថា ខ្ញុំអាចធ្វើជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ ដែលបានចាត់ទៅកាន់សាសន៍ដទៃ ដើម្បីធ្វើជាបូជាចារ្យនៃដំណឹងល្អរបស់ព្រះជាម្ចាស់។ ខ្ញុំអាចធ្វើការនេះ ដើម្បីឲ្យការថ្វាយយញ្ញបូជារបស់សាសន៍ដទៃអាចទទួលយកបាន បានបរិសុទ្ធដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ 17 ដូច្នេះ សេចក្តីអំណររបស់ខ្ញុំគឺនៅក្នុងព្រះគ្រិស្តយេស៊ូ ហើយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ 18 ដ្បិត ខ្ញុំនឹងមិនហ៊ាននិយាយពីអ្វីទាំងអស់ លើកលែងតែអ្វីដែលព្រះគ្រិស្តបានធ្វើតាមរយៈខ្ញុំ ដោយព្រោះការស្តាប់បង្គាប់របស់សាសន៍ដទៃ។ មានការជាច្រើនបានសម្រេច ដោយសារសំដៅ និងការប្រព្រឹត្ត។ 19 ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរ​បស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ការនេះអាចកើតឡើងដូច្នេះ ដើម្បីឲ្យខ្ញុំអាចនាំដំណឹងល្អរបស់ព្រះគ្រិស្តពីក្រុងយេរ៉ូសាឡិមរហូតដល់ក្រុង​អ៊ីលី‌រីកុន​។ 20 បំណងចិត្តរបស់ខ្ញុំ គឺចង់ប្រកាសដំណឹងល្អបែបនេះឯង ប៉ុន្តែ មិនមែនកន្លែងដែលគេស្គាល់ព្រះនាមព្រះគ្រិស្តរួចហើយនោះទេ ដើម្បីកំុឲ្យខ្ញុំបានសង់នៅលើគ្រឹះរបស់អ្នកផ្សេងឡើយ។ 21 ដូចមានសេចក្តីចែងទុកមកថា «អស់អ្នកដែលមិនបានឮពីព្រះអង្គនឹងបានឃើញព្រះអង្គ ហើយអស់អ្នកណាដែលមិនធ្លាប់បានឮ នឹងបានយល់»។ 22 ដូច្នេះហើយ បានជាមានការរារាំងខ្ញុំជាច្រើនដង ក្នុងការមកឯបងប្អូន។ 23 ប៉ុន្តែ ឥឡូវនេះ ខ្ញុំលែងមានកន្លែងនៅក្នុងតំបន់ទាំងនោះទៀតទេ ហើយខ្ញុំក៏ប្រាថ្នាជាច្រើនឆ្នាំហើយ ក្នុងការទៅរកអ្នករាល់គ្នា។ 24 ​ដូច្នេះ នៅពេលណា ខ្ញុំបានទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមថាបានទៅជួបអ្នករាល់គ្នាតាមផ្លូវដែលខ្ញុំឆ្លងកាត់នោះ ហើយបងប្អូនក៏មានចំណែកក្នុងការចាត់ខ្ញុំឲ្យទៅដែរ បន្ទាប់ពីខ្ញុំបាននៅជាមួយបងប្អូនមួយរយៈ 25 ប៉ុន្តែ ឥឡូវនេះ ខ្ញុំនឹងទៅក្រុងយេរ៉ូសាឡឹម ដើម្បីបម្រើបងប្អូននៅទីនោះ។ 26 ដ្បិត​ សេចក្តីអំណររបស់បងប្អូននៅស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​បានរួមចំណែកជួយដល់អ្នកក្រនៅក្នុងចំណោមអ្នកជឿដែលនៅក្នុងក្រុងយេរ៉ូសាឡិម។ 27 មែនហើយ ការរួមចំណែកជួយនេះពិតជាមានអំណរមែន ហើយពិតណាស់ ពួកគេគឺជាអ្នកជំពាក់អ្នកទាំងនោះ។ ដ្បិត ប្រសិនបើ សាសន៍ដទៃមានចំណែកនៅក្នុងកិច្ចការខាងវិញ្ញាណជាមួយពួកគេ ពួកគេជំពាក់ដល់ពួកគេមែន ថែមទាំងត្រូវបម្រើពួកគេដោយសម្ភារៈផ្សេងៗផងដែរ។ 28 ដូច្នេះ នៅពេលខ្ញុំបានបំពេញភារកិច្ចនេះ ហើយប្រាកដថាពួកគេបានទទួលអ្វីដែលបានប្រមូលហើយ ខ្ញុំនឹងទៅអេស្ប៉ាញ ហើយនិងទៅជួបបងប្អូននៅតាមផ្លូវ។ 29 ខ្ញុំដឹងថា នៅពេលដែលខ្ញុំទៅជួបបងប្អូន ខ្ញុំនឹងទៅក្នុងព្រះពរដ៏បរិបូរថណ៌នៅក្នុងព្រះគ្រិស្ត។ 30 ឥឡូវនេះ បងប្អូនអើយ ខ្ញុំដាស់តឿនដល់អ្នករាល់គ្នា នៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា​ ចូរខំព្យាយាមអធិស្ឋានជាមួយខ្ញុំនៅក្នុងសេចក្តីអធិស្ឋានបស់អ្នករាល់គ្នាដល់ព្រះសម្រាប់ខ្ញុំ។ 31 សូមអធិស្ឋាន ឲ្យខ្ញុំបានសង្គ្រោះពីអស់អ្នកដែលមិនស្តាប់បង្គាប់នៅក្នុងយូដា និងកិច្ចការបម្រើរបស់ខ្ញុំសម្រាប់បងប្អូននៅក្នុងក្រុងយេរ៉ូសាឡិម ឲ្យអាចទទួលយកបាននៅក្នុងចំណោមបងប្អូនអ្នកជឿនៅទីនោះ។ 32 សូមអធិស្ឋានឲ្យខ្ញុំអាចមកជួបបងប្អូនដោយអំណរ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានសូមឲ្យខ្ញុំអាចមកជួប ហើយសម្រាកជាមួយបងប្អូន។ 33 សូមព្រះនៃសេចក្តីសុខសាន្តគង់នៅជាមួយអ្នករាល់គ្នា។ អាមែន។


ជំពូក 16

1 ខ្ញុំសូមសរសើរដល់អ្នករាល់គ្នា ​និងប្អូនស្រីភីបេ ដែលជាអ្នកបម្រើម្នាក់នៃក្រុុមជំនុំនៅក្រុង​កេង‌គ្រា 2 ដើម្បីឲ្យបងប្អូនបានទទួលនាងនៅក្នុងព្រះអម្ចាស់។ សូមធ្វើការនេះ ដើម្បីឲ្យស័ក្តិសមជាអ្នកជឿ ហើយសូមជួយនាងនូវអ្វីដែលនាងត្រូវការជំនួយពីអ្នក។ ព្រោះនាងខ្លួនឯងបានជាជួយដល់កិច្ចការជាច្រើន ហើយបានជួយដល់ខ្ញុំផងដែរ។ 3 សូមសួរសុខទុក្ខទៅនាង​ព្រីស៊ីល និង​លោក​អគី‌ឡាផង ពួកគាត់គឺជាបងប្អូនរួមការងារជាមួយខ្ញុំនៅក្នុងព្រះគ្រិស្តយេស៊ូ 4 ពួកគេបានប្រថុយជីវិតរបស់ពួកគេសម្រាប់ជីវិតខ្ញុំ។ ខ្ញុំអរគុណដល់ពួកគេ ហើយមិនគ្រាន់តែខ្ញុំទេ ប៉ុន្តែ រូមទាំងក្រុមជំនុំរបស់សាសន៍ដទៃទាំងអស់ផងដែរ។ 5 សូមសួរសុខទុក្ខដល់ក្រុមជំនុំដែលនៅផ្ទះរបស់ពួកគេដែរ។ សូមសួរសុខទុក្ខដល់លោកអេប៉ៃ‌ណែតជាទីស្រឡាញ់របស់ខ្ញុំផង គាត់គឺជាផលដំបូងរបស់អាស៊ីថ្វាយដល់ព្រះគ្រិស្ត។ 6 សូមសួរសុខទុក្ខដល់នាងម៉ារី ដែលខំប្រឹងធ្វើការយ៉ាងខ្លាំងសម្រាប់អ្នករាល់គ្នា។ 7 សូមសួរសុខទុក្ខដល់រ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស ជាញាតិសណ្ដានរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំដែរ។ ពួកគេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមពួកសាវក ដែលបាននៅក្នុងព្រះគ្រិស្តមុនខ្ញុំ។ 8 សូមសួរសុខទុក្ខដល់លោក​អាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះអម្ចាស់ផង។ 9 សូមសួរសុខទុក្ខដល់លោក​អ៊ើបាន់ ជាអ្នករួមការងារជាមួយយើងនៅក្នុងព្រះគ្រិស្ត និងលោក​ស័តា‌ឃីសជាទីស្រឡាញ់ផង។ 10 សូមសួរសុខទុក្ខដល់​លោក​អពេ‌លេស ដែលបានជឿជាក់នៅក្នុងព្រះគ្រិស្ត។ សូមសួរសុខទុក្ខដល់បងប្អូនដែលនៅក្នុងក្រុមគ្រួសាររបស់​លោក​អើរិស្ដូ‌ប៊ូលផង។ 11 សូមសួរសុខទុក្ខដល់លោក​ហេរ៉ូ‌ឌាន​ជា​ញាតិ​សណ្ដានរបស់​ខ្ញុំ។ សូមសួរសុខទុក្ខដល់បងប្អូនដែលនៅក្នុងគ្រួសារលោក​ណើគីស ដែលនៅក្នុងព្រះអម្ចាស់។ 12 សូមសួរសុខទុក្ខដល់នាង​ទ្រី‌ភែន និង​នាង​ទ្រី‌ផូស ដែលធ្វើការយ៉ាងខ្លាំងនៅក្នុងព្រះអម្ចាស់។ សូមសួរសុខទុកដល់នាងពើស៊ីស​ជាទីស្រឡាញ់ផង នាងខំប្រឹងធ្វើការយ៉ាងខ្លាំងនៅក្នុងព្រះអម្ចាស់។ 13 សូមសួរសុខទុក្ខដល់លោក​រូភូស ដែលបានជ្រើសរសើនៅក្នុងព្រះអម្ចាស់ និងដល់ម្តាយរបស់គាត់ និងម្ដាយរបស់ខ្ញុំដែរ។ 14 សូមសួរសុខទុក្ខដល់លោក​អស៊ីង‌គ្រីត លោក​ផ្លេគូន លោក​ហ៊ើម៉ាស លោក​ប៉ាត្រូ‌បាស លោក​ហ៊ើមេស និង​បងប្អូន​ដែល​នៅ​ជា​មួយ​គេ។ 15 សូមសួរសុខទុក្ខដល់​លោក​ភីឡូ‌ឡូក នាង​យូលាស លោក​នេ‌រើស និងប្អូនស្រីរបស់គាត់ ព្រមទាំងលោក​អូលីម‌ប៉ាស បុងបងប្អូនអ្នកជឿទាំងអស់ដែលនៅជាមួយពួកគេ។ 16 សូម​បង​ប្អូន​ជំរាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធស្នាល​ផង​។ ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ សូម​ជំរាប​សួរ​មក​បង​ប្អូន។ 17 ឥឡូវនេះ ខ្ញុំសូមដាស់តឿនដល់អ្នករាល់គ្នា បងប្អូនអើយ សូមគិតពីអ្នកដែលធ្វើឲ្យបងប្អូនបាក់បែក និងមានការរវាតចិត្ត។ ពួកគេបានធ្វើហួសពីសេចក្តីបង្រៀនដែលបងប្អូនបានរៀនហើយ។ ចូរបែរចេញឲ្យឆ្ងាយពីពួកគេ។ 18 ព្រោះមនុស្សបែបនេះ ពួកគេមិនបានបម្រើព្រះអម្ចាស់នៃយើងគឺព្រះគ្រិស្តទេ ប៉ុន្តែ សម្រាប់ក្រពះរបស់ពួកគេវិញ។ ពួកគេបោកប្រាសដួងចិត្តរបស់មនុស្សទៀងត្រង់ តាមរយៈសំដីស្រទន់ និងពាក្យបញ្ជាររបស់ពួកគេ។ 19 ដ្បិត គំរូនៃការស្តាប់បង្គាប់របស់បងប្អូនបានទៅលើមនុស្សគ្រប់គ្នាហើយ។ ដូច្នេះហើយបានជាខ្ញុំមានអំណរចំពោះបងប្អូន ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញា ចំពោះអ្វីដែលល្អ និងល្ងង់ចំពោះអ្វីដែលអាក្រក់វិញ។ 20 ព្រះនៃសេចក្តីសុខសាន្តនឹងជាន់ក្បាលសាតាំងនៅក្រោមជើងរបស់អ្នក។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងនៅជាមួយអ្នករាល់គ្នា។ 21 លោកធីម៉ូថេ អ្នករួមការងារជាមួយខ្ញុំ ផ្តាំសួរសុខទុក្ខដល់បងប្អូន និងលោក​លូគាស លោក​យ៉ាសូន និង​លោក​សូសិ‌ប៉ាត្រុស ដែល​ជា​ញាតិ​សណ្ដានរបស់​ខ្ញុំផងដែរ។ 22 ខ្ញុំ ទើ‌ទាស ជាអ្នកសរសេរសំបុត្រនេះ សូមផ្តាំសួរសុខទុក្ខដល់បងប្អូននៅក្នុងព្រះអម្ចាស់ផងដែរ។ 23 លោក​កៃយុស បានទទួលខ្ញុំ​ និងក្រុមជំនុំទាំងមូលផ្តាំសួរសុខទុក្ខបងប្អូន។ លោក​អេរ៉ា‌ស្ទុស ជាហិរញ្ញិករបស់ក្រុង សូមផ្តាំសួរសុខទុក្ខមកបងប្អូនជាមួយនឹងបងប្រុសរបស់លោក​ក្លើតុសដែរ។ 24 សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ អាម៉ែន។ 25 ឥឡូវនេះ សូមថ្វាយសិរីល្អដល់ព្រះដែលធ្វើឲ្យអ្នកអាចឈរស្របតាមដំណឹងល្អរបស់ខ្ញុំ និងការប្រកាសរបស់ខ្ញុំអំពីព្រះយេស៊ូគ្រិស្តស្របតាម ការបើកសម្តែងនៃអាថ៌កំបាំងដេលបានលាក់តាំងពីយូរយារណាស់មកហើយ 26 ប៉ុន្តែ ឥឡូវនេះ បានបើកសម្តែងហើយ ដោយតាមរយៈសេចក្តីទំនាយដែលបានសរសេរបានធ្វើឲ្យប្រជាជាតិទាំងអស់បានដឹង ស្របតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ដ៏នូវអស់កល្ប ដើម្បីឲ្យពួកគេបានស្តាប់បង្គាប់ដោយជំនឿ។ 27 សូមថ្វាយព្រះជាម្ចាស់ដែលមានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីល្អ តាមរយៈព្រះយេស៊ូគ្រិស្ត អស់កល្បជានិច្ច។ អាមែន។


Book: 1 Corinthians

1 Corinthians

ជំពូក 1

1 ខ្ញុំ​ ប៉ូលជាអ្នកដែលព្រះយេស៊ូបានត្រាស់ហៅឲ្យធ្វើជាសាវ័ក តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង​លោក​សូស្ដែន ជាបងប្អួនរបស់យើង 2 ជូនចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស និងអស់អ្នកដែលបានប្រោសជាវិសុទ្ធនៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលបានទទួលការត្រាស់ហៅឲ្យក្លាយជាប្រជាជនដ៏វិសុទ្ធ។ ពួកយើងក៏សូមផ្ញើសំបុត្រនេះទៅកាន់អស់អ្នក ដែលទូលអង្វររកព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្តនៅគ្រប់ទីកន្លែង ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ 3 សូមឲ្យព្រះគុណ និងសេចក្តីសុខសាន្តបានដល់បងប្អូន ពីព្រះជាម្ចាស់បិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 4 ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំដើម្បីបងប្អូនជានិច្ច ដោយព្រោះតែព្រះគុណនៃព្រះជាម្ចាស់ ដែលព្រះគ្រិស្តយេស៊ូបានផ្តល់ឲ្យបងប្អូន។ 5 ព្រះអង្គបានធ្វើឲ្យបងប្អូនចម្រើនឡើងគ្រប់ទាំងផ្លូវ ទាំងពាក្យសម្តី និងការចេះដឹង 6 ដូចជាទីបន្ទាល់អំពីព្រះគ្រិស្តដែលបានបញ្ជាក់ពីសេចក្តីពិត នៅក្នុងចំណោមបងប្អូនដែរ។ 7 ដូច្នេះហើយ បងប្អូនមិនខ្វះអំណោយទានខាងឯវិញ្ញាណណាមួយឡើយ ដូចជាអ្វីដែលបងប្អូនចង់បាន និងរង់ចាំការបើកសម្តែងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងឡើយ។ 8 ព្រះអង្គនឹងចម្រើនកម្លាំងដល់បងប្អូនដើម្បីឲ្យដល់ទីបំផុត ដូច្នេះ បងប្អូននឹងរកកន្លែងបន្ទោសគ្មាន នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូគ្រិស្ត។ 9 ព្រះជាម្ចាស់ស្មោះត្រង់ ដែលបានត្រាស់ហៅបងប្អូនចូលមកប្រកបរួមជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ 10 ឥឡូវនេះ បងប្អូនអើយខ្ញុំសូមទូន្មានអ្នករាល់គ្នា តាមរយៈព្រះនាមនៃព្រះអម្ចាស់យេស៊ូគ្រិស្ត ចូលឲ្យអ្នកព្រមព្រៀងគ្នា​ ហើយក៏កុំឲ្យមានការបាក់បែកនៅក្នុងចំណោមបងប្អូនដែរ។ ត្រូវរួបរួមគ្នានិងមានគំនិតតែមួយ ព្រមទាំងមានគោលដៅតែមួយផង។ 11 បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន។ 12 ខ្ញុំនិយាយដូច្នេះ ដោយព្រោះ បងប្អូនម្នាក់ៗបាននិយាយថា៖ «ខ្ញុំនៅខាងលោកប៉ូល» ឬ «ខ្ញុំនៅជាមួយលោកអប៉ូ‌ឡូស» ឬ «ខ្ញុំនៅជាមួយលោកកេផាស» ឬ «ខ្ញុំនៅជាមួយព្រះគ្រិស្ត»។ 13 តើ​ព្រះ‌គ្រិស្ដបាន​បែង​ចែកទេ? តើប៉ូលបានជាប់ឆ្កាងសម្រាប់អ្នកមែនទេ? តើអ្នករាល់គ្នាទទួលពិធីជ្រមុជទឹកនៅក្នុងឈ្មោះរបស់ប៉ូលមែនទេ? 14 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែលខ្ញុំ​មិនបាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នកម្នាក់នៅក្នុងចំណោមបងប្អូនឡើយ លើក‌លែង​តែ​លោកគ្រីស‌ប៉ុស និងលោក​​កៃយុស​ប៉ុណ្ណោះ។ 15 បើដូច្នេះ គឺគ្មានអ្នកណាអាចនិយាយថា អ្នកត្រូវបានជ្រមុជទឹកដោយឈ្មោះខ្ញុំឡើយ។ 16 (ខ្ញុំក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ។ ក្រៅពីនេះ ខ្ញុំមិនដឹងថា តើខ្ញុំបានជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។ 17 ដ្បិត ព្រះគ្រិស្តមិនបានចាត់ខ្ញុំមក ដើម្បីធ្វើពិធីជ្រមុជទឹកនោះទេ ប៉ុន្តែ ចាត់ខ្ញុំមកប្រកាសដំណឹងល្អវិញ។ ព្រះអង្គមិនបានចាត់ខ្ញុំឲ្យមកដើម្បីប្រកាសដោយប្រើពាក្យ និងប្រាជ្ញារបស់មនុស្សឡើយ បើដូច្នេះមែន ឈើឆ្កាងនៃព្រះគ្រិស្ត​នឹងទៅ​ជា​អស់​ន័យហើយ។ 18 ដ្បិត ព្រះបន្ទូលអំពីឈើឆ្កាងគឺលីលា​ សម្រាប់អ្នកដែលកំពុងតែស្លាប់។ ប៉ុន្តែ ក្នុងចំណោមអ្នកដែលបានសង្រ្គោះ គឺជាឬទ្ធានុភាពរបស់ព្រះជាម្ចាស់វិញ។ 19 ដ្បិតមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញ។ ​ខ្ញុំក៏នឹងធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»។ 20 តើអ្នកប្រាជ្ញនៅឯណា? តើអ្នកមានវិជ្ជាជ្រៅជ្រះនៅឯណា? តើអ្នកតទល់សម្តីក្នុងលោកនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញានៃលោកីយ៍​នេះទៅ​ជា​លីលា​វិញទេឬអី? 21 តាមរយៈប្រាជ្ញារបស់លោកីយ៍ មិនអាចស្គាល់ព្រះជាម្ចាស់បានទេ ប៉ុន្តែ​ ព្រះអង្គសព្វព្រះហឫទ័យជាពាក្យលីលានៃការប្រកាសដំណឹងល្អនេះវិញ ដើម្បីសង្រ្គោះដល់អ្នកណាដែលជឿវិញ។ 22 ដ្បិត សាសន៍យូដា ចង់តែឃើញទីសម្គាល់ និងការអស្ចារ្យទេ ហើយសាសន៍ក្រិកចង់ស្វែងរកប្រាជ្ញា។ 23 ប៉ុន្តែ ពួកយើងវិញ ប្រកាសអំពីព្រះគ្រិស្តសុគតនៅលើឈើឆ្កាង ធ្វើឲ្យសាសន៍យូដារវាតចិត្ត ហើយសាសន៍ក្រិកថាជាភាពលីលាទៅវិញ។ 24 ប៉ុន្តែ សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទោះជាសាសន៍យូដា ឬក្រិកក្តី គឺយើងប្រកាសពីព្រះគ្រិស្តជាឫទ្ធា‌នុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ 25 ដ្បិត ភាពលីលារបស់ព្រះគឺជាប្រាជ្ញារបស់មនុស្ស ហើយភាពខ្សោយនៃព្រះជាម្ចាស់ ខ្លាំងជាងកម្លាំងមនុស្សទៅទៀត។ 26 បងប្អូនអើយ សូមមើលពីការត្រាស់ហៅរបស់អ្នក។ ក្នុងចំណោមបងប្អូន មិនសូវមានអ្នកមានប្រាជ្ញាកម្រិតខ្ពង់ខ្ពស់ក្នុងលោកនេះទេ។ ក៏មិនសូវមានបងប្អូនមានតួនាទីធំដែរ។ គ្មាន​អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមាន​ត្រកូល​ខ្ពស់​ផង។ 27 ប៉ុន្តែ ព្រះអង្គជ្រើសរើសការលីលានៅក្នុងលោក សម្រាប់ឲ្យអ្នកប្រាជ្ញខ្មាស។ ព្រះជាម្ចាស់ជ្រើសរើសអ្វីដែលខ្សោយក្នុងលោក ដើម្បីឲ្យអ្នកខ្លាំងពូកែត្រូវខ្មាសដែរ។ 28 ព្រះជាម្ចាស់បានជ្រើសរើសអ្វីដែលតូចតាច និងអ្វីដែលគេស្អប់ខ្ពើមនៅក្នុងលោកីយ៍នេះ។ ព្រះអង្គក៏ជ្រើសរើស សូម្បីរបស់ដែលគេគិតថាគ្មានតម្លៃ ដើម្បីនាំការនោះឲ្យរាប់ជាមានតម្លៃបំផុតវិញ។ 29 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីកុំឲ្យអ្នកណាមានអំនួតនៅចំពោះព្រះអង្គឡើយ។ 30 ដោយសារអ្វីៗដែលព្រះអង្គបានធ្វើ ពេលនេះអ្នករាល់គ្នាបាននៅក្នុងព្រះគ្រិស្តយេស៊ូ ជាអ្នកដែលនាំប្រាជ្ញាមកដល់យើងពីព្រះជាម្ចាស់។ ព្រះយេស៊ូបានត្រឡប់ទៅជាសេចក្តីសុចរិត និងបានវិសុទ្ធ ព្រមទាំងការលោះបាបរបស់យើងផងដែរ។ 31 ជាលទ្ធផល ដូចដែលបទគម្ពីរបានចែងថា៖ «សូមឲ្យអ្នកដែលមានអំនួត ចូរអួតតែពីព្រះអម្ចាស់បានហើយ»។


ជំពូក 2

1 បងប្អូនអើយ ពេលដែលខ្ញុំមកជួបបងប្អូន ខ្ញុំមិនបានមកជាមួយ និងពាក្យដែលពេញដោយវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីសេចក្តីដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ឡើយ។ 2 ដ្បិត ខ្ញុំបានកំណត់ថាមិនចេះអ្វីទេ ក្នុងពេលនៅជាមួយបងប្អូន គឺនិយាយតែពីព្រះយេស៊ូគ្រិស្ត និងការសុគតនៅលើឈើឆ្កាងរបស់ព្រះអង្គ។ 3 ហើយខ្ញុំធ្លាប់នៅជាមួយបងប្អូនក្នុងការខ្សោយ ហើយក្នុងការភ័យខ្លាច និង​ញាប់​ញ័រ​យ៉ាង​ខ្លាំងផង។ 4 ហើយសារនិងការប្រកាសរបស់ខ្ញុំ មិនមែនដោយបញ្ចុះបញ្ចូលពេញដោយប្រាជ្ញានោះទេ។ ប៉ុន្តែ បានមកពីការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអំណាចរបស់ព្រះអង្គវិញ។ 5 ដូច្នេះហើយ ជំនឿរបស់បងប្អូនគឺមិនមែនបានពីប្រាជ្ញារបស់មបុស្សទេ ប៉ុន្តែ កើតមកពីអំណាចរបស់ព្រះជាម្ចាស់វិញ។ 6 ឥឡូវ យើងក៏និយាយពាក្យពេញដោយប្រាជ្ញាទៅចំពោះអ្នកពេញវ័យ ប៉ុន្តែ មិនមែនជាប្រាជ្ញារបស់លោកីយ៍ ឬ ប្រាជ្ញាអ្នកគ្រប់គ្រងនៃជំនាន់ និងប្រាជ្ញាអ្នកលាចាកលោកនេះទៅហើយនោះទេ។ 7 ផ្ទុយទៅវិញ យើងនិយាយពីប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក្នុងសេចក្តីអាថ៌កំបាំងនៃក្តីពិត ការអាថ៌កំបាំងនៃប្រាជ្ញា ដែលត្រៀមទុកតាំងតែពីមុនរហូតដល់ជំនាន់នេះ សម្រាប់ប្រទានសិរីរុងរឿងដល់យើង។ 8 គ្មានអ្នកគ្រប់គ្រងនៅជំនាន់នេះណាម្នាក់ អាចស្គាល់ពីប្រាជ្ញានេះឡើយ ដ្បិត បើពួកគេបានយល់នៅក្នុងពេលនោះ គេនឹងមិនឆ្កាងព្រះអម្ចាស់នៃសិរីល្អទេ។ 9 ប៉ុន្តែ ឲ្យដូចសេចក្តីបានចែងទុកមកថា៖ «ការដែលភ្នែកមិនអាចមើលឃើញ ត្រចៀកមិនអាចស្តាប់ឮ គ្មានគំនិតដែលគិតយល់ គឺជាការដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ»។ 10 ការទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់បានបើកសម្តែងដល់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ ដ្បិត ព្រះវិញ្ញាណដ៏វិសុទ្ធ ស្វែងរកគ្រប់អ្វីៗ ទោះបីជាការសីុជម្រៅរបស់ព្រះជាម្ចាស់ក្តី។ 11 ដ្បិត តើអ្នកដែលដឹងពីការគិតរបស់មនុស្សបាន? លើកលែងតែព្រះវិញ្ញាណនៅក្នុងអ្នកនោះប៉ុណ្ណោះ ដូច្នេះ​​​ គ្មានអ្នកណាអាចដឹងពីការសីុជម្រៅរបស់ព្រជាម្ចាស់ឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ 12 ប៉ុន្តែ ពួកយើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍នេះទេ ប៉ុន្តែ យើងបានទទួលព្រះវិញ្ញាណដែលមកអំពីព្រះជាម្ចាស់វិញ។ ដូច្នេះហើយ បានជាយើងអាចទទួលដឹងគ្រប់ការទាំងអស់ ដែលបើកសម្តែងតាមរយៈព្រះជាម្ចាស់។ 13 ពួកយើងនិយាយអំពីការនេះ ជាពាក្យដែលមិនមែនមកពីប្រាជ្ញារបស់មនុស្ស​ដែលបង្រៀនទេ ប៉ុន្តែ ព្រះវិញ្ញាណវិញទេតើ ដែលជាអ្នកបង្រៀនយើងវិញ។ ព្រះវិញ្ញាណបានបកបស្រាយសេចក្តីពាក្យខាងវិញ្ញាណជាមួយប្រាជ្ញាខាងឯវិញ្ញាណដែរ។ 14 អ្នកដែលមិនមែនជាមនុស្សខាងវិញ្ញាណមិនអាចទទួលការអ្វី ដែលជាកម្មសិទ្ធិរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ឡើយ ដ្បិត ពួកគេពិតជាលីលាចំពោះព្រះអង្គ ដ្បិតគេមិនអាចយល់ការទាំងនោះទេ ពីព្រោះគ្រប់ការទាំងអស់គឺព្រះវិញ្ញាណជាអ្នកបើកឲ្យយល់។ 15 ម្នាក់ដែលមានការវិនិច្ឆ័យដោយខាងឯព្រះវិញ្ញាណគ្រប់ការទាំងអស់ ប៉ុន្តែ គេមិនមានអំណាចដើម្បីវិនិច្ឆ័យអ្នកដទៃឡើយ។ 16 ដ្បិត តើអ្នកណាអាចយល់ពីព្រះតម្រិះរបស់ព្រះអម្ចាស់ ដែលគេអាចណែនាំព្រះអង្គបាន?» ប៉ុន្តែ យើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត។


ជំពូក 3

1 បងប្អូនអើយ ចំណែកខ្ញុំវិញ ខ្ញុំមិនអាចនិយាយទៅបងប្អូនដូចមនុស្សខាងឯវិញ្ញាណបានទេ ផ្ទុយទៅវិញខ្ញុំនិយាយមកកាន់បងប្អូនដូចជាមនុស្សធម្មតា ហើយដូចជាកូនក្មេងនៅក្នុងព្រះគ្រិស្តវិញ។ 2 ខ្ញុំបានឲ្យទឹកដោះដល់បងប្អូន មិនមែនអាហាររឹងទេ ដ្បិត អ្នករាល់គ្នាមិនទាន់រួចរាល់សម្រាប់អាហាររឹងនៅឡើយ ទោះបីជាមកដល់ពេលនេះក៏នៅតែមិនអាចទទួលបានដែរ។ 3 ដ្បិត បងប្អូននៅក្នុងសាច់ឈាមលោកីយ៍។ កាលណានៅ​តែ​មាន​ការ​ច្រណែន​ទាស់‌ទែង​គ្នាកើតឡើងក្នុងចំណោមបងប្អូន តើបងប្អូនមិនបានរស់នៅអាស្រ័យខាងឯសាច់ឈាម ហើយតើអ្នកមិនបានដើរតាមរបៀបរបស់មនុស្សលោកទេឬអី? 4 ពេល​មាន​ម្នាក់​និយាយ​ថា៖ «ខ្ញុំដើរតាមប៉ូល» ហើយអ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំដើរតាមលោកអប៉ូ‌ឡូស» តើនេះមិនមែនរស់នៅបែបមនុស្សលោកទេឬអី? 5 តើលោកអប៉ូឡូសជាអ្នកណា? តើប៉ូលជានរណា? ជាអ្នកបម្រើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ ម្នាក់ៗធ្វើការតាមដែលព្រះអម្ចាស់ប្រគល់ភារកិច្ចឲ្យប៉ុណ្ណោះ។ 6 ខ្ញុំជាអ្នកដាំ ហើយលោកអាប៉ូឡូជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ជាអ្នកធ្វើឲ្យលូតលាស់វិញ។ 7 ដូច្នេះហើយ មិនថានរណាជាអ្នកដាំ ឬអ្នកណាជាអ្នកស្រោចទឹកនោះទេ។ ប៉ុន្តែ គឺជាព្រះជាម្ចាស់ទេ ដែលផ្តល់ការលូតលាស់វិញ។ 8 ពេលនេះ អ្នកដែលជាអ្នកដាំ និងអ្នកស្រោចទឹកគឺតែមួយ ហើយម្នាក់ៗនឹងបានទទួលបានកម្រៃតាមអ្វីដែលខ្លួនបានធ្វើ។ 9 ដ្បិត ពួកយើងជាអ្នកដើរតាម និងធ្វើការថ្វាយព្រះអង្គ។ បងប្អូនគឺជាសួនដំណាំរបស់ព្រះជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ 10 ស្របតាមព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានដល់ខ្ញុំក្នុងការមានជំនាញមេជាង ខ្ញុំបានសាងសង់គ្រឹះ ហើយអ្នកផ្សេងទៀតអាចសង់ពីលើវាបាន។ ប៉ុន្តែសូមឲ្យជាងទាំងអស់ប្រយ័ត្នក្នុងការដែលអ្នកសង់លើវា។ 11 ដ្បិត គ្មានអ្នកណាអាចសង់គ្រឹះផ្សេងទៀតល្អជាងគ្រឹះដែលបានសង់ឡើង ដោយព្រះយេស៊ូគ្រិស្តនោះទេ។ 12 ឥឡូវនេះ ប្រសិនបើ មានអ្នកណាសង់លើគ្រឹះនេះជាមួយមាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ 13 កិច្ចការរបស់ពួកគេនឹងបង្ហាញឲ្យឃើញ សម្រាប់ពន្លឺថ្ងៃនឹងបង្ហាញពីវា។ ដ្បិត វានឹងត្រូវបង្ហាញនៅក្នុងភ្លើងដែរ។ ភ្លើងនឹងសាកល្បងពីគុណភាពរបស់អ្វីៗដែលម្នាក់បានធ្វើ។ 14 ប្រសិនបើ កិច្ចការអ្នកណាម្នាក់នៅតែអាចទ្រាំបាន អ្នកនោះនឹងទទួលបាននូវរង្វាន់ 15 ប៉ុន្តែប្រសិនបើ កិច្ចការអ្នកណាត្រូវឆេះអស់ អ្នកនោះនឹងបាត់រង្វាន់ ប៉ុន្តែគាត់ខ្លួនឯងនឹងបានសង្គ្រោះ ដូចជាការដើរចេញពីភ្លើងដូច្នោះដែរ។ 16 តើបងប្អូន មិនដឹងទេឬអីថា បងប្អូនជា​ព្រះ‌វិហាររបស់​ព្រះ‌ជាម្ចាស់​ និងជាកន្លែងដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងបងប្អូន? 17 ប្រសិនបើ អ្នកណាបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងបំផ្លាញអ្នកនោះវិញ។ ដិ្បតព្រះវិហាររបស់ព្រះជាម្ចាស់វិសុទ្ធ ដូច្នេះអ្នកត្រូវតែវិសុទ្ធដែរ។ 18 សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ។ ប្រសិនបើ មាននរណានៅក្នុងចំណោមបងប្អូនគិតថាខ្លួនមានប្រាជ្ញាក្នុងជំនាន់នេះ សូមឲ្យគាត់ត្រឡប់ទៅជាអ្នក «លីលា»វិញចុះ ដើម្បីឲ្យគាត់អាចនឹងទៅជាប្រាជ្ញវិញ។ 19 ដ្បិត ប្រាជ្ញារបស់លោកីយ៍គឺលីលាសម្រាប់ព្រះជាម្ចាស់។ ដ្បិត មានសេចក្តីចែងទុកមកថា៖ «ព្រះអង្គ​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់»។ 20 ម្តងទៀត «ព្រះ‌អម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម‌សារ​អ្វី​ទេ»។ 21 ដូច្នេះមិនត្រូវអួតអាងអំពីមនុស្សណាឡើយ! ដ្បិតការទាំងអស់គឺជារបស់អ្នក 22 ទោះជាប៉ូល ឬអាប៉ូឡូស ឬកេផាស​ ឬពិភពលោកនេះ ឬជីវិត ឬការស្លាប់ ឬរបស់ក្នុងពេលបច្ចុប្បន្ននេះ ឬអ្វីដែលនឹងមកដល់។ គឺគ្រប់ទាំងអស់ជារបស់អ្នក 23 ហើយបងប្អូន​ជារបស់​ព្រះ‌គ្រិស្ដ ហើយ​ព្រះ‌គ្រិស្ដ​ជារបស់​ព្រះ‌ជាម្ចាស់។


ជំពូក 4

1 នេះគឺជាអ្វីដែលមនុស្សគួរឲ្យតម្លៃដល់យើង ក្នុងនាមជាអ្នកបម្រើរបស់ព្រះគ្រិស្ត និងអ្នកមើលខុសត្រូវក្នុងការដ៏អាថ៌កំបាំងនៃសេចក្តីពិតរបស់ព្រះជាម្ចាស់។ 2 តាមរបៀបនេះ នេះគឺជាគុណសម្បត្តិសម្រាប់អ្នកមើលខុសត្រូវ គឺពួកគេត្រូវមានចិត្តស្មោះត្រង់។ 3 ប៉ុន្តែ សម្រាប់ខ្ញុំវិញ វាជារឿងតូចតាចទេដែលខ្ញុំនឹងបារម្ភពីការវិនិច្ឆ័យពីបងប្អូន ឬពីមនុស្សឯទៀត។ ដិ្បត ខ្ញុំក៏មិនដែលវិនិច្ឆ័យខ្លួនឯងនោះទេ។ 4 ខ្ញុំក៏អត់ដឹងពីការចោទប្រកាន់ដែលធ្វើទាស់នឹងខ្ញុំ ប៉ុន្តែ ការនេះមិនមែនមានន័យថា ខ្ញុំគ្មានទោសនោះទេ។ គឺព្រះអម្ចាស់ទេដែលជាអ្នកវិនិច្ឆ័យខ្ញុំវិញ។ 5 ដូច្នេះ ចូរកុំថ្លែងពាក្យវិច្ឆ័យពីអ្វីមួយមុនពេលមកដល់ ហើយមុនពេលព្រះអម្ចាស់យាងត្រឡប់មកវិញ។ ព្រះអង្គនឹងនាំពន្លឺមកទីដែលលាក់កំបាំង ក្នុងភាពងងឹត ហើយបើកបង្ហាញគោលបំណងនៃដួងចិត្តដែរ។ គ្រប់គ្នានឹងទទួលការសរសើរមកពីព្រះជាម្ចាស់។ 6 បងប្អូនអើយ ឥឡូវនេះខ្ញុំបានអនុវត្តគោលការណ៍នេះជាមួយខ្លួនខ្ញុំ និងជាមួយលោកអាប៉ូឡូស មក​និយាយ​ជា​ឧទាហរណ៍ សម្រាប់ជាប្រយោជន៍ដល់បងប្អូន ដូច្នេះ តាមរយៈពួកយើងបងប្អូននឹងរៀនពីអត្តន័យនៃពាក្យដែលនិយាយថា៖ «មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។ 7 ដ្បិត តើអ្នកណានឹងឃើញភាពខុសគ្នារវាងខ្លួនអ្នក និងអ្នកដទៃ? អ្វីៗដែលអ្នកបានទទួល តើការទាំងនោះមិនមែនបានមកដោយឥតបង់ថ្លៃទេឬអី? ប្រសិនបើ បងប្អូនបានទទួលដោយមិនបង់ថ្លៃ ហេតុអ្វីបានជាអ្នកបែរជាមានអំនួត ទាំងខ្លួនមិនបានធ្វើអ្វីសោះដូច្នេះ? 8 បងប្អូនបានអ្វីៗទាំងអស់ដែលបងប្អូនប្រាថ្នាហើយ! ហើយបងប្អូនបានក្លាយជាអ្នកមានដែរហើយ! បងប្អូនក៏បានសោយរាជ្យលើអ្វីៗទាំងនោះ និងឃ្លាតឆ្ងាយពីយើងដែរ! ពិតណាស់ ខ្ញុំក៏ប្រាថ្នាឲ្យអ្នកបានសោយរាជ្យ ដើម្បីឲ្យពួកយើងអាចសោយរាជ្យជាមួយបងប្អូនដែរ។ 9 ដ្បិត ​ខ្ញុំ​គិតថា ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើងមានតួនាទី​ជា​សាវ័ក​ ដើម្បីដើរតួចុងក្រោយ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត។​ យើងប្រៀបដូចជាទស្សនីយភាពដល់មនុស្សក្នុងលោកីយ៍នេះ និងពួកទេវតាផង។ 10 ពួកយើងលីលា ដោយព្រោះព្រះគ្រិស្ត ប៉ុន្តែ បងប្អូនវិញមានប្រាជ្ញាក្នុងព្រះគ្រិស្តវិញ។ ពួកយើងខ្សោយ ប៉ុន្តែ បងប្អូនមានកម្លាំង បងប្អូនបានទទួលសិរីរុងរឿង ប៉ុន្តែ ពួកយើងបានទទួលឈ្មោះមិនល្អវិញ។ 11 មកដល់នៅ​ពេល​ និងម៉ោងនេះ​ ពួកយើង​​ឃ្លាន ហើយ​ស្រេក ខ្វះ​សម្លៀក‌បំពាក់ មានគេវាយដំយើង ហើយ​រស់​នៅ​អនាថា​ផងដែរ។ 12 ពួកយើងធ្វើការដោយនឿយហត់ តាមរយៈដៃរបស់យើង។ ពេល​គេ​ជេរ​យើង យើង​បាន​ពរ​​វិញ។ ពេល​គេ​បៀត‌បៀន យើង​ស៊ូ‌ទ្រាំ។ 13 ពេល​គេ​និយាយ​បង្ខូច​យើង យើង​និយាយ​​ដោយ​សប្បុរសវិញ។ យើង​បានត្រឡប់ទៅជា ដូចអ្វីដែលគេបានគិតថា ​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។ 14 ខ្ញុំមិនបានសរសេការទាំងនេះ ដើម្បីឲ្យបងប្អូនបាក់មុខនោះទេ ប៉ុន្តែ ដើម្បីកែតម្រូវបងប្អូន ដែលដូចជាកូនជាទីស្រឡាញ់របស់ខ្ញុំ។ 15 ទោះ​បី​ជាបងប្អូន​មាន​​អ្នកណែនាំមួយ​ម៉ឺន​នាក់​ក្នុងព្រះ‌គ្រិស្ដ​ក៏​ដោយ ក៏​បងប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ។ ដ្បិត​ខ្ញុំ​បានក្លាយ​​ជាឪពុកបងប្អូន​ក្នុងព្រះ‌​គ្រិស្ដយេស៊ូ តាមរយៈការ​នាំ​ដំណឹង‌ល្អ។ 16 ដូច្នេះ ខ្ញុំ​សុំ​ទូន្មាន​បងប្អូន​ថា សូម​យក​តម្រាប់​តាម​ខ្ញុំ។ 17 នេះហើយជាមូលហេតុ ដែលខ្ញុំចាត់លោកធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់។ គាត់នឹងរំលឹកបងប្អូនអំពីរបៀបក្នុងព្រះគ្រិស្ត ដូចជាអ្វីដែលខ្ញុំបានបង្រៀនដល់ពួកគេនៅគ្រប់ទីកន្លែង​ និងគ្រប់ក្រុមជំនុំផង។ 18 ឥឡូវនេះ មានបងប្អូនខ្លះបានក្លាយទៅជាក្រអឺតក្រទម ដោយគិតថាខ្ញុំនឹងមិនត្រឡប់មករកបងប្អូនវិញទេ។ 19 ប៉ុន្តែ ខ្ញុំនឹងមករកបងប្អូនឆាប់ៗខាងមុខនេះ ប្រសិនបើ ព្រះអម្ចាស់សព្វព្រះហឫទ័យ។ ដូច្នេះ ខ្ញុំ​នឹងបានដឹង គឺ​មិន​ត្រឹម​តែ​បានឮ​ពាក្យ​សម្ដីរបស់ពួកអ្នកដែលក្រអឺតក្រទមប៉ុណ្ណោះ​ទេ ប៉ុន្តែ ខ្ញុំក៏ឃើញទាំងអំណាចរបស់គេផង។ 20 ដ្បិតព្រះរាជ្យរបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសម្តីនោះទេ ប៉ុន្តែ នៅលើអំណាចវិញ។ 21 តើបងប្អូនចង់បានអ្វី? តើគួរឲ្យ​ខ្ញុំ​មក​រក​បងប្អូនដោយ​រំពាត់​ ឬ​មកជាមួយដោយ​​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ស្លូត​បូត​?។


ជំពូក 5

1 យើងបានឮដំណឹងថា ក្នុង​ចំណោម​បងប្អូន ​កើតមាន​រឿង​អសីលធម៌ខាងផ្លូវភេទ ជាអំពើកាមគុណ ទោះបីជាក្នុង​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​បែបនេះដែរ។ ដំណឹងនោះគឺថា មានម្នាក់ក្នុងចំណោមបងប្អូន ​បាន​រួមរ័ក្ស​ជា​មួយ​ប្រពន្ធរបស់​​ឪពុកខ្លួន។ 2 បងប្អូនក៏ក្រអឺក្រទមខ្លាំងទៀត! តើបងប្អូនមិនគួរតែកាន់ទុក្ខជំនួសវិញទេឬអី? ម្នាក់ដែលបានប្រព្រឹត្ត​អំពើ​ថោក​ទាប​នេះ ត្រូវដេញចេញ​ពី​ចំណោម​បងប្អូន​។ 3 ទោះបីជា ខ្ញុំមិនបាននៅជាបងប្អូនខាងឯរូបកាយ ប៉ុន្តែខ្ញុំនៅជាមួយបងប្អូនខាងវិញ្ញាណខ្ញុំវិញ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ដល់ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ គឺ​ដូច​ជា​ខ្ញុំ​បាននៅ​ជា​មួយ​បងប្អូន​ដែរ។ 4 ពេលបងប្អូនជួបជុំគ្នា ក្នុងនាមរបស់ព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅទីនោះផងដែរ គឺក្នុងអំណាចរបស់ព្រះអម្ចាស់យេស៊ូរបស់យើង ក៏ដូចជាការដាក់ទោសដល់អ្នកនោះដែរ។ 5 ខ្ញុំត្រូវ​តែ​បញ្ជូន​ម្នាក់​នេះ​ទៅ​សាតាំង ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​។ 6 អំនួតរបស់បងប្អូនមិនល្អទេ។ តើបងប្អូន​មិន​ដឹង​ទេ​ឬអីថាមេ​តែ​បន្តិច​អាច​ធ្វើ​ឲ្យម្សៅទាំង​មូល​ដោរ​ឡើង​បាន? 7 ​ចូរជម្រះ​ខ្លួន​ឲ្យស្អាតជាចេញពីមេចាស់​នេះ ដើម្បី​ឲ្យ​បងប្អូន​បាន​ទៅ​ជានំប័ុងដែល​គ្មាន​មេ។ ដ្បិត​ ព្រះ‌គ្រិស្ដបាន​ធ្វើ​ជា​យញ្ញ‌បូជា​របស់​យើងក្នុង​ពិធី​បុណ្យ​ចម្លង។ 8 ដូច្នេះ ចូលយើង​សាទរពិធី​បុណ្យ​រំលង ដោយ​មិន​មែនជាមួយ​​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ទេ។ ផ្ទុយទៅវិញ ចូរយើង​ប្រើ​នំប៉័ង​ឥត​មេ​ជា​សញ្ញា​នៃ​​ចិត្ត​ស្មោះ​ត្រង់​វិញ។ 9 ក្នុង​សំបុត្រ​របស់​ខ្ញុំ មិនបាន​សរសេរ​​ថា កុំ​ទាក់ទង​នឹងមនុស្ស​ដែល​ប្រព្រឹត្ត​កាម‌គុណ​ឲ្យ​សោះនោះទេ។ 10 មិនមានន័យ​សំដៅ​ទៅ​លើ​មនុស្សដែល​ប្រព្រឹត្ត ​កាម‌គុណ​ទូទៅ​ក្នុង​លោក​ីយ៍នេះទេ ឬ​អ្នក​លោភ‌លន់​ ឬអ្នក​ប្លន់​​ទ្រព្យ​ ឬ​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ បើ​បងប្អូនត្រូវតែនៅឲ្យឆ្ងាយពីមនុស្សទាំងនោះ ​មាន​ន័យាថាបងប្អូន ត្រូវចាក​ចេញ​ពីពិភព​លោក​នេះហើយ។ 11 ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរមកកាន់បងប្អូន មិនឲ្យទាក់ទងជាមួយអ្នកណាដែលបានហៅថាបងប្អូន ប៉ុន្តែ អ្នកនោះរស់នៅក្នុងជីវិតកាម‌គុណ​ ឬមាន​ចិត្ត​លោភ‌លន់​ ឬថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ឬជេរ​ប្រមាថ​គេ ឬប្រមឹក ឬ​ប្លន់​យកទ្រព្យ​គេ។ សូម​កុំហូបអាហារ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឲ្យសោះ។ 12 ដ្បិត តើខ្ញុំរួមជាមួយក្នុងការដាក់ទោសដល់អ្នកដែលនៅក្រៅក្រុមជុំនំទេ? ផ្ទុយទៅវិញ តើបងប្អូនមិនត្រូវដាក់ទោសដល់អ្នកដែលនៅខាងក្រៅនោះទេ? 13 ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ពួកខាងក្រៅ។ «​ចូរបណ្តេញ​មនុស្ស​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​វិញ»។


ជំពូក 6

1 នៅពេលអ្នកម្នាក់នៅក្នុងចំណោមបងប្អូន មានទំនាស់ជាមួយអ្នកដទៃ ហេតុអី្វបានជាអ្នករាល់គ្នាទៅរកចៅ‌ក្រម ដែលនៅខាងក្រៅដែលមិនមែនជាអ្នកជឿឲ្យ​កាត់​ក្ដី ជាជាងនាំមកឯអ្នកជឿកាត់ក្តីវិញ? 2 តើបងប្អូនមិនដឹងទេឬអីថា ពួកអ្នកជឿនឹងមានចំណែកកាត់ក្តីពិភពលោកនេះ? ប្រសិនបើ ដូច្នេះ បងប្អូនអាចវិនិច្ឆ័យលោកីយ៍មែន តើបងប្អូនគ្មានលទ្ធិភាពសូម្បីដោះស្រោយបញ្ហាតូចតាចបែបនេះទេឬអី? 3 តើបងប្អូនមិនដែលដឹងទេឬថា យើងក៏មានវិនិច្ឆ័យទេវតាដែរ? តើចង់បានប៉ុណ្ណាទៀត ទើបយើងមានសិទ្ធិដើម្បីវិនិច្ឆ័យរឿងតូចៗនៃជីវិតមែនទេ? 4 បើដូច្នេះមែន បងប្អូនត្រូវការអ្វីដើម្បីកាត់ក្តីដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ ប៉ុន្តែហេតុអ្វីបានជាបងប្អូននាំរឿងរ៉ាវទាំងនោះ ទៅឯអ្នកដែលមិ​នបានឈរនៅក្នុងក្រុមជំនុំទៅវិញ? 5 ខ្ញុំនិយាយការទាំងនេះ ដើម្បីឲ្យអ្នកមានការខ្មាស។ តើគ្មាននរណានៅក្នុងចំណោមអ្នករាល់គ្នាមានប្រាជ្ញាគ្រប់គ្រាន់ ដើម្បីដោះស្រាយរឿងបងប្អូនឯងដែលទាស់គ្នាទេឬអី? 6 ប៉ុន្តែ បងប្អូនបែរជាប្តឹងផ្តល់អ្នកជឿម្នាក់ ហើយទៅរកអ្នកជឿឲ្យកាត់ក្តីទៀត!​ 7 ពិតណាស់ ប្រសិនបើមានការទាស់ទែងគ្នារវាងបងប្អូន ដែលជាគ្រិស្តបរិស័ទ នោះបងប្អូនបានបរាជ័យរួចស្រេចបាត់ទៅហើយ។ ហេតុអ្វីមិនទទួលយកការឈឺចាប់ និងកំហុសខ្លួនវិញ? ហើយហេតុអ្វីបានជាអនុញ្ញាតឲ្យខ្លួនឯង ស្ថិតនៅក្រោមការបោកប្រាស់បែបនេះ? 8 ប៉ុន្តែ បងប្អូនបានធ្វើខុស ហើយបានបោកប្រាស់អ្នកដទៃ ហើយពួកគេគឺជាបងប្អូនរបស់ខ្លួនឯងផងដូច្នេះ! 9 តើបងប្អូនមិនដឹងទេឬអីថា ពួកអ្នកមិនសុចរិតនឹងមិនអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមរតកបានទេ? មិនត្រូវជឿលើពាក្យកុហកឡើយ។ អស់​អ្នក​ដែលប្រព្រឹត្តអំពើអ​សីលធម៌ខាងផ្លូវភេទ ពួក​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ ពួក​​សហាយ‌ស្មន់ ពួក​ជន​ពាល ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា 10 ពួក​ចោរ​ប្លន់ ពួក​លោភ‌លន់​ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មរតក​ឡើយ។ 11 បងប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ បងប្អូនត្រូវបានសម្អាត់ឲ្យស្អាត់ហើយ អ្នករាល់គ្នាបានបរិសុទ្ធ គឺបងប្អូនបានត្រឹមត្រូវជាមួយព្រះជាម្ចាស់ ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត ហើយតាមរយៈព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ 12 «ដ្បិត ខ្ញុំមានសិទ្ធិក្នុងការធ្វើគ្រប់ការទាំងអស់» ប៉ុន្តែ មិនមែនគ្រប់យ៉ាងសុទ្ធតែអត់ប្រយោជន៍នោះទេ។ «ដ្បិត ខ្ញុំមានសិទ្ធិក្នុងការធ្វើការទាំងអស់» ប៉ុន្តែ ខ្ញុំមិនឲ្យសិទ្ធិទាំងនោះ ក្លាយទៅជាមេត្រួតត្រាលើខ្ញុំឡើយ។ 13 «អាហារគឺសម្រាប់ក្រពអ ហើយក្រពះវិញក៏សម្រាប់ដាក់អាហារដែរ» ប៉ុន្តែ ព្រះជាម្ចាស់នឹងធ្វើការផ្សេងពីរបៀបទាំងពីរនោះ។ ​ឯរូប​កាយ​វិញ មិន​មែន​សម្រាប់​ប្រព្រឹត្ត​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ។ ផ្ទុយទៅវិញ រូបកាយគឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់នឹងផ្គត់ផ្គង់ដល់រូបកាយផងដែរ។ 14 ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់ ហើយព្រះអង្គប្រោសយើងឲ្យរស់ឡើងវិញដោយសារអំណាចរបស់ព្រះអង្គដែរ។ 15 តើបងប្អូន​មិន​ដឹងទេ​ឬអី​ថា រូប​កាយ​របស់​បងប្អូន​ជារបស់ព្រះ‌គ្រិស្ដ? តើ​គប្បី​ឲ្យ​ខ្ញុំ​យក​រូបកាយរបស់ព្រះ‌គ្រិស្ដ​ទៅ​រក​ស្ត្រី​ពេស្យា​ឬទេ? សូមកុំឲ្យការនេះកើតឡើង! 16 តើអ្នកមិនដឹងទេឬអីថា អ្នកដែលបានរួមដំណេកជាមួយស្រ្តីពេស្យានឹងបានត្រឡប់ទៅជាសាច់តែមួយជានាង? ដូចដែលបទគម្ពីរបានចែងថា៖ «អ្នកទាំងពីរបានត្រឡប់ទៅជាសាច់តែមួយ»។ 17 ប៉ុន្តែ អ្នកណារួមរស់ជាមួយព្រះអម្ចាស់នឹងត្រឡប់ទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ។ 18 ចូរ​រត់ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌! គ្រប់អំពើ​បាប​ផ្សេង​ទៀត ដែល​មនុស្ស​ប្រព្រឹត្តជា​អំពើ​បាបក្រៅ​រូប​កាយ​។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​ឲ្យ​វិនាសដល់​រូប​កាយ​របស់​ខ្លួន។ 19 តើបងប្អូនមិនដឹងទេឬអីថា រូបកាយរបស់អ្នករាល់គ្នាគឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គរស់នៅក្នុងអ្នក ហើយបងប្អូនក៏បានទទួលព្រះជាម្ចាស់ដែរ? តើបងប្អូនមិនដឹងទេឬអីថា បងប្អូនមិនមែនជារបស់ខ្លួនឯងទេ? 20 ដ្បិត បងប្អូនត្រូវបានទិញជាមួយនឹងតម្លៃមួយដ៏ថ្លៃ។ ដូច្នេះ ហើយសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយរូបកាយរបស់បងប្អូន។


ជំពូក 7

1 ទាក់ទងនឹងរឿងដែលអ្នកបានសរសេរមកខ្ញុំអំពី «គឺជាការល្អដែលបុរសមិនត្រូវពាល់មនុស្សស្រី្ត»។ 2 ប៉ុន្តែ ដោយព្រោះមានការល្បួងជាច្រើនទៅលើការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធផ្ទាល់ខ្លួន ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដីផ្ទាល់ខ្លួន​ដែរ។ 3 ប្ដី​ត្រូវ​បំពេញ​ករណីយ‌កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន រីឯ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​វិញ​ដែរ។ 4 ប្រពន្ធមិនមានសិទ្ធិអំណាចលើរួបកាយរបស់ខ្លួននោះទេ ប៉ុន្តែ ប្ដីមានសិទ្ធិលើរូបកាយនោះ ហើយប្តីក៏គ្មានសិទ្ធិអំណាចទៅលើរួបកាយរបស់ខ្លួនដែរ ប៉ុន្តែ ប្រពន្ធមានសិទ្ធិអំណាចលើរូបការរបស់ប្តីនោះដូចគ្នា។ 5 មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ​លើកលែងតែព្រម​ព្រៀង​គ្នានៅ​ក្នុងកំឡុង​ពេលពិសេស​ណាមួយ​។ សូមធ្វើការដូច្នេះចុះ ដើម្បីញែកខ្លួនរបស់អ្នកសម្រាប់អធិស្ឋាន។ បន្ទាប់មក អ្នកទាំងពីរចូលទៅរកគ្នាម្តងទៀត ធ្វើដូច្នេះសាតាំងនឹងមិនអាចល្បួងអ្នក ដោយព្រោះអ្នកខ្វះការគ្រប់គ្រងខ្លួនឯងឡើយ។ 6 ប៉ុន្តែ ខ្ញុំ​និយាយ​ពីការទាំងនេះ ដោយ​បើក​សិទ្ធិ​ឲ្យ​បងប្អូន មិន​មែន​បង្គាប់​បងប្អូន​ទេ។ 7 ខ្ញុំធ្លាប់ប្រាថ្នាសូមឲ្យគ្រប់គ្នាបានដូចខ្ញុំដែរ។ ប៉ុន្តែ គ្រប់គ្នាមានអំណោយទានផ្សេងៗគ្នា មកពីព្រះជាម្ចាស់។ ម្នាក់​ទទួល​យ៉ាង​នេះ ម្នាក់​ទៀត​ក៏ទទួល​យ៉ាង​នោះ។ 8 សម្រាប់​អ្នក​ដែល​នៅ​លីវ និង​ស្ត្រី​មេ‌ម៉ាយ​ ខ្ញុំចង់និយាយថាល្អហើយដែលពួកគេអាចនៅលីវបាន គឺនៅ​លីវ​ដូច​ខ្ញុំ​ដែរ។ 9 ប៉ុន្តែ បើគេមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ពួកគេគួររៀបការទៅ។ ព្រោះ​បើ​រៀបការ​ប្រសើរ​ជាង​ទុក​ឲ្យ​ចិត្ត​នៅ​ពុះ​កញ្ជ្រោលដដែរ។ 10 ឥឡូវ សម្រាប់អ្នកដែលរៀបការខ្ញុំសូមណែនាំយ៉ាងដូច្នេះវិញ មិនមែនមកពីខ្ញុំទេ តែមកពីព្រះអម្ចាស់វិញ ប្រពន្ធមិនត្រូវនៅបែកពីប្តីនោះទេ 11 (ប៉ុន្តែ ប្រសិនបើនាងនៅបែកពីប្តីមែន មិន​ត្រូវ​យក​ប្ដី​ទៀត​ទេ នាងគួរតែកុំរៀបការម្ដងទៀតធ្វើអ្វី ឬគួរ​តែ​ទៅ​ជា​នា​និង​ប្ដី​​វិញ) ហើយប្តីមិនត្រូវលែងលះប្រពន្ធដែរ។ 12 ប៉ុន្តែ ចំពោះអ្នកផ្សេងទៀត ខ្ញុំនិយាយ មិនមែនព្រះអម្ចាស់ទេ ប្រសិនបើ បងប្អូនណាម្នាក់មានប្រពន្ធដែលជាអ្នកមិនជឿ ហើយបើនាងពេញចិត្តរស់នៅជាមួយគាត់ ដូច្នេះ បុរសនោះមិនគួរលែងលះនាងឡើយ។ 13 ប្រសិនបើ ស្រ្តីណាម្នាក់មានប្តីដែលជាអ្នកមិនជឿ ហើយបើគាត់ពេញចិត្តនឹងរស់ជាមួយនាង ដូច្នេះ ស្រ្តីនោះមិនគួរលែងលះប្តីឡើយ។ 14 ដ្បិត ប្តីដែលមិនជឿត្រូវបានញែកដោយឡែក ដោយព្រោះប្រពន្ធរបស់គាត់ ហើយប្រពន្ធដែលមិនជឿត្រូវបានញែកដោឡែក ដោយព្រោះបងប្អូនប្រុសជាអ្នកជឿដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាមុខជាមិនបានស្អាតឡើង ប៉ុន្តែ ពួកគេត្រូវបានញែកដោយឡែកហើយ។ 15 ប៉ុន្តែ ប្រសិនបើបី្ត ឬប្រពន្ធមិនជឿចង់បែក ចូរឲ្យពួកគាត់ទៅចុះ។ ក្នុងករណីនេះ បងប្អូនប្រុសស្រីមិនបានជាប់ចំណងសន្យាអ្វីឡើយ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងដើម្បីរស់ក្នុងសេចក្តីសុខសាន្ត។ 16 ដ្បិត តើបងប្អូនអាចដឹងបានយ៉ាងដូចម្តេចថា ប្រពន្ធអាចនឹងសង្រ្គោះប្តីរបស់ខ្លួនបាប? ឬ តើបងប្អូនអាចដឹងបានយ៉ាងដូចម្តេចថា ប្តីអាចនឹងសង្រ្គោះប្រពន្ធរបស់ខ្លួន? 17 ក្រៅ​ពី​នេះ ម្នាក់ៗ​ត្រូវ​តែ​រស់​នៅ​ឲ្យ​បាន​ស្រប​តាម​ព្រះ‌អម្ចាស់​បានប្រទាន​ឲ្យម្នាក់ៗ​​ ព្រះ‌ជាម្ចាស់បាន​ត្រាស់​ហៅ។ នេះគឺជាតួនាទីរបស់ខ្ញុំនៅក្រុមជំនុំទាំងអស់។ 18 តើមាននរណាបានកាត់ស្បែកពេលគាត់ទទួលជឿព្រះអង្គទេ? គាត់មិនគួរបង្ហាញថាគាត់មិនបានកាត់ស្បែកនោះទេ។ តើមាននរណាមិនបានកាត់ស្បែក ពេលគាត់ទទួលជឿព្រះអង្គទេ? បើដូច្នេះ គាត់មិនបាច់កាត់ស្បែកទេ។ 19 ដ្បិត ការកាត់ស្បែក ឬមិនបានកាត់ស្បែកមិនមែនជាបញ្ហាទេ។ អ្វីដែលជាបញ្ហានោះគឺការស្តាប់បង្គាប់តាមបទបញ្ជារបស់ព្រះជាម្ចាស់វិញទេ។ 20 ម្នាក់ៗគួរប្រកាន់ខ្ជាប់ក្នុងការត្រាសហៅ តាំងពីពេលព្រះជាម្ចាស់បានហៅអ្នកនោះមកក្នុងជំនឿ។ 21 តើព្រះជាម្ចាស់បានហៅអ្នកក្នុងកាលដែលអ្នកនៅជាទាសករនៅឡើយមែនទេ? កុំបារម្ភអំពីការនោះពេក។ ប៉ុន្តែ ប្រសិនបើអ្នកមិនមែនជាទាសករ វាជាការល្អសម្រាប់ហើយ 22 ដ្បិត​ នរណាម្នាក់ដែលបានត្រាសហៅតាមរយៈព្រះអម្ចាស់ក្នុងភាពជាទាសករ នោះមានសេរីភាពក្នុងព្រះអម្ចាស់វិញ។ ដូចគ្នាផងដែរ អ្នកដែលបានទទួលសេរីភាពដោយការជឿ អ្នកនោះបានក្លាយជាទាសកររបស់ព្រះគ្រិស្តវិញ។ 23 អ្នកទាំងអស់គ្នាបានបង់ថ្លៃលោះរួចហើយ ដូច្នេះ កុំឲ្យខ្លួនអ្នកក្លាយជាទាសកររបស់មនុស្សឡើយ។ 24 បងប្អូន​អើយ មិនថាបងប្អូន​រស់នៅក្នុង​ភាព​យ៉ាង​ណា នៅពេល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​បងប្អូននោះទេ បើ​បងប្អូន​មាន​ភាព​យ៉ាង​ណា ចូរ​ម្នាក់ៗ​ស្ថិត​ក្នុង​ភាព​នោះ នៅ​ចំពោះ​ព្រះអង្គ​បែបនោះទៅ។ 25 ឥឡូវនេះទាក់ទងនឹង​អ្នក​ដែល​មិន​ទាន់​រៀបការ ខ្ញុំ​មិនបាន​ទទួល​បញ្ជា​អ្វី​ពី​ព្រះ‌អម្ចាស់​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​សូម​ជូន​យោបល់ ក្នុង​នាមម្នាក់ដែលព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ដល់​ខ្ញុំ ដែលបងប្អូនអាចទុកចិត្តបាន។ 26 ដូច្នេះ ខ្ញុំគិតថា ក្នុងពេលដែលមានវិបត្តិដែលកើតឡើងនៅពេលនេះ គឺជាការល្អសម្រាប់ឲ្យមនុស្សប្រុសនៅទំនេរល្អជាង។ 27 តើអ្នកមានចំណងទំនាក់ទំនងជាមួយមនុស្សស្រីមែនទេ? កុំរកដោះដៃពីនាងឡើយ។ តើអ្នកបានលែងប្រពន្ធមែនទេ? ដូច្នេះ កុំយកប្រពន្ធទៀតឡើយ។ 28 ប៉ុន្តែ ប្រសិនបើអ្នកបានរៀបការ អ្នកមិនបានធ្វើបាបអ្វីទេ។ ប្រសិនបើ មនុស្សស្រីនៅលីវមិនទាន់រៀបការ នោះនាងមិនបានធ្វើបាបទេ។ មែនហើយ ពួកអ្នករៀបការហើយ មានបញ្ហាច្រើនណាស់ក្នុងជីវិត ខ្ញុំចង់ឲ្យអ្នកនៅឲ្យឆ្ងាយពីពួកគេ។ 29 បងប្អូន​អើយ ខ្ញុំ​ប្រាប់អ្នករាល់គ្នាថា ពេល​វេលា​កាន់​តែ​ខ្លីណាស់​ហើយ។ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ត​ដូច​ជា​គ្មាន​ប្រពន្ធ។ 30 អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក ហើយអស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញអ្វីមួយ ធ្វើដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យឡើយ 31 ហើយ​អស់​អ្នក​ដែល​ប្រើ‌ប្រាស់​សម្បត្តិ​លោកីយ៍ ក៏​ត្រូវ​កាន់​ចិត្ត​ដូច​ជា​មិន​បាន​ប្រើ‌ប្រាស់​ដែរ។ ដ្បិត​ពិភព​លោក​នេះ​ប្រែប្រួល ហើយទីបញ្ចប់នឹងមកដល់ដែរ។ 32 ខ្ញុំចង់ឲ្យបងប្អូនមានសេរីភាពពីការខ្វល់ខ្វាយ។ អ្នកដែលមិនរៀបការត្រូវខ្វល់ខ្វាយជាមួយអ្វីនៅក្នុងព្រះអម្ចាស់ និងធ្វើយ៉ាងណាឲ្យព្រះអង្គសព្វព្រះហឫទ័យវិញ។ 33 ប៉ុន្តែ អ្នកដែលបានរៀបការហើយ ត្រូវខ្វល់ខ្វាយជាមួយអ្វីដែលនៅក្នុងលោកីយ៍វិញ គឺត្រូវធ្វើយ៉ាងណាឲ្យប្រពន្ធពេញចិត្ត 34 គាត់មានចិត្តបែងចែក។ មនុស្សស្រីដែលមិនរៀបការ ឬស្រី្តព្រហ្មចារី ត្រូវខ្វល់ខ្វាយពីអ្វីដែលនៅក្នុងព្រះអម្ចាស់ ដោយញែករូបកាយ ហើយវិញ្ញាណសម្រាប់ព្រះអង្គ។ ប៉ុន្តែ ស្រ្តីដែលរៀបការវិញ គឺត្រូវខ្វល់ខ្វាយពីអ្វីដែលនៅក្នុងលោកីយ៍វិញ ធ្វើយ៉ាងណាដើម្បីឲ្យប្តីពេញចិត្ត។ 35 ខ្ញុំនិយាយការនេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន ហើយវាមិនជាការដាក់កំហិត បង្ខិតបង្ខំលើបងប្អូនទេ។ តែខ្ញុំនិយាយអ្វីដែលត្រឹមត្រូវ ដើម្បីឲ្យបងប្អូនបានថ្វាយខ្លួនដល់ព្រះអម្ចាស់ ដោយមិនមានការបង្ខិតបង្ខំ។ 36 ប៉ុន្តែ ប្រសិនបើនរណាម្នាក់គិតថា គាត់មិនបានប្រព្រឹត្ត និងគោរព គូដណ្តឹងរបស់ខ្លួនទេ ហើយបើនាងហួសអាយុនៃការរៀបការនោះ ដូច្នេះ កុំចាំទៀត បុរសនោះគួរធ្វើតាមអ្វីដែលគាត់ចប់។ បែបនេះគាត់មិនបានធ្វើបាបទេ។ អ្នកទាំងពីរគួររៀបការ។ 37 ប្រសិនបើ អ្នក​នោះបាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​គ្មាន​នរណា​បង្ខំ គឺ​យល់​ឃើញ​ថា អាច​ទប់​ចិត្ត​បាន ហើយ​សម្រេច​ចិត្ត​ថា​នឹង​មិន​ប៉ះ‌ពាល់​គូ​ដណ្ដឹង​របស់​ខ្លួន​ទេ​នោះ គាត់​ធ្វើ​ត្រឹម​ត្រូវ​ហើយ។ 38 ដូច្នេះ បើមានអ្នកផ្សេងណាមករៀបការ ជាមួយគូដណ្តឹង គឺជាការប្រសើរ ហើយសម្រាប់អ្នកដែលជ្រើសរើសមិនរៀបការ រឹតតែប្រសើរជាងទៀត។ 39 ប្រពន្ធ​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់។ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង ឲ្យ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះ‌អម្ចាស់​ដូច​គ្នា។ 40 ប៉ុន្តែ តាមការគិតរបស់ខ្ញុំ ប្រសិន​បើ​ នាង​មិន​យក​ប្ដី​ទៀត​ទេ​នោះ នាង​នឹង​បាន​សប្បាយ​ជាង។ ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ដែរ។


ជំពូក 8

1 ឥឡូវនេះ ទាក់ទងនឹងអាហារដែលបានសែនដល់ព្រះក្លែងក្លាយ ពួកយើងដឹងហើយថា «យើងទាំងអស់គ្នាបានចេះដឹង»។ ការចេះដឹងតែងធ្វើឲ្យចិត្តប៉ោងឡើង តែក្តីស្រឡាញ់ស្អាងចិត្តឡើងវិញ។ 2 ប្រសិនបើ អ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ ម្នាក់នោះមិនទាន់ចេះដឹងដូចអ្វីដែលគាត់គួរដឹងនោះទេ។ 3 ប៉ុន្តែបើ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះនឹងទទួលការចេះដឹងតាមរយៈព្រះអង្គ។ 4 ដូច្នេះ និយាយអំពីការបរិភោគអាហារដែលសែនដល់ព្រះក្លែងក្លាយ ពួកយើងដឹងពីការនេះ «ព្រះក្លែងក្លាយនៅក្នុងលោកីយ៍នេះគ្មានន័យអ្វីទេ» ហើយ «គឺគ្មានព្រះណាផ្សេងឡើយ ក្រៅពីព្រះជាម្ចាស់តែមួយគត់»។ 5 ទោះ​បី​មាន​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ជា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​លើ​ផែនដី​ក៏​ដោយ ដ្បិត ពួកនោះគឺមានច្រើនណាស់​ «ព្រះ​ផ្សេងៗ» ហើយ «ម្ចាស់​ផ្សេងៗ»។ 6 ប៉ុន្តែ យើងវិញ «គឺយើងមានព្រះបិតាតែមួយប៉ុណ្ណោះ ព្រះអង្គគឺជាអ្វីទាំងអស់ ហើយជាព្រះផ្តល់ជីវិតឲ្យយើងរស់ និងព្រះអម្ចាស់យេស៊ូគ្រិស្តតែមួយ តាមរយៈព្រះអង្គគ្រប់យ៉ាងបានកើតឡើង និងយើងបានកើតមកតាមតរយៈព្រះអង្គ»។ 7 ទោះជាយ៉ាងក៏ដោយ មិន​មែន​គ្រប់​គ្នា​មានចំណេះ​ដឹងនេះទេ។ អ្នក​ខ្លះ​នៅ​តែ​ជំពាក់​ចិត្ត​នឹងព្រះ‌ក្លែង‌ក្លាយ​នៅ​ឡើយ គេ​ហូប​សាច់​ទាំង​នោះ​ទុក​ដូច​ជា​សំណែន។ ហើយ​ដោយ​គេ​រិះគិត​មិន​បាន​ដិត​ដល់ ក៏​នឹក​ស្មាន​ថា ខ្លួន​ត្រូវ​សៅ‌ហ្មង ហើយទៅជាខ្សោយ។ 8 ប៉ុន្តែ អាហារមិនអាចនាំយើងចូលជិតព្រះជាម្ចាស់បានឡើយ។ បើយើងមិនអាក្រក់អ្វីទេ ប្រសិនបើយើងហូបអាហារទាំងនោះ ហើយវាក៏មិនចម្រើនអ្វីដែល ប្រសិនបើ យើងទទួលវានោះ។ 9 ហេតុ​នេះហើយ សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បងប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។ 10 ដ្បិត ឧបមាថា មានអ្នកណាម្នាក់បានឃើញអ្នក គឺជាអ្នកដឹងអំពីការហូបអាហារ ទៅហូបរបស់សែនក្នុងព្រះវិហារនៃព្រះក្លែងក្លាយ។ តើនេះមិនមែនជាមនសិកាទន់ខ្សោយរបស់គាត់ ដែលជំរុញគាត់ឲ្យហូបអ្វីដែលបានសែនដល់រូបព្រះទេឬអី? 11 ដូច្នេះ ដោយព្រោះការយល់ដឹងអំពីសេចក្តីពិតនៃធម្មជាតិនៃព្រះរូបចម្លាក់ ធ្វើឲ្យអ្នកទន់ខ្សោយជាង គឺបងប្អូនដែលព្រះគ្រិស្តបានសុគតរបស់ព្រះគ្រិស្ត គឺត្រូវបំផ្លាញវិញ។ 12 ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បងប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះបងប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌គ្រិស្ដ​​ដែរ។ 13 ហេតុ​នេះ ប្រសិន​បើ​ ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បងប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​ហូប​ទៀត​ជា​ដាច់​ខាត ដើម្បី​កុំ​ឲ្យ​បងប្អូន​ខ្ញុំ​រវាត​ចិត្ត​បាត់​ជំនឿ។


ជំពូក 9

1 តើខ្ញុំគ្មានមានសេរីភាពមែនទេ? តើខ្ញុំមិនមែនជាសាវកទេឬអី? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់ទេឬ? តើ​បងប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​ព្រះ‌អម្ចាស់​ទេ​ឬអី? 2 ប្រសិនបើ ខ្ញុំមិនមែនជាសាវ័កសម្រាប់អ្នកដទៃផ្សេងទៀត យ៉ាងហោចណាស់ក៏សម្រាប់បងប្អូនដែរ។ បងប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវ័កនៅ​ក្នុងព្រះអម្ចាស់។ 3 ខ្ញុំសូមឆ្លេីយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ 4 នេះគឺជាការពាររបស់ខ្ញុំ ចំពោះ អស់អ្នកដែលចោទប្រកាន់ខ្ញុំ តើយើងគ្មានសិទ្ធិ នឹងហូប ហើយផឹកទេឬ? 5 តើយើងគ្មានសិទ្ធិក្នុងការនាំប្រពន្ធ ដែលជាអ្នកជឿ ដូចជាសាវ័កឯទៀតៗ ក៏ដូចបងប្អូនដែលនៅក្នុងព្រះអម្ចាស់ និង​ដូច​ជាលោកកេផាស​ទេ​ឬអី? 6 ឬមួយមានតែលោកបារណា‌បាស និងខ្ញុំទេ ដែលត្រូវធ្វើការនោះ? 7 ដែលមានអ្នកណាចូលបម្រើជាកងទ័ព ហើយបើកប្រាក់ខែពីខ្លួនឯងទេ? តើមានអ្នកដាំដើមទំពាំងបាយជូរ ហើយមិនហូបផ្លែរបស់វាដែរឬទេ? ​ឬដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វនោះ​ដែរឬទេ? 8 តើខ្ញុំនិយាយការទាំងនេះផ្អែកទៅលើសិទ្ធិជាមនុស្សជាតិមែនទេ? ​តើ​ក្រឹត្យ‌វិន័យមិនបានចែងបែបនេះដែរទេឬអី? 9 ដិ្បត ក្នុងក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថា៖ «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តើព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ដល់គោទេឬអី? 10 តើព្រះអង្គមិនបានមានបន្ទូលពីយើងទេមែនឬ? ក៏មានសេចក្តីចែងទុកអំពីយើងដែរ ពីព្រោះអ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន​ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ក្នុងរដូវចម្រូតដែរ។ 11 ប្រសិនបើ យើងបានសាបព្រោះអ្វីខាងឯព្រះវិញ្ញាណនៅក្នុងចំណោមអ្នករាល់គ្នា តើ​យើង​ច្រូត​យក​ផលអ្វីដែលជាទ្រព្យសម្បត្តិ ក្នុងលោកីយ៍ពីបងប្អូនទេឬអី? 12 ប្រសិនបើ អ្នកផ្សេងមានសិទ្ធិទទួលប្រយោជន៍ពីបងប្អូន តើយើងគ្មានសិទ្ធិដើម្បីទទួលពីបងប្អូនជាងអ្នកទាំងនោះទេឬអី? យ៉ាងណាក៏ដោយ យើងមិនបានយកសិទ្ធិនេះមកប្រើឡើយ។ ផ្ទុយទៅវិញ យើង​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​បែប​យ៉ាង កុំឲ្យវាក្លាយជាឧបសគ្គដល់ដំណឹងល្អរបស់ព្រះគ្រិស្តឡើយ។ 13 តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅព្រះវិហារ នឹងទទួលផលពីព្រះវិហារវិញនោះ? តើបងប្អូនមិនដឹងទេឬអីថា អស់អ្នកដែលបម្រើនៅលើអាសនៈ នឹងទទូលបានចំណែកដែលបានថ្វាយលើអាសនៈនោះ? 14 ដូចគ្នាដែរ ព្រះអម្ចាស់បានមានព្រះបន្ទូលបង្គាប់ថា អស់អ្នកដែលប្រកាសដំណឹងល្អ គួរតែរស់នៅពីផលពីដំណឹងល្អនោះដែរ។ 15 ប៉ុន្តែ ខ្ញុំមិនបានយកសិទ្ធិទាំងនោះទេ។ ហើយខ្ញុំក៏មិនបានផ្ញើសំបុត្រនេះមកដល់បងប្អូន ដើម្បីជាប្រយោជន៍ដល់ខ្ញុំដែរ។ ខ្ញុំសុខចិត្ត​ស្លាប់​ល្អ​ជាង គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ​ចេញ​ពី​ខ្ញុំ​បានឡើយ។ 16 ដ្បិត ប្រសិនបើ ខ្ញុំប្រកាសដំណឹងល្អ នោះខ្ញុំគ្មានហេតុនឹងមានអំនួតទេ ដោយព្រោះតែខ្ញុំត្រូវតែធ្វីការនោះ។ ហើយប្រសិន​បើ​ ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ នោះ​វេទនា​ដល់ខ្ញុំហើយ! 17 ដ្បិត ប្រសិនបើ ខ្ញុំធ្វើការដោយការពេញចិត្ត​ ខ្ញុំនឹងមានរង្វាន់។ ប៉ុន្តែ ប្រសិនបើមិនដោយការពេញចិត្តទេ ខ្ញុំនៅតែមានភាពទទូលខុសត្រូវ ទៅលើអ្វីដែលជាចំណែករបស់ខ្ញុំ។ 18 តើអ្វីទៅដែលជារង្វាន់របស់ខ្ញុំ? ពេល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ហើយមិនបាន​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ 19 ដ្បិត ខ្ញុំមានសេរីភាពពីអ្វីៗទាំងអស់ ខ្ញុំបានក្លាយទៅជាអ្នកបម្រើដល់គ្រប់គ្នា ដើម្បីឲ្យខ្ញុំអាននាំមនុស្សជាច្រើនថែមទៀត។ 20 ក្នុងចំណោមសាសន៍យូដានោះខ្ញុំក៏ដូចយូដា គឺដើម្បីឈោងចាប់សាសន៍យូដាផងដែរ។ សម្រាប់អ្នកដែលស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ខ្ញុំក៏ដូចជាអ្នកស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ គឺដើម្បីឈោងចាប់អ្នកទាំងនោះផងដែរ។ ខ្ញុំបានធ្វើការទាំងនោះ បើទោះបីជាខ្លួនខ្ញុំមិនបាននៅក្រោមក្រឹត្យ‌វិន័យទេ។ 21 សម្រាប់អស់អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ខ្ញុំក៏ដូចជាអ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យដែរ ទោះបើខ្ញុំមិនមែននៅក្រោម​ក្រឹត្យ‌វិន័យរបស់ព្រះជាម្ចាស់ក្តី តែខ្ញុំគឺនៅក្រោម​ក្រឹត្យ‌វិន័យនៃព្រះគ្រិស្តវិញ។ ខ្ញុំធ្វើការនេះដោយចង់ឈោងចាប់ អ្នកដែលគ្មាន​ក្រឹត្យ‌វិន័យដែរ។ 22 សម្រាប់អ្នកដែលខ្សោយ ខ្ញុំក៏ដូចអ្នកទាំងនោះដែរ ដូច្នេះ ខ្ញុំអាចឈោងចាប់អ្នកទាំងនោះ។ ខ្ញុំអាចធ្វើគ្រប់ការទាំងអស់សម្រាប់មនុស្សទាំងអស់ ដូច្នេះ អ្វីដែលខ្ញុំបានធ្វើអាចនឹងឈោងចាប់អ្នកខ្លះថ្វាយព្រះអង្គ។ 23 ខ្ញុំធ្វើការទាំងអស់ដើម្បីប្រយោជន៍នៃដំណឹងល្អ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ព្រះពរពី​ដំណឹង‌ល្អ​នោះ។ 24 តើបងប្អូនមិនដឹងទេឬអីថា អ្នករត់ប្រណាំងទាំងអស់ត្រូវរត់ដល់ទីប្រកួត ប៉ុន្តែមានតែម្នាក់ទេដែលនឹងទទូលភួង​ជ័យ? ដូច្នេះ ចូលរត់ឲ្យបានភួង​ជ័យ។ 25 អ្នករត់ប្រណាំង ខំហ្វឹកហាត់គ្រប់គ្រងខ្លួនឯងក្នុងការហាត់សម។ ពួកគេធ្វើយ៉ាងនេះដើម្បីឲ្យបានទទូលភួងជ័យដែលខូចរលួយ រីឯ​យើង​វិញ យើង​នឹង​ទទួល​ភួង​ជ័យ​ដែល​មិន​ចេះ​រលាយ​សាប‌សូន្យ​ឡើយ។ 26 ដូច្នេះ ខ្ញុំមិនបានរត់ដោយគ្មានគោលដៅ ហើយមិនដាល់ដូចដាលើខ្យាល់នោះដែរ។ 27 ប៉ុន្តែ ខ្ញុំ​លត់‌ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌រ៉ឹង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រោយ​ពី​បាន​ប្រកាសដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​មិនទទូលស្គាល់វិញ​។


ជំពូក 10

1 បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនដឹងថា បុព្វបុរស ​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។ 2 ពួក​លោក​បាន​ទទួល​ពិធី​ជ្រមុជជា​មួយ​លោក​ម៉ូសេ​ក្នុង​ពពក និង​ក្នុង​សមុទ្រ។ 3 ហើយពួកគាត់ហូបអាហារខាងវិញ្ញាណដូចគ្នា។ 4 គ្រប់គ្នាពិសាទឹកខាងឯវិញ្ញាណដូចគ្នា។ ដ្បិត ពួកលោកបានពិសាទឹកខាងឯវិញ្ញាណពីថ្ម ដែលដើរតាមគេ និងថ្មនោះគឺជាព្រះគ្រិស្ត។ 5 ប៉ុន្តែ ព្រះជាម្ចាស់មិនបានសព្វព្រះហឫទ័យនឹងពួកគេភាគច្រើន ហើយសាកសពរបស់ពួកគេជាច្រើនបានស្លាប់នៅទីរហោស្ថាន។ 6 ឥឡូវ ការទាំងនោះគឺជាគំរូសម្រាប់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់ធ្វើការអាក្រក់ដូចបុព្វបុរស​យើងបានធ្វើឡើយ។ 7 កុំថ្វាយបង្គំព្រះក្លែងក្លាយ ដូចពួកបុព្ធបុរសយើងខ្លះបានធ្វើនោះឡើយ ដ្បិតមានសេចក្តីចែងថា៖ «បណ្តាលជនបានអង្គុយសីុផឹក ហើយក្រោកលេងសប្បាយ»។ 8 សូមកុំឲ្យយើងប្រព្រឹត្តអំពើផិតក្បត់ដូចពួកគេភាគច្រើនបានធ្វើឡើយ។ ដែល​ជា​ហេតុ​នាំ​ឲ្យពួក​គេ​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃប៉ុណ្ណោះ។ 9 ហើយយើងមិនត្រូវល្បងលជាមួយនឹងព្រះគ្រិស្ត ដូចពួកគេជាច្រើនបានល្បងល ហើយក៏បានវិនាសទៅដោយពស់​ចឹក​ឡើយ។ 10 ក៏កុំឲ្យត្អូញត្អែរ ដូចពួកគេភាគច្រើនបានធ្វើ ហើយក៏បានវិនាស ដោយទេវតានៃសេចក្តីស្លាប់។ 11 ដូច្នេះ ការទាំងនេះបានកើតឡើងដល់ពួកគេ គឺជាគំរូសម្រាប់យើង។ ហើយ​មាន​សេចក្តីចែង​ទុក​ ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។ 12 ដូច្នេះ ចូរឲ្យគ្រប់គ្នាដែលគិតថា គាត់នឹងឈរ ត្រូវប្រយ័ត្នប្រយែងឡើង ដើម្បីកុំឲ្យគាត់ត្រូវដួលចុះវិញ។ 13 គ្មាន​ការ​ល្បួង​លណា​មួយ​កើត​មាន​ដល់​បងប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​សាតាំង​ល្បួង​បងប្អូន​ហួស​ពី​កម្លាំង​របស់បងប្អូន​ទេ។ ប៉ុន្តែ នៅ​ពេល​បងប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោ‌បាយ​ឲ្យ​បងប្អូន​ចេញ​រួច និង​ឲ្យ​បងប្អូន​អាច​ទ្រាំ‌ទ្រ​បាន។ 14 ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូររត់ចេញពីព្រះ‌ក្លែង‌ក្លាយ​ចុះ។ 15 ខ្ញុំនិយាយការទាំងនេះទៅបងប្អូនដោយគិតដល់បងប្អូនទេ ដូច្នេះហើយ បងប្អូនអាចធ្វើការវិនិច្ឆ័យនូវពាក្យដែលខ្ញុំនិយាយនេះ។ 16 ពេល​យើង​លើក​ពែង​នៃ​ព្រះ‌ពរ​ឡើង តើមិនមាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដទេឬអី? នំប៉័ង​ដែលយើងកាច់ តើយើងមិនបាន​ចូល​រួម​ជា​មួយ​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ដែរទេឬអី។ 17 ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ចំណែក​ពី​នំប៉័ង​តែ​មួយ ទោះ​បី​យើង​មាន​គ្នា​ច្រើន​ក្ដី តែរូបកាយតែមួយទេ។ ​យើងទាំងអស់គ្នា​រួម​គ្នា​មក​ជា​រូប​កាយ​តែ​មួយ​ ក្នុងការកាច់នំប័ុង។ 18 ចូរ​មើល​អំពី​សាសន៍អ៊ីស្រា‌អែល ​តើអស់អ្នកដែលហូបតង្វាយដែល​ថ្វាយ​ជា​យញ្ញ‌បូជា មានចំណែកនៅក្នុងអាសនៈ? 19 តើខ្ញុំកំពុងនិយាយអំពីអ្វី? តើព្រះក្លែងក្លាយមានប្រយោជន៍ទេ? ឬតើអាហារដែលបានសែនដល់ព្រះក្លែងក្លាយគ្មានប្រយោជន៍ទេឬអី? 20 ប៉ុន្តែ ខ្ញុំនិយាយអំពីការអ្វីដែលសាសន៍ដទៃថ្វាយយញ្ញបូជា ពួកគេថ្វាយការទាំងនោះទៅដល់អារក្ស មិនមែនថ្វាយទៅព្រះម្ចាស់ទេ។ ខ្ញុំមិនចង់ឲ្យបងប្អូនមានចំណែកអ្វីជាមួយអារក្សឡើយ! 21 បងប្អូនមិនអាចផឹកពីពែងរបស់ព្រះជាម្ចាស់ ហើយនិងពីពែងរបស់អារក្សផងបាននោះទេ។ បងប្អូនមិនអាចប្រកបរួមតុរបស់ព្រះជាម្ចាស់ផង ហើយរួមតុរបស់អារក្សផងនោះទេ។ 22 ឬ​មួយ​ក៏​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ? 23 «យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បានមែន» ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះទេ។ «យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បានមែន»​ ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​មនុស្សចម្រើន​ឡើង​ទេ។ 24 ចូរកុំឲ្យមាននរណាស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗស្វែរប្រយោជន៍សម្រាប់អ្នកជិតខាងរបស់ខ្លួនវិញ។ 25 បងប្អូន​អាច​ហូប​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​តាម​ចិត្តបាន ដោយមិន​បាច់​សួរទេ ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​។​ 26 ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់»។ 27 ប្រសិន​បើ​ មាន​អ្នក​មិន​ជឿ​អញ្ជើញ​បងប្អូន​ទៅ​បរិភោគអាហារ ហើយ​បងប្អូន​យល់​ព្រម​ទៅ សូមបរិភោគអាហារ​ទាំង​ប៉ុន្មាន ​ដែល​គេ​លើក​មក​ជូន​បងប្អូន មិន​បាច់​សួរ​ទេ ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​។ 28 ប៉ុន្តែ ប្រសិនបើ មានគេប្រាប់ថា៖ «អាហារនេះបានសែនដល់ព្រះដទៃហើយ» កុំហូបធ្វើអី្វ។ ធ្វើបែបនេះគឺដើម្បីជាប្រយោជន៍សម្រាប់អ្នកដែលបានប្រាប់ ហើយក៏កុំឲ្យខុសនឹងមនសិការដែរ។ 29 ខ្ញុំមិនបាននិយាយថាវាខុសនឹងមនសិការ របស់បងប្អូននោះទេ តែបារម្ភពីមនសិការអ្នកដទៃវិញ។ ដ្បិត ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំ ត្រូវបានជំនុំជម្រះដោយសារមនសិការរបស់អ្នកដទៃទៅវិញ? 30 ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​មានឥរិយាបទល្អ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ? 31 ដូច្នេះ ទោះ​បី​បងប្អូនហូបឬផឹក​អ្វី ឬ​ទោះ​បី​បងប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់វិញ។ 32 សូម​បងប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់រវាត​ចិត្ត​ឡើយ។ 33 ខ្ញុំ​បានព្យាយាម​​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ។ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើនវិញ។ ខ្ញុំធ្វើការនេះដើម្បី​ឲ្យពួក​គេ​ទទួល​ការ​សង្គ្រោះ។


ជំពូក 11

1 ចូរយកតម្រាប់តាមខ្ញុំ ដូច​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​ព្រះ‌គ្រិស្ដ​ដែរ។ 2 ឥឡូវ ខ្ញុំសូម​សរសើរ​បងប្អូន ដោយ​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​ការទាំងអស់។ ខ្ញុំសូម​សរសើរ​បងប្អូន ដោយព្រោះបងប្អូនបានធ្វើតាមរបៀបដែលខ្ញុំបាននាំមកដល់បងប្អូន។ 3 ឥឡូវ ខ្ញុំចង់ប្រាប់បងប្អូនឲ្យដឹងថាព្រះគ្រិស្តគឺជាក្បាលរបស់មនុស្សគ្រប់រូប ហើយមនុស្សប្រុសគឺជាក្បាលរបស់មនុស្សស្រី និងព្រះជាម្ចាស់គឺជាក្បាលរបស់ព្រះគ្រិស្តដែរ។ 4 បុរស​ណាដែល​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយបិតបាំង​​ក្បាល បុរស​នោះ​មិនឲ្យតម្លៃក្បាលខ្លួនឯងហើយ។ 5 ប៉ុន្តែ ស្រ្តីណាម្នាក់ដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយគ្មានអ្វីគ្របលើក្បាលទេ នាងមិនឲ្យតម្លៃក្បាលរបស់នាងឡើយ។ ដ្បិតធ្វើបែបនេះគឺជាអ្វីមួយដែលប្រៀបដូចជានាងបានកោរក្បាលរបស់នាងដែរ។ 6 បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​នៅ​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់ នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃនៅលើក្បាលរបស់នាង។ 7 ដ្បិត បុរសមិន​គួរទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​គេគឺជារូបភាព និងជាសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់។ ​រីឯស្ត្រី នាង​គឺជាសិរី‌រុងរឿង​របស់​ប្ដី​វិញ។ 8 ដ្បិត បុរសមិនបានកើតពីស្រ្តីទេ។ ផ្ទុយទៅវិញ ស្រ្តីបានកើតពីបុរសវិញ។ 9 ដ្បិត បុរសមិនបានបង្កើតសម្រាប់ស្រ្តីទេ។ ផ្ទុយទៅវិញ ស្រ្តីគឺបានបង្កើតសម្រាប់បុរសវិញ។ 10 នេះជាមូលហេតុ​ ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃជា​សញ្ញា​នៃសិទ្ធិអំណាចលើក្បាលរបស់នាង ពីព្រោះតែយល់ដល់​ពួក​ទេវតា។ 11 ប៉ុន្តែ ក្នុងព្រះជាម្ចាស់ មនុស្សស្រីមិនមានភាពឯករាជ្យពីបុរសឡើយ ហើយបុរសក៏មិនមានភាពឯករាជ្យពីមនុស្សស្រ្តីដែរ។ 12 ដ្បិត ស្ត្រីយក​ចេញ​​ពី​បុរសមក​ បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ។ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ 13 ចូរវិនិច្ឆ័យពីខ្លួនអ្នកចុះ តើវាពិតជាមិនសមរម្យដែលស្រ្តីអធិស្ឋានទៅព្រះជាម្ចាស់ដោយគ្មានស្បៃគ្របក្បាលនោះ? 14 សូម្បី​តែ​ ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង តើវាជា​ការ​អាម៉ាស់​មុខ​គាត់ណាស់ឬ? 15 តើធម្មជាតិមិនបង្រៀនអ្នកទេឬអីថា បើស្រីសក់​វែង​ជា​សិរី‌រុងរឿង​របស់​នាងនោះ? តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ 16 ប្រសិន​បើ​ នរណា​ម្នាក់​ចង់​រក​រឿង​ពីការនេះ យើង​មិន​មានសេចក្តីណាផ្សេងទៀតដែរ ហើយ​ក្រុម‌ជំនុំរបស់​ព្រះ‌ជាម្ចាស់​ក៏​មិន​​មាន​ដែរ។ 17 ប៉ុន្តែ តាមសេចក្តីណែនាំខាងក្រោមនេះ ខ្ញុំមិនសរសើរបងប្អូនឡើយ។ ដ្បិត ពេលបងប្អូនមកជួបប្រជុំគ្នា វាមិនបានធ្វើឲ្យប្រសើជាងមុននោះទេ ប៉ុន្តែ បានធ្វើឲ្យអាក្រក់ជាងមុនទៅទៀត។ 18 ដ្បិត ពីដំបូង ខ្ញុំបានឮថា ពេលដែលបងប្អូនបានមកជួបប្រជុំនៅព្រះវិហារ ហើយមានការបែកបាក់ក្នុងចំណោមបងបប្អូន ទៅជាបក្សពួកខ្ញុំជឿថាបែបនោះ។ 19 ដ្បិត គឺមានការទាស់ប្រឆាំងគ្នា ក្នុងចំណោមបងប្អូន ដូច្នេះ អ្នកណាដែលធ្វើការនេះនឹងត្រូវបានស្គាល់នៅក្នុចំណោមបងប្អូន។ 20 ដូច្នេះ ពេលបងប្អូនមក​ប្រជុំ​គ្នា​ នោះ​មិន​មែនយើងហូបដូច​ជាពិធីជប់លៀង​​របស់ព្រះអម្ចាស់​ទេ។ 21 ពេលណាដែលអ្នក​ហូប នោះ​គ្រប់​គ្នា​ខំ​ហូបអាហារ ​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​អាហារអ្នកផ្សេងមកដល់។ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង។ 22 ​តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ សម្រាប់​ដើម្បី​ហូប​អាហារ​ទេ​ឬ​អី? តើ​អ្នក​មើលងាយ​ដល់​ក្រុម​ជំនុំ​របស់ព្រះជាម្ចាស់ ហើយ​ចង់​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​គ្មាន​អ្វីនោះ​ មាន​សេចក្តី​ខ្មាស​ឬ​អី? តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​បងប្អូន​ថា​ដូច​ម្តេច? គួរ​ឲ្យ​សរសើរ​បងប្អូនឬអី? ខ្ញុំនឹង​មិន​សរសើរ​បងប្អូនសម្រាប់ការនេះទេ!។ 23 ដ្បិត ​ខ្ញុំ​បានទទួលអ្វីដែលមកពី​ព្រះអម្ចាស់ ហើយក៏ផ្តល់​ដល់​អ្នក​រាល់​គ្នា គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះអម្ចាស់យេស៊ូ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​កាច់​នំបុ័ង។ 24 ក្រោយពីព្រះជាម្ចាស់​អរព្រះគុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​មាន​ព្រះបន្ទូល​ថា៖ «នេះ​ជា​រូបកាយ​ខ្ញុំ ដែល​ត្រូវ​កាច់សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្តី​រំឭក​ពី​ខ្ញុំ​ចុះ» 25 ក្នុងរបៀបដដែល ​ព្រះជាម្ចាស់​ក៏​យក​ពែង​​បន្ទាប់ពីបានបរិភោគហើយ ដោយ​ព្រះបន្ទូល​ថា៖ «ពែង​នេះ​ជា​សម្ពន្ធមេត្រីថ្មី ដោយ​នូវ​ឈាម​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្តី​រំឭក​ដល់​ខ្ញុំ»។ 26 ដ្បិត ​ពេលណាដែល​បងប្អូនហូប​នំបុ័ង​ ហើយ​ផឹក​ពី​ពែង​នេះ បងប្អូនបានប្រកាស​ពីការសុគត​របស់​ព្រះអម្ចាស់ ដរាប​ដល់​ព្រះអង្គ​យាង​មកវិញ។ 27 ដូច្នេះ ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​ ឬ​ផឹក​ពី​ពែង​នៃ​ព្រះអម្ចាស់​បែប​មិន​គួរ​សម ​នឹង​មាន​ទោស​ចំពោះព្រះកាយ ហើយ​និង​ព្រះលោហិត​របស់​ព្រះអម្ចាស់។ 28 ត្រូវ​ឲ្យ​មនុស្ស​ពិនិត្យខ្លួន​ឯង​មើលហើយរួច​សូម​ហូប​នំបុ័ង ហើយ​ផឹក​ពី​ពែង​នោះចុះ។ 29 ដ្បិត ​អ្នក​ណា​ដែល​ហូប និងផឹក​បែប​មិន​គួរ​សមចំពោះព្រះកាយ អ្នក​នោះ​​ហូបហើយផឹកដោយជាប់ក្នុងការ​ជំនុំជម្រះដល់​ខ្លួន​វិញ។ 30 ដោយ​ហេតុ​នេះហើយបានជា​មានមនុស្សច្រើននៅក្នុងបងប្អូន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​អ្នកខ្លះបាន​ដេក​លក់​ទៅ​ហើយ​ដែរ។ 31 ប៉ុន្តែ ប្រសិនបើ​​យើង​បានពិចារណាអំពី​ខ្លួន​យើងសិន ​យើង​មិន​ត្រូវ​ជាប់​ជំនុំជម្រះ​ឡើយ។ 32 ប៉ុន្តែ ពេលយើងជាប់ជំនុំជម្រះដោយព្រះអម្ចាស់ ពួកយើងបានទទួលការកែតម្រង់ទេ ដូច្នេះ យើងមិនជាប់ក្នុងទោសជាមួយលោកីយ៍ឡើយ។ 33 ដូច្នេះ បង​ប្អូន​អើយ កាល​ណា​បងប្អូនប្រជុំ​គ្នា ដើម្បី​នឹង​បរិភោគ​គួររង់ចាំ​ឲ្យបានរួចរាល់ទាំងអស់គ្នា។ 34 បើ​សិន​ជា​អ្នក​ណា​ឃ្លាន សូមឲ្យ​អ្នក​នោះ​ហូប​នៅ​​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹងសម្រេច​គ្រប់​ទាំង​អស់។


ជំពូក 12

1 បងប្អូនអើយ ​អំពីអំណោយ​ទាន​ខាង​វិញ្ញាណ ខ្ញុំ​មិន​ចង់​ឲ្យបងប្អូន​ទៅជា​ល្ងង់​ទេ។ 2 បងប្អូនដឹង​ហើយ​ថា ពី​ដើម​បងប្អូន​ជា​សាសន៍​ដទៃ ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គេ តាម​របៀបអ្វីដែលបងប្អូនបានដឹកនាំដោយពួកគេ។ 3 ដូច្នេះ ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយដោយ​នូវ​ព្រះវិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់ប្រាប់ថា៖ «ព្រះយេស៊ូ​ត្រូវ​បណ្តាសា​» ក៏​គ្មាន​អ្នក​ណា​អាចនិយាយថា៖ «ព្រះយេស៊ូគឺ​ជា​ព្រះអម្ចាស់» បានទេ លើក​តែ​ដោយ​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធបើកបង្ហាញ​។ 4 ឥឡូវ ​អំណោយ​ទាន នោះ​មាន​ផ្សេងៗពី​គ្នា ប៉ុន្តែ ​ព្រះវិញ្ញាណ​ដដែល​។ 5 ហើយ​ក៏​មាន​មុខងារ​ផ្សេងៗពី​គ្នា ប៉ុន្តែ ​គឺ​ជា​ព្រះអម្ចាស់​តែមួយ 6 ហើយក៏មានមុខងារផ្សេងៗពីគ្នាដែរ ប៉ុន្តែ ព្រះជាម្ចាស់តែមួយដែលធ្វើឲ្យមុខងារទាំងនោះដល់មនុស្សគ្រប់គ្នា។ 7 ឥឡូវ​ ​ព្រះអង្គប្រទាន​ឲ្យ​ព្រះវិញ្ញាណ​សម្ដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​ប្រយោជន៍សម្រាប់គ្រប់ការទាំងអស់។ 8 ដ្បិត ព្រះអង្គប្រទាន​​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ដោយសារ​ព្រះវិញ្ញាណ ហើយឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្តី​នៃ​ចំណេះ​ដឹង តាម​ព្រះវិញ្ញាណ​ដដែល។ 9 ដើម្បី ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​ជំនឿ ដោយ​នូវ​ព្រះវិញ្ញាណ​ដដែល ហើយឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន​នៃការប្រោស​ឲ្យ​ជា ដោយ​ព្រះវិញ្ញាណ​តែមួយ។ 10 ដើម្បីឲ្យ​ម្នាក់ទៀត​បាន​សម្ដែង​​ឫទ្ធិ​បារមី និង​ឲ្យ​ម្នាក់​ទៀត​ចេះថ្លែងព្រះបន្ទូល។ ហើយប្រទានឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ ហើយ​ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ។ 11 ប៉ុន្តែ ​គឺ​ជា​ព្រះវិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំងផ្តល់អំណោយទានឲ្យ​គ្រប់​គ្នា​រៀងៗខ្លួន តាម​ដែល​ព្រះជាម្ចាស់ជ្រើសរើស។ 12 ដ្បិត ​ដូច​ជា​រូប​កាយ​មួយ​មាន​អវយវៈ​​ច្រើន ហើយ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត ​តែមកពី​​រូបកាយ​តែ​មួយ​ ដូច្នេះក៏ដូចជាព្រះកាយនៃព្រះគ្រិស្ត​ដែរ។ 13 ដ្បិត យើង​បាន​ទទួល​ពិធីជ្រមុជចូល​ក្នុង​រូបកាយ​តែ​មួយ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក អ្នកបម្រើ ឬ​អ្នក​ជា​ក្តី ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះវិញ្ញាណ​តែ​មួយ​ដែរ។ 14 ដ្បិត រូបកាយ​មិន​មែន​មាន​អវយវៈ​តែ​មួយនោះ​ទេ តែមាន​ច្រើន​។ 15 ប្រសិនបើ ជើងនិយាយថា៖ «ខ្ញុំមិនមែនជាដៃទេ ខ្ញុំក៏មិនមែនជាចំណែកនៃរូបកាយដែរ» ក៏គ្មានចំណែកណាដែលតូចជាងគេនៃរូបកាយនោះទេ។ 16 ហើយប្រសិនបើ ត្រចៀកនិយាយថា៖ «ពីព្រោះខ្ញុំមិនមែនជាភ្នែក ខ្ញុំមិនមែនជាផ្នែកនៃរូបកាយនោះទេ» គ្មានចំណែកណាដែលតូចជាងគេនៃរូបកាយនោះទេ។ 17 បើ​រូបកាយ​ទាំង​មូលសុទ្ធ​តែ​ជា​ភ្នែក ​តើ​នឹង​ស្តាប់​​តាម​ណាដែរ? បើ​រូបកាយ​ទាំង​មូល សុទ្ធ​តែ​ជា​ត្រចៀក ​តើ​នឹង​ដឹង​ក្លិន​តាមណាទៅ? 18 ប៉ុន្តែ ​ព្រះ​ជាម្ចាស់​បាន​រៀបចំឲ្យ​អវយវៈ​នីមួយៗ ក្នុង​រូបកាយ​តាម​ព្រះជាម្ចាស់ច្នៃ។ 19 បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែមួយ ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា? 20 ដូច្នេះ ពេលនេះ មាន​អវយវៈ​ជា​ច្រើនក៏ពិតមែន​ ប៉ុន្តែ ​រូបកាយ​តែ​មួយ​ទេ។ 21 ដូច្នេះ ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​​ឯងទេ»។ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា៖ «ខ្ញុំ​មិន​ត្រូវ​ការ​​ឯងទៀត​ឡើយ»។ 22 ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ហើយ​អវយវៈ​ណា​ក្នុង​រូបកាយ ដែល​យើង​ស្មាន​ថា មិន​ឲ្យតម្លៃ​ប៉ុន្មាននោះ គឺ​យើង​បានឲ្យតម្លៃលើស​ទៅ​ទៀត 23 ហើយអវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត។ 24 ពេលនេះ ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ​ជាម្ចាស់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត។ 25 ព្រះជាម្ចាស់ធ្វើបែបនេះ ដើម្បី​កុំ​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន គួរ​ជួយ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក និងជួយដោះស្រាយបញ្ហាជាមួយគ្នាដែរ។ 26 ដូច្នេះ ពេលអវយវៈណាឈឺ អវយវៈទាំងអស់ត្រូវឈឺទាំងអស់ដែរ ពេលអវយវៈមួយត្រូវបានសរសើរ នោះទាំងអស់គ្នាត្រូវចូលរួមរីករាយដែរ។ 27 ពេលនេះ អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រិស្ត ហើយ​ជា​អវយវៈ​រៀង​ខ្លួនវិញ។ 28 ហើយ ព្រះ​ជាម្ចាស់​បានរើស​តាំង​ ​ក្នុង​ពួក​ជំនុំ​មុន​ដំបូង គឺ​ពួក​សាវក ទីពីរ ​ពួក​ព្យាការី ទី​បី ពួក​គ្រូ​បង្រៀន ក្រោយ​មក ពួកអ្នកដែលធ្វើ​ការ​អស្ចារ្យ និង​ពួកអ្នកមាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ពួកអ្នកផ្តល់ការ​ជួយ និងពួកអ្នកធ្វើការ​គ្រប់​គ្រង ព្រមទាំងអស់អ្នកដែលនិយាយ​​ភាសាផ្សេងៗផង។ 29 តើពួកគេសុទ្ធជាសាវកឬអី? តើពួកគេទាំងនោះសុទ្ធជាព្យាការីឬអី? តើអ្នកទាំងនោះសុទ្ធតែជាគ្រូបង្រៀនមែនទេ? តើពួកគាត់សុទ្ធតែជាធ្វើការឬទ្ធិបារមីឬអី? 30 តើពួកគេមានអំណោយទានប្រោសឲ្យជាទាំងអស់គ្នាឬអី? តើពួកគេចេះនិយាយភាសារដទៃទាំងគ្នាឬអី? តើពួកគាត់ទាំងអស់គ្នាចេះបកស្រាយភាសាដទៃទាំងអស់គ្នាឬអី? ចូរ​សង្វាត​រកឲ្យ​បាន​អំណោយ​ទានទាំងនោះ។ 31 ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ការ​ដ៏​ប្រសើរ​លើសជាងនេះទៅ​ទៀត។


ជំពូក 13

1 ទោះ​បើ​ខ្ញុំ​ចេះ​និយាយភាសា​របស់​មនុស្ស​ជាតិ​ និង​ភាសា​របស់​ពួក​ទេវតា​ក្តី។ ប៉ុន្តែ បើ​គ្មាន​សេចក្តី​ស្រឡាញ់ ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹងដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ។ 2 បើ​ខ្ញុំមានអំណោយទាន​ចេះ​អធិប្បាយព្រះបន្ទូល ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថ៌កំបាំង និង​គ្រប់​ទាំង​ការចេះដឹង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​​ជំនឿ​ល្មម​អាចនឹង​​ភ្នំ​រើ​ចេញ​បាន។ ប៉ុន្តែប្រសិនបើ ខ្ញុំគ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មានន័យ​អ្វី​ឡើយ។ 3 ប្រសិនបើ​ ខ្ញុំ​ឲ្យ​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំជា​អាហារ​ដល់​អ្នកក្រ ហើយប្រសិន​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត។ ប៉ុន្តែ​ គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​ដែរ។ 4 សេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយសប្បុរស។ សេចក្តីស្រឡាញ់មិនចេះឈ្នានីស និងមិនចេះអួតខ្លួនឡើយ។ ក៏មិនក្រអឺតក្រទមដែរ។ 5 ឬមិនធ្វើអំពើដែលមិនគួរសមឡើយ។ សេចក្តីស្រឡាញ់មិនដែលរកប្រយោជន៍សម្រាប់ខ្លួនឯង។ មិនរហ័សខឹង និងមិនប្រកាន់ទោសឡើយ។ 6 និងមិនរីករាយនឹងនៅក្នុងសេចក្តីទុច្ចរិតឡើយ។ ផ្ទុយទៅវិញ ត្រូវរីករាយនៅក្នុងសេចក្តីពិតវិញ។ 7 សេចក្តីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ និងទ្រាំទ្រទាំងអស់។ 8 សេចក្តីស្រឡាញ់មិនដែលផុតឡើយ។ ប៉ុ​ន្តែ ប្រសិនបើសេចក្តីអធិប្បាយព្រះបន្ទូលវិញ នោះនឹងកន្លងផុតទៅ។ ហើយប្រសិនបើជាការនិយាយភាសារដទៃក៏នឹងត្រូវឈប់ដែរ។ ប្រសិនបើជាការចេះដឹង និងត្រូវកន្លងផុតទៅដែរ។ 9 ដ្បិត អ្វីដែលយើងដឹងគ្រាន់ជាផ្នែកមួយ ហើយការថ្លែងព្រះបន្ទូលក៏មិនទាន់បានពេញលេញដែរ។ 10 ប៉ុន្តែ ពេលសេចក្តីគ្រប់លក្ខណ៍មកដល់ នោះសេចក្តីដែលមិនពេញខ្នាត នឹងកន្លងផុតទៅ។ 11 ពេលខ្ញុំនៅក្មេង ខ្ញុំនិយាយដូចជាកូនក្មេង ហើយការគិតដូចជាកូនក្មេងដែរ និងក្នុងការពិចារណាក៏ដូចកូនក្មេងដែរ។ តែពេលខ្ញុំធំឡើង ខ្ញុំបានជម្រុះចោលការអ្វីដែលជាក្មេងចេញ។ 12 ដ្បិត ឥឡូវនេះ យើងឃើញបែបមិនផ្ទាល់ ដូចជានៅក្នុងកញ្ចាក់ ប៉ុន្តែ ពេលខាងមុខ យើងនឹងឃើញមុខទល់នឹងមុខវិញ។ ឥឡូវនេះ ខ្ញុំចេះដឹងជាផ្នែកមួយតូច ប៉ុន្តែ ពេលខាងមុខខ្ញុំនឹងទទួលចេះដឹង ក៏ពេញលេញដូចជាព្រះជាម្ចាស់ស្គាល់ខ្ញុំដែរ។ 13 ឥឡូវនេះ មានការបីដែលនៅគង់វង្សគឺ សេចក្តីជំនឿ ទំនុកចិត្តនាពេលអនាគត និងសេចក្តីស្រឡាញ់។ ប៉ុន្តែ ការដែលអស្ចារ្យជាងគេនោះ គឺសេចក្តីស្រឡាញ់។


ជំពូក 14

1 ចូលតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានគ្រប់ទាំងអំណោយទានខាងឯវិញ្ញាណចុះ ជាពិសេសនោះគឺអំណោយទាននៃការថ្លែងព្រះបន្ទូល។ 2 ដិ្បត អ្នកដែលនិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ ប៉ុន្តែ និយាយទៅកាន់ព្រះជាម្ចាស់វិញ។ ពីព្រោះគ្មាននរណាអាចយល់ភាសាគាត់ឡើយ ដោយសារគាត់បានថ្លែងពីសេចក្តីអាថ៌កំបាំងខាងឯវិញ្ញណ។ 3 ប៉ុន្តែ អ្នកដែលថ្លែងព្រះបន្ទូលជាពាក្យទៅកាន់មនុស្ស ដើម្បីស្អាងចិត្ត និងលើកទឹកចិត្តព្រមទាំងកម្សាន្តចិត្តដល់ពួកគេដែរ។ 4 អ្នកដែលនិយាយភាសាដទៃ គឺដើម្បីស្អាងចិត្តខ្លួនឯងឡើង ប៉ុន្តែ អ្នកដែលថ្លែងព្រះបន្ទូលជាពាក្យគឺដើម្បីស្អាងចិត្តក្រុមជំនុំវិញ។ 5 ពេលនេះ ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នា និយាយភាសាដទៃដែរ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់គឺច្រើនជាងនោះ ក៏ចង់ឃើញបងប្អូនអាចថ្លែងព្រះបន្ទូលផងដែរ។ អ្នកដែលថ្លែងព្រះបន្ទូលប្រសើរជាង អ្នកដែលនិយាយភាសាដទៃ (លើកតែអ្នកនោះចេះបកស្រាយ ទើបអាចស្អាងចិត្តក្រុមជំនុំ)។ 6 ប៉ុន្តែពេលនេះ បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ហើយនិយាយតែភាសាដទៃ តើបងប្អូនអាចយល់បានទេ? ខ្ញុំមិនអាចឡើយ លើកលែងតែខ្ញុំបានទទួលការបើកសម្តែងសម្រាប់បងប្អូន ឬការចេះដឹង ឬការថ្លែងព្រះបន្ទូល ឬសេចក្តីបង្រៀនវិញ។ 7 ប្រសិនបើ អ្វីដែលគ្មានជីវិតដូចជា ឧបករណ៍តន្រ្តីគឺធ្វើឲ្យឮសម្លេង ដូចជាខ្លុយ ឬពិណ ប្រសិនបើ ​មិន​មាន​ឮ​ខ្ពស់​ទាប តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ​ ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន? 8 ដ្បិត ប្រសិនបើ ត្រែ លេងឮ​សូរ​សម្លេងមិន​ច្បាស់ តើ​នឹង​មាន​អ្នក​ណា​ដឹង ហើយប្រុង​ប្រៀប​ខ្លួនសម្រាប់ច្បាំង​ទៅ? 9 ដូច្នេះ អ្នក​រាល់​គ្នា​ក៏​យ៉ាង​ដូច្នោះ​ដែរ។ ប្រសិន​បើ​ ជា​អណ្តាត​មិន​បញ្ចេញ​ចំពោះ​ពាក្យ​ដែល​ស្តាប់​បាន តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ដឹង​ថា ​​អ្វីដែលអ្នកចង់និយាយបាន? បងប្អូននឹងនិយាយ ប៉ុន្តែ គ្មានអ្នកណាអាចយល់ឡើយ។ 10 មាន​ភាសាជា​ច្រើន​យ៉ាង​ណាស់ ហើយខុសៗពីគ្នានៅ​ក្នុង​ពិភពលោក​នេះ ហើយគ្មានភាសារណា​មួយ​ដែល​មិន​មានន័យ​នោះឡើយ។ 11 ប៉ុន្តែ ប្រសិនបើ ខ្ញុំមិនដឹងអំពីន័យរបស់ភាសានោះ ខ្ញុំនឹងក្លាយជាសាសន៍ដទៃសម្រាប់អ្នកនិយាយ ហើយអ្នកនិយាយភាសានោះ នឹងក្លាយជាសាសន៍ដទៃសម្រាប់ខ្ញុំវិញដែរ។ 12 ដូចគ្នានេះដែរ ជាមួយបងប្អូន ចាប់តាំងពីបងប្អូនសង្វាតចង់បានការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធ ត្រូវស្វែងរក ឲ្យបានកាន់ច្រើនឡើង ដើម្បីស្អាងក្រុមជំនុំឡើង។ 13 ដូច្នេះ អ្នកដែលនិយាយភាសារដទៃ សូមអធិស្ឋានដើម្បីឲ្យចេះបកស្រាយផង។ 14 ដ្បិត ប្រសិនបើខ្ញុំអធិស្ឋានជាភាសសារដទៃ វិញ្ញាណរបស់ខ្ញុំក៏ធិស្ឋានដែរ ប៉ុន្តែនៅក្នងគំនិតខ្ញុំវិញគឺមិនមានលទ្ធផលអ្វីទេ។ 15 តើគួរឲ្យធ្វើដូចម្តេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំក៏អធិស្ឋានក្នុនៅក្នុងគំនិតរបស់ខ្ញុំដែរ។ ខ្ញុំនឹងច្រៀងដោយវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងនៅក្នុងគំនិតរបស់ខ្ញុំដែរ។ 16 ម៉្យាងវិញទៀត ប្រសិនបើ បងប្អូនសរសើរតម្កើងព្រះជាម្ចាស់ដោយវិញ្ញាណ តើធ្វើដូចម្តេចដើម្បីឲ្យអ្នកដែលអត់ចេះនឹងនិយាយថា៖ «អាម៉ែន» នៅពេលអ្នកអរព្រះគុណដល់ព្រះជាម្ចាស់ បើអ្នកផ្សេងឯទៀតមិនដឹងពីអ្វីដែលអ្នកកំពុងនិយាយទេ? 17 ដ្បិត ​បងប្អូនអរ​ព្រះគុណ​យ៉ាង​ល្អ​ហើយ ប៉ុន្តែ ​អ្នក​ផ្សេង​មិន​បាន​ទទួលការស្អាង​ចិត្ត​ឡើយ។ 18 ខ្ញុំអរគុណដល់ព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាដទៃច្រើនជាងបងប្អូនរាល់គ្នា។ 19 ប៉ុន្តែ ក្នុងក្រុមជំនុំ ខ្ញុំជ្រើសរើសនិយាយតែប្រាំពាក្យ ដែលខ្ញុំអាចយល់ ដូច្នេះ ខ្ញុំអាចបង្រៀនដល់មនុស្សឯទៀតបាន ប្រសើជាងខ្ញុំនិយាយមួយពាន់ពាក្សជាភាសាដទៃវិញ។ 20 បងប្អូនអើយ សូមកុំនៅតែក្មេងខ្ចីខាងឯការគិតរបស់អ្នកឡើយ។ ផ្ទុញទៅវិញ នៅក្នុងការអាក្រក់ នោះចូលឲ្យនៅជាកូនង៉ែតចុះ។ ប៉ុន្តែ នៅក្នុងការគិតរបស់បងប្អូនត្រូវតែចាស់ទុំ។ 21 មានសេចក្តីចែងទុកនៅក្នុងក្រឹត្យវិន័យថា៖ «តាមរយៈ ភាសានៃអណ្តាតដ៏ច​ម្លែករបស់មនុស្ស ហើយតាមបបូរមាត់សាសន៍ដទៃ ខ្ញុំនឹងថ្លែងព្រះបន្ទូលទៅមនុស្សទាំងនោះ។ ទោះបីពួកគេមិនស្តាប់ខ្ញុំក៏ដោយ» នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។ 22 ដូច្នេះ ​ភាសា​ដទៃ​មិនមែនជា​ទី​សម្គាល់សម្រាប់​ពួក​អ្នក​​ជឿ​ទេ ប៉ុន្តែ ជាទីសម្គាល់សម្រាប់​ពួក​អ្នក​​មិន​ជឿ​វិញ។ ប៉ុន្តែ ការ​ថ្លែងព្រះបន្ទូលវិញ មិនមែនជាទីសម្គាល់​សម្រាប់​ពួក​អ្នក​មិន​ជឿទេ ប៉ុន្តែជាទីសម្គាល់​សម្រាប់ពួក​អ្នក​ដែល​ជឿ​វិញ។ 23 ប្រសិនបើដូច្នេះ ក្រុមជំនុំ​ទាំង​មូលដែល​ប្រជុំ​គ្នា​ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី? 24 ប៉ុន្តែ ប្រសិនបើបងប្អូន កំពុងថ្លែងព្រះបន្ទូល ហើយពួកអ្នកដែលមិនជឿ ឬពួកអ្នកដែលនៅខាងក្រៅចូលមកដល់ គេនិងបានដឹងខ្លួន តាមរយៈអ្វីដែលពួកគេបានឮ។ គេក៏នឹងពិចារណាតាមរយៈពាក្យដែលបានថ្លែងដែរ។ 25 អស់​ទាំង​ ការ​លាក់កំបាំង​ក្នុង​ចិត្ត​គេនឹង​បាន​សម្តែងចេញមក។ ជាលទ្ធផល គេ​អាចក្រាប​ផ្កាប់​មុខ​ ហើយថ្វាយ​បង្គំ​ដល់​ព្រះជាម្ចាស់។ គេប្រហែលជាប្រកាសថា ​ព្រះ​ជាម្ចាស់គង់​នៅ​ក្នុង​ចំណោម​បងប្អូន។ 26 បង​ប្អូន​អើយ តើយើងគួរធ្វើអ្វីបន្ទាប់? ពេល​​បងប្អូន​​ប្រជុំគ្នា ​គ្រប់​គ្នា​មាន​ទំនុកតម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​និយាយ​ភាសា​ដទៃ និងមាន​ការ​បក​ប្រែ​ដែរ។ ចូរ​ធ្វើ​ការ​ទាំង​អស់ ដើម្បី​នឹង​ស្អាង​ចិត្ត​ដល់ក្រុមជំនុំចុះ។ 27 ប្រសិនបើ ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ សូមឲ្យមាន​តែពីរ ឬបីនាក់​ ហើយ​និយាយម្នាក់​ម្តងៗផង ហើយគួរមានអ្នកបកស្រាយ​ពីអ្វីដែលគាត់បាននិយាយ។ 28 ប៉ុន្តែប្រសិនបើ​គ្មាន​អ្នក​បកស្រាយទេ សូមឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​។ សូមឲ្យគ្រប់គ្នា ទូល​ដល់​ព្រះ​ជាម្ចាស់ ដោយ​ខ្លួន​ឯង​វិញ។ 29 សូមឲ្យពីរ​ ឬបីនាក់ថ្លែងព្រះបន្ទូលទៅបានហើយ និងសូមឲ្យអ្នកផ្សេងទៀតស្តាប់ជាមួយការពិចារណា ពីអ្វីដែលគាត់បានថ្លែងនោះ។ 30 ប៉ុន្តែ បើមានការបើកសម្តែង បានផ្តល់ដល់អ្នកកំពុងអង្គុយ ក្នុងការថ្វាយបង្គំនោះ សូមឲ្យអ្នកដែលកំពុងថ្លែងព្រះបន្ទូលនៅស្ងៀមវិញ។ 31 ដ្បិត គ្រប់គ្នាម្នាក់ៗអាចថ្លែងព្រះបន្ទូលម្នាក់ម្តងៗ ដូច្នេះ គ្រប់គ្នានឹងរៀនព្រមទាំងបានទទូលការលើកទឹកចិត្តផង។ 32 ដ្បិត វិញ្ញាណរបស់អ្នកថ្លែងព្រះបន្ទូលគឺស្ថិតនៅក្រោមការគ្របគ្រងរបស់អ្នកដែលថ្លែងព្រះបន្ទូលនោះឯង។ 33 ដ្បិត​ ព្រះ​ជាម្ចាស់​មិន​មែន​ជា​ព្រះ​នៃ​ការ​វឹកវរ​ទេ ប៉ុន្តែ ​ព្រះអង្គ​គឺជា​ព្រះជាម្ចាស់​នៃ​សេចក្តី​សុខ​សាន្ត​វិញ។ នេះគឺជាច្បាប់នៅក្នុងគ្រប់ក្រុម​ជំនុំ​របស់​អ្នកជឿទាំងអស់។ 34 មនុស្សស្រីគួរនៅស្ងៀមនៅក្នុងក្រុមជំនុំនាៗ។ ដ្បិត ពួកគេមិនអាចអនុញាតឲ្យថ្លែងព្រះបន្ទូលឡើយ។ ផ្ទុយទៅវិញ ស្រ្តីគួរប្រតិបត្តិតាមវិញ ដូចជាអ្វីដែលក្រឹត្យវិន័យបានចែង។ 35 បើពួកគេមានបំណងចិត្តចង់រៀនអ្វីមួយ សូមឲ្យគេសួរប្តីរបស់គេនៅឯផ្ទះចុះ។ ដ្បិត ស្រ្តីដែលថ្លែងព្រះបន្ទូលនៅក្នុងក្រុមជំនុំ មិនសមរម្យទេ។ 36 តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកពីបងប្អូនទេ? ឬមានតែបងប្អូនទេ ដែលបានទទួលព្រះបន្ទូល? 37 ប្រសិនបើ មាននរណាគិតថា ខ្លូនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងឯវិញ្ញាណ គេត្រូវទទូលស្គាល់អ្វីដែលខ្ញុំសរសេរមកកាន់បងប្អូនគឺជាការបញ្ជារបស់ព្រះជាម្ចាស់។ 38 ប៉ុន្តែ បើមានអ្នក​ណា​ដែលមិន​យល់​ នោះ​​មិនចាំបាច់ឲ្យគាត់យល់​ទេ។ 39 ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​ថ្លែងព្រះបន្ទូល ហើយ​កុំ​ឲ្យ​ឃាត់​អ្នកណាម្នាក់ពីការ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ។ 40 ប៉ុន្តែ សូមឲ្យការទាំងអស់សម្រេចដូចអ្វីដែលបានថ្លែង និងតាម​លំដាប់លំដោយ​ផង។


ជំពូក 15

1 ពេលនេះ ខ្ញុំសូមរំលឹកដល់បងប្អូន ពីដំណឹងល្អដែលខ្ញុំប្រកាសជាមួយបងប្អូន ដែលបងប្អូនបានទទូល ហើយសូមឈរជាមួួយការនោះផងដែរ។ 2 តាមរយៈដំណឹងល្អនេះហើយដែលបងប្អូនបានទទួលសេចក្តីសង្រ្គោះ ប្រសិនបើ អ្នកកាន់ខ្ជាប់តាមសេចក្តីដែលខ្ញុំបានប្រកាសដល់បងប្អូន នោះសេចក្តីជំនឿរបស់បងប្អូននឹងមិនឥតប្រយោជន៍ឡើយ។ 3 ដ្បិត ខ្ញុំបាននាំមកឲ្យបងប្អូន ដូចជារបស់សំខាន់ដំបូងគេនូវអ្វីដែលខ្ញុំបានទទូលរួចហើយៈ គឺព្រះគ្រិស្តបានសុគតសម្រាប់បាបរបស់យើង តាមព្រះគម្ពីរបានចែង 4 គឺព្រះជាម្ចាស់ត្រូវបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ស្របតាមព្រះគម្ពីរដែរ។ 5 ព្រះគ្រិស្ត បានបង្ហាញអង្គទ្រង់ឲ្យលោកកេផាស និងពួកសិស្សទាំងដប់ពីរបានឃើញ 6 ក្រោយមកព្រះអង្គក៏បង្ហាញអង្គទ្រង់ឲ្យមនុស្សជាងប្រាំរយនាក់បានឃើញ។ អ្នកខ្លះក៏នៅមានជីវិត ប៉ុន្តែអ្នកផ្សេងទៀតក៏បានដេកលក់ទៅហើយដែរ។ 7 បន្ទាប់មក ព្រះជាម្ចាស់ក៏បានបង្ហាញអង្គទ្រង់ឲ្យលោកយ៉ាកុបឃើញ ហើយក្រោយមកទៀតព្រះអង្គបង្ហាញឲ្យសាវកទាំងអស់បានឃើញដែរ។ 8 ចុងក្រោយគេបង្អស់ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ឲ្យខ្ញុំឃើញ ដូចជាកូនបានកើតមកខុសពេលដែរ។ 9 ដ្បិត ខ្ញុំនេះតូចជាងគេក្នុងចំណោមពួកសាវក។ រូបខ្ញុំមិនស័ក្តិសមឲ្យហៅជាសាវកនោះទេ ពីព្រោះខ្ញុំធ្លាប់បានបៀតបៀនដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់។ 10 ប៉ុន្តែ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ នោះខ្ញុំបានក្លាយជាខ្ញុំ ហើយព្រះគុណរបស់ព្រះជាម្ចាស់ដែលក្នុងខ្ញុំ គឺមិនមែនគ្មានប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ គឺខ្ញុំបានធ្វើការងារច្រើនជាងពួកសាវកផ្សេងទៀតផង។ ពិតណាស់ មិនមែនខ្ញុំទេ ប៉ុន្តែ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ដែលនៅជាមួយខ្ញុំវិញ។ 11 ដូច្នេះ ទោះបីជាខ្ញុំ ឬពួកគេក្តី ដែលយើងបានប្រកាសនោះគឺធ្វើឲ្យបងប្អូនបានទទួលជឿវិញ។ 12 ពេលនេះ ប្រសិនបើព្រះគ្រិស្តបានប្រកាសថា មានព្រះជន្មរស់ឡើងពីសុគតវិញនោះ ហេតុអ្វីបានជាបងប្អូននិយាយថា គឺមិនមានការរស់ពីសេចក្តីស្លាប់ឡើងវិញ ដូច្នេះ? 13 ប៉ុន្តែ ប្រសិនបើ គ្មានការរស់ពីស្លាប់ឡើងវិញមែន ដូច្នេះ សូម្បីតែព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ 14 ហើយប្រសិនបើព្រះគ្រិស្តមិនបានមានព្រះជន្មរស់ឡើងវិញមែន ដូច្នេះ ការប្រកាសដំណឹងល្អរបស់យើង គឺរាប់ថាជាឥតប្រយោជន៍ហើយ ហើយសេចក្តីជំនឿរបស់បងប្អូនរាប់ថាគ្មានប្រយោជន៍ដែរ។ 15 ដូចគ្នាដែរ ពួកយើងរកឃើញថា គឺជាការធ្វើបន្ទាល់ក្លែងក្លាយអំពីព្រះជាម្ចាស់ ពីព្រោះមកពីយើងបានទាស់ប្រឆាំងជាមួយព្រះជាម្ចាស់ ដោយនិយាយថាព្រះជាម្ចាស់ក៏មិនបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញដែរ។ 16 ដ្បិត បើពួកអ្នកដែលស្លាប់មិនអាចរស់ឡើង ដូច្នេះ ព្រះគ្រិស្តក៏មិនបានមានព្រះជន្មរស់ឡើងវិញដែរ 17 ហើយជំនឿរបស់បងប្អូនគឺឥតប្រយោជន៍ នោះបងប្អូននៅក្នុងបាបរបស់បងប្អូនដដែល។ 18 ដូច្នេះ អ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ត​នឹងត្រូវវិនាសដែរ។ 19 ប្រសិនបើ​​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះគ្រិស្ត នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនាលើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ 20 ប៉ុន្តែ ពេលនេះ ព្រះគ្រិស្តពីជាមានព្រះជន្មរស់ពីស្លាប់ឡើងវិញមែន ក៏ជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅដែរ។ 21 ដ្បិត ដែលសេចក្តីស្លាប់បានចូលមកតាមរយៈមនុស្សតែម្នាក់ ហើយតាមរយៈមនុស្សក៏នាំសេចក្តីរស់ឡើង ពីការសេចក្តីស្លាប់ដែរ។ 22 ដ្បិត ដោយសារអដាំ គ្រប់គ្នាបានស្លាប់ ដូចគ្នាដែរ នៅក្នងព្រះគ្រិស្តគ្រប់គ្នានឹងរស់ឡើងវិញដូច្នោះដែរ។ 23 ប៉ុន្តែ ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន ​ព្រះគ្រិស្ត​ជា​ផល​ដំបូង ហើយពួក​អ្នក​ដែល​ជាកម្មសិទ្ធិ​របស់​​ព្រះគ្រិស្ត នឹងធ្វើឲ្យរស់ឡើងវិញ នៅពេល​ដែល​ព្រះអង្គ​យាង​ត្រឡប់មកវិញ។ 24 នោះ​នឹងដល់ទីបញ្ចប់​ហើយ នៅពេលដែល​ព្រះគ្រិស្តប្រគល់ព្រះរាជ្យដល់ព្រះជាម្ចាស់ជាព្រះបិតា​។ ក្រោយ​ព្រះអង្គនឹង​ទំលាក់​រាជ្យទាំងអស់​ និង​អំណាច ព្រមទាំង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញដែរ។ 25 ដ្បិត ព្រះជាម្ចាស់នឹងសោយរាជ្យរហូតដល់ពេលដែលព្រះអង្គបានដាក់ពួកខ្មាំងសត្រូវនៅក្រោមព្រះបាទារបស់ព្រះអង្គ។ 26 ពួកខ្មាំងសត្រូវ​ដែលនៅក្រោយគេ នឹង​ត្រូវ​បំផ្លាញគឺជាសេចក្តី​ស្លាប់។ 27 ដ្បិត «ព្រះជាម្ចាស់បានបង្ក្រាបគ្រប់យ៉ាងនៅក្រោមព្រះបាទារបស់ព្រះអង្គ» ប៉ុន្តែ នៅពេលនិយាយថា៖ «ព្រះជាម្ចាស់បង្ក្រាបអ្វីគ្រប់យ៉ាង» គឺ​ច្បាស់​ជា​មិនបានរាប់បញ្ចូលព្រះជាម្ចាស់ ដែលជាអ្នក​បង្ក្រាប​គ្រប់​យ៉ាងនោះ ដើម្បីនៅ​ក្រោម​ព្រះអង្គនោះ​ទេ។ 28 ពេលគ្រប់របស់ទាំងអស់ បានចុះចូលចំពោះព្រះអង្គ បន្ទាប់មក ព្រះរាជ្យបុត្រាផ្ទាល់នឹងត្រូវចុះចូលចំពោះព្រះជាម្ចាស់ដែលបានបង្គ្រាបគ្រប់យ៉ាងឲ្យនៅក្រោមព្រះអង្គ។ ការនេះកើតឡើង ដើម្បី​ឲ្យ​ព្រះជាម្ចាស់ដែលជាព្រះបិតា​បាន​គ្រប់​ទាំង​អស់​នៅក្នុង​គ្រប់​ទាំង​អស់។ 29 បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ហេតុអ្វីបានជាគេធ្វើពិធី​ជ្រមុជសម្រាប់​មនុស្ស​ស្លាប់? ប្រសិនបើ​ សេចក្តីស្លាប់​មិន​រស់​ឡើងវិញ​ ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ទទួល​ពិធីជ្រមុជចូលក្នុងសេចក្តី​ស្លាប់​ធ្វើ​អី្វ? 30 ហេតុអ្វីបានជាយើងស្ថិតនៅក្នុងគ្រោះថ្នាក់គ្រប់ពេលវេសាដូច្នេះ? 31 ខ្ញុំប្រឈមជាមួយសេចក្តីស្លាប់ជារៀងរាល់ថ្ងៃ! ការនេះច្បាស់ណាស់ ដូចជាខ្ញុំដែលមានអំនួតនៅក្នុងបងប្អូនដែរ ក៏ដូចជាអំនួតដែលខ្ញុំមាននៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងដែរ។ 32 តើខ្ញុំបានចំណេញអី្វ ចេញពីការយល់ឃើញរបស់មនុស្ស ប្រសិនបើ ខ្ញុំបានប្រយុទ្ធនឹងសត្វព្រៃនៅឯអេភេសូរ ប្រសិនបើ សេចក្តីស្លាប់មិនរស់ឡើងវិញមែន? «ដូច្នេះសូមសីុផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ»។ 33 កុំ​ឲ្យ​ច្រឡំ​ឡើយ «​មានមិត្តអាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ 34 ចូរដឹងខ្លួនឡើង! សូមរស់ក្នុងសេចក្តីសុចរិតវិញ! កុំធ្វើបាបតទៅទៀត។ ដ្បិត មានបងប្អូនខ្លះអត់បានបង្ហាញពីការយល់ដឹងរបស់ព្រះជាម្ចាស់។ ខ្ញុំនិយាយពាក្យទាំងនេះដើម្បីឲ្យបងប្អូនខ្មាស។ 35 ប៉ុន្តែ អ្នកខ្លះនឹងនិយាយថា៖ «តើមនុស្សស្លាប់រស់ឡើងយ៉ាងដូចម្តេច ហើយតើរូបកាយបែបយ៉ាងណា ពេលដែលពួកគេរស់ឡើងវិញនោះ?» 36 បងប្អូនល្ងង់ណាស់! អ្វីដែលបងប្អូនបានព្រោះទៅនឹងដីគឺវាមិនដុះភ្លាមទេ លើកតែវាបានស្លាប់ជាមុនសិន។ 37 អ្វីដែលបងប្អូនបានព្រោះ គឺមិនមែនជារូបកាយនោះទេ ប៉ុន្តែគឺជាគ្រាប់ពូជសុទ្ធ។ វាអាចជាពូជស្រូវ ឬជាអ្វីផ្សេងទៀត។ 38 ប៉ុន្តែ ព្រះជាម្ចាស់នឹងផ្តល់ឲ្យនូវរូបកាយ ដែលព្រះអង្គបានជ្រើសរើស ហើយគ្រប់គ្រាប់ពូជគឺមានសំបករបស់វា។ 39 គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ។ ផ្ទុយទៅវិញ ត្រូវមានសាច់តែមួយ ហើយសាច់ផ្សេងទៀតសម្រាប់សត្វពាហនៈ ហើយសាច់ផ្សេងទៀតសម្រាប់សត្វ​ស្លាប ហើយមួយទៀតសម្រាប់ត្រី។ 40 ក៏មានរូបកាយស្ថានបរមសុខ និងរូបកាយលោកីយ៍ដែរ។ ប៉ុន្តែ សិរីរុងរឿងនៃរូបកាយស្ថានសួគ៌មានលក្ខណៈផ្សេង ហើយសិរីរុងរឿងនៃរូបកាយរបស់លោកីយ៍ក៏មានលក្ខណៈផ្សេងដែរ។ 41 ក៏មានពន្លឺរបស់ព្រះអាទិត្យ និងពន្លឺរបស់ព្រះចន្ទដែរ ហើយនិងពន្លឺនៃផ្កាយដែរ។ ដ្បិត ផ្កាយនីមួយៗមានពន្លឺខុសៗពីគ្នា។ 42 ដូចគ្នានឹងការរស់ពីស្លាប់ឡើងវិញដែរ។​ អ្វីដែលគេ​បាន​កប់​ទៅនឹងត្រូវ​ពុករលួយ ហើយពេល​រស់​ឡើង​វិញ ក្លាយជា​រូបកាយដែល​មិន​ចេះ​ពុករលួយ​។ 43 នៅពេល​កប់​ទៅ កប់ជាមួយនឹងភាព​អាប់ឱន ពេល​រស់​ឡើង​វិញពេញដោយ​សិរីរុងរឿង ពេល​កប់​ទៅជាមួយនឹងភាពកម្សោយ ពេល​រស់​ឡើង​វិញ គឺពេញដោយ​អំណាច។ 44 ពេលកប់ទៅជារូបកាយធម្មជាតិ ហើយពេលរស់ឡើងវិញជារូបកាយខាងឯវិញ្ញាណ។ ប្រសិនបើ មានរូបកាយធម្មជាតិ ដូច្នេះក៏មានរូបកាយខាងឯវិញ្ញាណដែរ។ 45 មានសេចក្តីចែងទុកមកថា៖ «លោកអដាំទីមួយបានត្រឡប់ទៅជា​មាន​ព្រលឹង​រស់ឡើង»។ លោកអដាមចុងក្រោយបង្អស់បានត្រឡប់ជីវិតខាងឯវិញ្ញាណ។ 46 ប៉ុន្តែ អ្វីដែលខាងឯព្រះវិញ្ញាណមិនបានមកមុនទេ ប៉ុន្តែ អ្វីដែលខាងឯធម្មជាតិវិញ ហើយក្រោយមកខាងឯព្រះវិញ្ញាណ។ 47 បុរសទីមួយគឺកើតពីដី បង្កើតចេញពីធូលីដី។ ឯបុរសទីពីរគឺមកពីស្ថានសួគ៌។ 48 ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​មនុស្សទាំងអស់ទាំងអស់​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះអម្ចាស់ដែល​យាង​មក​ពី​ស្ថានសួគ៌ជា​យ៉ាង​ណា ពួក​ស្ថានសួគ៌​ក៏​យ៉ាង​នោះ​ដែរ។ 49 ដូចដែលយើងបានកើតក្នុងរូបភាព ជាមនុស្សដែលកើតពីដី យើងក៏មានលក្ខណមនុស្សខាងឯស្ថានបរមសុខដែរ។ 50 បងប្អូនអើយ ខ្ញុំចង់និយាយដូច្នេះថាសាច់និងឈាមមិនអាចគ្រងព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ។ ព្រោះ អ្វីដែលមិនចេះពុករលួយ ក៏មិនអាចគ្រងអ្វីដែលពុករលួយបានឡើយ។ 51 មើល! ខ្ញុំប្រាប់បងប្អូនពីការលាក់កំបាំងនៃសេចក្តីពិត ពួកយើងទាំងអស់គ្នានឹងមិនស្លាប់ទេ ប៉ុន្តែ យើងទាំងអស់គ្នានឹងទទូលការផ្លាស់ប្តូរ។ 52 ពួកយើងនឹងផ្លាស់ប្តូរ ក្នុងពេលមួយ ក្នុងមួយពព្រិចភ្នែក ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​បន្លឺឡើង។ ដ្បិត ​ត្រែ​នឹង​ឮ​ឡើង​ ហើយពួកដែលស្លាប់នឹងរស់ឡើង លែងមានភាពពុករលួយទៀតឡើយ ហើយយើងនឹងផ្លាស់ប្តូរ។ 53 ដ្បិត រូបកាយដែលពុករលួយនេះ នឹងជំនួសវិញនូវរូបកាយដែលមិនចេះពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ នឹងទៅជារូបកាយដែលមិនចេះស្លាប់វិញ។ 54 ប៉ុន្តែ ពេលដែលរូបកាយដែលពុករលួយ បានជំនួសរូបកាយដែលមិនចេះពុករលួយ ហើយរូបកាយដែលតែងតែស្លាប់បានជំនួសរូបកាយដែលមិនចេះស្លាប់នោះ ដូច្នេះគឺស្របទៅនឹងសេចក្តីដែលបានចែងថា៖ «ជ័យជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ» 55 «សេចក្តីស្លាប់អើយ តើជោគជ័យឯងនៅណា? សេចក្តីស្លាប់អើយ តើទ្រនិចឯងនៅណា?» 56 ទ្រនិច​នៃ​សេចក្តី​ស្លាប់គឺ​ជា​​បាប ហើយ​អំណាច​របស់​បាបគឺ​ជា​ក្រឹត្យវិន័យ។ 57 ប៉ុន្តែ អរគុណដល់ព្រះជាម្ចាស់ ដែលឲ្យយើងបានជ័យជម្នះតាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង! 58 ​បង​ប្អូន​ជាទីស្រឡាញ់​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះអម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​បងប្អូន​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះអម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។


ជំពូក 16

1 ឥឡូវនេះ ទាក់ទងនឹងការប្រមូលប្រាក់ សម្រាប់ពួកអ្នកជឿ ដូចដែលខ្ញុំបានណែនាំក្រុមជំនុំនៅកាឡាទី ដូច្នេះបងប្អូន ក៏ដូចគ្នាដែរ។ 2 គឺថ្ងៃទីមួយនៃអាទិត្យ បងប្អូនត្រូវញែកប្រាក់ខ្លះទុកដោយឡែក ទុកតាមដែលបងប្អូនអាចធ្វើបាន។ ចូរធ្វើដូច្នេះ ដើម្បីកុំឲ្យមានការប្រមូលប្រាក់នៅពេលខ្ញុំទៅរកបងប្អូន។ 3 ពេលខ្ញុំមកដល់ អ្នកណាក៏ដោយដែលបងប្អូន ដែលយល់ព្រម ខ្ញុំនឹងផ្ញើសំបុត្រ និងនាំតង្វាយដែលបងប្អូនបានថ្វាយទៅក្រុងយេរូសាឡិម។ 4 ប្រសិនបើ ពេលវេលាស័ក្តិសមសម្រាប់ខ្ញុំ នោះខ្ញុំនឹងនាំយកតង្វាយទៅជាមួយខ្ញុំតែម្តង។ 5 ប៉ុន្តែ ខ្ញុំនឹងទៅជួបបងប្អូននៅពេលដែលខ្ញុំឆ្លងកាត់​ស្រុក​ម៉ាសេដូន​។ ដ្បិត ខ្ញុំនឹងឆ្លងកាត់​ស្រុក​ម៉ាសេដូន​។ 6 ប្រហែល ខ្ញុំនៅជាមួយបងប្អូន ហើយចំណាយពេលក្នុងរដូវរងាជាមួយបងប្អូនផង ដូច្នេះ បងប្អូនអាចនឹងជួយខ្ញុំក្នុងដំណើរ នៅពេលដែលខ្ញុំទៅរកបងប្អូន។ 7 ដ្បិត ខ្ញុំមិនចង់ជួបបងប្អូន សម្រាប់តែពេលខ្លីនោះទេ ព្រោះខ្ញុំចង់ចំណាយពេលយូរនៅជាបងប្អូន ប្រសិនបើ ព្រះជាម្ចាស់អនុញ្ញាត។ 8 ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរទាល់​តែ​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ 9 ដ្បិត គឺមានទ្វារដ៏ធំមួយបើកសម្រាប់ខ្ញុំ ហើយក៏មានខ្មាំងសត្រូវជាច្រើនដែរ។ 10 ឥឡូវ ពេលលោកធីម៉ូថេបានមកដល់ សូមរាប់អានគាត់ និងកុំឲ្យគាត់មានការព្រួយបារម្ភអ្វីឡើយ។ ដ្បិត គាត់កំពុងធ្វើការថ្វាយព្រះជាម្ចាស់ ដូចជាខ្ញុំបានធ្វើដែរ។ សូមកុំមើលងាយគាត់ឡើយ។ 11 ត្រូវជួយគាត់ក្នុងការធ្វើដំណើររបស់គាត់ដោយសុខសាន្ត ដើម្បីឲ្យគាត់អាចត្រឡប់មករកខ្ញុំវិញ។ ខ្ញុំសង្ឃឹមថាគាត់នឹងមកដល់ជាមួយបងប្អូនផ្សេងៗទៀតដែរ។ 12 ចំណែកឯលោកអប៉ុឡូសជាបងប្អូនរបស់យើងវិញ ខ្ញុំបានលើកទឹកចិត្តដល់គាត់ ឲ្យទៅសួរសុខទុក្ខបងប្អូនជាមួយបងប្អូនផ្សេងទៀត។ ប៉ុន្តែ មិនទាន់ត្រូវពេលដែលគាត់ត្រូវមកទេ។ ប៉ុន្តែគាត់នឹងមកនៅពេលដែលមានឱកាសវិញ។ 13 ចូលចាំយាម និងឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរស្តែងចេញដូចជាមនុស្សក្លាហាន និងមានកម្លាំង។ 14 សូមឲ្យគ្រប់ការទាំងអស់ដែលបងបងប្អូនធ្វើ ចូរធ្វើដោយសេចក្តីស្រឡាញ់។ 15 បងប្អូនអើយ គឺបងប្អូនស្គាល់ក្រុមគ្រួសាររបស់លោកស្ទេផានា ហើយពួកគេជាផលដំបូងនៃការប្រែចិត្តនៅក្នុងស្រុកអាខៃ និងពួកគេបានញែកខ្លួនសម្រាប់ការបម្រើដល់ពួកអ្នកជឿផង។ ឥឡូវ បងប្អូនអើយ ខ្ញុំសូមលើកទឹកចិត្តបងប្អូនថា 16 ចូរចុះចូលទៅនឹងមនុស្សបែបនេះ និងអស់អ្នកដែលបានជួយក្នុងការងារ ព្រមទាំងបានធ្វើជាអ្នកបម្រើជាមួយខ្ញុំដែរ។ 17 ខ្ញុំរីករាយជាមួយនឹងការមកដល់របស់លោកស្ទេផានា លោកភ័រទីណាទូស និងលោកអខៃគូស។ ពួកគេបានបំពេញឲ្យបងប្អូន ក្នុងការដែលអ្នកមិនមកបាន។ 18 ដ្បិត ពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំស្រស់ថ្លា ហើយបងប្អូនក៏ដូចគ្នាដែរ។ ដូច្នេះ សូមរាប់អាន និងទទួលមនុស្សដូចជាពួកគេផង។ 19 ក្រុមជំនុំនៅអាសីុ សូមផ្ញើពាក្យជម្រាបសួរមកដល់បងប្អូន។ លោកអគីឡា និងនាងព្រីសីុលក៏បានផ្ញើពាក្យសួរដល់បងប្អូននៅក្នុងព្រះអម្ចាស់ ជាមួយក្រុមជំនុំដែលនៅក្នុងផ្ទះរបស់ពួកគេដែរ។ 20 ហើយបងប្អូនទាំងអស់ក៏បានជម្រាបសួរមកដល់បងប្អូនអ្នកដែរ។ ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។ 21 ខ្ញុំ ប៉ូល សរសេរសំបុត្រនេះជាមួយដៃរបស់ខ្ញុំផ្ទាល់។ 22 ប្រសិនបើអ្នកណាមិនស្រឡាញ់ដល់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ ព្រះអម្ចាស់របស់យើងយាងមកវិញ! 23 សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគង់នៅជាមួយបងប្អូន។ 24 សូមឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំបាននៅជាមួយបងប្អូនទាំងអស់គ្នាក្នុងព្រះគ្រិស្តយេស៊ូ។


Book: 2 Corinthians

2 Corinthians

ជំពូក 1

1 ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលោកធីម៉ូថេជាបងប្អូនរបស់យើង សូមជម្រាបសួរដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្រុងកូរិនថូស និងបងប្អូនដែលរួមជំនឿទាំងអស់គ្នា ដែលនៅក្នុងស្រុកអាខៃទាំងមូល។ 2 សូមឲ្យបងប្អូនប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តមកពីព្រះ​ដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 3 សូមលើកតម្កើងព្រះជាម្ចាស់ និងជាព្រះបិតារបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ ព្រះជាម្ចាស់កម្សាន្តចិត្តយើង គ្រប់ទាំងសេចក្ដីលំបាករបស់យើង។ 4 យើងកម្សាន្តចិត្តអ្នកដទៃ​ដោយសេចក្ដីកម្សាន្តចិត្តដដែល ដែលព្រះជាម្ចាស់បានកម្សាន្តចិត្តយើង។ 5 ដ្បិត ព្រះគ្រិស្តបានរងទុក្ខលំបាកដោយព្រោះយើងច្រើនយ៉ាងណា ដូច្នេះសេចក្ដីកម្សាន្តចិត្តរបស់យើងក៏បានច្រើនឡើងតាមរយៈព្រះគ្រិស្តដែរ។ 6 ប៉ុន្តែប្រសិនបើ យើងមានទុក្ខលំបាក វាជាសេចក្ដីកម្សាន្តចិត្ត និងជាសេចក្តីសង្គ្រោះដល់បងប្អូន។ ​សេចក្ដីកម្សាន្តចិត្តរបស់បងប្អូនបានធ្វើការយ៉ាងមានប្រសិទ្ធភាពនៅពេលដែលបងប្អូនអត់ធ្មត់ក្នុងការរួមចំណែកក្នុងទុក្ខលំបាក ដូចយើងមានទុក្ខលំបាកដែរ។ 7 យើងមានការជឿជាក់លើបងប្អូនច្បាស់ណាស់ ដ្បិត យើងដឹងថា នៅពេលបងប្អូនរួមចំណែកក្នុងទុក្ខលំបាកយ៉ាងណា បងប្អូនក៏មានចំណែកនៅក្នុងការកម្សាន្តចិត្តដូចគ្នាដែរ។ 8 ដ្បិត យើងមិនចង់ឲ្យបងប្អូនដឹងពីបញ្ហាដែលយើងមាននៅស្រុកអាស៊ីនោះទេ។ ពួកយើងមានបន្ទុកយ៉ាងខ្លាំងដែលយើងមិនអាចទ្រាំទ្របាន ហើយយើងក៏អស់សង្ឃឹមក្នុងនៅរស់ផងដែរ។ 9 ពិតណាស់ ពួកយើងមានទោសស្លាប់នៅជាប់ជាមួយយើង។ ប៉ុន្តែ ការនេះធ្វើឲ្យយើងមិនដាក់សេចក្ដីជំនឿលើខ្លួនរបស់យើងឡើយ ផ្ទុយទៅវិញ យើងបានសេចក្តីជំនឿលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ 10 ព្រះអង្គបានសង្គ្រោះយើងឲ្យចេញពីសេចក្ដីស្លាប់ដ៏គ្រោះថ្នាក់ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ យើងបានដាក់សេចក្ដីទុកចិត្តរបស់យើងលើព្រះអង្គ ហើយទ្រង់នឹងសង្គ្រោះយើងម្ដងទៀត។ 11 ព្រះអង្គនឹងធ្វើការនេះដូចដែលបងប្អូនបានជួយពួកយើងតាមរយៈការអធិស្ឋានរបស់បងប្អូនដែរ។ ហេតុនេះហើយ មនុស្សជាច្រើននឹងអរព្រះគុណព្រះអង្គ ដែលសណ្ដោសប្រណីអត់ទោសដល់យើងតាមរយៈសេចក្ដីទូលអង្វររបស់បងប្អូនជាច្រើន។ 12 យើងមានអំនួតដោយព្រោះ សេចក្ដីបន្ទាល់នៃមនសិការរបស់យើង។ ដ្បិត នេះជាសេចក្តីបរិសុទ្ធ និងស្មោះត្រង់មកពីព្រះជាម្ចាស់ ដែលយើងបានប្រព្រឹត្តដោយខ្លួនយើងនៅក្នុងលោកីយ៍នេះ។ យើងបានធ្វើការទាំងអស់នេះជាច្រើនជាមួយបងប្អូន មិនមែនដោយពឹងអាងលើប្រាជ្ញារបស់យើង ប៉ុន្តែ ដោយពឹងអាងលើព្រះគុណរបស់ព្រះជាម្ចាស់វិញ។ 13 យើងមិនបានសរសេរអ្វីផ្សេងផ្ញើមកបងប្អូន ដែលបងប្អូនអានមិនបាន ឬមិនយល់នោះទេ។ ខ្ញុំសង្ឃឹមថា 14 បងប្អូនបានយល់ពីពួកយើងខ្លះហើយថា បងប្អូនជាហេតុដែលយើងនឹងមានអំនួតនៅក្នុងថ្ងៃរបស់ព្រះអម្ចាស់យេស៊ូ ហើយយើងក៏ជាហេតុដែលធ្វើឲ្យបងប្អូនមានអំនួតដូចគ្នាដែរ។ 15 ដោយសារខ្ញុំមានទំនុកចិត្តអំពីការនេះ បានជាខ្ញុំចង់មករកបងប្អូនមុន ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​អត្ថប្រយោជន៍ពីរដងនៃការមកសួរសុខទុក្ខរបស់ខ្ញុំ​។ 16 ខ្ញុំមានគម្រោងមកសួរសុខទុក្ខបងប្អូននៅក្នុងដំណើរដែលខ្ញុំទៅស្រុកម៉ាសេដូន។ បន្ទាប់មកគឺខ្ញុំចង់សួរសុខទុក្ខបងប្អូនម្ដងទៀតក្នុងដំណើរដែលខ្ញុំចេញពីស្រុកម៉ាសេដូន​ និងដើម្បីឲ្យបងប្អូនជូនដំណើរខ្ញុំទៅស្រុកយូដាផងដែរ។ 17 នៅពេលដែលខ្ញុំគិតពីការនេះ តើ​ខ្ញុំស្ទាក់ស្ទើរមែនទេ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាមខ្នាតតម្រារបស់មនុស្ស ដូច្នេះហើយបានជាខ្ញុំនិយាយថា​ «បាទ» ​ផង​ «ទេ‍»​ ផង​ ដូច្នេះ?​ 18 ក៏ប៉ុន្តែ ដោយព្រះជាម្ចាស់ស្មោះត្រង់ ទើបយើងមិនអាចនិយាយ «បាទ» ផង «ទេ» ផងបានទេ។ 19 ដ្បិត ព្រះយេស៊ូគ្រិស្តគឺជាបុត្រានៃព្រះជាម្ចាស់ ដែលលោកស៊ីលវ៉ាន និងលោកធីម៉ូថេ ព្រមទាំងខ្ញុំបានប្រកាសនៅក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនបានមានបន្ទូល «បាទ» ផង «ទេ» ​ផងនោះទេ។ តែផ្ទុយទៅវិញព្រះអង្គមានតែ «បាទ» ប៉ុណ្ណោះ​។ 20 គ្រប់ទាំងព្រះបន្ទូលសន្យារបស់ព្រះអង្គគឺមានតែ «បាទ» នៅក្នុងព្រះអង្គ។ ដូច្នេះ ដោយព្រោះព្រះអង្គយើងនិយាយថា «អាម៉ែន» ដើម្បីថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ 21 ឥឡូវនេះ ព្រះជាម្ចាស់ហើយដែលបានទទួលយកយើងជាមួយនឹងបងប្អូននៅក្នុងព្រះគ្រិស្ត ហើយព្រះអង្គបានចាក់ប្រេងតាំងយើង។ 22 ទ្រង់បានប្រថាប់ត្រារបស់ព្រះអង្គនៅលើយើង ហើយប្រទានព្រះវិញ្ញាណឲ្យគង់នៅក្នុងដួងចិត្តរបស់យើង ដើម្បីជាការធានានូវអ្វីដែលព្រះអង្គនឹងប្រទានពរដល់យើងនៅពេលក្រោយ។ 23 ផ្ទូយទៅវិញ ខ្ញុំសូមព្រះជាម្ចាស់ឲ្យធ្វើជាសាក្សីសម្រាប់ខ្ញុំ ហេតុដែលខ្ញុំមិនបានមកក្រុងកូរិនថូសនោះ មកពីខ្ញុំយោកយល់ដល់បងប្អូន។ 24 នេះមិនមែនដោយសារពួកយើងចង់ព្យាយាមគ្រប់គ្រងលើជំនឿរបស់បងប្អូនទេ។ ផ្ទុយទៅវិញ ពួកយើងរួមគ្នាធ្វើជាមួយបងប្អូន ដើម្បីឲ្យបងប្អូនមានអំណរដោយសារបងប្អូនឈរនៅក្នុងជំនឿរបស់បងប្អូន។


ជំពូក 2

1 ដូច្នេះ ខ្ញុំបានសម្រេចចិត្តដោយខ្លួនឯងហើយថា ខ្ញុំនឹងមិនមកនៅក្នុងស្ថានភាពដែលពេញដោយការឈឺចាប់ម្ដងទៀតនោះទេ។ 2 ប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកឈឺចាប់ តើអ្នកណាអាចលើកទឹកចិត្តខ្ញុំបាន ក្រៅពីពួកអ្នកឈឺចាប់ដោយសារខ្ញុំនោះ? 3 ខ្ញុំបានសរសេរ ដូចអ្វីដែលខ្ញុំបានធ្វើ ដើម្បីនៅពេលដែលខ្ញុំមកឯអ្នករាល់គ្នា ខ្ញុំអាចនឹងមិនឈឺចាប់ ដោយសារអស់អ្នកដែលធ្វើឲ្យខ្ញុំមានអំណរនោះទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំចំពោះអ្នកទាំងអស់គ្នាថា អ្នករាល់គ្នាមានអំណរដូចអំណរដែលខ្ញុំមានដែរ។ 4 ដ្បិត ខ្ញុំបានសរសេរមកអ្នករាល់គ្នាចេញពីទុក្ខលំបាក និងសេចក្ដីទុក្ខព្រួយនៅក្នុងចិត្ត ព្រមទាំងទឹកភ្នែកជាច្រើនផង។ ខ្ញុំមិនចង់ធ្វើឲ្យអ្នករាល់គ្នាឈឺចាប់នោះទេ ផ្ទុយទៅវិញ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងពីជម្រៅនៃក្ដីស្រឡាញ់ ដែលខ្ញុំមានសម្រាប់បងប្អូន។ 5 ប្រសិនបើ នរណាម្នាក់ធ្វើឲ្យមានការឈឺចាប់ អ្នកនោះមិនគ្រាន់តែធ្វើឲ្យខ្ញុំឈឺចាប់នោះទេ គឺបងប្អូនទាំងអស់គ្នាមានការឈឺចាប់ដូចគ្នាដែរ តែមិនត្រូវដាក់ទោសអ្នកទាំងនោះខ្លាំងពេកទេ។ 6 ការដាក់អ្នកនោះគឺទុកឲ្យមនុស្សភាគច្រើនជាអ្នកដាក់ទោសគេវិញគឺគ្រប់គ្រាន់ហើយ។ 7 ដូច្នេះ ជំនួសឲ្យការដាក់ទោសអ្នកនោះ បងប្អូនគួរតែអត់ទោស ហើយលើកទឹកចិត្តគាត់វិញ។ ធ្វើដូច្នេះ ដើម្បីកុំឲ្យគាត់មានទុក្ខព្រួយខ្លាំងពេក។ 8 ដូច្នេះ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនចំពោះគាត់នៅទីសាធារណៈ។ 9 នេះគឺជាហេតុផលដែលខ្ញុំសរសេរមក ដូច្នេះ ខ្ញុំអាចនឹងល្បងលបងប្អូន ហើយដឹងថាបងប្អូនស្ដាប់បង្គាប់ខ្ញុំគ្រប់ការទាំងអស់។ 10 ប្រសិនបើ បងប្អូនអត់ទោសឲ្យអ្នកណាម្នាក់ ខ្ញុំក៏អត់ទោសឲ្យអ្នកនោះដូចគ្នាដែរ។ អ្វីដែលខ្ញុំបានអត់ទោស ប្រសិនបើខ្ញុំបានអត់ទោសរឿងអ្វីមួយ គឺខ្ញុំបានអត់ទោសដោយយល់ដល់អ្នករាល់គ្នានៅក្នុងព្រះវត្តមានរបស់ព្រះគ្រិស្ត។ 11 ដូច្នេះទើបសាតាំងមិនអាចបោកប្រាស់យើងបាន។ ដ្បិត យើងយល់មិនដល់គម្រោងការរបស់វាឡើយ។ 12 ព្រះអម្ចាស់បានបើកទ្វារក្រុងចំហរឲ្យខ្ញុំ នៅពេលដែលខ្ញុំបានទៅទីក្រុងទ្រអាស ដើម្បីប្រកាស់ដំណឹងល្អអំពីព្រះគ្រិស្តនៅទីនោះ។ 13 ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងចិត្តរបស់ខ្ញុំគ្មានសន្តិភាពទេ ព្រោះនៅទីនោះ ខ្ញុំរកលោកទីតុសជាបងប្អូនរបស់ខ្ញុំមិនឃើញទេ។ ដូច្នេះ ទើបខ្ញុំចាកចេញពីពួកគេ ហើយត្រឡប់ទៅស្រុកម៉ាសេដូនវិញ។ 14 ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលតែងតែដឹកនាំយើងចូលក្នុងជ័យជម្នះរបស់ព្រះគ្រិស្តជានិច្ច។ តាមរយៈយើង ព្រះអង្គបានសាយភាយក្លិនក្រអូបដែលនាំឲ្យស្គាល់ព្រះអង្គគ្រប់ទីកន្លែង។ 15 ដ្បិត យើងជាក្លិនក្រអូបរបស់ព្រះគ្រិស្តចំពោះព្រះអង្គ ក្នុងចំណោមអ្នកដែលបានសង្គ្រោះ និងអ្នកដែលកំពុងវិនាស។ 16 ចំពោះមនុស្សដែលកំពុងវិនាស វាជាក្លិននៃសេចក្ដីស្លាប់ដែលនាំឲ្យស្លាប់។ ចំពោះអ្នកដែលបានសង្គ្រោះ វាជាក្លិននៃជីវិតដែលនាំឲ្យមានជីវិត។ តើអ្នកណាដែលស័ក្តិសមសម្រាប់ការទាំងនេះ? 17 ដ្បិតយើងមិនដូចជាក្រុមមនុស្សដែលលក់ព្រះបន្ទូលព្រះជាម្ចាស់ដើម្បីបានផលប្រយោជន៍នោះទេ។ ផ្ទុយទៅវិញ យើងនិយាយលើកទឹកចិត្តចេញពីភាពបរិសុទ្ធនៅក្នុងព្រះគ្រិស្ត ដោយព្រះជាម្ចាស់បានចាត់យើងមក នៅចំពោះព្រះភក្ររបស់ព្រះជាម្ចាស់។


ជំពូក 3

1 តើយើងចាប់ផ្ដើមសរសើរតម្កើងខ្លួនយើងទៀតហើយឬ? យើងមិនត្រូវការយកលិខិតណែនាំខ្លួនបង្ហាញទៅអ្នក ឬយកពីអ្នកដូចមនុស្សមួយចំនួនទេ តើមែនទេ? 2 បងប្អូនអើយ បងប្អូនរាល់គ្នាហើយជាលិខិតណែនាំខ្លួនរបស់យើង ដែលបានសរសេរនៅក្នុងដួងចិត្តយើង បានទទួលស្គាល់ និងបានអានដោយមនុស្សគ្រប់គ្នា។ 3 បងប្អូនបានបង្ហាញថា បងប្អូនគឺជាសំបុត្រលិខិតរបស់ព្រះគ្រិស្ត ដែលយើងបានរៀបចំ។ លិខិតនេះមិនបានសរសេរដោយទឹកខ្មៅនោះទេ តែបានសរសេរឡើងដោយព្រះវិញ្ញាណដ៏រស់របស់ព្រះជាម្ចាស់វិញ។ លិខិតនោះមិនបានសរសេរនៅលើបន្ទះថ្មនោះទេ តែបានសរសេរឡើងនៅក្នុងដួងចិត្តនៃមនុស្សវិញ។ 4 ​​នេះហើយជាទំនុកចិត្តដែលយើងមានតាមរយៈព្រះគ្រិស្តនៅចំពោះព្រះជាម្ចាស់។ 5 យើងមិនមានសមត្ថភាពនៅក្នុងយើងដើម្បីប្រកាសអ្វីមួយ ដែលមកពីយើងនោះទេ។ ផ្ទុយទៅវិញ សមត្ថភាពគឺមកពីព្រះជាម្ចាស់។ 6 គឺព្រះជាម្ចាស់ទេដែល​​​ធ្វើឲ្យយើងអាចក្លាយជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី។​​​ សម្ពន្ធមេត្រីនេះមិនមែនគ្រាន់តែជាអក្សរទេ ប៉ុន្តែ គឺជាព្រះវិញ្ញាណវិញ។ ដ្បិត អក្សរគឺជាការសម្លាប់ ចំណែកឯព្រះវិញ្ញាណវិញគឺប្រទានជីវិត។ 7 ឥឡូវនេះ ការបម្រើដែលនាំឲ្យស្លាប់ ដែលបានចារឹកទុកជាអក្សរថ្ម មានសិរីល្អដែលធ្វើឲ្យជនជាតិអ៊ីស្រាអែលមិនអាចមើលមុខលោកម៉ូសេដោយផ្ទាល់បាន។ នោះគឺដោយសាតែសិរីល្អនៃមុខរបស់លោកម៉ូសេ គឺជាសេចក្ដីដែលកំពុងសាបសូន្យបាត់ទៅ។ 8 តើមានសិរីរុងរឿងច្រើនប៉ុណ្ណាទៅនៃការបម្រើដែលព្រះវិញ្ញាណធ្វើ? 9 ដ្បិត ប្រសិនបើ កិច្ចការបម្រើនៃការកាត់ទោសមានសិរីរុងរឿងប៉ុណ្ណឹងទៅហើយ ចុះបើកិច្ចការបម្រើខាងឯសេចក្ដីសុចរិតនឹងមានសិរីរុងរឿងប៉ុណ្ណាទៅ! 10 ពិតណាស់ សិរីរុងរឿងខាងឯសេចក្ដីសុចរិតធ្វើឲ្យសិរីរុងរឿងខាងឯការកាត់ទោសលែងមានតម្លៃ ដោយសារតែសិរីរុងរឿងនេះប្រសើរជាងសិរីរុងរឿងនោះ។ 11 ដ្បិត អ្វីដែលកន្លងផុតទៅ មានសិរីល្អប៉ុណ្ណឹងទៅហើយ ចុះបើអ្វីដែលស្ថិតស្ថេរមានសិរីរុងរឿងប៉ុណ្ណាទៅ។ 12 ចាប់តាំងពីពេលដែលយើងមានសង្ឃឹម យើងពិតជាក្លាហានណាស់។ 13 យើងមិនដូចជាលោកម៉ូសេទេ ដែលពាក់ស្បៃនៅលើមុខរបស់គាត់ ដូច្នេះ ជនជាតិអ៊ីស្រាអែលនឹងមិនអាចឃើញផ្ទាល់ពីទីបញ្ចប់នៃសិរីរុងរឿងដែលនឹងសាបសូន្យនោះទេ។ 14 ប៉ុន្តែ គំនិតរបស់ពួកគេត្រូវបានបិទ។ សូម្បីតែរហូតដល់សព្វថ្ងៃនេះ ស្បៃនៅតែបាំងភ្នែកពួកគេដដែល ក្នុងការដែលគេអានគម្ពីរសម្ពន្ធមេត្រីចាស់។ វាមិនបានដោះចេញទេ ដោយសារតែព្រះគ្រិស្តទើបអាចដោះចេញបាន។ 15 ទោះបីសព្វថ្ងៃនេះក៏ដោយ នៅពេលដែលនរណាអានក្រឹត្យវិន័យរបស់លោកម៉ូសេ ស្បៃនោះនៅតែបាំងដួងចិត្តរបស់គេដដែល។ 16 ប៉ុន្តែ នៅពេលដែលមនុស្សបែរទៅរកព្រះអម្ចាស់ ស្បៃនោះនឹងត្រូវដកចេញ។ 17 ឥឡូវនេះ ព្រះអម្ចាស់គឺជាពវិញ្ញាណ។ កន្លែងណាដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅ កន្លែងនោះនឹងមានសេរីភាព។ 18 ឥឡូវនេះ ពួកយើង ឃើញសិរីល្អរបស់ព្រះជាម្ចាស់ដោយ មិនបាំងមុខទេ។ យើងកំពុងតែផ្លាស់ប្រែទៅរកសិរីល្អមួយដែលដូចជាព្រះអម្ចាស់ ពីសិរីល្អមួយទៅសិរីល្អមួយ ដែលព្រះអង្គជាព្រះវិញ្ញាណ។


ជំពូក 4

1 ដូច្នេះ ដោយព្រោះតែយើងមានការងារនេះ ហើយយើងក៏បានទទួលនូវព្រះគុណផង នោះពួកយើងមិនដែលបាក់ទឹកចិត្តឡើយ។ 2 ផ្ទុយទៅវិញ យើងបានលះចោលផ្លូវដែលគួរឲ្យខ្មាស និងអំពើលាក់បាំងផ្សេងទៀត។ ពួកយើងមិនបានរស់នៅដោយល្បិចកល ហើយយើងមិនភ្លេចក្នុងការហុចព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ដោយបង្ហាញសេចក្តីពិត យើងបង្ហាញខ្លួនឯងទៅដល់មនសិការបស់មនុស្សគ្រប់គ្នា នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។ 3 ប៉ុន្តែ ប្រសិនបើ ដំណឹងល្អរបស់ត្រូវបានបិទ​បាំងមែន គឺគ្របបាំងតែពួកអ្នកដែលនឹងត្រូវវិនាសវិញ។ 4 នេះជាបញ្ហារបស់ពួកគេ ព្រះនៃលោកីយ៍នេះបានធ្វើទៅជាមើលមិនឃើញ និងមានគំនិតមិនជឿផងដែរ។ ជាហេតុធ្វើឲ្យពួកគេមិនអាចឃើញពន្លឺនៃដំណឹងល្អ និងសិរីរុងរឿងរបស់ព្រះគ្រិស្តដែលជារូបភាពនៃព្រះជាម្ចាស់បាន។ 5 ដ្បិត យើងមិនខំប្រកាសពីខ្លួនយើងនោះទេ ប៉ុន្តែ យើងប្រកាសពីព្រះគ្រិស្តយេស៊ូគឺជាព្រះអម្ចាស់វិញ ហើយពួកយើងគឺជាអ្នកបម្រើដល់បងប្អូន​ ដោយយល់ដល់ព្រះយេស៊ូ។ 6 ដ្បិត ព្រះជាម្ចាស់ព្រះអង្គមានបន្ទូលថា៖ «​ពន្លឺនឹង​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត»។ ព្រះអង្គបានបំភឺ្លនៅក្នុងចិត្តរបស់យើង ដើ​ម្បីឲ្យពន្លឺរបស់ការចេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់ នៅក្នុងវត្តមាននៃព្រះយេស៊ូគ្រិស្ត។ 7 ប៉ុន្តែ ពួកយើងមានសម្បត្តិ ដែលនៅក្នុងឆ្នាំងដី ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ឫទ្ធានុភាពដ៏ធំគឺជារបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ 8 ពួកយើងត្រូវគេសង្កត់សង្កិនក្នុងគ្រប់ផ្លូវទាំងអស់ ប៉ុន្តែ យើងមិនបារម្ភអ្វីទេ។ យើងមាន​ការ​ទើសទាល់ ប៉ុន្តែ ​មិន​ការអស់សង្ឃឹមឡើយ។ 9 ពួកយើងត្រូវបានគេបៀតបៀន តែមិនត្រូវបានបោះបង់ចោលទេ។ យើងត្រូវដួលចុះ ប៉ុន្តែ មិនបានវិនាសនោះទេ។ 10 ពួកយើងតែងតែនាំយកសេចក្តីស្លាប់របស់ព្រះយេស៊ូនៅជាមួយនឹងរូបកាយជានិច្ច ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូបានស្តែងចេញនៅក្នុងរូបកាយរបស់យើងដែរ។ 11 ពួកយើងដែលរស់នៅ គឺតែងតែនាំការសុគតរបស់ព្រះយេស៊ូទៅជាមួយក្នុង នៅក្នុងរូបកាយយើង ដូច្នេះជីវិតរបស់ព្រះយេស៊ូនឹងបានសម្តែងនៅក្នុងរូបកាយរបស់យើងដែរ។ 12 ដូច្នេះ សេចក្តីស្លាប់គឺធ្វើការនៅក្នុងយើង ប៉ុន្តែ ជីវិតគឺបានធ្វើការបងប្អូនវិញដែរ។ 13 ប៉ុន្តែ ពួកយើង​មានវិញ្ញាណនៃជំនឿដូច​គ្នា ស្របតាមសេចក្តីដែល​បាន​​ចែង​ទុក​មក​ថា៖ «ខ្ញុំ​បានជឿ ដូច្នេះ ខ្ញុំ​ក៏និយាយ»។ ពួកយើង​​ក៏​ជឿ​ ដូច្នេះ ពួក​យើង​ក៏​និយាយ។ 14 ពួកយើងដឹងថាព្រះអង្គដែលប្រោស ព្រះអម្ចាស់យេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះយេស៊ូដែរ។ ហើយពួកយើងដឹងទៀតថា ព្រះជាម្ចាស់នឹងនាំពួកយើងជាមួយបងប្អូនទៅក្នុងព្រះវត្តមានរបស់ព្រះអង្គ។ 15 ​គ្រប់​យ៉ាង​សម្រាប់ជាប្រយោជន៍​ដល់បងប្អូន ដើម្បី​ឲ្យ​ព្រះគុណ បានចម្រើនឡើង ដល់​មនុស្ស​ជា​ច្រើន ការអរ​ព្រះគុណក៏​បានចម្រើនឡើង​ដល់​សិរីល្អ​នៃ​ព្រះ​ជាម្ចាស់។ 16 ដូច្នេះ យើង​​មិន​បាក់ទឹក​ចិត្ត​ឡើយ។ ទោះ​បើយ៉ាងណាក្តី​ ​ខាង​ក្រៅ​របស់​យើង​ កំពុង​តែ​ខូចបង់​ទៅ​ តែ​នៅ​ខាង​ក្នុងយើងវិញគឺបាន​​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​។ 17 ដ្បិត ​សេចក្តី​ទុក្ខ​លំបាក​បន្តិចបន្តួច គឺឲ្យយើងបានត្រៀមខ្លួន សម្រាប់ទុក្ខលំបាកយ៉ាងធ្ងន់ហួសដែលមិនអាចវាស់បាន ដ៏យូរអង្វែងជាមួយសិរីល្អផង។ 18 ដ្បិត យើង​មិនបាន​សម្លឹងរកមើល​សម្រាប់អ្វីដែលយើងមើលឃើញនោះទេ ប៉ុន្តែ គឺរបស់ដែលមើលមិនឃើញវិញ។ ដ្បិតអ្វីដែលយើងមើលឃើញគឺបានតែមួយគ្រាទេ ប៉ុន្តែរបស់អ្វីដែលមើលមិនឃើញគឺស្ថិតនៅអស់កល្ប​ជានិច្ច​វិញ។


ជំពូក 5

1 ពួកយើងដឹងថា បើសិនជាទីលំនៅដែលយើងរស់នៅ របស់យើងនៅលើផែនដីនេះ កំពុងត្រូវខូចបង់ទៅ តែយើងនឹងបានអាគារមកពីព្រះជាម្ចាស់វិញ។ គឺជាផ្ទះដែលមិនបានធ្វើដោយដៃមនុស្ស ប៉ុន្តែគឺជាផ្ទះដ៏អស់កល្បជានិច្ចពីស្ថានសួគ៌។ 2 ដ្បិត នៅក្នុងជម្រកនេះ យើងតែងតែថ្ងូរហើយរង់ចាំ ដើម្បីឲ្យបានទៅនៅនិងផ្ទះដែលនៅស្ថានសួគ៌ដែរ។ 3 យើង​រង់ចាំសម្រាប់ការនេះ ពីព្រោះតាមរយៈក្តីរំពឹងនេះ យើងនឹងមិនខ្វះខាត់និងអាក្រាតឡើយ។ 4 ដ្បិត ក្នុងពេលដែលពួកយើងនៅក្នុងទីជម្រកនេះ គឺតែងតែត្អូញត្អែរ និងមានបន្ទុកយ៉ាងធ្ងន់ផង។ យើងមិនចង់ដោះរូបកាយនេះចេញឡើយ។ ផ្ទុយទៅវិញ យើងចង់ឲ្យបានពាក់វិញ ដើម្បីឲ្យអ្វីដែលជាសេចក្តីស្លាប់ បានលេបបំបាត់តាមរយៈជីវិតនេះ។ 5 ​អ្នក​ដែល​បាន​រៀបចំ​យើង​​សម្រាប់​ការ​នេះ គឺជា​ព្រះ​ជាម្ចាស់ដែល​បានប្រទានដល់យើង ​ព្រះវិញ្ញាណ មក​បញ្ចាំ​ចិត្ត​ទុកនូវអ្វីដែលនឹងកើតឡើង។ 6 ដូច្នេះ ចូលទុកចិត្តជាដរាបចុះ។ ដោយដឹងថាក្នុងពេលយើងនៅក្នុងផ្ទះនៃរូបកាយនេះ គឺយើងពិតជានៅឆ្ងាយពីព្រះអម្ចាស់ដែរ។ 7 ដ្បិត យើងគឺដើរដោយជំនឿ មិនមែនដោយការមើលឃើញនោះទេ។ ដូច្នេះ យើងមានទំនុកចិត្តជាខ្លាំង។ 8 ពួកយើងគឺរួចរាល់ដើម្បីនឹងចាកចេញ ពីរូបកាយនេះហើយទៅផ្ទះថ្មីជាមួយព្រះអម្ចាស់។ 9 ដូច្នេះ យើងបានតាំងគោលដៅរបស់យើងហើយ ទោះបីជាយើងនៅក្នុងផ្ទះនេះឬនៅកន្លែផ្សេងក៏យើងនៅតែ សរសើរព្រះអង្គជានិច្ច។ 10 ដ្បិត​យើង​នឹង​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំជំរះ​នៃ​ព្រះគ្រិស្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ​នៅ​ក្នុង​រូបកាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ 11 ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​នៃព្រះអម្ចាស់ យើង​​ក៏​ខំ​នាំ​មនុស្ស​ឲ្យ​ជឿដែរ។ ពួកយើង​ជា​អ្នក​ដែលច្បាស់លាស់​ដល់​ព្រះ​ជាម្ចាស់។ ខ្ញុំ​ក៏​សង្ឃឹម​ថា វាក៏ស្របតាមមនសិកា របស់បងប្អូនដែរ។ 12 ពួកយើងមិនព្យាយាមជំរុញបងប្អូនម្តងទៀត ក្នុងនាមយើងជាអ្នកមានបាបនោះទេ។ ផ្ទុយទៅវិញ ពួកយើងនឹងផ្តល់នូវហេតុមួយ ដែលធ្វើឲ្យបងប្អូនមានទំនុកចិត្តលើយើងខ្ញុំវិញ ដូច្នេះ បងប្អូនអាចនិងមានចំលើយ សម្រាប់អស់អ្នកដែលមានអំនួត ពីចរិតខាងក្រៅ តែមិនមែនអ្វីដែលនៅក្នុងចិត្តនោះទេ។ 13 ដ្បិត ប្រសិនបើយើងវង្វេងស្មារតីក៍ដោយ គឺសម្រាប់ព្រះជាម្ចាស់ ហើយបើទោះជាយើងមានស្មារតីល្អក្តី គឺសម្រាប់ជាប្រយោជន៍ដល់បងប្អូនវិញ។ 14 ដ្បិត សេចក្តីស្រឡាញ់នៃព្រះគ្រិស្ត បានពេញលេញនៅក្នុងយើង ដោយសារយើងបានពិចារណាឃើញថា គឺ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​គ្នា ហើយទាំង​អស់គ្នា​ឈ្មោះ​ថា​បាន​ស្លាប់​ហើយដែរ។ 15 ព្រះជាម្ចាស់បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ពួក​អ្នក​ដែលបាន​រស់​នៅ មិនគួរ​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀតទេ គឺ​រស់​សម្រាប់ព្រះអង្គ ដែល​សុគត​ជំនួសពួក​គេ ហើយ​បាន​រស់​ឡើង​​វិញដែរ។ 16 ដោយហេតុផលនេះ គឺយើងមិនត្រូវវិនិច្ឆ័យ អ្នកណាតាមលក្ខណះកំរិតមនុស្សឡើយ ទោះបីជាយើង ធ្លាប់ស្គាល់ព្រះគ្រិស្តក្នុងសណ្ឋានជាមនុស្សដែរក៏ដោយ។ អញ្ចឹងយើងវិនិច្ឆ័យនរណាតាមរបៀបនេះទៀតដែរ។ 17 ដូច្នេះហើយ ប្រសិនបើ អ្នកណានៅក្នុងព្រះគ្រិស្ត គឺអ្នកនោះបានកើតជាថ្មីដែរ។ ការចាស់បានកន្លងផុតទៅ។ មើល គ្រប់ការទាំងនោះបានត្រឡប់ទៅជាថ្មី។ 18 គ្រប់ការទាំងនេះគឺមកពីព្រះជាម្ចាស់។ ព្រះអង្គបានផ្សះផ្សាយើងជាមួយព្រះជាម្ចាស់តាមរយៈព្រះគ្រិស្ត ហើយព្រះអង្គក៏បានឲ្យសិទ្ធយើងក្នុងការធ្វើការនោះដែរ។ 19 គឺថាតាមរយៈក្នុងព្រះគ្រិស្ត ព្រះជាម្ចាស់បានផ្សះផ្សាលោកីយ៍នេះ ឲ្យត្រូវជាមួយព្រះអង្គដែរ ដោយមិនរាប់សេចក្តី ដែលលោកិយទាស់ប្រឆាំងពីមុនឡើយ។ ព្រះជាម្ចាស់ទុកព្រះទ័យនិងផ្តល់ព្រះបន្ទូលនៃការផ្សះផ្សាដល់យើងដែរ។ 20 ដូច្នេះ យើងបានតាំងឡើងជាអ្នកតំណាងនៃព្រះគ្រិស្ត ក៏ដូចជាព្រះជាម្ចាស់បានលេចមកនៅក្នុងយើងដែរ។ យើងសូមអង្វរជាមួយបងប្អូន ដើម្បីប្រយោជន៍នៃព្រះគ្រិស្តៈ «សូមឲ្យបានផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ!» 21 ព្រះជាម្ចាស់បានថ្វាយព្រះគ្រិស្ត ឲ្យក្លាយជាដង្វាយសម្រាប់បាបរបស់យើង។ ព្រះជាម្ចាស់បានធ្វើការនេះ ដើម្បីឲ្យយើងបានក្លាយទៅជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ក្នុងព្រះអង្គ។


ជំពូក 6

1 ធ្វើការជាមួយព្រះអង្គ យើងក៏សូមប្រាប់បងប្អូនកុំឲ្យទទួលព្រះគុណរបស់ព្រះជាម្ចាស់ ដោយគ្មានន័យឡើយ។ 2 ដ្បិត ព្រះជាម្ចាស់មានបន្ទូលថា៖ «ក្នុងពេលដែលអំណោយផល នោះយើងបានស្តាប់អ្នករាល់គ្នា ហើយនៅក្នុងថ្ងៃនៃក្តីសង្គ្រោះគឺយើងជួយអ្នក»។ មើល៍ ឥឡូវនេះពេលវេលាអំណោយផងនោះបានមកដល់ហើយ។ ហើយពេលនេះ ក៏ជាថ្ងៃនៃការសង្គ្រោះដែរ។ 3 យើងមិនបានដាក់ភាពភ័យខ្លាចបាំងពីមុខរបស់អ្នករាល់គ្នាឡើយ ដ្បិត យើងមិនបានប្រាថ្នាឲ្យការងាររបស់យើង ត្រូវខូចឈ្មោះឡើយ។ 4 ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើង ថា​ជា​អ្នក​បម្រើរបស់ព្រះជាម្ចាស់តាមរយៈទង្វើរបស់យើង។ ​យើងជាអ្នកបម្រើក្នុងការទាំងនេះ គឺក្នុង​ការ​ទ្រាំទ្រ ការឈឺចាប់ ទុក្ខព្រួយ និងទុក្ខលំបាក 5 ការត្រូវគេវាយ ការគេដាក់គុក ការវឹកវរ ការធ្វើការហួសកម្លាំង មិនបានដេកនៅពេលយប់ ខ្វះអាហារ 6 ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ស្មោះត្រង់។ 7 យើងគឺជាអ្នកបម្រើព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះអង្គ នៅក្នុងព្រះចេស្តានៃព្រះជាម្ចាស់។ យើងពាក់​គ្រឿង​សឹកនៃសេចក្តី​សុចរិត កាន់នៅដៃទាំង​ស្តាំ​ទាំង​ឆ្វេងរបស់យើងផង។ 8 យើងធ្វើការ ទាំងការឲ្យតម្លៃក្តី និងមិនឲ្យតម្លៃក្តី ទាំងការបន្ទោសក្តី និងការសរសើរក្តី។ យើងត្រូវបានការចោទប្រកាន់ថាជាមនុស្សបោកប្រាស់ផងដែរ ប៉ុន្តែ យើងនៅតែប្រកាន់ជាប់ភាពស្មោះត្រង់ជានិច្ច។ 9 យើងធ្វើការដូចជាគ្មានការទទួលស្គាល់ ប៉ុន្តែ យើងនៅតែមានការទទួលស្គាល់ដដែល។ យើងធ្វើការជាកំពុងស្លាប់ ហើយមើល៍ យើងនៅតែរស់ដដែល។ យើងធ្វើការដូចជាអ្នកជាប់ជំនុំជម្រះសម្រាប់ទង្វើរបស់យើង ប៉ុន្តែ មិនដូចជាប់ជំនុំជម្រះដល់ស្លាប់ឡើយ។ 10 យើងធ្វើការជាមួយនិងការឈឺចាប់ ប៉ុន្តែ យើងតែងតែរីករាយវិញ។ យើងធ្វើការដូចអ្នកក្រ ប៉ុន្តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមានដែរ។ យើងធ្វើការដូចជាមិនបានកម្រៃ ប៉ុន្តែ យើងមានគ្រប់របស់ទាំងអស់ដែរ។ 11 យើងបានថ្លែងពីសេចក្តីពិតទាំងស្រុងទៅកាន់បងប្អូន អ្នកនៅទីក្រុងកូរិនថូស ហើយដួងចិត្តរបស់បានបើក ជាមួយនឹងទុក្ខសោកផង។ 12 ដួងចិត្តអ្នកមិនបានចង្អៀតចង្អល់ ជាមួយយើងឡើយ ប៉ុន្តែ ការនោះកើតឡើងដោយអារម្មណ៍បងប្អូនវិញ។ 13 ឥឡូវនេះ ដើម្បីមានភាពស្មើភាព ហើយងាយទទួលនោះ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចជាកូនរបស់ខ្ញុំដែរ ចូរបើកចិត្តចំហឲ្យទូលាយចុះ។ 14 សូមកុំទឹមនឹមស្រៀកជាមួយពួកអ្នកមិនជឿឡើយ។ ដ្បិត តើសេចក្តីសុចរិត និងការទទឹងច្បាប់ អាចចូលគ្នាបានទេ? ដូច្នេះ តើអាចចូលគ្នាបានទេរវាង​ ពន្លឺ និងសេចក្តីងងឹតនោះ? 15 តើមានការព្រមព្រៀងគ្នារវាង អារក្សបេលាល និងព្រះគ្រិស្តទេ? ឬតើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿបានទេ? 16 តើព្រះវិហារនៃព្រះជាម្ចាស់ និងវិហាររបស់ព្រះក្លែងក្លាយអាចចុះចូលជាមួយគ្នាបានទេ? ដ្បិត យើងទាំងអស់គ្នាគឺជាព្រះវិហាររបស់ព្រះដែលមានព្រះជន្មគង់នៅ ដូចព្រះអង្គមានបន្ទូលថា៖ «យើងនឹងគង់ ហើយយាងនៅក្នុងចំណោមពួកគេ។ យើងនឹងធ្វើជាព្រះជាម្ចាស់របស់គេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើងដែរ»។ 17 ដូច្នេះ «ចូលចេញពីពួកអ្នកមិនជឿ ហើយញែកដោយឡែក» នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «សូមកុំប៉ះរបស់មិនស្អាត នោះយើងនឹងស្វាគមន៍អ្នក។ 18 យើងគឺជាព្រះបិតាដល់អ្នក ហើយអ្នកនឹងក្លាយជាកូនប្រុសស្រីរបស់យើង» នេះគឺជាបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តា។


ជំពូក 7

1 បងប្អូនជាទីស្រឡាញ់អើយ ដោយសារយើងមានសេចក្តីសន្យាទាំងនេះ ដូច្នេះ សូមឲ្យយើងជម្រះខ្លួនយើងឲ្យបានស្អាត ពីអ្វីដែលធ្វើឲ្យមិនស្អាតចេញពី ទាំងរូបកាយ និងវិញ្ញាណរបស់យើងផងដែរ។ ចូរឲ្យយើង ដេញតាមសេចក្តី​បរិសុទ្ធ ក្នុងការកោតខ្លាច​ដល់​ព្រះជាម្ចាស់។ 2 សូមរៀបចំកន្លែងឲ្យយើងខ្ញុំផង! យើងមិនបានធ្វើអ្វីខុសជាមួយអ្នកណាឡើយ។ យើងក៏មិនបានធ្វើឲ្យអ្នកណាខ្មាស ឬកេញចំណេញពីអ្នកណាដែរ។ 3 ខ្ញុំនិយាយដូច្នេះ មិនមែនផ្កោលទោសដល់បងប្អូនទេ។ ដ្បិត ខ្ញុំបាននិយាយហើយថាបងប្អូនស្ថិតនៅក្នុងដួងចិត្តយើង គឺយើងនឹងស្លាប់រស់ជាមួយគ្នា។ 4 ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំជាមួយបងប្អូន ហើយក៏មានមោទនភាពចំពោះបងប្អូនដែរ។ ខ្ញុំបានទទួលការកម្សាន្តចិត្ត។ ខ្ញុំបានពោរពេញដោយអំណរ ទោះបីជាយើងមានការខ្វះខាតក៏ដោយ។ 5 ពេលយើងមកដល់ស្រុកម៉ាសេដូន រូបកាយរបស់យើងមិនបានសម្រាកឡើយ។ ផ្ទុយទៅវិញ គឺយើងបានជួបបញ្ហាគ្រប់ផ្លូវទាំងអស់ តាមរយៈការប៉ះទង្គិចផ្នែករូបកាយ ហើយធ្វើឲ្យមានការភ័យខ្លាចនៅខាងក្នុងយើងដែរ។ 6 ប៉ុន្តែ ព្រះជាម្ចាស់ ព្រះអង្គកម្សាន្តចិត្តដល់ការបាក់ទឹកចិត្ត ដោយស្អាងចិត្តយើងជាមួយវត្តមានរបស់លោកទីតុសមកដល់។ 7 វាមិនគ្រាន់តែការមកលេងមួយមុខរបស់លោកទីតុសនោះទេ ដែលព្រះជាម្ចាស់កម្សាន្តចិត្តយើងនោះ។ ប៉ុន្តែ ក៏ឃើញថាបងប្អូនបានទទួលលោកទីតុសយ៉ាងល្អដែរ ធ្វើឲ្យមានរីករាយដោយសារការនេះ។ លោកទីតុសបានប្រាប់ខ្ញុំអំពីបងប្អូន នូវអ្វីដែលបងប្អូនមានចិត្ត និងទុក្ខព្រួយរបស់បងប្អូន និងការដែលបងប្អូនព្រួយបារម្ភពីខ្ញុំ។ ការទាំងនោះធ្វើឲ្យខ្ញុំរីករាយណាស់។ 8 ទោះបីសំបុត្រខ្ញុំបានធ្វើឲ្យបងប្អូនមិនសប្បាយចិត្តក្តី តែខ្ញុំមិនសោកស្តាយទេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំសោកស្តាយនោះគឺសំបុត្ររបស់ខ្ញុំបានធ្វើឲ្យបងប្អូនព្រួយវិញ។ ប៉ុន្តែ បងប្អូននឹងមិនកើតទុក្ខព្រួយយូរនោះទេ។ 9 ឥឡូវ ខ្ញុំសប្បាយចិត្ត តែមិនមែនដោយសារ បងប្អូនកើតទុក្ខនោះទេ ប៉ុន្តែ ការទុក្ខព្រួយរបស់បងប្អូនបាននាំបងប្អូនឲ្យបានប្រែចិត្តវិញ។ បងប្អូនមានបទពិសោធ៍នៃនៅក្នុងការទុកព្រួយរបស់ព្រះ ដូច្នេះ ការទុក្ខសោកនេះនឹងមិនធ្វើឲ្យបងប្អូនបាត់បង់ដោយសារយើងឡើយ។ 10 ដ្បិត ការទុក្ខព្រួយនៅក្នុងព្រះអង្គនឹងនាំឲ្យមានការប្រែចិត្ត ហើយបានទទួលសេចក្តីសង្គ្រោះ ដោយគ្មានការសោកស្តាយ។ ប៉ុន្តែ ទុក្ខព្រួយរបស់លោកីយ៍វិញ នឹងនាំឲ្យស្លាប់។ 11 មើល ទុក្ខព្រួយនៅក្នុងព្រះជាម្ចាស់បានកើតផលនៅក្នុងបងប្អូនយ៉ាងណា។ ផលដ៏ធំនៅក្នុងបងប្អូននោះគឺជាការបង្ហាញថាបងប្អូនមិនជាប់ទោស។ តើការទាំងនោះអស្ចារ្យយ៉ាងណា អំពីការឈឺចិត្ត ការភ័យព្រួយ ការរង់ចាំ ចិត្តខ្នះខ្នែង និងបំណងចិត្តរបស់បងប្អូន ចង់ឃើញសេចក្តីយុតិ្តធម៌បានកើតឡើង! ក្នុងការទាំងនោះបងប្អូនបានបង្ហាញឲ្យឃើញថា បងប្អូនគ្មានទោសក្នុងរឿងទាំងនោះទេ។ 12 ទោះបើខ្ញុំសរសរមកកាន់បងប្អូន គឺខ្ញុំមិនបានផ្ញើមកដល់អ្នកដែលធ្វើខុសនោះទេ ក៏មិនបានសម្រាប់អ្នកដែលឈឺចាប់ក្នុងការខុសនោះទេ។ ខ្ញុំសរសេរដើម្បីឲ្យបងប្អូន ប្រឹងអស់ពីចិត្តជាមួយយើង និងដើម្បីឲ្យគេបានស្គាល់បងប្អូន នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។ 13 តាមរយៈការទាំងនេះ យើងបានទទួលការលើកទឹកចិត្ត។ ក្នុងការបន្ថែមពីការកម្សាន្តចិត្តរបស់យើង គឺកាន់តែរីករាយថែមទៀតដោយសារ អំណររបស់លោកទីតុស គឺវិញ្ញាណរបស់គាត់បានស្រស់ថ្លាដោយសារបងប្អូនទាំងអស់គ្នា។ 14 ដ្បិត ខ្ញុំមានអំនួតអំពីគាត់ដោយសារបងប្អូន ហើយខ្ញុំក៏គ្មានសេចក្តីខ្មាសឡើយ។ ផ្ទុយទៅវិញ អ្វីដែលយើងបាននិយាយទៅបងប្អូនសុទ្ធតែពិតទាំងអស់ អំនួតរបស់យើងអំពីបងប្អូនជាមួយនឹងលោកទីតុស បានបង្ហាញថាជាការពិត។ 15 គាត់បានទទួលការប៉ះពាល់យ៉ាងខ្លាំងពីបងប្អូន គាត់បានចាំពីការស្តាប់បង្គាប់ របស់បងប្អូនទាំងអស់គ្នា។ អំពីការស្វាគមន៍ដល់រូបគាត់ ជាមួយការបារម្ភហើយនិងខ្លាចផង។ 16 ខ្ញុំរីករាយដោយសារខ្ញុំបានទុកចិត្តលើបងប្អូនទាំងស្រុង។


ជំពូក 8

1 បងប្អូនអើយ យើងចង់ឲ្យបងប្អូនដឹងអំពី ព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យដល់ពួកជំនុំនៅស្រុកម៉ាសេដូន។ 2 កំឡុងពេលជួបនឹងការល្បងលដោយសារ​ទុក្ខ​វេទនាជាមួយនឹងភាពក្រីក្រយ៉ាងខ្លាំងយ៉ាងក៏ដោយ ពួកគេនៅតែមានអំណរជាបរិបូរ ហើយក៏នៅតែមានភាពសប្បុរសដដែល។ 3 ដ្បិត ខ្ញុំអាចធ្វើជាសាក្សីថា ពួកគេពិតជាបានផ្តល់ប្រាក់ទៅតាមសមត្ថ‌ភាពដែលពួកគេអាចធ្វើបាន ហើយពេលខ្លះពួកគេបានថ្វាយច្រើនជាងអ្វីដែលគេមានផង។ ហើយពួកគេធ្វើការទាំងនេះដោយការពេញចិត្តផងដែរ 4 ពួកគេសូមអង្វរ ហើយទទូចដើម្បីឲ្យយើងអនុញ្ញាតឲ្យពួកគេអាចមានចំណែកបម្រើការងារជាមួយបងប្អូនអ្នកជឿដែរ។ 5 ការនេះមិនបានកើតឡើងតាមអ្វីដែលបានរំពឹងទុកឡើយ។ ផ្ទុយទៅវិញ ពួកគេបានថ្វាយជីវិតរបស់ពួកគេទៅព្រះអម្ចាស់ជាដំបូង។ បន្ទាប់មក ពួកគេក៏បានថ្វាយខ្លួនគេដល់យើងដែរ ដោយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 6 ដូច្នេះ យើងបានដាស់តឿនដល់ទីតុស ដែលជាអ្នកបានចាប់ផ្តើមការងារនេះ ដើម្បីធ្វើឲ្យសម្រេចការនេះស្របតាមភាពសប្បុរសនិងចំណែករបស់បងប្អូនដែរ។ 7 ប៉ុន្តែ បងប្អូននឹងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ក្នុងជំនឿ ក្នុងការនិយាយ ក្នុងសេចក្តីចេះដឹង ក្នុងសេចក្តីព្យាយាម ហើយនៅក្នុងសេចក្តីស្រឡាញ់ដល់ពួកយើង។ ដូច្នេះ សូមឲ្យប្រកដថាបងប្អូនបានចម្រើន ក្នុងកិច្ចការសប្បុរសទាំងនេះដែរ។ 8 ខ្ញុំនិយាយការទាំងនេះមិនមែនដោយបង្គាប់បញ្ជានោះទេ។ ផ្ទុយទៅវិញ ខ្ញុំនិយាយការទាំងនេះតាមលំដាប់លំដោយ ដើម្បីល្បងលពីភាពស្មោះត្រង់នៃសេចក្តីស្រឡាញ់របស់បងប្អូន ដោយប្រៀបធៀបវាជាមួយទឹកចិត្តរបស់មនុស្សផ្សេងទៀត។ 9 ដ្បិត បងប្អូនបានស្គាល់ពីព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តរបស់យើងហើយ។ ទោះបីជា ព្រះជាម្ចាស់មានសម្បត្តិយ៉ាងណាក្តី តែដោយសារបងប្អូនព្រះអង្គត្រឡប់ជាក្រវិញ​ ហើយដោយសារភាពក្រីក្ររបស់ព្រះជាម្ចាស់នោះ បងប្អូននឹងត្រឡប់ទៅជាអ្នកមានទ្រព្យសម្បត្តិវិញ។ 10 នៅក្នុងរឿងនេះ ខ្ញុំនឹងផ្តល់នូវគំនិតជាជំនួយដល់បងប្អូន។ កាលពីឆ្នាំមុន បងប្អូនមិនទាន់ទាំងចាប់ផ្តើមធ្វើអ្វីផង ប៉ុន្តែ បងប្អូនមានចិត្តក្នុងការធ្វើវារួចទៅហើយ។ 11 ដូច្នេះ ចូរបង្ហើយវាចុះ។ ដូចអ្វីដែលបងប្អូនមានដួងចិត្តចង់ធ្វើយ៉ាងណា ដូច្នេះ ចូរធ្វើវាចុះ ហើយបងប្អូននឹងបង្ហើយវា តាមអ្វីដែលបងប្អូនអាចធ្វើទៅបាន។ 12 ដ្បិត ប្រសិនបើ បងប្អូនមានចិត្តស្មោះក្នុងការធ្វើការនេះ វាគឺជាការល្អ ហើយអាចទទួលយកបានផង។ ហើយវាអាស្រ័យទៅលើអ្វីដែលអ្នកនោះមាន មិនមែនផ្អែកទៅលើអ្វីដែលពួកគេគ្មាននោះទេ។ 13 ដ្បិត កាតព្វកិច្ចទាំងនេះមិនមែនដើម្បីឲ្យអ្នកណាម្នាក់បានធូស្រាល ហើយឲ្យនរណាម្នាក់ទៀតមានបន្ទុកវិញនោះទេ។ ផ្ទុយទៅវិញ គួរតែធ្វើដោយស្មើរភាពគ្នា។ 14 តែបន្ទុករបស់បងប្អូនក្នុងពេលឥឡូវនេះ គឺត្រូវផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ។ ដូចដែលពួកគេមានបន្ទូកក្នុងការផ្គត់ផ្គង់ដល់តម្រូវការរបស់បងប្អូនដែរ ដើម្បីឲ្យមានភាពស្មើរគ្នា។ 15 ដ្បិត មានសេចក្តីចែងទុកមកថា៖ «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់អ្វី​ឡើយ រីឯ​អ្នក​ដែល​រើស​បាន​តិច ក៏មិន​ខ្វះ​ទេ»។ 16 ប៉ុន្តែ សូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលបានដាក់នៅក្នុងដួងចិត្តរបស់លោកទីតុសឲ្យមានដួងចិត្តដូចជាខ្ញុំដែរ ក្នុងការមើលថែបងប្អូន។ 17 ដ្បិត គាត់់មិនមែនគ្រាន់តែទទួលការស្នើសុំរបស់យើងនោះទេ ប៉ុន្តែ គាត់ពិតជាមានចិត្តស្មោះជាមួយនឹងការនោះដែរ។ លោកទីតុសបានមករកបងប្អូនដោយស្ម័គ្រពីចិត្តរបស់គាត់វិញ។ 18 ពួកយើងបានចាន់បងប្អូនផ្សេងទៀត មកជាមួយគាត់គឺជាអ្នកដែលមានការសរសើរនៅតាមក្រុមជំនុំផ្សេងៗ ដើម្បីជួយការងារគាត់ក្នុងការប្រកាសដំណឹងល្អ។ 19 មិនតែប៉ុណ្ណោះ គាត់ត្រូវបានជ្រើសរើសតាមរយៈក្រុមជំនុំ ដើម្បីឲ្យធ្វើដំណើរជាមួយយើងក្នុងការនាំយកកិច្ចការ និងទង្វើសប្បុរសរបស់យើងផង។ ការទាំងនេះសម្រាប់ជាសិរីល្អនៃព្រះអម្ចាស់ដោយខ្លួនគាត់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្តឆេះឆួលចង់ជួយយើងដែរ។ 20 ពួកយើង ​ខំ​ចៀស​វាងពីការអ្វីដែលអាចកើតឡើង ពីនរណាម្នាក់ដែលមិនពេញចិត្តហើយបារម្ភ​ពី​ដំណើរ​សប្បុរស​​នេះ ដែល​យើង​ខ្ញុំ​កំពុងតែនាំចេញទៅផងដែរ។ 21 ពួកយើងយកចិត្តទុកដាក់ក្នុងការធ្វើការនេះដោយស្មោះត្រង់ មិនមែនតែនៅចំពោះព្រះអម្ចាស់ឡើយ ប៉ុន្តែ នៅចំពោះមនុស្សដែរ។ 22 ពួកយើងបានចាត់បងប្អូនផ្សេងទៀតទៅជាមួយពួកគេដែរ។ ពួកយើងបានល្បងលគាត់ជាញឹកញាប់ ហើយយើងបានរកឃើញថាគាត់ពិតជាមានចិត្តក្លៀវក្លា សម្រាប់ការងារជាច្រើនដែរ។ គាត់ពេលនេះកាន់តែព្យាយាមទៀត ពីព្រោះតែគាត់មានទំនុកចិត្តជាខ្លាំងនៅក្នុងបងប្អូន។ 23 ដ្បិត លោកទីតុស គាត់គឺជាគូកនរបស់ខ្ញុំ ហើយក៏ជាអ្នករួមការងារសម្រាប់បងប្អូនដែរ។ ដ្បិត បងប្អូនទាំងនោះ ក្រុមជំនុំជាអ្នកចាត់ឲ្យពួកគេទៅ។ ពួកគេទាំងនោះគោរពកោតខ្លាចព្រះគ្រិស្ត។ 24 ដូច្នេះ សូមបង្ហាញដល់ពួកគេនូវសេចក្តីស្រឡាញ់របស់បងប្អូន ហើយបង្ហាញដល់ក្រុមជំនុំ ពីមូលហេតុដែលមានអំនួតរបស់យើងអំពីបងប្អូនដែរ។


ជំពូក 9

1 ទាក់ទងនឹងព័ន្ធកិច្ចសម្រាប់បងប្អូនអ្នកជឿ មិនចាំបាច់ឲ្យខ្ញុំសរសេរសំបុត្រមកកាន់បងប្អូននោះ។ 2 ខ្ញុំស្គាល់ពីបំណងចិត្តរបស់បងប្អូន ហើយខ្ញុំក៏មានអំនួតដោយសារបងប្អូនដែលនៅស្រុកម៉ាសេដូនដែរ។ ខ្ញុំបានប្រាប់ពួកគេថា អ្នកស្រុកអាខៃបានរៀបចំខ្ញុំជាស្រេច តាំងពីឆ្នាំមុនមកម្ល៉េះ។ ទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យពួកគេភាគច្រើនទទួលការលើកទឹកចិត្ត ហើយមានសកម្មភាពផងដែរ។ 3 ឥឡូវ ខ្ញុំបានចាត់បងប្អូនច្រើនទៀត ដើម្បីកុំឲ្យការដែលយើងមានអំនួតលើបងប្អូនទៅជាឥតប្រយោជន៍ និងដើម្បីឲ្យបងប្អូនបានរួចរាល់ដែរ ដូចជាពាក្យដែលខ្ញុំបាននិយាយរួចមកហើយពីបងប្អូននោះ។ 4 ម៉្យាងវិញទៀត ប្រសិនបើ មានអ្នកស្រុកម៉ាសេដូនទៅជាមួយខ្ញុំដែរនោះហើយឃើញថា បងប្អូនបានត្រៀុមខ្លួននោះ ពួកយើងនឹងទទួលការអាម៉ាសវិញមិនខាន ពួកគេអាចគិតថា ខ្ញុំមិនបាននិយាយអ្វីមកបងប្អូន តែមានទំនុកចិត្តលើបងប្អូនពេក។ 5 ដូច្នេះ ខ្ញុំគិតថាវាគឺជាការសំខាន់ ក្នុងការជំរុញឲ្យបងប្អូនទាំងនោះ មករកបងប្អូនហើយដើម្បីឲ្យបងប្អូន បានត្រៀមរៀបចំទុកជាមុន នូវអំណោយទានដែលបងប្អូនបានសន្យានោះ។ ធ្វើដូច្នេះ បងប្អូននឹងអាចរួចរាល់សម្រាប់ជាព្រះពរ ហើយវាក៏មិនមែនជាការបន្ទាន់ពេកដែរ។ 6 ចំណុចសំខាន់គឺនៅត្រង់នេះ អ្នកណាព្រោះតិច នឹងច្រូតបានតិច ហើយអ្នកដែលព្រោះសម្រាប់គោលបំណងនៃព្រះពរ នោះនឹងច្រូតមកវិញជាមួយព្រះពរដែរ។ 7 សូមឲ្យគ្រប់គ្នាថ្វាយតាមការសម្រេចនៅក្នុងចិត្តរបស់គេចុះ។ សូមកុំឲ្យការថ្វាយនោះចេញពីការឈឺចាប់ ឬដោយការបង្ខិតបង្ខំឡើយ។ ដ្បិត ព្រះជាម្ចាស់សព្វព្រះហឫទ័យជាមួយអ្នកថ្វាយដោយអំណរ។ 8 ហើយ ព្រះជាម្ចាស់នឹងប្រទានគ្រប់ទាំងព្រះពរ ឲ្យចម្រើនឡើង សម្រាប់បងប្អូន ដូច្នេះ ក្នុងគ្រប់ការទាំងអស់ នោះបងប្អូននឹងបានទទួលអ្វីដែលតាមតម្រូវការជានិច្ច។ ការនេះនឹងកើតឡើង ដើម្បីឲ្យបងប្អូនចម្រើនឡើងនៅក្នុងការដ៏ល្អ។ 9 ដ្បិត មានសេចក្តីចែងទុកមកថា៖ «ព្រះជាម្ចាស់​ចែកទ្រព្យរបស់ព្រះអង្គ​ ហើយប្រទាន​ឲ្យ​អ្នក​ក្រ។ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ»។ 10 ព្រះជាម្ចាស់ដែលប្រទានគ្រាប់ពូជដល់អ្នកដែលសាបព្រោះ និងនំប័ុងសម្រាប់ជាអាហារដែរ ហើយព្រះអង្គនឹងផ្គត់ផ្គង់ឲ្យមានចម្រើនដល់គ្រាប់ពូជរបស់បងប្អូន សម្រាប់សាបព្រោះផង។ ព្រះជាម្ចាស់នឹងធ្វើឲ្យរីកចម្រើន កុ្នុងរដូវច្រូតកាត់នៃសេចក្តីសុចរិតរបស់បងប្អូន។ 11 បងប្អូននឹងទៅអ្នកមានគ្រប់របស់ទាំងអស់ ដើម្បី បងប្អូនអាចធ្វើការសប្បុរសបាន។ ការនេះនឹងនាំឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើងដែរ។ 12 ដ្បិត ការបន្តធ្វើការនេះ វាមិនគ្រាន់តែបានជួយបំពេញសេចក្តីខ្វះខាតរបស់បងប្អូនដែលជាអ្នកជឿប៉ុណ្ណោះទេ។ តែវាក៏ធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ជាច្រើនថែមទៀតដែរ។ 13 ដោយសារបងប្អូនត្រូវបានសាកល្បង ហើយទទួលស្គាល់តាមរយៈការបម្រើនេះ បងប្អូននឹងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់តាមរយៈការស្តាប់បង្គាប់ និងការទទួលពីដំណឹងល្អនៃព្រះគ្រិស្ត។ បងប្អូនក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តាមរយៈសេចក្តីសប្បុរសនៃអំណោយរបស់បងប្អូនឲ្យទៅពួកគេ និងអ្នកដដៃលទៀតដែរ។ 14 ពួកគេរង់ចាំដើម្បីជួបបងប្អូន ហើយពួកគេក៏អធិស្ឋានសម្រាប់បងប្អូនដែរ។ ពួកគេធ្វើការនេះ ដោយសារព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលនៅក្នុងបងប្អូន។ 15 សូមអរព្រះគុណទៅដល់ព្រះជាម្ចាស់ សម្រាប់ព្រះអំណោយទានដែលមិនអាចរៀបរាប់អស់។


ជំពូក 10

1 ខ្ញុំ ប៉ូល សូមបង្ហាញខ្លួនខ្ញុំដល់បងប្អូន ដោយបន្ទាបខ្លួន និងសុភាពនៅក្នុងព្រះគ្រិស្ត។ ខ្ញុំស្លូតបូតនៅពេលដែលខ្ញុំរស់នៅជាបងប្អូន ប៉ុន្តែ ខ្ញុំបែរជាក្លាហានចំពោះបងប្អូននៅពេលខ្ញុំនៅឆ្ងាយពីបងប្អូនវិញ។ 2 ខ្ញុំសុំដល់បងប្អូនថា នៅពេលដែលខ្ញុំនៅជាមួយបងប្អូន ខ្ញុំមិនបាច់ត្រូវការសេចក្តីក្លាហាន និងទំនុកចិត្តនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំនឹងត្រូវការសេចក្តីក្លាហាន នៅពេលដែលខ្ញុំទាស់ជាមួយអ្នកដែលគិតថា ពួកយើងរស់ដោយខាងឯសាច់ឈាមវិញ។ 3 ដ្បិត ពួកយើងរស់នៅក្នុងសាច់ឈាមក៏ដោយ ប៉ុន្តែ យើងមិនបានតយុទ្ធតាមរយៈសាច់ឈាមនេះទេ។ 4 ដ្បិត អាវុធរបស់យើងប្រើ មិនមែនជាអាវុធខាងឯសាច់ឈាមទេ។ ផ្ទុយទៅវិញ អាវុធទាំងនោះគឺមកពីព្រះចេស្តា ដើម្បីបំផ្លាញទីរឹងមាំរបស់សត្រូវ។ គ្រប់ការនោះនឹងរំលំចុះ ហើយគេរកយល់មិនឃើញឡើយ។ 5 យើងក៏នឹងវាយរំលំការដែលនៅទីខ្ពស់ ដែលទាស់ប្រឆាំងជាមួយចំណេះដឹងរបស់ព្រះជាម្ចាស់។ យើងនឹងដោះគ្រប់ទាំងគំនិតដែលជាប់ចំណង ឲ្យបានស្តាប់បង្គាប់ព្រះគ្រិស្តវិញ។ 6 ហើយយើងរៀបចំរួចរាល់ដើម្បីជំនុំជម្រះ ដល់អស់ទាំងទង្វើនៃការមិនស្តាប់បង្គាប់ គឺនៅណាដែលបងប្អូនបានស្តាប់បង្គាប់ទាំងស្រុងហើយ។ 7 ចូរមើលទៅអ្វីដែលមាននៅចំពោះបងប្អូន។ ប្រសិនបើ នរណាបានជឿថាព្រះអង្គគឺជាព្រះគ្រិស្ត សូមអ្នកនោះរំលឹកខ្លួនឯងថា គឺគាត់ដូចជាព្រះគ្រិស្ត ហើយពួកយើងក៏ដូចដែរ។ 8 ដ្បិត ទោះបើជាខ្ញុំអួតបន្តិចបន្តួចអំពីសិទ្ធិអំណាចក្តី ដែលព្រះអម្ចាស់បានប្រទានដល់យើង គឺដើម្បីស្អាងបងប្អូនឡើង មិនមែនឲ្យបងប្អូនបាក់ទឹកចិត្តឡើយ ហើយខ្ញុំក៏មិនបានធ្វើឲ្យបងប្អូនទទួលការអាម៉ាស់ដែរ។ 9 ខ្ញុំមិនចង់ឲ្យបងប្អូនយល់ឃើញថា ខ្ញុំមិនបានធ្វើឲ្យបងប្អូនភ័យខ្លាចដោយសារសំបុត្ររបស់ខ្ញុំនោះទេ។ 10 ដ្បិត មានអ្នកខ្លះនិយាយថា៖ «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។ 11 សូមឲ្យមនុស្សបែបនេះបានដឹងថា ពាក្យដែលនៅក្នុងសំបុត្ររបស់យើងយ៉ាងណា ទោះបីជាយើងមិននៅក្តី តែទង្វើរបស់យើងក៏ដូចជាអ្វីដែរ ពេលយើងនៅជាមួយ។ 12 យើងមិនបាននិយាយឲ្យអ្នកណាផ្សេងនោះទេ គឺនិយាយតែក្នុងក្រុមយើងតែប៉ុណ្ណោះ ក៏មិនបានប្រៀបធៀបខ្លួនយើងទៅជាមួយអ្នកចេះតែសរសើរខ្លួនឯងនោះដែរ។ ប៉ុន្តែ ពេលគេពិចារណាខ្លួនពួកគេ ដោយម្នាក់ៗនោះ ក៏ប្រៀបធៀបខ្លួនពួកគេជាមួយម្នាក់ នោះពួកគេគ្មានប្រាជ្ញាទេ។ 13 ទោះជាយ៉ាងណាក្តី យើងមិនបានអួតហួសកម្រិតឡើយ។ ផ្ទុយទៅវិញ យើងមានអំនួតជាមួយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកយើង ក្នុងកម្រិតមួយអាចធ្វើទៅបាន។ 14 ដ្បិត យើងមិនបានធ្វើហួសព្រំដែនរបស់ខ្លួនយើងនោះទេ នៅពេលដែលយើងផ្ញើមកកាន់បងប្អូន។ ពួកយើងគឺជាអ្នកដំបូងគេដែលត្រូវ ឈោងចាប់ដរាបណាយើងនៅជាមួយដំណឹងល្អនៃព្រះគ្រិស្ត។ 15 ពួកយើងមិនបានមានអំនួត ឲ្យលើសពីកម្រិតអំពីការងាររបស់អ្នកផ្សេងនោះទេ។ ផ្ទុយទៅវិញ យើងសង្ឃឹមថាសេចក្តីជំនឿរបស់បងប្អូនបានលូតលាស់ នៅទីកន្លែងដែលយើងបម្រើ ហើយកិច្ចការនឹងចម្រើនឡើងកាន់តែធំ ការនេះនៅតែក្នុងកម្រិតមួយដែលទទួលយកបាន។ 16 ពួកយើងសង្ឃឹមពីការនេះ ដូច្នេះ ពួកយើងនឹងអាចប្រកាសដំណឹងល្អ ទៅស្រុកជិតខាងបងប្អូនដែរ។ យើងមិនបានអួតពីការងាររបស់អ្នកដទៃបានធ្វើនោះទេ។ 17 «ប៉ុន្តែ សូមឲ្យអ្នកដែលអួតនោះ គួរអួតតែពីព្រះជាម្ចាស់បានហើយ»។ 18 ដ្បិត គឺមិនមែនអ្នកដែលតាំងខ្លួនឯង ហើយចេះតែមានអំនួតនោះទេ។ ផ្ទុយទៅវិញ គឺជាម្នាក់ដែលព្រះអម្ចាស់តែងតាំងវិញ ទើបគួរអួតនោះ។


ជំពូក 11

1 ខ្ញុំសូមឲ្យបងប្អូនអត់ឱនដល់ភាពល្ងីល្ងើរបស់ខ្ញុំ។ ប៉ុន្តែ បងប្អូនបានអត់ឱនឲ្យខ្ញុំមែន! 2 ដ្បិត ខ្ញុំបានប្រច័ណ្ឌជាមួយនឹងបងប្អូន។ ខ្ញុំមានចិត្តប្រច័ណ្ឌរបស់ព្រះជាម្ចាស់ជាមួយនឹងបងប្អូនដែរ ចាប់តាំងពីខ្ញុំបានសន្យាដល់បងប្អូន ចូររៀបការជាមួយប្តីតែមួយ។ ខ្ញុំបានសន្យាថានឹងនាំបងប្អូនមក ដូចជាស្រី្តព្រហ្មចារី​បរិសុទ្ធទៅចំពោះព្រះគ្រិស្ត។ 3 ប៉ុន្តែ ពេលខ្លះខ្ញុំបារម្ភថា ដូចជាសត្វពស់ដែលល្បួងនាងអេវ៉ាជាមួយភាពវៃឆ្លាតរបស់វា ដូច្នេះ​ គំនិតរបស់អ្នករាល់គ្នាអាចនឹងវង្វេងចេញឆ្ងាយពីពួកអ្នកដែលញែកខ្លួនជាបរិសុទ្ធចំពោះព្រះគ្រិស្ត។ 4 ដ្បិត ឧបមាថា មានអ្នកផ្សេងមកហើយប្រកាស អំពីយេស៊ូផ្សេងមួយទៀត ដែលមិនមែនជាព្រះជាម្ចាស់យេស៊ូដែលយើងបានប្រកាសវិញ។ ឬឧបមាថាបងប្អូនទទួលវិញ្ញាណផ្សេងទៀត ដែលមិនមែនជាព្រះវិញ្ញាណដែលបងប្អូនបានទទួល។ ឬឧបមាថា បងប្អូនទទួលដំណឹងល្អផ្សេងទៀត ដែលមិនមែនដំណឹងល្អដែលបងប្អូនធ្លាប់ទទួលតាមរយៈយើង។ បងប្អូនបានជ្រើសរើសធ្វើការនេះ បានយ៉ាងល្អហើយ! 5 ដ្បិត ខ្ញុំគិតថាខ្ញុំមិនមែនតូចជាងគេ នៅក្នុងចំណោមអ្នកដែលត្រូវបានហៅថា ពួកសាវ័កខ្ពង់ខ្ពស់នោះទេ។ 6 ប៉ុន្តែ បើទោះបីជាខ្ញុំមិនបានទទួលការបង្វឹកបង្វឺន ដើម្បីប្រកាសព្រះបន្ទូលក្តី និងមិនបានទទួលការបង្វឹកបង្វឺន ក្នុងការចេះដឹងក៏ដោយ។ ក្នុងគ្រប់ទាំងផ្លូវ និងក្នុងគ្រប់ការទាំងអស់ យើងបានធ្វើឲ្យបងប្អូនបានដឹងការពិត។ 7 តើខ្ញុំបានធ្វើបានឬអី ដែលបន្ទាបខ្លួនដើម្បីឲ្យបងប្អូនត្រូវបានលើកតម្កើងឡើងនោះ? ដ្បិត ខ្ញុំបានប្រកាសដំណឹងល្អដល់បងប្អូនដោយការពេញចិត្ត។ 8 ខ្ញុំបានជំពាក់ដល់ក្រុមជំនុំឯទៀត តាមរយៈទទួលការជួយឧបត្ថម្ភគាំទ្រពីពួកគេ ដូច្នេះហើយបានជាខ្ញុំបម្រើបងប្អូនវិញ។ 9 ពេលខ្ញុំនៅជាមួយបងប្អូននោះ ខ្ញុំពិតជាមានការខ្វះខាត ប៉ុន្តែ ខ្ញុំមិនបានប្រាប់ឲ្យបងប្អូនបារម្ភឡើយ។ ដោយសារតែខ្ញុំបានទទួលជំនួយពីបងប្អូននៅស្រុកម៉ាសេដូនវិញ។ ខ្ញុំបានការពារខ្លួនឯងពីការដែលធ្វើឲ្យខ្លួនខ្ញុំក្លាយជាបន្ទុកដល់បងប្អូនឡើយ ហើយខ្ញុំនឹងបន្តធ្វើការនេះទៅមុខទៀតដែរ។ 10 ក្នុងនាមខ្ញុំដែលមានសេចក្តីពិតរបស់ព្រះគ្រិស្តនៅជាមួយ អំនួតរបស់ខ្ញុំនឹងមិនអាចក្លាយជាស្ងៀមស្ងាត់នៅក្នុងស្រុកអាខៃឡើយ។ 11 ហេតុអ្វី? ដោយសារខ្ញុំមិនស្រឡាញ់បងប្អូនទេឬ? មានតែព្រះជាម្ចាស់ទេ ជ្រាប់ពីចិត្តខ្ញុំ។ 12 ហើយអ្វីដែលខ្ញុំធ្វើនោះខ្ញុំនឹងបន្តធ្វើទៀត ក្នុងរបៀបដែលខ្ញុំនឹងដកចេញ អំពីការរិះគន់ដល់ខ្ញុំ ហើយដកអំនួតចេញពីពួកអ្នក ដែលយើងរកឃើញថា គេមានលេសក្នុងការនិយាយថា បានធ្វើការដូចជាយើងកំពុងធ្វើដែរ។ 13 ដ្បិតមានមនុស្សជាច្រើនគឺជាសាវកក្លែងក្លាយ ហើយជាអ្នកបម្រើបោកប្រាស់។ ពួកគេបានក្លែងខ្លួនពួកគេថាជាសាវ័កនៃព្រះគ្រិស្ត។ 14 ហើយការនេះមិនភ្ញាក់ផ្អើលទេ ដ្បិតសាតាំងក៏បានក្លែងថាខ្លួនជាទេវតានៃពន្លឺដែរ។ 15 បែបនេះគ្មានអីគួរឲ្យភ្ញាក់ផ្អើនោះទេ បើពួកបរិវារបស់វាក្លែងខ្លួនរបស់ពួកគេនោះ ដោយថាវាគឺជាអ្នកបម្រើដ៏សុចរិត។ ហើយជោគវាសនារបស់ពួកវានឹងទទួលអ្វីដែលវាសមនិងទទួលជាពិត។ 16 ខ្ញុំនិយាយម្តងទៀត សូមកុំឲ្យអ្នកគិតថាខ្ញុំជាមនុស្សល្ងង់ឡើយ។ តែបើបងប្អូនគិតបែបនេះ ហើយទទួលខ្ញុំដូចជាមនុស្សល្ងង់ នោះខ្ញុំប្រហែលអំនួតបន្តិចបន្តូចដែរ។ 17 អ្វីដែលខ្ញុំកំពុងនិយាយអំពីការសេចក្តីអំនួត គឺមិនមែនមិនគាំទ្រដោយព្រះអម្ចាស់នោះទេ តែខ្ញុំនិយាយបែបដូចជាមនុស្សលេលាវិញ។ 18 មនុស្សឯទៀតគេអួតពីអ្វីដែលខាងសាច់ឈាម ឯខ្ញុំក៏មានអំនួតនៅក្នុងព្រះជាម្ចាស់ដែរ។ 19 ដ្បិត បងប្អូនរីករាយហើយអាចទ្រាំ ជាមួយនឹងសេចក្តីល្ងង់ខ្លៅបាន។ បងប្អូនមានភាពវ័យឆ្លាតណាស់! 20 ដ្បិត បងប្អូនអាចទ្រាំទ្រជាមួយនឹងអ្នក ដែលត្រួតត្រាលើបងប្អូន អ្នកដែលចង់ប្រើបងប្អូន ហើយប្រសិនបើ គេរកប្រយោជន៍ពីបងប្អូន អ្នកដែលគិតថាគេប្រសើរជាងបងប្អូន ឬអ្នកដែលទះកំផ្លៀងបងប្អូន។ 21 ខ្ញុំនឹងនិយាយទៅកាន់ភាពអាម៉ាស់របស់យើងថា យើងពិតជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការនោះទេ។ ដូច្នេះហើយ បើមាននរណាម្នាក់មានអំនួត ខ្ញុំនិយាយបែបល្ងង់ខ្លៅថា អ្នកដែលមានអំនួតនោះគួរតែខ្ញុំទេ។ 22 តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជាជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រា‌អែល​ឬ? ខ្ញុំក៏ជាជនជាតិអ៊ីុស្រាអែលដែរ។ តើពួកគេជាពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ឬ? ខ្ញុំក៏ជាពូជពង្សរបស់លោកអប្រាហាំម្នាក់ដែរ។ 23 តើពួកគេគឺជាអ្នកបម្រើរបស់ព្រះគ្រិស្តឬ? (ខ្ញុំនិយាយការនេះទាំងគិតថាខ្លួនជាមនុស្សគ្មានស្មារតី) ខ្ញុំបម្រើច្រើនជាងផង។ ខ្ញុំបានធ្វើការខ្លាំងជាងផង ខ្ញុំត្រូវជាប់​ឃុំ‌ឃាំងជាយូរ ខ្ញុំត្រូវរងការវាយដំលើសកម្រិត ហើយប្រឈរមុខជានឹងគ្រោះថ្នាក់ដល់ស្លាប់ជាច្រើនដងផង។ 24 ខ្ញុំត្រូវបានគេវាយសែបសិបរំពាត់ ខ្វះមួយ ចំនួនប្រាំដងពីជនជាតិយូដា។ 25 បីដងដែលខ្ញុំត្រូវបានគេវាយនឹងដំបង។ ម្តងនោះខ្ញុំត្រូវបានគប់ដោយដុំថ្ម។ ខ្ញុំ​ត្រូវ​លិច​សំពៅ​បី​ដង។ ពេញមួយថ្ងៃនិងមួយយប់ ដែលខ្ញុំបានអណ្តែតនៅលើសមុទ្រ។ 26 ពេលខ្ញុំធ្វើដំណើរជាញឹកញាប់ ជួបគ្រោះថ្នាក់តាមទន្លេ និងគ្រោះថា្នក់ដោយសារ​ចោរ​ប្លន់ និងគ្រោះ​ថ្នាក់​មក​ពី​ជន​ជាតិ​របស់​ខ្ញុំ និងគ្រោះ​ថ្នាក់​មក​ពី​សាសន៍​ដទៃផង គ្រោះ​ថ្នាក់​ក្នុង​ទីក្រុង គ្រោះ​ថ្នាក់​នៅ​ទីរហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់ព្រោះ​តែ​ពួក​បងប្អូន​ក្លែង‌ក្លាយ។ 27 ខ្ញុំបានធ្វើការយ៉ាងនឿយហត់ ហើយក្នុងពេលដ៏លំបាក មិនបានដេកពេលយប់ អត់អាហារ និងស្រេកទឹកជាច្រើនដង ហើយជារឿយៗតែងតែតមអត់ ត្រូវ​រងា និង​អាក្រាតផង។ 28 ការផ្សេងពីនេះទៀតនោះ គឺខ្ញុំ​ខ្វល់​ខ្វាយ​រៀង​រាល់​ថ្ងៃ ដោយ​គិត​ដល់​ក្រុមជំនុំ​ទាំង​អស់​ដែរ។ 29 តើនរណាខ្សោយ តើខ្ញុំមែនទេឬ? តើមានអ្នកណាត្រូវគេធ្វើឲ្យជំពប់ដួល នោះខ្ញុំមិនឈឺចាប់ទេឬអី? 30 ប្រសិន​បើ ​ខ្ញុំ​ត្រូវ​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​តែ​អំពី​ភាព​កម្សោយរបស់​ខ្ញុំ​ប៉ុណ្ណោះ។ 31 ព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះអម្ចាស់យេស៊ូ ព្រះអង្គនឹងទទួលការសរសើរជារៀងរហូត ហើយព្រះអង្គជ្រាបថាខ្ញុំមិនបានកុហកនោះទេ!។ 32 នៅ​ក្រុង​ដាម៉ាស លោក​អភិបាល​ក្រោមស្ដេច​អើរេ‌តាសបាន​ដាក់​ទាហាន​ឲ្យ​យាម​ទ្វារ​ក្រុងរបស់ដាម៉ាស ដើម្បី​ចាំ​ចាប់​ខ្ញុំ។ 33 ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពីដៃ​របស់គាត់។


ជំពូក 12

1 ខ្ញុំត្រូវមានអំនួត តែគ្មានចំណេញអ្វីមកពីការនេះទេ។ ប៉ុន្តែ ខ្ញុំនឹងទៅតាមនិមិត្ត និងការបើកសម្តែងដែលមកពីព្រះអម្ចាស់វិញ។ 2 ខ្ញុំស្គាល់បុរសម្នាក់ដែលជាអ្នកជឿលើព្រះគ្រិស្ត កាលពីដប់បួនឆ្នាំមុន គឺត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី ខ្ញុំក៏មិនដឹងច្បាស់ដែរថា គាត់បានឡើងទៅតាំងរូបកាយ ឬព្រមទាំងវិញ្ញាណផងនោះ មានតែព្រះជាម្ចាស់ទេទើបជ្រាប។ 3 ហើយខ្ញុំស្គាល់បុរសនោះ ថាតើគាត់ត្រូវបានលើកឡើង នៅក្នុងរូបកាយ ឬក្រៅរូបកាយ ខ្ញុំមិនដឹងទេ តែព្រះជាម្ចាស់ជ្រាប 4 គាត់ត្រូវបានលើកឡើងទៅស្ថានសួគ៌ ហើយបានឮអ្វីដែលគួរឲ្យខ្លាច សម្រាប់មនុស្សក្នុងការនិយាយ។ 5 ក្នុងនាមបុរសនេះ ខ្ញុំមានអំនួត។ ប៉ុន្តែ ក្នុងនាមខ្ញុំវិញគឺខ្ញុំនឹងមិនអួតទេ តែបើខ្ញុំអួតគឺតែពីភាពទន់ខ្សោយរបស់ខ្ញុំវិញ។ 6 ប្រសិនបើ ជាខ្ញុំចង់អួត នោះខ្ញុំមិនមែនជាមនុស្សល្ងង់ខ្លៅទេ ដ្បិតខ្ញុំនិយាយតែការពិតវិញ។ ប៉ុន្តែ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានអំនួតទេ ដូច្នេះនឹងមិនមានអ្នកណាគិតពីខ្ញុំលើសពីអ្វីដែលពួកគេបានឃើញ និងឮពីខ្ញុំច្រើនជាងនេះ។ 7 ខ្ញុំនឹងការពារខ្លួនខ្ញុំពីអំនួត ដោយព្រោះតែការបើកសម្តែងដ៏អស្ចារ្យ។ ដូច្នេះ នោះខ្ញុំនឹងមិនអួតខ្លួនជាមួយនឹងភាពឆ្មើងឆ្មៃឡើយ បន្លាដែលនៅក្នុងសាច់ខ្ញុំគឺបានចាក់ខ្ញុំ ហើយអ្នកនាំសាររបស់សាតាំងក៏បានធ្វើទុក្ខបុកម្នេញដល់ខ្ញុំដែរ ដូច្នេះ ខ្ញុំមិនអាចមានអំនួតបានឡើយ។ 8 បីដងដែលខ្ញុំបានទូលសូមព្រះអម្ចាស់អំពីការនេះ គឺសូមឲ្យព្រះអង្គយកការនោះចេញពីខ្ញុំ។ 9 ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះគុណរបស់យើងល្មមដល់អ្នកហើយ ដ្បិត ព្រះចេស្តារបស់ព្រះអង្គឥតខ្ចោះជាមួយនឹងភាពទន់ខ្សោយរបស់ខ្ញុំ»។​​ ដូច្នេះខ្ញុំអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំវិញ ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រិស្តបាននៅក្នុងខ្ញុំ។ 10 ដូច្នេះ ខ្ញុំស្កប់ចិត្តនឹងសេចក្តីកម្សោយដោយព្រោះព្រះគ្រិស្ត ទោះបីជាក្នុង គេជេរប្រមាថ មានបញ្ហាច្រើន ក្នុងការបៀតបៀន ហើយនៅក្នុងស្ថានភាពតប់ប្រមល់ក្តី។ ដ្បិត​ ពេល​ណា​ដែលខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។ 11 ខ្ញុំបានក្លាយទៅជាមនុស្សល្ងីល្ងើ! គឺបងប្អូនបានជំរុញខ្ញុំឲ្យធ្វើការងារនេះ ដ្បិត ខ្ញុំគួរតែបានលើកសរសើរតាមរយៈបងប្អូន។ ដ្បិត ខ្ញុំមិនអន់ជាងពួកអ្នកដែលហៅថា មហាសាវក ទោះបីជាខ្ញុំគ្មានអ្វីទាំងអស់នោះ។ 12 ទីសម្គាល់ដ៏ពិតរបស់ងារជាសាវកគឺបម្រើនៅក្នុងចំណោមបងប្អូនជាមួយនឹងការអត់ធ្មត់ ហើយជាមួយទីសម្គាល់ និងការអស្ចារ្យ ហើយនិងឥទ្ធិឫទ្ធិផងដែរ។ 13 បើដូច្នេះ តើបងប្អូនមិនសំខាន់ជាងអ្នកឯទៀតនៃក្រុមជំនុំទេឬអី លើកលែងតែខ្ញុំមិនបានរំខានដល់បងប្អូន? សូមអត់ទោសឲ្យខ្ញុំផងអំពីការនេះ! 14 មើល៍! ខ្ញុំបានរួចរាល់ក្នុងការទៅរកបងប្អូនជាលើកទីបី។ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ ហើយក៏មិនចង់បានអ្វីពីបងប្អូនដែរ។ ខ្ញុំចង់បានតែបងប្អូនទេ។ ដ្បិត កូនៗមិនគួរ​សន្សំទ្រព្យ​សម្បត្តិទុកឲ្យឪពុក‌ម្ដាយទេ។ ប៉ុន្តែ ឪពុក‌ម្ដាយទេ ដែលត្រូវសន្សំទ្រព្យសម្បត្តិទុកឲ្យកូនចៅវិញ។ 15 ខ្ញុំនឹងរីករាយក្នុងការចំណាយ និងប្រើពេលទាំងអស់សម្រាប់ព្រលឹងរបស់បងប្អូន។ ប្រសិនបើ ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្លាំង​យ៉ាង​នេះទៅហើយ​ តើ​ខ្ញុំនឹងទទួលការស្រឡាញ់តិច​ជាង​ឬអី? 16 ប៉ុន្តែ ដូចខ្ញុំបាននិយាយហើយ ខ្ញុំនឹងមិនធ្វើជាបន្ទុកដល់បងប្អូនទេ។ ប៉ុន្តែ នៅតែមានគេនិយាយថា ខ្ញុំមានល្បិចហើយជាអ្នកបោកប្រាស់ពីបងបប្អូនដែរ។ 17 តើខ្ញុំដែលបានកេងចំណេញពីបងប្អូន ដែលខ្ញុំបានចាត់មករកបងប្អូនទេ? 18 ខ្ញុំបានអង្វរឲ្យលោកទីតុសទៅរកបងប្អូន និងអ្នកដដៃទៀតទៅជាមួយគាត់ដែរ។ តើលោកទីតុសកេងចំណេញពីបងប្អូនទេ? តើពួកយើងមិនបានដើរលើផ្លូវក្នុងតែមួយទេឬអី? តើពួកយើងមិនបានបោះជំហានតែមួយទេឬអី? 19 តើបងប្អូនគិតថា ពួកយើងដោះសារការពារខ្លួនយើងនៅចំពោះបងប្អូនដែរមែនទេឬ? នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ យើងបាននិយាយសេចក្តីទាំងនេះ ដើម្បីចម្រើនកម្លាំងដល់បងប្អូននៅក្នុងព្រះគ្រិស្តតែប៉ុណ្ណោះ។ 20 ដ្បិត ខ្ញុំបារម្ភថា ពេលដែលខ្ញុំមកដល់ ខ្ញុំមិនបានឃើញបងប្អូនដូចជាអ្វីដែលខ្ញុំចង់ឃើញ។ ខ្ញុំបារម្ភថា បងប្អូនមិនបានឃើញខ្ញុំ ដូចអ្វីដែលបងប្អូនចង់ឃើញដែរ។ ខ្ញុំបារម្ភ ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​កើតឡើង។ 21 ខ្ញុំបារម្ភថា ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​


ជំពូក 13

1 នេះគឺជាដំណើរលើទីបីហើយដែលមករកបងប្អូន។ «គ្រប់ទាំងការចោតប្រកាន់ត្រូវធ្វើឡើង តាមរយៈសាក្សីពីរទៅបីនាក់»។ 2 ខ្ញុំបាននិយាយរួចហើយទៅអ្នកទាំងនោះដែលបានធ្វើបាបពីមុន ហនិងអ្នកផ្សេងទៀតនៅក្នុងដំណើរលើកទីពីររបស់ខ្ញុំ ហើយលើកនេះ ខ្ញុំសូមនិយាយម្តងទៀត ពេលខ្ញុំមកម្តងទៀតនោះខ្ញុំនឹងមិនអត់ឱនពួកគេទេ។ 3 ខ្ញុំប្រាប់ការទាំងនេះដល់បងប្អូនដោយសារតែបងប្អូនស្វែងរកភស្តុតាងដែលថា ព្រះគ្រិស្តមានបន្ទូលតាមខ្ញុំ។ ព្រះអង្គមិនខ្សោយនៅចំពោះបងប្អូនទេ។ ផ្ទុយទៅវិញ ព្រះអង្គពេញដោយព្រះចេស្តានៅក្នុងបងប្អូន។ 4 ​ដ្បិត ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ ប៉ុន្តែ ព្រះអង្គមានព្រះជ្មនរស់ដោយព្រះចេស្តារបស់ព្រះជាម្ចាស់។ ដ្បិត ពួកយើងក៏ខ្សោយនៅក្នុងព្រះអង្គដែរ ប៉ុន្តែ យើងនឹងរស់ជាមួយព្រះអង្គ តាមរយៈព្រះចេស្តារបស់ព្រះជាម្ចាស់ក្នុងចំណោមយើងដែរ។ 5 ចូរពិនិត្យខ្លួនរបស់បងប្អូនឡើងវិញ ដើម្បីឲ្យដឹងថាបងប្អូននៅក្នុងជំនឿ។ ចូរ​ល្បងលមើល​ខ្លួន​ឯង​ចុះ។ ​តើ​បងប្អូន​មិន​ដឹងទេ​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​បងប្អូនទាំងអស់គ្នា​?​ លើកលែងតែបងប្អូនមិនបានជាប់ក្នុងការល្បងលរបស់ព្រះអង្គ។ 6 ហើយខ្ញុំជឿជាក់ថា បងប្អូនដឹងហើយថាគឺពួកយើងមិនបានធ្លាក់ពីការល្បងលនោះទេ។ 7 ពេលយើងបានអធិស្ឋានទៅព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនធ្វើអ្វីដែលខុសឡើយ។ ខ្ញុំមិនបានអធិស្ឋាន សូមឲ្យជាប់ការល្បងលឡើយ។ ផ្ទុយទៅវិញ ខ្ញុំអធិស្ឋានសូមឲ្យបងប្អូនធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាយើងមើលទៅឃើញថាដូចជាធ្លាក់ការល្បងលក៏ដោយ។ 8 ដ្បិត យើងមិនអាចធើ្វទាស់ទៅនឹងសេចក្តីពិតនោះទេ តែត្រូវធ្វើអ្វីដែលជាសេចក្តីពិតវិញ។ 9 ដ្បិត យើងរីករាយពេលដែលពួកយើងខ្សោយ ហើយបងប្អូនខ្លាំងវិញ។ ពួកយើងក៏អធិស្ឋានឲ្យបងប្អូនបានជោគជ័យដែរ។ 10 ខ្ញុំសរសេរសំបុត្រនេះ គឺនៅពេលដែលខ្ញុំនៅឆ្ងាយពីបងប្អូន ដើម្បី​ពេល​មក​ដល់​បងប្អូន កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះបងប្អូន ​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​បំផ្លាញបងប្អូនទេ។ 11 ​ជាទី​បញ្ចប់​​ បងប្អូន​អើយ!​ ចូរធ្វើការស្តារឡើងវិញ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ។​ ហើយ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​ នឹង​គង់​នៅ​ជាមួយ​បងប្អូនទាំងអស់គ្នា។​ 12 ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធចុះ។​ 13 ​ពួក​បងប្អូនអ្នកជឿទាំង​អស់ ​ក៏ជម្រាបសួរ​មកបងប្អូន​ដែរ។​ 14 សូម​ឲ្យ​​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ​គ្រិស្ដ​ និង​សេចក្ដី​ស្រឡាញ់​នៃព្រះជាម្ចាស់​ និងព្រមទាំង​សេចក្ដី​ប្រកប​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ គង់នៅជាមួយបងប្អូនទាំងអស់គ្នា។​


Book: Galatians

Galatians

ជំពូក 1

1 ខ្ញុំ ប៉ូល ជាសាវក ដែលពុំមែនតែងតាំងដោយមនុស្សលោក ឬជនណាមួយឡើយ ប៉ុន្តែ តែងតាំងដោយព្រះយេស៊ូគ្រិស្ត និងព្រះជាម្ចាស់ជាព្រះបិតា ដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ 2 និងបងប្អូនទាំងអស់គ្នាដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។ 3 សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្តដល់បងប្អូនទាំងអស់គ្នា។ 4 ព្រះអម្ចាស់បានលះបង់​ព្រះជន្មជំនួសបាបយើង ដើម្បីរំដោះយើងចេញពីសម័យអាក្រក់ នាពេលបច្ចុប្បន្ននេះ ស្របតាមព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ និងព្រះបិតានៃយើង។ 5 សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅអស់កល្បតរៀងទៅ។ អាម៉ែន។ 6 ខ្ញុំឆ្ងល់ណាស់ ដោយបានឃើញបងប្អូនឆាប់បែរចេញពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនដោយសារព្រះគុណព្រះគ្រិស្ត។ ខ្ញុំឆ្ងល់ណាស់ ដោយបានឃើញបងប្អូនបែរទៅរកដំណឹងល្អផ្សេងមួយទៀត។ 7 មិនគួរយើងនិយាយថា មានដំណឹងល្អមួយផ្សេងទៀតឡើយ គឺមានតែអ្នកខ្លះនាំបងប្អូនឲ្យវឹកវរ និងចង់ផ្លាស់ប្តូរដំណឹងល្អរបស់ព្រះគ្រិស្តប៉ុណ្ណោះ។ 8 ប៉ុន្តែ ទោះបីជាយើង ឬទេវតាណាមួយមកពីស្ថានបរមសុខប្រកាសដំណឹងល្អផ្សេង ក្រៅពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន​ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ 9 ដូចខ្ញុំបានជម្រាបប្រាប់បងប្អូនរួចមកហើយ ឥឡូវនេះខ្ញុំសុំប្រាប់បងប្អូនម្តងទៀតថា ៖ «ប្រសិនបើ មាននរណាម្នាក់ប្រកាសដំណឹងល្អផ្សេង ក្រៅពីដំណឹងល្អ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូន​ សូមឲ្យអ្នកនោះត្រូវបណ្តាសាចុះ»។ 10 តើឥឡូវនេះខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហប្ញទ័យព្រះជាម្ចាស់? តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស? បើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស នោះខ្ញុំលែងជាអ្នកបម្រើព្រះគ្រិស្តហើយ។ 11 បងប្អូនអើយ ខ្ញុំចង់ជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នោះ ពុំមែនចេញមកពីមនុស្សទេ។ 12 ដ្បិត ខ្ញុំពុំបានទទួលមកពីមនុស្ស ឬនរណាម្នាក់បង្រៀនខ្ញុំឡើយ។ ផ្ទុយទៅវិញ គឺព្រះយេស៊ូគ្រិស្តបើកសម្តែងប្រាប់ខ្ញុំដោយផ្ទាល់។ 13 អ្នករាល់គ្នាបានឮគេនិយាយគ្នាអំពីជីវិតខ្ញុំពីដើម ដែលជាអ្នកកាន់សាសនាយូដា និងរបៀបខ្ញុំបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងសាហាវ និងរបៀបខ្ញុំព្យាយាមបំផ្លាញក្រុមជំនុំទៀតផង។ 14 ខ្ញុំទទួលការអប់រំជ្រៅជ្រះខាងសាសនាយូដា លើសជាងអ្នកឯទៀតៗនៅអាយុស្រករខ្ញុំ និងជាជនរួមជាតិខ្ញុំដែរ។ ខ្ញុំមានចិត្តឧស្សាហ៍ខ្នះខ្នែងកាន់តាមប្រពៃណីរបស់បុព្វបុរសខ្ញុំ។ 15 ប៉ុន្តែ ពេលព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ តាំងពីផ្ទៃម្តាយមកម៉េ្លះ និងបានត្រាស់ហៅខ្ញុំដោយសារព្រះគុណព្រះអង្គ 16 នោះទ្រង់គាប់ព្រះហប្ញទ័យបើកសម្តែងព្រះបុត្រាឲ្យខ្ញុំស្គាល់ ដូច្នេះ ខ្ញុំបានប្រកាសដំណឹងល្អពីព្រះបុត្រានោះ ក្នុងចំណោមសាសន៍ដទៃ ដោយខ្ញុំពុំបានទៅប្រឹក្សាយោបល់ពីនរណាម្នាក់ 17 ហើយខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡិម ទៅជួបពួកសាវកមុនៗខ្ញុំនោះដែរ។ ផ្ទុយទៅវិញ ខ្ញុំបានឡើងទៅស្រុកអារ៉ាប់ រួចត្រឡប់មកក្រុងដាម៉ាសវិញ។ 18 បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមទៅជួបលោកកេផាស រួចស្នាក់នៅជាមួយលោកអស់ដប់ប្រាំថ្ងៃ។ 19 ប៉ុន្តែ ខ្ញុំពុំបានជួបសាវកណាម្នាក់ក្រៅពីលោកយ៉ាកុប ដែលជាប្អូនប្រុសរបស់ព្រះអម្ចាស់ឡើយ។ 20 សេចក្តីដែលខ្ញុំបានសរសេរប្រាប់បងប្អូន ឥតកុហកឡើយ ព្រោះមានព្រះជាម្ចាស់ជាសាក្សីស្រាប់។ 21 បន្ទាប់មក ខ្ញុំបានឡើងទៅស្រុកស៊ីរី និងគីលីគា។ 22 ក្រុមជំនុំនានាជឿព្រះគ្រិស្តនៅស្រុកយូដា នៅតែពុំបានស្គាល់ខ្ញុំនៅឡើយ។ 23 ពួកគេគ្រាន់តែបានឮថា៖ «មានបុរសម្នាក់ដែលធ្លាប់បៀតបៀនពួកយើង ឥឡូវនេះកំពុងប្រកាសជំនឿ ដែលគាត់ព្យាយាមបំផ្លាញកាលពីមុនទៅវិញ»។ 24 ដូច្នេះ ពួកគេលើកតម្កើងសិរីរុងរឿងដល់ព្រះជាម្ចាស់ ដោយសារតែខ្ញុំ។


ជំពូក 2

1 ដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបារណាបាស ទាំងនាំយកលោកទីតុសទៅជាមួយខ្ញុំដែរ។ 2 ខ្ញុំឡើងទៅ ព្រោះខ្ញុំបានទទួលការបើកសម្តែងឲ្យទៅ និងមានបំណងចង់ជម្រាប់ប្រាប់បងប្អូននៅទីនោះ អំពីដំណឹងល្អដែលខ្ញុំបានប្រកាសជាមួយសាសន៍ដទៃ។ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់បងប្អូនជាអ្នកដឹកនាំ ដាច់ដោយឡែកពីគេដែរ ដើម្បីឲ្យប្រាកដថា កិច្ចការដែលខ្ញុំកំពុងធ្វើ ឬបានធ្វើរួចហើយ ត្រឡប់ទៅជាអសារឥតការឡើយ។ 3 លោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្តី ក៏គេមិនបង្ខំគាត់ ឲ្យទទួលការកាត់ស្បែកឡើយ។ 4 មានពួកបងប្អូនក្លែងក្លាយខ្លះ បានបន្លំខ្លួនជ្រៀតចូលមក ដើម្បីឈ្លបមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រិស្តយេស៊ូ។ ពួកគេមានបំណងចង់ឲ្យយើងក្លាយជាទាសករ 5 ប៉ុន្តែយើងមិនព្រមធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែត ដូច្នេះសេចក្តីពិតនៃដំណឹងល្អនឹងស្ថិតនៅជាប់ជាមួយអ្នករាល់គ្នារហូត។ 6 ប៉ុន្តែ ចំពោះបងប្អូនដែលគេចាត់ទុកជាអ្នកដឹកនាំវិញ (ទោះបីជាមានឋានៈអ្វីក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ ព្រោះព្រះជាម្ចាស់ពុំបានរើសនរណាឡើយ) អស់អ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ គ្មានអ្វីសំខាន់ចំពោះរូបខ្ញុំឡើយ)។ 7 ផ្ទុយទៅវិញគេឃើញថា ព្រះជាម្ចាស់បានប្រគល់មុខងារប្រកាសដំណឹងល្អ ទៅពួកមិនកាត់ស្បែក ដូចជាព្រះជាម្ចាស់ប្រទានមុខងារប្រកាសដំណឹងល្អ ទៅពួកកាត់ស្បែកឲ្យលោកពេត្រុសផងដែរ។ 8 ដ្បិតព្រះជាម្ចាស់ដែលបានប្រទានឲ្យលោកពេត្រុស​មាន​មុខងារជាសាវកប្រកាសដំណឹងល្អ ទៅពួកកាត់ពួកកាត់ស្បែកយ៉ាងណា នោះក៏ព្រះជាម្ចាស់បានប្រគល់មុខងារជាសាវកឲ្យខ្ញុំ ទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃយ៉ាងនោះដែរ។ 9 កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហានដែលត្រូវគេទទួលស្គាល់ថា ជាសរសរទ្រូងរបស់ក្រុមជំនុំ ហើយទទួលស្គាល់ព្រះគុណ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ ដូច្នេះ ពួកគេបានប្រគល់ដៃស្តាំនៃសម្ពន្ធភាពជាមួយលោកបារណាបាស មកឲ្យខ្ញុំ។ ពួកគេធ្វើដូច្នេះ ទុកជាសញ្ញាថា យើងរួមគ្នាប្រកាសដំណឹងល្អទៅសាសន៍ដទៃ ហើយពួកលោករួមគ្នាប្រកាសដំណឹងល្អទៅពួកកាត់ស្បែក។ 10 ពួកគេគ្រាន់តែស្នើសុំឲ្យយើងចេះគិតគូរដល់ជនក្រីក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើរួចទៅហើយ។ 11 ប៉ុន្តែ ពេលលោកកេផាសទៅដល់ក្រុងអន់ទីយ៉ូក ខ្ញុំបានជំទាស់លោកនៅមុខគេឯង ព្រោះតែលោកបានប្រព្រឹត្តខុស។ 12 មុនពេលមានមនុស្សខ្លះដែលលោកយ៉ាកុបបានចាត់បញ្ជូនមកដល់ លោកកេផាសបរិភោគជាមួយសាសន៍ដទៃ។ ប៉ុន្តែស្រាប់តែ ពេលអ្នកទាំងនោះមកដល់ លោកបែរជាឈប់បរិភោគ និងដកខ្លួនថយចេញពីសាសន៍ដទៃ។ គាត់ខ្លាចពួកកាត់ស្បែក។ 13 មានបងប្អូនយូដាឯទៀតៗក៏លាក់ពុតដូចជាលោកដែរ។ សូម្បីតែលោកបារណាបាស ត្រូវគេអូសទាញឲ្យចេះលាក់ពុតដែរ។ 14 ប៉ុន្តែពេលឃើញថា ពួកគេលែងប្រព្រឹត្តតាមសេចក្តីពិតនៃដំណឹងល្អ នោះខ្ញុំក៏និយាយទៅកាន់លោកកេផាសនៅមុខគេឯងទាំងអស់គ្នាថា៖ «បើសិនជាលោកជាសាសន៍យូដា លែងរស់នៅតាមរបៀបសាសន៍យូដាទៅហើយ ធ្វើម៉េចលោកអាចបង្ខំសាសន៍ដទៃ ឲ្យប្រព្រឹត្តតាមសាសន៍យូដាម្តេចកើត?» 15 រីឯយើងរាល់គ្នាវិញ ជាសាសន៍យូដាតាំងពីកំណើត ពុំមែនជាមនុស្សមានបាបដូចសាសន៍ដទៃឡើយ 16 ប៉ុន្តែ យើងដឹងហើយថា ព្រះជាម្ចាស់ពុំបានប្រោស នរណាម្នាក់ឲ្យបានសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ផ្ទុយទៅវិញព្រះជាម្ចាស់បានប្រោសមនុស្សឲ្យបានសុចរិត ដោយសារជំនឿលើព្រះយេស៊ូគ្រិស្ត។ យើងជឿព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត ដោយសារជំនឿ ពុំមែនដោយសារប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ដ្បិត គ្មាននរណាម្នាក់បានសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ 17 ប៉ុន្តែ ប្រសិនបើយើងចង់បានសុចរិតតាមរយៈព្រះគ្រិស្ត តែមើលឃើញខ្លួនឯងជាមនុស្សជាប់បាបទៅវិញ តើព្រះគ្រិស្តនាំឲ្យយើងមានបាប? 18 ទេ ពុំមែនទេ! បើសិនជាខ្ញុំសង់អ្វីដែលខ្ញុំបំផ្លាញកាលពីមុនឡើងវិញ បានសេចក្តីថាខ្ញុំល្មើសក្រឹត្យវិន័យហើយ។ 19 ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់នៅសម្រាប់ព្រះជាម្ចាស់វិញ។ 20 ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ត។ ខ្ញុំរស់នៅ ពុំមែនជាខ្ញុំទៀតទេ ប៉ុន្តែ ព្រះគ្រិស្តមានព្រះជន្មរស់ក្នុងរូបកាយខ្ញុំវិញ។ ខ្ញុំរស់នៅសព្វថ្ងៃនេះ ខ្ញុំរស់នៅដោយជំនឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលស្រឡាញ់ខ្ញុំ និងបូជាព្រះជន្មសម្រាប់ខ្ញុំ។ 21 ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ បើសិនមាននរណាម្នាក់បានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យ នោះបានសេចក្តីថា ព្រះគ្រិស្តសោយទិវង្គតជាអសារឥតការ។


ជំពូក 3

1 ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ហេតុអ្វីបានបងប្អូនល្ងីល្ងើដូច្នេះ? តើបងប្អូនត្រូវអំពីរបស់នរណា? ពីមុនមក បងប្អូនបានដឹងច្បាស់ថា ព្រះយេស៊ូគ្រិស្តបានជាប់ឆ្កាង។ 2 ខ្ញុំចង់ដឹងតែការមួយពីបងប្អូនប៉ុណ្ណោះ តើបងប្អូនបានទទួលព្រះវិញ្ញាណ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយជឿលើដំណឹងល្អដែលបងប្អូនបានស្តាប់? 3 តើបងប្អូនល្ងីល្ងើដល់កាលណាទៀត? បងប្អូនចាប់ផ្តើមជីវិតថ្មីដោយព្រះវិញ្ញាណ តើឥឡូវនេះបងប្អូនចង់បញ្ចប់ដោយតាមរបៀបលោកីយ៍ឬ? 4 តើបងប្អូនរងទុក្ខលំបាកជាច្រើនជាអសារឥតការឬ? ទេ ពុំមែនអសារឥតការទេ។ 5 តើព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបងប្អូន និងធ្វើការអស្ចារ្យក្នុងចំណោមបងប្អូន ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬជឿលើដំណឹងល្អបងប្អូនបានស្តាប់? 6 ដូចលោកអប្រាហាំ «ជឿព្រះជាម្ចាស់ ហើយព្រះអង្គបានប្រោសលោកឲ្យបានសុចរិត ដោយយល់ជំនឿនេះ» 7 ដូចគ្នានេះដែរ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះជាកូនចៅលោកអប្រាហំហើយ។ 8 ព្រះគម្ពីរប្រាប់យើងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យបានសុចរិត ដោយសារជំនឿ ហើយដំបូងលោកអប្រាហាំបានទទួលដំណឹងល្អថា៖ «ជាតិសាសន៍ទាំងអស់នឹងបានទទួលពរដោយសារអ្នក» 9 ដូច្នេះ អស់អ្នកដែលមានជំនឿនឹងបានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាបិតានៃជំនឿ។ 10 អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ អ្នកនោះត្រូវបណ្តាសាហើយ ដូច្នេះមានសេចក្តីចែងទុកមកថា៖ «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ»។ 11 ឥឡូវនេះ យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះជាម្ចាស់ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ព្រោះមនុស្សសុចរិតរស់នៅដោយពឹងលើជំនឿ។ 12 ប៉ុន្តែ ក្រឹត្យវិន័យខុសប្លែកពីជំនឿ ដ្បិតមានចែងទុកថា៖ «មនុស្សពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងត្រូវរស់នៅតាមក្រឹត្យវិន័យ»។ 13 ព្រះគ្រិស្តបានប្រោសលោះយើងរាល់គ្នា ឲ្យរួចពីបណ្តាសារបស់ក្រឹត្យវិន័យ គឺទ្រង់ទទួលបណ្តាសាជំនួសយើង ដ្បិតមានចែងទុកមកថា៖ «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដាសា​ហើយ» 14 ដើម្បីឲ្យព្រះពររបស់លោកអប្រាហាំហូរទៅដល់សាសន៍ដទៃ ក្នុងព្រះគ្រិស្តយេស៊ូ ដូច្នេះ យើងទទួលព្រះវិញ្ញាណតាមសេចក្តីសន្យា ដោយសារជំនឿ។ 15 បងប្អូនអើយ ខ្ញុំសុំនិយាយតាមពាក្យមនុស្សប្រើប្រាស់។ កិច្ចសន្យាដែលមនុស្សបានតាក់តែងឡើងត្រឹមត្រូវហើយ គ្មាននរណាម្នាក់អាចលុបបំបាត់ ឬបន្ថែមអ្វីបានឡើយ។ 16 ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាជាមួយលោកអប្រាហាំ ព្រមទាំងពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំបានចែងទុកមកថា៖ «ពូជពង្សទាំងឡាយ» ដែលសំដៅទៅលើពូជពង្សជាច្រើន ផ្ទុយទៅវិញ សំដៅទៅលើពូជពង្សតែមួយប៉ុណ្ណោះ «ពូជពង្សរបស់អ្នក» គឺព្រះគ្រិស្ត។ 17 ឥឡូវនេះ ខ្ញុំចង់ពន្យល់ថា៖ «ក្រឹត្យវិន័យកើតមានបួនរយសាមសិបឆ្នាំក្រោយមក ពុំបានលុបបំបាត់សម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងនោះឡើយ។ 18 ប្រសិនបើ ព្រះជាម្ចាស់ប្រទានមរតកមកមនុស្ស ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះបានសេចក្តីថា គេលែងទទួលមរតកតាមព្រះបន្ទូលសន្យាទៀតហើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រទានមរតកមកលោកអប្រាហាំ តាមព្រះបន្ទូលសន្យា។ 19 ដូច្នេះ តើក្រឹត្យវិន័យមានគោលបំណងអ្វី? ក្រឹត្យវិន័យកើតមានតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស រហូតដល់ពូជពង្សរបស់លោកអប្រាហាំ ដែលត្រូវទទួលមត៌ក តាមព្រះបន្ទូលសន្យាមកដល់។​ ពួកទេវតាបាននាំយកក្រឹត្យវិន័យមក ដោយមានមនុស្សម្នាក់ជួយអន្តរាគមន៍។ 20 ឥឡូវនេះ អ្នកជួយអន្តរាគមន៍ពុំមែនមានតែម្នាក់ទេ ប៉ុន្តែព្រះជាម្ចាស់មានតែមួយព្រះអង្គប៉ុណ្ណោះ។ 21 ដូច្នេះ តើក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ឬ? ទេ ពុំមែនទេ! ប្រសិនបើ ក្រឹត្យវិន័យដែលមនុស្សទទួលមក អាចប្រទានជីវិតបាន នោះមនុស្សបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យទៅហើយ។ 22 ប៉ុន្តែ ព្រះគម្ពីរចែងថា អ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចបាប។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីសង្រ្គោះយើងរាល់គ្នាតាមព្រះបន្ទូលសន្យា ដោយសារជំនឿលើព្រះយេស៊ូគ្រិស្ត បានប្រទានមកចំពោះអស់អ្នកណាដែលជឿព្រះអង្គ។ 23 មុនពេលមានជំនឿមកដល់ យើងនៅជាប់ឃុំក្រោមអំណាចរបស់ក្រឹត្យវិន័យ រហូតទាល់តែជំនឿបានបើកសម្តែងឡើង។ 24 ដូច្នេះ ក្រឹត្យវិន័យក្លាយជាអ្នកមើលថែយើង រហូតទាល់តែព្រះគ្រិស្តយាងមក ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារជំនឿ។ 25 ឥឡូវនេះ ជំនឿបានមកដល់ហើយ យើងលែងស្ថិតនៅក្រោមការមើលថែរបស់ក្រឹត្យវិន័យទៀតឡើយ។ 26 ដ្បិត បងប្អូនរាល់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ដោយសារជំនឿលើព្រះគ្រិស្តយេស៊ូ។ 27 ដ្បិត មានបងប្អូនជាច្រើនបានទទួលពិធីជ្រមុជទឹក ដើម្បីចូលរួមជាមួយព្រះគ្រិស្ត នោះបងប្អូនមានព្រះគ្រិស្តហើយ។ 28 គ្មានសាសន៍យូដា គ្មានសាសន៍ក្រិក គ្មានអ្នកជា គ្មានអ្នកងារ គ្មានស្រី គ្មានប្រុសទៀតឡើយ ព្រោះបងប្អូនទាំងអស់គ្នារួមគ្នាមកតែមួយក្នុងអង្គព្រះគ្រិស្តយេស៊ូ។ 29 បើបងប្អូនជារបស់ព្រះគ្រិស្ត នោះបងប្អូនរាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ហើយនឹងទទួលមរតកតាមព្រះបន្ទូលជាក់ជាមិនខាន។


ជំពូក 4

1 ខ្ញុំចង់ជម្រាបបងប្អូនថា ដរាបណាកូនដែលត្រូវទទួលមរតកនៅក្មេងនៅ​ឡើយ នោះគ្មានអ្វីខុសពីអ្នកបម្រើទេ ទោះបីជាគាត់ជាម្ចាស់ទ្រព្បសម្បត្តិទាំងអស់ក៏ដោយ។ 2 ប៉ុន្តែ គាត់ត្រូវនៅក្រោមការមើលថែ និងការទទួលខុសត្រូវ រហូតដល់ពេលឪពុកកំណត់ឲ្យ។ 3 ដូចគ្នានេះដែរ ពេលណាយើងនៅក្មេងនៅឡើយ យើងជាអ្នកបម្រើរបស់មេគ្រប់គ្រងនៃលោកីយ៍នេះ។ 4 ប៉ុន្តែ ដល់ពេលពេញវ័យមកដល់ ព្រះជាម្ចាស់បានចាត់បញ្ជូនព្រះបុត្រាព្រះអង្គ ឲ្យមកប្រសូតចេញពីស្រ្តីនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ។ 5 ទ្រង់បានប្រោសលោះ អស់អ្នកណាដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ដើម្បីទទួលបានឋានៈជាបុត្រព្រះអង្គ។ 6 ព្រោះបងប្អូនជាបុត្ររបស់ព្រះជាម្ចាស់ នោះព្រះអង្គបានចាត់បញ្ជូនព្រះវិញ្ញាណរបស់ព្រះបុត្រា មកគង់ក្នុងចិត្តយើង ហើយយើងបន្លឺសំឡេងថា៖ «អប្បា ព្រះបិតា!»។ 7 ដូច្នេះ ឥឡូវនេះបងប្អូនលែងជាអ្នកបម្រើទៀតហើយ ប៉ុន្តែជាបុត្ររបស់ព្រះជាម្ចាស់វិញ ហើយប្រសិនបើបងប្អូនជាបុត្ររបស់ព្រះជាម្ចាស់មែន នោះបងប្អូននឹងទទួលមត៌កមកពីព្រះជាម្ចាស់ជាមិនខាន។ 8 កាលពីដើម បងប្អូនពុំទាន់បានស្គាល់ព្រះជាម្ចាស់នៅឡើយ បងប្អូនជាអ្នកបម្រើរបស់ព្រះនានា ដែលពុំមែនជាព្រះពិតប្រាកដទាល់តែសោះ។ 9 ប៉ុន្តែ ឥឡូវនេះ បងប្អូនបានស្គាល់ព្រះជាម្ចាស់ហើយ ឬគួរនិយាយថា ព្រះជាម្ចាស់បានស្គាល់បងប្អូន ហេតុអ្វីបានជាបងប្អូនវិលត្រឡប់ទៅរកមេគ្រប់គ្រងលោកីយ៍ ដែលទន់ខ្សោយ និងគ្មានបារមីដូច្នេះ? តើបងប្អូនរាល់គ្នាចង់ត្រឡប់ទៅធ្វើជាអ្នកបម្រើម្តងទៀតឬ? 10 អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំនានា! 11 ខ្ញុំបារម្ភថា កិច្ចការដែលខ្ញុំបំពេញជាមួយបងប្អូន ត្រឡប់ជាឥតបានការ។ 12 បងប្អូនអើយ ខ្ញុំសុំអង្វរបងប្អូនថា ចូរកាន់ចិត្តដូចខ្ញុំ ដ្បិតខ្ញុំបានកាន់ចិត្តដូចបងប្អូនដែរ។ បងប្អូនគ្មានបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ 13 បងប្អូនបានជ្រាបស្រាប់ហើយថា ព្រោះខ្ញុំមានសុខភាពទន់ខ្សោយ ខ្ញុំបានប្រកាសដំណឹងល្អជាមួយបងប្អូនលើកទីមួយ។ 14 ទោះបីជំងឺខ្ញុំបណ្តាលឲ្យបងប្អូនលំបាកក៏ដោយ ក៏បងប្អូនពុំបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ។ ផ្ទុយទៅវិញ បងប្អូនបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ ទុកដូចជាទេវតារបស់ព្រះជាម្ចាស់ ឬទទួលខ្ញុំដូចព្រះគ្រិស្តយេស៊ូដែរ។ 15 ឥឡូវនេះ តើបងប្អូនរាល់គ្នាបានទទួលព្រះពរមកពីខាងណា? ដ្បិត ខ្ញុំធ្វើសក្ខីភាពចំពោះមុខបងប្អូន ប្រសិនបើ បងប្អូនហ៊ានខ្វេះភ្នែកទាំងពីរ និងប្រគល់មកឲ្យខ្ញុំ។ 16 តើខ្ញុំក្លាយជាសត្រូវរបស់បងប្អូន ព្រោះតែខ្ញុំនិយាយសេចក្តីពិតប្រាប់បងប្អូនឬ? 17 ពួកគេឧស្សាហ៍ខ្នះខ្នែងចង់បានបងប្អូន ប៉ុន្តែ គ្មានបំណងល្អទេ។ ពួកគេចង់បំបែកបងប្អូនពីយើង ដូច្នេះ បងប្អូននឹងឧស្សាហ៍ខ្នះខ្នែងចំពោះពួកគេវិញ។ 18 ជាការប្រពៃណាស់ ដែលបងប្អូនមានចិត្តឧស្សាហ៍ក្នុងគោលបំណងល្អ មិនត្រឹមតែពេលដែលខ្ញុំនៅជាមួយបងប្អូនឡើយ។ 19 កូនចៅរាល់គ្នាអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសារជាថ្មី រហូតទាល់តែព្រះគ្រិស្តកើតជារូបរាងក្នុងអ្នករាល់គ្នា។ 20 ពេលនេះ ខ្ញុំប្រាថ្នាចង់នៅជាមួយអ្នករាល់គ្នា និងនិយាយជាមួយបងប្អូនផ្ទាល់ ព្រោះខ្ញុំទ័លគំនិតមិនដឹងត្រូវសរសេរអ្វីទៅកាន់បងប្អូន។ 21 សូមប្រាប់ខ្ញុំមើល៍ មានបងប្អូនណាខ្លះប្រាថ្នាចង់ចុះចូលនឹងក្រឹត្យវិន័យ តើបងប្អូនយល់អំពីក្រឹត្យវិន័យដែរទេ? 22 ដ្បិត មានសេចក្តីចែងទុកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ កូនមួយជាកូនរបស់ស្រ្តីអ្នកងារ និងម្នាក់ទៀតជាកូនរបស់ស្រ្តីអ្នកជា។ 23 ប៉ុន្តែ កូនរបស់ស្រ្តីអ្នកងារកើតតាមរបៀបលោកីយ៍ ចំណែកឯកូនរបស់ស្រ្តីអ្នកជាកើតតាមព្រះបន្ទូលសន្យា។ 24 សេចក្តីទាំងនេះអាចជានិមិត្តរូបមួយដែរ ដ្បិត ស្រ្តីទាំងពីរនេះតំណាងឲ្យសម្ពន្ធមេត្រីពីរ។ មួយតំណាងសម្ពន្ធមេត្រីចងនៅភ្នំស៊ីណៃ ហើយនាងបង្កើតកូនជាអ្នកបម្រើ គឺនាងហាការ។ 25 ឥឡូវនេះ នាងហាការតំណាងភ្នំស៊ីណៃនៅស្រុកអារ៉ាប់ ជានិមិត្តរូបនៃក្រុងយេរូសាឡិមសព្វថ្ងៃ ហើយកូនរបស់នាងសុទ្ធតែជាកូនអ្នកងារ។ 26 តែក្រុងយេរូសាឡិមនៅស្ថានលើវិញ ជាកូនអ្នកជាដែលជាម្តាយរបស់យើង។ 27 ដ្បិត មានសេចក្តីចែងទុកមកថា៖ «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បានបង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត ​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត»។ 28 ប៉ុន្តែ បងប្អូនរាល់គ្នាអើយ បងប្អូនដូចជាលោកអ៊ីសាក ជាកូនកើតតាមព្រះបន្ទូលសន្យា។ 29 នៅពេលនោះ កូនកើតតាមរបៀបលោកីយ៍បៀតបៀន កូនកើតតាមព្រះវិញ្ញាណ។ ឥឡូវនេះក៏ដូចគ្នាដែរ។ 30 តើព្រះគម្ពីរមានចែងថាដូចម្តេច? គឺចែងថា ៖«ចូរបណ្តេញស្រ្តីអ្នកងារ និងកូនរបស់នាងចេញទៅ។ ដ្បិត កូនរបស់ស្រ្តីអ្នកងារនឹងមិនត្រូវទទួលមរតក រួមជាមួយកូនប្រុសរបស់ស្រ្តីអ្នកជាឡើយ»។ 31 ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាពុំមែនជាកូនរបស់ស្រ្តីអ្នកងារទេ តែជាកូនរបស់ស្រ្តីអ្នកជាវិញ។


ជំពូក 5

1 ព្រះគ្រិស្តបានរំដោះយើងរាល់គ្នាឲ្យមានសេរីភាពហើយ។ ដូច្នេះ ចូរឈរមាំមួន ហើយកុំបណ្តាយខ្លួន ឲ្យស្ថិតក្រោមការត្រួតត្រារបស់នឹមទាសករទៀត។ 2 មើល៍ ខ្ញុំ ប៉ូលជម្រាបប្រាប់បងប្អូនថា បើបងប្អូននៅតែទទួលពិធីកាត់ស្បែក នោះព្រះគ្រិស្តគ្មានប្រយោជន៍អ្វីចំពោះបងប្អូនឡើយ។ 3 ខ្ញុំធ្វើសក្ខីភាពម្តងទៀតប្រាប់បុរសគ្រប់រូប ដែលចង់ទទួលពិធីកាត់ស្បែក អ្នកនោះត្រូវគោរពតាមក្រឹត្យវិន័យទាំងស្រុងផង។ 4 បងប្អូនណាដែលចង់បានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យ អ្នកនោះបានដាច់ចេញពីព្រះគ្រិស្ត និងដាច់ចេញពីព្រះគុណព្រះជាម្ចាស់ហើយ។ 5 តាមរយៈព្រះវិញ្ញាណ យើងទន្ទឹងរង់ចាំសេចក្តីសង្ឃឹមពិតប្រាកដថា ព្រះជាម្ចាស់នឹងប្រោសយើងឲ្យបានសុចរិត ដោយសារជំនឿ។ 6 នៅក្នុងព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានន័យអ្វីសោះឡើយ មានតែជំនឿនាំយើងឲ្យធ្វើការល្អផ្សេងៗ ដោយក្តីស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។ 7 បងប្អូនចាប់ផ្តើមជំនឿបានល្អណាស់។ តើនរណារារាំងបងប្អូនមិនឲ្យស្តាប់បង្គាប់សេចក្តីពិតនោះ? 8 ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនមក ពុំបានបញ្ចុះបញ្ចូលបងប្អូនឡើយ! 9 មេ​ម្សៅ​តែ​បន្តិច​ អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន។ 10 ខ្ញុំមានជំនឿចិត្តលើព្រះអម្ចាស់ថា បងប្អូននឹងមិនបែកគំនិតទៅតាមអ្នកផ្សេងឡើយ។ អ្នកណាដែលនាំរឿងដល់បងប្អូន ទោះជានរណាក៏ដោយ មុខជាទទួលទោស។ 11 បងប្អូនអើយ ប្រសិនបើ ខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក ចុះហេតុអ្វីបានជាខ្ញុំ ត្រូវគេបៀតបៀនដដែល? នៅត្រង់ចំណុចនេះ ពួកគេលែងរវាតចិត្តទៀតឡើយ។ 12 អ្នកណាដែលធ្វើឲ្យបងប្អូនវឹកវរ ខ្ញុំចង់ឲ្យអ្នកនោះក្រៀវខ្លួនឯងទៅ! 13 ដ្បិត ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេរីភាព។ ប៉ុន្តែ កុំយកសេរីភាពនេះ ទៅធ្វើជាលេសដើម្បីរកឱកាស ប្រព្រឹត្តតាមនិស្ស័យលោកីយ៍ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមក ដោយចិត្តស្រឡាញ់។ 14 ដ្បិត ក្រឹត្យវិន័យទាំងមូលបានសម្រេចឡើងដោយពាក្យមួយឃ្លាថា ៖ «បងប្អូនត្រូវស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯងដែរ»។ 15 ក៏ប៉ុន្តែ បើបងប្អូននៅតែប្រខាំគ្នា និងហែកហួរគ្នាដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសដោយសារគ្នាឯង។ 16 ប៉ុន្តែ​ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរដើរដោយវិញ្ញាណ នោះបងប្អូននឹងមិនបំពេញចិត្តលោភលន់ខាងនិស្ស័យលោកីយ៍ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 17 ដ្បិត ការបំពេញចិត្តលោភលន់ខាងនិស្ស័យលោកីយ៍ ទាស់ទទឹងនឹងព្រះវិញ្ញាណ ហើយការបំពេញចិត្តខាងព្រះវិញ្ញាណ ទាស់ទទឹងនឹងនិស្ស័យលោកីយ៍។ ដ្បិត ព្រះវិញ្ញាណ និងនិស្ស័យលោកីយតែងទាស់ទទឹងគ្នា ដូច្នេះ បងប្អូនមិនអាចធ្វើអ្វី ដែលបងប្អូនចង់ធ្វើបានឡើយ។ 18 ប៉ុន្តែ ប្រសិនបើព្រះវិញ្ញាណដឹកនាំបងប្អូន នោះបងប្អូនមិនស្ថិតនៅក្រោមអំណាចក្រឹត្យវិន័យទៀតទេ។ 19 យើងដឹងច្បាស់ណាស់ថា កិច្ចការខាងនិស្ស័យលោកីយ៍មានដូចជា អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅហ្មង កាមគុណ​ថោក​ទាប 20 ការ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក 21 ឈ្នានីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀតស្រដៀងការទាំងនេះដែរ។ ខ្ញុំព្រមានបងប្អូនថា មនុស្សដែលប្រព្រឹត្តអំពើទាំងនោះ ពួកគេនឹងមិនអាចទទួលព្រះរាជ្យព្រះជាម្ចាស់ទុកជាមរតកឡើយ។ 22 ប៉ុន្តែ ផលផ្លែនៃព្រះវិញ្ញាណវិញគឺ ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខសាន្ត ចិត្ត​អត់ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ 23 ចិត្ត​ស្លូតបូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មានក្រឹត្យ​វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ ។ 24 អស់អ្នកណាដែលជាកម្មសិទ្ធិរបស់ព្រះគ្រិស្តយេស៊ូ បានឆ្កាងនិស្ស័យលោកីយ៍ រួមជាមួយតណ្ហា និងចិត្តលោភលន់រួចហើយ។ 25 ប្រសិនបើ យើងរស់នៅដោយព្រះវិញ្ញាណ ចូរយើងដើរដោយព្រះវិញ្ញាណដែរ។ 26 ចូរកុំឲ្យយើងអួតបំប៉ោង ការបង្ករឿងគ្នា និងឈ្នានីសគ្នាទៅវិញទៅមក។


ជំពូក 6

1 បងប្អូនអើយ បើគេតាមទាន់មនុស្សម្នាក់កំពុងតែប្រព្រឹត្តអំពើបាប បងប្អូនដែលមានព្រះវិញ្ញាណគួរកែតម្រង់អ្នកនោះឡើងវិញ ដោយចិត្តស្លូតបូត។ ចូរប្រយ័ត្នខ្លួនឯង ក្រែងលោបងប្អូនត្រូវរងការល្បួងដែរ។ 2 ចូរចែករំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើដូច្នេះ បងប្អូនបានបំពញេតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្តហើយ។ 3 ដ្បិត បើមាននរណាម្នាក់គិតថា ខ្លួនឯងសំខាន់ជាងគេ តែឥតបានការសោះ អ្នកនោះបញ្ឆោតខ្លួនឯង។ 4 ម្នាក់ៗគួរពិចារណាមើលកិច្ចការខ្លួនឯងបានប្រព្រឹត្ត អ្នកនោះមានហេតុផលនឹងអួតពីខ្លួនឯង កុំទៅប្រៀបធៀបជាមួយអ្នកដទៃឲ្យសោះ។ 5 ដ្បិត គ្រប់គ្នានឹងទទួលខុសត្រូវកិច្ចការ ដែលខ្លួនបានប្រព្រឹត្តរួចមកហើយ។ 6 ម្នាក់ដែលទទួលការបង្រៀនខាងព្រះបន្ទូល ត្រូវយករបស់ល្អទាំងឡាយមួយចំណែក ចែកអ្នកដែលបង្រៀនខ្លួន។ 7 កុំបញ្ឆោតខ្លួនឯងឲ្យសោះ។ គ្មាននរណាម្នាក់បោកបញ្ឆោតព្រះជាម្ចាស់បានទេ ដ្បិតមនុស្សសាបព្រោះពូជណា គេនឹងប្រមូលផលពូជនោះឯង។ 8 ដ្បិតអ្នកណាសាបព្រោះពូជនិស្ស័យលោកីយ៍ នោះគេនឹងច្រូតបានផលជានិស្ស័យលោកីយ៍ ដែលតែងតែពុករលួយ។ ចំណែកឯ អ្នកណាដែលសាបព្រោះពូជព្រះវិញ្ញាណវិញ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណ។ 9 កុំឲ្យយើងរសាយចិត្តក្នុងការប្រព្រឹត្តអំពើល្អឡើយ ដ្បិត ដល់ពេលកំណត់ យើងនឹងបានប្រមូលផល ប្រសិនបើ យើងពុំបោះបង់ចោលទេ។ 10 ដូច្នេះ ប្រសិនបើយើងមានឱកាស ចូរប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿយើង។ 11 ខ្ញុំបានសរសេរដោយផ្ទាល់ដៃមកកាន់បងប្អូន ជាអក្សរធំៗ។ 12 អស់អ្នកដែលចង់បានចំណាប់អារម្មណ៍ ខាងនិស្ស័យលោកីយ៍ ពួកគេព្យាយាមបង្ខំបងប្អូនឲ្យទទួលពិធីកាត់ស្បែក។ ពួកគេធ្វើដូច្នេះ ដើម្បីជៀសវាងការបៀតបៀនព្រោះតែឈើឆ្កាងព្រះគ្រិស្ត។ 13 ដ្បិត អ្នកទាំងដែលបានទទួលពិធីកាត់ស្បែក ក៏មិនបានប្រព្រឹត្តតាមក្រឹត្យវិន័យដែរ ប៉ុន្តែ ពួកគេចង់ឲ្យបងប្អូនកាត់ស្បែក ដូច្នេះ ពួកគេនឹងអួតថា ពួកគេបានកាត់ស្បែកឲ្យបងប្អូនតែប៉ុណ្ណោះ។ 14 ប៉ុន្តែ ខ្ញុំ​មិន​អួត​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង​ឡើយ ដោយសារ​ឈើ​ឆ្កាង​នេះ​អ្វីៗ​ក្នុង​ពិភព​លោក​លែង​​ទាក់​ទាម​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់​ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ​។ 15 ទោះកាត់ស្បែកក្តី មិនកាត់ស្បែកក្តី គ្មានអ្វីសំខាន់ទេ មានតែការកើកជាថ្មីប៉ុណ្ណោះទើបសំខាន់។ 16 អស់អ្នកដែលរស់ក្នុងជីវិតថ្មីនេះ សេចក្តីសុខសាន្ត និងសេចក្តីមេត្តារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយពួកគេ និងប្រជារាស្រ្តអ៊ីស្រាអែលផងដែរ។ 17 ចាប់ពីពេលនេះតទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ ដ្បិត​ខ្ញុំ​មាន​ស្លាកស្នាម​​របស់​ព្រះយេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។ 18 សូម​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង​ប្អូន។ អាម៉ែន។


Book: Ephesians

Ephesians

ជំពូក 1

1 ខ្ញុំ ប៉ូល ជាសាវករបស់ព្រះគ្រិស្តយេស៊ូ ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំង សូមជម្រាបសួរប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ នៅក្រុងអេភេសូរ ដែលនៅតែស្មោះត្រង់ចំពោះព្រះគ្រិស្តយេស៊ូ។ 2 សូមព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្តបានប្រទានព្រះគុណ និងសេចក្តីសុខសាន្ត ដល់បងប្អូនទាំងអស់គ្នា។ 3 សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលព្រះអង្គបានប្រទានព្រះពរគ្រប់យ៉ាងខាងវិញ្ញាណ ពីស្ថានបរមសុខមកយើងរាល់គ្នា ក្នុងអង្គព្រះគ្រិស្ត។ 4 ព្រះជាម្ចាស់បានជ្រើសរើសយើង តាំងពីមុនកំណើតលោកីយ៍មកមេ្ល៉ះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្រ្តព្រះអង្គ។ 5 ព្រះជាម្ចាស់បានជ្រើសរើសយើងជាមុន ឲ្យធ្វើជាបុត្រព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ស្របតាមព្រះហប្ញទ័យសប្បុរសរបស់ព្រះអង្គ។ 6 ទ្រង់បានជ្រើសរើសយើង ដើម្បីលើកតម្កើងព្រះគុណដ៏រុងរឿងរបស់ព្រះអង្គ ដែលបានប្រទានមកយើងរាល់គ្នាដោយឥតគិតថ្លៃ ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់។ 7 យើងបានទទួលការប្រោសលោះក្នុងអង្គព្រះយេស៊ូគ្រិស្ត តាមរយៈព្រះលោហិត និងការអត់ទោសបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។ 8 ព្រះអង្គបានប្រទានព្រះគុណដ៏លើសលប់មកយើងរាល់គ្នា ដើម្បីឲ្យយើងទាំងអស់គ្នាមាន​តម្រិះ និងប្រាជ្ញាវាងវៃគ្រប់យ៉ាង។ 9 ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់គម្រោងការលាក់កំបាំង ស្របតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលសម្តែងចេញមកក្នុងអង្គព្រះគ្រិស្ត 10 ព្រះអង្គកំណត់ពេលវេលាសម្រេចផែនការនេះ ដើម្បីនាំយកអ្វីៗទាំងអស់ គឺអ្វីៗនៅស្ថានបរមសុខ និងនៅផែនដីរួមគ្នាតែមួយ ដែលមានព្រះគ្រិស្តជាម្ចាស់។ 11 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកជាមុន ស្របតាមផែនការព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះអង្គ។ 12 ព្រះជាម្ចាស់បានតម្រូវយើងទុកជាមុន ដើម្បីទទួលមរតកនោះយើងនឹងមានសង្ឃឹមលើព្រះគ្រិស្តមុនដំបូងបង្អស់ ហេតុដូចនេះ យើងនឹងលើកតម្កើងសិរីរុងរឿងព្រះអង្គ។ 13 នៅក្នុងព្រះគ្រិស្ត បងប្អូនបានឮព្រះបន្ទូលនៃសេចក្តីពិត គឺជាដំណឹងល្អនាំឲ្យបងប្អូនបានសង្គ្រោះ បងប្អូនជឿព្រះអង្គ នោះបងប្អូនបានទទួលសញ្ញាសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា 14 ព្រះអង្គប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើង រហូតដល់ពេលយើងទទួលមរតកពេញលេញ ដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ។ 15 ដោយហេតុនេះហើយ ចាប់តាំងពីខ្ញុំបានឮគេតំណាលអំពីជំនឿបងប្អូន នៅក្នុងព្រះអម្ចាស់យេស៊ូ និងសេចក្តីស្រឡាញ់បងប្អូនចំពោះប្រជារាស្រ្តដ៏វិសុទ្ធទាំងអស់របស់ព្រះជាម្ចាស់ 16 នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរសម្រាប់បងប្អូន ដូចខ្ញុំបាននឹកចាំបងប្អូនក្នុងសេចក្តីអធិស្ឋានខ្ញុំដែរ។ 17 ខ្ញុំអធិស្ឋាន សូមព្រះជាម្ចាស់នៃព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើងរាល់គ្នា គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានវិញ្ញាណនៃព្រះប្រាជ្ញា និងការបើកសម្តែងឲ្យយើងបានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ 18 សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូន និងធ្វើឲ្យបងប្អូនមានសង្ឃឹមជឿជាក់ក្នុងចិត្តថា ព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូន និងប្រទានមរតកដ៏រុងរឿងលើសលប់ រួមជាមួយប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 19 ខ្ញុំអធិស្ឋានសុំឲ្យបងប្អូនយល់ដឹង អំពីប្ញទ្ធានុភាពដ៏អស្ចារ្យ ដែលបានប្រទានមកយើងជាអ្នកជឿព្រះអង្គ ស្របតាមមហិទ្ធិឫទ្ធិ​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំងក្លារបស់ព្រះអង្គ។ 20 នេះជាមហិទ្ធិឫទ្ធិដែលព្រះជាម្ចាស់ធ្វើការក្នុងព្រះគ្រិស្ត ពេលព្រះអង្គប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ។ 21 ព្រះជាម្ចាស់ឲ្យព្រះគ្រិស្តគង់នៅខ្ពស់ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់គ្រង និង​ខ្ពស់​លើស​នាមទាំងអស់។ ព្រះគ្រិស្តមិន​ត្រឹម​តែគ្រប់គ្រង​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។ ​ 22 ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះគ្រិស្ដ ព្រមទាំងគង់នៅលើអ្វីៗទាំងអស់ និងធ្វើជាសិរសារបស់ក្រុមជំនុំ។ 23 ក្រុមជំនុំជាព្រះកាយព្រះគ្រិស្ត ហើយ​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ដ ហើយ​ព្រះគ្រិស្ដ​ផ្ទាល់បាន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ដែរ​។


ជំពូក 2

1 ចំពោះបងប្អូនវិញ បងប្អូនបានស្លាប់នៅក្នុងអំពើរំលង និងអំពើបាបរួចទៅហើយ។ 2 កាលនោះអំពើរំលង និងអំពើបាបនេះហើយ ដែលនាំឲ្យបងប្អូនរស់នៅតាមរបៀបលោកីយ៍។ បងប្អូនរស់នៅតាមមេគ្រប់គ្រងអំណាចលើអាកាស គឺជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ដែលមិនស្តាប់បង្គាប់។ 3 កាលពីដើម យើងរស់នៅក្នុងចំណោមអ្នកទាំងនោះដែរ បណ្តោយខ្លួនតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍ និងប្រព្រឹត្តអំពើផ្សេងៗតាមចិត្តគំនិតលោកីយ៍។ ពីកំណើតមក យើងជាមនុស្សត្រូវបណ្តាសា ដូចមនុស្សឯទៀតៗដែរ។ 4 ប៉ុន្តែ ព្រះជាម្ចាស់ពេញដោយព្រះទ័យមេត្តាច្រើនពន់ប្រមាណ ព្រោះព្រះអង្គស្រឡាញ់យើងយ៉ាងខ្លាំងបំផុត។ 5 កាលយើងស្លាប់ក្នុងអំពើរំលងនៅឡើយ ព្រះអង្គប្រោសយើងឲ្យរស់រួមជាមួយព្រះគ្រិស្ត ព្រះជាម្ចាស់បានសង្រ្គោះ​បងប្អូនដោយសារព្រះគុុណ។ 6 ព្រះជាម្ចាស់ប្រោសឲ្យបងប្អូនរស់ឡើងវិញ រួមជាមួយព្រះគ្រិស្តយេស៊ូ ព្រមទាំងឲ្យយើងអង្គុយនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ 7 ហេតុដូច្នេះ នៅជាន់ក្រោយនេះ ព្រះជាម្ចាស់នឹងបង្ហាញឲ្យយើងស្គាល់​ព្រះគុណ ​ដ៏​ប្រសើរ​លើសលប់​បំផុត​របស់​ព្រះអង្គចំពោះយើង ក្នុងព្រះគ្រិស្តយេស៊ូ។ 8 ព្រះជាម្ចាស់បានសង្រ្គោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ ហើយការសង្រ្គោះពុំមែនមកពីបងប្អូនទេ ជាអំណោយទានរបស់ព្រះជាម្ចាស់។ 9 ព្រះគុណពុំមែនមកពីមនុស្សខំប្រព្រឹត្តទេ​ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនឡើយ។ 10 ដ្បិតយើងជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលបង្កើតមកក្នុងព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អ ដែលព្រះជាម្ចាស់បានបម្រុងទុកតាំងពីមុនសម្រាប់យើង ដូច្នេះ យើងនឹងប្រព្រឹត្តតាម។ 11 ដូច្នេះ ចូរចាំថា កាលពីដើមបងប្អូននៅជាសាសន៍ដទៃក្នុងលោកីយ៍នៅឡើយ គេហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ហើយពួកសាសន៍យូដាហៅខ្លួនថា «ពួកកាត់ស្បែក» គ្រាន់តែជាសញ្ញាសម្គាល់មួយ ធ្វើដោយដៃមនុស្សប៉ុណ្ណោះ។ 12 កាលនោះ បងប្អូននៅដាច់ឆ្ងាយពីព្រះគ្រិស្ត។ ប្រជារាស្រ្តអ៊ីស្រាអែលចាត់ទុកបងប្អូនជាជនបរទេស។ បងប្អូនជាសាសន៍ដទៃគ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី តាមព្រះបន្ទូលសន្យាឡើយ។ បងប្អូនគ្មានសង្ឃឹមចំពោះអនាគតខ្លួនឯង។ បងប្អូនរស់នៅក្នុងពិភពលោកនេះ ដោយគ្មានព្រះជាម្ចាស់។ 13 ប៉ុន្តែ ឥឡូវនេះដោយសារព្រះគ្រិស្តយេស៊ូ បងប្អូនដែលធ្លាប់នៅឆ្ងាយពីព្រះជាម្ចាស់ បានចូលមកជិតព្រះជាម្ចាស់ហើយ តាមរយៈព្រះលោហិតរបស់ព្រះគ្រិស្ត។ 14 ដ្បិត ព្រះអង្គជាសេចក្តីសុខសាន្តរបស់យើង។ ព្រះអង្គបានបង្រួបបង្រួមសាសន៍ទាំងពីរ ឲ្យរួមគ្នាមកតែមួយ។ ដោយសារព្រះកាយព្រះគ្រិស្ត ព្រះអង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ ជាសត្រូវនឹងគ្នា។ 15 ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួបបង្រួម​សាសន៍​ទាំង​ពីរ​ជាមនុស្សថ្មីមួយក្នុងព្រះអង្គ ព្រមទាំងនាំសន្តិភាពមកផងដែរ។ 16 ព្រះគ្រិស្តបានផ្សះផ្សាសាសន៍ទាំងពីរ ទៅក្នុងរូបកាយតែមួយរបស់ព្រះជាម្ចាស់ តាមរយៈឈើឆ្កាង និងកំចាត់ការស្អប់គ្នាចោល។ 17 ព្រះយេស៊ូបានយាងមកប្រកាសសន្តិភាពជាមួយបងប្អូន ដែលធ្លាប់នៅឆ្ងាយ ព្រមទាំងប្រកាសសន្តិភាពជាមួយអ្នកដែលនៅជិត។ 18 តាមរយៈព្រះយេស៊ូនេះហើយ យើង​ជាសាសន៍ទាំង​ពីរអាច​ចូល​ទៅ​រក​ព្រះបិតា ដោយ​រួម​ក្នុង​ព្រះវិញ្ញាណ​តែ​មួយ។ 19 ដូច្នេះ ឥឡូវនេះ បងប្អូនដែលជាសាសន៍ដទៃ លែងជាជនបរទេសទៀតហើយ។ ផ្ទុយទៅវិញ បងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ផងដែរ។ 20 បងប្អូនបានសង់សំណង់លើគ្រឹះយ៉ាងរឹងមាំរបស់ពួកសាវក និងព្យាការី ព្រមទាំងព្រះគ្រិស្តយេស៊ូផ្ទាល់ ដែលជាថ្មដ៏រឹងមាំ។ 21 ដោយសារព្រះអង្គ សំណង់ទាំងមូលបានសង់យ៉ាងរឹងមាំភ្ជាប់គ្នា និងចម្រើនឡើងទៅជាព្រះវិហារថ្វាយព្រះអម្ចាស់។ 22 ដោយសារព្រះអង្គហើយ ដែលបងប្អូនបានផ្គុំគ្នាឡើងជាព្រះដំណាក់ថ្វាយព្រះជាម្ចាស់ ក្នុងវិញ្ញាណ។


ជំពូក 3

1 ដោយហេតុនេះ បានជាប៉ូលខ្ញុំជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ សម្រាប់សាសន៍ដទៃ។ 2 បងប្អូនប្រហែលជាបានឮគេនិយាយពីការកាន់កាប់ធនធាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកឲ្យខ្ញុំដោយផ្ទាល់។ 3 ខ្ញុំកំពុងតែសរសេរអំពីការបើកសម្តែង ដែលព្រះអង្គប្រទានឲ្យខ្ញុំ។ នេះជាសេចក្តីពិតដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដែលខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នា ឲ្យបានដឹង។ 4 កាលណាបងប្អូនបានអានសំបុត្រនេះ បងប្អូនមុខជាអាចស្វែងយល់អំពីគម្រោងការលាក់កំបាំងនៃេសេចក្តីពិតស្តីអំពីព្រះគ្រិស្ត។ 5 កាលពីដើម ព្រះជាម្ចាស់ពុំបានបើកសម្តែងសេចក្តីពិតនេះ ឲ្យកូនមនុស្សបានយល់ឡើយ។ ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបើកសម្តែងឲ្យក្រុមសាវក និងព្យាការី ដែលព្រះអង្គត្រាស់ហៅឲ្យបំពេញមុខងារនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ។ 6 សេចក្តីពិតដែលលាក់កំបាំងនេះគឺថា សាសន៍ដទៃក៏ត្រូវទទួលមរតករួមជាមួយសាសន៍អ៊ីស្រាអែល និងជាសមាជិកក្នុងព្រះកាយតែមួយ ព្រមទាំងទទួលព្រះបន្ទូលសន្យាក្នុងព្រះគ្រិស្តយេស៊ូ តាមរយៈដំណឹងល្អ។ 7 ដ្បិត ខ្ញុំទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានប្រទានមកខ្ញុំ តាមរយៈប្ញទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ។ 8 ព្រះជាម្ចាស់ប្រទានអំណោយទាននេះមកឲ្យខ្ញុំ ទោះបីខ្ញុំមានឋានៈតូចជាងគេក្នុងចំណោមប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ។ អំណោយទាននេះ នាំខ្ញុំឲ្យប្រកាសដំណឹងល្អ នៃភាពសំបូរបែបរបស់ព្រះគ្រិស្ត ដែលមនុស្សទូទៅមិននឹកស្មានដល់ ទៅកាន់សាសន៍ដទៃ។ 9 ព្រះជាម្ចាស់ប្រទានអំណោយទានឲ្យខ្ញុំ បំភ្លឺដល់មនុស្សគ្រប់គ្នា ស្គាល់គម្រោងការរបស់ព្រះជាម្ចាស់។ គម្រោងការនេះបានលាក់ទុកតាំងពីដើមរៀងមក ពេលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើ។ 10 ព្រះជាម្ចាស់បើកសម្តែងគម្រោងការនេះតាមរយៈក្រុមជំនុំព្រះអង្គ ដូច្នេះ ពួកមេគ្រប់គ្រង និងត្រួតត្រានៅស្ថានលើ នឹង​ស្គាល់​ព្រះប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះជាម្ចាស់។ 11 ហេតុការណ៍នេះកើតមានឡើង ស្របតាមគម្រោងការដ៏នៅអស់កល្បជានិច្ច ដែលបានសម្រេចក្នុងព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ 12 ដ្បិត នៅក្នុងព្រះគ្រិស្ត យើងមានចិត្តរឹងប៉ឹង និងមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុកចិត្ត តាមរយៈជំនឿលើព្រះអង្គ។ 13 ហេតុដូច្នេះហើយ សូមបងប្អូនកុំបាក់ទឹកចិត្ត ព្រោះខ្ញុំបានរងទុក្ខវេទនា ជាប្រយោជន៍ដល់បងប្អូន ហើយទុក្ខវេទនានោះជាសិរីរុងរឿងរបស់បងប្អូនវិញទេតើ។ 14 ហេតុដូច្នេះហើយបានខ្ញុំក្រាបថ្វាយបង្គំព្រះបិតា 15 ដ្បិត ទ្រង់ជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ និងផែនដី។ 16 ខ្ញុំអធិស្ឋាន សូមព្រះអង្គប្រទានឲ្យបងប្អូនមានកម្លាំងមាំមួន តាមរយៈព្រះវិញ្ញាណគង់នៅក្នុងបងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ 17 ខ្ញុំអធិស្ឋាន សូមឲ្យព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនតាមរយៈជំនឿ និងឲ្យបងប្អូនបានចាក់ប្ញសយ៉ាងមាំមួនក្នុងក្តីស្រឡាញ់ព្រះអង្គ។ 18 សូមបងប្អូនមានសមត្ថភាពអាចស្វែងយល់ រួមជាមួយអ្នកជឿទាំងអស់ នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ 19 និងឲ្យបងប្អូន​ស្គាល់ក្តី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស ដើម្បី​ឲ្យបង​ប្អូន​ពេញ​ដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់។ 20 ឥឡូវនេះ ព្រះជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ ហួស​ពី​ការសុំ និងនឹកស្មានដល់ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ ​ដែល​បំពេញ​សកម្មភាព​នៅ​ក្នុង​យើង។ 21 សូម​លើក​តម្កើង​សិរីរុងរឿង​​ព្រះអង្គ​ក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះគ្រិស្ដយេស៊ូ នៅ​គ្រប់​ជំនាន់​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។


ជំពូក 4

1 ហេតុដូចនេះ ខ្ញុំជាអ្នកជាប់ឃុំឃាំងព្រោះតែព្រះអម្ចាស់ សូមដាស់តឿនបងប្អូន ឲ្យចេះដើរបែបគួរសមនឹងការត្រាស់ហៅ ដែលព្រះអង្គបានត្រាស់ហៅបងប្អូនមក។ 2 ខ្ញុំដាស់តឿនបងប្អូនឲ្យចេះរស់នៅ ដោយការបន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់ ព្រមទាំងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់។ 3 ចូរយកចិត្តទុកដាក់រក្សាឯកភាពមកពីព្រះវិញ្ញាណ ដោយរក្សាចំណងនៃសេចក្តីសុខសាន្ត។ 4 មានព្រះកាយតែមួយ និងមានព្រះវិញ្ញាណតែមួយ ដូចជាព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ឲ្យមានសេចក្តីសង្ឃឹមតែមួយដូច្នោះដែរ។ 5 មានព្រះអម្ចាស់តែមួយ មានជំនឿតែមួយ មានពិធីជ្រមុជទឹកតែមួយ 6 និង​មានព្រះជាម្ចាស់តែមួយ ជាព្រះបិតាលើអ្វីៗទាំងអស់ តាមរយៈមនុស្សទាំងអស់ និងក្នុងមនុស្សទាំងអស់។ 7 ព្រះជាម្ចាស់បានប្រទានព្រះគុណមកយើងម្នាក់ៗ ស្របតាមកម្រិតនៃអំណោយទានរបស់ព្រះគ្រិស្ត។ 8 បទគម្ពីរបានចែងទុកមកថា៖ «ពេលព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះអង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅឃុំឃាំង ហើយ​ព្រះអង្គ​ប្រទាន​ព្រះអំណោយ​ទានផ្សេងៗ​ដល់​មនុស្ស​លោក»។ 9 តើពាក្យថា «យាងឡើងទៅ» មានន័យដូចម្តេច? លើកលែងតែព្រះអង្គយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ 10 ព្រះអង្គដែលបានយាងចុះមកយ៉ាងណា គឺព្រះអង្គដដែលនោះទ្រង់នឹងយាងឡើងទៅខ្ពស់បំផុតនៃស្ថានបរសុខយ៉ាងនោះដែរ ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់។ 11 ព្រះគ្រិស្តបានប្រទានឲ្យអ្នកខ្លះ បំពេញមុខងារជាសាវក ខ្លះជាព្យាការី ខ្លះជាអ្នកប្រកាសដំណឹងល្អ ខ្លះជាគ្រូគង្វាល និងខ្លះទៀតជាគ្រូបង្រៀន។ 12 ព្រះអង្គប្រទានមុខងារឲ្យប្រជាជនដ៏វិសុទ្ធបម្រើ និងកសាងព្រះកាយព្រះគ្រិស្តឡើង។ 13 ព្រះអង្គនៅតែបន្តកសាងព្រះកាយព្រះអង្គ រហូតដល់យើងមានជំនឿរួបរួមគ្នា ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយយើងពេញវ័យ ព្រមទាំងបានពេញដោយ​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះគ្រិស្ត។ 14 ព្រះគ្រិស្តបានកសាងយើងឡើង ដើម្បីកុំឲ្យយើងតែជាកូនក្មេង ដែលត្រូវរេរា និងត្រូវខ្យល់គោលលទ្ធិនានាបោកបក់ និងលែងចាញ់បោកឧបាយកលមនុស្សបោកបញ្ឆោតទៀតហើយ។ 15 ផ្ទុយទៅវិញ ការប្រព្រឹត្តសេចក្តីពិតដោយក្តីស្រឡាញ់ នាំយើងឲ្យរីកចម្រើនឡើងគ្រប់វិស័យ ឆ្ពោះទៅរកព្រះគ្រិស្តជាសិរសា។ 16 ព្រះគ្រិស្តបានកសាងព្រះកាយទាំងមូល ឲ្យ​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយសារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន ដោយគាំទ្រសរីរាង្គ​នីមួយៗ ហើយពេលសរីរាង្គនីមួយៗផ្គុំគ្នាឡើង ធ្វើឲ្យ​ព្រះកាយ​នោះ​រីកចម្រើនឡើងក្នុង​សេចក្ដី​ស្រឡាញ់។ 17 ដូច្នេះ ខ្ញុំចង់ជម្រាប និងបញ្ជាក់ប្រាប់បងប្អូនក្នុងព្រះអម្ចាស់ថា បងប្អូនមិនត្រូវរស់នៅដូចសាសន៍ដទៃ ដែលតែងធ្វើតាមចិត្តប្រាថ្នាឥតប្រយោជន៍ឡើយ។ 18 គំនិតពួកគេងងឹតសូន្យសុង នៅឆ្ងាយពីព្រះជាម្ចាស់ ព្រោះតែពួកគេមិនស្គាល់ព្រះជាម្ចាស់គង់នៅក្នុងពួកគេ និងព្រោះពួកគេមានចិត្តរឹងរូស។ 19 ពួកគេមិនចេះខ្មាស និងបណ្តោយខ្លួនប្រព្រឹត្តអំពើអបាយមុខ ហើយនៅតែបន្តប្រព្រឹត្តអំពើប្រាកចាកសីលធម៌គ្រប់យ៉ាង។ 20 ប៉ុន្តែ នេះមិនមែនជារបៀបបងប្អូនរៀនអំពីព្រះគ្រិស្តឡើយ។ 21 បងប្អូនបានឮគេនិយាយអំពីគាត់ ហើយបងប្អូនក៏បានរៀនអំពីគាត់ដែរ ដូចជាសេចក្តីពិតក្នុងព្រះយេស៊ូ។ 22 បងប្អូនត្រូវលះបង់កិរិយាមាយាទចាស់​ គឺត្រូវដោះជីវិតចាស់ចោល។ ជីវិតចាស់តែងតែពុករលួយ តាម​ការ​លោភលន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ 23 បងប្អូនទទួលការបង្រៀន ដើម្បីកែប្រែចិត្តគំនិតខាងវិញ្ញាណ ជាថ្មីឡើងវិញ 24 និងត្រូវបំពាក់មនុស្សថ្មីដោយសេចក្តីសុចរិត ដែលព្រះអង្គបានបង្កើតបងប្អូនឲ្យមានលក្ខណៈដូចព្រះជាម្ចាស់​​ គឺមានសេចក្តីសុចរិត​ និងវិសុទ្ធភាពពិតប្រាកដ។ 25 ហេតុដូច្នេះហើយ ចូរបងប្អូនម្នាក់ៗឈប់និយាយកុហក និង​និយាយសេចក្តីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ព្រោះយើងជាសមាជិកនៃសរីរាង្គរបស់គ្នាទៅវិញទៅមក។ 26 ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបសោះឡើយ។ កុំឲ្យខឹងរហូតទាល់តែថ្ងៃលិចនោះឡើយ។ 27 កុំឲ្យអារក្សមានឱកាសសោះ។ 28 បងប្អូនដែលធ្លាប់លួចយករបស់គេពីមុនមក ចូរឈប់លួចទៀត។ អ្នកនោះត្រូវចេះបំពេញការងារចិញ្ចឹមជីវិត ដោយដៃរបស់ខ្លួន ដូច្នេះហើយអ្នកនឹងមានរបស់ ចែកដល់អ្នកមានតម្រូវការចាំបាច់។ 29 កុំឲ្យមានពាក្យសម្តីអាក្រក់ណា ចេញពីមាត់អ្នករាល់គ្នាឡើយ។ ចូរប្រើពាក្យសម្តីណា ដែលមានប្រយោជន៍ជួយកសាង អ្នកដែលស្តាប់តាមបងប្អូន។ 30 ហើយសូមកុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហប្ញទ័យ ព្រោះដោយសារព្រះអង្គហើយ ដែលបងប្អូនទទួលសញ្ញាសម្គាល់ ទុកសម្រាប់ថ្ងៃព្រះអង្គយាងមកលោះបងប្អូន។ 31 ចូរកំចាត់ចោលភាពល្វីងជូរចត់ ក្តៅក្រហាយ កំហឹង ស្រែកឡូឡា និងការប្រមាថ ព្រមទាំងសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីបងប្អូន។ 32 ចូរប្រព្រឹត្តដោយចិត្តសប្បុរស មានចិត្តអាណិតអាសូរ និងអត់ទោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់តាមរយៈព្រះគ្រិស្តបានអត់ទោសបាបបងប្អូនរាល់គ្នាដែរ។


ជំពូក 5

1 ដូច្នេះ សូមយកតម្រាប់តាមព្រះជាម្ចាស់ ក្នុងនាមបុត្រដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 2 ចូរដើរក្នុងក្តីស្រឡាញ់ ដូចព្រះគ្រិស្តស្រឡាញ់យើង និងប្រទានព្រះជន្មព្រះអង្គផ្ទាល់ទុកជាតង្វាយ និងយញ្ញបូជាថ្វាយព្រះជាម្ចាស់។ 3 បងប្អូនអើយ កុំឲ្យមានឮគេនិយាយអំពីអំពើប្រាសចាកសីលធ៌ម ឬអំពើអបាយមុខ ឬសេចក្តីលោភលន់ណាកើតមានក្នុងចំណោមបងប្អូនរាល់គ្នាឡើយ ដ្បិត ពាក្យមិនសមរម្យទាំងនេះ គ្មានអ្វីគាប់ប្រសើរចំពោះប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ទេ។ 4 កុំឲ្យមានពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ និងពាក្យលេងសើចអាសអាភាស ព្រោះពាក្យទាំងអស់នេះមិនសមរម្យទាល់តែសោះ។ ផ្ទុយទៅវិញត្រូវចេះអរព្រះគុណព្រះជាម្ចាស់។ 5 បងប្អូនត្រូវដឹងប្រាកដថា ពួកអ្នកប្រាសចាកសីលធ៌ម ពួកអ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ ឬពួក​អ្នក​លោភលន់​ គឺជាមនុស្សថ្វាយបង្គំព្រះក្លែងក្លាយ ពុំបានទទួលមរតកក្នុងព្រះរាជ្យរបស់ព្រះគ្រិស្ត និងព្រះជាម្ចាស់ឡើយ។ 6 កុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោត ដោយពាក្យសម្តីឥតខ្លឹមសារ ដ្បិតអំពើទាំងអស់នេះជាព្រះពិរោធរបស់ព្រះជាម្ចាស់ និងនាំឲ្យមានកូនមិនស្តាប់បង្គាប់កើតមក។ 7 ដូច្នេះ កុំសេពគប់ជាមួយពួកគេជាដាច់ខាត។ 8 កាលពីដើម បងប្អូនងងឹតមែន តែឥឡូវនេះ បងប្អូនជាពន្លឺក្នុងព្រះអម្ចាស់ហើយ។ ចូរដើរដូចកូនក្នុងពន្លឺ 9 (ដ្បិតផលផ្លែនៃពន្លឺរួមមានសេចក្តីសប្បុរស សេចក្តីសុចរិត និងសេចក្តីពិតគ្រប់យ៉ាង) 10 និងស្វែងរកអ្វីគាប់ព្រះហប្ញទ័យរបស់ព្រះអម្ចាស់។ 11 ចូរកុំសេពគប់នឹងកិច្ចការខាងសេចក្តីងងឹត គ្មានផលផ្លែនោះឡើយ ផ្ទុយទៅវិញត្រូវបង្ហាញឲ្យគេឃើញអំពើនោះផង។ 12 ដ្បិត វាជារឿងអាម៉ាសទៅហើយ សូម្បីតែលើកយកមកនិយាយពីអំពើ ពួកគេប្រព្រឹត្តដោយលួចលាក់។ 13 ប៉ុន្តែ កាលណាអំពើទាំងនេះបើកបង្ហាញហើយ គេនឹងឃើញវាច្បាស់នៅក្នុងពន្លឺ។ ដ្បិតអ្វីៗដែលមើលឃើញ គឺជាពន្លឺ។ 14 ដូច្នេះ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ចូរ​ភ្ញាក់​ឡើង អ្នកដេកលក់អើយ ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះគ្រិស្ដ​នឹងជះពន្លឺ​មក​លើ​អ្នករាល់គ្នា»។ 15 ចូររស់នៅដោយប្រុងប្រយ័ត្ន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែត្រូវរស់ដូចមនុស្សមានប្រាជ្ញាវិញ។ 16 ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិត សម័យនេះអាក្រក់ណាស់។ 17 ដូច្នេះ កុំប្រព្រឹត្តដូចមនុស្សល្ងីល្ងើ តែត្រូវស្វែងយល់អំពីអ្វី ដែលជាបំណងព្រះហប្ញទ័យរបស់ព្រះអម្ចាស់វិញ។ 18 កុំឲ្យស្រវឹងស្រា ដែលនាំខ្លួនឲ្យព្រើលចិត្តឡើយ។ ផ្ទុយទៅវិញ ចូរឲ្យបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ 19 ចូរនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកសរសើរព្រះជាម្ចាស់ និងចម្រៀងមកពីព្រះវិញ្ញាណ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត 20 ត្រូវចេះអរព្រះគុណព្រះជាម្ចាស់គ្រប់រឿងរ៉ាងទំាងអស់ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្តថ្វាយព្រះជាម្ចាស់ជាព្រះបិតានៃយើង 21 ចុះចូលគ្នាទៅវិញទៅមក ដោយគោរពដល់ព្រះគ្រិស្ត។ 22 ភរិយារាល់គ្នាអើយ ចូរចុះចូលនឹងស្វាមីរបស់ខ្លួន ដូចព្រះអម្ចាស់ដែរ។ 23 ដ្បិត ស្វាមីនាំមុខភរិយាយ៉ាងណា ដូចជាព្រះគ្រិស្តនាំមុខក្រុមជំនុំយ៉ាងនោះដែរ ហើយព្រះគ្រិស្តជាព្រះសង្រ្គោះរបស់ក្រុមជំនុំ។ 24 ប៉ុន្តែ កាលណាក្រុមជំនុំចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ដូច្នេះ ភរិយាក៏ត្រូវចុះនឹងស្វាមីរបស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ 25 ស្វាមីរាល់គ្នាអើយ ចូរស្រឡាញ់ភរិយារបស់ខ្លួន ដូចព្រះគ្រិស្តស្រឡាញ់ក្រុមជំនុំ និងបូជាព្រះជន្មសម្រាប់ក្រុមជំនុំយ៉ាងនោះដែរ។ 26 ព្រះគ្រិស្តបានបូជាព្រះជន្មសម្រាប់ក្រុមជំនុំ ដើម្បីឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ និងសម្អាតដោយការលាងនឹងទឹក 27 និងដោយសារព្រះបន្ទូលព្រះអង្គ ដូច្នេះ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នាំ​ក្រុមជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុមជំនុំ​ដ៏​រុងរឿង ឥត​ស្លាកស្នាម ឥត​ជ្រីវជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ ឥត​សៅហ្មង។ 28 ដូចគ្នានេះដែរ ស្វាមីគួរគប្បីស្រឡាញ់ភរិយា ដូចជាស្រឡាញ់រូបកាយរបស់ខ្លួន។ ស្វាមីណាស្រឡាញ់ភរិយា ស្វាមីនោះស្រឡាញ់រូបកាយខ្លួនឯង។ 29 ដ្បិត គ្មាននរណាស្អប់រូបកាយរបស់ខ្លួនសោះឡើយ ផ្ទុយទៅវិញ អ្នកនោះតែង​ចិញ្ចឹម​បី​បាច់​ថែរក្សា​រូប​កាយ​នោះ ដូច​ព្រះគ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ក្រុមជំនុំផងដែរ 30 ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃរូបកាយនោះ។ 31 ដោយហេតុនេះហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ​។ 32 គម្រោងការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សំដៅ​លើ​ព្រះគ្រិស្ដ និង​ក្រុមជំនុំ​តែ​ប៉ុណ្ណោះ។ 33 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។


ជំពូក 6

1 កូនរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួន ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 «ចូរលើកកិត្តិយសមាតាបិតារបស់ខ្លួន» (នេះជាបទបញ្ញាទីមួយ មានជាប់ទាំងព្រះបន្ទូលសន្យាមកជាមួយផង) 3 «ដូច្នេះ អ្នករាល់គ្នានឹងបានសេចក្តីសុខ និងរស់នៅលើផែនដីបានអាយុវែង»។ 4 រីឯបងប្អូនជាឪពុកវិញ កុំនាំឲ្យកូនខ្លួនមួម៉ៅឡើយ។ ផ្ទុយទៅវិញ ត្រូវចេះប្រៀនប្រដៅកូន និងផ្តល់ដំបូន្មានកូនស្របតាមព្រះអម្ចាស់។ 5 រីឯបងប្អូនជាអ្នកបម្រើអើយ ចូរស្តាប់បង្គាប់ម្ចាស់របស់ខ្លួននៅលើផែនដីនេះ ដោយគោរព និងញាប់ញ័រ ដោយស្មោះអស់ពីចិត្ត។ 6 ចូរស្តាប់បង្គាប់អ្នកទាំងនោះ ដូចស្តាប់បង្គាប់ព្រះគ្រិស្តដែរ។ កុំស្តាប់បង្គាប់គ្រាន់តែចង់ឲ្យម្ចាស់ឃើញ និងផ្គាប់ចិត្តពួកគេឡើយ។ ផ្ទុយទៅវិញ ចូរស្តាប់បង្គាប់ម្ចាស់ ដូចជាអ្នកបម្រើព្រះគ្រិស្ត ដែលធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់។ 7 ចូរបម្រើម្ចាស់ឲ្យអស់ពីចិត្ត ទុកដូចជាបងប្អូនរាល់គ្នាបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ 8 ព្រោះយើងដឹងថា ទង្វើល្អដែលមនុស្សម្នាក់ប្រព្រឹត្ត នឹងទទួលរង្វាន់ពីព្រះអម្ចាស់ មិនថាអ្នកនោះជាអ្នកងារ ឬអ្នកជាក្តី។ 9 រីឯបងប្អូនជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើខ្លួនបែបនោះដែរ។ កុំគំរាមកំហែងពួកគេ។ បងប្អូនដឹងស្រាប់ហើយថា ម្ចាស់ពួកគេ និងម្ចាស់បងប្អូនគង់នៅស្ថានបរមសុខ ហើយព្រះអង្គពុំរើសមុខនរណាម្នាក់ឡើយ។ 10 ចុងក្រោយបង្អស់ ចូររឹងមាំឡើងក្នុងព្រះអម្ចាស់ ដោយសារព្រះចេស្តាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 11 ចូរបងប្អូនពាក់គ្រប់គ្រឿងសស្រ្តាវុធរបស់ព្រះជាម្ចាស់ ដើម្បីឲ្យបងប្អូនអាចឈរមាំមួនតទស់នឹងផែនការរបស់មារកំណាច។ 12 ដ្បិត យើង​ពុំមែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ ផ្ទុយទៅវិញ យើង​តយុទ្ធ​ទល់​នឹង​​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ 13 ហេតុ​នេះ ចូរ​បង​ប្អូន​​ពាក់គ្រឿងសស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយទាំងអស់។ 14 ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ដោយបងប្អូនបានពាក់សេចក្ដី​ពិត​​ក្រវាត់​ចង្កេះ និងយក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ។ 15 បន្ទាប់មក យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អអំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។ 16 នៅគ្រប់កាលៈទេសៈទាំងអស់ ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ​ដើម្បី​ឲ្យ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារកំណាចបាន។ 17 ចូរ​ទទួល​ការ​សង្គ្រោះ​​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។ 18 ចូរ​អធិស្ឋានគ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សម្រាប់​ប្រជាជន​ដ៏វិសុទ្ទ​ទាំង​អស់របស់ព្រះជាម្ចាស់។ 19 ចូរ​អធិស្ឋានសម្រាប់ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ។ សូម​ព្រះអង្គប្រទានឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោងការ​លាក់​កំបាំង​នៃ​ដំណឹងល្អ។ 20 ​គឺដំណឹងល្អនេះហើយ បានធ្វើឲ្យខ្ញុំ​ក្លាយ​ជា​ទូត​របស់ព្រះអង្គ ដែលជាប់ឃុំឃាំង ដូច្នេះ ខ្ញុំសូមប្រកាសទាំង​មាន​ចិត្ត​អង់អាច និយាយ​តាម​ពាក្យដែល​ខ្ញុំ​ត្រូវ​និយាយ។ 21 លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ និង​ជា​អ្នក​បម្រើដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នឹង​ជម្រាបប្រាប់​បង​ប្អូន​អំពី​អ្វីៗគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនបានដឹងអំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ 22 ខ្ញុំ​ចាត់​គាត់ឲ្យ​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​ឲ្យ​បង​ប្អូន​បាន​ឮដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ដោយផ្ទាល់។ 23 សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់ ប្រទាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បង​ប្អូន។ 24 សូម​ព្រះគុណ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ជា​មួយ ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ដោយចិត្តស្រឡាញ់​ឥត​​ប្រែប្រួលសោះ​ឡើយ។


Book: Philippians

Philippians

ជំពូក 1

1 ខ្ញុំ ប៉ូល និងធីម៉ូថេ គឺជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ សូម​ជម្រាប​មក​ដល់​អស់អ្នកដែល​បានញែកសម្រាប់ព្រះគ្រិស្ដ‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អ្នកដឹកនាំ និង​អ្នកបម្រើទាំងអស់។ 2 សូម​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​បានផ្តល់ដល់​បងប្អូន មកពីព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ។ 3 ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជានិច្ច នៅពេលខ្ញុំ​នឹក​គិត​ដល់​បងប្អូន 4 ខ្ញុំ​តែងតែអធិស្ឋានសម្រាប់បងប្អូន​ដោយ​ចិត្ត​រីក‌រាយ​ ដែលខ្ញុំបានទូលអង្វរ។ ​ 5 ខ្ញុំអរគុណដល់ព្រះជាម្ចាស់ សម្រាប់បងប្អូនដែលបានរួមចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មកដល់សព្វ​ថ្ងៃ។ 6 ខ្ញុំ​ជឿ​ជាក់​ថា ក្នុងគ្រប់ការទាំងអស់ ដែលព្រះជាម្ចាស់បានផ្តើមការល្អនៅក្នុងបងប្អូន នោះព្រះអង្គនឹងបង្ហើយ រហូតដល់ថ្ងៃព្រះយេស៊ូគ្រិស្តយាងមក។ 7 ជាការត្រឹមត្រូវណាស់ ដែលខ្ញុំមានអារម្មណ៍បែបនេះជាមួយបងប្អូនទាំងអស់គ្នា ដោយសារតែបងប្អូនស្ថិតនៅក្នុងដួងចិត្តរបស់ខ្ញុំ។ បងប្អូនទាំងអស់គ្នាក្លាយជាគូកនរបស់ខ្ញុំ ដោយព្រះគុណរួមទាំងពេលដែលខ្ញុំនៅជាប់ឃុំឃាំង ហើយដើម្បីការពារ និងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ 8 ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះគ្រិស្ដ‌យេស៊ូ។ 9 នេះជាពាក្យ​អធិស្ឋានរបស់ខ្ញុំ​ ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់។ 10 និងសូម​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក បងប្អូន​នឹង​បានវិសុទ្ធ គ្មានកំហុសអ្វីឡើយ។ 11 ហើយសូមឲ្យ​បងប្អូន​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ដ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង និង​សរសើរតម្កើង​ព្រះ‌ជាម្ចាស់។ 12 បងប្អូនអើយ ឥឡូវខ្ញុំចង់ប្រាប់ឲ្យបានដឹងថា អ្វីដែលបានកើតឡើងដល់រូបខ្ញុំក្នុងការបម្រើនោះ ដើម្បីចំណេញសម្រាប់ដំណឹងល្អវិញ។ 13 ការនេះបានឃើញយ៉ាងច្បាស់ នៅពេលដែលខ្ញុំជាប់ឃុំឃាំងព្រោះព្រះគ្រិស្តដូចជាពន្លឺដែលភ្លឺឲ្យទាំងអ្នកយាមព្រះរាជវាំង និងមនុស្សគ្រប់គ្នាបានឃើញផងដែរ។ 14 ដោយ​សារតែ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​នេះហើយ បងប្អូន​ភាគ​ច្រើន​បានទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​ពួកគេក៏បានការលើកទឹក​ចិត្ត​ក្លាហាន ក្នុងការ​ប្រកាស​ព្រះ‌បន្ទូលរបស់ព្រះ ដោយឥត្ខ្លាច​ឡើយ។ 15 មាន​បងប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​ប្រណាំង​ប្រជែង តែ​បងប្អូន​ខ្លះ​ទៀត​ថ្លែងព្រះបន្ទូលដោយ​មានបំណងល្អ។ 16 ក្រោយមក ពួកគេធ្វើដោយចេញពីក្តីស្រឡាញ់ និងដឹង​ថា​ព្រះ‌អម្ចាស់​បាន​ដាក់ខ្ញុំកន្លែងនេះ ​ដើម្បី​ការពារ​ដំណឹង‌ល្អ។ 17 ប៉ុន្តែ ​អ្នក​ដែល​ផ្សាយ​ដំណឹងពីមុន​អំពី​ព្រះ‌គ្រិស្ដ ដើម្បីធ្វើដោយគំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​ល្អ។​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា ​ក្នុង​ពេលដែលខ្ញុំជាប់ឃុំ‌ឃាំង​។ 18 តើហេតុអ្វីទៅ? ទោះ​ជា​វិធី​ណា​ក៏​ដោយ បើ​ទោះជាគេសម្តែង​ក្ដី ឬស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​ដែរ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​អំពី​ការនេះ 19 ដ្បិត ​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បងប្អូន​អធិស្ឋានទៅ​សម្រាប់​ខ្ញុំ ហើយ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ដល់ខ្ញុំផងដែរ។ 20 វាអាស្រ័យលើការទន្ទឹងរង់ចាំ និងយក​ចិត្តទុកដាក់របស់ខ្ញុំ ដោយ​សង្ឃឹម​ថា ខ្ញុំ​នឹងមិន​ត្រូវ​អាម៉ាស់​មុខឡើយ។ ហើយនេះគឺជាមូលហេតុ ដែលខ្ញុំ​នៅ​តែ​មាន​ចិត្ត​អង់អាច ឥត​រង្គើ ទោះ‌បី​ជាខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។ 21 សម្រាប់​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ហើយ​បើ​ស្លាប់ នោះបានជាកម្រៃវិញ។ 22 ប៉ុន្តែ បើ​ខ្ញុំ​រស់​ខាងឯសាច់ឈាម​ទៀតនោះ ដូច្នេះ មានន័យថា អ្វីដែលខ្ញុំធ្វើនឹង​បាន​ផល។ ខ្ញុំ​មិន​ដឹង​ជា​ជ្រើស​រើស​យក​ផ្លូវ​ណា​ឡើយទេ? ខ្ញុំ​ពិតជាមិនដឹង​មែន។ 23 សម្រាប់ខ្ញុំពិតជារារែករវាងការទាំងពីរនោះ។ ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រិស្ដ នោះ​គឺជាការប្រសើរ​ជាង​ 24 ហើយបើ​ខ្ញុំ​នៅ​រស់​ក្នុង​សាច់ឈាមនេះទៀតនោះ​ជា​ប្រយោជន៍​​សម្រាប់​បងប្អូនវិញ។ 25 ខ្ញុំ​ជឿ​ជាក់ដូច្នេះ ដោយ​ដឹង​ថា ខ្ញុំ​នឹង​បន្តរស់នៅ ហើយ​ស្នាក់​នៅ​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បងប្អូន​បាន​លូតលាស់​ឡើង ហើយ​មាន​អំណរ​នៅក្នុងជំនឿ។ 26 ដ្បិត នៅក្នុងខ្ញុំ​បងប្អូនរីកចម្រើន​ថែម​ទៀត ​រួម​ជា​មួយ​ព្រះគ្រិស្ដ‌យេស៊ូ ក្នុង​ពេល​ដែល​ខ្ញុំ​ត្រឡប់​មកវិញ​ជួប​បងប្អូនម្តងទៀត​។ 27 សូម​បងប្អូន​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​សមរម្យ សម្រាប់​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ​ ដូច្នេះ ទោះបីជា​ខ្ញុំ​មកវិញ ឬមិនបានមកជួបបងប្អូនវិញ​ក្ដី នោះ​ខ្ញុំ​តែងតែឮដំណឹង ពីការដែលបងប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ត​ថ្លើម​គ្នា​តយុទ្ធ ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អ ​ផងដែរ។ 28 សូមបងប្អូនកុំភ័យខ្លាយ ​នឹង​ពួក​ដែលជាសត្រូវ ហើយទាស់​នឹងប្រការ​ណា​មួយ​ឡើយ។ នេះជាសញ្ញាបញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បងប្អូន​វិញ ​នឹង​ទទួល​ការ​សង្គ្រោះ ហើយការ​នេះ​កើត​​ពី​ព្រះ‌ជាម្ចាស់មក។ 29 ដ្បិត ​ព្រះអង្គ​ប្រណី‌សន្ដោស​បងប្អូន​ឲ្យ​បម្រើ​ព្រះ‌គ្រិស្ដ ដោយ​មិន​គ្រាន់​តែ​ជឿ​លើ​ព្រះអង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ រួម​ទាំង​រង​ទុក្ខ​លំបាករួមជាមួយ​ព្រះអង្គ​ទៀត​ដែរ 30 បងប្អូន​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ដូច​បងប្អូន​ធ្លាប់​បាន​ឃើញ​ខ្ញុំ​តយុទ្ធ​ស្រាប់​ហើយ ហើយ​ដូច​បងប្អូន​ឮ​ថា​ខ្ញុំ​កំពុង​តែ​តយុទ្ធ​នៅ​ឡើយ។


ជំពូក 2

1 ប្រសិនណាបើ មានការលើកទឹកចិត្តនៅក្នុងព្រះគ្រិស្ត ហើយប្រសិនណាមានការកម្សាន្តចិត្តមកពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយប្រសិនណាមានការប្រកបជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយប្រសិនណា បងប្អូនពិតជាមានចិត្តមេត្តាករុណា និងចិត្តអាណិតអាសូរ 2 ដូច្នេះ ចូរធ្វើឲ្យខ្ញុំពេញដោយអំណរ ដោយបងប្អូនមានការគិតតែមួយ មានសេចក្តីស្រឡាញ់តែមួយ មានការរួបរួមក្នុងឆន្ទៈតែមួយ ព្រមទាំងមានគោលបំណងតែមួយ។ 3 សូមកុំឲ្យមានភាពអាត្មានិយម ឬដោយអំនួតឥតប្រយោជន៍។​ ផ្ទុយទៅវិញ ត្រូវបន្ទាបខ្លួន ហើយគិតថាអ្នកដទៃប្រសើរជាងខ្លួនជានិច្ច។ 4 បងប្អូនអើយ សូមកុំគិតតែពីតម្រូវការផ្ទាល់ខ្លួនឡើយ ប៉ុន្តែ ត្រូវគិតអំពីតម្រូវការរបស់អ្នកដទៃវិញ។ 5 បងប្អូន សូមគិតដូចជាព្រះគ្រិស្តយេស៊ូគិតដែរ។ 6 ព្រះអង្គមានឋានៈជាព្រះជាម្ចាស់ ប៉ុន្តែ ព្រះអង្គមិនបានគិតឲ្យស្មើនឹងព្រះជាម្ចាស់ឡើយ ដូចជាអ្វីដែលជាកម្មសិទ្ធរបស់ព្រះអង្គនោះទេ។​ 7 ផ្ទុយទៅវិញ ព្រះអង្គបានលះបង់ទាំងអស់។ ព្រះជាម្ចាស់បានយកឋានៈជាអ្នកបម្រើ។ ព្រះអង្គបានបង្ហាញអំពីភាពជាមនុស្សដូចមនុស្សឯទៀតៗដែរ។ ព្រះអង្គត្រូវបានឃើញភាពជាមនុស្សដ៏សាមញ្ញរបស់ព្រះអង្គ។ 8 ព្រះជាម្ចាស់បានបន្ទាបខ្លួន និងស្តាប់បង្កាប់រហូតដល់ទីមរណា ដោយសុគតនៅលើឈើឆ្កាង។ 9 ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះយេស៊ូ​ឡើង​​ខ្ពង់‌ខ្ពស់​បំផុត។ ព្រះជាម្ចាស់ក៏​ប្រទាន​ ​ព្រះ‌នាមដ៏​ប្រសើរ​ដល់ព្រះយេស៊ូ លើសពីនាមណាៗទាំង​អស់។ 10 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីអោយ​ក្នុងនាមព្រះយេស៊ូ គ្រប់ទាំងជង្គង់នឹងលុតចុះ រួមទាំង​ជង្គង់អ្នកនៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែនដី ហើយទាំង​នៅ​ក្រោម​ដីផងដែរ។ 11 ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគ្រប់ទាំងអណ្តាតបានប្រកាសថា ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿងដល់​ព្រះ‌បិតា។ 12 ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ដូច​បងប្អូន​តែង​តែ​ស្ដាប់​បង្គាប់​ជា​រៀង​ដរាប​មក គឺ​មិន​ត្រឹម​តែ​ពេលដែល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូននោះទេ ប៉ុន្តែឥឡូវនេះទាំងគ្មានរូបខ្ញុំអ្នកបានធ្វើច្រើនជាងនោះផង សូម​បងប្អូន​ខំ​ប្រឹង​ធ្វើ​ការ ទាំង​គោរព​កោត​ខ្លាច និង​ញាប់‌ញ័រ ស្រប​តាម​ការ​សង្គ្រោះ​ដែល​បងប្អូន​បាន​ទទួល 13 ដ្បិត ​ព្រះ‌ជាម្ចាស់​ទេ​តើ ដែលបាន​ធ្វើ​ការក្នុងបងប្អូន ទាំងឆន្ទៈហើយនិងការប្រព្រឹត្តដ៏សប្បុរស​របស់​ព្រះអង្គ។ 14 ចូរធ្វើការទាំងអស់ដោយគ្មានការរអ៊ូរទាំ ឬដោយតវ៉ាឡើយ។ 15 ចូរប្រព្រឹត្តបែបនេះ នោះបងប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មងជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដែល​ឥត​មាន​កំហុស។ ចូរប្រព្រឹត្តក្នុងបែបនេះ បងប្អូន​បានជះពន្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោកក្នុង​ចំណោម​មនុស្សអាក្រក់ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ 16 ចូរតោងព្រះ‌បន្ទូល​នៃ​ជីវិត ​ធ្វើ​ដូច្នេះហើយ ខ្ញុំ​មានហេតុនឹងថ្វាយសិរីល្អនៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក។ ដ្បិត ខ្ញុំនឹងបានដឹងថា ខ្ញុំមិនបានរត់ និងខំធ្វើការដោយនឿយហត់នោះ មិនឥតប្រយោជន៍ឡើយ។ 17 ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​តង្វាយ ដាក់លើ​យញ្ញ‌បូជា និង​ពី​លើការបម្រើនៃ​ជំនឿ​របស់​បងប្អូន ខ្ញុំ​មាន​អំណរ​ណាស់ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បងប្អូន​ទាំង​អស់​គ្នា​ដែរ។ 18 រីឯ​បងប្អូន​វិញ ចូរ​ឲ្យ​បងប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។ 19 ​ខ្ញុំ​សង្ឃឹម​ក្នុងព្រះ‌អម្ចាស់​យេស៊ូ នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បងប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួលការលើកទឹក​ចិត្ត ដោយ​ទទួល​ដំណឹង និងឮដំណឹងពី​បងប្អូន 20 ដ្បិត​ ខ្ញុំមិនមានអ្នកណាផ្សេងទៀត ដែលមានឥរិយាបថដូចជាគាត់ ហើយជាអ្នកដែលយកចិត្តទុកដាក់សម្រាប់បងប្អូន។ 21 ដ្បិត អ្នកផ្សេងវិញ ពួកគេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯង គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ទេ។ 22 បងប្អូន​ដឹង​អំពី​ទឹក​ចិត្ត​របស់​គាត់ហើយ ព្រោះគាត់ដូច​កូន​ដែលមប្រើឪពុក ហើយគាត់បាន​បម្រើ​រួមជាមួយខ្ញុំ ក្នុងដំណឹង‌ល្អ។ 23 ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បងប្អូន​ក្នុង​ពេល​ឆាប់ៗ នៅពេលខ្ញុំបានដឹងថារឿងរបស់ខ្ញុំរៀបរយហើយ។ 24 ប៉ុន្តែ ខ្ញុំជឿជាក់ក្នុងព្រះអង្គម្ចាស់ ថារូបខ្ញុំផ្ទាល់នឹងបានទៅរកបងប្អូនក្នុងពេលឆាប់ៗនេះ។ 25 ប៉ុន្តែ ខ្ញុំគិត​​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ា‌ប្រូឌីត ដើម្បីត្រឡប់ទៅ​បងប្អូនវិញជាចាំបាច់។ គាត់គឺជាបងប្អូនរបស់ខ្ញុំ ហើយក៏ជាសហការី និងជាទាហានរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកនាំសំបុត្ររបស់អ្នករាល់គ្នា គាត់ជាម្នាក់ដែលបម្រើសេចក្តីត្រូវការរបស់ខ្ញុំ។ 26 ដ្បិត គាត់មានទុក្ខព្រួយជាខ្លាំង​ ហើយគាត់ទទឹងរង់ចាំឲ្យតែដល់ពេលត្រឡប់ទៅបងប្អូនទាំងអស់គ្នា ហើយបងប្អូនក៏ធ្លាប់ឮថាគាត់បានឈឺដែរ។ ជាការពិតនោះគាត់បានឈឺធ្ងន់មែន រហូតក្បែរនឹងស្លាប់ផង។ 27 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​អាណិត​គាត់ ព្រះអង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​​ទេ ព្រះអង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។ 28 ​ដូច្នេះហើយ បានជា​ខ្ញុំ​ខំ​ខ្នះ‌ខ្នែង​ចាត់​គាត់​ឲ្យ​មក​ជួប​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អំណរ​សប្បាយ ដោយ​ឃើញ​គាត់​សារ​ជា​ថ្មី ហើយ​ឲ្យ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។ 29 សូម​ទទួល​គាត់​នៅក្នុងព្រះអង្គម្ចាស់ និងការ​អរ​សប្បាយបំផុត។ សូម​គោរព​មនុស្ស​ដូចជា​គាត់​នេះ​ផង។ 30 ដ្បិត​ គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ដ។​ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិតដើម្បី​បម្រើខ្ញុំ​ ហើយបំពេញអ្វីដែលបងប្អូនមិនអាចធ្វើក្នុងការបម្រើដល់ខ្ញុំ។


ជំពូក 3

1 ជាចុងក្រោយ បងប្អូនអើយ ចូរអរសប្បាយនៅក្នុងព្រះអង្គម្ចាស់ចុះ។ ដ្បិត ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្តីទាំងនេះមកបងប្អូនម្តងទៀតទេ។ 2 ពីព្រោះសេចក្តីទាំងនេះនឹងការពារបងប្អូនឲ្យមានសុវត្ថិភាព។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​អាក្រក់ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​។ 3 សម្រាប់ពួកយើង យើងគឺជាអ្នកដែលកាត់ស្បែកពិត។ គឺជាអ្នកដែលថ្វាយបង្គំដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ពួកយើងគឺជាអ្នកពឹងអាងនៅលើព្រះគ្រិស្តយេស៊ូ ហើយយើងមិនពឹងអាងខាងឯសាច់ឈាមទេ។ 4 ទោះបីយ៉ាងនេះក្តី ខ្ញុំផ្ទាល់ក៏ហេតុនឹងពឹងអាងខាងឯសាច់ឈាមដែរ។ បើមាននរណាគិតថាគេបានពឹងអាងលើសាច់ឈាមនោះ ហើយខ្ញុំនេះអាចនឹងពឹងអាងច្រើនជាងគេផង។ 5 ​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ពន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ជនជាតិហេប្រឺ កើត​ពី​សាសន៍ហេប្រឺ ហើយ​បើពឹងអាចខាងក្រឹត្យ‌វិន័យ​វិញ ខ្ញុំក៏​នៅ​ខាង​ពួកផារីស៊ីដែរ។ 6 ខាងឯសេចក្តីឧស្សាហ៍ គឺខ្ញុំបានបៀតបៀនដល់ក្រុមជំនុំ ចំពោះសេចក្តីសុចរិតវិញ ខ្ញុំបាននៅក្រោមក្រឹត្យវិន័យ ហើយក៏គ្មានកន្លែងបន្ទោសបានផង។ 7 ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​ចំពោះខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ដ។ 8 ចំពោះមុខ ខ្ញុំបានចាត់ទុកគ្រប់របស់ទាំងអស់ជាឥតប្រយោជន៍ ដោយព្រោះតែខ្ញុំបានស្គាល់ព្រះគ្រិស្តយេស៊ូជាអម្ចាស់របស់ខ្ញុំ ជាអ្វីដែលមានតម្លៃវិសេសវិសាលណាស់។ ដ្បិត ដោយ​សារ​តែ​ព្រះអង្គ ខ្ញុំ​សុខ​ចិត្តបោះបង់ចោល​អ្វីៗ​ទាំង​អស់។ ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ត 9 គេនឹងឃើញខ្ញុំនៅក្នុងព្រះអង្គ។ ខ្ញុំមិនបានទៅជាសុចរិតដោយខ្ញុំខំប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ។ ផ្ទុយទៅវិញ ដែលខ្ញុំបានរាប់ជាសុចរិតដោយសារជំនឿក្នុងព្រះគ្រិស្ត និងសេចក្តីសុចរិតបានមកពីព្រះជាម្ចាស់ តាមរយៈជំនឿ។ 10 ឥឡូវនេះ ​ខ្ញុំ​គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ដ និង​ស្គាល់ឫទ្ធានុភាព​ដែល​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​រួម​ជា​មួយ​ព្រះអង្គ​ក្នុងទុក្ខ​លំបាកដែរ។ ហើយ​ឲ្យ​បាន​ដូច​ព្រះអង្គ​ដែល​សុគត 11 ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិនបើអាចរស់ឡើងវិញបាន។ 12 វាមិនមែនជាការពិតទេ ដែលថាខ្ញុំ​បាន​ទទួលការទាំងនេះរួច ឬ​បាន​គ្រប់​លក្ខណៈហើយ។ ខ្ញុំ​កំពុង​តែ​បន្តទៅមុខ ដើម្បី​ចាប់សេចក្តីនោះ​ឲ្យ​បាន ដ្បិត​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះគ្រិស្ដ‌យេស៊ូ​ចាប់​ខ្ញុំ​ដើម្បីសេចក្តីនោះ​ដែរ។ 13 បងប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​យល់​ឃើញ​ថា ខ្ញុំ​​បាន​ទៅ​ដល់គោលដៅ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ​មានការ​មួយ ដែលខ្ញុំបំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​កន្លងទៅ​ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​​ខាង​មុខវិញ។ 14 ខ្ញុំ​រត់​តម្រង់​ទៅ​រកគោលដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ដែលបាន​ត្រាស់​ហៅ​ពី​ស្ថាន​បរម‌សុខនៅក្នុង​អង្គ​ព្រះគ្រិស្ដ‌យេស៊ូ។ 15 យើង​ទាំង​អស់​គ្នា​ដែល​ជាមនុស្ស​គ្រប់​ពេញវ័យ សូមឲ្យយើង​គិត​បែប​នេះ​ ប្រសិន​បើ ​បងប្អូន​មាន​ការគិត​អំពីអ្វី​មួយផ្សេង ព្រះ‌ជាម្ចាស់​​​នឹងបង្ហាញ​បងប្អូន ឲ្យ​ដឹង​ពីការនោះដែរ។ 16 ទោះបីជាយ៉ាងណាក៏ដោយ ឬមានអ្វីកើតឡើងក៏ដោយ យើងត្រូវតែទៅមុខជានិច្ច ហើយសូមឲ្យតោងជាប់នឹងសេចក្តីទាំងនោះផង។ 17 បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែលដើរ​ជា​គំរូ ដែល​បាន​ដាក់​ឲ្យ​បងប្អូន​ឃើញ​នៅក្នុងយើង។​ 18 ដ្បិត មានមនុស្សជាច្រើន ដែល​ខ្ញុំ​តែងតែប្រាប់ដល់បងប្អូន​ជា​ញយដង ហើយឥឡូវខ្ញុំកំពុងប្រាប់បងប្អូន ទាំងទឹកភ្នែកដូច​ជា​សត្រូវ​នៃ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ដ។ 19 ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ។ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្តិ៍​ខ្មាស​ធ្វើ​ជា​កិត្តិយស។ ពួកគេគិត​តែ​ពី​អ្វីៗ​ដែល​ នៅ​លើ​ផែនដីនេះ​តែ​ប៉ុណ្ណោះ។ 20 ប៉ុន្តែ សញ្ជាតិរបស់យើងគឺនៅក្នុងស្ថានបរមសុខ ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​។ 21 ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​មហិទ្ធិ‌ឫទ្ធិ ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បង្ក្រាបអ្វីទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។


ជំពូក 4

1 បងប្អូន​ជា​ទី​ស្រឡាញ់​ ខ្ញុំ​ពិតជាចង់​ជួប​អ្នករាល់គ្នា​ខ្លាំង​ណាស់ បងប្អូន​ជា​អំណរ​សប្បាយ និង​ជាមកុដរបស់​ខ្ញុំ សំឡាញ់ខ្ញុំអើយ សូមឈរឲ្យបានរឹងពឹងនៅក្នុងព្រះអម្ចាស់។ 2 ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រះ‌អម្ចាស់។ 3 ហើយខ្ញុំ​ក៏សូម បងប្អូនដែលជាមិត្ត​ដ៏​ស្មោះ​ត្រង់​ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង។ ដ្បិត ​នាង​ធ្លាប់​បាន​ធ្វើការរួមជា​មួយ​ខ្ញុំ ដើម្បីផ្សាយ​ដំណឹង‌ល្អ ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​​អ្នកផ្សេង​​ទៀត ​ដែល​ពួកគេមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិតផងដែរ។ 4 ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ម្តងទៀតនិយាយថា ចូរអរសប្បាយឡើង។ 5 ចូរបង្ហាញ​ឲ្យ​មនុស្ស‌ទាំង​អស់​ស្គាល់​​ចិត្ត​សប្បុរស​របស់​បងប្អូន។ ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។ 6 សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ គឺតាមរយៈ​ពាក្យ​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​ការអរ​ព្រះ‌គុណ​ព្រះអង្គ​ផង 7 ហើយ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់ ​ដែល​ហួស​ពី​ការ​យល់​របស់​មនុស្សនឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បងប្អូន ដែល​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​យេស៊ូ​។ 8 ជា​ទី​បញ្ចប់ បងប្អូន​អើយ សូម​បងប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ហើយអ្វីដែលថ្លៃ‌ថ្នូរ និងអ្វីដែលសុចរិត រួមទាំងអ្វីដែលបរិសុទ្ធ ហើយអ្វីដែលគួរ​ឲ្យ​ស្រឡាញ់ ហើយអ្វីដែលគួរ​ឲ្យ​គោរព ហើយប្រសិនបើ មានអ្វីដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ សូមបងប្អូនគិតអំពីការទាំងនេះ។ 9 សេចក្ដី​ដែល​បងប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ហើយឃើញនៅក្នុងខ្ញុំ សូមប្រព្រឹត្តតាមការទាំងនោះចុះ ហើយព្រះជាម្ចាស់នៃសេចក្តីសុខសាន្តនឹងគង់ជាមួយអ្នករាល់គ្នា។ 10 ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បងប្អូន​បានបារម្ភដល់​ខ្ញុំ​ជា​ថ្មី​ម្តងទៀត។ មែនហើយ បងប្អូន​ក៏​បានធ្លាប់​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បងប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បងប្អូន​ដើម្បីជួយដល់ខ្ញុំទេ។ 11 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះខាតនោះទេ។ ដ្បិត​ ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈទាំងអស់។ 12 ខ្ញុំស្គាល់អ្វីទៅដែលជាភាពទ័ល​ក្រ​ ហើយខ្ញុំក៏ស្គាល់ពីការដែលមាន​បរិបូរដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​របៀបទាំងអស់ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​ហូបឆ្អែត​ ឬអត់​ឃ្លាន​ក្ដី មាន​បរិបូរ ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។ 13 ខ្ញុំ​អាច​ធ្វើគ្រប់ការ​ទាំង​អស់បាន ដោយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។ 14 ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បងប្អូនបានធ្វើប្រសើរហើយដែលបាន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេលដែលខ្ញុំជួប​​ទុក្ខលំបាក​។ 15 ឱបងប្អូន​នៅ​ក្រុង​ភីលីពអើយ​ បងប្អូន​ដឹង​​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ ​នៅពេលខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បងប្អូន គ្មាន​ក្រុម‌ជំនុំ​ណា​​ជួយ​ផ្គត់ផ្គងខ្ញុំនោះទេក្រៅពីបងប្អូន។ 16 កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បងប្អូន​បាន​ផ្ញើ​ជំនួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ជាច្រើន​លើក។ ​ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ឃើញតែពី​ជំនួយ​របស់បងប្អូននោះ​ទេ។ 17 តែ​ខ្ញុំ​ឃើញអំពីផលផ្លែ​ ការរីកចម្រើន និងភាពច្បាស់លាស់របស់បងប្អូនវិញ។ 18 ខ្ញុំ​បាន​ទទួល​​គ្រប់​ទាំង​អស់​ ហើយ​ខ្ញុំ​មាន​បរិបូរ​ផងដែរ។ ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បងប្អូន តាម​រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ។ 19 ព្រះ​ជាម្ចាស់របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បងប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះគ្រិស្ដ‌យេស៊ូ។ 20 ឥឡូវនេះ សូមលើកតម្កើងសិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ និងព្រះ‌បិតា​របស់​យើងដ៏អស់‌កល្ប​ជា​រៀង​រហូតតទៅ។ អាម៉ែន! 21 សូម​ជម្រាប​សួរ​បងប្អូនរួមជំនឿ​នៅក្នុង​អង្គ​ព្រះ‌គ្រិស្ដយេស៊ូ​ទាំងអស់។ បងប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​ដល់បងប្អូនទាំងអស់គ្នាដែរ។ 22 ហើយអ្នកជឿទាំងអស់ក៏ជម្រាបសួរបងប្អូន ជា​ពិសេស បងប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ 23 សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។


Book: Colossians

Colossians

ជំពូក 1

1 ខ្ញុំ ប៉ូល ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង និងលោក​ធីម៉ូថេដែលជាបងប្អូនរបស់យើង 2 ទៅដល់អ្នកដែលមានជំនឿ ហើយបងប្អូនដ៏ស្មោះត្រង់នៅក្នុងព្រះគ្រិស្ត ដែលនៅក្រុងកូឡូស។ សូមព្រះគុណ និងសេចក្ដីសុខសាន្ត ដែលមកពីព្រះបិតានៃយើង កើតមានដល់អ្នករាល់គ្នា។ 3 សូមអរព្រះគុណដល់ព្រះជាម្ចាស់ និងព្រះបិតា​នៃព្រះយេស៊ូគ្រិស្ត ហើយយើងតែងតែអធិស្ឋានសម្រាប់បងប្អូនជានិច្ច។ 4 យើងបានឮពីជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 5 អ្នកមានសេចក្ដីស្រឡាញ់នេះ ដោយសារតែសេចក្ដីសង្ឃឹមជឿជាក់ ដែលបានបម្រុងទុកសម្រាប់អ្នកនៅស្ថានបរមសុខ។ អ្នកបានឮពីសេចក្ដីសង្ឃឹមនេះពីមុន តាមរយៈព្រះបន្ទូលនៃសេចក្តីពិត គឺដំណឹងល្អ 6 ដែលបានមកដល់អ្នក។ ដំណឹងល្អនេះកំពុងតែបង្កើតផលផ្លែ និងរីកចម្រើននៅក្នុងពិភពលោកទាំងមូល។ ដំណឹងល្អនេះស្ថិតនៅក្នុងអ្នកចាប់តាំងពីថ្ងៃអ្នកបានឮ​ ហើយបានស្វែងយល់អំពីព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដី​ពិត។ 7 នេះគឺជាដំណឹងល្អដែលអ្នកបានរៀនពីលោកអេប៉ាប្រាស ជាអ្នកបម្រើដ៏ជាទីស្រឡាញ់របស់យើង ដែលបានបម្រើព្រះគ្រិស្តយ៉ាងស្មោះត្រង់សម្រាប់បងប្អូន។ 8 លោកអេប៉ា‌ប្រាសបានធ្វើឲ្យយើងស្គាល់ពីសេចក្ដីស្រឡាញ់ ដែលមាននៅក្នុងព្រះវិញ្ញាណ។ 9 ព្រោះតែសេចក្ដីស្រឡាញ់នេះ ចាប់តាំងពីថ្ងៃដែលយើងបានដឹងពីដំណឹងនេះ យើងមិនដែលឈប់ក្នុងការអធិស្ឋានសម្រាប់បងប្អូនទេ។ យើងបានទូលសុំឲ្យអ្នកមានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ។​ 10 យើងបានអធិស្ឋានឲ្យអ្នកដើរដោយបែបសមគួរ ដែលគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ គ្រប់វិស័យ។ យើងបានអធិស្ឋានឲ្យអ្នកបានបង្កើតផលផ្លែ គ្រប់ការល្អទាំងអស់ ដែលបងប្អូនធ្វើ ហើយរីកចម្រើនឡើងក្នុងការស្គាល់ព្រះជាម្ចាស់។ 11 យើងបានអធិស្ឋានឲ្យបងប្អូនមានកម្លាំង និងសមត្ថភាពគ្រប់យ៉ាង ស្របតាមប្ញទ្ធានុភាពនៃសិរីរុងរឿង ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំ និងអត់ធ្មត់បាន។ 12 យើងអធិស្ឋានឲ្យបងប្អូនមានអំណរក្នុងការអរព្រះគុណដល់ព្រះបិតា ដែលបានធ្វើឲ្យអ្នកអាចចូលរួមទទួលមរតកជាមួយអ្នករួមជំនឿនៅក្នុងពន្លឺ។ 13 ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្ដីងងឹត ហើយបាននាំយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ 14 នៅក្នុងព្រះបុត្រា យើងបានទទួលការប្រោសលោះ និងបានរួចពីបាប។ 15 ព្រះបុត្រាជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលមិនឃើញ។ ព្រះអង្គជាកូនច្បង ដែលកើតមុនកំណើតផែនដី។ 16 ដោយសារព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើងគ្រប់ទាំងអស់ ដែលមាននៅស្ថានសួគ៌ និងនៅលើផែនដី ទាំងអ្វីៗដែលមើលមិនឃើញ និងមើលឃើញ។ គ្រប់ទាំងអំណាច ឬការគ្រប់គ្រង ឬសិទ្ធិអំណាចនានា អ្វីៗទាំងអស់បង្កើតឡើងដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ 17 ព្រះជាម្ចាស់មានមុនអ្វីៗទាំងអស់ ហើយក្នុងព្រះអង្គអ្វីៗទាំងអស់ទ្រទ្រង់ជាមួយគ្នា។ 18 ព្រះអង្គជាព្រះសិរសានៃព្រះកាយ គឺក្រុមជំនុំ។ ព្រះអង្គជាទីចាប់ផ្ដើម និងជាកូនច្បងពីចំណោមមនុស្សស្លាប់ ដូចនេះហើយបានជាព្រះអង្គជាទីមួយ ក្នុងចំណោមរបស់ទាំងអស់។ 19 ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ ឲ្យគ្រប់លក្ខណៈសម្បត្តិព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ 20 ព្រះអង្គបានផ្សះផ្សាតាមរយៈព្រះបុត្រា ហើយ អ្វីៗទាំងអស់សម្រាប់ព្រះអង្គ។ ព្រះជាម្ចាស់បានបង្កើតសន្តិភាពតាមរយៈការសុគតនៅលើឈើឆ្កាង។ ព្រះជាម្ចាស់បានផ្សះផ្សាការទាំងអស់ ដើម្បីព្រះអង្គ មិនថាអ្វីៗដែលនៅលើផែនដី ឬក៏អ្វីដែលនៅលើស្ថានបរមសុខទេ។ 21 កាលពីដើម បងប្អូនរាល់គ្នាជាមនុស្សបរទេស នៅចំពោះព្រះជាម្ចាស់ ហើយក៏ជាសត្រូវរបស់ព្រះអង្គ ដោយសារតែគំនិត និងអំពើអាក្រក់ដែលយើងបានធ្វើ។ 22 តែឥឡូវនេះ ព្រះជាម្ចាស់បានផ្សះផ្សាបងប្អូន ដោយបូជាព្រះកាយព្រះអង្គ រហូតដល់សុគត។ ព្រះអង្គធ្វើការនេះ ដើម្បីឲ្យអ្នកបានបរិសុទ្ធ គ្មានកន្លែងបន្ទោស និងឥតសៅហ្មង ហើយអាចឈរនៅចំពោះព្រះភ័ក្រ្តព្រះអង្គបាន។ 23 បើសិនអ្នកនៅតែបន្តជំនឿដែលរឹងប៉ឹងហើយខ្ជាប់ខ្ជួន ដែលមិនឃ្លាតឆ្ងាយពីសេចក្ដីសង្ឃឹមនៃដំណឹងល្អ ដែលអ្នកធ្លាប់បានឮពីមុនមក។ នេះជាដំណឹងល្អដែលបានប្រកាសប្រាប់ មនុស្សទាំងអស់នៅក្រោមមេឃ។ នេះជាដំណឹងល្អដែលនាំឲ្យខ្ញុំ ប៉ូល ក្លាយជាអ្នកបម្រើ។ 24 ឥឡូវនេះ ខ្ញុំមានអំណរនៅក្នុងទុក្ខលំបាករបស់ខ្ញុំសម្រាប់បងប្អូន ហើយខ្ញុំបំពេញរូបកាយខ្ញុំ ដែលគ្មានសេចក្ដីទុក្ខលំបាកនៃព្រះគ្រិស្ត ទុកជាប្រយោជន៍ដល់រូបកាយព្រះអង្គ គឺក្រុមជំនុំ។ 25 នេះជាក្រុមជំនុំដែលខ្ញុំបានបម្រើ ស្របតាមទំនួលខុសត្រូវ ដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ សម្រាប់បងប្អូនជាប្រយោជន៍សម្រេចតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 26 នេះជាសេចក្ដីពិតដែលលាក់កំបាំងអស់រយៈពេលជាច្រើនជំនាន់មកហើយ ក៏ប៉ុន្តែនៅពេលនេះព្រះអង្គបានបើកសម្ដែងឲ្យឃើញអ្នកជឿព្រះអង្គ បានឃើញ។ 27 អ្នកទាំងនោះហើយ ដែលព្រះជាម្ចាស់សព្វព្រហឫទ័យឲ្យពួកគេបានទទួលសិរីរុងរឿងនៃសេចក្ដីពិត ដែលលាក់កំបាំងក្នុងចំណោមសាសន៍ដទៃ។ ព្រះគ្រិស្តគង់នៅក្នុងអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាមានសង្ឃឹមថា នឹងសិរីរុងរឿងនាពេលអនាគត។ 28 គឺព្រះអង្គនេះហើយដែលនាំឲ្យយើងប្រកាស។ យើងបានដាស់តឿនគ្រប់គ្នា ហើយយើងបានបង្រៀនពួកគេអស់ពីប្រាជ្ញា ដូច្នេះ យើងបានពេញលក្ខណៈសម្បត្តិនៅក្នុងព្រះគ្រិស្ត។ 29 ដោយហេតុនេះហើយបានខ្ញុំខិតខំតស៊ូធ្វើ ដោយពឹងអាងលើកម្លាំងរបស់ព្រះអង្គ ដែលមាននៅក្នុងខ្ញុំ និងពេញដោយប្ញទ្ធានុភាព។


ជំពូក 2

1 ខ្ញុំចង់ឲ្យបងប្អូនដឹងពីឧបសគ្គ ដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់។ 2 ខ្ញុំធ្វើដូច្នេះ ដើម្បីលើកទឹកចិត្តពួូកគេដោយឲ្យពួកគេរួបរួមគ្នា ក្នុងសេចក្ដីស្រឡាញ់ ហើយឲ្យពួកគេមានប្រាជ្ញាវាងវៃបំផុត និងស្គាល់ពីគម្រោងការដែលលាក់កំបាំង​នោះ គឺព្រះគ្រិស្ត។ 3 នៅក្នុងព្រះអង្គមានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា។ 4 ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យមាននរណាម្នាក់មកបោកបញ្ឆោតអ្នកដោយពាក្យសម្ដីលួងលោមឡើយ។ 5 ទោះបីរូបកាយខ្ញុំមិនបាននៅជាមួយបងប្អូន តែចិត្តរបស់ខ្ញុំនៅជាមួយបងប្អូនជានិច្ច។ ខ្ញុំមានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ល្អ និងមានជំនឿរឹងមាំនៅក្នុងព្រះគ្រិស្ត។ 6 បើបងប្អូនបានទទួលព្រះគ្រិស្តជាព្រះអម្ចាស់ ចូរដើរក្នុងព្រះអង្គ។ 7 ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងព្រះអង្គ ត្រូវសាងសង់ជីវិតនៅលើព្រះអង្គ ត្រូវមានជំនឿរឹងមាំដូចអ្វីដែលអ្នកបានរៀន ហើយត្រូវអរព្រះគុណព្រះឲ្យបានច្រើន។ 8 សូមប្រយ័ត្នកុំឲ្យមាននរណាម្នាក់បញ្ឆោតអ្នកដោយប្រើទស្សនវិជ្ជា ឬដោយអរូបី ដោយពឹងផ្អែកលើទម្លាប់ពីបុរាណ ការទាំងអស់នោះមិនមែនមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ 9 ដ្បិត​គ្រប់​លក្ខណសម្បត្តិ​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរពេញ​ក្នុង​រូប​កាយ​ព្រះគ្រិស្ដ។​ 10 បងប្អូនក៏បានពោរពេញនៅក្នុងព្រះអង្គដែរ។ ព្រះអង្គជាប្រមុខដែលគ្រប់គ្រងលើគ្រប់ទាំងសិទ្ធិអំណាច។ 11 នៅក្នុងព្រះអង្គ បងប្អូន​ក៏បានធ្វើវិធីកាត់ស្បែកដែរ តែពុំមែនជាពិធីកាត់ស្បែកដោយដៃមនុស្សទេ គឺជាកាត់ស្បែកតាមរបៀបព្រះគ្រិស្តវិញ។ 12 ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនបានកប់រួមជាមួយព្រះអង្គ ហើយបងប្អូនបានរស់ឡើងវិញ ដោយសារជឿលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យរស់ឡើងវិញពីស្លាប់។ 13 ពីដើម បងប្អូនបានស្លាប់នៅក្នុងនិស្ស័យចាស់ និងមិនបានធ្វើពិធីកាត់ស្បែកខាងរូបកាយឡើយ តែព្រះអង្គបានប្រទានឲ្យបងប្អូនមានជីវិតរួមជាមួយព្រះអង្គ ហើយអត់ទោសរាល់អំពើរំលងរបស់បងប្អូន។ 14 ព្រះអង្គបានលុបបញ្ជីបំណុល និងវិន័យដែលបានចោទប្រកាន់យើង។​ ព្រះអង្គបានលុបចេញ ហើយឆ្កាងអំពើទាំងនោះនៅលើឈើឆ្កាង។ 15 ព្រះអង្គបានដកហូតអំណាច និងដកសិទ្ធិអំណាច ហើយព្រះអង្គបានបំបាក់មុខវាជាសាធារណៈ ដោយមានជ័យជម្នះលើវា ដោយសុគតនៅលើឈើឆ្កាង។ 16 បន្ទាប់មក កុំឲ្យនរណាម្នាក់កាត់ទោសអ្នកអំពីការហូបអាហារ ផឹកភេសជ្ជៈ អំពីរឿងបុណ្យទាន បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះទេ។ 17 ទាំងនេះគ្រាន់តែជាស្រមោលដែលនឹងមកប៉ុណ្ណោះ តែសេចក្ដីពិតនោះជាព្រះគ្រិស្ត។ 18 កុំឲ្យមាននរណាម្នាក់លួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើឲ្យអ្នកបាត់បងរង្វាន់ដែលទេវតារបស់ព្រះរៀបចំសម្រាប់បងប្អូន។ ដូចជាមនុស្សម្នាក់ដែលបានឃើញអ្វីមួយ ហើយអួតបំប៉ោងច់តាមគំនិតលោកីយ៍។ 19 គេមិនបាននៅជាប់ជាមួយព្រះគ្រិស្តជាព្រះសិរសាទេ។ ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរយៈសន្លាក់ឆ្អឹង និងសរសៃ​ ហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ។ 20 ប្រសិនបើបងប្អូនស្លាប់រួមជាមួយព្រះគ្រិស្តមែន ហេតុអ្វីបានជាបងប្អូនរស់នៅដូចជានៅជាប់ជាមួយលោកីយ៍ទៀត។ 21 «កុំយក! កុំភ្លក់! កុំប៉ះ!» 22 ការទាំងអស់នោះជាផ្លូវដែលនាំធ្លាក់ចូលក្នុងអំពើពុករលួយ អាស្រ័យលើការណែនាំ និងសេចក្ដីបង្រៀនរបស់មនុស្ស។ 23 ច្បាប់ទាំងនេះបង្កើតឡើងដោយប្រាជ្ញានៃសាសនា ហើយមានការបន្ទាបខ្លួន និងលត់ដំខ្លួន។ ប៉ុន្តែ វាគ្មានតម្លៃអ្វីសោះក្នុងការប្រឆាំងនឹងសេចក្តីប៉ងប្រាថ្នាខាងនិស្ស័យលោកីយ៍។


ជំពូក 3

1 ប្រសិនបើព្រះជាម្ចាស់បានប្រោសបងប្អូនឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ត ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាស្ដាំព្រះជាម្ចាស់។ 2 ចូរគិតពីអ្វីៗដែលនៅស្ថានលើ មិនមែនអ្វីៗដែលនៅផែនដីឡើយ។ 3 ដ្បិតបងប្អូនបានស្លាប់ ហើយជីវិតរបស់អ្នកក៏បានលាក់ទុកជាមួយព្រះគ្រិស្ត នៅក្នុងព្រះជាម្ចាស់។ 4 នៅពេលព្រះគ្រិស្ត ដែលជាជីវិតរបស់បងប្អូន បានលេចមកនោះបងប្អូនក៏លេចមកជាមួយព្រះអង្គ ប្រកបដោយសិរីរុងរឿងដែរ។ 5 ចូរសម្លាប់អ្វីៗដែលនៅលើផែនដីនេះដូចជា អំពើ​ប្រាសចាក​សីលធម៌ អំពើ​សៅហ្មង ចិត្ត​ស្រើបស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភលន់ គឺ​យក​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ព្រះ 6 ព្រោះតែសេចក្ដីទាំងនេះហើយដែលធ្វើឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ធ្លាក់ទៅលើកូនអស់អ្នកដែលមិនស្ដាប់បង្គាប់។ 7 អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ នៅពេលដែលអ្នករស់នៅក្នុងចំណោមមនុស្សទាំងនោះ។ 8 ប៉ុន្តែ ឥឡូវនេះ បងប្អូនគួរតែលះចោលសេចក្ដីទាំងនេះដូចជា សេចក្តីក្រោធ កំហឹង ចិត្តអាក្រក់ ប្រមាថ និងពាក្យទ្រគោះបោះបោកចេញពីមាត់បងប្អូន។ 9 កុំកុហកអ្នកដទៃ ចាប់តាំងពីពេលបងប្អូនបានបោះបង់ជីវិតចាស់ និងទម្លាប់ចាស់ចោល​ 10 ហើយអ្នកបានបំពាក់មនុស្សថ្មី ដែលព្រះជាម្ចាស់បានបង្កើតមនុស្សថ្មី ដើម្បីឲ្យស្គាល់លក្ខណៈដែលព្រះជាម្ចាស់បានបង្កើតមក។ 11 ដូច្នេះទើបបានជាគ្មានសាសន៍ក្រិក និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសករ អ្នកងារ ប៉ុន្តែព្រះគ្រិស្តជាអ្វីទាំងអស់ នៅគ្រប់ទាំងអស់។ 12 ចូលបំពាក់នូវអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់ មានចិត្តមេត្តា សប្បុរស បន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់។ 13 ទ្រាំទ្រគ្នាទៅវិញទៅមក សប្បុរសរវាងគ្នាទៅវិញទៅមក។ ប្រសិនបើមាននរណាម្នាក់រអ៊ូរទាំចំពោះនរណាម្នាក់ទៀត សូមអត់ទោសអ្នកដទៃ តាមរបៀបព្រះអម្ចាស់បានអត់ទោសដល់អ្នកដែរ។ 14 លើសពីការទាំងអស់នេះ ត្រូវមានសេចក្ដីស្រឡាញ់ ដែលជាចំណងនៃភាពឥតខ្ចោះ។ 15 ចូរឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តរបស់បងប្អូន។ ចូរអរព្រះគុណព្រះជាម្ចាស់ ដោយសារតែសេចក្ដីសុខសាន្តនេះហើយទើបបងប្អូនបានរួបរួមគ្នាក្នុងព្រះកាយតែមួយ។ 16 ចូលឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តរស់នៅក្នុងបងប្អូនជាបរិបូរ។ ចូលបង្រៀន និងទូន្មានគ្នាទៅវិញទៅដោយប្រើប្រាជ្ញា ទំនុកតម្កើង ចម្រៀងសរសើរ និងបទចម្រៀងដែលមកពីព្រះវិញ្ញាណ។ ចូរច្រៀងអរព្រះគុណថ្វាយព្រះជាម្ចាស់ដោយចេញពីចិត្ត។ 17 អ្វីដែលបងប្អូនធ្វើគ្រប់ទាំងពាក្យសម្ដី និងកាយវិការ ចូរធ្វើគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ចូរអរព្រះគុណព្រះបិតាតាមរយៈព្រះយេស៊ូ។ 18 ប្រពន្ធគ្រប់គ្នាអើយ ចូរចុះចូលនឹងប្ដី ដើម្បីឲ្យបានសមរម្យនៅក្នុងព្រះអម្ចាស់។ 19 ប្ដីគ្រប់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ 20 កុមារគ្រប់គ្នាអើយចូលស្ដាប់បង្គាប់ឪពុកម្ដាយគ្រប់ការទាំងអស់ ដោយសារតែការទាំងអស់នេះជាទីគាប់ព្រះហប្ញទ័យក្នុងព្រះអម្ចាស់។ 21 ឪពុកគ្រប់គ្នាអើយ ចូរកុំខឹងកូនរបស់អ្នកឡើយ ដូច្នេះទើបគេមិនបាក់ទឹកចិត្ត។ 22 អ្នកបម្រើគ្រប់គ្នាអើយ ចូរគោរពម្ចាស់របស់ខ្លួនក្នុងលោកនេះ មិនត្រូវធ្វើព្រោះផ្គាប់ភ្នែកម្ចាស់ ក៏ដូចជាសម្រាប់ផ្គាប់មនុស្សដទៃទៀតឡើយ ​ប៉ុន្តែត្រូវបម្រើដោយចិត្តស្មោះសរ និងដោយការកោតខ្លាចព្រះអម្ចាស់។ 23 ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះអម្ចាស់​ដែរ ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ។ 24 ​​ដ្បិត បងប្អូនបានដឹងថាបងប្អូននឹងទទួលរង្វាន់ពីព្រះអម្ចាស់ជាកេរមរតក។ អស់អ្នកដែលព្រះអម្ចាស់យេស៊ូគ្រិស្តបានអ្នកបម្រើ។ 25 ដ្បិតអស់អ្នកណាដែលប្រព្រឹត្តអំពើទុច្ចរិត អ្នកនោះនឹងទទួលពិន័យ ដូចជាអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ដោយមិនរើសមុខឡើយ។


ជំពូក 4

1 ចៅហ្វាយគ្រប់គ្នាអើយ ចូរប្រព្រឹត្តជាមួយអ្នកបម្រើរបស់ខ្លួន ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌។ អ្នកដឹងហើយថា អ្នកក៏មានចៅហ្វាយមួយនៅស្ថានបរមសុខដែរ។ 2 ចូរបន្តព្យាយាមអធិស្ឋាន។ ចូរប្រុងស្មារតីនៅក្នុងការអធិស្ឋាន ដោយអរព្រះគុណ។ 3 សូមរួមគ្នាអធិស្ឋានសម្រាប់យើង ដើម្បីឲ្យព្រះអង្គបើកទ្វារសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសពីសេចក្ដីពិតដែលលាក់កំបាំងរបស់ព្រះគ្រិស្ត។ ហើយខ្ញុំបានជាប់ឃុំឃាំងដោយព្រោះការនេះ។ 4 សូមអធិស្ឋានឲ្យខ្ញុំយល់ច្បាស់ពីអ្វីដែលខ្ញុំត្រូវនិយាយ។ 5 ចូរដើរដោយប្រាជ្ញាជាមួយអ្នកដែលមិនទាន់ជឿ និងចេះរៀបចំពេលវេលាផង។ 6 សូមឲ្យសម្ដីរបស់បងប្អូនបានប្រកបដោយព្រះគុណជានិច្ច។ ឲ្យពួកគេទទួលបានពាក្យដែលមានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចដឹងពីរបៀបដែលបងប្អូនឆ្លើយតបទៅមនុស្សម្នាក់ៗ។ 7 រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ លោកទីឃីកុសជម្រាបដល់បងប្អូនឲ្យបានដឹង។ លោកទីឃីកុសជាបងប្អូនជាទីស្រឡាញ់ ក៏ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាអ្នកបម្រើក្នុងព្រះអម្ចាស់។ 8 ខ្ញុំបានបញ្ជូនគាត់សម្រាប់ការនេះ ដើម្បីប្រាប់ពីដំណឹងរបស់យើង ហើយគាត់ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ។ 9 ខ្ញុំបានបញ្ជូនគាត់ទៅជាមួយលោកអូនេស៊ីម ជាបងប្អូនដែលស្មោះត្រង់ និងជាទីស្រឡាញ់ ហើយជាម្នាក់ក្នុងចំណោមបងប្អូន។ ពួកគេនឹងជម្រាបដល់បងប្អូនពីអ្វីដែលបានកើតឡើងនៅទីនេះ។ 10 លោកអើរីស្តាក ជាបងប្អូនដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ដែលត្រូវជាសាច់ញាតិរបស់លោកបារណាបាសក៏សូមជម្រាបសួរដល់បងប្អូនដែរ (ប្រសិនបើ គាត់មកសុខទុក្ខបងប្អូន សូមទទួលគាត់ដូចអ្វីដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា) 11 ហើយលោកយេស៊ូ ហៅលោកយូស្ទូសក៏បានជម្រាបសួរដល់បងប្អូនដែរ។ មានតែអ្នកកាត់ស្បែកអ្នកនេះឯង សម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែលកម្សាន្តចិត្តខ្ញុំដែរ។ 12 លោកអេប៉ាប្រាសសូមជម្រាបសួរដល់បងប្អូន។ គាត់គឺជាម្នាក់ក្នុងចំណោមបងប្អូន ហើយក៏ជាអ្នកបម្រើរបស់ព្រះយេស៊ូដែរ។ គាត់តែងតែអធិស្ឋានសម្រាប់បងប្អូន ដើម្បីឲ្យបងប្អូនអាចឈេររឹងមាំ និងពេញលក្ខណៈនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 13 ខ្ញុំអាចធ្វើជាសាក្សីសម្រាប់គាត់បាន ថាគាត់ពិតជាប្រឹងប្រែងសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងអ្នកស្រុកហេរ៉ាប៉ូល។ 14 លោកគ្រូពេទ្យលូកាជាទីស្រឡាញ់របស់យើង និងលោកដេម៉ាសសូមជម្រាបសួរដល់បងប្អូនដែរ។ 15 សូមជម្រាបសួរដល់បងប្អូនដែលរស់នៅស្រុកឡៅឌីសេ និងនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅក្នុងផ្ទះរបស់នាងដែរ។ 16 នៅពេលដែលបងប្អូនបានអានសំបុត្រនេះរួចហើយ សូមអានសំបុត្រនេះសម្រាប់ក្រុមជំនុំឡៅឌីសេ ហើយសូមអានសំបុត្រដែលមកពីស្រុកឡៅឌីសេផង។ 17 សូមជម្រាបលោកអើឃីព ត្រូវយកចិត្តទុកដាក់ចំពោះព័ន្ធកិច្ចដែលអ្នកទទួលបាននៅក្នុងព្រះអម្ចាស់ ដែលអ្នកគួរតែធ្វើការនេះ។ 18 ពាក្យជម្រាបសួរនេះ ខ្ញុំប៉ូល ជាអ្នកសរសេរដោយដៃខ្ញុំផ្ទាល់។ សូមចាំថាខ្ញុំនៅជាប់ឃុំឃាំង។ សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់នៅជាប់ជាមួយបងប្អូន។


Book: 1 Thessalonians

1 Thessalonians

ជំពូក 1

1 ខ្ញុំប៉ូល និងស៊ីលវ៉ាន ហើយនិង​ធីម៉ូថេ ជូនចំពោះក្រុមជំនុំនៃថេស្សាឡូនិកនៅក្នុងព្រះដ៏ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ សូមព្រះគុណ និងសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា។ 2 ពួកយើងអរគុណដល់ព្រះអង្គជានិច្ចសម្រាប់បងប្អូនទាំងអស់គ្នា យើងតែងតែនឹកគិតពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់យើងជានិច្ច។ 3 យើងនឹកចាំបងប្អូននៅចំពោះព្រះជាម្ចាស់ ចំពោះកិច្ចការនៃជំនឿ និងកិច្ចការនៃសេចក្តីស្រឡាញ់ ព្រមទាំងមានការអត់ធ្មត់ជឿជាក់សម្រាប់អនាគតនៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ 4 ព្រះជាម្ចាស់ស្រឡាញ់បងប្អូន យើងដឹងថា ព្រះអង្គបានជ្រើសរើសអ្នករាល់គ្នា 5 ដោយសារដំណឹងល្អរបស់យើងដែលមកដល់បងប្អូនមិនមែនគ្រាន់តែសំដីប៉ុណ្ណោះទេ តែជាមួយនឹងអំណាច នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដែលមានចិត្តជឿជាក់យ៉ាងខ្លាំងថែមទៀតផង។ ដូចគ្នានេះដែរ អ្នកក៏បានដឹងថា យើងជាមនុស្សបែបណា ដែលនៅក្នុងចំណោមបងប្អូន គឺសម្រាប់បងប្អូន។ 6 អ្នករាល់គ្នាបានយកតម្រាបតាមយើង និងតាមព្រះអម្ចាស់ ក្នុងការដែលអ្នករាល់គ្នាបានទទួលព្រះបន្ទូលនៅក្នុងគ្រាទុក្ខលំបាកយ៉ាងខ្លាំងដោយអំណរចេញពីព្រះវិញ្ញាណដ៏វិសុទ្ធ។ 7 ជាលទ្ធផល អ្នកបានក្លាយជាគំរូដល់បងប្អូនអ្នកជឿដែលនៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ​ផងដែរ។ 8 ដ្បិត ព្រះបន្ទូលរបស់ព្រះអម្ចាស់បានចេញពីអ្នករាល់គ្នា ហើយមិនគ្រាន់តែនៅក្នុងនៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ​ប៉ុណ្ណោះទេ ប៉ុន្តែ ជំនឿរបស់អ្នករាល់គ្នានៅក្នុងព្រះជាម្ចាស់បានចេញទៅគ្រប់ទីកន្លែង។ ហេតុដូច្នេះហើយ យើងមិនចាំបាច់និយាយអ្វីទាំងអស់។ 9 ដ្បិត ពួកគេខ្លួនឯងបានរាយការណ៍ពីហេតុដែលយើងមកក្នុងចំណោមអ្នករាល់គ្នា។ ពួកគេបានប្រាប់ពីការដែលអ្នករាល់គ្នាបែរពីរូបព្រះ ទៅបម្រើព្រះដ៏មានព្រះជនរស់ និងសេចក្តីពិតវិញ។ 10 ពួកគេបានរាយការណ៍ថា អ្នករាល់គ្នាបានរងចាំព្រះបុត្រារបស់ព្រះអង្គយាងមកពីស្ថានសួគ៌ ជាព្រះដែលព្រះអង្គបានប្រោសពីសេចក្តីស្លាប់ឡើងវិញ។ នេះគឺព្រះយេស៊ូ ដែលបានរំដោះយើងពីសេចក្តីក្រោធដែលមកដល់។


ជំពូក 2

1 ដ្បិតបងប្អូនវិញ បងប្អូនបានដឹងហើយថា ការមកវិញរបស់ពួកយើងមិនឥតប្រយោជន៍ឡើយ។ 2 អ្នករាល់គ្នាដឹងហើយថា យើងបានឈឺចាប់កាលពីមុន ហើយយើងបានទទួលរងការប្រមាថនៅក្រុងភីលីព។ យើងមានសេចក្តីក្លាហាននៅក្នុងព្រះជាម្ចាស់នៃយើងក្នុងការនិយាយមកកាន់អ្នករាល់គ្នានូវដំណឹងល្អរបស់ព្រះជាម្ចាស់នៅក្នុងឧបសគ្គខ្លាំងយ៉ាងណាក្តី។ 3 ដ្បិត ការដាស់តឿនរបស់យើងមិនមែនមកពីកំហុស ឬមកពីភាពមិនបរិសុទ្ធ ឬមកពីការបោកប្រាស់ឡើយ។ 4 ផ្ទុយទៅវិញ ព្រះជាម្ចាស់បានអនុញ្ញាតនិងផ្ទុកផ្ដាក់ឲ្យយើងនាំដំណឹងល្អ ដូច្នេះ យើងក៏ប្រកាស។ យើងប្រកាស មិនមែនដោយផ្គាប់ចិត្តមនុស្សទេ ប៉ុន្តែ ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ ព្រះអង្គគឺជាព្រះជាម្ចាស់ដែលពិនិត្យពិច័យដួងចិត្តរបស់យើង។ 5 ដ្បិត យើងមិនបានប្រើពាក្យបញ្ចើចបញ្ចើរណាមួយឡើយ ដូចបងប្អូនដឹងស្រាប់ហើយ ឬជាលេសសម្រាប់ការលោភលន់ឡើយ មានព្រះជាម្ចាស់ជាបន្ទាល់។ 6 ឬ យើងក៏មិនបានស្វែងរកសិរីល្អពីមនុស្សដែរ មិនថាពីបងប្អូន ឬអ្នកផ្សេងៗទៀត។ យើងមានឯកសិទ្ធិជាសាវករបស់ព្រះគ្រិស្ត។ 7 តែផ្ទុយទៅវិញ យើងដូចជាសាសន៍ដទៃនៅក្នុងចំណោមអ្នករាល់គ្នា ដូចជាម្តាយដែលលួងលោមកូនរបស់ខ្លួន។ 8 នេះគឺជារបៀបនៃសេចក្តីស្រឡាញ់ដែលយើងមានសម្រាប់បងប្អូន។ យើងមានអំណរក្នុងការចែកចាយជាមួយបងប្អូន មិនគ្រាន់តែដំណឹងល្អរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជីវិតរបស់យើងផងដែរ។ ដ្បិត អ្នករាល់គ្នាបានក្លាយជាទីស្រឡាញ់សម្រាប់យើងហើយ។ 9 បងប្អូនចាំ ពីកិច្ចការ និងការងាររបស់យើងហើយ។ ទាំងយប់ទាំងថ្ងៃ យើងខំធ្វើការ ដើម្បីកុំឲ្យយើងបានក្លាយជាបន្ទុកដល់នរណាម្នាក់ឡើយ។ នៅក្នុងអំឡុងពេលនោះ យើងបានប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់បងប្អូន។ 10 អ្នករាល់គ្នាគឺជាបន្ទាល់ ហើយព្រះជាម្ចាស់ក៏ជាសាក្សីរបស់យើងផងដែរ ពីរបៀប ដ៏វិសុទ្ធ សុចរិត និងគ្មានកន្លែងបន្ទោសបាន ដែលយើងបានប្រព្រឹត្តខ្លួនយើងនៅចំពោះបងប្អូនអ្នកជឿ។ 11 ដូចគ្នានេះដែរ អ្នកបានដឹងពីរបៀបដែលយើងបានប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ប្រៀបដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់គាត់ផ្ទាល់ 12 យើងអង្វរ និងលើកទឹកចិត្ត ព្រមទាំងដាស់តឿនដល់អ្នករាល់គ្នា ឲ្យដើរតាមបែបស័ក្កសមចំពោះព្រះជាម្ចាស់ ដែលបានត្រាស់ហៅអ្នកមកក្នុងព្រះរាជ្យ និងសិរីល្អរបស់ព្រះអង្គផ្ទាល់។ 13 ដោយហេតុផលនេះហើយ យើងក៏អរគុណដល់ព្រះជាម្ចាស់ជានិច្ច។​ ដ្បិត នៅពេលអ្នករាល់គ្នាបានទទួលព្រះរាជសាររបស់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានឮ អ្នករាល់គ្នាបានទទួលពីយើង អ្នករាល់គ្នាប្រៀបដូចជាព្រះបន្ទូលរបស់ព្រះផ្ទាល់។ គឺព្រះបន្ទូលនេះហើយដែលធ្វើការនៅក្នុងចំណោមអ្នករាល់គ្នា និងក្នុងចំណោមអ្នកជឿដែរ។ 14 ដ្បិត បងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាគំរូរបស់ក្រុមជំនុំផ្សេងៗរបស់ព្រះជាម្ចាស់ ដែលនៅក្នុងយូដា នៅក្នុងព្រះគ្រិស្តយេស៊ូ។ ដ្បិត អ្នករាល់គ្នាក៏បានរងទុក្ខដូចគ្នាពីបងប្អូនជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលពួកគេបានរងទុក្ខពីសាសន៍យូដាដែរ។ 15 គឺជាសាសន៍យូដាហើយដែលបានសម្លាប់ទាំងព្រះអម្ចាស់យេស៊ូ និងពួកព្យាការី។ គឺពួកយូដាហើយ ដែលបណ្តេញពួកយើងចេញ។ ពួកគេមិនបានធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យទេ។ ផ្ទុយទៅវិញ ពួកគេប្រឆាំងជាមួយមនុស្សគ្រប់គ្នា។ 16 ពួកគេបានហាមប្រាមយើងមិនឲ្យប្រកាសទៅកាន់សាសន៍ដទៃ ដើម្បីឲ្យពួកគេបានសង្គ្រោះឡើយ។ ជាលទ្ធផល ពួកគេបានធ្វើឲ្យបាប ធ្លាក់មកលើពួកគេកាន់តែច្រើន។ សេចក្តីក្រោធត្រូវតែធ្លាក់មកលើពួកគេនៅទីបញ្ចប់។ 17 បងប្អូនអើយ យើងត្រូវបានញែកដោយឡែកពីបងប្អូន តែមួយរយៈខ្លីតែប៉ុណ្ណោះ ខាងឯសាច់ឈាម ប៉ុន្តែមិនមែនខាងឯចិត្តគំនិតរបស់យើងទេ។ ជាពិសេសយើងមានចិត្តប្រាថ្នាចង់ឃើញមុខអ្នករាល់គ្នាយ៉ាងខ្លាំង។ 18 ដ្បិត ខ្ញុំ ប៉ូល ម្តងហើយម្តងទៀត យើងចង់មកឯអ្នករាល់គ្នាណាស់ ប៉ុន្តែ សាតាំងបានរារាំងយើង។ 19 ដ្បិត តើអ្វីទៅជាសេចក្តីសង្ឃឹមនៃអនាគតរបស់យើង ឬអំណរ ឬជាភួងជ័យនៅចំពោះព្រះអម្ចាស់យេស៊ូនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬអី? 20 ដ្បិតអ្នករាល់គ្នាគឺជាសិរីល្អ និងជាអំណររបស់យើង។


ជំពូក 3

1 ដូច្នេះហើយ នៅពេលយើងទ្រាំលែងបានទៀត យើងគិតថា គឺជាការល្អ បើយើងចេញទៅក្រុងអាថែន។ 2 យើងបានបញ្ជូនធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងាររបស់យើងសម្រាប់ព្រះជាម្ចាស់ នៅក្នុងដំណឹងល្អរបស់ព្រះគ្រិស្ត ដើម្បីចម្រើនកម្លាំង និងកំសាន្តចិត្តអ្នករាល់គ្នាទាក់ទងនឹងជំនឿរបស់អ្នករាល់គ្នា។ 3 យើងធ្វើការដូច្នេះ ដើម្បីកុំឲ្យនរណាម្នាក់ត្រូវបានបោះបង់ចោលនៅពេលជួបទុក្ខលំបាក។ ដ្បិតបងប្អូនដឹងស្រាប់ហើយថា ព្រះអង្គបានជ្រើសរើសយើងសម្រាប់ការនេះ។ 4 ពិតណាស់ ពេលយើងនៅជាមួយនឹងបងប្អូន យើងបានប្រាប់បងប្អូនជាមុនហើយថា យើងបានរងទុក្ខដោយសេចក្តីស្រឡាញ់ ហើយការនោះបានកើតឡើងដូចអ្នកបានដឹងស្រាប់ហើយ។ 5 ដោយហេតុនេះហើយ​ នៅពេលខ្ញុំឈរលែងបានទៀត ខ្ញុំបានចាត់គាត់មក ដើម្បីខ្ញុំអាចដឹងពីជំនឿរបស់អ្នករាល់គ្នា។​ ប្រហែលជាមេល្បួង ពេលខ្លះបានល្បួងអ្នករាល់គ្នា ហើយការងាររបស់យើងត្រូវបានក្លាយជាឥតប្រយោជន៍។ 6 ប៉ុន្តែ ធីម៉ូថេបានចេញពីអ្នករាល់គ្នា មកឯយើងវិញ ហើយបាននាំដំណឹងល្អនៃជំនឿ ហើយនិងសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា។ គាត់បានប្រាប់យើងថា អ្នករាល់គ្នាបាននឹកចាំពីយើងខ្ញុំជានិច្ច ហើយបងប្អូនលែងបានឃើញយើង ហើយយើងក៏លែងបានឃើញបងប្អូនផងដែរ។ 7 បងប្អូនអើយ ដោយហេតុនេះហើយ យើងបានកំសាន្តចិត្តដោយសារជំនឿរបស់បងប្អូន ពីគ្រប់ទាំងទុក្ខលំបាក និងការរងទុក្ខរបស់យើង។ 8 ដ្បិត យើងរស់នៅ ប្រសិនបើ អ្នកឈរមាំក្នុងព្រះអម្ចាស់។ 9 ហើយ តើអ្វីទៅដែលយើងអាចនឹងអរគុណដល់ព្រះជាម្ចាស់សម្រាប់បងប្អូន គឺគ្រប់ទាំងអំណរដែលយើងមាននៅចំពោះព្រះជាម្ចាស់ពីអ្នករាល់គ្នាវិញ? 10 ទាំងយប់ទាំងថ្ងៃ យើងអធិស្ឋានយ៉ាងខ្លាំងថា យើងអាចជួបមុខបងប្អូន ហើយអាចផ្តល់អ្វីដែលជាជំនឿសម្រាប់បងប្អូនដែលខ្វះខាត។ 11 សូមព្រះជាម្ចាស់នៃយើង ព្រះបិតាផ្ទាល់ និងព្រះអម្ចាស់យេស៊ូនៃយើងបានដឹកនាំផ្លូវរបស់យើងទៅរកបងប្អូន។ 12 សូមព្រះអម្ចាស់ធ្វើឲ្យបងប្អូនបានចម្រើនឡើង និងមានសេចក្តីស្រឡាញ់ជាបរិបូរដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សគ្រប់គ្នាផង ដូចដែលយើងបានធ្វើជាមួយបងប្អូនដែរ។ 13 សូមព្រះអង្គចម្រើនកម្លាំងចិត្តដល់បងប្អូន ដើម្បីឲ្យអ្នករាល់គ្នាក្លាយជាមនុស្សដែលគ្មានកន្លែងបន្ទោសបាន នៅក្នុងដ៏វិសុទ្ធក្នុងព្រះជាម្ចាស់ និងព្រះបិតានៃយើង នៅពេលព្រះអម្ចាស់យេស៊ូគ្រិស្តយាងត្រឡប់មកវិញជាមួយនឹងពួកដ៏វិសុទ្ធរបស់ព្រះអង្គ។


ជំពូក 4

1 ជាចុងក្រោយ បងប្អូនអើយ យើងលើកទឹកចិត្ត និងដាស់តឿនដល់បងប្អូននៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ត។ ដូចដែលបងប្អូនបានទទួលសេចក្តីបង្គាប់ពីយើងរួចហើយ អំពីរបៀបនៃការដើរយ៉ាងណាឲ្យគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ គឺដើរក្នុងរបៀបនេះឯង ដើម្បីឲ្យអ្នកបានធ្វើការច្រើនថែមទៀត។ 2 ដ្បិត បងប្អូនបានដឹងស្រាប់ហើយ ពីការណែនាំដែលយើងបានផ្តល់ដល់អ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូ។ 3 ដ្បិត នេះគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានជ្រះស្អាត ដោយចៀសចេញពីការប្រព្រឹត្តខុសសីលធម៌ខាងផ្លូវភេទ 4 ដែលបងប្អូនម្នាក់ៗបានដឹងរួចមកហើយ ពីរបៀបនៃការគ្រប់គ្រងរូបកាយរបស់ខ្លួន នៅក្នុងភាពដ៏វិសុទ្ធ និងថ្លៃថ្នូរ 5 មិនត្រូវនៅក្នុងតណ្ហាក្រាស់ (ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះជាម្ចាស់ឡើយ)។ 6 កុំឲ្យនរណាម្នាក់ធ្វើរំលង និងខុសឆ្គងជាមួយបងប្អូនរបស់ខ្លួននៅក្នុងរឿងនេះឡើយ។ ដ្បិត ព្រះអម្ចាស់នឹងសងសឹកជាមួយនឹងការទាំងអស់នោះ ដូចដែលយើងបានដាស់តឿនបងប្អូន និងថ្លែងជាមួយបងប្អូនពីមុនរួចហើយ។ 7 ដ្បិត ព្រះជាម្ចាស់មិនបានហៅយើងមកនៅក្នុងភាពមិនស្អាតឡើយ ប៉ុន្តែ នៅក្នុងភាពបរិសុទ្ធវិញ។ 8 ដូច្នេះហើយ អ្នកណាដែលបដិសេធការនេះ គឺបដិសេធព្រះជាម្ចាស់ ដែលប្រទានភាពបរិសុទ្ធដល់អ្នក។ 9 ទាក់ទងនឹងសេចក្តីស្រឡាញ់បងប្អូនអើយ អ្នកបានធ្វើហើយ មិនចាំបាច់ឲ្យនរណាសរសេរសំបុត្រមកកាន់បងប្អូនឡើយ ព្រោះព្រះជាម្ចាស់បានបង្រៀនដល់បងប្អូនដោយផ្ទាល់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក។ 10 ពិតណាស់ បងប្អូនបានធ្វើការនេះ ជាមួយបងប្អូនគ្រប់គ្នា ដល់អស់អ្នកដែលនៅស្រុក​ម៉ាសេ‌ដូន​ទាំងអស់។ 11 ប៉ុន្តែ យើងសូមដាស់តឿនដល់បងប្អូន ចង់ឲ្យបងប្អូនរស់នៅជាមួយគ្នាដោយស្ងៀមស្ងាត់ គិតពីការងារខ្លួនឯង ហើយខំប្រឹងធ្វើការ ដូចដែលយើងបានបង្គាប់ដល់បងប្អូន។ 12 ដើម្បីឲ្យបងប្អូនបានដើរត្រឹមត្រូវចំពោះអ្នកនៅខាងក្រៅ និងគ្មានអ្វីដែលខ្វះខាតឡើយ។ 13 បងប្អូនអើយ យើងមិនចង់ឲ្យបងប្អូនយល់ច្រឡំឡើយ អំពីអស់អ្នកដែលដេកលក់ទៅហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាយំសោកដូចមនុស្សដទៃទៀតដែលពួកគេមិនដឹងច្បាស់អំពីអនាគត។ 14 ដ្បិត បើយើងជឿថា ព្រះយេស៊ូបានសុគត ហើយរស់ឡើងវិញ ហើយ ព្រះជាម្ចាស់បាននាំអស់អ្នកដែលបានដេកលក់នៅក្នុងព្រះអង្គឡើងមកវិញដែរ។ 15 ដោយហេតុនេះ យើងនិយាយមកកាន់បងប្អូន តាមរយៈព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលនៅរស់នៅឡើយ យើងនឹងនៅរហូតទាល់តែព្រះអម្ចាស់យាងត្រឡប់មកវិញ យើងប្រាកដជាមិនឡើងទៅមុនអស់អ្នកដែលបានដេកលក់នោះទេ។ 16 ដ្បិត ព្រះអម្ចាស់ផ្ទាល់នឹងចុះពីស្ថានសួគ៌មក។ ព្រះអង្គនឹងយាងមកជាមួយនឹងសម្រែកមួយ ជាមួយនឹងសម្លេងរបស់មហាទេវតា និងជាមួយនឹងសម្លេងត្រែរបស់ព្រះជាម្ចាស់ ហើយអ្នកដែលស្លាប់ក្នុងព្រះគ្រិស្ត នឹងរស់ឡើងវិញមុនគេ។ 17 បន្ទាប់មកយើងគឺជាអ្នកដែលនៅសល់ ក៏រស់ឡើងវិញដែរ យើងនឹងឡើងទៅជួបជាមួយគ្នានៅឯពពក។ តាមរបៀបនេះឯង យើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។ 18 ដូច្នេះហើយ ចូរកម្សាន្តចិត្តដល់គ្នាទៅវិញទៅមកជាមួយនឹងពាក្យទាំងនេះ។


ជំពូក 5

1 ឥឡូវនេះ ទាក់ទងនឹងពេលវេលា និងពេលកំណត់នោះ បងប្អូនអើយ អ្នកមិនចាំបាច់ត្រូវការសំបុត្រអ្វីពីនរណា មកអ្នករាល់គ្នាទៀតឡើយ។ 2 ដ្បិត អ្នករាល់គ្នាបានដឹងយ៉ាងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរនៅពេលយប់។ 3 នៅពេលដែលពួកគេនិយាយពី «សន្តិភាព និងសុវត្ថិភាព» ដូច្នេះ មហន្តរាយនឹងធ្លាក់មកលើពួកគេដែរ។ វាប្រៀបដូចជាការឈឺពោះរបស់ស្រីមានផ្ទៃពោះនៅពេលសម្រាលកូន។ ពួកគេគ្មានផ្លូវអាចគេចវេសបានទេ។ 4 ប៉ុន្តែ ឯបងប្អូនវិញ គឺមិនស្ថិតនៅក្នុងទីងងឹតទេ​ ដូច្នេះ ថ្ងៃនោះមិនអាចយកឈ្នះអ្នករាល់គ្នាដូចជាចោរឡើយ។ 5 ដ្បិតអ្នករាល់គ្នាគឺជាបុត្រនៃពន្លឺ ហើយក៏ជាបុត្រនៃពេលថ្ងៃដែរ។ យើងមិនមែនជាបុត្រនៃពេលយប់ ឬងងឹតនោះទេ។ 6 ដូច្នេះ យើងមិនត្រូវគេងលក់ដូចមនុស្សផ្សេងទៀតដែរ។ ផ្ទុយទៅវិញ ចូរយើងចាំយាម ហើយមានចិត្តម៉ឺងម៉ាត់។ 7 ដ្បិតអស់អ្នកដែលគេងលក់ គេគេងលក់នៅពេលយប់មែន ហើយអស់អ្នកដែលស្រវឹងក៏គេស្រវឹងនៅពេលយប់ដែរ។ 8 ប៉ុន្តែ ដោយព្រោះយើងជាកម្មសិទ្ធិនៃពន្លឺ យើងត្រូវតែរក្សាចិត្តម៉ឺងម៉ាត់ ហើយបំពាក់ជំនឿ និងសេចក្តីស្រឡាញ់ទុកដូចជាប្រដាប់បាំងដើមទ្រូង ហើយពាក់មួកនៃសេចក្តីសង្គ្រោះសម្រាប់អនាគតរបស់យើង។ 9 ដ្បិត ព្រះជាម្ចាស់មិនបានតម្រូវយើងសម្រាប់សេចក្តីក្រោធឡើយ ប៉ុន្តែ ដើម្បីទទួលសេចក្តីសង្គ្រោះតាមរយៈព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងវិញ។ 10 គឺព្រះអង្គហើយដែលសុគតសម្រាប់យើង ទោះបើ យើងដេកលក់ ឬភ្ញាក់ឡើងក្តី យើងអាចរស់នៅជាមួយព្រះអង្គ។ 11 ដូច្នេះហើយ ចូរកម្លាចិត្តគ្នាទៅវិញទៅមក ហើយស្អាងគ្នាទៅវិញទៅមក ដូចដែលខ្ញុំធ្លាប់បានធ្វើរួចមកហើយ។ 12 បងប្អូនអើយ យើងសូមឲ្យអ្នករាល់គ្នា ទទួលស្គាល់ ថាតើអ្នកណាបានធ្វើការនៅក្នុងចំណោមបងប្អូន ហើយអ្នកណាដែលមើលថែបងប្អូននៅក្នុងព្រះអម្ចាស់ ហើយអ្នកណាគ្រប់គ្រងបងប្អូន។ 13 យើងក៏សូមបងប្អូនផងដែរ ទាក់ទងនឹងពួកអ្នកដែលមានសេចក្តីស្រឡាញ់ដ៏លើសលប់ ដោយព្រោះការងាររបស់ពួកគេ។ ចូររស់នៅជាមួយគ្នាដោយសុខសាន្ត។ 14 យើងដាស់តឿនអ្នករាល់គ្នា បងប្អូនអើយ ចូរដាស់តឿនពួកអ្នកដែលគ្មានរបៀបរៀបរយ លើកទឹកចិត្តដល់អ្នកដែលបាក់ទឹកចិត្ត ជួយអ្នកដែលទន់ខ្សោយ ចូរអត់ធ្មត់ចំពោះមនុស្សគ្រប់គ្នា។ 15 ចូរប្រយ័ត្ន កុំឲ្យនរណាសងការអាក្រក់ចំពោះការអាក្រក់ដល់នរណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ចូរដេញតាមអ្វីដែលល្អសម្រាប់គ្នាទៅវិញទៅមក ហើយសម្រាប់មនុស្សគ្រប់គ្នាដែរ។ 16 ចូរមានអំណរជានិច្ច។ 17 ចូរអធិស្ឋានឥតឈប់ឈរ។ 18 ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់។ ដ្បិតនេះគឺជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្តយេស៊ូសម្រាប់អ្នក។ 19 កុំពន្លត់ព្រះវិញ្ញាណឡើយ។ 20 កុំមើលងាយទំនាយឡើយ។ 21 ចូរល្បងលគ្រប់ការទាំងអស់។ ចូរប្រកាន់ភា្ជប់អ្វីដែលល្អ។ 22 ចូរចៀសវាងការអាក្រក់គ្រប់យ៉ាង។ 23 សូមព្រះនៃសេចក្តីសុខសាន្ត បានធ្វើឲ្យអ្នករាល់គ្នាបានបវិសុទ្ធទាំងស្រុង។ សូមការពារវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាកុំឲ្យមានកន្លែងបន្ទោសបាន សម្រាប់ការយាងមករបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ 24 ចូរមានជំនឿទៅលើព្រះអង្គដែលបានត្រាស់ហៅយើង ព្រះអង្គនិងធ្វើកិច្ចការនេះ។ 25 បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង។ 26 សូមសួរសុខទុក្ខដល់បងប្អូនទាំងអស់ដែលនៅជាមួយបងប្អូនដោយការថើបដ៏វិសុទ្ធ។ 27 ខ្ញុំសូមបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថានេះគឺជាសំបុត្រដែលត្រូវអានទៅកាន់បងប្អូនទាំងអស់គ្នា។ 28 សូមព្រះគុណនៃព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងគង់ជាមួយបងប្អូនទាំងអស់គ្នា។


Book: 2 Thessalonians

2 Thessalonians

ជំពូក 1

1 ខ្ញុំ ប៉ូល និងលោកស៊ីវ៉ាន ហើយនិងលោកធីម៉ូថេ ជូនចំពោះក្រុមជំនុំថេស្សាឡូនិក នៅក្នុងព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។ 3 បងប្អូនអើយ យើងត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ជានិច្ចសម្រាប់អ្នករាល់គ្នា។ ដ្បិត ការកោតសរសើរនេះ ដោយសារជំនឿរបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយការស្រឡាញ់គ្នាទៅវិញទៅមករបស់អ្នករាល់គ្នាបានចម្រើនជាបរិបូរដែរ។ 4 ដូច្នេះ យើងខ្លួនឯងក៏និយាយដោយមោទនភាពអំពីការអត់ធ្មត់ និងជំនឿនៅក្នុងគ្រប់ទាំងការរបៀតបៀនរបស់អ្នករាល់គ្នា។ 5 យើងបាននិយាយអំពីទុក្ខលំបាកដែលអ្នកបានទ្រាំទ្រ។ នេះគឺជាសញ្ញានៃការវិនិច្ឋ័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ជាលទ្ធផលដែលរាប់ថាអ្នកស័ក្តសមនឹងព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយព្រះការឈឺចាប់របស់អ្នករាល់គ្នា។ 6 វាគឺជាសេចក្តីសុចរិតសម្រាប់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គបង្វែរទុក្ខវេទនាដល់អស់អ្នកដែលធ្វើទុក្ខដល់យើងវិញ 7 ហើយអ្នកបានសម្រាកជាមួយអស់អ្នកដែលរងទុក្ខជាមួយយើងដែរ។ ព្រះអង្គនឹងធ្វើការនេះ នៅពេលដែលព្រះអម្ចាស់យេស៊ូយាងត្រឡប់ពីស្ថានសួគ៌មកវិញ ជាមួយពួកទេវតាដែលមានអំណាចរបស់ព្រះអង្គ។ 8 នៅក្នុងអណ្តាតភ្លើង ព្រះអង្គសងសឹកលើអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ហើយលើអស់អ្នកដែលមិនឆ្លើយតបចំពោះដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូនៃយើង។ 9 ពួកគេនឹងរងទុក្ខទោសនៃការបំផ្លាញដ៏នៅអស់កល្បជានិច្ច នៅឆ្ងាយពីព្រះវត្តមានរបស់ព្រះជាម្ចាស់ និងពីសិរីល្អដ៏មានចេស្តារបស់ព្រះអង្គ។ 10 ព្រះអង្គនឹងធ្វើការនេះ នៅពេលដែលព្រះអង្គយាងមកនៅថ្ងៃនោះ បានទទួលសិរីល្អដោយសារប្រជារាស្រ្តរបស់ព្រះអង្គ និងទទួលការស្ងើចសរសើរយ៉ាងខ្លាំងពីអ្នកដែលជឿព្រះអង្គទាំងអស់។ ដ្បិត អ្នករាល់គ្នាបានជឿពីបន្ទាល់របស់យើងរួចមកហើយ។ 11 ដោយហេតុនេះហើយ យើងក៏បន្តអធិស្ឋានឲ្យអ្នករាល់គ្នាផងដែរ។ យើងអធិស្ឋានថា ព្រះជាម្ចាស់របស់យើង រាប់អ្នកថា ស័ក្តសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ យើងអធិស្ឋានថា ព្រះអង្គនឹងបំពេញគ្រប់ទាំងចិត្តប៉ងប្រាថ្នានៃការធ្វើការល្អ និងគ្រប់ទាំងការល្អនៃជំនឿជាមួយនឹងអំណាចដែរ។ 12 យើងអធិស្ឋានការទាំងនេះ ដើម្បីឲ្យព្រះនាមរបស់ព្រះអម្ចាស់យេស៊ូនៃយើងបានទទួលសិរីល្អដោយសារអ្នករាល់គ្នា។ យើងអធិស្ឋានថា អ្នកនឹងថ្វាយសិរីល្អដល់ព្រះអង្គ ដោយព្រោះព្រះគុណរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត។


ជំពូក 2

1 ឥឡូវនេះ ទាក់ទងនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង និងការជួបជុំជាមួយគ្នា ដើម្បីនៅជាមួយព្រះអង្គ បងប្អូនអើយ យើងអង្វរអ្នករាល់គ្នា 2 សូមកុំងាយនឹងរំខាន ឬខ្វល់ខ្វាយ មិនថាដោយវិញ្ញាណ ឬសារ ឬដោយសំបុត្រដែលហាក់បីដូចជាមកពីយើងក្តីថា ថ្ងៃរបស់ព្រះជាម្ចាស់បានមកដល់រួចមកហើយ។ 3 សូមកុំឲ្យនរណាម្នាក់បោកប្រាស់អ្នករាល់គ្នាដោយរបៀបណាមួយបានឡើយ រហូតទាល់តែ បន្ទាប់ពីមនុស្សលះបង់ជំនឿ និងមនុស្សទទឹងច្បាប់លេចមកជាមុនសិន គឺជាកូននៃការបំផ្្លាញ។ 4 គឺវាហើយដែលបះបោរ ហើយលើកខ្លួន ឬប្រឆាំងជាមួយអ្វីដែលហៅថា ព្រះជាម្ចាស់ ឬការថ្វាយបង្គំ។ ជាលទ្ធផល វាបានអង្គុយនៅក្នុងព្រះវិហារនៃព្រះជាម្ចាស់ ហើយបង្ហាញខ្លួនឯងថាជាព្រះជាម្ចាស់។ 5 តើអ្នករាល់គ្នាមិនចាំទេឬអីថា នៅពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់ការទាំងអស់នេះដល់អ្នករាល់គ្នារួចហើយ? 6 ឥឡូវនេះ អ្នកដឹងថាអ្វីដែលអាចរារាំងវាបានហើយ ដើម្បីឲ្យវាបានបង្ហាញខ្លួននៅពេលកំណត់។ 7 ដ្បិត អាថ៌កំបាំងគឺបាន និងកំពុងធ្វើការហើយ មានតែម្នាក់ដែលរារាំងវា រហូតទាល់តែត្រូវដកវាចេញ។ 8 ដូច្នេះ ពួកទទឹងច្បាប់នឹងបង្ហាញខ្លួន គឺជាអ្នកដែលព្រះជាម្ចាស់យេស៊ូនឹងសម្លាប់ដោយដង្ហើមដែលចេញពីព្រះឱស្ឋព្រះអង្គមក។ ព្រះអម្ចាស់នឹងបំផ្លាញវា​ដោយការបើកសម្តែងនៃការយាងមកវិញរបស់ព្រះអង្គ។ 9 ពួកទទឹងច្បាប់នឹងមក ហើយធ្វើការដោយពឹងផ្អែកលើអំណាចសាតាំងទាំងស្រុង រួមជាមួយ ការអស្ចារ្យ និងទីសម្គាល់ក្លែងក្លាយ និងជាមួយបោកប្រាស់នៃអំពើទុច្ចរិតគ្រប់យ៉ាង។ 10 ការទាំងនេះនឹងកើតឡើងសម្រាប់អស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនបានទទួលសេចក្តីស្រឡាញ់នៃសេចក្តីពិតសម្រាប់ពួកគេឲ្យបានសង្គ្រោះ។ 11 ដ្បិត ដោយហេតុនេះហើយ បានជាព្រះជាម្ចាស់ចាត់ពួកគេដើម្បីធ្វើការបោកប្រាស់ ដើម្បីឲ្យពួកគេបានជឿនៅក្នុងសេចក្តីកុហកនោះ។ 12 ជាលទ្ធផលពួកគេនឹងត្រូវវិនិច្ឆ័យគ្រប់គ្នា អស់អ្នកដែលមិនជឿលើសេចក្តីពិត ប៉ុន្តែ ផ្ទុយទៅវិញពួកគេរីករាយក្នុងអំពើទុច្ចរិតវិញ។ 13 ប៉ុន្តែ យើងត្រូវអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់បងប្អូនជានិច្ច បងប្អូនជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ។ ដ្បិត ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្តីសង្គ្រោះនៅក្នុងភាពសុចរិតរបស់ព្រះវិញ្ញាណ និងជំនឿនៅក្នុងសេចក្តីពិត។ 14 នេះគឺជាអ្វីដែលព្រះជាម្ចាស់បានហៅអ្នករាល់គ្នាតាមរយៈដំណឹងល្អរបស់យើង ដើម្បីទទួលសិរីល្អរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។ 15 ដូច្នេះ បងប្អូនអើយ ចូរឈរមាំ។ ចូរកាន់ខ្ជាប់សន្តាប់ធ្នាប់ដែលយើងបានបង្រៀនដល់អ្នករាល់គ្នា មិនថាដោយសំដី ឬដោយសំបុត្ររបស់យើងទេ។ 16 ឥឡូវនេះ សូមព្រះអម្ចាស់យេស៊ូគ្រិស្តផ្ទាល់ និងព្រះបិតានៃយើង ដែលស្រឡាញ់យើង ហើយប្រទានដល់យើងនូវការកម្សាន្តចិត្តដ៏នូវអស់កល្ប និងការមានទំនុកចិត្តមុតមាំសម្រាប់អនាគត តាមរយៈព្រះគុណ 17 ចូរកម្សាន្តចិត្ត ហើយពង្រឹងចិត្តរបស់អ្នករាល់គ្នាឲ្យរឹងមាំនៅក្នុងការល្អ និងសំដីគ្រប់យ៉ាង។


ជំពូក 3

1 ឥឡូវនេះ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយលឿន ហើយបានប្រកបដោយសិរីល្អនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ 2 សូមអធិស្ឋាន ឲ្យយើងបានរួចផុតពីមនុស្សទុច្ចរិត និងអាក្រក់ ព្រោះមិនមែនមនុស្សគ្រប់គ្នាមានជំនឿនោះទេ។ 3 ប៉ុន្តែ ព្រះអម្ចាស់ស្មោះត្រង់ ដែលបានសាង ហើយការពារអ្នករាល់គ្នាពីមនុស្សអាក្រក់។ 4 យើងមានទំនុកចិត្តជាមួយបងប្អូននៅក្នុងព្រះអម្ចាស់ ថាបងប្អូននឹងធ្វើ ហើយបន្តក្នុងការធ្វើការនោះ ដូចដែលយើងបានបង្គាប់ដល់បងប្អូន។ 5 សូមព្រះអម្ចាស់ដឹកនាំចិត្តរបស់អ្នករាល់គ្នា ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងឲ្យអត់ធ្មត់នៅក្នុងព្រះគ្រិស្ត។ 6 ឥឡូវនេះ បងប្អូនអើយ យើងបង្គាប់ដល់អ្នករាល់គ្នា នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងថា ចូរចៀសចេញពីបងប្អូនណាដែលរស់នៅគ្មានសណ្តាប់ធ្នាប់ ហើយមិនរស់តាមរបៀបដែលអ្នកបានទទួលពីយើង។ 7 ដ្បិត អ្នករាល់គ្នាដឹងហើយថាអ្វីដែលត្រឹមត្រូវសម្រាប់អ្នករាល់គ្នាយកតម្រាបតាមយើង។ យើងមិនបានរស់នៅក្នុងចំណោមអ្នករាល់គ្នាដូចអស់អ្នកដែលគ្មានរបៀបវិន័យនោះទេ។ 8 យើងមិនបានទទួលអាហាររបស់នរណាម្នាក់ ដោយមិនបានបង់លុយនោះទេ។ ផ្ទុយទៅវិញ យើងបានខំប្រឹងធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងបានក្លាយជាបន្ទុកដល់នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។ 9 យើងធ្វើបែបនេះ មិនមែនដោយសារយើងគ្មានសិទ្ធិអំណាចនោះទេ ផ្ទុយទៅវិញ យើងធ្វើបែបនេះ ដើម្បីធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចយកតម្រាបតាមយើងវិញ។ 10 នៅពេលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់ដល់អ្នករាល់គ្នាថា «ប្រសិនបើ នរណាម្នាក់មិនចង់ធ្វើការ អ្នកនោះមិនគួរឲ្យហូបទេ»។ 11 ដ្បិត យើងឮថា មានអ្នកខ្លះរស់នៅដោយខ្ជិលច្រអូសនៅក្នុងចំណោមអ្នករាល់គ្នា។ ពួកគេមិនបានធ្វើការ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេចូលចិត្តច្រៀតជ្រែកកិច្ចការរបស់អ្នកដទៃ។ 12 ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនបងប្អូននៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តថា ចូរឲ្យពួកគេធ្វើការដោយឥតរអ៊ូរទាំឡើយ ហើយហូបអាហាររបស់ពួកគេផ្ទាល់។ 13 ប៉ុន្តែ ឯអ្នករាល់គ្នាវិញ បងប្អូនអើយ មិនត្រូវបាក់ទឹកចិត្តក្នុងការធ្វើអ្វីដែលត្រឹមត្រូវឡើយ។ 14 ប្រសិនបើ នរណាម្នាក់មិនស្តាប់បង្គាប់តាមពាក្យរបស់យើង ដែលនៅក្នុងសំបុត្រនេះទេ ចូរសម្គាល់អ្នកនោះ ហើយកុំទាក់ទងជាមួយគាត់ឡើយ ធ្វើដូច្នេះ គាត់អាចនឹងអាម៉ាស់។ 15 សូមកុំរាប់គាត់ថាជាសត្រូវឡើយ ប៉ុន្តែ ដាស់តឿនគាត់ដូចជាបងប្អូនវិញ។ 16 សូមព្រះអម្ចាស់នៃេចក្តីសុខសាន្ត ប្រទានសេចក្តីសុខសាន្តដល់អ្នករាល់គ្នាគ្រប់ពេលវេលាក្នុងគ្រប់ការទាំងអស់។ សូមព្រះអម្ចាស់គង់នៅជាមួយអ្នកទាំងអស់គ្នា។ 17 នេះគឺជាពាក្យជម្រាបសួររបស់ខ្ញុំ ប៉ូល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ ជាសញ្ញានៅក្នុងសំបុត្រទាំងអស់។ នេះគឺជារបៀបដែលខ្ញុំសរសេរ។ 18 សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងបាននៅជាមួយអ្នកទាំងអស់គ្នា។


Book: 1 Timothy

1 Timothy

ជំពូក 1

1 ខ្ញុំ ប៉ូលជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ ដែលធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង និងព្រះយេស៊ូគ្រិស្តដែលជាទីសង្ឃឹមរបស់យើង 2 មកដល់ ធីម៉ូថេជាកូនដ៏ពិតប្រាកដក្នុងជំនឿ។ សូមព្រះជាម្ចាស់ដែលជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះជាម្ចាស់នៃយើង ប្រទានព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្តមកដល់យើង។ 3 ខ្ញុំសូមផ្តែផ្តាំអ្នក ពេលខ្ញុំចាកចេញទៅស្រុក​ម៉ាសេ‌ដូន សូមអ្នកស្នាក់នៅក្រុង​អេភេសូ​រនេះ ដូច្នេះ អ្នកអាចហាមប្រាមមនុស្សមួយចំនួនទៀត កុំឲ្យបង្រៀនគោលលទ្ធិខុសឆ្គងណាផ្សេងទៀតឡើយ។ 4 ហើយកុំឲ្យពួកគេជាប់ចិត្តនឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនោះបង្កឲ្យមានជម្លោះ ជាជាងការគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ ដោយជំនឿ។ 5 ឥឡូវនេះ គោលបំណងនៃការហាមប្រាមនោះ គឺជាសេចក្តីស្រឡាញ់ចេញពីដួងចិត្តដ៏បរិសុទ្ធ មនសិកាជ្រះថ្លា និងជំនឿដ៏ស្មោះត្រង់ដែ។ 6 មានអ្នកខ្លះបានធ្វើខុសពីគោលបំណង ហើយបានបែរចេញពីសេចក្តីអស់ទាំងនោះ ទៅរកការនិយាយសម្តីល្ងីល្ងើវិញ។ 7 ពួកគេធ្វើជាអ្នកបង្រៀនខាងក្រឹត្យវិន័យ ទាំងខ្លួនមិនទាន់យល់ពីអ្វី ដែលខ្លួនបាននិយាយ ឬអ្វីដែលខ្លួនអះអាងផង។ 8 ពួកយើងដឹងហើយថាក្រឹត្យវិន័យល្អប្រសើរ​ លុះត្រាតែយើងប្រើត្រឹមត្រូវតាមក្បួនច្បាប់។ 9 យើងដឹងហើយថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតនោះទេ ប៉ុន្តែ បង្កើតឡើងសម្រាប់មនុស្សទុច្ចរិត មនុស្សមានចិត្តឃោរឃៅ មនុស្សមានបាប និងអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកប្រមាថទីសក្ការៈ។ ក្រឹត្យវិន័យនេះក៏សម្រាប់អ្នកសម្លាប់ឪពុកម្តាយរបស់ខ្លួន អ្នកសម្លាប់គេ 10 អ្នកល្មោភកាម មនុស្សគ្មានសីលធម៌ មនុស្សរួមភេទជាមួយភេទដូចគ្នា អ្នកដែលចាប់មនុស្សធ្វើជាទាសករ មនុស្សកុហក និងពួកអ្នកធ្វើបន្ទាល់ក្លែងក្លាយ ព្រមទាំងពួកអ្នកដែលទាស់ប្រឆាំងជាមួយនឹងសេចក្តីប្រៀនប្រដៅត្រឹមត្រូវ។ 11 សេចក្តីប្រៀនប្រដៅនេះ ស្របទៅនឹងដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។ 12 ខ្ញុំអរព្រះគុណដល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងដល់ខ្ញុំ រាប់ខ្ញុំជាមនុស្សស្មោះត្រង់ និងបានតែងតាំងឲ្យខ្ញុំបម្រើព្រះអង្គ។ 13 ខ្ញុំធ្លាប់ប្រមាថ ធ្លាប់បៀតបៀន និងជាមនុស្សឃោរឃៅ ប៉ុន្តែខ្ញុំបានទទួលសេចក្តីមេត្តាមកពីព្រះអង្គ ព្រោះខ្ញុំបានប្រព្រឹត្តដោយភាពល្ងង់ខ្លៅ កាលខ្ញុំមិនទាន់ជឿព្រះអង្គនៅឡើយ។ 14 ប៉ុន្តែ ព្រះគុណរបស់ព្រះជាម្ចាស់ ដែលហូរហៀមកលើខ្ញុំដោយជំនឿ ហើយនិងសេចក្តីស្រឡាញ់ក្នុងព្រះគ្រិស្តយេស៊ូ។ 15 ពាក្យទាំងនេះអាចជឿទុកចិត្តបាន ហើយស័ក្តិសមនឹងទទួលទាំងស្រុងថា ព្រះគ្រិស្តយេស៊ូបានយាងមកលើផែនដី ដើម្បីសង្គ្រោះមនុស្សមានបាប។ រូបខ្ញុំជាមនុស្សអាក្រក់ជាងគេ។ 16 ប៉ុន្តែហេតុផលនេះ ព្រះគ្រិស្តយេស៊ូ​បានសម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ជំពូក​ដល់​ខ្ញុំ​មុន​គេ ដើម្បីឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលជឿព្រះអង្គ ហើយទទួលបានជីវិតអស់កល្បជានិច្ច។ 17 សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ច មានព្រះជន្មមិនសាបសូន្យ មនុស្សមើលមិនឃើញ ព្រះជាម្ចាស់តែមួយ ប្រកបដោយកិត្តិនាម និងសិរីរុងរឿងគង់នៅអស់កល្បអង្វែងតទៅ! អាម៉ែន។ 18 ខ្ញុំសូមផ្តាំផ្ញើព្រះបន្ទូលដែលគេថ្លែងទុកមកនេះសម្រាប់ធីម៉ូថេ ជាកូនសម្លាញ់អើយ! ចូរ​ពឹង​ផ្អែក​លើ​ព្រះ‌បន្ទូល​នេះ ដើម្បី​ឲ្យកូនបានជាអ្នក​តយុទ្ធ​ឲ្យ​បាន​ល្អ​ 19 ចូរកាន់ខ្ជាប់ជំនឿ និងមានមនសិការល្អចុះ។ ដោយសារមានអ្នកខ្លះបដិសេធការទាំងនេះ បានធ្វើឲ្យជំនឿរបស់គេមានការលិចលង់ដែរ។ 20 មានដូចជា លោកហ៊ីមេ‌នាស និងលោកអលេក្សាន‌ត្រុសជាដើម ដែលខ្ញុំបានប្រគល់គេឲ្យទៅសាតាំង ដើម្បីឲ្យពួកគេរៀនឈប់ប្រមាថព្រះជាម្ចាស់តទៅទៀត។


ជំពូក 2

1 ជាដំបូងនេះ ខ្ញុំសូមផ្តែផ្តាំឲ្យអធិស្ឋានសូមព្រះជាម្ចាស់ ទូលអង្វរព្រះអង្គ ហើយអរព្រះគុណព្រះអង្គសម្រាប់មនុស្សទាំងអស់ផង 2 ចូរអធិស្ឋានសម្រាប់ស្តេច និងអ្នកកាន់អំណាចគ្រប់រូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត និងមិនមានចលាចល ក្នុងការគោរពប្រតិបត្តិព្រះជាម្ចាស់ និងមានជីវិតថ្លៃថ្នូរ។ 3 នេះគឺជាការល្អ និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលជាព្រះសង្គ្រោះនៃយើងរាល់គ្នា។ 4 ព្រះអង្គគាប់ព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ និងបានស្គាល់សេចក្តីពិតយ៉ាងច្បាស់។ 5 ដ្បិត មានព្រះជាម្ចាស់តែមួយ និងមានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស គឺព្រះគ្រិស្តយេស៊ូ។ 6 ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីលោះមនុស្សទាំងអស់គ្នា ទុកជាស្មរបន្ទាល់នៅពេលកំណត់មកដល់។ 7 ដោយសារមូលហេតុនេះ ព្រះអង្គតែងតាំងខ្ញុំផ្ទាល់ឲ្យធ្វើជាអ្នកប្រកាសសក្ខីភាព និងជាសាវ័ក។ ខ្ញុំនិយាយការពិត។ ខ្ញុំមិននិយាយកុហកទេ។ ខ្ញុំជាអ្នកបង្រៀនសាសន៍ដទៃអំពីជំនឿ និងសេចក្តីពិត។ 8 ហេតុដូចនេះហើយបានជា ខ្ញុំចង់ឲ្យបុរសទាំងអស់នៅគ្រប់ទីកន្លែង អធិស្ឋាន ហើយលើកដៃឡើងដោយចិត្តបរិសុទ្ធ ដោយមិនមានកំហឹង និងឈ្លោះប្រកែកគ្នាឡើយ។ 9 ដូចនេះដែរ ខ្ញុំក៏ចង់ឲ្យស្រ្តីទាំងអស់ស្លៀកសម្លៀកបំពាក់សមរម្យ មានភាពរម្យទម និងមានទំនួលខុសត្រូវ។ ពួកគេមិនគួរក្រងសក់ ពាក់មាស ឬគ្រឿងអលង្ការ ឬសម្លៀកបំពាក់ថ្លៃៗទេ។ 10 ខ្ញុំចង់ឲ្យពួកគេស្លៀកពាក់សមរម្យ ដែលជាស្រ្តីគោរពប្រតិបត្តិ កោតខ្លាចព្រះជាម្ចាស់​ តាមរយៈការធ្វើកិច្ចការល្អវិញ។ 11 នៅពេលរៀនព្រះបន្ទូល ស្ត្រីត្រូវតែចេះរក្សាភាពស្ងៀមស្ងាត់ ហើយស្តាប់បង្គាប់ទាំងស្រុង។ 12 ខ្ញុំមិនអនុញ្ញាតឲ្យស្រ្តីបង្រៀន ឬប្រើសិទ្ធិអំណាចត្រួតត្រាលើប្តីឡើយ ប៉ុន្តែ ត្រូវរស់នៅដោយស្ងៀមស្ងាត់វិញ។ 13 ដ្បិត ព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន បន្ទាប់មកបង្កើតនាងអេវ៉ាតាមក្រោយ។ 14 លោកអដាំមិនមែនជាអ្នកចាញ់បោកទេ ប៉ុន្តែ គឺស្ត្រីវិញទេតើដែលចាញ់បោក ហើយរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ថែមទៀតផង 15 ទោះបីជានាងត្រូវបានសង្គ្រោះតាមរយៈការបង្កើតកូនក្តី លុះត្រាតែពួកគេមានជំនឿ និងសេចក្តីស្រឡាញ់ សុភាពរាបសា ព្រមទាំងមានកិរិយាបរិសុទ្ធផង។


ជំពូក 3

1 ពាក្យនេះគួរឲ្យជឿដែរថា ប្រសិនបើនរណាម្នាក់ចង់ក្លាយជាអភិបាល គាត់មានបំណងធ្វើការល្អ។ 2 ដូច្នេះ អភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ។ គាត់ត្រូវមានប្រពន្ធតែមួយ។ គាត់ត្រូវមានចិត្តឈរជាកណ្តាល មានកិរិយាមារយាទល្អ រួសរាយរាក់ទាក់។ គាត់អាចបង្រៀនអ្នកដទៃទៀត 3 គាត់មិនត្រូវចំណូលស្រា មិនចេះឈ្លោះប្រកែក ក៏មិនចេះរករឿង មានចិត្តសប្បុរស មានចិត្តស្ងប់។ គាត់ត្រូវតែជាមនុស្សមិនស្រឡាញ់ប្រាក់ឡើយ។ 4 គាត់ត្រូវតែចេះគ្រប់គ្រងគ្រួសាររបស់គាត់ឲ្យបានល្អ ហើយកូនៗរបស់គាត់ត្រូវតែចេះស្តាប់បង្គាប់ ព្រមទាំងលើកកិត្តិយសដល់គាត់ដែរ។ 5 ប្រសិនបើគាត់មិនដឹងពីរបៀបគ្រប់គ្រងគ្រួសាររបស់គាត់ផង ធ្វើម្តេចឲ្យគាត់អាចមើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បាន? 6 គាត់មិនត្រូវជាអ្នកទើបជឿថ្មីឡើយ ព្រោះគាត់អាចអួតខ្លួន ហើយអាចធ្លាក់ទៅមានទោសដូចជាសាតាំង។ 7 ម៉្យាងទៀត គាត់ត្រូវតែជាអ្នកមានកេរ្តិ៍ឈ្មោះល្អពីសំណាក់ អ្នកដែលមិនមែនគ្រិស្តបរិស័ទផងដែរ ដូច្នេះ ទើបគាត់មិនធ្លាក់ក្នុងសេចក្តីអាម៉ាស់ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ 8 ចំណែក អ្នកជំនួយវិញក៏ដូចគ្នាដែរ ត្រូវមានសេចក្តីថ្លៃថ្នូរ មិនចេះនិយាយពាក្យកុហក។ ពួកគេជាមនុស្សមិនចំណូលស្រា ឬជាមនុស្សមិនលោភលន់។ 9 ពួកគេត្រូវតែបង្ហាញសេចក្តីពិតនៃជំនឿ ដោយមានមនសិការជ្រះថ្លា។ 10 ពួកគេត្រូវតែមានការទទួលស្គាល់ជាមុនសិន ទើបអាចបម្រើបាន ព្រោះពួកគេជាមនុស្សដែលគ្មានកន្លែងបន្ទោសបាន។ 11 ចំពោះស្រ្តីវិញក៏ដូច្នោះដែរ ត្រូវតែមានសេចក្តីថ្លៃថ្នូរ។ ពួកគេមិនមែនជាមនុស្សដែលជេរប្រមាថទេ។ ពួកគេត្រូវធ្វើជាគំរូ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ 12 អ្នកជំនួយត្រូវមានប្រពន្ធតែមួយ។ ពួកគេត្រូវតែគ្រប់គ្រងគ្រួសារ និងកូនចៅរបស់ពួកគេឲ្យបានល្អ។ 13 ចំពោះអ្នកណាដែលធ្វើជាអ្នកជំនួយល្អ នឹងទទួលបានកេរ្តិ៍ឈ្មោះល្អ ហើយមានចិត្តអង់អាចក្នុងជំនឿលើព្រះគ្រិស្តយេស៊ូ។ 14 ខ្ញុំសរសេរសំបុត្រទាំងនេះទៅអ្នក ដោយខ្ញុំសង្ឃឹមថានឹងបានជួបអ្នកឆាប់ៗ។ 15 ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវពន្យាពេល សំបុត្រទាំងនេះនឹងអាចជួយអ្នក ត្រូវប្រព្រឹត្តរបៀបណាក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ក្រុមជំនុំនេះជាសសរ ហើយជាគ្រឹះទ្រទ្រង់សេចក្តីពិត។ 16 យើងត្រូវទទួលស្គាល់ថា សេចក្តីពិតនៃការគោរពព្រះជាម្ចាស់ ដែលទទួលការបើកសម្តែងពិតជាអស្ចារ្យណាស់ គឺថា៖ «ព្រះគ្រិស្តបានបង្ហាញឲ្យយើងឃើញក្នុងលក្ខណៈជាមនុស្ស ព្រះអង្គបានប្រោសព្រះអង្គឲ្យសុចរិតតាមរយៈព្រះវិញ្ញាណ ហើយបានឃើញដោយពួកទេវតា គេប្រកាសពីព្រះអង្គក្នុងចំណោមសាសន៍នានា នៅលើសកលលោកឲ្យបានជឿលើព្រះគ្រិស្ត ហើយព្រះជាម្ចាស់បានលើកព្រះអង្គឡើងពេញដោយសិរីរុងរឿង។


ជំពូក 4

1 ព្រះវិញ្ញណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានមនុស្សខ្លះបោះបង់ចោលជំនឿ ហើយនិងបែរចិត្តទៅវិញ្ញាណបោកបញ្ឆោត និងការបង្រៀនរបស់អារក្ស 2 គេបានធ្លាក់ក្នុងសេចក្តីកុហករបស់មេលាក់ពុត។ មនសិការរបស់ពួកគេនឹងក្លាយជាអ្នកបម្រើរបស់អារក្ស។ 3 ពួកគេនឹងហាមមិនឲ្យរៀបការ ហើយនិងបរិភោគអាហារដែលព្រះជាម្ចាស់បានបង្កើត ដើម្បីចែករំលែកជាមួយអស់អ្នកដែលជឿ និងអស់អ្នកដែលយល់ពីសេចក្តីពិតដោយការអរព្រះគុណ។ 4 អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតឡើង សុទ្ធតែល្អឥតខ្ចោះ។ គ្មានអ្វីដែលយើងត្រូវបោះចោលនោះទេ គួរទទួលដោយការអរព្រះគុណដល់ព្រះអង្គវិញ។ 5 ដ្បិតព្រះបន្ទូល និងការអធិស្ឋានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។ 6 ប្រសិនបើអ្នកយកសេចក្តីទាំងនេះទៅប្រាប់បងប្អូនរបស់អ្នក អ្នកពិតជាអ្នកបម្រើដ៏ល្អរបស់ព្រះយេស៊ូគ្រិស្តហើយ។ ដ្បិតអ្នកបានទទួលការថែបំប៉នដោយព្រះបន្ទូលនៃជំនឿ និងសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានអនុវត្តតាម។ ត្រូវបដិសេធរាល់រឿងព្រេងរបស់ស្រ្តីចាស់ៗ។ 7 ផ្ទុយទៅវិញ ត្រូវបង្វឹកបង្វឺនខ្លួនឯងនៅក្នុងការគោរពប្រតិបត្តិព្រះជាម្ចាស់វិញ។ 8 ដ្បិតការហាត់ប្រាណមានអត្ថប្រយោជន៍តិចតួចណាស់ ប៉ុន្តែ ការគោរពប្រតិបត្តិព្រះជាម្ចាស់វិញមានសារៈប្រយោជន៍លើសអ្វីៗទាំងអស់។ វាបានរក្សាព្រះបន្ទូលសន្យាសម្រាប់ផ្តល់ជីវិតនាបច្ចុប្បន្នកាល និងអនាគតកាល។ 9 ពាក្យទាំងនេះអាចជឿទុកចិត្តបាន និងស័ក្តិសមនឹងទទួលទាំងស្រុង។ 10 ដ្បិតការទាំងនេះហើយទើបយើងមានការខំប្រឹង ហើយធ្វើការយ៉ាងនឿយហត់។ ដ្បិតយើងមានទំនុកចិត្តទៅលើព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសសម្រាប់អ្នកជឿព្រះអង្គផង។ 11 ត្រូវប្រកាស ហើយបង្រៀនសេចក្តីទាំងនេះ។ 12 ចូរកុំឲ្យអ្នកណាម្នាក់មើលងាយអ្នក ដោយព្រោះអ្នកក្មេងឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវធ្វើជាគំរូដល់អ្នកជឿ ដោយការពាក្យសម្តី ការប្រព្រឹត្ត សេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និងភាពបរិសុទ្ធ។ 13 ទម្រាំដល់ពេលខ្ញុំត្រឡប់មកវិញ ចូរឧស្សាហ៍អានព្រះគម្ពីរ ឧស្សាហ៍ដាស់តឿន ហើយឧស្សាហ៍ក្នុងការបង្រៀន។ 14 ចូរកុំធ្វេសប្រហែសនឹងអំណោយទានក្នុងអ្នក ដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក តាមរយៈពាក្យទំនាយ ព្រមជាមួយការដាក់ដៃលើដោយក្រុមចាស់ទុំនោះឡើយ។ 15 ត្រូវយកចិត្តទុកដាក់ចំពោះការទាំងនេះ។ ចូរព្យាយាមបន្តទៀត ដើម្បីឲ្យការទាំងនេះបានប្រសើរឡើងទៅដល់មនុស្សគ្រប់គ្នា។ 16 ត្រូវប្រុងប្រយ័ត្នចំពោះខ្លួនឯង និងសេចក្តីដែលអ្នកបង្រៀន។ ចូរបន្តធ្វើការទាំងនេះ។ ដោយការព្យាយាមធ្វើការទាំងនេះ នោះអ្នកនឹងបានសង្គ្រោះ ព្រមទាំងអស់អ្នកដែលស្តាប់ការបង្រៀនរបស់អ្នកដែរ។


ជំពូក 5

1 កុំស្តីបន្ទោសមនុស្សចាស់អី។ គួរតែដាស់តឿនគាត់ប្រៀបដូចជាឪពុកវិញ។ ត្រូវដាស់តឿនពួកក្មេងប្រៀបដូចជាបងប្អូនវិញ។ 2 ត្រូវដាស់តឿនស្រ្តីចាស់ៗប្រៀបដូចជាម្តាយ និងស្រ្តីក្មេងៗប្រៀបដូចបងប្អូនស្រី ដោយសេចក្តីបរិសុទ្ធគ្រប់យ៉ាង។ 3 ត្រូវគោរពស្រ្តីមេម៉ាយ ដែលជាស្ត្រីមេម៉ាយពិតប្រាកដ។ 4 ប៉ុន្តែប្រសិនបើ ស្រ្តីមេម៉ាយនោះមានកូន ឬមានចៅ ត្រូវឲ្យពួកគេរៀនលើកកិត្តិយសគ្រួសារពួកគេ។ ចូរឲ្យពួកគេសងគុណឪពុកម្តាយរបស់ពួកគេ ព្រោះការបែបនេះ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់។ 5 ប៉ុន្តែ ចំពោះស្រ្តីមេម៉ាយពិតប្រាកដ ដែលរស់នៅម្នាក់ឯង ស្រ្តីនោះនឹងទុកចិត្តលើព្រះជាម្ចាស់។ នាងតែងតែនៅជាប់ក្នុងការទូលអង្វរ ហើយនិងការអធិស្ឋានទាំងយប់ទាំងថ្ងៃផង។ 6 យ៉ាងណាក៏ដោយ ចំពោះស្រ្តីដែលរស់នៅគិតតែត្រេកត្រអាល ស្រ្តីនោះប្រៀបបីដូចជាស្លាប់ ទោះបីជានាងនៅរស់ក៏ដោយ។ 7 ចូរប្រកាសប្រាប់សេចក្តីទាំងនេះ ដើម្បីកុំឲ្យពួកនាងមានកន្លែងបន្ទោសបាន។ 8 ប៉ុន្តែប្រសិនបើ នរណាម្នាក់មិនបានគិតគូរដល់សាច់ញ្ញាតិរបស់ខ្លួន ជាពិសេសសម្រាប់អ្នកដែលមិនគិតគូរដល់អ្នកផ្ទះរបស់ខ្លួនទេ​ អ្នកនោះបានបដិសេធជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអស់អ្នកដែលមិនជឿទាន់ទៅទៀត។ 9 ស្រ្តីដែលត្រូវបានរាប់បញ្ជូលទៅក្នុងបញ្ជីស្រ្តីមេម៉ាយ គឺជាស្រ្តីដែលមានអាយុមិនក្រោមហុកសិបឆ្នាំឡើយ ហើយធ្លាប់មានប្តីតែមួយ។ 10 នាងត្រូវតែដឹងពីអំពើល្អ មិនថាត្រូវចេះរក្សាកូនចៅ ទទួលរាក់ទាក់ភ្ញៀវ ឬធ្វើការលាងជើងដល់អ្នកជឿ ឬជួយសម្រាលទុក្ខលំបាកអ្នកដទៃ ឬប្តូរផ្តាច់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 11 ប៉ុន្តែ សម្រាប់ស្រ្តីុមេម៉ាយដែលមានអាយុក្មេងវិញ កុំចុះឈ្មោះពួកនាងនៅក្នុងបញ្ជីឡើយ។​ ព្រោះពួកនាងនឹងធ្វើខ្លួនប្រឆាំងព្រះគ្រិស្ត ពួកនាងចង់រៀបការម្តងទៀត។ 12 បើធ្វើដូច្នេះមែន ពួកនាងនឹងជាប់ទោស ពីព្រោះពួកនាងបដិសេធសេចក្តីសន្យាពីមុនមក។ 13 ពួកនាងនឹងមានទម្លាប់ខ្ជិលច្រអូស។ ពួកនាងដើរពីផ្ទះមួយទៅផ្ទះមួយទៀត។ មិនត្រឹមតែក្លាយជាមនុស្សខ្ជិលច្រអូសនោះទេ ប៉ុន្តែ ពួកនាងក៏ក្លាយជាអ្នកនិយាយរអេចរអូច ហើយចេះដឹងនិយាយដើមអ្នកដទៃ។ ពួកនាងនិយាយរឿងដែលពួកនាងមិនត្រូវនិយាយ។ 14 ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យស្រ្តីមេម៉ាយក្មេងៗបានរៀបការម្តងទៀត បង្កើតកូនចៅ និងគ្រប់គ្រងផ្ទះសម្បែង ដើម្បីកុំឲ្យពួកប្រឆាំងមាន​ឱកាសក្នុងការទាស់ប្រឆាំងចំពោះពួកនាងឡើយ។ 15 ដោយសារតែមានពួកស្រ្តីខ្លះបានបែរត្រឡប់ទៅរកសាតាំងរួចមកហើយ។ 16 ប្រសិនបើមានអ្នកជឿជាស្ត្រីមេម៉ាយ ចូរឲ្យនាងជួយពួកគេផង ដូច្នេះ ក្រុមជំនុំនឹងមិនមានបន្ទុកធ្ងន់ពេក ហើយអាចជួយដល់ស្ត្រីមេម៉ាយពិតប្រាកដបាន។ 17 ចូរឲ្យពួកចាស់ទុំដែលដឹកនាំក្រុមជំនុំបានល្អ ត្រូវលើកតម្កើងគាត់មួយទ្វេជាពីរ ជាពិសេសសម្រាប់អ្នកដែលធ្វើការជាមួយនឹងព្រះបន្ទូល និងការបង្រៀន។ 18 ដ្បិតមានបទគម្ពីរបានចែងទុកមកថា៖ «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «កម្មករស័ក្តិសមនឹងបានទទួលប្រាក់ឈ្នួលរបស់គេ»។ 19 កុំទទួលពាក្យចោទប្រកាន់ ដែលទាស់នឹងពួកចាស់ទុំឡើយ លុះត្រាតែមានសាក្សីពីរ ឬបីនាក់។ 20 ចូរដាស់តឿនអ្នកប្រព្រឹត្តអំពើបាប នៅចំពោះមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមាននសេចក្តីកោតខ្លាច។ 21 ខ្ញុំសូមបង្គាប់អ្នកនៅមុខព្រះជាម្ចាស់ ហើយនៅមុខព្រះគ្រិស្តយេស៊ូ ព្រមទាំងចំពោះមុខទេវតាដែលបានជ្រើសតាំងថា ចូរអ្នករក្សាសេចក្តីបង្គាប់នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ។​ 22 កុំប្រញាប់ដាក់ដៃលើនរណាម្នាក់ឡើយ។ កុំនាំអំពើបាបទៅដល់មនុស្សផ្សេងទៀតដែរ។ អ្នកត្រូវតែរក្សាខ្លួនឯងឲ្យបានស្អាតបរិសុទ្ធ។ 23 អ្នកមិនគួរពិសារទឹករហូតទេ។ ផ្ទុយទៅវិញ អ្នកគួរតែពិសារស្រាខ្លះផងដើម្បីជួយសម្រួលក្រពះ ដោយសារអ្នកមានជំងឺញឹកញាប់ពេក។ 24 អំពើបាបរបស់មនុស្សខ្លះត្រូវបើកបង្ហាញ ហើយលេចមកមុនពេលការវិនិច្ឆ័យទោស។ ប៉ុន្តែ អំពើបាបខ្លះនឹងលេចមកនៅពេលក្រោយទៀត។​ 25 ដូចគ្នានេះដែរ អំពើល្អខ្លះត្រូវបានបើកបង្ហាញ ប៉ុន្តែពេលខ្លះក៏នៅតែលាក់កំបាំងដែរ។


ជំពូក 6

1 ចូរឲ្យអ្នកដែលស្ថិតនៅក្រោមនឹមនៃទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ឲ្យស័ក្តិសមនឹងកិត្តិយសផង។ ពួកគេត្រូវតែធ្វើបែបនេះ ដើម្បីកុំឲ្យព្រះនាមព្រះអង្គម្ចាស់ និងសេចក្តីបង្រៀនរបស់ព្រះអង្គត្រូវបានគេប្រមាថឡើយ។ 2 ទាសករណាដែលមានចៅហ្វាយជាអ្នកជឿ កុំមានចិត្តមើលងាយលើគាត់អី ព្រោះគាត់គឺជាបងប្អូនទេ។ ប៉ុន្តែ ពួកគេត្រូវតែបម្រើចៅហ្វាយរបស់ពួកគាត់ឲ្យអស់ពីចិត្ត។ ចំពោះចៅហ្វាយដែលមានអ្នកបម្រើជួយបម្រើការងារ ជាអ្នកជឿ និងមានសេចក្តីស្រឡាញ់។ ចូរបង្រៀន ហើយប្រកាសអំពីការទាំងនេះចុះ។ 3 ប្រសិនបើ អ្នកណាម្នាក់បង្រៀនតាមរបៀបផ្សេង ហើយមិនស្របតាមជំនឿដែលត្រឹមត្រូវ នោះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់នៃយើង។ ប្រសិនបើ ពួកគេមិនយល់ស្របតាមសេចក្តីបង្រៀនដែលត្រឹមត្រូវ តាមសេចក្តីគោរពប្រតិបត្តិរបស់ព្រះជាម្ចាស់ទេ។ 4 អ្នកនោះមានសេចក្តីអំនួត ហើយគ្មានដឹងអ្វីសោះ។ គាត់គិតតែជជែកយកឈ្នះ ដេញដោលអំពីន័យរបស់ពាក្យ។ ពាក្យទាំងនោះធ្វើឲ្យមានការឈ្នានីស ការវិវាទ សេចក្តីប្រមាថ និងសេចក្តីមន្ទិលសង្ស័យដ៏អាក្រក់ 5 ព្រមទាំងនាំឲ្យមានជម្លោះឥតប្រយោជន៍រវាងមនុស្ស ដែលមានគំនិតគ្មានគុណធម៌។ ពួកគេបានបែរចេញពីសេចក្តីពិត។ ដោយពួកគេគិតថាការគោរពប្រតិបត្តិព្រះជាម្ចាសផ្លូនាំឲ្យក្លាយជាអ្នកមាន។ 6 ចំណែកឯ ការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ដោយស្កប់ចិត្ត ជាកម្រៃដ៏វិសេសអស្ចារ្យ។ 7 ដ្បិតពួកយើងមិនបាននាំយកអ្វីមកលើលោកីយ៍ទេ។ ពិតណាស់ពួកយើងក៏មិនអាចយកអ្វីចេញបានដែរ។ 8 ផ្ទុយទៅវិញ ចូរឲ្យយើងមានចិត្តស្កប់ជាមួយអាហារ និងសម្លៀកបំពាក់ដែលយើងមានចុះ។ 9 ចំណែកឯ អ្នកដែលចង់ក្លាយជាអ្នកមានទ្រព្យ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់។ ពួកគេនិងធ្លាក់ទៅក្នុងសេចក្តីល្ងីល្ងឺជាច្រើន ហើយមានសេចក្តីអន្តរាយ ព្រមទាំងធ្លាក់ក្នុងអ្វីដែលធ្វើឲ្យមនុស្សមានក្តីវិនាស និងត្រូវបំផ្លាញ។ 10 ដ្បិត ការដែលស្រឡាញ់ប្រាក់គឺជាឬសគល់នៃសេចក្តីអាក្រក់គ្រប់បែបយ៉ាង។ មានមនុស្សខ្លះ ដែលប្រាថ្នាចង់បានវា ហើយនាំឲ្យឃ្លាតឆ្ងាយពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងជាមួយសេចក្តីសោកសៅជាច្រើន។ 11 ប៉ុន្តែ បងប្អូនវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ ចូរឲ្យអ្នកចាកចេញពីសេចក្តីទាំងអស់នោះ ហើយស្វែងរកសេចក្តីសុចរិត ការគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ជំនឿ សេចក្តីស្រឡាញ់ ការអំណត់ និងសេចក្តីសុភាពវិញ។ 12 ចូរតយុទ្ធដ៏ល្អបំផុតជាមួយសេចក្តីជំនឿ។​ ចូរឈោងចាប់នូវជីវិតអស់កល្បជានិច្ច ដែលបានត្រាស់ហៅអ្នកមកទទួល។ វាគឺជាអ្វីដែលអ្នកបានឲ្យបន្ទាល់នៅមុខសាក្សីជាច្រើនដើម្បីដឹងពីអ្វីដែលល្អ។ 13 ខ្ញុំសូមផ្តាំផ្ញើអ្នកនៅចំពោះព្រះជាម្ចាស់ ដែលព្រះអង្គប្រទានអ្វីៗទាំងអស់ឲ្យមានជីវិត ហើយនៅចំពោះព្រះគ្រិស្តយេស៊ូ ដែលព្រះមានព្រះបន្ទូលពីសេចក្តីពិតទៅលោកប៉ុនទាស ពីឡាត់ថា៖ 14 សូមរក្សាតាមបទបញ្ជាឲ្យខ្ចាប់ខ្ជួន ដែលគ្មានកន្លែងបន្ទោសបាន រហូតដល់ព្រះអម្ចាស់យេស៊ូគ្រិស្តយាងមក។ 15 ព្រះជាម្ចាស់នឹងបើកសម្តែងឲ្យឃើញព្រះកាយរបស់ព្រះអង្គ នៅពេលកំណត់មកដល់​ គឺព្រះជាម្ចាស់តែមួយព្រះអង្គដ៏មានពរ មានអំណាចតែមួយ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់ ដែលគ្រប់គ្រងលើច្បាប់ទាំងអស់។ 16 មានតែព្រះអង្គមួយប៉ុណ្ណោះដែលមិនចេះសុគត ហើយគង់នៅក្នុងពន្លឺដែលមិនអាចចូលជិតបាន។ គ្មាននរណាអាចមើលឃើញព្រះអង្គ ឬមិនអាចមើលឃើញព្រះអង្គឡើយ។ សូមព្រះនាមព្រះអង្គបាន​ល្បីឡើង ហើយមានព្រះចេស្តាស្ថិតនៅអស់កល្បជានិច្ច អាម៉ែន។ 17 ចូរប្រាប់ដល់ពួកអ្នកមានទ្រព្យនៅលើលោកិយ៍នេះ កុំឲ្យមានសេចក្តីអំនួតពេក និងកុំសង្ឃឹមនឹងទ្រព្យសម្បត្តិដែលមិនទៀងទាត់នោះឡើយ។ ប៉ុន្តែ ពួកគេត្រូវមានសេចក្តីសង្ឃឹមលើព្រះជាម្ចាស់វិញ។ ព្រះអង្គប្រទានមកដល់យើងនូវទ្រព្យសម្បត្តិដ៏ពិត ដើម្បីឲ្យយើងមានសេចក្តីអំណរ។ 18 ចូរប្រាប់ពួកគេឲ្យធ្វើការល្អ ក្លាយជាអ្នកមានទ្រព្យដោយសារការធ្វើអំពើល្អ មានចិត្តសប្បុរស ហើយប្រុងប្រៀបនិងចែករំលែកផង។ 19 ក្នុងរបៀបនេះ ពួកគេនឹងប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង ដើម្បីធ្វើជាគោលសម្រាប់ថ្ងៃក្រោយ ដូច្នេះហើយពួកគេនឹងទទួលបានជីវិតពិតអស់កល្បជានិច្ច។ 20 លោកធីម៉ូថេអើយ ចូរការពារអ្វីដែលបានផ្ញើទុកនឹងអ្នក។ ចូរចៀសចេញអំពីការនិយាយសម្តីឥតប្រយោជន៍​ និងពាក្យសម្តីដែលមិនពិតដែលច្រឡំ ហៅថាចំណេះដឹងផង។ 21 មានមនុស្សខ្លះប្រកាន់ចំពោះការទាំងនោះ ហើយពួកគេបានភ្លេចពីក្តីជំនឿ។ សូមព្រះគុណមាននៅជាមួយអ្នករាល់គ្នា។


Book: 2 Timothy

2 Timothy

ជំពូក 1

1 ខ្ញុំប៉ូល ជាសាវ័ករបស់ព្រះគ្រិស្តយេស៊ូ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្របតាមសេចក្តីសន្យានៃជីវិតនៅក្នុងព្រះគ្រិស្តយេស៊ូ 2 ចំពោះធីម៉ូថេ កូនជាទីស្រឡាញ់ សូមប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត អំពីព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើងរាល់គ្នា។ 3 ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ ដែលខ្ញុំបម្រើតាមរយៈបុព្វបុរសខ្ញុំ​ ដោយមនសិការបរិសុទ្ធ ដូចដែលខ្ញុំនឹកចាំពីអ្នកជានិច្ចពេលខ្ញុំអធិស្ឋានរទាំងយប់ទាំងថ្ងៃ។ 4 ខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំមានចិត្តចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ 5 ខ្ញុំបានចងចាំពីជំនឿស្មោះត្រង់របស់អ្នក ដែលដំបូងជាមួយលោកយាយឡូអ៊ីស ហើយម្តាយរបស់អ្នក គឺនាងអ៊ើនីស ហើយខ្ញុំជឿយ៉ាងច្បាស់ថា ជំនឿនោះនៅក្នុងអ្នកផងដែរ។ 6 នេះជាហេតុផលដែលខ្ញុំរំលឹកអ្នក ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងអ្នកតាមរយៈការដាក់ដៃលើអ្នក បានឆេះឡើយវិញ។ 7 ដ្បិត ព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលភ័យខ្លាចឡើយ ប៉ុន្តែវិញ្ញាណមានអំណាច សេចក្តីស្រឡាញ់ និងមានវិន័យវិញ។ 8 ដូច្នេះ មិនត្រូវខ្មាសអៀននឹងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ឬដោយសារខ្ញុំ ប៉ូល ជាអ្នកជាប់ឃុំឃាំងឡើយ។ ផ្ទុយទៅវិញ ត្រូវរួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អ តាមរយៈប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់។ 9 គឺព្រះជាម្ចាស់ហើយដែលបានសង្គ្រោះយើង និងត្រាស់ហៅយើងស្របតាមការត្រាស់ហៅដ៏វិសុទ្ធ។ ព្រះអង្គធ្វើបែបនេះ មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែតាមរយៈគម្រោងការ និងព្រះគុណរបស់ព្រះអង្គវិញ។ ព្រះអង្គប្រទានការទាំងអស់នេះមកយើង ក្នុងព្រះគ្រិស្តយេស៊ូមុនសម័យកាលទាំងអស់។ 10 ប៉ុន្តែ ឥឡូវនេះសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់បានបើកសម្ដែងហើយ ដោយការលេចមករបស់ព្រះគ្រិស្តយេស៊ូ ជាព្រះសង្គ្រោះរបស់យើង។ ព្រះគ្រិស្តឈ្នះសេចក្តីស្តាប់ និងបាននាំយកជីវិតដែលគ្មានទីបញ្ជប់ មកក្នុងពន្លឺនៃដំណឹងល្អវិញ។ 11 ហេតុនេះហើយ បានជាព្រះជាម្ចាស់តែងតាំងខ្ញុំជាអ្នកប្រកាសដំណឹងល្អ និងជាសាវ័ក ហើយព្រមទាំងជាគ្រូបង្រៀនផងដែរ។ 12 ដោយសារបុព្វហេតុនេះ ខ្ញុំត្រូវរងទុក្ខលំបាកការទាំងនេះ។ ប៉ុន្តែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំបានជឿ។ ខ្ញុំជឿជាក់ច្បាស់ថា ព្រះអង្គនឹងរក្សាអ្វីដែលបានផ្ញើទុកនឹងខ្ញុំរហូតដល់ថ្ងៃនោះឯង។ 13 ចូរនឹកចាំពីព្រះបន្ទូលដ៏ស្មោះត្រង់ ដែលអ្នកបាន​ឮ​ពី​ខ្ញុំ ទាំងមានជំនឿ និងសេចក្តីស្រឡាញ់ក្នុងព្រះគ្រិស្តយេស៊ូ។ 14 ការល្អដែលព្រះជាម្ចាស់រក្សាផ្ញើទុកនឹងអ្នក ចូរថែរក្សាតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដែលគង់នៅក្នុងយើង។ 15 អ្នកដឹងហើយថា អ្នកទាំងអស់ដែលរស់នៅក្នុងស្រុកអាស៊ីបានបែរចេញពីខ្ញុំហើយ។ ក្នុងក្រុមនេះមានឈ្មោះ ភីកេល៉ុស និងហ៊ើម៉ូគេន។ 16 សូមព្រះជាម្ចាស់ប្រទានសេចក្តីមេត្តាករុណា ដល់អ្នកផ្ទះរបស់អូនេសិភ័រ ដ្បិតគាត់តែងតែនឹករំលឹកដល់ខ្ញុំ ហើយមិនបានខ្មាសគេដោយសារច្រវាក់របស់ខ្ញុំទេ។ 17 ពិតណាស់ ពេលខ្ញុំស្ថិតនៅក្រុងរ៉ូម គាត់ខិតខំស្វែងរកខ្ញុំ ហើយគាត់ក៏បានមករកខ្ញុំឃើញ។ 18 សូមព្រះជាម្ចាស់ផ្តល់ឲ្យគាត់អាចស្វែងរកសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់នៅថ្ងៃនោះផង។ គាត់បានរកគ្រប់វិធី ដើម្បីជួយខ្ញុំនៅក្រុងអេភេសូ ដូចអ្នកដឹងយ៉ាងច្បាស់ហើយ។


ជំពូក 2

1 ហេតុដូច្នេះ កូនអើយ ចូរមានកម្លាំងនៅក្នុងព្រះគុណរបស់ព្រះគ្រិស្តយេស៊ូ។ 2 ការអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខស្មរបន្ទាល់ជាច្រើន ចូរផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្រៀនបន្តទៅអ្នកផ្សេងៗទៀតបាន។ 3 ចូររួមទុក្ខលំបាកជាមួយខ្ញុំ ប្រៀបដូចជាទាហានយ៉ាងល្អរបស់ព្រះគ្រិស្តយេស៊ូចុះ។ 4 គ្មានទាហានណាដែលបម្រើហើយ មានជាប់ពាក់ព័ន្ធនឹងការខ្វល់ខ្វាយពីជីវិតទៀតនោះទេ ដូច្នេះ គាត់គួរតែធ្វើឲ្យគាប់ចិត្តដល់អ្នកដែលកេណ្ឌខ្លួននោះវិញ។ 5 ប្រសិនបើនរណាម្នាក់ប្រកួតជាកីឡាករ អ្នកនោះនឹងមិនអាចទទួលភួងជ័យបានទេ លើកលែងតែប្រកួតគ្នាត្រឹមត្រូវតាមក្បួនច្បាប់វិញ។ 6 វាគឺជាការចាំបាច់ណាស់សម្រាប់កសិករ ដែលខំប្រឹងធ្វើការយ៉ាងលំបាក គាត់នឹងទទួលបានផលមុនគេ។ 7 សូមពិចារណាអំពីអ្វីដែលខ្ញុំនិយាយចុះ ដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យអ្នកយល់ដឹងក្នុងគ្រប់ការទាំងអស់។ 8 សូមនឹកចាំពី ព្រះយេស៊ូគ្រិស្តជាព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ដែលបានរស់ពីសុគតឡើងវិញ តាមរយៈដំណឹងល្អដែលខ្ញុំបានប្រាប់ 9 ដ្បិតអ្វីដែលខ្ញុំរងទុក្ខ ទាំងជាប់ចំណងប្រៀបដូចជាឧក្រិដ្ឋជន។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ច្រវាក់ទេ។ 10 ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់ការទាំងអស់ សម្រាប់ពួកអ្នកដែលបានរើសតាំង ដើម្បីឲ្យពួកគេទទួលការសង្រ្គោះ ដែលមាននៅក្នុងព្រះគ្រិស្តយេស៊ូ ស្របតាមសិរីរុងរឿងនៅអស់កល្បជានិច្ចវិញ។ 11 ពាក្យទាំងនេះអាចទុកចិត្តបានថា «ប្រសិនបើយើងស្លាប់ជាមួយព្រះអង្គ នោះយើងនឹងរស់នៅជាមួយព្រះអង្គ។ 12 ប្រសិនបើយើងស៊ូទ្រាំ នោះពួកយើងនឹងសោយរាជ្យរួមជាមួយព្រះអង្គដែរ។ ប៉ុន្តែ ប្រសិនបើយើងបដិសេធព្រះអង្គវិញ នោះព្រះអង្គនឹងបដិសេធយើងដូចគ្នាដែរ។ 13 ប្រសិនបើយើងមិនស្មោះត្រង់ក៏ដោយ ក៏ព្រះអង្គនៅតែស្មោះត្រង់ដដែល ព្រោះព្រះអង្គមិនអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។ 14 សូមរំលឹកពួកគេអំពីការអស់ទាំងនេះ។ ចូរហាមប្រាមពួកគេនៅចំពោះមុខព្រះជាម្ចាស់ កុំឲ្យឈ្លោះប្រកែកគ្នាពីអត្ថន័យរបស់ពាក្យឡើយ។ ព្រោះពាក្យទាំងនេះឥតប្រយោជន៍ទេ។ ពាក្យទាំងនេះនាំឲ្យអន្តរាយដល់អស់អ្នកស្តាប់។ 15 ចូរខំប្រឹងប្រែងបង្ហាញខ្លួនអ្នក នៅចំពោះព្រះជាម្ចាស់ដែលបានទទួលអ្នក ជាអ្នកបំពញការងារ ដោយគ្មានហេតុផលណាត្រូវអៀនខ្មាស ដែលបានបង្រៀនព្រះបន្ទូលនៃសេចក្តីពិត យ៉ាងត្រឹមត្រូវ។ 16 ត្រូវចៀសវាងការនិយាយឥតប្រយោជន៍ ដែលនាំយើងកាន់តែលែងគោរពប្រតិបត្តិព្រះជាម្ចាស់។ 17 ការនិយាយរបស់ពួកគេនឹងប្រៀបបីដូចជាដំបៅរលួយ។ ក្នុងចំណោមអ្នកទាំងនោះរួមមាន ហ៊ីមេនាស និងភីលេតជាដើម។ 18 អ្នកទាំងនោះបានភ្លេចសេចក្តីពិត។ ពួកគេនិយាយថា ការរស់ឡើងវិញបានកើតឡើងរួចមកហើយ។ ពួកគេក៏បានបង្វែរជំនឿអ្នកខ្លះដែរ។ 19 ទោះជាយ៉ាងណាក្តី ចូរចាក់ឫសរឹងមាំលើព្រះជាម្ចាស់ ដែលបានបោះត្រាថា៖ «ព្រះជាម្ចាស់ស្គាល់អស់អ្នកណា ដែលជារបស់ព្រះអង្គ» ហើយ «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់ ត្រូវញែកខ្លួនចេញអំពើទុច្ចរិត។ 20 នៅក្នុងផ្ទះស្តុកស្តម្ភ ពុំមែនមានត្រឹមតែមាស និងប្រាក់ប៉ុណ្ណោះទេ។ គឺមានប្រដាប់ធ្វើពីឈើ និងពីដីដែរ។ ខ្លះប្រើសម្រាប់ការល្អប្រសើរ ហើយខ្លះប្រើសម្រាប់ការអាប់ឱនវិញ។ 21 ប្រសិនបើនរណាម្នាក់សម្អាតខ្លួនឯងពីការអាប់ឱន គាត់នឹងបានប្រដាប់ល្អប្រសើរ។ គាត់បានញែកខ្លួនដោយឡែក ក៏មានប្រយោជន៍ដល់ចៅហ្វាយ ហើយបានរៀបចំសម្រាប់គ្រប់ការល្អទាំងអស់ផងដែរ។ 22 ចូរចៀសចេញពីសេចក្តីស្រើបស្រាលរបស់ក្មេងៗ។ ត្រូវប្រកាន់ខ្ជាប់សេចក្តីសុចរិត ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រីជាមួយអ្នក ដែលស្រែករកព្រះជាម្ចាស់អស់អំពីចិត្តបរិសុទ្ធវិញ។ 23 ប៉ុន្តែ ត្រូវបដិសេធសេចក្តីចោលម្សៀត និងសំណួរល្ងង់ខ្លៅវិញ។ អ្នកដឹងហើយថា សេចក្តីទាំងនេះនាំមកនូវការឈ្លោះប្រកែកគ្នា។ 24 អ្នកបម្រើរបស់ព្រះជាម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាឡើយ។ ពិតណាស់គាត់គួរតែមានចិត្តសុភាពដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ហើយមានចិត្តអំណត់ផង។ 25 គាត់ត្រូវតែប្រដៅអប់រំអ្នក ដែលឈ្លោះជាមួយគាត់។ ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេប្រែចិត្ត ដើម្បីឲ្យបានដឹងពីសេចក្តីពិតវិញ។ 26 ពួកគេនឹងភ្ញាក់ខ្លួនឡើងវិញ ហើយចាកចេញពីអន្ទាក់របស់អារក្ស ដែលបានទាក់ពួកគេជាប់ដើម្បីបម្រើគោលបំណងរបស់វា។


ជំពូក 3

1 សូមដឹងថា នៅថ្ងៃចុងក្រោយនឹងមានទុក្ខលំបាកខ្លាំង។ 2 ដ្បិត មនុស្សនឹងស្រឡាញ់តែខ្លួនឯង ជាអ្នកស្រឡាញ់ប្រាក់ មានអំនួត ក្រអឺតក្រទម ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ មិនដឹងគុណ ហើយមានចិត្តមិនបរិសុទ្ធ។ 3 ពួកគេមិនស្រឡាញ់តាមរបៀបធម្មជាតិរបស់មនុស្ស មានចិត្តឃោរឃៅ និយាយមួលបង្កាច់គេ មិនចេះទប់ចិត្ត ប្រើអំពើហឹង្សា មិនចូលចិត្តការល្អ។ 4 ពួកគេមានចិត្តក្បត់ មានចិត្តធំ ចូលចិត្តនឹងការសប្បាយ ជាជាងស្រឡាញ់ព្រះជាម្ចាស់។ 5 ពួកគេមានលក្ខណៈជាអ្នកគោរពប្រតិបត្តិដល់ព្រះជាម្ចាស់ ប៉ុន្តែ ពួកគេបដិសេធព្រះចេស្តារបស់ព្រះអង្គ។ ចូរបែរចេញពីមនុស្សអស់ទាំងនោះ។ 6 ដ្បិត ក្នុងចំណោមពួកទាំងនោះ ជាមនុស្សចូលចិត្តចូលទៅផ្ទះរបស់គេ ហើយធ្វើឲ្យស្រីៗដែលល្ងង់ចាប់អារម្មណ៍។ ស្រ្តីទាំងនោះពោរពេញដោយអំពើបាប ហើយបណ្តាយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ។ 7 ស្រ្តីទាំងនោះតែងតែរៀនជានិច្ច ប៉ុន្តែពួកគេមិនអាចយល់ដល់សេចក្តីពិតឡើយ។ 8 ដូចគ្នានេះដែរ យ៉ានេស និងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេ។ ហើយគ្រូបង្រៀនខុសឆ្គងតែងតែឈរទាស់ប្រឆាំងនឹងសេចក្តីពិត។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយជំនឿរបស់ពួកគេក៏ឥតប្រយោជន៍ដែរ។ 9 ប៉ុន្តែ ពួកគេមិនមានការចម្រើនឡើងទៅមុខទៀតបានឡើយ។ ដ្បិតភាពល្ងង់ខ្លៅរបស់ពួកគេនឹងបើកបង្ហាញឲ្យមនុស្សទាំងអស់បានដឹងច្បាស់ ដូចជាភាពល្ងង់ខ្លៅរបស់បុរសទាំងនោះដែរ។ 10 ប៉ុន្តែ សម្រាប់អ្នកវិញ អ្នកបានដើរតាមសេចក្តីដែលខ្ញុំបង្រៀន កិរិយាប្រព្រឹត្ត បំណងចិត្ត ជំនឿ សេចក្តីស្រឡាញ់ ការអំណត់អត់ទ្រាំ។ 11 ការបៀតបៀន ទុក្ខលំបាក និងអ្វីដែលបានកើតឡើងមកលើខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា។ ខ្ញុំបានស៊ូទ្រាំនឹងសេចក្តីបៀតបៀន។ មិនដូចជាពួកគេទាំងនោះទេ ព្រះអម្ចាស់បានប្រោសខ្ញុំវិញ។ 12 អស់អ្នកដែលចង់រស់ក្នុងការគោរពប្រតិបត្តិព្រះគ្រិស្តយេស៊ូ នោះនឹងទទួលការបៀតបៀនផងដែរ។ 13 មនុស្សអាក្រក់ និងពួកឆបោក ព្រមទាំងមានសេចក្តីអាក្រក់កាន់តែខ្លាំងឡើងៗ។ ពួកគេនឹងនាំអ្នកផ្សេងទៀតឲ្យវង្វេង ដូចជាពួកគេនាំខ្លួនឯងឲ្យវង្វេងដែរ។ 14 ប៉ុន្តែ សម្រាប់អ្នក ចូរនៅជាប់អ្វីដែលអ្នកបានរៀន ហើយត្រូវជឿយ៉ាងប្រាកដវិញ។ អ្នកត្រូវដឹងថាសេចក្តីបង្រៀននេះបានមកពីអ្នកណា។ 15 អ្នកដឹងហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរដ៏វិសុទ្ធ។ សេចក្តីទាំងនេះអាចធ្វើឲ្យអ្នកមានប្រាជ្ញា រហូតទទួលការសង្គ្រោះ ដោយសារជំនឿក្នុងព្រះគ្រិស្តយេស៊ូ។ 16 គ្រប់បទគម្ពីរទាំងអស់​ សុទ្ធតែព្រះជាម្ចាស់បណ្ដាលឲ្្យតាក់តែងឡើង។ មានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ និងបណ្តុះបណ្តាលតាមសេចក្តីសុចរិត។ 17 ដូច្នេះ អ្នកសំណព្វរបស់ព្រះជាម្ចាស់មានសមត្ថភាព និងទទួលការបំប៉ន ដើម្បីបំពញការល្អគ្រប់យ៉ាង។


ជំពូក 4

1 ខ្ញុំសូមផ្តាំយ៉ាងអស់ពីចិត្តនៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្តយេស៊ូ ដែលព្រះអង្គនឹងជំនុំជម្រះអស់ទាំងមនុស្សរស់ និងមនុស្សស្លាប់ គឺដោយសារតែដំណើរយាងមករបស់ព្រះអង្គ ព្រមទាំងព្រះរាជ្យរបស់ព្រះអង្គផងដែរ 2 ចូរប្រកាសព្រះបន្ទូលចុះ។ ចូរឲ្យត្រៀមខ្លួនទទួលភាពស្រណុកសុខស្រួល និងភាពលំបាកផងដែរ។ ត្រូវដាស់តឿនគេ និងស្តីបន្ទោល ហើយកម្លាចិត្តរបស់គេ ដោយការអត់ធ្មត់ និងការបង្រៀនគ្រប់បែបយ៉ាង។ 3 ដ្បិតនឹងមានពេលវេលាមួយមកដល់ គឺនៅពេលមនុស្សមិនទ្រាំទ្រនឹងសេចក្តីបង្រៀនត្រឹមត្រូវទៀតបាន។ ផ្ទុយទៅវិញ ពួកគេនឹងប្រមូលគ្រូបង្រៀនជាច្រើន យល់ស្របតាមបំណងប្រាថ្នារបស់ពួកគេ។ សេចក្តីបង្រៀនទាំងនោះគ្រាន់តែពិរោះដល់ត្រចៀកប៉ុណ្ណោះ។ 4 ពួកគេនឹងបែរត្រចៀកឆ្ងាយពីសេចក្តីពិត ទៅស្តាប់រឿងព្រេងវិញ។ 5 ចំពោះអ្នកវិញ ចូរមានចិត្តនឹងធឹងគ្រប់ការទាំងអស់។ ចូរស៊ូទ្រាំនឹងទុក្ខលំបាក និងខំប្រឹងផ្សាយដំណឹងល្អ ព្រមទាំងបំពេញកិច្ចការបម្រើឲ្យបានល្អផងដែរ។ 6 ដ្បិត ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបូជាជីវិត។ ពេលវេលាដែលខ្ញុំត្រូវចាកចេញក៏បានមកដល់ហើយដែរ។ 7 ខ្ញុំបានប្រណាំងយ៉ាងល្អ រហូតដល់ទីផ្តាច់ព្រ័ត្រ ព្រមទាំងបានរក្សាជំនឿយ៉ាងមាំមួន។ 8 មកុដនៃសេចក្តីសុចរិតបានរៀបចំជាស្រេចទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយពុំមែនសម្រាប់ខ្ញុំតែម្នាក់ទេ ប៉ុន្តែសម្រាប់អស់អ្នកដែលស្រឡាញ់ការយាងមកវិញរបស់ព្រះអង្គ។ 9 ត្រូវខិតខំមកឯខ្ញុំជាប្រញាប់។ 10 ដ្បិត លោកដេម៉ាសបានចាកចេញពីខ្ញុំហើយ។ គាត់ស្រឡាញ់លោកីយ៍នេះ ហើយគាត់បានទៅក្រុងថែស្សាឡូនិកហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសបានទៅស្រុកដាល់ម៉ាទា។ 11 មានតែលោកលូកាទេ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុស ហើយនាំគាត់ទៅជាមួយអ្នកផង ព្រោះគាត់អាចជួយបំពេញកិច្ចការបស់ខ្ញុំ។ 12 ខ្ញុំបានចាត់លោកទីឃីកុសទៅក្រុងអេភេសូហើយ។ 13 អាវធំដែលខ្ញុំផ្ញើនៅក្រុងការពូសជាមួយលោកទ្រអាស សូមយកវាពេលដែលអ្នកមកទីនេះ ហើយនិងសៀវភៅ ជាពិសេសសៀវភៅធ្វើពីស្បែក។ 14 លោកអ័លេក្សានត្រុស ដែលជាជាងស្ពាន់បានប្រព្រឹត្តសេចក្តីអាក្រក់គ្រប់យ៉ាងមកលើខ្ញុំ។ ព្រះអម្ចាស់នឹងតបស្នងដល់គាត់វិញ ទៅតាមទង្វើដែលគាត់បានប្រព្រឹត្តជាមិនខាន។ 15 អ្នកគួរតែប្រយ័ត្នខ្លួនឯងចំពោះការប្រឆាំងទាល់នឹងគាត់ ព្រោះគាត់ប្រឆាំងយ៉ាងខ្លាំងនឹងពាក្យរបស់ពួកយើង។ 16 នៅពេលខ្ញុំការពារខ្លួនដំបូងឡើយ គ្មានអ្នកណាឈរជាមួយខ្ញុំទេ។ ផ្ទុយទៅវិញ គ្រប់គ្នាបោះបង់ខ្ញុំចោល។ សូមកុំឲ្យព្រះជាម្ចាស់ប្រកាន់ទោសគេឡើើយ។ 17 ប៉ុន្តែ ព្រះអម្ចាស់បានគង់នៅខាងខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដូច្នេះហើយតាមរយៈខ្ញុំ ដំណឹងល្អបានប្រកាសគ្រប់ទីកន្លែង និងសម្រាប់ឲ្យសាសន៍ដទៃទាំងអស់ដែលបានឮផងដែរ។ ព្រះជាម្ចាស់បានសង្គ្រោះខ្ញុំចេញពីមាត់តោ។ 18 ព្រះអម្ចាស់នឹងសង្គ្រោះរូបខ្ញុំ​ ឲ្យចេញពីការអាក្រក់ទាំងអស់ និងសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ។ សូមថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ដ៏នៅអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ 19 សូមជម្រាបសួរនាងព្រីសីល លោកអ័គីឡា ហើយទាំងក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រផងដែរ។ 20 លោកអេរ៉ាស្ទុសដែលស្ថិតនៅក្រុងកូរិនថូស ប៉ុន្តែ លោកទ្រភីម ខ្ញុំបានទុកគាត់នៅក្រុងមីលេត ព្រោះគាត់មានជំងឺ។ 21 សូមមកជាប្រញាប់ មុនរដូវរងារមកដល់។ សូមជម្រាបសួរមក លោកអុើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ដែរ។ 22 សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមព្រះគុណបានស្ថិតនៅជាមួយអ្នកទាំងអស់គ្នា។


Book: Titus

Titus

ជំពូក 1

1 ខ្ញុំ ប៉ូលជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត ដោយសារជំនឿបានក្លាយជាប្រជារាស្រ្ត ដែលព្រះជាម្ចាស់បាន​ជ្រើស​រើស​ និង​ស្គាល់​​សេចក្ដី​ពិត និងជាអ្នកដែលព្រមទទួល​ការ​គោគោរពប្រតិបត្តិដល់​ព្រះអង្គ 2 ដោយជឿជាក់​ថា ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ហើយព្រះអង្គមិនកុហកសោះឡើយ និងបាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់។ 3 នៅ​ពេល​កំណត់ ព្រះអង្គ​បាន​បើកសម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ គឺថាព្រះអង្គបានទុកព្រះហឫទ័យលើខ្ញុំ ដើម្បីក្លាយជាអ្នកប្រកាសដំណឹងល្អ។ ខ្ញុំបានធ្វើការនេះតាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ 4 ជូនចំពោះលោកទីតុស​ជាកូនដ៏ពិតនៅក្នុងជំនឿរួមគ្នា។ សូមព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និងព្រះគ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់យើងប្រទានព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។ 5 តាមរយៈគោលបំណងនេះ ខ្ញុំបាន​ទុក​អ្នករាល់គា្ន​ឲ្យ​នៅ​លើកោះ​ក្រែត ដើម្បីឲ្យអ្នកបានរៀបចំសណ្តាប់ធ្នាប់ ដែលមិនទាន់បានរៀបរយនៅឡើយ និងតែងតាំងពួកចាស់ទុំនៅតាមក្រុងទាំងអស់ ដូចដែលខ្ញុំបានបង្គាប់អ្នករួចហើយ។ 6 ចាស់ទុំ​ត្រូវ​តែជាអ្នក​ដែល​គ្មាន​​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ដែលមានជំនឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​មនុស្សទុច្ចរិត និង​គ្មានសីលធម៌នោះទេ។ 7 ជាការចាំបាច់ណាស់​សម្រាប់អ្នកមើលការខុសត្រូវ ក្នុងនាមអ្នកគ្រប់គ្រងដំណាក់របស់ព្រះជាម្ចាស់ ត្រូវតែជាមនុស្សដែលគ្មានកំហុស។ គាត់មិនត្រូវវាយប្ញកក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬជាមនុស្សលោភលន់ឡើយ។ 8 ផ្ទុយទៅវិញ គាត់គួរតែជាមនុស្សចៅរ៉ៅរាក់ទាក់​ ស្រឡាញ់​ការ​ល្អ។​ គាត់ជាមនុស្សដឹង​ខុសត្រូវ សុចរិត បរិសុទ្ធ​ និងចេះគ្រប់គ្រងខ្លួនឯង។ 9 គាត់គួរតែប្រកាន់ភ្ជាប់តាមព្រះបន្ទូលដ៏ពិត ដែលបានបង្រៀនរួចហើយ ដូច្នេះហើយ គាត់អាចមានសមត្ថភាពលើកទឹកចិត្តអ្នកដ៏ទៃ​ តាមសេចក្តីបង្រៀនត្រឹមត្រូវ និងអាចកែតម្រង់អ្នកដែលជំទាស់នឹងគាត់វិញ។ 10 ដ្បិត មនុស្សជាច្រើនជាអ្នកបះបោរ ជាពិសេសគឺអ្នកដែលបានកាត់ស្បែក រីឯពាក្យរបស់ពួកគេគឺឥតប្រយោជន៏ ពួកគេបោកបញ្ឆោតហើយដឹកនាំមនុស្សឲ្យដើរផ្លូវខុស។ 11 យើងចាំបាច់ត្រូវបញ្ឍប់ពួកគេ។ ពួកគេបង្រៀននូវអ្វីដែលមិនគប្បីបង្រៀន ដើម្បីយកកម្រៃដោយគ្មានភាពអៀនខ្មាស់ និងធ្វើឲ្យមានការបែកបាក់ក្នុងគ្រួសារជាច្រើន ។ 12 មានម្នាក់នៅក្នុងចំណោមមពួកគេ ដែលជាព្យាការីបានពោលថា៖ «អ្នកស្រុកក្រែតសុទ្ធតែជាអ្នកកុហក ហើយជាមនុស្សអាក្រក់ជាសត្វតិរច្ឆាន​ និងជាមនុស្សកម្ជិលដែលល្មោភសុី។ 13 ពាក្យនេះពិតណាស់ ដូច្នេះហើយ ត្រូវកែតម្រូវពួកគេយ៉ាងតឹងរឹង ដើម្បីឲ្យពួកគេមានជំនឿកាន់តែរឹងមាំឡើង។ 14 កុំឲ្យជាប់ចិត្តនឹងរឿងព្រេងរបស់សាសន៍យូដា ឬបទបញ្ជារបស់ពួកអ្នកដែលបោកបញ្ឆោតពីសេចក្តីពិត។ 15 ចំពោះអ្នកដែលបរិសុទ្ធ នោះអ្វីៗសុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មងនិងមិនជឿ នោះអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់ពួកគេសុទ្ធតែសៅហ្មង។ 16 ពួកគេអះអាងថា គេស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ ពួកគេបែរជាបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្តរបស់ពួកគេទៅវិញ។ ពួកគេសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយជាមនុស្សដែលមិន​ស្ដាប់​បង្គាប់​ និងមិនអាចប្រព្រឹត្តអំពេើល្អបានឡើយ។


ជំពូក 2

1 ប៉ុន្តែចំពោះអ្នកវិញ ត្រូវនិយាយតែណាដែលស្របតាមសេចក្ដីបង្រៀនដ៏ស្មោះត្រង់។ 2 ពួកបុរសវ័យចំណាស់ ត្រូវតែជាមនុស្សស្លូតបូត មានភាពថ្លៃថ្នូរ មានសុភវិនិច្ឆ័យ មានជំនឿស្អាតស្អំ មានសេចក្ដីស្រឡាញ់ និងចេះស៊ូទ្រាំ។ 3 ពួកស្រ្ដីវ័យចំណាស់ក៏ដូច្នេះដែរ ត្រូវតែមានកិរិយាមារយាទសម ជាអ្នកដែលគេគោរព មិននិយាយដើមគេ មិនចំណូលស្រា និងគួរតែបង្រៀននូវសេចក្តីល្អៗវិញ។ 4 ដើម្បីជួយអប់រំស្រ្តីៗដែលនៅក្មេង ឲ្យចេះស្រឡាញ់ស្វាមី និងកូនៗរបស់ខ្លួន។ 5 ពួកគេគួរតែអប់រំស្រ្តីទាំងនោះឲ្យមានចិត្តបរិសុទ្ធ ជាស្ត្រីមេផ្ទះដ៏ល្អ និងគោរពចុះចូលនឹងស្វាមីរបស់ពួកគេរៀងៗខ្លួន។ ធ្វើដូច្នេះ ដើម្បីកុំឲ្យនរណាម្នាក់ ប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ 6 រីឯពួកយុវជនវិញ ចូលលើកទឹកចិត្តពួកគេឲ្យមានសុភវិនិច្ឆ័យគ្រប់កិច្ចការទាំងអស់។ 7 ចូរបង្ហាញ និងបង្រៀនអំពើល្អរបស់អ្នក ជាគំរូដល់គេ ដោយបង្ហាញពីភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់អ្នក។ 8 និយាយពាក្យសម្តីដែលល្អៗ ដោយមិនឲ្យគេរិះគន់បាន ដូច្នេះ អស់អ្នកដែលជំនាស់នឹងត្រូវអៀនខ្មាស់ ពីព្រោះគេគ្មានអ្វីនិយាយអាក្រក់ពីយើងបានឡើយ។ 9 ពួកអ្នកខ្ញុំបម្រើត្រូវស្តាប់បង្គាប់ម្ចាស់របស់ខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់។ ពួកគេត្រូវផ្គាប់ចិត្ត និងមិនត្រូវប្រកែកជាមួយម្ចាស់ឡើយ។ 10 ពួកគេមិនគួរលួច​បន្លំ​ម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបង្ហាញនូវជំនឿដ៏ល្អ ដើម្បី​លើកកម្ពស់​សេចក្ដី​បង្រៀន​ អំពីព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់​។ 11 ព្រះគុណរបស់ព្រះជាម្ចាស់បានបើកសម្តែងទៅកាន់មនុស្សទាំងអស់។ 12 ហើយអប់រំយើងឲ្យលះចោលការមិនគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបដិសេធសេចក្តីបងប្រាថ្នាខាងសាច់ឈាម ដើម្បីអប់រំយើងឲ្យរស់នៅដោយសេចក្តីសុចរិត និងត្រឹមត្រូវដោយការគោរពកោតខ្លាចព្រះជាម្ចាស់ នៅក្នុងសម័យនេះ។ 13 ខណៈពេលដែលយើងរង់ចាំទទួលសេចក្តីសង្ឃឹមរបស់ពួកយើង ព្រះយេស៊ូគ្រិស្តជាព្រះដ៏ប្រសើរឧត្តមបំផុត និងជាព្រះសង្រ្គោះរបស់ពួកយើង ព្រះអង្គនឹងបើកសម្តែងសិរីរុងរឿងរបស់ព្រះអង្គ។ 14 ព្រះយេស៊ូបានលះបង់ព្រះជន្មព្រះអង្គជំនួសយើង ដើម្បីដោះយើងឲ្យរួចពីការរំលងច្បាប់ទាំងអស់ និងជម្រះយើងឲ្យបានវិសុទ្ធថ្វាយព្រះអង្គផ្ទាល់ និងជាប្រជារាស្រ្តដ៏វិសេស ដែលយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 15 ចូរនិយាយ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ចូរកែតម្រូវដោយប្រើសិទ្ធិអំណាចពេញទី។ កុំឲ្យនរណាម្នាក់មើលងាយអ្នកឡើយ។


ជំពូក 3

1 ចូរដាស់តឿនដល់បងប្អូនឲ្យគោរពចុះចូលនឹងអាជ្ញាធរ រដ្ឋអំណាច ព្រមទាំងស្តាប់បង្គាប់ ដើម្បីប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ 2 ចូរដាស់តឿនពួកគេកុំឲ្យមើលងាយនរណាម្នាក់ ហើយក៏កុំឲ្យពួកគេទាស់ប្រឆាំង តែចូរឲ្យគេមានចិត្តសប្បុរសនិងបង្ហាញពីចិត្តសុភាពរាបសាចំពោះមនុស្សទាំងអស់វិញ។ 3 កាលពីដើម ពួកយើងក៏ជាមនុស្សគិតខ្លី និងមិនស្តាប់បង្គាប់ដែរ។ យើងបានវង្វេង និងជាទាសករខាងឯសេចក្តីប៉ងប្រាថ្នា ព្រមទាំងភាពស្រើបស្រាលគ្រប់បែបយ៉ាងដែរ។ យើងបានរស់នៅក្នុងការអាក្រក់ និងច្រណែនឈ្នានីស។ យើងជាមនុស្សដែលគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។ 4 ប៉ុន្តែ នៅពេលសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះសង្រ្គោះរបស់យើង និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្សបានបើកសម្តែង 5 ពុំមែនមកពីយើងបានប្រព្រឹត្តសេចក្តីសុចរិតនោះទេ គឺដោយសារព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គបានសង្រ្គោះយើង។ ព្រះអង្គបានសង្រ្គោះយើងតាមរយៈការលាងជម្រះឲ្យកើតជាថ្មី និងប្រទានជីវិតថ្មីតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ 6 ព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងបរិបូរ មកលើយើងតាមរយៈព្រះយេស៊ូគ្រិស្តជាព្រះសង្រ្គោះរបស់យើង។ 7 ព្រះអង្គសង្រ្គោះយើង ដោយរាប់យើងជាសុចរិត តាមរយៈព្រះគុណរបស់ព្រះអង្គ ដូច្នេះយើងបានទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក ដោយសេចក្តីសង្ឃឹមរបស់យើង។ 8 ព្រះបន្ទូលនេះគួរឲ្យជឿទុកចិត្តបាន។ ខ្ញុំចង់ឲ្យអ្នកនិយាយពាក្យនេះ ដោយជឿជាក់ក្នុងចិត្តថា អស់អ្នកណាដែលទុកចិត្តលើព្រះជាម្ចាស់ នឹងមានចិត្តស្មោះសរប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបង្គាប់។ សេចក្តីទាំងនេះជាការល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក។ 9 ចូរ​ចៀស​ចេញ​ពី​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​ពី​បញ្ជី​វង្ស​ត្រកូល​ ការ​ឈ្លោះ​ប្រកែក​ និង​ជម្លោះ​អំពី​គម្ពីរ​វិន័យ​ ដ្បិតការ​ទាំង​អស់នេះជា​ការ​ឥត​ប្រយោជន៍​ និងឥត​បាន​ការ​អ្វី​ទាំង​អស់។ 10 ចូរបដិសេធអ្នកណាដែលបង្ករការបែកបាក់គ្នា ក្នុងចំណោមអ្នករាល់គ្នា បន្ទាប់ពីការដាស់តឿនមួយម្តងពីរម្តងរួចហើយ បណ្តេញគេឲ្យចេញទៅ 11 ដោយដឹងថាជនប្រភេទនេះបានផ្លាស់ប្តូរពីរការល្អ ហើយមកប្រព្រឹត្តអំពើបាបហើយគេនឹងដាក់ទោសខ្លួនឯង។ 12 ពេលខ្ញុំបានចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យទៅរកអ្នក ចូរប្រញាប់មករកខ្ញុំនៅទីក្រុងនីកូប៉ូល ជាកន្លែងខ្ញុំត្រូវស្នាក់នៅរដូវរងារ។ 13 ចូរ​ខិតខំ​ជួយ​លោក​សេណាស​ជា​មេធាវី​ និង​លោក​អ័ប៉ុឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ កុំ​ឲ្យ​ពួកគេ​ខ្វះ​អ្វី​ឡើយ។​ 14 ត្រូវ​ឲ្យ​បងប្អូន​យើង​ខិតខំ​ធ្វើ​ការ​ល្អ​ផង​ សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ចាំបាច់​ទាំងឡាយ​ ដើម្បី​កុំ​ឲ្យ​ត្រឡប់​ជា​មនុស្ស​មិន​បង្កើត​ផល​ឡើយ។ 15 បងប្អូន​ទាំង​អស់​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​ជម្រាប​សួរ​មក​អ្នក‍​ដែរ‍។​ ចូរ​ជម្រាប​សួរ​ដល់​ពួកអ្នក​រួម​ជំនឿ ​ដែល​ស្រឡាញ់​យើង​ផង។​ សូម​ឲ្យអ្នក​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​។


Book: Philemon

Philemon

ជំពូក 1

1 ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំងរបស់ព្រះគ្រិស្ដ‌យេស៊ូ និងលោកធីម៉ូថេ​ជា​បងប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែលចូល​រួម​ការ‌ងារ​ជា​មួយ​យើង 2 សូម​ជម្រាប​មក​ប្អូន​ស្រី​អាប់ភា ហើយជម្រាប​មក​លោក​អើ‌ឃីព​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង ព្រមទាំងសូម​ជម្រាប​មក​ក្រុម‌ជំនុំ​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន។ 3 សូមព្រះព្រះគុណ និងសេចក្តីសុខសាន្តដល់បងប្អូនពីព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្តជាអម្ចាស់របស់យើង។ 4 ពេលខ្ញុំអធិស្ឋាន ខ្ញុំតែងតែដំណាលពីលោក​ប្អូន។ ខ្ញុំតែងតែ​អរ​ព្រះ‌គុណដ៏​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ​ជានិច្ច។ 5 ដ្បិត​ ខ្ញុំ​បាន​ឮ​​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន នៅ​ចំពោះ​ព្រះ‌អម្ចាស់​យេស៊ូ និង​ចំពោះ​អ្នករួមជំនឿ​ទាំង​អស់។ 6 ខ្ញុំអធិស្ឋានសូម​​ឲ្យមាន​ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​ឲ្យ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ‌គ្រិស្ដ។ 7 ខ្ញុំពិតជា​មាន​អំណរ និង​ការលើកទឹកចិត្ត​យ៉ាង​ខ្លាំង ដោយសារឃើញ​សេចក្តី​ស្រឡាញ់របស់លោក​ប្អូន ព្រោះចិត្តរបស់ប្រជាជនដ៏វិសុទ្ធបានធូរស្បើយដោយសារលោក​ប្អូន។ 8 ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​គ្រប់ទាំងអស់​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះ‌គ្រិស្ដ ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក៏ដោយ 9 ក៏ព្រោះតែសេចក្តីស្រលាញ់ទើបខ្ញុំមក​អង្វរ​លោក​ប្អូន​។ ខ្ញុំ ប៉ូល ដែល​មានវ័យកាន់​តែ​ចាស់​ហើយ ឥឡូវ​នេះក៏​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ដ‌យេស៊ូ​ថែម​ទៀតផង។ 10 ខ្ញុំ​សូម​អង្វរ​លោក​ប្អូន​អំពី​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ជាប់​ឃុំ‌ឃាំង។ 11 ពី​ដើម គាត់​គ្មានប្រយោជន៍​អ្វី​ដល់​លោក​ប្អូន​មែន ប៉ុន្តែ ឥឡូវ​នេះគាត់​ពិត​ជា​មាន​ប្រយោជន៍​ដល់​លោក​ប្អូន ក៏​ដូច​ជា​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ដែរ។ 12 ខ្ញុំ​សូម​ចាត់​គាត់​ ឲ្យ​វិល​មក​រក​លោក​ប្អូន​វិញ ដែលគាត់​ប្រៀប​បី​ដូច​ជា​ដួងចិត្ត​របស់​ខ្ញុំ។ 13 ខ្ញុំក៏មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ​នេះ។ 14 ​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​មិនមាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ។ ខ្ញុំមិនចង់ឱ្យការប្រព្រឹត្ដល្អរបស់ប្អូន ធ្វើទាំង​ទើសទាល់នោះទេ គឺ​ធ្វើ​ដោយ​ស្ម័គ្រចេញពី​ចិត្ត​វិញ។ 15 ប្រហែលជាគាត់​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​ ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​ជាដរាបតទៅ 16 មិន​មែន​ក្នុង​ឋានៈ​ជា​ខ្ញុំ​បម្រើ​ទៀតនោះ​ទេ គឺ​ក្នុង​ឋានៈ​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជាមនុស្សពិសេសបំផុតសម្រាប់ខ្ញុំ។ គាត់​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​យ៉ាង​ខ្លាំង​របស់​ខ្ញុំ ហើយ​ចំពោះ​លោក​ប្អូន គាត់​ក៏​រឹត​តែ​ជា​ទី​ស្រឡាញ់​ថែម​ទៀត ទាំង​ខាង​លោកីយ៍ ទាំង​ខាង​ព្រះ‌អម្ចាស់។ 17 ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​ចាត់ទុកខ្ញុំ​ជា​បងប្អូន​រួម​ជំនឿ​មែន សូម​ទទួលយក​គាត់​ឲ្យ​បាន​ដូចជា​ទទួលយក​ខ្ញុំ​​ដែរ។ 18 ប្រសិន​បើ ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោកប្អូន ​សូម​គិត​​លើ​ខ្ញុំ​ចុះ។ 19 ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យទាំង​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (តែខ្ញុំ​មិនចាំ​បាច់​រំឭកទេ​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​​ដែរ​នោះ​ទេ)។ 20 លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ ដោយ​យល់​ដល់ព្រះនាម​ព្រះ‌អម្ចាស់ ហើយ​សូម​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បានធូរស្បើយក្នុង​អង្គ​ព្រះ‌គ្រិស្ដ​ផង។ 21 ខ្ញុំ​សូមសរសេរ​មក​លោក​ប្អូន ដោយ​ភាពជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំនេះ​ទៅ​ទៀត។ 22 ក្នុងពេល​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ដោយសារ​បងប្អូន​បាន​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ ​នោះខ្ញុំនឹងបាន​មក​ជួប​បងប្អូនជាក់ជា​មិន​ខាន។ 23 លោក​អេប៉ា‌ប្រាស​ដែលបាន​ជាប់​ឃុំ‌ឃាំង​ជា​មួយនឹង​ខ្ញុំ ព្រោះ​តែ​ព្រះគ្រិស្ដ‌យេស៊ូ សូម​ជម្រាប​សួរ​មក​លោក​ប្អូន 24 ហើយ​ព្រមទាំងលោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំដែរ។ 25 សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង ស្ថិត​នៅជាប់​ជា​មួយ​វិញ្ញាណ​របស់​លោក​ប្អូន។ អាម៉ែន។


Book: Hebrews

Hebrews

ជំពូក 1

1 កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងតាមរយៈពួកព្យាការី ច្រើនលើកច្រើនសារ និងប្រើរបៀបផ្សេងៗជាច្រើន។ 2 ប៉ុន្តែ នៅសម័យចុងក្រោយបង្អស់ ព្រះអង្គមានព្រះបន្ទូលមកកាន់យើងរាល់គ្នា តាមរយៈព្រះបុត្រាវិញ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមរតក។ ព្រះជាម្ចាស់បានបង្កើតពិភពទាំងមូល ដោយសារព្រះបុត្រា។ 3 ព្រះបុត្រាជាពន្លឺនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយសារ​ព្រះបន្ទូល​ពេញ​ឫទ្ធានុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យបានវិសុទ្ធរួចផុត​ពី​បាប​រួច​ហើយ ទ្រង់ក៏គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​ខ្ពង់ខ្ពស់​បំផុត។ 4 ព្រះបុត្រា​បានទទួល​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវតាយ៉ាង​ណា ​ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។ 5 តើព្រះជាម្ចាស់​ធ្លាប់​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង នៅថ្ងៃនេះ ​យើង​​បាន​ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​» ឬ​មាន​ព្រះបន្ទូល​ថា៖ «តើយើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើងដែរឬទេ?» 6 មួយវិញទៀត ពេលព្រះជាម្ចាស់ចាត់បញ្ជូនបុត្រច្បងមកផែនដីនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ទេវតាទាំងអស់របស់ព្រះជាម្ចាស់ត្រូវថ្វាយបង្គំព្រះបុត្រា»។ 7 ចំពោះពលទេវតាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអង្គជាព្រះជាម្ចាស់ ដែលបានបង្កើតទេវតាជាវិញ្ញាណ ហើយអ្នកបម្រើព្រះអង្គជាអណ្តាតភ្លើង»។ 8 ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រ ព្រះជាម្ចាស់ បល្ល័ង្កព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ហើយព្រះរាជ្យរបស់ព្រះអង្គជារាជ្យប្រកបដោយយុត្តិធម៌។ 9 ព្រះអង្គសព្វព្រះហប្ញទ័យសេចក្តីសុចរិត និងមិនសព្វព្រះហប្ញទ័យនឹងអំពើទុច្ចរិត។ ហេតុដូចនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គបានចាក់ប្រេងអភិសេកព្រះអង្គ ដោយប្រេងនៃអំណរលើសលប់ ជាងមិត្តភក្តិរបស់ព្រះអង្គទៅទៀត»។ 10 កាលដើមដំបូងបង្អស់ ព្រះអម្ចាស់​បាន​បង្កើតគ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។ 11 ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅអស់ តែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅៗ ដូច​សម្លៀកបំពាក់។ 12 ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី និងទាំង​ផ្ទៃ​មេឃ​ទុក ដូច​គេ​បត់​អាវ​ធំ ។ ផែនដី និង​ផ្ទៃ​មេឃ​នឹង​ត្រូវរេចរឹល​ទៅដូច​សម្លៀកបំពាក់។ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​មិនចេះ​ប្រែព្រះទ័យ​ឡើយ ហើយ​ព្រះជន្មាយុ​របស់​ព្រះអង្គក៏​មិន​ចេះ​អស់​ដែរ​។ 13 ចុះតើទេវតាមួយណា ដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់គ្រប់ពេលថា៖​ «ចូរអង្គុយនៅខាងស្តាំយើង រហូតយើងបង្រ្កាបខ្មាំងសត្រូវព្រះអង្គដាក់ក្រោមព្រះបាទាព្រះអង្គ?» 14 តើទេវតាទាំងអស់មិនមែនជាវិញ្ញាណ ដែលបម្រើព្រះជាម្ចាស់ ហើយត្រូវព្រះអង្គបញ្ជូនឲ្យមកមើលថែអ្នក ដែលត្រូវទទួលការសង្រ្គោះជាមរតកដែរឬទេ?


ជំពូក 2

1 ហេតុដូចនេះ យើងត្រូវយកចិត្តទុកដាក់ ចំពោះកិច្ចការដែលយើងបានឮ ដើម្បីកុំឲ្យយើងត្រូវរសាត់បាត់ឆ្ងាយ។ 2 ដ្បិតបើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង តាមរយៈពួកទេវតា មានប្រសិទ្ធភាព ធ្វើឲ្យមនុស្សប្រព្រឹត្តល្មើស និងមិនស្តាប់បង្គាប់គ្រប់គ្នា ទទួលទោសយ៉ាងនេះទៅហើយ 3 ចុះតើធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្រ្គោះដូច្នេះ? គឺការសង្រ្គោះដែលព្រះអម្ចាស់បានប្រកាស និងបញ្ជាក់ប្រាប់យើង ដែលបានឮរួចមកហើយ។ 4 ជាមួយគ្នានេះដែរ ព្រះជាម្ចាស់បានផ្តល់សក្ខីភាព តាមរយៈទីសម្គាល់ ឫទ្ធិ​បាដិហារិយ៍ និងការអស្ចារ្យទាំងឡាយ ព្រមទាំងបានចែកអំណោយទានរបស់ព្រះវិញ្ញាណ ស្របតាមព្រះហប្ញទ័យព្រះអង្គ។ 5 ដ្បិត ពុំមែនជាពួកទេវតារបស់ព្រះជាម្ចាស់ទេ ដែលព្រះអង្គប្រគល់ឲ្យគ្រប់គ្រងពិភពលោក ដូចយើងធ្លាប់និយាយនោះទេ។ 6 ផ្ទុយទៅវិញ មានមនុស្សបានផ្តល់សក្ខីភាពនៅកន្លែងមួយថា៖ «តើបុត្រមនុស្សជាអ្វីបានជាព្រះជាម្ចាស់នឹកនាដល់គេមេ្ល៉ះ? ឬក៏បុត្រមនុស្សដែលបងប្អូនគ្នាយកចិត្តទុកដាក់?» 7 ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានឋានៈតូចជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ តែបងប្អូនរាល់គ្នាទទួលបានមកុដ ប្រកបដោយសរីរុងរឿង និងកិត្តិយស។ 8 ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមបាទជើងពួកគេ។ ដ្បិតព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងព្រះអង្គ គឺគ្មានអ្វីមួយនៅសេសសល់ ពុំចុះចូលនឹងព្រះអង្គឡើយ។ ប៉ុន្តែ ឥឡូវនេះយើងឃើញថា អ្វីទាំងអស់ពុំទាន់ចុះចូលនឹងព្រះអង្គនៅឡើយទេ។ 9 ប៉ុន្តែ យើងឃើញថា ម្នាក់ដែលតូចជាងពួកទេវតា តែមួយរយៈខ្លីប៉ុណ្ណោះ គឺព្រះយេស៊ូដែលបានរងទុក្ខលំបាក និងសោយទិវង្គត ហើយព្រះអង្គទទួលបានមកុដប្រកបដោយសិរីរុងរឿង និងកិត្តិយស។ ឥឡូវនេះ ដោយសារព្រះគុណ ព្រះអង្គបានភ្លក្សសេចក្តីស្លាប់ម្តង សម្រាប់មនុស្សគ្រប់គ្នា។ 10 ដ្បិត ពិតជាសក្តិសមណាស់ចំពោះព្រះជាម្ចាស់ ព្រោះអ្វីៗទាំងអស់កើតឡើងដើម្បីថ្វាយព្រះអង្គ តាមរយៈព្រះអង្គ និងនាំកូនៗជាច្រើន ឲ្យទទួលបានសិរីរុងរឿង។ ស័ក្តិសមណាស់ចំពោះព្រះអង្គ ធ្វើជាអ្នកដឹកនាំការសង្រ្គោះពេញលក្ខណៈ តាមរយៈការរងទុក្ខលំបាក។ 11 ទាំងព្រះយេស៊ូដែលប្រោសមនុស្សឲ្យបានវិសុទ្ធ និងអ្នកដែលព្រះយេស៊ូប្រោសឲ្យបានវិសុទ្ធ ចេញមកពីប្រភពតែមួយ។ ដូច្នេះ ព្រះអង្គមិនខ្មាសនឹងហៅពួកគេថា បងប្អូនឡើយ។ 12 ព្រះអង្គមានព្រះបន្ទូលថា៖ «ទួលបង្គំនឹងប្រកាសពីព្រះនាមព្រះអង្គប្រាប់បងប្អូនទួលបង្គំ ហើយយើងនឹងច្រៀងអំពីព្រះអង្គ នៅក្នុងអង្គប្រជុំ»។ 13 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងទុកចិត្តព្រះអង្គ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ទូលបង្គំនៅទីនេះ រួមជាមួយកូនចៅ ដែលព្រះជាម្ចាស់ប្រទានមកទូលបង្គំ»។ 14 ដោយសារ កូនចៅរបស់ព្រះជាម្ចាស់ជាប់សាច់ឈាមជាមួយគ្នា ព្រះយេស៊ូក៏ចែករំលែកអ្វីៗព្រះអង្គមាន ជាមួយពួកគេដែរ ដូច្នេះ ព្រះយេស៊ូសុគតដើម្បីបំផ្លាញមារកំណាច ដែលមានអំណាចលើសេចក្តីស្លាប់។ 15 ព្រះអង្គធ្វើដូច្នេះ ដើម្បីរំដោះពួកអ្នកខ្លាចសេចក្តីស្លាប់ ដែលកំពុងតែរស់នៅជាទាសករមួយជីវិត ឲ្យមានសេរីភាពឡើងវិញ។ 16 ពិតប្រាកដណាស់ ព្រះយេស៊ូពុំបានជួយពួកទេវតាទេ ផ្ទុយទៅវិញព្រះអង្គបានទៅជួយពូជរបស់លោកអប្រាហាំ។ 17 ដូច្នេះ ព្រះអង្គត្រូវតែដូចបងប្អូនព្រះអង្គគ្រប់យ៉ាង ដើម្បីធ្វើជាមហាបូជាចារ្យពេញដោយចិត្តមេត្តា និងស្មោះត្រង់ក្នុងការបំពេញកិច្ចការថ្វាយព្រះជាម្ចាស់ និងនាំការអត់ទោសបាបដល់មនុស្សទាំងអស់។ 18 ព្រះយេស៊ូអាចជួយអ្នកដែលត្រូវល្បួងបាន ព្រោះព្រះអង្គផ្ទាល់ក៏រងទុក្ខលំបាក និងរងការល្បួងដូចគ្នាដែរ។


ជំពូក 3

1 ដូច្នេះ បងប្អូនដ៏វិសុទ្ធអើយ បងប្អូនបានទទួលការត្រាស់ហៅមកស្ថានបរមសុខ។ 2 ចូរគិតពិចារណាអំពីព្រះយេស៊ូ ដែលជាសាវក និងជាមហាបូជាចារ្យរបស់យើង តាមការប្រកាសជំនឿ។ ព្រះអង្គស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចជាលោកម៉ូសេស្មោះត្រង់ចំពោះព្រះដំណាក់របស់ព្រះជាម្ចាស់យ៉ាងនោះដែរ។ 3 ដ្បិត ព្រះយេស៊ូទទួលបានសិរីរុងរឿងដ៏ប្រសើរជាងលោកម៉ូសេយ៉ាងណា នោះអ្នកសង់ផ្ទះក៏មានកិត្តិយសលើសជាងផ្ទះយ៉ាងនោះដែរ។ 4 ដ្បិត គ្រប់ផ្ទះទាំងអស់មានជាងជាអ្នកសាងសង់ តែព្រះជាម្ចាស់ជាអ្នកសង់អ្វីៗទាំងអស់។ 5 ម៉្យាងវិញទៀត លោកម៉ូសេជាអ្នកបម្រើដ៏ស្មោះត្រង់ នៅក្នុងព្រះដំណាក់ទាំងមូលរបស់ព្រះជាម្ចាស់។ ព្រះអង្គផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងឡាយ ដែលនឹងកើតមានឡើងនាពេលអនាគត។ 6 ប៉ុន្តែ ព្រះគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ទទួលបន្ទុកលើព្រះដំណាក់។ យើងជាព្រះដំណាក់របស់ព្រះជាម្ចាស់ បើយើងមានចិត្តរឹងប៉ឹង និងទំនុកចិត្តប្រកបដោយមោទនភាព។ 7 ដូច្នេះ ព្រះវិញ្ញណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ 8 មិនត្រូវមានចិត្តរឹងរូស និងបះបោរ កំឡុងពេលរងការល្បង នៅទីរហោរស្ថាន។ 9 ការនេះកើតឡើង ពេលបុព្វបុរសអ្នករាល់គ្នាបះបោរ ដោយការល្បងលយើង រួចហើយពួកគេបានឃើញកិច្ចការយើងធ្វើ កំឡុងពេលសែសិបឆ្នាំ។​ 10 ហេតុនេះ យើងទើសចិត្តនឹងមនុស្សជំនាន់នោះខ្លាំងណាស់។ យើងថ្លែងថា៖​ «ចិត្តពួកគេវង្វេងអស់ហើយ។ ពួកគេពុំស្គាល់មាគ៌ារបស់យើងទេ។ 11 ពេលយើងខឹង យើងបានស្បថថា៖ «ពួកគេនឹងមិនអាចសម្រាកបានឡើយ»។ 12 បងប្អូនអើយ ចូរប្រយ័ត្នឲ្យមែនទែន ព្រោះនៅក្នុងចំណោមបងប្អូនមានមនុស្សមានចិត្តអាក្រក់មិនជឿ និងបែរចិត្តចេញពីព្រះជាម្ចាស់ដែលមានព្រះជន្មរស់។ 13 ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាជាប្រចាំ កាលណាព្រះគម្ពីរចែងថា «ថ្ងៃនេះ» នៅឡើយ កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ។ 14 ដ្បិត យើងបានក្លាយជាដៃគូរបស់ព្រះគ្រិស្តរួចហើយ ប្រសិនបើ យើងមានចិត្តរឹងប៉ឹងទាំងទុកចិត្តព្រះអង្គ តាំងពីដើមរហូតដល់ទីបញ្ចប់។ 15 មានសេចក្តីចែងទុកមកថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ មិនត្រូវមានចិត្តរឹងរូស និងបះបោរឡើយ។ 16 តើនរណាខ្លះបានឮព្រះជាម្ចាស់ និងមានចិត្តបះបោរ? តើអ្នកទាំងនោះ ជាអ្នកដែលពុំបានចេញពីប្រទេសអេស៊ីប ជាមួយលោកម៉ូសេទេឬ? 17 តើព្រះអង្គខឹងនឹងនរណាខ្លះ រយៈពេលសែសិបឆ្នាំនេះ? តើព្រះជាម្ចាស់មិនខឹងមនុស្សប្រព្រឹត្តអំពើបាបទេឬ? 18 តើសាកសពនរណាខ្លះត្រូវបោះចោលទីរហោស្ថាន? តើព្រះជាម្ចាស់បានស្បថពួកគេនឹងមិនអាចសម្រាកបានឡើយ ប្រសិនបើ គេមិនស្តាប់បង្គាប់ព្រះអង្គដូច្ហេះ? 19 យើងដឹងថា ពួកគេនឹងមិនអាចសម្រាកបានឡើយ ព្រោះគ្មានជំនឿ។


ជំពូក 4

1 ដូច្នេះ ចូរយើងរាល់គ្នាប្រយ័ត្នឲ្យមែនទែន កុំឲ្យបងប្អូនណាម្នាក់ខកខានមិនបានទទួលព្រះបន្ទូលសន្យា និងធ្វើឲ្យបងប្អូនមិនបានចូលទៅសម្រាករួមជាមួយព្រះជាម្ចាស់។ 2 ដ្បិត យើងបានទទួលដំណឹងល្អជាមួយពួកគេដែរ ប៉ុន្តែ ព្រះបន្ទូលមិនបានផ្តល់ផលប្រយោជន៍ ដល់អស់អ្នកណាដែលមិនរួបរួមក្នុងជំនឿ ដែលពួកគេជឿឡើយ។ 3 ដ្បិត អស់អ្នកណាដែលជឿ អ្នកនោះនឹងបានចូលសម្រាក ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងស្បថដោយព្រះពិរោធថា ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។ ទោះបីការបង្កើតរបស់សព្វសារពើបានសម្រេចតាំងពីកំណើតផែនដីមកមេ៉្លះ។ 4 ដ្បិត ព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរ។ «ព្រះជាម្ចាស់សម្រាកពីគ្រប់កិច្ចការទាំងអស់ នៅថ្ងៃទីប្រាំពីរ។ 5 ព្រះជាម្ចាស់គូសបញ្ជាក់សារជាថ្មីថា៖ «ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។ 6 ហេតុដូចនេះ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះបានចូលទៅសម្រាក ហើយចាប់តាំងពីអ៊ីស្រាអែលជាច្រើនបានឮដំណឹងល្អហើយ តែពុំបានចូលទៅសម្រាក ព្រោះតែពួកគេមិនស្តាប់បង្គាប់ 7 ដូច្នេះ ព្រះជាម្ចាស់បានកំណត់យកថ្ងៃមួយ គឺ៖ «ថ្ងៃនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈព្រះបាទដេវីឌ ជាយូរអង្វែងមកថា៖ «ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ កុំឲ្យមានចិត្តរឹងរូសឡើយ»។ 8 ប្រសិនបើ លោកយ៉ូស្វេនាំឲ្យពួកគេបានសម្រាកមែន 9 នោះព្រះជាម្ចាស់នឹងពុំមានព្រះបន្ទូលអំពីថ្ងៃមួយទៀតទេ។ ដូច្នេះ ព្រះជាម្ចាស់តម្រូវឲ្យមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។ 10 ដ្បិត អស់អ្នកណាបានចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះក៏បានសម្រាកពីកិច្ចការរបស់ខ្លួន ដូចជាព្រះជាម្ចាស់បានធ្វើរួចមកហើយ។ 11 ដូច្នេះ ចូរឲ្យយើងបានសង្វាតចូលទៅសម្រាក ដើម្បីកុំឲ្យនរណាម្នាក់ធ្លាក់ខ្លួនជាមនុស្សមិនស្តាប់បង្គាប់ឡើយ។ 12 ដ្បិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត ធ្វើចលនា និងមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលចាក់ទម្លុះញែកព្រលឹងចេញពីវិញ្ញាណ និងញែកសន្លាក់ចេញពីខួរឆ្អឹង។ ព្រះបន្ទូលជ្រាបពីគំនិត និងបំណងដ៏ស៊ីជម្រៅរបស់មនុស្ស។ 13 គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ។ ផ្ទុយទៅវិញ អ្វីៗទាំងអស់នៅទទេ និងបើកចំហចំពោះព្រះនេត្រព្រះអង្គ ដែលយើងម្នាក់ៗត្រូវទូលថ្វាយគ្រប់កិច្ចការទាំងអស់។ 14 ដូច្នេះ ដោយសារយើងមានមហាបូជាចារ្យមួយរូបដ៏ប្រសើរ ដែលបានឆ្លងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចូរឲ្យយើងកាន់ជំនឿឲ្យបានរឹងមាំ។ 15 ដ្បិត យើងពុំមែនមានមហាបូជាចារ្យ ដែលមិនចេះប្រណីសណ្តោស ចំពោះភាពទន់ខ្សោយរបស់យើងឯណា។ ផ្ទុយទៅវិញ ព្រះអង្គរងការល្បួងគ្រប់ជំពូក ដូចជាយើងដែរ តែព្រះអង្គពុំបានធ្វើបាបសោះឡើយ។ 16 ចូរយើងចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្តថាបានទទួលក្តីមេត្តា និងស្វែងរកព្រះគុណ ទុកជាជំនួយ ពេលណាយើងត្រូវការ។


ជំពូក 5

1 គេជ្រើសរើសមហាបូជាចារ្យគ្រប់រូបពីចំណោមមនុស្ស ដើម្បីតែងតាំងឲ្យបំពេញមុខងារតំណាងឲ្យមនុស្ស ទាក់ទងជាមួយព្រះជាម្ចាស់ ដូច្នេះ លោកនឹងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាលោះបាប។ 2 លោកមានអធ្យាស្រ័យជាមួយមនុស្សល្ងង់ និងវង្វេង ព្រោះលោកផ្ទាល់ក៏នៅជាមួយមនុស្សទន់ខ្សោយដែរ។ 3 ដោយហេតុនេះ បានជាលោកត្រូវថ្វាយតង្វាយលោះបាបខ្លួនឯងមុនសិន ទើបថ្វាយតង្វាយ​លោះ​បាបឲ្យប្រជារាស្រ្ត។ 4 ពុំមែនសម្រាប់លោកទេ ដែលគ្រប់គ្នាបានទទួលកិត្តិយសនេះ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ទេតើ ដែលបានត្រាស់ហៅលោកឲ្យបំពេញមុខងារនេះ ដូចជាលោកអឺរ៉ុនជាដើម។ 5 ដូចគ្នានេះដែរ ព្រះគ្រិស្តពុំបានលើកកិត្តិយសខ្លួនឯងធ្វើជាមហាបូជាចារ្យឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអង្គថា៖ «ថ្ងៃនេះ យើងទទួលព្រះអង្គជាព្រះបុត្រាយើង យើងជាព្រះបិតាព្រះអង្គ»។ 6 ព្រះជាម្ចាស់មានបន្ទូលមួយវគ្គទៀតថា៖ «ព្រះអង្គជាបូជាចារ្យជារៀងរហូត តាមរបៀបព្រះបាទមុិលគីស្សាដែក»។ 7 កាលព្រះគ្រិស្តគង់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គអធិស្ឋានទូលអង្វរដោយបន្លឺសំឡេងខ្លាំងៗ និងបង្ហូរទឹកភ្នែក សូមព្រះជាម្ចាស់សង្រ្គោះមនុស្សពីសេចក្តីស្លាប់។ ព្រះជាម្ចាស់ស្តាប់ឮការទូលអង្វរ ព្រោះអង្គរគោរពប្រណិបតន៍ព្រះជាម្ចាស់។ 8 ទោះបីព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្តាប់បង្គាប់ពីការរងទុក្ខលំបាក។ 9 ព្រះអង្គបានគ្រប់លក្ខណ៍ និងក្លាយជាប្រភពនៃការសង្រ្គោះអស់កល្បជានិច្ចចំពោះអ្នកណាដែលស្តាប់បង្គាប់ព្រះជាម្ចាស់។ 10 ព្រះជាម្ចាស់បានតម្រូវទុកជាមុន ឲ្យព្រះអង្គបំពេញមុខងារជាមហាបូជាចារ្យតាមរបៀបព្រះបាទមុិលគីស្សាដែក។ 11 យើងមានចំណុចច្រើនត្រូវនិយាយពីព្រះយេស៊ូ ប៉ុន្តែពិបាកពន្យល់ណាស់ ព្រោះបងប្អូនក្រនឹងយល់ណាស់។ 12 រហូតមកទល់នឹងពេលនេះ បងប្អូនគួរធ្វើជាគ្រូបង្រៀនគេបាន ប៉ុន្តែ បងប្អូននៅតែត្រូវការគេបង្រៀន អំពីគោលការណ៍គ្រឹះខ្លះនៃព្រះបន្ទូលព្រះជាម្ចាស់។​ 13 បងប្អូនត្រូវការទឹកដោះគោ តែមិនទាន់ត្រូវការអាហាររឹងនៅឡើយ។ អស់អ្នកណាត្រូវការតែទឹកដោះគោ អ្នកនោះគ្មានបទពិសោធន៍ជាមួយព្រះបន្ទូលនៃសេចក្តីសុចរិត ព្រោះខ្លួនគេនៅក្មេងខ្ចីនៅឡើយ។ 14 ប៉ុន្តែ អាហាររឹងសម្រាប់មនុស្សពេញវ័យ។ អ្នកទាំងនោះជាមនុស្សពេញវ័យ មានការយល់ដឹងថាអ្វីមួយល្អ អ្វីមួយអាក្រក់។


ជំពូក 6

1 ដូច្នេះ ចូរយើងទុកសេចក្តីដំបូងនៃព្រះបន្ទូលរបស់ព្រះគ្រិស្តមួយឡែក រួចហើយបោះជំហានទៅមុខ ដើម្បីក្លាយខ្លួនជាមនុស្សពេញវ័យវិញ។ ចូរយើងកុំចាក់គ្រឹះនៃការកែប្រែចិត្ត ពីកិច្ចការណាឥតបានការ ហើយមានជំនឿលើព្រះជាម្ចាស់វិញ។ 2 ចូរកុំចាក់គ្រឹះនៃពិធីជ្រមុជទឹក ការដាក់ដៃ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំរំជម្រះអស់កល្បជានិច្ចវិញ។ 3 យើងនឹងនិយាយសេចក្តីទាំងនេះ បើព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ។ 4 វាមិនអាចទេ ដែលអ្នកខ្លះបានភ្លឺម្តងរួចហើយ ស្គាល់ឱជារសអំណោយទានស្ថានបរមសុខ ចូលរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ 5 និងអស់អ្នកបានស្គាល់ឱជារសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងស្គាល់ប្ញទ្ធានុភាពនៃលោកខាងមុខ 6 ប៉ុន្តែ បែរជាធ្លាក់ខ្លួនបាត់ជំនឿទៅវិញ គេមិនអាចនាំអ្នកនោះឲ្យកែប្រែចិត្តវិញបានទេ។ ព្រោះពួកគេបានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់ និងខ្លួនគេផ្ទាល់ម្តងទៀត ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈ។ 7 ដ្បិត ដីណាទទួលទឹកភ្លៀងញឹកញាប់ ដីនោះនឹងបង្កើតផលជារុក្ខជាតិមានប្រយោជន៍ ព្រោះដីនោះបង្កើតផល គឺជាដីទទួលព្រះពរមកពីព្រះជាម្ចាស់។ 8 ប៉ុន្តែ បើវាដុះបន្លា និងអញ្ចាញវិញ ជាដីគ្មានប្រយោជន៍ទាល់តែសោះ ហើយជិតត្រូវបណ្តាសាទៀត។ គេនឹងយកវាទៅដុតចោល។ 9 ប៉ុន្តែ បងប្អូនជាទីស្រឡាញ់អើយ យើងជឿជាក់លើអ្វីៗដែលនាំឲ្យបងប្អូនទទួលការសង្រ្គោះ ទោះបីយើងនិយាយបែបនេះក៏ដោយ។ 10 ដ្បិត ព្រះជាម្ចាស់ពុំមែនអយុត្តិធ៌ម ដោយបំភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់របស់បងប្អូន ដែលបានលើកតម្កើងព្រះនាមព្រះអង្គ ពីព្រោះបងប្អូនបានបម្រើអ្នកជឿទាំងឡាយពីមុន ហើយឥឡូវបងប្អូននៅតែបម្រើដដែល។ 11 យើងពិតជាមានបំណងចង់ឲ្យបងប្អូនម្នាក់ៗ បង្ហាញទឹកចិត្តខ្នះខ្នែងដូចគ្នា រហូតដល់ទីបញ្ចប់ ប្រយោជន៍ផ្តល់ទំនុកចិត្តធានារ៉ាប់រងពេញលក្ខណៈ។ 12 ហេតុដូច្នេះ បងប្អូនលែងខ្ជិលច្រអូស ប៉ុន្តែ យកតម្រាប់តាមមនុស្សទទួលមរតក តាមព្រះបន្ទូលសន្យា ដោយសារជំនឿ និងចិត្តអត់ធ្មត់។ 13 ដ្បិត ពេលព្រះជាម្ចាស់សន្យាជាមួយលោកអប្រាហាំ ព្រះអង្គស្បថចំពោះព្រះអង្គផ្ទាល់ ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាទីសម្បថឡើយ។ 14 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «យើង​ពិតជាឲ្យពរអ្នក ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជពង្ស​របស់​អ្នក​​កើន​ចំនួន​ច្រើន​ឡើងផង​ដែរ»។ 15 លោកអប្រាហាំបានទទួលព្រះពរតាមព្រះបន្ទូលសន្យា តាមរបៀបនេះឯង ក្រោយពេលលោករង់ចាំដោយចិត្តអត់ធ្មត់។ 16 ដ្បិត មនុស្សម្នាស្បថដោយយកអ្នកណាមានឋានៈធំជាងខ្លួនធ្វើជាទីសម្បថ។ នៅចុងបញ្ចប់នៃជម្លោះ គេតែងយកពាក្យសម្បថនោះជាការបញ្ជាក់អះអាង។ 17 ពេលព្រះជាម្ចាស់សម្រេចព្រះទ័យ ដើម្បីបង្ហាញឲ្យអ្នកទទួលមរតកតាមព្រះបន្ទូលសន្យាយ៉ាងច្បាស់ថា ព្រះអង្គសម្រេចយ៉ាងណា នោះព្រះអង្គពុំប្រែប្រួលឡើយ ហើយព្រះអង្គធានាអះអាងដោយពាក្យសម្បថថែមទៀតផង។ 18 ព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ពីរយ៉ាងពុំប្រែប្រួល គឺព្រះជាម្ចាស់ពុំចេះកុហក់ឡើយ និងអ្នកដែលរត់ទៅរកទីជម្រកនឹងទទួលបានការលើកទឹកចិត្ត ដើម្បីមានទំនុកចិត្តរឹងមាំនូវអ្វី ដែលព្រះអង្គបានដាក់នៅមុខយើង។ 19 យើងមានទំនុកចិត្តប្រកបដោយសុវត្ថិភាព និងប្រៀបបីដូចជាយុថ្កាខាងវិញ្ញាណដ៏រឹងមាំ ដែលធ្វើឲ្យយើងចូលទៅហួសវាំងននទីសក្ការៈ។ 20 ព្រះយេស៊ូបានចូលទៅទីសក្ការៈមុនយើង ទុក​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​​បាន​ទទួល​ឋានៈ​ជា​មហា​បូជាចារ្យ ​អស់កល្ប​ជានិច្ចតាម​របៀប​ព្រះបាទ​ម៉ិលគីស្សាដែក។


ជំពូក 7

1 ព្រះបាទមុិលគីស្សាដែក ជាមហាក្សត្រក្រុងសាឡិម ជាបូជាចារ្យរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត ដែលបានជួបលោកអប្រាហាំ ក្រោយពេលលោកវាយឈ្នះស្តេចនានា និងជូនពរលោក។ 2 លោកអប្រាហាំបានថ្វាយមួយភាគដប់នៃអ្វីៗលោកមាន ដល់ព្រះបាទមុិលគីស្សាដែក។ ព្រះនាម «មុិលគីស្សាដែក» មានន័យថា «មហាក្សត្រនៃសេចក្តីសុចរិត»។ ព្រះអង្គមានគោរមងារ «មហាក្សត្រនៃក្រុងសាឡិម» គឺ «មហាក្សត្រនៃសេចក្តីសុខសាន្ត»។ 3 ព្រះអង្គគ្មានព្រះមាតាបិតា គ្មានវង្សត្រកូល គ្មានដើមកំណើត ក៏គ្មានចុងបញ្ចប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គដូចជាព្រះបុត្រាព្រះជាម្ចាស់ ព្រោះព្រះអង្គជាបូជាចារ្យជារៀងរហូត។ 4 ចូរពិចារណាមើលថាតើព្រះបាទមិុលគីស្សាដែកធំកម្រិតណា។ លោកអប្រាហាំជាបុព្វបុរសយើងថ្វាយតង្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបានពីសង្រ្គាម។ 5 ម្យ៉ាងវិញទៀត កូនៗរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ ក៏បានទទួលបញ្ជាតាមក្រឹត្យវិន័យ ដើម្បីប្រមូលតង្វាយមួយភាគដប់ពីបណ្តាជន គឺពីបងប្អូនពួកគេ ទោះបីជាពួកគេជាបងប្អូននឹងគ្នាកើតចេញពី ពូជពង្សលោកអប្រាហាំដូចគ្នា។ 6 ប៉ុន្តែ ចំណែកឯព្រះបាទមិុលគីស្សាដែក ដែលពុំជាប់សាច់ឈាមនឹងពួកគេ បានទទួលតង្វាយមួយភាគដប់ពីលោកអប្រាហាំ និងជូនពរលោក តាមព្រះបន្ទូលសន្យា។​ 7 យើងពុំអាចប្រកែកបានទេថា អ្នកតូចទទួលពរពីអ្នកធំ។ 8 នៅត្រង់ចំណុចនេះ មនុស្សដែលតែងតែស្លាប់ទទួលតង្វាយមួយភាគដប់ ប៉ុន្តែ នៅត្រង់ចំណុចផ្សេងទៀតបញ្ជាក់ថា អ្នកនោះមានជីវិតរស់នៅ។ 9 បើនិយាយពីរបៀបលោកលេវីវិញ លោកបានទទួលតង្វាយមួយភាគដប់ ហើយលោកក៏បានថ្វាយតង្វាយមួយភាគដប់តាមរយៈលោកអប្រាហាំវិញដែរ 10 ព្រោះលោកលេវីស្ថិតនៅក្នុងបុព្វបុរសលោក ពេលព្រះបាទមិុលគីស្សាដែកជួបលោកអប្រាហាំ។ 11 ឥឡូវនេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍តាមរយៈមុខងារបូជាចារ្យរបស់លោកលេវីទៅហើយ (ដ្បិតមនុស្សបានទទួលក្រឹត្យវិន័យ ពេលស្ថិតនៅក្រោមមុខងារបូជាចារ្យនេះ) តើគួរចាំបាច់ត្រូវមានមុខងារបូជាចារ្យណាមួយទៀត គឺរបៀបព្រះបាទមិុលគីស្សាដែកធ្វើអ្វី? ហេតុអ្វីមិនគិតពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅ? 12 ដ្បិតកាលណាមានការផ្លាស់ប្តូររបៀបបូជាចារ្យ នោះក៏ត្រូវមានការផ្លាស់ប្តូរក្រឹត្យវិន័យដែរ? 13 ដ្បិតម្នាក់ដែលមានចែងក្នុងអត្ថបទនេះ ស្ថិតក្នុងកុលសម្ព័ន្ធមួយផ្សេងទៀត ពុំដែលមាននរណាម្នាក់ធ្លាប់បម្រើនៅលើអាសនៈឡើយ។ 14 ឥឡូវនេះ មានចែងច្បាស់ថា លោកកើតចេញពីកុលសម្ព័ន្ធយូដា ដែលព្រះអម្ចាស់បានប្រសូតមក គឺជាកុលសម្ព័ន្ធមួយ ដែលលោកម៉ូសេពុំដែលបាននឹកនាដល់ អំពីរបៀបបូជាចារ្យ។ 15 សេចក្តីដែលយើងបាននិយាយយ៉ាងច្បាស់ ប្រសិនបើ មានរបៀបបូជាចារ្យមួយផ្សេងទៀត តាមរបៀបព្រះបាទមិុលគីស្សាដែក។ 16 មុខងារបូជាចារ្យនេះមិនស្ថិតលើមូលដ្ឋានគ្រឹះក្រឹត្យវិន័យរបស់មនុស្ស ផ្ទុយទៅវិញមុខងារបូជាចារ្យនេះ ស្ថិតនៅលើប្ញទ្ធានុភាពនៃជីវិតមិនចេះសាបសូន្យឡើយ។ 17 ដ្បិត ព្រះគម្ពីរធ្វើបន្ទាល់អំពីព្រះអង្គ៖ «ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច តាមរបៀបព្រះបាទមិុលគីស្សាដែក»។ 18 បទបញ្ជាពីមុនត្រូវបានលុបចោលហើយ ព្រោះវាទន់ខ្សោយ និងគ្មានប្រយោជន៍ទៀតទេ។ 19 ដ្បិត ក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីៗបានគ្រប់លក្ខណៈឡើយ។ ផ្ទុយទៅវិញ យើងមានទំនុកចិត្តប្រសើរជាងមុន នាពេលអនាគត ដែលនាំយើងឲ្យចូលជិតព្រះជាម្ចាស់។ 20 ព្រះអង្គពុំបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថឡើយ។ រីឯង អ្នកខ្លះបានទទួលមុខងារជាបូជាចារ្យដោយគ្មានសម្បថ។ 21 លើសពីនេះ ព្រះយេស៊ូវិញ បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់បានស្បថ​ ហើយព្រះអង្គពុំប្រែប្រួលសោះឡើយ។ ព្រះអង្គជាបូជាចារ្យនៅអស់កល្បជានិច្ច»។ 22 ដោយសារហេតុនេះហើយ បានជាព្រះយេស៊ូធានានូវសម្ពន្ធមេត្រីប្រសើរជាងមុន។ 23 ម្យ៉ាងវិញទៀត មានមនុស្សជាច្រើនបំពេញមុខងារជាបូជាចារ្យ តែពួកគេតែងតែស្លាប់ដោយពុំអាចបំពេញរហូតបានទេ។ 24 លើសពីនេះទៅទៀត ដោយសារព្រះយេស៊ូគង់នៅអស់កល្បជានិច្ច ព្រះអង្គបំពេញមុខជាបូជាចារ្យអស់កល្បជានិច្ច។ 25 ដូច្នេះ ព្រះអង្គអាចសង្រ្គោះពេញទីដល់អស់អ្នកណា ដែលចូលមករកព្រះជាម្ចាស់តាមរយៈព្រះអង្គ ព្រោះព្រះអង្គតែងទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេ។ 26 យើងមានមហាបូជាចារ្យដ៏ប្រសើរមួយអង្គ។ ព្រះអង្គគ្មានបាប ឥតសៅហ្មង បរិសុទ្ធ ចេញឆ្ងាយពីអំពើបាប និងគង់នៅខ្ពស់ជាងស្ថានបរសមុខ។ 27 ពុំដូចជាបូជាចារ្យដទៃទៀតឡើយ ព្រះអង្គពុំចាំបាច់ត្រូវថ្វាយតង្វាយប្រចាំថ្ងៃ ដើម្បីលោះបាបផ្ទាល់ខ្លួន និងតង្វាយលោះបាបជំនួសប្រជាជនអ៊ីស្រាអែលទេ។ ព្រះអង្គថ្វាយអង្គទ្រង់ជាតង្វាយលោះបាប ម្តងជាសម្រេច។ 28 ដ្បិតក្រឹត្យវិន័យតែងតាំងបូជាចារ្យជាមនុស្ស ដែលទន់ខ្សោយ។ ប៉ុន្តែ ព្រះបន្ទូលសម្បថមកក្រោយក្រឹត្យវិន័យបានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណ៍ជារៀងរហូត។


ជំពូក 8

1 ចំណុចសំខាន់ដែលយើងកំពុងតែបរិយាយនេះគឺថា យើងមានមហាបូជាចារ្យមួយរូប ដែលបានគង់នៅខាងស្តាំបល្ល័ង្កនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតគង់នៅស្ថានបរមសុខ។ 2 ព្រះអង្គជាអ្នកបម្រើនៅក្នុងទីសក្ការៈ និងជាព្រះពន្លាដែលព្រះអម្ចាស់បានសាងសង់ឡើង ពុំមែនសង់ដោយដៃមនុស្សទេ។ 3 ដ្បិត មហាបូជាចារ្យគ្រប់រូបទទួលការតែងតាំងឲ្យបំពេញមុខងារថ្វាយតង្វាយ និងយញ្ញបូជាផ្សេងៗ។ ដូច្នេះ ពួកលោកត្រូវតែមានតង្វាយចាំបាច់ថ្វាយដល់ព្រះជាម្ចាស់។ 4 ឥឡូវនេះ បើព្រះគ្រិស្តគង់នៅលើផែនដី ព្រះអង្គពុំមែនជាបូជាចារ្យទេ ព្រោះមានអ្នកថ្វាយតង្វាយរួចហើយ ស្របតាមក្រឹត្យវិន័យ។ 5 ពួកលោកបម្រើនៅក្នុងព្រះពន្លា ដែលជាគំរូ និងស្រមោលនៃពិធីផ្សេងៗនៅស្ថានបរមសុខ។ ដូចជាព្រះជាម្ចាស់បានព្រមានដល់លោកម៉ូសេ ពេលលោករៀបនឹងសង់ព្រះពន្លាថា៖​ «ចូរ​ប្រយ័ត្ននូវអ្វីដែលអ្នកត្រូវសង់ ដោយយកគម្រូតាមការបង្ហាញនៅលើភ្នំចុះ»។ 6 ប៉ុន្តែឥឡូវនេះ ព្រះគ្រិស្តបានទទួលព័ន្ធកិច្ចប្រសើរជាងមុន។ គឺព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីប្រសើរជាងមុន ដែលចងឡើងព្រះបន្ទូលសន្យាប្រសើរជាង។ 7 ដ្បិតប្រសិនបើសម្ពន្ធមេត្រីទីមួយគ្មានកំហុស នោះពុំចាំបាច់មានសម្ពន្ធមេត្រីទីពីរទេ។ 8 ដ្បិត ពេលព្រះជាម្ចាស់រកឃើញថាប្រជាជនមានកំហុស នោះព្រះអង្គមានព្រះបន្ទូលថា៖ «មើល ថ្ងៃជិតមកដល់ហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយនឹងពូជពង្សអ៊ីស្រាអែល និងយូដា។ 9 វាមិនដូចសម្ពន្ធមេត្រីមុន ដែលយើងបានចងឡើងជាមួួយបុព្វបុរសរបស់ពួកគេ គឺនៅថ្ងៃយើងដឹកដៃពួកគេចេញពីប្រទេសអេសុីប។ ដ្បិតពួកគេពុំបានរក្សាសម្ពន្ធមេត្រីរបស់យើងឡើយ ដូច្នេះ យើងក៏លែងរវីរវល់ជាមួយពួកគេដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 ដ្បិត នេះជាសម្ពន្ធមេត្រី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែល បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងចារក្រឹត្យវិន័យយើងក្នុងគំនិត ហើយយើងចារក្រឹត្យវិន័យទាំងនោះក្នុងដួងចិត្តពួកគេផងដែរ។ យើងធ្វើជាព្រះជាម្ចាស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្តរបស់យើង។ 11 ពួកគេលែងបង្រៀនអ្នកជិតខាង និងបង្រៀនបងប្អូនទៅវិញទៅមក ដោយនិយាយថា៖ «ចូរស្គាល់ព្រះអម្ចាស់ ដ្បិតមនុស្សគ្រប់គ្នានឹងស្គាល់យើង ពីអ្នកតូចបំផុត 12 រហូតដល់អ្នកធំបំផុត។ ដ្បិត យើងនឹងផ្តល់ក្តីមេត្តា ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងនឹងមិននឹកចាំពីអំពើបាបពួកគេទៀតទេ»។ 13 ដោយព្រះអម្ចាស់មានព្រះបន្ទូលថា សម្ពន្ធមេត្រីនេះជាសម្ពន្ធមេត្រី «ថ្មី» ដូច្នេះសម្ពន្ធមេត្រីទីមួយជាសម្ពន្ធមេត្រីចាស់​​​​​​​​​​​​​​​​ ហើយអ្វីដែល​កាន់​តែ​ចាស់​ទៅៗ​នោះ នឹង​ត្រូវ​សាប​សូន្យ​មិនខាន។


ជំពូក 9

1 ឥឡូវនេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មានក្បួនច្បាប់សម្រាប់ថ្វាយបង្គំ និងទីសក្ការៈនៅលើផែនដីដែរ។ 2 គេសង់ព្រះពន្លាឡើង។ បន្ទប់ទីមួយមានដាក់ជើងចង្កៀង តុ និងនំប៉័ងតំណាងវត្តមាន គេហៅថា ទីសក្ការៈ។ 3 នៅខាងក្រោយវាំងននទីពីរ មានបន្ទប់មួយគេថា ទីសក្ការៈបំផុត។ នៅទីនោះមានអាសនៈថ្វាយគ្រឿងក្រអូបធ្វើពីមាស។ 4 មានហិបនៃសម្ពន្ធមេត្រីស្រោបពីមាស។ នៅខាងក្នុងហិបនោះ មានពានមាសមួយសម្រាប់ដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនមានដុះផ្កាចេញ និងបន្ទះថ្មនៃសម្ពន្ធមេត្រី។ 5 នៅលើហិបនៃសម្ពន្ធមេត្រី មាន​រូប​ចេរូប៊ីនពេញដោយសិរីរុងរឿង ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ថ្វាយ​ឈាម ដែលយើងមិនអាចរៀបរាប់ឲ្យបានលម្អិតនៅពេលនេះទេ។ 6 បន្ទាប់ពីបានរៀបចំរបស់ទាំងនេះរួចហើយ បូជាចារ្យចេញទៅខាងក្រៅព្រះពន្លា ដើម្បីបំពេញមុខងារបម្រើ។ 7 ប៉ុន្តែ មានតែមហាបូជាចារ្យប៉ុណ្ណោះ មានសិទ្ធិចូលទៅទីសក្ការៈបំផុតមួយឆ្នាំម្តង ហើយលោកត្រូវយកឈាមទៅថ្វាយយញ្ញបូជារំដោះបាបខ្លួនលោកផ្ទាល់ និងរំដោះបាបប្រជាជនទាំងមូលផង។ 8 ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញថា ផ្លូវចូលទៅកាន់ទីសក្ការៈបំផុតមិនទាន់បើកឲ្យមនុស្សទូទៅចូលបានឡើយ ដរាបណាព្រះពន្លានៅឈររឹងមាំនៅឡើយ។ 9 នេះជានិមិត្តរូបបច្ចុប្បន្នកាលនេះ គឺទាំងតង្វាយ និងយញ្ញបូជាដែលមនុស្សបានថ្វាយ មិនអាចធ្វើឲ្យមនសិកាអ្នកថ្វាយបង្គំបានគ្រប់លក្ខណ៍ទេ។ 10 ព្រោះពួកគេខ្វល់ខ្វាយរឿងអាហារ និងភេសជ្ជៈ ព្រមទាំងពិធីប្រោះទឹកផ្សេងៗ។ ទាំងនេះជាក្បួនតម្រាសម្រាប់មនុស្ស ដែលបានប្រទានទំរាំដល់ពេលព្រះជាម្ចាស់ប្រទានបទបញ្ជាថ្មី។ 11 ព្រះគ្រិស្តបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដើម្បីនាំសម្បត្តិដែលព្រះអង្គបានប្រទានមក។ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរ និងគ្រប់លក្ខណ៍ ពុំមែនសង់ឡើងដោយដៃមនុស្ស និងពុំមែនជារបស់លោកនេះឡើយ។ 12 ព្រះអង្គពុំបានយកឈាមពពែ និងកូនគោទេ​ ប៉ុន្តែព្រះអង្គយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅទីសក្ការៈបំផុតម្តងជាសម្រេច ដើម្បីប្រោសលោះយើងអស់កល្បជានិច្ច។ 13 ដ្បិតប្រសិនបើឈាមរបស់ពពែ និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ជា​វិសុទ្ធ​ទៅហើយ 14 ចុះចំណង់​បើ​ព្រះលោហិត​​ព្រះគ្រិស្ដ​ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច ថ្វាយព្រះអង្គផ្ទាល់ទុកជាយញ្ញបូជាឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ ទាំងសម្អាតមនសិកាយើងកិច្ចការឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់យ៉ាងណាទៅទៀត​? 15 ដោយហេតុនេះហើយបានជាព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីថ្មីមួយ។ ដូច្នេះ ព្រះអង្គបានរំដោះអស់អ្នកស្ថិតនៅក្រោមសម្ពន្ធមេត្រីទីមួយ ឲ្យមានសេរីភាពរួចពីបាប គឺអស់អ្នកដែលព្រះអង្គបានត្រាស់ហៅមក ឲ្យទទួលព្រះបន្ទូលសន្យាទុកជាមរតកអស់កល្បជានិច្ច។ 16 ដ្បិត គេនឹងចែកបណ្តាំមរតក ដរាបណាមានភស្តុតាងបង្ហាញថា អ្នកសរសេរបណ្តាំមរតកស្លាប់ជាមុនសិន។​​ 17 គេនឹងអនុវត្តតាមបណ្តាំមរតក កាលណាអ្នកសរសេរបណ្តាំមរតកបានស្លាប់រួចហើយ ព្រោះគេនឹងមិនអនុវត្តតាមបណ្តំមរតកទេ ខណៈពេលអ្នកសរសេរបណ្តាំមរតកនៅរស់នៅឡើយ។ 18 ដូច្នេះ សូម្បីតែសម្ពន្ធមេត្រីទីមួយក៏មិនបានចងឡើង ដោយគ្មានការបង្ហូរឈាមនោះឡើយ។ 19 ដ្បិត ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ មានចែងក្នុងក្រឹត្យវិន័យដល់ប្រជាជន លោកបានយកឈាមកូនគោ និងឈាមពពែឈ្មោល ព្រមទាំងទឹកប្រោះ ដោយជ្រលក់នឹងរោមចៀមព៌ណក្រហម និងស្លឹកហ៊ីសុប យកមកប្រោះលើគម្ពីរ និងប្រជាជនទាំងមូល។ 20 បន្ទាប់មក លោកមានប្រសាសន៍ថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អ្នកឲ្យប្រព្រឹត្តតាម»។ 21 ជាមួយគ្នានេះដែរ លោកបានប្រោះឈាមលើព្រះពន្លា និងប្រដាប់ប្រដាប្រើប្រាស់ទាំងអស់ សម្រាប់បម្រើព្រះជាម្ចាស់។ 22 យោងតាមក្រឹត្យវិន័យ ស្ទើរតែគ្រប់អ្វីៗទាំងអស់បានស្អាត ដោយសារឈាម។ បើគ្មានការបង្ហូរឈាមទេនោះ ក៏គ្មានការអត់ទោសបាបដែរ។ 23 ដូច្នេះ ចាំបាច់ណាស់ឲ្យយើងដឹងថា គ្រាន់តែអ្វីៗចម្លងពីស្ថានបរមសុខបានស្អាតបរិសុទ្ធដោយសារយញ្ញបូជារបស់សត្វទាំងនេះទៅហើយ ចុះបើអ្វីៗនៅស្ថានបរមសុខនឹងបានស្អាតបរិសុទ្ធ​​​ ដោយត្រូវការយញ្ញបូជាប្រសើរជាងនេះទៅទៀត។​​​ 24 ដ្បិត ព្រះគ្រិស្តពុំបានយាងចូលទីសក្ការៈបំផុត ដែលសង់ឡើងដោយដៃមនុស្ស ដែលគ្រាន់តែចម្លងពីរបស់ពិតប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ព្រះអង្គយាងចូលស្ថានបរមសុខដោយព្រះអង្គផ្ទាល់ ឥឡូវនេះព្រះអង្គគង់នៅចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់​​ ជាប្រយោជន៍សម្រាប់យើងរាល់គ្នា។ 25 ព្រះអង្គពុំបានយាងចូលទៅទីនោះ ដើម្បីថ្វាយព្រះអង្គផ្ទាល់ច្រើនលើកច្រើនសានោះទេ ដូចជាមហាបូជាចារ្យចូលទៅទីសក្ការៈបំផុត ដើម្បីថ្វាយយញ្ញបូជារៀងរាល់ឆ្នាំ ដោយយកឈាមរបស់អ្នកដទៃនោះទេ។ 26 ប្រសិនបើវាដូច្នោះមែន ព្រះអង្គត្រូវរងទុក្ខជាច្រើនលើកច្រើនសា​ តាំងពីកំណើតលោកីយ៍មកមេ្ល៉ះ។​​ ប៉ុន្តែឥឡូវនៅគ្រាចុងក្រោយនេះ​ ព្រះជាម្ចាស់បានបើកសម្តែងថា​ ព្រះអង្គយាងមកតែម្តងគត់​​ ដើម្បីលុបបំបាត់បាប​ដោយព្រះអង្គត្រូវថ្វាយព្រះអង្គផ្ទាល់ជាយញ្ញបូជា។​ 27 មនុស្សគ្រប់គ្នាត្រូវស្លាប់ម្តង​ បន្ទាប់មកត្រូវជំនំុជម្រះ។​ 28 ដូចគ្នានេះដែរ ព្រះគ្រិស្តត្រូវថ្វាយព្រះអង្គទ្រង់ម្តង ដើម្បីដកបាបពីមនុស្សទាំងអស់ នោះព្រះអង្គនឹងលេចមកម្តងទៀតពុំមែនដើម្បីរំដោះបាបមនុស្សលោកទេ ផ្ទុយទៅវិញព្រះអង្គនឹងសង្រ្គោះដល់អស់អ្នកណាដែលរង់ចាំព្រះអង្គ ដោយចិត្តអត់ធ្មត់។


ជំពូក 10

1 ដ្បិត ក្រឹត្យវិន័យគ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងត្រូវមកដល់ ពុំមែនជារបស់ប្រចក្សទេ។ អស់អ្នកណាដែលចូលមករកព្រះជាម្ចាស់ មិនអាចបានគ្រប់លក្ខណ៍ដោយយញ្ញបូជាដដែលៗ ដែលពួកបូជាចារ្យថ្វាយមួយឆ្នាំម្តងជាបន្តបន្ទាប់នោះទេ។ 2 ឬបើពួកគេបានគ្រប់លក្ខណ៍មែន ពួកគេលែងថ្វាយទៀតហើយ? ដូចគ្នានេះដែរ ប្រសិនបើ ពួកគេបានស្អាតបរិសុទ្ធម្តងរួចស្រេចហើយ ពួកអ្នកថ្វាយបង្គំនឹងលែងរំព្ញកថា ពួកគេមានបាបទៀត។ 3 យញ្ញបូជាទាំងនោះរំព្ញកថា ពួកគេមានបាប​ពីមួយឆ្នាំទៅមួយឆ្នាំ។ 4 ដ្បិត ឈាមគោឈ្មោល និងឈាមពពែពុំអាចដកបាបមនុស្សលោកបានទេ។ 5 ពេលព្រះគ្រិស្តយាងមកក្នុងលោកនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា ​ឬ​តង្វាយ​អ្វី​នោះទេ ផ្ទុយទៅវិញ ព្រះអង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ទូលបង្គំរួចហើយ។ 6 ព្រះអង្គមិនគាប់ព្រះទ័យនឹងតង្វាយដុត ឬយញ្ញបូជារំដោះបាបនោះទេ»។ 7 រួចមក ទូលបង្គំពោលថា៖ «មើល ទូលបង្គំនៅទីនេះ ដូចមានសេចក្តីចែងទុកពីទូលបង្គំនៅក្នុងគម្ពីរថា ទូលបង្គំត្រូវធ្វើតាមព្រះហប្ញទ័យព្រះអង្គ»។ 8 ជាបឋម ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គពុំចង់បានយញ្ញបូជា ជាតង្វាយតង្វាយដុតទាំងមូល ឬជាយញ្ញបូជារំដោះបាបទេ។ ព្រះអង្គមិនសព្វព្រះហប្ញទ័យនឹងតង្វាយទាំងនេះទេ»។ យញ្ញបូជាទាំងអស់នេះត្រូវថ្វាយស្របតាមក្រឹត្យវិន័យ។ 9 រួចព្រះអង្គមានព្រះបន្ទូលថា៖ «មើល ទូលបង្គំនៅទីនេះធ្វើតាមព្រះហប្ញទ័យព្រះជាម្ចាស់»។ ដូច្នេះ ចូរដករបៀបគោរពបម្រើទីមួយចោល ដើម្បីបង្កើតរបៀបគោរពបម្រើទីពីរវិញ។ 10 ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រោសយើងបានវិសុទ្ធ តាមរយៈព្រះយេស៊ូគ្រិស្តថ្វាយរូបកាយព្រះអង្គម្តងជាសម្រេច។ 11 ចំណែកឯ បូជាចារ្យគ្រប់រូបឈរបម្រើព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកថ្វាយយញ្ញបូជាដដែលៗ ទោះបីជាយញ្ញបូជាទាំងនោះពុំអាចដកបាបមនុស្សលោកបានក៏ដោយ។ 12 ម៉្យាងវិញទៀត ព្រះគ្រិស្តថ្វាយយញ្ញបូជារំដោះបាបម្តងជាសម្រេច រួចព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់។ 13 ព្រះអង្គកំពុងរង់ចាំរហូតទាល់តែសត្រូវរបស់ព្រះជាម្ចាស់ត្រូវបង្រ្កាបដាក់ក្រោមព្រះបាទាព្រះអង្គ។ 14 ដ្បិត ដោយសារតង្វាយមួយបានធ្វើឲ្យអស់អ្នក ដែលព្រះអង្គប្រោសឲ្យបានវិសុទ្ធ បានគ្រប់លក្ខណ៍ជារៀងរហូត។ 15 ព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់ប្រាប់យើង។ ដ្បិត ព្រះអម្ចាស់មានព្រះបន្ទូលដំបូងថា៖​ 16 «យើងនឹងចងសម្ពន្ធមេត្រីជាមួយពួកគេ បន្ទាប់ពីពេលនោះកន្លងផុតទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងដាក់ក្រឹត្យវិន័យយើងនៅក្នុងចិត្តពួកគេ ហើយយើងនឹងចារក្រឹត្យវិន័យក្នុងគំនិតពួកគេផងដែរ។ 17 យើងនឹងលែងនឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់ពួកគេទៀតហើយ»។ 18 កាលណាមានការអត់ទោសបាប​ ក៏លែងមានយញ្ញបូជារំដោះបាបទៀតដែរ។ 19 ដូច្នេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹងចូលទៅទីសក្ការៈបំផុត ដោយពឹងលើព្រះលោហិតព្រះយេស៊ូ។ 20 នេះជារបៀបរស់នៅថ្មីមួយ ដែលព្រះជាម្ចាស់បានបើកសម្រាប់យើង ដោយព្រះអង្គបានឆ្លងកាត់វាំងនន គឺព្រះអង្គបានកើតមកជាមនុស្ស។ 21 ដោយសារតែយើងមានមហាបូជាចារ្យដ៏ប្រសើរឧត្តម គ្រប់គ្រងលើព្រះដំណាក់ព្រះជាម្ចាស់​​​ 22 ចូរយើងចូលទៅ​ជិត​ព្រះអង្គ ​ដោយ​ចិត្ត​ទៀង​ត្រង់ ពេញដោយ​ជំនឿ​ និង​មាន​ចិត្ត​បរិសុទ្ធ បានជម្រះគំនិត​សៅហ្មង ព្រម​ទាំង​លាង​រូប​កាយ​​ដោយ​ទឹក​​បរិសុទ្ធ​ផង។ 23 ចូរយើងកាន់ចិត្តមាំមួនចំពោះជំនឿ ដែលយើងបានប្រកាសដោយគ្មានរង្គើ ព្រោះព្រះជាម្ចាស់បានសន្យាយ៉ាងណា ព្រះអង្គនឹងសម្រេចយ៉ាងនោះដែរ។ 24 ចូរយើងពិចារណាអំពីរបៀបជំរុញចិត្តគ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ និងអំពើល្អគ្រប់យ៉ាង។ 25 ចូរយើងកុំឈប់ជួបជុំគ្នា ដូចដែលអ្នកខ្លះបានធ្វើឡើយ។ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក រឹតតែច្រើនឡើងៗ ដោយដឹងថាថ្ងៃរបស់ព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។ 26 ដ្បិត ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនា ក្រោយពេលយើងបានទទួលសេចក្តីពិតហើយ នោះគ្មានយញ្ញបូជាណាអាចជួយរំដោះបាបអ្នកបានទេ។​​ 27 ផ្ទុយទៅវិញ មានតែការភ័យខ្លាចចំពោះការជំនុំជម្រះ និងភ្លើងសន្ធោសន្ធៅឆេះសត្រូវរបស់ព្រះជាម្ចាស់។ 28 បើមាននរណាម្នាក់បដិសេធក្រឹត្យវិន័យរបស់លោកម៉ូសេ នឹងត្រូវស្លាប់ដោយគ្មានត្រាប្រណីឡើយ នៅចំពោះមុខសាក្សីពីរ ឬបីនាក់។ 29 តើបងប្អូនគិតថា ម្នាក់ដែលបានមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ និងមើលងាយព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលបានប្រោសគេឲ្យវិសុទ្ធ ព្រមទាំងធ្វើឲ្យព្រះវិញ្ញាណនៃព្រះគុណត្រូវអាម៉ាស់នឹងត្រូវទទួលទោសធ្ងន់យ៉ាងណាទៅទៀត? 30 ដ្បិត ​យើង​ស្គាល់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា៖ «ការ​សងសឹក​ស្រេច​​លើ​យើង ​យើង​នឹង​តប​ស្នង​ដល់​គេវិញ»។ ជាថ្មីម្តងទៀត «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្រ្តព្រះអង្គ»។ ហើយជាថ្មីម្តងទៀត «ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ»​។ 31 ជាការគួរឲ្យខ្លាចណាស់ ដែលធ្លាក់ចូលក្នុងព្រះហស្តព្រះជាម្ចាស់ដ៏មានព្រះជន្មរស់! 32 ប៉ុន្តែ ចូរនឹកចាំពីសម័យអតីតកាល បន្ទាប់ពីយើងភ្លឺហើយម្តង​។ តើបងប្អូនត្រូវស៊ូទ្រាំនឹងការលំបាកកម្រិតណា។ 33 បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ដោយទទួលរងការអាម៉ាស់ និងការបៀតបៀន បានសេចក្តីថា បងប្អូនកំពុងតែចូលរួមទុក្ខលំបាកជាមួយអស់អ្នកដែលរង់ការលំបាកធ្ងន់ធ្ងរ។ 34 ដ្បិត បងប្អូនមានចិត្តក្តួលអាណិតចំពោះជនជាប់ទោស និងទទួលពួកគេដោយអំណរ សុខចិត្តឲ្យគេរឹបអូស យកទ្រព្យសម្បត្តិ។ បងប្អូនដឹងច្បាស់ថា បងប្អូនសមនឹងទទួលទ្រព្យសម្បត្តិដែលនៅស្ថិតស្ថេរជានិច្ចវិញ។ 35 ដូច្នេះ ចូរកុំបោះបង់ទំនុកចិត្តបងប្អូនឡើយ ព្រោះដល់ពេលកំណត់បងប្អូននឹងទទួលរង្វាន់មិនខាន។ 36 បងប្អូនត្រូវចេះអត់ធ្មត់ ដើម្បីឲ្យបងប្អូនអាចទទួលនូវអ្វីដែលព្រះជាម្ចាស់សន្យា​​ ក្រោយពេលបងប្អូុនសម្រេចតាមបំណងព្រះហប្ញទ័យរបស់ព្រះអង្គ។ 37 ដ្បិតនៅពេលបន្តិចទៀត ព្រះអង្គមួយដែលនឹងយាងមក ព្រះអង្គនឹងយាងមកមិនបង្អង់យូរឡើយ។ 38 បងប្អូនជាមនុស្សសុចរិតរបស់យើង នឹងរស់នៅដោយសារជំនឿ។ បើគេត្រឡប់ក្រោយវិញ យើងនឹងលែងពេញចិត្តគេហើយ។» 39 ប៉ុន្តែ យើងពុំមែនជាប្រភេទមនុស្សដើរថយក្រោយឲ្យត្រូវវិនាសឡើយ។ ផ្ទុយទៅវិញ យើងជាអ្នកជឿរហូតទាល់តែព្រលឹងបានទទួលការសង្រ្គោះ។


ជំពូក 11

1 ឥឡូវនេះ ជំនឿគឺជាការសង្ឃឹមជាក់ ថានឹងបានដូចការរំពឹងទុក។ ជំនឿជាភស្តុតាងនូវព្រឹត្តការណ៍ទាំងឡាយណា ដែល​យើង​មើល​ពុំ​ឃើញនៅឡើយ។ 2 ដោយហេតុនេះហើយបានជាបុព្វបុរស បានទទួលកេរ្តិ៍ឈ្មោះល្អដោយសារជំនឿ។ 3 ដោយសារជំនឿ យើងយល់ថា ព្រះជាម្ចាស់បង្កើតពិភពលោកទាំងមូល ដោយសារព្រះបន្ទូល ដូច្នេះ អ្វីៗដែលមើលឃើញនឹងភ្នែក ពុំុមែនកើតឡើងដោយអ្វីៗមានរូបរាងឡើយ។ 4 ដោយសារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញបូជា​ ដ៏ប្រសើរជាងយញ្ញបូជាលោកកាអ៊ីន​ទៅ​ព្រះជាម្ចាស់។ ដោយសារ​ជំនឿ ​ព្រះជាម្ចាស់រាប់លោកជាមនុស្ស សុចរិត។ ព្រះជាម្ចាស់គាប់​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​លោក ​ហើយ​ដោយសារ​ជំនឿ លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ទោះបីលោកបានស្លាប់ទៅហើយក៏ដោយ។ 5 ដោយសារជំនឿ ព្រះជាម្ចាស់បានលើកលោកហេណុកឡើងទៅ ទាំងលោកនៅមិនទាន់ស្លាប់ផង។ «គ្មាននរណារកលោកឃើញឡើយ ព្រោះព្រះជាម្ចាស់បានលើកលោកឡើង»។ មុនពេលព្រះជាម្ចាស់លើកលោកឡើងទៅ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក។ 6 ឥឡូវនេះ បើគ្មានជំនឿទេ គ្មាននរណាគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដ្បិត អស់អ្នកណាដែលចូលទៅរកព្រះជាម្ចាស់ អ្នកនោះចាំបាច់ត្រូវជឿថា មានព្រះជាម្ចាស់មែន ហើយថាព្រះអង្គនឹងប្រទានរង្វាន់ ដល់អស់អ្នកណាស្វែងរកព្រះអង្គ។ 7 ដោយសារជំនឿ លោកណូអេបានទទួលព្រះរាជសារពីស្ថានបរមសុខ នូវហេតុការណ៍ទាំងឡាយណា ដែលពុំទាន់មើលឃើញនៅឡើយ ដោយការស្តាប់បង្គាប់ព្រះជាម្ចាស់ លោកបានសង់ទូកដ៏ធំដើម្បីសង្រ្គោះក្រុមគ្រួសារលោក។ ដោយបានធ្វើដូច្នេះ លោកបានដាក់ទោសពិភពលោក និងក្លាយជាមនុស្សសុចរិតទុកជាមរតក ដោយសារជំនឿ។ 8 ដោយសារជំនឿ ពេលព្រះជាម្ចាស់បានត្រាស់ហៅលោក​អប្រាហាំ​លោកស្ដាប់​បង្គាប់​ព្រះអង្គ ដោយចាកចេញទៅកន្លែងមួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មរតក។ លោក​ចេញ​ទៅ​ទាំង​ពុំ​ដឹង​ថា ​ត្រូវ​ទៅ​ណា​ផង។ 9 ដោយសារ​ជំនឿ លោកបាន​មក​រស់​នៅទឹកដីសន្យា ក្នុងនាម​ជាជនបរទេស។ លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ជាអ្នក​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មរតក​រួម​ជា​មួយ​លោក តាម​ព្រះបន្ទូល​សន្យា​ដដែល។ 10 ដ្បិតលោក​ទន្ទឹង​រង់ចាំ​ទទួល​ក្រុង​មួយ ដែល​​មាន​គ្រឹះ​រឹងមាំ គឺជា​ក្រុង​ដែល​ព្រះជាម្ចាស់​ជាស្ថាបត្យករ និងសាងសង់​។ 11 ដោយសារជំនឿ ទោះបីលោកស្រីសារ៉ាជាស្រ្តីអារក៏ដោយ ក៏លោកអប្រាហាំបានទទួលសមត្ថភាពធ្វើជាឪពុកដែរ។ ហេតុការណ៍នេះកើតឡើង ទោះបីលោកមានវ័យចាស់ក៏ដោយ លោកយល់ថាព្រះជាម្ចាស់ស្មោះត្រង់ និងសម្រេចតាមព្រះបន្ទូលសន្យា។ 12 ដូច្នេះ ដោយសារតែបុរសម្នាក់ដែលហៀបនឹងស្លាប់ទៅហើយ ក៏កើតមានមនុស្សជាច្រើនរាប់មិនអស់ ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។​ 13 ដោយសារជំនឿ អស់លោកទាំងនោះបានស្លាប់ទៅ ដោយពុំបានទទួលអ្វីតាមព្រះបន្ទូលសន្យាឡើយ។​ ផ្ទុយទៅវិញ លោកបានឃើញ និងទទួលពីចម្ងាយថា លោកគ្រាន់តែជាជនបរទេស ធ្វើដំណើរនៅលើផែនដីតែប៉ុណ្ណោះ។ 14 ដ្បិត អស់អ្នកដែលបាននិយាយដូច្នោះ បង្ហាញថាពួកលោកកំពុងតែស្វែងរកមាតុភូមិរបស់ខ្លួន។ 15 ប្រសិនបើ ពួកលោកគិតដល់ប្រទេសដែលពួកលោកបានចាកចេញ ពួកលោកប្រាកដជាមានឱកាសត្រឡប់មកវិញបាន។ 16 ប៉ុន្តែ ពួកលោកប្រាថ្នាទៅរស់នៅប្រទេសមួយប្រសើរជាងនេះ គឺស្ថានបរមសុខ។ ហេតុដូចនេះ បានជាព្រះជាម្ចាស់មិនអាម៉ាស់នឹងឲ្យគេហៅថា ព្រះជាម្ចាស់របស់ពួកគេឡើយ ព្រោះព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់ពួកគេ។ 17 ដោយសារជំនឿ លោកអប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា ពេលព្រះជាម្ចាស់សាកល្បងចិត្តលោក។ លោកថ្វាយអ៊ីសាកដែលជាកូនតែមួយគត់ ដែលលោកបានទទួលតាមព្រះបន្ទូលសន្យា។ 18 ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «លោកអ៊ីសាកនឹងបន្តពូជពង្សជាច្រើនយ៉ាងក៏ដោយ»។ 19 ក៏លោកអប្រាហំាជឿថា ព្រះជាម្ចាស់អាចនឹងប្រោសអ៊ីសាកឲ្យរស់ពីស្លាប់វិញបាន ហើយដោយហេតុនេះ លោកបានទទួលកូនមកវិញ។ 20 ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប​និងអេសាវ ទុកសម្រាប់អនាគត។ 21 ដោយសារជំនឿ លោកយ៉ាកុបហៀបនឹងស្លាប់ទៅហើយ ក៏បានឲ្យពរកូនៗរបស់លោកយ៉ូសែប។ លោកយ៉ាកុបថ្វាយបង្គំព្រះជាម្ចាស់ ដោយផ្អែកលើឈើច្រត់របស់លោក។ 22 ដោយសារជំនឿ លោកយ៉ូសែបជិតនឹងលាលោកនេះទៅហើយ បានប្រកាសថា កូនចៅអ៊ីស្រាអែលនឹងត្រូវចាកចេញពីប្រទេសអេស៊ីប ហើយប្រាប់ពួកគេពីរបៀបរៀបចំទុកដាក់ធាតុរបស់លោក។​ 23 ដោយសារជំនឿ ពេលលោកម៉ូសេកើតមក​​​ ឪពុកម្តាយលោកបានយកលោកទៅលាក់ទុកចំនួនបីខែ​ ព្រោះលោកឃើញថា កូននោះស្អាតខ្លាំងណាស់។ ពួកគេមិនខ្លាចបញ្ជារបស់ស្តេចឡើយ។ 24 ដោយសារជំនឿ លោកម៉ូសេធំពេញវ័យឡើង ហ៊ានបដិសេធមិនឲ្យគេហៅលោកថា កូនរបស់បុត្រីព្រះចៅផារ៉ោនឡើយ។ 25 ផ្ទុយទៅវិញ លោកបានជ្រើសរើសរងទុក្ខលំបាករួមជាមួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់​ ជាជាងរស់នៅសប្បាយនឹងអំពើបាបតែមួយរយៈខ្លី។ 26 លោកយល់ថា រងការប្រមាថព្រោះតែដើរតាមព្រះគ្រិស្ត ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅអេស៊ីបទៅទៀត។​​​ ដ្បិត លោកសម្លឹងមើលរង្វាន់មកពីព្រះជាម្ចាស់វិញ។​ 27 ដោយសារជំនឿ លោកម៉ូសេបានចាកចេញពីប្រទេសអេស៊ីប។ លោកមិនបានខ្លាចស្តេចខ្ញាល់ឡើយ​ លោកស៊ូទ្រាំនឹងទុក្ខលំបាក ដោយលោកសម្លឹងមើលឃើញព្រះជាម្ចាស់ ដែលមនុស្សមើលពុំឃើញ។ 28 ដោយសារជំនឿ លោករក្សាពិធីបុណ្យរំលង និងពិធីប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជបំផ្លាញកូនច្បងរបស់អ៊ីស្រាអែល។ 29 ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ដូចដើរលើគោក។ ពេលពួកអេស៊ីបខំឆ្លងមកដែរ តែត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់។ 30 ដោយសារជំនឿ ជញ្ជាំងក្រុងយេរីខូដួលរំលំចុះ បន្ទាប់ពីពួកអ៊ីស្រាអែលដើរជុំវិញប្រាំពីរថ្ងៃ។ 31 ដោយសារជំនឿ នាងរ៉ាហាបជាស្រ្តីពេស្យាពុំបានស្លាប់ជាមួយពួកមិនស្តាប់បង្គាប់ឡើយ ព្រោះនាង​បានទទួលអ្នកស៊ើបការដោយមេត្រី។ 32 តើខ្ញុំអាចនិយាយអ្វីបានខ្លះទៀត? ខ្ញុំ​គ្មាន​ពេល​​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែបថា ព្រះបាទ​ដាវីឌ លោក​សាំយូអែល និង​ព្យាការី​នានាទៀតទេ។ 33 ដោយសារជំនឿ លោក​ទាំង​នោះ​បាន​ច្បាំងឈ្នះ​នគរ​ផ្សេងៗ ​ប្រព្រឹត្ត​អំពើ​សុចរិត​ និង​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​មក។ ពួកគេ​បាន​បិទ​មាត់​សឹង្ហ 34 ​ពន្លត់​ភ្លើង​​ឆេះ​សន្ធោសន្ធៅ និង​គេច​ផុត​ពី​មុខ​ដាវ​ និងបានជាសះស្បើយពីជំងឺ​ មានកម្លាំងច្បាំងឈ្នះសង្រ្គាម ព្រមទាំងផ្តួលសត្រូវបរទេសឲ្យខ្លបខ្លាចបាក់ទ័ព។ 35 ស្ត្រីៗ​បាន​ឃើញ​គ្រួសារ​ខ្លួន ​ដែល​ស្លាប់​ទៅ​ហើយ​នោះ​រស់​ឡើង​វិញ។ អ្នក​ខ្លះ​ទទួល​ទារុណកម្ម មិនព្រមឲ្យគេ​ដោះ​លែង​ឡើយ ដើម្បី​ទទួល​បាន​ជីវិត​រស់​ឡើង​វិញ​​ប្រសើរ​ជាង។ 36 អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡកឡឺយ គេ​វាយដំ ព្រមទាំងឲ្យ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។ 37 អ្នក​ខ្លះ​ត្រូវ​គេ​​គប់​សម្លាប់នឹងដំថ្ម។ អ្នកខ្លះត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ។ អ្នកខ្លះត្រូវ​គេ​សម្លាប់​ដោយ​​ដាវ។ អ្នកខ្លះមាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន។​ អ្នកខ្លះខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន និង​ធ្វើ​បាប​ថែម​ទៀត​ផង។ 38 លោកីយ៍​ពុំ​ស័ក្ដិសម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ។ ដូច្នេះ ពួកគេត្រាច់ចរតាម​ទីរហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំជាដើម។ 39 ទោះ​បីព្រះជាម្ចាស់បានទទួល​អ្នក​ទាំង​នោះ​ដោយសារ​ជំនឿ​​ក្ដី ក៏​គេ​ពុំ​ទាន់បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ដែរ។ 40 ​ព្រះជាម្ចាស់​គ្រោង​ទុក​ថា ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ដូច្នេះ បើគ្មានយើងទេ ​អ្នក​ទាំង​នោះ​ពុំ​បាន​គ្រប់​លក្ខណ៍ឡើយ។


ជំពូក 12

1 ចាប់តាំងពីមានមនុស្សជាច្រើននៅជុំវិញ ធ្វើបន្ទាល់ទុកឲ្យយើងទៅហើយ ចូរយើងលះបង់គ្រប់ទាំងបន្ទុក​ និងអំពើបាបរួមរឹតចោល។ ចូរយើងរត់ទៅមុខដោយចិត្តអត់ធ្មត់ ដែលព្រះជាម្ចាស់បានដាក់ឲ្យយើងរត់។ 2 ចូរយើងសម្លឹងមើលព្រះយេស៊ូ ដែលជាអ្នកចាប់ផ្តើមជំនឿ និងធ្វើឲ្យជំនឿយើងបានគ្រប់លក្ខណ៍។ ដ្បិត អំណរនៅចំពោះមុខព្រះអង្គ ធ្វើឲ្យព្រះអង្គស៊ូទ្រាំទុក្ខលំបាកនៅលើឈើឆ្កាង ឥតមានខ្មាស់សោះឡើយ ហើយឥឡូនេះព្រះអង្គគង់នៅខាងស្តាំព្រះបិតា។ 3 ដូច្នេះ ចូរគិតអំពីព្រះអង្គ ដែលស៊ូទ្រាំការប្រឆាំងរបស់មនុស្សបាប ដើម្បីកុំឲ្យបងប្អូនណាយចិត្ត និងបោះបង់ចោលឡើយ។ 4 បងប្អូនរាល់គ្នាពុំទាន់បានតយុទ្ធ ឬពុះពារឧបសគ្គរហូតដល់បង្ហូរឈាមនៅឡើយទេ 5 ហើយបងប្អូនបានភ្លេចការលើកទឹកចិត្ត ដែលបានណែនាំបងប្អូនក្នុងនាមជាកូន៖ «កូន​រាល់គ្នាអើយ មិន​ត្រូវ​ធ្វេសប្រហែស​នឹងការទូន្មានរបស់​ព្រះអម្ចាស់​ឡើយ ហើយក៏មិនត្រូវណាយចិត្ត ពេលព្រះអម្ចាស់កែតម្រង់បងប្អូនឡើយ»។ 6 ដ្បិត ព្រះអម្ចាស់ដាក់វិន័យដល់អស់អ្នកណា ព្រះអង្គស្រឡាញ់ ហើយព្រះអង្គដាក់ទោសកូនណាព្រះអង្គទទួល។ 7 ចូរស៊ូទ្រាំទុក្ខលំបាកដូចពួកសិស្សព្រះអង្គ។ ព្រះជាម្ចាស់ដោះស្រាយជាមួយបងប្អូនក្នុងនាមជាកូន។ តើមានកូនណាដែលលោកឪពុកមិនដាក់វិន័យ? 8 ប៉ុន្តែ បើសិនបងប្អូនមិនទទួលវិន័យ ដូចកូនដទៃទៀតទទួលទេ នោះបងប្អូនជាកូនឥតខាន់ស្លា និងពុំមែនជាកូនព្រះអង្គឡើយ។ 9 ជាងនេះទៅទៀត យើងមានឪពុកនៅផែនដីនេះជាអ្នកដាក់វិន័យ ហើយយើងក៏គោរពចុះចូលលោក។ តើមិនគួរឲ្យយើងគោរពឪពុកខាងវិញ្ញាណ រឹតតែខ្លាំងថែមទៀតដើម្បីទទួលបានជីវិតទេឬអី? 10 ចំណែកឯឪពុកយើងវិញ តែងដាក់វិន័យយើងតែពីរបីថ្ងៃប៉ុណ្ណោះ ដែលយើងអាចទទួលយកបាន។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ធ្វើដូច្នេះ ជាប្រយោជន៍ល្អដល់យើង ដូច្នេះ យើងអាចចែករំលែកភាពវិសុទ្ធរបស់ព្រះអង្គបាន។​ 11 គ្មានការដាក់វិន័យណាមួយគួរជាទីរីករាយទេ នៅពេលនោះ គឺមានតែការឈឺចាប់ប៉ុណ្ណោះ។ ប៉ុន្តែ នៅទីបញ្ចប់វានឹងបង្កើតផលផ្លែមេត្រី នៃសេចក្តីសុចរិត ដល់អស់អ្នកណាទទួលការអប់រំពីព្រះអង្គ។ 12 ដូច្នេះ ចូរលើកដៃរបស់បងប្អូនឡើង និងតម្រង់ជង្គង់ដែលទន់ ឲ្យរឹងមាំឡើងវិញ។ 13 ចូររៀបចំផ្លូវឲ្យត្រង់ ដើម្បីកុំឲ្យអ្នកពិការជើងពិបាកដើរ​ ផ្ទុយទៅវិញអ្នក ពិការមិនត្រូវគ្រេចជើងឡើយ ប៉ុន្តែ ឲ្យពួកគេបានជាសះស្បើយវិញ។ 14 ចូរស្វែងរស់នៅឲ្យបានសុខជាមួយមនុស្សគ្រប់គ្នា និងឲ្យបានវិសុទ្ធផង បើគ្មានវិសុទ្ធភាពគ្មាននរណាមើលឃើញព្រះជាម្ចាស់ឡើយ។ 15 ចូរប្រយ័ត្ន ក្រែងលោនរណាខ្វះព្រះគុណព្រះជាម្ចាស់ ហើយកុំឲ្យប្ញសគល់នៃភាពល្វីងជូរចត់រីកដុះដាល បង្កជាបញ្ហាផ្សេងៗ និងបំពុលចិត្តគំនិតបងប្អូនឡើយ។ 16 ចូរប្រយ័ត្ន កុំប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ឬ​ការមិនគោរប្រណិបតន៍កើតមានក្នុងបងប្អូន ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​​ម្ហូប​មួយ​ចាន​ឲ្យ​សោះ។ 17 បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក​​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មរតក ឪពុកក៏បានបដិសេធ​ ព្រោះ​គាត់​គ្មានឱកាសប្រែចិត្ត ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំងស្រក់​ទឹក​ភ្នែក​ក៏​ដោយ។ 18 ដ្បិត បងប្អូនពុំបានចូលមកភ្នំដែលអាចប៉ះបានទេ គឺជាភ្នំមានភ្លើងឆេះ ភាពងងឹត ស្រអាប់ និងព្យុះបោកបក់។ 19 បងប្អូនពុំបានចូលមករកសំឡេងត្រែ និងឮសំឡេង ដែលគេអង្វរមិនចង់ឲ្យឮម្តងទៀត។ 20 ដ្បិត ពួកគេមិនអាចទ្រាំទ្រនឹងបទបញ្ជានេះបានទេ គឺថា៖ «សូម្បីតែសត្វដែលប៉ះភ្នំនេះ ក៏ត្រូវចោលសម្លាប់នឹងដំថ្មដែរ»។ 21 គ្រាន់តែឃើញនឹងភ្នែកគួរឲ្យខ្លាចទៅហើយ ដូច្នេះ លោកម៉ូសេមានប្រសាសន៍ថា៖ «ខ្ញុំភ័យខ្លាច និងញាប់ញ័រជាខ្លាំង»។ 22 ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមស្ថានបរមសុខ ដែលពួកទេវតារាប់លានរាប់កោដិ ជួបជុំគ្នាយ៉ាងអធិកអធម។ 23 បងប្អូនបានចូលមកជិតក្រុមជំនុំពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ។ បងប្អូនបានចូលមកជិតព្រះជាម្ចាស់ ជាអ្នកវិនិច្ឆ័យមនុស្សទាំងអស់់ និងជាវិញ្ញាណសុចរិតដែលបានគ្រប់លក្ខណ៍រួចហើយ។ 24 បងប្អូនចូលមកជិតព្រះយេស៊ូ ជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី និងលោហិតដែលបានប្រោះ ប្រសើរជាងឈាមរបស់លោកអេបិលទៀតផង។ 25 មើល សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់គ្នា​នោះ​ឡើយ។ ប្រសិន​បើ​ពួកគេមិនរត់គេចទេ ពេលណាពួកគេ​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅហើយ 26 ចុះបើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរមសុខ​វិញ ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​បាន​ឡើយ។ ពី​ដើម ព្រះសូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី។ តែឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​ថា៖ «ជាថ្មីម្តង​ទៀត យើង​នឹង​​មិន​ត្រឹម​តែធ្វើឲ្យ​ផែនដី​កក្រើកប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ទាំងមូល»។ 27 ពាក្យ «ម្ដង​នេះ​ទៀត» បានសេចក្តីថា អ្វីៗ​ដែល​ព្រះជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក​ និងត្រូវ​រលាយ​​អស់​ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ​ដែល​នៅ​សល់។ 28 ដោយ​យើង​បាន​ទទួល​ព្រះរាជ្យ​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើព្រះជាម្ចាស់ តាម​របៀបព្រះអង្គ​គាប់​ព្រះហឫទ័យ ដោយការគោរព និងកោតស្ញប់ស្ញែង។ 29 ដ្បិត​ ព្រះជាម្ចាស់នៃយើង​ដូច​ជា​ភ្លើង​​ឆេះ​សន្ធោសន្ធៅ។


ជំពូក 13

1 ចូរបន្តស្រឡាញ់គ្នាជាបងប្អូនជានិច្ច។ 2 កុំភ្លេចទទួលមនុស្សដទៃដោយភាពចៅរ៉ៅរាក់ទាក់។ ដោយហេតុនេះ មានបងប្អូនខ្លះបានទទួលទេវតាទាំងមិនដឹងខ្លួន។ 3 ចូរនឹកចាំពីអ្នកជាប់ឃុំឃាំង ដូចជាបងប្អូននៅជាប់ឃុំឃាំងជាមួយពួកគេដែរ។ ចូរនឹកចាំពីអ្នកដែលត្រូវធ្វើបាប ប្រៀបបីដូចជាបងប្អូនមានរូបកាយដូចពួកគេដែរ។ 4 ចូរបងប្អូនគោរពចុះចូលគ្នាក្នុងនាមជាស្វាមីភរិយា។ ចូរស្វាមីភរិយាស្មោះត្រង់នឹងគ្នា ដ្បិត ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សប្រាកចាកសីលធ៌ម និងមនុស្សផិតក្បត់។​ 5 ចូរបងប្អូនកុំស្រឡាញ់ប្រាក់។ ចូរស្កប់ចិត្តនឹងរបស់ដែលបងប្អូនមាន ដ្បិតព្រះជាម្ចាស់ផ្ទាល់មានព្រះបន្ទូលថា៖ «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់​ចោលអ្នកឡើយ»។ 6 ចូរឲ្យយើងចេះស្កប់ចិត្ត ដើម្បីឲ្យបងប្អូនមានចិត្តក្លាហានពោលថា៖ «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីសោះឡើយ»។ តើមាននរណាអាចតទល់នឹងខ្ញុំបាន។ 7 សូមពិចារណាមើលអ្នកដឹកនាំរបស់បងប្អូន ដែលប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់បងប្អូន និងពិចារណាអំពីលទ្ធផលនៃកិច្ចការរបស់ពួកគេ។ យកតម្រាប់តាមជំេនឿពួកគេ។ 8 ព្រះយេស៊ូនៅតែដដែលម្សិលម៉ិញ ថ្ងៃនេះ និងរហូតតទៅ។ 9 កុំបណ្តោយខ្លួនតាមសេចក្តីបង្រៀនចម្លែកផ្សេងនោះឡើយ។ ដ្បិត ជាការប្រពៃណាស់ ដែលបងប្អូនបានរឹងប៉ឹងដោយសារព្រះគុណ ពុំមែនដោយសារវិន័យស្តីអំពីចំណីអាហារឡើយ ដ្បិត វាគ្មានប្រយោជន៍ចំពោះបងប្អូនទេ។ 10 យើងមានអាសនៈមួយ ដែលពួកអ្នកបម្រើក្នុងព្រះពន្លា គ្មានសិទ្ធិបរិភោគបានទេ។ 11 ដ្បិត ឈាមរបស់សត្វត្រូវគេសម្លាប់ជំនួសបាបមនុស្ស និងត្រូវមហាបូជាចារ្យនាំយកទៅថ្វាយនៅទីសក្ការៈបំផុត តែសាច់សត្វត្រូវគេដុតនៅក្រៅជំរំវិញ។ 12 ដូច្នេះ ព្រះយេស៊ូក៏រងទុក្ខខាងក្រៅទ្វារក្រុង ដើម្បីប្រោសមនុស្សឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតផ្ទាល់របស់ព្រះអង្គ។ 13 ចូរយើងចេញទៅខាងក្រៅជំរំ ទទួលភាពអាម៉ាស់រួមជាមួយព្រះអង្គ។ 14 ដ្បិត យើងពុំមានទីក្រុងអចិន្ត្រសយ៍នៅលើផែនដីឡើយ។ ផ្ទុយទៅវិញ យើងទន្ទឹងរង់ចាំព្រះមួយអង្គ ដែលត្រូវយាងមកនៅពេលខាងមុខវិញ។ 15 ដោយសារព្រះអង្គ ចូរយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជាម្ចាស់ជានិច្ច ដ្បិតផលផ្លែនៃបបូរមាត់ទទួលស្គាល់ព្រះនាមព្រះអង្គ។ 16 ចូរយើងកុំភ្លេចប្រព្រឹត្តអំពើល្អ និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងយញ្ញបូជាបែបនេះណាស់។ 17 ចូរគោព និងចុះចូលចំពោះអ្នកដឹកនាំបងប្អូន ដ្បិតពួកលោកមើលថែព្រលឹងបងប្អូន ដូចជាទទួលខុសត្រូវចំពោះព្រលឹងបងប្អូននៅចំពោះព្រះជាម្ចាស់។ ចូរគោពដើម្បីឲ្យអ្នកដឹកនាំបងប្អូនបម្រើដោយអំណរ ពុំមែនដោយការរអ៊ូរទាំដែលគ្មានប្រយោជន៍ចំពោះបងប្អូនឡើយ។​ 18 ចូរអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិកាភ្លឺស្វាង ដើម្បីរស់នៅឲ្យបានត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ 19 ខ្ញុំលើកទឹកចិត្តបងប្អូនបន្តអធិស្ឋានថែមទៀត ដើម្បីឲ្យខ្ញុំនឹងត្រឡប់មកជួបបងប្អូនក្នុងពេលឆាប់ៗនេះ។ 20 ឥឡូនេះ សូមឲ្យព្រះជាម្ចាស់នៃេសេចក្តីសុខសាន្ត ដែលបានប្រោសបងប្អូនពីស្លាប់ឲ្យរស់ឡើងវិញ និងព្រះយេស៊ូជាគង្វាលដ៏ប្រសើរឧត្តម ដែលបានចង​សម្ពន្ធមេត្រីដ៏នៅអស់កល្បជានិច្ច ដោយសារព្រះលោហិតព្រះអង្គ 21 និងបានធ្វើឲ្យបងប្អូនបានគ្រប់លក្ខណ៍ក្នុងគ្រប់កិច្ចការទាំងអស់ តាមបំណងព្រះហប្ញទ័យព្រះជាម្ចាស់។ សូមព្រះជាម្ចាស់ធ្វើការក្នុងយើងរាល់គ្នា ដើម្បីគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត​ និងសូមថ្វាយសិរីរុងរឿងព្រះអង្គជាអង្វែងតទៅ។ អាម៉ែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 22 ឥឡូវនេះ ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យ​ទទួល​ពាក្យលើកទឹកចិត្ត​ទាំង​នេះ​ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង​ប្អូន​ដោយ​សង្ខេបខ្លីៗ​ប៉ុណ្ណោះ។ 23 សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បង​ប្អូន​របស់​យើង ​បាន​រួច​ពី​ឃុំឃាំង​ហើយ ដែលខ្ញុំនឹងមកជួបបងប្អូន បើគាត់មកឆាប់ៗនេះ។ 24 សូម​ជម្រាបសួរ អ្នក​ដឹក​នាំ​​ និង​ប្រជាជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់បងប្អូនផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។ 25 សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ។


Book: James

James

ជំពូក 1

1 ខ្ញុំ យ៉ាកុប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបានបែកខ្ញែកគ្នា សូមជ្រាប។ 2 បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​មាន​អំណរ​​វិញ។​ 3 បងប្អូនដឹងហើយថា ការល្បងលជំនឿរបស់បងប្អូននឹងធ្វើឲ្យបងប្អូនចេះស៊ូទ្រាំ។ 4 សូមឲ្យបងប្អូនស៊ូទ្រាំលុះដល់បានសម្រេច ដើម្បីបង្កើតផលផ្លែដ៏ល្អគ្រប់លក្ខណៈ ហើយបងប្អូននឹងមានគុណសម្បត្តិល្អសព្វគ្រប់ ដោយមិនខ្វះខាតអ្វីសោះឡើយ។ 5 ប៉ុន្តែ ប្រសិនបើបងប្អូនណាម្នាក់ត្រូវការប្រាជ្ញា ត្រូវតែទូលសូមពីព្រះជាម្ចាស់ ព្រះអង្គនឹងប្រទានឲ្យជាប្រាកដ ដ្បិតព្រះអង្គនឹងប្រទានដោយព្រះហឫទ័យទូលាយ ដោយគ្មានបន្ទោសសោះឡើយ។ 6 ប៉ុន្តែ ​ចូរឲ្យអ្នកនោះទូលសូមដោយជំ​នឿ ដោយគ្មានការ​សង្ស័យ​ ដ្បិតអ្នក​ដែល​មាន​ចិត្ត​សង្ស័យ គឺដូចជា​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ 7 ដ្បិតសូមកុំគិតថាមនុស្ស​នោះ​ នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ។ 8 អ្នកនោះ​ជា​មនុស្ស​មាន​ចិត្ត​សង្ស័យ និងមានចិត្តមិននឹងន​ក្នុងកិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។ 9 សូម​ឲ្យ​បងប្អូន​ដែល​ក្រីក្រមានមោទនភាពឡើង ព្រោះព្រះជាម្ចាស់នឹងលើក​តម្កើងពួកគេឡើង 10 ប៉ុន្តែ ចំពោះ​អ្នក​មាន​ទ្រព្យវិញក៏ត្រូវមានមោទនភាពដែរព្រោះនឹងត្រូវបានបន្ទាបចុះ ដ្បិតទ្រព្យសម្បត្តិរបស់អ្នក​នោះនឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កាស្មៅ។ 11 លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើមវា​ក៏​ស្វិត​ក្រៀមផ្កា​ក៏​រុះ‌រោយ ហើយ​លម្អរបស់​វា​ក៏​រលាយ​បាត់​ទៅដែរ។ ដូចគ្នានេះដែរ អ្នក​មាន​ក៏​នឹងត្រូវ​រុះ‌រោយ​បាត់​ទៅ​តាមរបៀបនេះ នៅត្រឹមកណ្តាលផ្លូវ។ 12 មានពរហើយ អ្នកណាដែលស៊ូទ្រាំនឹងការល្បងលបាន។ ដ្បិតក្រោយពេលគាត់បានជាប់ពីការល្បងលហើយ គាត់នឹងទទួលបានមកុដជីវិត តាមព្រះបន្ទូលសន្យា ចំពោះអស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់។ 13 សូមកុំឲ្យ​នរណា​ម្នាក់ពេលជួប​ការ​ល្បួងនិយាយ​ថា៖ «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំឡើយ» ព្រោះការអាក្រក់មិនអាច​ល្បួង​ព្រះ‌ជាម្ចាស់​បានឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ម្នាក់ដែរ។ 14 ប៉ុន្តែ គ្រប់គ្នាទទួលការល្បួងដោយសារបំណងចិត្ត និងភាពលោភលន់របស់ខ្លួនវិញ ដែលបានអូសទាញ និងលួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ 15 បន្ទាប់ពីបំណងចិត្តចាប់ទុំក្នុងផ្ទៃ វានឹងសម្រាលចេញមកជាអំពើបាប ហើយក្រោយពីបាបនោះបានលូតលាស់ធំហើយ វានឹងប្រសូតជាសេចក្តីស្លាប់។ 16 ​បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ចាញ់ការបោកបញ្ជោតឡើយ។ 17 អំណោយ​ដ៏​ល្អៗទាំងឡាយ និង​អំណោយដ៏​គ្រប់​លក្ខណៈ​ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ គឺ​មក​ពី​ព្រះ‌បិតានៃ​ពន្លឺ ។ ព្រះអង្គ​មិន​ប្រែប្រួលឡើយ សូម្បី​តែ​ស្រមោល​នៃ​ការប្រែប្រួល​ក៏​គ្មាន​ផង។ 18 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដូច្នេះ ​យើង​នឹងក្លាយ​ជា​ផល​ដំបូង​​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បានបង្កើត​មក។ 19 បងប្អូនជាទីស្រឡាញ់​អើយ បងប្អូន​សុទ្ធ​តែ​ដឹង​ហើយ សូមឲ្យគ្រប់គ្នារហ័សនឹង​ស្ដាប់ តែ​យឺតនឹង​និយាយ ហើយយឺតនឹង​ខឹងផងដែរ។ 20 ដ្បិត​ ​កំហឹង​របស់មនុស្សមិនអាច​ធ្វើ​​តាម​សេចក្ដី​សុចរិតនៃ​ព្រះ‌ជាម្ចាស់​ឡើយ។ 21 ដូច្នេះ ចូរ​លះ‌បង់​នូវអំពើបាប​គ្រប់​យ៉ាង និង​ចិត្តឃោរ‌ឃៅ​ទាំងនោះ​ចោលចេញ​ទៅ។ ចូរបន្ទាបខ្លួនដើម្បីទទួលការបំប៉នពី​ព្រះ‌បន្ទូល ​ដែលអាច​​សង្គ្រោះ​ព្រលឹង​របស់​បងប្អូនបាន។ 22 ចូរ​ធ្វើ​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្ដាប់ហើយបញ្ឆោត​ចិត្ត​ខ្លួនឯង​ឡើយ។ 23 ដ្បិតអ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​មិន​ប្រតិបត្តិតាម អ្នក​នោះ​ប្រៀប​ដូចជា​មនុស្ស​ ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន 24 ក្រោយ​ពិនិត្យ​មើល​រួច​ហើយ ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថាសូម្បី​តែមុខ​ខ្លួន​ឯង​បែបយ៉ាងណា​ផង។ 25 ប៉ុន្តែ អ្នកដែលមើលដោយយកចិត្តទុកដាក់ ចំពោះក្រឹត្យវិន័យនៃសេរីភាពដ៏គ្រប់លក្ខណៈ ហើយបន្ត​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ អ្នក​នោះ​នឹង​បានពរក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​។ 26 បើសិនជា​នរណា​ម្នាក់​គិត​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​គ្រប់គ្រងអណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោតចិត្ត​ខ្លួន​ឯង​ហើយ ការកាន់សាសនារបស់គាត់ក៏គ្មាន​ប្រយោជន៍​អ្វី​ដែរ។ 27 ឯសាសនាដែលវិសុទ្ធ និងគ្មានកន្លែងបន្ទោសបាន នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌បិតា ​គឺជាការជួយក្មេង​កំព្រា និង​ស្ត្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ហើយ​​រក្សា​ខ្លួន​ឲ្យ​ល្អ ចៀសចេញពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។


ជំពូក 2

1 បងប្អូន​អើយ សូមកុំឲ្យ​ជំនឿ​លើ​ព្រះអម្ចាស់ព្រះ‌យេស៊ូ​គ្រិស្ដនៃយើង និងព្រះអម្ចាស់ប្រកបដោយសិរី‌រុងរឿង បែបលំអៀងទៅលើមនុស្សមួយចំនួននោះឡើយ។ 2 ឧបមា​ថា នរណាម្នាក់​ចូល​រួមប្រជុំ មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ស្អាត ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​មិនសមរម្យ។ 3 ប្រសិន​បើបងប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ស្អាតល្អ ទាំង​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​នេះ» ប៉ុន្តែ និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា៖ «ចូលអ្នកឈរនៅទីនោះ» ឬ​ថា៖ «មក​អង្គុយ​នៅខាង​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើងវិញ​» 4 តើ​ធ្វើបែបនេះបងប្អូនមិនមែន​លំអៀងទេឬអី? តើបងប្អូនមិនបាន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬអី?។ 5 សូម​ស្ដាប់! ​បងប្អូន​ជា​ទី​ស្រឡាញ់​អើយ តើព្រះ‌ជាម្ចាស់មិន​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ក្នុង​ជំនឿ ហើយឲ្យ​ទទួលមរតកនៃ​ព្រះ‌រាជ្យ ដែល​ព្រះអង្គ​បាន​សន្យា ​ដល់​អស់​អ្នក​ដែលស្រឡាញ់​ព្រះអង្គទេឬ? 6 ប៉ុន្តែ បងប្អូន​បែរ​ជា​មិនឲ្យតម្លៃអ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បានសង្កត់‌សង្កិន​បងប្អូន? តើពួកគេមិនបាន​អូស​បងប្អូន​យកទៅ​ឲ្យ​តុលា​ការ​ទេ? 7 តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​ព្រះ‌នាម​ដ៏​ប្រសើរ ដែលជា​របស់​បងប្អូន​ទេ​ឬ?។ 8 ​ប្រសិនបើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ ​ព្រះគម្ពីរចែងថា៖ «អ្នកត្រូវស្រឡាញ់​អ្នកជិតខាង ​ឲ្យ​​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ទើបបានល្អ។ 9 ប៉ុន្តែ ប្រសិន​បើ​បងប្អូនឲ្យតម្លៃតែមនុស្សមួយចំនួន បងប្អូនបាន​ប្រព្រឹត្ត​​បាបហើយ​ ក្រឹត្យវិន័យរាប់ថាបងប្អូនជាអ្នកល្មើសច្បាប់។ 10 ដ្បិតនរណាដែលប្រព្រឹត្តតាមក្រឹត្យវិន័យទាំងអស់ ប៉ុន្តែ បើអ្នកនោះភ្លាំងភ្លាត់នៅក្នុងការតែមួយ នោះគាត់នឹងត្រឡប់ទៅេជាមានទោសក្នុងការប្រព្រឹត្តខុសក្រឹត្យវិន័យទាំងមូលដែរ។ 11 ដ្បិតមានសេចក្តីចែងមកថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ថា៖ ​«កុំ​សម្លាប់​មនុស្ស»។ ​បើ​សិនជា អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ ប៉ុន្តែបែរជាសម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។ 12 ដូច្នេះ ចូរ​​និយាយ និង​ប្រព្រឹត្ត​ដូចអ្នកទាំងនោះដែលនឹងទទួលការវិនិច្ឆ័យតាមន័យរបស់ក្រឹត្យវិន័យនៃសេរីភាព។ 13 ដ្បិតអ្នកកាត់ក្តីនឹងវិនិច្ឆ័យដោយពុំមានការយល់យោកចំពោះអ្នកធ្វើខុស ហើយគ្មានក្តីមេត្តាដល់អស់អ្នកដែលគ្មានមេត្តាឡើយ។ ដ្បិតសេចក្តីមេត្តាករុណានឹងយកជោគជ័យលើការវិនិច្ឆ័យ។ 14 ​ប្រសិនបើ​មាននរណា​ម្នាក់​និយាយ​ថា​ ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ មិនបានធ្វើការ​ល្អ​ទេ នោះតើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នោះអាច​​សង្គ្រោះ​គាត់បាន​ឬ? 15 ឧបមាថា បងប្អូនប្រុស​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​ល្អ និង​គ្មាន​ម្ហូប​អាហារ​ហូបពេញមួយ​ថ្ងៃ។ 16 ឧបមាថា មានម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយទៅកាន់ពួកគេថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្តចុះ ហើយភាពមានកក់​ក្ដៅ​ និងសូមឲ្យអ្នកបាន​ឆ្អែតចុះ»។ ប្រសិនបើជាអ្នកមិនបានឲ្យអ្វី ដែលជាតម្រូវការពួកគេទេ តើ​ពាក្យ​ទាំង​នោះមាន​ប្រយោជន៍​អ្វី? 17 ​បើ​គ្មាន​ការ​ប្រព្រឹត្ត​​ទេ ជំនឿ​នោះ​នឹងស្លាប់​។ 18 ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នក​មាន​ជំនឿ ឯ​ខ្ញុំវិញមានការ​ប្រព្រឹត្ត​វិញ»។ សូម​បង្ហាញ​ជំនឿ​គ្មានមាន​ការ​ប្រព្រឹត្តឲ្យខ្ញុំ​ឃើញផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយការ​ប្រព្រឹត្ត។ 19 អ្នកពិតជាបានជឿថា មានព្រះជាម្ចាស់តែមួយ គឺត្រឹមត្រូវហើយ។ ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយពួកវា​ភ័យ​ញាប់​ញ័ផងដែរ។ 20 តើបងប្អូនដឹងតែថា ​មនុស្ស​ឥត​ប្រាជ្ញា​ និងជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់? 21 តើមិនមែនលោកអប្រាហាំជាឪពុករបស់យើង បានរាប់ជាសុចរិតដោយ‌ការប្រព្រឹត្ត កាល​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ថ្វាយជាយញ្ញបូជា​លើ​អាសនៈទេឬអី? 22 ជំនឿ​របស់​លោក​បាន​រួម​ផ្សំនឹងការ​​ប្រព្រឹត្ត ហើយតាមរយៈការ​ប្រព្រឹត្តនោះ ធ្វើ​ឲ្យ​ជំនឿ​របស់លោកបាន​ពេញ​លក្ខណៈ។ 23 «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​រាប់លោកជា​សុចរិត» ហើយលោក​ក៏​បានហៅ​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 24 បងប្អូន​ឃើញ​ទេ ព្រះ‌ជាម្ចាស់​រាប់​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​ប្រព្រឹត្តដែរ គឺ​មិន​មែនដោយ‌សារ តែ​ជំនឿ​មួយមុខនោះ​ទេ។ 25 ដូចគ្នានេះដែរ តើមិនមែននាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ទេឬអី ដែល​បាន​សុចរិត ដោយ‌សារ​ការប្រព្រឹត្ត​របស់នាង ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ ឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត? 26 ដ្បិតបើរូបកាយដាច់ចេញពីវិញ្ញាណ ​រូប​កាយនោះនឹងស្លាប់​ ហើយជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ក៏​ជា​ជំនឿ​ស្លាប់ដែរ។


ជំពូក 3

1 បងប្អូនអើយ មិនមានមនុស្សច្រើនទេដែលបានធ្វើេជាគ្រូបង្រៀន។ យើងដឹងថាយើងនឹងត្រូវទទួលការវិនិច្ឆ័យទោសធ្ងន់ធ្ងរដែរ។ 2 ដ្បិត យើង​តែងតែ​ធ្វើ​ខុស​ជា​ញយដង។​ បើសិនជានរណាម្នាក់មិនបានធ្វើខុសដោយពាក្យសម្តី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ ហើយអាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។ 3 ប្រសិនបើ យើង​ដាក់​បង្ហៀរ​នៅ​​មាត់របស់​សេះ​ ដើម្បីឲ្យវាស្តាប់បង្គាប់យើង យើងអាចបញ្ជារូបកាយវាឲ្យទៅណាក៏បាន។ 4 ចូរសង្កេតមើលសំពៅដូចគ្នាដែរ ទោះបីជាវាធំយ៉ាងណា ហើយខ្យល់បក់ខ្លាំងក៏ដោយ អ្នកបើកសំពៅអាចបត់បែនទៅណាក៏បាន តាមចិត្តរបស់អ្នកបើកសំពៅចង់ទៅ ទោះបីវាមានចង្កូតតូចមូយក្តី។ 5 អណ្តាតក៏ដូចគ្នាដែរ វា​ជា​ផ្នែកមួយ​តូច​មូយនៃរាងកាយ តែ​វាពូកែបង្កើតបញ្ហា​​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​​តូចមួយ​វាអាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​​​ធំមូយ​បាន។ 6 អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត ដែលជា​ផ្នែក​មួយ​នៅក្នុងរូបកាយរបស់​យើង។ វាអាច​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។ 7 ដ្បិត សត្វ​ព្រៃគ្រប់ប្រភេទ រួមមានសត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ​មនុស្សអាច​ផ្សាំង​បាន​ទាំងអស់។ 8 ប៉ុន្តែ គ្មាន​នរ​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បានឡើយ ព្រោះ​វា​មិនអាចគ្រប់គ្រងបាន ហើយ​ចង្រៃ​អាក្រក់បំផុត ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្តាលឲ្យ​ស្លាប់​បាន។ 9 ដោយសារអណ្តាត យើងអាចសរសើរព្រះជាម្ចាស់ និងព្រះបិតា ហើយដោយសារអណ្តាតដដែល យើងក៏ដាក់បណ្តាសាដល់មនុស្ស ដែលព្រះជាម្ចាស់បានបង្កើតដូចជារូបអង្គទ្រង់ដែរ។ 10 វាចេញពីមាត់តែមួយ ប៉ុន្តែ វាអាចជាព្រះពរហើយក៏បណ្តាសាដែរ។ បងប្អូនអើយ ការនេះមិនគួរឲ្យកើតឡើងក្នុងចំណោមពួកយើងឡើយ។ 11 តើដែលមានប្រភពទឹកមួយអាចបញ្ចេញទឹកផ្អែម និងល្វីងផងបានទេ? 12 បងប្អូនអើយ តើដើម​ឧទុម្ពរ​អាចចេញផ្លែ​អូលីវបានទេ? ឬតើដើមទំពាំងបាយជូរ អាចចេញផ្លែឧទុម្ពរបានទេ? រន្ធទឹកមួយមិនអាចចេញទឹកប្រៃ និងទឹកផ្អែមផងបានទេ។ 13 តើក្នុងចំណោមបងប្អូន មានអ្នកណាមានប្រាជ្ញាដែរឬទេ? សូមឲ្យអ្នកនោះបង្ហាញគំរូជីវិត ដោយការប្រព្រឹត្តល្អ ក៏ដូចជាការដាក់ខ្លូនពេញដោយប្រាជ្ញា។ 14 ប៉ុន្តែ ប្រសិនបើមានការច្រណែន ជូរល្វីង និងមហិច្ឆតានៅក្នុងចិត្តរបស់អ្នកនោះ សូម​កុំ​អួត​ខ្លួន និងកុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។ 15 នេះមិនមែនជាប្រាជ្ញាដែលមកពីព្រះជាម្ចាស់ទេ។​ ផ្ទុយទៅវិញ ប្រាជ្ញាទាំងនេះមកពីលោកីយ៍ ពីមនុស្ស និងអារក្សវិញ។ 16 ដ្បិត​ ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ 17 ប៉ុន្តែ ប្រាជ្ញាដែលមកពីព្រះជាម្ចាស់គឺវិសុទ្ធ សន្តិភាព សុភាព ស្តាប់បង្គាប់ ហើយពេញដោយសេចក្តីមេត្តា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥតមានសេចក្កីលំអៀងនិងពុតត្បុតឡើយ។ 18 ផលនៃសេចក្តីសុចរិតបានសាបព្រោះនៅក្នុងចំណោមអ្នកកសាងសន្ដិភាព។


ជំពូក 4

1 តើការទាស់ទែង និងការឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូនកើតចេញមកពីណា? តើការនោះមិនមែនចេញពីបំណងចិត្ត ដែលទាស់ប្រឆាំងគ្នាក្នុងចំណោមបងប្អូនអ្នករាល់គ្នាទេឬអី? 2 បងប្អូន​ចង់បាន តែ​មិន​បាន​ដូច​ចិត្តប៉ង​ទេ។ ទោះបងប្អូន​សម្លាប់ និង​ឈ្នានីស​គេ ក៏​បងប្អូននៅ​តែ​មិនបាន​អ្វីដែរ។ បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា។ បងប្អូនមិនបានទទួល ព្រោះបងប្អូនមិនបានទូលសុំ។ 3 ទោះបងប្អូនទូលសុំ ​ក៏នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះសំណូមរបស់​បងប្អូន​មិន​ល្អ ដ្បិត បងប្អូនទូលសុំដើម្បីបំពេញ​ចិត្ត​ស្រើប‌ស្រាល​របស់​ខ្លួនឯង។ 4 ឱអ្នកដែលមានចិត្តក្បត់អើយ! តើបងប្អូនមិនដឹងទេឬអីថា ការធ្វើជាមិត្តសម្លាញ់របស់លោកីយ៍ ប្រឆាំងទាស់ជាមួយនឹងព្រះជាម្ចាស់ ដូច្នេះ នរណាចង់ក្លាយជាមិត្តសម្លាញ់របស់លោកីយ៍ អ្នកនោះបានតាំងខ្លួនធ្វើជាសត្រូវរបស់ព្រះជាម្ចាស់ហើយ។ 5 ឬតើអ្នកគិតថាព្រះបន្ទូល ដែលបានចែងទាំងអស់នោះសុទ្ធតែឥតបានការឬអី? «ព្រះវិញ្ញាណព្រះអង្គដែលគង់ក្នុងយើង ពេញដោយសេចក្តីប្រច័ណ្ឌ»។ 6 ប៉ុន្តែ ព្រះជាម្ចាស់បានប្រទានព្រះគុណច្រើនថែមទៀត ដូចបទគម្ពីរបានចែងថា៖ «ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ព្រះអង្គ​ប្រណី‌សន្ដោសដល់​អស់​អ្នក​ដែល​បន្ទាប​ខ្លួនវិញ»។ 7 ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​ព្រះ‌ជាម្ចាស់។ ហើយ​ប្រឆាំង​នឹង​មារ នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បងប្អូន​មិន​ខាន។ 8 សូមចូលមកជិតព្រះអង្គ ​នោះព្រះជាម្ចាស់នឹងយាងមកជិតបងប្អូនវិញ។ សូមលាងដៃបងប្អូនឲ្យបានស្អាត បងប្អូនជាមនុស្សមានបាប សូមជម្រះចិត្តឲ្យបានវិសុទ្ធ ហើយសូមជម្រះគំនិតដែលតែងតែសង្ស័យឲ្យបានស្អាតផង។ 9 ចូលកាន់ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​ឲ្យ​សំណើច​ក្អាក‌ក្អាយ​របស់​បងប្អូន ​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​សប្បាយ​របស់​បងប្អូន​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ 10 ចូលបន្ទាបខ្លួនបងប្អូន នៅចំពោះព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងលើកបងប្អូនឡើង។ 11 បងប្អូនអើយ​ មិន​ត្រូវ​និយាយ​ទាស់គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។​​ អ្នក​ណា​និយាយ​ទាស់ ឬ​ថ្កោល​ទោស​បងប្អូន​ណា​ម្នាក់ អ្នក​នោះ​ក៏​ដូច​ជា​និយាយទាស់នឹង​ក្រឹត្យ‌វិន័យ ហើយក៏​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ។ ប្រសិន​បើ​ អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​បាន​សេចក្ដី​ថា អ្នក​មិន​បានកាន់​ក្រឹត្យ‌វិន័យ​ទេ គឺ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​​វិញ។ 12 ព្រះជាម្ចាស់តែមួយគត់ ដែលជាអ្នកផ្តល់ក្រឹត្យវិន័យ និងការវិនិច្ឆ័យ។ ព្រះអង្គតែមួយគត់ដែលអាចសង្គ្រោះ និង​ធ្វើ​ឲ្យ​វិនាសបាន។ តើបងប្អូនជានរណាបានជាហ៊ានវិនិច្ឆ័យបងប្អូនរបស់អ្នកនោះ? 13 ឥឡូវ​នេះ ​បងប្អូន​ដែល​និយាយ​ថា៖ «ថ្ងៃ​នេះ​ឬ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី និង​បាន​ចំណេញ»។ 14 បងប្អូនមិនដឹងថា ថ្ងៃ​ស្អែកជីវិត​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ? បងប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ 15 ផ្ទុយទៅវិញ បងប្អូន​គួរ​តែ​និយាយ​ថា៖ «បើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ»។ 16 តែ​ឥឡូវ​នេះ បងប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។ 17 ដូច្នេះ ប្រសិនបើអ្នក​ណា​ដឹងថាត្រូវធ្វើ​អំពើ​ល្អយ៉ាងណាហើយ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។


ជំពូក 5

1 ឥឡូវនេះ សម្រាប់អ្នកមាន ចូលស្រែកទ្រហោយំវិញ ពីព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នកជាមិនខាន។ 2 ភាពមានបានរបស់បងប្អូននឹងរលួយអស់ ហើយសម្លៀកបំពាក់របស់អ្នកក៏ត្រូវកណ្តៀរសីុដែរ។ 3 មាស និងប្រាក់របស់បងប្អូនត្រូវច្រេះសីុបំផ្លាញ។ ការសីុបំផ្លាញទាំងនោះជាសក្ខីភាពអំពីការទាស់ប្រឆាំងជាមួយបងប្អូន។ វានឹងធ្វើឲ្យវិនាសដល់សរសៃឈាមរបស់អ្នកដូចជាភ្លើងឆេះ។ ហើយកន្លែងដែលបងប្អូនរក្សាទ្រព្យសម្បត្តិទុកគឺជាថ្ងៃចុងក្រោយ។ 4 មើល៍! ប្រាក់ឈ្នួលដែលត្រូវបើកឲ្យពួកកម្មករ នោះត្រូវបានទាមទារ ដោយព្រោះតែគ្មានប្រាក់បើកឲ្យដល់អ្នកចម្រូត ដែលបានធ្វើការឲ្យអ្នក នោះសម្រែកពួកគេក៏បានឮដល់ព្រះជាម្ចាស់នៃពិភពទាំងមូល។ 5 អ្នករាល់គ្នាបានរស់នៅលើផែនដី​យ៉ាងសម្បូរសប្បាយ ហើយរុងរឿង និងអាចបំពេញតាមបំណងចិត្ត ដែលខ្លួនត្រូវការ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ 6 អ្នករាល់គ្នាបានដាក់ទោស និងសម្លាប់អ្នកសុចរិតផង។ ដោយសារពួកគេមិនបានចុះចូលនឹងអ្នក។ 7 ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់​ រហូតដល់ព្រះជាម្ចាស់យាងត្រឡប់មកវិញ។ មើល! អ្នកចម្ការបានរង់ចាំផលផ្លែដ៏មានតម្លៃ ចេញពីការច្រូតកាត់ពីដីមក។ ពួកគេបានរងចាំដោយការអត់ធ្មត់សម្រាប់ផលទាំងនោះ រហូតដល់បានទទួលនៅដើមរដូវ និងចុងរដូវភ្លៀងផង។ 8 បងប្អូនក៏ដូចគ្នា ត្រូវតែអត់ធ្មត់។ សូមធ្វើចិត្តឲ្យបានរឹងបឹុង ដោយព្រោះការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ជិតមកដល់ហើយ។ 9 បងប្អូនអើយ មិនត្រូវរអ៊ូរទាំ និងទាស់ប្រឆាំងគ្នាទៅវិញទៅមកទេ ដូច្នេះហើយ បងប្អូនមិនត្រូវវិនិច្ឆ័យឡើយ។ សូមមើលចុះ អ្នកកាត់ក្ដី កំពុងតែឈរនៅនឹងមាត់ទ្វារ។ 10 បងប្អូន សូមយកគំរូតាមព្យាការី ដែលបានរងទុក្ខលំបាក និងមានការអត់ធ្មត់ គឺជាអ្នកដែលថ្លែងព្រះបន្ួូលក្នុងនាមរបស់ព្រះជាម្ចាស់។ 11 មើលចុះ យើងត្រូវបានរាប់ដូចជាព្យាការីដែលបានលើកសរសើរ និងបានព្រះពរដែរ។ អ្នករាល់គ្នាធ្លាប់ឮការសរសើររបស់លោកយ៉ូប ហើយបងប្អូនក៏ដឹងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ដ្បិត ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ និងសេចក្តីមេត្តាករុណាផង។ 12 លើសជាងនេះ បងប្អូនអើយ កុំស្បថឲ្យសោះ មិនត្រូវយកមេឃ ឬផែនដី ឬសេស្បថជាមួយអ្វីផ្សេងៗទៀតឡើយ។ តែផ្ទុយទៅវិញ សូមឲ្យបងប្អូនគ្រាន់តែនិយាយថា «បាទ» គឺ «បាទ» ហើយថា «ទេ» គឺ «ទេ» ដូច្នេះ អ្នកនឹងមិននៅជាប់ក្រោមការកាត់ទោសឡើយ។ 13 តើមានអ្នកណានៅក្នុងចំណោមអ្នករាល់គ្នាជួបទុក្ខលំបាក និងការឈឺចាប់ឬទេ? សូមឲ្យអ្នកទាំងនោះអធិស្ឋានចុះ។ តើមានអ្នកណាអរសប្បាយដែលឬទេ? សូមឲ្យអ្នកនោះច្រៀងសរសើរតម្កើងចុះ។ 14 តើមានអ្នកណាឈឺក្នុងចំណោមអ្នកឬទេ? សូមឲ្យគេអញ្ជើញពួកចាស់ទំុរបស់ក្រុមជំនុំ ហើយសូមឲ្យពួកគេអធិស្ធានឲ្យអ្នកឈឺនោះចុះ។ ចូរយកប្រេងមកលាបឲ្យអ្នកឈឺក្នុងនាមព្រះអម្ចាស់ផង។ 15 សេចក្តីអធិស្ឋានដោយជំនឿនឹងប្រោសអ្នកឈឺឲ្យបានជា ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ។ ហើយប្រសិនបើ គាត់បានធ្វើអំពើបាប ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នកនោះផងដែរ។ 16 ដូច្នេះ សូមលន់តួបាបចំពោះគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកដែរ ធ្វើដូចនេះអ្នកនឹងបានប្រោសឲ្យជា។ សេចក្តីអធិស្ឋានរបស់មនុស្សសុចរិតខ្លាំងពូកែណាស់។ 17 ព្យាការីអេលីយ៉ាជាបុរសម្នាក់ដូចជាយើងរាល់គ្នាដែរ។ លោកបានអធិស្ឋានសូមកំុឲ្យមានភ្លៀង ហើយមេឃក៏លែងភ្លៀងនៅលើផែនដីអស់រយៈបីឆ្នាំ និងប្រាំមួយខែ។ 18 បន្ទាប់មកទៀត ព្យាការីអេលីយ៉ាបានទូលសុំម្តងទៀត។ ដើម្បីសុំភ្លៀងពីមេឃ ហើយឲ្យផែនដីបានដុះភោគផលឡើងវិញ។ 19 បងប្អូនអើយ ប្រសិនបើ មានអ្នកណាក្នុងចំណោមបងប្អូន វង្វេងផ្លូវចេញពីសេចក្តីពិត ហើយមានម្នាក់ទៀតនាំគាត់ ត្រឡប់មកវិញ 20 អ្នកនោះត្រូវដឹងថា ម្នាក់ ដែលបាននាំមនុស្សមានបាបឲ្យចេញពីការវង្វេងផ្លូវនោះ នឹងសង្គ្រោះគាត់ឲ្យរួចពីសេចក្តីស្លាប់ ហើយជាងនេះទៅទៀត អំពើបាបដ៏ធំនឹងត្រូវគ្របបាំងដ៏លើសលប់ផងដែរ។


Book: 1 Peter

1 Peter

ជំពូក 1

1 ខ្ញុំ ពេត្រុស ជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត សូមជម្រាបសួរទៅដល់បងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយបានបែកខ្ញែកគ្នាទៅរស់នៅតាមស្រុកផ្សេងៗពីគ្នាដូចជា ប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។ 2 ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងផែនការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ ដើម្បី​ឲ្យ​បងប្អូនស្ងួនភ្ងា​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ដ និង​ឲ្យ​ព្រះអង្គ​ប្រោស​ព្រះ‌លោហិត​របស់​ព្រះអង្គ​លើ​បងប្អូន។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ 3 សូមសរសើតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ ដោយសេចក្ដីមេត្ដាករុណាដ៏ធំធេងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្តល់ឱ្យយើងនូវកំណើតថ្មីសម្រាប់ទទួលមរតក។ មរតកនេះគឺតាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្តពីសេចក្តីស្លាប់។ 4 នេះជាមរតក ដែលមិនចេះសាបសូន្យ មិនចេះរលួយ មិនចេះស្រពោន មិនចេះសៅហ្មង ហើយនិងមិនរលាយបាត់ឡើយ។ ព្រះជាម្ចាស់បានបម្រុងទុកមរតកនេះឲ្យបងប្អូនស្ងួនភ្ងានៅស្ថានបរមសុខ។ 5 ដោយសារជំនឿ បងប្អូនត្រូវបានការពារថែរក្សាដោយព្រះចេស្តារបស់ព្រះជាម្ចាស់ ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះអង្គ​នឹង​បើកសម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ 6 បងប្អូនមានសេចក្តីអំណរជាខ្លាំង ក្នុងសេចក្តីសង្គ្រោះនោះ ទោះបើសព្វថ្ងៃនេះត្រូវរងទុក្ខព្រួយយូរបន្តិច និងកើតមានសេក្តីល្បងផ្សេងៗក៏ដោយ។ 7 ដើម្បីឲ្យការល្បងជំនឿនៃអ្នករាល់គ្នា គឺវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកល្បងនឹងភ្លើងក៏ដោយ។ ការនោះកើតឡើង ដើម្បីឲ្យឃើញជំនឿជាផលនៃការសរសើរ ហើយនិងសិរីល្អ ក្នុងកាលព្រះយេស៊ូគ្រិស្តលេចមកវិញ។ 8 អ្នក​រាល់​គ្នា​មិន​ដែលបាន​ឃើញ​ព្រះអង្គទេ​ ​ប៉ុន្តែបាន​ស្រឡាញ់​ព្រះអង្គ ទោះបើពេលឥឡូវនេះក្តី ប៉ុន្តែអ្នករាល់គ្នានៅតែមានចិត្តជឿលើកព្រះអង្គដដែល ហើយក៏មានអំណរក្នុងព្រះអង្គ ដោយអំណរដ៏ប្រសើរដែលរកអ្វីថ្លែងមិនបាន 9 ដោយឥឡូវនេះអ្នករាល់គ្នាបានទទួលផលនៃជំនឿរបស់អ្នករាល់ គឺជាសេចក្តីសង្គ្រោះដល់ព្រលឹងរបស់អ្នក 10 ​រីឯពួកព្យាការី ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា​ គេបានសើុបសួរ ហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះ។ 11 ពួកគេស្វែងរកឲ្យដឹងពីអ្នកណា ឬពេលណា​ ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្តសណ្ឋិតក្នុងពួកគេ ដែលទ្រង់មានព្រះបន្ទូលមកពួកគេ។ នេះគឺជាហេតុការណ៍នឹងកើតឡើងដូចដែលទ្រង់បានប្រាប់ជាមុន អំពី​ព្រះគ្រិស្ត​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរីល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ។​ 12 នេះជាការបើកសម្តែងឲ្យគេដឹងថា ព្ួកគេមិនបានបំរើខ្លួនឯង ដែលឥឡូវនេះពួកគេនិយាយអំពីសេចក្តីទាំងប៉ុន្មានដែលពួកគេបានដឹង អ្នកខ្លះប្រកាសដំណឹងល្អទៅអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានចាត់ពីស្ថានសួគ៌មក ហើយគឺអ្វីដែលពួកទេវតាទទឹងរង់ចាំមើល។ 13 ដូច្នេះចូរយកគំនិតរបស់អ្នករាល់គ្នាមកក្រវ៉ាត់ចង្កេះអោយជាប់ចុះ ដោយដឹងខ្លួន។ ចូរទុកចិត្តនៅក្នុងព្រះគុណដែលផ្តល់មកដល់អ្នករាល់គ្នាក្នុងការដែលព្រះយេស៊ូបើកសម្តែងមក។ 14 ចូរធ្វើដូចជាកូនៗដែលស្តាប់បង្គាប់ មិនត្រូវធ្វើតាមតែចិត្តរបស់ខ្លួនឯងដែលអ្នកធ្លាប់ធ្វើពីមុន ក្នុងភាពល្ងីល្ងើនោះឡើយ។ 15 ប៉ុន្តែ ព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាគឺព្រះអង្គវិសុទ្ធ អ្នករាល់គ្នាក៏វិសុទ្ធដូច្នេះដែរ ចូរឲ្យអ្នករាល់គ្នាបានវិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ចុះ។ 16 ដ្បិតមានសេចក្តីចែងទុកមកថា «អ្នករាល់គ្នាត្រូវវិសុទ្ធ ពីព្រោះយើងជាព្រះវិសុទ្ធ។» 17 ដូច្នេះ ប្រសិនបើអ្នករាល់គ្នាហៅយើងថា «ព្រះបិតា» ជាអ្នកដែលជំនុំជម្រះដែលមិនលំអៀងទៅតាមអំពើដែលអ្នករាល់ប្រព្រឹត្តរៀងៗខ្លួន នោះត្រូវរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ 18 អ្នករាល់គ្នាបានដឹងហើយថាព្រះជាម្ចាស់បានលោះអ្នករាល់គ្នាចេញពីកិរិយាដែលឥតប្រយោជន៍ដែលអ្នករាល់គ្នាបានរៀនពីឪពុករបស់អ្នករាល់គ្នាមក។ 19 អ្នករាល់គ្នាត្រូវបានប្រោសលោះដោយព្រះលោហិតរបស់ព្រះគ្រិស្តយេស៊ូ ជាចៀមដែលល្អឥតខ្ចោះដែលឥតស្លាកស្នាម។ 20 ព្រះគ្រិស្តយេស៊ូ ត្រូវបានជ្រើសរើសតាំងពីមុនដើមកំណើតពិភពលោក ប៉ុន្តែទ្រង់ទើបតែបង្ហាញអង្គនៅគ្រាចុងក្រោយ។ 21 ដោយសារព្រះអង្គ អ្នករាល់គ្នាបានជឿដល់ព្រះជាម្ចាស់ដែលប្រោសឲ្យព្រះយេស៊ូឲ្យមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រមទាំងប្រទានឲ្យព្រះអង្គឲ្យមានសិរីល្អ ដោយអ្នករាល់គ្នាមានជំនឿនិងមានសង្ឃឹមនៅក្នុងព្រះជាម្ចាស់។ 22 ព្រលឹងអ្នករាល់គ្នាបានបរិសុទ្ធដោយការស្តាប់តាមសេចក្តីពិត។ ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចជាបងប្អូន ចូរស្រលាញ់គ្នាឲ្យខ្លាំងដោយចេញពីចិត្ត។ 23 អ្នកបានកើតជាថ្មី ដែលមិនមកពីរូបកាយដែលពុករលួយទេ ប៉ុន្តែជារូបកាយដែលមិនចេះពុករលួយ ដោយការរស់នៅជាប់ជាមួយព្រះបន្ទូលនៃព្រះជាម្ចាស់។ 24 «មនុស្សគ្រប់រូបដូចជាស្មៅ ហើយគ្រប់ទាំងសិរីល្អគឺដូចជាផ្កានៃស្មៅ។ ហើយដូចជាស្មៅក្រៀមស្វិតហើយផ្ការុះរោយ។ 25 តែព្រះបន្ទូលនៃព្រះនៅជាប់ជាដរាប។» ការនេះគឺជាដំណឹងល្អដែលបានផ្តល់មកអ្នក។


ជំពូក 2

1 ដូច្នេះ ដែលអ្នកបានបោះបង់ចោលអស់ទាំងសេចក្តីអាក្រក់ និងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយបង្ខូចគេ។ 2 ដូចជាទារកទើបនឹងកើត សង្វាតរកទឹកដោះ ដើម្បីឲ្យអ្នករាល់គ្នាបានធំធាត់ឡើង រហូតដល់បានសង្គ្រោះ។ 3 ប្រសិនបើអ្នករាល់គ្នាបានភ្លក់ការនេះនឹងដឹងថា ព្រះអម្ចាស់ល្អមែន។ 4 អ្នករាល់គ្នាដែលកំពុងមករកព្រះអង្គជាថ្មដ៏រស់ ដែលជាមនុស្សបានបោះបង់ចោល តែព្រះជាម្ចាស់បានជ្រើសរើសហើយរាប់ជាវិសេសសម្រាប់ព្រះអង្គវិញ។ 5 អ្នករាល់គ្នាក៏ដូចជាថ្មរស់ដែលបានស្អាងឡើងឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ដូចជាពួកសង្ឃវិសុទ្ធសម្រាប់នឹងថ្វាយយញ្ញាបូជាខាងព្រលឹងវិញ្ញាណដែលគាប់ព្រះហឫទ័យ​ដល់ព្រះតាមរយៈព្រះយេស៊ូគ្រិស្ត។ 6 ពីព្រោះមានសេចក្តីចែងទុកមកក្នុងបទគម្ពីរថា «មើល​ ខ្ញុំដាក់ថ្មជ្រុងមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើសហើយវិសេសវិសាល។ អស់អ្នកណាដែលជឿដល់ព្រះអង្គនោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។ 7 កិតិ្តយសគឺសម្រាប់អស់អ្នកដែលជឿ។ «ថ្មដែលជាងផ្ទះមិនត្រូវការហើយរើចេញ​ ប៉ុន្តែថ្មនោះក៍បានត្រឡប់ទៅជាជ្រុងមួយដ៏វិសេស» 8 ពួកអស់អ្នកដែលជំពប់ដួលពីព្រោះពួកគេមិនបានស្តាប់បង្គាប់នូវអ្វីដែលពួកគេត្រូវធ្វើ ហើយដូចជាថ្មដែលធ្វើឲ្យពួកគេជំពប់ហើយក៏ជាថ្មដែលធ្វើឲ្យពួកគេធ្លាក់ចុះដែរ។ 9 ពីព្រោះតែយើងជាមនុស្សដែលបានជ្រើរើស ជាបូជាចារ្យ ជាពូជសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះអម្ចាស់បានជ្រើសតាំង ដូច្នេះហើយយើងត្រូវតែបង្ហាញចេញនូវសកម្មភាពដំណឹងល្អ ពីព្រះអម្ចាស់ដែលបានហៅយើងឲ្យចេញពីទីងងឹតមករកពន្លឺដ៏អស្ចារ្យ។ 10 កាលពីដើមដំបូងយើងរាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាជាប្រជារាស្រ្តព្រះជាម្ចាស់វិញ។ អ្នករាល់គ្នាមិនដែលទទួលសេចក្តីមេត្តាករុណាទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាបានទទួលសេចក្តីមេត្តាករុណាវិញ។ 11 បងប្អូនជាទីស្រលាញ់អើយ ខ្ញុំសូមប្រាប់ទៅអ្នករាល់ក៏ដូចជាបងប្អូនសាសន៍ដទៃដែរ ដើម្បីឲ្យអ្នករាល់គ្នាជៀសចេញឆ្ងាយពីសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម ដែលធ្វើឲ្យអ្នករាល់គ្នាមានការទាស់ប្រឆាំងជាមួយព្រលឹងរបស់អ្នករាល់គ្នា។ 12 បងប្អូនគួរមានកិរិយាមាយាទល្អក្នុងចំណោមសាសន៍ដទៃ ដូច្នេះ ប្រសិនបើពួកគេបាននិយាយពីការអាក្រក់របស់អ្នក ពួកគេនិងបានឃើញពីការល្អរបស់អ្នកវិញនៅថ្ងៃដែលព្រះជាអង្គយាងមក ហើយពួកគេក៏សរសេីរតម្កើងដល់ព្រះអម្ចាស់ទៀតផង។ 13 ដោយ​ព្រោះ​ព្រះអម្ចាស់​ ចូរ​ចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ មិន​ថា​ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​។ 14 ហើយក៏ត្រូវគោរពដល់លោកចៅហ្វាយខេត្ត ដែលជាអ្នកដាក់ទោសដល់មនុស្សអាក្រក់ ហើយក៏ជាអ្នកដែលសរសេីរដល់អស់អ្នកដែលធ្វើការល្អដែរ។ 15 ដ្បិតព្រះអម្ចាស់សព្វព្រះទ័យនឹងបំបិទមាត់របស់មនុស្សល្ងង់ខ្លៅដោយអំពើល្អវិញ។ 16 អ្នករាល់គ្នាមានសេរីភាព តែមិនត្រូវយកសេរីភាពមកបិទបាំងអំពើអាក្រក់របស់ខ្លួនឡើយ ប៉ុន្តែ ត្រូវយកសេរីភាពនេះមកប្រើឲ្យសមជាអ្នកបម្រើព្រះអម្ចាស់។ 17 ចូរសម្តែងក្តីគោរពដល់មនុស្សទាំងអស់ និងស្រលាញ់រាប់អានបងប្អូនរួមជំនឿ គោរពកោតខ្លាចដល់ព្រះអម្ចាស់ និងគោរពដល់ស្តេចផង។ 18 ពួកអ្នកបម្រើអើយ ចូរចុះចូលនៅនឹងចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង។ ចុះចូលមិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ប៉ុន្តែទោះបើចៅហ្វាយដែលមានចិត្តព្យាបាទក្តី។ 19 បើសិនជាបងប្អូនណាដែលស៊ូទ្រាំអត់ធន់ក្នុងការឈឺចាប់នៅខណៈពេលដែលទទួលរងអយុត្តិធម៌ 20 ព្រោះយល់ដល់ព្រះអង្គ នោះគួរសរសើរហើយ។ 21 ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​ផ្លូវ​របស់​ព្រះអង្គ​។​ 22 ព្រះអង្គ​មិន​ដែល​ប្រព្រឹត្ដ​បាប​ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដី​បោក​ប្រាស់​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែរ។ 23 ពេ​លគេ​ប្រមាថ​ព្រះអង្គ​ នោះព្រះអង្គ​មិន​តបត​ទេ​ ពេល​ព្រះអង្គ​រងទុក្ខ​លំបាក​ ព្រះអង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ​ ផ្ទុយ​ទៅ​វិញ​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះជាម្ចាស់​ដែល​ជំនុំជម្រះ​ដោយ​សុច្ចរិត។​ 24 ព្រះអង្គបានយកបាបរបស់យើងមកក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានញែកចេញពីបាប ហើយរស់នៅខាងឯសេចក្តីសុចរិតវិញ អ្នករាល់ក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ។ 25 កាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមវង្វេង ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាបានត្រឡប់មកឯអ្នកគង្វាលវិញ និងអ្នកមើលថែព្រលឹងអ្នករាល់គ្នាដែរ។


ជំពូក 3

1 ប្រពន្ធ​រាល់គ្នា​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បងប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ។ 2 គេបានសង្កេតឃើញពីអាកប្បកិរិយាជាមួយការគោរព។ 3 ចូរកុំតុបតែងខ្លួនតែសំបកខាងក្រៅដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ម៉ូតផ្សេងៗនោះឡើយ។ 4 ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងនៃចិត្ត ដោយគ្រឿងមិនចេះពុករលួយគឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុតនៅព្រះភក្រ្កព្រះជាម្ចាស់។ 5 កាលពីយូណាស់មកហើយពួកស្រ្តីវិសុទ្ធដែលមានសង្ឃឹមលើព្រះជាម្ចាស់ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនិងប្តីរបស់ខ្លួនដែរ។ 6 ដូចជាសារ៉ាបានស្តាប់បង្គាប់អ័ប្រាហាំហើយហៅគាត់ថាលោកម្ចាស់ទៀតផង។ ឥឡូវអ្នករាល់គ្នាបានក្លាយជាកូនរបស់សារ៉ាបើសិនជាអ្នករាល់គ្នាប្រព្រឹត្តអំពើល្អដោយមិនភ័យខ្លាចចំពោះបញ្ហា។ 7 រីឯប្តីរាល់គ្នាក៍ដូច្នោះដែរ អ្នកជាប្តីត្រូវតែរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយមានការយោគយល់គ្នា ដោយយល់ដល់ស្រ្តីដែលទន់ខ្សោយ។ យើងគួរតែផ្តល់កិត្តិយសដល់នាងទុកជាអ្នកស្នងមរតកព្រះគុណនៃជីវិត។ ដូច្នេះនិងមិនមានអ្វីមករារាំងសេចក្តីអធិស្ឋានរបស់អ្នកឡើយ។ 8 នៅទីបញ្ចប់ អ្នកទាំងអស់គ្នាមានគំនិតតែមួយ ចិត្តអាណិតអាសូរ ស្រឡាញ់គ្នាដូចជាបងប្អូន ចិត្តសន្តោស និងចិត្តសុភាពចុះ។ 9 កុំឲ្យធ្វើការអាក្រក់ស្នងនិងការអាក្រក់ឬការប្រមាថស្នងនិងការប្រមាថឡើយ។ ផ្ទុយទៅវិញ ចូរបន្តប្រទានពរដល់គេ ពីព្រោះអ្នកត្រូវបានត្រាស់ហៅតាមរយៈកិច្ចការនេះ ដោយអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក។ 10 ដ្បិតអ្នកដែលស្រឡាញ់ជីវិតហើយចង់់ឃើញថ្ងៃល្អត្រូវតែបញ្ឈប់អណ្តាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយនិងបបូរមាត់របស់ខ្លួនកុំឲ្យនិយាយពាក្យបោកបញ្ឆោតឡើយ។ 11 ត្រូវឲ្យអ្នកនោះត្រឡប់ចេញពីការអាក្រក់ហើយធ្វើអ្វីដែលល្អវិញ។ ចូរឲ្យអ្នកនោះស្វែងរកនិងដេញតាមសន្តិភាពវិញ។ 12 ដ្បិតព្រះនេត្ររបស់ព្រះជាម្ចាស់ទតឃើញសេចក្តីសុចរិត ហើយព្រះកាណ៍របស់ព្រះអង្គក៏ស្តាប់សេចក្តីអធិស្ឋានរបស់គេដែរ។ ប៉ុន្តែព្រះភក្រ្តរបស់ព្រះជាម្ចាស់ទាស់ប្រឆាំងនិងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់។" 13 បើសិនអ្នករាល់គ្នាមានចិត្តប្តូផ្តាច់ប្រព្រឹត្តល្អ តើអ្នកណានិងធ្វើបាបអ្នករាល់គ្នា? 14 ប៉ុន្តែបើសិនអ្នករាល់គ្នារងទុក្ខដោយព្រោះតែសេចក្តីសុចរិតមែន អ្នករាល់គ្នាមានពហើយ។ ចូរកុំភ័យខ្លាចនូវអ្វីដែលពួកគេភ័យខ្លាចឡើយ។ កុំជ្រួលច្របល់ឡើយ។ 15 ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្តជាព្រះអម្ចាស់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាចុះ។ ត្រូវតែរួចរាល់ជានិច្ចក្នុងការឆ្លើយនិងសំនួរអស់អ្នកដែលសួរថា ហេតុអ្វីបានជាអ្នកមានទំនុកចិត្តលើព្រះជាម្ចាស់។ ចូរធ្វើកិច្ចការនេះដោយគោរពនិងសុភាពរាបសារ។ 16 ត្រូវមានមនសិការល្អដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាសមុខ គឺពួកអ្នកដែលនិយាយបង្ខូចពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ត។ 17 វាគឺជាការល្អ បើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយធ្វើការប្រសើជាងធ្វើការអាក្រក់។ 18 ព្រះគ្រិស្តត្រូវបានរងទុក្ខម្តងដោយព្រោះបាប។ គឺព្រះអង្គព្រះដ៍សុចរិតហើយបានរងទុក្ខជួសយើង អស់អ្នកដែលទុច្ចរិត ព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់។ ព្រះអង្គត្រូវបានគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្តែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញាណ។ 19 ដោយសារព្រះវិញាណនោះ ព្រះអង្គបានយាងទៅប្រកាសពីព្រះបន្ទូលប្រាប់វិញាណទាំងឡាយដែលបានជាប់ឃុំឃាំង។ 20 ពួកអ្នកដែលមិនស្តាប់ង្គាប់កាលពីដើមនៅពេលដែលព្រះអម្ចាស់បានរងចាំអត់ធ្មត់នៅជំនាន់លោកណូអេ នៅក្នុងថ្ងៃដែលសាងសង់ទូកធំ ហើយនៅក្នុងទូកធំមានមនុស្សបន្តិចបន្តួច គឺមានមនុស្សប្រាំបីនាក់ដែលរួចជីវិតពីទឹកជំនន់។ 21 នេះគឺជាគំរូអំពីពិធីជ្រមុជទឹកដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ មិនមែនជាការលាងសម្អាតភាពស្មោកគ្រោគរបស់រូបកាយនោះទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ត។ 22 ព្រះយេស៊ូគ្រិស្តយាងទៅស្ថានសួគ៌​។ ហើយព្រះអង្គគង់នៅខាងស្តាំនៃព្រះជាម្ចាស់។ ពួកទេវតា សិទ្ធអំណាច និងអំណាចទាំងឡាយត្រូវតែចុះចូលនឹងព្រះអង្គផងដែរ។


ជំពូក 4

1 ដូចច្នេះ ដោយព្រះគ្រិស្តបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវត្រៀមលក្ខណដូច្នោះដែរ។ សម្រាប់អ្នកដែលរងទុក្ខខាងឯសាច់ឈាមអ្នកនោះឈប់ប្រព្រឹត្តិអំពើបាបទៀតហើយ។ 2 ជាលទ្ធផល ដូចជាមនុស្សដែលរស់នៅខាងឯសាច់ឈាម ហើយសេចក្តីប៉ងប្រាថ្នារបស់គេនិងគ្មានទៀតឡើយ ប៉ុន្តែមានតែក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់វិញ។ 3 អ្នកបានចំណាយពេលគ្រប់គ្រាន់សម្រាប់មនុស្សដែលចង់ឲ្យអ្នកធ្វើ រស់នៅដោយត្រេកត្រអាល ល្មោភកាម ស៊ីផឹកអ៊ូអែ ប្រមឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។ 4 ពួកគេងឿងឆ្ងល់ដែលអ្នលរាល់គ្នាប្រយ័ត្នជាមួយនិងឥរិយាបថខិលខូចហួសហេតុរបស់ពួកគេ ដូច្នេះពួកគេក៏និយាយអាក្រក់ពីអ្នក។ 5 ពួកគេនិងត្រូវរៀបរាប់ប្រាប់ព្រះអង្គដែលត្រូវជំនុំជំរះទាំងអ្នករស់និងអ្នកស្លាប់។ 6 ហេតុនេះហើយបានជាដំណឹងល្អបានប្រកាសប្រាប់មនុស្សដែលស្លាប់ ដើម្បីឲ្យគេជាប់ក្នុងការជំនុំជំរះខាងឯសាច់ឈាមដូចជាមនុស្សដែរ ប៉ុន្តែឲ្យគេមានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់វិញ។ 7 ទីបញ្ចប់នៃគ្រប់ទាំងអស់ជិតមកដល់ហើយ។ ចូរមានគំនិតត្រឹមត្រូវ កុំឲ្យកាត់បន្ថយក្នុងការអធិស្ឋានឡើយ។ 8 គ្រប់ការទាំងអស់ អ្នកទាំងអស់គ្នាស្រឡាញ់គ្នាទៅវិញទៅមក សេចក្តីស្រលាញ់គឺគ្របបាំងលើមនុស្សទាំងអស់ពីអំពើបាប។ 9 គឺត្រូវទទួលរាក់ទាក់គ្នាទៅវិញទៅមកដោយមិនត្អូញត្អែ។ 10 ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ​ស្មោះត្រង់ជួយគ្រប់កិច្ចការទាំងអស់ដោយព្រះគុណរបស់ព្រះអង្គ។ 11 ប្រសិនបើនរណាម្នាក់និយាយ ចូរនិយាយពីព្រះបន្ទូលរបស់ព្រះអង្គ។ ប្រសិនអ្នកបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្តល់ឲ្យ។ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមឲ្យមានសិរីរុងរឿង និងព្រះចេស្តាអស់កល្បជានិច្ច។ អាម៉ែន។ 12 បងប្អូនជាទីស្រលាញ់ ចូរអ្នករាល់គ្នាកុំប្លែកចិត្តនឹងសេចក្តីល្បួងដ៏ឈឺចាប់ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បួងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ។ 13 ផ្ទុយទៅវិញ យ៉ាងណាអ្នករាល់គ្នាបានចូលរួមចំណែករងទុក្ខជាមួយព្រះគ្រិស្ត ចូរមានអំណរ ដូច្នេះហើយអ្នកត្រូវរីករាយជាមួយអំណរនៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ 14 ប្រសិនបើអ្នករាល់គ្នាត្រូវគេដៀលត្មះដោយនូវនាមព្រះគ្រិស្ត អ្នកនោះមានពរហើយ ដោយព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿងដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។ 15 កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះតែឃាតករ​ ជាចោរ ឧក្រិដ្ឋជន ឬក៍ជាអ្នកជ្រៀតជ្រែកគេ។ 16 ប៉ុន្តែប្រសិនបើអ្នករងទុក្ខដោយព្រោះតែជាគ្រិស្ដ​បរិស័ទ​ ចូរកុំឲ្យអ្នករាល់គ្នាអៀនខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរឲ្យអ្នករាល់ថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនោះចុះ។ 17 ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះជាម្ចាស់។ ហើយប្រសិនបើការជំនុំជម្រះចាប់ផ្តើមជាមួយយើងរាល់គ្នាមុននោះ តើនឹងមានអ្វីកើតឡើងជាមួយអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះជាម្ចាស់? 18 ម្យ៉ាងទៀត "ប្រសិនបើមនុស្សសុចរិតពិបាកក្នុងការទទួលបានសេចក្តីសង្គ្រោះទៅហើយ តើពួកអស់អ្នកដែលមិនជឿហើយនិងអ្នកដែលមានបាបទៅជាយ៉ាងណាវិញ?" 19 ដូច្នេះអស់អ្នកដែលបានរងទុក្ខដោយព្រោះព្រះជាម្ចាស់ ត្រូវប្រគល់ព្រលឹងខ្លួនទុកនឹងព្រះដ៍ស្មោះត្រង់ដែលបង្កើតអ្វីៗទាំងអស់ហើយប្រព្រឹត្តការល្អចុះ។


ជំពូក 5

1 ក្នុងនាមខ្ញុំជាចាស់ទុំដូចគ្នា ហើយខ្ញុំជាសាក្សីអំពីការរងទុក្ខរបស់ព្រះគ្រិស្ត និងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលនឹងបង្ហាញឲ្យឃើញ 2 ហើយខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា ចូរឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់ដែលនៅមួយអ្នករាល់គ្នា ក្នុងនាមជាអ្នកមើលខុសត្រូវ មិនមែនដោយបង្ខំ ប៉ុន្តែដោយចិត្តដែលសមស្របតាមបំណងរបស់ព្រះជាម្ចាស់ ហើយ​មិន​មែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ​។ 3 មិនមែនត្រួតត្រាលើពួកអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ តែផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវតែជាគំរូដល់ហ្វូងចៀម។ 4 នៅពេលដែលមេអ្នកគង្វាលបានបង្ហាញអ្នករាល់គ្នា និងបានទទួលមកុដនៃសិរីរុងរឿង ដែលមិនសាបសូន្យឡើយ។ 5 ដូច្នេះ បុរសក្មេងៗអើយ ចូរចុះចូលជាមួយនឹងចាស់ទុំចុះ​ ហើយអ្នកទាំងអស់គ្នា ចូរបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងមនុស្សអួតអាង ប៉ុន្តែព្រះអង្គនឹងផ្តល់ព្រះគុណដល់អ្នកដែលបន្ទាបខ្លួនវិញ។ 6 ដូច្នេះចូរបន្ទាបខ្លួននៅក្រោមព្រះហស្តដ៍មានព្រះចេស្តារបស់ព្រះជាម្ចាស់ហើយដល់ពេលកំណត់ព្រះអង្គនឹងលើកអ្នកនោះឡើង។ 7 ចូរផ្ទេរអស់ទាំងបន្ទុករបស់អ្នកទៅព្រះអង្គ ពីព្រោះព្រះជាម្ចាស់ខ្វល់ខ្វាយពីអ្នករាល់គ្នា។ 8 ចូរប្រយ័ត្នខ្លួន ចូរប្រុងស្មារតីជានិច្ច ដ្បិតខ្មាំងសត្រូវរបស់អ្នកទាំងអស់គ្នា ជាអារក្សសាតាំង គឺវាដើរគ្រហឹមជុំវិញដូចជាសត្វតោ ហើយរកមើលនរណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។ 9 ចូរប្រឆាំងនឹងវាដោយកម្លាំងមាំមួនក្នុងជំនឿរបស់អ្នកទាំងអស់គ្នា អ្នករាល់គ្នាបានដឹងហើយថាអ្នកដែលជឿនៅលើលោកិយនេះក៏រងទុក្ខលំបាកដូចគ្នាដែរ។ 10 បន្ទាប់ពីអ្នករាល់គ្នាទទួលរងទុក្ខលំបាករយៈពេលកន្លងមកនេះ ព្រះជាម្ចាស់ដែលមានព្រះគុណគ្រប់បែបយ៉ាងដែលបានហៅ អ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៍ល្អរបស់ព្រះគ្រិស្ត ឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ និងឲ្យអ្នករាល់គ្នាបានរឹងមាំឡើង។ 11 សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្តាអស់កល្បជានិច្ច។ អាម៉ែន។ 12 ខ្ញុំបានសរសេរសំបុត្រផ្ញើមកអ្នករាល់គ្នាតាមរយះ លោកស៊ីលវ៉ានដែលខ្ញុំចាប់ទុកថាជាបងប្អូនដ៏ស្មោះត្រង់ម្នាក់។ ខ្ញុំសូមលើកទឹកចិត្តទៅដល់អ្នករាល់គ្នាហើយក៏ធ្វើទីបន្ទាល់ដល់អ្នករាល់គ្នាដែលថាអ្វីដែលខ្ញុំបានសរសេរ គឺជាព្រះគុណពិតប្រាកដរបស់ព្រះជាម្ចាស់។ ដែលនៅជាមួយបងប្អូន។ 13 ស្រ្តីដែលនៅក្នុងស្រុកបាប៊ីឡូន ដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងលោកម៉ាកុស ជាកូនរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ 14 សូមស្វាគមន៍គ្នាទៅវិញទៅមកជាមួយការថើបនៃក្តីស្រលាញ់។ សូមឲ្យសន្តិភាពមានទៅដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្ត។


Book: 2 Peter

2 Peter

ជំពូក 1

1 ស៊ីម៉ូនពេត្រុស​ ជាអ្នកបម្រើ​ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ត ជូនចំពោះអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿរបស់យើងដែរ តាមរយៈ​ជំនឿដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះរបស់យើង។ 2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តកាន់តែចម្រើនឡើង ក្នុងការស្គាល់ថាព្រះជាម្ចាស់និងព្រះយេស៊ូជាព្រះអម្ចាស់នៃយើងទាំងអស់គ្នា។ 3 ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​។ 4 ហើយតាមរយៈសេចក្តីទាំងនេះ ព្រះអង្គបានប្រទានសេចក្តីសន្យាដ៏មានតម្លៃមកដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាអ្នកដែលមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នារួចផុតពីសេចក្តីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្តីប៉ងប្រាថ្នាដ៏អាក្រក់។ 5 ដ្បិត នេះជាមូលហេតុ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​។ 6 បន្ថែមការគ្រប់គ្រងចិត្តទៅលើការស្គាល់ព្រះជាម្ចាស់ បន្ថែមការអត់ធ្មត់ទៅលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពកោតខ្លាចព្រះជាម្ចាស់ទៅលើការអត់ធ្មត់ 7 ដើម្បីបន្ថែមភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ បន្ថែមភាពជាបងប្អូននិងការស្រឡាញ់រាប់អានគ្នាជាបងប្អូន។ 8 ការទាំង​នេះ​បាន​កើន​ឡើង​នៅ​ក្នុង​អ្នក​រាល់គ្នា​ ដូច្នោះ ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្ជិល​ច្រអូស​ ឬ​គ្មាន​ផល​ផ្លែ​ក្នុង​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​។ 9 ប៉ុន្តែ បើអ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​មើលមិនឃើញ ឬ​ជា​មនុស្ស​មើល​មិន​​ឆ្ងាយ​។ គាត់ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​គាត់​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​ 10 ដូច្នេះ បងប្អូនអើយ ចូរធ្វើឲ្យអស់ពីចិត្ត និងពីសមត្ថភាពរបស់បងប្អូន ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់បងប្អូនប្រាកដប្រជា ដ្បិត​បើ​ប្រព្រឹត្ដតាម​សេចក្ដី​ទាំង​នេះ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ជំពប់​ដួល​សោះ​ឡើយ។ 11 ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ 12 ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​ 13 ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ខ្ងុំត្រូវតែ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​ 14 ដោយខ្ញុំដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះហើយ ដូចដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញយ៉ាងច្បាស់។ 15 ខ្ញុំនឹង​ខំប្រឹងខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​​នេះទៅ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។ 16 ដ្បិត យើងមិនបានយករឿងព្រេងប្រឌិត មកបា្រប់ឲ្យអ្នករាល់គ្នាស្គាល់ពីអំណាចព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូគ្រិស្តនោះទេ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​ 17 ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​ 18 យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​ 19 ដ្បិត ពួកយើងមានពាក្យនៃអ្នកនាំព្រះបន្ទូល ធ្វើឲ្យរិតតែប្រាកដ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​ 20 លើសពីនេះ អ្នកត្រូវយល់ថាគឺមិនមានការថ្លែងព្រះបន្ទូលហើយអ្នកនោះក៏ជាអ្នកបកស្រាយផងដែលនោះទេ។ 21 ដ្យិតការថ្លែងព្រះបន្ទូលគឺមិនបានកើតឡើងដោយចិត្តមនុស្យនោះទេ ប៉ុន្តែគឺមកពីព្រះជាម្ចាស់រួមជាមួយការបើកសម្តែងពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ។


ជំពូក 2

1 ព្យាការីក្លែងក្លាយបានមកឯមនុស្ស ហើយពួកអ្នកដែលបង្រៀនខុសឆ្គងគឺនឹងមករកអ្នករាល់គ្នាដែរ។ ពួកគេនឹងនាំសេចក្តីវិនាសចូលមកដល់បងប្អូន ហើយនិងបធដិសេធសូម្បីតែព្រះជាម្ចាស់ដែលបានលោះពួកគេ។ 2 ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួន​ឯង​ទៀត​ផង។ មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​។ 3 នៅក្នុង​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​ 4 ដ្បិត ព្រះជាម្ចាស់មិនបានលើកលែងដល់ពួកទេវតាដែលបានធ្វើបាបនោះទេ។ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ រហូតដល់ពេលជំនុំជម្រះ។ 5 ហើយព្រះជាម្ចាស់ដ៏មិនបានលើកលែងដល់អ្នកដែលក្នុងពិភពលោកជំនាន់នោះដែរ​។ ផ្ទុយទៅវិញព្រះជាម្ចាស់បានសង្គ្រោះលោកណូអេដែលជាអ្នកមានសេចក្តីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត នៅក្នុងគ្រាដែលព្រះជាម្ចាស់ធ្វើមានទឹកជំនន់លេចពិភពលោកនៃមនុស្សអាក្រក់។ 6 ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ 7 ប៉ុន្តែ ក្នុងភាពជាអ្នកសុចរិតរបស់ឡុត គឺលោកមានចិត្តព្រួយអំពីការល្មោភកាមរបស់មនុស្សថោកទាប។ 8 ដូច្នេះ មនុស្សសុចរិតដែលរស់នៅក្នុងចំណោមពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ហើយធ្វើឲ្យគាត់ឈឺចាប់ក្នុងព្រលឹងដោយសុចរិតរបស់គាត់ នៅពេលដែលគាត់បានឮហើយនិងបានឃើញនោះ។ 9 ព្រះអម្ចាស់មានរបៀបក្នុងការសង្គ្រោះមនុស្សដែលកោតក្លាចព្រះអង្គពីក្តីវិនាស ហើយនិងការជំរះជាមួយមនុស្សអាក្រក់ សម្រាប់ការជំនុំជម្រះនៅថ្ងៃដាក់ទោស។ 10 ជាពិសេស គឺពួកអ្នកដែលបន្តដេញតាមការប៉ងប្រាថ្នាស្មោកគ្រោកខាងឯសាច់ឈាម និងអំណាច។ ពួកគេហ៊ានធ្វើតាមទំនើងចិត្ត ដោយមិនក្លាចក្នុងការប្រមាថដល់ព្រះជាម្ចាស់ដែលប្រកបដោយសិរីរុងរឿង។ 11 ទេវតាគឺមានកម្លាំងខ្លាំង ហើយនិងអំណាច ប៉ុន្តែ ​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួកអ្នក​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​ដែរ។ 12 ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ។​ ពួកគេ ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​។ 13 ពួកគេនឹងទទួលអ្វីដែលពួកគេបានធ្វើជារង្វាន់។ ពួកគេគិតតែពីការស្រើបស្រាលរាល់ថ្ងៃដោយការពេញចិត្ត។ ពួកគេពេញទៅដោយអំពើអាក្រក់ក្នុងគេ។ ពួកគេរីករាយជាមួយការធ្វើទង្វើបោកប្រាស់ក្នុងពេលដែលពួកគេនៅជាមួយអ្នករាល់គ្នា។ 14 ភ្នែករបស់ពួកគេពេញទៅដោយការកំផឹត ពួកគេមិនឆ្អែតជាមួយនិងការធ្វើបាបឡើយ។ ព្រលឹងគេតែងតែទាញទៅធ្វើការអាក្រក់ និងទង្វើដែលមិនត្រឹមត្រូវ ហើយចិត្តរបស់ពួកគេពេញទៅដោយភាពលោភ។ ពួកគេតែងតែដាក់បណ្តាសាកូនគេ! 15 ពួកគេ​បាន​បោះ​បង់​ផ្លូវ​ត្រង់​ ហើយ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត។​ 16 ប៉ុន្តែ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​ ក៏បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​ 17 មនុស្សទាំងនេះគឺជាប្រភពដែលគ្មានទឹកហើយនិងការរីងស្ងួត និងជួបព្យុះ។ ភាពងងឹតនិងចូលមកសម្រាប់ពួលគេផងដែរ។ 18 ពួកគេនិយាយតែអ្វីដែលគ្មានប្រយោជន៍និងភាពអំនួត។ ពួកគេអូសទាញអ្នកដទៃទៅក្នុងការកាមគុណនៃសាច់ឈាម។ ហើយពួកគេក៏ព្យាយាមទាញមនុស្សដែលរត់ចេញពីអំពើ និងទង្វើខុសឆ្គងដែរ។ 19 ពួកគេបានសន្យាជាមួយសេរីភាពដល់ពួកគេ ប៉ុន្តែខ្លួនគេវិញគឺជាទាសករនៃសេចក្តីពុករលួយវិញ។ ដ្បិត អ្នកណាដែលជាទាសករគឺជាអ្នកត្រូវបានបរាជ័យ។ 20 ប្រសិន​បើ​ ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំង​នោះ​ម្ដងទៀត​ ហើយ​ឲ្យ​សេចក្ដី​ទាំង​នោះ​បង្ក្រាប​ពួកគេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​ នឹង​ត្រលប់​ជា​អាក្រក់​ជាងមុន​ទៅ​ទៀត។​ 21 ដ្បិត ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ជា​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​ 22 ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ ឆ្កែ​បាន​ត្រឡប់​ទៅ​រក​កម្អួត​របស់​វា​ ឯ​មេជ្រូក​ដែល​លាង​ស្អាត​ហើយ​ បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ‍។​


ជំពូក 3

1 បងប្អូនជាទីស្រឡាញ់ នេះគឺជាសំបុត្រទីពីរហើយដែលខ្ញុំបានសរសេរផ្ញើមកកាន់អ្នក នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ គឺខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​បងប្អូន​ឲ្យ​ភ្ញាក់​ឡើង​។ 2 ដ្បើម្បីអ្នក​រាល់ងាកមករក ​​ព្រះបន្ទូល​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ជា​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​ 3 បងប្អូនត្រូវដឹងពីការនេះជាមុន នៅគ្រាចុងក្រោយពួកអ្នកមើលងាយគេនឹងមកដល់។ ពួកគេនឹងចំអកហើយនិងដើរតាមសេចក្តីប្រាថ្នារបស់ពួកគេ។ 4 ពួកគេនឹងនិយាយថា «តើការសន្យាដែលនឹងត្រឡប់មកវិញនោះនៅទីណា? ដ្បិតតាំង​ពី​ពួក​ដូនតាបាន​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក»។ 5 ពួកគេបានភ្លេចថា​ ​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ តាំងតែ ពីយូរណាស់មកហើយដោយសារ ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 6 ហើយតាមរយៈការទាំងនេះ ពិភពលោកនេះត្រូវបានបំផ្លាញក្នុងពេលនោះ ដោយទឹក​ជន់លិច។ 7 ប៉ុន្តែ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាចដល់​ព្រះជាម្ចាស់។​ 8 បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ព្យាយាមគេចវេសពីការនេះ​ឡើយ​ គឺថានៅចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​។ 9 ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ តែព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​។ 10 ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃនៃព្រះជាម្ចាស់នឹងមកដល់ដូចជាចោរលួច ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង។ ធាតុ​ទាំងអស់​នឹង​ឆេះ​ទៅ​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​បាត់អស់ដែរ។​ 11 គ្រប់យ៉ាងទាំងអស់នឹងត្រូវបំផ្លាញក្នុងរូបភាពបែបនេះ តើអ្នកគួរជាមនុស្សបែបណា? អ្នកត្រូវតែរស់ដោយភាពដ៏វិសុទ្ធនិងកោតខ្លាចព្រះជាម្ចាស់។ 12 បងប្អូនគួរ​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​។ នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​ដោយកម្តៅដ៏ខ្លាំង។ 13 ប៉ុន្តែដោយការសន្យារបស់ព្រះអង្គ គឺពួកយើងរង់ចាំផ្ទៃមេឃហើយនិងផែនដីថ្មី ជាកន្លែងដែលពួកសុចរិតរស់នៅ។​ 14 ដូច្នោះ បងប្អូនជាទីស្រឡាញ់អើយ សូមរង់ចាំការទាំងនេះឲ្យកើតឡើងចុុះ ចូរ​ធ្វើឲ្យល្អបំផុត​នៅចំពោះព្រះអង្គ​ ឲ្យឃើញថា​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ និងសន្តិភាពផង។ 15 ​ចូរ​គិតពីសេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​។ 16 ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ ដែលបាន​និយាយ​ពីការទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​​ 17 ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ​ គឺ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​គេហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​មិនត្រឹមត្រូវរបស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ស្មោះត្រង់​របស់​ខ្លួន​អ្នក​ឡើយ​។ 18 ប៉ុន្តែ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​


Book: 1 John

1 John

ជំពូក 1

1 ពីអ្វីដែលយើងបានឮដំបូងគេបំផុត គឺអ្វីដែលយើងបានឃើញេជាមួយភ្នែករបស់យើង ហើយអ្វីដែលយើងបានសម្លឹងមើល និងដៃរបស់យើងបានប៉ះ គឺអំពីព្រះបន្ទូលនៃជីវិតដែលមានតាំងពីដំបូងមកម៉េ្លះ 2 ជាមួយនិងជីវិតដែលបានសម្តែងឲ្យស្គាល់ ហើយយើងបានឃើញជីវិតនោះ យើងក៏បានធ្វើទីបន្ទាល់ពីជីវិតនោះដែរ។ យើងកំពុងតែប្រកាសពីជីវិតអស់កល្ប ដែលបានគង់នៅជាមួយព្រះវរបិតា ហើយបានសម្តែងឲ្យយើងបានស្គាល់ផង។ 3 គឺយើងបានឃើញ ហើយឮ យើងក៏ប្រកាសដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរួមប្រកបជាមួយយើង។ ការរួមប្រកបរបស់យើងគឺរួមប្រកបជាមួយព្រះវរបិតា និងជាមួយព្រះបុត្រារបស់ព្រះអង្គ ព្រះយេស៊ូគ្រិស្ត។ 4 យើងសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរឡើង។ 5 ការនេះគឺជាសារដែលយើងបានឮពីព្រះអង្គ និងកំពុងតែប្រកាសដល់អ្នក៖ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងព្រះអង្គ គ្មានសេចក្តីងងឹតទាល់តែសោះ។ 6 ប្រសិនបើ យើងនិយាយថា យើងបានរួមប្រកបជាមួយព្រះអង្គ ហើយនៅតែដើរក្នុងសេចក្តីងងឹត នោះយើងកំពុងតែកុហកហើយ ក៏មិនបានប្រព្រឹត្តតាមសេចក្តីពិតដែរ។ 7 ប៉ុន្តែ ប្រសិនបើ យើងដើរនៅក្នុងពន្លឺ ដូចជាព្រះអង្គដែលនៅក្នុងពន្លឺ គឺយើងបានប្រកបជាមួយគ្នាទៅវិញទៅមក នោះព្រះលោហិតរបស់ព្រះយេស៊ូ ព្រះបុត្រារបស់ព្រះអង្គសម្អាតយើងពីបាបទាំងអស់។ 8 ប្រសិនបើ យើងនិយាយថា យើងគ្មានបាបសោះ នោះយើងកំពុងកុហកខ្លួនឯងហើយ គឺគ្មានសេចក្តីពិតនៅក្នុងយើងទេ។ 9 ប៉ុន្តែ ប្រសិនបើយើងសារភាពបាបរបស់យើង នោះទ្រង់ស្មោះត្រង់ ថែមទាំងអត់ទោសបាបរបស់យើង និងសម្អាតបាបយើងចេញពីអំពើទុច្ចរិតទាំងអស់ផង។ 10 ប្រសិនបើយើងនិយាយថា យើងមិនបានធ្វើបាបទេ យើងធ្វើឲ្យព្រះអង្គក្លាយជាអ្នកកុហក ហើយព្រះបន្ទូលរបស់ព្រះអង្គមិនបាននៅក្នុងយើងទេ។


ជំពូក 2

1 កូនរាល់គ្នាអើយ ខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើដល់អ្នក ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត។ ប៉ុន្តែ ប្រសិនបើ នរណាម្នាក់បានធ្វើបាប គឺយើងមានមេធាវី ដែលនៅជាមួយព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ត ព្រះអង្គជាព្រះដ៏សុចរិត។ 2 ទ្រង់គឺជាតង្វាយធួននឹងបាបរបស់យើង​ ហើយមិនគ្រាន់តែសម្រាប់បាបរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។ 3 តាមរយៈការនេះយើងប្រាកដថា យើងស្គាល់ព្រះអង្គ ប្រសិនបើយើង កាន់តាមបបញ្ជារបស់ព្រះអង្គ។ 4 អ្នកណាដែលនិយាយថា «ខ្ញុំស្គាល់ព្រះជាម្ចាស់» ប៉ុន្តែ មិនកាន់តាមបញ្ជារបស់ព្រះអង្គទេ គឺជាមនុស្សកុហក ហើយសេចក្តីពិតមិននៅក្នុងគាត់។ 5 ប៉ុន្តែ អស់អ្នកណាដែលកាន់តាមព្រះបន្ទូល ពិតជាស្គាល់ព្រះជាម្ចាស់ ហើយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះជាម្ចាស់នៅក្នុងអ្នកនោះ។ 6 ហេតុដូច្នេះ អ្នកណាដែលនិយាយថា គាត់នៅជាប់ក្នុងព្រះជាម្ចាស់ អ្នកនោះត្រូវដើរដូចជាព្រះយេស៊ូបានដើរដែរ។ 7 បងប្អូនស្ងួនភ្ងាអើយ ខ្ញុំមិនបានសរសេរបញ្ជាតិថ្មីមកកាន់អ្នករាល់គ្នាទេ ប៉ុន្តែ ជាបញ្ជាចាស់ ដែលអ្នកធ្លាប់មានតាំងពីដំបូងមក។ បញ្ជាចាស់គឺជាព្រះបន្ទូលដែលអ្នកបានឮ។ 8 លើសពីនេះ ខ្ញុំសរសេរបញ្ជាថ្មីមកកាន់អ្នក ជាសេចក្តីពិតនៅក្នុងព្រះគ្រិស្ត និងក្នុងអ្នក ដោយសារសេចក្តីងងឹតកំពុងតែកន្លងផុតទៅ ហើយពន្លឺនៃសេចក្តីពិតក៏កំពុងតែជះពន្លឺដែរ។ 9 អ្នកណាដែលនិយាយថា គាត់នៅក្នុងពន្លឺ ហើយស្អប់បងប្អូនរបស់គាត់ នោះកំពុងស្ថិតក្នុងភាពងងឹតហើយ។ 10 អ្នកណាដែលស្រឡាញ់បងប្អូនខ្លួន គឺស្ថិតនៅក្នុងពន្លឺ ហើយគ្មានឱកាសធ្វើឲ្យរវាតចិត្តនៅក្នុងគាត់បានឡើយ។ 11 ប៉ុន្តែ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួនវិញ គឺកំពុងស្ថិតក្នុងភាពងងឹត ក៏ដើរក្នុងភាពងងឹតដែរ គាត់មិនដឹងថាគាត់កំពុងទៅណានោះទេ ព្រោះភាពងងឹងបានធ្វើឲ្យភ្នែករបស់គាត់មើលមិនឃើញ។ 12 ខ្ញុំសរសេរមកអ្នក ជួនកូនជាទីស្រឡាញ់រាល់គ្នាអើយ ពីព្រោះបាបរបស់អ្នកបានអត់ទោស គឺដោយសារព្រះនាមរបស់ព្រះអង្គ។ 13 ខ្ញុំសរសេរមកអ្នក ជួនឪពុករាល់គ្នាអើយ ដោយអ្នកស្គាល់ព្រះអង្គតាំងពីដំបូង។ ខ្ញុំសរសេរមកអ្នក ជួនកំឡោះៗរាល់គ្នាអើយ ដោយសារអ្នកបានឈ្នះអារក្ស។ ខ្ញុំសរសេរមកអ្នករាល់គ្នា កូនតូចៗរាល់គ្នាអើយ ដោយសារអ្នកស្គាល់ព្រះបិតា។ 14 ខ្ញុំសរសេរមកអ្នករាល់គ្នា ឪពុករាល់គ្នាអើយ ដោយសារអ្នកបានស្គាល់ព្រះតាំងពីដំបូងមក។ ខ្ញុំសរសេរមកអ្នករាល់គ្នា កម្លោះរាល់គ្នាអើយ ដោយសារអ្នកមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នក ហើយអ្នកបានយកឈ្នះអារក្សហើយ។ 15 កុំស្រឡាញ់លោកីយ៍ ឬអ្វីៗដែលនៅក្នុងលោកីយ៍ឡើយ។ ប្រសិនបើ នរណាម្នាក់ស្រឡាញ់លោកីយ៍ សេចក្តីស្រឡាញ់របស់ព្រះបិតាមិននៅក្នុងអ្នកនោះទេ។ 16 ដ្បិត អ្វីៗដែលនៅក្នុងលោកីយ៍ គឺជាសេចក្តីប៉ងប្រាថ្នាខាងឯសាច់ឈាម និងសេចក្តីប៉ងប្រាថ្នានៃភ្នែក ព្រមទាំងអំនួតនៃជីវិត មិនមែនមកពីព្រះបិតាទេ ប៉ុន្តែ មកពីលោកីយ៍វិញ។ 17 លោកីយ៍ និងសេចក្តីប៉ងប្រាថ្នារបស់លោកីយ៍នឹងកន្លងផុតទៅ។ ប៉ុន្តែ អស់អ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច។ 18 កូនតូចៗរាល់គ្នាអើយ នេះគឺជាពេលចុងក្រោយហើយ។ ដូចដែលអ្នករាល់គ្នាបានឮថាពួកប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមកដែរ ឥឡូវនេះ ពួកប្រឆាំងនឹងព្រះគ្រិស្តបានមកហើយ។ ដូច្នេះ យើងដឹងថា នេះគឺជាពេលចុងក្រោយហើយ។ 19 ពួកគេបានចេញពីពួកយើង ប៉ុន្តែ ពួកគេមិនមែនជាគ្នាយើងទេ។ ប្រសិនបើ ពួកគេជាគ្នារបស់យើងមែន ពួកគេនឹងនៅជាមួយយើងហើយ។ ប៉ុន្តែ ពួកគេបានចេញពីយើង នោះបង្ហាញថា ពួកគេមិនមែនជាគ្នាយើងទេ។ 20 ប៉ុន្តែ អ្នករាល់គ្នាមានប្រេងតាំងពីព្រះអង្គដ៏បរិសុទ្ធ ហើយអ្នកស្គាល់សេចក្តីពិតទាំងអស់ហើយ។ 21 ខ្ញុំមិនបានសរសេរមកកាន់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមិនស្គាល់សេចក្តីពិតនោះទេ ប៉ុន្តែ ដោយសារអ្នកស្គាល់សេចក្តីពិត ក៏ដោយសារនៅក្នុងសេចក្តីពិតគ្មានការកុហកដែរ។ 22 តើអ្នកណាជាមនុស្សកុហក តើអ្នកណាដែលកុហកគឺជាអ្នកដែលបដិសេធព្រះយេស៊ូថាជាព្រះគ្រិស្ត? អ្នកនោះគឺជាអ្នកដែលប្រឆាំងនិងព្រះគ្រិស្ត ដោយសារគាត់បដិសេធព្រះបិតា និងព្រះរាជបុត្រា។ 23 គ្មាននរណាដែលបដិសេធព្រះបុត្រា មានព្រះបិតានោះទេ។ អ្នកណាដែលទទួលស្គាល់ព្រះបុត្រា ក៏ទទួលស្គាល់ព្រះបិតាដែរ។ 24 អ្នកក៏ដូចគ្នាដែរ ចូរឲ្យអ្វីដែលអ្នកបានឮតាំងពីដំបូងបាននៅជាប់ក្នុងអ្នករាល់គ្នា។ ប្រសិនបើ អ្នកបានឮអ្វីតាំងពីដំបូងស្ថិតនៅជាប់ក្នុងអ្នក នោះអ្នកក៏នៅជាប់ក្នុងព្រះបុត្រា និងក្នុងព្រះវរបិតាដែរ។ 25 នេះគឺជាសេចក្តីសន្យាដែលព្រះអង្គបានប្រទានដល់យើង គឺជាជីវិតអស់កល្ប។ 26 ខ្ញុំសរសេរការទាំងនេះមកអ្នករាល់គ្នា ចំពោះអ្នកដែលនឹងនាំអ្នករាល់ឲ្យវង្វេង។ 27 អ្នករាល់គ្នាក៏ដូចគ្នាដែរ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នាហើយ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ត្រូវការនរណាម្នាក់បង្រៀនអ្នករាល់គ្នាទេ។ ប៉ុន្តែ ប្រេងតាំងរបស់ព្រះអង្គនឹងបង្រៀនអ្នកគ្រប់យ៉ាង ព្រមទាំងបង្រៀនសេចក្តីពិត មិនមែនការកុហកទេ ហើយសេចក្តីពិតនោះបានបង្រៀនអ្នករាល់គ្នាឲ្យនៅជាប់ជាមួយព្រះអង្គ។ 28 ឥឡូវនេះ កូនៗជាទីស្រឡាញ់អើយ ចូរនៅជាប់ក្នុងព្រះអង្គ ដើម្បីនៅពេលព្រះអង្គលេចមក យើងនឹងមានសេចក្តីក្លាហាន ហើយនឹងមិនអាម៉ាស់នៅចំពោះព្រះអង្គនៅពេលដែលព្រះអង្គយាងមកនោះទេ។ 29 ប្រសិនបើ អ្នកដឹងថាព្រះអង្គសុចរិត អ្នកក៏ដឹងដែរថា មនុស្សគ្រប់គ្នាធ្វើអ្វីដែលត្រឹមត្រូវគឺបានកើតពីព្រះអង្គមក។


ជំពូក 3

1 សូមមើល ថាតើសេចក្តីស្រឡាញ់ដែលព្រះបិតាមានសម្រាប់យើងយ៉ាងណា នោះព្រះអង្គក៏ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គដែរ នេះឯងជាអ្វីដេលយើងមាន។ ដោយហេតុនេះហើយ បានជាលោកីយ៍មិនស្គាល់យើងទេ ដោយសារលោកីយ៍មិនស្គាល់ព្រះអង្គ។ 2 បងប្អូនជាទីស្រឡាញ់ ឥឡូវនេះ យើងគឺជាបុត្រធីតារបស់ព្រះអង្គ ហើយមិនទាន់បានបើកសម្តែងឲ្យយើងឃើញថានឹងទៅជាយ៉ាងណាទេ។ យើងដឹងថា នៅពេលដែលព្រះគ្រិស្តលេចមក យើងនឹងបានដូចព្រះអង្គ យើងនឹងបានឃើញព្រះអង្គ ថាព្រះអង្គជានរណា។ 3 អ្នកណាដែលមានជំនឿអំពីអនាគត នឹងផ្តោតទៅលើព្រះអង្គ ហើយនឹងធ្វើឲ្យខ្លួនឯងបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។ 4 អ្នកណាដែលប្រព្រឹត្តបាបគឺកំពុងតែធ្វើអ្វីដែលខុសច្បាប់ ព្រោះបាបគឺជាភាពខុសច្បាប់។ 5 អ្នកដឹងហើយថា ព្រះគ្រិស្តបានលេចមកដើម្បីដកយកអំពើបាបចេញ ហើយក្នុងព្រះអង្គគ្មានបាបសោះឡើយ។ គ្មាននរណាម្នាក់ដែលនៅជាប់នឹងព្រះអង្គ ហើយបន្តធ្វើបាបទៀតនោះទេ។ 6 ក៏គ្មាននរណាដែលបន្តធ្វើបាប បានឃើញព្រះអង្គ ឬបានស្គាល់ព្រះអង្គនោះដែរ។ 7 កូនៗជាទីស្រឡាញ់ កុំអនុញ្ញាតឲ្យនរណាម្នាក់នាំអ្នកឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តអំពើសុចរិតនឹងបានសុចរិត ដូចជាព្រះគ្រិស្តសុចរិតដែរ។ 8 អ្នកណាដែលប្រព្រឹត្តអំពើបាបគឺមកពីសាតាំង ព្រោះសាតាំងបានធ្វើបាបតាំងពីដំបូង។ ដោយហេតុនេះហើយ បានជាព្រះបុត្រានៃព្រះបានលេចមក ដើម្បីព្រះអង្គអាចបំផ្លាញកិច្ចការបស់សាតាំងចោល។ 9 អស់អ្នកណាដែលបានកើតមកពីព្រះជាម្ចាស់មិនបន្តធ្វើបាបទៀតទេ ពីព្រោះគ្រាប់ពូជរបស់ព្រះជាម្ចាស់បានស្ថិតក្នុងអ្នកនោះ។ គាត់មិនអាចបន្តធ្វើបាបទៀតបានទេ ដោយសារគាត់បានកើតចេញពីព្រះជាម្ចាស់មក។ 10 ការនេះហើយ បានបើកសម្តែងឲ្យឃើញពីកូនរបស់ព្រះជាម្ចាស់ និងកូនរបស់សាតាំង។ អស់អ្នកណាដែលមិនបានធ្វើអ្វីដែលសុចរិត មិនមែនមកពីព្រះជាម្ចាស់ទេ ហើយអ្នកដែលស្អប់បងប្អូនរបស់ខ្លួនក៏ដូច្នោះដែរ។ 11 នេះហើយគឺជាសារដែលអ្នកបានឮតាំងពីដំបូងថា៖ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក 12 មិនដូចជាលោកកាអិនទេ គាត់កើតចេញពីសាតាំង ហើយបានសម្លាប់ប្អូនប្រុសរបស់គាត់។ ហេតុអ្វីបានជាគាត់សម្លាប់លោកអេបិល? ដោយសារកិច្ចការរបស់គាត់មកពីសាតាំង ហើយប្អូនប្រុសរបស់គាត់សុចរិត។ 13 សូមកុំភ្ញាក់ផ្អើលឡើយ បងប្អូនអើយ ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា។ 14 យើងដឹងថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិតហើយ ដោយសារយើងស្រឡាញ់បងប្អូន។ អ្នកណាដែលមិនស្រឡាញ់បងប្អូន ស្ថិតក្នុងសេចក្តីស្លាប់ហើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន គឺជាឃាតករ។ 15 អ្នកដឹងហើយថា គ្មានឃាតករណាមានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងគាត់ទេ។ 16 ដោយសារការនេះ យើងស្គាល់សេចក្តីស្រឡាញ់ ដោយសារព្រះគ្រិស្តបានលះបង់ជីវិតរបស់ព្រះអង្គសម្រាប់យើង។ យើងក៏គួរតែលះបង់ជីវិតរបស់យើងសម្រាប់បងប្អូនរបស់យើងដែរ។ 17 ប៉ុន្តែ អស់អ្នកណាមានរបស់ដែលនៅក្នុងលោកីយ៍នេះ ហើយឃើញបងប្អូនមានការខ្វះខាត ហើយបិទចិត្តមេត្តាចំពោះអ្នកនោះ តើសេចក្តីស្រឡាញ់ព្រះជាម្ចាស់ស្ថិតនៅក្នុងគាត់យ៉ាងដូចម្តេចទៅ? 18 កូនៗជាទីស្រឡាញ់អើយ ចូរឲ្យយើងស្រឡាញ់មិនគ្រាន់តែជាពាក្យ ឬសំដីតែប៉ុណ្ណឹងទេ ប៉ុន្តែ ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងសេចក្តីពិតផង។ 19 ដោយសារការនេះ យើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងក៏មានអំណះអំណាងនៅក្នុងចិត្តរបស់យើងនៅចំពោះព្រះអង្គដែរ។ 20 ប្រសិនបើ ចិត្តរបស់យើងកាត់ទោសយើង ព្រះជាម្ចាស់ធំជាងចិត្តរបស់យើង ហើយព្រះស្គាល់អ្វីៗទាំងអស់។ 21 បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ចិត្តរបស់យើងមិនកាត់ទោសយើងទេ យើងមានទំនុកចិត្តនៅចំពោះព្រះជាម្ចាស់។ 22 អ្វីក្តីដែលយើងសូម យើងនឹងបានទទួលពីព្រះអង្គ ដោយសារយើងបានកាន់តាមបញ្ជារបស់ព្រះអង្គ ហើយធ្វើតាមអ្វីៗដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ 23 នេះគឺជាបញ្ជារបស់ព្រះអង្គ៖ គឺថា យើងត្រូវជឿលើព្រះនាមព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះអង្គប្រទានបញ្ជានេះមកដល់យើង។ 24 អ្នកណាដែលកាន់តាមបញ្ជារបស់ព្រះអង្គ គឺស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ដោយសារការនេះ យើងដឹងថា ព្រះអង្គនៅជាប់នឹងយើង ដោយព្រះវិញ្ញាណដែលព្រះអង្គប្រទានដល់យើង។


ជំពូក 4

1 បងប្អូនជាទីស្រឡាញ់ សូមកុំជឿគ្រប់ទាំងវិញ្ញាណផ្សេងៗឡើយ។ ផ្ទុយទៅវិញ ចូរល្បងលវិញ្ញាណទាំងនោះ ដើម្បីឲ្យឃើញថា មកពីព្រះជាម្ចាស់ឬយ៉ាងណា ដោយសារមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ។ 2 ដោយសារការនេះ អ្នកនឹងស្គាល់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ គ្រប់ទាំងវិញ្ញាណដែលទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាមគឺមកពីព្រះជាម្ចាស់ 3 ហើយគ្រប់ទាំងវិញ្ញាណផ្សេងៗដែលមិនទទួលស្គាល់ ថាព្រះយេស៊ូមកពីព្រះជាម្ចាស់។ នេះគឺជាវិញ្ញាណនៃអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត ដែលអ្នកបានឮថា វានឹងមក ហើយឥឡូវនេះ វាបានមកក្នុងលោកីយ៍រួចរាល់ហើយ។ 4 កូនៗជាទីស្រឡាញ់អើយ អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះពួកវាហើយ ដោយសារព្រះអង្គដែលនៅក្នុងអ្នក គឺធំជាងម្នាក់ដែលនៅក្នុងលោកីយ៍នេះ។ 5 ពួកគេមកពីលោកីយ៍ េហតុដូច្នេះហើយ អ្វីដែលពួកគេនិយាយចេញពីលោកីយ៍មក ហើយពួកលោកីយ៍បានស្តាប់ពួកគេ។ 6 យើងមកពីព្រះជាម្ចាស់។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ នឹងស្តាប់យើង។ ដោយសារយើងស្គាល់វិញ្ញាណនៃសេចក្តីពិត និងវិញ្ញាណនៃខុសឆ្គង។ 7 បងប្អូនជាទីស្រឡាញ់ ចូរយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមានសេចក្តីស្រឡាញ់គឺកើតចេញមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះជាម្ចាស់។ 8 អ្នកណាដែលគ្មានសេចក្តីស្រឡាញ់មិនស្គាល់ព្រះជាម្ចាស់ទេ ព្រោះព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។ 9 ដោយសារការនេះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានសម្តែងឲ្យឃើញនៅក្នុងចំណោមយើង ថាព្រះជាម្ចាស់បានចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកក្នុងលោកីយ៍នេះ ដើម្បីឲ្យយើងអាចរស់នៅដោយសារព្រះអង្គ។ 10 នៅក្នុងសេចក្តីស្រឡាញ់នេះ មិនមែនដោយសារយើងស្រឡាញ់ព្រះជាម្ចាស់ទេ ប៉ុន្តែ ដោយសារព្រះអង្គស្រឡាញ់យើង ហើយព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គមកធ្វើជាយញ្ញបូជាធួននឹងបាបសម្រាប់លោះបាបរបស់យើង។ 11 បងប្អូនជាទីស្រឡាញ់ ប្រសិនបើ ព្រះជាម្ចាស់ស្រឡាញ់យើងខ្លាំងដល់ម៉េ្លះ ដូច្នេះ យើងត្រូវស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរ។ 12 គ្មាននរណាម្នាក់ធ្លាប់បានឃើញព្រះជាម្ចាស់ទេ។ ប្រសិនបើ យើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅក្នុងយើង ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានគ្រប់លក្ខណ៍នៅក្នុងយើងដែរ។ 13 ដោយសារការនេះ យើងដឹងថា យើងស្ថិតនៅក្នុងព្រះអង្គ ហើយព្រះអង្គនៅក្នុងយើង ដោយសារព្រះអង្គបានប្រទានដល់យើងនូវព្រះវិញ្ញាណរបស់ព្រះអង្គ។ 14 ហើយយើងបានឃើញ ហើយបានធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាមកសង្គ្រោះលោកីយ៍ទាំងមូល។ 15 អស់អ្នកណាដែលទទួលស្គាល់ថា ព្រះយេស៊ូជាបុត្រានៃព្រះជាម្ចាស់ ព្រះអង្គនឹងស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះក៏នៅក្នុងព្រះជាម្ចាស់ដែរ។ 16 យើងបានស្គាល់ ហើយបានជឿលើសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់យើង។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះ ក៏ស្ថិតនៅក្នុងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ 17 ដោយសារការនេះ បានធ្វើឲ្យសេចក្តីស្រឡាញ់នេះបានគ្រប់លក្ខណ៍នៅក្នុងចំណោមយើង ដូច្នេះ យើងនឹងមានទំនុកចិត្តនៅថ្ងៃជំនុំជម្រះ ដោយសារព្រះអង្គជាសេចក្តីស្រឡាញ់ យើងដែលនៅក្នុងលោកីយ៍នេះក៏មានសេចក្តីស្រឡាញ់ដែរ។ 18 ដូច្នេះហើយ គ្មានការភ័យខ្លាចនៅក្នុងសេចក្តីស្រឡាញ់ឡើយ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ បណ្តេញភាពភ័យខ្លាច ព្រោះភាពភ័យខ្លាចដោយសារមានការជំនុំជម្រះ។ ប៉ុន្តែ អ្នកណាដែលភ័យខ្លាច មិនបានសិ្ថតនៅក្នុងសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍នៅឡើយទេ។ 19 យើងស្រឡាញ់ ដោយសារព្រះអង្គស្រឡាញ់យើងជាមុន។ 20 ប្រសិនបើ នរណាម្នាក់និយាយថា «ខ្ញុំស្រឡាញ់ព្រះជាម្ចាស់» ប៉ុន្តែ ស្អប់បងប្អូនរបស់ខ្លួន គាត់ជាមនុស្សកុហក។ ព្រោះអស់អ្នកដែលមិនស្រឡាញ់បងប្អូនរបស់ខ្លួន ដែលមើលឃើញ មិនអាចស្រឡាញ់ព្រះជាម្ចាស់ ដែលគាត់មើលមិនឃើញបានទេ។ 21 នេះគឺជាបញ្ជាដែលយើងបានទទួលពីព្រះអង្គ៖ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ ត្រូវស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។


ជំពូក 5

1 អស់អ្នកណាដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ត ដែលកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះបិតា ក៏ស្រឡាញ់កូនដែលកើតចេញពីព្រះអង្គដែរ។ 2 ដោយសារការនេះ យើងដឹងថា យើងស្រឡាញ់បុត្រធីតារបស់ព្រះអង្គ៖ នៅពេលយើងស្រឡាញ់ព្រះជាម្ចាស់ ហើយប្រព្រឹត្តតាមបញ្ជារបស់ព្រះអង្គ។ 3 ដ្បិត ការនេះគឺជាសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់៖ គឺថា យើងកាន់តាមបញ្ជារបស់ព្រះអង្គ។ ហើយបញ្ជារបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ។ 4 មនុស្សគ្រប់រូបដែលកើតមកពីព្រះជាម្ចាស់បានឈ្នះលោកីយ៍ហើយ។ ហើយនេះគឺជាជ័យជំនះដែលឈ្នះលោកីយ៍៖ គឺដោយជំនឿរបស់យើង។ 5 តើអ្នកណាជាអ្នកឈ្នះលោកីយ៍? គឺជាអ្នកដែលជឿលើព្រះយេស៊ូថាជាព្រះបុត្រានៃព្រះជាម្ចាស់។ 6 នេះគឺជាអ្នកដែលបានមកដោយទឹក និងលោហិត៖ គឺព្រះយេស៊ូគ្រិស្ត។ ព្រះអង្គបានយាងមកមិនគ្រាន់តែដោយទឹក ប៉ុន្តែ ដោយទឹក និងព្រះលោហិត។ 7 ព្រោះមានការបីយ៉ាងដែលធ្វើបន្ទាល់ពីការនេះ៖ 8 ព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ ទាំងបីនេះព្រមព្រៀងគ្នា។ 9 ប្រសិនបើ យើងទទួលទីបន្ទាល់ពីមនុស្ស ទីបន្ទាល់របស់ព្រះជាម្ចាស់ប្រសើរជាង។ ព្រោះទីបន្ទាល់របស់ព្រះជាម្ចាស់គឺបែបនេះ គឺថា ព្រះបានធ្វើបន្ទាល់ទាក់ទងនឹងព្រះបុត្រារនស់ព្រះអង្គ។ 10 អស់អ្នកណាដែលជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ គេមានទីបន្ទាល់នៅក្នុងខ្លួនគេ។ អស់អ្នកណាដែលមិនជឿថាព្រះជាម្ចាស់បានបង្កើតព្រះអង្គចេញមក គឺជាមនុស្សកុហក ដោយសារគាត់មិនបានជឿទីបន្ទាល់ដែលព្រះជាម្ចាស់បានប្រទានមកទាក់ទងនឹងព្រះបុត្រារបស់ព្រះអង្គ។ 11 ហើយទីបន្ទាល់គឺយ៉ាងដូច្នេះ៖ ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតនេះនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ 12 អ្នកណាដែលមានព្រះបុត្រា គឺមានជីវិត។ ហើយអ្នកណាដែលគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ក៏គ្មានជីវិតដែរ។ 13 ខ្ញុំសរសេរសេចក្តីទាំងនេះ មកកាន់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ ចំពោះអ្នកណាដែលជឿនៅក្នុងព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់។ 14 ហើយនេះក៏ជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គដែរ គឺថាប្រសិនបើយើង សូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ 15 ហើយប្រសិនបើយើងដឹងថា ព្រះអង្គស្តាប់យើង អ្វីៗដែលយើងបានទូលសុំពីព្រះអង្គ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងបានសុំពីព្រះអង្គនោះហើយ។ 16 ប្រសិនបើ នរណាម្នាក់ឃើញបងប្អូនរបស់គាត់ធ្វើបាប ដែលមិនមានទោសដល់ស្លាប់ គាត់ត្រូវអធិស្ឋាន ហើយព្រះអង្គនឹងប្រទានជីវិតដល់គាត់។ ខ្ញុំសំដៅលើអស់អ្នកដែលធ្វើបាបដែលមិនមានទោសដល់ស្លាប់។ បើធ្វើបាបមានទោសដល់ស្លាប់ ខ្ញុំមិននិយាយថា គាត់គួរអធិស្ឋានសម្រាប់ការនោះទេ។ 17 អ្វីៗដែលមិនសុចរិតគឺជាបាប ប៉ុន្តែ ក៏មានបាបដែលមិនមានទោសដល់ស្លាប់ដែរ។ 18 យើងដឹងថា អស់អ្នកណាដែលកើតមកពីព្រះជាម្ចាស់មិនធ្វើបាបទេ។ ប៉ុន្តែ ព្រះអង្គដែលកើតមកពីព្រះជាម្ចាស់ នឹងការពារគាត់ឲ្យមានសុវត្តិភាព ហើយការអាក្រក់មិនអាចធ្វើទុក្ខគាត់បានទេ។ 19 យើងដឹងថា​យើងមកពីព្រះជាម្ចាស់ ហើយយើងដឹងថា លោកីយ៍ទាំងមូលកំពុងតែដេកនៅក្នុងមេកំណាច។ 20 ប៉ុន្តែ យើងដឹងថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ហើយបានប្រទានមកយើងនូវការយល់ដឹង ដើម្បីឲ្យយើងបានដឹងថា ព្រះអង្គជាសេចក្តីពិត។ ហើយយើងនៅក្នុងព្រះជាម្ចាស់នៃសេចក្តីពិតដែរ ហើយនៅក្នុងព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត។ ព្រះជាម្ចាស់គឺជាព្រះដ៏ពិត និងជាជីវិតអស់កល្ប។ 21 កូនៗរាល់គ្នាអើយ ចូររក្សាខ្លួនចេញពីរូបព្រះផ្សេងៗ។


Book: 2 John

2 John

ជំពូក 1

1 ពីចាស់ទុំ ទៅកាន់ស្រ្តីដែលបានជ្រើសរើស និងកូនៗរបស់នាង ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអស់អ្នកដែលបានស្គាល់សេចក្តីពិតផងដែរ 2 ដោយសារសេចក្តីពិត នៅក្នុងយើង​ ហើយនឹងនៅជាមួយយើងរហូតអស់កល្ប។ 3 សូមព្រះគុណ សេក្តីមេត្តា និងសេចក្តីសុខសាន្ត នៅជាមួយយើង ពីព្រះវរបិតា និងពីព្រះយេស៊ូវគ្រិស្ត ជាព្រះបុត្រារបស់ព្រះវរបិតា នៅក្នុងសេចក្តីពិត និងសេចក្តីស្រឡាញ់។ 4 ខ្ញុំមានអំណរជាខ្លាំង ដែលខ្ញុំបានដឹងថា មានកូនៗរបស់យើងមួយចំនួនកំពុងតែដើរក្នុងសេចក្តីពិត ដូចដែលយើងបានទទួលបញ្ញាត្តិនេះ មកពីព្រះវរបិតា។ 5 ឥឡូវនេះ ខ្ញុំសូមអង្វរអ្នកស្រី ខ្ញុំមិនគ្រាន់តែសរសេរបញ្ញាត្តិថ្មីមកកាន់អ្នកស្រីតែប៉ុណ្ណឹងទេ ប៉ុន្តែ ព្រះដែលយើងមានតាំងពីដើមបំបូងមក ថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ 6 នេះគឺជាសេចក្តីស្រឡាញ់ ដែលយើងត្រូវដើរតាមបញ្ញាត្តិរបស់ព្រះអង្គ។ នេះគឺជាបញ្ញាត្តិ ដូចដែលអ្នកធ្លាប់បានឮរួចមកហើយតាំងពីដំបូង ថាអ្នកត្រូវដើរតាមបញ្ញាត្តិនេះ។ 7 ដោយសារមានអ្នកបោកប្រាស់ជាច្រើនបានចេញទៅក្នុងលោកីយ៍នេះ ហើយពួកគេមិនបានប្រកាសថា ព្រះយេស៊ូគ្រិស្តបានត្រឡប់ទៅជាសាច់ឈាមឡើយ។ នេះគឺជាអ្នកបោកប្រាស់ និងជាអ្នកដែលប្រឆាំងនឹងព្រះគ្រិស្តហើយ។ 8 ចូរប្រ័យ្នខ្លួនរបស់អ្នក ថាអ្នកមិនបាត់បង់អ្វីៗដែលយើងបានធ្វើការ ដើម្បីឲ្យអ្នកបានទទួលរង្វាន់យ៉ាងបរិបូរ។ 9 អស់អ្នកណាដែលមិននៅជាប់ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រិស្តទេ អ្នកនោះគ្មានព្រះជាម្ចាស់ទេ។ អ្នកណាដែលនៅជាប់នឹងសេចក្តីបង្រៀន អ្នកនោះមានទាំងព្រះវរបិតា និងព្រះបុត្រា។ 10 ប្រសិនបើ នរណាម្នាក់មករកអ្នក ហើយមិនបាននាំសេចក្តីបង្រៀននេះមកកាន់អ្នកទេ សូមកុំទទួលពួកគេមកក្នុងផ្ទះរបស់អ្នកឡើយ ហើយមិនត្រូវស្វាគមន៍គេដែរ។ 11 ព្រោះអ្នកណាដែលស្វាគមន៍ពួកគេនឹងមានចំណែកក្នុងអំពើអាក្រក់របស់គេដែរ។ 12 ខ្ញុំមានកិច្ចការជាច្រើន ដើម្បីសរសេរមកកាន់អ្នក ប៉ុន្តែ ខ្ញុំមិនចង់សរសេរទៅកាន់ពួកគេដោយទឹកប៊ិចលើក្រដាស់ឡើយ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទៅរកអ្នក ហើយនិយាយជាមួយង្នកមុខទល់នឹងមុខ ដើម្បីឲ្យអំណររបស់យើងបានគ្រប់លក្ខណ៍ឡើង។ 13 កូនៗរបស់បងស្រីជ្រើសរើសរបស់អ្នក ជម្រាប់សួរអ្នក។


Book: 3 John

3 John

ជំពូក 1

1 ពីចាស់ទុំទៅកាន់លោកកៃយុសជាទីស្រឡាញ់ និងជាអ្នកដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្តីពិត 2 បងប្អូនជាទីស្រឡាញ់ ខ្ញុំអធិស្ឋាន សូមឲ្យអ្នករាល់គ្នាបានចម្រុងចម្រើនក្នុងកិច្ចការទាំងអស់ ហើយមានសុខភាពល្អផង ក៏ដូចជាព្រលឹងរបស់អ្នករាល់គ្នា។ 3 ខ្ញុំមានអំណរជាខ្លាំង នៅពេលដែលបងប្អូនមករកខ្ញុំ ហើយបានធ្វើបន្ទាល់ពីសេចក្តីពិតរបស់អ្នក ក្នុងការដែលអ្នករាល់គ្នាដើរនៅក្នុងសេចក្តីពិតនោះ។ 4 ខ្ញុំគ្មានអ្វីមានអំណរលើសជាងនេះទៀតទេ ក្នុងការឮថាកូនៗរបស់ខ្ញុំដើរក្នុងសេចក្តីពិតនោះ។ 5 ប្អូនជាទីស្រឡាញ់ ប្អូនបានប្រព្រឹត្តតាមសេចក្តីស្មោះត្រង់ ទោះបីជានៅពេលអ្នកបម្រើដល់បងប្អូន ឬអ្នកដទៃក្តី 6 គេបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់ប្អូននៅក្នុងចំណោមក្រុមជំនុំ។ ថាប្អូនបានធ្វើយ៉ាងល្អ ក្នុងការចាត់ពួកគេឲ្យធ្វើដំណើរចេញទៅ ក្នុងលក្ខណៈជាមនុស្សដែលស័ក្តសមមកពីព្រះជាម្ចាស់ 7 ដោយសារការធ្វើដំណើរចេញទៅនេះ ព្រោះតែព្រះនាមរបស់ព្រះជាម្ចាស់ ពួកគេមិនបានយកអ្វីពីសាសន៍ដទៃទៅជាមួយឡើយ។ 8 ដូច្នេះហើយ យើងត្រូវស្វាគមន៍អ្នកទាំងនោះ ដើម្បីឲ្យយើងអាចក្លាយជាអ្នកមានចំណែកធ្វើការរួមសម្រាប់សេចក្តីពិត។ 9 ខ្ញុំបានសរសេរការខ្លះទៅកាន់ក្រុមជំនុំ ប៉ុន្តែ​ លោកឌីអូត្រែប ជាអ្នកដែលចូលចិត្តចង់បានមុខមាត់នៅក្នុងចំណោមពួកគេ គាត់មិនបានទទួលយើងទេ។ 10 ដូច្នេះហើយ ប្រសិនបើ ខ្ញុំមក ខ្ញុំនឹងនឹកចាំពីអំពើដែលគាត់បានធ្វើ ពីការដែលគាត់បាននិយាយចំអកមើលងាយទាស់នឹងយើង ជាមួយនឹងពាក្យបង្កាច់បង្ខូចជាច្រើនផង។ មិនត្រឹមតែប៉ុណ្ណឺងទេ គាត់ខ្លួនឯងក៏មិនទទួលបងប្អូន គាត់ថែមទាំងហាមប្រាមបងប្អូនដែលចង់ទទួលយើង ហើយបានបណ្តេញពួកគេចេញពីក្រុមជំនុំថែមទៀតផង។ 11 ប្អូនជាទីស្រឡាញ់ សូមកុំយកតម្រាបតាមអ្វីដែលអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរយកតម្រាបតាមអ្វីដែលល្អវិញ។ អ្នកណាដែលធ្វើល្អគឺមកពីព្រះជាម្ចាស់ ប៉ុន្តែ អ្នកណាដែលធ្វើអាក្រក់មិនបានឃើញព្រះជាម្ចាស់ទេ។ 12 គេបានធ្វើបន្ទាល់ល្អពីលោកដេមេទ្រាសគ្រប់យ៉ាង ថែមទាំងនិយាយការពិតពីគាត់ផង។ យើងក៏ធ្វើបន្ទាល់ ហើយអ្នកក៏ដឹងថាទីបន្ទាល់របស់យើងគឺជាការពិតដែរ។ 13 ខ្ញុំមានកិច្ចការជាច្រើនចង់សរសេរមកកាន់ប្អូន ប៉ុន្តែ ខ្ញុំមិនចង់សរសេរវាមកកាន់ប្អូនដោយប៊ិច ឬទឹកខ្មៅឡើយ។ 14 ប៉ុន្តែ ខ្ញុំសង្ឃឹមថានឹងបានជួបប្អូនឆាប់ៗ ហើយនឹងនឹងនិយាយគ្នាមុខទល់នឹងមុខ។ 15 សូមសេចក្តីសុខសាន្តនៅជាមួយប្អូន។ មិត្តសំឡាញ់សូមជម្រាប់សួរប្អូន។ សូមជម្រាប់សួរពួកគេតាមឈ្មោះផង។


Book: Jude

Jude

ជំពូក 1

1 ខ្ញុំ យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូគ្រិស្ត និងជាប្អូនរបស់លោកយ៉ាកុប ដែលព្រះជាម្ចាស់ជាព្រះបិតាបានត្រាស់ហៅ និងស្រឡាញ់ ព្រមទាំងបម្រុងទុកសម្រាប់ព្រះយេស៊ូគ្រិស្ត សូមជ្រាប។ 2 សូមសេចក្តីមេត្តាករុណា សេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានចម្រើនឡើងដល់បងប្អូនយ៉ាងបរិបូណ៌។ 3 បងប្អូនជាទីស្រឡាញ់ ខ្ញុំព្យាយាមសរសេរអំពីសេចក្តីសង្រ្គោះមកកាន់បងប្អូន ដើម្បីដាស់តឿនបងប្អូនឲ្យចេះពុះពារការពារជំនឿអស់ពីចិត្ត ដែលព្រះជាម្ចាស់បានប្រទានមកអ្នកជឿទាំងអស់មួយដងជាសំរេច។ 4 ចំពោះអ្នកខ្លះបានបន្លំខ្លួនចូល​មក​ក្នុងចំណោមបងប្អូន។ ពួកគេស្វែងរកឱកាសថ្កោលទោស។ ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដែលបង្ខូចព្រះគុណព្រះអង្គជារឿងអាសអាភាស និងបដិសេធមិនទទួលស្គាល់ព្រះយេស៊ូគ្រិស្តជាចៅហ្វាយ និងជាព្រះអម្ចាស់នៃយើង។ 5 ឥឡូវនេះខ្ញុំចង់រំព្ញកបងប្អូនជាថ្មីម្តងទៀត ទោះបីជាបងប្អូនបានដឹងច្បាស់ហើយក៏ដោយថា ព្រះអម្ចាស់បានសង្រ្គោះអ៊ីស្រាអែលចេញពីប្រទេសអេស៊ីប ប៉ុន្តែក្រោយ មកទៀត ទ្រង់បានបំផ្លាញអស់ពួកអ្នកមិនព្រមជឿ។ 6 ទេវតាពុំបានរក្សាមុខតំណែងរបស់ខ្លួនឡើយ តែបែរជាចាកចោលលំនៅដ្ឋានរបស់ខ្លួន ព្រះជាម្ចាស់ឃុំពួកគេដាក់ច្រវ៉ាក់ជាប់រៀងរហូតនៅទីងងឹត រង់ចាំថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសដ៏អស្ចារ្យ។ 7 ដូចជាទីក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ពួកអ្នកក្រុងបណ្តោយខ្លួនប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងរួមបវេណីខុសពីធម្មជាតិ។ ពួកគេទទួលទណ្ឌកម្មក្នុងបឹងភ្លើងឆេះអស់កល្ប ទុកជាការព្រមានដល់អ្នកឯទៀតៗ។ 8 ដូចគ្នានេះដែរ ពួកអ្នករវើរវាយទាំងនេះធ្វើឲ្យរូបកាយពួកគេទៅជាសៅហ្មង។ ពួកគេបដិសេធសិទ្ធិអំណាច និងជេរប្រមាថពួកទេវតាប្រកបដោយសិរីរុងរឿងទៅវិញ។ 9 សូម្បីតែមហាទេវតាមីកែល ពេលឈ្លោះប្រកែកជាមួយមារសត្រូវអំពីសពរបស់លោកម៉ូសេ ក៏លោកពុំហ៊ានជេរប្រមាថដែរ។ លោកគ្រាន់តែពោលថា៖ «សូមព្រះជាម្ចាស់ដាក់ទោសឯង!» 10 ប៉ុន្តែ ពួកទាំងនេះជេរប្រមាថអ្វីៗ ដែលខ្លួនពុំស្គាល់។ ហើយពួកគេយល់ដឹងតាមតែសភាវគតិដូចសត្វតិរច្ឆាន ដែលនាំឲ្យខ្លួនវិនាសតែប៉ុណ្ណោះ។ 11 ពួកគេត្រូវវិនាសហើយ! ព្រោះតែបានដើរតាមផ្លូវរបស់លោក​កាអ៊ីន និងបណ្តោយខ្លួនឲ្យវង្វេងតាមលោកបាឡាម។ ពួកគេត្រូវវិនាសដូចការបះបោររបស់លោកកូរេ។ 12 ពួកគេធ្វើឲ្យល្អក់កករ ពេលបរិភោគអាហាររួមគ្នាដោយក្តីស្រឡាញ់។ ពួកគេបរិភោគឥតអៀនខ្មាស ចម្អែតតែក្រពះខ្លួនឯង។ ប្រៀបបីដូចជាពពកគ្មានភ្លៀង បោកបក់ផាត់តាមខ្យល់។ ជាដើមឈើឥតផ្លែតាមរដូវ រលើងដល់ប្ញសងាប់ពីរដង។ 13 ពួកគេប្រៀបបីដូចជារលកសមុទ្របោកបក់ខ្លាំងៗ បែកពពុះគ្មានអៀនខ្មាសអ្វីឡើយ។ ប្រៀបបីដូចជាផ្កាយវង្វេងទិស ដែលព្រះជាម្ចាស់បម្រុងទុកនៅទីងងឹតសូន្យសុង។ 14 លោកហេណុកជាបុព្វបុរសតំណទីប្រាំពីរក្រោយពីលោកអដាំ បានថ្លែងទំនាយអំពីអ្នកទាំងនោះថា៖ «មើល! ព្រះអម្ចាស់នឹងយាងមកជាមួយប្រជាជនដ៏វិសុទ្ធមានចំនួនអនេកអនន្ត។ 15 ព្រះអង្គនឹងយាងមកវិនិច្ឆ័យទោសមនុស្សគ្រប់គ្នា។ ទ្រង់នឹងវិនិច្ឆ័យទោសមនុស្សដែលមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ ចំពោះទង្វើអាក្រក់ដែលពួកគេបានប្រព្រឹត្ត និងពាក្យសម្តីដែលមនុស្សបាបប្រឆាំងទាស់នឹងព្រះអង្គ»។ 16 ពួកគេជាមនុស្សរអ៊ូរទាំ និងមិនសប្បាយចិត្ត ដែលប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន។ ពួកគេជាមនុស្សអួតបំប៉ោង រកប្រយោជន៍ផ្ទាល់ខ្លួន និងបញ្ចើចបញ្ចើអ្នកដទៃ។ 17 ចំពោះបងប្អូនជាទីស្រឡាញ់វិញ ចូរនឹកចាំពីពាក្យប្រៀនប្រដៅរបស់ពួកសាវករបស់ព្រះយេស៊ូគ្រិស្តកាលពីមុន។ 18 អ្នកទាំងនោះប្រាប់អ្នករាល់គ្នាថា៖ «នៅគ្រាចុងក្រោយបំផុត នឹងមានពួកចំអកឡកឡឺយ ប្រព្រឹត្តតាមចិត្តលោភលន់របស់ខ្លួន»។ 19 ពួកគេជាមេបង្កការបែកបាក់។ ពួកគេជាមនុស្សលោកីយ៍ និងគ្មានព្រះវិញ្ញាណគង់នៅជាមួយ។ 20 ចំពោះបងប្អូនវិញ បងប្អូនជាទីស្រឡាញ់អើយ ចូរកសាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុត និងអធិស្ឋានតាមការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ 21 ចូរស្ថិតនៅជាប់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលនាំយើងឲ្យទទួលបានជីវិតអស់កល្បជានិច្ចវិញ។ 22 ចូរមានចិត្តមេត្តាដល់បងប្អូនណា ដែលមានចិត្តសង្ស័យ។ 23 ចូរសង្រ្គោះមនុស្សដទៃ ដោយអូសគេចេញពីភ្លើង។ ចូរមានចិត្តមេត្តាចំពោះមនុស្សដទៃ ដោយការភ័យខ្លាច។ សូម្បីតែប៉ះពាល់អាវពួកគេ ក៏នាំឲ្យយើងឥតសៅហ្មងដែរ។ 24 ឥឡូវនេះ ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យជំពប់ជើងដួល និងរក្សាបងប្អូនឲ្យមានជំហររឹងប៉ឹង នៅចំពោះវត្តមានពេញដោយសិរីរុងរឿង ឥតកន្លែងបន្តោស និងអំណរពេញលេញ។ 25 ព្រះជាម្ចាស់តែមួយអង្គគត់ ជាព្រះសង្រ្គោះនៃយើង តាមរយៈព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង សូមថ្វាយសិរីរុងរឿង បារមី និង ព្រះចេស្តា​ មុនពេលមានអ្វីទាំងអស់ ពេលឥឡូវនេះ និងអស់កល្បតរៀងរហូត។ ​អាម៉ែន!


Book: Revelation

Revelation

ជំពូក 1

1 នេះគឺជាការបើកសម្ដែងរបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញដល់អ្នកបម្រើរបស់ព្រះអង្គ នូវអ្វីដែលនឹងត្រូវកើតឡើងជាឆាប់។ ព្រះអង្គធ្វើឲ្យពួកគេដឹងដោយសារព្រះអង្គចាត់ទេវតារបស់ព្រះអង្គដល់អ្នកបម្រើរបស់ព្រះអង្គគឺលោកយ៉ូហាន។ 2 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីព្រះយេស៊ូគ្រិស្ត ពីអ្វីគ្រប់យ៉ាងដែលគាត់បានឃើញ។ 3 មានពរហើយអស់អ្នកណាដែលបានអាន និងអស់អ្នកដែលស្តាប់ពាក្យទំនាយនេះ និងអស់អ្នកដែលស្តាប់បង្គាប់តាមអ្វីដែលបានសរសេរនៅក្នុងនេះ ព្រោះពេលកំណត់ជិតមកដល់ហើយ។ 4 ខ្ញុំ​ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅក្នុងអាស៊ី៖ សូមព្រះគុណនៅជាមួយអ្នករាល់គ្នា និងសេចក្តីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះអង្គដែលនឹងយាងមក ព្រមទាំងពីវិញ្ញាណទាំងប្រាំពីរដែលគង់នៅមុខបល័្លង្ករបស់ព្រះអង្គ 5 និង ពីព្រះយេស៊ូគ្រិស្ត ដែលជាបន្ទាល់ដ៏ស្មោះត្រង់ និងជាព្រះដែលជាផលដំបូងនៃការកើតឡើងវិញពីពួកមនុស្សស្លាប់ និងជាស្តេចគ្រប់គ្រងនៅលើផែនដី។ ថ្វាយដល់ព្រះដែលស្រឡាញ់យើង ហើយបានដោះយើងឲ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ 6 ទ្រង់បានធ្វើឲ្យយើងក្លាយជាអាណាចក្រ ធ្វើជាបូជាចារ្យសម្រាប់ព្រះរបស់ព្រះអង្គ និងព្រះបិតា ថ្វាយសិរីរុងរឿងដល់ព្រះអង្គ និងចេស្តាជារៀងរហូតតទៅ! អាម៉ែន។ 7 មើល៍ ព្រះអង្គកំពុងតែយាងមកនៅលើពពក ភ្នែកទាំងអស់នឹងឃើញព្រះអង្គ បូករួមទាំងអ្នកដែលបានចាក់ព្រះអង្គដែរ។ គ្រប់ទាំងជាតិសាសន៍នៅលើផែនដីនឹងយំសោក ដោយសារតែព្រះអង្គ។ មែន! អាម៉ែន។ 8 ព្រះអម្ចាស់មានបន្ទូលថា៖ «ខ្ញុំ​ជា​អាល់ផា​ និង​ជា​អូមេកា» (ព្រះដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះដែលនឹងយាងមក ពេញដោយព្រះចេស្តា)។ 9 ខ្ញុំ យ៉ូហាន ជាបងប្អូន និងជាម្នាក់ដែលរួមចំណែកជាមួយបងប្អូននៅក្នុងទុក្ខលំបាក និងព្រះរាជ្យ ព្រមទាំងអត់ធ្មត់ស៊ូទ្រាំនៅក្នុងព្រះយេស៊ូ ដែលត្រូវនិរទេសទៅកោះមួយដែលហៅថា ប៉ាតម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទីបន្ទាល់អំពីព្រះយេស៊ូ។ 10 ខ្ញុំបាននៅក្នុងថ្ងៃរបស់ព្រះអម្ចាស់នៅក្នុងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅខាងក្រោយខ្ញុំ ដូចជាសម្លេងត្រែ។ 11 សម្លេងនោះប្រាប់ថា «ចូរកត់ត្រាអ្វីដែលអ្នកឃើញនៅក្នុងសៀវភៅ ហើយផ្ញើទៅកាន់ក្រុមជំនុំទាំងប្រាំពីរ ទៅកាន់ក្រុមជំនុំនៅ​ក្រុង​អេភេសូរ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។ 12 ខ្ញុំបានបែរខ្លួនជុំវិញ ដើម្បីរកមើលសម្លេងដែលកំពុងនិយាយមកកាន់ខ្ញុំនោះ ហើយនៅពេលខ្ញុំបែរ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។ 13 នៅចំកណ្តាលនៃជើងចង្កៀង មានម្នាក់ដូចជាកូនមនុស្ស ពាក់រ៉ូបវែងដល់ជើងរបស់គាត់ ហើយពាក្យខ្សែក្រវាត់មាននៅជុំវិញដើមទ្រូង។ 14 ក្បាល និងសក់របស់គាត់មានពណ៌សដូចជារោមសត្វ សដូចជាព្រិល ហើយភ្នែករបស់គាត់ដូចជាអណ្តាតភ្លើង។ 15 ជើងរបស់គាត់ដូចជាលង្ហិនដែលត្រូវបានដុតដោយសារឡភ្លើង ហើយសម្លេងរបស់គាត់ដូចជាសម្លេងនៃទឹកជាច្រើន។ 16 គាត់មានផ្កាយប្រាំពីរនៅក្នុងដៃស្តាំរបស់គាត់ ហើយមានដាវមួយដែលមានមុខពីរយ៉ាងមុត ចេញពីមាត់របស់គាត់មក។ មុខរបស់គាត់ជះពន្លឺដូចជាពន្លឺព្រះអាទិត្យនៅពេលពេញកម្ដៅ។ 17 ពេលខ្ញុំបានឃើញគាត់ ខ្ញុំដួលចុះនៅទាបជើងរបស់គាត់ដូចជាមនុស្សស្លាប់។ គាត់បានដាក់ដៃស្តាំរបស់គាត់លើខ្ញុំ ហើយប្រាប់ថា៖​«កុំខ្លាចឡើយ។ 18 ខ្ញុំជាមុន និងជាក្រោយបង្អស់ ហើយជាម្នាក់ដែលរស់នៅ។ ខ្ញុំបានស្លាប់ ប៉ុន្តែ ខ្ញុំរស់នៅរហូតអស់កល្បជានិច្ច! ហើយខ្ញុំមានកូនសោរនៃសេចក្តីស្លាប់ និងស្ថាននរកដែរ។ 19 ដូច្នេះ ចូរកត់ត្រាចុះ អ្វីដែលអ្នកបានឃើញ អ្វីដែលបានកើតឡើងនៅពេលនេះ និងអ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ។ 20 ចំណែកឯអាថ៌កំបាំងអត្ថន័យពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញនៅក្នុងដៃរបស់ខ្ញុំ និងជើងចង្កៀងមាសទាំងប្រាំពីរគឺ៖ ផ្កាយទាំងប្រាំពីរគឺជាទេវតានៃក្រុមជំនុំទាំងប្រាំពីរ និងជើងចង្កៀងទាំងប្រាំពីរគឺជាក្រុមជំនុំទាំងប្រាំពីរ។


ជំពូក 2

1 «ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្នុងក្រុងអេភេសូថា៖ «នេះគឺជាព្រះបន្ទូលព្រះអង្គ ដែលបានកាន់ផ្កាយទាំងប្រាំពីរនៅក្នុងព្រះហស្តស្តាំរបស់ព្រះអង្គ និងជាព្រះជាម្ចាស់ដែលបានយាងនៅក្នុងចំណោមជើងចង្កៀងមាសទាំងប្រាំពីរថា៖ 2 «យើងបានដឹងពីអ្វីដែលអ្នកបានធ្វើ និងដឹងពីការខំធ្វើការយ៉ាងនឿយហត់ និងអត់ធ្មត់ស៊ូទ្រាំរបស់អ្នក។ ខ្ញុំដឹងថាអ្នកមិនអាចទប់ទល់នឹងការអាក្រក់របស់មនុស្សបានទេ។ ខ្ញុំដឹងថា អ្នកបានទទួលការល្បងល ចំពោះអស់អ្នកដែលនិយាយថាខ្លួនជា សាវ័ក ប៉ុន្តែ មិនមែនទេ ហើយអ្នកបានដឹងថាពួកគេជាមនុស្សកុហក។ 3 ខ្ញុំដឹងថាអ្នកបានស៊ូទ្រាំអត់ធ្មត់ ហើយអ្នកបានរងទុក្ខជាច្រើនដោយសារឈ្មោះខ្ញុំ ហើយថា អ្នកមិនមានការព្រួយបារម្ភឡើយ។ 4 ប៉ុន្តែ ខ្ញុំមានការមួយទាស់នឹងអ្នករាល់គ្នាពីការមួយដែលអ្នកបានបោះបង់ចោលសេចក្តីស្រឡាញ់ដើម។ 5 សូមចាំ ថាអ្នកបានចេញឆ្ងាយពីសេចក្តីស្រឡាញ់ប៉ុណ្ណា។ ចូរប្រែចិត្ត ហើយធ្វើការអ្វីដែលអ្នករាល់គ្នាបានធ្វើតាំងពីដំបូង។ បើអ្នករាល់គ្នាមិនប្រែចិត្តទេ ខ្ញុំនឹងមកឯអ្នករាល់គ្នា ហើយនឹងរើជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា។ 6 ប៉ុន្តែ អ្នករាល់គ្នាមានការនេះ៖ គឺថាអ្នករាល់គ្នាបានស្អប់អ្វីដែល​ពួក​នីកូឡាសបានធ្វើ ដែលខ្ញុំក៏ស្អប់ដែរ។ 7 ចូរឲ្យអ្នកដែលមានត្រចៀកស្តាប់អ្វី ដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ ចំពោះអ្នកដែលមានជ័យជម្នះ ខ្ញុំនឹងឲ្យសិទ្ធិទទួលទានផ្លែពីដើមនៃជីវិត ដែលនៅស្ថានសួគ៌របស់ព្រះជាម្ចាស់។ 8 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ នេះជាព្រះបន្ទូលរបស់ព្រះដែលជាដើម និងជាចុង ជាព្រះដែលបានស្លាប់ និងបានរស់ឡើងវិញម្ដងទៀតថា៖ 9 «ខ្ញុំស្គាល់ពីការឈឺចាប់ និងពីភាពក្រីក្ររបស់អ្នករាល់គ្នា ប៉ុន្តែ ជាអ្នករាល់គ្នាគឺជាអ្នកមាន។ ខ្ញុំស្គាល់ អ្នកជេរប្រមាថ ដែលនិយាយថាខ្លួនជាសាសន៍យូដា ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដាទេ។ ពួកគេជាក្រុមជំនុំរបស់សាតាំងវិញ។ 10 កុំភ័យខ្លាចជាមួយអ្វីដែលអ្នកនឹងត្រូវរងទុក្ខឡើយ។ មើល៍! មារកំពុងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីធ្វើការល្បងលដល់អ្នករាល់គ្នា ហើយអ្នកនឹងរងទុក្ខអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់ដល់ស្លាប់ចុះ ហើយខ្ញុំនឹងផ្តល់មកុដនៃជីវិតដល់អ្នករាល់គ្នា។ 11 ចូរឲ្យអ្នកមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកណាដែលឈ្នះ នឹងមិនរងទុក្ខដោយសារសេចក្តីស្លាប់លើកទីពីរឡើយ»។ 12 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុង​ពើកា‌ម៉ុស ដូច​ត​ទៅ​នេះ៖ មានព្រះបន្ទូលរបស់ព្រះអង្គ ដែលមានដាវដ៏មុតស្រួមានមុខពីរ៖ 13 «ខ្ញុំដឹងថាអ្នករាល់គ្នារស់នៅកន្លែងណា គឺនៅចំបល័្លង្ករបស់សាតាំង។ លើសពីនេះ អ្នករាល់គ្នាមានចិត្តស្មោះត្រង់ចំពោះឈ្មោះខ្ញុំ។ ខ្ញុំដឹងថាអ្នករាល់គ្នាមិនបានបដិសេធជំនឿរបស់អ្នករាល់គ្នានៅក្នុងខ្ញុំទេ ទោះបីជានៅក្នុងថ្ងៃរបស់អាន់ទី‌ប៉ាសជាអ្នកធ្វើស្មរបន្ទាល់របស់ខ្ញុំ ជាអ្នកដែលស្មោះត្រង់នឹងខ្ញុំ ជាអ្នកដែលត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងនៅនោះ។ 14 ប៉ុន្តែ ខ្ញុំមានការមួយចំនួនទាស់នឹងអ្នករាល់គ្នា៖ មានអ្នកខ្លះកាន់ខ្ជាប់ជាមួយនឹងសេចក្តីបង្រៀនរបស់បាឡាម ដែលបានបង្រៀនបាឡាក់ឲ្យដាក់អន្ទាក់នៅចំពោះមុខកូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេបរិភោគអាហារថ្វាយទៅរូបព្រះ និងប្រព្រឹត្តអំពើប្រាកចាសសីលធម៌ខាងផ្លូវភេទ។ 15 ក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបានកាន់ខ្ជាប់តាមសេចក្តីបង្រៀនរបស់​ពួក​នីកូ‌ឡាសដូចគ្នាដែរ។ 16 ដូច្នេះ ចូរប្រែចិត្ត! ប្រសិនបើ មិនប្រែចិត្ត ខ្ញុំនឹងមកឯអ្នករាល់គ្នាជាឆាប់ ហើយខ្ញុំនឹងច្បាំងជាមួយនឹងពួកគេដោយដាវនៅក្នុងមាត់របស់ខ្ញុំ។ 17 អស់អ្នកដែលមានត្រចៀក ចូរស្តាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកដែលឈ្នះ ខ្ញុំនឹងឲ្យនំម៉ាណាដែលលាក់ទុកដល់អ្នកនោះ ហើយខ្ញុំនឹងឲ្យគ្រួសពណ៌សដល់អ្នកនោះជាមួយនឹងឈ្មោះថ្មីសរសេរនៅលើថ្មនោះ ជាឈ្មោះដែលគ្មាននរណាស្គាល់ មានតែអ្នកទទួលវាទេទើបស្គាល់»។ 18 «ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុង​ធាទេ‌រ៉ាដូចតទៅនេះ៖ នេះគឺជាព្រះបន្ទូលរបស់បុត្រានៃព្រះជាម្ចាស់ ដែលព្រះនេត្រប្រៀបដូចជាអណ្តាតភ្លើង និងព្រះបាទប្រៀបដូចជាលង្ហិនភ្លឺរលោង 19 «ខ្ញុំដឹងពីអ្វីដែលអ្នករាល់គ្នាបានធ្វើ គឺសេចក្តីស្រឡាញ់ និងជំនឿ ព្រមទាំងការបម្រើ និងការស៊ូទ្រាំអត់ធ្មត់របស់អ្នករាល់គ្នា។ ខ្ញុំដឹងថា អ្វីដែលអ្នកបានធ្វើថ្មីៗនេះច្រើនជាងអ្វីដែលអ្នកធ្វើពីដំបូងទៀត។ 20 ប៉ុន្តែ ខ្ញុំមានការនេះទាស់ជាមួយអ្នករាល់គ្នា អ្នកបានបណ្តោយខ្លួនទៅតាមនាង​យេសិ‌បិល ដែលហៅខ្លួនឯងថា ព្យាការានី។ ដោយសារការបង្រៀនរបស់នាង នាងបានបោកប្រាស់អ្នកបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ ហើយបានបរិភោគយញ្ញបូជាដែលថ្វាយដល់រូបព្រះ។ 21 ខ្ញុំបានផ្តល់ពេលឲ្យនាងប្រែចិត្ត ប៉ុន្តែ នាងគ្មានបំណងចិត្តប្រែចិត្តចេញពីអំពើប្រាសចាកសីលធម៌ឡើយ។ 22 មើល៍! ខ្ញុំនឹងធ្វើឲ្យនាងឈឺនៅលើគ្រែ ហើយអស់អ្នកដែលប្រព្រឹត្តកំផិតជាមួយនាងនៅក្នុងការឈឺចាប់យ៉ាងខ្លាំងដែរ លុះត្រាតែ ពួកគេប្រែចិត្តចេញពីការប្រព្រឹត្តរបស់នាង។ 23 ខ្ញុំនឹងវាប្រហារជីវិតកូនៗរបស់នាង ហើយនិងក្រុមជំនុំទាំងអស់នឹងដឹងថា ខ្ញុំគឺជាព្រះដែលឈ្វេងយល់ពីគំនិត និងដួងចិត្តរបស់មនុស្ស។ ខ្ញុំនឹងឲ្យអ្នករាល់គ្នាម្នាក់ៗទៅតាមការប្រព្រឹត្តរបស់អ្នករាល់គ្នា។ 24 ប៉ុន្តែ អ្នកទាំងអស់គ្នាដែលនៅក្នុងក្រុុង​ធាទេ‌រ៉ា អស់អ្នកណាដែលមិនកាន់តាមសេចក្តីបង្រៀននេះ ហើយមិនបានដឹងអ្វីដែលគេហៅថា​ការស៊ីជម្រៅរបស់សាតាំង ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា «ខ្ញុំមិនដាក់បន្ទុកអ្វីផ្សេងទៀតមកលើអ្នករាល់គ្នាឡើយ។ 25 នៅក្នុងករណីណាក្តី អ្នករាល់គ្នាត្រូវកាន់ខ្ជាប់រហូតទាល់តែខ្ញុំមកដល់។ 26 អស់អ្នកដែលមានជ័យជម្នះ និងអស់អ្នកដែលធ្វើអ្វីដែលខ្ញុំបានធ្វើរហូតដល់ទីបំផុត ខ្ញុំនឹងឲ្យសិទ្ធិអំណាចដល់អ្នកនោះឲ្យគ្រប់គ្រងប្រជាជាតិ។ 27 គាត់នឹងគ្រប់គ្រងពួកគេដោយដំបងដែក គាត់នឹងកម្ទេចពួកគេដូចកម្ទេច​ភាជនៈ​ធ្វើ​ពី​ដី​ឥដ្ឋ​ដែរ។ 28 ដូចដែលខ្ញុំបានទទួលពីព្រះបិតាខ្ញុំមក ខ្ញុំនឹងផ្តល់ដល់គាត់នូវផ្កាយព្រឹក។ 29 អស់អ្នកដែលមានត្រចៀក ចូស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ។


ជំពូក 3

1 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅ៖ ព្រះអង្គដែលមានវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងផ្កាយទាំងប្រាំពីរមានបន្ទូលថា៖ ខ្ញុំស្គាល់អ្វីដែលអ្នករាល់គ្នាបានធ្វើ។ អ្នកមានឈ្មោះថាអ្នករស់ ប៉ុន្តែ អ្នកស្លាប់ទេ។ 2 ចូរភ្ញាក់ឡើង ហើយចម្រើនកម្លាំងអ្វីដែលនៅសល់ ប៉ុន្តែវារៀបនឹងស្លាប់ហើយ ដោយសារខ្ញុំបានឃើញពីការប្រព្រឹត្តរបស់អ្នករាល់គ្នា មិនបានល្អត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់នៃខ្ញុំឡើយ។ 3 ដូច្នេះ ចូរចាំ! អ្វីដែលអ្នកបានទទួល និងបានឮ។ ចូរស្តាប់បង្គាប់ ហើយប្រែចិត្តចុះ។ ប៉ុន្តែ ប្រសិនបើ អ្នកមិនភ្ញាក់ឡើងទេ ខ្ញុំមិនមកដូចជាចោរ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកទាស់នឹងអ្នកនៅពេលណាទេ។ 4 ប៉ុន្តែ មានឈ្មោះមនុស្សមួយចំនួននៅក្នុងក្រុងសើដេសដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេប្រឡាក់។ ពួកគេនឹងដើរជាមួយខ្ញុំ ស្លៀកសម្លៀកបំពាក់ពណ៌ស ដ្បិតពួកគេស័ក្តិសម។ 5 អស់អ្នកណាដែលមានជ័យជម្នះនឹងបានពាក់សម្លៀកបំពាក់ពណ៌ស ហើយខ្ញុំនឹងមិនលប់ឈ្មោះរបស់គេចេញពីសៀវភៅនៃជីវិតឡើយ ហើយខ្ញុំនឹងនិយាយពីឈ្មោះរបស់គាត់នៅចំពោះមុខព្រះបិតារបស់ខ្ញុំ និងនៅចំពោះមុខទេវតារបស់ព្រះអង្គដែរ។ 6 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ»។ 7 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះដ៏វិសុទ្ធ និងព្រះដ៏ពិត ព្រះអង្គកាន់កូនសោររបស់ស្តេចដាវីឌ បើ ព្រះអង្គបើក គ្មាននរណាអាចបិទបានទេ ហើយបើព្រះអង្គបិទ ក៏គ្មាននរណាអាចបើកបានដែរ មានបន្ទូលដូចតទៅនេះថា៖ 8 «ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ។ មើល៍! ខ្ញុំបានបើកទ្វានៅចំពោះអ្នក ដែលគ្មាននរណាអាចបិទបានទេ។ ខ្ញុំដឹងថាអ្នកមានកម្លាំងខ្សោយ ប៉ុន្តែ បើអ្នកស្តាប់បង្គាប់ពាក្យរបស់ខ្ញុំ ហើយមិនបដិសេធឈ្មោះរបស់ខ្ញុំទេ។ 9 មើល៍! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង អស់អ្នកដែលនិយាយថាពួកគេជាសាសន៍យូដា តែមិនមែនជាយូដាទេ ប៉ុន្តែ ពួកគេជាមនុស្សដែលកុហក។ ខ្ញុំនឹងធ្វើឲ្យពួកគេមក ហើយលុតជង្គង់ចុះនៅចំពោះមុខរបស់អ្នក ហើយពួកគេនឹងមក ដើម្បីឲ្យដឹងថា ខ្ញុំស្រឡាញ់អ្នក។ 10 ដោយសារអ្នកបានប្រព្រឹត្តតាមបញ្ញាត្តិរបស់ខ្ញុំក្នុងការស៊ូទ្រាំអត់ធ្មត់ ខ្ញុំនឹងការពារអ្នកនៅពេលការល្បងលនឹងមកដល់នៅក្នុងពិភពលោកនេះទាំងមូល ដើម្បីល្បងលអស់អ្នកដែលរស់នៅក្នុងផែនដីនេះ។ 11 ខ្ញុំនឹងមកជាឆាប់។ ចូរកាន់ខ្ជាប់អ្វីដែលអ្នកមាន ដើម្បីកុំឲ្យនរណាអាចយកមកុដចេញពីអ្នកបានឡើយ។ 12 ខ្ញុំនឹងតាំងអ្នកដែលឈ្នះធ្វើជាសរសរទ្រូងនៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយគាត់នឹងមិនចេញពីវាឡើង។ ខ្ញុំនឹងសរសេរព្រះនាមរបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយឈ្មោះក្រុងរបស់ព្រះជាម្ចាស់នៃខ្ញុំ (ក្រុងយេរ៉ូសាឡឹមថ្មី ដែលមកពីព្រះជាម្ចាស់នៃស្ថានបរមសុខចុះមក) ហើយនិងឈ្មោះថ្មីរបស់ខ្ញុំនៅគាត់។ 13 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។ 14 ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងឡៅដីសេដូចតទៅ៖ «ព្រះបន្ទូលនៃអាម៉ែន ជាបន្ទាល់ដែលអាចទុកចិត្តបាន និងពិតត្រង់ ជាអ្នកគ្រប់គ្រងលើអ្វីដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលថា៖ 15 «ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ ហើយដឹងថាអ្នកត្រជាក់ក៏មិនត្រជាក់ ហើយក្តៅក៏មិនក្តៅ។ ខ្ញុំចង់ឲ្យអ្នកត្រជាក់ប្រាកដជាត្រជាក់ ហើយបើក្តៅឲ្យប្រាកដជាក្តៅ! 16 ដូច្នេះ ដោយសារអ្នកគ្រាន់តែក្តៅឧណ្ហៗ ក្តៅមិនក្តៅ ហើយត្រជាក់មិនត្រជាក់ ដូច្នេះ ខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ។ 17 ដ្បិត អ្នកនិយាយថា៖ «ខ្ញុំមាន ខ្ញុំមានទ្រព្យសម្បត្តិច្រើនហើយ ខ្ញុំមិនត្រូវការអ្វីទៀតឡើយ»។ ប៉ុន្តែ អ្នកមិនបានដឹងថាអ្នករងវេទនា គួរឲ្យសង្វេក ក្របំផុត ពិកាភ្នែក និងអាក្រាតផង។ 18 ចូរស្តាប់ដំបូន្មានរបស់ខ្ញុំ ចូរទិញមាសដែលបន្សុតដោយភ្លើង ដើម្បីឲ្យអ្នកបានក្លាយជាអ្នកមាន ហើយមានសម្លៀកបំពាក់ពណ៌ស ដើម្បីឲ្យអ្នកអាចស្លៀកពាក់ ហើយមិនបង្ហាញភាពអាម៉ាស់នៃភាពអាក្រាធរបស់អ្នក និងទិញប្រេងដាក់ភ្នែករបស់អ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។ 19 ខ្ញុំហ្វឹកហ្វឺនមនុស្សគ្រប់គ្នាដែលខ្ញុំស្រឡាញ់ ហើយខ្ញុំបង្រៀនពួកគេពីរបៀបដែលពួកគេត្រូវរស់នៅ។ ដូច្នេះ ចូរមានចិត្តស្មោះត្រង់ ហើយប្រែចិត្តចុះ។ 20 មើល៍! ខ្ញុំកំពុងឈរនៅមាត់ទ្វារ ហើយខ្ញុំកំពុងតែគោះ។ ប្រសិនបើ នរណាដែលឮសម្លេងខ្ញុំ ហើយបើកទ្វារ ខ្ញុំនឹងចូលទៅក្នុងផ្ទះអ្នកនោះ ហើយបរិភោគជាមួយគាត់ ហើយគាត់នឹងនៅជាមួយខ្ញុំ។ 21 អស់អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យគាត់មានសិទ្ធិអង្គុយនៅលើបល័ង្កជាមួយខ្ញុំ ដូចជាខ្ញុំបានឈ្នះដែរ ហើយបានអង្គុយនៅលើបល័ង្កជាមួយព្រះបិតារបស់ខ្ញុំដែរ។ 22 ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។


ជំពូក 4

1 បន្ទាប់ពីការនេះហើយ ខ្ញុំបានសម្លឹងមើល ហើយខ្ញុំបានឃើញទ្វារស្ថានបរមសុខបើកចំហ។ សម្លេងដំបូងដែលខ្ញុំបានឮគឺនិយាយមកកាន់ខ្ញុំដូចជាសម្លេងត្រែ មានបន្ទូលថា៖ «ឡើងមកនេះ ខ្ញុំនឹងបង្ហាញអ្នកនូវអ្វីដែលនឹងត្រូវកើតឡើងបន្ទាប់ពីការទាំងនេះ»។ 2 រំពេចនោះ ខ្ញុំលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឃើញ បល័្លង្កមួយនៅស្ថានសួគ៌ ជាមួយនឹងព្រះមួយអង្គដែលគង់លើបល័្លង្កនោះ។ 3 ព្រះមួយអង្គដែលគង់លើបល័្លង្កនោះ មើលទៅដូចជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម។ មានឥន្ទធនូព័ទ្ធជុំវិញបល័្លង្កនោះ។ ឥន្ទធនូមានលក្ខណៈដូចជាត្បូងមរកត។ 4 នៅជុំវិញបល័្លង្កមានបល័្លង្កចាស់ទុំម្ភៃបួន ហើយចាស់ទុំទាំងម្ភៃបួនអង្គុយនៅលើបល័្លង្កនោះ។ ស្លៀកសំលៀកបំពាក់ពណ៌ស ហើយពាក់មកុដនៅលើក្បាលរបស់ពួកគេ។ 5 មាន​ផ្លេក​បន្ទោរ​ លាន់សូរសន្ធឹក និងផ្គរលាន់យ៉ាងខ្លាំងចេញពីបល័្លង្កមក។ ចង្កៀងទាំងប្រាំពីរកំពុងតែឆេះនៅពីមុខបល័្លង្ក ចង្កៀងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ 6 នៅពីមុខបល័្លង្កមានសមុទ្រកែវ ដូចជាកែវចរណៃ។ នៅចំកណ្តាលនៃបល័្លង្ក និងជុំវិញបល័្លង្កមានសត្វមានជីវិតបួន ពេញដោយភ្នែក ទាំងមុខ​និងក្រោយ។ 7 សត្វមានជីវិតទីមួយ ដូចជាសត្វតោ ហើយសត្វមានជីវិតទីពីរ ដូចជាគោ ហើយសត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួន ដូចជាសត្វឥន្រ្ទី។ 8 សត្វមានជីវិតទាំងបួន សត្វនីមួយៗមានស្លាបប្រាំមួយ ពេញដោយភ្នែកនៅពីលើនិងខាងក្រោម។ ទាំងយប់ទាំងថ្ងៃ ពួកគេនិយាយពាក្យថា៖​ «វិសុទ្ធ វិសុទ្ធ វិសុទ្ធគឺជាព្រះអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ជាព្រះដែលគង់នៅពីដើម គង់​នៅ​សព្វ​ថ្ងៃ​ ហើយ​ព្រះអង្គនឹង​ត្រូវ​យាង​មក»។​ 9 នៅពេលណាដែលសត្វមានជីវិតទាំងបួនថ្វាយសិរីល្អ ថ្វាយកិត្តិយស និងអរព្រះគុណដល់ព្រះដែលគង់នៅលើបល័្លង្ក ជាព្រះដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចរៀងដរាបតទៅ 10 នោះចាស់ទុំទាំងម្ភៃបួនបានក្រាបចុះនៅចំពោះព្រះដែលគង់នៅលើបល័្លង្ក។ ពួកគេក្រាបថ្វាយបង្គំដល់ព្រះដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ។ ហើយ ពួកគេបានដោះមកុដរបស់ពួកគេនៅចំពោះបល័្លង្ក ហើយបន្លឺសម្លេងឡើងថា៖ 11 «ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់យើង ព្រះអង្គស័ក្តិសមនឹងទទួលសិរីរុងរឿង និងកិត្តិយស ព្រមទាំងព្រះចេស្តា។ ដ្បិត ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ អ្វីៗទាំងអស់ដែលបានបង្កើត និងកើតឡើងទៅតាមព្រះហឫទ័យរបស់ព្រះអង្គ ។


ជំពូក 5

1 បន្ទាប់មក ខ្ញុំបានឃើញ នៅព្រះហស្តខាងស្តាំរបស់ព្រះអង្គដែលគង់លើបល័ង្ក មានការសរសេរនៅលើក្រាំងទាំងខាងមុខនិងខាងក្រោយ។ វាមានប្រថាប់ដោយត្រាប្រាំពីរផង។ 2 ខ្ញុំបានឃើញទេវតាដ៏មានអំណាចមួយ ប្រកាសដោយសម្លេងយ៉ាងខ្លាំងថា «តើនរណាស័ក្តិសមនឹងបើកក្រាំង ហើយបំបែកត្រាទាំងនេះបាន?» 3 គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬ នៅលើផែនដី ឬនៅក្រោមផែនដី អាចបើកក្រាំង ឬ ដើម្បីអានវាឡើយ។ 4 ខ្ញុំយំដោយជូរល្វីងយ៉ាងខ្លាំង ដោយសារគ្មាននរណាស័ក្តិសមក្នុងការបើកក្រាំង ឬអានវាឡើយ។ 5 ប៉ុន្តែ មានម្នាក់ក្នុងចំណោមចាស់ទុំប្រាប់ខ្ញុំថា៖ «កុំយំអី! មើល៍!​តោនៃអំបូរយូដា ឬសរបស់ស្តេចដាវីឌមានជ័យជម្នះហើយ។ លោកអាចបើកក្រាំង ហើយនិងត្រាទាំងប្រាំពីរបាន»។ 6 ខ្ញុំបានឃើញ ចៀមមួយឈរនៅចន្លោះបល័្លង្ក និងសត្វមានជីវិតទាំងបួន និងនៅក្នុងចំណោមចាស់ទុំផង។ មើលទៅគាត់ប្រៀបដូចជាកូនចៀមទើបគេសម្លាប់រួច។ ចៀមនោះមានស្នែងប្រាំពីរ ហើយភ្នែកក៏ប្រាំពីរដែរ ទាំងនេះគឺជាព្រះវិញ្ញាណទាំងប្រាំពីរដែលព្រះជាម្ចាស់បានចាត់ទៅពាសពេញពិភពលោកទាំងមូល។ 7 កូនចៀមនោះបានចេញទៅហើយចាប់យកក្រាំងនោះចេញមកនៅក្នុងព្រះហស្តស្តាំនៃព្រះដែលគង់នៅលើបល័្លង្ក។ 8 នៅពេលកូនចៀមនោះបានយកក្រាំងនោះមករួចហើយ សត្វមានជីវិតទាំងបួន និងចាស់ទុំទាំងម្ភៃបួនក្រាបចុះនៅចំពោះកូនចៀមនោះ។ ពួកគេម្នាក់ៗមានពិនម្នាក់មួយ ហើយមានពែងមាសដែលពេញដោយគ្រឿងក្រអូបមួយ នោះគឺជាសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ។ 9 ពួកគេច្រៀងបទថ្មី៖ «ព្រះអង្គស័ក្តិសមក្នុងការទទួលយកក្រាំង ហើយបើកត្រារបស់វា។ ដើម្បីព្រះអង្គត្រូវគេសម្លាប់ ហើយលោហិតរបស់ព្រះអង្គបានបង់ថ្លៃមនុស្សថ្វាយព្រះជាម្ចាស់ពីគ្រប់ទាំងអំបូរ ភាសា និងមនុស្ស ព្រមទាំងប្រជាជាតិផង។ 10 ព្រះអង្គបានធ្វើឲ្យពួកគេក្លាយជាអាណាចក្រ និងជាបូជាចារ្យដើម្បីបម្រើព្រះជាម្ចាស់នៃយើង ហើយពួកគេនឹងសោយរាជ្យនៅលើផែនដី»។ 11 បន្ទាប់មក ខ្ញុំបានសម្លឹងមើល ហើយបានឮសម្លេងពួកទេវតាជាច្រើននៅជុំវិញបល័្លង្ក ហើយនិងសត្វមានជីវិត ព្រមទាំងពួកចាស់ទុំផង។ ពួកទេវតាទាំងនោះមានរាប់​ម៉ឺន​រាប់​សែន។ 12 ពួកគេបន្លឺសម្លេងខ្លាំងៗថា៖​ «កូនចៀមដែលត្រូវគេសម្លាប់ ព្រះអង្គស័ក្តិសមនឹងទទួលព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា កម្លាំង និងកិត្តិយស សិរីរុងរឿង និងការសរសើរតម្កើង»។ 13 ខ្ញុំបានឮសត្តនិករទាំងអស់ដែលនៅស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដី ព្រមទាំងនៅក្រោមសមុទ្រ អ្វីៗទាំងអស់ដែលនៅក្នុងកន្លែងទាំងនោះ បន្លឺសម្លេងថា៖ «សូមឲ្យព្រះអង្គដែលគង់នៅលើបល័្លង្ក និងកូនចៀមបានទទួលការសរសើរតម្កើង កិត្តិយស សិរីរុងរឿង និងព្រះចេស្តា ដើម្បីគ្រប់គ្រងអស់កល្បរៀងដរាបតទៅ»។ 14 សត្វមានជីវិតទាំងបួននិយាយថា៖ «អាម៉ែន!» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។


ជំពូក 6

1 ខ្ញុំបានមើល នៅពេលកូនចៀមបើកត្រាមួយនៃត្រាទាំងប្រាំពីរ ហើយខ្ញុំបានឮសត្វមានជីវិតទាំងបួនបន្លឺសម្លេងដូចជាផ្គរលាន់ថា៖ «ចូរមក!» 2 ខ្ញុំបានសម្លឹងមើល ហើយឃើញមានសេះសមួយ អ្នកជិះវាមានធ្នូរ ហើយគាត់បានទទួលមកុដមួយ។ គាត់បានចេញទៅប្រៀបដូចជាអ្នកឈ្នះ ដើម្បីយកឈ្នះ។ 3 នៅពេលកូនចៀមបើកត្រាទីពីរ ខ្ញុំបានឮសត្វមានជីវិតទីពីរបន្លឺសម្លេងថា៖ «ចូរមក!» 4 បន្ទាប់មកសេះមួយទៀតក៏លេចមក មានសម្បុរក្រហម។ អ្នកជិះលើវាត្រូវបានអនុញ្ញាតឲ្យដកយកសន្តិភាពចេញពីផែនដី ហើយធ្វើឲ្យមនុស្សសម្លាប់គ្នាទៅវិញទៅមក។ អ្នកជិះនេះបានទទួលដាវមួយយ៉ាងធំ។ 5 នៅពេលកូនចៀមមើលត្រាទីបី ខ្ញុំបានឮសត្វមានជីវិតទីបីបន្លឺសម្លេងថា៖ «ចូរមក!» ខ្ញុំបានឃើញ សេះសម្បុរខ្មៅមួយ ហើយអ្នកជិះវាកាន់ជញ្ជីងមួយនៅក្នុងដៃរបស់គាត់។ 6 ខ្ញុំបានឮសម្លេងដូចជាសម្លេងអ្វីដែលចេញពីក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយថា៖ «ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ ប៉ុន្តែ កុំប៉ះពាល់ប្រេង និងស្រាទំពាំងបាយជូរឡើយ»។ 7 នៅពេលកូនចៀមបើកត្រាទីបួន ខ្ញុំបានឮសម្លេងសត្វមានជីវិតទីបួនបន្លឺសម្លេងថា៖ «ចូរមក!» 8 បន្ទាប់មក ខ្ញុំបានឃើញសេះសម្បុរស្លេកស្លាំង។ អ្នកជិះលើវាឈ្មោះថា សេចក្តីស្លាប់ ហើយនិងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏មកតាមអ្នកនោះដែរ។ សេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់បានទទួលសិទ្ធិអំណាចមួយភាគបួននៅលើផែនដី ក្នុងការសម្លាប់ដោយដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ ព្រមទាំងដោយសត្វសាហាវនៃផែនដីផង។ 9 នៅពេលកូនចៀមបើកត្រាទីប្រាំ ខ្ញុំបានឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងនៃអ្នកបានត្រូវគេសម្លាប់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារពួកគេបានធ្វើបន្ទាល់។ 10 ពួកគេបានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងថា៖ «ឱព្រះដ៏ជាអ្នកគ្រប់គ្រងលើទាំងអស់ ព្រះដ៏វិសុទ្ធ និងពិតត្រង់អើយ តើរហូតដល់ពេលណាទើបព្រះអង្គជំនុំជម្រះ អស់អ្នកដែលរស់នៅលើផែនដីនេះ ហើយតើរហូតដល់ពេលណាទើបព្រះអង្គសងសឹកឲ្យឈាមរបស់យើងខ្ញុំ?» 11 បន្ទាប់មក ពួកគេម្នាក់ៗបានទទួលសម្លៀកបំពាក់ពណ៌ស ហើយត្រូវបានប្រាប់ពួកគេឲ្យសម្រាកបន្តិចទៀត រហូតទាល់តែគេបានសម្លាប់អ្នកបម្រើ និងបងប្អូនប្រុសស្រីបានគ្រប់ចំនួនសិន ដូចដែលគេបានសម្លាប់អ្នកដែរ។ 12 នៅពេលកូនចៀមបើកត្រាទីប្រាំមួយ ខ្ញុំបានមើល ហើយឃើញមានការរញ្ជូយដីយ៉ាងខ្លាំង។ ព្រះអាទិត្យបានត្រឡប់ទៅជាខ្មៅដូចជាអាវពណ៌ខ្មៅ ហើយខែពេញបរមីបានត្រឡប់ដូចជាឈាម។ 13 ផ្កាយនៅស្ថានសួគ៌ធ្លាក់មកលើផែនដី ដូចជាផ្លែឧទុម្ពរខ្ចីធ្លាក់ចុះមក ដោយសារខ្យល់ព្យុះយ៉ាងខ្លាំង។ 14 ផ្ទៃមេឃត្រូវាបានបាត់ទៅដូចជាគេមូលក្រាំងដែរ។ ភ្នំ និងកោះទាំងអស់ត្រូវរើចេញពីកន្លែងរបស់វា។ 15 បន្ទាប់មក ស្តេចនៅលើផែនដី និងមនុស្សសំខាន់ និងពួកមេទ័ព ពួកអ្នកមាន អ្នកមានអំណាច និងមនុស្សផ្សេងៗទៀត ទាំងអ្នកបម្រើ និងអ្នកជាទាំងឡាយ នឹងលាក់ខ្លួននៅក្នុងជ្រលងភ្នំ និងតាមប្រហោងថ្មភ្នំ។ 16 ពួកគេនិយាយទៅភ្នំ និងទៅកាន់ថ្មថា៖​«ចូរធ្លាក់មកលើយើងមក! ចូរលាក់យើងពីព្រះភក្ត្រនៃព្រះអង្គដែលគង់នៅលើបល័្លង្ក និងពីសេចក្តីក្រោធរបស់កូនចៀម។ 17 ដ្បិតថ្ងៃនោះជាថ្ងៃដ៏អស្ចារ្យនៃសេចក្តីក្រោធរបស់ពួកគេបានមកដល់។ តើនរណាអាចទ្រាំបាន?»។


ជំពូក 7

1 បន្ទាប់មក ខ្ញុំឃើញទេវតាបួនរូបឈរនៅក្នុងជ្រុងទាំងបួននៃផែនដី ទប់ខ្យល់ទាំងបួនទិសនៃផែនដី ដើម្បីុកុំឲ្យខ្យល់នោះបក់បោកមកលើផែនដី លើសមុទ្រ ឬលើដើមឈើឡើយ។ 2 ខ្ញុំបានឃើញទេវតាផ្សេងទៀត បានមកពីភាគខាងកើត ជាអ្នកដែលមានត្រារបស់ព្រះជាម្ចាស់មានព្រះជន្មគង់នៅ។ គាត់បានស្រែកដោយសម្លេងខ្លាំងៗទៅកាន់ទេវតាទាំងបួនដែលបានទទួលការអនុញ្ញាតក្នុងការធ្វើទុក្ខដល់ផែនដី និងសមុទ្រថា៖ 3 «កុំធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើឡើយ ចាំយើងបោះត្រានៅលើថ្ងាសរបស់អ្នកបម្រើព្រះរបស់យើងសិន។ 4 ខ្ញុំបានឮអំពីចំនួនមនុស្សដែលបានបោះត្រានោះគឺ មានចំនួន១៤៤០០០ អ្នកដែលបានបោះត្រានោះគឺមកពីគ្រប់អំបូរនៃជនជាតិអ៊ីស្រាអែល៖ 5 មួយម៉ឺនពីរពាន់នាក់មកពីអំបូររបស់យូដាត្រូវបានបោះត្រា មួយម៉ឺនពីរពាន់នាកមកពីអំបូររូបេន មួយម៉ឺនពីរពាន់នាក់មកពីអំបូរកាដ 6 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរអេ‌ស៊ើរ មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរណែប‌ថាលី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរ​ម៉ាណា‌សេ។ 7 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរ​ស៊ីម្មាន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរ​លេវី មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ 8 មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរសាប់យូ‌ឡូន មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរយ៉ូសែប និង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ពី​អំបូរ​បេន‌យ៉ាមីន ត្រូវបាន​បោះ​ត្រា​។ 9 បន្ទាប់ពីការទាំងនេះ ខ្ញុំបានឃើញ មានបណ្តាជនយ៉ាងច្រើនកោះក ដែលមិនអាចរាប់បាន មកពីគ្រប់ប្រជាជាតិ គ្រប់អំបូរ គ្រប់មនុស្ស និងគ្រប់ភាសា ឈរនៅចំពោះបល័្លង្ក និងនៅចំពោះកូនចៀម។ ពួកគេពាក់សម្លៀកបំពាក់ពណ៌ស ហើយកាន់​ធាងចាក​នៅក្នុងដៃរបស់ពួកគេ 10 ហើយពួកគេបានបន្លឺសម្លេងយ៉ាងខ្លាំងៗថា៖ «ការសង្គ្រោះជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃយើង ដែលគង់នៅលើបល័្លង្ក និងជាកម្មសិទ្ធិរបស់កូនចៀម!»។ 11 ទេវតាទាំងអស់ឈរនៅជុំវិញបល័្លង្ក និងនៅជុំវិញពួកចាស់ទុំ ព្រមទាំងសត្វមានជីវិតទាំងបួន ពួកគេបានក្រាបចុះនៅចំពោះបល័្លង្ក។ ពួកគេថ្វាយបង្គំព្រះជាម្ចាស់ 12 បន្លឺសម្លេងថា៖ «អាម៉ែន! សូមសរសើរ ថ្វាយសិរីរុងរឿង ប្រាជ្ញា ការអរគុណ កិត្តិយស ព្រះចេស្តា និងកម្លាំង ដល់ព្រះជាម្ចាស់នៃយើងដែលគង់នៅអស់កល្បជានិច្ចរៀងដរាបតទៅ! អាម៉ែន!»។ 13 បន្ទាប់មក មានចាស់ទុំម្នាក់បានសួរខ្ញុំថា «តើអ្នកទាំងនេះជានរណា ដែលស្លៀកសម្លៀកបំពាក់ពណ៌ស ហើយពួកគេមកពីណា?» 14 ខ្ញុំប្រាប់គាត់ថា៖ «លោកម្ចាស់អើយ លោកដឹងហើយ» ហើយគាត់ប្រាប់មកខ្ញុំថា៖ «ពួកគេទាំងនេះគឺជាពួកអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ។ ពួកគេបានសម្អាតសម្លៀកបំពាក់ ហើយបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស ដោយសារឈាមនៃកូនចៀម។ 15 ដោយហេតុនេះហើយ បានជាពួកគេនៅចំពោះបល័ង្ករបស់ព្រះជាម្ចាស់ ហើយពួកគេថ្វាយបង្គំព្រះអង្គទាំងថ្ងៃទាំងយប់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះមួយអង្គដែលបានគង់នៅលើបល័្លង្កនឹងពង្រីកព្រះពន្លារបស់ព្រះអង្គលើពួកគេ។ 16 ពួកគេលែងឃ្លានទៀតហើយ ក៏មិនស្រេកទឹកទៀតដែរ។ ពន្លឺព្រះអាទិត្យ និងកម្ដៅថ្ងៃក៏មិនអាចធ្វើទុក្ខដល់គេបានដែរ។ 17 ដ្បិតកូនចៀមគង់នៅចំកណ្តាលនៃបល័្លង្កនឹងធ្វើជាអ្នកគង្វាលលើពួកគេ ហើយព្រះអង្គនឹងនាំពួកគេទៅប្រភពទឹកដ៏រស់ ហើយព្រះជាម្ចាស់នឹងជូតគ្រប់ទាំងទឹកភ្នែនៅលើភ្នែករបស់ពួកគេចេញ»។


ជំពូក 8

1 នៅពេលកូនចៀមបើកត្រាទីប្រាំពីរ នៅស្ថានសួគ៌ស្ងាត់ស្ងៀម ប្រហែលជាកន្លះម៉ោង។ 2 បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរ ឈរនៅចំពោះព្រះជាម្ចាស់ ហើយត្រែទាំងប្រាំពីរបានប្រគល់ដល់ពួកគេ។ 3 មានទេវតាមួយផ្សេងទៀតបានមក កាន់ពែងគ្រឿងក្រអូបមាស​ឈរនៅកន្លែងថ្វាយគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនបានប្រគល់ដល់គាត់ ដើម្បីឲ្យគាត់បានថ្វាយវាជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿនៅលើកន្លែងថ្វាយគ្រឿងក្រអូបមាស នៅខាងមុខបល័្លង្ក។ 4 ផ្សែងរបស់គ្រឿងក្រអូប ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ បានហុយឡើងនៅចំពោះព្រះជាម្ចាស់ចេញពីដៃរបស់ទេវតា។ 5 ទេវតាបានយកពែងគ្រឿងក្រអូប ហើយបានដក់ភ្លើងពេញពីកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់បានបោះវាចូលមកផែនដី ហើយមានផ្គរលាន់ សម្លេងសន្ធឹកនៃផ្លេកបន្ទោរ និងរញ្ជួយដីផង។ 6 ទេវតាទាំងប្រាំពីរ ដែលមានត្រែប្រាំពីរបានរៀបចំដើម្បីផ្លុំវា។ 7 ទេវតាទីមួយផ្លុំត្រែរបស់ខ្ញុំ ហើយមាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​។ ហើយបានបោះចូលមកក្នុងផែនដី ដើម្បីឲ្យឆេះផែនដីមួយភាគបី ហើយមួយភាគបីនៃដើមឈើ និងគ្រប់ទាំងស្មៅត្រូវបានឆេះ។ 8 ទេវតាទីពីរផ្លុំត្រែរបស់គាត់ ហើយមានអ្វីមួយឆេះដោយភ្លើងដូចជាភ្នំមួយយ៉ាងធំត្រូវបោះចូលទៅក្នុងសមុទ្រ។ មួយភាគបីនៃសមុទ្របានត្រឡប់ទៅជាឈាម 9 សត្តនិករមួយភាគបីបានស្លាប់នៅក្នុងសមុទ្រ ហើយនាវាមួយភាគបីក៏ត្រូវបំផ្លាញដែរ។ 10 ទេវតាទីបីបានផ្លុំត្រែរបស់គាត់ ហើយមានផ្កាយមួយយ៉ាងធំធ្លាក់ពីលើមេឃមក ឆេះដូចជាចន្លុះ ធ្លាក់មកលើមួយភាគបីនៃទន្លេ និងប្រភពទឹកទាំងឡាយ។ 11 ផ្កាយនោះឈ្មោះថា ស្លែង។ ទឹកមួយភាគបីបានត្រឡប់ទៅជាល្វីង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារទឹកដែលបានត្រឡប់ទៅជាល្វីងនោះ។ 12 ទេវតាទីបួនបានផ្លុំត្រែរបស់គាត់ ហើយព្រះអាទិត្យបាត់រស្មីមួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ។ ដូច្នេះ ធ្វើឲ្យងងឹតមួយភាគបី មួយភាគបីនៃថ្ងៃ ហើយមួយភាគបីនៅពេលយប់ក៏ងងឹតដែរ។ 13 ខ្ញុំសម្លឹងមើល ហើយបានឮឥន្ត្រីដែលកំពុងហើរនៅកណ្តាលអាកាស បន្លឺសម្លេងយ៉ាងខ្លាំងថា៖ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ ដល់អស់អ្នកដែលរស់នៅលើផែនដី ដោយសារត្រែរបស់ទេវតាបីទៀតនឹងត្រូវផ្លុំឡើង»។


ជំពូក 9

1 បន្ទាប់មក ទេវតាទីប្រាំផ្លុំត្រែរបស់គាត់។ ខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកលើផែនដី។ ផ្កាយនោះបានទទួលកូនសោរដើម្បីបើករណ្តៅដ៏ជ្រៅ។ 2 គាត់បានបើកទ្វាររណ្តៅដ៏ជ្រៅនោះ ហើយផ្សែងក៏ហុយឡើងចេញមកក្រៅ ដូចជាផ្សែងដែលចេញពីឡភ្លើងមួយយ៉ាងធំ។ ព្រះអាទិត្យ និងអាកាសត្រឡប់ទៅជាងងឹត ដោយសារផ្សែងដែលហុយចេញពីរណ្តៅនោះ។ 3 សត្វកណ្តូបជាច្រើនបានហើរចេញពីផ្សែងនោះមកនៅលើផែនដី ហើយពួកគេបានទទួលអំណាចដូចជាខ្យាដំរីនៅលើផែនដី។ 4 កណ្តូបទាំងនោះត្រូវបានប្រាប់មិនឲ្យបំផ្លាញស្មៅនៅលើផែនដី ឬរុក្ខជាតិ ឬដើមឈើណាឡើយ ប៉ុន្តែ បំផ្លាញតែមនុស្សដែលមិនមានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសរបស់ពួកគេប៉ុណ្ណោះ។ 5 ពួកគេមិនត្រូវបានអនុញ្ញាតឲ្យសម្លាប់មនុស្សទាំងនោះទេ ប៉ុន្តែ គ្រាន់តែធ្វើទារុណកម្មដល់ពួកគេក្នុងរយៈពេលតែប្រាំខែប៉ុណ្ណោះ។ ទារុណកម្មដែលពួកគេដាក់នោះគឺដូចជាទ្រនិចនៃខ្យាដំរី នៅពេលវាទិចមនុស្ស។ 6 នៅថ្ងៃនោះ មនុស្សចង់តែស្លាប់ទេ ប៉ុន្តែ ពួកគេមិនអាចស្លាប់បានឡើយ។ ពួកគេមានសេចក្តីប្រាថ្នាចង់ស្លាប់យ៉ាងខ្លាំង ប៉ុន្តែ សេចក្តីស្លាប់នឹងរត់ចេញពីពួកគេ។ 7 កណ្ដូបមានរូបរាងដូចជាសេះ ដែលរៀបទៅច្បាំង។ នៅលើក្បាលរបស់វា មានអ្វីមួយដូចជាមកុដពណ៌មាស ហើយមុខរបស់ពួកគេដូចជាមុខរបស់មនុស្សដែរ។ 8 ពួកគេមានសក់ដូចជាសក់របស់មនុស្សស្រី ហើយធ្មេញរបស់ពួកគេប្រៀបដូចជាធ្មេញតោ។ 9 ពួកគេមាន​អាវ​ក្រោះ​ ដូចជាអាវក្រោះដែក ហើយសម្លេងស្លាបរបស់ពួកគេដូចជាសម្លេងរទេះចម្បាំងជាច្រើន និងសេះរត់នៅក្នុងសមរភូមិ។ 10 ពួកវាមានកន្ទុយជាមួយនឹងត្រនិចដូចជាខ្យាដំរី នៅក្នុងកន្ទុយរបស់ពួកវាមានអំណាចនឹងធ្វើទុក្ខដល់មនុស្សរយៈពេលប្រាំខែ។ 11 ពួកវាមានស្តេចគ្រប់គ្រងលើពួកវា គឺជាទេវតានៃរណ្តៅដ៏ជ្រៅ។ ឈ្មោះវាជាភាសាហេប្រឺថា៖ «អាបា‌ដូន» ជា​ភាសា​ក្រិក​ថា៖ «អាប៉ុ‌លីយ៉ូន»។ 12 សេចក្តីវេទនាទីមួយបានកន្លងផុតទៅ។ មើល៍! បន្ទាប់ពីនេះនឹងមានទុក្ខវេទនាពីរទៀតមកដល់។ 13 ទេវតាទីប្រាំមួយផ្លុំត្រែរបស់គាត់ ខ្ញុំបានឮសម្លេងចេញពីស្នែងរបស់កន្លែងថ្វាយតង្វាយមាសដែលតាំងនៅចំពោះព្រះជាម្ចាស់។ 14 សម្លេងនោះនិយាយទៅកាន់ទេវតាទីប្រាំមួយថាដែលមានត្រែថា៖ «ចូរដោះលែងទេវតាបួនដែលបានចងនៅទន្លេធំទន្លេ​អើប្រាត​»។ 15 ទេវតាបួននោះ ត្រូវបានរៀបចំសម្រាប់ពេលនោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះ និងដោះលែងដើម្បីសម្លាប់មនុស្សមួយភាគបី។ 16 ខ្ញុំបានឮចំនួនទាហាននៅលើសេះមានចំនួន ២០០០០០០០០នាក់។ 17 នេះគឺជាការដែលខ្ញុំបានឃើញសេះនៅក្នុងនិមិត្ត និងអស់អ្នកដែលជិះលើវា។ អាវក្រោះពណ៌ភ្លើង ពណ៌ខៀវចាស់ និងពណ៌លឿង។ ក្បាលរបស់សេះទាំងនោះមានលក្ខណៈដូចជាតោ មានភ្លើង ផ្សែង និង​ស្ពាន់ធ័រចេញពីមាត់របស់វាមក។ 18 មនុស្សមួយភាគបីត្រូវបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ៖ មានភ្លើង ផ្សែង និងស្ពាន់ធ័រដែលមកពីមាត់របស់ពួកវា។ 19 ដ្បិត អំណាចរបស់ហ្វូងសេះនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាពស់ ហើយពួកវាមានក្បាល ដែលក្បាលនោះធ្វើទុក្ខដល់មនុស្ស។ 20 ហើយមនុស្សលោកដែលនៅសល់ អស់អ្នកដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនោះ មិនបានប្រែចិត្តពីការប្រព្រឹត្តដែលពួកគេបានធ្វើ ហើយពួកគេក៏មិនឈប់ការថ្វាយបង្គំពួកវិញ្ញាណកំណាច និងរូបព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ថ្ម និងឈើ ថ្វាយបង្គំអ្វីៗដែលមិនអាចមើលឃើញ មិនអាចឮ ឬមិនអាចដើរ។ 21 ពួកគេនៅតែមិនប្រែចិត្តពីអំពើឃាតកម្មរបស់ពួកគេ ពីអំពើមន្ដអាគមរបស់ពួកគេ និងពីអំពើអសីធម៌ខាងផ្លូវភេទរបស់ពួកគេ ឬពីអំពើលួចប្លន់របស់ពួកគេ។


ជំពូក 10

1 បន្ទាប់មកខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែបានចុះមកពីស្ថានសួគ៌។ គាត់ហ៊ុំព័ទ្ធដោយពពក ហើយក៏មានឥន្ទធនូនៅពីលើក្បាលគាត់។ មុខរបស់គាត់ដូចជាព្រះអាទិត្យ ហើយជើងរបស់គាត់ដូចជាសរសរភ្លើង។ 2 គាត់កាន់ក្រាំងតូចមួយនៅក្នុងដៃរបស់គាត់ដែលបានបើករួចហើយ គាត់បានដាក់ជើងខាងស្តាំរបស់គាត់នៅក្នុងសមុទ្រ ហើយជើងឆ្វេងរបស់គាត់ទៅលើដី។ 3 បន្ទាប់មក គាត់បានស្រែកដោយសម្លេងខ្លាំងដូចជាសម្លេងតោគ្រហឹម។ នៅពេលគាត់ស្រែករួចហើយ ផ្គរទាំងប្រាំពីក៏លាន់ឮឡើងដែរ។ 4 នៅពេលផ្គរទាំងប្រាំពីរលាន់ឮឡើង ខ្ញុំបានរៀបនឹងសរសេរ ប៉ុន្តែ ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ថា៖ «ចូរលាក់ទុក្ខអ្វីដែលផ្គរទាំងប្រាំពីរបាននិយាយ។ កុំសរសេរវាចុះឡើយ!»។ 5 បន្ទាប់មក ទេវតាដែលខ្ញុំឃើញឈរនៅលើសមុទ្រ ហើយនិងដី បានលើកដៃរបស់គាត់ឡើងទៅលើស្ថានសួគ៌។ 6 គាត់បានស្បថជាមួយនឹងព្រះដែលគង់នៅជារៀងរហូតតទៅ ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងអ្វីៗទាំងអស់ដែលនៅក្នុងស្ថានសួគ៌ នៅផែនដី និងអ្វីដែលនៅក្នុងផែនដី នៅក្នុងសមុទ្រ និងអ្វីៗដែលនៅក្នុងសមុទ្រដែរ ទេវតាស្បថថា៖ «លែងពន្យាពេលទៀតហើយ។ 7 ប៉ុន្តែ នៅថ្ងៃដែលទេវតាទាំងប្រាំពីរផ្លុំត្រែរបស់ពួកគេ ដូច្នេះ អាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច ដូចដែលទេវតានោះបានថ្លែងទៅកាន់ព្យាការី និងអ្នកបម្រើរបស់គាត់»។ 8 សម្លេងដែលខ្ញុំបានឮពីស្ថានបរមសុខមកកាន់ខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកនៅក្នុងដៃរបស់ទេវតាដែលឈរនៅលើសមុទ្រ និងលើដីគោកមក»។ 9 បន្ទាប់មក ខ្ញុំបានទៅឯទេវតា ហើយប្រាប់គាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់និយាយមកខ្ញុំថា៖​ «ចូរយកក្រាំងទៅ ហើយបរិភោគវាចុះ។ វានឹងធ្វើឲ្យក្រពះរបស់អ្នកល្វីង ប៉ុន្តែ វានឹងផ្អែមនៅក្នុងមាត់របស់អ្នកដូចជាទឹកឃ្មុំ»។ 10 ខ្ញុំបានយកក្រាំងតូចនោះមកពីដៃរបស់ទេវតា ហើយបរិភោគវា។ វាផ្អែមដូចជាទឹកឃ្មុំនៅក្នុងមាត់របស់ខ្ញុំមែន ប៉ុន្តែ បន្ទាប់ពីខ្ញុំបរិភោគវាហើយ ក្រពះរបស់ខ្ញុំទៅជាល្វីងមែន។ 11 បន្ទាប់មក មានម្នាក់ប្រាប់ខ្ញុំថា៖ «អ្នកត្រូវតែថ្លែងទំនាយម្តងទៀតអំពីជាតិសាសន៍ ប្រជាជាតិ ភាសា និងស្តេចជាច្រើន»។


ជំពូក 11

1 គាត់បានឲ្យដើមត្រែងខ្ញុំមួយ ប្រើដូចជាដំបងដើម្បីវាស់។ គាត់ប្រាប់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយវាស់ព្រះវិហារនិងកន្លែងថ្វាយតង្វាយរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលថ្វាយបង្គំនៅក្នុងនោះ។ 2 ប៉ុន្តែ កុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ដើម្បីទីលានខាងក្រៅបានប្រគល់ឲ្យសាសន៍ដទៃហើយ។ ពួកគេនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធអស់រយៈពេល សែសិបពីរខែ។ 3 ខ្ញុំនឹងធ្វើបន្ទាល់របស់ខ្ញុំទាំងពីរ ដើម្បីថ្លែងទំនាយអស់រយៈពេល ១២៦០ថ្ងៃ ស្លៀកពាក់សំពត់ធ្មៃ»។ 4 បន្ទាល់ទាំងពីរនេះ គឺជាដើមអូលីវពីរដើម និងជើងចង្កៀងពីរដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី។ 5 ប្រសិនបើ អ្នកណាដែលសម្រេចចិត្តធ្វើទុក្ខដល់គេ ភ្លើងនឹងចេញពីមាត់របស់ពួកគេមកបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើ អ្នកណាចង់ធ្វើទុក្ខដល់ពួកគេនឹងត្រូវសម្លាប់ដោយរបៀបនេះឯង។ 6 បន្ទាល់ទាំងពីរនេះមានសិទិ្ធអំណាចបិទផ្ទៃមេឃ ដើម្បីមិនឲ្យមានភ្លៀងធ្លាក់ក្នុងពេលដែលពួកគេថ្លែងទំនាយ។ ពួកគេមានអំណាច ដើម្បីធ្វើឲ្យទឹកត្រឡប់ទៅជាឈាម និងវាយប្រហារផែនដីដោយសារគ្រោះកាចជាច្រើន តាមតែពួកគេចង់ធ្វើ។ 7 នៅពេលពួកគេបានបញ្ចប់ក្នុងការធ្វើបន្ទាល់របស់ពួកគេហើយមានសត្វសាហាវចេញពីទីជម្រៅមកច្បាំងជាមួយពួកគេ ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងសត្វសាហាវនោះ។ គាត់នឹងឈ្នះពួកគេហើយសន្លាប់ពួកគេ។ 8 សាកសពរបស់ពួកគេនឹងដេកនៅលើផ្លូវនៃទីក្រុងដ៏ធំ (ជានិមិត្តរូបហៅក្រុងសូដុុំ និងអេស៊ីប) ជាកន្លែងដែលព្រះអម្ចាស់ត្រូវគេឆ្កាង។ 9 អស់រយៈពេលបីថ្ងៃកន្លះមានខ្លះមកពីគ្រប់ជនជាតិ អំបូរ ភាសានិងប្រជាជាតិនឹងមើលទៅសាកសពរបស់ពួកគេ។ គេមិនអនុញ្ញាតឲ្យបញ្ចុះសពរបស់ពួកគេនៅក្នុងផ្នូរឡើយ។ 10 អស់អ្នកដែលរស់នៅលើផែនដីនឹងមានអំណរ និងអបអរសាទរចំពោះការស្លាប់របស់ពួកគេ។ ពួកគេជូនកាដូរដល់គ្នាទៅវិញទៅមកដល់អស់អ្នកដែលរស់នៅលើផែនដីដោយសារព្យាការីទាំងពីរត្រូវរងទុក្ខវេទនា។ 11 ប៉ុន្តែ បន្ទាប់ពីបីថ្ងៃកន្លះមក ខ្យល់ដង្ហើមនៃជីវិតដែលមកពីព្រះជាម្ចាស់នឹងចូលទៅក្នុងពួកគេ ហើយពួកគេនឹងក្រោកឡើង។ អស់អ្នកដែលបានឃើញព្យាការីទាំងពីរនោះមានការភ័យខ្លាចយ៉ាងខ្លាំង។ 12 បន្ទាប់មក ពួកគេនឹងឮសម្លេងមួយយ៉ាងខ្លាំងពីស្ថានសួគ៌មកកាន់ពួកគេថា៖ «ចូរមកទីនេះ!» បន្ទាប់មក ពួកគេនឹងឡើងទៅក្នុងស្ថានបរមសុខនៅលើពពក ហើយសត្រូវរបស់ពួកគេនឹងសម្លឹងមើលពួកគេ។ 13 នៅពេលនោះ នឹងមានការរញ្ជួយដីយ៉ាងខ្លាំង មួយភាគដប់នៃក្រុងនឹងត្រូវរលំ។ មនុស្សប្រាំពីរពាន់នាក់នឹងត្រូវស្លាប់ដោយសាររញ្ជួយដីនោះ ហើយអ្នកដែលនៅរស់នឹងមានការភ័យខ្លាច ហើយនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៃស្ថានបរមសុខ។ 14 ទុក្ខវេទនាទីពីរបានកន្លងផុតទៅ។ មើល៍! ទុក្ខវេទនាទីបីនឹងមកជាឆាប់។ 15 ទេវតាទីប្រាំពីរផ្លុំត្រែរបស់គាត់ ហើយមានសម្លេងយ៉ាងខ្លាំងពីស្ថានបរមសុខមកថា៖ «អាណាចក្ររបស់ពិភពលោកបានត្រឡប់ទៅជាអាណាចក្ររបស់ព្រះអម្ចាស់ និងរបស់ព្រះគ្រិស្តនៃយើង។ ព្រះអង្គនឹងសោយរាជ្យជារៀងរហូតតទៅ»។ 16 បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួនដែលអង្គុយនៅលើបល័្លង្កនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្រាបមុខចុះ ថ្វាយបង្គំព្រះជាម្ចាស់។ 17 ពួកគេនិយាយថា «យើងអរព្រះគុណដល់ព្រះអង្គ ទ្រង់ជាព្រះអម្ចាស់ដ៏មានឬទ្ធានុភាព ជាព្រះអង្គដែលគង់នៅតាំងពីដើម ឥឡូវនេះ ព្រះអង្គបានយកអំណាចដ៏ធំរបស់ព្រះអង្គ ហើយបានចាប់ផ្តើមសោយរាជ្យ។ 18 ប្រជាជាតិផ្សេងៗមានកំហឹង ប៉ុន្តែ សេចក្តីក្រោធរបស់ព្រះអង្គបានមកដល់ហើយ។ ពេលវេលាដល់កំណត់ហើយ សម្រាប់ពួកអ្នកស្លាប់ដើម្បីទទួលការជំនុំជម្រះ និងសម្រាប់ផ្តល់រង្វាន់ដល់ព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ អស់អ្នកដែលជាអ្នកជឿ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះនាមព្រះអង្គ ទាំងអ្នកតូច និងអ្នកធំ។ ពេលកំណត់មកដល់ហើយសម្រាប់ព្រះអង្គ ក្នុងការបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីទាំងមូល»។ 19 បន្ទាប់មក ព្រះវិហារនៅក្នុងស្ថានសួគ៌ត្រូវបានបើក ហើយហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះអង្គបានឃើញនៅក្នុងព្រះវិហាររបស់ព្រះអង្គ។ មានផ្លេកបន្ទោរ មានសូរសន្ធឹក មានផ្គរលាន់ មានរញ្ជួយដី និងមានព្យុះព្រឹលយ៉ាងធំ។


ជំពូក 12

1 ឃើញមានទីសម្គាល់មួយយ៉ាងធំនៅស្ថានសួគ៌៖ មានស្រី្តម្នាក់ ស្លៀកពាក់ដោយសារព្រះអាទិត្យ ហើយព្រះច័ន្ធនៅក្រោមជើងនាង ហើយមានមកុដផ្កាយដប់ពីរនៅលើក្បាលរបស់នាង។ 2 នាងមានផ្ទៃពោះ ហើយនាងយំឈឺចាប់យ៉ាងខ្លាំង ដូចឈឺចាប់ពេលសម្រាលកូន។ 3 ឃើញមានទីសម្គាល់មួយផ្សេងទៀតនៅក្នុងស្ថានសួគ៌៖ មើល៍!​ មានសត្វនាគក្រហមមួយយ៉ាងធំ ដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយមានមកុដប្រាំពីរនៅលើក្បាលរបស់វា។ 4 កន្ទុយរបស់វាបានកៀរយកផ្កាយមួយភាគ​​​បីនៅក្នុងស្ថានសួគ៌ ហើយបោះទម្លាក់ពួកគេទៅក្នុងផែនដី។ សត្វនាគឈរនៅចំពោះស្រី្តដែលរៀបនឹងសម្រាលកូន ដើម្បីស៊ីកូនរបស់នាង នៅពេលនាងសម្រាលកូននោះ។ 5 នាងបានសម្រាលកូនប្រុសមួយ ដែលនឹងត្រូវគ្រប់គ្រងលើប្រជាជាតិទាំងអស់ដោយដំបងដែក។ កូនប្រុសរបស់នាងនឹងត្រូវបានឆក់យកទៅឯព្រះជាម្ចាស់ និងទៅឯបល័ង្ករបស់ព្រះអង្គ។ 6 ហើយស្រី្តនោះបានរត់ទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះជាម្ចាស់បានរៀបចំសម្រាប់នាង ដើម្បីឲ្យនាងបានទទួលការមើលថែក្នុងរយៈពេល ១២៦០ថ្ងៃនៅទីនោះ។ 7 ឥឡូវនេះ មានសង្គ្រាមនៅស្ថានសួគ៌។ មហា​ទេវតា​មីកែល និងពួកទេវតាធ្វើសង្គ្រាមជាមួយនឹងសត្វនាគ ហើយសត្វនាគ និងពួកទេវតារបស់វាក៏បានច្បាំងតបតវិញដែរ។ 8 ប៉ុន្តែ សត្វនាគមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះបានទេ។ ដូច្នេះ នៅស្ថានបរមសុខលែងមានកន្លែងសម្រាប់វា និងពួកទេវតារបស់វាទៀតហើយ។ 9 សត្វនាគដ៏ធំ គឺជាសត្វពស់បុរាណដែលហៅថា មារ ឬសាតាំង គឺជាអ្នកបោកប្រាស់ពិភពលោកទាំងមូល ត្រូវបោះចូលមកលើផែនដី រួមជាមួយនឹងពួកទេវតារបស់វាក៏ត្រូវបោះចោលមកជាមួយវាដែរ។ 10 បន្ទាប់មក ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅស្ថានបរមសុខថា៖ «ពេលនេះ សេចក្តីសង្គ្រោះ ព្រះចេស្តា និងព្រះរាជ្យរបស់ព្រះជាម្ចាស់នៃយើង និងសិទ្ធិអំណាចរបស់ព្រះគ្រិស្តបានមកដល់ហើយ។ ដ្បិត មេចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះ ពួកគេហើយដែលចោទប្រកាន់បងប្អូនយើងនៅចំពោះព្រះជាម្ចាស់នៃយើងទាំងយប់ទាំងថ្ងៃនោះ។ 11 ពួកគេបានយកឈ្នះវាដោយសារលោហិតរបស់កូនចៀម និងពាក្យនៃទីបន្ទាល់របស់ពួកគេ ដើម្បីពួកគេមិនបានស្រឡាញ់ជីវិតរបស់ពួកគេទេ ទោះបីជាពួកគេស្លាប់ក្តី។ 12 ដូច្នេះហើយ ឱស្ថានសួគ៌ និងពួកអ្នកដែលនៅស្ថានសួគ៌អើយ ចូរមានអំណរឡើង។ ប៉ុន្តែ វេទនាដល់ផែនដី និងសមុទ្រ ដោយសារមារបានចុះមកឯអ្នកហើយ។ វាពេញដោយកំហឹង ដោយសារវាដឹងថា វាមានពេលតែបន្តិចទៀតទេ។ 13 នៅពេលសត្វនាគដឹងថា វាត្រូវបានទម្លាក់មកលើផែនដី វាបានដេញតាមស្រ្តីដែលសម្រាលបានកូនប្រុសនោះ។ 14 ប៉ុន្តែ ស្រ្តីនោះបានទទួលស្លាបរបស់ឥន្ត្រីដ៏ធំពីរ ដើម្បីឲ្យនាងអាចរត់គេចទៅកន្លែងដែលបានរៀបចំទុកសម្រាប់នាងនៅក្នុងទីរហោស្ថាន។ នេះគឺជាកន្លែងដែលនាងត្រូវបានមើលថែ មួយពេល មួយពេល និងកន្លះពេល ចេញពីវត្តមានរបស់សត្វពស់។ 15 សត្វពស់បានព្រួសពិសចេញពីមាត់របស់វាដូចជាទឹកទន្លេ ដើម្បីឲ្យមានជាទឹកជំនន់បំផ្លាញនាង។ 16 ប៉ុន្តែ ផែនដីបានជួយនាង។ ផែនដីបានបើកមាត់របស់វាឡើង ហើយលេបទឹកទន្លេដែលសត្វនាគបានព្រួសពិសចេញពីមាត់របស់វានោះ។ 17 បន្ទាប់មក សត្វនាគមានកំហឹងជាខ្លាំងចំពោះស្រ្តីនោះ ហើយបានចេញទៅធ្វើសង្គ្រាមជាមួយពូជពង្សទាំងអស់របស់នាង អស់អ្នកដែលស្តាប់បង្គាប់បញ្ជារបស់ព្រះជាម្ចាស់ ហើយកាន់ខ្ជាប់បន្ទាល់របស់ព្រះយេស៊ូ។ 18 បន្ទាប់មក សត្វពោះបានឈរឡើងនៅលើដីខ្សាច់នៅមាត់សមុទ្រ។


ជំពូក 13

1 បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវបានលេចមកពីសមុទ្រ។ វាមានស្នែងដប់ ហើយក្បាលប្រាំពីរ។ នៅលើស្នែងរបស់វា មានមកុដដប់ ហើយនៅលើក្បាលនីមួយៗរបស់វាមានឈ្មោះដែលប្រមាថព្រះជាម្ចាស់។ 2 សត្វសាហាវ ដែលខ្ញុំបានឃើញនេះ មានរាងដូចជាខ្លារខិន។ ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។ សត្វនាគបានប្រគល់អំណាចរបស់វាទៅសត្វសាហាវ និងបល័្លង្ក ព្រមទាំងសិទ្ធិអំណាចដ៏ធំរបស់វាឲ្យសត្វសាហាវគ្រប់គ្រង។ 3 ក្បាលមួយរបស់សត្វសាហាវហាក់បីដូចជាត្រូវបានសម្លាប់ ប៉ុន្តែរបួសរបស់វាបានជាសះស្បើយវិញ។ ផែនដីទាំងមូលមានការស្ងប់ស្ញែង ហើយពួកគេដើរតាមសត្វសាហាវនោះ។ 4 ពូកគេក៏ថ្វាយបង្គំសត្វនាគ ដើម្បីវាបានប្រគល់សិទ្ធិអំណាចទៅសត្វសាហាវនោះ។ ពួកគេក៏ថ្វាយបង្គំសត្វសាហាវនេះដែរ ហើយបន្តនិយាយថា «តើអ្នកណាដូចជាសត្វសាហាវនេះ?» ហើយតើអ្នកណាអាចតយុទ្ធជាមួយវាបាន?» 5 សត្វសាហាវត្រូវបានទទួលអំណាចក្នុងការនិយាយពាក្យប្រមាថព្រះជាម្ចាស់។ វាត្រូវបានអនុញ្ញាតឲ្យប្រើសិទ្ធិអំណាចក្នុងរយៈពេលសែសិបពីរខែ។ 6 ដូច្នេះ សត្វសាហាវបានបើកមាត់របស់វានិយាយពាក្យប្រមាថទាស់នឹងព្រះជាម្ចាស់ វាប្រមាថព្រះនាមរបស់ព្រះអង្គ នៅកន្លែងដែលវារស់នៅ ហើយនិងអស់អ្នកដែលរស់នៅស្ថានសួគ៌។ 7 សត្វសាហាវត្រូវបានអនុញ្ញាតឲ្យធ្វើសង្គ្រាមជាមួយពួកអ្នកជឿ និងដើម្បីយកឈ្នះលើពួកគេ។ ហើយត្រូវបានប្រគល់សិទ្ធិអំណាចដល់គ្រប់ទាំងអំបូរ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រជាជាតិផងដែរ។ 8 អស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា អស់អ្នកដែលមិនបានសរសេរឈ្មោះ តាំងពីដើមកំណើតនៃពិភពលោក និងនៅក្នុងសៀវភៅនៃជីវិត ដែលជាកម្មសិទ្ធិរបស់កូនចៀម ដែលត្រូវគេសម្លាប់។ 9 អស់អ្នកដែលមានត្រចៀក ចូរឲ្យអ្នកនោះស្តាប់ចុះ។ 10 ប្រសិនបើ នរណាម្នាក់ជាប់ជាឈ្លើយ អ្នកនោះនឹងធ្លាក់ទៅជាឈ្លើយវិញ។ បើអ្នកណាត្រូវគេសម្លាប់ដោយមុខដាវ អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនេះគឺជាពេលដែលពួកបរិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ។ 11 បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀតបានចេញមកពីផែនដី។ វាមានស្នែងពីរដូចជាកូនចៀម ហើយវានិយាយដូចជាសត្វនាគ។ 12 វាប្រើសិទ្ធិអំណាចរបស់សត្វសាហាវទីមួយទាំងអស់ ហើយបានធ្វើឲ្យផែនដី និងអស់អ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយនោះ ជាសត្វដែលមានរបួសស្ទើស្លាប់ តែបានជាសះស្បើយវិញ។ 13 វាបានសម្ដែងការអស្ចារ្យជាច្រើន។ វាអាចធ្វើសូម្បីតែឲ្យភ្លើងពីស្ថានសួគ៌ធ្លាក់មកលើផែនដីមកលើមនុស្សលោក។ 14 ដោយសារ វាបានទទួលការអនុញ្ញាណឲ្យធ្វើទីសម្គាល់ទាំងនេះ។ វាបានបោកប្រាស់អស់អ្នកដែលរស់នៅលើផែនដី វាត្រូវបានប្រាប់ឲ្យមនុស្សឆ្លាក់រូបដើម្បីថ្វាយបង្គំសត្វសាហាវដែលមានមានរបួសដោយដាវ ប៉ុន្តែ នៅមានជីវិតរស់។ 15 វាត្រូវបានអនុញ្ញាតឲ្យផ្តល់ខ្យល់ដង្ហើមដល់រូបឆ្លាក់របស់សត្វសាហាវ ដើម្បីឲ្យរូបឆ្លាក់នោះអាចនិយាយបាន ហើយធ្វើឲ្យអស់អ្នកដែលបដិេសធមិនថ្វាយបង្គំសត្វនោះស្លាប់បាន។ 16 វាក៏បង្ខំដល់មនុស្សគ្រប់គ្នាដែរ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងអ្នកមានសេរីភាព និងអ្នកបម្រើ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្តាំ ឬនៅលើថ្ងាស់របស់ពួកគេ។ 17 មនុស្សគ្រប់គ្នាមិនអាចទិញ ឬលក់បានទេ ប្រសិនបើ ពួកគេគ្មានសញ្ញាសម្គាល់ ឬលេខដើម្បីបង្ហាញពីឈ្មោះរបស់សត្វសាហាវនោះទេ។ 18 ការនេះ ត្រូវការប្រាជ្ញា។ ប្រសិនបើ នរណាមានការយល់ដឹង ចូរឲ្យអ្នកនោះរាប់ចំនួនរបស់សត្វសាហាវចុះ។ ដ្បិត វាជាចំនួននៃមនុស្សលោក។ ចំនួនរបស់វាគឺ ៦៦៦។


ជំពូក 14

1 ខ្ញុំបានមើល ហើយឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន។ នៅជាមួយព្រះអង្គ ខ្ញុំឃើញមានមនុស្សដែលមានសរសេរព្រះនាមរបស់ព្រះអង្គ និងព្រះបិតារបស់ព្រះអង្គនៅលើថ្ងាស់របស់ពួកគេមានចំនួន ១៤៤០០០នាក់។ 2 ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ ដូចជាសម្លេងនៃទឹកជាច្រើន និងសម្លេងផ្គរលាន់យ៉ាងខ្លាំង។ សម្លេងដែលខ្ញុំបានឮដូចជាសម្លេងរបស់អ្នកលេងពិន កំពុងលេងពិនរបស់ពួកគេ។ 3 ពួកគេច្រៀងចម្រៀងបទថ្មី នៅចំពោះបល័្លង្ក និងនៅចំពោះសត្វមានជីវិតទាំងបួន និងពួកចាស់ទុំផង។ គ្មាននរណាអាចរៀនចម្រៀងនោះបានទេ លើកលែងតែពួកអ្នក ១៤៤០០០នាក់ ដែលបានរំដោះពីផែនដីមកទេ។ 4 មានម្នាក់ដែលមិនបានធ្វើឲ្យខ្លួនឯងប្រឡាក់ដោយសារស្រ្តីនោះ ដ្បិត ពួកគេបានការពារខ្លួនគេឲ្យបានបរិសុទ្ធ។ អ្នកទាំងនេះគឺជាអ្នកដែលដើរតាមកូនចៀមគ្រប់កន្លែងដែលកូនចៀមទៅ។ ពួកគេត្រូវបានរំដោះពីមនុស្សលោក ជាផលដំបូងសម្រាប់ព្រះជាម្ចាស់ និងសម្រាប់កូនចៀម។ 5 គ្មានការកុហករកឃើញនៅក្នុងមាត់របស់ពួកគេឡើយ ពួកគេជាមនុស្សគ្មានកំហុស។ 6 ខ្ញុំបានឃើញទេវតាហោះនៅលើអាកាស ដែលបានប្រកាសសារនៃដំណឹងល្អដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលរស់នៅផែនដី ដល់គ្រប់ប្រជាជាតិអំបូរ​ និងភាសា និងគ្រប់ជនជាតិ។ 7 គាត់ប្រកាសដោយសម្លេងខ្លាំងៗថា៖ «ចូរកោតខ្លាចដល់ព្រះ អង្គនិងថ្វាយសិរីរុងរឿងអដល់ព្រះអង្គ រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយផង»។ 8 ទេវតាមួយទៀត ទេវតាទីពីរ បាននិយាយបន្តថា៖ «រលំហើយ បាប៊ីឡូនដ៏ធំរលំហើយ ដែលបានបង្ខំឲ្យប្រជាជាតិនានាផឹកស្រានៃអំពើអសីលធម៌របស់នាង»។ 9 ទេវតាមួយទៀត ទេវតាទីបី បានមកតាមក្រោយពួកគេ និយាយជាមួយសម្លេងខ្លាំងថា៖ «ប្រសិនបើ នរណាថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស់ ឬនៅលើដៃរបស់ខ្លួន។ 10 អ្នកនោះនឹងផឹកស្រានៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដូចគ្នាដែរ ហើយស្រាដែលបានចាក់នោះមិនលាយជាមួយពែងនៃសេចក្តីក្រោធរបស់ព្រះអង្គទេ។ មនុស្សដែលផឹកវា នឹងទទួលការឈឺចាប់ដោយភ្លើង និងស្ពាន់ធ័រ នៅចំពោះទេវតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងនៅចំពោះកូនចៀម។ 11 ផ្សែងដែលងហុយចេញពីការធ្វើទារុណកម្មនឹងហុយឡើងរហូតអស់កល្បជានិច្ច ហើយពួកគេគ្មានការសម្រាក ទោះបើថ្ងៃឬយប់ក្តី គឺអស់អ្នកដែលថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយអស់អ្នកដែលទទួលសញ្ញាសម្គាល់នៃឈ្មោះរបស់វា។ 12 ពេលនេះគឺជាពេលដែលពួកដ៏វិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ អស់អ្នកដែលស្តាប់បង្គាប់បញ្ចារបស់ព្រះ និងមានជំនឿលើព្រះយេស៊ូ។ 13 ខ្ញុំបានឮសម្លេងពីស្ថានសួគ៌មកថា៖ «ចូរសរសេរការនេះ៖ មានពរហើយអស់អ្នកដែលស្លាប់ គឺអ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់»។ ព្រះវិញ្ញាណមានបន្ទូលថា៖ «មែនហើយ ដើម្បីឲ្យពួកគេបានសម្រាកពីការធ្វើការ ដើម្បីការប្រព្រឹត្តរបស់ពួកគេនឹងតាមគេជាប់»។ 14 ខ្ញុំសម្លឹងមើល ហើយមានពពកពណ៌សមួយដុំ។ មានម្នាក់អង្គុយនៅលើពពកដូចជាកូនមនុស្ស។ ព្រះអង្គមានមកុដមាសនៅលើព្រះសិរសាររបស់ព្រះអង្គ ហើយមានកណ្ដៀវយ៉ាងមុតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ 15 បន្ទាប់មក មានទេវតាផ្សេងទៀតចេញពីព្រះវិហារ ហើយហៅដោយសម្លេងយ៉ាងខ្លាំង ដល់ព្រះដែលគង់នៅលើពពកថា៖ «ចូរយកកណ្តៀវ ហើយចាប់ផ្តើមច្រូតចុះ ដ្បិតដល់ពេលដែលត្រូវច្រូតហើយ ព្រោះចម្រូតនៃផែនដីទុំហើយ»។ 16 បន្ទាប់មក ព្រះអង្គដែលគង់នៅលើពពកបានបោះកណ្តៀវមកផែនដី ដ្បិតផែនដីបានទុំហើយ។ 17 ទេវតាមួយទៀតបានចេញមកពីព្រះវិហារនៅស្ថានសួគ៌ គាត់ក៏មានកណ្ដៀវមួយយ៉ាងមុតដែរ។​ 18 ហើយក៏មានទេវតាមួយទៀតបានចេញមកពីកន្លែងថ្វាយតង្វាយគ្រឿងក្រអូប ជាអ្នកដែលមានសិទ្ធិអំណាចលើភ្លើង។ គាត់បានស្រែកឡើងដោយសម្លេងខ្លាំងទៅម្នាក់ដែលមានកណ្តៀវមុតថា៖ «ចូរយកកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរពីចង្ការទំពាំងបាយជូរនៅផែនដី ដ្បិត ទំពាំងបាយជូររបស់ពួកគេទុំហើយ»។ 19 ទេវតានោះបានបោះកណ្តៀវរបស់គាត់ទៅលើផែនដី ហើយបានច្រូតកាត់ប្រមូលទំពាំងបាយជូរនៅលើផែនដី។ គាត់បានបោះវាទៅធុងបញ្ជាន់ដ៏ធំនៃសេចេក្តីក្រោធរបស់ព្រះជាម្ចាស់។ 20 ធុងបញ្ជាន់ទំពាំងបាយជូរនោះត្រូវបានគេយកទៅជាន់នៅខាងក្រៅក្រុងដែរ ហើយឈាមដែលចេញពីវា ឡើងរហូតដល់កម្ពស់នៃមាត់សេះ ចម្ងាយ​ប្រមាណ​មួយ​ពាន់​ប្រាំ​មួយ​រយ​ស្ដាដ​។


ជំពូក 15

1 បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់ដ៏អស្ចារ្យ និងគួរឲ្យខ្លាចផ្សេងទៀតនៅស្ថានបរមសុខ គឺមានទេវតាប្រាំពីរជាមួយនឹងគ្រោះកាចទាំងប្រាំពីដែរ ដែលជាគ្រោះកាចចុងក្រោយ ដ្បិតគ្រោះកាចទាំងនោះនឹងធ្វើឲ្យសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានសម្រេច។ 2 ខ្ញុំបានឃើញសមុទ្រកែវលាយជាមួយភ្លើង។ អស់អ្នកដែលឈរនៅជិតសមុទ្រនោះគឺជាអ្នកដែលមានជ័យជម្នះលើសត្វសាហាវ និងរូបចម្លាក់របស់វា ហើយយកឈ្នះលេខតំណាងឈ្មោះរបស់វាដែរ ពួកគេកាន់ពិនដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេផង។ 3 ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាចម្រៀងរបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ និងព្រះដ៏មានឬទ្ធិចេស្តា ការរាជ្យកិច្ចរបស់ព្រះអង្គអស្ចារ្យ​ ហើយមហិមា ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់ ព្រះអង្គជាស្តេចនៃប្រជាជាតិនានា 4 ឱព្រះអម្ចាស់អើយ តើអ្នកណាមិនខ្លាចព្រះអង្គ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ? ដ្បិតព្រះអង្គតែមួយគត់វិសុទ្ទ។ ប្រជាជាតិទាំងអស់នឹងមក ហើយថ្វាយបង្គំនៅចំពោះព្រះអង្គ ដោយសារកិច្ចការដ៏សុចរិតរបស់ព្រះអង្គបានបើកសម្តែងហើយ»។ 5 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានសម្លឹងមើល ហើយឃើញព្រះវិហារមានព្រះពន្លានៃបន្ទាល់បានបើកចំហនៅស្ថានបរមសុ។ 6 ចេញពីទីវិសុទ្ធបំផុតមានទេវតាប្រាំពីរកាន់គ្រោះកាចទាំងប្រាំពីរ។ ពួកគេបានស្លៀកពាក់ដោយក្រណាត់ឯកស ភ្លឺហើយមានខ្សែក្រវាត់នៅជុំវិញដើមទ្រូងរបស់ពួកគេ។ 7 សត្វមួយនៃសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសពេញដោយសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទៅកាន់ទេវតាទាំងប្រាំពីរ ដែលរស់នៅអស់កល្បរៀងដរាបតទៅ។ 8 ព្រះវិហារបានពេញដោយផ្សែងចេញពីសិរីល្អរបស់ព្រះជាម្ចាស់ និងចេញពីអំណាចរបស់ព្រះអង្គ។ គ្មាននរណាម្នាក់អាចចូលទៅក្នុងបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានសម្រេច។


ជំពូក 16

1 ខ្ញុំបានឮសម្លេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក ហើយនិយាយទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាត់នៅលើផែនដី ពែងនៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់»។ 2 ទេវតាទីមួយបានចេញទៅ​ ហើយចាកចេញពីពែងរបស់គាត់នៅលើផែនដី ធ្វើឲ្យមានដំបៅដ៏អាក្រក់ និងឈឺចាប់យ៉ាងខ្លាំងនៅលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វសាហាវ គឺអស់អ្នកដែលថ្វាយរូបចម្លាក់របស់វា។ 3 ទេវតាទីពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងសមុទ្រ។ បានត្រឡប់ទៅជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយសត្វដែលមានជីវិតនៅក្នុងសមុទ្រទាំងអស់បានស្លាប់។ 4 ទេវតាទីបួនបានចាក់ពេញពីពែងរបស់គាត់ទៅក្នុងទន្លេ និងប្រភពទឹកផ្សេងៗ ហើយទន្លេង និងប្រភពទឹកផ្សេងៗនោះបានត្រឡប់ទៅជាឈាមទាំងអស់។ 5 ខ្ញុំបានឮទេវតារបស់ទឹកនិយាយថា៖ «ព្រះអង្គសុចរិត ព្រះអង្គមាននៅសព្វថ្ងៃ និងមាននៅតាំងពីដើម ទ្រង់វិសុទ្ធ ដ្បិតព្រះអង្គបានជំនុំជម្រះកិច្ចការទាំងនេះ។ 6 ដ្បិត ពួកគេបានបង្ហូរឈាមរបស់ពួកអ្នកជឿ និងពួកព្យាការី ព្រះអង្គបានឲ្យឈាមទៅពួកគេផឹក ពួកគេសមនឹងទទួលបែបនេះ»។ 7 ខ្ញុំបានឮសម្លេងឆ្លើយតបពីកន្លែងថ្វាយដង្វាយថា៖​ «ពិតមែនហើយ ព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្តាអើយ សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។ 8 ទេវតាទីបួនបានចាកចេញពីពែងរបស់គាត់ទៅលើព្រះអាទិត្យ ហើយ ព្រះអាទិត្យបានទទួលការអនុញ្ញាតឲ្យដុតមនុស្សឲ្យខ្លោចដោយសារភ្លើង។ 9 ពួកគេត្រូវបានខ្លោចដោយសារកម្តៅយ៉ាងខ្លាំង ហើយពួកគេបានប្រមាថដល់ព្រះនាមរបស់ព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនោះ។ ពួកគេមិនបានប្រែចិត្ត ឬថ្វាយសិរីរុងរឿងដល់ព្រះអង្គទេ។ 10 បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់នៅលើបល័្លង្ករបស់សត្វសាហាវនោះ ហើយភាពងងឹតបានគ្របបាំងលើអាណាចក្ររបស់វា។ ពួកគេបានខាំអណ្តាតរបស់ពួកគេដោយសារតែការឈឺចាប់។ 11 ពួកគេបានជេប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយសារតែការឈឺចាប់ និងដំបៅផ្សេងៗ ហើយពួកគេនៅតែបដិសេធមិនព្រមប្រែចិត្តចេញពីអ្វីដែលពួកគេបានធ្វើឡើយ។ 12 ទេវតាទីប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងទន្លេដ៏ធំគឺទន្លេ​អឺប្រាត ។ ទន្លេ​អឺប្រាតបានរីងស្ងួត ដើម្បីរៀបចំផ្លូវថ្វាយស្តេចដែលនឹងយាងមកពីទិសខាងកើត។ 13 ខ្ញុំបានឃើញវិញ្ញាណមិនស្អាតបីដែលមើលទៅដូចជាសត្វកង្កែបចេញមកពីមាត់របស់សត្វនាគ ចេញពីមាត់សត្វសាហាវ និងចេញពីមាត់របស់ពួកព្យាការីក្លែងក្លាយផងដែរ។ 14 ដ្បិតពួកវាគឺជាវិញ្ញាណរបស់អារក្សដែលធ្វើទីសម្គាល់អស្ចារ្យផ្សេងៗ។ ពួកគេបានចេញមកឯស្តេចផ្សេងៗនៅក្នុងពិភពលោកទាំងមូល ដើម្បីប្រមែលប្រមូលស្តេចទាំងនោះ ច្បាំងជាមួយព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តានៅថ្ងៃដ៏អស្ចារ្យនោះ។ 15 (មើល៍! ខ្ញុំនឹងមកដូចជាចោរ! មានពរហើយ អស់អ្នកណាដែលប្រុងស្មារតី រក្សាសម្លៀកបំពាក់នៅជាប់នឹងខ្លួន ដើម្បីកុំឲ្យគាត់ចេញទៅដោយអាក្រាត ហើយពួកគេបានឃើញភាពអាម៉ាស់របស់ខ្លួនឡើយ»)។ 16 ពួកគេបាននាំគ្នានៅត្រង់កន្លែងមួយដែលគេហៅជាភាសាហេប្រឺថា៖ «អើម៉ា‌គេដូន»។ 17 បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងអាកាស។ បន្ទាប់មក មានសម្លេងយ៉ាងខ្លាំងចេញពីព្រះវិហារ និងចេញពីបល័្លង្កមកថា៖ «សម្រេចហើយ!» 18 មានផ្លេកបន្ទោរ ឮសូរសន្ធឹក សម្លេងផ្ទរលាន់ រញ្ជួយដីខ្លាំងជាងការរញ្ជួយដីដែលធ្លាប់កើតឡើងណាណាទាំងអស់ ចាប់តាំងពីមនុស្សមានលើផែនដីនេះ ការរញ្ជួយដីនេះ ខ្លាំងណាស់។ 19 ទីក្រុងដ៏ធំត្រូវបានបែកចេញជាបីចំណែក ហើយទីក្រុងរបស់ប្រជាជាតិផ្សេងៗក៏ត្រូវរលំដែរ។ បន្ទាប់មក ព្រះជាម្ចាស់បាននឹកដល់អាណាចក្របាប៊ីឡូនដ៏ធំ ហើយព្រះអង្គបានចាក់ស្រាទៅក្នុងពែងដែលធ្វើចេញពីសេចក្តីក្រោធរបស់ព្រះអង្គទៅឲ្យទីក្រុងនោះ។ 20 កោះទាំងឡាយបាត់ស្រមោល ហើយភ្នំទាំងឡាយក៏លែងឃើញទៀតដែរ។ 21 មានព្រិលទឹកកកយ៉ាងខ្លាំង គ្រាប់ព្រិលដែលធ្លាក់ពីមេឃមកលើមនុស្ស មានទម្ងន់ប្រហែលជាសែសិបប្រាំគីឡូក្រាម។ ពួកគេជេប្រមាថព្រះជាម្ចាស់ដោយព្រោះគ្រោះកាចនៃព្រិលនេះ ដ្បិត គ្រោះកាចនោះអាក្រក់ខ្លាំងណាស់។


ជំពូក 17

1 ទេវតាមួយនៃទេវតាទាំងប្រាំពីរដែលបានកាន់ពែងទាំងប្រាំពីរបានមក ហើយប្រាប់មកខ្ញុំថា៖​«មក ខ្ញុំនឹងបង្ហាញអ្នកពីការកាត់ទោសស្រី្តពេស្យាដ៏ល្បី ដែលអង្គុយនៅលើទឹកជាច្រើន។ 2 ស្តេចជាច្រើននៅលើផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង។ មនុស្សម្នារដែលរស់នៅលើផែនដីបានស្រវឹងជាមួយនឹងស្រានៃអំពើអសីលធម៌ខាងផ្លូភេទ។ 3 បន្ទាប់មក ទេវតាបាននាំខ្ញុំទៅទីរហោស្ថានដោយវិញ្ញាណ ហើយខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយនៅលើសត្វ​មួយ​សម្បុរ​ក្រហមទែង មានឈ្មោះពេញខ្លួនជាពាក្យប្រមាថព្រះជាម្ចាស់។ សត្វសាហាវនោះមានក្បាលប្រាំពីរ និងស្នែងដប់។ 4 ហើយស្រ្តីនោះស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រហមទែង ព្រមទាំងតុបតែដោយមាស ត្បូង និងគជ់ដ៏មានតម្លៃ។ នាងបានកាន់ពែងមាសនៅក្នុងដៃពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្តីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។ 5 នៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះដែលមានន័យអាថ៌កំបាំងថា៖ «បាប៊ីឡូនដ៏ធំ ម្តាយនៃស្ត្រីពេស្យា និងសេចក្តីស្អប់ខ្ពើមរបស់ផែនដី»។ 6 ខ្ញុំបានឃើញស្ត្រីនោះស្រវឹងជាមួយនឹងឈាមរបស់ពួកគេអ្នកជឿ និងឈាមរបស់ពួកអ្នកដែលជាសាក្សីរបស់ព្រះយេស៊ូ។ នៅពេលខ្ញុំបានឃើញនាង ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង។ 7 ប៉ុន្តែ ទេវតានិយាយមកកាន់ខ្ញុំថា «ហេតុអ្វីបានជាលោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំនឹងពន្យល់អត្ថន័យដល់អ្នកពីស្រី្ត និងពីសត្វសាហាវដែលនាងកំពុងជិះ គឺជាសត្វសាហាវដែលមានក្បាលប្រាំពីរ និងស្នែងដប់។ 8 សត្វសាហាវដែលអ្នកបានឃើញពីមុន គ្នានទៀតនៅពេល ហើយវារៀបនឹងចេញមកពីរណ្តៅដ៏ជ្រៅ។ បន្តាប់មកវានឹងទៅកន្លែងហិនវិនាស។ អស់អ្នកដែលរស់នៅលើផែនដី អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិត តាំងពីដើមកំណើតនៃពិភពលោកទេ ពួកគេនឹងស្រឡាំងកាំង នៅពេលពួកគេឃើញមានសត្វសាហាវដែលពីដើមមានតែឥឡូវលែងមានទៀតហើយ ប៉ុន្តែ វានឹងលេចមក។ 9 នេះគឺត្រូវការគំនិតដែលមានប្រាជ្ញា។ ស្រី្តអង្គុយលើក្បាលប្រាំពីរ និងភ្នំប្រាំពីរនោះ។ ពួកគេក៏ជាស្តេចទាំងប្រាំពីរដែរ។ 10 ស្តេចប្រាំបានដួលរលំ ហើយស្តេចមួយបានលេចមក តែស្តេចមួយអង្គនឹងមិនទាន់លេចមកទេ ពេលស្តេចនោះមកគឺសោយរាជ្យតែមួយរយៈខ្លីប៉ុណ្ណោះ។ 11 សត្វសាហាវដែលមានពីមុន ប៉ុន្តែ ឥឡូវនេះអត់មាន វាក៏ជាស្តេចទីប្រាំបីផងដែរ ប៉ុន្តែ ស្តេចមួយនៃស្តេចទាំងប្រាំពីរ នឹងត្រូវបំផ្លាញ។ 12 ស្នែងដប់ដែលអ្នកបានឃើញគឺស្តេចដប់ដែលមិនទាន់បានទទួលរាជ្យនៅឡើង ប៉ុន្តែ ពួកគេនឹងទទួលសិទ្ធិអំណាចដូចជាស្តេច ក្នុងរយៈពេលមួយម៉ោងជាមួយនិងសត្វសាហាវនោះ។ 13 ពួកគេមានចិត្តគំនិតតែមួយ ហើយពួកគេបានប្រគល់អំណាច និងសិទិ្ធអំណាចរបស់ពួកគេទៅឲ្យសត្វសាហាវ។ 14 ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងកូនចៀម។ ប៉ុន្តែ កូនចៀមនឹងយកឈ្នះពួកគេ ដោយសារព្រះអង្គគឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ហើយអស់អ្នកដែលព្រះអង្គត្រាស់ហៅ និងជ្រើសរើស ព្រមទាំងអស់អ្នកដែលស្មោះត្រង់នឹងនៅជាមួយព្រះអង្គ។ 15 ទេវតាបានប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញ ជាកន្លែងដែលស្រីពេស្យាអង្គុយ គឺជាប្រជាជន បណ្តាជន និងប្រជាជាតិ ព្រមទាំងភាសាផ្សេងៗ។ 16 ស្នែងដប់ដែលអ្នកបានឃើញ ពួកគេ និងសត្វសាហាវនឹងស្អប់ស្រី្តពេស្យានោះ។ ពួកគេនឹងធ្វើឲ្យនាងត្រូវខ្ចាត់ព្រាត់ និងអាក្រាត ពួកគេនឹងត្របាក់លេបរូបកាយរបស់នាង ហើយពួកគេនឹងដុតនាងដោយភ្លើង។ 17 ដ្បិត ព្រះជាម្ចាស់បានដាក់វានៅក្នុងចិត្តរបស់ពួកគេ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដោយឲ្យពួកគេយល់ព្រមក្នុងការប្រគល់អំណាចរបស់ពួកគេទៅសត្វសាហាវ រហូតទាល់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ 18 ហើយស្រ្តីដែលអ្នកឃើញគឺជាទីក្រុងដ៏ធំ ដែលគ្រប់គ្រងលើស្តេចទាំងអស់នៅលើផែនដី»។


ជំពូក 18

1 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឃើញទេវតាមួយទៀតបានចុះពីស្ថានបរមសុខមក។ គាត់មានសិទ្ធិអំណាចយ៉ាងធំ ហើយផែនដីនឹងភ្លឺដោយសារសិរីរុងរឿងរបស់គាត់។ 2 គាត់បានបន្លឺសម្លេងយ៉ាងខ្លាំង និយាយថា៖ «រលំហើយ បាប៊ីឡូនជាទីក្រុងដ៏ធំរលំហើយ! ក្រុងនេះបានត្រឡប់ទៅជាជម្រករបស់ពួកអារក្ស និងជម្រកសម្រាប់វិញ្ញាណស្មោកគ្រោកទាំងអស់ និងជម្រកសម្រាប់វិញ្ញាណមិនស្អាត ព្រមទាំងសំបុកសត្វដែលគួរស្អប់ខ្ពើមទាំងអស់ផងដែរ។ 3 ដ្បិត ប្រជាជាតិទាំងអស់បានស្រវឹងដោយស្រានៃអំពើប្រាស់ចាកសីលធម៌របស់នាង។ ពួកស្តេចនៅផែនដីបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយនាង។ ហើយអ្នកជំនួញនៅផែនដីបានត្រឡប់ទៅជាអ្នកមានដោយសារអំណាចនៃភាពត្រេកត្រអាលនៃការរស់នៅរបស់ទីក្រុងនោះ»។ 4 ខ្ញុំបានឮសម្លេងមួយទៀតពីស្ថានបរមសុខមកថា៖ «ប្រជារាស្រ្តរបស់យើងអើយ! ចូរចេញពីនាងមក! ដើម្បីកុំឲ្យអ្នករាល់គ្នាមានចំណែកនៅក្នុងបាបរបស់នាងឡើយ និងដើម្បីកុំឲ្យអ្នករាល់គ្នាបានទទួលគ្រោះកាចណាមួយរបស់នាងដែរ។ 5 បាបរបស់ក្រុងនោះបានគរឡើងខ្ពស់ស្មើមេឃហើយ ហើយព្រះជាម្ចាស់បានចងចាំអំពើអាក្រក់របស់ក្រុងនោះទាំងអស់។ 6 ចូរសងដល់ក្រុងនោះ តាមអ្វីដែលក្រុងនោះបានធ្វើឲ្យអ្នកផ្សេងដែរ ចូរសងក្រុងនោះទ្វេរដងដើម្បីអ្វីដែលក្រុងនោះបានធ្វើ នៅក្នុងពែងដែលក្រុងនោះបានលាយ ចូរលាយពីរដងនៃចំនួនដែលក្រុងនោះបានលាយដែរ។ 7 ក្រុងនោះបានតម្កើងខ្លួន ហើយរស់នៅក្នុងជីវិតដ៏ ប្រណិតយ៉ាងណា ចូរឲ្យក្រុងនោះមានការឈឺចាប់​ និងកាន់ទុក្ខយ៉ាងនោះដែរ។ ដ្បិត ក្រុងនោះបាននិយាយនៅក្នុងចិត្តរបស់នាងថា៖ «អញនឹងសោយរាជ្យក្នុងនាមជាម្ចាស់ក្សត្រី អញមិនមែនជាស្ត្រីមេម៉ាយឡើយ ហើយអញនឹងមិនកាន់ទុក្ខឡើយ»។​ 8 ដូច្នេះហើយ នៅថ្ងៃមួយ នឹងមានគ្រោះកាចផ្សេងៗកើតឡើយនៅក្នុងក្រុងនោះ ដូចជា៖ សេចក្តីស្លាប់ ការកាន់ទុក្ខ និងគ្រោះ​អត់ឃ្លាន​ជាដើម។ ក្រុងនោះនឹងត្រូវឆេះដោយសារភ្លើង ដ្បិត ព្រះជាអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គមានឬទ្ធិចេស្តា»។ 9 ពួកស្តេចនៃផែនដីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយក្រុងនេះ ហើយបានឈ្លក់រង្វេងជាមួយនឹងក្រុងនេះ នឹងទ្រហោយំ ហើយទួញសោក នៅពេលពួកគេឃើញផ្សែងដែលកំពុងឆេះក្រុងនោះ។ 10 ពួកគេនឹងឈរនៅពីចម្ងាយ ភ័យខ្លាចជាមួយនឹងទារុណកម្មរបស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ បាប៊ីឡូន ជាក្រុងខ្លាំងពូកែ! ដើម្បីសេចក្តីជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។ 11 ពួកអ្នកជំនួញនៅលើផែនដីទ្រហោយំ ហើយកាន់ទុក្ខឲ្យទីក្រុងនោះ តាំងពីពេលនោះមកគ្មាននរណាទិញទំនិញរបស់ទីក្រុងនោះទៀតទេ។ 12 ទំនិញទាំងនោះមានដូចជា៖ មាស ប្រាក់ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ទេស‌ឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមទែងយ៉ាងស្អាត និងឈើក្រអូបគ្រប់ប្រភេទ ភាជនៈដែលធ្វើពីភ្លុកគ្រប់យ៉ាង និងភាជនៈដែលមានតម្លៃបំផុត ធ្វើពីឈើ លង្ហិន ដែក និងពីថ្មកែវ 13 ហើយ​មាន​សំបក​ដើម​សម្បុរល្វែង​ គ្រឿងក្រអូប កំញាន ជ័រល្វីងទេស គ្រឿងក្រអូបសម្រាប់ដុត ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ដ ស្រូវសាលី គោរក្របី និងចៀម ហ្វូងសេះ និងរទេះ ព្រមទាំងទាសករ និងព្រលឹងមនស្សផង។ 14 ផ្លែឈើដែលអ្នកប្រាថ្នាចង់បានយ៉ាងអស់ពីចិត្តនោះ បានចេញពីអ្នកបាត់ទៅហើយ។ អ្វីៗដែលប្រណិតទាំងអស់ និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ រកលែងឃើញទៀតហើយ។ 15 ពួកអ្នកជំនួញនៃរបស់ទាំអស់នេះ ដែលបានក្លាយជាអ្នកមាន ដោយសារក្រុងនេះ នឹងឈរមើលក្រុងនេះ ពីចម្ងាយ ដោយសារមានការភ័យខ្លាចដោយព្រោះការឈឺចាប់របស់ក្រុងនោះ ពួកគេទ្រហោរយំជាខ្លាំង ហើយកាន់ទុក្ខផង។ 16 ពួកគេនឹងនិយាយថា៖ «វេទនាហើយ ទីក្រុងដ៏ធំដែលស្លៀកពាក់​ក្រណាត់​ទេស​ឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមទែង ហើយតុបតែងខ្លួនជាមួយនឹងមាស គ្រឿងអលង្ការ និងគជ់យ៉ាងស្អាតវេទនាហើយ! 17 នៅក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បិត្តទាំងអស់ត្រូវបានបំផ្លាញ»។ អ្នកបើកនាវា អ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រ បានត្រឹមឈរមើលពីចម្ងាយ។ 18 ពួកគេស្រែកឡើងជាខ្លាំង នៅពេលមើលឃើញផ្សែងដែលកំពុងឆេះទីក្រុងនោះ។ ពួកគេនិយាយថា៖ «តើក្រុងណា ដូចក្រុងដ៏ធំនេះបាន?» 19 ពួកគេបាចដីនៅលើក្បាលរបស់ពួកគេ ស្រែកឡើងជាខ្លាំង ទាំងទ្រហោរយំ ព្រមទាំងកាន់ទុក្ខផងថា៖ «វេទនាហើយ ទីក្រុងដ៏ធំវេទនាហើយ ជាទីក្រុងដែលអស់អ្នកដែលមាននាវានៅសមុទ្រ បានក្លាយជាអ្នកមានដោយសារទ្រព្យសម្បត្តិរបស់ទីក្រុងនោះ។ ដ្បិត ទីក្រុងនេះ ត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ»។ 20 ឱស្ថានបរមសុខអើយ ឱពួកអ្នកជឿអើយ ឱពួកសាវ័កអើយ ឱ ពួកព្យាការីអើយ ចូរមានអំណរដោយព្រោះទីក្រុងនេះ ដ្បិត ព្រះជាម្ចាស់បាននាំសេចក្តីជំនុំជម្រះដល់ទីក្រុងនេះហើយ!»។ 21 ទេវតាដ៏ខ្លាំងពូកែម្នាក់បានយកថ្មមួយដូចជាត្បាល់កិន ហើយបោះចូលទៅក្នុងសមុទ្រ និយាយថា៖ «នេះគឺជារបៀបដែលទីក្រុងដ៏ធំរបស់បាប៊ីឡូនត្រូវបោះចោលបែបនេះដែរ គ្មាននរណាអាចឃើញក្រុងនេះទៀតទេ។ 22 គេនឹងលែងឮសម្លេងអ្នកលេងពិណ អ្នកតន្រ្តី អ្នកលេងខ្លុយ អ្នកលេងត្រែនៅក្នុងទីក្រុងនេះទៀតហើយ។ ហើយគេក៏លែងឃើញពួកជាងគ្រប់ប្រភេទនៅក្នុងទីក្រុងនេះទៀតដែរ។ គ្មានសម្លេងត្បាល់កិនក៏លែងឮទៀតដែរ។ 23 ហើយពន្លឺភ្លើងក៏លែងមានពន្លឺនៅក្នុងទីក្រុងនេះទៀតដែរ។ សម្លេងរបស់កូនកម្លោះ និងកូនក្រមុំក៏លែងឮនៅក្នុងក្រុងនេះទៀតដែរ ដ្បិតពួកអ្នកជំនួញរបស់ក្រុងនេះគឺជាអ្នកធំនៅផែនដីនេះ ហើយប្រជាជាតិទាំងឡាងបោកប្រាស់ទីក្រុងនេះដោយសារអំពើមន្តអាគមរបស់ក្រុងនេះដែរ។ 24 នៅក្នុងនេះ ឃើញមានឈាមរបស់ពួកព្យាការី និងពួកអ្នកជឿ ព្រមទាំងឈាមរបស់អ្នកដែលបានសម្លាប់នៅលើផែនដីដែរ។


ជំពូក 19

1 បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានឮសម្លេងដូចជាសម្លេងនៃមនុស្សជាច្រើននៅស្ថានបរមសុខមកថា៖ «ហាលេលូយា សេចក្តីសង្គ្រោះ សិរីរុងរឿង និងអំណាចជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់នៃយើង។ 2 សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ដើម្បីព្រះអង្គបានជំនុំជម្រះស្រ្តីពេស្យាដ៏ល្បីឈ្មោះ ដែលនាំឲ្យផែនដីទាំងមូលអាក្រក់ដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។ ព្រះអង្គបានសងសឹក ដោយព្រោះឈាមរបស់អ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានសម្លាប់»។ 3 ពួកគេបាននិយាយជាលើកទីពីរថា៖ «ហាលេលូយា ផ្សែងហុយចេញពីនាងជារៀងរហូតតទៅ»។ 4 ពួកចាស់ទុំទាំងម្ភៃបួន និងសត្វដែលមានជីវិតទាំងបួនក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក។ ពួកគេបាននិយាយថា៖ «អាម៉ែន ហាលេលូយា»។ 5 បន្ទាប់មក មានសម្លេងចេញពីបល័្លង្កមកថា៖ «ឱអ្នកបម្រើដែលកោតខ្លាចព្រះអង្គ ទាំងអ្នកតូច និងអ្នកធំអើយ សរសើរតម្កើងព្រះជាម្ចាស់នៃយើង»។ 6 បន្ទាប់មក ខ្ញុំបានឮសម្លេងដូចជាសម្លេងរបស់មនុស្សជាច្រើន ដូចជាសម្លេងទឹកជាច្រើន ហើយដូចជាសម្លេងផ្គរលាសន់យ៉ាងខ្លាំង និយាយថា៖ «ហាលេលូយា! ដើម្បីព្រះអម្ចាស់សោយរាជ្យ ព្រះជាម្ចាស់គ្រប់គ្រងលើទាំងអស់។ 7 ចូរយើងរីករាយ ហើយអរសប្បាយ ព្រមទាំងថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលអបអរសាទរអាពាហ៍ពិពាហ៍របស់កូនចៀមហើយ ហើយកូនក្រមុំរបស់ព្រះអង្គក៏ត្រៀមខ្លួនរួចរាល់ហើយ។ 8 នាងត្រូវបានអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់​ទេសឯក​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​» (ដើម្បីក្រណាត់ទេសឯកគឺជាការប្រព្រឹត្តដោយសុចរិតរបស់ពួកដ៏វិសុទ្ធ)។ 9 ទេវតានិយាយមកកាន់ខ្ញុំថា៖ «ចូរសរសេរទុកថា៖ មានពរហើយអស់អ្នកណាដែលបានអញ្ជើញចូលរួមពីធីជប់លៀងរបស់កូនចៀម»។ ទេវតានោះបាននិយាយមកខ្ញុំទៀតថា៖ «សេចក្តីទាំងនេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។ 10 ខ្ញុំបានក្រាបចុះនៅចំពោះជើងរបស់ទេវតានោះ ហើយក៏ថ្វាយបង្គំគាត់ ប៉ុន្តែ ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះ! ខ្ញុំក៏ជាអ្នកបម្រើដូចអ្នក និងបងប្អូនដែលកាន់ខ្ជាប់បន្ទាល់អំពីព្រះយេស៊ូដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតបន្ទាល់របស់ព្រះយេស៊ូគឺជាវិញ្ញាណនៃសេចក្តីទំនាយ»។ 11 បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌ចំហ ហើយខ្ញុំបានសម្លឹងមើល មានសេះសមួយ ព្រះដែលជិះលើវាមានព្រះនាមថា ស្មោះត្រង់ និងពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងធ្វើសង្គ្រោមដោយយុត្តិធម៌។ 12 ព្រះនេត្ររបស់ព្រះអង្គប្រៀបដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសារបស់ព្រះអង្គមានមកុដជាច្រើន។ ព្រះអង្គមានព្រះនាមសរសេរនៅលើព្រះអង្គថា គ្មាននរណាស្គាល់ឡើយ លើកលែងតែព្រះអង្គប៉ុណ្ណោះ។ 13 ព្រះអង្គស្លៀកសម្លៀកពាក់ដែលជ្រលក់ដោយឈាម គេហៅព្រះនាមព្រះអង្គថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ 14 កងទ័ពនៃស្ថានបរមសុខបាននាំគ្នាជិះសេះស និងស្លៀកពាក់ក្រណាត់ទេសឯកយ៉ាងស្អាត ពណ៌ស ហើយតាមព្រះអង្គមក។ 15 មានដាវយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ហើយប្រហារប្រជាជាតិទាំងឡាយ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក។ ព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុងដោយកំហឹងនៃសេចក្តីក្រោធនៃព្រះដ៏មានព្រះចេស្តា។ 16 ព្រះអង្គសរសេរព្រះនាមរបស់ព្រះអង្គនៅលើសម្លៀកបំពាក់ និងនៅលើភ្លៅរបស់ព្រះអង្គថា៖ «សេ្តចលើអស់ទាំងស្តេច ហើយព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ 17 ខ្ញុំបានឃើញទេវតាមួយឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះស្រែកហៅដោយសម្លេងខ្លាំង ដល់សត្វស្លាបដែលហើរនៅលើក្បាលថា៖ «ចូរមកជុំគ្នា ដើម្បីមានពិធីជប់លៀងរបស់ព្រះជាម្ចាស់យ៉ាងធំ។ 18 ចូរមកបរិភោគសាច់របស់ស្តេច សាច់របស់មេទ័ព សាច់របស់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់របស់អ្នកជិះលើវា ព្រមទាំងសាច់របស់មនុស្សទាំងអស់ ទាំងអ្នកមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច និងអ្នកធំផង»។ 19 ខ្ញុំបានឃើញសត្វសាហាវ និងពួកស្តេចរបស់ផែនដី ជាមួយនឹងពួកទាហានរបស់ពួកគេ។ ពួកគេបានប្រមូលគ្នា ដើម្បីធ្វើសង្គ្រាមជាមួយនឹងព្រះដែលជិះសេះមកជាមួយនឹងកងទ័ពរបស់ព្រះអង្គ។ 20 សត្វសាហាវត្រូវចាប់បាន ជាមួយនឹងព្យាការីក្លែងក្លាយរបស់វា ដែលបានធ្វើទីសម្គាល់ផ្សេងៗនៅចំពោះមុខរបស់វា។ ជាមួយនឹងទីសម្គាល់ទាំងនោះ វាបានបោកប្រាស់អស់អ្នកដែលបានទទួលសញ្ញាសម្គាល់របស់សត្វសាហាវ និងអ្នកដែលបានថ្វាយបង្គំរូបចម្លាក់របស់វាដែរ។ គេបានបោះពួកគេទាំងពីរទាំងរស់ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ 21 រីឯអ្នកឯទៀតៗត្រូវបានស្លាប់ដោយសារដាវដែលបានចេញពីព្រះឱស្តរបស់ព្រះដែលគង់នៅលើសេះ។ សត្វស្លាបទាំងអស់បានស៊ីសាកសពរបស់ពួកគេ។


ជំពូក 20

1 បន្ទាប់មក ខ្ញុំបានឃើញទេវតាចុះពីស្ថានសួគ៌មក។ ទេវតានោះមានកូនសោរស្ថានអវីចី ហើយទេវតានោះកាន់ច្រវ៉ាក់ដ៏ធំនៅដៃរបស់គាត់។ 2 គាត់បានចាប់សត្វនាគ សត្វពស់ពីបុរាណ គឺជាមារ​ ឬជាសាតាំង ហើយបានចងវាអស់រយៈពេលមួយពាន់ឆ្នាំ។ 3 ទេវតានោះបានបោះវាចូលទៅក្នុងស្ថានអវិចី ទេវតានោះបានចាក់សោរ ហើយបិទត្រានៅពីលើវា។ ធ្វើដូច្នេះ ដើម្បីកុំឲ្យវាបានបោកប្រាស់ប្រជាជាតិផ្សេងៗទៀត រហូតដល់ផុតមួយពាន់ឆ្នាំ។ បន្ទាប់ពីនោះ សាតាំងត្រូវបានដោះលែងក្នុងរយៈដល់ខ្លីប៉ុណ្ណោះ។ 4 បន្ទាប់មក ខ្ញុំឃើញបល័្លង្កមួយ។ អស់អ្នកដែលអង្គុយលើបល័្លង្កនោះ គឺជាអ្នកដែលបានប្រទានឲ្យមានអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះធ្វើបន្ទាល់អំពីព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលនៃព្រះជាម្ចាស់។ ពួកគេមិនបានថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វាទេ ហើយពួកគេបានបដិសេធទទួលសញ្ញាសម្គាល់នៅលើថ្ងាស់និងដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយពួកគេបានសោយរាជ្យជាមួយព្រះគ្រិស្តអស់រយៈពេលមួយពាន់ឆ្នាំ។ 5 រីឯពួកអ្នកស្លាប់ផ្សេងៗទៀតមិនបានមានជីវិតរស់ឡើងវិញទេ រហូតទាល់តែមួយពាន់ឆ្នាំបានចប់សិន។ នេះគឺជាការរស់ឡើងវិញលើកទីមួយ។ 6 មានពរហើយ វិសុទ្ធហើយ អស់អ្នកដែលមានចំណែកនៅក្នុងការរស់ឡើងវិញលើកទីមួយ។ សេចក្តីស្លាប់លើកទីពីរមិនអាចយកឈ្នះលើអ្នកនោះឡើយ។ ពួកគេនឹងធ្វើជាបូជាចារ្យរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ត ហើយនឹងសោយរាជ្យជាមួយព្រះអង្គអស់រយៈពេលមួយពាន់ឆ្នាំ។ 7 នៅពេលមួយពាន់ឆ្នាំបានកន្លងផុតទៅ សាតាំងនឹងត្រូវបានដោះលែងពីគុករបស់វា។ 8 វានឹងឡើងមកដើម្បីបោកប្រាស់ប្រជាជាតិផ្សេងៗទាំងបួនទិសនៅលើផែនដី វានាំ​​សាសន៍​កុក និង​សាសន៍​ម៉ាកុកឲ្យមកជុំគ្នាដើម្បីធ្វើសង្គ្រាម។ ពួកគេមានគ្នាច្រើនដូចខ្សាច់នៃសមុទ្រ។ 9 ពួកគេបានចេញទៅច្បាំងពាសពេញផែនដី ហើយនៅជុំវិញជំរំរបស់ពួកអ្នកជឿ និងទីក្រុងដែលជាទីស្រឡាញ់។ ប៉ុន្តែ នឹងមានភ្លើងធ្លាក់ចុះមកពីស្ថានសួគ៌មក ហើយត្របាក់លេបពួកគេ។ 10 មារដែលបានបោកប្រាស់ពួកគេ ត្រូវបានបោះចូលទៅក្នុងបឹងភ្លើងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងពួកព្យាការីក្លែងក្លាយនៅទីនោះដែរ។ ពួកគេនឹងរងទារុណកម្មទាំងថ្ងៃទាំងយប់ជារៀងរហូតតទៅ។ 11 បន្ទាបមក ខ្ញុំបានឃើញបល័្លង្កស ហើយនិងព្រះដែលគង់លើបល័្លង្កនោះ។ ផែនដី និងស្ថានសួគ៌បានរត់គេចចេញពីព្រះវត្តមានរបស់ព្រះអង្គ ប៉ុន្តែ គ្មានកន្លែងសម្រាប់ឲ្យពួកគេទៅទេ។ 12 ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ និងអ្នកតូច ឈរនៅចំពោះបល័្លង្ក ហើយសៀវភៅត្រូវបានបើកឡើង។ បន្ទាប់មក សៀវភៅមួយទៀតក៏បើកឡើងដែរ គឺជាសៀវភៅនៃជីវិត។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះស្របតាមអ្វីដែលបានកត់ត្រានៅក្នុងសៀវភៅទាំងនោះ ទៅតាមការប្រពឹត្តរបស់ពួកគេ។ 13 សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងវាមកវិញ។ មនុស្សស្លាប់ និងស្ថានរបស់មនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅក្នុងពួកវាត្រឡប់មកវិញដែរ ហើយមនុស្សស្លាប់ត្រូវបានទទួលការជំនុំជម្រះស្របតាមអ្វីដែលពួកគេបានធ្វើដែរ។ 14 សេចក្តីស្លាប់ និងស្ថានរបស់មនុស្សស្លាប់នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើង។ 15 ប្រសិនបើ អស់អ្នកណាដែលគ្មានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិតទេ អ្នកនោះនឹងត្រូវបោះចូលទៅក្នុងបឹងភ្លើងមិនខាន។


ជំពូក 21

1 បន្ទាប់មក ខ្ញុំបានឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃ និងផែនដីទីមួយបានកន្លងផុតទៅ ហើយលែងមានសមុទ្រទៀតហើយ។ 2 ខ្ញុំបានឃើញទីក្រុងបរិសុទ្ធ និងក្រុងយេរូសាឡឹមថ្មី ដែលចុះពីស្ថានបរមសុខមក គឺចុះពីព្រះជាម្ចាស់មក បានរៀបចំដូចជាកូនក្រមុំតុបតែងខ្លួនទទួលស្វាមីដូច្នោះដែរ។ 3 ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងពីបល័្លង្កមកថា៖ «មើល៍! កន្លែងគង់នៅរបស់ព្រះជាម្ចាស់គឺនៅជាមួយនឹងមនុស្សលោក ហើយព្រះអង្គនឹងរស់នៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្រ្តព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ ហើយព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។ 4 ព្រះអង្គនឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ ហើយនឹងលែងមានសេចក្តីស្លាប់ ឬការកាន់ទុក្ខ ឬយំសោក ឬការឈឺចាប់លែងមានទៀតហើយ។ 5 ព្រះជាម្ចាស់ដែលគង់នៅលើបល័្លង្កមានបន្ទូលថា៖ «មើល៍! យើងនឹងធ្វើឲ្យអ្វីៗទាំងអស់ទៅជាថ្មី»។ ព្រះអង្គមានបន្ទូលថា៖ «ចូរកត់ត្រាចុះ! ព្រោះពាក្យទាំងនេះ គួរឲ្យទុកចិត្ត ហើយជាសេចក្តីពិត»។ 6 ព្រះអង្គមានបន្ទូលមកកាន់ខ្ញុំថា៖​ «ការទាំងនេះបានសម្រេចហើយ! យើង​ជា​អាល់ផា​ និង​ជា​អូមេកា យើងជាដើម និងជាចុង។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកដោយមិនបាច់បង់ថ្លៃ ពីប្រភពទឹកនៃជីវិត។ 7 អ្នកណាដែលមានជ័យជម្នះនឹងបានគ្រងមរតកលើការទាំងនេះ ហើយយើងនឹងនៅជាមួយព្រះជាម្ចាស់របស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ 8 ប៉ុន្តែ សម្រាប់ពួកកម្សោយ ពួកមិនជឿ ពួកគួរខ្ពើម ពួកឃាតករ ពួកប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយពួកកុហក ទីកន្លែងរបស់ពួកគេគឺនៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។ នេះគឺជាសេចក្តីស្លាប់ទីពីរ»។ 9 ទេវតាម្នាក់នៃទេវតាទាំងប្រាំពីរបានមកឯខ្ញុំ គឺជាម្នាក់ដែលមានពែងប្រាំពីរពេញដោយគ្រោះកាចប្រាំពីរចុងក្រោយ ហើយគាត់និយាយថា៖ «ចូរមកនេះ! ខ្ញុំនឹងបង្ហាញកូនក្រមុំដល់អ្នក ភរិយារបស់កូនចៀម»។ 10 បន្ទាប់មក គាត់បាននាំដោយវិញ្ញាណទៅឯភ្នំដ៏ធំហើយខ្ពស់ ហើយបានបង្ហាញទីក្រុងបរិសុទ្ធគឺទីក្រុងយេរូសាឡឹមបានចុះមកពីស្ថានបរមសុខ គឺមកពីព្រះជាម្ចាស់។ 11 ទីក្រុងយេរ៉ូសាឡិមបានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយមានពន្លឺរស្មីដូចជាគ្រឿងអលង្ការ ត្បូង​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ 12 ទីក្រុងនោះមានខ្លោងទ្វារប្រាំបី កំពែងធំ ហើយខ្ពស់។ នៅលើខ្លោងទ្វារមានសរសេរឈ្មោះរបស់អំបូរទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។ 13 នៅខាងកើតមានខ្លោងទ្វារបី នៅខាងជើងមានខ្លោងទ្វារបី នៅខាងត្បូងមានខ្លោងទ្វារបី នៅខាងលិចមានខ្លោងទ្វារបីដែរ។ 14 កំពែងរបស់ទីក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះមានឈ្មោះទាំងដប់ពីររបស់សាវ័កទាំងដប់ពីររបស់កូនចៀម។ 15 ម្នាក់ដែលនិយាយមកកាន់ខ្ញុំ បានដំបងធ្វើពីមាស ដើម្បីវាស់ទីក្រុង វាស់ខ្លោងទ្វារ និងកំពែង។ 16 ទីក្រុងនេះមានរាងបួនជ្រុង មានបណ្តោយ មានទទឹងស្មើគ្នា។ គាត់បានវាស់ទីក្រុងនោះជាមួយនឹងដំបងរង្វាស់នោះ មានប្រវែងដប់‌ពីរ​ពាន់​ស្ដាដ (បណ្ដោយ ទទឹង និង​កម្ពស់ របស់វាមាន​ប្រវែង​ស្មើៗ​គ្នា)។ 17 គាត់បានវាស់កំពែងទីក្រុងនោះដែរ មានកម្រាស់ ១៤៤ហត្ថ តាមរង្វាស់មនុស្ស (ហើយវាក៏ជារង្វាស់របស់ទេវតាដែរ)។ 18 កំពែងត្រូវបានសង់ឡើងពីត្បូង​មណីជោតិរស ហើយទីក្រុងសង់ឡើងពីមាសសុទ្ធភ្លឺដូចជាកែវសុទ្ធ។ 19 គ្រឹះរបស់កំពែងតុងតែងឡើងជាមួយនឹងត្បូងដ៏មានតម្លៃគ្រប់ប្រភេទ។ ទីមួយពីត្បូងមណីជោតិរស ទីពីរពីត្បូងកណ្ដៀង ទីបីពីត្បូងទទឹម ទីបួនពីត្បូងមរកត 20 ទីប្រាំពីត្បូងអូនីក្ស ទីប្រាំមួយពីត្បូងពិទាយ ទីប្រាំពីរពីត្បូងពណ៌លឿងលាយបៃតង ទីប្រាំបីពីត្បូង​បេរីល ទីប្រាំបួនពីត្បូងពេជ្រពណ៌លឿង ទីដប់ពីត្បូង​ទោប៉ាត់​ ទីដប់មួយពីត្បូង​និល‌រ័ត្ន ទីដប់ពីរពីត្បូង​ជម្ពូ‌រ័ត្ន។ 21 ខ្លោងទ្វារដប់ពីរសង់ពីគជ់ដប់ពីរ ខ្លោងទ្វារនីមួយៗសង់ឡើងពីគជ់មួយៗ។ ចំណែកផ្លូវរបស់ទីក្រុងវិញធ្វើពីមាសសុទ្ធ ភ្លឺថាដូចកែវ។ 22 ខ្ញុំបានមិនឃើញមានព្រះវិហារនៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា និងជាកូនចៀម ព្រះអង្គគឺជាព្រះវិហាររបស់ទីក្រុងនោះហើយ។ 23 ទីក្រុងនេះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទដើម្បីបំភ្លឺដល់វាទេ ព្រោះសិរីរុងរឿងរបស់ព្រះជាម្ចាស់បានជះពន្លឺលើវា ហើយកូនចៀមគឺពន្លឺរបស់ទីក្រុងនោះ។ 24 ប្រជាជាតិទាំងអស់នឹងដើរដោយសារពន្លឺរបស់ទីក្រុងនោះ។ ហើយពួកស្តេចទាំងឡាយនៅផែនដីនឹងនាំទ្រព្យសម្បត្តិរបស់ពួកគេមកទីក្រុងនោះ។ 25 ខ្លោងទ្វាររបស់ទីក្រុងនោះមិនបិទ នៅក្នុងពេលថ្ងៃ ហើយពេលយប់ក៏មិនបិទដែរ។ 26 ពួកគេនឹងនាំទ្រព្យសម្បត្តិ និងអ្វីៗដែលមានតម្លៃរបស់ប្រជាតិផ្សេងៗមកទីក្រុងនោះ ហើយគ្មានអ្វីដែលមិនស្អាតអាចចូលទៅក្នុងទីក្រុងនោះបានទេ។ 27 ហើយក៏គ្មាននរណាប្រព្រឹត្តអ្វីមួយដែលអាម៉ាស់ ឬបោកប្រាស់ចូលទៅក្នុងទីក្រុងនោះបានដែរ ប៉ុន្តែ អ្នកដែលចូលទីក្រុងនោះបាន គឺជាអ្នកដែលមានឈ្មោះសរសេរនៅក្នុងសៀវភៅជីវិតរបស់កូនចៀម។


ជំពូក 22

1 បន្ទាប់មកទេវតាបានបង្ហាញខ្ញុំ ពីទឹកទន្លេនៃជីវិត ថ្លាដូចជាកែវចរណៃ។ ទន្លេនោះហូរចេញពីបល័្លង្ករបស់ព្រះជាម្ចាស់ និងពីកូចចៀមមក កាត់ចំកណ្តាលផ្លូវរបស់ទីក្រុងនោះ។ 2 ផ្នែកមួយនៃទន្លេនោះមានដើមឈើនៃជីវិត បង្កើតផលផ្លែដប់ពីរប្រភេទ ហើយផលផ្លែរបស់វាកើតរៀងរាល់ខែ។ ស្លឹករបស់ដើមឈើនោះសម្រាប់ការព្យាបាលរបស់ប្រជាជាតិនានាដែរ។ 3 លែងមានបណ្តាសាណាទៀតហើយ។ បល័្លង្ករបស់ព្រះជាម្ចាស់ និងកូនចៀមនឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយអ្នកបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។ 4 ពួកគេនឹងឃើញព្រះភក្រ្តរបស់ព្រះអង្គ និងព្រះនាមរបស់ព្រះអង្គនឹងត្រូវសរសេរនៅលើថ្ងាសរបស់ពួកគេ។ 5 នឹងលែងមានយប់ទៀតហើយ ពួកគេនឹងមិនត្រូវការពន្លឺរបស់ចង្កៀង ឬពន្លឺព្រះអាទិត្យទៀតឡើយ ព្រោះព្រះជាអម្ចាស់នឹងបំភ្លឺពួកគេ។ ពួកគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងដរាបតទៅ។ 6 ទេវតាបាននិយាយមកកាន់ខ្ញុំថា៖ ​«ពាក្យទាំងនេះគួរទុកចិត្ដ និងពិតត្រង់។ ព្រះអម្ចាស់ ព្រះជាម្ចាស់នៃវិញ្ញាណរបស់ពួកព្យាការី បានចាត់ទេវតាទៅដើម្បីបង្ហាញអ្នកបម្រើរបស់ព្រះអង្គពីអ្វីដែលនឹងត្រូវកើតឡើងជាឆាប់»។ 7 «មើល៍! យើងនឹងមកជាឆាប់! មានពរហើយអស់អ្នកណាដែលស្តាប់តាមពាក្យទំនាយរបស់សៀវភៅនេះ»។ 8 ខ្ញុំ យ៉ូហាន ជាម្នាក់ដែលបានឮ និងឃើញការទាំងនេះ។ នៅពេលខ្ញុំបានឮ ហើយឃើញការទាំងនេះ ខ្ញុំបានក្រាបខ្លួនខ្ញុំចុះនៅចំពោះមុខទេវតាថ្វាយបង្គំគាត់ ទេវតាដែលបានបង្ហាញការទាំងនេះដល់ខ្ញុំ។ 9 ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះធ្វើអ្វី! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ជាមួយបងប្អូនព្យាការី និងជាមួយអស់អ្នកដែលស្តាប់តាមពាក្យរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ!»។ 10 ទេវតានោះបាននិយាយមកកាន់ខ្ញុំថា៖ «កុំបិទពាក្យទំនាយរបស់សៀវភៅនេះឡើយ ដើម្បីពេលកំណត់ជិតដល់ហើយ។ 11 អស់ដែលទុច្ចរិត ចូរឲ្យគេបន្តប្រព្រឹត្តអំពើទុច្ចរិតទៀតចុះ។ ហើយអ្នកដែលចិត្តមិនស្អាត ចូរឲ្យគេបន្តក្នុងចិត្តមិនស្អាតទៀតចុះ។ ហើយអ្នកដែលសុចរិត ចូរឲ្យគេនៅតែប្រព្រឹត្តអ្វីដែលសុចរិតចុះ។ ហើយអ្នកដែលវិសុទ្ធ ចូរឲ្យគេបន្តវិសុទ្ធភាពទៀតចុះ»។ 12 «មើល៍! យើងនឹងមកជាឆាប់។ ហើយរង្វាន់របស់យើងនៅជាមួយនឹងយើង ដើម្បីប្រគល់ឲ្យម្នាក់ៗស្របតាមអ្វីដែលពួកគេបានធ្វើ។ 13 យើង​ជា​អាល់ផា​ និង​ជា​អូមេកា គឺជាដើម និងជាចុង ហើយជាការចាប់ផ្តើម និងជាទីបញ្ចប់។ 14 មានពរហើយ អស់អ្នកបានដែលសម្អាតសម្លៀកបំពាក់របស់ពួកគេ ដើម្បីឲ្យពួកគេមានសិទ្ធិក្នុងការទទួលទានផ្លែពីដើមឈើនៃជីវិត និងចូលទៅក្នុងទីក្រុងតាមខ្លោងទ្វារបាន។ 15 ហើយអ្នកដែលនៅខាងក្រៅគឺជាពួកឆ្កែ ពួកគ្រូមន្តអាគម និងប្រព្រឹត្តអំពើអសីលធមខាងផ្លូវភេទ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តអំពើភូតភរ។ 16 យើង យេស៊ូ បានចាត់ទេវតារបស់យើងដើម្បីធ្វើបន្ទាល់ដល់អ្នកអំពីការទាំងនេះសម្រាប់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ យើងជាផ្កាយព្រឹកដ៏ភ្លឺ។ 17 ព្រះវិញ្ញាណ និងកូនក្រមុំនិយាយថា៖ «ចូរមក! ចូរឲ្យអ្នកណាដែលឮ និយាយថា៖ «ចូរមក» អស់អ្នកណាដែលស្រេក ចូរឲ្យគាត់មកផឹក ហើយអស់អ្នកណាដែលចង់បានវា ចូរមកទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។ 18 ខ្ញុំធ្វើបន្ទាល់ដល់មនុស្សគ្រប់គ្នាដែលបានឮពាក្យទំនាញរបស់សៀវភៅនេះ៖ ប្រសិនបើ អ្នកណាបន្ថែមអ្វីដែលបានសរសេរក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងបន្ថៃមគ្រោះកាចដល់អ្នកនោះដែរ។ 19 ហើយប្រសិនបើ អ្នកណាដកអ្វីដែលបានសរសេរនៅក្នុងសៀវភៅទំនាយនេះ ព្រះជាម្ចាស់នឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត ហើយដកទីក្រុងដ៏វិសុទ្ធចេញពីអ្នកនោះដែរ។ 20 ព្រះអង្គដែលបានធ្វើបន្ទាល់ចំពោះការទាំងនេះមានបន្ទូលថា៖ «ពិតមែនហើយ! យើងនឹងយាងមកជាឆាប់»។ អាម៉ែន! 21 សូមយាងមក ព្រះអម្ចាស់យេស៊ូអើយ! សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូនៅជាមួយអ្នកទាំងអស់គ្នា។ អាម៉ែន។